Author: សឿន សំណាង

  • ទីក្រុង​ប៉ារីស ចាប់ផ្ដើម​យក​ថ្លៃ​ចត​ម៉ូតូ​ប្រើ​សាំង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន

    ទីក្រុង​ប៉ារីស ចាប់ផ្ដើម​យក​ថ្លៃ​ចត​ម៉ូតូ​ប្រើ​សាំង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន

    អាជ្ញាធរ​ទីក្រុង​ប៉ារីស ទើបតែ​បានចេញ​សម្រេច​មួយ​ដែល​តម្រូវឱ្យ​ម្ចាស់​ម៉ូតូ​ប្រើ​សាំង​នៅក្នុង​រដ្ឋធានី​របស់ បារាំង បង់ថ្លៃ​ចត ខណៈដែល​ម៉ូតូ​អគ្គិសនី​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ចំណត​ដោយ​មិន​គិតថ្លៃ។

    ការយកថ្លៃ​ចត​ម៉ូតូ​ថ្មី​នេះ គឺ​អនុវត្ត​ទៅតាម​ការសន្យា​ដែល​បានធ្វើ​ឡើង​ក្នុងការ​ឃោសនាបោះឆ្នោតរ​បស់ អភិបាលក្រុង​ប៉ារីស លោកស្រី Anne Hidalgo ហើយ​បើតាម​គ្រោង បទបញ្ជា​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ខែមករា​ឆ្នាំនេះ។ ក៏ប៉ុន្តែ ការអនុវត្ត​បទបញ្ជា​ត្រូវបាន​ពន្យារពេល នៅពេល​លោកស្រី Anne Hidalgo ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​បារាំង។

    ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អភិបាល​រដ្ឋធានី Hidalgo បានឱ្យ​សាងសង់​បណ្ដាញ​គន្លង​ផ្លូវ​ថ្មី​សម្រាប់​កង់ និង​ដំឡើងថ្លៃ​ចត​រថយន្ត ដើម្បី​ដឹកនាំ​ប្រជាជន​នៅ ប៉ារីស ងាក​ទៅរក​មធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អ​សម្រាប់​បរិស្ថាន។ ក្រុម​តំណាងឱ្យ​អ្នកជិះ​កង់ និង​អ្នកដើរ​ដោយ​ថ្មើរជើង បាន​សម្ដែង​ការ​សាទរ​ចំពោះ​បទបញ្ជា​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ សមាគម​អ្នកជិះ​ម៉ូតូ និង​ក្រុមប្រឆាំង​នៅ ប៉ារីស បាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​ចំពោះ​គោលនយោបាយ​ខាងលើ និង​បាន​ហៅ​វា​ថា​ជា​ប្រភេទ​ពន្ធ​ថ្មី ហើយ​ថា វា​នឹងមិន​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ឡើយ។

    ចាប់ពី​ថ្ងៃទី ០១ កញ្ញា ថ្លៃ​ចត​ម៉ូតូ​នៅ​តំបន់​កណ្ដាល​ក្រុង​គឺ ៣ អឺរ៉ូ សម្រាប់​ការចត ១ ម៉ោង។ សម្រាប់​ការចត​នៅក្នុង​តំបន់​ជាយក្រុង​វិញ​គឺ​តម្រូវឱ្យ​បង់ថ្លៃ ២ អឺរ៉ូ សម្រាប់ ១ ម៉ោង។ ពលរដ្ឋ​ប៉ារីស ក៏​អាច​ទិញ​បណ្ណ​ចត​ម៉ូតូ​ប្រចាំឆ្នាំ​ក្នុងតម្លៃ ២២.៥០ អឺ​រ៉ូ/ឆ្នាំ ដើម្បី​សំច័យ​ប្រាក់៕

     

  • កម្មវិធី «រាត្រីកម្ពុជា – Cambodia Night» នៅ​ វៀតណាម ​រួម​ចំណែក​ទាក់​ទាញ​អ្នក​វិនិយោគ​ និង​ទេសចរបរទេស សម្រាប់​វិស័យ​ទេសចរណ៍​នៅ កម្ពុជា

    កម្មវិធី «រាត្រីកម្ពុជា – Cambodia Night» នៅ​ វៀតណាម ​រួម​ចំណែក​ទាក់​ទាញ​អ្នក​វិនិយោគ​ និង​ទេសចរបរទេស សម្រាប់​វិស័យ​ទេសចរណ៍​នៅ កម្ពុជា

    (វៀតណាម)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ ២០២២ – Cambodia Night 2022» កាលពី​យប់​​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ នៅ​ក្នុង​ឱកាសពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បី​ចូល​រួម​ឃោសនា​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

    «Cambodia Night» ត្រូវ​បាន​ប្រារព្ធ​ឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ, ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ, មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍កម្ពុជា និង វៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង ៤០០ នាក់។ នេះ​បើ​តាម​ ក្រសួង​ទេសចរណ៍​កម្ពុជា​។

    នាកម្មវិធីរាត្រីកម្ពុជានេះមានការសម្តែងសិល្បៈបុរាណ របាំសហសម័យ និងមានការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមតារាបង្ហាញម៉ូដ រួមជាមួយការរៀបចំម្ហូបខ្មែរពីសមាគមចុងភៅដឹកនាំដោយលោក លូ ម៉េង សហប្រធានវិស័យឯកជនទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសខួបលើកទី ១៦ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE នៅទីក្រុងហូជីមិញ។

    រាត្រីកម្ពុជា ២០២២ ទទួលបានការសហការសម្របសម្រួលពីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT)។

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា សង្ឃឹម​ថា «Cambodia Night» នឹង​ជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​អំពី​វិស័យទេសចរណ៍​នៅ​ កម្ពុជា និង​ទាក់​ទាញ​អ្នកវិនិយោគ​វៀតណាម និង​ទេសចរ​បរទេស​ ចូល​វិនិយោគ ក៏ដូចជា​​​ទស្សនា​ កម្ពុជា កាន់​តែ​ច្រើន​ ពិសេស​នៅក្នុង​ដំណាក់​កាលនៃ​ការ​​ស្ដារវិស័យ​ទេសចរណ៍​ឡើង​វិញ​នេះ​។ ទន្ទឹម​នឹង​នេះ «Cambodia Night» ក៏​ជំរុញ​សកម្មភាព​ឃោសនា បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សហគ្រិន​កម្ពុជា និង​មិត្ត​ភក្ដិ​នៅ​បណ្ដា​ប្រទេស​ផងដែរ​៕

  • សំណើ​​អនុវត្ត​គ្រោង​ស្ថាបនា​​ព្រលាន​យន្ត​ហោះ​​ជាប់​​ព្រំដែន​​ចិន​ របស់ ​​វៀតណាម ​បាន​​ទៅ​​ដល់​ដៃ​​នាយក​រដ្ឋមន្ត្រី

    សំណើ​​អនុវត្ត​គ្រោង​ស្ថាបនា​​ព្រលាន​យន្ត​ហោះ​​ជាប់​​ព្រំដែន​​ចិន​ របស់ ​​វៀតណាម ​បាន​​ទៅ​​ដល់​ដៃ​​នាយក​រដ្ឋមន្ត្រី

    ក្រសួង​ដឹកជញ្ជូន​វៀតណាម ទើបតែ​បានប្រកាស​អំពី​ការវិនិយោគ​លើ​ការសាងសង់​អាកាសយាន​ដ្ឋា​ន Lai Chau ក្នុងនោះ ក្រសួង​នេះ​បាន​គាំទ្រ និង​ណែនាំ​ឱ្យ​ការស្ថាបនា​ព្រលានយន្តហោះ​ថ្មី​នេះ អាចឆ្លើយតប​នឹង​តម្រូវការ​ដឹកជញ្ជូន​ទាំង​វិស័យ​ស៊ីវិល និង​ទាំង​វិស័យ​ការពារជាតិ។

    «ស្នើឱ្យ​រដ្ឋបាលខេត្ត Lai Chau ដឹកនាំ​ការសិក្សា​លើ​ការវិនិយោគ​ព្រលានយន្តហោះ Lai Chau។ ក្រសួង​ដឹកជញ្ជូន​នឹង​សហការ​ជាមួយ​ខេត្ត Lai Chau ក្នុងការ​អនុវត្ត» ប្រកាស​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ឱ្យដឹង​ដូច្នេះ។

    កាលពី​ថ្ងៃទី ៣០ សីហា ការិយាល័យ​រដ្ឋាភិបាល​វៀតណាម បានចេញ​លិខិត​មួយ​ស្ដីអំពី​ការបញ្ជូន​យោបល់ និង​ការណែនាំ​របស់ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ទាក់ទង​នឹង​ការវិនិយោគ ស្ថាបនា​អាកាសយានដ្ឋាន​ក្នុង​ខេត្ត Lai Chau នៅ​ភាគ​ខាងជើង​ប្រទេស​នេះ ជាប់​នឹង​ព្រំដែន​ចិន។

    ក្រោយ​ការពិនិត្យ​សំណើ​របស់​រដ្ឋបាលខេត្ត Lai Chau ដែល​បានស្នើ​ឱ្យមាន​ការវិនិយោគ ស្ថាបនា​ព្រលានយន្តហោះ Lai Chau ទៅតាម​រូបមន្ត PPP (ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន) និង​ស្នើឱ្យ​ប្រគល់​គម្រោង​នេះ​ឱ្យ​ខេត្ត Lai Chau គ្រប់គ្រង​ការអនុវត្ត​គម្រោង​នេះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ក៏បាន​ស្នើឱ្យ​បញ្ជូន​សំណើ​នេះ​ឡើងទៅ​កាន់​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​សម្រេច។

    យោងតាម​អាជ្ញាធរខេត្ត Lai Chau ព្រលានយន្តហោះ Lai Chau ត្រូវបាន​នាយ​រដ្ឋមន្ត្រី​វៀតណាម កំណត់​ជា​គោលដៅ​អភិវឌ្ឍ កាលពី​ខែកុម្ភៈ ២០១៨ ដោយ​កំណត់ថា ព្រលានយន្តហោះ​នេះ​នឹង​ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃដី ១៦៧ ហិកតា ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ ៨ ទ្រី​លាន​ដុង (ប្រហែល ៣៤០ លាន​ដុល្លារ​អាម៉េរិក)។

    មុននោះ ​សារព័ត៌មាន​វៀតណាម ដែល​បាន​ចេញ​ផ្សាយនា​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា តាម​ផែនការ គម្រោង​អាកាសយានដ្ឋាន​ Lai Chau ដែល​ទើប​ត្រូវ​បាន​កែសម្រួល​ចុង​ក្រោយ​នេះ​ បង្ហាញ​ថា នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន​កន្លះលាន​នាក់​/ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០៣០ ដោយ​សាង​សង់​នៅ​​​​លើ​ផ្ទៃ​ដី​ជាង ១១៧ ហិកតា​។ គម្រោង​ដែល​​​​ត្រូវ​បាន​គណនា​​ឃើញ​ថា ត្រូវ​ការ​ទុន​វិនិយោគ​ប្រហែល ៤.៣៥ ទ្រី​លាន​ដុង (ជាង ១៨៥ លាន​ដុល្លារអាម៉េរិក) ​នេះ គ្រោង​នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ទីរួម​ស្រុក Tan Uyen នៃ​ខេត្ត Lai Chau ក្បែរ​ព្រំដែន​​ចិន​ដីគោក ជាប់​នឹង​ខេត្ត​ Yunnan៕

  • ក្រុម​ហ៊ុន​ ៣ ​ទៀត ​ត្រូវ​បាន​អនុម័ត​ឱ្យ​​​​វិនិយោគ​ជាង ១៦ លាន​ដុល្លារ​ ដើម្បី​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ កម្ពុជា

    ក្រុម​ហ៊ុន​ ៣ ​ទៀត ​ត្រូវ​បាន​អនុម័ត​ឱ្យ​​​​វិនិយោគ​ជាង ១៦ លាន​ដុល្លារ​ ដើម្បី​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ កម្ពុជា

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ត​ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មី​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ១៦.៥ លាន​ដុល្លារ​អាម៉េរិក ជូនដល់ក្រុមហ៊ុន ៣ បន្ថែមទៀត​។

    តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

    ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,១៥៨ កន្លែង។

    ២-Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៨៣ កន្លែង។

    ៣-SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣៤៧ កន្លែង។

  • តើ​ក្រុម​​អ្នក​​មាន​ទ្រព្យ​​​ចាប់​​ពី​​ ១ ​លាន​​ដុល្លារ​ ​នៅ ​អាស៊ី ​កំពុង​​បោះទុន​​ទៅ​ក្នុង​​វិស័យ​​ណា​ខ្លះ?

    តើ​ក្រុម​​អ្នក​​មាន​ទ្រព្យ​​​ចាប់​​ពី​​ ១ ​លាន​​ដុល្លារ​ ​នៅ ​អាស៊ី ​កំពុង​​បោះទុន​​ទៅ​ក្នុង​​វិស័យ​​ណា​ខ្លះ?

    នៅពេល​ការបារម្ភ​អំពី​បញ្ហា​អតិផរណា និង​ការប្រែប្រួល​របស់​ទីផ្សារ​កាន់តែ​កើនឡើង​ខ្ពស់ ក្រុម​អ្នក​មាននៅ អាស៊ី កាន់តែ​មានការ​ប្រុងប្រយ័ត្ន និង​ស្វែងរក​វិធី «នៅ​ជាមួយ» ទ្រព្យ​សុវត្ថិភាព។

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ធនាគារ Lombard Odier (ស្វ៊ី​ស) ទៅលើ​ក្រុម​អ្នក​ដែលមាន​ទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក បាន​បង្ហាញថា ពួកគេ​កំពុង​សម្រុក​ងាក​ទៅរក​ទីផ្សារ​ឯកជន​កាន់តែច្រើនឡើងៗ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ពី​បញ្ហា​ប្រែប្រួល​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​សកល។

    ក្រុម​អ្នកមាន​នៅក្នុង​តំបន់​ខាងលើ បានចាប់ផ្ដើម​គេច​ពី​ភាគហ៊ុន និង​មូល​ប​ត្រ​បំណុល ដើម្បី​ផ្ដោតទៅលើ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន និង​ការចាប់យក​ទ្រព្យសម្បត្តិ​សុវត្ថិភាព ដូចជា​មាស ឬ​សាច់ប្រាក់​ជាដើម។ ទន្ទឹមនឹងនេះ ពួកគេ​ក៏មាន​ការរារែក​ក្នុង​បោះទុន​ទៅក្នុង​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ដែល​ល្បី​ខាង​មានការ​ប្រែប្រួល​ខ្ពស់។

    Lombard Odier បច្ចុប្បន្ន​គ្រប់គ្រង​ទ្រព្យ​តម្លៃ ៣៥៨ ពាន់​លាន ហ្វ្រា​ន​ស្វ៊ី​ស (៣៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ធនាគារ​នេះ​បាន​ស្ទង់​មតិ​លើ​អ្នកមាន​ចំនួន ៤៥០ នាក់​នៅ សិង្ហ​បុរី, ហុងកុង, ជប៉ុន, ថៃ, ហ្វ៊ី​លី​ពី​ន, ឥណ្ឌូណេស៊ី, តៃវ៉ាន់ និង អូស្ត្រាលី ក្នុងអំឡុងពេល​ពី​ខែឧសភា ដល់​ខែមិថុនា ឆ្នាំ ២០២២។

    «ក្រុម​អ្នកវិនិយោគ​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក កំពុងតែ​មានការ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​នៅពេល​បង្កើត​តារាង​វិនិយោគ។ ពួកគេ​កំពុងបង្វែរ​ទ្រព្យសម្បត្តិ​ទៅរក​ទិសដៅ​ដែលមាន​លក្ខណៈ​ឯកជន និង​ជម្រើស​ដែល​សុវត្ថិភាព​ជាង​មុន ប៉ុន្តែ​ក៏​នៅតែ​ធ្វើ​ពិពិធ​កម្ម​ទៅលើ​ប្រភេទ​មុខ​ជំនួញ​របស់​ពួកគេ​នៅក្រៅ​ស្រុក» Vincent Magnenat នាយក​ធនាគារ Lombard Odier ប្រចាំ​តំបន់ អាស៊ី បាន​ថ្លែង​កាលពី​ថ្ងៃទី ០៧ កញ្ញា​ដូច្នេះ និង​បន្ថែមថា «អត្រា​នៃ​ការ​បែង​ទ្រព្យ​ទៅក្នុង​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ក៏មាន​កម្រិត​ទាប​បំផុត»។

    យោងតាម Bloomberg អ្នកមាន​ទ្រព្យ​ជាងគេ​បំផុត​ទាំង ៥០០ នាក់ នៅក្នុង​ពិភពលោក បាន​បាត់បង់​ទ្រព្យ​អស់ ១.៤ ទ្រី​លាន​ដុល្លារ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ដោយសារតែ​ភាគហ៊ុន​បច្ចេកវិទ្យា​ធ្លាក់​ថ្លៃ និង​អតិផរណា​មាន​កំណើន​ខ្ពស់។ ស្ថានភាព​នេះ​ខុស​ទាំងស្រុង​ធៀប​នឹង​កាលពី ២ ឆ្នាំមុន ដោយ​កាលណោះ បណ្ដា​ធនាគារ​នាំគ្នា​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​របស់​ជំងឺ​កូ​វីដ-១៩ បណ្ដាលឱ្យ​តម្លៃ​ភាគហ៊ុន និង​ទ្រព្យ​ឯកជន​កើនឡើង​ខ្ពស់។

    បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​នាបច្ចុប្បន្ន គឺជា​ក្ដីបារម្ភ​ធំ​បំផុត​របស់​អ្នកមាន​ប្រមាណ ៧៧% នៅក្នុង​បញ្ជី​ស្ទង់​មតិ​របស់ Lombard Odier។ មនុស្ស​ចំនួន​ពាក់កណ្ដាល​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ មានការ​បារម្ភ​អំពី​ការប្រែប្រួល​លឿន​របស់​ទីផ្សារ ហើយ​ពួកគេ​ត្រូវ​បង្កើន​ការធ្វើ​ពិពិធ​កម្ម​លើ​ប្រភេទ​មុខ​ជំនួញ។ ចំណែក​មនុស្ស ៨៣% មិន​វិនិយោគ​ទៅក្នុង​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ ឬ​វិនិយោគ​ដែរ តែ​ក្រោម ៥% ធៀប​នឹង​មុខ​ជំនួញ​ទាំងអស់​ដែល​ពួកគេ​វិនិយោគ។

    មូលហេតុ​ដែល​ក្រុម​អ្នក​មាននៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក ងាក​ទៅរក​ទ្រព្យ​ឯកជន ក៏​ព្រោះតែ​ទ្រព្យ​ប្រភេទ​នេះ​មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ហានិភ័យ។ អ្នក​មាននៅ សិង្ហ​បុរី និង អូស្ត្រាលី កំពុង​នាំមុខគេ​នៅក្នុង​និន្នាការ​នេះ ក្នុងនោះ​ ​៦០%​ មាន​​គម្រោង​វិនិយោគ​ទៅក្នុង​ទ្រព្យសម្បត្តិ​ឯកជន៕

  • លោក គីម ជុង​អុន ៖ កូរ៉េខាងជើង នឹងមិន​បោះបង់​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត

    លោក គីម ជុង​អុន ៖ កូរ៉េខាងជើង នឹងមិន​បោះបង់​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត

    នៅក្នុង​កិច្ចប្រជុំ​សំខាន់​មួយ​របស់ សភា​កូរ៉េខាងជើង មេដឹកនាំ គីម ជុង​អុន បានប្រកាសថា ប្រទេស​របស់លោក​នឹងមិន​បោះបង់ចោល​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត។

    ការអះអាង​ខាងលើ​របស់ មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សំខាន់​របស់ សភា​កូរ៉េខាងជើង នា​សប្ដាហ៍​នេះ។ នេះ​បើតាម ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចុះ​ផ្សា​ក្នុង​ថ្ងៃទី ០៩ កញ្ញា។

    លោក គីម ជុង​អុន យល់ថា គោលដៅ​របស់ សហរដ្ឋ​អាម៉េរិក គឺ​ការផ្ដួលរំលំ​របប​នៅ កូរ៉េខាងជើង។ មេដឹកនាំ​របស់ កូរ៉េខាងជើង អះអាងថា អាម៉េរិក សង្ឃឹមថា នឹងដាក់​សម្ពាធ បង្ខំ​ឱ្យ កូរ៉េខាងជើង បោះបង់​អាវុធ​នុយ​ក្លេ​អែរ តាមរយៈ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ប៉ុន្តែ លោក គីម បញ្ជាក់ថា កូរ៉េខាងជើង នឹងមិន​ចុះចាញ់ សូម្បីតែ​ក្រោយពី​ទណ្ឌកម្ម​លើ កូរ៉េខាងជើង ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល «រាប់រយឆ្នាំ»។

    មេដឹកនាំ​កូរ៉េខាងជើង ប្រកាសថា គោលនយោបាយ​ប្រើប្រាស់​កម្លាំង​អាវុធ​នុយ​ក្លេ​អែរ ត្រូវបាន​កត់ត្រា​នៅក្នុង​ច្បាប់​របស់​ប្រទេស​នេះ។

    លោក គីម ជុង​អុន ឱ្យដឹងថា ច្បាប់​ថ្មី​នេះ​អនុញ្ញាតឱ្យ កូរ៉េខាងជើង «ម្ចាស់ការ» ក្នុងការ​ឆ្លើយតប​ដោយ​អាវុធ​នុយ​ក្លេ​អែរ បើសិនជា​ត្រូវ​រង​ការវាយប្រហារ៕

  • ចំនួន​រថយន្ត​នាំចូល​របស់ វៀតណាម ក្នុង​ខែសីហា ២០២២ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន

    ចំនួន​រថយន្ត​នាំចូល​របស់ វៀតណាម ក្នុង​ខែសីហា ២០២២ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន

    រថយន្ត​ចំនួន ១៨,២៧៩ គ្រឿង ត្រូវបាន​នាំចូល​ក្នុង​ខែសីហា ២០២២ ក្នុងតម្លៃ​សរុប ៣៨៥.៤ លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​គយ​រប​ស់ វៀតណាម។

    ដោយមាន​លទ្ធផល​ខាងលើ ខែសីហា ២០២២ ត្រូវបាន​ចាត់ទុកថា​ជា​ខែ​ដែលមាន​ការនាំ​ចូល​រថ​យន្ត​ច្រើនជាងគេ​បំផុត​មិន​ធ្លាប់មាន​ពីមុន​របស់ វៀតណាម។

    លទ្ធផល​ខាងលើ​ក៏​ធ្វើឱ្យ​ចំនួន​រថយន្ត​នាំចូល​ក្នុង​រយៈពេល ៨ ខែ​ឆ្នាំ ២០២២ កើនឡើង​ដល់ ៩៦,២៣៩ គ្រឿង ក្នុងនោះ តម្លៃ​នាំចូល​សម្រេចបាន ២.២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ បរិមាណ​រថយន្ត​នាំចូល​ក្នុង ៨ ខែ​ដើម​ឆ្នាំនេះ នៅតែ​ទាប​ជាង ៨.៨% និង​តម្លៃ​នាំចូល​ទាប​ជាង ៤% បើ​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១។

    ទីផ្សារ​នាំចូល​រថយន្តធំៗរបស់ វៀតណាម ភាគច្រើន​ស្ថិតនៅក្នុង​ទ្វីបអាស៊ី ក្នុងនោះ​រួមមាន ឥណ្ឌូណេស៊ី ប្រទេស​ថៃ និង ប្រទេស​ចិន។

    ក្នុង​ខែសីហា ២០២២ វៀតណាម នាំចូល​រថយន្ត​ចំនួន ១០,៣៦០ គ្រឿង ពី ប្រទេស​ឥណ្ឌូណេស៊ី ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ទីផ្សារ​នាំចូល​រថយន្ត​ធំ​បំផុត​របស់ វៀតណាម នៅក្នុង​រយៈពេល ៨ ខែ​ដើម​ឆ្នាំនេះ។

    ជាក់ស្ដែង ក្នុង ៨ ខែ​ដើមឆ្នាំ ២០២២ វៀតណាម នាំចូល​រថយន្ត​ពី ឥណ្ឌូណេស៊ី បាន ៣៨,៤៦៩ គ្រឿង ក្នុងតម្លៃ​ប្រមាណ ៥៥៦ លាន​ដុល្លារ​អាម៉េរិក, នាំចូល​ពី ប្រទេស​ថៃ បាន ៣៧,៧៤៨ គ្រឿង ក្នុងតម្លៃ ៧៤៩.៣ លាន​ដុល្លារ និង​នាំចូល​ពី ប្រទេស​ចិន បាន ១៣,១៩៨ គ្រឿង ក្នុងតម្លៃ ៥៣៥.៨៧ លាន​ដុល្លារ​អាម៉េរិក។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៩ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៩ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៤ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • អង់គ្លេស បញ្ចេញ​កញ្ចប់​ជំនួយ​ តម្លៃ​​ជាង ​១០០ ​ពាន់​​លាន​​ដុល្លារ ​ដើម្បី​​ជួយ​​កាត់​បន្ថយ​​ការ​ចំណាយ​​របស់​​ប្រជាជន

    អង់គ្លេស បញ្ចេញ​កញ្ចប់​ជំនួយ​ តម្លៃ​​ជាង ​១០០ ​ពាន់​​លាន​​ដុល្លារ ​ដើម្បី​​ជួយ​​កាត់​បន្ថយ​​ការ​ចំណាយ​​របស់​​ប្រជាជន

    ក្នុង​កាលៈទេសៈ​ដែល អង់គ្លេស កំពុង​ប្រឈមមុខ​នឹង​ឱនភាព​សេដ្ឋកិច្ច​អូសបន្លាយ​ដោយសារតែ​ការចំណាយ​របស់​គ្រួសារនីមួយៗបាន​កើនឡើង​ទ្វេដង នាយិកា​រដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស បានប្រកាសថា នឹងធ្វើ​សកម្មភាពភ្លាមៗដើម្បី​ការពារ​អ្នកប្រើប្រាស់។

    កាលពី​ថ្ងៃទី ០៨ កញ្ញា នាយិកា​រដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស លោកស្រី Liz Truss បានប្រកាស​កំណត់​ពិតាន​នៃ​ការចំណាយ​លើ​ថាមពល​សម្រាប់​អ្នកប្រើប្រាស់​ដែល​បច្ចុប្បន្នកំពុង​កើនឡើង​ខ្ពស់ និង​ជំរុញ​ប្រភព​ថាមពល​ថ្មី ដោយ​ប្រើប្រាស់​កញ្ចប់​ជំនួយ​បន្ថែម​តម្លៃ ១០០ ពាន់​លាន​ផោន (១១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក)។ កញ្ចប់​ជំនួយ​ថ្មី​នេះ ត្រូវបាន​លើកឡើងថា ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    នាយិកា​រដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស បានប្រកាសថា នឹងធ្វើ​សកម្មភាពភ្លាមៗដើម្បី​ការពារ​អ្នកប្រើប្រាស់ និង​សហគ្រាស​នានា ទន្ទឹមនឹង​ការដោះស្រាយ​បញ្ហា​ឱ្យដល់​ឫសគល់។

    លោកស្រី Liz Truss ក៏​គ្រោង​នឹង​អនុញ្ញាត​ឱ្យមាន​សកម្មភាព​រុករក​ប្រភពធនធាន​រ៉ែ​ប្រេង និង​ឧស្ម័ន​នៅលើ​សមុទ្រ​ខាងជើង ព្រមទាំង​លុបចោល​បទបញ្ជា​ហាម «កាប់ឆ្ការ» ឆ្នាំ ២០១៩ ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​រុករក​រ៉ែ បើសិន​សហគមន៍​ក្នុង​តំបន់​ឯកភាព។

    ក៏ប៉ុន្តែ មានមតិ​ជាច្រើន​យល់ថា វិធានការ​ខាងលើ​នឹងមិន​អាចជួយ​ដោះស្រាយ​បញ្ហា​ក្នុង​រយៈពេល​ខ្លី​បានឡើយ ព្រោះថា ជាធម្មតា ការផលិត​ប្រេង ឬ​ឧស្ម័ន​នឹងត្រូវ​ចំណាយពេល​ពី ៥ ដល់ ១០ ឆ្នាំ៕

  • ព្រះអង្គម្ចាស់ Charles ក្លាយជា​មហាក្សត្រ​ថ្មី​របស់ ចក្រភព​អង់គ្លេស

    ព្រះអង្គម្ចាស់ Charles ក្លាយជា​មហាក្សត្រ​ថ្មី​របស់ ចក្រភព​អង់គ្លេស

    ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៣ ព្រះវស្សា រាជទាយាទ​អង់គ្លេស ក្លាយជា​មហាក្សត្រ Charles ទី ៣ របស់ ចក្រភព​អង់គ្លេស ក្រោយពី​ព្រះ​មាតា​របស់​ទ្រង់ គឺ​មហាក្សត្រី Elizabeth ទី ២ បាន​យាង​ចូល​ទិវង្គត។

    Clarence House ដែលជា​រាជដំណាក់​របស់​ព្រះអង្គម្ចាស់ Charles កាលពី​ថ្ងៃទី ០៨ កញ្ញា បាន​បញ្ជាក់ថា ព្រះអង្គម្ចាស់ Charles នឹង​ក្លាយជា​មហាក្សត្រ Charles ទី ៣ ដែល​ផ្ទុយ​ពី​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ដែលថា ព្រះអង្គ​នឹង​ប្រើប្រាស់​ព្រះរាជ​ឋានៈ​ផ្សេង។ ព្រះអង្គម្ចាស់ Charles នឹងត្រូវ​បានប្រកាស​ជា​ផ្លូវការ​ថា​ជា មហាក្សត្រ នៅក្នុង​វិមាន St James’s នា​​ទីក្រុង​ឡុង​ដ៍ នៅ​ពេល​ឆាប់ៗខាងមុខ។

    ក្រោយ​ប្រកាស​របស់​រាជដំណាក់​ខាងលើ​ ព្រះអង្គម្ចាស់ Charles ក៏​បានចេញ​ប្រកាស​ស្ដីពី​ការយាង​ចូល​ទិវង្គត​របស់​មហាក្សត្រី Elizabeth ទី ២។

    ព្រះអង្គម្ចាស់ Charles ទី ៣ ប្រសូត្រ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ១៩៤៨ នៅក្នុង​រាជវាំង Buckingham។ ព្រះអង្គ​គឺជា​រាជបុត្រា​ច្បង​របស់​មហាក្សត្រី Elizabeth ទី ២ ជាមួយនឹង​ព្រះអង្គម្ចាស់ Philip។ ឆ្នាំ ១៩៥២ នៅពេល​មហាក្សត្រី Elizabeth ទី ២ គ្រង​រាជ​បន្ត​ពី​ព្រះ​បី​តា ព្រះអង្គម្ចាស់ Charles ក៏បាន​ក្លាយជា​រាជទាយាទ​នៅពេល​មាន​ព្រះជន្ម​បាន ៣ វស្សា។

    ព្រះអង្គម្ចាស់ Charles

    កាលពី​ថ្ងៃទី ២៩ កក្កដា ១៩៨១ ព្រះអង្គម្ចាស់ Charles បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង Diana Spencer។ ព្រះអង្គ​មាន​បុត្រា ២ អង្គ គឺ William ប្រសូត្រ​ឆ្នាំ ១៩៨២ និង Harry ប្រសូត្រ​ក្នុង​ឆ្នាំ ១៩៨៤។

    ខែធ្នូ ១៩៩២ ព្រះអង្គម្ចាស់ Charles និង​ព្រះ​នាង Diana ប្រកាស​លែងលះ​ជាមួយ​គ្នា​ ហើយ​បាន​លែង​លះ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៩៦។ មួយឆ្នាំ​ក្រោយមក ព្រះ​នាង Diana និង​មិត្ត​ប្រុស Dodi Fayed បាន​បាត់​ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នៅ បារី​ស នៅពេល​ព្យាយាម​គេច​ពី​ក្រុម​អ្នកប្រមាញ់​រូបថត។

    ឆ្នាំ ២០០៥ ព្រះអង្គម្ចាស់ Charles បាន​រៀប​អភិសេក​ជាមួយ Camilla Parker Bowles នៅ Windsor Guildhall។ តាម​ទម្លាប់ នៅពេល​រាជទាយាទ Charles ឡើង​គ្រង​រាជសម្បត្តិ Camilla នឹងត្រូវ​បានតែងតាំង​ជាអគ្គ​​មហេសី​ ដែលជា​ឋានៈ​ខ្ពស់​ជាងគេ​បង្អស់​សម្រាប់​មហេសី​ស្ដេច។ ប៉ុន្តែ ដោយសារ​រាជវង្ស​អង់គ្លេស មុន​នោះ នៅមាន​ការបារម្ភ​អំពី​ប្រតិកម្ម​របស់​សាធារណជន ទើប​មាន​ពាក្យ​ចចាមអារ៉ាម​ថា ព្រះ​នាង Camilla នឹង​ប្រើតែ​ឋានៈ​ជា​ស្នម​ឯក ឬ​មហេសី​ប៉ុណ្ណោះ មិនមែន​អគ្គមហេសី​ឡើយ។

    ព្រះនាង Camilla Parker Bowles (ឆ្វេង)

    កាលពីដើម​ឆ្នាំនេះ មហាក្សត្រី Elizabeth ធ្លាប់​មាន​បន្ទូល​ថា ​ចង់ឃើញបុត្រី​​សុណិសា (កូនប្រសា​ស្រី) Camilla របស់​ទ្រង់ ទទួលបាន​រាជ​ឋានៈ​ជា​អគ្គមហេសី នៅពេល​ព្រះអង្គម្ចាស់ Charles ឡើង​គ្រង​រាជសម្បត្តិ៕