Author: សឿន សំណាង

  • សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់ «​ហាម​ឃាត់​​កាំភ្លើង​វែង»

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់ «​ហាម​ឃាត់​​កាំភ្លើង​វែង»

    សភា​ជាន់​ទាប​អាម៉េរិក បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​ហាមឃាត់​កាំភ្លើង​វែង (rifles) គ្រា​ដែល​ប្រទេស​នេះ​កំពុងតែ​ប្រឈម​នឹង​អំពើ​បាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង។

    កាលពី​ថ្ងៃទី ២៩ កក្កដា សភា​ជាន់​ទាប​អាម៉េរិក បាន​បោះឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​កាំភ្លើង​វែង​វាយប្រហារ ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ២១៧ សំឡេង និង​ប្រឆាំង ២១៤ សំឡេង។ សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់ សភា​ជាន់ខ្ពស់​អាម៉េរិក ដើម្បី​អនុម័ត​បន្ត។

    ការកែទម្រង់​ក្នុងការ​គ្រប់គ្រង​កាំភ្លើង​នៅតែមាន​ភាពចម្រូងចម្រាស​នៅ សហរដ្ឋ​អាម៉េរិក បើទោះជា​ធ្លាប់មាន​ករណី​បាញ់ប្រហារ​ជា​បន្តបន្ទាប់។ ក្នុងការ​បោះឆ្នោត​អនុម័ត​នៅ​សភា​ជាន់​ទាប​កាលពី​ម្សិលមិញ មាន​តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ តែ ២ រូប​ប៉ុណ្ណោះ ដែល​បាន​បោះឆ្នោត​គាំទ្រ។

    កាំភ្លើង​វែង​ Springfield Saint Victor AR-15 មួយ​ដើម​ ដែល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុងសាល​នៃ​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ សមាគម​ជាតិ​កាំភ្លើង​វែង​​អាម៉េរិក កាលពី​ខែ​ឧសភា ២០២២

    នៅ សភា​ជាន់ខ្ពស់​អាម៉េរិក បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​តែ ៥០ កៅអី​ប៉ុណ្ណោះ ហើយ​ត្រូវការ​សន្លឹកឆ្នោត​គាំទ្រ​ពី​បក្ស​សាធារណរដ្ឋ ចំនួន ១០ សំឡេង​ទៀត ដើម្បី​អាច​យក​សេចក្ដីព្រាងច្បាប់​នេះ​ ឡើង​ទៅ​​​ពិនិត្យ។

    សភា​អាម៉េរិក កាលពី​ឆ្នាំ ១៩៩៤ បានអនុម័ត​ច្បាប់​ហាមឃាត់​រយៈពេល ១០ ឆ្នាំ ចំពោះ​កាំភ្លើង​វែង​វាយប្រហារ និង​បង់​ដាក់​គ្រាប់​ប្រភេទ​ធំ។ ក៏ប៉ុន្តែ បទបញ្ជា​នេះ​ត្រូវអស់​សុពលភាព​កាលពី​ឆ្នាំ ២០០៤ នាំឱ្យ​ការលក់​អាវុធ​ប្រភេទ​នេះ​កើនឡើង​យ៉ាងគំហុក​ចាប់ពីពេលនោះ​មក។

  • គ្រោះ​ទឹក​ជំនន់​ «ពាន់​ឆ្នាំមាន​ម្ដង» កើតឡើង​នៅ សហរដ្ឋ​អាម៉េរិក

    គ្រោះ​ទឹក​ជំនន់​ «ពាន់​ឆ្នាំមាន​ម្ដង» កើតឡើង​នៅ សហរដ្ឋ​អាម៉េរិក

    រដ្ឋ Kentucky ទទួលរង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំន​ន់​ទឹកភ្លៀង​ដែល​ត្រូវបាន​គេ​វាយតម្លៃថា «ពាន់​ឆ្នាំមាន​ម្ដង» បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៩ នាក់ និង​រាប់សិប​នាក់​បាត់​ខ្លួន។

    ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ Kentucky ភាគ​កណ្ដាល​នៃ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៨ កក្កដា បាន​ពន្លិច​តំបន់​ប្រជុំជន​នៅ​ជើងភ្នំ Appalachia បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ជាប់គាំង និង​បាត់​ខ្លួន។ អភិបាលរដ្ឋ Kentucky លោក Andy Beshear កាលពី​ថ្ងៃទី ២៩ កក្កដា បានប្រកាសថា មាន​មនុស្ស​យ៉ាងហោច ១៦ នាក់ ក្នុងនោះ​មាន​កុមារ​ផងដែរ បាន​បាត់​បង់ជីវិត​នៅក្នុង​គ្រោះទឹកជំនន់ ហើយ​ថា ករណី​ស្លាប់​អាច​នឹង​មាន​បន្ត​ទៀត​។

    ក្រុម​សមត្ថកិច្ច​ កាលពី​ម្សិល​មិញ បាន​រកឃើញ​ករណី​ស្លាប់​ចំនួន​ ៣ នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​​នៅ​ក្នុង​រដ្ឋ Kentucky កើត​ឡើង​ដល់ ១៩ នាក់​។

    លោក Beshear ថ្លែងថា នេះ​គឺជា «គ្រោះទឹកជំនន់​មួយ​ដ៏​អាក្រក់ និង​មហន្តរាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ Kentucky» ដោយមាន​មនុស្ស​ស្លាប់​អាច​ឡើង​រាប់សិប​នាក់។ លោក​បន្តថា ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​រំដោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​នៅលើ​ដំបូលផ្ទះ។ មនុស្ស​ប្រហែល​ពី ២០ ទៅ ៣០ នាក់ ត្រូវបាន​នាំទៅ​កាន់​ទី​សុវត្ថិភាព។

     

  • ប៉ូឡូញ ទិញ​រថក្រោះ​របស់ កូរ៉េខាងត្បូង ជិត ១,០០០ គ្រឿង ក្រោយ​ការ​ជួយ​ អ៊ុយក្រែន​ មួយ​ភាគ​ធំ

    ប៉ូឡូញ ទិញ​រថក្រោះ​របស់ កូរ៉េខាងត្បូង ជិត ១,០០០ គ្រឿង ក្រោយ​ការ​ជួយ​ អ៊ុយក្រែន​ មួយ​ភាគ​ធំ

    អាជ្ញាធរ​ប៉ូឡូញ បានបញ្ជាក់​អំពី​គម្រោង​ទិញ​រថក្រោះ K2 របស់ កូរ៉េខាងត្បូង ចំនួន ៩៨០ គ្រឿង រួម​នឹង​យន្តហោះ​ចម្បាំង FA-50 ជិត ៥០ គ្រឿង និង​កាំភ្លើង​ធំចល័ត​ ៤៨ ដើម។

    ប្រកាស​នៅលើ​គេហទំព័រ​របស់ ក្រសួងការពារជាតិ​ប៉ូឡូញ បានឱ្យដឹងថា នេះ​នឹង​ក្លាយជា​ការទិញ​អាវុធ​សំខាន់បំផុត និង​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ ប៉ូឡូញ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    កិច្ចព្រមព្រៀង​ទិញដូរ​អាវុធ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទីមួយ កូរ៉េខាងត្បូង នឹង​ប្រគល់​រថក្រោះ K2 Black Panther ចំនួន ១៨០ គ្រឿង, កាំភ្លើង​ធំ​ចល័ត K9 Thunder ចំនួន ៤៨ គ្រឿង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំនេះ ដើម្បី​ប៉ះប៉ូវ​​កន្លែង​ទំនេរ បន្ទាប់ពី ប៉ូឡូញ បានផ្ដល់​ជំនួយ​ជា​អាវុធ​តម្លៃ​យ៉ាងតិច ១.៧ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

    ដំណាក់កាល​ទី​ពីរ ទីក្រុង​វ៉ា​សូវី នឹង​បានទទួល​រថក្រោះ K2 Black Panther​ ចំនួន ៨០០ គ្រឿង​បន្ថែមទៀត។ ប៉ូឡូញ ក៏មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ធុន​ស្រាល FA-50 ចំនួន ៤៨ គ្រឿង ក្នុងនោះ ១២ គ្រឿង​ដំបូង​នឹងត្រូវ​បានប្រគល់​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣។

    បច្ចុប្បន្ន ​មិនទាន់​ដឹងថា ការ​ទិញដូរ​អាវុធ​នេះ​មានតម្លៃ​ប៉ុន្មាន​​នៅឡើយ។ ប៉ុន្តែ ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការ​ពារ​ជាតិ Korea Aerospace Industries (KAI) របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះ​ចម្បាំង FA-50 ចំនួន ៤៨ គ្រឿង​នេះ​មានតម្លៃ​ប្រហែល ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​ក្រុមហ៊ុន Forecast International របស់ សហរដ្ឋ​អាម៉េរិក បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ​អាចមាន​តម្លៃ​ខ្ពស់ជាង​ថវិកា​ការពារជាតិ​សរុប ១៤.១ ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ ប៉ូឡូញ នៅ​ក្នុង​​ឆ្នាំនេះ​ទៅ​ទៀត​៕

    យន្តហោះចម្បាំងធុនស្រាល FA-50
    កាំភ្លើងធំ​ចល័ត ឬ​ហៅ​ថា រថក្រោះ K2 Black Panther
    កាំភ្លើង​ធំ​ចល័ត K9 Thunder
  • ទិដ្ឋភាព «បើសិន​មនុស្ស​បាញ់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​ទៅលើ​ព្រះអាទិត្យ» (វីដេអូ)

    ទិដ្ឋភាព «បើសិន​មនុស្ស​បាញ់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​ទៅលើ​ព្រះអាទិត្យ» (វីដេអូ)

    កម្លាំង​បំផ្លាញ​របស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​នៅលើ​ពិភពលោក គឺ​ពិតជា​មហិមា ប៉ុន្តែ នៅតែ​មិនអាច​ធ្វើឱ្យ​ព្រះអាទិត្យ​ប្រែប្រួល​បាន។

    ព្រះអាទិត្យ ភាគច្រើន​ត្រូវបាន​បង្កើតឡើង​ពី អ៊ីដ្រូសែន និង អេ​ល្យូ​ម។ កម្ដៅ និង​សម្ពាធ​នៅក្នុង​ស្នូល​របស់​វា​មាន​កម្រិត​ខ្ពស់​ខ្លាំងណាស់ ខ្ពស់​រហូតដល់​ធ្វើឱ្យ​អាតូម​អ៊ីដ្រូសែន ត្រូវ​រួម​ចូលគ្នា ហើយក៏​ក្លាយជា អេ​ល្យូ​ម។ ដំណើរការ​នេះ បាន​បញ្ចេញ​ថាមពល​ដ៏​មហាសាល​ដើម្បី​រក្សា​សកម្មភាព​របស់​ព្រះអាទិត្យ។ នេះ​ត្រូវបាន​គេ​ហៅថា ប្រតិកម្ម​នុយ​ក្លេ​អែរ។

    ដោយឡែក អាវុធ​ប្រល័យ​លោក​ដែល​ទំនើប​នាបច្ចុប្បន្ន ក៏​សុទ្ធតែ​ទទួលបាន​ថាមពល​ដ៏​មហា​ប្រល័យ​ពី​ដំណើរ​ប្រតិកម្ម​ដូច​ព្រះអាទិត្យ។ នេះ​គឺជា​មូលហេតុ​ដែល​អាវុធ​ទាំងនេះ​ត្រូវបាន​គេ​ហៅថា គ្រាប់បែក​នុយ​ក្លេ​អែរ។

    ប្រមាណ​ជា ៥ ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​អស់​សារធាតុ​អ៊ីដ្រូសែន ហើយក៏​ស្លាប់។ នេះ​គឺជា​ដំណឹង​ដ៏​អាក្រក់ រក​អ្វី​មក​ប្រៀប​ពុំបាន​ចំពោះ​ពិភព​ផែនដី ហើយ​សត្វលោក​ទាំងមូល​នឹង​ស្លាប់​ទៅតាម​ព្រះអាទិត្យ។ បើសិន​មនុស្ស​អាច​ស្ថិត​នៅបាន​រហូត​ដល់ពេល​នោះ យើង​នឹងត្រូវ​រក​វិធី​ដើម្បី​ជួយ​ឱ្យ​ព្រះអាទិត្យ​ធ្វើ​សកម្មភាព​បន្ត។

    តើ​យើង​អាច​ផ្ដល់​ថាមពល​ឱ្យ​ព្រះអាទិត្យ​ដោយ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ដើម្បី​ជួយ​ឱ្យ​វា​ធ្វើ​សកម្មភាព​ឡើងវិញ​ដែរ ឬទេ?

    ដំបូង យើង​ត្រូវ​ប្រមូល​អាវុធ​នុយ​ក្លេ​អែរ​ទាំងអស់​ដែលមាន​នៅលើ​ផែនដី។ តើ​អ្នក​ដឹងថា ឃ្លាំង​អាវុធ​នុយ​ក្លេ​អែរ​របស់​មនុស្ស​ធំ​ដល់​កម្រិតណា​ហើយ ឬ​នៅ?

    បច្ចុប្បន្ន ពិភពលោក​ទាំងមូល​មាន​គ្រាប់បែក​នុយ​ក្លេ​អែរ​យ៉ាងតិច ១៣,០០០ គ្រាប់។ ក្នុងនោះ ១ គ្រាប់ៗ មាន​កម្លាំង​ផ្ទុះ​យ៉ាងតិច ១០០ គីឡូ​តុ​ន (kiloton)។ នៅ សហរដ្ឋ​អាម៉េរិក តាម​ការ​គណនា មាន​ប្រហែល ៦៥០ គ្រាប់​ដែលមាន​កម្លាំង​បំផ្លាញ​ខ្លាំង​ជាង ៦០ ដង ធៀប​នឹង​គ្រាប់បែក​ដែល​បាន​ទម្លាក់​នៅ Nagasaki ប្រទេស​ជប៉ុន ក្នុង​សង្គ្រាមលោកលើកទីពីរ។

    ឧទាហរណ៍​ថា យើង​បាញ់​គ្រាប់បែក​ទាំងអស់នោះ​សំដៅ​ទៅកាន់​ព្រះអាទិត្យ។ ចូរ​រង់ចាំ​មើលថា តើ​នឹងមាន​អ្វី​កើតឡើង…! ចាំ​បន្តិច…! …ចាំ​បន្តិចទៀត!

    ក៏ប៉ុន្តែ ហាក់​ពុំមាន​អ្វី​កើតឡើង​សោះ។ ផ្កាយ​មេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស នៅតែ​បន្ត​ដំណើរការ​នៃ​ការស្លាប់! ហេតុអ្វី​អាច​ទៅជា​យ៉ាងនេះ? គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន ១៣,០០០ គ្រាប់ ដែលមាន​កម្លាំង​ផ្ទុះ​ដ៏​មហិមា តែ​បែរជា​មិន «ស្កៀប​ជើងធ្មេញ​របស់​ព្រះអាទិត្យ» ទៅវិញ។

    ជា​រៀងរាល់ ១ វិនាទី ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ច្រើនជាង ៧០ លាន​ដង ធៀប​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​ដែលមាន​នៅលើ​ពិភពលោក។ សូម្បីតែ​នៅពេល​ព្រះអាទិត្យ​អស់ អ៊ីដ្រូសែន ដើម្បី​ប្រមូលផ្ដុំ​ទៅជា អេ​ល្យូ​ម ការបាញ់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​សំដៅ​ទៅលើ​វា ក៏​ប្រៀប​ដូច​ទៅនឹង​ការ​គប់​ឈើគូស ១ ប្រអប់​ចូលទៅក្នុង​ភ្លើងព្រៃ។ វា​ហាក់​មិន​បង្កឱ្យមាន​ការប្រែប្រួល​អ្វី​បន្តិច​សោះឡើយ។

    លទ្ធផល​គឺថា «គួរឱ្យ​អស់សង្ឃឹម​ខ្លាំង​ណាស់» សត្វលោក​ទាំងមូល​ត្រូវផុត​ពូជ។ គួរឱ្យ​ស្ដាយ…ក៏ប៉ុន្តែ យ៉ាងហោចណាស់​ក៏​មនុស្ស​មិនបាន​បំផ្លាញ​ព្រះអាទិត្យ៕

    កម្លាំង​ផ្ទុះ​របស់​គ្រាប់​បែក​នុយក្លេអែរ
  • ទេសចរណ៍​នាពេល​អនាគត ៖ ជិត​ក្នុង​បា​ឡុង​ហោះ​ខ្នាត​យក្ស​ទស្សនា​ទិដ្ឋភាព​ភាព​កោង​របស់​ផែនដី​ពី​លើ​មេឃ

    ទេសចរណ៍​នាពេល​អនាគត ៖ ជិត​ក្នុង​បា​ឡុង​ហោះ​ខ្នាត​យក្ស​ទស្សនា​ទិដ្ឋភាព​ភាព​កោង​របស់​ផែនដី​ពី​លើ​មេឃ

    មនុស្ស​ភាគច្រើន​ទំនងជា​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ទេសចរណ៍​គយគន់​ផែនដី​ពី​ចម្ងាយ​តាម​យានអវកាស​នៅពេល​អនាគត ក៏ប៉ុន្តែ មនុស្ស​ភាគច្រើន​​ប្រហែល​ជា​អាច​ជ្រើសរើស​​កញ្ចប់​ទេសច​រណ៍ «​ទត»​ ផែនដី​ពី «ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) ដោយ​ប្រើប្រាស់​បា​ឡុង​ហោះ​ខ្នាត​យក្ស។

    ក្រុមហ៊ុន​អាម៉េរិក មួយ កំពុងតែធ្វើ​ការ​ដើម្បី​សម្រេច​គោល​ដៅ​​​នាំយក​ភ្ញៀវ​ឡើងទៅ​កាន់ «ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) របស់​ផែនដី ដោយ​ប្រើប្រាស់​បា​ឡុង​ហោះ​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​អេ​ល្យូ​ម និង​មាន​ទំហំ​ធំ​ជាង​ទីលាន​បាល់ទាត់។

    បា​ឡុង​ហោះ​ខ្នាត​យក្ស​នេះ​នឹង​ហោះ​នៅលើ​កម្ពស់​ប្រហែល ៣០,៤៨០ ម៉ែត្រ ស្មើនឹង​ជាង ៣ គីឡូម៉ែត្រ ពី​ដី និង​ភ្ជាប់​ជាមួយ​បន្ទប់​​ដាក់​​ទេសចរ​ដ៏​ធំ​មួយ។ ពី​បា​ឡុង​ហោះ​នេះ ភ្ញៀវ​អាច​គយគន់​ទៅកាន់​ទី​អវកាស និង​បានឃើញ​ភាព​កោង ក៏ដូចជា​បរិយាកាសរ​បស់​ផែនដី។

    គំនិត​ខាងលើនេះ​កំពុងតែ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ World View ដែលជា​ក្រុមហ៊ុន​មួយ​នៅ Arizona សហរដ្ឋ​អាម៉េរិក​។ សំបុត្រ​សម្រាប់​ដំណើរ​ទេសចរណ៍​ដូចខាងលើ​នេះ មានតម្លៃ​ប្រហែល ៥០,០០០ ដុល្លារ​អាម៉េរិក។

    តាម​គម្រោង ជើងហោះហើរ​ដំបូង​របស់ World View នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០២៤ ដោយ​ហោះ​ឡើង​ពី​ទីតាំង​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​បេតិកភណ្ឌ​ពិភពលោក។

    Dale Hipsh ប្រធាន​ផ្នែក​ទេសចរណ៍ និង​ដំណើរ​ផ្សងព្រេង​របស់ World View ឱ្យដឹងថា ដំណើរ​ទេសចរណ៍​បែបនេះ​នឹង​ផ្ដល់ឱ្យ​ទេសចរ​នូវ​បទពិសោធន៍​ទូទៅ និង​ប្ដូរផ្លាស់​ផ្នត់គំនិត និង​ការយល់ឃើញ​អំពី​ពិភព​ផែនដី និង​ចក្រវាល។

    «ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) របស់​ផែនដី

    នៅក្នុង​ថ្ងៃ​ចេញដំណើរ​ទេសចរណ៍ គ្រប់គ្នា​នឹង​ចូលទៅក្នុង​បន្ទប់​ដែល​ដាក់​ភ្ញៀវ​បាន ៨ នាក់ និង​សមាជិក​ក្រុម​បើកបរ ២ នាក់ នៅ​មុនពេល​ព្រះអាទិត្យ​រះ។ ១៥ នាទី​បន្ទាប់ពី​បាន​ហោះ​ឡើង ភាព​កោង​របស់​ផែនដី​នឹង​លេចឡើង​ច្បាស់។ បា​ឡុង​នេះ​ត្រូវការ​ពេល​ប្រហែល ២ ម៉ោង ដើម្បី​ហោះ​ឡើងដល់​ជាយ​អវកាស ហើយ​បន្ទាប់មក

    វា​នឹង​អណ្ដែត​នៅលើ​កម្ពស់​ខ្ពស់បំផុត​ដើម្បីឱ្យ​ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏​មហា​សែន​អស្ចារ្យ​មុនពេល​បន្ទាបខ្លួន​ចុះមក​​កាន់​ផែនដី។

    ការហោះហើរ​នេះ​នឹង​អូសបន្លាយ​ពី ៦ ទៅ ៨ ម៉ោង ប៉ុន្តែ សំបុត្រ​នេះ​ក៏​រួមបញ្ចូល​ទាំង​ការ​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅឯ​សណ្ឋាគារ​បែប boutique នានា, ការ​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់​ទីតាំង​ធម្មជាតិ​ដែល​នៅក្បែរ​កន្លែង​ហោះ​ហើរ, ការ​ទទួលទាន​អាហារ​នៅ​ហាង​នានា​​ក្នុង​តំបន់​ជាដើម។ល។

    លោក Hipsh បានឱ្យដឹងថា សំបុត្រ​សម្រាប់​ការហោះហើរ​នៅ Grand Canyon ក្នុង​ឆ្នាំ​ ២០២៤ បច្ចុប្បន្ន​ត្រូវបាន​លក់​អស់ហើយ​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៩ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៩ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៦ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ ខែ​កក្កដា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ២៦ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៥ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • កូរ៉េខាងត្បូង កំពុង​ប្រឹងប្រែង​ទាក់​ទាញ​​កម្មករ​ជំនាញ​ខ្ពស់​ពី​បរទេស

    កូរ៉េខាងត្បូង កំពុង​ប្រឹងប្រែង​ទាក់​ទាញ​​កម្មករ​ជំនាញ​ខ្ពស់​ពី​បរទេស

    ពលរដ្ឋ​បរទេស​ដែលមាន​សញ្ញាបត្រ​បរិ​ញ្ញា​ឡើងទៅ និង​ចេះ​ភាសា​កូរ៉េ​ច្បាស់លាស់ ធ្វើការ​នៅក្នុង​បណ្ដា​វិស័យ​ដែល​ត្រូវបាន​ចង្អុលបង្ហាញ​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​របស់ កូរ៉េខាងត្បូង នឹង​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ថ្មី (F-2)។

    អាជ្ញាធរ​កូរ៉េខាងត្បូង ថ្មីៗនេះ​បានប្រកាស​អំពី​គម្រោង​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ការងារ​ច្បាស់លាស់ ឱ្យមក​ធ្វើការ និង​ស្នាក់​នៅក្នុង​តំបន់​ជនបទ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ចំនួន​ប្រជាជន​ថយចុះ​យ៉ាង​ឆាប់រហ័ស។

    ក្រសួងយុត្តិធម៌​កូរ៉េខាងត្បូង (MOJ) បានប្រកាស​អំពី​ការអនុវត្ត​គម្រោង​ផ្ដល់​ទិដ្ឋាការ​ដែលមាន​ឈ្មោះថា «ទិដ្ឋាការ​ដោយឡែក​សម្រាប់​តំបន់» ដែល​នឹង​ចាប់ផ្ដើម​មាន​សុពលភាព​ពី​ខែតុលា ២០២២ តទៅ។ គម្រោង​នេះ​អនុវត្ត​ចំពោះ​ពលរដ្ឋ​បរទេស​ដែល​កំពុង​ស្វែងរក​វិធី​មក​រស់នៅ និង​ធ្វើការ​នៅ​ជនបទ​ដែល រដ្ឋាភិបាល​កូរ៉េខាងត្បូង ជា​អ្នក​ណែនាំ។

    យោងតាម​លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​ថ្មី​នេះ ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ការងារ​កម្រិត​ខ្ពស់ ឆ្លើយតប​នឹង​លក្ខខណ្ឌ​មួយចំនួន (រួមមាន ចេះ​ភាសា​កូរ៉េ​ច្បាស់ និង​មាន​សញ្ញាបត្រ​បរិ​ញ្ញា​ឡើងទៅ) នឹង​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ថ្មី (F-2) នេះ។ ពលរដ្ឋ​បរទេស​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នឹងមាន​ការងារ​ធ្វើ តាមរយៈ​ការចង្អុលបង្ហាញ​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង។

    ទន្ទឹមនឹងនេះ ក្រោយពី​ទទួលបាន​ទិដ្ឋាការ ពលរដ្ឋ​បរទេស​ត្រូវតែមាន​ពេលវេលា​ស្នាក់​នៅក្នុង​តំបន់​ដែល​បាន​ចុះឈ្មោះ យ៉ាងតិច ៥ ឆ្នាំ។ ក្នុងអំឡុង​ពេលនេះ ពួកគេ​មាន​សិទ្ធិ​យក​ភរិយា/ស្វាមី និង​កូន​មិនទាន់​គ្រប់​អាយុ មក​រស់នៅ​ជុំគ្នា​នៅ កូរ៉េខាងត្បូង។

    MOJ ឱ្យដឹងថា នឹង​ទទួល​ពាក្យ​ពី​អាជ្ញាធរ​នៃ​បណ្ដា​ទីក្រុង និង​ស្រុក​ទាំងឡាយណា​ដែល​ចង់​ចូលរួម​កម្មវិធី​សាកល្បង​នៃ គម្រោង​ផ្ដល់​ទិដ្ឋាការ​ដោយឡែក​សម្រាប់​តំបន់។ ក្រោយមក MOJ នឹង​ជ្រើសរើស​ប្រហែល ៥ តំបន់ ដើម្បី​ផ្ដល់​ទិដ្ឋាការ F-2 ដល់​ពលរដ្ឋ​បរទេស​សរុប ៥០០ នាក់ ដោយ​ចាប់ផ្ដើម​ពី​ខែតុលា​ខាងមុខ។

    គម្រោង​សាកល្បង​ខាងលើនេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល ១ ឆ្នាំ (រហូតដល់​ខែតុលា​ឆ្នាំក្រោយ) ហើយ​បន្ទាប់មក សមត្ថកិច្ច​កូរ៉េខាងត្បូង នឹង​ពិនិត្យមើល​ដើម្បី​ពង្រីក​គម្រោង​នេះ​ទៅកាន់​តំបន់​ដទៃ​នៅ​ទូទាំងប្រទេស។

    បច្ចុប្បន្ន ប្រព័ន្ធ​ដូចខាងលើ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​មួយចំនួន​អនុវត្ត ក្នុងនោះ​មាននៅ អូស្ត្រាលី និង កាណាដា ជាដើម៕

  • ធ្លាក់​យន្តហោះ​នៅ ឥណ្ឌា ​បណ្ដាល​ឱ្យ​​មនុស្ស​ ២ នាក់​បាត់​បង់ជីវិត

    ធ្លាក់​យន្តហោះ​នៅ ឥណ្ឌា ​បណ្ដាល​ឱ្យ​​មនុស្ស​ ២ នាក់​បាត់​បង់ជីវិត

    ក្រុមមន្ត្រី​ឥណ្ឌា កាលពី​ថ្ងៃទី ២៩ កក្កដា បានឱ្យដឹងថា អ្នកបើកបរ​យន្តហោះ ២ រូប នៃ​ទ័ពអាកាស​របស់​ប្រទេស​នេះ បាន​ស្លាប់ នៅពេល​យន្តហោះ​ចម្បាំង MiG-21 របស់​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ក្នុងពេល​ហោះហើរ​ហ្វឹកហាត់​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស។

    យន្តហោះ​ចម្បាំង​ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ២៨ កក្កដា (ម៉ោង​នៅ កម្ពុជា) បាន​ធ្លា​ក់លើ​ទីតាំង​មួយ​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Jaipur រដ្ឋ Rajasthan ប្រហែល ៥៣០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។

    ទ័ពអាកាស​ឥណ្ឌា IAF បានប្រកាស​ចូលរួម​រំ​លែ​ក​ទុក្ខ​ជាមួយ​គ្រួសារ​សព​អ្នកបើកបរ​យន្តហោះ និង​ប្រកាស​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

  • តម្លៃ​មាស​ពិភពលោក​កើនឡើង​ក្នុង​ថ្ងៃទី ២៨ កក្កដា ព្រោះតែ​តួលេខ​មិនល្អ​ពី​សេដ្ឋកិច្ច​អាម៉េរិក

    តម្លៃ​មាស​ពិភពលោក​កើនឡើង​ក្នុង​ថ្ងៃទី ២៨ កក្កដា ព្រោះតែ​តួលេខ​មិនល្អ​ពី​សេដ្ឋកិច្ច​អាម៉េរិក

    នៅវេលា​ម៉ោង ០ និង ៥៩ នាទី​ព្រឹក​ថ្ងៃទី ២៩ កក្កដា (ម៉ោង​នៅ កម្ពុជា) តម្លៃ​មាស​ប្រគល់​ភ្លាម​បាន​ឡើងថ្លៃ​ក្នុង​អត្រា​ ​១.១%​ នៅក្នុង ១ អោន ខណៈដែល​តម្លៃ​មាស​អាម៉េរិក​ប្រគល់​មាន​កាលកំណត់​កើនឡើង ១.៨% ក្នុង ១ អោន។

    មាស​ពិភពលោក​ឡើងថ្លៃ​ជាង ១% ក្នុងការ​ជួញដូរ​នា​ថ្ងៃទី ២៨ កក្កដា ក្នុងពេលដែល សេដ្ឋកិច្ច​អាម៉េរិក ជួប​ឱនភាព​ក្នុង​ត្រីមាស​ទី​ពីរ​ជា​បន្ត ដែល​ជួយ​ជំរុញ​ឱ្យ​មាស​កាន់​តែមាន​ភាព​ទាក់ទាញ ខណៈដែល​និ​ន្ន​ការ​កណ្ដាល​របស់​ប្រធាន​ធនាគារកណ្ដាល​អាម៉េរិក (Fed) ក៏បាន​ជួយ​ឱ្យ​តម្លៃ​មាស​កាន់តែ​កើនឡើង។

    GDP របស់ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ ០.៩% ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២២ ក្នុងនោះ ការចំណាយ​របស់​ប្រជាជន​កើនឡើង​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុងអំឡុង ២ ឆ្នាំ​មកនេះ ចំណែក​សកម្មភាព​ចំណាយ​របស់​បណ្ដា​ក្រុមហ៊ុន​ក៏​ថយចុះ។ បញ្ហា​នេះ​ធ្វើឱ្យមាន​ការបារម្ភ​ថា សេដ្ឋកិច្ច​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​រួចទៅហើយ។

    នៅវេលា​ម៉ោង ០ និង ៥៩ នាទី​ព្រឹក​ថ្ងៃទី ២៩ កក្កដា (ម៉ោង​នៅ កម្ពុជា) តម្លៃ​មាស​ប្រគល់​ភ្លាម​បាន​ឡើងថ្លៃ​ក្នុង​អត្រា ១.១% ឡើងដល់ ១,៧៥២.៣៩ ដុល្លារ/អោន។ មាស​អាម៉េរិក​ប្រគល់​មាន​កាលកំណត់​កើនឡើង ១.៨% ឡើងដល់ ១,៥០.៣០ ដុល្លារ ក្នុង ១ អោន (១ អោន ស្មើនឹង ៨.២៩៤២៦ ជី)។

    លោក Phillip Streible អ្នកវិភាគ​ផ្នែក​ទីផ្សារ​របស់ Blue Line Futures នៅ Chicago ឱ្យដឹងថា ក្រោយពី​ទិន្នន័យ GDP បញ្ជាក់​អំពី​ការបារម្ភ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ក្រុម​អ្នកជំនួញ​ព្យាករ​ថា Fed នឹង​ពន្យារពេល​ការដំឡើង​ការប្រាក់ ធ្វើឱ្យ​មាស​កាន់​តែមាន​ភាព​ទាក់ទាញ។ ការប្រាក់​ខ្ពស់​តែងតែ​ធ្វើឱ្យ​ការចំណាយ​ទៅលើ​ឱកាស​កាន់កាប់​ទ្រព្យ​ដែល​មិនមាន​ចំណេញ​ដូចជា​មាស​ជាដើម ឡើងថ្លៃ៕

  • លោក ស៊ី​ជីន​ពីង ព្រមាន​លោក បៃ​ដិ​ន ថា «កុំ​ប្រលែង​ជាមួយ​ភ្លើង»

    លោក ស៊ី​ជីន​ពីង ព្រមាន​លោក បៃ​ដិ​ន ថា «កុំ​ប្រលែង​ជាមួយ​ភ្លើង»

    ប្រធានាធិបតី​ចិន បាន​ព្រមាន​ដល់ ប្រធានាធិបតី​អាម៉េរិក ថា មិនគួរ «ប្រលែង​ជាមួយ​ភ្លើង» នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាង ២ ម៉ោង គ្រា​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់។

    «អ្នក​ដែល​ប្រលែង​ជាមួយនឹង​ភ្លើង នឹងត្រូវ​រលាក។ ខ្ញុំ​សង្ឃឹមថា ភាគី​អាម៉េរិក ពិតជា​យល់ច្បាស់​អំពី​ប្រការ​នោះ» ទីភ្នាក់ងារសារព័ត៌មាន Xinhua ស្រង់​សម្ដី ប្រធានាធិបតី​ចិន ស៊ី ជី​ពីង ថ្លែង​ទៅកាន់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី ២៨ កក្កដា។

    «គោលជំហរ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​ចិន ស្ដីពី តៃវ៉ាន់ គឺជា​រឿង​ឯកភាព​ទាំងស្រុង។ ឆន្ទៈ​ដ៏​មោះមុត​របស់ ប្រជាជន​ចិន ជាង ១.៤ ពាន់​លាន​នាក់ គឺ​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់ ចិន» លោក ស៊ី ជី​ពីង បន្ថែម​ដូច្នេះ។

    យោងតាម Xinhua មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​បាន​អធិប្បាយ​ថា ការសន្ទនា​តាម​ទូរស័ព្ទ​នេះ «ប្រកបដោយ​ភាព​ត្រង់​ទៅ​ត្រង់​មក និង​ស៊ីជម្រៅ។

    សេត​វិមាន​បានឱ្យដឹងថា ការសន្ទនា​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៨ និង ៣៣ នាទី (ម៉ោង​នៅ កម្ពុជា) និង​បញ្ចប់​ក្រោយ​រយៈពេល ២ ម៉ោង និង ១៧ នាទី។ «ប្រធានាធិបតី បៃ​ដិ​ន សង្កត់ធ្ងន់ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ ហើយ អាម៉េរិក ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការប្រឹងប្រែង​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍ ឬ​បំផ្លាញ​សន្តិភាព ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់» ប្រកាស​របស់ សេត​វិមាន ស្ដីពី​លទ្ធផល​នៃ​កិច្ចសន្ទនា ឱ្យដឹង​ដូច្នេះ។

    នេះ​គឺជា​កិច្ចសន្ទនា​លើក​ទី​ប្រាំ រវាង​មេដឹកនាំ​របស់ សហរដ្ឋ​អាម៉េរិក និង ចិន រាប់​ចាប់តាំងពី​លោក បៃ​ដិ​ន បាន​ឡើងកាន់​អំណាច​កាលពី​ខែមករា ២០២១។

    កិច្ចសន្ទនា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ប្រឈម​នឹង​ភាព​តានតឹង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់ និង​ពាណិជ្ជកម្ម។

    ចិន ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ដោយ​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក មិនបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង កោះ​តៃវ៉ាន់ ប៉ុន្តែ គឺជា​ភាគី​ដែល​ផ្គត់ផ្គង់​អាវុធ​ចម្បង​សម្រាប់​កោះ​នេះ។

    ប្រធាន​សភាព​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi ត្រូវបាន​គេ​ជឿថា មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ នៅក្នុង​ខែសីហា។ ប្រការនេះ​បានធ្វើឱ្យ អាជ្ញាធរ​ចិនដីគោក មានប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់៕