Author: សឿន សំណាង

  • Jeep បង្ហាញ​​រថយន្ត​អគ្គិសនី​ដំបូង​នៅ ប៉ារីស និង​គ្រោង​លក់​តែ​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ អឺរ៉ុប ចាប់​ពី​ឆ្នាំ​ ២០៣០

    Jeep បង្ហាញ​​រថយន្ត​អគ្គិសនី​ដំបូង​នៅ ប៉ារីស និង​គ្រោង​លក់​តែ​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ អឺរ៉ុប ចាប់​ពី​ឆ្នាំ​ ២០៣០

    យីហោ​​រថយន្ត​ Jeep មាន​ផែនការ​សម្រេច​គោល​ដៅ​លក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ ១០០% នៅ​ចុង​ទសវត្សរ៍​នេះ​ ក្នុងនោះ រថយន្ត​អគ្គិសនី​ដំបូង​របស់ Jeep គឺ Jeep Avenger នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ពិភព​រថយន្ត​​ប៉ារីស Mondial de L’Automobile នៅ​សប្ដាហ៍​ក្រោយ​។

    Jeep Avenger ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់ Jeep អាច​បរបាន​ ៤០០ គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​រួច​។ Jeep Avenger នឹង​ត្រូវ​បាន​ផលិត​ដោយ​យោង​ទៅ​លើ​ថ្នាល​ STLA Small។ រថយន្ត​អគ្គិសនី​ប្រភេទ​​ SUV ខ្នាតតូច​របស់ Jeep នេះ នឹង​មាន​​សមត្ថភាព​ «មិន​រើស​សណ្ឋានផ្លូវ​ឡើយ» នេះ​បើ​តាម Antonella Bruno មេដឹកនាំ​របស់ Jeep អឺរ៉ុប នៃ​ក្រុម​ហ៊ុន​ Stellantis។

    រថយន្ត​អគ្គិសនី Jeep Avenger នឹង​ត្រូវ​បាន​ផលិត​នៅ​ ប៉ូឡូញ និង​មាន​គម្រោង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅ អឺរ៉ុប នៅ​ដើម​ឆ្នាំ​ ២០២៣ មុន​ពេល​បាន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​​ ជប៉ុន និង​ កូរ៉េខាងត្បូង។ល។

    Jeep មាន​គម្រោង​បង្ហាញ​រថយន្ត​អគ្គិសនី​ច្រើន​​ម៉ូដែល​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០២៥​ និង​កំណត់​គោល​ដៅ​ថា រថយន្ត​ Jeep ដែល​ត្រូវ​បាន​លក់​នៅ អឺរ៉ុប ចាប់​ពី​​​ឆ្នាំ​ ២០៣០ នឹង​សុទ្ធ​តែ​ជា​រថយន្ត​អគ្គិសនី​។ រថយន្ត​អគ្គិសនី​ម៉ូដែល​បន្ត​​បន្ទាប់​​របស់​ Jeep រួម​មាន​ Jeep Wagoneer S និង Jeep Recon។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៣ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៣ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១១ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១២ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៤ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៥២ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨១៦ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់៕

  • មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្កោលទោស​រុស្ស៊ី ករណី​រឹបអូស​ ៤​ ខេត្ត​របស់ អ៊ុយក្រែន

    មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្កោលទោស​រុស្ស៊ី ករណី​រឹបអូស​ ៤​ ខេត្ត​របស់ អ៊ុយក្រែន

    មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​ចំពោះ​ រុស្ស៊ី ដែល​បាន​ច្របាច់​បញ្ចូលទឹក​ដី​​ ៤ ខេត្ត​របស់​ អ៊ុយក្រែន ទៅ​ក្នុង​ប្រទេស​ខ្លួន​ ដែល​នេះ​គឺជា​ការ​សម្រេច​ដែល​ ប្រធានាធិបតី​អាម៉េរិក អធិប្បាយ​ថា ជា​ការ​ផ្ញើ «សារ​យ៉ាង​ច្បាស់​» ដល់​ ទីក្រុង​មូស្គូ។

    សេចក្ដី​សម្រេច​ «ថ្កោលទោសចំពោះ​​ការ​ដែល​ សហព័ន្ធ​រុស្ស៊ី ប្រារព្ធ​អ្វី​ដែល​ហៅ​ថា ប្រជាមតិ​ខាង​ក្នុង​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​របស់ អ៊ុយក្រែន» ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១៤៣ និង​សំឡេង​ប្រឆាំង​ចំនួន ៥ ​ក្នុង​ការ​បោះ​ឆ្នោត​នៃ​ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី ១២ តុលា​ ២០២២​។

    ក្នុង​ចំណោម​ប្រទេស​ចំនួន ៣៥ ដែល​បាន​បោះ​ឆ្នោត​អនុបវាទ​ ក៏​មាន​ ប្រទេស​ចិន ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង និង​ ប៉ាគីស្ថាន​ ផងដែរ​។ ចំណែក​ ៥ ប្រទេស​ដែល​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ថ្កោល​ទោស​លើ​ រុស្ស៊ី រួម​មាន រុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី និង នីការ៉ាហ្កា។

    សេចក្ដី​សម្រេច​ថ្កោល​ទោស​ខាងលើ​ ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​របស់ អង្គការ​សហប្រជាជាតិ​ និង​អន្តរជាតិ មិន​ទទួល​ស្គាល់​រាល់​ការ​ប្រែប្រួល​ដែល​ រុស្ស៊ី បាន​ប្រកាស​ ស្ដីពី​ព្រំដែន​ និង​ស្នើ​ឱ្យ​ ទីក្រុង​មូស្គូ «ធ្វើ​បញ្ច្រាស​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​» ចំពោះ​ការ​សម្រេច​របស់​ខ្លួន​។

    ថ្មី​ៗ​នេះ រុស្ស៊ី បាន​រឹបអូស​ទឹក​ដី​ ៤ ខេត្តរបស់ អ៊ុយក្រែន រួម​មាន Donetsk, Lugansk, Kherson និង Zaporizhzhia តាម​រយៈ​ការ​វាយចូល​​កាន់កាប់​ និង​ការ​ធ្វើប្រជាមតិ​។ អ៊ុយក្រែន និង​សម្ព័ន្ធ​មិត្ត​ បាន​ថ្កោល​ទោស​ទង្វើ​នេះ​របស់ ​រុស្ស៊ី​ មុន​នឹង​ សហរដ្ឋ​អាម៉េរិក និង​​ អាល់បានី ដាក់​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ថ្កោលទោស​ឡើង​ទៅ​កាន់​ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។

  • ទិដ្ឋភាព​កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា​របស់ កូរ៉េខាងជើង

    ទិដ្ឋភាព​កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា​របស់ កូរ៉េខាងជើង

    កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា ដែល​ស្ថិត​នៅ​លើ​អតីត​ទីតាំង​សម្រាប់​ការ​សាកល្បង​មីស៊ីល​ គឺជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ អាជ្ញាធរ​កូរ៉េ​ខាងជើង​។

    កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ Ryonpho ស្ថិត​នៅ​​ក្នុង​ស្រុក Hamju ភាគ​ខាង​កើត​ប្រទេស​ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាលពី​ថ្ងៃទី ១០​ តុលា ក្នុង​ឱ​កាស​ទិវា​បង្កើត​បក្ស​ពលករ​កូរ៉េខាងជើង​។

    បក្ស​ពលករ​ របស់ កូរ៉េខាង​ជើង កំពុង​រៀង​ផែនការ​ «ម្ចាស់​ការ និង​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ ដោយ​មាន​ផ្ទះកញ្ចក់​ Ryonpho ជា​និមិត្ត​រូប» លោក គីម ជុងអុន ថ្លែង​ដូច្នេះ​។

    ប្រធាន​រដ្ឋ​កូរ៉េខាងជើង​ បាន​អំពាវនាវ​ឱ្យ​សាងសង់​កសិដ្ឋាន​ធំៗជា​ច្រើន​ទៀត​ និង​បង្កើន​ចំនួន​ប្រភេទ​បន្លែបង្ការ ធានា​ការ​ផលិត​ គ្រប់គ្រង​បែប​វិទ្យា​សាស្ត្រ  និង​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​នៅ​តាម​កសិដ្ឋាន​។

    Jungphyong ដែល​ជា​កសិដ្ឋាន​ដូច​ទៅ​នឹង​ Ryonpho ប៉ុន្តែ​មាន​ទំហំ​តូច​ជាង និង​ស្ថិត​ក្នុង​ស្រុក​ Kyonsong ភាគឦសាន​ប្រទេស​ គឺជា​ទម្រង់​ផ្ទះកញ្ចក់​ដំបូង​ដែល កូរ៉េខាងជើង បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១៩​ ក្នុង​កិច្ច​ប្រឹងប្រែង​ «ខ្លួន​ទីពឹង​ខ្លួន» នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទិន​នឹង​កម្មវិធី​អាវុធ​នុយក្លេអែរ របស់ ទីក្រុង​ព្យុងយ៉ាង​។

    ក្នុង​កិច្ច​ប្រជុំ​កំណត់​គោល​នយោបាយ​សំខាន់​កាល​ពី​ខែ​ធ្នូ ២០២១ បក្ស​ពលករ​កូរ៉េខាងជើង បាន​ប្រកាស​ផែនការ​កែប្រែ​មូលដ្ឋាន​ទ័ព​អាកាស​ Ryonpho ឱ្យ​ទៅ​ជា​ «កសិដ្ឋាន​ស្វ័យ​ប្រវត្ត​កម្រិត​ខ្ពស់» អម​ជាមួ​យ​នឹង​គំរូ​ជនបទ​ថ្មី​ ដោយ​ចាត់​ទុក​ថា ទាំង​នេះ​គឺជា​អាទិភាព​ដំបូង​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

    លោក គីម ជុងអុន គឺជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ក្នុង​ការ​អភិវឌ្ឍ​កសិដ្ឋាន​ទំនើប​នេះ​ ក្នុង​បំណង​បង្កើន​ប្រភព​ផ្គត់ផ្គង់​បន្លែ​បង្ការ​។ ក្នុង​ថ្ងៃ​ធ្វើ​ទស្សនកិច្ច​ លោក គីម បាន​កោត​សរសើរ​ចំពោះ​ទាហាន និង​កម្មករ​ដែល​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សាងសង់​​កសិដ្ឋាន​ Ryonpho ដោយ​ប្រើពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

    តំបន់​​កសិដ្ឋាន​ Ryonpho ធ្លាប់​ជា​ទីលាន​បាញ់​សាកល្បង​មីស៊ីល​ប្លោង​រយៈ​ចម្ងាយ​ខ្លី​ ក្នុង​នោះ​ក៏​មាន KN-25 ដែល​បាន​សាកល្បង​កាល​ពី​ខែ​វិច្ឆិកា ២០១៩​ និង​ KN-23 សាកល្បង​កាល​ពី​ឆ្នាំ​ ២០២១​។ ក្រៅ​ពី​កសិដ្ឋាន​ផ្ទះកញ្ចក់ តំបន់​ខាងលើ​នេះ​ក៏​មាន​ផ្ទះស្នាក់​នៅ សាលា​រៀន មជ្ឈមណ្ឌល​វប្បធម៌ និង​សេវាកម្ម​ចំនួន ១,០០០ ខ្នង​ផងដែរ​៕

  • កូរ៉េខាងជើង​ បាញ់​សាកល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​យុទ្ធសាស្ត្រ

    កូរ៉េខាងជើង​ បាញ់​សាកល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​យុទ្ធសាស្ត្រ

    កូរ៉េខាងជើង​ ប្រកាស​ថា បានបាញ់​សាក​ល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ​ ក្រោម​ការ​តាម​ដាន​របស់​មេដឹក​នាំ​ គីម ជុងអុន​។

    ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ឱ្យ​ដឹង​ថា មេដឹកនាំ​ គីម ជុងអុន បាន​តាម​ដាន​ដោយ​ផ្ទាល់​នូវ​ដំណើរ​ការ​បាញ់​សាកល្បង​ «មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​យុទ្ធ​សាស្ត្រ​ចំនួន​ពីរ​គ្រាប់» កាលពី​ថ្ងៃទី ១២ តុលា និង​បន្ថែម​ថា នេះ​គឺជា​ការ​សាកល្បង​ក្នុង​បំណង​បញ្ជាក់​អំពី​ភាព​ប្រាកដ​ប្រជា​ និង​សមត្ថភាព​ប្រយុទ្ធ​របស់​អាវុធ​នុយក្លេអែរ​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ជួរ​កងទ័ព​។

    មីស៊ីល​ពីរ​គ្រាប់​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល ១០,២៣៤ វិនាទី និង​ធ្លាក់​ចំ​គោល​ដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​ ២,០០០ គីឡូម៉ែត្រ​ពី​ទីតាំង​បាញ់​សាកល្បង​។

    «នេះគឺជា​ការ​ព្រមាន​ច្បាស់លាស់​សម្រាប់​សត្រូវ​។ កូរ៉េខាងជើង​ ត្រូវ​​បន្ត​ការ​ពង្រីក​សមត្ថភាព​ប្រយុទ្ធ​​របស់​កងកម្លាំង​ដែល​មាន​អាវុធ​នុយក្លេអែរ​ ដើម្បី​កំញើញ​​ដោយ​ការ​ប្ដេជ្ញា​នៅ​ក្នុង​វិបត្តិ​យោធា​នៅ​គ្រប់​កាល​ទេសៈ​ និង​មាន​ប្រៀប​ជាង​ទាំង​ស្រុង​» KCNA ដកស្រង់សម្ដី​របស់​លោក គីម ជុងអុន ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បាញ់​សាកល្បង​មីស៊ីល​។

    សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង ជប៉ុន មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់​ទិន​នឹង​ព័ត៌មាន​ខាងលើ​។ប៉ុន្តែ ប្រទេស​ទាំង​នេះ​កម្រ​នឹង​មាន​ប្រតិកម្ម​​​ទៅ​នឹង​ការ​សាកល្បង​នា​ពេល​កន្លង​ ដោយ​សារ​តែ​អាវុធ​ប្រភេទ​នេះ​មិន​ត្រូវ​បាន ​អង្គការ​សហប្រជាជាតិ​ហាម​ចំពោះ​ កូរ៉េខាងជើង​៕

  • ក្មេង​​អាយុ​ជាង​មួយ​ឆ្នាំ​ម្នាក់​នៅ​​ប្រទេស​អេស្ប៉ាញ ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​វះកាត់​ប្ដូរ​ពោះវៀន

    ក្មេង​​អាយុ​ជាង​មួយ​ឆ្នាំ​ម្នាក់​នៅ​​ប្រទេស​អេស្ប៉ាញ ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​វះកាត់​ប្ដូរ​ពោះវៀន

    ក្មេងតូច​ម្នាក់​អាយុ ១៧ ខែ​នៅ ប្រទេស​អេស្ប៉ាញ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បានទទួល​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​ពោះវៀន​ពី​ការ​បរិច្ចាគ​របស់​មនុស្ស​ម្នាក់ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ខ្សោយ​បេះដូង​​។

    ខាងលើ​នេះ​គឺជា​ការ​ប្រកាស​របស់​មន្ទីរ​ពេទ្យ​ La Paz នៅ​ រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃទី ១១ តុលា​ ២០២២​។

    កុមារ Emma ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ជំងឺ​ខ្សោយ​ពោះ​វៀន​កាល​ពី​ពេល​មាន​អាយុ​ទើប​តែ​ ១ ខែ ព្រោះ​តែ​ពោះវៀន​ខ្លី​ពេក​ មិន​អាច​ស្រូប​យក​ជីវជាតិ​បាន​គ្រប់​គ្រាន់​ នាំ​ឱ្យ​សុខភាព​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស​ ហើយ​នឹង​បាត់​បង់​ជីវិត​ បើសិន​មិន​បាន​ប្ដូរ​ពោះ​វៀន​។

    ក្រៅ​ពី​ពោះ​វៀន Emma ក៏​ទទួល​បាន​ការ​វះកាត់​ប្ដូរ​ថ្លើម ក្រពះ លំពែង និងផាលថ្មី​ផងដែរ​។ បច្ចុប្បន្ន Emma ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ​​ ដោយ​សារ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​។

    ស្ថាប័ន​សុខាភិបាល​បាន​រង់ចាំ​រហូត​ដល់​កុមារ​រូប​នេះ​ពិត​ជា​បាន​សម្រប​ខ្លួន​រស់​នៅ​បាន​ជា​សរីរាង្គ​ថ្មី​ទាំង​ស្រុង​ ទើប​ប្រកាស​អំពី​ករណី​វះកាត់​ពិសេស​នេះ​។

    ចំណែក​អ្នក​ដែល​បាន​បរិច្ចាគ​ពោះវៀន​ឱ្យ​ Emma មុន​នោះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ឃើញថា បាន​ស្លាប់ដោយ​សារ​ជំងឺ​បេះដូង​​។ សរីរាង្គ​ខាង​ក្នុង​របស់​សប្បុរសជន​រូប​នេះ​ត្រូវ​បាន​យក​ចេញ និងចិញ្ចឹម​​រក្សា​ទុក​​ដោយ​ប្រើប្រាស់​ប្រព័ន្ធបេះដូង​ និងសួត​សិប្បនិម្មិត ECMO។

    អេស្ប៉ាញ​ គឺជា​ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​វះកាត់​ប្ដូរ​សរីរាង្គ​ខាង​ក្នុង​របស់​មនុស្ស​​ ដោយ​មាន​អត្រា​ជាង​ ១០២ ករណី​/​ពលរដ្ឋ​ ១ លាន​នាក់​៕

  • កម្ពុជា ឈរ​លំដាប់​លេខ​ ៥ ក្នុង​ការ​ព្យាករ​​អំពី​កំណើន​ GDP ឆ្នាំ​ ២០២២ នៅតំបន់ ASEAN+3

    កម្ពុជា ឈរ​លំដាប់​លេខ​ ៥ ក្នុង​ការ​ព្យាករ​​អំពី​កំណើន​ GDP ឆ្នាំ​ ២០២២ នៅតំបន់ ASEAN+3

    ស្ថាប័ន​ AMRO ព្យាករ​ថា សេដ្ឋកិច្ច​របស់​ កម្ពុជា នឹង​មាន​កំណើន​ ៥% ក្នុង​ឆ្នាំ​នេះ ហើយ​ឈរ​លំដាប់​ទី ៥  នៅ​ក្នុង​តំបន់​ ASEAN+3 ដោយ​នៅ​ពី​ក្រោម​ ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី។

    ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​ ASEAN+3​ (AMRO) ថ្មី​ៗ​នេះ​បាន​ប្រកាសទិន្នន័យ​ថ្មី​សម្រាប់​ខែ​តុលា ២០២២ នៃ​​របាយការណ៍​ស្ដីពី «ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់ ASEAN+3 ឆ្នាំ​ ២០២២»។

    យោង​តាម​របាយការណ៍​ខាងលើ​ AMRO ព្យាករ​ថា តំបន់​អាស៊ាន​ (ASEAN) នឹង​មាន​កំណើន​ ៥.៣% ក្នុង​ឆ្នាំ​នេះ ខ្ពស់​ជាង​ការ​ព្យាករកាលពី​ខែ​កក្កដា​ ២០២២ ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។

    AMRO បាន​ដំឡើង​ការ​ព្យាករអតិផរណា​ឆ្នាំ​ ២០២២ សម្រាប់​តំបន់​អាស៊ាន ឡើង​ដល់ ៧.៦% ដោយ​កើន​ ១.៤% ​ធៀប​នឹង​ខែ​កក្កដា​។ សម្រាប់​ឆ្នាំ​ ២០២៣ កំណើន​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ ៤.៩% ខណៈ​អតិផរណា​ត្រូវ​បាន​ AMRO ព្យាករ​ថា​ នឹង​ស្ថិត​ក្នុង​អត្រា​ ៤%​។

    សេដ្ឋកិច្ច​របស់​ កម្ពុជា ត្រូវ​បាន​ AMRO ព្យាករ​ថា នឹង​មាន​កំណើន​ ៥% ក្នុង​ឆ្នាំ​ ២០២២ ​ឈរ​លំដាប់​ទី ៥ ​ក្នុង​តំបន់​ ASEAN+3 (ASEAN+3 រួម​មាន ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ចិន ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន មីយ៉ានម៉ា និង ព្រុយណេ) ដោយ​ស្ថិត​នៅ​ពី​ក្រោម​ ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី៕

  • អាជ្ញាធរ​តំបន់​របស់ វៀតណាម ស្នើ​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស

    អាជ្ញាធរ​តំបន់​របស់ វៀតណាម ស្នើ​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស

    ដល់​ឆ្នាំ​ ២០៣០ ព្រលាន​យន្តហោះ​​ Lien Khuong ក្នុង​ខេត្ត Lam Dong នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ត្រូវ​បាន​ស្នើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ និង​ស្ថាបនា​អគារ​ដែល​អាច​ទទួល​អ្នក​ដំណើរ​បាន ៥ លាន​នាក់​/ឆ្នាំ​។

    ការិយាល័យ​អាកាសចរណ៍​វៀតណាម ទើប​តែ​មាន​របាយការណ៍​ដំបូង​ស្ដីពី​ការ​កែប្រែ​ផែនការ​សម្រាប់​ព្រលាន​យន្តហោះ​ Lien Khuong (ខេត្ត Lam Dong) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ​ ក្នុង​ដំណាក់​កាល​ដល់​ឆ្នាំ​ ២០៣០ ក្នុង​ទស្សនវិស័យ​ដល់​ឆ្នាំ​ ២០៥០​។

    យោង​តាម​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​ជំនាញ​ Lam Dong គឺជា​ខេត្ត​ក្នុង​តំបន់​ភ្នំ​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ និង​កសិផល​តម្លៃ​ខ្ពស់​។ នេះ​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អាកាសចរណ៍​។

    អាកាសយានដ្ឋាន​ខាងលើ​ត្រូវ​បាន​វិនិយោគ​ជា​មូលដ្ឋាន​ទៅ​តាម​ការ​ផែនការ​ដែល​បាន​សម្រេច​កាល​ពី​ឆ្នាំ ២០០៦ ប៉ុន្តែ តំបន់​អាកាសចរណ៍​ស៊ីវិល​របស់​អាកាស​យានដ្ឋាន​នេះ​ត្រូវ​ការ​ពង្រីក​បន្ថែម​ដើម្បីឱ្យ​សម​ស្រប​នឹង​ស្ថាន​ភាព​​។

    យោង​តាម​ការ​ព្យាករ នៅ​ក្នុង​ឆ្នាំ​ ២០៣០ អាកាសយានដ្ឋាន​ Lieng Khuong នឹង​អាច​ទទួល​អ្នក​ដំណើរ​ក្នុង​ស្រុក​បាន​ជាង ៤.៣ លាន​នាក់​ និង​អ្នក​ដំណើរ​អន្តរជាតិ​ជិត ៧ សែន​នាក់​ និង​ទំនិញ​ជាង​ ១៨,០០០ តោន​។

    ក្រោយ​ពី​បាន​វាយ​តម្លៃ​ស្ថាន​ភាព​ជា​ថ្មីទាក់​ទង​នឹង​ចំនួន​អ្នក​ដំណើរ និង​ទំហំ​ទំនិញជា​ដើម ស្ថាប័ន​ប្រឹក្សា​យោបល់​បាន​ស្នើ​ឱ្យ​កែ​ប្រែផែនការ​ ដើម្បី​​​​ពង្រីកព្រលាន​យន្តហោះ​​ Lieng Khuong ខាងលើ​ឱ្យ​ទៅ​ជា​​អាកាសយានដ្ឋាន​អន្តរជាតិ​ លំដាប់ 4E ដូចទៅ​នឹង​ អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​ព្រះ​សីហនុ

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១២ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១២ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៤ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១១ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០១ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៤១ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨១២ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់។

  • IMF និង WB ព្រមាន​អំពី​ហានិភ័យ​កើត​មាន​​វិបត្តិ​សេដ្ឋកិច្ច​សកលនៅ​​ឆ្នាំ​ ២០២៣

    IMF និង WB ព្រមាន​អំពី​ហានិភ័យ​កើត​មាន​​វិបត្តិ​សេដ្ឋកិច្ច​សកលនៅ​​ឆ្នាំ​ ២០២៣

    មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង ធនាគារ​ពិភពលោក (WB) សុទ្ធ​តែ​ព្រមាន​ថា សេដ្ឋកិច្ច​សកល​កំពុង​មាន​កំណើន​យឺត​មក​វិញ និង​អាច​ត្រូវ​យឺតយ៉ាវ​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​ ២០២៣។

    «ពិភពលោក​ទាំង​មូល​មាន​ហានិភ័យខ្ពស់​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ» RT ដក​ស្រង់ និង​ចុះ​ផ្សាយ​អំពី​​ការ​ព្យាករ​របស់​ ប្រធាន​ WB លោក David Malpass និង អគ្គនាយក​ IMF លោក​ស្រី Kristalina Georgieva លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃទី ១០​ តុលា​។

    មេដឹកនាំ​ស្ថាប័ន​ទាំង​ពីរ​ខាងលើ​សុទ្ធតែ​យល់​ថា ការ​ដែល​ធនាគារ​កណ្ដាល​នានា​បន្ត​ដំឡើង​ការ​ប្រាក់​ដើម្បី​គ្រប់​គ្រង​អតិផរណា​​​​ កំពុង​​តែ​បង្ក​ផល​ប៉ះពាល់​បញ្ច្រាស​ ដោយសារ​​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​​ត្រូវ​បាន​​បង្អាក់​។

    ប្រធាន​ WB លោក David Malpass

    លោក Malpass សង្កត់ធ្ងន់​ថា ​កំណើន​​សេដ្ឋកិច្ច​យឺត​មក​វិញ​នៅ​តាម​​បណ្ដា​ប្រទេស​អភិវឌ្ឍ និង​និន្នាការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ កំពុង​តែ​ផ្ដល់​សញ្ញា​អំពី​ស្ថាន​ភាព​វិបត្តិ​របស់​សេដ្ឋកិច្ច​ពិភពលោក​។

    លោក​ស្រី Georgieva យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក Malpass និង​ជឿ​ថា «ហានិភ័យ​វិបត្តិ​សេដ្ឋកិច្ច​បាន​កើន​ឡើង»។ លោក​ស្រីបន្ថែម​ថា ១/៣ នៃ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​នឹង​ធ្លាក់​ទៅ​ក្នុង​ឱនភាព​សេដ្ឋកិច្ច​​ និង​បាន​ព្រមាន​ថា ​ប្រទេស​ទាំង​នេះ​​អាច​នឹង​បាន​ឃើញ​​​សេដ្ឋកិច្ច​​មាន​កំណើន​អវិជ្ជមាន​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​ ២០២២ និង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២៣។

    អគ្គនាយក​ IMF លោក​ស្រី Kristalina Georgieva

    យោង​តាម​ មូលនិធិរូបិយវត្ថុ​អន្តរជាតិ ការ​ខាតបង់​ទូទាំង​សកលលោក​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​ អាច​ឡើង​ដល់ ៤​ ទ្រីលាន​ (៤,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​ ២០២៦​។ ក៏ប៉ុន្តែ លោក​ស្រី Georgieva ក៏​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​​រៀប​ចំគោលនយោបាយ​ ឱ្យ​ចាត់​វិធានការ​ដើម្បី​កុំឱ្យ​អតិផរណា​ក្លាយ​ជា​ «រថភ្លើង​ដែល​មិន​មាន​ហ្វ្រាំង»៕