Author: សឿន សំណាង

  • គម្រោង «មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ» ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ

    គម្រោង «មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ» ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ

    គម្រោង «មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ» – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី 40 និង 41 នេះ​បើតាម​ការប្រកាស​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ការដាក់​បង្ហាញ​គម្រោង​ខាងលើ​នេះ​ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 11 វិច្ឆិកា ឆ្នាំ​ 2022 នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​​ជា​មួយ​នឹង​ឯកឧត្តម​បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ក៏ដូចជា​ភាគី​ពាក់ព័ន្ធ។

    គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន YCH Group ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន និង​ការផ្គត់ផ្គង់​សេវាកម្ម​ជា​ចង្កោម​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី។ ការដាក់​បង្ហាញ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន YCH Group កាលពី​ខែមីនា 2021។

    «គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC ត្រូវបាន​ចាត់ជា​អាទិភាព​ទៅក្នុង​ផែនការមេ​ថ្នាក់ជាតិ​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ឆ្នាំ 2022-2030» នេះ​បើតាម​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន។

    ការដាក់​បង្ហាញ​គម្រោង PPLC ជា​ផ្លូវការ​នាឱកាស​នេះ គឺ​ឆ្លុះបញ្ចាំង​អំពី​ការជំរុញ​លើក​ចិត្តការ​វិនិយោគ​រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​ក្នុងស្រុក និង​ការពង្រឹង​ការតភ្ជាប់​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ (GMS) អាស៊ាន និង​ពិភពលោក។ល។

  • គម្រោង​បង្កើត​រោងចក្រ​ចាក់​សម្លៀកបំពាក់​របស់​ក្រុម​ហ៊ុន​ RUNSING KNITTING INTERNATIONAL នៅខេត្ត​កណ្ដាល​

    គម្រោង​បង្កើត​រោងចក្រ​ចាក់​សម្លៀកបំពាក់​របស់​ក្រុម​ហ៊ុន​ RUNSING KNITTING INTERNATIONAL នៅខេត្ត​កណ្ដាល​

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ថ្ងៃទី 11 នេះ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD ដែល​បាន​ស្នើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ចាក់​សម្លៀកបំពាក់​នៅ កម្ពុជា។

    ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL មាន​គម្រោង​ផលិត​រោងចក្រ​នៅ​ផ្លូវជាតិ​លេខ 110 អគារ​លេខ 5-6-7-8 ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

    ក្រុមហ៊ុន​ខាងលើ​គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​ប្រមា​ណ 5.3 លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,786 កន្លែង។

  • តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​នៅ កម្ពុជា ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី​នេះ ដល់​ថ្ងៃទី 20 ខែវិច្ឆិកា

    តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​នៅ កម្ពុជា ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី​នេះ ដល់​ថ្ងៃទី 20 ខែវិច្ឆិកា

    ក្រសួងពាណិជ្ជកម្ម នា​រសៀល​ថ្ងៃទី 11 វិច្ឆិកា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ កម្ពុជា ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2022។

    តម្លៃលក់​រាយ​សម្រាប់​សាំង​ធម្មតា បាន​ចុះ​មក​នៅ​ត្រឹម 4,400 រៀល/លីត្រ និងប្រេង​ម៉ាស៊ូត​តម្លៃ 5,100 រៀល​/លីត្រ​។

  • ក្រុមហ៊ុន Hero MotoCorp បញ្ចេញ​ម៉ូតូ​អគ្គិសនី Vinda V1 ជា​ផ្លូវការ

    ក្រុមហ៊ុន Hero MotoCorp បញ្ចេញ​ម៉ូតូ​អគ្គិសនី Vinda V1 ជា​ផ្លូវការ

    ម៉ូតូ​លេខ​ស្វ័យប្រវត្ត​អគ្គិសនី Vinda V1 គឺជា​ម៉ូតូ​អគ្គិសនី​ដំបូងបង្អស់​របស់​ក្រុមហ៊ុនឥណ្ឌា Hero MotoCorp។

    Vinda V1 ដែលជា​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ Hero MotoCorp និង​ត្រូវបាន​គេ​រំពឹង​ច្រើន បានបង្ហាញ​វត្តមាន​ជា​ផ្លូវការ។ តម្លៃ​របស់​កំណែ V1 Plus និង V1 Pro គឺ 1,762 និង 1,932 ដុល្លារ​អាម៉េរិក។

    Vinda V1 គឺជា​ម៉ូតូ​លេខ​អូ​តូ​ប្រើប្រាស់​អគ្គិសនី​ទាំងស្រុង និង​ទំនើប លេចធ្លោ​ជាង បើ​ធៀប​នឹង Ola S1។ កំណែ V1 Pro បំពាក់​ថ្ម​កម្លាំង 3.94 kWh ខណៈដែល​កំណែ V1 Plus បំពាក់​ថ្ម 3.44 kWh។ V1 Pro អាចធ្វើ​ដំណើរ​បាន 166 គីឡូម៉ែត្រ និង V1 Plus ធ្វើដំណើរ​បាន 143 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​ពេញ។

    ថ្ម​របស់​ម៉ូតូ​អគ្គិសនី​ខាងលើ​អាច​ដោះ​ចេញពី​ម៉ូតូ​បាន និង​ថាមពល​របស់​ពួកវា​អាច​ឡើងដល់ 80% បន្ទាប់ពី​បញ្ចូល​អគ្គិសនី​ប្រហែល​ជិត 1 ម៉ោង។ ការប្រគល់​ទំនិញ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ខែធ្នូ​ខាងមុខ នៅ ប្រទេស​ឥណ្ឌា។

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា Twitter អាច​នឹង​ក្ស័យធន​នៅ​ឆ្នាំក្រោយ

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា Twitter អាច​នឹង​ក្ស័យធន​នៅ​ឆ្នាំក្រោយ

    ការងារ​របស់ អ៊ី​ឡុ​ន ម៉ាស នៅ Twitter កំពុង​ប្រែជា​លំបាក​ជាង​មុន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ លោក ម៉ាស បាន​និយាយប្រាប់​បុគ្គលិក​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ថា មិនអាច​រំលង​ចោល​លទ្ធភាព​ដែល Twitter អាច​ក្ស័យធន​នៅ​ឆ្នាំក្រោយ។

    លោក ម៉ាស លើកឡើង​នូវ​ការយល់ឃើញ​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​បុគ្គលិក​ទាំងអស់ ក្រោយពី​មាន​សំណួរ​អំពី​ល្បឿន​នៃ​ដំណើរការ​បច្ចុប្បន្ន​រប​ស់​ក្រុមហ៊ុន។

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង ក៏បាន​និយាយ​ជាមួយ​បុគ្គលិក​ថា បើសិន​ពួកគេ​មិន​ប្រឹងប្រែង​ធ្វើការ 40 ម៉ោង/សប្ដាហ៍​នោះទេ ពួកគេ​គួរតែ​ដាក់ពាក្យ​សុំ​ឈប់។ លោក ម៉ាស បាន​ស្នើឱ្យ​បុគ្គលិក​មក​ធ្វើការ​នៅ​ការិយាល័យ បើ​ទោះ​មុន​នោះ ខាង​ក្រុមហ៊ុន​បានអនុញ្ញាត​ឱ្យធ្វើ​ការ​នៅផ្ទះ ឬ​ពី​ចម្ងាយ។

    នាយក​មួយចំនួន​រប​ស់ Twitter បាន​លាលែង​ពី​តំណែង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ក្នុងនោះ​ក៏មាន​ប្រធាន​សន្តិសុខ​ព័ត៌មាន Lea Kissner, ប្រធាន​ផ្នែក​ផ្សាយពាណិជ្ជកម្ម Robin Wheeler និង​ប្រធាន​ផ្នែក​ការពារ​ទិន្នន័យ Yoel Roth ផងដែរ។

    ភាពច្របូកច្របល់​បានកើត​ឡើង​នៅពេល​លោក ម៉ាស ព្យាយាម​រកប្រាក់​ពី Twitter ពិសេស​គឺ​ការលក់ tick ពណ៌​ផ្ទៃមេឃ​ក្នុងតម្លៃ 8 ដុល្លារ/ខែ។ ប្រការនេះ​ធ្វើឱ្យមាន​ការតវ៉ា​ពី​អ្នកលេង Twitter។

    លោក ម៉ាស សម្រេចបាន​កិច្ចព្រមព្រៀង​ក្នុង​ការទិញ Twitter ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ចាប់ពីពេលនោះ លោក ម៉ាស ចាប់ផ្ដើម​ដាក់​ផែនការ​បញ្ឈប់​បុគ្គលិក​ជា​បន្តបន្ទាប់ និង​រំសាយ​ក្រុមប្រឹក្សាភិបាល ហើយ​ធ្វើឱ្យ​ Twitter ​ក្លាយជា​ក្រុមហ៊ុន​ឯកជន។ Twitter ក៏​ប្រឈម​នឹង​ការបាត់បង់​អតិថិជន​ជា​បន្តបន្ទាប់​ផងដែរ៕

  • គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ (ច្រកព្រំដែន​ម៉ុក​បាយ-បាវិត) -ហូជីមិញ របស់ វៀតណាម

    គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ (ច្រកព្រំដែន​ម៉ុក​បាយ-បាវិត) -ហូជីមិញ របស់ វៀតណាម

    គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ-ហូជីមិញ របស់ វៀតណាម ដែលមាន​ប្រវែង 50 គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិកា​ជាង 16.7 ទ្រី​លាន​ដុង នឹង​ត​ភ្ជាប់​ទីក្រុង​ធំជាងគេ​របស់ វៀតណាម ជាមួយនឹង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត របស់ កម្ពុជា។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ-ហូជីមិញ នឹង​ត្រូវបាន​សាងសង់​ពី ទីក្រុង​ហូជីមិញ ឆ្ពោះ​មកកាន់​ច្រកព្រំដែន​អន្តរជាតិ​ម៉ុក​បាយ នៃ​ខេត្ត Tay Ninh (រោងដំរី) របស់ វៀតណាម ដែល​ជាប់​នឹង​ច្រកព្រំដែន​បាវិត នៃ ខេត្តស្វាយរៀង របស់ កម្ពុជា។

    គម្រោង​​​នេះ ត្រូវបាន​អាជ្ញាធរ​វៀតណាម គណនា​ឃើញថា ត្រូវការ​ទុនវិនិយោគ​ជាង 16.7 ទ្រី​លាន​ដុង សម្រាប់​ដំណាក់កាល​ទីមួយ​ដែលត្រូវ​ស្ថាបនា​ 4 គន្លង អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។ នៅក្នុង​ទុនវិនិយោគ​សរុប​ជាង 16.7 ទ្រី​លាន​ដុង (673 លាន​ដុល្លារ​អាម៉េរិក) អ្នកវិនិយោគ​គ្រោង​នឹង​ប្រមូល​ទុន​ជិត 9.3 ទ្រី​លាន​ដុង ក្រៅពីនេះ​គឺជា​បន្ទុក​របស់ រដ្ឋ​វៀតណាម។

    ខ្លោង​ទ្វារ​នៃ​ផ្លូវ​ជាតិ​មួយ​ខ្សែ​ក្នុង​ខេត្ត​ Tay Ninh

    ផ្លូវ​ដែលមាន​ប្រវែង​ប្រហែល 50 គីឡូម៉ែត្រ​នេះ នឹង​ស្ថិតក្នុង ទីក្រុង​ហូជីមិញ​ជិត 24 គីឡូម៉ែត្រ និង​ប្រហែល 26 គីឡូម៉ែត្រ​ទៀត​ស្ថិតក្នុង​ខេត្ត​រោងដំរី។ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​នេះ​នឹង​ចាប់ផ្ដើម​ការស្ថាបនា​ពី​ឆ្នាំ 2024 ដល់​ឆ្នាំ 2027។

    នេះ​គឺជា​ផ្លូវ​ល្បឿន​លឿន​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​សមត្ថភាព​ទាញយក​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​អន្តរជាតិ​ដែល​ត​ភ្ជាប់​រវាង ទីក្រុង​ធំ​បំផុត​របស់ វៀតណាម និង កម្ពុជា៕

  • ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត រួម​ចំណែក​​​ក្នុង​ការតភ្ជាប់​រវាង ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ កម្ពុជា និង វៀតណាម

    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត រួម​ចំណែក​​​ក្នុង​ការតភ្ជាប់​រវាង ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ កម្ពុជា និង វៀតណាម

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បានឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ខេត្តស្វាយរៀង (ដែល​ជាប់​នឹង​ច្រក​ព្រំដែន​ខេត្ត Tay Ninh (រោង​ដំរី) របស់ វៀតណាម) នឹង​ចាប់ផ្ដើម​ការស្ថាបនា​នៅ​ឆ្នាំ 2023 ដោយ​ប្រើប្រាស់​ថវិកា​ជាង 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    «ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង 138 គីឡូម៉ែត្រ ហើយ​ក្នុងនោះ​ក៏មាន​ការសាងសង់​ស្ពាន​វែង​មួយ​ដែល​ឆ្លងកាត់​ទន្លេមេគង្គ ជាមួយនឹង​ថវិកា​សរុប​ប្រមាណ 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តាម​គម្រោង កម្ពុជា នឹង​ចាប់ផ្ដើម​ការសាងសង់​ផ្លូវ​នេះ​នៅ​ឆ្នាំ 2023 ហើយនឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ 2026 ឬ​ដើមឆ្នាំ 2027» នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត រវាង រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង ក្រុមហ៊ុន​សំណង់​ផ្លូវ​ស្ពាន​ចិន (CRBC) ឯកឧត្តម ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បានឱ្យដឹងដូច្នេះ​។

    រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ ក៏បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នឹង​ស្ថាបនា​រួចរាល់​ដំណាលគ្នា​នឹង​ផ្លូវ​ល្បឿន​លឿន​ពី ​ទីក្រុង​ហូជីមិញ មកកាន់​ច្រកព្រំដែន ម៉ុក​បាយ-បាវិត

    បច្ចុប្បន្ន កម្ពុជា កំពុងតែ​ចាប់ផ្ដើម​ពង្រីក​ផ្លូវ​ពី 2 គន្លង​មកជា 4 គន្លង ដែល​ត​ភ្ជាប់ ភ្នំពេញ ជាមួយនឹង ​ច្រកព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ជាប់​នឹង ​ប្រទេស​ថៃ។

    យោងតាម រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នេះ មាន​សារសំខាន់​ក្នុង​ការតភ្ជាប់​រវាង ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ កម្ពុជា និង វៀតណាម៕

  • ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម ​រួមចំណែក 13 ពាន់​លាន​ដុល្លារ​សម្រាប់​ការដោះស្រាយ​បញ្ហា​អាកាសធាតុ

    ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម ​រួមចំណែក 13 ពាន់​លាន​ដុល្លារ​សម្រាប់​ការដោះស្រាយ​បញ្ហា​អាកាសធាតុ

    ជំនួយ​សម្រាប់​សកម្មភាព​ដោះស្រាយ​បញ្ហា​អាកាសធាតុ​គឺជា «ប្រការ​សំខាន់​ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន​គ្រប់​វិស័យ និង​ជួយ​ដល់​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ពិសេស​គឺ​នៅតាម​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត»ប្រធាន​សមាគម​ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម (IDBG) សង្កត់ធ្ងន់​ដូច្នេះ​។

    ប្រធាន IDBG លោក Mohamed Al-Jasser ឱ្យដឹងថា បម្រែបម្រួល​អាកាសធាតុ​បន្ត​ជាការ​គំរាមកំហែង​ចំពោះ​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច-សង្គម ក៏ដូចជា​សុខភាព និង​ការរីកចម្រើន​របស់​ស​ង្គ​ម។ លោក Mohamed Al-Jasser បញ្ជាក់ថា គោលដៅ​របស់ IDBG គឺ​ការជំរុញ​ដំណើរការ​ផ្លាស់ប្ដូរ​ប្រកបដោយ​សមធម៌ និង​ទូទៅ។

    នៅក្នុង​វេទិកា​ស្ដីពី​ហិរញ្ញវត្ថុ​អាកាសធាតុ​កាលពី​ថ្ងៃទី 10 វិ​ច្ឆ​កា នៅក្រៅ​សន្ន​សីទ​លើក​ទី 27 របស់​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP27) ដែល​រៀបចំ​ដោយ អេ​ហ្ស៊ី​ប ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 លោក Al-Jasser ថ្លែង​ថា ក្រុម​សម្របសម្រួល​អារ៉ាប់ បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តម្លៃ 24 ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​សកម្មភាព​អាកាសធាតុ​ក្នុង​រយៈពេល 8 ឆ្នាំ​ខាងមុខ ក្នុងនោះ IDBG នឹង​រួម​ចំណែក 13 ពាន់​លាន​ដុល្លារ។

    គោលដៅ​របស់​ខ្ទង់​ថវិកា​ដែល​នឹង​​​ត្រូវបាន​ផ្ដល់ឱ្យ​ក្នុងដំណាក់កាល​ចាប់ពី​ឆ្នាំ 2023 ដល់ 2030 នេះ គឺ​ដើម្បី​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បណ្ដា​គម្រោង​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​កើតឡើង​ពី​បម្រែបម្រួល​អាកាសធាតុ ក្នុង​នោះ​ក៏​មាន​ការ​លើកកម្ពស់​សមត្ថភាព​ស្ដារ​ប្រព័ន្ធ​ស្បៀង ចរាចរណ៍​ស្អាត ប្រព័ន្ធ​ទីក្រុង និង​សន្តិសុខ​ថាមពល​ផងដែរ​។

    ប្រធាន​សមាគម​ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម (IDBG) សង្កត់ធ្ងន់ថា ជំនួយ​សម្រាប់​សកម្មភាព​ដោះស្រាយ​បញ្ហា​អាកាសធាតុ​គឺជា «ប្រការ​សំខាន់​ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន​គ្រប់​វិស័យ និង​ជួយ​ដល់​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ពិសេស​គឺ​នៅតាម​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត» របស់ IDBG៕

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន

    ថវិកា​ជំនួយ​ផ្នែក​សន្តិសុខ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន កើនឡើង​ដល់ជាង​ 18 ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ខែកុម្ភៈ 2022 បន្ទាប់​ពី​ មន្ទីរ​បញ្ចកោណ បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​។

    មន្ទីរ​បញ្ច​កោណ កាលពីកាលពី​ថ្ងៃទី 10 វិច្ឆិកា​ 2022 បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​បណ្ដា​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ផងដែរ។

    លេខា​រង​ផ្នែក​សារព័ត៌មាន​របស់ មន្ទីរ​បញ្ច​កោណ Sabrina Singh បញ្ជាក់ថា កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក នឹង​រួមមាន ប្រព័ន្ធ​ការពារ​ដែនអាកាស​កម្រិត​ទាប និង​មាន​សមត្ថភាព​ចល័ត​កម្រិត​ខ្ពស់ Avenger ចំនួន 4 ក៏ដូចជា​មី​ស៊ី​ល Stinger សម្រាប់​ប្រព័ន្ធ​ទាំង 4 នេះ។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន ផ្ដល់ឱ្យ ទីក្រុង​កៀវ នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស Avenger។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏មាន​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស HAWK រួម​នឹង​គ្រាប់កាំភ្លើង​ធំ គ្រាប់កាំភ្លើង​ត្បាល់ រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS និង​គ្រាប់កាំភ្លើង​ជាង 20 លាន​គ្រាប់​សម្រាប់​អាវុធ​ធុន​ស្រាល។

    កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 10 វិច្ឆិកា​នេះ បាននាំ​ឱ្យ​ថវិកា​ជំនួយ​ផ្នែក​សន្តិសុខ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន កើនឡើង​ដល់ 18.6 ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ខែកុម្ភៈ 2022៕

  • Volvo បញ្ចេញ​ផលិតផល​ថ្មី​​នៅ​ អឺរ៉ុប វាយលុក «ទីផ្សារ​រថយន្ត​អគ្គិសនី» ពិភពលោក

    Volvo បញ្ចេញ​ផលិតផល​ថ្មី​​នៅ​ អឺរ៉ុប វាយលុក «ទីផ្សារ​រថយន្ត​អគ្គិសនី» ពិភពលោក

    Volvo EX90 ថ្មី​នេះ​គឺជា​រថយន្ត​ប្រភេទ SUV មាន​កៅអី 7 បំពាក់​បច្ចេកវិទ្យា​ទំនើប ហើយ​បញ្ចូល​ថាមពល​អគ្គិសនី​​ម្ដង​អាច​ជិះ​បាន 600 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ទើបតែ​បានបង្ហាញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​នៅ Stockholm ប្រទេស​ស៊ុយអែត ដែលជា​ការចាប់​ផ្ដើម​​របស់​ក្រុមហ៊ុន​ក្នុងការ​ឆ្ពោះទៅរក​អនាគត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង។

    Volvo ឱ្យដឹងថា EX90 ថ្មី​នេះ​គឺជា​រថយន្ត SUV ​កៅអី​ 7 និង​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង​ ជាមួយនឹង​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់។ ម៉ូ​ដែល​រថយន្ត​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 09 វិច្ឆិកា​នេះ​ក៏មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទាក់ទង​នឹង​ប្រព័ន្ធ​កុំព្យូទ័រ ការតភ្ជាប់​បណ្ដាញ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​អគ្គិសនី​ដើម្បី​លើកកម្ពស់​សុវត្ថិភាព ប្រសិទ្ធភាព និង​សោភណភាព។

    ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ Volvo លោក Jim Rowan ឱ្យដឹងថា «Volvo EX90 គឺជា​ប្រកាស​មួយ​បង្ហាញថា យើងខ្ញុំ​កំពុង​ស្ថិតនៅ​ចំណុច​ណា និង​កំណត់​ទិសដៅ​ដែល​យើងខ្ញុំ​នឹង​ឆ្ពោះទៅរក»។

    យោងតាម​លោក Rowan រថយន្ត​អគ្គិសនី Volvo EX90 នេះ អាច​ជិះ​បាន​ចម្ងាយ​ផ្លូវ 600 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​ម្ដង។ Volvo EX90 នឹងត្រូវ​បាន​ផលិត​នៅ សហរដ្ឋ​អាម៉េរិក ចាប់ពី​ឆ្នាំ 2023 ហើយ​ក្រោយមក​នឹង​ផលិត​នៅ ប្រទេស​ចិន។

    ក្រុមហ៊ុន Volvo របស់​ ស៊ុយអែត ប្រកាសថា ចាប់ពី​ឆ្នាំ 2030 ពួកគេ​នឹង​ផលិត និង​លក់​តែ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ប៉ុណ្ណោះ៕