Author: សឿន សំណាង

  • ក្រុម​ហ៊ុន​តៃវ៉ាន់ Foxconn ផលិត​រថយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី

    ក្រុម​ហ៊ុន​តៃវ៉ាន់ Foxconn ផលិត​រថយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Hon Hai របស់ តៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួមជាមួយ PT Mitra Motor Group (MMG) ដែលជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ Indonesia PT Indika Energy ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​ថាមពល​នៅ​ ប្រទេស​ឥណ្ឌូណេស៊ី​។

    Hon Hai ឬ​ហៅ​ជា​លក្ខណៈ​អន្តរជាតិ​ថា Foxconn បង្ហើប​ឱ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ពួក​គេ​គឺ Foxteq Singapore។ ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​ថ្មី គឺ PT Foxconn Indika Motor (FIM) នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ផ្នែក​បច្ចេក​វិទ្យា​ផលិត​រថយន្ត​អគ្គិសនី​ពី​ក្រុម​ហ៊ុន​មេ​នៅ តៃវ៉ាន់ (Foxconn)។

    មេដឹកនាំ​ផ្នែក​យុទ្ធសាស្ត្រ​​ទទួល​បន្ទុក​​​ថ្ម​ផ្ទុក​ថាមពល​របស់ Foxconn លោក Troy Wu បាន​និយាយ​នៅ​ក្នុង​ប្រកាស​មួយ​កាល​ពីពេល​ថ្មី​ៗ​នេះ​ថា «ឥណ្ឌូណេស៊ី ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ អាស៊ីអាគ្នេយ៍​ បាន​សន្យា​ទាក់​ទង​នឹង​គោលដៅ​មិន​បញ្ចេញ​ឧស្ម័ន​ប្រកប​ដោយ​មហិច្ឆតា។ ក្រុមហ៊ុន​បណ្ដាក់​ទុន​រួម​នេះ​សង្កត់​ធ្ងន់​ចំពោះ​ការសន្យា​របស់ Foxconn ក្នុងការ​គាំទ្រ​ដៃ​គូ​របស់​យើង​នៅ ឥណ្ឌូណេស៊ី សម្រាប់​គោល​ដៅ​រួម​របស់​យើង គឺ​ការ​ស្ថាបនា​បណ្ដាញ​ប្រកប​ដោយ​ស្ថិរភាព​»។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ២០៣០ នឹង​មាន​រថយន្ត​អគ្គិសនី​ចំនួន ២ លាន​គ្រឿង និង​ម៉ូតូអគ្គិសនី​ចំនួន ១៣ លាន​គ្រឿងដែល​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​។

    ប្រធាន​ផ្នែក​វិនិយោគ​របស់ Indika Energy លោក Purbaja Pantja អះអាង​ថា «យើងមើល​ឃើញ សក្ដានុពល​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី»។ លោក​បន្ថែម​ថា កិច្ច​សហការ​រវាង​ MMG និង Foxteq Singapore នឹង​ជួយ​ជំរុញ​ឱ្យ​ ឥណ្ឌូណេស៊ី ក្លាយជា​អ្នក​អភិវឌ្ឍ​បណ្ដាញ​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​ថាមពល​លំដាប់​កំពូល​របស់​ពិភពលោក​៕​

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ៣០ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ៣០ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៩ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៥ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • កម្ពុជា អនុម័ត​គម្រោង​អភិវឌ្ឍកោះ រោង​ចក្រ និង​មន្ទីរពេទ្យ​ថ្មីចំនួន ៨ ​គម្រោង​ទៀត ដែល​មាន​ទុនសរុប​ជិត ៩០ លាន​ដុល្លារ​

    កម្ពុជា អនុម័ត​គម្រោង​អភិវឌ្ឍកោះ រោង​ចក្រ និង​មន្ទីរពេទ្យ​ថ្មីចំនួន ៨ ​គម្រោង​ទៀត ដែល​មាន​ទុនសរុប​ជិត ៩០ លាន​ដុល្លារ​

    តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនថ្មី​ចំនួន ៨ ទៀត​ ដែល​នឹង​បណ្ដាក់​ទុន​ក្នុង​វិស័យ មន្ទីរពេទ្យ អភិវឌ្ឍ​កោះ​ត្បាល់ រោង​ចក្រ​កែច្នៃ​ម្ហូប ផលិត​គ្រឿង​បន្សំ​ស្បែក​ជើង ផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក និង​កាត់ដេរសម្លៀកបំពាក់។

    គម្រោង​ថ្មី​ទាំង​ ៨ រួម​មាន​ដូចខាង​ក្រោម​ ៖

    ១-“ORIENDA INTERNATIONAL HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧ គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨ កន្លែង។

    ២-“NEW WORLD HEART & VASCULAR HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរ​ពេទ្យ​បេះដូង​និងសរសៃឈាម ចំនួន ៣០០ គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨ កន្លែង។

    ៣-“TRY PHEAP KOH TUNSAY RESORTS CO., LTD” គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥ កន្លែង។

    ៤-“GLOBAL PASS BIOTECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣២ កន្លែង។

    ៥-“YURA HARNESS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦.៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤ កន្លែង។

    ៦-“RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨ កន្លែង។

    ៧-“TWHQ GARMENTS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៥៨ កន្លែង។

    ៨-“COBEST (CAMBODIA) FIRST GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥០ កន្លែង។

    ជាសរុប ទុន​វិនិយោគ​សម្រាប់​បណ្ដា​គម្រោង​ខាងលើ​នេះ​មាន​ចំនួន​ជិត​ ៩០ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការ​ងារ​ចំនួនជាង​ ៥,០០០ កន្លែង​។

  • ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន កោះ​ប្រជុំ​បន្ទាន់ ខណៈ​ពិធី​​ចុះ​ហត្ថលេខា​លើ​ការ​រឹបអូស​ទឹក​ដី ៤ តំបន់​របស់ ​អ៊ុយក្រែន ជិត​មក​ដល់

    ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន កោះ​ប្រជុំ​បន្ទាន់ ខណៈ​ពិធី​​ចុះ​ហត្ថលេខា​លើ​ការ​រឹបអូស​ទឹក​ដី ៤ តំបន់​របស់ ​អ៊ុយក្រែន ជិត​មក​ដល់

    ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​ជា​បន្ទាន់​ ក្រោ​យ​ពី​ រុស្ស៊ី ប្រកាស​អំពីពេល​វេលា​ចុះ​ហត្ថលេខា​លើ​ការ​ច្របាច់​បញ្ចូល​ទឹក​ដី​ ៤ តំបន់​របស់ អ៊ុយក្រែន ទៅ​ក្នុង​ ប្រទេស​រុស្ស៊ី​។

    «ប្រធានាធិបតី​ វ៉ូឡូឌីមៀ ហ្សេឡែនស្គី នឹង​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន នៅ​ថ្ងៃ​ស្អែក» Serhii Nykyforov លេខា​ផ្នែក​សារព័ត៌មាន​របស់ប្រធានាធិបតី​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ២៩ កញ្ញា​ និង​បាន​បន្ថែម​ថា ខ្លឹមសារលម្អិត​នៃ​កិច្ច​ប្រជុំ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ក្រោយ ។

    ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន រួម​មាន អគ្គមេបញ្ជាការ​កងទ័ព​, រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ រដ្ឋមន្ត្រី​ការ​បរទេស​ នាយករដ្ឋមន្ត្រី​ មេដឹកនាំ​ស្ថាប័ន​សន្តិសុខ​ជាតិ​អ៊ុយក្រែន និង​សមាជិក​ សមាជិកា​ផ្សេង​ទៀត​។ ក្រុម​ប្រឹក្សា​នេះ​មាន​តួនាទី​ធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ និង​ចាត់​ចែង​គោល​នយោបាយ​សន្តិសុខ​ជាតិ​។

    ប្រកាស​អំពី​កិច្ច​ប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​ វិមាន​ក្រឹមឡាំង​ ប្រកាស​ថា ពិធី​ចុះ​ហត្ថលេខា​ដើម្បី​ច្របាច់​បញ្ចូល​ទឹក​ដី​របស់​ អ៊ុយក្រែន គឺ Kherson, Zaporizhzhia, Donetsk និង Luganks ទៅក្នុង​ ប្រទេស​រុស្ស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ម៉ោង​ ១៥ ថ្ងៃទី ៣០ កញ្ញា​ ហើយ​ ប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន នឹង​មាន​សេចក្ដី​ថ្លែង​ការណ៍​សំខាន់​៕

  • អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ ថ្កោលទោស​រុស្ស៊ី ក្នុង​រឿង​រឹប​អូស​​ទឹក​ដី​របស់ អ៊ុយក្រែន

    អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ ថ្កោលទោស​រុស្ស៊ី ក្នុង​រឿង​រឹប​អូស​​ទឹក​ដី​របស់ អ៊ុយក្រែន

    អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres ព្រមាន​ថា រុស្ស៊ី កំពុង​តែ «បង្កើន​គ្រោះថ្នាក់» ដោយ​ការ​រឹបអូស​ទឹក​ដី​របស់ អ៊ុយក្រែន រំលោភ​លើ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​។

    «ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ លើក​ឡើង​ច្បាស់​ថា រាល់​ការ​ច្របាច់​បញ្ចូល​ទឹក​ដី​របស់​ប្រទេស​មួយ​ ទៅ​ក្នុង​ប្រទេស​មួយ​ទៀត​ បើ​សិន​ជា​លទ្ធផល​នៃ​ការ​គំរាម​កំហែង ឬ​ប្រើប្រាស់​កម្លាំង​បាយ​ នោះ​នឹង​ជា​សកម្មភាព​រំលោភ​គោល​ការណ៍​ច្បាប់​របស់ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​» អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres កាល​ពី​ថ្ងៃទី ២៩ កញ្ញា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់​ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក​។

    លោក Antonio Guterres បញ្ជាក់​ជា​ថ្មី​ថា ផែនការ​ច្របាច់​ទឹក​ដី​របស់ អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​របស់ រុស្ស៊ី គឺជា​សកម្មភាព​ «មិន​សម​ស្រប​ទៅ​នឹង​ក្រប​ខណ្ឌ​នៃ​ច្បាប់អន្តរជាតិ​​» និង​ដើរ​ផ្ទុយ​ពី​តម្លៃ​របស់​សហគមន៍​អន្តរជាតិ​។

    អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី ២៧ កញ្ញា បាន​សន្មត​​ថា ការបោះ​ឆ្នោត​ប្រជាមតិ​កន្លង​មក​នៅ​ក្នុង​ ៤ តំបន់​ដែល​ រុស្ស៊ី កំពុង​គ្រប់​គ្រង​នៅ​លើ​ទឹក​ដី របស់ អ៊ុយក្រែន គឺជា​ទង្វើ​ខុស​ច្បាប់​។

    អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres បន្ថែម​ថា «ទង្វើ​នេះ​គឺជា​ការ​ប្រមាថ​ចំពោះ​គោល​ដៅ និង​គោល​ការណ៍​របស់​ អង្គការ​សហប្រជាជាតិ។ នេះ​គឺជា​ជំហាន​ដែល​បង្ក​ភាព​តាន​តឹង​ដ៏គ្រោះ​ថ្នាក់​។ វា​មិន​អាច​មាន​វត្តមាន​នៅ​ក្នុង​ពិភពលោក​សម័យ​ថ្មី ហើយ​យើង​មិន​អាច​ទទួល​យក​បាន»។

    តាម​រយៈ​ការ​រឹប​អូស​តំបន់ Donetsk, Lugansk, Kherson និង Zaporizhzhia រុស្ស៊ី កំពុង​តែ​​​គំរាម​កំហែង​​ដល់​ក្ដី​រំពឹង​អំពី​សន្តិភាព​ នេះ​បើ​តាម​លោក Antonio Guterres។ លោក​បន្ថែម​ថា មូស្គូ នឹង​អូស​បន្លាយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងន់​ដល់​សេដ្ឋកិច្ច​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ទន្ទឹម​នឹង​ការ​រារាំង​សកម្មភាព​ជំនួយ​មនុស្ស​ធម៌​នៅ អ៊ុយក្រែន និង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​។

    ប្រតិភូ​របស់ រុស្ស៊ី ប្រចាំ​ អង្គការ​សហប្រជាជាតិ​ ក្រោយ​មក​ក៏​បាន​ជំទាស់​នឹង​សារ​របស់​លោក Antonio Guterres ដោយ​បាន​លើក​ឡើង​​ថា សម្ដី​របស់​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ មាន​ភាព​​លម្អៀង​ទៅ​រក​លោក​ខាង​លិច​៕

  • សភាអាម៉េរិក អនុម័ត​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ១២ ពាន់​លាន​ដុល្លារ​ សម្រាប់​ អ៊ុយក្រែន

    សភាអាម៉េរិក អនុម័ត​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ១២ ពាន់​លាន​ដុល្លារ​ សម្រាប់​ អ៊ុយក្រែន

    កាលពី​ថ្ងៃទី ២៩ កញ្ញា សភា​ជាន់ខ្ពស់​អាម៉េរិក បាន​អនុម័ត​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច និង​យោធា​ថ្មី តម្លៃ​ ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​ ប្រទេស​អ៊ុយក្រែន​។

    ការ​សម្រេច​ខាង​លើ​ ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​តំណាង​រាស្ត្រ​របស់​ បក្សសាធារណរដ្ឋ និង​ បក្ស​ប្រជាធិបតេយ្យ​ និង​អនុញ្ញាត​ឱ្យ​ ប្រធានាធិបតី​ ចូ បៃដិន យក​អាវុធ និង​សម្ភារៈ​យោធា​តម្លៃ​ ៣.៧ ពាន់​លាន​ដុល្លារ​ ពី​ឃ្លាំង​របស់ កងទ័ព​អាម៉េរិក ដើម្បី​ផ្គត់ផ្គង់​ដល់ អ៊ុយក្រែន​។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ខ្ទង់​ប្រាក់​ជំនួយ​ ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​អាវុធ​ សម្ភារៈ និង​ផ្ដល់​ជា​ប្រាក់​ខែ​ដល់​ទាហាន​របស់ អ៊ុយក្រែន រួម​នឹង​ ៤.៥ ពាន់​លាន​ដុល្លារ​ទៀត​ សម្រាប់​ជួយ​ឱ្យ​ ទីក្រុង​កៀវ ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ក៏ដូចជា​​ទ្រទ្រង់​រដ្ឋាភិបាល​ និង​ផ្ដល់​សេវាសាធារណៈ​ដល់​ប្រជាប្រជន​នៅ អ៊ុយក្រែន​។

    មុននោះ កាលពី​ថ្ងៃទី ២៨ កញ្ញា សហរដ្ឋ​អាម៉េរិក បាន​ប្រកាស​អំពីកញ្ចប់​ជំនួយ​យោធា​ថ្មី រួម​មាន​អាវុធ និង​សម្ភារៈ​យោធា​សម្រាប់​ អ៊ុយក្រែន​ ដែល​មាន​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​ ដើម្បី​ស្ដារ​កម្លាំង​ទ័ព​អ៊ុយក្រែន ក្នុង​រយៈ​ពេល​វែង និង​មធ្យម​។

    យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់ សហរដ្ឋ​អាម៉េរិក ដំណាក់​កាល​​ផ្គត់ផ្គង់​អាវុធ​ថ្មី​នឹង​ត្រូវ​ការ​ពេលពី ៦ ទៅ ២ ឆ្នាំ ដើម្បី​រៀប​ចំ និង​ប្រគល់​ ដោយ​ផ្ដោត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ពារ​ជាតិ​យូរអង្វែង​របស់ អ៊ុយក្រែន ខណៈ​ដែល​សម្ព័ន្ធ​មិត្ត និង​ដៃគូសហការ បង្កើន​ល្បឿន​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​យោធា និង​គ្រាប់​រំសេវ​សម​ស្រប​សម្រាប់​តម្រូវ​ការ​បន្ទាន់​បំផុត​។ មន្ត្រី​ខាងលើ​និយាយ​ថា ប្រព័ន្ធ​មីស៊ីល​ចល័ត HIMARS តំណាង​ឱ្យ «ផ្នែក​សំខាន់​បំផុត​នៃ​​កងកម្លាំង​ប្រយុទ្ធ​របស់ អ៊ុយក្រែន នា​ពេល​អនាគត»។

    ព័ត៌មាន​ខាងលើ​លេច​ឡើង​នៅ​ក្នុង​ពេល​ដែល រុស្ស៊ី បាន​ចេញ​បទបញ្ជា​កែន​ទ័ព​ប្រមាណ ៣ លាន​នាក់​ ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ ប្រទេស​អ៊ុយក្រែន​៕

  • គម្រោង​បង្កើត​រោង​ចក្រ​ថ្មី​ចំនួន ៤ ទៀត​ ទទួល​​​បាន​ការ​អនុម័ត​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    គម្រោង​បង្កើត​រោង​ចក្រ​ថ្មី​ចំនួន ៤ ទៀត​ ទទួល​​​បាន​ការ​អនុម័ត​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​​ថ្មី​ចំនួន ៤ ទៀត​ ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជិត​ ២៤ លាន​ដុល្លារ​អាម៉េរិក​។

    គម្រោង​បង្កើត​រោង​ចក្រ​ថ្មី​ចំនួន ៤ ដែល​នឹង​បង្កើត​ការ​ងារ​បានជិត ៣,០០០ កន្លែង​នេះ នឹង​ដាក់​ទីតាំង​នៅ​ ខេត្ត​ស្វាយ​រៀង​ ចំនួន ៣ រោង​ចក្រ និង​រោង​ចក្រ​ ១ ទៀត​នៅ​ក្នុង​ ក្រុង​ព្រះសីហនុ។

    គម្រោង​បង្កើត​រោង​ចក្រ​ថ្មី​ទាំង​នេះ​រួម​មាន​ដូច​ខាង​ក្រោម ៖

    ១- “HOME STYLE LIVING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៦.៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៨០ កន្លែង។

    ២- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៥០ កន្លែង។

    ៣- “GREEN LINK ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១,៥០០ កន្លែង។

    ៤- “RAINBOW LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អរ និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៧០ កន្លែង។

  • បេក្ខភាព​អាម៉េរិក យក​ឈ្នះ​លើ​គូប្រជែង​មក​ពី រុស្ស៊ី ក្នុង​ការ​បោះឆ្នោត​នៅ​ អង្គការ​សហប្រជាជាតិ

    បេក្ខភាព​អាម៉េរិក យក​ឈ្នះ​លើ​គូប្រជែង​មក​ពី រុស្ស៊ី ក្នុង​ការ​បោះឆ្នោត​នៅ​ អង្គការ​សហប្រជាជាតិ

    ក្នុង​ការ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់​ អង្គការ​សហប្រជាជាតិ សម្រាប់​​អាណត្តិ​ ៤ ឆ្នាំ​ខាង​មុខ​ បេក្ខភាព​អាម៉េរិក បាន​យក​ឈ្នះ​លើ​គូប្រជែង​មក​ពី រុស្ស៊ី។

    Doreen Bogdan-Martin ជា​បេក្ខភាព​មក​ពី សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី ២៩ កញ្ញា​នេះ បាន​យក​ឈ្នះ​លើ​ Rashid Ismailov មក​ពី រុស្ស៊ី នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​នៃ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) របស់​ អង្គការ​សហប្រជាជាតិ ដោយ​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ ១៣៩ សន្លឹក​ ក្នុង​ចំណោម​​សន្លឹក​​ឆ្នោត​ ១៧២ សន្លឹក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ Bucharest នៃ​ ប្រទេស​រូម៉ានី​។

    លោកស្រី Bogdan-Martin អាយុ ៥៦ ឆ្នាំ បាន​ក្លាយ​ជា​មេដឹកជា​ស្ត្រី​ភេទ​ដំបូង​បង្អស់​របស់ ITU ​ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ ​ទីក្រុងហ្សឺណែវ ប្រទេស​ស្វ៊ីស​។ លោកស្រី​ធ្លាប់​កាន់​តំណែង​ជា​មេដឹក​នាំ​ស្ថាប័ន​អភិវឌ្ឍ​ទូរគមនាគមន៍​របស់ ITU។

    លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថាជា​សញ្ញា​វិជ្ជមាន​សំខាន់​មួយ​ដែល​បង្ហាញ​ថា ការ​ប្រឹង​ប្រែង​របស់​ អឺរ៉ុប ក្នុង​ការ​ដាក់​ រុស្ស៊ី ឱ្យ​នៅ​ឯកា​ផ្នែក​ការ​ទូត នៅ​ អង្គការ​សហប្រជាជាតិ​ ទាក់​ទិននឹង​សង្គ្រាម​នៅ អ៊ុយក្រែន​ មាន​ប្រសិទ្ធភាព​។

    លោកស្រី Bogdan-Martin

    ITU ត្រូវ​បាន​បង្កើត​ឡើងកាលពី​ឆ្នាំ​ ១៩៦៥។ បច្ចុប្បន្ន ស្ថាប័ន​នេះ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានា​លើ​បណ្ដាញ​ទំនាក់​ទំនង​អន្តរជាតិ​សម្រាប់​ក្រុម​ហ៊ុន និង​ប្រជា​ពលរដ្ឋ​ ទន្ទឹម​នឹង​ការ​បង្កើត​បទដ្ឋាន​សម្រាប់​បច្ចេកវិទ្យា​ថ្មី មាន​ដូច​ជា​បញ្ញាសិប្បនិម្មិត​។ល។

    សហរដ្ឋ​អាម៉េរិក ធ្លាប់​កាន់កាប់​តំណែង​ប្រធាន​ ITU ចន្លោះ​ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៦៥ ខណៈ​ដែល​ សូវៀត និង រុស្ស៊ី ពុំ​ធ្លាប់​មាន​តំណាង​ណា​ម្នាក់​បាន​​​កាន់កាប់​តំណែង​នេះ​​នៅ​ឡើយ៕

  • យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រើ​ថាមពលអគ្គិសនី​ទាំង​ស្រុង​ ហោះ​ហើរ​ដោយ​ជោគជ័យ

    យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រើ​ថាមពលអគ្គិសនី​ទាំង​ស្រុង​ ហោះ​ហើរ​ដោយ​ជោគជ័យ

    យោង​តាម CNN យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​អគ្គិសនី​ទាំង​ស្រុង​ បាន​ហោះ​ហើរ​ដោយ​ជោគជ័យ​នៅក្នុង​ជើង​ហោះ​ហើរ​រយៈ​ពេល ៨ នាទី ក្នុង​រយៈ​កម្ពស់​ប្រហែល​ជាង ១,០០០ ម៉ែត្រ​។

    ក្រុមហ៊ុន Eviation របស់ អ៊ីស្រាអែល បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​បើកបរ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ទាំង​ស្រុង Alice កាលពី​ថ្ងៃទី ២៧ កញ្ញា​ ដោយ​ហោះឡើងពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុងស្រុក Grant រដ្ឋវ៉ាស៊ីងតោន សហរដ្ឋ​អាម៉េរិក​។ យន្តហោះ​ដែល​មិន​បំភាយ​ឧស្ម័ន​នេះ​ ហោះ​ហើរ​ក្នុង​កម្ពស់ ១,០៦៦ ម៉ែត្រ​ នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ដែល​អូស​បន្លាយ​ពេល​ ៨ នាទី​។

    «នេះ​គឺជា​ប្រវត្តិសាស្ត្រ» ប្រធាន​ក្រុមហ៊ុន Eviation លោក Gregory Davis ថ្លែង​ដូច្នេះ និងបន្ថែមថា «យើង​មិន​ធ្លាប់​បាន​ឃើញ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​ម៉ាស៊ីន​លើ​យន្ត​ហោះ​ ចាប់តាំង​ពី​ការ​ប្ដូរ​ពី​ម៉ាស៊ីន​ piston មក​ម៉ាស៊ីន turbine»។

    ដោយ​ប្រើ​ប្រាស់ថ្ម​ដែល​មាន​បច្ចេកវិទ្យា​ដូចទៅ​នឹង​ថ្ម​រថយន្តអគ្គិសនី ឬ​ទូរស័ព្ទ និង​ការ​បញ្ចូល​ថាមពល​ត្រឹម​តែ​ ៣០ នាទី យន្តហោះ Alice ដែលដឹក​ភ្ញៀវ​ ៩ នាក់ អាច​ហោះហើរ​បាន​ក្នុង​ ១ ម៉ោង​។ យន្តហោះ​នេះ​មានល្បឿន​ឡើង​ដល់ ៤៦៣ គីឡូម៉ែត្រ​/​ម៉ោង​។ យន្តហោះ Boeing 737 ដំណើរ​ការ​ដោយ​ប្រេងសាំង មាន​ល្បឿន​ ៩៤០ គីឡូម៉ែត្រ​/ម៉ោង​។

    ក្រុម​ហ៊ុន​ Eviation ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៥ ហើយ​ផ្ដើម​អភិវឌ្ឍ​យន្តហោះ​អគ្គិសនី Alice តាំង​ពី​ពេល​នោះ​។ ក្រុមហ៊ុន​នេះ​សង្ឃឹមថា ឆ្នាំ​ ២០២៥ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពី សហរដ្ឋ​អាម៉េរិក ហើយ​សាកល្បង​ហោះ​ហើររយៈ​ពេល​ពី ១ ទៅ ២ ឆ្នាំ​ មុន​ពេល​ប្រគល់​ Alice ដល់​ដៃ​អតិថិជន​៕

  • កូរ៉េខាងត្បូង មាន​មហិច្ឆតា​ក្ដោប​ក្ដាប់មួយភាគ​ធំ​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក

    កូរ៉េខាងត្បូង មាន​មហិច្ឆតា​ក្ដោប​ក្ដាប់មួយភាគ​ធំ​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក

    យោង​តាម Korea Times កូរ៉េខាងត្បូង​ កំពុងរក​វិធី​ជំរុញ​សកម្មភាព​ផលិត​រថយន្ត​អគ្គិសនី​ និង​កំណត់គោល​ដៅ​បង្កើន​ការ​ក្ដោប​ក្ដាប់​ទី​ផ្សារ​ឱ្យ​បាន​ទ្វេ​ដង​ធៀប​នឹង​បច្ចុប្បន្ន របស់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ និងយក​ចំណែក​ទីផ្សារ​​ឱ្យ​បាន​ ១២% នៅ​ឆ្នាំ​ ២០៣០​។

    យោង​តាម​ ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាង​ត្បូង រដ្ឋាភិបាល​ប្រទេស​នេះ​បាន​សន្យា​ផ្ដល់ការ​អនុគ្រោះ​ពន្ធ​ និង​វិធានការ​គាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​របស់​បណ្ដា​ក្រុមហ៊ុន​ផលិតរថយន្ត​ ឱ្យ​បាន​ដល់​ ៦៦.០៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៦​។

    ក្រុម​អ្នកផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង មាន​ផែនការ​បង្កើន​បរិមាណ​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ដល់ ៣.៣ លាន​គ្រឿង​នៅ​ឆ្នាំ​ ២០៣០ សម្រាប់ពិភពលោក ច្រើន​ជាង​ឆ្ងាយ​ធៀប​នឹង​ប្រហែល ២៥៤,០០០ គ្រឿង​កាលពី​ឆ្នាំ​កន្លង​ ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី ១២% នៅ​ទូទាំង​សកល​លោក​។ កាលពី​​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង កាន់កាប់ ៥% នៅ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក​។

    ដើម្បី​សម្រេច​បាន​គោលដៅ ក្រុម​អ្នក​ផលិតរថយន្ត​ក្នុង​ស្រុក​របស់ កូរ៉េខាងត្បូង សន្យា​ថា​នឹង​ធ្វើកិច្ច​ការ​សំខាន់​ៗ​ជា​ច្រើន​ មាន​ដូចជា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ផ្ដាច់​មុខ​របស់​ពួក​គេ​សម្រាប់​រថយន្ត​អគ្គិសនី​ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​វិស័យ​រថយន្ត​ ក៏ដូចជា​បង្កើត​ក្រុម​ហ៊ុន​រាប់រយ​ដែល​មាន​ជំនាញ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធីបច្ចេកវិទ្យា​សម្រាប់​​រថយន្ត​អគ្គិសនី​ ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០​។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិស័យ​រថយន្ត​អគ្គិសនី​ ក្នុង​នោះ បច្ចេកវិទ្យា​បើកបរ​ស្វ័យ​ប្រវត្ត​សម្រាប់​រថយន្ត​អគ្គិសនី​នឹង​ត្រូវ​បាន​វិនិយោគ​ ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​ផលិត​ចាប់ពី​ឆ្នាំ​ ២០២៤​ ទន្ទឹម​នឹង​ការ​ជួយ​គាំទ្រ​វិស័យ​នេះ​ តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​ ការ​ជំរុញ​ការ​ប្រើប្រាស់​រយន្ត​អគ្គិសនីជា​ដើម​។ល។