Author: សឿន សំណាង

  • ក្រសួង​សាធារណការ ប្រកាស​ឱ្យ​ក្រុម​ហ៊ុន​ ​ភ្នាក់ងារ​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ចូលមក​ចុះបញ្ជី ឬ​សុំ​បន្ត​សុពលភាព

    ក្រសួង​សាធារណការ ប្រកាស​ឱ្យ​ក្រុម​ហ៊ុន​ ​ភ្នាក់ងារ​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ចូលមក​ចុះបញ្ជី ឬ​សុំ​បន្ត​សុពលភាព

    នា​ព្រឹក​ថ្ងៃទី ១៣ កក្កដា​នេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ជូនដំណឹង​ស្ដីពី​ការណែនាំ​ឱ្យ​ក្រុមហ៊ុន សាខា​ក្រុមហ៊ុន និង​ភ្នាក់ងារ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ ចូលមក​ចុះបញ្ជី ឬ​សុំ​បន្ត​សុពលភាព​ឱ្យបាន​រួសរាន់។

    នៅក្នុង​សេចក្ដីជូនដំណឹង​​ដែល​ចុះ​ថ្ងៃទី ១១ កក្កដា ក្រសួង​បានសរសេរថា ៖

    ១- ក្រុមហ៊ុន សាខា​ក្រុមហ៊ុន និង​ភ្នាក់ងារ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងឡាយណា​ដែល​ពុំទាន់​បាន​ចុះបញ្ជី ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ ត្រូវ​រួសរាន់​មក​បំពេញបែបបទ​ស្នើសុំ​ចុះបញ្ជី និង​សុំ​អនុញ្ញាត​ធ្វើ​អាជីវកម្ម ស្របទៅតាម​ច្បាប់​ជា​ធរមាន។

    ២- ក្រុមហ៊ុន សាខា​ក្រុមហ៊ុន និង​ភ្នាក់ងារ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងឡាយណា​ដែលមាន​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ដែល​ផុត​សុពលភាព ត្រូវ​រួសរាន់​មក​បំពេញបែបបទ​ស្នើសុំ​ការអនុញ្ញាត​បន្ត​សុពលភាព​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ​ឱ្យស្រប​ទៅតាម​ច្បាប់​ជា​ធរមាន។

  • ប្រធានាធិបតី​ស្រីលង្កា «ចាកចោល​ប្រទេស» តាម​យន្តហោះ​យោធា

    ប្រធានាធិបតី​ស្រីលង្កា «ចាកចោល​ប្រទេស» តាម​យន្តហោះ​យោធា

    ប្រធានាធិបតី​ស្រីលង្កា បាន​ចាកចោល​ប្រទេស​តាម​យន្តហោះ​យោធា និង​បាន​ទៅដល់ ម៉ាល់ឌីវ (Maldives) នា​ព្រឹក​នេះ បន្ទាប់ពី​បាតុករ​សម្រុកចូល​ភូមិគ្រឹះ​របស់លោក​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

    ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa អាយុ ៧៣ ឆ្នាំ រួម​នឹង​ភរិយា និង​អង្គរក្ស ២ នាក់ គឺជា​អ្នកដំណើរ​នៅលើ​យន្តហោះ​យោធា Antonov-32 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​របស់ ស្រីលង្កា ឆ្ពោះទៅកាន់ រដ្ឋធានីម៉ាល របស់ ម៉ាល់ឌីវ នេះ​បើតាម​មន្ត្រី​អន្តោប្រវេសន៍​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ។

    «លិខិតឆ្លងដែន​របស់​ពួកគេ​ត្រូវបាន​បោះត្រា ហើយ​ពួកគេ​ឡើង​យន្តហោះ​របស់​កងទ័ពអាកាស​ពិសេស» មន្ត្រី​ខាងលើ​ឱ្យដឹង​ដូច្នេះ។

    យោងតាម​ក្រុមមន្ត្រី​នៅ​អាកាសយានដ្ឋាន យន្តហោះ​ខាងលើ​ត្រូវបាន​ឃាត់​ប្រហែល ១ ម៉ោង នៅលើ​ផ្លូវ​រត់ ព្រោះតែ​ច្រឡំ​ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​ចុះចត​នៅ ម៉ាល់ឌីវ​។ នៅពេល​ទៅដល់ ម៉ាល់ឌីវ ពួកគេ​ត្រូវបាន​នាំទៅ​កាន់​ទីតាំង​ដែល​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង ក្រោម​ការការពារ​ពី​ប៉ូលិស។

    បច្ចុប្បន្ន មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ការិយាល័យ​ប្រធានាធិបតី​ស្ដីពី​ទីតាំង​របស់លោក Rajapaksa នៅឡើយ ប៉ុន្តែ លោក​នៅតែ​ជា​មេបញ្ជាការ​កងទ័ព​រប​ស់ ស្រីលង្កា។

    ប្រធានាធិបតី Rajapaksa ត្រូវបាន​គេ​ជឿថា ស្វែងរក​វិធី​ទៅ​បរទេស​ដើម្បី​ចៀសវាង​ការចាប់ខ្លួន បន្ទាប់ពី​លោក​បាន​សន្យាថា នឹង​លាលែង​ពី​តំណែង​ក្នុង​ថ្ងៃទី ១៣ កក្កដា​នេះ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការ «ប្រគល់​អំណាច​ដោយ​សន្តិវិធី» ដោយសារតែ​បាតុកម្ម​ផ្ទុះឡើង​កាន់តែ​ធំ។ សភា​ស្រីលង្កា គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១៥ កក្កដា ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវបាន​ជ្រើស​តាំងនៅ​ថ្ងៃទី ២០ កក្កដា។

    លោក Rajapaksa កាលពី​ថ្ងៃទី ១១ កក្កដា បាន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike នៅ រដ្ឋធានី​កូឡុំបូ ដើម្បី​ធ្វើដំណើរ​ទៅកាន់ ឌូបៃ (Dubai) របស់ អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​អន្តោប្រវេសន៍​បដិសេធ​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន។ លោក​ក៏បាន​សម្រាក​មួយ​យប់​នៅក្នុង​មូលដ្ឋានទ័ព​មួយ​នៅក្បែរនោះ។

    កាលពី​ថ្ងៃទី ៩ កក្កដា ប្រធានាធិបតី​ស្រីលង្កា បាន​ភៀសខ្លួន​ចេញពី​ភូមិគ្រឹះ​នៅ រដ្ឋធានី​កូឡុំបូ មុនពេល​បាតុករ​សម្រុក​ចូលមក​ដល់។ កងទ័ព​ស្រីលង្កា ក្រោយមក​ក៏បាន​យក​នាវាចម្បាំង​មួយគ្រឿង នាំ​ប្រធានាធិបតី និង​ជំនួយការ​ទៅកាន់​ទីក្រុង Trincomalee ហើយក៏​បាន​ឡើង​ឧទ្ធម្ភាគចក្រ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike បំណង​ទៅកាន់ UAE ប៉ុន្តែ​មិនបាន​សម្រេច។

    ស្រីលង្កា បានប្រកាស​ក្ស័យធន​កាលពី​ខែមេសា ហើយ​កំពុងតែ​ចរចា​ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដើម្បី​សុំ​ជំនួយ។ បន្ទាប់ពី​ការ​កាន់អំណាច​បាន​ជិត ២ ទសវត្សរ៍ របស់​ត្រកូល Rajapaksa ប្រទេស​កោះ​មួយ​នេះ​ក៏បាន​ធ្លាក់​ទៅក្នុង​ភាពវឹកវរ ដោយមាន​បញ្ហា​ជាច្រើន​កើតឡើង។ ប្រទេស​នេះ​ត្រូវអស់​ឥន្ធនៈ​ប្រើប្រាស់ ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ បណ្ដាលឱ្យ​ជីវភាព​របស់​ប្រជាជន​ជួប​ការលំបាក​ខ្លាំង៕

  • ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៤០ ខ្នង នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

    ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៤០ ខ្នង នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

    ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៩ គ្រួសារ ដែលមាន​ប្រជាជន​សរុប​ចំនួន ២៣៩ នាក់ ក្នុងភូមិ​ក្រាំង​អាត់ (ចំណុច​ក្រាំង​អាត់​ចាស់) ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់។

    ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅ​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៥ និង ១១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ជំនន់​ទឹកភ្លៀង​មាន​កម្ពស់ ៥.២០ ម៉ែត្រ​ពី​បាត​ស្ទឹង ខណៈដែល ភ្លៀង​នៅតែ​បន្ត​ធ្លាក់ នេះ​បើតាម លោក សៅ បុរី​វឌ្ឍន: អភិបាលស្រុក​កំពង់សីលា ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក។ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​កម្ពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ។

    ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បញ្ហា​ជំនន់​ទឹកភ្លៀង​ក៏បាន​កើតឡើង ធ្វើឱ្យ​ផ្លូវលំ និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​រង​ការលិចលង់។ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់សីលា កំពុងធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់។  កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់សីលា សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ ស្រុក​កំពង់សីលា កំពុង​ចុះ​ពិនិត្យ​តាមដាន​នៅ​ទីតាំង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេល។

    ចំណុច​ស្ពាន​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃនេះ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ដោយ​ហាម​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​របស់​ឡាន​ធុន​ធំ (ឡាន​កុងតឺន័រ) ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ៕

     

  • ការនាំចេញ​ទំនិញ​របស់ កម្ពុជា សម្រេចបាន​ជាង ១១ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ

    ការនាំចេញ​ទំនិញ​របស់ កម្ពុជា សម្រេចបាន​ជាង ១១ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ

    កម្ពុជា បាន​នាំចេញ​ទំនិញ​ដែលមាន​តម្លៃ​សរុប ១១.៣៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅកាន់​ទីផ្សារ​បរទេស នៅក្នុង​ឆមាស​ទីមួយ​ឆ្នាំនេះ គឺ​កើន ៣៣.៩% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    ទិន្នន័យ​ដែល​ត្រូវបាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រកាស បានឱ្យដឹងថា ក្នុង​ឆមាស​ដដែល​នេះ កម្ពុជា ក៏ បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​សរុប ១៥.៨៦ ពាន់​លាន​ដុល្លារ កើន ១១.៩%។

    នៅក្នុង​អំឡុង​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ ២០២២ សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​ធំជាងគេ​បង្អស់​របស់ កម្ពុជា បើ​ធៀប​នឹង​​ឆមាស​ដំបូង​នៃ​ឆ្នាំ​ ២០២១ ដោយបាន​នាំចូល​ទំនិញ​ពី កម្ពុជា សរុប​ជា​ទឹកប្រាក់ ៤,៦៤៨ លាន​ដុល្លារ កើន ៥៤% ខណៈដែល វៀតណាម ឈរ​លំដាប់​ទី​ពីរ ដោយ បាន​នាំចូល​ទំនិញ​ពី កម្ពុជា គិត​ជា​ទឹកប្រាក់​សរុប ១,១៧៤ លាន​ដុល្លារ កើន ៣.៤%។

    ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​បង្អស់​របស់ កម្ពុជា ដោយបាន​នាំចូល​ទំនិញ​ពី កម្ពុជា គិត​ជា​ទឹកប្រាក់ ៥,៣៧៤ លាន​ដុល្លារ កើន ២៤.២% តាម​ពីក្រោយ​ដោយ ទីផ្សារ​វៀតណាម (២,០៨៦ លាន​ដុល្លារ) និង ទីផ្សារ​ប្រទេស​ថៃ (២,០១៦ ដុល្លារ)៕

  • Twitter ថា កិច្ចព្រមព្រៀង​ទិញដូរ​ជាមួយ​មហាសេដ្ឋី Elon Musk នៅមាន​សុពលភាព ក្រោយពី​ម្ចាស់ Tesla ប្រកាស​ឈប់​ទិញ

    Twitter ថា កិច្ចព្រមព្រៀង​ទិញដូរ​ជាមួយ​មហាសេដ្ឋី Elon Musk នៅមាន​សុពលភាព ក្រោយពី​ម្ចាស់ Tesla ប្រកាស​ឈប់​ទិញ

    បណ្ដាញ​សង្គម Twitter បាន​ស្នើឱ្យ​មហាសេដ្ឋី Elon Musk និង​ភាគី​ដែល​ពាក់ព័ន្ធ គោរព​តាម​កិច្ចព្រមព្រៀង ក្នុងនោះ​មាន​កាតព្វកិច្ច​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​បានការ​ទិញដូរ​ទៅតាម​ការសន្យា។

    កាលពី​ថ្ងៃទី ១១ កក្កដា បណ្ដាញ​សង្គម Twitter បាន​អះអាងថា ខ្លួន​មិនបាន​រំលោភ​លើ​កាតព្វកិច្ច​ណាមួយ​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​លោក Elon Musk ស្ដីពី​ការទិញ​ដូរ​បណ្ដាញ​សង្គម​នេះ និង​បាន​ស្នើឱ្យ​ម្ចាស់ Tesla បង្ហើយ​កិច្ចព្រមព្រៀង​នេះ​ផងដែរ។

    មុន​នោះ កាលពី​ថ្ងៃទី ៨ កក្កដា លោក Elon Musk បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ ដោយបាន​ចោទ​ភាគី​បណ្ដាញ​សង្គម​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។

    ក៏ប៉ុន្តែ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ១០ កក្កដា ដែល​បាន​ផ្ញើ​ទៅកាន់​លោក Elon Musk ភាគី​ខាង Twitter បាន​បញ្ជាក់ថា ក្រុមហ៊ុន​មិនបាន​បំពាន​លក្ខខណ្ឌ​ណាមួយ​នៅក្នុង​កិច្ចព្រមព្រៀង​នេះឡើយ។ ជាង​នេះ Twitter ថែមទាំង​បាន​ចោទថា លោក Musk មានបំណង​រំលោភ​លើ​កិច្ចព្រមព្រៀង។

    បណ្ដាញ​សង្គម Twitter បាន​ស្នើឱ្យ​មហាសេដ្ឋី Elon Musk និង​ភាគី​ដែល​ពាក់ព័ន្ធ គោរព​កិច្ចព្រមព្រៀង ក្នុងនោះ​មាន​កាតព្វកិច្ច​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​បានការ​ទិញដូរ​ទៅតាម​ការសន្យា។ Twitter អះអាងថា កិច្ចព្រមព្រៀង​នៅតែមាន​សុពលភាព ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្តតាមជំហានៗដើម្បី​បង្ហើយការ​ទិញដូរ​នេះ។

    Twitter មាន​គម្រោង​ដាក់ពាក្យ​ប្ដឹង បង្ខំ​ឱ្យ​លោក Musk បង្ហើយ​កិច្ចការ​ទិញដូរ​ទៅតាម​កិច្ចព្រមព្រៀង។ ប្រភពព័ត៌មាន​មួយ​បាន​បញ្ជាក់ថា Twitter មានបំណង​ដាក់ពាក្យ​បណ្ដឹង​ឡើងទៅ​កាន់​តុលាការ​មួយ​នៅ Delaware នៅ​ដើម​សប្ដាហ៍​នេះ។

    លោក Musk ព្រមាន​ថា ការប្ដឹង​ផ្ដល់​នឹង​នាំឱ្យ Twitter ត្រូវ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ស្ដីពី​គណនី​ក្លែងក្លាយ និង​គណនី​សំរាម​នៅក្នុង​បណ្ដាញ​សង្គម Twitter ជា​សាធារណៈ ទៅតាម​សំណើ​របស់លោក។

    កាលពី​ម្សិលមិញ ភាគហ៊ុន Twitter បាន​ធ្លាក់​ថ្លៃ ១១.៣% មក​នៅត្រឹម ៣២.៦៥ ដុល្លារ/ហ៊ុន ថយចុះ ៤០% ធៀប​នឹង​តម្លៃ​ដែល​បានកំណត់​នៅក្នុងពេល​លោក Musk យល់ព្រម​ទិញ​បណ្ដាញ​សង្គម​នេះ។ ប៉ុន្តែ ក្នុងការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើការ ភាគហ៊ុន Twitter បាន​ងើបឡើង​ជិត ១%។ ដោយឡែក ភាគហ៊ុន Tesla របស់លោក Musk ក៏បាន​ដាំ​ក្បាល​ចុះ ៧%៕

  • ទិដ្ឋភាព​ជុំវិញ​ពិធី​បុណ្យសព​របស់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បេ

    ទិដ្ឋភាព​ជុំវិញ​ពិធី​បុណ្យសព​របស់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បេ

    ពិធី​បុណ្យសព​របស់លោក ស្ហ៊ី​ន​ហ្សូ អា​បេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ដែល​ធ្លាប់​កាន់តំណែង​យូរ​ជាងគេ​នៅ ជប៉ុន បានចាប់ផ្ដើម​នៅវេលា​ម៉ោង ១១ ថ្ងៃទី ១២ កក្កដា (ម៉ោង​នៅ កម្ពុជា) នៅឯ​វិហារ Zojoji ក្នុង រាជធានី​តូ​ក្យូ។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ ( Shinzo Abe ) បាន​ទទួល​មរណភាព​បន្ទាប់​ពី​ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​​លួច​ធ្វើ​ឃាត​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកថា​​រកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​ ​នៅ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara។

    ខាងក្រោម​នេះ​គឺជា​រូបថត​មួយចំនួន​ជុំវិញ​ពិធី​បុណ្យសព​របស់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បេ៖

  • ឡាវ ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ក​ម្មករ​និយោជិត ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

    ឡាវ ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ក​ម្មករ​និយោជិត ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

    ក្នុងការ​ប្រឹងប្រែង​ដើម្បី​ប៉ះប៉ូវ​មួយផ្នែក​នៃ​ការចំណាយ​ប្រចាំថ្ងៃ​ដែល​កំពុងតែ​កើនឡើង រដ្ឋាភិបាល​ឡាវ បានសម្រេច​ចិត្ត​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ក​ម្មករ​និយោជិត​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ឯកជន។

    កាលពី​ចុង​សប្ដាហ៍​កន្លង ក្រសួង​ការងារ និង​សង្គមកិច្ច​ឡាវ បានឱ្យដឹងថា ការដំឡើង​ប្រាក់ខែ​នឹងត្រូវ​បានធ្វើ​ឡើងជា​ពីរ​ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទីមួយ ប្រាក់ខែ​អប្បបរមា​នឹងត្រូវ​បាន​ដំឡើង​ពី ១.១ លាន​គីប/ខែ ឡើងដល់ ១.២ លាន​គីប/ខែ (ប្រហែល​ពី ៧៣ ទៅ ៨០ ដុល្លារ/ខែ) ចាប់ពី​ថ្ងៃទី ១ សីហា ២០២២ ខណៈដែល​ដំណាក់កាល​ទី​ពីរ នឹង​ដំឡើង​ពី ១.២ លាន​គីប/ខែ ឡើងដល់ ១.៣ លាន​គីប/ខែ (៨០ ទៅ ៨៦ ដុល្លារ/ខែ) ចាប់ពី​ថ្ងៃទី ១ ឧសភា ២០២៣។

    ការដំឡើង​ប្រាក់ខែ​អប្បបរមា​នេះ​ត្រូវបាន​ការិយាល័យ​រដ្ឋាភិបាល​ឡាវ ប្រកាស​តាំងពី​ថ្ងៃទី ១៣ មិថុនា និង​អនុវត្ត​ចំពោះ​បណ្ដា​រោងចក្រ​វាយនភ័ណ្ឌ និង​រោងចក្រ​ឯកជន​នានា​នៅ​ប្រទេស​នេះ។ ការមិន​គោរព​តាម​សេចក្ដីសម្រេច​នេះ និយោជក​នឹងត្រូវ​ប្រឈម​នឹង​ការប្ដឹង​ឡើង​តុលាការ​ទៅតាម​ច្បាប់។

    មន្ត្រី​នៃ អង្គការ​អន្តរជាតិ​សម្រាប់​ការ​ធ្វើចំណាក​ស្រុក​ និង​ ក្រសួង​ការ​ងារ​ និង​កម្មកិច្ច​ឡាវ នៅ​ក្នុង​រោង​ចក្រ​មួយ​ក្នុង​ រដ្ឋធានី​វៀងចន្ទន៍​ កាលពី​ឆ្នាំ​កន្លង

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ ក្រសួង​ការងារ​ឡាវ បានឱ្យដឹងថា ការដំឡើង​ប្រាក់ខែ​នេះ​គឺជា​រឿង​ចាំបាច់​នៅក្នុង​ស្ថានភាព​ដែល​ការចំណាយ​ប្រចាំថ្ងៃ​នៅ ប្រទេស​ឡាវ បាន និង​កំពុង​កើនឡើង​ខ្ពស់។

    យោងតាម Vientiane Times រដ្ឋាភិបាល​ឡាវ បាន​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដំបូង​កាលពី​ឆ្នាំ ១៩៩១។ ក្នុង​ឆ្នាំ ២០២១ ប្រាក់ខែ​អប្បបរមា​ត្រូវបាន​ដំឡើង​ពី ៣៤៨,០០០ គីប/ខែ ឡើងដល់ ៦២៦,០០០ គីប/ខែ។ ឆ្នាំ ២០១៥ ប្រាក់ខែ​អប្បបរមា​បាន​ឡើងដល់ ៩០០,០០០ គីប/ខែ ហើយ​ឆ្នាំ ២០២០ បាន​ឡើងដល់ ១.១ លាន​គីប/ខែ៕

  • ជប៉ុន និង សហរដ្ឋ​អាម៉េរិក ពិភាក្សាគ្នា​អំពី​យន្ត​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី

    ជប៉ុន និង សហរដ្ឋ​អាម៉េរិក ពិភាក្សាគ្នា​អំពី​យន្ត​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី

    គំនិត​ស្ដីពី​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លើកឡើង​ដំបូង​នៅក្នុង​សន្និបាត​កំពូល​នាពេលថ្មីៗនេះ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​លំដាប់​កំពូល​ពិភពលោក (G7) ដើម្បី​ដាក់​សម្ពាធ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់ចុះ។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន Shunichi Suzuki និង រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក Janet Yellen នឹងមាន​ជំនួប​ពិភាក្សា​ក្នុង​ថ្ងៃទី ១២ កក្កដា នៅ រាជធានី​តូ​ក្យូ។ កិច្ចពិភាក្សា​នេះ​នឹង​ផ្ដោតទៅលើ​ការកំណត់​តម្លៃ​ពិតាន​របស់​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។

    យោងតាម ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ក្រៅពី​បញ្ហា​ខាងលើ រដ្ឋមន្ត្រី​របស់ ជប៉ុន និង សហរដ្ឋ​អាម៉េរិក ក៏​នឹង​ពិភាក្សាគ្នា​អំពី​យន្តការ​នៃ​ការ​ទប់​ទល់នឹង​កំណើន​នៃ​ថ្លៃ​ថាមពល និង​ស្បៀងអាហារ​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ផងដែរ។

    ទន្ទឹមនឹងនេះ នៅក្នុង​កិច្ចប្រជុំ​នា​ចុង​ថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រី Yellen និង​ក្រុម​មេដឹកនាំ​ក្រុមហ៊ុន​ជប៉ុន ក៏​គ្រោង​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​បង្កើន​សមត្ថភាព​ស្ដារ​បណ្ដាញ​ផ្គត់ផ្គង់ និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ។

    រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki (ស្ដាំ) និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក Janet Yellen

    គំនិត​ស្ដីពី​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​សន្និបាត​កំពូល​នាពេលថ្មីៗនេះ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​លំដាប់​កំពូល​ពិភពលោក (G7)។ ក្រុម​ប្រទេស G7 សង្ឃឹមថា វិធានការ​នេះ​អាច​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​ទូទាំង​ពិភពលោក​ធ្លាក់ចុះ។

    ក្រុម​ប្រទេស G7 ដែល​រួមមាន ចក្រភព​អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង សហរដ្ឋ​អាម៉េរិក រួម​នឹង សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត បានដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី បន្ទាប់ពី​ប្រទេស​នេះ​ចូល​ឈ្លានពាន «អ្នកជិតខាង»។

    ក្រុម​ប្រទេស​ខាងលើ មាន​គម្រោង​ធ្វើការ​ចរចា​ជាមួយ​បណ្ដា​ក្រុមហ៊ុនធំៗដែល​នាំចូល​ប្រេង​ពី រុស្ស៊ី មានដូចជា ក្រុមហ៊ុន​នៅ ឥណ្ឌា ជាដើម នៅ​សប្ដាហ៍ក្រោយៗ ដើម្បី​បង្កើត​យន្តការ​កំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១២ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១២ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១២ នាក់ទៀត ដែល​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ខណៈ​ដែល​អ្នក​ជាសះស្បើយថ្មី​មាន​ចំនួន ២៣ នាក់ និង​​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​ មិន​ទាន់មាន​។

  • ១,០០០ នាក់ នាំគ្នា​រៀបការ​ជា​ក្រុម ក្រោយ​សម័យ​កូ​វីដ-១៩

    ១,០០០ នាក់ នាំគ្នា​រៀបការ​ជា​ក្រុម ក្រោយ​សម័យ​កូ​វីដ-១៩

    (សហរដ្ឋ​អាម៉េរិក)- គូស្នេហ៍​ចំនួន ៥០០ គូ បាននាំគ្នា​រៀបការ​ជា​ក្រុម​នៅឯ​ឧទ្យាន Damrosch នៅ​ទីក្រុង New York ក្នុង​ព្រឹត្តិការណ៍ «ព្យាបាល​របួស​ក្រោយ​កូ​វីដ-១៩»។

    កូនកំលោះ និង​កូនក្រមុំ​ដែល​ចូលរួម​ពិធី​រៀបការ​នេះ ពាក់​កម្រងផ្កា​លើ​ក្បាល ឬ​កាន់​នៅ​នឹង​ដៃ ស្បថសច្ចា​នៅក្នុង​ពិធី​រៀបការ​ដែលមាន imam (មេដឹកនាំ​ស្មារតី​អ៊ិ​ស្លាម) មួយរូប, បព្វជិត​សាសនា​យូ​ដា​មួយរូប និង​អ្នក​គង្វៀល​នៃ​វិហារ​សាសនា​គ្រី​ស្ទ​មួយរូប។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង New York កាលពី​ថ្ងៃទី ១០ កក្កដា។

    ក្នុង​ចំ​ណោ​យ​កូនកំលោះ និង​កូនក្រមុំ ៥០០ គូ មាន​គូស្នេហ៍​ជាច្រើន​គូ​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​មានឱកាស​រៀបកា​រ​ដោយសារតែ​បញ្ហា​កូ​វីដ-១។ មនុស្ស​មួយចំនួន​ស្រក់​ទឹកភ្នែក​នៅពេល​បាន​រៀបការ​នឹង​គ្នា​នៅក្នុង​ព្រឹត្តិការណ៍​នេះ។

    មិន​ត្រឹមតែ​គូស្នេហ៍​មិនទាន់បាន​រៀបការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ សូម្បីតែ​គូស្នេហ៍​ដែល​បាន​រៀបការ​តាំងពី​ច្រើន​ទសវត្សរ៍​មុន​ក៏បាន​ចូលរួម​រៀបការ​ឡើងវិញ​ផងដែរ។ ជាង​នេះ ក្រៅពី​គូស្នេហ៍​ធម្មតា ក៏មាន​គូស្នេហ៍ «មិនធម្មតា» នោះ​គឺ​គូស្នេហ៍​ភេទ​ដូច​គ្ន៕