Author: សឿន សំណាង

  • គ្រុនឈាម Lassa សាហាវ​ជាង​កូ​វីដ-១៩ ទៅទៀត នៅ ប្រទេស​នី​ហ្សេ​រី​យ៉ា!

    គ្រុនឈាម Lassa សាហាវ​ជាង​កូ​វីដ-១៩ ទៅទៀត នៅ ប្រទេស​នី​ហ្សេ​រី​យ៉ា!

    នៅពេល​បាន​ឮថា ខ្លួន​ឆ្លង​វីរុស Lassa បុរស​ម្នាក់​ឈ្មោះ Victory Ovuoreoyen គិតថា នេះ​គឺជា «សញ្ញា​ខណ្ឌ​បរិយោសាន» សម្រាប់​ជីវិត​របស់គាត់។

    Victory Ovuoreoyen ជា​អាជីវករ​មួយរូប ហាក់​មិនអាច​ងើប​ដើរ​បាន និង​មានការ​បារម្ភ​ខ្លាំង​អំពី​ជីវិត​របស់ខ្លួន នៅពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង Owo ភាគ​និរតី​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។ គាត់​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ក្អួតចង្អោរ និង​ចុះរាក​យ៉ាងធ្ងន់ធ្ងរ។

    ប៉ុន្តែ ក្រោយ​ការព្យាបាល ៤ ថ្ងៃ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក អ្នកជំងឺ​នេះ​បច្ចុប្បន្ន​អាច​ក្រោក​អង្គុយ​ត្រង់​ខ្នង​នៅលើ​គ្រែ​បាន​ហើយ។ Victory Ovuoreoyen គឺជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​តិចតួច​ដែល​អាចមាន​កម្លាំង​និយាយបាន។

    អ្នកជំងឺ​វ័យ ៤៨ ឆ្នាំ​ខាងលើ​គឺជា​មនុស្ស​មានសំណាង​មួយរូប​ដែលមាន​សុខភាព​ប្រសើរ​ឡើងវិញ ធៀប​នឹង​អ្នកជំងឺ​គ្រុនឈាម Lassa ដទៃ។ បើទោះជា ៨០% នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស Lassa (វីរុស​ដែល​បង្ក​ជំងឺគ្រុនឈាម​ស្រួចស្រាវ) មិនមាន​អាការ​ធ្ងន់ធ្ងរ ហើយ​ភាគច្រើន​មិន​ត្រូវបាន​ពិនិត្យ​ជំងឺ ប៉ុន្តែ អត្រា​នៃ​ការស្លាប់​នៅលើ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គឺ ១៥% នេះ​បើតាម អង្គការ​សុខភាព​ពិភពលោក។

    ជំងឺ​គ្រុន Lassa ធ្វើឱ្យ​បរិមាណ​ប្លា​កែ​ត​ក្នុង​ឈាម​ថយចុះ និង​កាត់បន្ថយ​សមត្ថភាព​ក​ក​របស់​ឈាម បង្ក​ឱ្យ​ឈាម​ហូរ​នៅ​ខាងក្នុង​រាងកាយ​អ្នកជំងឺ។ ស្ថានភាព​អស់កម្លាំង​ច្រើន​ថ្ងៃ​នឹង​នាំឱ្យ​អ្នកជំងឺ​ត្រូវ​បាត់បង់​ជីវិត។

    រោគសញ្ញាដំបូងៗរបស់​ជំងឺ​ខាងលើ រួមមាន ឈឺក្បាល ឈឺ​សាច់ដុំ ឈឺបំពង់ក រ​កល​ក្អួត និង​ក្ដៅខ្លួន។ ដំបូង​ឡើយ គ្រូពេទ្យ​ពិតជា​មានការ​ពិបាក​ក្នុងការ​បែងចែក​ឱ្យ​ច្បាស់​ថា វា​ជា​ជំងឺគ្រុនឈាម Lassa ឬ​ជា​ជំងឺគ្រុនចាញ់៕

  • បរិមាណ​ប្រេង​រ៉ែ​​នៅ សហរដ្ឋ​អាម៉េរិក នឹង​កើនឡើង​ខ្ពស់បំផុត​ចាប់​ពី​​ឆ្នាំក្រោយ

    បរិមាណ​ប្រេង​រ៉ែ​​នៅ សហរដ្ឋ​អាម៉េរិក នឹង​កើនឡើង​ខ្ពស់បំផុត​ចាប់​ពី​​ឆ្នាំក្រោយ

    យោងតាម រដ្ឋមន្ត្រីក្រសួង​ថាមពល Granholm សហរដ្ឋ​អាម៉េរិក នឹងមាន​បរិមាណ​ប្រេង​រ៉ែ​ច្រើន​បំផុត​ចាប់ពី​ឆ្នាំ ២០២៣ ដោយ​គ្រោង​នឹង​កើន ១២.៧ លាន​ធុង/ថ្ងៃ ខ្ពស់ជាង​បន្តិច​ធៀប​នឹង ១២ លាន​ធុង/ថ្ងៃ នាបច្ចុប្បន្ន។

    ទីភ្នាក់ងារសារព័ត៌មាន The Hill កាលពី​ថ្ងៃទី ២១ សីហា មាន​កិច្ច​សម្ភាស​ជាមួយ រដ្ឋមន្ត្រីក្រសួង​ថាមពល​អាម៉េរិក Jennifer Granholm ក្នុងនោះ លោកស្រី​បាន​សង្កត់ធ្ងន់ថា «សហរដ្ឋ​អាម៉េរិក នឹង​សម្រេចបាន​បរិមាណ​ប្រេង​ខ្ពស់បំផុត​នៅ​ឆ្នាំ ២០២៣»។ លោកស្រី​ថា សហរដ្ឋ​អាម៉េរិក នឹងមាន​បរិមាណ​ប្រេង​រ៉ែ​ច្រើន​បំផុត​ចាប់ពី​ឆ្នាំ ២០២៣ ដោយ​គ្រោង​នឹង​កើន ១២.៧ លាន​ធុង/ថ្ងៃ ខ្ពស់ជាង​បន្តិច​ធៀប​នឹង ១២ លាន​ធុង/ថ្ងៃ នាបច្ចុប្បន្ន។

    រដ្ឋមន្ត្រី​ថាមពល​អាម៉េរិក យល់ថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក​ខ្វះ​ប្រេង​រ៉ែ​រាប់លាន​ធុង/ថ្ងៃ។ មូលហេតុ​នេះហើយ នាំឱ្យ​លោកស្រី Granholm សង្កត់ធ្ងន់ថា សហរដ្ឋ​អាម៉េរិក ត្រូវតែ​បង្កើន​ការផលិត​ប្រេងឥន្ធនៈ​ដើម្បី​បង្គ្រប់​ការខ្វះខាត​នេះ។

    តម្លៃ​ប្រេង​នៅ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ២ ខែ​កន្លង ដោយ​មធ្យម​បាន​ចុះមក​នៅក្រោម ៤ ដុល្លារ/gallon (៣.៧៨ លីត្រ) នៅ​ទូទាំងប្រទេស។ ឥន្ធនៈ​សម្រាប់​យន្តហោះ និង​ប្រេងម៉ាស៊ូត​ក៏​កំពុងតែ​ធ្លាក់​ថ្លៃ។ ប្រការនេះ​ក៏​កំពុង​ជួយ​ឱ្យ​តម្លៃ​អាហារ និង​សំបុត្រ​យន្តហោះ ថយចុះ​បន្តិច៕

  • សេដ្ឋកិច្ច​កូរ៉េខាងត្បូង នឹងមាន​កំណើន​យឺត ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់

    សេដ្ឋកិច្ច​កូរ៉េខាងត្បូង នឹងមាន​កំណើន​យឺត ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់

    ក្នុង​ខែកក្កដា ២០២២ តម្លៃ​ទំនិញ​នៅ កូរ៉េខាងត្បូង បាន​កើន ៦.៣% ធៀប​នឹង​ខែកក្កដា ២០២១ ដែល​នេះ​ក៏​ជា​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២៤ ឆ្នាំ​កន្លង​មក។

    កាលពី​ថ្ងៃទី ១៩ សីហា ក្រសួង​សេដ្ឋកិច្ច​កូរ៉េខាងត្បូង (MOEF) បានឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹងមាន​កំណើន​យឺត ព្រោះតែ​បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ ហើយ​ការនាំចេញ​អាច​ត្រូវ​ថយចុះ​ដោយសារ​ស្ថានការណ៍​អស្ថិរភាព​នៅក្នុង​ពិភពលោក។

    នៅក្នុង​របាយការណ៍​វាយតម្លៃ​ប្រចាំខែ​ដែលមាន​ឈ្មោះថា សៀវភៅ​បៃតង ក្រសួង​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ឱ្យដឹងថា រតនាគារ​អាម៉េរិក (Fed) ដំឡើង​ការប្រាក់​ខ្ពស់ សេដ្ឋកិច្ច​ចិន ជួប​ឱនភាព និង​បញ្ហា​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ហានិភ័យ​វិបត្តិ​សេដ្ឋកិច្ច​សកល​មានការ​កើនឡើង​ខ្ពស់។

    MOEF ព្យាករ​ថា សេដ្ឋកិច្ច​របស់ កូរ៉េខាងត្បូង ក្នុង​ខែសីហា អាច​ថយចុះ ដែល​គឺ​ជា​ខែ​ទី ៣ ជាប់ៗគ្នា ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​ជួប​ឱនភាព ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ផល​អាក្រក់​ដែល​កើត​ពី​បញ្ហា​អតិផរណា និង​កំណើនសេដ្ឋកិច្ច​យឺត។

    សម្ពាធ​ពី​អតិផរណា​នៅ កូរ៉េខាងត្បូង កើនឡើង​យ៉ាង​ឆាប់រហ័ស ព្រោះតែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ នាំឱ្យ​តម្លៃ​ទំនិញផ្សេងៗត្រូវ​កើនឡើង​ខ្ពស់ រួម​នឹង​តម្រូវការ​នៃ​ការ​ងើប​ឡើងវិញ​របស់​សេដ្ឋកិច្ច ក្រោយ​សម័យ​កូ​វីដ-១៩។

    ក្នុង​ខែកក្កដា តម្លៃ​ទំនិញ​នៅ កូរ៉េខាងត្បូង បាន​កើន ៦.៣% ធៀប​នឹង​ខែកក្កដា ២០២១ ដែល​នេះ​ក៏​ជា​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២៤ ឆ្នាំ​កន្លង​មក។ ធនាគារជាតិ​កូរ៉េខាងត្បូង កំណត់​គោលដៅ​រក្សា​អតិផរណា​ឱ្យនៅ​ត្រឹម ២% ក្នុង​រយៈពេល​មធ្យម៕

  • លេច​ធ្លាយ​អត្តសញ្ញាណ​អ្នកវិនិយោគ​កូរ៉េខាងត្បូង ដែលបាន​​បោះទុន​ទៅក្នុង SpaceX របស់​មហាសេដ្ឋី Elon Musk

    លេច​ធ្លាយ​អត្តសញ្ញាណ​អ្នកវិនិយោគ​កូរ៉េខាងត្បូង ដែលបាន​​បោះទុន​ទៅក្នុង SpaceX របស់​មហាសេដ្ឋី Elon Musk

    បញ្ជីរាយនាម​អ្នកវិនិយោគ​អាថ៌កំបាំង​របស់ SpaceX នាពេល​ថ្មី​ៗ​នេះ​ក៏មានឈ្មោះ​ក្រុមហ៊ុន​ថ្មី Mirae Asset Global Investments ដែលជា​ក្រុមហ៊ុនរបស់ ​កូរ៉េខាងត្បូង​ ចំណោម​អ្នកវិនិយោគ​ពីរ​ស្ថាប័ន​ដែល​នាំមុខគេ​នៅក្នុង​ការប្រមូល​ទុន ២៥០ លាន​ដុល្លារ​របស់ SpaceX កាលពីពេលថ្មីៗនេះ។

    ក្នុងការ​ប្រមូល​ទុន​បន្ថែម​លើកចុងក្រោយ​នេះ ក្រុមហ៊ុន SpaceX ទទួលបាន​ជោគជ័យ ដោយ​ប្រមូលបាន ២៥០ លាន​ដុល្លារ​អាម៉េរិក ពី​អ្នកវិនិយោគ​មួយក្រុម​ដែល​មិនត្រូវ​បាន​គេ​ប្រកាស​អំពី​អត្តសញ្ញាណ។

    ក៏ប៉ុន្តែ ថ្មីៗនេះ Forbes បាន​បង្ហើប​ឱ្យដឹងថា Mirae Asset Global Investments របស់ កូរ៉េខាងត្បូង គឺជា​មួយ​ក្នុងចំណោម​ពីរ​ក្រុមហ៊ុន​ដែល​នាំមុខគេ​នៅក្នុង​ការប្រមូល​ទុន​ខាងលើ។

    ការប្រមូល​ទុន​នេះ​នៅតែ​កំណត់​តម្លៃ SpaceX ត្រឹម ១២៥ ពាន់​លាន​ដុល្លារដូច​ឆ្នាំ​មុន ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក Musk ក្លាយជា startup ដែលមាន​តម្លៃ​ជាងគេ​បង្អស់​នៅ សហរដ្ឋ​អាម៉េរិក។ ប្រការនេះ​មានន័យថា បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​ជាក់ស្ដែង​របស់ SpaceX គឺ ១២៧ ពាន់​លាន​ដុល្លារ ដោយសារ​ថា ទុន​សរុប​ដែល​ក្រុមហ៊ុន​នេះ​ប្រមូលបាន​ក្នុងឆ្នាំនេះ មាន ២ ពាន់​លាន​ដុល្លារ។

  • ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់​អនុវត្ត​ពី​ថ្ងៃទី ២១ ដល់ ៣១ សីហា ២០២២

    ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់​អនុវត្ត​ពី​ថ្ងៃទី ២១ ដល់ ៣១ សីហា ២០២២

    នា​ព្រឹក​ថ្ងៃទី ២២ ខែសីហា​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​អំពី​ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។

    ក្នុង​ប្រកាស​របស់ ក្រសួង​ពាណិជ្ជកម្ម គេឃើញ​ថា សាំងធម្មតាមាន​តម្លៃ​ ៤,៧០០ រៀល (ឡើង ៥០ រៀល) និង ម៉ាស៊ូត​តម្លៃ​ ៥,១០០ រៀល (ឡើង ១០០ រៀល)។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ប្រកាស​ខាងក្រោម​ ៖

  • គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខ

    គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខ

    រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​ត្រៀម​ទីតាំង​សម្រាប់​រៀបចំ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន ២ ទៀត​ក្នុងពេលឆាប់ៗមុខ​នេះ ដើម្បី​សម្រួល​ចរាចរណ៍ នេះ​បើតាម លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ។

    កាលពី​ថ្ងៃទី ១៩ សីហា នៅលើ​ទំព័រ​បណ្ដាញ​សង្គម លោក​នួន ផា​រ័ត្ន បានសរសេរថា «ចូលរួម​ជាមួយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ត្រង់ចំណុច​ប្រសព្វ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន, វិថី​កងយោធពល​ខេមរភូមិន្ទ និង​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន»។

    អភិបាលរង​រាជធានី​ភ្នំពេញ លោក លោក​នួន ផា​រ័ត្ន បាន​បន្តថា ក្រៅពី​ស្ពាន​អាកាស​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង «សាងសង់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុស្សី និង​មហាវិថី​សម្តេចចៅហ្វា​វាំង» ផងដែរ។

    លោក​អភិបាលរង​បញ្ជាក់ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទាំងនេះ នឹងត្រូវ​រៀបចំ​ក្នុងពេលឆាប់ៗខាងមុខ។

    ក្នុង​រង្វង់មូលគឺ​ជា​ចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន, វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន
  • UAE ព្រមាន​ដាក់​ពន្ធនាគារ​ចំពោះ​មនុស្ស​គ្រប់រូប បើសិន​ទុក​ក្មេង​តូច​ម្នាក់ឯង​នៅក្នុង​ឡាន

    UAE ព្រមាន​ដាក់​ពន្ធនាគារ​ចំពោះ​មនុស្ស​គ្រប់រូប បើសិន​ទុក​ក្មេង​តូច​ម្នាក់ឯង​នៅក្នុង​ឡាន

    សមត្ថកិច្ច​នៅ អេ​មី​រ៉ាត់​អារ៉ាប់​រួម (UAE) ព្រមាន​ថា នឹង​ពិន័យ​ជា​ប្រាក់​ប្រហែល ១,៣០០ ដុល្លារ​អាម៉េរិក ហើយ​អាច​អម​ជាមួយនឹង​ទោស​ជាប់ពន្ធនាគារ ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ទុកក្មេង​តូច​នៅក្នុង​ឡាន​តែ​​ម្នាក់ឯង​ដោយ​មិនមាន​អ្នក​មើលថែ។

    សមត្ថកិច្ច UAE បានឱ្យដឹងថា ការទុកឱ្យ​ក្មេង​តូច​នៅក្នុង​ឡាន​ពិតជា​គ្រោះថ្នាក់​ណាស់ ពិសេស​គឺ​នៅក្នុងរ​ដូវ​ក្ដៅ ជា​ពេលដែល​សីតុណ្ហភាព​នៅ​ទូទាំងប្រទេស​នេះ ឡើងដល់ ៤៨ អង្សា​សេ។ ប៉ូលិស​ UAE ឱ្យ​ដឹង​ថា ការ​​​បណ្ដោយឱ្យ​ក្មេង​តូច​នៅក្នុង​ឡាន​ម្នាក់ឯង ដោយ​មិនមាន​អ្នក​មើលថែ ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ដែលតម្រូវ​ឱ្យ​មាន​ការ​​ដាក់ទោស។

    ទោស​ដែល​អ្នក​ល្មើស​នឹង​ការកំណត់​ខាងលើត្រូវ​ទទួល​ ​រួមមាន ការពិន័យ​ជា​ប្រាក់​យ៉ាងតិច ៥,០០០ ដា​ហាម (រូបិយប័ណ្ណ​របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម) ស្មើនឹង ១,៣០០ ដុល្លារ​អាម៉េរិក​។ ការព្រមាន​របស់ អាជ្ញាធរ UAE ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ទុក​ក្មេង​តូច​ក្នុង​ឡាន​រហូតដល់​បាត់បង់​ជីវិត។

    សមត្ថកិច្ច UAE បាន​ក្រើនរម្លឹក​ដល់​អាណាព្យាបាល​គ្រប់រូប ឱ្យ​ពិនិត្យមើល​ក្នុង​រថយន្ត​ឱ្យបាន​គ្រប់ពេល មុនពេល​បិទ​សោ​រថយន្ត។ អ្នក​មើលថែ​ក្មេង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព និង​សុខភាព​របស់​ក្មេង​តូច៕

  • ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំ​បំផុត​នៅ មី​យ៉ាន​ម៉ា ជិត​បង្ហាញ​វត្ត​មាននៅ វៀតណាម

    ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំ​បំផុត​នៅ មី​យ៉ាន​ម៉ា ជិត​បង្ហាញ​វត្ត​មាននៅ វៀតណាម

    ចាប់ពី​ខែកញ្ញា​ខាងមុខ ក្រុមហ៊ុន​អាកាសចរណ៍ Myanmar Airways International នឹង​ចាប់​ផ្ដើមធ្វើ​ការហោះហើរ​ជា​លើកដំបូង​ទៅកាន់ ប្រទេស​វៀតណាម។

    ក្រុមហ៊ុន​អាកាសចរណ៍ Myanmar Airways International (MAI) នឹង​ចាប់ផ្ដើម​ដឹក​អ្នកដំណើរ​ជា​លើកដំបូង​ទៅកាន់ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៦ កញ្ញា ដោយ​ហោះ​ទៅ-មករ​វាង​ទីក្រុង Yangon របស់ មី​យ៉ាន់​ម៉ា និង​ទីក្រុង Noi Bai របស់ វៀតណាម ក្នុងនោះ រួមមាន ជើងហោះហើរ​ទៅមក ២ លើក/សប្ដាហ៍ គឺ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ។

    បន្ទាប់មក ចាប់ពី​ថ្ងៃទី ២២ កញ្ញា MAI នឹង​បន្ត​បើក​ដំណើរការ​ជើងហោះហើរ​ទៅមក Yangon-HCM ១ លើក/សប្ដាហ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍។ ជើងហោះហើរ​ទាំងអស់រ​បស់​ក្រុមហ៊ុន MAI គឺ​សុទ្ធតែ​ប្រើប្រាស់​យន្តហោះ Airbus A320។

    Myanmar Airways International ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៣ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំ​មួយ​ដែល​ធ្វើ​សកម្មភាព​នៅ មី​យ៉ាន​ម៉ា។

  • រូប​ភាព​ពី​ផ្កាយរណប៖ ទន្លេ​ជា​ច្រើន​​នៅលើ​ពិភពលោក កំពុង​រីក​ស្ងួត​ព្រោះតែ​អាកាសធាតុ

    រូប​ភាព​ពី​ផ្កាយរណប៖ ទន្លេ​ជា​ច្រើន​​នៅលើ​ពិភពលោក កំពុង​រីក​ស្ងួត​ព្រោះតែ​អាកាសធាតុ

    ទីភ្នាក់ងារសារព័ត៌មាន CNN (សហរដ្ឋ​អាម៉េរិក) បានបញ្ចេញ​​កម្រង​រូបថត​ពី​ផ្កាយរណប បង្ហាញថា បញ្ហា​អាកាសធាតុ​ប្រែប្រួល កំពុងតែ «លេប​ត្របាក់» ទន្លេ​ជា​ច្រើន​នៅក្នុង​ពិភពលោក។

    ស្ថានភាព​ខ្វះ​ទឹក និង​រលក​កម្ដៅ​ដែល​បាន និង​កំពុង​កើតឡើង កំពុងតែ​ធ្វើឱ្យ​ទឹក​នៅក្នុង​ទន្លេ​នានា​នៅ ទ្វីប​អាម៉េរិក អាស៊ី និង អឺរ៉ុប ត្រូវ​រីក​ស្ងួត។ ទន្លេ​ជាច្រើន​កំពុង​រួម​តូច ទាំង​ប្រវែង​ទទឹង ទាំង​ប្រវែង​បណ្ដោយ។ កំណាត់​ទន្លេ​ខ្លះ​ត្រូវ​រីង​ទឹក​គ្មាន​សល់ ដោយសារតែ​មិនមាន​ភ្លៀង។

    ខាងក្រោម​នេះ​គឺជា​រូបភាពទន្លេ​​មួយចំនួនកំពុង​រីងស្ងួត​ ​ដែល​ថត​បាន​ដោយ​ផ្កាយរណប ៖

    ១-ទន្លេ Colarado នៅ អាម៉េរិក​ខាងជើង

    -ទន្លេ Colarado ឆ្នាំ ២០០០
    -ទន្លេ Colarado ឆ្នាំ ២០២២

    ២-ទន្លេ Yangtze នៅ ប្រទេស​ចិន

    -ទន្លេ Yangtze ឆ្នាំ ២០២១


    ៣-ទន្លេ Rhine នៅ ប្រទេស​ស្វ៊ី​ស អាល្លឺម៉ង់ និង ហូ​ឡង់

    -ទន្លេ Rhine នៅ​ឆ្នាំ ២០២១
    -ទន្លេ Rhine នៅ​ឆ្នាំ ២០២២

    ៤-ទន្លេ Po នៅ​ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីតាលី

    -ទន្លេ Po ឆ្នាំ ២០២១
    -ទន្លេ Po ឆ្នាំ ២០២២

    ៥-ទន្លេ Loire នៅ ប្រទេស​បារាំង

    -ទន្លេ Loire ឆ្នាំ ២០២១
    -ទន្លេ Loire ឆ្នាំ ២០២២

    ៦-ទន្លេ Danube ហូរ​ឆ្លងកាត់​ប្រទេស​ចំនួន ១០ នៅ ទ្វីបអឺរ៉ុប​ខាងលិច

    -ទន្លេ Danube ឆ្នាំ ២០២១
    -ទន្លេ Danube ឆ្នាំ ២០២២