Author: សឿន សំណាង

  • កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 01 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 01 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 01 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 01 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 02 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,993 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,930 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ក្រោយ​ការរង់ចាំ​រយៈពេល​បី​ឆ្នាំ

    រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ក្រោយ​ការរង់ចាំ​រយៈពេល​បី​ឆ្នាំ

    (សហរដ្ឋ​អាម៉េរិក)-ក្រោយ​ការរង់ចាំ​អស់​រយៈពេល 40 ខែ រ៉ុក្កែត​រុញច្រាន​ធុន​ធ្ងន់ Falcon Heavy របស់​ក្រុមហ៊ុន SpaceX បាន​ហោះ​ឡើង​ម្ដងទៀត​កាលពី​ថ្ងៃទី 01 វិច្ឆិកា ដោយ​ប្រើប្រាស់​កំណាត់​រុញច្រាន​ថ្មី​ទាំងស្រុង។

    រ៉ុក្កែត Falcon Heavy របស់​ក្រុមហ៊ុន SpaceX ដែល​រួមមាន​កំណាត់​រុញច្រាន​ចំនួន 3 ដំបូង​របស់ Falcon 9 ត​ភ្ជាប់​ជាមួយគ្នា បាន​ហោះ​ឡើង​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស Kennedy (KSC) កាលពី​ព្រឹក​ថ្ងៃទី 01 វិច្ឆិកា ក្នុងពេល​មេឃ​ចុះ​អ័ព្ទ​ក្រាស់។ រ៉ុក្កែត​នេះ​ដឹកទំនិញ​ប្រភេទ​សម្ងាត់​ជាច្រើន​មុខ​ឡើងទៅ​កាន់​គន្លង​គោចរ​សម្រាប់​កងកម្លាំង​អវកាស​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​បេសកកម្ម USSF-44។

    បេសកកម្ម USSF-44 គឺជា​ការហោះហើរ​ជើង​ទី 4 របស់ រ៉ុក្កែត Falcon Heavy រាប់​ចាប់តាំងពី​ធ្វើ​សកម្មភាព និង​ជា​លើកដំបូង​ចាប់តាំងពី​ខែមិថុនា 2019។

    ជើងហោះហើរ​ដំបូង​កាលពី​ខែកុម្ភៈ 2018 របស់ Falcon Heavy បាន​នាំយក​រថយន្ត Tesla Roadster ពណ៌​ក្រហម​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស រួម​នឹង​មនុស្ស​សិប្បនិម្មិត Starman ដែល​ត្រូវបាន​ដាក់ឱ្យ​អង្គុយ​នៅលើ​កៅអី​អ្នកបើកបរ ឡើងទៅ​កាន់​លំហ​អវកាស​អន្តរ​ភព។ ជើងហោះហើរ​បន្តបន្ទាប់​ចំនួន​ពីរ​ទៀត​របស់ Falcon Heavy ត្រូវបាន​ធ្វើឡើង​កាលពី​ខែមេសា 2019 ក្នុង​បេសកកម្ម​នាំយក​ផ្កាយរណប​ខ្នាត​ធំ Arabsat-6A ទៅកាន់​គន្លង​គោចរ និង​ខែមិថុនា 2019 នៅក្នុង​បេសកកម្ម STP-2៕

  • ពលរដ្ឋ​កូរ៉េខាងត្បូង បារម្ភ​អំពី «រថភ្លើង​អគ្គិសនី​ក្រោម​ដី​មាន​ហានិភ័យ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ដូច​កូន​ផ្លូវ​នៅ Itaewon»

    ពលរដ្ឋ​កូរ៉េខាងត្បូង បារម្ភ​អំពី «រថភ្លើង​អគ្គិសនី​ក្រោម​ដី​មាន​ហានិភ័យ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ដូច​កូន​ផ្លូវ​នៅ Itaewon»

    Lee អាយុ 30 ឆ្នាំ ជា​បុគ្គលិក​ការិយាល័យ មានការ​ពិបាក​ដកដង្ហើម​នៅពេល​ធ្វើដំណើរ​លើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​លេខ 9 នៅ សេ​អ៊ូ​ល។

    «ខ្ញុំ​មិនអាច​ដកដង្ហើម​បាន។ នេះ​មិនមែនជា​លើកដំបូង​ដែល​ខ្ញុំ​ពិបាក​ដកដង្ហើម​នៅពេល​ទៅធ្វើ​ការ​ដោយ​ជិះ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នាពេល​ព្រឹក ប៉ុន្តែ​ការធ្វើដំណើរ​នៅ​ព្រឹក​នេះ​ពិត​ជាមាន​សភាព​ធ្ងន់ធ្ងរ អារម្មណ៍​ដូចជា​កំពុងស្ថិត​ក្នុង​ភាពច្របូកច្របល់» Lee ដែល​បានធ្វើ​ដំណើរ​ពី​ស្ថានីយ Dangsan ទៅកាន់ Sinnonhyeon និយាយ​ដូច្នេះ​នៅពេល​ចាក​ចេញពី​រថភ្លើង​កាលពី​ព្រឹក​ថ្ងៃទី 31 តុលា។

    នាង​បានឱ្យដឹងថា រថភ្លើង​ខ្សែ​លេខ 9 តែងតែ​លើស​ចំណុះ​នៅក្នុង​ម៉ោង​ប្រញាប់។ នៅពេល​មនុស្សម្នា​បន្ត​ប្រជ្រៀត​គ្នា​ចូលទៅក្នុង​ទូរថភ្លើង​ដែល​កំពុង​ពេញ​ណែន Lee ចេះតែ​គិតដល់​ហេតុការណ៍​ដែល​អាច​កើតឡើង​ដូច​ទៅនឹង​ករណី​ប្រជ្រៀត​គ្នា​ស្លាប់​រាប់រយ​នាក់​នៅ Itaewon រដ្ឋធានី​សេ​អ៊ូ​ល កាលពី​ថ្ងៃទី 29 តុលា 2022។

    ខាងក្នុង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ កូរ៉េខាងត្បូង

    «បើទោះជា​ខ្ញុំ​មិន​មានមុខ​ក្នុង​ហេតុការណ៍​នៅ Itaewon កាលពី​យប់នោះ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ការស្លាប់​ដ៏​សាហាវ​អាច​កើតឡើង​នៅលើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នេះ» Lee រៀបរាប់​ដូច្នេះ។

    កាលពី​ព្រលប់​ថ្ងៃទី 29 តុលាឆ្នាំ 2022 ហេតុការណ៍​ដ៏​មហា​អាក្រក់​មួយ​បានកើត​ឡើង នៅពេល​មនុស្សម្នា​ចូលរួម​ពិធីបុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​នៅក្នុង​ផ្លូវ​តូច​មួយ​នៅ​ទីប្រជុំជន Itaewon បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 156 នាក់ និង​របួស 151 នាក់ គិត​ត្រឹម​ថ្ងៃទី 01 វិច្ឆិកា។

    ពលរដ្ឋ​កូរ៉េខាងត្បូង កន្លងមក​បាន​ស៊ាំ​ទៅនឹង​ស្ថានភាព​មនុស្ស​ច្រើន ការ​ប្រជ្រៀត​គ្នា​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង និង​ក្នុង​រថភ្លើង​ក្រោម​ដី នេះ​បើតាម Park Cheong-woong សាស្ត្រាចារ្យ​មួយរូប​មកពី​សាកលវិទ្យាល័យ Sejong។ ក៏ប៉ុន្តែ ហេតុការណ៍​ខាងលើ​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទាំងមូល​នៅ កូរ៉េខាងត្បូង។

    ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​ជាង​រយ​នាក់​នៅ សេអ៊ូល កាល​ពី​ថ្ងៃទី 29 តុលា 2022

    Lee Song-Kyu ដែលជា​មេដឹកនាំ​របស់​សមាគម​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​របស់ កូរ៉េខាងត្បូង បាន​ព្រមាន​ថា ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​អាច​កើត​មាននៅ​គ្រប់​ព្រឹត្តិការណ៍ ឬ​កម្មវិធី​ប្រមូលផ្ដុំ​គ្នាធំ៕

  • មហាអំណាច​អាស៊ី បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក (វីដេអូ)

    មហាអំណាច​អាស៊ី បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក (វីដេអូ)

    ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា បាន​បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ខ្នាត​យក្ស​ពីរ​គ្រឿង​ដែលមាន​បណ្ដោយ​ជិត 400 ម៉ែត្រ និង​អាច​ផ្ទុក​បាន​រហូតដល់ 24,346 កុងតឺន័រ​ប្រភេទ 20 feet។

    កប៉ាល់​ផ្ទុក​កុងតឺន័រ​ខាងលើ​ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Jiangsu Yangzi Xinfu Shibuilding ត្រូវបាន​បញ្ចេញ​ពី​រោងចក្រ​នៅក្នុង​ទីក្រុង Taixing នៃ​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា។

    កប៉ាល់នីមួយៗអាច​ផ្ទុក​បាន 24,346 TEU ឬ​កុងតឺន័រ​ស្ដង់ដា 20 feet ដែល​នេះ​ក៏​ជាការ​បំបែក​កំណត់ត្រា​ថ្មី​នៅក្នុង​វិស័យ​សាងសង់​កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស​របស់​ពិភពលោក។

    កប៉ាល់​ទាំងពីរ​គ្រឿង​ខាងលើ​សុទ្ធ​តែមាន​បណ្ដោយ 399.99 ម៉ែត្រ និង​ទទឹង 61.3 ម៉ែត្រ ហើយ​ទំហំ​របស់​ដំបូល​កប៉ាល់ (ship’s deck) ឡើងដល់ 24,000 ម៉ែត្រក្រឡា ធំ​ជាង 3.5 ដង បើ​ធៀប​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា។

    កប៉ាល់​ទាំងនេះ​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅក្នុង​ខែកុម្ភៈ 2023 ក្រោយពី​បាន​បំពាក់​ឧបករណ៍​ចុងក្រោយ និង​សាកល្បង​ធ្វើដំណើរ​លើ​សមុទ្រ​រួចរាល់។

    កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស គឺជា​កប៉ាល់​ដែលមាន​កម្លាំង​ផ្ទុក​ចាប់ពី 10,000 TEU ឡើងទៅ។ វិស័យ​សាងសង់​កប៉ាល់​របស់ ប្រទេស​ចិន កំពុង​បន្ត​នាំមុខគេ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុងអំឡុង 3 ត្រីមាស​ដើមឆ្នាំ 2022 ក្នុងនោះ បណ្ដា​កប៉ាល់​កុងតឺន័រ​ដែលមាន​កម្លាំង​ផ្ទុក​លើសពី 10,000 TEU កាន់កាប់ 51.7% នៃ​ចំណែក​ទីផ្សារ​ទូទាំង​ពិភពលោក៕

  • កូរ៉េខាងជើង​បាញ់​ប្លោង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងត្បូង​ប្រកាសអាសន្ន

    កូរ៉េខាងជើង​បាញ់​ប្លោង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងត្បូង​ប្រកាសអាសន្ន

    កូរ៉េខាងត្បូង បានប្រកាស​អាសន្ន និង​ឈ្លៀស​ប្រជាជន​នៅលើ​កោះ Ulleungdo នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត បន្ទាប់ពី​បានឃើញ​មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មក​កោះ​នេះ។

    អគ្គសេនាធិការ​រួម​កូរ៉េខាងត្បូង (JSC) នៅ​ថ្ងៃទី 02 វិច្ឆិកា ប្រកាសថា កូរ៉េខាងជើង បាញ់​ប្លោង​មី​ស៊ី​ល​មួយ​គ្រាប់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ សំដៅ​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត។ ករណី​បាញ់​ប្លោង​នេះ​កើតឡើង​នៅពេល​កងទ័ពអាកាសរ​បស់ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ចាប់ពី​ថ្ងៃទី 31 តុលា ដល់ 04 វិច្ឆិកា។

    ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានប្រកាស​អាសន្ន​ថា​មានការ​វាយប្រហារ​តាម​អាសន្ន និង​ឈ្លៀសមនុស្ស​នៅលើ​កោះ Ulleungdo នៅ​ភាគ​ខាងកើត​របស់ ឧបទ្វីប​កូរ៉េ។ ក្រុមមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បានឱ្យដឹងថា មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មកកាន់​កោះ Ulleungdo មុនពេល​ធ្លាក់​ទៅក្នុង​សមុទ្រ។

    មកដល់ពេលនេះ មន្ត្រី​កូរ៉េខាងជើង មិនទាន់​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ការបាញ់​ប្លោង​គ្រាប់​មី​ស៊ី​ល​នេះ​នៅឡើយ។

    រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី 01 វិច្ឆិកា បានស្នើ​ឱ្យ អាម៉េរិក និង កូរ៉េខាងត្បូង បញ្ឈប់​សកម្មភាព​សម​យុទ្ធ និង​បាន​ព្រមាន​ថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ការពារ​ប្រទេសជាតិ។ កូរ៉េខាងជើង ក៏បាន​ព្រមាន​ថា នឹង​ពិនិត្យ​លទ្ធភាព​សម្រាប់​ការឆ្លើយតប​ខ្លាំងក្លា​ជាង​មុន។

    សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

  • ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) ព្យាករ​ថា តម្រូវការ​ប្រេង​រ៉ែ​នឹង​ផ្ទុះ​ការកើនឡើង​ជាថ្មី

    ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) ព្យាករ​ថា តម្រូវការ​ប្រេង​រ៉ែ​នឹង​ផ្ទុះ​ការកើនឡើង​ជាថ្មី

    របាយការណ៍​ថ្មី​របស់ ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) យល់ថា តម្រូវការ​ប្រេង​ហ្វូ​ស៊ី​ល នឹង​នៅតែ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ខាងមុខ ដោយ​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ​នៅក្នុង​ឆ្នាំ 2040។

    OPEC យល់ថា តម្រូវការ​ប្រើប្រាស់​ប្រេង​នឹង​កើនឡើង​ខ្ពស់​នៅពេល​ចំនួន​ប្រជាជន និង​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ រីកចម្រើន​ខ្លាំង។ អង្គការ​នេះ​អះអាងថា តម្រូវការ​ប្រេង​ក្នុង​ឆ្នាំ 2025 នឹង​ឡើងដល់ 105.5 លាន​ធុង​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​ប្រហែល 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ​ដែល​បានលើកឡើង​កាលពី​ឆ្នាំ​កន្លង។ ឆ្នាំ 2021 ពិភពលោក​បាន​ប្រើប្រាស់​ប្រេង 97 លាន​ធុង/ថ្ងៃ។

    ការដែល​តម្រូវការ​ប្រេង​នៅ ប្រទេស​ចិន បន្ថយល្បឿន​មកវិញ រួម​នឹង​ការចាកចោល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​របស់​ប្រទេស​​លោក​ខាង​លិច​ នឹង​នាំឱ្យ​កំណើន​នៃ​តម្រូវការ​ប្រេង​រ៉ែ​ត្រូវ​ធ្លាក់ចុះ ហើយនឹង​ចុះ​ទាប​បំផុត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ខាងមុខ។ ក៏ប៉ុន្តែ OPEC នៅតែ​យល់ថា តម្រូវការ​ប្រេង​របស់​ពិភព​លោ​ល​នឹង​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ ចាប់ពី​ឆ្នាំ 2040 កើនឡើង​ជិត 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ 108.2 លាន​ធុង/ថ្ងៃ​ដែល​ពួកគេ​បាន​ព្យាករ​កាលពី​ឆ្នាំ 2021។

    OPEC ព្យាករ​ថា ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន 1.6 ពាន់​លាន​នាក់​បន្ថែមទៀត​ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2045។ 96% នៃ​កំណើន​របស់​ប្រជាជន​ថ្មី​នេះ​គឺ​ស្ថិតនៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ ដូច្នេះ បើ​ទោះ​តម្រូវ​ប្រេង​របស់​បណ្ដា​ប្រទេស​អ្នកមាន​ក្នុង​ក្រុម OECD នៅ​ឆ្នាំ 2045 នឹង​ថយចុះ 10.7 លាន​ធុង/ថ្ងៃ ក៏​តម្រូវការ​ប្រេង​ក្នុង​បណ្ដា​ប្រទេស​នៅក្រៅ​ក្រុម​នេះ កើន 23.6 លាន​ធុង/ថ្ងៃ។

    យោងតាម OPEC ថាមពល​ហ្វូ​ស៊ី​ល រួមមាន​ប្រេង​រ៉ែ ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​នឹង​នៅតែ​គ្រប់គ្រង​ទីផ្សារ​ច្រើន​ទសវត្សរ៍​ទៀត។ ថាមពល​នេះ​នឹង​កាន់កាប់​ប្រហែល 70% ក្នុងចំណោម​ថាមពល​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ 2045 ដោយ​ថយចុះ​បន្តិច​ធៀប​នឹង 80% នាបច្ចុប្បន្ន។ ការថយចុះ​នេះ​បណ្ដាលមកពី​ការកាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។ ចំណែក​ប្រេង​ឧស្ម័ន​វិញ នឹងមិន​មានការ​ប្រែប្រួល​ឡើយ។

    OPEC គិតថា វិស័យ​ឧស្សាហកម្ម​ថាមពល​ហ្វូ​ស៊ី​ល​នឹងត្រូវ​ការ​ខ្ទង់​ប្រាក់​វិនិយោគ 12.1 ទ្រី​លាន ( 12,100,000,000,000) ដុល្លារ​អាម៉េរិក រហូតដល់​ឆ្នាំ 2045 ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​ធានា​សន្តិសុខ​ថាមពល​របស់​ពិភពលោក។ តួលេខ​នេះ​ខ្ពស់ជាង 3 សែន​លាន ( 300,000,000,000) ដុល្លារ ធៀប​នឹង​ការ​ព្យាករ​កាលពី​ឆ្នាំមុន។

    ក៏ប៉ុន្តែ អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) បានឱ្យដឹងថា ខ្ទង់​ប្រាក់​វិនិយោគ​ថ្មី​សម្រាប់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ត្រូវតែ​ផ្អាក​ជា​​បណ្ដោះ​អាសន្ន បើ​សិន​ពិភពលោក​ចង់ឱ្យ​កម្ដៅ​របស់​ផែនដី​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន៕

  • ព្រលានយន្តហោះ​អន្តរ​ជាតិ​ Bokeo របស់​ប្រទេស​ឡាវ ស្ថាបនា​ជិត​រួចរាល់​ហើយ

    ព្រលានយន្តហោះ​អន្តរ​ជាតិ​ Bokeo របស់​ប្រទេស​ឡាវ ស្ថាបនា​ជិត​រួចរាល់​ហើយ

    ដំណើរការ​ស្ថាបនា​អាកាស​យានដ្ឋាន Bokeo របស់ ប្រទេស​ឡាវ បច្ចុប្បន្ន​សម្រេចបាន 86% ហើយ​គ្រោង​នឹង​បើក​ដំណើរ​សម្រាប់​ការហោះហើរ​ក្នុងស្រុក​ចាប់ពី​ចុងឆ្នាំ​នេះ។

    តាម​ផែនការ ជើងហោះហើរ​ក្នុងស្រុក​រវាង រដ្ឋធានី​វៀងចន្ទន៍ និង Bokeo នឹង​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ ពុធ និង​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍ បន្ទាប់មក​នឹង​បើក​ឱ្យមាន​ជើងហោះហើរ​អន្តរជាតិ។

    គម្រោង​ព្រលានយន្តហោះ Bokeo ដែល​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែកញ្ញា 2020 ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​សម្រាប់​ភាគ​ខាងជើង​ប្រទេស​នេះ ជាទី​ដែលមាន​តំបន់​កំសាន្ត​សម្បូរបែប និង​អាច​អូសទាញ​ភ្ញៀវ​ពី ប្រទេស​ចិន។

    ព្រលានយន្តហោះ Bokeo ស្ថិតនៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​ទំហំ 300 ហិកតា។ នេះ​គឺជា​ព្រលានយន្តហោះ​ទី​ពីរ​របស់​ខេត្ត Bokeo។ ព្រលាន​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ មានដូចជា Boeing 747 និង Airbus 320 ជាដើម។

    អគារ​ទទួលភ្ញៀវ​រប​ស់​ព្រលានយន្តហោះ Bokeo អាចដាក់​មនុស្ស​បាន 600 នាក់ ហើយ​នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញ​លេញ វា​នឹង​អាច​ទទួល​អ្នកដំណើរ​បា​ន​ពី 1.5 លាន ទៅ 2 លាន​នាក់/ឆ្នាំ។

    ព្រលាន​ដែល​ត្រូវបាន​សាងសង់​តាម​ទម្រង់​សម្បទាន 50 ឆ្នាំនេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍ Greater Bay Area Investment and Development (HK) Limited ដែលជា​សមាជិក​មួយរ​បស់ Dok Ngiew Kham Group និង​មាន​ទីស្នាក់ការ​នៅ ហុងកុង។ ខ្ទង់​ប្រាក់​វិនិយោគ​សម្រាប់ គម្រោង​នេះ គឺ 157 លាន​ដុល្លារ​អាម៉េរិក៕

  • តម្លៃ​ប្រេងសាំង​បច្ចុប្បន្ន នៅ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម

    តម្លៃ​ប្រេងសាំង​បច្ចុប្បន្ន នៅ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម

    ល្ងាច​ថ្ងៃទី 01 វិច្ឆិកា​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​កែប្រែ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី 01 ដល់​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។

    យោងតាម​ប្រកាស​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា តម្លៃ​លក់រាយ​សាំង​ធម្មតា EA92 គឺ 4,250 រៀល/លីត្រ និង​ប្រេងម៉ាស៊ូត DO 50ppm តម្លៃ 5,150 រៀល/លីត្រ។

    តម្លៃ​សាំង​នៅ​ប្រទេសជិតខាង​របស់ កម្ពុជា ៖ ប្រទេស​ថៃ តម្លៃ​លក់រាយ​សាំង​ធម្មតា ប្រហែល 3,900 រៀល/លីត្រ, នៅ​ទីផ្សារ វៀតណាម សាំង​ធម្មតា​តម្លៃ​ប្រហែល 3,700 រៀល/លីត្រ ខណៈដែល​នៅ​ប្រទេស​ឡាវ សាំង​ធម្មតា​មានតម្លៃ​ប្រហែល 4.900 រៀល/លីត្រ។

    តួលេខ​ខាងលើ​បង្ហាញថា សាំង​នៅ ប្រទេស​ឡាវ មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង 4 នេះ។ ចំណែក ប្រទេស​វៀតណាម វិញ សាំង​មានតម្លៃ​ទាប​ជាងគេ​បង្អស់។

  • «ទីផ្សារ​​មាន​តែ​​រថយន្ត​​អគ្គិសនី​ អ្នក​ក្រ​​នឹង​​មិន​មាន​​រថយន្ត​​ជិះ​​នឹង​​គេ»​ មេ​​របស់ ​BMW​ អះអាង​​ដូច្នេះ

    «ទីផ្សារ​​មាន​តែ​​រថយន្ត​​អគ្គិសនី​ អ្នក​ក្រ​​នឹង​​មិន​មាន​​រថយន្ត​​ជិះ​​នឹង​​គេ»​ មេ​​របស់ ​BMW​ អះអាង​​ដូច្នេះ

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​សម្ដែង​ការបារម្ភ​របស់ខ្លួន​អំពី​ការដែល​តំបន់​ជាច្រើន​បានប្រកាស​ហាម​លក់​រថ​យន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ក្រោយ។

    កាលពីពេលថ្មីៗនេះ ប្រទេស​ជាច្រើន​នៅ អឺរ៉ុប បានអនុម័ត​សេចក្ដីព្រាងច្បាប់ «ហាម​លក់​រថយន្ត​ចំហេះ​ក្នុង» (រថយន្ត​ប្រើ​សាំង/ម៉ា​ស៊ូ​ត) នៅ​តំបន់​នេះ​ចាប់ពី​ឆ្នាំ 2035។

    មុន​នោះ ទីក្រុង​មួយចំនួន​នៅ​ពាសពេញ​ពិភពលោក និង​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​កំណត់​គោលដៅ ហាម​លក់​រថយន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ថ្មី ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ដំបូង​នៃ​ឆ្នាំ 2030 ឬ​យ៉ាងយូរ​ចាប់ពី​ឆ្នាំ 2035។

    នាយក​ប្រតិបត្តិ Oliver Zipse របស់ BMW បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ការកំណត់​គោលដៅ​ខាងលើ នៅ​ពេល​​មាន​កិច្ច​សម្ភាស​ជាមួយ Reuters កាលពីពេលថ្មីៗនេះ។

    «យើង​មិន​ចង់ឱ្យ​រថយន្ត​ត្រូវបាន​ប្លន់​ពី​ដៃ​អ្នកប្រើប្រាស់​ទូទៅ» លោក Zipse សង្កត់ធ្ងន់​ដូច្នេះ។ «បើសិន​នៅសុខៗស្រាប់តែ​ប្រែក្លាយ​ឱកាស​កាន់កាប់​រថយន្ត​ឱ្យទៅជា​របស់​សម្រាប់តែ​អ្នកមាន នោះ​វា​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត»។

    តម្លៃ​រថយន្ត​អគ្គិសនី យ៉ាងហោច​នៅក្នុង​អនាគត​ខ្លី នៅតែ​ខ្ពស់ជាង 10,000 ដុល្លារ ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នៅក្នុង​ប្រភេទ ទំហំ​ដូចគ្នា។ ការដែល​មិនមាន​ជម្រើស​រថយន្ត​តម្លៃ​ទាប នឹងធ្វើ​ឱ្យ​ឱកាស​មាន​រថយន្ត​ជិះ ទៅជា​រឿង​ហួស​សមត្ថភាព ពិសេស​គឺ​នៅក្នុង​ស្ថានភាព​ដែល​តម្លៃ​រថយន្ត​ចេះតែ​កើនឡើង។

    យោងតាម CEO របស់ BMW បណ្ដា​ក្រុមហ៊ុន​រថយន្ត រួមទាំង​រដ្ឋាភិបាល​នានា គួរតែ​ផ្ដល់​ជម្រើស​ឱ្យបាន​ច្រើន​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ជំនួស​ឱ្យ​ការកំណត់​ដ៏​តឹងរឹង​នេះ។

    ក្រៅពី​នាយក​ប្រតិបត្តិ​របស់ BMW មុន​នោះ ក៏​មានមតិ​ប្រហាក់ប្រហែល​នេះដែរ ក្នុងនោះ​មានដូចជា​មតិ​របស់​នា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Renault លោក Luca de Meo ជាដើម៕

  • កូរ៉េខាងត្បូង ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​សេ​អ៊ូ​ល

    កូរ៉េខាងត្បូង ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​សេ​អ៊ូ​ល

    អាជ្ញាធរ​កូរ៉េខាងត្បូង ផ្ដល់​សំណង​ឡើងដល់ 14,000 ដុល្លារ ក្នុង​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់ និង​ផ្ដល់ជំនួយ​ជា​ប្រាក់​សម្រាប់​ពិធី​បុណ្យសព និង​យានយន្ត​ដឹកជញ្ជូន​សព។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 31 តុលា បានប្រកាស​អំពី​ខ្ទង់​ប្រាក់​សំណង​សម្រាប់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ​ក្រុង Itaewon។ យោងតាម​គោលការណ៍​ក្នុងការ​ផ្ដល់ជំនួយ​រប​ស់ ក្រសួងសន្តិសុខមាតុភូមិរបស់កូរ៉េ​ខាង​ត្បូង គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ក្នុង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​នឹង​ទទួលបាន​ប្រាក់​សំណង 20 លាន​វ៉ុ​ន (ប្រហែល 14,100 ដុល្លារ​អាម៉េរិក)។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ពី 5 លាន​វ៉ុ​ន (ប្រហែល 3,520 ដុល្លារ​អាម៉េរិក) ដល់ 10 លាន​វ៉ុ​ន (ប្រហែល 7,000 ដុល្លារ​អាម៉េរិក)។

    ក្រសួង​សន្តិសុខ​មាតុភូមិ​កូរ៉េខាងត្បូង បានប្រកាសថា នឹង​ផ្ដល់ជំនួយ​បន្ថែម​ដល់​គ្រួសារ​ដែលមាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ សម្រាប់​ការធ្វើ​ពិធី​បុណ្យសព និង​ការដឹកជញ្ជូន។ ខ្ទង់​ប្រាក់​ជំនួយ​នេះ​មាន​ចំនួន 15 លាន​វ៉ុ​ន (ប្រហែល 10,500 ដុល្លារ​អាម៉េរិក) សម្រាប់​ជនរងគ្រោះ​ម្នាក់។

    កូរ៉េខាងត្បូង បាន​កំណត់ថា ខណ្ឌ Yongsan នៅ រដ្ឋធានី​សេ​អ៊ូ​ល ជា​កន្លែង​ដែលមាន​ទីប្រជុំជន Itaewon គឺជា «តំបន់​គ្រោះមហន្តរាយ»។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol ក៏បាន​ប្រកាស​កាន់ទុក្ខ​ចាប់ពី​ថ្ងៃទី 30 តុលារ ដល់ 05 វិច្ឆិកា​ផងដែរ។

    ក្រុម​បុព្វជិត​កំពុង​សូត្រ​ធម៌​​​ជូន​ជន​រងគ្រោះ​ កាល​ពី​ថ្ងៃទី 31 តុលា

    រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យសព និង​បញ្ជូន​បុគ្គលិក​ទៅកាន់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជួយ​ជ្រោមជ្រែង។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ប័ណ្ណធានា​រ៉ាប់រង​ពីរ​ដ្ឋ និង​មាន​បុគ្គលិក​ម្នាក់​របស់​រដ្ឋ ទៅ​ជួយ​សម្រាលទុក្ខ បើសិនជា​ត្រូវការ។

    ក្រុមមន្ត្រី​កូរ៉េខាងត្បូង ក៏បាន​ប្រកាសថា គ្រួសារ​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ពី​ហេតុការណ៍​ប្រជ្រៀត​គ្នា​នេះ នឹង​ទទួលបាន​ការលើកលែង​ពន្ធ ព្រមទាំង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយផ្សេងៗ មានដូចជា​ការកាត់បន្ថយ ការលើកលែង ឬ​ពន្យារពេល​នៃ​ការទូទាត់​ថ្លៃ​សេវា​ទូរស័ព្ទ​ជាដើម។

    ហេតុការណ៍ប្រជ្រៀត​​ជាន់​គ្នា​​ខាងលើ​​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី 29 តុលា​ នៅ​ពេល​មនុស្ស​ប្រមាណ​ 100,000 នាក់​ចូលរួម​ពិធីបុណ្យ​ Halloween នៅ​ទីប្រជុំជន Itaewon ក្នុង​ រដ្ឋធានីសេអ៊ូល។ ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 156 នាក់ និង​ជាង 150 នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ​មាន​មនុស្ស​ជាច្រើន​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ៕