Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៥ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៥ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៤ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៤ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៨ នាក់ បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​​លើ​សេចក្ដីព្រាងច្បាប់​បង្កើន​ថវិកា​ការពារជាតិ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​​លើ​សេចក្ដីព្រាងច្បាប់​បង្កើន​ថវិកា​ការពារជាតិ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​បង្កើន​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ ២០២៣។

    សេចក្ដីព្រាងច្បាប់​ស្ដីពី​ការផ្ដល់​សិទ្ធិ​ការពារជាតិ (NDAA) សម្រាប់​ឆ្នាំ ២០២៣ ត្រូវបាន សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី ១៤ កក្កដា ដោយមាន​សន្លឹកឆ្នោត​គាំទ្រ ៣២៩ សំឡេង និង​ប្រឆាំង ១០១ សំឡេង។ សេចក្ដីព្រាងច្បាប់​នេះ​អនុញ្ញាតឱ្យ​បន្ថែម ៣៧ ពាន់​លាន​ដុល្លារ​ទៅក្នុង​ថវិកា​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក ធៀប​នឹង​សំណើ ៧៧៣ ពាន់​លាន​ដុល្លារ​របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន។

    សេចក្ដីព្រាងច្បាប់​នេះ​ក៏​អាច​បើកផ្លូវ​ឱ្យ សហរដ្ឋ​អាម៉េរិក ចំណាយ​ទៅលើ​វិស័យ​ការពារជាតិ លើសពី ៨០០ ពាន់​លាន​ដុល្លារ ដែលជា​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។

    សភា​ជាន់ខ្ពស់​អាម៉េរិក មិនទាន់​អនុម័ត​កំណែ NDAA របស់ខ្លួន ប៉ុន្តែ គណៈកម្មការ​យោធា​របស់ សភា​ជាន់ខ្ពស់​អាម៉េរិក បាន​គាំទ្រ​កញ្ចប់​ថវិកា​ធំ​ជាង​នេះ ពោលគឺ​ច្រើនជាង ៤៥ ពាន់​លាន​ដុល្លារ​ធៀប​នឹង​សំណើ​របស់លោក បៃ​ដិ​ន។

    សភា​សហរដ្ឋ​អាម៉េរិក នឹង​អនុម័ត​សម្រេច​ចុងក្រោយ​លើ NDAA នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ ហើយ​ក្រោយមក​នឹងមាន​ការបោះឆ្នោត​ទាំង​នៅក្នុង​សភា​ជាន់ខ្ពស់ និង​សភា​ជាន់​ទាប​នៅ​ចុង​ឆ្នាំនេះ។

    កាលពី​ចុងឆ្នាំ​កន្លង ប្រធានាធិបតី បៃ​ដិ​ន បានអនុម័ត NDAA សម្រាប់​ឆ្នាំ ២០២២ អនុញ្ញាតឱ្យ​បញ្ចេញ​ថវិកា ៧៧៣ ពាន់​លាន​ដុល្លារ កើន ៥% ធៀប​នឹង​ឆ្នាំ ២០២១៕

  • តម្លៃ​ឧស្ម័ន​អាច​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៣ ដង នៅ​ឆ្នាំក្រោយ! នេះ​ជាការ​ព្រមាន​របស់ អាល្លឺម៉ង់

    តម្លៃ​ឧស្ម័ន​អាច​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៣ ដង នៅ​ឆ្នាំក្រោយ! នេះ​ជាការ​ព្រមាន​របស់ អាល្លឺម៉ង់

    យោងតាម​ការ​គណនារ​បស់ Bundesnetzagentur អគ្គិសនី ១ គីឡូវ៉ាត់​ដែល​បានមក​​ពី​ឧស្ម័ន​នៅ អាល្លឺម៉ង់ មានតម្លៃ​ប្រហែល ២២ អឺរ៉ូ ខ្ពស់ជាង ៤ ដង ធៀប​នឹង​ឆ្នាំ ២០២១ ហើយ​អាច​កើនឡើង​យ៉ាងតិច ៣ ដង នៅក្នុង​ឆ្នាំក្រោយ។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី ១៤ កក្កដា របស់ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​បណ្ដាញ Bundesnetzagentur (Federal Network Agency) របស់ អាល្លឺម៉ង់ បន្ទាប់ពី​ការផ្គត់ផ្គង់​ឧស្ម័ន​របស់ រុស្ស៊ី តាមរយៈ​បណ្ដាញ​បំពង់​បង្ហូរ Nord Stream 1 ត្រូវបាន​ផ្អាក កម្រិត​នៃ​ការ​ប៉ះប៉ូវ​របស់​ឃ្លាំង​ឧស្ម័ន​នៅ អាល្លឺម៉ង់ កំពុង​ថយចុះ ក្នុងនោះ ឧស្ម័ន​នៅក្នុង​ឃ្លាំង​មួយចំនួន​កំពុងតែ​ត្រូវបាន​យកចេញ «ព្រោះតែ​ទីផ្សារ»។

    Bundesnetzagentur បាន​ព្រមាន​ថា តម្លៃ​ឧស្ម័ន​អាច​កើន​ឡើងដល់ ៣ ដង នៅ​ឆ្នាំ ២០២៣។ Bundesnetzagentur បានប្រកាសថា ជារួម​បរិមាណ​ឧស្ម័ន​ដែល​ត្រូវបាន​យកចេញ​ពី​ឃ្លាំង គឺ​ច្រើនជាង​ធៀប​នឹង​បរិមាណ​ដែល​បាន​បញ្ជូន​ចូលក្នុង​ឃ្លាំង។

    បញ្ហា​ខាងលើនេះ​ធ្វើឱ្យ​ការរក្សា​ឧស្ម័ន​ដែល​រក្សាទុក​សម្រាប់​រដូវ​រងា ក្លាយជា​រឿង​លំបាក និង​នាំឱ្យ​បរិមាណ​ឧស្ម័ន​ដែល​រក្សាទុក​ក្នុងករណី​ខ្វះខាត​ត្រូវ​ថយចុះ។ កម្រិត​នៃ​ការបំពេញ​ឃ្លាំង​ឧស្ម័ន​នៅ អាល្លឺម៉ង់ បច្ចុប្បន្ន​គឺ ៦៤.៥%។

    បច្ចុប្បន្ន Nord Stream 1 កំពុងស្ថិត​ក្នុងដំណាក់កាល​ជួសជុល ហើយ​កិច្ចការ​នេះ​គ្រោង​នឹង​បង្ហើយ​នៅ​ថ្ងៃទី ២១ កក្កដា។ ក្នុងដំណាក់កាល​នេះ ពុំមាន​ទំនិញ​ជា​ឧស្ម័ន​ធម្មជាតិ​ណាមួយ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់ អាល្លឺម៉ង់ តាមរយៈ​បណ្ដាញ Nord Stream 1 ឡើយ។

    ថ្វីបើ​មាន​វិធី​ដឹកជញ្ជូន​ផ្សេង​ដូចជា ប្រព័ន្ធ​បំពង់​បង្ហូរ Yamal ឬ ការដឹកជញ្ជូន​ឆ្លងកាត់ ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ ទាំងនេះ​មិនត្រូវ​បាន​គេ​ប្រើប្រាស់​នោះទេ នៅក្នុង​គ្រា​ដែល Nord Stream 1 កំពុង​ត្រូវ​ជួសជុល។

    ទោះជា​យ៉ាងណាក៏ដោយ Bundesnetzagentur បាន​បញ្ជាក់ថា ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​នៅ អាល្លឺម៉ង់ ជារួម​នៅតែមាន «ស្ថិរភាព» ហើយ​សន្តិសុខ​នៃ​ប្រភព​ផ្គត់ផ្គង់​នៅតែ​ត្រូវបាន​ធានា។

    រាប់​ចាប់​តាំង​ពី​ឆ្នាំ ២០២១ តម្លៃ​ថាមពល​នៅ អឺរ៉ុប ពិសេស​គឺ​នៅ ប្រទេស​អាល្លឺម៉ង់ បាន​កើនឡើង​ខ្ពស់ ដោយ​មួយផ្នែកធំ​គឺ​បណ្ដាលមកពី​វិបត្តិ​សកល៕

  • ប្រធានាធិបតី​អ៊ីតាលី បដិសេធ​ពាក្យ​សុំលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី

    ប្រធានាធិបតី​អ៊ីតាលី បដិសេធ​ពាក្យ​សុំលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី

    ប្រធានាធិបតី​អ៊ីតាលី Mattarella បាន​បដិសេធ​ពាក្យ​សុំលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី Draghi ដោយ​ស្នើឱ្យ​លោក​ចរចា​ជាមួយ​សភា ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នយោបាយ។

    «ប្រធានាធិបតី​មិន​ទទួលយក​លិខិត​សុំលាលែង​របស់​នាយករ​ដ្ឋ​មន្ត្រី Mario Draghi។ លោក​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឡើង​ថ្លែង​នៅមុខ​សភា ដើម្បី​អាចមាន​ការវាយតម្លៃ​សមស្រប​អំពី​វិវត្តន៍​នៃ​ស្ថានការណ៍» ការិយាល័យ​ប្រធានាធិបតី​អ៊ីតាលី Gergio Mattarella ប្រកាស​កាលពី​ថ្ងៃទី ១៤ ក​ក្កា។

    ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី Draghi ដាក់ពាក្យ​សុំលាលែង​ពី​តំណែង​ទៅកាន់​ប្រធានាធិបតី ដោយសារ «សម្ព័ន្ធមិត្ត​ឯកភាព​ជាតិ​គាំទ្រ​រដ្ឋាភិបាល​នេះ​លែងមានទៀតហើយ»។

    រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋា​មន្ត្រី Draghi កំពុង​ប្រឈម​នឹង​ការដួលរលំ ព្រោះតែ បក្ស​ផ្កាយ៥ (M5S) បាន​គំរាម​ដកខ្លួន​ចេញពី​រដ្ឋាភិបាលចម្រុះ និង​បដិសេធ​ការចូលរួម​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល។

    នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Draghi

    រដ្ឋាភិបាលចម្រុះ​របស់​នាយករដ្ឋមន្ត្រី Draghi ត្រូវបាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ២០២១ ដោយមាន​ការចូលរួម​របស់ គណបក្ស M5S, គណបក្ស​សម្ព័ន្ធ, បក្ស Forza Italia, បក្ស​ប្រជាធិបតេយ្យ, បក្ស Italia Viva និង​បក្ស Article One។ ក្នុងនោះ M56 គឺជា​បក្ស​ធំជាងគេ កាន់កាប់​កៅអី​ជាង ៣០% នៅ​សភា​ជាន់ខ្ពស់ និង សភា​ជាន់​ទាប ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ ២០១៨។

    អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Giuseppe Conte ដែលជា​មេដឹកនាំ​បក្ស M5S កាលពី​ថ្ងៃទី ១៣ កក្កដា បាន​គំរាម​ដក M5S ចេញពី​រដ្ឋាភិបាលចម្រុះ ក្នុងពេលដែល​ភាព​តានតឹង​រវាង​លោក និង​នាយករដ្ឋមន្ត្រី Draghi កើនឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ នាយករដ្ឋមន្ត្រី Draghi ថ្លែងថា លោក​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​មិនមាន M5S។

    ក្រោយ​ការប្រកាស​របស់លោក Conte មេ​ដឹ​ន​របស់​បក្សផ្សេងៗមួយ​ក៏បាន​គំរាម​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ ធ្វើឱ្យ​រដ្ឋាភិបាល​របស់​លោក Draghi ប្រឈម​នឹង​ការដួលរលំ៕

  • ​ថៃ អនុម័ត​គោលនយោបាយ​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

    ​ថៃ អនុម័ត​គោលនយោបាយ​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

    អ្នកនាំពាក្យ​រង​របស់ រាជរដ្ឋាភិបាល​ថៃ Traisuree Taisaranakul កាលពី​ថ្ងៃទី ១៤ កក្កដា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​គម្រោង​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស​ដើម្បី​ជំរុញ​ការវិនិយោគ។

    យោងតាម​លោកស្រី Traisuree គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​សេចក្ដីព្រាង​នៃ​ការណែនាំ​របស់ ការិយាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ ស្ដីពី​ការផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស។ គោលនយោបាយ​នេះ​នឹង​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស មិន​លើសពី ១០០ នាក់ និង​អ្នក​មិនមាន​សញ្ជាតិ​មិនឱ្យ​លើសពី ៥០ នាក់ ជា​រៀងរាល់ឆ្នាំ។

    លោកស្រី Traisuree បានឱ្យដឹងថា ពលរដ្ឋ​បរទេស​មាន​មូលហេតុផ្សេងៗគ្នា​ដើម្បី​ស្វែងរក​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ ប្រទេស​ថៃ។ មនុស្ស​មួយចំនួន​មក​ប្រទេស​នេះ​ដើម្បី​ធ្វើការ និង​វិនិយោគ ខណៈដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​មានបំណង​នាំ​គ្រួសារ​មក​រស់នៅ និង​ទទួលផល​ប្រយោជន៍​នៅ ប្រទេស​ថៃ។ ក្នុង​គ្រា​ដែល ប្រទេស​ថៃ កំពុង​ត្រូវការ​ទុនវិនិយោគ​ពី​បរទេស​ដើម្បី​ស្ដារ​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា គោលនយោបាយ​ថ្មី​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ពលរដ្ឋ​បរទេស​មក​រស់នៅ​យូរអង្វែង​ដើម្បី​វិនិយោគ និង​ធ្វើការ​នៅ ប្រទេស​នេះ។

    យោងតាម​លោកស្រី Traisuree គោលនយោបាយ​នេះ មុន​នោះ​ត្រូវបាន គណៈកម្មាធិការ​ជាតិ​អន្តោប្រវេសន៍​ថៃ អនុម័ត​រួចហើយ ហើយ​នឹងមាន​សុពលភាព​ក្នុងពេលឆាប់ៗនេះ។

    រាជរដ្ឋាភិបាល​ថៃ ថ្មីៗនេះ​បាន និង​កំពុង​រក​វិធី​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលជា​អ្នកមាន​ទ្រព្យ​ច្រើន និង​អ្នក​ដែលមាន​ជំនាញ​ខ្ពស់ មក​រស់នៅ តាមរយៈ​គោលនយោបាយ​នានា ដូចជា អនុញ្ញាតឱ្យ​ជួល​ផ្ទះ និង​ដី​ក្នុង​រយៈពេល​វែង ការសង​ប្រាក់​បង់ពន្ធ​ត្រលប់​ទៅវិញ។ល។ តាមរយៈ​គោលនយោបាយ​នេះ រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា នឹង​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ខ្ពស់ជាង ១ លាន​នាក់ មកកាន់​ប្រទេស​នេះ​ដើម្បី​រស់នៅ និង​ប្រកប​របរ​រកស៊ី ហើយ​អាច​នាំមក​នូវ​ខ្ទង់​ប្រាក់​វិនិយោគ ១ ទ្រី​លាន​បាត (១,០០០ ពាន់​លាន​បាត- ជិត ២៩ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅ​ឆ្នាំ ២០២៦។ ខ្ទង់​ប្រាក់​នេះ​នឹង​រួមចំណែក​ក្នុង​ការជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​នេះ បន្ទាប់ពី GDP បាន​ធ្លាក់ចុះ​ជ្រៅ​ក្នុងអំឡុង ២ ឆ្នាំកន្លងមក៕

  • ក្រុមហ៊ុន​វៀតណាម​ពីរ​ស្ថាប័ន​នៅ​កម្ពុជា សហការគ្នា​អភិវឌ្ឍ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល

    ក្រុមហ៊ុន​វៀតណាម​ពីរ​ស្ថាប័ន​នៅ​កម្ពុជា សហការគ្នា​អភិវឌ្ឍ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល

    អគ្គនាយក​ក្រុមហ៊ុន Metfone បានឱ្យដឹងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការគ្នា​នេះ​គឺជា​ឱកាស​ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​សហប្រតិបត្តិ​រវាង Metfone និង Angkormilk រួមចំណែក​ផ្ដល់នូវ​តម្លៃ​ល្អប្រសើរ​សម្រាប់ កម្ពុជា។

    ក្រុមហ៊ុន​វៀត​ណា ២ ស្ថាប័ន ដែល​កំពុង​រកស៊ី​នៅ កម្ពុជា គឺ Viettel Cambodia (Metfone) និង Angkormilk ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការគ្នា​អភិវឌ្ឍ​សេវាកម្ម​ទូរគមនាគមន៍ និង​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល នៅ កម្ពុជា។

    ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​គ្រប់​ជ្រុងជ្រោយ​រវាង Metfone និង Angkormilk ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១៤ កក្កដា នៅ រាជធានី​ភ្នំពេញ។

    ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​បាន​បញ្ជាក់ថា កិច្ចសហការ​នេះ​គឺ​ដើម្បី​កែលម្អ​វឌ្ឍនភាព​នៃ​សេវាកម្ម​ទូរគមនាគមន៍ និង​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ កម្ពុជា។

    យោងតាម​កិច្ចព្រមព្រៀង Metfone និង eMoney នឹង​សហការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ដៃគូ​ក្នុងការ​ផ្ដល់​សប​វែ​រ​លក់ទំនិញ​នាំចេញ​នាំចូល​ពី​ឃ្លាំង, ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (hotline) សម្រាប់​សេវា​បម្រើ​អតិថិជន, សេវា​ផ្ញើ​សារ​ផ្សព្វផ្សាយ,សេវា​អ៊ី​ន​ធើ​ណិ​ត, កញ្ចប់​សេវា​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន, ស៊ីម data សម្រាប់​កាមេរ៉ា​សន្តិសុខ​ខាងក្នុង​ទូ ATM រួម​នឹង​ការផ្ដល់សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា បើកប្រាក់​ខែ​ដល់​បុគ្គលិក​ជាដើម។ល។

    Angkormilk គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វៀតណាម Vinamilk ដែល​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ។ ចំណែក Metfone វិញ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Viettel ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម។

  • នាយករដ្ឋមន្ត្រី​នៃ​ ប្រទេស​អ៊ីតាលី ប្រកាស​លាលែង​ពី​តំណែង

    នាយករដ្ឋមន្ត្រី​នៃ​ ប្រទេស​អ៊ីតាលី ប្រកាស​លាលែង​ពី​តំណែង

    នាយករដ្ឋមន្ត្រី​អ៊ីតាលី Draghi ប្រកាស​លាលែង​ពី​តំណែង​នៅពេល​វិបត្តិ​នយោបាយ​ផ្ទុះឡើង​ដោយសារ​បក្ស​ចលនា​ផ្កាយ៥ មិន​ចូលរួម​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល។

    «ខ្ញុំ​ចង់​ប្រកាសថា ព្រលប់​នេះ​ខ្ញុំ​នឹងដាក់​ពាក្យ​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានាធិបតី» នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi ថ្លែងប្រាប់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១៤ កក្កដា។ «សម្ព័ន្ធមិត្ត​ឯកភាព​ជាតិ​គាំទ្រ​រដ្ឋាភិបាល​នេះ​មិនមាន​ទៀត​នោះទេ»។

    លក្ខខណ្ឌ​ចាំបាច់​ដើម្បី​រក្សា​រដ្ឋាភិបាលចម្រុះ «លែងមានទៀតហើយ» ហើយ «កិច្ចព្រមព្រៀង​នៃ​សេចក្ដីទុកចិត្ត​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ក៏​លែងមាន​ទៀត​ដែរ» នេះ​បើតាម​លោក Draghi។

    ការសម្រេចចិត្ត​របស់​លោក Draghi ត្រូវ​បានលើកឡើង​បន្ទាប់ពី បក្ស​ចលនា​ផ្កាយ៥ (M5S) បដិសេធ​ការចូលរួម​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល។ ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​បានក្លាយ​ជា​ចំណុចកណ្ដាល​នៃ​ភាព​តានតឹង​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក Draghi នៅពេល​បក្ស​នានា​ត្រៀម​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ការបោះឆ្នោតជាតិ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំក្រោយ។

    រដ្ឋាភិបាលចម្រុះ​របស់​នាយករដ្ឋមន្ត្រី Draghi ត្រូវបាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ២០២១ ដោយមាន​ការចូលរួម​របស់ គណបក្ស M5S, គណបក្ស​សម្ព័ន្ធ, បក្ស Forza Italia, បក្ស​ប្រជាធិបតេយ្យ, បក្ស Italia Viva និង​បក្ស Article One។ ក្នុងនោះ M56 គឺជា​បក្ស​ធំជាងគេ កាន់កាប់​កៅអី​ជាង ៣០% នៅ​សភា​ជាន់ខ្ពស់ និង សភា​ជាន់​ទាប ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ ២០១៨។

    អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Giuseppe Conte ដែលជា​មេដឹកនាំ​បក្ស M5S កាលពី​ថ្ងៃទី ១៣ កក្កដា បាន​គំរាម​ដក M5S ចេញពី​រដ្ឋាភិបាលចម្រុះ ក្នុងពេលដែល​ភាព​តានតឹង​រវាង​លោក និង​នាយករដ្ឋមន្ត្រី Draghi កើនឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ នាយករដ្ឋមន្ត្រី Draghi ថ្លែងថា លោក​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​មិនមាន M5S។

    ក្រោយ​ការប្រកាស​របស់លោក Conte មេ​ដឹ​ន​របស់​បក្សផ្សេងៗមួយ​ក៏បាន​គំរាម​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ ធ្វើឱ្យ​រដ្ឋាភិបាល​របស់​លោក Draghi ប្រឈម​នឹង​ការដួលរលំ។

    នាយករដ្ឋមន្ត្រី Draghi កាលពី​ថ្ងៃទី ១២ កក្កដា ប្រកាសថា បើសិន M5S ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ បញ្ហា​ទាំងអស់​នឹង​អាស្រ័យទៅលើ​ការសម្រេច​របស់​ប្រធានាធិបតី Sergio Mattarella៕

  • ប្រជាជន​ស្រីលង្កា នាំគ្នា​រាំ​អបអរ ជប់លៀង​ប្រធានាធិបតី​លាលែង​ពី​តំណែង

    ប្រជាជន​ស្រីលង្កា នាំគ្នា​រាំ​អបអរ ជប់លៀង​ប្រធានាធិបតី​លាលែង​ពី​តំណែង

    ក្រុមបាតុករ​នាំគ្នា​ស្រែកច្រៀង រាំរែក​នៅលើ​ដងផ្លូវ​ក្នុង រដ្ឋធានី​កូឡុំបូ បន្ទាប់ពី​ប្រធានាធិបតី Gotabaya Rajapaksa ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា។

    ក្រុមបាតុករ​ស្រីលង្កា កាលពី​ព្រលប់​ថ្ងៃទី ១៤ កក្កដា បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​វិមាន​ប្រធានាធិបតី​ដើម្បី​ជប់លៀង​អបអរសាទរ ដោយ​ពួកគេ​បាន​ហៅ​ការលាលែង​ពី​តំណែង​របស់លោក Rajapaksa ថា​ជា «ជ័យជម្នះ​សម្រាប់​ប្រជាធិបតេយ្យ»។ មនុស្ស​រាប់សិប​នាក់​នាំគ្នា​រាំរែក ស្រែក​ហ៊ោ និង​លើក​គ្រវីទង់ជាតិ​ស្រីលង្កា ខណៈដែល​មនុស្ស​ពីរ​នាក់​កំពុង​ស្រែកច្រៀង​នៅលើ​ឆាក​តូច​មួយ។

    បរិយាកាស​នេះ​ដូច​ទៅនឹង​ពិធីបុណ្យ​ធំ ខណៈដែល​គ្រប់គ្នា​ស្រែកច្រៀង រាំរែក​ទៅតាម​តន្ត្រី គ្រា​ដែល​អ្នកផ្សេង​ស្រែក​ដាក់​មីក្រូ​ថា ពួកគេ​ចង់ឱ្យ​មានការ​ដឹកនាំ​ប្រទេសជាតិ​ល្អ​ជាង​នេះ។

    «នៅលើ​ពិភពលោក យើង​បាន​ដឹកនាំ​ចលនា​ផ្ដួលរំលំ​ប្រធានាធិបតី​ដោយ​កម្លាំងបាយ និង​អំពើហិង្សា​តិចតួច​បំផុត។ នោះ​គឺជា​ការរួម​ផ្សំរ​វាងជ័យ​ជម្នះ និង​ភាព​ធូរស្រាល» Viraga Perera វិស្វករ​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​តាំងពី​ខែមេសា បានឱ្យដឹង​ដូច្នេះ។

    ប្រធានាធិបតី​ស្រីលង្កា បាន​ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា​កាលពី​ថ្ងៃទី ១៤ កក្កដា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ដល់ សិង្ហ​បុរី។ អ្នកនាំពាក្យ​សភា​បានឱ្យដឹងថា សារ​លាលែង​ពី​តំណែង​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គ​រដ្ឋអាជ្ញា​ដើម្បី​ពិនិត្យ​ភាពស្របច្បាប់ មុនពេល​ទទួលស្គាល់​ជា​ផ្លូវការ។

    បើសិនជា​អ៊ី​មេ​ល​នោះ​ត្រូវបាន​ទទួលស្គាល់ លោក Rajapaksa នឹង​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​លាលែង​ពី​តំណែង​រាប់​ចាប់តាំងពី ស្រីលង្កា អនុម័ត​របប​ប្រធានាធិបតី​កាលពី​ឆ្នាំ ១៩៧៨៕

  • សហភាព​អឺរ៉ុប ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ថ្មី សំដៅលើ សហព័ន្ធ​រុស្ស៊ី

    សហភាព​អឺរ៉ុប ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ថ្មី សំដៅលើ សហព័ន្ធ​រុស្ស៊ី

    សហភាព​អឺរ៉ុប (EU) កំពុងតែ​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី ៧ ដែល​នឹង​ត្រូវដាក់​ទៅលើ ទីក្រុង​មូ​ស្គូ ប៉ុន្តែ នឹងមិន​មានការ​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន។

    នៅលើ​ទំព័រ Reuters នាយករដ្ឋមន្ត្រី​ឆែក លោក Petr Fiala បានឱ្យដឹងថា កញ្ចប់​ទណ្ឌកម្ម​បន្ទាប់​ដែល EU កំពុង​ព្រាង នឹងមិន​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន​ពី រុស្ស៊ី ឡើយ។ មូលហេតុ​គឺ​ដោយសារ​សមាជិក​ជាច្រើន​មិនអាច​រក​ប្រភព​ផ្គត់ផ្គង់​ថ្មី​បាន​ក្នុងពេល​ដ៏​ខ្លី។

    ប្រទេស​ឆែក កាន់កាប់​តំណែង​ប្រធាន​បន្តវេន​រយៈពេល ៦ ខែ​របស់ EU ចាប់ពី​ថ្ងៃទី ១ កក្កដា។ ឆែក គឺជា​ប្រទេសមួយ​ដែល​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់ រុស្ស៊ី។

    នាយករដ្ឋមន្ត្រី​ឆែក លោក Petr Fiala

    ការដាក់​ថាមពល​ចូលទៅក្នុង​កញ្ចប់​ទណ្ឌកម្ម​គឺជា​រឿង​ដែល​មិនល្អ។ លោក Fiala យល់ថា «គោលការណ៍​រួម​គឺថា ទណ្ឌកម្ម​នានា​ត្រូវតែមាន​ឥទ្ធិពល​លើ រុស្ស៊ី ច្រើនជាង​បណ្ដា​ប្រទេស​ដែល​ដាក់ទណ្ឌកម្ម»។ មុនពេល រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន EU ពឹង​ផ្អែកលើ​ឧស្ម័ន​របស់ រុស្ស៊ី ប្រមាណ ៤០%។

    ជំនួស​មកវិញ កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ គ្រោង​នឹង​ផ្ដោត​សំខាន់​ទៅលើ​ការហាម​នាំចូល​មាស ការបន្ថែម​មុខទំនិញ​ដែល​ហាម​នាំចូល រុស្ស៊ី និង​សំដៅ​ទៅលើ​បុគ្គលសំខាន់ៗរបស់​ប្រទេស​នេះ។

  • មហាសេដ្ឋី​អាម៉េរិក​រូបនេះ នឹង​បរិច្ចាគ ២០ ពាន់​លាន​ដុល្លារ​ សម្រាប់​កិច្ចការ​មនុស្សធម៌

    មហាសេដ្ឋី​អាម៉េរិក​រូបនេះ នឹង​បរិច្ចាគ ២០ ពាន់​លាន​ដុល្លារ​ សម្រាប់​កិច្ចការ​មនុស្សធម៌

    ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft នឹង​ផ្ទេរប្រាក់ ២០ ពាន់​លាន​ដុល្លារ​ទៅក្នុង​មូលនិធិ Bill & Melinda Gates ដែលជា​អង្គការ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Bill Gates និង​អតីត​ភរិយា ក្នុង​គ្រា​ពិភពលោក​កំពុង​ជួប​វិបត្តិផ្ទួន។

    «វិបត្តិធំៗនាបច្ចុប្បន្ន ទាមទារ​ឱ្យ​គ្រប់គ្នា​បញ្ចេញ​សកម្មភាព​ច្រើនជាង​មុន» លោក Bill Gates សរសេរ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ១៣ កក្កដា និយាយ​អំពី​ផលប៉ះពាល់​ត្រួត​លើ​គ្នា​ដែល​កើតឡើង​ពី​រោគរាតត្បាត​កូ​វីដ-១៩ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត។

    យោងតាម​មហាសេដ្ឋី​រូបនេះ ស្ថានការណ៍​ខាងលើ​ធ្វើឱ្យ​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង តម្រូវឱ្យមាន​ការវិនិយោគ​ច្រើន​ថែមទៀត​ទៅក្នុង​បណ្ដា​វិស័យសំខាន់ៗដូចជា សុខាភិបាល អប់រំ កាត់បន្ថយ​ភាពក្រីក្រ និង​សមភាព​យែ​ន​ឌ័​រ​ជាដើម។

    «យើង​មាន​គម្រោង​បង្កើន​ការចំណាយ​ពី​ជិត ៦ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​នាបច្ចុប្បន្ន ឡើងដល់ ៩ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ នៅ​ឆ្នាំ ២០២៦។ ដើម្បី​អនុវត្ត​គម្រោង​នេះ ខ្ញុំ​នឹង​ផ្ទេរ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​មូលនិធិ ក្នុង​ខែ​នេះ» លោក Bill Gates បញ្ជាក់​ដូច្នេះ។

    ខ្ទង់​ប្រាក់​ថ្មី​នេះ​នឹងធ្វើ​ឱ្យ​ទុន​នៃ​មូលនិធិ Bill & Melinda Gates ឡើងដល់​ប្រហែល ៧០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន ៣.១ ពាន់​លាន​ដុល្លារ​ដែល​បាន​ពី​មហាសេដ្ឋី Warren Buffett កាលពី​ខែ​កន្លង។

    Street ដែលជា​ទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ​នៅ New York បាន​វាយតម្លៃថា សកម្មភាព​នេះ​នឹងធ្វើ​ឱ្យ​លោក Gates ត្រូវ​ធ្លាក់ចុះ​ច្រើន​កាំ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​អ្នកមាន​របស់​ពិភពលោក។

    យោងតាម Bloomberg បច្ចុប្បន្ន លោក Gates ឈរ​លំដាប់​ទី ៤ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិ​ភ​លោក ដោយមាន​ទ្រព្យ ១១៣ ពាន់​លាន​ដុល្លារ។ បន្ទាប់ពី​ខ្ទង់​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរចេញ លោក Gates នឹង​ធ្លាក់​​មក​ឈរ​​លំដាប់​ទី ៩ បន្ទាប់ពី​លោក Buffett ដែលមាន​ទ្រព្យ ៩៦.៧ ពាន់​លាន​ដុល្លារ៕