Author: សឿន សំណាង

  • ក្រសួង​ការងារ ប្រកាស​ដាក់ឱ្យអនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន៖ និយោជិត​នឹង​ទទួលបាន​ប្រាក់ខែ​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ

    ក្រសួង​ការងារ ប្រកាស​ដាក់ឱ្យអនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន៖ និយោជិត​នឹង​ទទួលបាន​ប្រាក់ខែ​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ

    ការដាក់ឱ្យ​អនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន​នេះ នឹង​អនុញ្ញាតឱ្យ​កម្មករ កម្មការិនី​រោងចក្រ និយោជិត​សហគ្រាស​ទាំងអស់ នៃ​វិស័យ​ឯកជន​ទទួលបាន​របប​សន្តិសុខ​ស​ម្គ​ង​ផ្នែក​សោធន​និវត្តន៍ ដូច​ទៅ​នឹង​​មន្ត្រីរាជការ​នៅពេល​ចូលនិវត្តន៍។

    របប​សន្តិសុខ​ស​ម្គ​ង​ផ្នែក​សោធន​និវត្តន៍​នេះ​នឹង​អនុវត្ត​ចំពោះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន​ដែល​ស្ថិត​ក្រោម​​បទ​ប​ញ្ញ​តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។

    នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការដាក់ឱ្យ​អនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​​នេះ​ជា​បញ្ហា​ធំ​សំខាន់​ជាងគេ​សម្រាប់​និយោជិត និង​និយោជក ដោយ​ត្រូវ​ទទួលបាន​អត្ថប្រយោជន៍។

    យោងតាម​ប្រកាស​របស់ ក្រសួង​ការងារ របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​នេះ​នឹងត្រូវ​អនុវត្ត​ជំហាន​ដំបូង​​រយៈពេល ៥ ឆ្នាំ ដោយ​និយោជក និង​ន​យោ​ជិត ត្រូវ​បង់​ថវិកា ២% ស្មើគ្នា ហើយ​ក្រោយពី​បាន​ព្រម​ព្រៀង​គ្នា និយោជក និង​និយោជិត នឹង​ទទួលបាន​អត្ថប្រយោជន៍រៀងៗខ្លួន ក្នុងនោះ និយោជក​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពី​និយោជិត​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ពេញចិត្ត ចំណែក​និយោជិត​វិញ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅពេល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ រហូតដល់​អស់​មួយជីវិត៕

  • ប្រធានាធិបតី​អាម៉េរិក បញ្ចេញ​រូបថត «ជ្រៅ​បំផុត» របស់​អវកាស​ដែល​មនុស្ស​ធ្លាប់​បានឃើញ

    ប្រធានាធិបតី​អាម៉េរិក បញ្ចេញ​រូបថត «ជ្រៅ​បំផុត» របស់​អវកាស​ដែល​មនុស្ស​ធ្លាប់​បានឃើញ

    ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​បញ្ចេញ​រូបថត​មួយ​សន្លឹក​ក្នុងចំណោម​កម្រង​រូបថត​ដំបូង​របស់ តេ​ឡេ​ស្កុប​អវកាស James Webb ហើយ​នេះ​គឺជា​រូបថត​ជ្រៅ​បំផុត​របស់​ទី​អវកាស​ដែល​មនុស្សជាតិ​ថត​បាន។

    រូបថត​ដែល​បង្ហាញ​អំពី SMACS 0723 ជា​បណ្ដុំ​នៃ​កាឡាក់ស៊ី ដែល​នៅក្នុង​ទី​អវកាស​ដ៏​សែនឆ្ងាយ​នេះ​ត្រូវបាន​ប្រកាស​បង្ហាញ​នៅ សេត​វិមាន ក្នុង​ព្រឹត្តិការណ៍​មួយ​ដែលមាន​ការចូលរួមរ​បស់ ប្រធាន​អង្គការ​ណា​សា លោក Bill Nelson។

    លោក Bill Nelson បាន​ថ្លែងថា «នេះ​គឺជា​រូបថត​ដែល​ជ្រៅ​បំផុត​របស់​ទី​អវកាស​ដែល​យើង​ថត​បាន»។

    កាឡាក់ស៊ី និង​កញ្ចុំ​ផ្កាយ​មួយចំនួន​ដែល​ស្ថិតនៅ​សែនឆ្ងាយ​នៅក្នុង​រូបនេះ មិន​ធ្លាប់​ត្រូវបាន​សង្កេតមើល​នៅឡើយ​គិត​មកដល់​បច្ចុប្បន្ន។ បណ្ដុំ​កាឡាក់ស៊ី​ដែល​ត្រូវ​បានបង្ហាញ​នេះ ទំនងជា​បានកកើតឡើង​តាំងពី ៤.៦ ពាន់​លាន​ឆ្នាំមុន។

    រូបថត​ខាងលើ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (Near-Infrared Camera) របស់ តេ​ឡេ​ស្កុប​អវកាស James Webb។ បណ្ដា​រូបថត​មាន​កម្រិត​ភាពច្បាស់​ខ្ពស់​ដែល​នៅសល់​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ១២ ក​ក្កា​ដា (ម៉ោង​នៅ សហរដ្ឋ​អាម៉េរិក)។

    ​រូបថត «ជ្រៅ​បំផុត» របស់​អវកាស​ដែល​មនុស្ស​ធ្លាប់​បានឃើញ

    តេ​ឡេ​ស្កុប James Webb ដែល​ចាប់ផ្ដើម​ដំណើរការ​ពី​ខែធ្នូ អាច​សង្កេតមើល​ទៅខាង​ក្នុង​តំបន់​ដែល​អាចមាន​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ និង​កាឡាក់ស៊ីដំបូងៗបន្ទាប់ពី​អវកាស​បាន​កកើត​ភ្លាម ដោយ​ការមើល​ទៅលើ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ ដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ។

    ណា​សា (NASA) បានប្រកាស​បង្ហាញ​គោលដៅដំបូងៗរបស់ តេ​ឡេ​ស្កុប James Webb កាលពី​ថ្ងៃទី ៨ កក្កដា នៅពេល​បង្ហើប​ឱ្យដឹង​អំពី​អ្វីដែល​នឹងត្រូវ​បានប្រកាស​នៅក្នុង​ថ្ងៃទី ១២ កក្កដា ដែល​រួមមាន ណេ​ប៊ូ​ឡា Carina, ភព​ឧស្ម័ន WASP-96b, ណេ​ប៊ូ​ឡា Southern និង​បណ្ដុំ​កាឡាក់ស៊ី Stephan’s Quintet៕

  • ប្រទេស​ថៃ អនុម័ត «គម្រោង​ទីក្រុង​ឆ្លាត​វៃ» តម្លៃ​ជិត ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ប្រទេស​ថៃ អនុម័ត «គម្រោង​ទីក្រុង​ឆ្លាត​វៃ» តម្លៃ​ជិត ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ទីក្រុង​ឆ្លាត​វៃ​ថ្មី​នឹងមាន​ផ្ទៃដី​ទំហំ​ប្រហែល ២,៣៤០ ហិកតា រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​ជួល​ដើម្បី​រកស៊ី ហើយ​ខ្ទង់​ប្រាក់កម្ចី​នឹងត្រូវ​បានផ្ដល់​ជូន​ក្នុង​រង្វង់ ១០ ឆ្នាំ​ខាងមុខ។

    រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី ១១ កក្កដា បានអនុម័ត​គម្រោង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ ដែលមាន​តម្លៃ ១,៣៤០ ពាន់​លាន​បាត (១.៣៤០ ទ្រី​លាន​បាត/ប្រហែល​ជិត ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅឯ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​មួយ ក្បែរ រាជធានី​បាងកក។

    យោងតាម​ក្រុមមន្ត្រី​ថៃ កញ្ចប់​ថវិកា​វិនិយោគ​ខាងលើ​ត្រូវបាន​យល់ព្រម​ដោយ​ក្រុមប្រឹក្សា​មួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​ខ្ទង់​ប្រាក់​នេះ​នឹង​ត្រូវបាន​បញ្ចេញ​នៅក្នុង​រង្វង់ ១០ ឆ្នាំ​ខាងមុខ។

    ទីក្រុង​ឆ្លាត​វៃ​ថ្មី​នេះ​នឹងមាន​ផ្ទៃក្រឡា​ប្រហែល ២,៣៤០ ហិកតា ស្ថិតនៅ​ក្នុងស្រុក Huai Yai នៃ​ខេត្ត Chon Buri មាន​ចម្ងាយ​ពី ទីក្រុង​បាងកក ប្រហែល ១៦០ គីឡូម៉ែត្រ ទៅ​ទិសអាគ្នេយ៍។

    អគ្គលេខាធិការ​នៃ​ការិយាល័យ​ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា Kanit Sangsubhan បានឱ្យដឹងថា គម្រោង​នេះ​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​ជួល​ដើម្បី​រកស៊ី។ លោក Kanit Sangsubhan បន្តថា គម្រោង​នេះ​នឹងត្រូវ​បាន​ខណ្ឌ​ចែក​ទៅតាម​ប្រភេទ រួមមាន​ដូចជា តំបន់​ការិយាល័យ​របស់​បណ្ដា​ក្រុមហ៊ុន, មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ, សុខាភិបាល, ស្រាវជ្រាវ និង​អភិវឌ្ឍ​អន្តរជាតិ ក៏ដូចជា​បណ្ដា​វិស័យ​ឧស្សាហកម្ម​អ​នាគ​ត់ មានដូចជា ថាមពល​ស្អាត និង​បច្ចេកវិទ្យា 5G ជាដើម។

    ក្រៅពីនេះ តំបន់​ស្នាក់នៅ​នានា​របស់​ទីក្រុង​ឆ្លាត​វៃ​នេះ​នឹង​អាចដាក់​មនុស្ស​បាន ៣៥០,០០០ នាក់ ក្នុង​ឆ្នាំ ២០៣២ និង​បង្កើត​ការងារ​ផ្ទាល់​ដល់​មនុស្ស ២០០,០០០ នាក់។ ប្រជាជន​ដែល​ស្នាក់​នៅក្នុង​ទីក្រុង​នេះ​នឹង​ជា​បុគ្គលិក កម្មករ​ដែល​ធ្វើការ​ក្នុង​តំបន់ឧស្សាហកម្ម ជាទី​ដែល​គ្រោង​នឹង​ទាក់ទាញ​ខ្ទង់​ប្រាក់​វិនិយោគ​ប្រហែល ២,២០០ ពាន់​លាន​បាត (២.២ ទ្រី​លាន​បាត/ជាង ៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក) ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត, រ៉ូ​បូត, មន្ទីរពេទ្យ និង​ដឹកជញ្ជូន មកពី​ទូទាំង​ពិភពលោក ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត។

    លោក Kanit Sangsubhan សង្កត់ធ្ងន់ថា «ទីក្រុង​ថ្មី​នេះ​នឹង​ជាទី​ដែល​គួរឱ្យ​ចង់​រស់នៅ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ហើយ​វា​ក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ល។ យើង​បង្កើត​គម្រោង​នេះ​ឡើង​គឺ​ដើម្បី​ប៉ះប៉ូវ​លើ​ប្រាក់ចំណូល​ដែល ប្រជាជន​ថៃ បាន​បាត់បង់​ក្នុងអំឡុង​សម័យ​កូ​វីដ-១៩»។

    រដ្ឋាភិបាល​ថៃ បាន​វាយតម្លៃថា ទីក្រុង​ថ្មី​នេះ​អាចរួមចំណែក​ប្រហែល ២,០០០ ពាន់​លាន​បាត (២ ទ្រី​លាន​បាត) ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ ប្រទេស​ថៃ ក្នុង​រង្វង់ ១០ ឆ្នាំ ហើយ​តម្លៃ​ទ្រព្យ​ក្រោយ​ការ​សម្បទាន​រយៈពេល ៥០ ឆ្នាំ នឹង​កើនឡើង ៥ ដង។

    រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ បាន​ឃោសនា​ជាច្រើនលើក​អំពី ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា ជា​គម្រោង​មួយ​ដែល​រួមមាន ការអភិវឌ្ឍ​ទីក្រុង ការជំរុញ​វិស័យ​ឧស្សាហកម្ម​ទំនើប និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើនល្បឿន​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​នេះ។

    ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា​នេះ​រួមមាន ៣ ខេត្ត គឺ Rayong, Chon Buri និង Chachoengsao ដែល​បច្ចុប្បន្ន​គឺជា​មជ្ឈមណ្ឌល​ផលិត​ទំនិញ​ដ៏​ធំ និង​រួមចំណែក​រហូតដល់ ១/៥ នៃ GDP របស់ ប្រទេស​ថៃ។ ល្បឿន​នៃ​កំណើន GDP របស់​តំបន់​នេះ​កើនឡើង​ពី ៦ ទៅ ៧% ក្នុង​មួយឆ្នាំ លឿន​ជាង​តំបន់ផ្សេងៗរបស់​ប្រទេស​នេះ៕

  • «កងទ័ព​ច្រាស​ដុសធ្មេញ​រ៉ូ​បូត​មហា​ល្អិត» អាច​សម្អាត​ធ្មេញ និង​បាត់​តេ​រី​អាក្រក់​គ្រប់​កន្លុក​កន្លៀក​លើ​ធ្មេញ​មនុស្ស (វីដេអូ)

    «កងទ័ព​ច្រាស​ដុសធ្មេញ​រ៉ូ​បូត​មហា​ល្អិត» អាច​សម្អាត​ធ្មេញ និង​បាត់​តេ​រី​អាក្រក់​គ្រប់​កន្លុក​កន្លៀក​លើ​ធ្មេញ​មនុស្ស (វីដេអូ)

    (សហរដ្ឋ​អាម៉េរិក)-ប្រព័ន្ធ​រ៉ូ​បូត​មហា​ល្អិត​ធ្វើ​អំពី​ភាគល្អិត​នៃ​អ៊ុក​ស៊ីត​ដែក អាច​ប្រែ​រូប​ទៅតាម​ទម្រង់​របស់​ធ្មេញ និង​សម្អាត​ធ្មេញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ក្រុម​វិស្វករ​នៅ​សាកលវិទ្យាល័យ Pennsylvania បាន​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ូ​បូត​ម្យ៉ាង​ដែល​ល្អិត​បំផុត អាច​ប្រែ​រូបរាង​ទៅជា​សរសៃ​រឹង ឬ​ដូច​ទៅនឹង​អំបោះ​សម្រាប់​ដុស​រូត​ចន្លោះ​ធ្មេញ។ ពួកវា​មិន​ត្រឹមតែ​សម្អាត​ធ្មេញ​នោះទេ តែ​ថែមទាំង​អាច​បញ្ចេញ​សារធាតុ​កម្ចាត់​បាក់តេរី​អាក្រក់​ទៀតផង។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​នេះ​ទើបតែ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី ACS Nano កាលពី​ថ្ងៃទី ២៨ មិថុនា​កន្លងទៅ។

    ប្រព័ន្ធ​រ៉ូ​បូត​នេះ​រួមមាន ភាគល្អិត​នៃ​អ៊ុក​ស៊ីត​ដែក (Iron oxide nanoparticle) ដែល​អាច​ប្រមូល​ផ្ដុំគ្នា​បង្កើតបានជា​រូបរាងផ្សេងៗ ទៅតាម​ទម្រង់​របស់​ធ្មេញ និង​អាច​រុល​ចូលទៅ​សម្អាត​ត្រង់​កន្លុក​ក​ន្លៀ​ក​នៃ​ចន្លោះ​ធ្មេញ ដោយ​វា​អាច​ត្រូវបាន​បញ្ជា​ដោយ​មេដែក​ពី​ខាងក្រៅ។

    ប្រព័ន្ធ​នេះ​អាច​បញ្ចេញ​សារធាតុ អ៊ីដ្រូសែន ភើ​រ៉ូ​ស៊ីត (hydrogen peroxide) ដែលនាំឱ្យ​មានប្រតិកម្ម​រ៉ាឌីកាល់​សេរី ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​នៅលើ​ធ្មេញ និង​សម្អាត​ស្រទាប់​ជីវសាស្ត្រ​ដែល​ពួក​បាក់តេរី​បាន​បន្សល់ទុក​នៅលើ​ធ្មេញ៕

  • IMF ព្យាករ​អំពី​លទ្ធភាព​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំក្រោយ!

    IMF ព្យាករ​អំពី​លទ្ធភាព​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំក្រោយ!

    ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃទី ៦ កក្កដា​កន្លងទៅ បានឱ្យដឹងថា ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ទៅក្នុង​ភាព​ងងឹត​ចាប់តាំងពី​ក្រោយ​ការ​ព្យាករ​កាលពី​ខែមេសា ២០២២ និង​បាន​ព្យាករ​ថា​លទ្ធភាព​នៃ​ការកើតមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​នឹង​កើតឡើង​នៅ​ឆ្នាំ ២០២៣ ដោយសារតែ​ហានិភ័យ​កើនឡើង។

    យោងតាម Reuters លោកស្រី Kristalina Geeorgieva ប្រធាន​មូលនិធិ IMF បានឱ្យដឹងថា មូលនិធិ​នេះ​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សក​ល​ជា​លើក​ទី​បី​ក្នុងឆ្នាំនេះ ចុះមក​នៅត្រឹម ៣.៦% ហើយ IMF នឹង​បន្ត​លើកឡើង​នូវ​ការ​ព្យាករ​ថ្មី។

    តាម​គម្រោង នៅ​ចុងខែ​កក្កដា​នេះ IMF នឹង​ប្រកាស​បង្ហាញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដីពី​កំណើនសេដ្ឋកិច្ច​សកល​ស​ម្រា​ប់​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ បន្ទាប់ពី​បាន​ទម្លាក់​ការ​ព្យាករ​ជិត ១ ពិ​ន្ទុះ​កាលពី​ខែមេសា ២០២២។ ឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ច​សកល កើន ៦.១%។

    ទិន្នន័យ​សេដ្ឋកិច្ច​នាថ្មីៗនេះ​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច «ខ្នាត​យក្ស» ក្នុងនោះ​រួមមាន​ទាំង ចិន និង រុស្ស៊ី ផងដែរ បាន​ថយចុះ​នៅក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ ២០២២។ លោកស្រី​ប្រធាន IMF បាន​បញ្ជាក់ថា ឆ្នាំ ២០២២ ពិតជា​មានការ​លំបាក ប៉ុន្តែ ឆ្នាំ ២០២៣ នឹងមាន​ការលំបាក​ជាង​នេះ៕

  • អង្គការសហ​ប្រជា​ជាតិ៖​ ប្រជាជន​សរុប​ក្នុង​ពិភព​លោក​នឹង​ឡើង​ដល់​ ៨ ​ពាន់​លាន​នាក់​ ក្នុង​ឆ្នាំ​នេះ

    អង្គការសហ​ប្រជា​ជាតិ៖​ ប្រជាជន​សរុប​ក្នុង​ពិភព​លោក​នឹង​ឡើង​ដល់​ ៨ ​ពាន់​លាន​នាក់​ ក្នុង​ឆ្នាំ​នេះ

    ពិភពលោក​អាចនឹងទទួល​ប្រជាពលរដ្ឋ​ទី ៨ ពាន់​លាន​នាក់​នៅ​ថ្ងៃទី ១៥ វិច្ឆិកា​ខាងមុខ ហើយ ឥណ្ឌា នឹង «យកឈ្នះ​ចិន» ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០២៣។

    ខាងលើនេះ​គឺជា​ការ​ព្យាករ​របស់ អង្គការសហប្រជាជាតិ (UN) ដែល​បានលើកឡើង​កាលពី​ថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២២ នៅក្នុង​ទិវា​ប្រជាជន​ពិភពលោក (១១ កក្កដា)។

    ការ​ព្យាករ​របស់ ស្ថាប័ន​សេដ្ឋកិច្ច និង​សង្គម នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ល្បឿន​នៃ​កំណើន​ប្រជាជន​ពិភពលោក កំពុងស្ថិត​ក្នុង​កម្រិត​យឺត​បំផុត​រាប់​ចាប់ពី​ឆ្នាំ ១៩៥០។ ចំនួន​ប្រជាជន​ពិភពលោក​អាច​កើនឡើង​ដល់ ៨.៥ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៣០, ៩.៧ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៥០ និង​ឡើងដល់ ១០.៤ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៨០ មុនពេល​មាន​ស្ថិរភាព​ក្នុង​កម្រិត​នេះ​រហូតដល់​ឆ្នាំ ២១០០។

    ការ​ព្យាករ​បាន​អះអាងថា ក្នុង​គ្រា​ដែល​អត្រា​ចាប់កំណើត​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវ​ថយចុះ កំណើន​នៃ​ប្រជាជន​នឹង​កើនឡើង​នៅក្នុង ៨ ប្រទេស រួមមាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ, អេ​ហ្ស៊ី​ប, អេ​ត្យូ​ពី, ឥណ្ឌា, នី​ហ្សេ​រី​យ៉ា, ប៉ា​គិ​ស្ថាន, ហ្វ៊ី​លី​ពី​ន និង តង់​សានី៕

  • ប្រេងសាំង​នៅ កម្ពុជា ធ្លាក់​ថ្លៃ ខណៈ​ប្រេង​នៅ​ទីផ្សារ​អាស៊ី «មាន​ខ្លះ​ឡើង ខ្លះ​ចុះ»

    ប្រេងសាំង​នៅ កម្ពុជា ធ្លាក់​ថ្លៃ ខណៈ​ប្រេង​នៅ​ទីផ្សារ​អាស៊ី «មាន​ខ្លះ​ឡើង ខ្លះ​ចុះ»

    យោងតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​លក់​ប្រេង​នៅ​ទូទាំងប្រទេស  ចាប់ពី​ថ្ងៃទី ១១ ដល់ ២០ កក្កដា ឆ្នាំ ២០២២ ត្រូវបាន​តម្រូវឱ្យ​លក់​ក្នុងតម្លៃ​ទាប​ជាង​មុន​ពី ៥៥០ រៀល ដល់ ៦០០ រៀល/លីត្រ។

    ក្រសួងពាណិជ្ជកម្ម បានកំណត់​ឱ្យ​លក់​ប្រេងសាំង​ធម្មតា​ក្នុងតម្លៃ ៥.២៥០រៀល/លីត្រ (ចុះ ៥៥០រៀល) និង​ប្រេងម៉ាស៊ូត​ត្រូវ​លក់​ក្នុងតម្លៃ ៥.៦០០រៀល/លីត្រ (ចុះ ៦០០រៀល)។ សូម​អាន​សេ​ក្ដី​លម្អិត​ដូចខាងក្រោម៖

    ដោយឡែក តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​របស់ អាស៊ី ដែល​ជួញដូរ​នា​ព្រឹក​ថ្ងៃទី ១១ កក្កដា មានការ​ឡើង​ចុះ​ខុសគ្នា។ ក្នុងការ​ជួញដូរ​កាល​ពី​ព្រឹក​មិញ​នេះ ប្រេង Brent ដែល​ប្រគល់​មាន​កាលកំណត់ ឡើងថ្លៃ ១១ សេន​សហរដ្ឋ​អាម៉េរិក (០.១%) ដោយ​លក់​ក្នុងតម្លៃ ១០៧.១៣ ដុល្លារ​អាម៉េរិក/ធុង ខណៈដែល​ប្រេង WTI ធ្លាក់​ថ្លៃ ១៥ សេន​សហរដ្ឋ​អាម៉េរិក (០.១%) ចុះមក​នៅត្រឹម ១០៤.៦៤ ដុល្លារ/ធុង។

    តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ភាពច្របូកច្របល់​បែបនេះ អាច​បណ្ដាលមកពី​ស្ថានភាព​ប្រែប្រួល​លឿន​ពេក ទាក់ទិន​នឹង​បញ្ហា​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ប្រភព​ផ្គត់ផ្គង់​ប្រេង បញ្ហា​កូ​វីដ-១៩ វិបត្តិ​អតិផរណា​ជាដើម។ល។

     

  • ៥ ខែ​ដើម​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-វៀតណាម កើនឡើង​ជាង ១៤% ធៀប​នឹង ៥ ខែ​ដើមឆ្នាំ​កន្លង

    ៥ ខែ​ដើម​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-វៀតណាម កើនឡើង​ជាង ១៤% ធៀប​នឹង ៥ ខែ​ដើមឆ្នាំ​កន្លង

    រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង វៀតណាម សម្រេចបាន ៥.៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក កើត ១៨.៧% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    កម្ពុជា បាន​នាំចេញ​ទំនិញ​ទៅកាន់ ប្រទេស​វៀតណាម សរុប​ជា​ទឹកប្រាក់​ជាង ២,៧៧៥ លាន​ដុល្លារ​អាម៉េរិក ខណៈដែល វៀតណាម នាំចេញ​ទំនិញ​មក កម្ពុជា បាន​ជាង ២,៦៧៤ លាន​ដុល្លារ ក្នុង​រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២។

    បណ្ដា​មុខទំនិញសំខាន់ៗដែល កម្ពុជា នាំចេញ​ទៅកាន់ ទីផ្សារ​របស់ វៀតណាម មានដូចជា គ្រាប់ស្វាយចន្ទី ៣៤.០១%, កៅស៊ូ ២៥.០៨%, ដែកថែប​អេតចាយ ១.៤០%, បន្លែ​ផ្លែឈើ ១.០៦%, ក្រណាត់ ០.៨០% និង​ទំនិញ​ដទៃទៀត​ចំនួន ៣៧.៦៥%។ ចំណែក​ទំនិញ​ដែល វៀតណាម នាំ​ចូលមក កម្ពុជា រួមមាន​ដូចជា ដែកថែប ១៧.៨៤%, វាយនភ័ណ្ឌ ១៤.៧៦%, ប្រេងសាំង ១២.៤០%, វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយនភ័ណ្ឌ ៥.៨៨%, ផលិតផល​ធ្វើ​ពី​ជ័រ ៣.១០% និង​មុខទំនិញ​ដទៃទៀត​ចំនួន ៤៦.០៣%។

    ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង វៀតណាម ក្នុង​ឆ្នាំ ២០២១ បាន​ឡើងដល់ ៩.៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៧៩.១% ធៀប​នឹង​ឆ្នាំ ២០២០។ រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង វៀតណាម សម្រេចបាន ៥.៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក កើត ១៨.៧% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

  • ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ កម្ពុជា-ថៃ កើនឡើងជាង ១៤% ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ

    ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ កម្ពុជា-ថៃ កើនឡើងជាង ១៤% ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ

    ​រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង ថៃ សម្រេចបាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣.៨៤ ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង ១៤.៥% បើ​ធៀប​នឹង ៥ ខែ​ដើម​ឆ្នាំ​ ២០២១។

    ក្នុង​ខែឧសភា ទំហំ​ពាណិជ្ជកម្ម​រវាង ប្រទេស​កម្ពុជា និង ប្រទេស​ថៃ សម្រេចបាន​ទឹកប្រាក់​សរុប​ចំនួន ៩២៣.២ លាន​ដុល្លារ កើនឡើង​ជាង ២៤% បើ​ធៀប​នឹង​ខែមេសា ក្នុងនោះ​ការនាំ​ចេញពី កម្ពុជា ទៅ ថៃ សម្រេច​បាន​ ៨៩.៨ លាន​ដុល្លារ ធ្លាក់ចុះ ១.១៤% ធៀប​នឹង​ខែ​មុន។ ចំណែក​ការនាំ​ចូល​ពី ប្រទេស​ថៃ វិញ មានតម្លៃ ៨៣៣.៤ លាន​ដុល្លារ ធ្លាក់ចុះ ២៨.១% ធៀប​នឹង​ខែ​មុន។

    បណ្ដា​មុខ​ទំនិញ​ដែល កម្ពុជា បាន​នាំចេញ​ទៅកាន់ ប្រទេស​ថៃ មានដូចជា ផលិតផល​កសិកម្ម វត្ថុធាតុដើម ត្បូងថ្ម​មានតម្លៃ និង​វាយ​ន​ភណ្ឌ។ ចំណែក​ទំនិញ​ដែល កម្ពុជា បាន​នាំចូល​ពី ប្រទេស​ថៃ មានដូចជា ត្រី សាច់ ម្ហូបអាហារ និង​ភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿង​តុបតែង​ផ្ទះ ឧបករណ៍​អេឡិចត្រូនិក រថយន្ត និង​គ្រឿងបន្លាស់ សម្ភារៈ​ការិយាល័យ និង​បរិក្ខា​សំណង់​។ល។ នេះ​បើតាម របាយការណ៍​ការងារ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១១ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១១ ខែ​កក្កដា ២០២២

    រកឃើញអ្នកឆ្លងថ្មី 03 នាក់ (ក្នុងសហគមន៍ 03 នាក់) ជាសះស្បើយ 13 នាក់ និងស្លាប់ គ្មាន

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៣ នាក់ទៀត ដែល​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ខណៈ​ដែល​អ្នក​ជាសះស្បើយថ្មី​មាន​ចំនួន ១៣ នាក់ និង​​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​ មិន​ទាន់មាន​។