កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ១៦ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៩ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។


កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ១៦ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៩ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។


ក្រុមហ៊ុន Mitsubishi Fuso and Bus Corporation (MFTBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mercedes-Benz Group និង Daimler Truck ថ្មីៗនេះបានបង្ហើបឱ្យដឹងអំពីម៉ូដែលជំនាន់បន្ទាប់របស់រថយន្តដឹកទំនិញអគ្គិសនី eCanter។
រថយន្ត Fuso eCanter ត្រូវបានបង្ហាញជាលើកដំបូងកាលពីឆ្នាំ ២០១៧ ហើយចាប់ពីពេលនោះមក រថយន្តនេះប្រហែល ៤៥០ គ្រឿងត្រូវបានប្រគល់ដល់ដៃអតិថិជននៅ ប្រទេសជប៉ុន អឺរ៉ុប អាម៉េរិកខាងជើង អូស្ត្រាលី និង នូវែលសេឡង់។
យោងតាមក្រុមហ៊ុន Fuso រថយន្តដឹកទំនិញអគ្គិសនីជំនាន់បន្ទាប់ដែលត្រូវបានណែនាំកាលពីខែមីនា នឹងមានលក្ខណៈទាន់សម័យបំផុត។ eCanter នឹងមានប្រហែល ២៨ កំណែសម្រាប់ទីផ្សារជប៉ុន និងជាង ៨០ កំណែសម្រាប់ទីផ្សារបរទេស។ MFTBC ឱ្យដឹងថា កំណែថ្មីរបស់ eCanter នឹងត្រូវបានផលិតក្នុងបរិមាណច្រើន។
រថយន្តដឹកទំនិញអគ្គិសនី eCanter ជំនាន់ថ្មីនឹងត្រូវបានដាក់លក់ក្នុង ប្រទេសជប៉ុន ចាប់ពីរដូវផ្ការីកឆ្នាំ ២០២៣ និងបន្ទាប់មកទៀត ដាក់លក់នៅ សិង្ហបុរី ហុងកុង ឥណ្ឌូណេស៊ី អឺរ៉ុប អូស្ត្រាលី និងនូវែលសេឡង់។
ក្រៅពីកំណែដែលមានទម្ងន់ ៧.៥ តោន (GVW) រថយន្តដឹកទំនិញអគ្គិសនី eCanter ជំនាន់ថ្មី ក៏នឹងមានកំណែដែលមានទម្ងន់ចាប់ពី ៤.២៥ តោន ដល់ ៨.៥៥ តោនផងដែរ។ កាប៊ីនរបស់រថយន្តនេះ នឹងមានទទឹង ២,១៣០ មម និងបណ្ដោយប្រវែងពី ២,៥០០ មម ដល់ ៤,៧៥០ មម។

ប្រទេសចិន កាលពីថ្ងៃទី ០៩ កញ្ញា បានចាប់ផ្ដើមស្ថាបនាស្ថានីយផលិតអគ្គិសនីដើរដោយកម្ដៅព្រះអាទិត្យទំហំ ៤៣,០០០ គីឡូម៉ែត្រក្រឡា នៅលើសមុទ្រខ្សាច់ Tengger។
គម្រោងផលិតអគ្គិសនីខ្នាតយក្សដែលនឹងមានកម្លាំងឡើងដល់ ៣ ជីហ្គាវ៉ាត់ (gigawatt) នេះ ស្ថិតនៅក្នុងទឹកដីនៃតំបន់ស្វយ័ត Ningxia Hui ភាគខាងជើងប្រទេសចិន។ គម្រោងនេះនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ៤៣,០០០ គីឡូម៉ែត្រក្រឡា ជាមួយនឹងកម្លាំងផលិតឡើងដល់ ៣ ជីហ្គាវ៉ាត់ ឬ ៣ លានគីឡូវ៉ាត។
ថវិកាសម្រាប់គម្រោងនេះគឺ ១៥.២៥ ពាន់លានយុនចិន ស្មើនឹង ២.២ ពាន់លានដុល្លារអាម៉េរិក។ បន្ទាប់ពីស្ថាបនារួចរាល់ ស្ថានីយអគ្គិសនីព្រះអាទិត្យដ៏ធំនេះអាចផលិតអគ្គិសនីបាន ៥.៧៨ ពាន់លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ និងរកចំណូលប្រចាំឆ្នាំបាន ១.៥ ពាន់លានយុន ស្មើនឹង ២១៧ លានដុល្លារអាម៉េរិក ព្រមទាំងបង្កើតការបាន ១,៥០០ កន្លែង។

គម្រោងខាងលើនឹងរួមចំណែកសំចៃធ្យូងថ្មបាន ១.៩២ លានតោន នៅក្នុងវិស័យផលិតអគ្គិសនីដើរដោយធ្យូងថ្ម។ ជាងនេះ វាក៏កាត់បន្ថយឧស្ម័នកាបូនបានប្រហែល ៤.៦៦ លានតោន និងឧស្ម័នឌីអុកស៊ីតបាន ៣៣,៩០០ តោន ក៏ដូចជាឧស្ម័នអាសូតឌីអុកស៊ីត បាន ៥០,០០០ តោនជារៀងរាល់ឆ្នាំផងដែរ៕

ប្រព័ន្ធម៉ាស៊ីនរុញច្រានរបស់យានអវកាស New Shepard បានផ្ទុះក្នុងពេលបាញ់បង្ហោះកាលពីម្សិលមិញ ប៉ុន្តែ បន្ទប់សម្រាប់ដាក់មនុស្សបែរជាចុះចតដោយសុវត្ថិភាព។
បន្ទប់ដាក់មនុស្សរបស់យានអវកាស New Shepard នៃក្រុមហ៊ុន Blue Origin បានដំណើរការប្រព័ន្ធរំដោះខ្លួនពីគ្រោះថ្នាក់កាលពីថ្ងៃទី ១២ កញ្ញា បន្ទាប់ពីម៉ាស៊ីនរុញច្រានមានបញ្ហា មុនពេលហោះឡើងដល់កម្ពស់ ៩,០០០ ម៉ែត្រ។ ប្រព័ន្ធរំដោះគ្រោះបន្ទាន់បានដំណើរការដូចការគ្រោងទុក ដោយវាបានរុញច្រានបន្ទប់ដាក់មនុស្សរបស់យានចេញទៅឆ្ងាយពីចំណុចផ្ទុះ និងបានចុះចតដោយសុវត្ថិភាពតាមរយៈឆត្រយោង។ Blue Origin នៅតែមិនទាន់រកឃើញមូលហេតុនៃបញ្ហាដែលនាំឱ្យមានហេតុការណ៍ផ្ទុះនេះនៅឡើយ ប៉ុន្តែ គ្រឿងម៉ាស៊ីនរបស់យានបានខូចខាតទាំងស្រុង។
យានអវកាស New Shepard ហោះឡើងពីទីលានបាញ់បង្ហោះនៅ Texas ខាងលិច របស់ Blue Origin កាលពីម៉ោងជិត ១០ កន្លះ ព្រឹកថ្ងៃទី ១២ កញ្ញា (ម៉ោងជិត ២១ កន្លះ នៅ កម្ពុជា)។
នេះគឺជាលើកទីពីរដែលកម្មវិធី New Shepard ជួបបញ្ហាក្នុងពេលបាញ់បង្ហោះ។ ហេតុការណ៍លើកទីមួយកើតឡើងកាលពីឆ្នាំ ២០១៥ នៅពេលម៉ាស៊ីនរុញច្រានជាន់ទីមួយរបស់យាន ធ្លាក់បុកមកលើដី ជំនួសឱ្យការចុះចតថ្នមៗ ប៉ុន្តែ ទំនិញនៅតែបានទៅក្បែរគន្លងគោចរតាមផែនការដែលបានកំណត់។
បេសកកម្មលើកនេះរបស់ New Shepard មានឈ្មោះថា NS-23។ នេះគឺជាជើងហោះហើរដឹកតែទំនិញចំនួន ៣៦ កញ្ចប់ ក្នុងនោះមាន ១៨ កញ្ចប់គឺជារបស់ ណាសា។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់អំពីវាសនារបស់ទំនិញទាំងនេះនៅឡើយ។
New Shepard គឺជាប្រព័ន្ធហោះហើរដែលអាចប្រើប្រាស់ឡើងវិញច្រើនដង ក្នុងនោះរួមមាន រ៉ុក្កែតមួយដើម និងបន្ទប់ជាយានអវកាសមួយគ្រឿង។ Blue Origin កំពុងដំណើរការប្រព័ន្ធយានអវកាស ២ ក្រុម ក្នុងនោះ ១ ក្រុមសម្រាប់ទេសចរណ៍អវកាស និង ១ ក្រុមទៀតសម្រាប់ដឹកទំនិញ។ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានបាញ់បង្ហោះយានដឹកមនុស្សចំនួន ៦ លើក ដោយចាប់ផ្ដើមពីខែកក្កដា ២០២១។ NS-23 គឺជាជើងហោះហើរដឹកទំនិញដំបូងរបស់ Blue Origin ចាប់ពីខែសីហាឆ្នាំកន្លង៕

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានឱ្យដឹងថា កងទ័ពប្រទេសនេះដណ្ដើមទឹកដីមកវិញបាន ៦,០០០ គីឡូម៉ែត្រក្រឡា រាប់ចាប់តាំងពីដើមខែកញ្ញា និង «កំពុងឆ្ពោះទៅមុខបន្តទៀត»។
«ចាប់តាំងពីដើមខែកញ្ញា ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែន ៦,០០០ គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងខាងត្បូង។ យើងកំពុងឆ្ពោះទៅមុខបន្តទៀត» លោក ហ្សេឡែនស្គី ថ្លែងកាលពីថ្ងៃទី ១២ កញ្ញា។ ប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវដល់ពិភពលោក «បង្កើនការផ្ដល់ជំនួយដល់ អ៊ុយក្រែន ពិសេសគឺការផ្ដល់ប្រព័ន្ធការពារដែនអាកាស»។
ប្រកាសខាងលើត្រូវបានធ្វើឡើងក្នុងពេល អ៊ុយក្រែន បើកការវាយបកនៅក្នុងខេត្ត Kharkov ភាគឦសានប្រទេស ចូលទៅកាន់កាប់ឡើងវិញទីក្រុង Izyum, Kupiansk និង Balakliya។ ក្រុមអ្នកជំនាញមកពីប្រទេសលោកខាងលិច វាយតម្លៃថា អ៊ុយក្រែន ដណ្ដើមទឹកដីមកវិញបានជិះ ១០% ក្នុងចំណោមទឹកដីដែលត្រូវបាន រុស្ស៊ី កាន់កាប់តាំងពីខែកុម្ភៈ ២០២២ ដែលជាដំណាក់កាលដំបូងនៃសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន។
រុស្ស៊ី មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងការអះអាងរបស់ ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាការវាយតម្លៃរបស់ក្រុមអ្នកជំនាញខាងលើ។

មហាក្សត្រីអង់គ្លេស Elizabeth II បន្សល់ទុកដល់មហាក្សត្រថ្មី Charles នូវទ្រព្យសម្បត្តិឯកជនជាង ៥០០ លានដុល្លារអាម៉េរិក និងអចលនទ្រព្យដែលមានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារ។
មហាក្សត្រីអង់គ្លេស Elizabeth II ត្រូវបានចាត់ទុកថាជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដែលមានទ្រព្យច្រើនបំផុតក្នុងពិភពលោក ក្នុងនោះមានទាំងវិមាន និងរាជដំណាក់។ល។ ដែលទ្រព្យទាំងនេះ ភាគច្រើនត្រូវបានប្រគល់ថ្វាយមហាក្សត្រថ្មី Charles III បន្ទាប់ពីមហាក្សត្រី Elizabeth II បានយាងចូលទិវង្គត។
បើទោះហាក់ដូចជាសាមញ្ញ ប៉ុន្តែជាក់ស្ដែង រាជសម្បត្តិរបស់ មហាក្សត្រីអង់គ្លេស Elizabeth II និងអ្វីដែលនឹងកើតឡើងចំពោះវាក្រោយពីទ្រង់បានសោយទិវង្គតគឺមានភាពស្មុគស្មាញ។ ភាគច្រើននៃរាជសម្បត្តិនេះត្រូវបានគេដឹងថា ស្ថិតក្នុងក្រុមហ៊ុនរបស់រាជវង្ស ដែលមានតម្លៃ ២៨ ពាន់លានដុល្លារអាម៉េរិក និងត្រូវបានចាត់ទុកថាជា «ក្រុមហ៊ុនគ្រួសារ»។ ក្រៅពីនេះ មហាក្សត្រីអង់គ្លេស Elizabeth II មានរាជសម្បត្តិផ្ទាល់ព្រះអង្គប្រហែល ៥០០ លានដុល្លារទៀត នេះបើតាម Forbes។
ប្រាក់ចំណូលរបស់មហាក្សត្រីអង់គ្លេស Elizabeth II បានមកពីមូលនិធិមួយដែលដកពីខ្ទង់ថវិកាដែលគេហៅថា ប្រាក់ឧបត្ថម្ភាសម្រាប់រាជវង្ស (Sovereign Grant) ដែលទទួលខុសត្រូវក្នុងការ «ផ្ដល់ប្រាក់បៀវត្ស៍» ដល់សមាជិករាជវង្ស។
មូលនិធិខាងលើមានប្រភពពីកិច្ចព្រមព្រៀងមួយកាលពីរាជកាលស្ដេច George III នៅពេលទ្រង់បោះបង់ប្រភពចំណូលពីសភាអង់គ្លេស ដើម្បីទទួលយកខ្ទង់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំសម្រាប់ព្រះអង្គផ្ទាល់ និងរាជកាលជំនាន់ក្រោយរបស់រាជវង្ស។ ខ្ទង់ប្រាក់នេះត្រូវបានហៅថា ប្រាក់ឧបត្ថម្ភរាជវង្សតាំងពីឆ្នាំ ២០១២។
ខ្ទង់ប្រាក់ឧបត្ថម្ភសម្រាប់រាជវង្សនេះត្រូវបានកំណត់ត្រឹមជាង ៨៦ លានផោន (ជិត ៩៩.៥ លានដុល្លារអាម៉េរិក) កាលពីឆ្នាំ ២០២១ និង ២០២២។ ខ្ទង់ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ការយាងបំពេញរាជកិច្ច ការថែទាំរាជសម្បត្តិ ដូចជារាជវាំង រាជដំណាក់ជាដើមរបស់មហាក្សត្រ។
ប្រាក់ចំណូលរបស់ មហាក្សត្រីអង់គ្លេស Elizabeth II មិនមែនត្រឹមតែមានប្រភពពីខ្ទង់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំនោះទេ តែក៏មានមួយភាគធំមកពីប្រាក់ចំណេញរបស់ក្រុមហ៊ុនរាជវង្សផងដែរ។
ក្រុមហ៊ុនរបស់រាជវង្សអង់គ្លេស គ្រប់គ្រងដោយសមាជិកជាន់ខ្ពស់របស់រាជវង្ស Windsor ដែលកន្លងមកដឹកនាំដោយ មហាក្សត្រីអង់គ្លេស Elizabeth II។ សមាជិកទាំងនេះដឹកនាំស្ថាប័នមួយដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនសកល ដែលជួយបញ្ចេញប្រាក់រាប់រយលានដុល្លារទៅក្នុងខឿនសេដ្ឋកិច្ចរបស់ អង់គ្លេស ជារៀងរាល់ឆ្នាំ តាមរយៈព្រឹត្តិការណ៍ទូរទស្សន៍ និងទេសចរណ៍។
មហាក្សត្រីអង់គ្លេស Elizabeth II និងសមាជិករាជវង្ស ៧ អង្គទៀត គឺជាសមាជិករបស់ក្រុមហ៊ុន រួមមានព្រះអង្គម្ចាស់ Charles ដែលបច្ចុប្បន្នគឺជាមហាក្សត្រ Charles III និងមហេសី Camilla, រាជទាយាទ William និងមហេសី, ព្រះនាង Anne (Anne Elizabeth Alice Louise) រាជបុត្រីរបស់អតីតមហាក្សត្រីអង់គ្លេស Elizabeth II រួមនឹងព្រះអង្គម្ចាស់ Edward រាជបុត្រាពៅរបស់អតីតមហាក្សត្រីអង់គ្លេស Elizabeth II និង Sophie ដែលជាព្រះនាងរបស់តំបន់ Wessex។
ឆ្នាំ ២០២១ ទ្រព្យដែលក្រុមហ៊ុនរាជវង្សនេះកាន់កាប់ នោះគឺអចលនទ្រព្យតម្លៃ ២៨ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែ ទ្រព្យទាំងនេះ ក្នុងនោះមានទាំងរាជវាំងជាដើម មិនត្រូវបានអនុញ្ញាតឱ្យដាក់លក់ឡើយ។
រាជវង្សអង់គ្លេស មិនទទួលបានប្រាក់ចំណេញពីសកម្មភាពជំនួញរបស់ក្រុមហ៊ុនរាជវង្ស ប៉ុន្តែ ជំនួសមកវិញ ក្រុមហ៊ុននេះជំរុញសេដ្ឋកិច្ចអង់គ្លេសតាមរយៈ «បាតុភូតកេរ្តិ៍ឈ្មោះ» ពោលគឺ នៅពេលផលិតផលដែលមានបិទស្លាក «ធានាដោយរាជវង្ស» ត្រូវបានលក់ ផលិតផលនោះនឹងនាំមកនូវការរីកចម្រើនរបស់រាជវង្ស Windsor។ តែម «ធានាដោយរាជវង្ស» គឺជាសញ្ញាដើម្បីសម្គាល់មុខទំនិញដែលត្រូវបានផ្គត់ផ្គង់សម្រាប់រាជវង្ស ក្នុងបំណងបង្ហាញថា ផលិតផលនោះមានគុណភាពខ្ពស់។
ប្រភពចំណូលសម្រាប់ឧបត្ថម្ភដល់រាជវង្សានុវង្សក៏បានមកពី Crown Estate ដែលជាបណ្ដុំនៃអចលនទ្រព្យ និងទ្រព្យនៅ អង់គ្លេស របស់ អតីតមហាក្សត្រី Elizabeth II។ Crown Estate ត្រូវបានគ្រប់គ្រងដោយស្ថាប័នឯករាជ្យមួយ។ កាលពីខែមិថុនា ២០២២ Crown Estate បានប្រកាសបង្ហាញប្រាក់ចំណូល ៣១២.៧ លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២១-២០២២ ខ្ពស់ជាង ៤៣ លានដុល្លារ ធៀបនឹងឆ្នាំមុននោះ។
ក្រៅពីទ្រព្យដែល «មិនអាចដាក់លក់» ខាងលើ អតីតមហាក្សត្រី Elizabeth II ក៏នៅមានទ្រព្យឯកជនផ្ទាល់ព្រះអង្គប្រហែល ៥០០ លានដុល្លារអាម៉េរិក ទៀត ដែលភាគច្រើនបានមកពីខ្ទង់វិនិយោគ កម្រងវិចិត្រសិល្បៈនានា គ្រឿងសង្ហារិម និងអចលនទ្រព្យ ក្នុងនោះក៏មានរាជដំណាក់ Sandringham និងវិមាន Balmoral ជាដើម។ អតីតមហាក្សត្រី Elizabeth II ក៏បានទទួលរាជសម្បត្តិជិត ៧០ លានដុល្លារពីព្រះមាតា នៅពេលទ្រង់បានចូលទិវង្គតកាលពីឆ្នាំ ២០០២។
រាជសម្បត្តិឯកជនរបស់ អតីតមហាក្សត្រី Elizabeth II ភាគច្រើននឹងត្រូវបានមហាក្សត្រថ្មី Charles III ទទួលគ្រប់គ្រង។ ចំណែកអចលនទ្រព្យ និងខ្ទង់វិនិយោគដែលមានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារទៀត នៅតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរាជវង្ស៕

ក្រុមហ៊ុន XPeng Motors នឹងចាប់ផ្ដើមដាក់លក់ជាផ្លូវការនូវរថយន្ត SUV អគ្គិសនីលំដាប់ប្រណិត XPeng G9 ដែលកំពុងត្រូវបានទន្ទឹងរង់ចាំ នៅចុងខែកញ្ញានេះ បន្ទាប់ពីត្រូវបានប្រកាសបង្ហាញកាលពីខែវិច្ឆិកាឆ្នាំកន្លង។
យោងតាមព័ត៌មានដែលត្រូវបានផ្សាយលើទំព័រ Weibo កាលពីថ្ងៃទី ០៩ កញ្ញា ២០២២ ក្រុមហ៊ុន XPeng ឱ្យដឹងថា នឹងមានព្រឹត្តិការណ៍បង្ហាញ G9 តាមប្រព័ន្ធអ៊ីនធើណិត នៅថ្ងៃទី ២១ កញ្ញា និងអញ្ជើញក្រុមអ្នកមានចំណាប់អារម្មណ៍តាមដានតាមរយៈវីដេអូ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមិនទាន់ប្រកាសជាផ្លូវការអំពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើម និងផ្សាយនៅលើថ្នាលបច្ចេកវិទ្យាណាមួយនៅឡើយ។
XPeng G9 ត្រូវបានដាក់បង្ហាញនៅក្នុង showroom របស់ក្រុមហ៊ុននេះ នៅក្នុង ១៥ ទីក្រុងរបស់ ប្រទេសចិន ក្នុងនោះមាន ប៉េកាំង សៀងហៃ ក្វាងចូវ ហាងចូវ។ល។ ក្រៅពីនេះ ពួកគេមិនបានបង្ហើបឱ្យដឹងព័ត៌មានអ្វីទៀតឡើយ។
រថយន្តខាងលើនេះនឹងក្លាយជារថយន្តអគ្គិសនីរបស់ ចិន ដំបូងដែលត្រូវបានផលិតឡើងក្រោមថ្នាល SiC អគ្គិសនីថាមពលខ្ពស់ ៨00V និងប្រព័ន្ធគ្រប់គ្រងរថយន្តដែលប្រើប្រាស់ឈីប Nvidia DRIVE Orin។
កាលពីថ្ងៃទី ១១ សីហា XPeng បានប្រកាសថា រថយន្តអគ្គិសនី XPeng G9 ចំនួន ២២,៨១៩ គ្រឿង ត្រូវបានបញ្ជាទិញជាមុននៅក្នុងរយៈពេលតែ ២៤ ម៉ោង បន្ទាប់ពីក្រុមហ៊ុនបើកទទួលការបញ្ជាទិញ។
កាលពីថ្ងៃទី ១៥ សីហា ក្រុមហ៊ុនចិនខាងលើបានបង្ហាញបច្ចេកវិទ្យាបញ្ចូលថាមពលរហ័សរបស់ខ្លួន។ XPeng G9 អាចធ្វើដំណើរបាន ២០០ គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលតែ ៥ នាទី ដោយប្រើប្រព័ន្ធបញ្ចូលថាមពលថ្មីនេះ។ លទ្ធផលនេះត្រូវបាន XPeng បញ្ជាក់តាមរយៈការពិសោធជាក់ស្ដែងនៅពេលនោះ។
តម្លៃរបស់ XPeng G9 មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ យោងតាមការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិនិយោគ Tim Hsiao ប្រចាំនៅធនាគារ Morgan Stanley បានឱ្យដឹងថា ពួកគេរំពឹងថា កំណែកំពូលរបស់ XPeng G9 នឹងមានតម្លៃប្រហែលពី ៥២,០០០ ដល់ ៥៧,៧៥០ ដុល្លារអាម៉េរិក៕

ដើមសប្ដាហ៍នេះ (១២ កញ្ញា) តម្លៃប្រេងឆៅ WTI ប្រគល់មានកាលកំណត់ បន្តទិន្នាការថយចុះ។ បច្ចុប្បន្ន ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃក្រោម ៨៦ ដុល្លារ/ធុង បន្ទាប់ពីបានប្រែប្រួលពេញមួយសប្ដាហ៍។
តម្លៃប្រេង WTI ប្រគល់មានកាលកំណត់នាព្រឹកនេះបន្តធ្លាក់ពីចំណុច ៨៦ ដុល្លារ/ធុង ចុះមកនៅក្នុងរង្វង់ ៨៥.២ ដុល្លារ។ ប្រេង Brent ក៏បានធ្លាក់ថ្លៃ ដោយត្រូវបានជួញដូរក្នុងរង្វង់ ៩១.៥ ដុល្លារ ក្នុង ១ ធុង។
ប្រេងឆៅទើបតែបានឆ្លងកាត់តម្លៃដែលមានការប្រែប្រួលខ្លាំងកាលពីសប្ដាហ៍កន្លង ក្នុងនោះ តម្លៃប្រេង Brent ធ្លាក់ថ្លៃ ០.២% និងប្រេង WTI ធ្លាក់ថ្លៃ ០.១%។
មូលហេតុដែលនាំឱ្យប្រេងឆៅត្រូវធ្លាក់ថ្លៃបែបនេះគឺដោយសារការបារម្ភអំពីការថយចុះនៃតម្រូវការប្រេងសាំងរបស់ពិភពលោក ក្រោយពីធនាគារកណ្ដាលធំៗបន្តដំឡើងការប្រាក់ និងស្ថានការណ៍កូវីដ-១៩ នៅ ចិនដីគោក។ តម្លៃប្រេង Brent បច្ចុប្បន្នបានធ្លាក់ចុះទាបខ្លាំងបើធៀបនឹង ១៤០ ដុល្លារ/ធុង កាលពីខែមីនា និងធ្លាក់ចុះទាបបំផុតរាប់ចាប់ពីខែមករា។
ផ្ទុយទៅវិញ ការសម្រេចកាត់បន្ថយបរិមាណប្រេងឆៅក្នុងខែតុលាខាងមុខរបស់ OPEC+ (ក្រុមប្រទេសនាំចេញប្រេងឆៅ និងដៃគូសហការ) បូករួមនឹងការដែលក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បិទប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream 1 និងភាពតានតឹងរវាង រុស្ស៊ី ជាមួយនឹងលោកខាងលិចនៅក្នុងបញ្ហាកំណត់តម្លៃពិតានរបស់ថាមពល នៅតែជាកត្តាដែលជួយទប់ការធ្លាក់ថ្លៃខ្លាំងរបស់ប្រេងឆៅនាបច្ចុប្បន្ន៕

សហភាពអឺរ៉ុប (EU) ផលិតអគ្គិសនីពីកម្ដៅព្រះអាទិត្យបានយ៉ាងច្រើននៅក្នុងរដូវក្ដៅកន្លងទៅ ដែលនេះជួយឱ្យពួកគេសំច័យប្រាក់បាន ២៩ ពាន់លានអឺរ៉ូ ពីការនាំចូលឧស្ម័ន។ អាកាសធាតុខ្លាំង បូករួមនឹងការដំឡើងផ្ទាំងសូឡារមានការកើនឡើងយ៉ាងលឿន នាំឱ្យបរិមាណអគ្គិសនីព្រះអាទិត្យរបស់ទ្វីបអឺរ៉ុបកើនឡើងខ្ពស់ខ្លាំង ជួយដោះស្រាយបានមួយផ្នែកនូវតម្រូវការថាមពលក្នុងតំបន់នេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សា Ember (អង់គ្លេស) ក្នុងបណ្ដាខែដែលមានតម្រូវការថាមពលខ្ពស់នៅក្នុងរដូវក្ដៅ (ចាប់ពីខែឧសភា ដល់សីហា) បរិមាណអគ្គិសនីព្រះអាទិត្យនៅ EU សម្រេចបាន ៩៩.៤ តេរ៉ាវ៉ាត់ម៉ោង (TWh) កើន ២៨% ធៀបនឹង ៧៧.៧ TWh កាលពីរដូវក្ដៅឆ្នាំកន្លង។
បរិមាណអគ្គិសនីដែលផលិតពីកម្ដៅព្រះអាទិត្យក្នុងបរិមាណអគ្គិសនីសរុបនៅ EU បានកើន ១២.២% ក្នុងដំណាក់កាលពីខែឧសភា ដល់ខែសីហានេះ ធៀបនឹង ៩.៤% ក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ ២០២១ ដោយខ្ពស់ជាងបរិមាណ ១១.៧% របស់អគ្គិសនីផលិតពីកម្លាំងខ្យល់ និងបរិមាណ ១១% របស់វារីអគ្គិសនី។ ចំណែកបរិមាណរបស់អគ្គិសនីផលិតពីថាមពលធ្យូងថ្មគឺ ១៦.៥%។
កំណត់ត្រាស្ដីពីបរិមាណអគ្គិសនីដែលផលិតពីកម្ដៅព្រះអាទិត្យត្រូវបានបំបែកនៅក្នុងប្រទេសចំនួន ១៨ ក្នុងចំណោម ២៧ នៃសមាជិករបស់ EU នៅក្នុងរដូវក្ដៅចុងក្រោយនេះ ក្នុងនោះ ប្រទេសហូឡង់ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយរួមចំណែក ២២.៧% ធៀបនឹងបរិមាណអគ្គិសនីព្រះអាទិត្យសរុប ខណៈដែល អាល្លឺម៉ង ជាប់លេខ ២ (១៩.៣%) និង អេស្ប៉ាញ ជាប់លេខ ៣ (១៦.៧%)។
ក្រុមហ៊ុនប្រឹក្សា Ember បានឱ្យដឹងថា សមាជិក EU ដែលមានបរិមាណអគ្គិសនីព្រះអាទិត្យកើនឡើងខ្ពស់ជាងគេរាប់ចាប់ពីឆ្នាំ ២០១៨ គឺ ប៉ូឡូញ ដោយកើនឡើង ២៦ ដង បន្ទាប់មកគឺ ហ្វាំងឡង់ និង ហុងគ្រី កើនឡើង ៥ ដង។
ក្រុមអ្នកវិភាគរបស់ Ember បានគណនាឃើញថា EU នឹងត្រូវទិញឧស្ម័នបន្ថែម ២០ ពាន់លានម៉ែត្រគុបនៅក្នុងរដូវក្ដៅនេះ បើសិនមិនមានអគ្គិសនីដែលផលិតពីថាពលព្រះអាទិត្យ។ បរិមាណឧស្ម័ននេះគឺស្មើនឹងទឹកប្រាក់ ២៩ ពាន់លានអឺរ៉ូ បើយោងទៅតាមតម្លៃឧស្ម័នប្រចាំថ្ងៃ ចាប់ពីខែឧសភា ដល់សីហា ២០២២។
ទិន្នន័យខាងលើបានបង្ហាញយ៉ាងច្បាស់ថា ប្រភពថាមពលកកើតឡើងវិញពិតជាមានសារសំខាន់នៅក្នុងការប្រឹងប្រែងរបស់ អឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើឧស្ម័នហ្វូស៊ីលដែលនាំចូលពីតំបន់ដទៃ និងដែលបង្កផលប៉ះពាល់ដល់បរិស្ថាននាពេលខាងមុខ៕

កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៩ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១១ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។
