Author: សឿន សំណាង

  • មហាក្សត្រី​អង់គ្លេស Elizabeth II នៃ​ចក្រ​ភព​អង់គ្លេស​ យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៩៦ ព្រះវស្សា

    មហាក្សត្រី​អង់គ្លេស Elizabeth II នៃ​ចក្រ​ភព​អង់គ្លេស​ យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៩៦ ព្រះវស្សា

    យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​ប្រកាស​ដោយ​រាជវាំង Buckingham មហាក្សត្រី​នៃ​ចក្រភព​អង់គ្លេស Queen Elizabeth បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី ០៨ កញ្ញា ក្នុង​ព្រះ​ជន្មាយុ ៩៦ ព្រះវស្សា នៅ​វិមាន Balmoral ក្នុង​តំបន់ Scotland។

    មហាក្សត្រី Elizabeth បាន​យាង​ចូល​ទិវង្គត ២ ថ្ងៃ​បន្ទាប់ពី​បាន​បំពេញ​រាជកិច្ច​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស គឺ​លោកស្រី Liz Truss។

    ប្រកាស​របស់​រាជវាំង Buckingham បាន​បញ្ជាក់ថា «មហាក្សត្រី​បាន​យាង​ចូល​ទិវង្គត​នៅ Balmoral កាលពី​ល្ងាច​នេះ (ពេលវេលា​ក្នុងស្រុក)។

    មុន​នោះ ប្រកាស​មួយ​ពី​រាជវាំង Buckingham បានឱ្យដឹងថា ក្រុម​វេជ្ជបណ្ឌិត​កំពុងមាន​ការបារម្ភ​អំពី​ព្រះរាជសុខភាព​របស់​ម​ហា​ក្ស​ត្រី Elizabeth II និង​ស្នើ​ឱ្យមាន​ការរក្សា​ការតាមដាន​ចំពោះ​ព្រះរាជសុខភាព។

    មហាក្សត្រី Elizabeth II

    ព្រះ​មហាក្សត្រី Elizabeth II ប្រសូត្រ​ក្នុង​ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ​ ១៩២៦ នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស។ មហាក្សត្រី Elizabeth II គឺជា​រាជបុត្រី​ច្បង​របស់​ព្រះអង្គម្ចាស់ Albert (មហាក្សត្រ George VI) និង​ព្រះ​នាង Elizabeth Bowes – Lyon។ មហាក្សត្រី Elizabeth II បាន​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ០២ មិថុនា ១៩៥៣ នៅ​ពេល​ទើប​តែមាន​ព្រះជន្ម ២៧ វស្សា បន្ទាប់ពី​ព្រះបិតា​របស់​ទ្រង់​បាន​ចូល​ទិវង្គត។

    មហាក្សត្រី Elizabeth II និង​ព្រះអង្គម្ចាស់ Charles

    បន្ទាប់ពី មហាក្សត្រី Elizabeth II បាន​យាង​ចូល​ទិវង្គត ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៣ ព្រះវស្សា បាន​ក្លាយជា​មហាក្សត្ររ​បស់ ចក្រភព​អង់គ្លេស ក៏ដូចជា​មេដឹកនាំ​របស់​ប្រទេស​ចំនួន ១៤ ទៀត ដែល​ស្ថិតក្នុង សមាគម​ប្រជាជាតិ​ខម​ម្មុន​វែ​ល (Commonwealth of Nation)៕

  • សត្វខ្ញែរ​សមុទ្រ (jellyfish) ជីវិត​អមតៈ អាច​វិវត្ត​ពី​ក្មេងទៅ​ចាស់ ពី​ចាស់​ទៅ​ក្មេង

    សត្វខ្ញែរ​សមុទ្រ (jellyfish) ជីវិត​អមតៈ អាច​វិវត្ត​ពី​ក្មេងទៅ​ចាស់ ពី​ចាស់​ទៅ​ក្មេង

    សត្វខ្ញែរ​សមុទ្រ​ដ៏​តូច​មួយ​ប្រភេទ​ដែល​មាន​អង្កត់​ផ្ចិត​ត្រឹម ៤.៥ មម អាច​ដំណើរ​ការ​បញ្ច្រាស​នូវ​ដំណាក់​កាល​ចាស់​ជរា និង​វិល​ត្រលប់​ទៅ​រក​ដំណាក់​កាល​វ័យ​ក្មេង​សាជាថ្មី​។

    ក្នុង​ពេល​ដែល​ជីវិត​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​ចាស់​ និង​ស្លាប់​ទៅ​តាម​ពេលវេលា​ មាន​សត្វ​មួយ​ប្រភេទ​ដែល​មាន​ជីវិត​អមតៈ និង​ស្ថិត​នៅ​ក្មេង​ខ្ចី​ជា​និច្ច​។

    អ្នកស្រី Miranda Lowe អ្នក​វិទ្យាសាស្ត្រ​មក​ពី​សារមន្ទីរ​ប្រវត្តិវិទ្យាក្រុង​ឡុងដ៍ បាន​និយាយ​ថា ខ្ញែរ​សមុទ្រ​ជីវិត​អមតៈ​ (Turritopsis dohrnii) ដែល​មាន​រូប​រាង​តូច​ល្អិត គឺជា​សត្វ​មួយប្រភេទ​​ក្នុង​ចំណោម​សត្វ​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ពិត​ជា​មាន​ជីវិត​អមតៈ​។

    ខ្ញែរ​សមុទ្រ​ តែង​តែ​ឆ្លង​កាត់​វដ្ដ​នៃ​ជីវិត​ដែល​ចាប់​ផ្ដើម​ពី​ពង​មួយគ្រាប់​ ក្រោយ​មក​ពង​នេះ​​ចាប់​ផ្ដើម​រីក​ចម្រើន​បន្តិច​ម្ដងៗ​ទៅ​ជាកូន​​ដង្កូវ។ ដង្កូវ​នេះ​តោង​ជាប់​ទៅនឹង​ថ្ម ឬ​ផ្ទៃ​អ្វី​មួយ​ដែល​រឹង ហើយ​បន្ត​រីក​ចម្រើន និង​ក្លាយ​ជា​ polyp ដែល​ជា​សត្វ​មួយ​ប្រភេទ​មាន​រូប​រាង​ដូច​បង្គោល​ និង​មាន​មួក​។

    នៅ​ពេល polyp នេះ​ធំ​ល្មម កូន​ខ្ញែរ​សមុទ្រ​ចាប់​ផ្ដើម​បំបែក​ខ្លួន​ចេញ​ដោយឡែ​ក។ ពេល​ខ្ញែរ​សមុទ្រ​ធំពេញ​វ័យ​ ដែល​គេ​ហៅ​ថា medusa នឹង​ហែល​រក​ចំណី។

    ក្នុង​ករណី​របស់​ខ្ញែរ​សមុទ្រ​ជីវិត​អមតៈ នៅ​ពេល​វា​រីក​ចម្រើន​ដល់​ដំណាក់​កាល​ពេញ​វ័យ វា​អាច​វិល​ត្រលប់​មក​ដំណាក់​កាល​ polyp ហើយ​ក្រោយ​មក​ក៏​រីក​ចម្រើន​ជា​ខ្ញែរ​ពេញ​វ័យ​ម្ដង​ទៀត​។ ការ​វិវត្តនេះ​ ចេះ​តែ​កើត​ឡើង​សាចុះ សាឡើង​មិន​ឈប់​ឈរ​ ជួយ​ឱ្យ​ខ្ញែរ​សមុទ្រ​មិន​ងាប់​ដោយ​សារ​ចាស់​ជរា៕

    អ្នកស្រី Miranda Lowe
  • មនុស្សយ៉ាង​ហោច ១០ នាក់​បាន​ស្លាប់​នៅក្នុង​រដូវ​បុណ្យ​ប្រណាំង​សត្វ​ខ្ទីង នៅ​ អេស្ប៉ាញ នា​ឆ្នាំ​នេះ

    មនុស្សយ៉ាង​ហោច ១០ នាក់​បាន​ស្លាប់​នៅក្នុង​រដូវ​បុណ្យ​ប្រណាំង​សត្វ​ខ្ទីង នៅ​ អេស្ប៉ាញ នា​ឆ្នាំ​នេះ

    រដូវ​បុណ្យ​ប្រកួតប្រណាំង​ជាមួយ​សត្វ​ខ្ទីង​ឆ្នាំនេះ​នៅ អេ​ស្ប៉ា​ញ បានធ្វើឱ្យ​កក្រើក​សាធារណមតិ នៅពេល​មនុស្ស ១០ នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​ត្រូវ​សត្វ​នេះ​វ័ធ។

    ការរត់​ប្រណាំង ប្រជែង​ជាមួយនឹង​សត្វ​ខ្ទីង​គឺជា​ពិធីបុណ្យ​ប្រពៃណី​នៅ អេ​ស្ប៉ា​ញ សម្រាប់​មនុស្ស​គ្រប់គ្នា និង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​នេះ។ ការប្រកួត​នឹង​សត្វ​ខ្ទីង​ត្រូវបាន​ចាត់ទុកថា​ជា​ពិធី​សំខាន់បំផុត​នៅក្នុង​រដូវ​បុណ្យ​នា​រដូវក្ដៅ​នៅ​ទូទាំងប្រទេស។

    ក៏ប៉ុន្តែ បុណ្យ​ប្រណាំង​សត្វ​ខ្ទីង​ដែល​បានចាប់ផ្ដើម​ពី​រដូវក្ដៅ​ឆ្នាំនេះ កំពុងតែ​បង្កឱ្យមាន​ភាពចម្រូងចម្រាស​នៅក្នុង​សង្គម ដោយសារតែ​មនុស្ស​យ៉ាងតិច ១០ ត្រូវបាន​សត្វ​ខ្ទីង​វ័ធ​រហូតដល់​ស្លាប់។

    ក្នុង​ពិធីបុណ្យ​ប្រណាំង​នឹង​សត្វ​ខ្ទីង គណៈកម្មការ​បុណ្យ​តែងតែ​លែង​សត្វ​ខ្ទីង​មួយ​ហ្វូង​យ៉ាងតិច ៦ ក្បាល ឱ្យ​រត់​លើ​ដងផ្លូវ​មួយ​នៅក្នុង​ក្រុង​ដែល​ត្រូវ​បានរៀបចំ​រួចជាស្រេច។ ក្រុម​អ្នកចូលរួម​ការប្រកួត​នេះ នឹង​រត់​ពីមុខ​សត្វ​ខ្ទីង និង «បញ្ឆេះ​កំហឹង» ដាក់​ខ្ទីង ដើម្បីឱ្យ​វា​ដេញ​វ័ធ​ពីក្រោយ ក្នុង​បំណង​បង្ហាញ​ពី «ភាពក្លាហាន» របស់​ពួកគេ។

    មនុស្ស​ជាច្រើន​បាននាំគ្នា​ប្រឆាំងនឹង​ភាពគ្រោះថ្នាក់​នៃ​ពិធីបុណ្យ​នេះ បង្កឱ្យមាន​មតិ​ចម្រូង​ចម្រាស​គ្នា​នៅក្នុង​សង្គម។ រាប់​ចាប់ពី​ឆ្នាំ ២០១៥ មនុស្ស​ប្រហែល ៣០ នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ជាមួយ​សត្វ​ខ្ទីង​នៅ​ទីក្រុង Valencia របស់ អេ​ស្ប៉ា​ញ។

    ការជជែក​គ្នា​ជុំវិញ​បញ្ហា​នៃ​ពិធីបុណ្យ​ដ៏​ពេញនិយម​នេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​រហូត​ដល់​ក្លាយជា​កត្តា​សំខាន់​ដែល​អាច​កំណត់​ការ​ឈ្នះ​ចាញ់​នៅក្នុង​ការបោះឆ្នោត​នៅ អេ​ស្ប៉ា​ញ។ ប៉ុន្តែ German Zaragoza ដែលជា​ប្រធាន​សហព័ន្ធ​ក្លឹប​ប្រណាំង​សត្វ​ខ្ទីង បាន​បញ្ជាក់ថា ទង្វើ​ណាមួយ​ដែល​ប្រឆាំងនឹង​ពិធីបុណ្យ​ប្រពៃណី​នេះ នឹងត្រូវ​រង​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា៕

  • កំពូល​ភ្នំ​ថ្ម កំពុង​ «បង្កើត​» ពពក​សក្បុស​ និង​យ៉ាង​ស្រស់ស្អាត (វីដេអូ)

    កំពូល​ភ្នំ​ថ្ម កំពុង​ «បង្កើត​» ពពក​សក្បុស​ និង​យ៉ាង​ស្រស់ស្អាត (វីដេអូ)

    ពពក​ដ៏ចម្លែក​ ទំនង​ជាបាញ់​ចេញ​ពី​កំពូល​ភ្នំ Gibraltar នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បានថត និង​បង្ហោះ​ដោយ​​ស្ថាប័ន​ឧតុនិយម​ Gibraltar។

    ស្ថាប័ន​ឧតុនិយម Gibraltar បាន​ចែក​រំលែក​វីដេអូ time-lapse ដែល​ថត​បាន​កាល​ពី​ថ្ងៃទី ២៤ សីហា ពី​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ Gibraltar នៅ​លើ​ទំព័រ​ Twitter។ ក្នុង​វីដេអូដែល​ត្រូវ​បាន​ខាល់​ល្បឿន ពពក​សក្បុស​ ហាក់​ដូច​ជា​ត្រូវ​បាន​បង្កើត​ឡើង​ពី​ស្រទាប់​ឧស្ម័ន​ស្ដើង​​ព័ទ្ធ​ជុំ​វិញ​កំពូល​ភ្នំ Gibraltar ដែល​មាន​កម្ពស់ជាង ៤០០ ម៉ែត្រ​ ជា​ទី​ដែល​មាន​ហ្វូង​ស្វា​ព្រៃ​ Barbary ប្រមាណ ៣០០ ក្បាល​កំពុង​រស់​នៅ​។

    ពពក​ចម្លែក​នេះ​ត្រូវ​បាន​ហៅ​ថា ពពក banner ជា​ប្រភេទ​ពពក​នៅ​លើ​កំពូល​ភ្នំ​។ ពពក banner កើត​ឡើង​នៅ​ពេល​មាន​ខ្យល់​កម្លាំង​ខ្លាំង​បក់​បោក​ទៅ​លើ​បរិយាកាស​ដែល​មាន​កម្រិត​សំណើម​ខ្ពស់​នៅ​លើ​ភ្នំ ធ្វើ​ឱ្យ​បរិយាកាស​នោះ​​ហោះ​​ទៅលើ​កំពូល​ភ្នំ​។ នៅពេល​ឡើង​ទៅដល់​កំពូល​ភ្នំ បរិយាកាស​នោះ​ក៏​ចុះ​ត្រជាក់​ នាំ​ឱ្យ​ចំហាយ​ទឹក​ប្រមូល​ផ្ដុំ​ទៅជា​ពពក​អណ្ដែត​ជុំវិញ​កំពូល​ភ្នំ​ ឬ​ត្រូវ​ខ្យល់​បក់​ឱ្យ​ហោះ​ដូច​ទិដ្ឋភាព​ក្នុង​វីដេអូ​នេះ​។

    ភ្នំ​ Gibraltar ជា​ទីកន្លែង​សមស្រប​ដើម្បី​ឱ្យ​ពពក banner កកើត ព្រោះ​ថា តំបន់​ភ្នំ​នេះ​តែង​មាន​ខ្យល់ Levant ជា​ប្រភេទ​ខ្យល់​ដែល​បក់​ទៅទិស​ខាង​លិច​ តាម​ច្រក​សមុទ្រ Gibraltar នៅ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ ប្រទេស​អេស្ប៉ាញ។ ដូច្នេះ អ្នក​ស្រុក​ក្នុង​តំបន់​នេះ​ក៏​ហៅ​ពពក​ banner នេះ​ថា «Levanter»។

    Gibraltar គឺជា​ទឹក​ដី​ឯនាយ​សមុទ្រ​របស់​ ចក្រភព​អង់គ្លេស​ មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ ប្រទេស​អេស្ប៉ាញ នៅ​​ភាគ​និរតី៕

  • ក្រុម​ហ៊ុន​​​ចំនួន ៥ ទៀត​ គ្រោង​នឹង​បោះ​ទុន​​វិនិយោគជាង​​ ៤៣.៦ លាន​ដុល្លារ​អាម៉េរិក នៅ​ កម្ពុជា​

    ក្រុម​ហ៊ុន​​​ចំនួន ៥ ទៀត​ គ្រោង​នឹង​បោះ​ទុន​​វិនិយោគជាង​​ ៤៣.៦ លាន​ដុល្លារ​អាម៉េរិក នៅ​ កម្ពុជា​

    នា​ថ្ងៃទី ០៨ កញ្ញា ២០២២ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបាន​ប្រកាស​ថា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន​ ៥ ដែល​មាន​ដូចខាងក្រោម៖

    ១- “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦.៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០ នាក់។

    ២- “WCFO (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣.៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០ នាក់។

    ៣- “Thirty Three Apparels (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ២.១ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៤៥០ នាក់។

    ៤- “A & M Clothing Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០ នាក់។

    ៥- “WCFO ASAMA Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៨០៥ ពាន់ដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០ នាក់។

    គិត​ជា​សរុប​ ការ​វិនិយោគ​ខាងលើ​មាន​តម្លៃ​ប្រមាណជាង ៤៣.៦ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការ​ងារ​ជាង ៩៥០ នាក់​៕

  • ការនាំចេញ-​នាំចូល​ទំនិញ​​ក្នុង​ឆ្នាំ ២០២២ របស់ វៀតណាម អាច​​នឹង​សម្រេចបាន ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ការនាំចេញ-​នាំចូល​ទំនិញ​​ក្នុង​ឆ្នាំ ២០២២ របស់ វៀតណាម អាច​​នឹង​សម្រេចបាន ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    រយៈពេល ៨ ខែ​ដើម​ឆ្នាំនេះ ជាធ​ម្យ​ម​ក្នុង​មួយខែ ការនាំចេញ-នាំចូល​ទូទាំងប្រទេស​របស់ វៀតណាម សម្រេចបាន​ជាង ៦២ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម ក្នុង​ខែសីហា ២០២២ ការនាំចេញ-នាំចូល​ទំនិញ​របស់ វៀតណាម សម្រេចបាន ៦៥.៩៨ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៧.៩% (ស្មើនឹង ៤.៨៤ ពាន់​លាន​ដុល្លារ) ធៀប​នឹង​ខែកក្កដា។ ក្នុងនោះ ការនាំចេញ​ទំនិញ សម្រេចបាន ៣៤.៩២ ពាន់​លាន​ដុល្លារ កើន ១៤.១% (ស្មើនឹង ៤.៣១ ពាន់​លាន​ដុល្លារ) និង​ការ​នាំចូល​សម្រេចបាន ៣១.០៦ ពាន់​លាន​ដុល្លារ កើន ១.៧% (ស្មើនឹង ៥២៦ លាន​ដុល្លារ)។

    គិត​ជារួម ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២២ ការនាំចេញ-នាំចូល​របស់ វៀតណាម សម្រេចបាន ៤៩៩.៧១ ពាន់​លាន​ដុល្លារ កើន ១៥.៩% (ស្មើនឹង ៦៨.៦៩ ពាន់​លាន​ដុល្លារ) ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១។ ក្នុងនោះ ការនាំចេញ​សម្រេចបាន ២៥២.៦០ ពាន់​លាន​ដុល្លារ កើន ១៨.២% (ស្មើនឹង ៣៨.៨៥ ពាន់​លាន​ដុល្លារ) និង​ការ​នាំចូល​សម្រេចបាន ២៤៧.១១ ពាន់​លាន​ដុល្លារ កើន ១៣.៧% (ស្មើនឹង ២៩.៨៤ ពាន់​លាន​ដុល្លារ)។

    ក្នុង​ខែសីហាកន្លង​ទៅ  អតិរេក​ពាណិជ្ជកម្ម​របស់ វៀតណាម សម្រេចបាន ៣.៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គិត​ជារួម ចាប់ពី​ដើមឆ្នាំ​ដល់​ដំណាក់​ខែសីហា ២០២២ វៀតណាម សម្រេចបាន អតិរេក​ពាណិជ្ជកម្ម ចំនួន ៥.៤៩ ពាន់​លាន​ដុល្លារ។

    ដូច្នេះ ក្នុង ៨ ខែ​ដើម​ឆ្នាំនេះ ជា​មធ្យម ការនាំចេញ-នាំចូល​របស់ វៀតណាម សម្រេចបាន ៦២.៥ ពាន់​លាន​ដុល្លារ/ខែ។ បើសិនជា​នៅតែ​រក្សាបាន​កម្រិត​ធ​ម្យ​ម​នេះ ពេញ​មួយឆ្នាំ ២០២២ ការនាំចេញ-នាំចូល​ទំនិញ​របស់ វៀតណាម នឹង​ឡើងដល់ ៧៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៨១ ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ ២០២១៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៨ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៨ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០២ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៧ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១១ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧,៦៨៩ នាក់, សះស្បើយសរុបចំនួន ១៣៤,៥៥៣ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។

     

  • កម្ពុជា ទើបតែ​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន ២ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍

    កម្ពុជា ទើបតែ​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន ២ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍

    កម្ពុជា ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន ២ ពី​ស្ថាប័ន World Travel Awards ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ឆ្នាំ ២០២២ ដែល​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រៃនគរ។

    ស្ថាប័ន World Travel Awards បានប្រគល់​ពានរង្វាន់​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ចំនួន ២ ដល់ កម្ពុជា ក្នុងនោះ​រួមមាន ពានរង្វាន់ «គោលដៅ​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២ (Asia’s Leading Culture Destination 2022)» និង​ពានរង្វាន់ «គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២ (Asia’s Leading Youth Travel Destination 2022)»។

    ការទទួលបាន​ពានរង្វាន់​ទាំងនេះ គឺ​កើតឡើង​ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​ទេសចរ​ប្រមាណ ២ លាន​នាក់​មកពី​ជុំវិញ​ពិភពលោក ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស កម្ពុជា ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២។

    ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​ខាងលើ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ទីក្រុង​ហូជីមិញ (ព្រៃនគរ) ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ០៧ ខែកញ្ញា​កន្លងទៅ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022។

    ក្នុងនាម​ជា​តំណាង​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​ទាំងនេះ៕

  • អាម៉េរិក-កូរ៉េខាងត្បូង យល់ព្រម​​បើក​ការសន្ទនា​ថ្នាក់ខ្ពស់​ស្ដីពី​ច្បាប់​ដែល​គាំពារ​ក្រុម​ហ៊ុន​អាម៉េរិក

    អាម៉េរិក-កូរ៉េខាងត្បូង យល់ព្រម​​បើក​ការសន្ទនា​ថ្នាក់ខ្ពស់​ស្ដីពី​ច្បាប់​ដែល​គាំពារ​ក្រុម​ហ៊ុន​អាម៉េរិក

    កូរ៉េខាងត្បូង និង សហរដ្ឋ​អាម៉េរិក បាន​ឯកភាពគ្នា​ក្នុង​ការបើក​កិច្ចចរចា​ថ្នាក់ខ្ពស់​ក្នុងពេលឆាប់ៗខាងមុខ ស្ដីអំពី​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ច្បាប់​កាត់បន្ថយ​អតិផរណា (IRA) ចំពោះ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង។

    រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង Ahn Duk-geun កាលពី​ថ្ងៃទី ០៧ កញ្ញា​ប្រកាសថា ប្រទេស​នេះ និង សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​ប្រញាប់​បើក​កិច្ចចរចា​ថ្នាក់​រដ្ឋមន្ត្រី ស្ដីពី​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ច្បាប់​កាត់បន្ថយ​អតិផរណា ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង។

    ក្រោយ​ជំនួប​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក (USTR) លោកស្រី Katherine Tai មន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា «យើង​នឹង​ពិភាក្សា​អំពី​ពេលវេលា​ជាក់លាក់ និង​រឿង​លម្អិត​ផ្សេងទៀត (ទាក់ទិន​នឹង​គម្រោង​បើក​កិច្ចចរចា) កាន់តែ​ឆាប់​ កាន់តែ​ល្អ ប៉ុន្តែ ខ្ញុំ​គ្រោង​នឹង​ជួប​លោកស្រី Katherine Tai ជា​រៀងរាល់​សប្ដាហ៍ ចាប់ពី​សប្ដាហ៍​ក្រោយ និង​សប្ដាហ៍​បន្ទាប់»។

    មុន​នោះ លោក Ahn បាន​ទៅដល់ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ០៥ កញ្ញា ដើម្បី​ចរចា​អំពី​ច្បាប់​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក ដែល​កំណត់ថា នឹងមាន​កម្មវិធី​លើកទឹកចិត្ត​ផ្នែក​ពន្ធ​តម្លៃ​ឡើងដល់ ៧,៥០០ ដុល្លារ សម្រាប់​ពលរដ្ឋ​អាម៉េរិក​ ទិញ​រថយន្ត​អគ្គិសនី​ដែល​ដំឡើង​នៅ សហរដ្ឋ​អាម៉េរិក លើកលែងតែ​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង។

    ទីក្រុង​សេ​អ៊ូ​ល យល់ថា IRA បំពាន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) កូរ៉េខាងត្បូង-សហរដ្ឋ​អាម៉េរិក ដែល​ក្នុងនោះ តម្រូវឱ្យ​ប្រទេស​នីមួយ​ៗ​​ប្រព្រឹត្ត​ចំពោះ​ផលិត​របស់​គូភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ ឬ​បណ្ដា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN ឱ្យ​ដូច​ទៅ​នឹង​​ផលិតផល​ក្នុងស្រុក៕

  • សហរដ្ឋ​អាម៉េរិក បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Minuteman III

    សហរដ្ឋ​អាម៉េរិក បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Minuteman III

    កងទ័ព​អាម៉េរិក ឱ្យដឹងថា បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​កាលពី​ថ្ងៃទី ០៧ កញ្ញា និង​បាន​ជូនដំណឹង​ជាមុន​ដល់ រុស្ស៊ី អំពី​ការសាកល្បង​នេះ។

    «អង្គភាព​វាយប្រហារ​ទូទាំង​ពិភពលោក​នៃ​ទ័ពអាកាស​អាម៉េរិក បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) Minuteman III មិន​បំពាក់អាវុធ ពី​មូលដ្ឋាន​នៅ California» ទ័ពអាកាស​អាម៉េរិក ប្រកាស​ដូច្នេះ។

    នេះ​គឺជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយខែ ដែល សហរដ្ឋ​អាម៉េរិក បាន​សាកល្បង ICBM។ ទីក្រុង​វ៉ា​ស៊ី​ង​តោន បញ្ជាក់ថា បាន​ជូនដំណឹង​ជាមុន​ដល់ រុស្ស៊ី អំពី​ករណី​ធ្វើតេស្ត​នេះ។ ការជូនដំណឹង​ជាមុន​នេះ ទំនងជា​ក្នុង​បំណង​ទប់ស្កាត់​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ដែល​កំពុង​កើនឡើង​ស្រាប់។

    ទ័ពអាកាស​អាម៉េរិក សង្កត់ធ្ងន់ថា «ករណី​សាកល្បង​នេះ​មិនមែនជា​លទ្ធផល​កើតចេញពី​ព្រឹត្តិការណ៍​នានា​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន​ឡើយ»។

    ទ័ពអាកាស​អាម៉េរិក កាលពី​ថ្ងៃទី ១៦ សីហា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Minuteman III ដោយ​ជោគជ័យ ក្រោយ​ការពន្យារពេល​អស់ ២ សប្ដាហ៍ ដើម្បី​បញ្ចៀស​ភាព​តានតឹង​ទាក់ទង​នឹង​បញ្ហា អ៊ុយ​ក្រែ​ន និង កោះ​តៃវ៉ាន់។

    Minuteman III ដែលជា​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ផលិត​ដោយ Boeing គឺជា​ផ្នែក​សំខាន់បំផុត​នៅក្នុង​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។ មី​ស៊ី​ល​នេះ​បាញ់​បាន​រយៈ​ចម្ងាយ​ជាង ៩,៦០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​ប្រមាណ ២៤,០០០ គីឡូម៉ែត្រ/ម៉ោង៕