Author: សឿន សំណាង

  • មហាក្សត្រ​អង់គ្លេស និង​មហេសី ត្រូវគេ​គប់​នឹង​ស៊ុត​នៅ​កណ្ដាល​ដងផ្លូវ

    មហាក្សត្រ​អង់គ្លេស និង​មហេសី ត្រូវគេ​គប់​នឹង​ស៊ុត​នៅ​កណ្ដាល​ដងផ្លូវ

    មហាក្សត្រ​អង់គ្លេស ព្រះអង្គម្ចាស់ Charles ទី​បី និង​មហេសី Camilla ត្រូវបាន​គេ​គប់​នឹង​ស៊ុត​ ពេល​ទ្រង់​កំពុង​យាង​ចូលរួម​ពិធី​ប្រពៃណី​នៅ​តំបន់ York។

    វីដេអូ​ដែល​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 09 វិច្ឆិកា បង្ហាញថា ស៊ុត​ចំនួន 4 គ្រាប់​ត្រូវបាន​គប់​សំដៅលើ​មហាក្សត្រ Charles ទី​បី ដែលមាន​ព្រះជន្ម 73 វស្សា និង​មហេសី Camilla ព្រះជន្ម 75 វង្សា នៅពេល​ទ្រង់​កំពុង​យាង​ចូលរួម​ពិធី​ប្រពៃណី​មួយ​នៅ​តំបន់ York ភាគ​ខាងជើង​ប្រទេស។

    មហាក្សត្រ​អង់គ្លេស និង​មហេសី ហាក់​មិន​បាន​រង​ផល​ប៉ះ​ពាល់​​នៅក្នុង​ហេតុការណ៍​នេះ ដោយ​ទ្រង់​នៅតែ​បន្ត​សន្ទនា​ជាមួយ​ប្រជាពលរដ្ឋ។ ប៉ុន្តែ អង្គរក្សបាន​បាំង​ការពារ និង​យាង​ទ្រង់​ចូលទៅ​ខាងក្នុង។ មនុស្សម្នា​នៅ​ជុំវិញ​ក៏បាន​ស្រែក​ឡើង ប្រឆាំងនឹង​សកម្មភាព​គប់​ស៊ុត​នេះ។

    ប៉ូលិស​បានឱ្យដឹងថា កំលោះ​វ័យ 23 ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ព្រោះ​ជាប់​សង្ស័យពី​បទ​​បំពាន​ការកំណត់​អំពី​សណ្ដាប់ធ្នាប់​សាធារណៈ។ រាជវាំង​អង់គ្លេស មិនទាន់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ហេតុការណ៍​នេះ​នៅឡើយ។

    នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​សមាជិក​រាជវង្ស​អង់គ្លេស​ រង​ការប្រឆាំង​ជា​សាធារណៈ​ពី​ប្រជាពលរដ្ឋ។ ក្នុង​ឆ្នាំ 2022 នេះ រថយន្ត​របស់​មហាក្សត្រី Elizabeth ក៏​ធ្លាប់​ត្រូវគេ​គប់​នឹង​ស៊ុត នៅពេល​ទ្រង់​យាង​ធ្វើ​ទស្សនកិច្ច​នៅ Nottingham ផងដែរ៕

  • ស្ថានភាព​​វីរុស​កូវីដ-19 នៅ​ កម្ពុជា ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    ស្ថានភាព​​វីរុស​កូវីដ-19 នៅ​ កម្ពុជា ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 01 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 04 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 0 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,996 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,933 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ៖ ប្រាក់ចំណូល​របស់ Twitter ថយចុះ​ខ្លាំង «ព្រោះ​អតិថិជន​ផ្អាក​ការផ្សាយពាណិជ្ជកម្ម»

    មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ៖ ប្រាក់ចំណូល​របស់ Twitter ថយចុះ​ខ្លាំង «ព្រោះ​អតិថិជន​ផ្អាក​ការផ្សាយពាណិជ្ជកម្ម»

    លោក អ៊ី​ឡុ​ន ម៉ាស ដែលជា​ម្ចាស់​ថ្មី​របស់​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី 04 វិច្ឆិកា បានឱ្យដឹងថា បណ្ដាញ​សង្គម​នេះ​កំពុង​រង «ការបាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន» ប៉ុន្តែ​មិនបាន​បង្ហាញ​តួលេខ​ជាក់ស្ដែង។

    ក្នុង​សារ​នៅលើ​គណនី Twitter ផ្ទាល់ខ្លួន អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក​បាន​ទម្លាក់កំហុស​ទៅលើ «ក្រុម​សកម្មជន​ដែល​បង្ក​សម្ពាធ​លើបណ្ដា​​ក្រុមហ៊ុន» ធ្វើឱ្យ​ពួកគេ​ឈប់​ផ្សាយពាណិជ្ជកម្ម​លើ Twitter។ លោក ម៉ាស អះអាងថា បណ្ដាញ​សង្គម​នេះ​មិនទាន់​ប្ដូរផ្លាស់​យុទ្ធសាស្ត្រ​ចាប់​ពិរុទ្ធ​ខ្លឹមសារ ហើយ Twitter បានធ្វើ «រឿង​គ្រប់យ៉ាង​ដែល​អាចបំពេញ​ចិត្ត​ក្រុម​សកម្មជន» ប៉ុន្តែ​មិន​បាន​សម្រេច​។

    ទោះជា​យ៉ាងនេះ​​ក្ដី មហាសេដ្ឋី​អាម៉េរិក​រូបនេះ មិនបាន​លើក​ឡើង​នូវ​តួលេខ​ជាក់លាក់​អំពី​ប្រាក់ចំណូល​ដែល Twitter បាន​បាត់បង់​នោះទេ ហើយក៏​មិនបាន​បង្ហាញ​ភស្ដុតាង​ដែលថា ការដកខ្លួន​របស់​ក្រុម​អ្នក​ផ្សាយពាណិជ្ជកម្ម​គឺ​ដោយសារ​​ការដាក់​សម្ពាធ​ពី​ក្រុម​សកម្មជន​នោះដែរ។

    ចាប់តាំងពី​ម្ចាស់​ Tesla ​បាន​ចូលមក​គ្រប់គ្រង Twitter កាលពី​ថ្ងៃទី 28 តុលា បណ្ដាញ​សង្គម​នេះ​បាន​បញ្ឈប់​បុគ្គលិក​ប្រមាណ​ជា 50%។ ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រុមហ៊ុន​ជាច្រើន​បានប្រកាស​ផ្អាក​ការផ្សាយពាណិជ្ជកម្ម​នៅលើ Twitter ដើម្បី​វាយតម្លៃ​ចំពោះ​ការផ្លាស់ប្ដូរ​នៅពេល​លោក ម៉ាស ចូល​គ្រប់គ្រង។

    យោងតាម​ទិន្នន័យ​របស់ MediaRadar ចំនួន​អតិថិជន​ដែល​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​នេះ​បាន​ថយ​ពី 3,900 ស្ថាប័ន​ក្នុង​ខែឧសភា ចុះមក​នៅត្រឹម 2,300 ស្ថាប័ន​ក្នុង​ខែសីហា។ ឈានចូល​ខែកញ្ញា តួលេខ​នេះ​បែរជា​កើនឡើង 2,900 ស្ថាប័ន៕

  • ក្រោយ​រញ្ជួយ​ដី​ជាង 40 លើក​ក្នុងអំឡុង 24 ម៉ោង ក្វា​តេ​ម៉ា​ឡា ស្នើឱ្យ​ប្រជាជន «ត្រៀម​បង្វេច​សម្រាប់​ជម្លៀស»

    ក្រោយ​រញ្ជួយ​ដី​ជាង 40 លើក​ក្នុងអំឡុង 24 ម៉ោង ក្វា​តេ​ម៉ា​ឡា ស្នើឱ្យ​ប្រជាជន «ត្រៀម​បង្វេច​សម្រាប់​ជម្លៀស»

    ក្នុង​រង្វង់ 24 ម៉ោង​កន្លង ប្រទេស​ក្វា​តេ​ម៉ា​ឡា (Guatemala) មាន​គ្រោះរ​ញ្ជូ​ន​ធរណី​ជាង 40 លើក ធ្វើឱ្យ​អាជ្ញាធរ​ព្រួយបារម្ភ​អំពី​គ្រោះមហន្តរាយ​បន្ទាប់។

    ប្រភពព័ត៌មាន​នៅ អាម៉េរិក​កណ្ដាល បាន​រាយការណ៍​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​រញ្ជួយ​ដី ភ្នំភ្លើង និង​ឧតុនិយម​ជាតិ​ក្វា​តា​ម៉ា​ឡា បាន​កត់ត្រា​អំពី​គ្រោះរ​ញ្ជូ​យ​ដី​ជាង 40 លើក ក្នុង​រយៈពេល 24 ម៉ោង​កន្លង​នៅក្នុង​ប្រទេស​កា​រ៉ា​បៀ​ន​មួយ​នេះ។

    យោងតាម​ស្ថាប័ន​ខាងលើ ករណី​រញ្ជួយ​ដី​កម្រិត​ធំជាងគេ​គឺ​ចាប់ពី 4.1 ទៅ 5.4 រិច​ទ័​រ។ ចំណែក​អាជ្ញាធរ​សម្របសម្រួល​ជាតិ​​ដើម្បី​ការកាត់បន្ថយ​គ្រោះមហន្តរាយ និង​បណ្ដា​អង្គភាព​ជួយសង្គ្រោះ បានឱ្យដឹងថា ពុំមាន​ករណី​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ធរណី​ខាងលើនោះ​ទេ។

    ប្រទេស​ក្វាតាម៉ាឡា (Guatemala)

    ក៏ប៉ុន្តែ នៅ​ចំពោះ​ហានិភ័យ​កើតមាន​គ្រោះ​រញ្ជួយ​ដី​ដែល​អាច​នឹងមាន​កម្រិត​ធ្ងន់​ជាង​នេះ ក្រុមមន្ត្រី​របស់ ក្វា​តា​ម៉ា​ឡា បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រៀប​ផែនការ​សម្រាប់​ជ​ម្រៀ​ស។

    ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម «បង្វេច 72 ម៉ោង» ដែល​ក្នុងនោះ​មានទឹក​ផឹក អាហារ​ដែល​អាច​ទុក​បានយូរ លិខិតស្នាម​ផ្ទាល់ខ្លួន ថ្នាំពេទ្យ សម្លៀកបំពាក់ ពិល វិទ្យុ​ដើរ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី។ល។

  • សេត​វិមាន​បញ្ចេញ​កញ្ចប់​ថវិកា 185 ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ

    សេត​វិមាន​បញ្ចេញ​កញ្ចប់​ថវិកា 185 ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ

    អ្នកសម្របសម្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សេត​វិមាន បាន​លើកឡើងថា រដ្ឋាភិបាល​អាម៉េរិក បានកំណត់​យក​គម្រោង​ចំនួន 6,200 ដែល​ត្រូវការ​ដើមទុន សម្រាប់​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ។

    ប្រកាស​កាលពី​ថ្ងៃទី 04 វិច្ឆិកា​របស់ សេត​វិមាន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក ទើបតែ​បញ្ចេញ​ប្រាក់ 185 ពាន់​លាន​ដុល្លារ​ពី​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន (1,000,000,000,000.00) ដុល្លារ​អាម៉េរិក ដើម្បី​វិនិយោគ​ទៅលើ​ការជួសជុល​ផ្លូវ ពង្រីក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ប្ដូរ​បំពង់​បង្ហូរ​ស្អាត និង​ស្ដារ​បណ្ដាញ​អគ្គិសនី។

    នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន អ្នកសម្របសម្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សេត​វិមាន Mitch Landrieu លើកឡើងថា រដ្ឋាភិបាល​អាម៉េរិក បានកំណត់​យក​គម្រោង​ចំនួន 6,200 ដែល​ត្រូវការ​ដើមទុន និង​ជួល​បុគ្គលិក​រដ្ឋ​ថ្មី​ជាង 3,000 នាក់ ដើម្បី​តាមដាន​ការចំណាយ​សម្រាប់​គម្រោង​ទាំងនេះ។

    លោក Mitch Landrieu បាន​អះអាងថា «រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​ប្រហែល 1/5 (នៃ​កញ្ចប់​ថវិកា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន) នៅក្នុង​ឆ្នាំ​ដំបូង»។

    សេចក្ដីព្រាងច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន​ដុល្លារ ត្រូវបាន ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា 2021។ នេះ​គឺជា​ច្បាប់​ដែល​ត្រូវបាន​អនុម័ត​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​រង្វង់​ជាង​កន្លះ​សតវត្សរ៍​កន្លងមកនេះ។ ច្បាប់​នេះ​អនុញ្ញាតឱ្យ​រដ្ឋ​វិនិយោគ​ទៅលើ​បណ្ដាញ​ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ប្ដូរ​បំពង់​បង្ហូរ​ទឹកស្អាត បង្កើត​បណ្ដាញ​បញ្ចូល​ថាមពល​ថ្ម​សម្រាប់​យានយន្ត​អគ្គិសនី និង​ពង្រីក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត៕

  • ប៊ុល​ហ្ការី ចំណាយ 1.32 ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ចម្បាំង​របស់ សហរដ្ឋ​អាម៉េរិក

    ប៊ុល​ហ្ការី ចំណាយ 1.32 ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ចម្បាំង​របស់ សហរដ្ឋ​អាម៉េរិក

    សភា​ប៊ុលហ្គារី បាន​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់ សហរដ្ឋ​អាម៉េរិក ចំនួន 8 គ្រឿង​បន្ថែមទៀត អម​​ជា​មួយ​នឹង​​អាវុធ ដែល​ទាំងអស់នេះ​មានតម្លៃ​សរុប 1.32 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី 04 វិច្ឆិកា ដែល​ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ 162 សំឡេង, ប្រឆាំង 49 សំឡេង និង​អនុបវាទ 11 សំឡេង សភា​ប៊ុលហ្គារី យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin ចំនួន 8 គ្រឿង។

    ប៊ុលហ្គារី មុន​នោះបាន​ចំណាយ​ប្រាក់ 1.67 ពាន់​លាន​ដុល្លារ​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង F-16V ចំនួន 8 គ្រឿង​រួចហើយ ដោយ Lockheed Martin សន្យាថា នឹង​ប្រគល់​ចាប់ពី​ឆ្នាំ 2023។

    ប៊ុលហ្គារី បាន​ចូល​ជា​សមាជិក​ណា​តូ កាលពី​ឆ្នាំ 2004។ បច្ចុប្បន្ន​ប្រទេស​នេះ​កំពុង​រក​វិធី​ទិញ​យន្តហោះ​មក​ជំនួស​ក្រុម​ហោះហើរ MiG-29 ដែលមាន​តាំងពី​សម័យ​សូ​វៀត។ ប៊ុលហ្គារី កំពុង​ប្រើប្រាស់​យន្តហោះ MiG-29UB ចំនួន 11 គ្រឿង ក្នុងនោះ​មាន 2 គ្រឿង​ទុក​សម្រាប់​ការហ្វឹកហ្វឺន។

    ក្រោយពី​សង្គ្រោះ​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង ប៊ុលហ្គារី ក៏​មិនអាច​ទិញ​គ្រឿងបន្លាស់ និង​ម៉ាស៊ីន​សម្រាប់ MiG-29 របស់ខ្លួន​ពី រុស្ស៊ី។ ប៊ុលហ្គារី កំពុង​ចរចា​ទិញ​ម៉ាស៊ីន MiG-29 ពី ប៉ូឡូញ និង​បញ្ជូន​យន្តហោះ​ចម្បាំង 6 គ្រឿង​ទៅកាន់​ប្រទេស​នេះ​ដើម្បី​ជួសជុល។

    ដើម្បី​ការពារ​ដែនអាកាស ប៊ុលហ្គារី កំពុង​រក​វិធី​ជួល ឬ​ទិញ​យន្តហោះ​ចម្បាំង​មួយ​ទឹក​ពី ស៊ុយអែត ឬ បារាំង ខណៈដែល​យន្តហោះ​យោធា​របស់ អេ​ស្ប៉ា​ញ ប៉ូឡូញ និង សហរដ្ឋ​អាម៉េរិក ផ្លាស់​វេន​គ្នា​ជួយ​ការពារ​ដែនអាកាស​រប​ស់ ប៊ុលហ្គារី។ តាម​ផែនការ នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ យន្តហោះ​ចម្បាំង Eurofighter ចំនួន 6 គ្រឿង រួម​នឹង​ទាហាន 130 នាក់​របស់ ណា​តូ នឹង​ទៅ​បំពេញបេសកកម្ម​ថ្មី​នៅ ប៊ុលហ្គារី។

    សភា​ប៊ុលហ្គារី កាលពី​ថ្ងៃទី 03 វិ​ច្ឆ​កា បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ពិនិត្យ​លទ្ធភាព​ក្នុងការ​បញ្ជូន​ឧបករណ៍​យោធា​ទៅកាន់ អ៊ុយ​ក្រែ​ន។ រដ្ឋាភិបាល​ប៊ុលហ្គារី នឹងមាន​ពេល 1 ខែ​ដើម្បី​លើក​ជា​សំណើ​មកកាន់​សភា​ស្ដីពី​ឧបករណ៍​យោធា​ដែល​អាច​បញ្ជូន​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ការពារជាតិ​របស់ខ្លួន៕

  • ក្រុមហ៊ុន​ចិន បញ្ជា​ទិញ​យន្តហោះ Airbus 140 គ្រឿង តម្លៃ 17 ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន​ចិន បញ្ជា​ទិញ​យន្តហោះ Airbus 140 គ្រឿង តម្លៃ 17 ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បានឱ្យដឹងថា យន្តហោះ 140 គ្រឿង​នេះ​សុទ្ធតែ​ស្ថិតក្នុង​ការសន្យា​ទិញ​ដែលមាន​ពីមុន និង​ស្ថិតក្នុង​ការបញ្ជាទិញ 292 គ្រឿង​ដែល​បានប្រកាស​កាលពីដើមឆ្នាំ។

    ក្រុមហ៊ុន China Aviation Supply (CAS) Holding របស់ ប្រទេស​ចិន បាន​ចុះហត្ថលេខា​ទិញ​យន្តហោះ 140 គ្រឿង​របស់ Airbus (បារាំង) ក្នុងតម្លៃ​ប្រហែល 17 ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ថ្ងៃទី 04 វិច្ឆិកា 2022។

    ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បានឱ្យដឹងថា យន្តហោះ​ទាំងនេះ​សុទ្ធតែ​ស្ថិតក្នុង​ការសន្យា​ទិញ​ដែលមាន​ពីមុន ហើយ​មួយចំនួន​ស្ថិតក្នុង​ការបញ្ជាទិញ​យ​ន្ត​ហោះ​ប្រតិកម្ម 292 គ្រឿង​ដែល​បានប្រកាស​កាលពីដើមឆ្នាំ 2022។ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលមាន​ដំណើរ​ទស្សនកិច្ច​នៅ ប្រទេស​ចិន របស់ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz។

    ក្រុមហ៊ុន​អាកាសចរណ៍ធំៗចំនួន 3 របស់ រដ្ឋ​ចិន រួមមាន Air China, China Eastern និង China Southern កាលពី​ខែកក្កដា បាន​សន្យាថា​ទិញ​យន្តហោះ​ប្រតិកម្ម​សរុប​ចំនួន 292 គ្រឿង​របស់ Airbus ដែល​នេះ​គឺជា​ការបញ្ជាទិញ​ធំជាងគេ​នា​អំឡុង​ពេលនោះ​របស់ ប្រទេស​ចិន រាប់​ចាប់តាំងពី​វិបត្តិ​កូ​វីដ​បាន​ផ្ទុះឡើង។

    CAS បានឱ្យដឹងថា កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​កាលពី​ម្សិលមិញ រួមមាន​យន្តហោះ​ស៊េរី A320 ចំនួន 132 គ្រឿង និង យន្តហោះ​ស៊េរី A350 ចំនួន 8 គ្រឿង៕

  • ប្រទេស​ចិន សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង 76 គីឡូម៉ែត្រ​ឆ្លងកាត់​សមុទ្រ

    ប្រទេស​ចិន សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង 76 គីឡូម៉ែត្រ​ឆ្លងកាត់​សមុទ្រ

    ផ្លូវដែក​ល្បឿន​លឿន​ថ្មី​ដែល​នឹងមាន​ស្ពាន​ទំហំ​ធំ និង​មធ្យម​ចំនួន 36 កន្លែង, រូង​ក្រោម​ដី 17 កន្លែង និង​អាច​បើកបរ​ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី 03 វិច្ឆិកា 2022។

    ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ Yong-Zhou នឹង​ត​ភ្ជាប់​បណ្ដា​ទីក្រុង Ningbo និង Zhoushan នៅក្នុង​ខេត្ត Zhejiang នេះ​បើតាម​ក្រុមហ៊ុន​សិក្សា និង​ស្ថាបត្យកម្ម​ផ្លូវដែក​ចិន Siyuan។

    នៅតាម​បណ្ដោយ​ផ្លូវដែក​ប្រវែង​ជាង 76 គីឡូម៉ែត្រ​នេះ នឹងមាន​ស្ពាន​ធំ និង​មធ្យម​ចំនួន 36 ស្ពាន រួម​នឹង​រូង​ក្រោម​ដី​ចំនួន 17 កន្លែង។ បណ្ដា​ស្ពាន និង​រូង​ក្រោម​ដី​នឹងមាន​ចំណែក​រហូតដល់​ជាង 90% នៃ​ប្រវែង​សរុប​របស់​ផ្លូវដែក។ ផ្លូវដែក​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង និង​មាន​ស្ថានីយ​ចំនួន 7 នេះ នឹង​ត្រូវបាន​សាងសង់​ឆ្លងកាត់​ផ្លូវទឹក​ចំនួន 4 រួម​មាននៅ​តំបន់ Jintang, Xihoumen, Taoyaomen និង Fuchimen។

    តាម​គម្រោង ផ្លូវដែក​នេះ​នឹងមាន​រូង​ក្រោម​សមុទ្រ​ប្រវែង​ជាង 16 គីឡូម៉ែត្រ​នៅត្រង់​កំណាត់​ផ្លូវ​ក្រោម​ទឹក Jintang។ នៅឯ​កំណត់​ផ្លូវ​ក្រោម​ទឹក​នៅ Xihoumen ក្រុមហ៊ុន​នឹង​សាងសង់​ស្ពាន​ថ្មើរជើង-ផ្លូវដែក​ប្រវែង​ជាង 1.5 គីឡូម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ទាំងមូល​គ្រោង​នឹង​ស្ថាបនា​រួចរាល់​ក្នុង​រយៈពេល 6 ឆ្នាំ​ទៀត។

    នៅពេល​សាងសង់​រួចរាល់ ផ្លូវដែក​ល្បឿន​លឿន​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង Ningbo និង Zhoushan ចុះមក​នៅត្រឹម 30 នាទី ដែល​ប្រហាក់ប្រហែល​នឹង 1/3 នៃ​ពេលវេលា​ធ្វើដំណើរ​នាបច្ចុប្បន្ន។ ចំណែក​ការធ្វើដំណើរ 4.5 ម៉ោង​តាម​ឡានក្រុង ឬ 2.5 ម៉ោង​តាម​ឡាន​ផ្ទាល់ខ្លួន រវាង​ក្រុង​រដ្ឋបាល Hangzhou របស់​ខេត្ត Zhejiang និង​ក្រុង Zhoushan ក៏ត្រូវ​ចុះមក​នៅត្រឹម 80 នាទី។

    យោងតាម CGTN ផ្លូវដែក Yong-Zhou ដែល​ស្ថិតក្នុង​ផែនការ​សាងសង់ «រង្វង់​ចរាចរណ៍​ផ្លូវដែក​ល្បឿន​លឿន​មួយ​ម៉ោង» នៅក្នុង​ខេត្ត Zhejiang នេះ​ក៏​នឹង​ជួយ​ព​ន្លឿ​ន​ដំណើរ​ការបញ្ចូល Zhoushan និង Ningbo ទៅក្នុង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ Yangtze របស់ ប្រទេស​ចិន ផងដែរ៕

  • បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​លើកចុងក្រោយ​ក្នុងឆ្នាំនេះ​នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​លើកចុងក្រោយ​ក្នុងឆ្នាំនេះ​នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    ចន្ទ​គ្រាស​មួយផ្នែក​នឹង​ចាប់ផ្ដើម​កើតឡើង​នៅវេលា​ម៉ោង 16 និង 09 នាទី ថ្ងៃទី 08 វិច្ឆិកា 2022 (ម៉ោង​នៅ ភ្នំពេញ) និង​បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​នឹង​កើតឡើង​នៅ​ម៉ោង 17 និង 17 នាទី ហើយ​អូស​បន្លាយពេល​ប្រហែល 85 នាទី។

    ចន្ទ​គ្រាស​មួយផ្នែក​នៅ​ថ្ងៃទី 08 វិច្ឆិកា អាច​មើលឃើញ​ពី អ៊ី​ស្លង់ បណ្ដា​តំបន់​នៅ អាម៉េរិក​ខាងត្បូង អាស៊ី​ខាងត្បូង អាស៊ី​កណ្ដាល និង រុស្ស៊ី។ ចំណែក​ចន្ទ​គ្រាស​ទាំងមូល​នឹង​អាច​មើលឃើញ​នៅ​តំបន់ អាម៉េរិក​ខាងជើង និង​តំបន់​ជាច្រើន​នៅ អាម៉េរិក​ខាងត្បូង ទ្វីបអាស៊ី អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។

    ក្នុង​បាតុភូត​នេះ យើង​ក៏​អាច​មើលឃើញ​ពិភព​ទី 7 គឺ អ៊ុយ​រ៉ា​នុស (Uranus) បង្ហាញខ្លួន​នៅក្បែរ​ព្រះ​ចន្ទ​ដែល​ត្រូវ​បាំង​ដោយ​ស្រមោល​ផែនដី។ នៅ​តំបន់​មួយចំនួន​របស់ អាស៊ី រួមមាន ហុងកុង ជាដើម ពេលខ្លះ​ភព​អ៊ុយ​រ៉ា​នុស នឹង​លាក់ខ្លួន​ពីក្រោយ​ព្រះ​ចន្ទ​ក្នុងពេល​ចន្ទ​គ្រាស​ទាំងស្រុង។

    មូលហេតុ​នៃ​បាតុភូត​ចន្ទ​គ្រាស

    នេះ​នឹង​ជា​បាតុភូត​ចន្ទ​គ្រាស​ទី​ពីរ ហើយក៏​ជា​លើកចុងក្រោយ​នៅក្នុង​ឆ្នាំនេះ។ ចន្ទ​គ្រាស​មុននេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី 16 ឧសភា។ ឆ្នាំ 2023 ក៏​នឹងមាន​បាតុភូត​ចន្ទ​គ្រាស​ចំនួន 2 លើក គឺ​នៅក្នុង​ខែឧសភា និង​ខែតុលា។

    បាតុភូត​ចន្ទ​គ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ពេលនោះ ផែនដី​នឹង​ជះ​ស្រមោល​ឡើង​ទៅលើ​ព្រះ​ចន្ទ។ ស្រមោល​របស់​ផែនដី​អាច​បាំង​ទាំងមូល (ចន្ទ​គ្រាស​ទាំងមូល) ឬមួយ​ផ្នែក (ចន្ទ​គ្រាស​មួយផ្នែក) នៃ​ពន្លឺ​របស់​ព្រះអាទិត្យ បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ងងឹត៕

  • គម្រោង​សាងសង់​រោងចក្រ​ថ្មី ផលិត​កាបូប និង​កេស​កា​តុង នៅ ខេត្តកណ្ដាល និង​កំពង់ស្ពឺ ទទួលបាន​ការអនុញ្ញាត

    គម្រោង​សាងសង់​រោងចក្រ​ថ្មី ផលិត​កាបូប និង​កេស​កា​តុង នៅ ខេត្តកណ្ដាល និង​កំពង់ស្ពឺ ទទួលបាន​ការអនុញ្ញាត

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ពីរ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញផ្សាយ​នា​រសៀល​ថ្ងៃទី 04 វិច្ឆិកា 2022។

    ក្រុមហ៊ុន​វិនិយោគ​ទាំងនេះ​ដែល​រួមមាន ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD និង​ក្រុមហ៊ុន KANJIN (CAMBODIA) LUGGAGE CO., LTD នេះ គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​សរុប 14 លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​សរុប​ជាង 2,000 កន្លែង។

    ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD» គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ថង់​ប្លា​ស្ទិ​ក និង​អេ​ប៉ុង ស្ថិតនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 8.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 358 កន្លែង។

    ក្រុមហ៊ុន «KANJIN (CAMBODIA) LUGGAGE CO., LTD» គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​21B ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,770 កន្លែង។