Author: សឿន សំណាង

  • FBI បាន​រកឃើញ​ឯកសារ «មហា​សម្ងាត់» នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

    FBI បាន​រកឃើញ​ឯកសារ «មហា​សម្ងាត់» នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

    បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​មួយ​ចំនួន នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ក្នុងនោះ​មាន​ទាំង​ឯកសារ «មហា​សម្ងាត់» ផងដែរ។

    សារព័ត៌មាន​អាម៉េរិក កាលពី​ម្សិលមិញ (១២ សីហា) បាន​រាយការណ៍​ថា កម្លាំង​ពិសេស​របស់ ការិយាល័យ​ស៊ើបអង្កេត​អាម៉េរិក (FBI) បាន​រក​ឃើញ​ឯកសារ​មួយចំនួន​ដែល​ត្រូវបាន​សម្គាល់ថា «មហា​សម្ងាត់» នៅក្នុងពេល​ចូល​ឆែកឆេរ​ផ្ទះ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​រដ្ឋ Florida។

    យោង​តាម​ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​ចំនួន ១១ ច្បាប់ នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ដែល​ហេតុការណ៍​នេះ​កំពុងតែ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ក្នុងវិស័យ​​នយោបាយ និង​កាន់តែ​ធ្វើឱ្យ​បញ្ហា​​ប្រកាន់​បក្សពួក​​នៅ សហរដ្ឋ​អាម៉េរិក មាន​សភាព​ធ្ងន់ធ្ងរ។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺថា ឯកសារ​សម្ងាត់​ដែល FBI ប្រមូលបាន​ពី​ផ្ទះ​របស់លោក ត្រាំ ក៏មាន​ឯកសារ​មហា​សម្ងាត់ ហើយ​បើតាម​ការកំណត់ ឯកសារ​នោះ​ត្រូវបាន​អនុញ្ញាតឱ្យ​រក្សាទុក​នៅក្នុង​មូលដ្ឋាន​ពិសេស​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល ក្រសួងយុត្តិធម៌​អាម៉េរិក បាន​ស្នើឱ្យ​ចៅក្រម​តុលាការ​នៅក្នុង​រដ្ឋ Florida ប្រកាសជា​សាធារណៈ​​អំពី​ដីកា​ត្រួតពិនិត្យ កាលពី​ថ្ងៃទី ១២ សីហា លើកលែងតែ​មានការ​ជំទាស់​ពី​លោក ត្រាំ។

    បច្ចុប្បន្ន ទាំង​លោក ត្រាំ ដែល​កំពុង​មានបំណង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២៤ ទាំង បក្ស​សាធារណរដ្ឋ មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ៕

  • សេត​វិមាន ៖ ករណី​ផ្ទុះ​ធំ​ក្នុង​ព្រលានយន្តហោះ​យោធា​នៅ ឧបទ្វីប​គ្រី​មៀ មិនមែន​បង្កឡើង​ដោយ​អាវុធ​របស់ អាម៉េរិក

    សេត​វិមាន ៖ ករណី​ផ្ទុះ​ធំ​ក្នុង​ព្រលានយន្តហោះ​យោធា​នៅ ឧបទ្វីប​គ្រី​មៀ មិនមែន​បង្កឡើង​ដោយ​អាវុធ​របស់ អាម៉េរិក

    មន្ត្រី​ការពារជាតិ​អាម៉េរិក អះអាងថា ប្រទេស​នេះ​មិនទាន់​ផ្ដល់​អាវុធ​ដែល​អាចឱ្យ អ៊ុយ​ក្រែ​ន វាយប្រហារ​លើ​ព្រលានយន្តហោះ​យោធា​នៅលើ ឧបទ្វីប​គ្រី​មៀ (Crimea)។

    «យើង​មិនទាន់​ផ្ដល់​អ្វីមួយ​ដែល​អនុញ្ញាត ឬ​អាច​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន វាយប្រហារ​លើ គ្រី​មៀ» មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១២ សីហា បានឱ្យដឹង​ដូច្នេះ។ «នោះ​មិនមែនជា ATACMS ព្រោះថា យើង​មិនទាន់​ផ្ដល់​មី​ស៊ី​ល​នេះ​ទៅឱ្យ​ពួកគេ»។

    ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ​សម្រាប់​កងទ័ព​ថ្មើរជើង (ATACMS) MGM-140 គឺជា​មី​ស៊ី​ល​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​មធ្យម​ដែល​អាច​បាញ់​ចំ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ ៣០០ គីឡូម៉ែត្រ ដោយ​បាញ់​ចេញពី​ប្រព័ន្ធ​មី​ស៊ី​ល​ប្រតិកម្ម​កម្រិត​ខ្ពស់ (HIMARS) M142 ឬ​ពី​ប្រព័ន្ធ​មី​ស៊ី​ល​ហ្វូង​ប្រតិកម្ម​រហ័ស (MLRS)។ អ៊ុយ​ក្រែ​ន ធ្លាប់​បានស្នើ​សុំឱ្យ សហរដ្ឋ​អាម៉េរិក ផ្ដល់ ATACMS ឱ្យ​ប្រទេស​នេះ។

    កាលពី​ថ្ងៃទី ០៩ សីហា មាន​ករណី​ផ្ទុះ​ដ៏​ធំ​នៅឯ​ព្រលានយន្តហោះ​យោធា Saki នៅលើ ឧបទ្វីប​គ្រី​មៀ។ ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ឃ្លាំង​អាវុធ​នៅក្នុង​ព្រលានយន្តហោះ​នេះ​បាន​ផ្ទុះ បង្កឱ្យមាន​ការផ្ទុះធំៗ និង​បង្ក​ការខូចខាត​យ៉ាង​ដំណំ ប៉ុន្តែ មិនមែន​ដោយសារ​ការវាយប្រហារ​របស់ អ៊ុយ​ក្រែ​ន។ «ការមិន​គោរព​គោលការណ៍​សុវត្ថិភាព បង្ការ និង​ពន្លត់​អគ្គិភ័យ គឺជា​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​ផ្ទុះ​នេះ» ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាស​ដូច្នេះ។

    មន្ត្រី​ម្នាក់​របស់ អ៊ុយ​ក្រែ​ន និយាយថា ហេតុការណ៍​ផ្ទុះ​នោះ​គឺជា​លទ្ធផល​នៃ​ការវាយប្រហារ​បែប​ទ័ពព្រៃ​ដែល​គាំទ្រ កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​ទឹកដី​ដែល រុស្ស៊ី កំពុង​កាន់កាប់។ ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនទាន់​ប្រកាសសេចក្ដី​លម្អិត​នៃ​ហេតុការណ៍​ផ្ទុះ​នេះ​នៅឡើយ។

  • រន្ទះ​បាញ់ខ្នាត​យក្ស មិន​បាញ់​ចុះ​ក្រោម បែរជា​បាញ់​ត្រង់​ឡើងទៅ​ដល់​ជាយ​អវកាស

    រន្ទះ​បាញ់ខ្នាត​យក្ស មិន​បាញ់​ចុះ​ក្រោម បែរជា​បាញ់​ត្រង់​ឡើងទៅ​ដល់​ជាយ​អវកាស

    ផ្លេកបន្ទោរ​នៅ​ពីលើ​រដ្ឋ Oklahoma សហរដ្ឋ​អាម៉េរិក ដែល​ថត​បាន​កាលពី​ឆ្នាំ ២០១៨ គឺជា​រន្ទះ​មួយ​ក្នុងចំណោម​រន្ទះ​ដែល​កម្រ​កើតមាន និង​មាន​ថាមពល​ខ្លាំង​បំផុត​នៅលើ​ផែនដី។

    នៅក្នុង​របាយការណ៍​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ០៣ សីហា លើ​ទស្សនាវដ្ដី Science Advances ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​រន្ទះបាញ់​ខ្នាត​យក្ស​មួយ​ដែល​បាញ់​ពី​ពពក​នៅលើ​រដ្ឋ Oklahoma កាលពី​ឆ្នាំ ២០១។ រន្ទះ​ខ្នាត​យក្ស​នេះ​មិនបាន​បាញ់​ចុះមក​ដី ឬ​បាញ់​ពី​ពពក​មួយ​ទៅកាន់​ពពក​មួយ​នោះទេ ប៉ុន្តែ វា​បែរជា​បាញ់​ត្រង់​ឡើង​ទៅលើ កម្ពស់ ៨០ គីឡូម៉ែត្រ ជិត​ដល់​ជាយ​អវកាស។ រន្ទះ​បែបនេះ​ត្រូវបាន​គេ​ហៅថា gigantic jet ដែល​បញ្ចេញ​ថាមពល​ខ្លាំង​ជាង​ប្រហែល ៥០ ដង ធៀប​នឹង​រន្ទះ​ធម្មតា។

    អ្នកវិទ្យាសាស្ត្រ​ម្នា​ក់នៅ Hawley រដ្ឋ Texas ថត​បាន​ផ្លេកបន្ទោរ​នេះ​នៅ​ថ្ងៃទី ១៤ ឧសភា ២០១៨។ ទិន្នន័យ​បង្ហាញថា ថ្វីបើ​មាន​ថាមពល​ខ្លាំង ប៉ុន្តែ​រន្ទះ​នេះ​មាន​កម្ដៅ​ប្រហែល​តែ ២០៤ អង្សា​សេ​ប៉ុណ្ណោះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ មកដល់​បច្ចុប្បន្ន មិនទាន់​យល់ច្បាស់​អំពី​មូលហេតុ​ដែលនាំឱ្យ​រន្ទះបាញ់​ពីក្រោម​ឡើងទៅ​លើ​នៅឡើយ។ រន្ទះ​ប្រភេទ gigantic jet ភាគច្រើន​កើតមានឡើង​នៅក្នុង​ព្យុះ​ដែល​មិនមាន​រន្ទះ​ច្រើន៕

  • រកប្រាក់​បាន ១១៥,០០០ ដុល្លារ/ឆ្នាំ ដោយសារ​ការឆ្លើយ​នឹង​សំណួរ​​នៅ​លើ​អ៊ី​ន​ធើ​ណិ​ត

    រកប្រាក់​បាន ១១៥,០០០ ដុល្លារ/ឆ្នាំ ដោយសារ​ការឆ្លើយ​នឹង​សំណួរ​​នៅ​លើ​អ៊ី​ន​ធើ​ណិ​ត

    លោកតា Randall Gibbons អាយុ ៧៦ ឆ្នាំ ធ្លាប់ជា​ម្ចាស់​រោង​ជាង​ជួសជុល​រថយន្ត​លម្ហែកាយ​នៅ Yreka រដ្ឋ California សហរដ្ឋ​អាម៉េរិក រកប្រាក់​បានជាង ១០០,០០០ ដុល្លារ/ឆ្នាំ ដោយសារ​ការឆ្លើយ​នឹង​សំណួរ​លើ​អ៊ី​ន​ធើ​ណិ​ត។

    លោកតា Randall Gibbons ធ្វើ​ការងារ​ច្រើន​ប្រភេទ ក្នុងនោះមានការ​ងារ​មួយ​ដែល​ហាក់ដូច​ចម្លែក​សម្រាប់​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​វា​បាន​ជួយ​ឱ្យ​គាត់រកបាន​ប្រាក់​ច្រើន​បំផុត នោះ​គឺ ការឆ្លើយ​នឹង​សំណួរ​លើ​អ៊ី​ន​ធើ​ណិ​ត។ ឆ្នាំ ២០០៩ លោកតា Gibbons ដែល​ពេលនោះ​គឺជា​ជាង​ជួសជុល​ឡាន​ប្រភេទ RV (recreational vehicle ជា​ឡាន​ដែលមាន​កន្លែង​ស្នាក់នៅ សម្រាប់​ដំណើរ​កម្សាន្តឆ្ងាយៗ) បាន​ចុះឈ្មោះ​ធ្វើជា​អ្នកជំនាញ​ផ្នែក RV នៅលើ​ទំព័រ JustAnswer។ JustAnswer​ គឺជា​គេហទំព័រ​មួយ​សម្រាប់​ទទួល​សំណួរ និង​ផ្ដល់​ចម្លើយ ទាក់ទង​នឹង​វិស័យ​ជួសជុល​ម៉ាស៊ីន ច្បាប់​អន្តរជាតិ និង​ហិរញ្ញវត្ថុ។ល។

    ដំបូង​ឡើយ លោកតា Gibbons គ្រាន់តែ​ទទួល​ឆ្លើយ​នឹង​សំណួរ​នៅក្នុងពេល​សម្រាក​ថ្ងៃត្រង់​ប៉ុណ្ណោះ។ ពេលនេះ វា​គឺជា​ការងារ​ពេញ​ម៉ោង​របស់គាត់។ លោកតា Gibbons រកប្រាក់​ពី JustAnser បាន​ជាង ១១៥,០០០ ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១។ ទឹកប្រាក់​ប្រចាំខែ​ដែល​គាត់​ធ្លាប់​​រកបាន​ច្រើនជាងគេ គឺ​នៅក្នុង​ខែកក្កដា ២០២១។

    លោកតា Gibbons ឆ្លើយ​នឹង​សំណួរ​ប្រហែល ៣០០ ជា​រៀងរាល់​សប្ដាហ៍ ស្ដីពី​ការជួសជុល និង​ប្រើប្រាស់​រថយន្ត RV។ គាត់​ទទួលបាន​ប្រាក់ ២០ ដុល្លារ​សម្រាប់ ១ សំណួរ។

    ប្រាក់ចំណូល​របស់គាត់ បានបង្ហាញ​អំពី​ជំនាញ​របស់គាត់។ JustAnswer មាន​ប្រព័ន្ធ​ចាត់ចែង​ចំណាត់ថ្នាក់​សម្រាប់​ក្រុម​អ្នកជំនាញ​របស់ខ្លួន ក្នុងនោះ អ្នកជំនាញ​ដែល​ទើប​ចូលរួម​​​ នឹង​ទទួលបាន ៥ ដុល្លារ​សម្រាប់​ការ​ឆ្លើយ​ ១ សំណួរ។

    ជោគជ័យ​របស់​លោកតា Gibbons នៅក្នុង​វិស័យ​ខាងលើ មិនមែនជា​រឿង​ងាយស្រួល​ដូច​ការគិត​ឡើយ។ លោកតា Gibbons អាច​ឆ្លើយ​នឹង​សំណួរ​ទាំងអស់​ក៏​ព្រោះតែ​គាត់​មានបទពិសោធន៍​ជាង ៦០ ឆ្នាំ ក្នុង​វិស័យ​គ្រឿងចក្រ។ លោកតា​ចំណាយពេល​ប្រហែល ៥០ ម៉ោង/សប្ដាហ៍ និង​ត្រូវ​ក្រោក​ពី​ម៉ោង ៤ កន្លះ​ទៀបភ្លឺ ដើម្បី​ចូល​ឆ្លើយ​នឹង​សំណួរ​សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​ដែលមាន​ពេលវេលា​ខុសពី​គាត់ ក្នុងនោះ ១ សំណួរ លោកតា​ត្រូវ​ចំណាយពេល​ប្រហែល ១០ នាទី៕

  • ៣ ប្រទេស​នៅ អាស៊ី​អាគ្នេយ៍ ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំង​ ១០ ដែល​​ត្រូវបាន​ព្យាករ​ថា មាន​កំណើន GDP ​លឿន​ជាងគេ​បំផុត​លើ​​ពិភពលោក ក្នុង ៨ ឆ្នាំ​ខាងមុខ

    ៣ ប្រទេស​នៅ អាស៊ី​អាគ្នេយ៍ ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំង​ ១០ ដែល​​ត្រូវបាន​ព្យាករ​ថា មាន​កំណើន GDP ​លឿន​ជាងគេ​បំផុត​លើ​​ពិភពលោក ក្នុង ៨ ឆ្នាំ​ខាងមុខ

    យោងតាម​របាយការណ៍​ស្ដីពី ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​រហូតដល់​ឆ្នាំ ២០៣០ របស់ មជ្ឈមណ្ឌល​អភិវឌ្ឍ​អន្តរជាតិ នៃ សាកលវិទ្យាល័យ Harvard (សហរដ្ឋ​អាម៉េរិក) ប្រទេសមួយ​ចំនួន​នៅ អាស៊ី នឹងមាន​កំណើន GDP លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក នៅក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ខាងមុខ ក្នុងនោះ នាំមុខ​គឺ ឥណ្ឌូណេស៊ី។

    នៅក្នុង​ក្រុមប្រទេស​ ASEAN+6 (១០ ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បូក​នឹង ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, នូ​វែ​ល​សេ​ឡង់ និង ឥណ្ឌា) គឺមាន​តែ ឥណ្ឌូណេស៊ី, វៀតណាម និង ម៉ាឡេស៊ី ប៉ុណ្ណោះ​ដែល​បាន​ជាប់​ក្នុង​បញ្ជី top 10 ស្ដីពី​ ​បណ្ដា​ប្រទេស​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន GDP មធ្យម​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ​ខាងមុខ។

    ឥណ្ឌូណេស៊ី ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន GDP ៥.៦៤%/ឆ្នាំ ជាប់​ចំណាត់ថ្នាក់​ទី ៤, វៀតណាម នឹង​សម្រេចបាន ៥.៥៦%/ឆ្នាំ ជាប់​លេខ ៦ និង ម៉ាឡេស៊ី នឹង​សម្រេចបាន ៥.៣១%/ឆ្នាំ ជាប់​ចំណាត់ថ្នាក់​ទី ៩ នៅលើ​ពិភពលោក។ ដូច្នេះ នៅក្នុង តំបន់​អាស៊ាន ប្រទេស​ទាំង ៣ ខាងលើ​នេះ ត្រូវបាន​ព្យាករ​ថា នឹង​នាំមុខគេ​ស្ដីពី កំណើន GDP មធ្យម ខ្ពស់​ជាងគេ​បង្អស់។

    ប្រទេស​ថៃ ក្នុង​រយៈពេល ៨ ឆ្នាំ​ទៀត នឹងមាន​កំណើន GDP ជាប់​លេខ ១៥ ក្នុង​ពិភពលោក និង លេខ ៤ ក្នុង​តំបន់ ASEAN+6 ខណៈដែល ហ្វ៊ី​លី​ពី​ន ជាប់​លេខ ២៨ ក្នុង​ពិភពលោក និង​លេខ ៥ ក្នុង ASEAN+6, សិង្ហ​បុរី ជាប់​លេខ ៧១ ក្នុង​ពិភពលោក និង​លេខ ៦ ក្នុង ASEAN+6។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១២ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១២ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៤១ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១១ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៤១ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ប្រេងឥន្ធនៈ​ពិភពលោក​ឡើងថ្លៃ បន្ទាប់ពី IEA ព្យាករ​ថា តម្រូវការ​នឹង​កើនឡើង

    ប្រេងឥន្ធនៈ​ពិភពលោក​ឡើងថ្លៃ បន្ទាប់ពី IEA ព្យាករ​ថា តម្រូវការ​នឹង​កើនឡើង

    តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​កើន ២.៣% ក្នុង ១ ធុង ខណៈដែល​ប្រេង​អាម៉េរិក WTI ប្រគល់​មាន​កាលកំណត់ ក៏​ឡើងថ្លៃ ២.៥% ក្នុង ១ ធុង។

    តម្លៃ​ប្រេង​ពិភពលោក កើនឡើង ២ ដុល្លារ/ធុង នៅក្នុង​ការជួញដូរ​ថ្ងៃទី ១១ សីហា ក្រោយពី អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ដំឡើង​ការ​ព្យាករ​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងឆ្នាំនេះ ដោយសារតែ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​ប្រទេស​ជាច្រើន ងាក​ទៅប្រើ​ប្រាស់​ប្រេង​រ៉ែ។

    ប្រេង Brent ប្រគល់​មាន​កាលកំណត់ ឡើងថ្លៃ ២.២០ ដុល្លារ (២.៣%) ដោយ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៩.៦០ ដុល្លារ/ធុង។ ប្រេង​អាម៉េរិក (WTI) ប្រគល់​មាន​កាលកំណត់ ក៏​ឡើងថ្លៃ ២.៤១ ដុល្លារ/ធុង និង​លក់​ក្នុងតម្លៃ ៩៤.៣៤ ដុល្លារ/ធុង។

    ក្នុង​របាយការណ៍​ប្រចាំខែ IEA ឱ្យដឹងថា «តម្លៃ​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ​បាន​កើនឡើង​ដល់កំណត់​ត្រា​ថ្មី នាំឱ្យ​ប្រទេស​ជាច្រើន ប្ដូរ​ពី​ការប្រើប្រាស់​ឧស្ម័ន ទៅប្រើ​ប្រាស់​ប្រេង​រ៉ែ បណ្ដាលឱ្យមាន​ការរំពឹង​ថា តម្រូវការ​ប្រេង​ក្នុងឆ្នាំនេះ នឹង​កើន​បន្ថែម ៣៨០,០០០ ធុង/ថ្ងៃ។

    ចំណែក​ការ​ព្យាករ​របស់ OPEC (អង្គការ​នៃ​ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ) វិញ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​តម្រូវការ​ប្រេង​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០២២ ដោយ​លើកឡើងថា មកពី​ផលប៉ះពាល់​នៃ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន, បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ការប្រឹងប្រែង​ទប់ស្កាត់​កូ​វីដ-១៩៕

  • គម្រោង​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៣ ទៀត ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​នៅ ភ្នំពេញ និង កំពង់ស្ពឺ

    គម្រោង​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៣ ទៀត ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​នៅ ភ្នំពេញ និង កំពង់ស្ពឺ

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន ៣ បន្ថែមទៀត ដែល​នឹង​បើក​ដំណើរការ​នៅ ភ្នំពេញ និង ខេត្តកំពង់ស្ពឺ ជាមួយនឹង​ទុនវិនិយោគ ១៥.៧ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​ប្រមាណ ២,២៧៩ កន្លែង។

    បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ដែល​ទើបតែ​ត្រូវ​បានផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ទាំងនោះ រួមមាន ៖

    ១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ក្នុង​​ទុន​វិនិយោគ​ប្រមាណ ៥.៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៤ កន្លែង។

    ២. HONG YU FANG GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៩ កន្លែង។

    ៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២៦ កន្លែង។

  • កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ សម្រាប់​ពលរដ្ឋ​ទិញ​រថយន្ត​អគ្គិសនី​របស់ អាម៉េរិក ត្រូវ អឺរ៉ុប រិះគន់

    កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ សម្រាប់​ពលរដ្ឋ​ទិញ​រថយន្ត​អគ្គិសនី​របស់ អាម៉េរិក ត្រូវ អឺរ៉ុប រិះគន់

    សភាព​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​អាកាសធាតុ និង​ថាមពល​ស្អាត ក្នុងនោះ​ក៏មាន​កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ​អាម៉េរិក សម្រាប់​ពលរដ្ឋ​អាម៉េរិក​ម្នាក់ ទិញ​រថយន្ត​អគ្គិសនី ពី​រោងចក្រ​មួយ​នៅ អាម៉េរិក​ខាងជើង ដែលមាន​បំពាក់​ថ្ម​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

    សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី ១១ សីហា បាន​សម្ដែង​ការបារម្ភ​នៅ​ចំពោះមុខ​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់​រថយន្ត​អគ្គិសនី ដោយ​យល់ថា កម្មវិធី​នេះ​មាន​លក្ខណៈ «រើ​ង​អើ​ង» ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ អឺរ៉ុប។

    «យើង​គិតថា កម្មវិធី​នេះ មាន​ចរិត​រើសអើង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស…។ ហើយ​ពិតណាស់ កម្មវិធី​នេះ​មិន​សមស្រប​ជាមួយ​ការកំណត់​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)» អ្នកនាំពាក្យ​របស់ គណ​កម្ម​ធិ​ការ​អឺរ៉ុប (EC) Carcia Ferrer លើកឡើង​ដូច្នេះ។

    EU បាន​សម្ដែង​ការព្រួយបារម្ភ​ខាងលើ បន្ទាប់ពី សភា​ជាន់ខ្ពស់​អាម៉េរិក កាលពី​ថ្ងៃទី ០៧ សីហា បានអនុម័ត​សេចក្ដីព្រាងច្បាប់​អាកាសធាតុ និង​ថាមពល​ស្អាត ដែល​ក្នុងនោះ​មាន​ទាំង​កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ/ម្នាក់ សម្រាប់​ទិញ​រថយន្ត​អគ្គិសនី​របស់​រោងចក្រ​មួយ​នៅ អាម៉េរិក​ខាងជើង ដែល​បំពាក់​ថ្ម​ផលិត​ដោយ ក្រុមហ៊ុន​អាម៉េរិក។

    យោងតាម EU កម្មវិធី​ខាងលើ​នឹង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មិនមែនជា​របស់ សហរដ្ឋ​អាម៉េរិក ខណៈដែល ទ្វីបអឺរ៉ុប កំពុង​ជំរុញ​សកម្មភាព​ផលិត​ថ្ម​រថយន្ត​អគ្គិសនី ក្នុង​បំណង​បន្សាប​កាបូន​ក្នុងពេល​អនាគត។

    លោក John Bozzella ដែលជា​ប្រធាន និង​ជា នាយក​ប្រតិបត្តិ​នៃ សម្ព័ន្ធ​សម្រាប់​ការច្នៃប្រឌិត​រថយន្ត (Alliance for Automotive Innovation) ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក បាន​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​ប្រទេស​នេះ បន្ធូរបន្ថយ​ការកំណត់​ស្ដីពី​ថ្ម​សម្រាប់​រថយន្ត​អគ្គិ​ស​និ ក្នុងនោះ​ក៏​គួរតែ​ទិញ​រថយន្ត​ដែល​បំពាក់​ថ្ម​ផលិត​នៅក្នុង​ប្រទេស​​ទាំង​ឡាយ​​ដែលមាន​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ សហរដ្ឋ​អាម៉េរិក ដូចជា​បណ្ដា​ប្រទេស​នៅក្នុង អង្គការ​ណា​តូ និង ប្រទេស​ជប៉ុន ជាដើម។ល។

  • បស្ចិម​លោក​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន

    បស្ចិម​លោក​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន

    ក្រុម​ប្រទេស​លោកខាងលិច ដែល​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ រដ្ឋធានី​កូ​ប៉ិន​ហាក (Copenhagen) របស់ ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី ១១ សីហា បាន​ឯកភាពគ្នា​ក្នុងការ​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ បន្ថែមទៀត ដល់ រដ្ឋាភិបាល​ទីក្រុង​កៀវ ដើម្បី​ជួយ​ទប់ទល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង រុស្ស៊ី។

    យោងតាម​សេចក្ដីសម្រេច​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ របស់​ប្រទេស​ចំនួន ២៦ នៅ អឺរ៉ុប កញ្ចប់​ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ ដែល​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការទិញ​សព្វាវុធ​ឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​កម្លាំង​ការពារជាតិ​របស់​នេះ។

    តួលេខ​ស្ដីពី​ខ្ទង់​ថវិកា​ការចូលរួមចំណែក​រប​ស់​ប្រទេសនីមួយៗ មិនត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ ប៉ុន្តែ បើ​យោងតាម​សារព័ត៌មាន​របស់ ដា​ណឺ​ម៉ាក រដ្ឋធានី​កូ​ប៉ិន​ហាក រួមចំណែក ១១០ លាន​អឺរ៉ូ។ ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដែល​ចូលរួមចំណែក​ច្រើនជាងគេ គឺ ៣០០ លាន​អឺរ៉ូ។

    កិច្ចប្រជុំ​បន្ទាប់​របស់​ក្រុម​ប្រទេស​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែកញ្ញា ២០២២៕