Author: សឿន សំណាង

  • ប្រធានាធិបតី​ស្រីលង្កា «កំពុង​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី»

    ប្រធានាធិបតី​ស្រីលង្កា «កំពុង​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី»

    យន្តហោះ​ដែល​ដឹក ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបាន​គេ​ជឿថា បានចេញ​ដំណើរ​ពី ម៉ាល់ឌីវ (Maldives) ទៅកាន់ សិង្ហ​បុរី នា​ថ្ងៃនេះ បន្ទាប់ពី​លោក​បាន​ចាកចោល​ប្រទេស។

    ប្រធានាធិបតី Gotabaya Rajapaksa រួម​នឹង​ភរិយា និង​អង្គរក្ស​ពីររូប បាន​ចាក​ចេញពី ម៉ាល់ឌីវ តាម​ជើងយន្តហោះ​របស់​ក្រុមហ៊ុន អា​រ៉ា​ប៊ី​សា​អូឌីត នេះ​បើតាម​មន្ត្រី​ម្នា​ក់នៅ​ព្រលានយន្តហោះ​របស់ ម៉ាល់ឌីវ ដែល​បាន​ប្រាប់ AFP ក្នុងថ្ងៃនេះ។ អ្នក​ទាំង​បួន​ត្រូវបាន​អម​ការពារ​ទៅកាន់​យន្តហោះ មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Velana នៅក្នុង​ រដ្ឋធានីម៉ាល (Male) របស់ ម៉ាល់ឌីវ​។

    ប្រភពព័ត៌មាន​ពី រដ្ឋាភិបាល​ស្រីលង្កា កាលពី​ថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ប្រធានាធិបតី Gotabaya Rajapaksa អាច​នឹង​ផ្ញើលិខិត​លាលែង​ពី​តំណែង​ទៅកាន់ ប្រធានសភា​ស្រីលង្កា បន្ទាប់ពី​យន្តហោះ​បាន​ចុះចត​នៅ សិង្ហ​បុរី។

    រដ្ឋាភិបាល​សិង្ហ​បុរី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។ នៅឯ​ព្រលានយន្តហោះ Changi របស់ សិង្ហ​បុរី អ្នកយកព័ត៌មាន​ជាច្រើន​កំពុង​រង់ចាំ​តាមដាន បន្ទាប់ពី​មាន​ព័ត៌មាន​ថា ប្រធានាធិបតី​ស្រីលង្កា នឹង​មកកាន់​ប្រទេស​កោះ​នេះ។

    ប្រធានាធិបតី Rajapaksa ត្រូវបាន​គេ​ជឿថា ស្វែងរក​វិធី​ទៅ​បរទេស​ដើម្បី​ចៀសវាង​ការចាប់ខ្លួន បន្ទាប់ពី​លោក​បាន​សន្យាថា នឹង​លាលែង​ពី​តំណែង​ក្នុង​ថ្ងៃទី ១៣ កក្កដា​នេះ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការ «ប្រគល់​អំណាច​ដោយ​សន្តិវិធី» ដោយសារតែ​បាតុកម្ម​ផ្ទុះឡើង​កាន់តែ​ធំ។ សភា​ស្រីលង្កា គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១៥ កក្កដា ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវបាន​ជ្រើស​តាំងនៅ​ថ្ងៃទី ២០ កក្កដា។

    លោក Rajapaksa កាលពី​ថ្ងៃទី ១១ កក្កដា បាន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike នៅ រដ្ឋធានី​កូឡុំបូ ដើម្បី​ធ្វើដំណើរ​ទៅកាន់ Dubai របស់ អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​អន្តោប្រវេសន៍​បដិសេធ​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន។ លោក​ក៏បាន​សម្រាក​មួយ​យប់​នៅក្នុង​មូលដ្ឋានទ័ព​មួយ​នៅក្បែរនោះ។

    កាលពី​ថ្ងៃទី ៩ កក្កដា ប្រធានាធិបតី​ស្រីលង្កា បាន​ភៀសខ្លួន​ចេញពី​ភូមិគ្រឹះ​នៅ រដ្ឋធានី​កូឡុំបូ មុនពេល​បាតុករ​សម្រុក​ចូលមក​ដល់។ កងទ័ព​ស្រីលង្កា ក្រោយមក​ក៏បាន​យក​នាវាចម្បាំង​មួយគ្រឿង នាំ​ប្រធានាធិបតី និង​ជំនួយការ​ទៅកាន់​ទីក្រុង Trincomalee ហើយក៏​បាន​ឡើង​ឧទ្ធម្ភាគចក្រ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike បំណង​ទៅកាន់ UAE ប៉ុន្តែ​មិនបាន​សម្រេច។

    ស្រីលង្កា បានប្រកាស​ក្ស័យធន​កាលពី​ខែមេសា ហើយ​កំពុងតែ​ចរចា​ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដើម្បី​សុំ​ជំនួយ។ បន្ទាប់ពី​ការ​កាន់អំណាច​បាន​ជិត ២ ទសវត្សរ៍ របស់​ត្រកូល Rajapaksa ប្រទេស​កោះ​មួយ​នេះ​ក៏បាន​ធ្លាក់​ទៅក្នុង​ភាពវឹកវរ ដោយមាន​បញ្ហា​ជាច្រើន​កើតឡើង។ ប្រទេស​នេះ​ត្រូវអស់​ឥន្ធនៈ​ប្រើប្រាស់ ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ បណ្ដាលឱ្យ​ជីវភាព​របស់​ប្រជាជន​ជួប​ការលំបាក​ខ្លាំង៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បញ្ចេញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី Ioniq 6

    ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បញ្ចេញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី Ioniq 6

    តាម​គម្រោង Ioniq 6 នឹង​បរបាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ ហើយ​វា​នឹងត្រូវ​បាន Hyundai ចាប់ផ្ដើម​ផលិត​នៅ កូរ៉េខាងត្បូង ក្នុង​ត្រីមាស​ទី​បី​ខាងមុខ។

    ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ទើបតែ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ម៉ូ​ដែល Ioniq 6 ថ្មី របស់ខ្លួន។ នេះ​គឺជា​រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sendan) ដែលមាន​រូបរាង​ប្លែក​ភ្នែក។ ម៉ូ​ដែល Ioniq 6 មាន​រូបរាង​ខុសពី ម៉ូ​ដែល Ioniq 5 ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​ដែល​នឹងត្រូវ​ចេញលក់​ចាប់ពី​ចុងឆ្នាំ​នេះ។

    SangYup Lee អគ្គនាយករង និង​ជា​ប្រធាន​ក្រុម​រចនា​របស់ Hyuandai បានឱ្យដឹងថា រថយន្ត​ក្នុង​ត្រកូល Ioniq នឹងមាន​រូបរាង​ពិសេសខុសៗគ្នា ក្នុង​បំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​រចនា ជាមួយនឹង​អតិថិជន តាមរយៈ​អារម្មណ៍។

    Hyundai ឱ្យដឹងថា ម៉ូ​ដែល Ioniq 6 នឹង​រត់​បាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ នៅក្នុង​រថយន្ត​នេះ​ក៏មាន​បំពាក់​អេក្រង់ ១២ អ៊ី​ញ​ចំនួន ២ គ្រឿង សម្រាប់​ផ្ដល់ព័ត៌មាន និង​ការកម្សាន្ត​ដល់​អ្នកបើកបរ។

    ម៉ូ​ដែល Ioniq 6 ជា​រថយន្ត​ដែល​នឹង​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ទី​បី​នៅ សហរដ្ឋ​អាម៉េរិក របស់ Hyundai បន្ទាប់ពី Kona និង Ioniq 5។ តាម​គម្រោង Hyundai នឹង​ផលិត​រថយន្ត​អគ្គិសនី​ម៉ូ​ដែល Ioniq 6 នេះ​ចាប់ពី​ត្រីមាស​ទី​បី​ឆ្នាំនេះ ហើយនឹង​មាន​លក់​ក្នុង​ទីផ្សារ​របស់ សហរដ្ឋ​អាម៉េរិក ចាប់ពី​ត្រីមាស​ទីមួយ​ឆ្នាំ ២០២៣។

     

  • វៀតណាម មាន​កំពង់ផែ​សមុទ្រ​រាប់សិប​កន្លែង ក្នុងនោះ​មាន​ប្រភេទ​ពិសេស​ចំនួន ២

    វៀតណាម មាន​កំពង់ផែ​សមុទ្រ​រាប់សិប​កន្លែង ក្នុងនោះ​មាន​ប្រភេទ​ពិសេស​ចំនួន ២

    ក្នុងចំណោម ៣៤ កំពង់ផែ​សមុទ្រ​របស់ វៀតណាម មាន​កំពង់ផែ​ចំនួន ២ ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ពិសេស និង ១១ ជា​ប្រភេទ​ទីមួយ។

    ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Le Van Thanh ទើបតែ​បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​មួយ​ដែល​ប្រកាស​អំពី​ប្រភេទ​កំពង់ផែ​សមុទ្រ​ចំនួន ៣៤ របស់ វៀតណាម។

    យោងតាម​សេចក្ដីសម្រេច​ខាងលើ បច្ចុប្បន្ន វៀតណាម មាន​កំពង់ផែ​សមុទ្រ​សរុប​ចំនួន ៣៤ ក្នុងនោះ​មាន ២ ជា​ប្រភេទ​ពិសេស, ១១ ជា​ប្រភេទ​ទីមួយ, ៧ ជា​ប្រភេទ​ទី​ពីរ និង ១៤ ជា​ប្រភេទ​ទី​បី។

    គោលការណ៍​ដើម្បី​វាយតម្លៃ និង​បែង​ចែកជា​ប្រភេទ​ចំពោះ​កំពង់ផែ​សមុទ្រ​នៅ វៀតណាម រួមមាន រង្វង់​នៃ​ឥទ្ធិពល និង​ទំហំ​របស់​កំពង់ផែ​សមុទ្រ។ ការវាយតម្លៃ និង​បែងចែក​ប្រភេទ​កំពង់ផែ​សមុទ្រ​នេះ ត្រូវបាន​ធ្វើឡើង​ទៅតាម​វិធី​ផ្ដល់​ពិន្ទុ។ កាំ​នៃ​ពិន្ទុ​ដែល​យកមកប្រើ​សម្រាប់​វាយតម្លៃ​គឺ ១០០ ពិន្ទុ អម​នឹង​គោលការណ៍​លម្អិត​ជាច្រើន។

  • ពលរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​ទិញ​រថយន្ត​ថ្មី​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក

    ពលរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​ទិញ​រថយន្ត​ថ្មី​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក

    ក្រុមហ៊ុន​ស្រាវជ្រាវ Cox Automotive ទើបតែ​បានឱ្យដឹងថា តម្លៃ​ទិញដូរ​ជា​មធ្យម​របស់​រថយន្ត​ថ្មី ១ គ្រឿង នៅក្នុង​ខែមិថុនា ២០២២ គឺ ៤៨,០៨៣ ដុល្លារ​អាម៉េរិក កើន ១.៩% ធៀប​នឹង​ខែឧសភា ២០២២ និង​ខ្ពស់ជាង​កំណត់ត្រា​មុន​នោះ​គឺ ៤៧,២០២ ដុល្លារ។

    តម្លៃ​រថយន្ត​បាន​កើនឡើង​ដោយសារតែ​តម្រូវការ​ប្រើប្រាស់​កើនឡើង រថយន្ត​ថ្មី​ដែល​សល់​ក្នុង​ឃ្លាំង​មាន​ចំនួន​តិច និង​ចំនួន​រថយន្ត​ប្រណិត​លក់​ចេញ​បាន​ច្រើន។

    ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (Customer Price Index-CPI) ដែលជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​ទំនិញ និង​សេវាកម្ម​ប្រចាំថ្ងៃ បាន​កើនឡើង ៩.១% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង និង​ខ្ពស់ជាង​ការ​ព្យាករ ៨.៨% របស់ Dow Jones។

    ការកើនឡើង​នៃ​អតិផរណា ភាគច្រើន​គឺ​ដោយសារ​តម្លៃ​ប្រេងសាំង ដែល​បាន​កើន ១១.២% ក្នុង​ខែមិថុនា។ យោងតាម​ការិយាល័យ​ស្ថិតិ​ការងារ (BLS) តម្លៃ​រថយន្ត​ថ្មី​បាន​កើនឡើង ០.៧%/ខែ ចំណែក​រថយន្ត​មួយ​ទឹក​កើន ១.៦%។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ប្រចាំ អាម៉េរិក​ខាងជើង បាន​អះអាងថា តម្លៃ​រថយន្ត​នឹង​អាច​បន្ត​កើនឡើង​ទៀត​នាពេលខាងមុខ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៤ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៤ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៧ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៣ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ខណៈ​ដែល​អ្នក​ជាសះស្បើយថ្មី​ចំនួន ៩ នាក់ ចំណែក​​​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​ មិន​ទាន់មាន​។

  • សហរដ្ឋ​អាម៉េរិក សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង «Hypersonic» ដោយ​ជោគជ័យ

    សហរដ្ឋ​អាម៉េរិក សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង «Hypersonic» ដោយ​ជោគជ័យ

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ១៣ កក្កដា​បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក ទទួលបាន​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​កម្រិត «Hypersonic» របស់​ក្រុមហ៊ុន Lockheed Martin Corp។

    យោងតាម Reuters ទ័ពអាកាស​អាម៉េរិក បញ្ជាក់ថា ពួកគេ​បានទទួល​ជោគជ័យ​ក្នុងការ​ពិសោធ​អាវុធ​ប្រតិកម្ម​រហ័ស​នេះ​ដោយ​បាញ់​ចេញពី​យន្តហោះ (ARRW) នៅលើ​សមុទ្រ California។ មី​ស៊ី​ល នេះ​ត្រូវបាន​បំពាក់​លើ​យន្តហោះ B-52H មុនពេល​បាញ់​សាកល្បង។ ក្នុងការ​សាកល្បង​បរាជ័យមុនៗ អាវុធ​នេះ​មិនអាច​ផ្ដាច់ខ្លួន​ចេញពី​យន្តហោះ។

    ការសាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក កំពុង​បារម្ភ​ថា រុស្ស៊ី និង ចិន មានជោគ​ជ័យ​ជាង​នៅក្នុង​ការអភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ប្រភេទ Hypersonic។

    មីស៊ីល «Hypersonic» ត្រូវបានបំពាក់លើយន្តហោះ B-52H មុនពេលបាញ់សាកល្បង។

    មី​ស៊ី​ល​ប្រភេទ Hypersonic មាន​ល្បឿន​លឿន​ជាង​សំឡេង​យ៉ាងតិច ៥ ដង ពោលគឺ​ប្រហែល ៦,២០០ គីឡូម៉ែត្រ/ម៉ោង។ ចំណែក​មី​ស៊ី​ល​ដែល​លឿន​ជាង​សំឡេង​ចាប់ពី ១ ដល់ ៥ ដង ត្រូវបាន​គេ​ហៅថា «Supersonic» រីឯ​មី​ស៊ី​ល​ដែល​ធ្វើដំណើរ​យឺត​ជាង​សំឡេង ត្រូវបាន​គេ​ហៅថា «Subsonic»៕

  • កងទ័ព​ស្រីលង្កា ស្នើឱ្យ​ប្រជាពលរដ្ឋ​ជួយ​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់

    កងទ័ព​ស្រីលង្កា ស្នើឱ្យ​ប្រជាពលរដ្ឋ​ជួយ​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់

    មន្ត្រី​ជាន់​ខ្ពស់​យោធា​របស់ ស្រីលង្កា ទើបតែ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ប្រទេស​នេះ ជួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់ ក្នុង​ស្ថានការណ៍​ដែល ស្រីលង្កា កំពុង​ជួប​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ។

    កាលពី​ថ្ងៃទី ១៣ កក្កដា សេនាប្រមុខ Sarath Fonseka បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ កុំ​អនុវត្តតាម​បទបញ្ជា​រំលោភ​រដ្ឋធម្មនុញ្ញ និង​ខុសច្បាប់ ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​ស្ដីទី Ranil Wickremesinghe។ នៅក្នុង​ប្រកាស​មួយ លោក Sarath Fonseka និយាយថា មាន​ពាក្យ​ចចាមអារ៉ាម​ថា កម្លាំង​សន្តិសុខ​ទទួលបាន​បញ្ជា​ឱ្យ​បាញ់ប្រហារ​ដើម្បី​ទប់​ទល់នឹង​បាតុករ។

    ប្រការនេះ​អាច​បង្កឱ្យមាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ និង​កងកម្លាំង​សន្តិសុខ។ លោក Sarath Fonseka បាន​ជំរុញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ រក្សាខ្លួន​ជា​កងកម្លាំង​ដែលមាន​វិន័យ និង​គោរព​ច្បាប់ មិន​បាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ​ដែល​មិនមាន​អាវុធ។

    សេនាប្រមុខ Sarath Fonseka

    ចំណែក​មេដឹកនាំ​បក្ស​នានា​នៅ ស្រីលង្កា ក៏បាន​សម្រេចចិត្ត​ស្នើឱ្យ​ប្រធានាធិបតី​ស្ដីទី Ranil Wickemesinghe លាលែង​ពី​តំណែង និង​អនុញ្ញាតឱ្យ​ប្រធានសភា Mahinda Yapa Abeywardena ឡើង​ដឹកនាំ​ប្រទេស​រហូតដល់​ថ្ងៃទី ២០ កក្កដា នៅពេល​សភា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី។

    សកម្មភាព​របស់​ក្រុមប្រឆាំង​ត្រូវបាន​ធ្វើឡើង​នៅពេល​ប្រធានាធិបតី Gotabaya Rajapaksa បាន​ចុះហត្ថលេខា​លាលែង​ពី​តំណែង និង​បាន​ចាក​ចេញពី​ប្រទេស ដោយ​ប្រគល់​អំណាច​ឱ្យ នាយករដ្ឋមន្ត្រី Ranil Wickremesinghe។

    ប្រធានាធិបតី​ស្ដីទី Ranil Wickemesinghe

    កាលពី​ម្សិលមិញ ប្រធានាធិបតី​ស្ដីទី Wickremesinghe បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង​បាន​ស្នើឱ្យ​កងកម្លាំងប្រដាប់អាវុធ និង​ប៉ូលិស ចាប់ផ្ដើម​ស្ដារ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​ស្ថានការណ៍​ឡើងវិញ៕

  • ឥណ្ឌូណេស៊ី នឹង​បង្កើន​បរិមាណ​ធ្យូងថ្ម ដើម្បី​បំពេញ​ចន្លោះប្រហោង​ពី រុស្ស៊ី

    ឥណ្ឌូណេស៊ី នឹង​បង្កើន​បរិមាណ​ធ្យូងថ្ម ដើម្បី​បំពេញ​ចន្លោះប្រហោង​ពី រុស្ស៊ី

    រដ្ឋមន្ត្រីក្រសួង​ថាមពល និង​ធនធាន​រ៉ែ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ឥណ្ឌូណេស៊ី (ប្រទេស​ដែល​នាំចេញ​ធ្យូងថ្ម​ធំជាងគេ​ក្នុង​ពិភពលោក) នឹង​អាច​បង្កើន​បរិមាណ​ធ្យូងថ្ម​ដើម្បី​ជួយ​ឆ្លើយតប​នឹង​តម្រូវការ​ពី​បណ្ដា​ប្រទេស​ដែល​បាត់បង់​ប្រភព​ផ្គត់ផ្គង់​ពី រុស្ស៊ី។

    នៅ​ខាងក្រៅ​វេទិកា​ថាមពល Sydney ដែល​រៀបចំ​ដោយ រដ្ឋាភិបាល​អូស្ត្រាលី និង​ស្ថាប័ន​ថាមពល​អន្តរជាតិ លោក Arifin Tasrif បានឱ្យដឹងថា ប្រទេស​មួយចំនួន​បានស្នើ​ឱ្យ ឥណ្ឌូណេស៊ី ផ្គត់ផ្គង់​ធ្យូងថ្ម បន្ទាប់ពី រុស្ស៊ី រង​ការដាក់ទណ្ឌកម្ម​ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ី ដាក់​ផែនការ​ទាញយក​រ៉ែ​ធ្យូងថ្ម​ឱ្យបាន ៦៦៣ លាន​តោន។ រដ្ឋមន្ត្រី Tasrif មិនបាន​និយាយ​ច្បាស់​ថា ហ្សា​ការ​តា អាច​បង្កើន​ទិន្នផល​ធ្យូងថ្ម​ឡើងដល់​កម្រិតណា​នោះទេ។

    លោក Arifin Tasrif

    លោក Tasrif បញ្ជាក់ថា «យើង​មាន​កម្លាំង​ធនធាន។ បើសិន​មើលទៅ​លើ​តុល្យភាព​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ យើងខ្ញុំ​ត្រូវតែ​បង្កើន​បរិមាណ​របស់ខ្លួន»។

    វេទិកា​ថាមពល Sydney ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ​ថាមពល និង​ស្វែងរក​វិធី​ដើម្បី​បង្កើនល្បឿន​នៃ​ការប្ដូរ​ផ្លាស់​ទៅរក​ការ​បន្សាប​កាបូន។ លោក Tasrif អះអាងថា ឥណ្ឌូណេស៊ី ចាត់ទុក​ការប្រមូល​យក និង​រក្សាទុក​កាបូន (CCS) គឺជា​វិធី​សំខាន់​ដើម្បី​សម្រេចបាន​គោលដៅ​បន្សាប​កាបូន និង​មាន​គម្រោង​ផ្ដល់​ឥណទាន​ដល់​បណ្ដា​គម្រោង CCS។

    កប៉ាល់ដឹក​ធ្យូងថ្មនៅ ឥណ្ឌូណេស៊ី

    បច្ចុប្បន្ន មាន​គម្រោង​សាកល្បង CCS ចំនួន ៣ នៅ ឥណ្ឌូណេស៊ី ក្នុងនោះ​មាន ២ គម្រោង​ជា​របស់​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន BP និង ExxonMobil Corp និង ១ គម្រោង​ទៀត​ជា​របស់​រដ្ឋាភិបាល បំណង​រក​មធ្យោបាយ​ប្រមូលយក​កាបូន​ពី​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សាទុក​ក្នុង​អណ្ដូងរ៉ែ​អស់​ប្រេង​នៅ​បាតសមុទ្រ៕

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ ប្រទេស​ក្រិ​ក បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត

    ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ ប្រទេស​ក្រិ​ក បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត

    បណ្ដាញសារព័ត៌មាន​ជាតិ ERT របស់ ក្រិ​ក បាន​រាយការណ៍​ថា មនុស្ស ២ នាក់​បាន​ស្លាប់ និង ២ នាក់​ផ្សេងទៀត​ត្រូវបាន​ជួយសង្គ្រោះ នៅពេល​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ធ្លាក់​លើ​សមុទ្រ Aegean ក្បែរ​កោះ Samos របស់​ប្រទេស​នេះ កាលពី​ថ្ងៃទី ១៣ កក្កដា ក្នុង​គ្រា​កំពុង​ពន្លត់​ភ្លើងព្រៃ។

    ប្រកាស​របស់ អង្គភាព​ពន្លត់​អគ្គិភ័យ​ក្រិ​ក បាន​បញ្ជាក់ថា មនុស្ស ៤ នាក់​នៅលើ​ឧទ្ធម្ភាគចក្រ ER-MHY (Mi-MTV-1) ដែល​ជួប​គ្រោះថ្នាក់ រួមមាន ពលរដ្ឋ​បរទេស ៣ នាក់ និង​ពលរដ្ឋ​ក្រិ​ក​ម្នាក់។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AMNA របស់ ក្រិ​ក បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន ៣៨ នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ១៥ គ្រឿង កំពុង «ប្រយុទ្ធ» នឹង​ភ្លើងព្រៃ​នៅលើ​កោះ Samos នៅឡើយ។ ប៉ុន្តែ ការប្រឹងប្រែង​របស់​ពួកគេ បច្ចុប្បន្ន​ជួប​ការលំបាក​ដោយសារ​តែមាន​ខ្យល់​ខ្លាំង។

    ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង កំពុង​ស្វែង​រក​ និង​សង្គ្រោះ​ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ពេល​កំពុង​ពន្លត់​ភ្លើង​ព្រៃ​នៅ ក្រិក

    មុន​នោះ ERT និង ការិយាល័យ​ពន្លត់​អគ្គិភ័យ​ក្រិ​ក បានប្រកាសថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដែល​ដឹក​មនុស្ស ៤ នាក់ បាន​ធ្លាក់​លើ​សមុទ្រ​នៅពេល​កំពុង​បំពេញបេសកកម្ម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅលើ​កោះ Samos។

    យោងតាម ERT មនុស្ស ២ នាក់​នៅលើ​ឧទ្ធម្ភាគចក្រ​ដែល​បាន​ជួប​គ្រោះថ្នាក់​នោះ ត្រូវបាន​ក្រុម​ល្បាត​មួយក្រុម​ជួយសង្គ្រោះ​ទាន់ពេល៕

  • អ៊ុយ​ក្រែ​ន កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ កូរ៉េខាងជើង

    អ៊ុយ​ក្រែ​ន កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ កូរ៉េខាងជើង

    កាលពី​ថ្ងៃទី ១៣ កក្កដា សារព័ត៌មាន​រដ្ឋ​រុស្ស៊ី បាន​រាយការណ៍​ថា អ៊ុយ​ក្រែ​ន បាន​សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ កូរ៉េខាងជើង បន្ទាប់ពី ទីក្រុង​ព្យុងយ៉ាង ទទួលស្គាល់​ក្រុម​ផ្ដាច់ខ្លួន​នៅ​តំបន់ Donbass។

    យោងតាម Sputnik អ៊ុយ​ក្រែ​ន បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ កូរ៉េខាងជើង ប៉ុន្មាន​ម៉ោង​ក្រោយពី ទីក្រុង​ព្យុងយ៉ាង បានប្រកាស​ទទួលស្គាល់​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​ប្រជាមានិត Donetsk និង សាធារណរដ្ឋ​ប្រជាមានិត Lugansk នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

    ក្នុង​ប្រកាស ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា «យើង​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ថា​ជាការ​ប្រឹងប្រែង​របស់ ទីក្រុង​ព្យុងយ៉ាង ក្នុង​បំណង​បំផ្លិចបំផ្លាញ​អ​ធិ​បេ​យ្យ​ភាព និង​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ រដ្ឋ​ធម្ម​រុញ្ញ​អ៊ុយ​ក្រែ​ន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍ ក៏ដូចជា​មូលដ្ឋានគ្រឹះ​នៃ​ច្បាប់​អន្តរជាតិ»។

    ទីក្រុង​កៀវ សង្កត់ធ្ងន់ថា ប្រទេស​នេះ​ចាត់ទុក ការដែល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (DPRK) ទទួលស្គាល់​ក្រុម​ផ្ដាច់ខ្លួន​នៅ Donbass ថា «មិនមាន​ប្រសិទ្ធភាព និង​មិនមាន​តម្លៃ»។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន ប្រកាសថា «ដើម្បី​ឆ្លើយតប​នឹង​សកម្ម​ភាពមិន​ស្និទ្ធស្នាល​បែបនេះ អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ DPRK»។

    រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​រិះគន់ ទីក្រុង​មូ​ស្គូ ដោយ​ចោទថា រុស្ស៊ី គឺជា​អ្នកជំរុញ​ឱ្យ កូរ៉េខាងជើង សម្រេចចិត្ត​បែបនេះ។

    មុន​នោះ មេដឹកនាំ​តំបន់ Donetsk លោក Denis Pushilin បានប្រកាសថា កូរ៉េខាងជើង កាលពី​ថ្ងៃទី ១៣ កក្កដា បានទទួល​ស្គាល់ សាធារណរដ្ឋ Lugansk និង Donetsk នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ ស្ថានទូត​កូរ៉េខាងជើង នៅ មូ​ស្គូ ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ៕