Author: សឿន សំណាង

  • អតិផរណា​កើនឡើង​ខ្ពស់ ជប៉ុន នៅតែ​បន្ត​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច

    អតិផរណា​កើនឡើង​ខ្ពស់ ជប៉ុន នៅតែ​បន្ត​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច

    តម្លៃ​មុខទំនិញ​ជាច្រើន​មុខ​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​អតិផរណា​នៅ ជប៉ុន បន្ត​កើនឡើង ប៉ុន្តែ ធនាគារជាតិ​ជប៉ុន (BoJ) អាច​នឹង​បន្ត​រក្សាការ​​បន្ធូរបន្ថយ​គោលនយោបាយ​ហិរញ្ញវត្ថុ ក្នុង​បំណង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​ប្រទេស​នេះ។

    នា​ថ្ងៃទី ១៩ សីហា​នេះ ក្រសួងមហាផ្ទៃ និង​ទូរគមនាគមន៍​ជប៉ុន (MIC) បានឱ្យដឹងថា ក្នុង​ខែកក្កដា ២០២២ ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) មូលដ្ឋាន​របស់​ប្រទេស​នេះ កើន ២.៤% ធៀប​នឹង​ខែកក្កដា ២០២១, កើន ០.២ ព​ន្ទុ ធៀប​នឹង​ខែ​កន្លង និង​ខ្ពស់បំផុត​ក្នុង​អំឡុង​ពេល​​ពី​ខែធ្នូ ២០១៤ ដល់​បច្ចុប្បន្ន។ នេះ​គឺជា​ខែ​ទី ៤ ហើយ​ដែល​ស​ន្ទ​ស្សន៍ CPI ឡើង​ខ្ពស់ជាង​គោលដៅ ២% របស់ ធនាគារជាតិ​ជប៉ុន។

    យោងតាម​ក្រុមអ្នកវិភាគ មូលហេតុ​សំខាន់​ដែលនាំឱ្យ​អតិផរណា​នៅ ជប៉ុន បន្ត​កើនឡើង នោះ​គឺ​តម្លៃ​ឥន្ធនៈ និង​វត្ថុធាតុដើម​នៅតែមាន​កម្រិត​ខ្ពស់ បណ្ដាលឱ្យ​ទំនិញ​ជាច្រើន​មុខ​ត្រូវ​ឡើងថ្លៃ​តាម ក្នុង​គ្រា​ដែល​ប្រាក់​យេន​របស់ ជប៉ុន ក៏​ធ្លាក់​ថ្លៃ ធៀប​នឹង​ប្រាក់​ដុល្លារ​របស់ អាម៉េរិក ធ្វើឱ្យ​ទំនិញ​នាំចូល ក៏​ប្រែ​ទៅជា​ឡើងថ្លៃ​កាន់តែ​ខ្ពស់។

    បញ្ហា​ទាំងឡាយ​ខាងលើនេះ កំពុង​រុញច្រាន​ការចំណាយ​ក្នុង​គ្រួសារ​នៅ ជប៉ុន កើនឡើង​ខ្ពស់ គ្រា​ដែល​ល្បឿន​នៃ​ការដំឡើង​ប្រាក់ខែ​នៅតែ​យឺតយ៉ាវ។ ស្ថានភាព​នេះ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ល្បឿន​នៃ​ការ​ងើបឡើង​នៃ​​សេដ្ឋកិច្ច​របស់ ជប៉ុន ក្រោយ​យុគសម័យ​វិបត្តិ​កូ​វីដ-១៩៕

  • អាជ្ញាធរ​ចិន «បង្កើត​ភ្លៀង​ជំនួស​ព្រះ​ពិរុណ» នៅពេល​ទន្លេ​វែង​ជាងគេ​នៅ អាស៊ី រីងស្ងួត

    អាជ្ញាធរ​ចិន «បង្កើត​ភ្លៀង​ជំនួស​ព្រះ​ពិរុណ» នៅពេល​ទន្លេ​វែង​ជាងគេ​នៅ អាស៊ី រីងស្ងួត

    ក្រុម​យន្តហោះ​របស់​ចិន ត្រូវបាន​បញ្ជូនទៅ​បាញ់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ទៅលើ​មេឃ ដើម្បី​បង្កើត​ភ្លៀង​សម្រាប់​តំបន់ក្បែរ​ៗ​ទន្លេ Yangtze ក្នុង​គ្រា​ដែល​តំបន់​នេះ​កំពុង​ជួប​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ និង​កម្ដៅ​កើនឡើង​ខ្ពស់​ខ្លាំង។

    អាជ្ញាធរ​តំបន់​ជាច្រើន​នៅក្បែរ​ទន្លេ Yangtze ដែលជា​ទន្លេ​វែង​បំផុត​នៅ ទ្វីបអាស៊ី និង​ឈរ​លំដាប់​ទី ៣ នៅលើ​ពិភពលោក បាន​បង្កើត​យុទ្ធនាការ​អន្តរាគមន៍​ដើម្បី​កែប្រែ​អាកាសធាតុ ប៉ុន្តែ ពពក​ស្ដើង​ពេក ទើប​មិនទាន់​បង្កើតជា​ភ្លៀង​បាន។

    នៅក្នុង​ប្រកាស​កាល​ពី​​ថ្ងៃទី ១៧ សីហា ក្រសួង​ធនធានទឹក​របស់ ចិន បានឱ្យដឹងថា ស្ថានភាព​រាំងស្ងួត​នៅតាម​តំបន់​បណ្ដោយ​ទន្លេ Yangtze កំពុង​បង្ក​ផល​អាក្រក់​ដល់​សន្តិសុខ​ប្រភពទឹក​របស់​ប្រជាជន សត្វ​ចិញ្ចឹម និង​ផលដំណាំ»។

    គ្រោះរាំងស្ងួត​នៅ ប្រទេស​ចិន

    ក្នុង​ថ្ងៃ​ដដែល ខេត្ត Hubei គឺជា​តំបន់​ថ្មី​បំផុត​ដែល​ប្រកាសថា នឹង​បង្កើត​ពពក​សិប្បនិម្មិត​ដោយ​ប្រើប្រាស់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ដើម្បី​បង្អុរ​ទឹកភ្លៀង។

    អ៊ីយ៉ូត​ប្រាក់ ដែល​ដាក់​នៅក្នុង​បំពង់​តូចៗ​ប៉ុន​ដើម​បារី នឹងត្រូវ​បាន​បាញ់​ទៅក្នុង​ពពក​ដែលមាន​បច្ចុប្បន្ន ដើម្បី​បង្កើតបានជា​ភាគល្អិត​នៃ​ទឹកកក។ ភាគល្អិត​ទាំងនេះ​ជួយ​ឱ្យ​ពពក​មាន​សំណើម​ជាង​មុន ហើយ​គ្រាប់​ទឹក​ក្នុង​ពពក​ក៏​ងាយស្រួល​ធ្លាក់​ជា​ភ្លៀង។

    បច្ចេកទេស​បង្កើត​ពពក​ភ្លៀង​ ឬ​ភ្លៀង​សិប្បនិម្មិត​នេះ​ត្រូវបាន​ប្រើប្រាស់​តាំងតែ​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ហើយ ប្រទេស​ចិន មានកម្ម​វិធី​នេះ​ធំជាងគេ​បង្អស់។ ប្រទេស​ចិន ធ្លាប់បាន​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅមុន​ព្រឹត្តិការណ៍​អូឡាំពិក​ប៉េកាំង ២០០៨ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា អាកាសធាតុ​ស្ងួត មិនមាន​ភ្លៀង​នៅពេល​ព្រឹត្តិការណ៍​នេះកំពុង​​ត្រូវបាន​ធ្វើឡើង៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៨ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៨ ខែ​សីហា ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៤០ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតមក​ដល់​បច្ចុប្បន្ន កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូវីដ-១៩ សរុប​ចំនួន ១៣៧,៣៧៧ នាក់ ក្នុង​នោះ​មាន​ ៣,០៥៦ នាក់​បាន​បាត់បង់ជីវិត​។

  • មាន​ហេតុការណ៍​​ផ្ទុះ​ចំនួន ៤ នៅក្បែរ​ព្រលានយន្តហោះ​យោធា​រុស្ស៊ី នៅ គ្រី​មៀ

    មាន​ហេតុការណ៍​​ផ្ទុះ​ចំនួន ៤ នៅក្បែរ​ព្រលានយន្តហោះ​យោធា​រុស្ស៊ី នៅ គ្រី​មៀ

    យ៉ាងហោចណាស់​មាន​ហេតុ​ការណ៍​​ផ្ទុះ​ចំនួន ៤ ករណី​ បាន​កើតឡើង​នៅក្បែរ​ព្រលានយន្តហោះ Belbek នៅ គ្រី​មៀ (Crimea) ដែល​ក្រោយមក ក្រុមមន្ត្រី​រុស្ស៊ី អះអាង​ថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់ អ៊ុយ​ក្រែ​ន។

    Mikhail Razvozhayev អភិបាល​តំបន់ Sevastopol នៅ ឧបទ្វីប​គ្រី​មៀ កាលពី​យប់​ថ្ងៃទី ១៨ សីហា បានឱ្យដឹងថា ករណី​ផ្ទុះ​មួយចំនួន​កើតឡើង​នៅ​តំបន់​ជុំវិញ​ព្រលានយន្តហោះ​យោធា Belbek ភាគ​ខាងជើង​ទីក្រុង ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ឬ​បង្ក​ការខូចខាត​ណា​មួយ​ឡើយ។

    ប្រភពព័ត៌មាន​ចំនួន ៣ នៅ ឧបទ្វីប​គ្រី​មៀ ក៏បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​ហេតុការណ៍​ផ្ទុះ​ចំនួន ៤ ករណី កើតឡើង​នៅក្បែរ​ព្រលានយន្តហោះ Belbek កាលពី​យប់មិញ។

    «ទិន្នន័យ​ដំបូង​បាន​បង្ហាញថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ១ គ្រឿង​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ រុស្ស៊ី បាញ់​ទម្លាក់​នៅក្បែរ​ព្រលានយន្តហោះ Belbek» អភិបាលក្រុង Razvozhayev ឱ្យដឹង​ដូច្នេះ។

    ក្រសួងការពារជាតិរ​បស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។

  • ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    ឃ្លាំង​អាវុធ​មួយកន្លែង​របស់ រុស្ស៊ី ដែល​បាន​ឆេះ​កាលពី​យប់​មិញ ស្ថិតនៅ​ក្នុងភូមិ Timonovo ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន នេះ​បើតាម​អភិបាល​តំបន់ Belgorod (រុស្ស៊ី) លោក Vyacheslav Gladkov។

    លើ​បណ្ដាញ​សង្គម Telegram លោក Gladkov បានឱ្យដឹងថា ប្រជាពលរដ្ឋ​ក្នុង​​​កំពុង​ត្រូវបាន​ឈ្លៀស​ពី​ភូមិ Timonovo និង Soloti ទៅកាន់​ទី​សុវត្ថិភាព។

    កងកម្លាំង​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ​ក៏​កំពុង​ត្រូវបាន​ស្រាវជ្រាវ។

    ចាប់តាំងពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ទីតាំងសំខាន់ៗជាច្រើន​របស់ រុស្ស៊ី ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ជាដើម ក្នុងនោះ​មាន​តំបន់ Belgorod, Bryansk និង Kursk។

    https://www.youtube.com/watch?v=gqt37VTsoKk

  • ផ្ទះ​អណ្ដែត​លើទឹក​តម្លៃ ១.៥ លាន​ដុល្លារ បង្ហាញ​ពី​ទីជម្រក​អនាគត​របស់​មនុស្ស

    ផ្ទះ​អណ្ដែត​លើទឹក​តម្លៃ ១.៥ លាន​ដុល្លារ បង្ហាញ​ពី​ទីជម្រក​អនាគត​របស់​មនុស្ស

    ត្រូវបាន​គេ​ចាត់ទុកថា​ជា «ផ្ទះ​អេកូឡូស៊ី​ដំបូង​លើ​ពិភពលោក» ផ្ទះ​អណ្ដែត​លើទឹក​ដ៏​ទំនើប​នេះ​មានតម្លៃ​ចាប់ពី ២៩៥ ពាន់​ដុល្លារ​អាម៉េរិក ដល់ ១.៥ លាន​ដុល្លារ​អាម៉េរិក។

    ជាធម្មតា ជីវភាព​ស៊ីវីល័យ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​នៅលើផ្ទះ​បណ្ដែត​លើទឹក​តែងតែ​មិន​ដើរ​ស្របគ្នា។ ក៏ប៉ុន្តែ ក្រុមហ៊ុន Ocean Builders ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​ប៉ា​ណា​ម៉ា ទើបតែ​បាន​បង្ហើប​ឱ្យដឹង​អំពី​ផ្ទះ​ប​ណ្ដែ​ង​លើទឹក​ដែលមាន​លក្ខណៈ «បដិវត្តន៍» ដែល​អាច​រួមផ្សំ​ប្រការ​ទាំងពីរ​ខាងលើ​ជាមួយគ្នា។

    ត្រូវបាន​គេ​ចាត់ទុកថា​ជា «ផ្ទះ​អេកូឡូស៊ី​ដំបូង​លើ​ពិភពលោក» ផ្ទះ​អណ្ដែត​លើទឹក​ដ៏​ទំនើប​នេះ​មានតម្លៃ​ចាប់ពី ២៩៥ ពាន់​ដុល្លារ​អាម៉េរិក ដល់ ១.៥ លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ក្រុមហ៊ុន​សាងសង់​បដិសេធ​ការ​ទទួល​យក​ប្រាក់​កក់​រហូតដល់​អតិ​ថិ​ជន​បាន​ឈាន​ជើង​ចូលដល់ «ផ្ទះ​អនាគត» នេះ។ បច្ចុប្បន្ន ពួកវា​កំពុង​ត្រូវបាន​សាងសង់​នៅឯ​ឈូង​សមុទ្រ Linton ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់ ប៉ា​ណា​ម៉ា។

    ស្ថាបត្យករ​ជនជាតិ​ហូ​ឡង់ Koen Olthuis និង​ក្រុមការងារ​របស់គាត់​នៅ Waterstudio បាន​រចនា​ផ្ទះ​ទាំងនេះ។ ក្នុងចំណោម​ផ្ទះ​គំរូ​ទាំងអស់​របស់​ក្រុម​ស្ថាបត្យករ​ខាងលើ SeaPod, GreenPod និង EcoPod ត្រូវបាន​គេ​ចាត់ទុកថា លេចធ្លោ​ជាងគេ។ SeaPod ត្រូវបាន​រចនា និង​សាងសង់ឡើង​ដើម្បី​រស់នៅ​ក្រោម​ផ្ទៃ​ទឹក។ ចំណែក GreenPod គឺ​សម្រាប់​ប្រើប្រាស់​នៅលើ​ដី និង EcoPod គឺជា​ជម្រើស​មួយ​ល្អ​សម្រាប់​បរិស្ថាន និង​សេដ្ឋកិច្ច។

    និយាយ​អំពី SeaPod ៖ វា​គឺ​ដែលជា​គំនិត​របស់ Rudiger Koch ប្រធាន​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន Ocean Builders និង នាយក​ប្រតិបត្តិ Grant Romundt របស់​ក្រុមហ៊ុន​នេះ។ SeaPod ត្រូវបាន​ចាត់ទុកថា​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​ខ្វះ​កន្លែង​ទំនេរ​សម្រាប់​រស់នៅ​លើ​ឆ្នេរសមុទ្រល្បីៗ​។

  • ធនាគារ វី​ង សម្ពោធ​សាខា​ខេត្ត​ព្រះសីហនុ

    ធនាគារ វី​ង សម្ពោធ​សាខា​ខេត្ត​ព្រះសីហនុ

    ធនាគារ វី​ង បើក​សាខា​ថ្មី​បំផុត​របស់ខ្លួន​នៅ​ ខេត្ត​ព្រះសីហនុ ខណៈពេលដែល​ខេត្ត​មួយ​នេះ​កំពុង​ប្រែ​ក្លាយខ្លួន​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង។

    ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក បាន​សម្ពោធ​សាខា​ខេត្ត​ព្រះសីហនុ​ជា​ផ្លូវការ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏ដូចជា​ឥស្សរជន​កិត្តិយស​ជាច្រើនរូប​ទៀត។

    ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា៖ “យើងខ្ញុំ​ជឿជាក់​ថា វត្តមាន សាខា ធនាគារ វី​ង នៅ​ទីក្រុង​ព្រះសីហនុ នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែ​រីកចំរើន​ថែម​មួយកំរិត​ទៀត។ លើសពីនេះ​ទៀត តាមរយៈ​សេវាកម្ម​របស់ ធនាគារ វី​ង នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន​អាជីវកម្ម សាជីវកម្ម​នានា​ឲ្យ​ពួកគេ​អាច​​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​កាន់តែ​លឿន ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់”។

    ក្នុង​រយៈពេល១៤ ឆ្នាំ នៃ​ការផ្ដល់​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ធនាគារ វី​ង បានប្រែក្លាយ​ខ្លួន​ពី​ការចាប់ផ្តើម​ដ៏​សាមញ្ញ​មួយ​រហូត​បានធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ទាំង​តាមរយៈ​សេវាកម្ម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​ឌីជីថល។

    ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា៖ “តាងនាម​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ វី​ង (ខេ​ម​បូ​ឌា) ម.ក ជាពិសេស​ការប្តេជ្ញា​គាំទ្រ​របស់​ភាគ​ទុ​និក​ក្នុងការ​ព​ង្រើ​ក​បណ្តាញ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ក្នុង​ព្រះ​រាជាណាចក្រ​​កម្ពុជា។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក នឹង​នាំមក​នូវ​បច្ចេកវិទ្យាទំនើបៗ និង​​លិតផល​សេវា​ហិរញ្ញវត្ថុថ្មីៗឲ្យ​កាន់តែ​សម្បូរបែប ស្របតាម​ន​វា​នុ​វត្ដថ្មីៗនៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត និង​បន្ដ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​បន្ថែមទៀត”។

    ទោះបីជា​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​នានា​ជាច្រើន ក៏ដូចជា​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជាស​កល​នាពេលថ្មីៗនេះ​ក៏ដោយ ធនាគារ វី​ង តែងតែ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកប​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់ខ្លួន។ បន្ទាប់ពី​ការប្រកាស​អាជ្ញាប័ណ្ណ​ធនា​គារ​ពាណិជ្ជ​កាលពី​ខែ មេសា​ឆ្នាំ​មុននេះ ធនាគារ  វី​ង បាន​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​សាខា​វិមានឯករាជ្យ និង​សាខា​សែន​សុខ កាលពី​ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

    អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​មានប្រសាសន៍ថា៖ “តាមរយៈ​ការបើក​នូវ ធនាគារ វី​ង សាខា​ខេត្ត​ព្រះសីហនុ​នេះ ខ្ញុំ​មាន​មោទនភាព​ហើយ​អាច​និយាយបានថា ធនាគារ វី​ង កំពុង​ពង្រឹង​ការ​អនុវត្ដ​តាម​បាវចនា​របស់ខ្លួន​ដែលជា “ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។ ធនាគារ វី​ង តែងតែ​ខិតខំ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​ជឿជាក់ថា យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បោះជំហាន​ទៅមុខ​បន្ថែមទៀត​ដើម្បី​គាំទ្រ​សហគមន៍​របស់​យើង”។

    លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ វី​ង បាន​មានប្រសាសន៍ថា៖ “ចក្ខុវិស័យ​របស់​យើង​គឺ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការផ្ដល់​ភាព​នូវ​ងាយស្រួល​ក្នុងការ​ទទួល  សេវា និង​ផលិត​ផល​ហិរញ្ញវត្ថុ​នានា។ តាមរយៈ​ការបើក​សាខា​នេះ យើង​សង្ឃឹមថានឹង​រួមចំណែក​កាន់តែច្រើន​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សហគមន៍​យើង។ ប្រជាជន​នៅ​ខេត្ត​ព្រះសីហនុ ឥឡូវនេះ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ទាំង​សម្រាប់​តម្រូវ​ការ​គ្រួសារ និង​ប្រតិបត្តិការ​អាជីវកម្ម”។

    ការបើក​ដំណើរការ​សាខា​ខេត្ត​ព្រះសីហនុ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ខណៈដែល​ធនាគារ វី​ង ក៏​កំពុងតែ​អបអរសាទរ​ដល់​ខួប​លើក​ទី ១៤ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​ផងដែរ។

    ជាងនេះទៅទៀត ធនាគារ វី​ង ក៏បាន​ដាក់​ឲ្យ​ដំណើរការ Wing Bank Digital Mastercard World ដែលជា​ប័ណ្ណ​ឥណ​ពន្ធ​ផលិត​ពី​លោហៈ​សុទ្ធ និង​គ្មាន​លេខ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។ ម្ចាស់​ប័ណ្ណ​នឹងមាន​សិទ្ធិ​ទទួលបាន​បទពិសោធន៍​ប្រើប្រាស់​កាត​ពិសេស ជាមួយ​ការផ្តល់ជូនពិសេសៗនៅ​ជុំវិញ​ពិភពលោក​ជាច្រើន​ទាំងពី​ធនាគារ វី​ង និង MasterCard។ មាន​តែ​​អតិថិ​ជន​ពិសេសៗមួយចំនួន​ប៉ុណ្ណោះ ដែល​ត្រូវបាន​អញ្ជើញ​ធ្វើជា​ម្ចាស់​កាត​ដែលមាន​កំណត់​នេះ៕

  • ក្រុមហ៊ុន Visa  ស្វាគមន៍ អ្នកស្រី Ivana Tranchini ជា នាយិកាគ្រប់គ្រង ប្រចាំប្រទេសកម្ពុជា

    ក្រុមហ៊ុន Visa  ស្វាគមន៍ អ្នកស្រី Ivana Tranchini ជា នាយិកាគ្រប់គ្រង ប្រចាំប្រទេសកម្ពុជា

    (ក្រុមហ៊ុន Visa បើក​ការិយាល័យ​ថ្មី​នៅ​ភ្នំពេញ ដើម្បី​បង្កើន​កិច្ចសហការ និង​ព​ន្លឿ​ន​កំណើន​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅ​ទូទាំងប្រទេស​កម្ពុជា)

    ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ – នៅថ្ងៃនេះ Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​តែងតាំង​នាយិកា​ថ្មី គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា របស់ខ្លួន គឺ អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) ។ អ្នកស្រី អ៊ី​វ៉ា​ណា (Ivanna) នឹង​មក​ជំនួស​អតីត​នាយិកា​គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា គឺ អ្នកស្រី ជុំ ម៉ូ​នី​កា។

    អ្នកស្រី អ៊ី​វ៉ា​ណា (Ivana) មានបទពិសោធន៍​ក្នុង​ភាពជា​អ្នកដឹកនាំ​ពហុ​ជំនាញ​ពី​នាយកដ្ឋានផ្សេងៗគ្នា នឹង​បាន​ចូលរួម​ធ្វើការ​ជាមួយ Visa ជាច្រើន​ឆ្នាំ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​សឹង្ហ​បុរី អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។ ថ្មីៗនេះ អ្នកស្រី​គឺជា​ប្រធាន​ផ្នែក​ផលិតផល និង​ដំណោះស្រាយ ប្រចាំ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង ជា​កន្លែង​ដែល​អ្នកស្រី​បាន​ដឹកនាំ​ក្រុមការងារ​របស់​អ្នកស្រី ឱ្យ​ក្លាយជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​អតិថិជន និង​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់ Visa តាមរយៈ​ការអភិវឌ្ឍន៍​ដំណោះស្រាយ​ការទូទាត់​ថ្មី​នៅ​ទូទាំង​ប្រព័ន្ធ​អេកូឡូស៊ី។

    នៅក្នុង​អាជីព​ការងារ អ្នកស្រី អ៊ី​វ៉ា​ណា (Ivana) បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​នៃ​ការទូទាត់ ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​តួនាទី​មួយទៀត គឺ ផ្នែក​ទំនាក់ទំនង និង​គ្រប់គ្រង​អតិថិជន។

    អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) នាយិកា​គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ដឹកនាំ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អតិថិជន Fintechs និង​និយតករ​របស់​យើង ដើម្បី​ពង្រីក​ការប្រើប្រាស់ និង​ការទទួលយក​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស។ សំខាន់ នាង​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ប្រាកដថា ការងារ​របស់​យើង​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលភាព អាជីវកម្ម និង​សហគមន៍ ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ និង​ជួយ​ដល់​ការអភិវឌ្ឍន៍​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា។

    អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា

    លោក Tareq Muhmood នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ក្រុមហ៊ុន Visa បាន​មានប្រសាសន៍ថា “យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​តែងតាំង អ្នកស្រី អ៊ី​វ៉ា​ណា (Ivana) ឱ្យធ្វើជា​នាយិកា​គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា។ ការទូទាត់​តាមរយៈ​ប្រព័ន្ធ​អេកូ​សាស្ត្រ​នៅ​កម្ពុជា បាន​បោះជំហាន​ចូលក្នុង​ឌីជីថល​នីយកម្ម​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ នៅពេលដែល​អ្នកប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម បន្ត​ស្វែងរក​ឱកាសថ្មីៗជា​សាកល យើង​ចង់​នាំយក​នូវ​ជំនាញ​ជាស​កល​ដ៏​សំខាន់​របស់​យើង​មក​ជូន​ដល់​អតិថិជន និង​ដៃគូ​របស់​យើង​នៅក្នុង​ទីផ្សារ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា អ្នកស្រី អ៊ី​វ៉ា​ណា (Ivana) នឹង​ដឹកនាំ​ក្រុមការងារ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ការងារ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង​ក្នុងការ​អភិវឌ្ឍ នឹង​ពង្រីក​ពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស»។

    ទន្ទឹមនឹង​ការតែងតាំង​នាយិកា​ថ្មី គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា ក្រុមហ៊ុន Visa ក៏បាន​បើក​ការិយាល័យ​ថ្មី​នៅក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ដែល​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត នឹង​ការវិនិយោគ​របស់ខ្លួន​បន្ថែមទៀត​ចំពោះ​ទីផ្សារ​កម្ពុជា។ ការិយាល័យ​ថ្មី​នេះ នឹង​ផ្តល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់ Visa ក្នុងការ​សហការ​ជាមួយ​អតិថិជន​របស់ខ្លួន​ដើម្បី​ប​ង្កើ​ភាព​ច្នៃប្រឌិត​ថ្មី​នៃ​ការទូទាត់ នឹង​បង្កើនល្បឿន​នៃ​កំណើន​ការទូទាត់​តាមរយៈ​ឌីជីថល​នៅ​ទូទាំងប្រទេស។

    អ្នកស្រី ត្រា​ហ្ស៊ី​នី (Tranchini) បាន​បន្ថែមទៀតថា “ដោយសារ​ការរួមបញ្ចូល​គ្នា​នៃ​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​វ័យក្មេង​ដែលមាន​ចំណូលចិត្ត​លើ​សម្ភារៈថ្មីៗ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មី​លើ​វិធីសាស្ត្រ​ទូទាត់​ដែល​រហ័ស មាន​សុវត្ថិភាព និង​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​បង់ប្រាក់ និង​ម្ចាស់​អាជីវកម្ម​ក្នុង​ការទទួលប្រាក់ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ដែលមាន​ការអភិវឌ្ឍ​លឿន​បំផុត​នៅក្នុង​តំបន់។ ការិយាល័យ​ថ្មី​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​ល្អឥតខ្ចោះ​សម្រាប់​យើង​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​ដៃគូ​អាជីវកម្ម ដើម្បី​ជំរុញ​អនាគត​នៃ​ពាណិជ្ជកម្ម និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​លើ​ដំណើរ​ផ្លូវ​ឆ្ពោះទៅកាន់​យុគ​ឌីជីថល​របស់ខ្លួន” ។

    ###

    អំពី​ក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

  • ការដោះដូរទំនិញរវៀង កម្ពុជា និង អាម៉េរិក ក្នុង ៧ ខែដើមឆ្នាំ​ ២០២២​ នេះ សម្រេចបានជិត ៦ ពាន់លានដុល្លារអាម៉េរិក

    ការដោះដូរទំនិញរវៀង កម្ពុជា និង អាម៉េរិក ក្នុង ៧ ខែដើមឆ្នាំ​ ២០២២​ នេះ សម្រេចបានជិត ៦ ពាន់លានដុល្លារអាម៉េរិក

    ការនាំចេញ​ទំនិញ​របស់ កម្ពុជា ទៅកាន់ សហរដ្ឋ​អាម៉េរិក ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២២ នេះ បាន​កើន ៤៧.៣% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ ២០២១។

    ដោយ​រួមចំណែក​ប្រមាណ ៤១% នៃ​តម្លៃ​នាំចេញ​សរុប ១៣,៧៦៩ លាន​ដុល្លារ ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២២ នេះ សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​របស់ កម្ពុជា។

    ការនាំចេញ​មុខទំនិញ​របស់ កម្ពុជា ទៅកាន់ សហរដ្ឋ​អាម៉េរិក សម្រេចបាន ៥,៦៩៥ លាន​ដុល្លារ ក្នុង​រយៈពេល៧ ខែ​ដើមឆ្នាំ ២០២២ កើន ៤៧.៣% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ ២០២១ ដែលមាន​ប្រមាណ​តែ ៣ ពាន់​លាន​ដុល្លារ។ ការ​នាំចូល​ទំនិញ​ពី សហរដ្ឋ​អាម៉េរិក របស់ កម្ពុជា ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំនេះ សម្រេចបាន ១៩៦ លាន​ដុល្លារ កើន ៣.២% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ​កន្លង ដែល​សម្រេច​បានតែ ១៩០ លាន​ដុល្លារ។

    មុខទំនិញសំខាន់ៗដែល កម្ពុជា បាន​នាំចេញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ សំលៀកបំពាក់ ស្បែកជើង កាបូប បន្ទះ​សូ​ឡា និង​ផលិតផល​កសិកម្ម ខណៈ​មុខទំនិញសំខាន់ៗដែល កម្ពុជា នាំចូល​ពី​សហរដ្ឋអាមេរិក មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿង​អេឡិចត្រូនិក ឱសថ និង​បរិក្ខារ​ពេទ្យ។

  • ជប៉ុន ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដល់​និស្សិត​កម្ពុជា

    ជប៉ុន ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដល់​និស្សិត​កម្ពុជា

    ដំណឹង​ស្ដីពី​ការផ្ដល់ អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ ប្រទេស​ជប៉ុន  ក្រោម​គម្រោង​អាហារូបករណ៍​របស់​ប្រទេស​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា (JDS) សម្រាប់​ឆ្នាំ ២០២២ ត្រូវបាន​ផ្សព្វផ្សាយ​នាពេលថ្មីៗនេះ។

    បញ្ជាក់ ៖

    -ផុតកំណត់​ទទួល​ពាក្យ៖ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ត្រឹម​ម៉ោង ៣:០០ រសៀល
    -ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង Email ៖ [email protected]
    -ទាញយក​ឯកសារ៖ https://jds-scholarship.org
    -ដាក់ពាក្យ​ស្នើសុំ​នៅ៖ ការិយាល័យ JICE-IDS អគារ AURA Condominium ជាន់​ទី ៣ ផ្ទះ​លេខ ៨៧ ផ្លូវ​លេខ៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (វិថី​ព្រះ​ត្រសក់ផ្អែម)

    សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស ក៏ដូចជា​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីជូនដំណឹង​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ដូចខាងក្រោម ៖