Author: សឿន សំណាង

  • ប្រទេស​ឡាវ ផលិត​សាំង​ជីវសាស្ត្រ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ឥន្ធនៈ​ពី​បរទេស

    ប្រទេស​ឡាវ ផលិត​សាំង​ជីវសាស្ត្រ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ឥន្ធនៈ​ពី​បរទេស

    រដ្ឋាភិបាល​ឡាវ កំពុងមាន​ផែនការ​ផលិត​ជីវ​ឥន្ធនៈ​​​ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​ប្រេងសាំង​ពី​បរទេស។

    ថ្មីៗនេះ ក្រុមហ៊ុន​ឥន្ធនៈ​រដ្ឋ​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន GAIA Petro របស់ កូរ៉េខាងត្បូង ដើម្បី​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផលិត​ឥន្ធនៈ​ជីវសាស្ត្រ (biofuel production project) ដែលមាន​តម្លៃ 20 លាន​ដុល្លារ​អាម៉េរិក នៅ ប្រទេស​ឡាវ។

    គម្រោង​នេះ​នឹងមាន​រោងចក្រ​មួយ​សាងសង់​នៅ​តំបន់ Dongphosy ក្នុង​ខណ្ឌ Hadxayfong នៃ រដ្ឋធានី​វៀងចន្ទន៍។

    ក្រុមហ៊ុន​កូរ៉េខាងត្បូង AGIA Petro កាន់កាប់​ភាគហ៊ុន 55% របស់​គម្រោង​នេះ ខណៈដែល 22.5% គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឥន្ធនៈ​រដ្ឋ​ឡាវ និង 22.5% ផ្សេងទៀត​គឺជា​កម្មសិទ្ធិ​របស់​ក្រុម​អ្នកវិនិយោគ​ក្នុងស្រុក។

    ដំណើរ​ការ​ផលិត​របស់​រោង​ចក្រ​ផលិត​ជីវឥន្ធនៈ

    ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ខាងលើនេះ បានកំណត់​គោលដៅ​ថា នឹង​ផលិត​សាំង​ជីវសាស្ត្រ​ឱ្យបាន 500,000 លីត្រ/ថ្ងៃ។

    តាម​ផែនការ ឆ្នាំ​ដំបូង​ក្រុមហ៊ុន​ខាងលើ​អាច​ផ្គត់ផ្គង់​សាំង​ប្រភេទ​នេះ​ប្រមាណ 10 លាន​លីត្រ​ជា​រៀងរាល់ខែ។ បរិមាណ​សាំង​ជីវសាស្ត្រ​នឹង​កើនឡើង 20% ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​ទី​ពីរ។

    ឥន្ធនៈ​ជីវសាស្ត្រ​ ឬ​ជីវ​ឥន្ធនៈ​ គឺជា​ឥន្ធនៈ​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើពេល​ខ្លី ពី​ជីវម៉ាស ជំនួស​ឱ្យ​ដំណើរការ​តាម​ធម្មជាតិ​ដែល​ស៊ីពេល​យូរ​មុននឹង​បង្កើតបានជា​ឥន្ធនៈ​ហ្វូ​ស៊ី​ល មានដូចជា​ប្រេង​រ៉ែ​ជាដើម៕

  • ករណី​បាក់​ស្ពាន​យោល​សម្លាប់​មនុស្ស​ជាង​រយ​នា​ក់នៅ ឥណ្ឌា ៖ ក្រុមហ៊ុន​ជួសជុល​ត្រូវបាន​ចោទប្រកាន់

    ករណី​បាក់​ស្ពាន​យោល​សម្លាប់​មនុស្ស​ជាង​រយ​នា​ក់នៅ ឥណ្ឌា ៖ ក្រុមហ៊ុន​ជួសជុល​ត្រូវបាន​ចោទប្រកាន់

    ក្រុមមន្ត្រី​ឥណ្ឌា បាន​ចោទថា ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​នាឡិកា Oreva ដែល​ទទួលបាន​សិទ្ធិ​ជួសជុល​ស្ពាន​យោល Morbi ត្រូវតែ​ទទួលខុសត្រូវ​ក្នុងករណី​បាក់​ស្ពាន​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស 135 នាក់​បាត់​បង់ជីវិត។

    «Oreva បាន​ជួល​ក្រុមហ៊ុន​ម៉ៅការ​ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់។ ខ្សែកាប​សំខាន់​ជាងគេ​របស់​ស្ពាន​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​នៅក្នុង​ការជួសជុល» រដ្ឋអាជ្ញា​តុលាការ​ឥណ្ឌា Harshendu Panchal បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​សវនាការ​កាលពី​ថ្ងៃទី 01 វិច្ឆិកា និង​បានឱ្យដឹងថា ខ្សែកាប​សំខាន់បំផុត​របស់​ស្ពាន Morbi ត្រូវ​ច្រែះ​ស៊ី​ទៅហើយ។

    លោក Panchal ក៏បាន​និយាយថា ប៉ូលិស​បាន​រកឃើញថា ក្រុមហ៊ុន​ដំឡើង​បន្ទះ​អា​លុយ​មី​ញូ​ម 4 ជាន់​នៅលើ​ស្ពាន Morbi ធ្វើឱ្យ​ទម្ងន់​របស់​ផ្ទៃ​ស្ពាន​ត្រូវ​ធ្ងន់​ថែម​មួយកម្រិត​ទៀត ដែល​នេះ​នាំឱ្យ​ស្ពាន​ត្រូវ​បាក់​នៅពេល​មាន​មនុស្ស​ច្រើន​នៅ​ពីលើ។

    ស្ពាន​យោល Morbi ប្រវែង 230 ម៉ែត្រ ដែលជា​ទីតាំង​ទាក់ទាញ​ទេសចរ​ខ្លាំង​នៅ​ទីរួមស្រុក Morbi ក្នុង​រដ្ឋ Gujarat គឺជា​ស្ពាន​ដែល​សាងសង់​កាលពី​សម័យ​អាណានិគម​អង់គ្លេស ហើយ​បាន​បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ការជួសជុល​ជិត 7 ខែ។

    Deepak Parekh អ្នកគ្រប់គ្រង​ក្រុមហ៊ុន Oreva បាន​ប្រាប់​តុលាការ​ថា ករណី​បាក់​ស្ពាន​យោល Morbi គឺ​កើតឡើង​ដោយសារ «បំណង​របស់​ព្រះ»។ Parekh រួម​នឹង​មនុស្ស 8 នាក់​ផ្សេងទៀត ក្នុងនោះ​រួមមាន អ្នកម៉ៅការ 2 នាក់, បុគ្គលិក​លក់​សំបុត្រ 5 នាក់ និង​សន្តិសុខ​ការពារ​ស្ពាន Morbi 1 នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ដើម្បី​បម្រើឱ្យ​ការស៊ើបអង្កេត៕

  • សេត​វិមាន​និយាយថា កូរ៉េខាងជើង កំពុង​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​ឱ្យ រុស្ស៊ី

    សេត​វិមាន​និយាយថា កូរ៉េខាងជើង កំពុង​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​ឱ្យ រុស្ស៊ី

    សេត​វិមាន បានឱ្យដឹងថា កូរ៉េខាងជើង កំពុង​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​យ៉ាងច្រើន​ទៅឱ្យ រុស្ស៊ី ដើម្បី​ប្រើប្រាស់​នៅ អ៊ុយ​ក្រែ​ន ដោយ​ដាក់​ក្នុង​ប្រអប់​ទំនិញ​ទៅកាន់ មជ្ឈិមបូព៌ា ឬ ទ្វីបអាហ្វ្រិក។

    «សហរដ្ឋ​អាម៉េរិក ទទួលបាន​ព័ត៌មាន​ថា កូរ៉េខាងជើង កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​នូវ​គ្រាប់កាំភ្លើង​ធំ​ក្នុង​បរិមាណ​ច្រើន​សម្រាប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ដោយ​លាក់​គោលដៅ​តាមរយៈ​ការបង្កើត​ប្រអប់​ដែល​និយាយថា ពួកវា​កំពុង​ត្រូវបាន​ដឹក​ទៅកាន់ មជ្ឈិមបូព៌ា ឬ អាហ្វ្រិក​ខាងជើង» អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក John Kirby ឱ្យដឹង​កាលពី​ថ្ងៃទី 02 វិច្ឆិកា។

    ក្រុមមន្ត្រី​អាម៉េរិក មិន​ប្រាកដថា រុស្ស៊ី បានទទួល​ទំនិញ​នេះហើយ ឬ​នៅ និង​កំពុង​តាមដាន​សភាពការណ៍ ហើយ​ថា នឹង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ពិសេស​គឺ​នៅ អង្គការសហប្រជាជាតិ ដើម្បី​មាន​វិធានការ​ទប់ទល់។

    អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price យល់ថា ប្រទេស​នេះ​អាច​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​ដូច​ទៅនឹង​ករណី អ៊ីរ៉ង់ ផ្ដល់​អាវុធ​ឱ្យ រុស្ស៊ី បើទោះជា ក្រុង​តេ​ហេ​រ៉ង់ និង មូ​ស្គូ សុទ្ធតែ​បាន​ច្រានចោល​ការចោទប្រកាន់។

    ភាគី​ខាង​ រុស្ស៊ី និង កូរ៉េខាងជើង មិនទាន់មាន​ការអធិប្បាយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​នៅឡើយ។

    កូរ៉េខាងជើង នៅតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ រុស្ស៊ី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​លោកខាងលិច ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ ដោយសារតែ​ការចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ ទីក្រុង​ព្យុងយ៉ាង ក៏បាន​ចោទថា សហរដ្ឋ​អាម៉េរិក គឺជា​ដើមហេតុ​បង្កឱ្យមាន​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន និង​បាន​ហៅ​គោលនយោបាយ «អនុត្តរភាព» របស់​បស្ចិម​លោក ថា​ជា​មូលហេតុ​ដែលនាំឱ្យ រុស្ស៊ី ត្រូវ​បើក​យុទ្ធនាការ​យោធា​ដើម្បី​ការពារ​ខ្លួន៕

  • កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ប្លោង ធ្វើឱ្យ ជប៉ុន ប្រកាស​ជម្លៀស​ប្រជាជន

    កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ប្លោង ធ្វើឱ្យ ជប៉ុន ប្រកាស​ជម្លៀស​ប្រជាជន

    កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ប្លោង​ចំនួន 2 គ្រាប់ ក្នុងនោះ​មាន 1 គ្រាប់​ជា​ប្រភេទ​រយៈ​ចម្ងាយ​ឆ្ងាយ បណ្ដាលឱ្យ ជប៉ុន ត្រូវ​ប្រកាស​ឱ្យ​ឈ្លៀស​ប្រជាជន​ក្នុង​ខេត្ត​ចំនួន 3 នៅ​ភាគ​កណ្ដាល។

    «កូរ៉េខាងជើង ទំនងជា​បាន​បាញ់​មី​ស៊ី​ល។ ចូរ​ស្វែងរក​ជម្រក​សុវត្ថិភាព​នៅក្នុង​ផ្ទះ ឬ​បន្ទប់ក្រោមដី។ បទបញ្ជា​ជម្លៀស​ត្រូវអនុវត្ត​សម្រាប់​បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល Miyagi, Niigata និង Yamagata» រាជរដ្ឋាភិបាល​ជប៉ុន បានឱ្យដឹង​ដូច្នេះ​នៅក្នុង​សេចក្ដី​ប្រកាសជូន​ដល់​ប្រជាជន​កាលពី​ម៉ោង 7 និង 50 នាទី​ថ្ងៃនេះ ត្រូវ​នឹង​ម៉ោង 5 និង 50 នាទី​នៅ កម្ពុជា។

    អាជ្ញាធរ​ជប៉ុន បានឱ្យដឹងថា មី​ស៊ី​ល​មិន​ត្រូវបាន​បាញ់​ស្កាត់ និង​បាន​ធ្លាក់​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល និង​បង្ខំ​ឱ្យ ជប៉ុន ប្រកាស​ជម្លៀស​ប្រជាជន​នៅក្នុង​រង្វង់ 1 ខែ​កន្លងមកនេះ។

    ក្រសួងការពារជាតិ​ជប៉ុន ក្រោយមក​បាន​និយាយថា មី​ស៊ី​ល​មិនបាន​ហោះ​ឆ្លងកាត់​ទឹកដី​ប្រទេស​នេះ​ដូច​ការព្រមាន និង​បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ប្លោង​ចំនួន 2 គ្រាប់​បន្ថែមទៀត។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន Yasukazu Hamada ទទួលស្គាល់ថា ព័ត៌មាន​ដំបូង​គឺជា​ការយល់ច្រឡំ ដោយសារតែ​ប្រទេស​នេះ «បាត់ដាន​របស់​មី​ស៊ី​ល នៅពេល​វា​ហោះ​ឆ្លងកាត់​សមុទ្រ​ជប៉ុន»។

    អាជ្ញាធរ​កូរ៉េខាងជើង មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    ករណី​បាញ់​មី​ស៊ី​ល​ខាងលើ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ច្រើន​ប្រភេទ​យ៉ាងតិច 23 គ្រាប់​កាលពី​ថ្ងៃទី 02 វិច្ឆិកា ដែល​នេះ​គឺជា​តួលេខ​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

    សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

  • ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង បើក​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​នៅ វៀតណាម

    ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង បើក​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​នៅ វៀតណាម

    ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី Zio Motors របស់ កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 31 តុលា បាន​សម្ពោធ​រោងចក្រ​មួយ​នៅ វៀតណាម ដែល​អាច​ផលិត​ម៉ូតូ​អគ្គិសនី​បាន​ប្រហែល 12,000 គ្រឿងក្នុង​មួយឆ្នាំ​នៅ​ដំណាក់កាល​ដំបូង។

    តាម​ផែនការ ក្នុងដំណាក់កាល​ទីមួយ រោងចក្រ Zio Motors ដែលមាន​ទីតាំង​នៅក្បែរ រដ្ឋធានី​ហាណូយ នេះ នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី​បាន 12,000 គ្រឿង/ឆ្នាំ ស្មើនឹង 1,000 គ្រឿង/ខែ។ ក្នុងដំណាក់កាល​ទី​ពីរ ឆ្នាំ 2025 រោងចក្រ​នេះ​គ្រោង​នឹង​ផលិត​ឱ្យបាន​ចាប់ពី 300,000 ដល់ 400,000 គ្រឿង/ឆ្នាំ។

    ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ខាងលើ ត្រូវបាន​អនុញ្ញាតឱ្យ​បើកបរ​សាកល្បង​ម៉ូតូ​អគ្គិសនី​ច្រើន​ម៉ូ​ដែល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់ កូរ៉េខាងត្បូង ហើយ​គ្រោង​នឹងដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម នាពេលខាងមុខ។

    យោងតាម​គម្រោង នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន Zio នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ឆ្លាត​វៃ​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​ទៅតាម​តម្រូវការ​ទីផ្សារ៕

  • ក្រុមហ៊ុន Yamaha គ្រោង​នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី Yamaha E01 នៅ​ឆ្នាំក្រោយ

    ក្រុមហ៊ុន Yamaha គ្រោង​នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី Yamaha E01 នៅ​ឆ្នាំក្រោយ

    ក្រោយពី​បានបង្ហាញ​នៅក្នុង ពិព័រណ៍​ម៉ូតូ​អន្តរជាតិ​ឥណ្ឌូណេស៊ី (IMOS) 2022 កាលពី​ខែមេសា 2021 ក្រុមហ៊ុន Yamaha ក៏បាន​រៀប​ផែន​ការដាក់​ធ្វើតេស្ត​ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Yamaha E01 មុននឹង​ដាក់លក់​នៅ​ឆ្នាំក្រោយ។

    លទ្ធផល​នៃ​ការសាកល្បង​បើកបរដំបូងៗរបស់​ក្រុម Tribunnews បាន​បង្ហាញថា ម៉ូតូ​អគ្គិសនី Yamaha E01 នេះ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍។

    ក៏ប៉ុន្តែ ក្រុមហ៊ុន​ជប៉ុន មួយ​នេះ នឹងមិន​ប្រញាប់​ដាក់លក់ Yamaha E01 ក្នុង​ទីផ្សារ​នោះទេ ព្រោះថា ម៉ូតូ​អគ្គិសនី​នេះ​នឹងត្រូវ​ឆ្លងកាត់​ការពិសោធ​ជាច្រើន​ទៀត​នៅ ឥណ្ឌូណេស៊ី ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ។

    ក្នុងការ​ពិសោធ​ខាងលើ Yamaha នឹង​ប្រមូល​មតិ​ពី​សាធារណជន​ដែល​ធ្លាប់​សាកល្បង​បើកបរ Yamaha E01  មុនពេល​ផលិត​ទ្រង់ទ្រាយ​ធំ និង​លក់​ក្នុង​ទីផ្សារ។

    ចំណុចសំខាន់ៗរបស់ ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Yamaha E01 រួមមាន រូបរាង​បែប​អនាគត, ល្បឿន 100 គម/ម៉ោង, ការបើក​បរមាន 3 ទម្រង់ (Power, Standard និង Eco), កម្លាំង 8.1 kW, ថ្ម​មាន​ថាមពល 4.9 kWh, មាន​ទម្រង់​បើកបរ​ថយក្រោយ, ការបញ្ចូល​ថាមពល​មាន 3 ជម្រើស (លឿន, ធម្មតា និង​ចល័ត) ។ល។

  • ឡាវ បង្កើន​ចំណេះដឹង​សម្រាប់​ការ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ ជំនួស​ថាមពល​បំ​ភាយ​កាបូន

    ឡាវ បង្កើន​ចំណេះដឹង​សម្រាប់​ការ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ ជំនួស​ថាមពល​បំ​ភាយ​កាបូន

    កាលពី​ថ្ងៃទី 31 តុលា 2022 នៅ រដ្ឋធានី​វៀងចន្ទន៍ ក្រសួង​ថាមពល​និង​រ៉ែ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី​ក្រោម​ប្រធានបទ «ការតភ្ជាប់​ថាមពលជំនួស​ទៅក្នុង​បណ្ដាញ​បញ្ជូន» (Grid Integration of Renewable Energy) ចាប់ពី​ថ្ងៃទី 31 តុល ដល់ 30 វិច្ឆិកា 2022។

    ពិធី​បើក​វគ្គ​ខាងលើ មានការ​ចូលរួម​រប​ស់​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​របស់ ក្រសួង​ថាមពល​និង​រ៉ែ​ឡាវ និង​លោក Dan Heldon ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឡាវ រួម​នឹង មន្ត្រី​ឡាវ​ជាង 40 នាក់​ផ្សេងទៀត។

    កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី រដ្ឋាភិបាល​អូស្ត្រាលី សហការ​ជាមួយ សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី។ ការបណ្ដុះបណ្ដាល​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្ដល់​ចំណេះដឹង និង​បច្ចេកទេស​នៅក្នុង​ការប្ដូរ​ផ្លាស់​បន្តិចម្ដងៗទៅរក​ថាមពល​ដែល​មិន​បំ​ភាយ​ឧស្ម័ន​កាបូន គោលនយោបាយ​ត​ភ្ជាប់​ថាមពលជំនួស​ទៅក្នុង​បណ្ដាញ​អគ្គិសនី និង​គោលនយោបាយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ក្នុង​គ្រប់​វិស័យ។

    វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រួមចំណែក​ក្នុងការ​លើកកម្ពស់​ប្រភពធនធាន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ថាមពល​ស្អាត​ដើម្បី​សម្រេចបាន​គោលដៅ​មិន​បំ​ភាយ​ឧស្ម័ន​កាបូន Net-zero នៅ​ឆ្នាំ 2050៕

  • ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ កូរ៉េខាងត្បូង ៖ សណ្ឋាគារ​ក្បែរ «ផ្លូវ​មរណៈ» ពង្រីក​ផ្ទៃដី​​ដោយ​ខុសច្បាប់

    ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ កូរ៉េខាងត្បូង ៖ សណ្ឋាគារ​ក្បែរ «ផ្លូវ​មរណៈ» ពង្រីក​ផ្ទៃដី​​ដោយ​ខុសច្បាប់

    ឯកសារ​សាងសង់​បាន​បង្ហាញថា សណ្ឋាគារ Hamilton ដែល​នៅជាប់​នឹង​កូន​ផ្លូវ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ជាង​រយ​នា​ក់នៅ Itaewon បាន​ពង្រីក​ផ្ទៃដី​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​ផ្លូវ​កាន់តែ​ចង្អៀត។

    សារព័ត៌មាន Yonhap កាលពី​ថ្ងៃទី 01 វិច្ឆិកា ដកស្រង់​ឯកសារ​សាងសង់ បានឱ្យដឹងថា សណ្ឋាគារ Hamilton បាន​សាងសង់​លម្ហ​ទំហំ 17.2 ម៉ែត្រក្រឡា​នៅ​ខាងជើង​អគារ​ធំ​ដោយ​ខុសច្បាប់។

    បរិវេណ​លម្ហ​នេះ​ស្ថិត​នៅជាប់​នឹង «ផ្លូវ​មរណៈ» ជាទី​ដែល​បានកើត​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​យ៉ាងតិច 156 នាក់ កាលពី​ថ្ងៃទី 29 តុលា។ កូន​ផ្លូវ​ជ្រាល​ដែលមាន​ភោជនីយដ្ឋាន និង​បារ​ជាច្រើន​នេះ មាន​ប្រវែង​ប្រហែល 45 ម៉ែត្រ ទទឹង​ប្រហែល 5 ម៉ែត្រ​ត្រង់ចំណុច​ទួល និង 3.2 ម៉ែត្រ​ត្រង់ចំណុច​ជម្រាល។

    ផ្ទៃដី​ដែល​សណ្ឋាគារ Hamilton បាន​ពង្រីក បាន​នាំឱ្យ​កូន​ផ្លូវ​នេះ​កាន់តែ​តូចចង្អៀត​បន្ថែមទៀត។ អាជ្ញាធរ​ខណ្ឌ Yonsan បានឱ្យដឹងថា បានប្រកាស​ប្រាប់​ខាង​សណ្ឋាគារ​អំពី​ការរំលោភច្បាប់​នេះ និង​បានសម្រេច​ដាក់ពិន័យ​កាលពី​ឆ្នាំមុន ប៉ុន្តែ ពួកគេ​មិនមាន​សិទ្ធិ​បង្ខំ​ឱ្យ​សណ្ឋាគារ​នេះ​រុះរើ​ត្រង់ចំណុច​ពង្រីក​ខុសច្បាប់​នោះឡើយ។

    ក្នុង​ថ្ងៃ​ដដែល អគ្គស្នងការ​នគរបាល​ជាតិ​កូរ៉េខាងត្បូង លោក Yoon Hee-keun បានឱ្យដឹងថា ប៉ូលិស​នឹង​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការរំលោភច្បាប់​របស់​ស​ណ្ឋា​គារ ក៏ដូចជា​លទ្ធភាព​ដែល​ទាក់ទិន​គ្នា រវាង​ផ្ទៃដី​ដែល​សណ្ឋាគារ​បាន​ពង្រីក និង​ហេតុការណ៍​ដ៏​រន្ធត់​នេះ៕

     
  • អ៊ីឡុន ម៉ាស យក​ថ្លៃ​​ប្រើ​ប្រាស់​សេវា Twitter ព្រោះ​តែ «ត្រូវការ​ទូទាត់​ការ​ចំណាយ»

    អ៊ីឡុន ម៉ាស យក​ថ្លៃ​​ប្រើ​ប្រាស់​សេវា Twitter ព្រោះ​តែ «ត្រូវការ​ទូទាត់​ការ​ចំណាយ»

    បន្ទាប់ពី​រងការ​រិះគន់​ដោយ​សារ​តែ​ការ​យក​ថ្លៃ​សេវា​ 20 ដុល្លារ​/ខែ មហា​សេដ្ឋី អ៊ីឡុន ម៉ាស និយាយ​ថា លោក​ត្រូវ​ការ​យក​ថ្លៃ​សេវា Twitter Blue ដើម្បី​ទូទាត់​ការ​ចំណាយ​ ជំនួស​ឱ្យ​ការ​ពឹង​ផ្អែក​ទៅលើ​តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​។

    «ប្រព័ន្ធ​បែង​ចែក​ព្រះអម្ចាស់ និង​កសិករ​បច្ចុប្បន្ន​របស់ Twitter តាម​រយៈ​ការ​មាន ឬ​មិន​មាន​សញ្ញា​ធិច​ពណ៌​ផ្ទៃមេឃ​​គឺជា​រឿង​ផ្ដេស​ផ្ដាស។ អំណាច​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ពណ៌ផ្ទៃ​មេឃ​មាន​តម្លៃ​ 8 ដុល្លារ​អាម៉េរិក​/ខែ» លោក ម៉ាស បង្ហោះ​សារ​ដូច្នេះ​កាលពីថ្ងៃទី​ 02 វិច្ឆិកា។

    ប្រតិកម្ម​របស់​លោក ម៉ាស ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Twitter គ្រោង​នឹង​យក​ថ្លៃ​សេវា 20 ដុល្លារ​រាល់​ខែ​ចំពោះ​គណនី Twitter Blue ដែល​ចុះ​ឈ្មោះ​ថ្មី​។ Blue គឺជា​គណនី​ត្រូវបង់ថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​ Twitter ដែល​​បង្ហាញ​តាម​រយៈ​អ៊ីនធើហ្វេស (interface) ពណ៌​ផ្ទៃមេឃ​នៅ​ពេល​ចូល​ទៅ​ប្រើប្រាស់​។ ម្ចាស់​គណនី​ប្រភេទ​នេះ​នឹង​ទទួល​បាន​សិទ្ធិ​បន្ថែម​មួយ​ចំនួន​ដូចជា​ ការ​កែប្រែ​សារ មើល​បញ្ជី​អត្ថបទ​ដំបូង​ៗ​របស់​អ្នក​ដែល​ពួក​គេ​តាមដាន​ សិទ្ធិ​ប្រើប្រាស់ដោយ​មិន​មាន​ការ​រំខាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ការប្រើ​ប្រាស់​រូប​សំណាង NFT ។ល។

    តម្លៃ​សេវា​ 20 ដុល្លារ​ បាន​ទទួល​ការ​រិះ​គន់​ និង​ការ​មន្ទិល​ច្រើន​ពី​អ្នក​លេង​ Twitter ក្នុង​នោះ​មាន​ទាំង​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ ជនជាតិ​អាម៉េរិក Stephen King ដែល​មាន​អ្នក​តាមដាន​ជិត 7 លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​នេះ​។ «20 ដុល្លារ​អាម៉េរិក​ក្នុង​ 1 ខែ​ គឺ​គ្រាន់​តែដើម្បី​​រក្សា​សញ្ញា​ធិច​ពណ៌​ផ្ទៃមេឃ​នៅ​លើ​គណនី​របស់​ខ្ញុំ?» លោក King ដាក់​ជា​សំណួរ​ដូច្នេះ​។

    ក្រោយ​មក លោក​ ម៉ាស បាន​ឆ្លើយ​តប​ថា «ខ្ញុំ​ត្រូវ​បាន​ទូទាត់​ការ​ចំណាយ​តាម​រយៈ​វិធី​ណា​មួយ​។ Twitter មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​តែ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះទេ​។ ដូច្នេះ​ តម្លៃ​ 8 ដុល្លារ​​ វា​យ៉ាង​ណា​ដែរ?»។

    នៅ​ក្នុង​សារ​ជា​ច្រើន​បន្តបន្ទាប់​មក​ទៀត​នៅ​ក្នុង​ថ្ងៃទី 02 វិច្ឆិកា លោក ម៉ាស បន្ត​រម្លឹក​ដល់​តម្លៃ​ 8 ដុល្លារ​ និង​ចែក​រំលែក​ផែនការ​ថ្មី​។ មហា​សេដ្ឋី​រូប​នេះ​ឱ្យ​ដឹង​ថា អ្នក​ចុះ​ឈ្មោះ​ Blue នឹង​ទទួល​បាន​សិទ្ធិ​អាទិភាព​ទាក់​ទង​នឹង​ការ​ស្វែង​រក​ ទទួល​បាន​ជំនួយ​ខ្លឹមសារ​សំឡេង​ និង​វីដេអូ​​ខ្នាត​វែង​ជាង ហើយ​ការ​បង្ហាញ​ខ្លឹម​សារ​ផ្សាយ​ពាណិជ្ជកម្មមាន​កម្រិត​​តិច​ជាង​ពាក់​កណ្ដាល​ធៀប​នឹង​គណនី​មិន​គិត​ថ្លៃ​។ ចំណែក​អ្នក​ធ្វើ​វីដេអូ អ្នក​និពន្ធ​ដែល​ធ្វើ​ការ​នៅ​លើបណ្ដាញ​សង្គម​នេះ​ក៏​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ថ្លៃ​សេវា​។ «ប្រការ​នេះ​នឹង​នាំ​មក​នូវ​ប្រភព​ចំណូល​មួយ​ដើម្បី​ផ្ដល់​រង្វាន់​ដល់​អ្នក​ផលិត​ខ្លឹម​សារ​» លោក​ ម៉ាស បន្ថែមដូច្នេះ​។

    ក្នុង​ tweet ថ្មី​បំផុត លោក​ ម៉ាស ថែម​ទាំង​បាន​រម្លឹក​អំពីការ​តវ៉ានៅ​លើបណ្ដាញ​សង្គម​នេះ​។ យោងតាម​លោក​ ម៉ាស គ្រប់គ្នា​ «អាច​តវ៉ា​បាន​គ្រប់​ពេល​ ប៉ុន្តែ​នឹង​ត្រូវ​ចំណាយ​ 8 ដុល្លារ​»។ យ៉ាង​នេះ​ក្ដី លោក​ ម៉ាស មិន​បាន​និយាយ​ច្បាស់​ថា ការ​ចំណាយ​នេះ​សម្រាប់​តែ​ការ​តវ៉ា​ម្ដង ឬ​ច្រើន​ដង​/ថ្ងៃ ឬ​ប្រចាំ​ខែ​នោះទេ​។

    យោង​តាម​ CNN ឥរិយាបថ​ខាងលើ​​របស់លោក ម៉ាស បង្ហាញ​ថា គាត់​កំពុង​ផ្ដោត​យ៉ាង​ខ្លាំងទៅ​លើ​ការ​​ដោះ​ស្រាយ​បញ្ហា​បង្កើន​ប្រាក់​ចំណូល​ និង​ចំណេញ​សម្រាប់​ Twitter ដែលបណ្ដាញ​សង្គម​នេះ​បាន​​​ខាតអស់​​មួយ​រយៈ​ពេលមក​ហើយ៕

  • កូរ៉េខាងត្បូង បាញ់​មី​ស៊ី​ល​ឆ្លងកាត់​ដែនសមុទ្រ​ជាមួយ កូរ៉េខាងជើង

    កូរ៉េខាងត្បូង បាញ់​មី​ស៊ី​ល​ឆ្លងកាត់​ដែនសមុទ្រ​ជាមួយ កូរ៉េខាងជើង

    កូរ៉េខាងត្បូង ប្រកាសថា បាន​បាញ់​មី​ស៊ី​ល 3 គ្រាប់​សំដៅទៅ​ភាគ​ខាងជើង​នៃ​ដែនទឹក​ជាមួយនឹង កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅនឹង​ករណី ទីក្រុង​ព្យុងយ៉ាង បាញ់​មី​ស៊ី​ល​ប្លោង 10 គ្រាប់​នាពេល​កន្លង។

    «យន្តហោះ​ចម្បាំង F-15K និង KF-16 របស់ កូរ៉េខាងត្បូង បាន​បាញ់​មី​ស៊ី​ល​អាកាស​ប្រឆាំង​ដី​ចំ​គោលដៅ​កម្រិត​ខ្ពស់​ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងជើង​នៃ​បន្ទាត់​ព្រំដែន​ភាគ​ខាងជើង (NLL) ដើម្បី​ឆ្លើយតប​ទៅនឹង​ការដែល កូរ៉េខាងជើង បាញ់​មី​ស៊ី​ប្លោង​រយៈ​ចម្ងាយ​ជិត» អគ្គសេនាធិការ​រួម​កូរ៉េខាងត្បូង (JCS) ឱ្យដឹង​នា​ថ្ងៃនេះ​ដូច្នេះ ប៉ុន្តែ​មិនបាន​បង្ហើប​អំពី​ប្រភេទ​របស់​មី​ស៊ី​ល​ដែល​ទើបបាន​បាញ់។

    មុន​នោះ JCS បានប្រកាសថា កូរ៉េខាងជើង នា​ថ្ងៃទី 02 វិច្ឆិកា បាន​បាញ់​មី​ស៊ី​ល​ប្លោង​ជាង 10 គ្រាប់​ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងកើត​របស់ ឧបទ្វីប​កូរ៉េ ក្នុងនោះ​មាន 1 គ្រាប់​បាន​ហោះ​រំលង NLL មុនពេល​ធ្លាក់​ទៅក្នុង​សមុទ្រ និង 1 គ្រាប់​ទៀត​ធ្លាក់​នៅក្នុង​តំបន់​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Sokcho ប្រហែល 57 គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍។

    គ្រាប់​មី​ស៊ី​ល​ទី 3 របស់ កូរ៉េខាងជើង ហោះ​ឆ្ពោះទៅកាន់​កោះ Ulleungdo មុនពេល​ធ្លាក់​ក្នុង​ដែនសមុទ្រ​អន្តរជាតិ។ មី​ស៊ី​ល 1 គ្រាប់​នេះ​បានធ្វើឱ្យ​ក្រុមមន្ត្រី​នៅ កូរ៉េខាងត្បូង ត្រូវ​ប្រកាសអាសន្ន និង​បញ្ជា​ឱ្យ​ឈ្លៀសមនុស្ស​នៅលើ​កោះ​នេះ។

    ទីក្រុង​សេ​អ៊ូ​ល បានប្រកាសថា ការបាញ់​មី​ស៊ី​ល​របស់ខ្លួន​នេះ​គឺ​ចង់​បង្ហាញថា កូរ៉េខាងត្បូង មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​វាយប្រហារ​សង​សឹក​ទៅលើ​រាល់​គោលដៅ​នៅ កូរ៉េខាងជើង និង​ចំ​គោលដៅ​កម្រិត​ខ្ពស់បំផុត។

    សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕