Author: សឿន សំណាង

  • Ronaldo បង្កើតបាន​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី​នៅ World Cup ចំនួន 5 រដូវ​កាល

    Ronaldo បង្កើតបាន​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី​នៅ World Cup ចំនួន 5 រដូវ​កាល

    កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ លោក Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង 5 រដូវ​កាល​របស់ World Cup បន្ទាប់ពី​បាន​ស៊ុត​បញ្ចូល​ទី​របស់ ហ្កា​ណា កាលពី​យប់​ថ្ងៃទី 25 វិច្ឆិកា 2022។

    នាទី​ទី 61 ខ្សែប្រយុទ្ធ Joao Felix បញ្ជូន​បាល់​ឱ្យ Ronaldo ដែល​រត់​កាត់​បញ្ឆិត​ទៅ​កាន់​តំបន់​គ្រោះថ្នាក់​បាន​លឿន​ជាង​ខ្សែការពារ​កណ្ដាល Mohammed Salisu។ ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល ក៏​រុញ​បាល់​ទៅមុខ និង​ដួល​ដោយសារ​ឥទ្ធិពល​ពី​កីឡាករ​ខ្សែការពារ​កណ្ដាល​របស់ ហ្កា​ណា។ ភ្លាមនោះ អាជ្ញាកណ្ដាល​ជនជាតិ​អាម៉េរិក Ismail Elfath ក៏​ផ្លុំ​កញ្ចែ​ពិន័យ។

    មុនពេល​ស៊ុត​គ្រាប់​បាល់​ពិន័យ Ronaldo ថើប​បាល់ និង​ដកដង្ហើម​តាម​មាត់​ជា​បន្តបន្ទាប់ មុននឹង​រត់​ចូល​ទាត់​បាល់​ឱ្យ​ហោះ​ខ្ពស់​សំដៅទៅ​កាន់​ជ្រុង​ខាង​ឆ្វែ​ង ធ្វើឱ្យ​អ្នកចាំទី Lawrence Ati-Zigi មិនអាច​រារាំង​ដល់។ កំពូល​តារាបាល់ទាត់​វ័យ 37 ឆ្នាំនេះ ក៏​ងាកក្រោយ អបអរ​ទៅតាម​របៀប​ដូច​សព្វមួយដង។ Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង 5 រដូវ​កាល​របស់ World Cup។

    Ronaldo បាន​ចូល​លេង​នៅ World Cup ដំបូង​កាលពី​ឆ្នាំ 2006 ក្នុង​វ័យ 21 ឆ្នាំ និង​បាន​ស៊ុត​បញ្ចូល​ទី 1 គ្រាប់ ជួយ​ឱ្យ ព័រទុយហ្កាល់ ឈ្នះ អ៊ីរ៉ង់ 2-0។ 4 ឆ្នាំ​ក្រោយមក​នៅ អាហ្វ្រិក​ខាងត្បូង Ronaldo បន្ត​រកបាន 1 គ្រាប់​នៅក្នុង​ការប្រកួត​ជាមួយ កូរ៉េខាងត្បូង ដែល​ទទួលបាន​លទ្ធផល 7-0។ World Cup 2014 នៅ ប្រេ​ស៊ី​ល ប្រធាន​ក្រុម​របស់ ព័រទុយហ្កាល់ ក៏​រកបាន​គ្រាប់​បាល់​ដែល​កំណត់ឱ្យ​ឈ្នះ ហ្កា​ណា 2-1។ មកដល់ World Cup 2018 Ronaldo បង្កើតបាន hat-trick (រកបាន 3 គ្រាប់​តែម្នាក់ឯង) នៅក្នុង​ការប្រកួត​ជាមួយនឹង អេ​ស្ប៉ា​ញ ដែល​ទទួលបាន​លទ្ធផល 3-3។ Ronaldo រកបាន​គ្រាប់​បាល់​សរុប​ចំនួន 8 គ្រាប់​នៅ World Cup។

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​សុទ្ធ​របស់ វៀតណាម នាំចេញ VF 8 ជើង​ដំបូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​សុទ្ធ​របស់ វៀតណាម នាំចេញ VF 8 ជើង​ដំបូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ

    បច្ចុប្បន្ន រថយន្ត​អគ្គិសនី VinFast របស់ Vingroup កំពុងស្ថិត​នៅឯ​កំពង់​ផែ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​នាំចេញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក។

    រថយន្ត​អគ្គិសនី VinFast ដែល​សុទ្ធតែជា​ម៉ូ​ដែល VF8 នេះ គ្រោង​នឹង​ត្រូវបាន​លើកដាក់​កប៉ាល់​នៅ​ថ្ងៃស្អែក (25 វិច្ឆិកា) មុនពេល​យកទៅ​ប្រគល់ដល់ដៃ​អតិថិជន​នៅ សហរដ្ឋ​អាម៉េរិក និង កាណាដា នៅ​ចុង​ឆ្នាំនេះ។

    នៅក្នុង​ទីផ្សារ​អាម៉េរិក VinFast VF8 មានតម្លៃ​ចាប់ពី 40,700 ដុល្លារ​អាម៉េរិក សម្រាប់​កំណែ Eco និង​ពី 47,700 ដុល្លារ​សម្រាប់​កំណែ Plus (មិនទាន់មាន​ថ្ម)។ តម្លៃ​ជួល​ថ្ម​នៅក្នុង​ទីផ្សារ​ខាងលើ​គឺ​ចាប់ពី 35 ដុល្លារ​ដល់ 110 ដុល្លារ។

    មុននេះ VinFast VF8 ក៏ត្រូវ​បានដាក់​លក់​នៅ​ក្នុង​ទីផ្សារ​វៀតណាម ក្នុងនោះ កំណែ Eco បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 260 kW អាចធ្វើ​ដំណើរ​បាន 420 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ ចំណែក​កំណែ Plus ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី 300 kW និង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាចឱ្យ​ជិះ​បាន 400 គីឡូម៉ែត្រ ក្រោយ​បញ្ចូល​អគ្គិសនី​ពេញ៕

  • ប្រទេស​ថៃ ជំរុញ​ដំណើរ​ការបង្កើត​មូលនិធិ​សន្សំ​ប្រាក់​បែប​កាតព្វកិច្ច​សម្រាប់​​កម្មករ និយោជិត​

    ប្រទេស​ថៃ ជំរុញ​ដំណើរ​ការបង្កើត​មូលនិធិ​សន្សំ​ប្រាក់​បែប​កាតព្វកិច្ច​សម្រាប់​​កម្មករ និយោជិត​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ កំពុង​ជំរុញ​ដំណើរការ​នៃ​ការបង្កើត​មូលនិធិ​សន្សំ​ប្រាក់​បែប​កាតព្វកិច្ច​សម្រាប់​កម្មក​រ និយោជិត ក្រោយពី​រកឃើញថា មូលនិធិ​សន្សំ​ប្រាក់​ដោយ​ស្ម័គ្រចិត្ត​នាបច្ចុប្បន្ន មិនអាច​ធានាបាន​ថា ពលរដ្ឋ​មាន​ប្រាក់ចំណូល​គ្រប់​គ្រាប់​សម្រាប់​រស់នៅ​ពេល​ចូលនិវត្តន៍។

    ប្រភពព័ត៌មាន​ពី បាងកក បានឱ្យដឹងថា លោកស្រី Sittasri Nakasiri ប្រធានការិយាល័យ​ប្រឹក្សា​ផ្នែក​ផលប​ត្រ​វិនិយោគ និង​តាមដាន​មូលនិធិ​សន្សំ នៃ គណៈកម្មការ​មូល​ប​ត្រ របស់ ប្រទេស​ថៃ បានឱ្យដឹងថា ប្រទេស​ថៃ នឹង​ក្លាយជា​សង្គមមនុស្ស​ចាស់ (Ageing Population) នៅពេល​ដ៏​ខ្លី​ខាងមុខ ដូច្នេះ វិស័យ​សាធារណៈ និង​ឯកជន កំពុង​រក​វិធីសាស្ត្រ​ដើម្បី​ត្រៀម​សម្រាប់​ពលរដ្ឋ​ចូលនិវត្តន៍។

    សង្គមមនុស្ស​ចាស់​គឺជា​សង្គម​ដែលមាន​អត្រា​ពលរដ្ឋ​អាយុ​ច្រើនជាង 65 ឆ្នាំ ខ្ពស់ជាង 14% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប។ ក្នុង​រយៈពេល 10 ទៀត ចំនួន​ប្រជាជន​ដែលមាន​វ័យ​លើសពី 65 ឆ្នាំ នៅ ប្រទេស​ថៃ នឹង​កើនឡើង​លើសពី 20%។

    យោងតាម​លោកស្រី Sittasri ការពឹងផ្អែក​ទៅលើ​តែ​មូលនិធិ​សន្សំ​ប្រាក់​ដោយ​ស្ម័គ្រចិត្ត​គឺ​មិន​គ្រប់គ្រាន់​ឡើយ។ បច្ចុប្បន្ន ចំនួន​សមាជិក​របស់​មូលនិធិ​នេះ​មានតែ​ជិត 3 លាន​នាក់​ប៉ុណ្ណោះ ពោលគឺ​មិន​ដល់ 18% ផង បើ​ធៀប​នឹង​ចំនួន​កម្មករ និយោជិត​សរុប​របស់​ប្រទេស​នេះ៕

  • គម្រោង​រ​ថ​ភ្លើង​ក្រោម​ដី និង​ទី​ខ្ពស់​នៅ ហាណូយ កំពុង​ត្រៀម​សម្រាប់ដំណើរ​ការ​សាកល្បង​

    គម្រោង​រ​ថ​ភ្លើង​ក្រោម​ដី និង​ទី​ខ្ពស់​នៅ ហាណូយ កំពុង​ត្រៀម​សម្រាប់ដំណើរ​ការ​សាកល្បង​

    (វៀតណាម)-គណៈកម្មការ​គ្រប់គ្រង​ផ្លូវដែក​ក្នុង​ក្រុង​ហាណូយ (MRB), ក្រុមហ៊ុន​ម៉ៅការ Sytra នៃ​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង (Metro) Nhon – ស្ថានីយ​ហាណូយ ទើបតែ​បានប្រកាស​អំពី​ការចាប់ផ្ដើម​ដំណើរការ​សាកល្បង​កំណាត់​ផ្លូវដែក​លើ​ទី​ខ្ពស់ ចាប់ពី​ថ្ងៃទី 05 ធ្នូ ខាងមុខ។

    ការ​ដំណើរការ​សាកល្បង​ខាងលើនេះ នឹងត្រូវ​បានចាត់ទុក​ថា បញ្ចប់​ជា​ស្ថាពរ នៅពេល​ការធ្វើ​តេស្ត​នានា​សុទ្ធតែ​ទទួលបាន​ជោគជ័យ។

    គម្រោង​ផ្លូវដែក​ក្នុង​ក្រុង​កំណាត់ ញ៉ូន (Nhon) – ស្ថានីយ​ហាណូយ ដែល​​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នេះ​មាន​ប្រវែង 12.5 គីឡូម៉ែត្រ ក្នុង​នោះ​មាន​ជាង 8 គីឡូម៉ែត្រ​ស្ថិត​នៅ​​​លើ​ទី​ខ្ពស់ និង 4 គីឡូ​ម៉ែ​ទ្រ​ស្ថិតនៅក្រោម​ដី។ គម្រោង​នេះ​មាន​ស្ថានីយ​សម្រាប់​អ្នកដំណើរ​ចំនួន 12 និង​ចំណត់​សម្រាប់​រថភ្លើង​មួយ​ទំហំ​ជាង 15 ហិកតា រួម​នឹង​​រថភ្លើង​ចំនួន 10 ខ្សែ។

    គម្រោង​ដែល​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ទាំងស្រុង​នៅ​ឆ្នាំ 2027 ខាងលើនេះ​ មាន​ទុនវិនិយោគ​សរុប​ប្រហែល 1,176 លាន​អឺរ៉ូ ដែលជា​ឥណទាន​ពី ODA របស់ បារាំង, ធនាគារ​វិនិយោគ​អឺរ៉ុប, ទីភ្នាក់​ងារ​​អភិវឌ្ឍ​បារាំង, ធនាគារ​អភិវឌ្ឍ​អាស៊ី និង 218 លាន​អឺរ៉ូ ទៀត គឺជា​​ថវិកាបដិភាគ​របស់ វៀតណាម៕

  • កម្រង​រូបថត​បង្ហាញ​អំពី​ការរីកចម្រើន​យ៉ាង​រហ័ស​​​របស់​ម្ចាស់ផ្ទះ World Cup 2022

    កម្រង​រូបថត​បង្ហាញ​អំពី​ការរីកចម្រើន​យ៉ាង​រហ័ស​​​របស់​ម្ចាស់ផ្ទះ World Cup 2022

    ប្រទេស​កាតា ដ៏​តូច​ច្រឡឹង​​នៅ មជ្ឈិមបូព៌ា បាន​​ឆ្លង​កាត់​ពេលវេលា​ដ៏​វែងឆ្ងាយ​ចាប់ពី​ពេល​ដណ្ដើមបាន​ឯករាជ្យ​កាលពី​ឆ្នាំ 1971 មុននឹង​ទទួលបាន​វឌ្ឍនភាព​ដ៏​អស្ចារ្យ​ដូច​សព្វថ្ងៃ។ ពេល​នេះ កាតា កំពុង​ទទួលបាន​ចំណាត់​អារម្មណ៍​របស់​ពិភពលោក នៅពេល​រៀប​ចំ​​ព្រឹត្តិការណ៍ World Cup 2022។

    ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ កាតា សុទ្ធតែ​ស្ថិតក្នុង top 5 ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន GDP/មនុស្ស​ម្នាក់ ខ្ពស់​ជាងគេ​លើ​ពិភពលោក។ ប៉ុន្តែ កាលពី 50 ឆ្នាំមុន កាតា គ្រាន់តែ​ជា​ទឹកដី​មួយ​ដែលមាន​សភាព​សោះកក្រោះ ហើយ​សេដ្ឋកិច្ច​ក៏​អន់​ជាងគេ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា។

    បច្ចុប្បន្ន កាតា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​ប្រេង​ឆៅ​លំដាប់​កំពូល​របស់​ពិភពលោក ក្នុងនោះ មូលនិធិ​ជាតិ​វិនិយោគ (ដែល​ហៅថា ក្រុមប្រឹក្សា​វិនិយោគ​តា​កា) មាន​តម្លៃ​​រហូត​ដល់​ជាង 85 ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម CNN Money។

    ពេលនេះ កាតា គឺជា​ទីស្នាក់ការ​របស់​បណ្ដា​ក្រុមហ៊ុន​ប្រេង​ខ្នាត​ធំ​បំផុត​​របស់​ប្រទេស និង​មាន​ប្រជាជន​ជិត 2.4 លាន​នាក់។ កាតា បាន និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។

    ខាងក្រោម​គឺជា​កម្រង​រូបថត​ស្ដីពី កាតា ក្នុង​អតីតកាល និង​បច្ចុប្បន្នកាល ៖

    រាជធានី​របស់ កាតា កាល​ពី​ឆ្នាំ 1977
    រាជធានី​ដូហា របស់ កាតា នាបច្ចុប្បន្ន
    សណ្ឋាគារ Sheraton Grand Doha Resort និង​ Convention ក្នុង​អំឡុង​​ទសវត្សរ៍​ឆ្នាំ 1970
    បច្ចុប្បន្ន នៅ​ក្បែរ Sheraton មាន​​អគារ​កប់​ពពក​​ច្រើន​ស្ទើរ​រាប់​មិន​អស់​
    រូប​ថត​ចាស់​ស្ដីពី​តំបន់​រាជវាំង​របស់ស្ដេច Sheikh Abdullah bin Jassim Al Thani
    បច្ចុប្បន្ន​ រាជវាំង​ខាងលើ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​សារមន្ទីរ​ជាតិ NMoQ
    ផ្លូវ ​Al Kahraba នៅ​តំបន់ Msheireb របស់ Doha កាល​ពី​អតីតកាល
    ទិដ្ឋភាព​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​បច្ចុប្បន្ន​របស់​តំបន់ ផ្លូវ ​Al Kahraba
    តំបន់​ផ្សារ​ហាល​ថ្ងៃ​មួយ​របស់ ដូហា កាល​ពី​ឆ្នាំ 1977
    តំបន់​ពាណិជ្ជកម្ម​ Porto Arabia បច្ចុប្បន្ន
    នៅកណ្ដាល​រូប​ថត គឺជា​សារមន្ទីរជាតិ​កាតា កាល​ពី​ឆ្នាំ 1977 ហើយ​ជុំវិញ​គឺជា​សំណង់​បុរាណ​មួយ​ដែល​កំពុង​ទ្រុឌ​ទ្រោម
    សារមន្ទីរ​សិល្បៈ​អ៊ីស្លាម​កាតា នាបច្ចុប្បន្ន
    រាជវាំង​របស់ កាតា កាល​ពី​ឆ្នាំ 1971
    រាជវាំង Emiri Diwan បច្ចុប្បន្ន
    វិមាន​នាឡិកានៅ មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់ ដូហា កាល​ពីឆ្នាំ 1971
    ទិដ្ឋភាព​ជុំវិញ​វិមាន​នាឡិកា នាបច្ចុប្បន្ន
  • កម្ពុជា ផ្សព្វផ្សាយ​អំពី «ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េខាងត្បូង

    កម្ពុជា ផ្សព្វផ្សាយ​អំពី «ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េខាងត្បូង

    នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី 24 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ (CKFTA) សម្រាប់​ការនាំចេញ។

    សិក្ខាសាលា​ផ្សព្វផ្សាយ​ខាងលើនេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា តំណាង​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​តំណាង​វិស័យ​ឯកជន​ផងដែរ។

    គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃ​ការនាំចេញ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការនាំចេញ និង​ការទាញយក​អត្ថប្រយោជន៍​ជា​អតិបរិមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង CKFTA។ កិច្ចព្រមព្រៀង CKFTA នេះ នឹង​បំពេញបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-កូរ៉េ និង​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែលមាន​ស្រាប់។

    យោងតាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង CKFTA នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ នៅក្រោម​កិច្ចព្រមព្រៀង CKFTA កម្ពុជា​បាន បើក​ទីផ្សារ ចំនួន 89.09% នៃ​បន្ទាត់​ពន្ធគយ​សរុប ខណៈដែល​ភាគី​កូរ៉េ​បាន​បើក​ទីផ្សារ​ចំនួន 95.03% នៃ​បន្ទាត់​ពន្ធគយ​សរុប ក្នុងនោះ កម្ពុជា នឹង​អាច​នាំចេញ​ទំនិញ​ក្នុង​អត្រាពន្ធគយ​សូន្យភ្លាមៗ បន្ទាប់ពី​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន។

    ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានឱ្យដឹងថា កិច្ចព្រមព្រៀង CKFTA ត្រូវបាន កម្ពុជា ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃ​ទី 29 មករា 2022 ខណៈ​ភាគី​កូរ៉េ បានផ្ដល់​សច្ចាប័ន និង​ជូនដំណឹង​មក កម្ពុជា កាលពី​ថ្ងៃទី 02 តុលា 2022។ កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី 01 ធ្នូ 2022៕

  • គម្រោង​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប

    គម្រោង​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប

    គម្រោង Pillswood ដែលជា​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​ទំហំ 98 MW ស្ថិត​នៅក្បែរ​ទីក្រុង Hull ក្នុង​តំបន់ East Yorkshire ភាគ​ខាងកើត​នៃ ប្រទេស​អង់គ្លេស ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 21 វិច្ឆិកា 2022។

    គម្រោង Pillswood ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Harmony Energy Limited គឺជា​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំ​បំផុត​នៅ ទ្វីបអឺរ៉ុប និង​ប្រើប្រាស់​បច្ចេកវិទ្យា Megapack 2-ម៉ោង របស់ Tesla ដែល​អនុញ្ញាតឱ្យ​វា​ផ្ទុក​អគ្គិសនី​បាន​រហូតដល់ 196 MWh នៅក្នុង​មួយវដ្ដៗ អាច​ផ្គត់ផ្គង់​អគ្គិសនី​តាម​តម្រូវការ​របស់​មនុស្ស​ប្រហែល 300,000 គ្រួសារ​ក្នុង​រយៈពេល 2 ម៉ោង។

    Peter Kavanagh ប្រធាន​ក្រុមហ៊ុន Harmony Energy ឱ្យដឹងថា «នេះ​គឺជា​គម្រោង​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ទី 3 និង​ធំជាងគេ​ដែល​យើង​ធ្លាប់បាន​អភិវឌ្ឍ និង​ប្រគល់ឱ្យ​អតិថិជន​ក្រោយពី​សាងសង់​រួចរាល់»។

    យោងតាម Kavanagh ក្រុមហ៊ុន Harmony Energy នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ចំនួន 5 ទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាងសង់ នៅមុន​ខែតុលា 2023៕

  • កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ចំនួន 10 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ចំនួន 10 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    ក្រសួង​សុខាភិបាល​កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 07 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 23 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 03 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,046 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,954 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • មិនអាច​លក់​ស្រា​បៀរ​បាន ក្រុម​ហ៊ុន​ Budweiser ចង់​ទាមទារ​ប្រាក់ 47 លាន​ដុល្លារ​ពី FIFA

    មិនអាច​លក់​ស្រា​បៀរ​បាន ក្រុម​ហ៊ុន​ Budweiser ចង់​ទាមទារ​ប្រាក់ 47 លាន​ដុល្លារ​ពី FIFA

    យោងតាម Foxnews ក្រុមហ៊ុន Budweiser ដែលជា​ម្ចាស់​ឧបត្ថម្ភ​តាំងពី​ឆ្នាំ 1988 កំពុង​រក​វិធី​ដើម្បី​ទាមទារ​មកវិញ​នូវ​ទឹកប្រាក់ 47 លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ជាង 60% នៃ​ខ្ទង់​ប្រាក់​ដែល​ក្រុមហ៊ុន​នេះ​បាន​ឧបត្ថម្ភ FIFA នៅ កាតា ព្រោះតែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​នៅ World Cup 2022។

    នៅមុន​ពិធី​បើក​ការប្រកួត​នៅ World Cup 2022 ប្រទេស​កាតា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ហាម​ការលក់​ស្រា​បៀរ​នៅក្នុង និង​ក្រៅ​កីឡដ្ឋាន​ទាំង 8 ក្នុង រដ្ឋធានី​ដូ​ហា។ ការសម្រេចចិត្ត​នេះ​បាន​បណ្ដាលឱ្យ​គម្រោង​របស់ Budweiser ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្លូវការ​សម្រាប់​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA តាំងពី​ឆ្នាំ 1986 ត្រូវ​ច្របូកច្របល់។

    Bud Zero ដែលជា​ប្រភេទ​ប៊ី​យ៉ែ​រ​មិនមាន​ជាតិ​អាល់កុល របស់​ក្រុម​ហ៊ុន​ Budweiser នៅតែ​អាច​លក់បាន​នៅ កាតា។ ប៉ុន្តែ ផលិតផល​មាន​អាយុ 2 ឆ្នាំនេះ រួមចំណែក​តែមួយ​ផ្នែក​តូច​ប៉ុណ្ណោះ នៅក្នុង​ប្រភព​ចំណូល​សរុប​របស់ Anheuser-Busch InBev (ក្រុមហ៊ុនមេ​របស់ Budweiser) និង​មិនមាន​ការពេញនិយម​ដូច​ស្រា​បៀរ​ធម្មតា។ នៅ​រដូវ​កាល World Cup 2018 នៅ ប្រទេស​រុស្ស៊ី អ្នកគាំទ្រ​បាន​ប្រើប្រាស់​ស្រា​បៀរ​អស់ 3.2 លាន​កែវ ក្នុងនោះ​មានតែ 2% ប៉ុណ្ណោះ​ដែលជា​ប្រភេទ​មិនមាន​អាល់កុល។

    ការសម្រេចចិត្ត​ហាម​លក់​ស្រា​បៀរ ត្រូវបាន អាជ្ញាធរ​ដូ​ហា លើកឡើង​នៅ​នាទី​ទី 89 ក្នុង​គ្រា​ដែល AB InBev កំពុង​ចរចា​ដើម្បី​បន្ត​ការពន្យារ​កិច្ចសន្យា​ឧបត្ថម្ភ​ជាមួយ FIFA ដោយសារ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​នឹង​អស់​សុពលភាព​ក្រោយ​បញ្ចប់ World Cup 2022។

    មុន​នោះ Bedweiser បាន​ពន្យារពេល​សម្រាប់​ការឧបត្ថម្ភ​ដល់ FIFA កាលពី​ឆ្នាំ 2021 បន្ទាប់ពី កាតា ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ World Cup 2022។ ពេលនោះ ក្រុមមន្ត្រី​របស់ កាតា បាន​ធានាថា នឹង​បន្ធូរបន្ថយ​ការកំណត់​ទៅលើ​ការលក់​គ្រឿង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល។

    នៅ ប្រទេស​កាតា ភ្ញៀវ​អាច​ទិញ​ស្រា​បៀរ​បាន​នៅក្នុង​សណ្ឋាគារ និង​បារ​ដែលមាន​អាជ្ញាប័ណ្ណ។ ប្រទេស​នេះ​ចាត់ទុក​ការ​ស្រវឹង​នៅ​ទីសាធារណៈ​ថា​ជា​អំពើ​ខុសច្បាប់ និង​អាច​ត្រូវបាន​ពិន័យ​ឱ្យ​ជាប់ពន្ធនាគារ​កន្លះ​ឆ្នាំ៕

  • បច្ចេកវិទ្យា​បញ្ចូល​ថាមពលថ្ម​​ពេញ 80% ដោយ​ប្រើពេល​តែ 72 វិនាទី ៖ «ស្មើ​នឹង​ការ​ចាក់​សាំង​នៅ​ស្ថានី​យ​ឥន្ធនៈ»!

    បច្ចេកវិទ្យា​បញ្ចូល​ថាមពលថ្ម​​ពេញ 80% ដោយ​ប្រើពេល​តែ 72 វិនាទី ៖ «ស្មើ​នឹង​ការ​ចាក់​សាំង​នៅ​ស្ថានី​យ​ឥន្ធនៈ»!

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ ស្វ៊ី​ស អភិវឌ្ឍ​ប្រព័ន្ធ​​កូនកាត់ (hybrid) ជាមួយនឹង​បច្ចេកវិទ្យា​ថ្ម​ប្រពៃណី និង​បច្ចេកវិទ្យា ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ (supercapacitor) បញ្ចូល​ថាមពល​ឆាប់​ពេញ ដែល​នេះ​អាចជួយ​ឱ្យ​រថយន្ត​អគ្គិសនី​កាន់តែ​ទទួលបាន​ការពេញនិយម​ប្រើប្រាស់​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ពេលវេលា​ជា​មធ្យម​ដើម្បី​ចាក់​សាំង​ពេញ​សម្រាប់​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​គឺ 2 នាទី នេះ​បើតាម វិទ្យាស្ថាន​ឥន្ធនៈ​អាម៉េរិក។ យោងតាម Interesting Engineering ក្រុមហ៊ុន​របស់ ស្វ៊ី​ស Morand អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ផ្ទុក​ថាមពល​ថ្មី ជួយ​ឱ្យ​ការបញ្ចូល​អគ្គិសនី​ចំណាយ​​ពេល​ខ្លី​បំផុត ដែល​អាច​ប្រៀបផ្ទឹម​ជាមួយនឹង​ការចាក់​ប្រេងឥន្ធនៈ​នៅលើ​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា eTechnology គឺជា​ប្រព័ន្ធ​កូនកាត់​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ថ្ម​ប្រពៃណី និង​បច្ចេកវិទ្យា​បច្ចូល​ថាមពល​រហ័ស​ ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ (supercapacitor) ដែល​ត្រូវបាន​រំពឹងថា នឹង​ជំរុញ​​ឱ្យ​គ្រប់គ្នា​ងាក​ទៅប្រើ​ប្រាស់​យាន​យន្ត​​អគ្គិសនី។ ជាង​នេះ បច្ចេកវិទ្យា​ថ្មី​នេះ​ក៏មាន​អាយុកាល​វែង​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ថ្ម​ប្រភេទ lithium-ion ដែល​ត្រូវបាន​ប្រើ​លើ​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន។

    នៅក្នុង​ការសាកល្បង ថ្ម​គំរូ 7.2 kWh របស់ eTechnology អាច​បញ្ចូល​ថាមពល​បាន 80% ដោយ​ប្រើពេល​តែ 72 វិនាទី, 98% ចំណាយពេល 120 វិនាទី និង 100% ​រយៈពេល 2.5 វិនាទី ក្នុង​កម្រិត 900 A ឬ 360 kW។

    បច្ចេកវិទ្យា​ថ្មី​នេះ​ក៏​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅក្នុង​អាកាសធាតុ​អាក្រក់ ជា​បញ្ហា​ដែល​ថ្ម​របស់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន​ពិបាក​ធ្វើបាន។

    Morand កំពុងតែ​សហការ​ជាមួយ​ដៃគូ​ជំនួញ​ដើម្បី​នាំយក eTechnology ទៅកាន់​ទីផ្សារ។ ក្នុងដំណាក់កាល​ដំបូង ថ្ម eTechnology នេះ​អាចមាន​តម្លៃ​ខ្ពស់ជាង​ថ្ម lithium-ion ប៉ុន្តែ Morand នឹង​បញ្ចុះតម្លៃ​ថ្ម​ប្រភេទ​ថ្មី​ តាមរយៈ​ការពង្រីក​ចង្វាក់​ផលិតកម្ម៕

    ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​ថ្ម eTechnology របស់ Morand
    ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ eTechnology របស់ Morand