Author: សឿន សំណាង

  • (World Cup 2022) – អាម៉េរិក ជូន​ដំណើរ​ចាកចេញ​របស់ អ៊ីរ៉ង់ ដោយ​លទ្ធផល 1-0

    (World Cup 2022) – អាម៉េរិក ជូន​ដំណើរ​ចាកចេញ​របស់ អ៊ីរ៉ង់ ដោយ​លទ្ធផល 1-0

    ក្រោយពី​បានឈ្នះ​លើ អ៊ីរ៉ង់ 1-0 ដោយសារ​ថ្វី​ជើង​របស់ Christian Pulisic កាលពី​យប់​ថ្ងៃទី 29 វិច្ឆិកា ក្រុម​ជម្រើសជាតិ​អាម៉េរិក ដណ្ដើមបាន​សំបុត្រ​ដែល​នៅសល់​ក្នុង​ពូ​ល B ឡើងទៅ​កាន់​វគ្គ 1/8 របស់ World Cup 2022។

    គ្រាប់​បាល់​ជ័យជម្នះ​តែមួយ​គ្រាប់​គត់​ត្រូវបាន​ទាត់​នៅ​នាទី​ទី 38 នៅពេល Weston McKennie បញ្ជូន​បាល់​ឱ្យ Sergino Dest រុល​ទៅកាន់​ស្លាប​ខាងស្ដាំ។ Dest តែ​ត​បញ្ជូន​ទៅកាន់​តំបន់​គ្រោះថ្នាក់​ដើម្បីឱ្យ Christian Pulisic ស្កាត់​ស៊ុត​ប៉ើង​សំណាញ់​របស់ Alireza Beiranvand។

    ដោយ​ត្រូវការ​តែមួយ​ពិ​ន្ទុះ​ទៀត​ដើម្បី​បន្តដំណើរ ដូច្នេះ នៅក្នុង​កីឡដ្ឋាន Al Thumana ក្រុម​របស់ អ៊ីរ៉ង់ ផ្ដោតទៅលើ​ការការពារ​ច្រើនជាង។ ក្នុង​តង់​ទីមួយ អ៊ីរ៉ង់ គ្រប់គ្រង​បាល់​បាន 39% និង​ទុកឱ្យ អាម៉េរិក បញ្ចេញ​កម្លាំង។

    វិធីសាស្ត្រ​ខាងលើ​របស់ អ៊ីរ៉ង់ បានធ្វើឱ្យ អាម៉េរិក ជួប​ការលំបាក។ ក្រោយ​រកបាន​មួយ​គ្រាប់​នៅ​នាទី​ទី 38 ដែលជា​ថ្វី​ជើង​របស់ Pulisic អាម៉េរិក ត្រូវ​ទាត់​រហូតដល់​នាទី​ថែម​ម៉ោង ទើប​អាច​ស៊ុត​បញ្ចូល​ទី​របស់ អ៊ីរ៉ង់ ជា​លើក​ទី​ពីរ។ ក៏ប៉ុន្តែ គ្រាប់​បាល់​នេះ​មិនត្រូវ​បានទទួល​ស្គាល់ ដោយសារ Weah អក​ហ្សឺ។

    https://www.youtube.com/watch?v=Onc5HEhApn4

    ចូលដល់​តង់​ទី​ពីរ ការប្រកួត​មាន​សភាព​ខ្លាំងក្លា ដោយសារ អ៊ីរ៉ង់ ត្រូវ​ការរក​ឱ្យបាន​គ្រាប់​បាល់​ស្មើ។ ក្រុម​អាម៉េរិក ចាប់ផ្ដើម​យកចិត្តទុកដាក់​លើ​ការការពារ ធ្វើឱ្យ អ៊ីរ៉ង់ គ្រប់គ្រង​បាល់​បាន​ច្រើន។ ក៏ប៉ុន្តែ ចុងក្រោយ អ៊ីរ៉ង់ នៅតែ​ចាញ់ អាម៉េរិក 0-1។

    បរាជ័យ​នេះ នាំឱ្យ អ៊ីរ៉ង់ បាត់បង់​តំណែង​លេខ 2 ក្នុង​ពូ​ល ហើយ​ក្លាយជា​តំណាង​របស់ អាស៊ី ទី​ពីរ​ដែល​ត្រូវ​ចាក​ចេញពី World Cup 2022 បន្ទាប់ពី ក្រុម​ម្ចាស់ផ្ទះ កាតា។ ចំណែក អាម៉េរិក វិញ ត្រូវ​បន្តដំណើរ​ទៅមុខ ប៉ុន្តែ​ក៏​រង​ការខូចខាត​ច្រើន​នៅពេល Pulisic និង McKennie សុទ្ធតែ​ចាកចេញ​ពី​ទីលាន​ប្រកួត​ដោយសារ​រងរបួស។

  • (World Cup 2022) – អតីត​តារា​បាល់​ទាត់ David Beckham ស្នាក់​នៅក្នុង​សណ្ឋាគារ​តម្លៃ 24,000 ដុល្លារ/យប់ នៅ កាតា

    (World Cup 2022) – អតីត​តារា​បាល់​ទាត់ David Beckham ស្នាក់​នៅក្នុង​សណ្ឋាគារ​តម្លៃ 24,000 ដុល្លារ/យប់ នៅ កាតា

    អតីត​តារាបាល់ទាត់ David Beckham ត្រូវបាន​គេ​ជឿថា បាន​ស្នាក់​នៅក្នុង​បន្ទប់​មួយ​ដែល​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង «សណ្ឋាគារ​ក្នុង​សណ្ឋាគារ» ដោយមាន​តម្លៃ 24,000 ដុល្លារ​អាម៉េរិក/យប់ នៅពេល​គាត់​ស្ថិតនៅក្នុង ប្រទេស​កាតា ដើម្បី​តាមដាន World Cup 2022។

    ទំព័រ Daily Mail កាលពី​ថ្ងៃទី 28 វិច្ឆិកា បានឱ្យដឹងថា អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស វ័យ 47 ឆ្នាំ​រូបនេះ បាន​ស្នាក់នៅ​ជិត​មួយ​សប្ដាហ៍ ក្នុង​សណ្ឋាគារ Mandarin Oriental នៅ រដ្ឋធានី​ដូ​ហា ប្រទេស​កាតា។

    លោក David Beckham ស្នាក់នៅ​បន្ទប់ suite Baraha View ដែល​ស្ថិតនៅ​ជាន់ខ្ពស់​បំផុត​របស់​ស​ណ្ឋា​គារ និង​មាន​កន្លែង​ហូបចុក​ដោយឡែក អ្នកបម្រើ​ដោយឡែក មាន​ទីលាន និង​អាង​ហែល​ទឹក​ដោយឡែក។ល។

    បន្ទប់​ប្រភេទ​ខាងលើនេះ មានតម្លៃ​រហូតដល់ 24,000 ដុល្លារ​អាម៉េរិក សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់។ ក៏ប៉ុន្តែ Beckham បាន​ចាក​ចេញពី​បន្ទប់​នេះ​កាលពី​ចុង​សប្ដាហ៍​កន្លង ក្រោយពី​មាន​លេចឮ​ព័ត៌មាន​ស្ដីពី​ទីកន្លែង​ស្នាក់នៅ​របស់គាត់​នៅលើ​បណ្ដាញ​សង្គម៕

    បន្ទប់ប្រភេទ suite Baraha View នៅ ក្នុងសណ្ឋាគារ Mandarin Oriental
  • ទុនវិនិយោគ​​សរុប​សម្រាប់​​វិស័យ​ឧស្សាហកម្ម​នៅ កម្ពុជា មក​ដល់​ពាក់​កណ្ដាល​ខែ​នេះ កើន 3 ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង

    ទុនវិនិយោគ​​សរុប​សម្រាប់​​វិស័យ​ឧស្សាហកម្ម​នៅ កម្ពុជា មក​ដល់​ពាក់​កណ្ដាល​ខែ​នេះ កើន 3 ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង

    (ភ្នំពេញ) – កម្ពុជា មាន​រោងចក្រ​សរុប​កើន​ដល់ 1,968 រោងចក្រ និង​មាន​ទុនវិនិយោគ​សរុប ប្រមាណ​ជាង 16 ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា 2022 នេះ​បើតាម​ការឱ្យ​ដឹង​នា​ថ្ងៃនេះ​របស់ ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

    យោងតាម ឯកឧត្តម ហេង សុខ​គង់ បច្ចុប្បន្ន កម្ពុជា មាន​រោងចក្រ​សរុប​ឡើងដល់ 1,968 រោងចក្រ ក្នុងនោះ​មានការ​ចុះបញ្ជី​រោងចក្រ​ថ្មី​ចំនួន 161 រោងចក្រ រាប់​ចាប់ពី​ដើមឆ្នាំ 2022 ដល់​ពាក់កណ្ដាល​ខែវិច្ឆិកា 2022។ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បញ្ជាក់ថា ទុនវិនិយោគ​សរុបរ​បស់​រោងចក្រ​ទាំងនោះ មាន​ជាង 16 ពាន់​លាន​ដុល្លារ ច្រើនជាង​ប្រមាណ 3 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ 2021។

    នៅក្នុង​ឆ្នាំ 2022 នេះ កម្ពុជា មាន​រោងចក្រ​ត្រូវ​បិតទ្វារ​ចំនួន 72 រោងចក្រ ប៉ុន្តែ នេះ​គឺជា​ដំណឹង​ល្អ​មួយ ព្រោះ​ថា តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​ទៅនឹង ១៤៨ រោងចក្រ​ដែល​ត្រូវបាន​បិទទ្វារ​កាលពី​ឆ្នាំ 2021 នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​ក្នុង​ស្រុក​៕

  • រកបានប្រាក់​ចំណូល 3​ ពាន់​​លាន​​រៀល​/​ឆ្នាំ​ ពី​ការ​​លក់​​របស់​​របរ​​ទាំង​​ឡាយ​​​​ដែល​​មនុស្ស​​គ្រប់​គ្នា​​សុទ្ធ​​តែ​មាន

    រកបានប្រាក់​ចំណូល 3​ ពាន់​​លាន​​រៀល​/​ឆ្នាំ​ ពី​ការ​​លក់​​របស់​​របរ​​ទាំង​​ឡាយ​​​​ដែល​​មនុស្ស​​គ្រប់​គ្នា​​សុទ្ធ​​តែ​មាន

    មុន​ឆ្នាំ 2015 Mona Mejia គឺជា​អ្នកម្ដាយ និង​មេផ្ទះ​ដែល​មើល​ថែកូន 3 នាក់ នៅក្នុង​ទីក្រុង Houston ប៉ុន្តែ​បច្ចុប្បន្ន ក្នុង​វ័យ 44 ឆ្នាំ នាង​អាច​រកបាន 735,000 ដុល្លារ​អាម៉េរិក (ជាង 3 ពាន់​លាន​រៀល) ក្នុង​មួយឆ្នាំ ដោយ​ប្រកប​របរ​រក​ស៊ី​​នៅផ្ទះ នេះ​បើតាម Insider។

    Mona Mejia លក់​ខោអាវ សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ និង​ប្រដាប់​លេង​ទាំងចាស់ ទាំងថ្មី តាមរយៈ​បណ្ដាញ​សង្គម។ ដំបូង Mona Mejia លក់​តែ​របស់ចាស់ៗដែល​នាង​មាន ហើយ​ក្រោយមក​យកប្រាក់​បន្តិចបន្ដួច​នោះ​ទៅ​ទិញ​ខោអាវ​ដែល​ក្រុមហ៊ុន ឬ​ម្ចាស់​ហាង​លក់​លាង​ឃ្លាំង ឬ​សល់​ក្នុង​ឃ្លាំង​ច្រើន យក​មក​​​លក់​វិញ​​ក្នុងតម្លៃ​ថ្លៃ​ជាង​។

    ឆ្នាំ 2015 គ្រួសារ​របស់ Mejia ត្រូវការ​ប្រាក់ចំណូល​ប​ន្ថែ​ម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព។ បន្ទាប់ពី​មានការ​ណែនាំ​ពី​បងស្រី Mejia ក៏បាន​ចាប់ផ្ដើម​ដាក់លក់​របស់របរ​ដែល​នាង​មាន​នៅលើ​ថ្នាល Poshmark។ លើកដំបូង Mejia លក់បាន​រ៉ូ​ប​មួយ​តម្លៃ 36 ដុល្លារ ក្រោយពី​បើក​គណនី​បាន 11 ម៉ោង។ ពេល​ចាប់ផ្ដើម​ដាក់លក់​ទំនិញ​ច្រើនជាង​មុន នាង​ដឹងថា ទាំងអស់​សុទ្ធតែ​លក់ដាច់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​បាន​ប្រាក់ភ្លាមៗ។

    ពីរ​ឆ្នាំ​ក្រោយមក ស្វាមី​របស់ Mejia ត្រូវ​វះកាត់​ព្យាបាល​បេះដូង។ ពេលនោះ Mejia ត្រូវ​រកប្រាក់​តែឯង​ដើម្បី​ចិញ្ចឹម​គ្រួសារ។ នាង​ក៏​ចាប់ផ្ដើម​ដាក់លក់​ទំនិញ​​នៅលើ​ថ្នាល​បច្ចេកវិទ្យាផ្សេងៗគ្នា និង​រកបាន​ប្រហែល 1,000 ដុល្លារ​រៀងរាល់​សប្ដាហ៍។ អំឡុង​ពេលនោះ Mejia រកបាន​ប្រាក់​ខ្ទង់ 50,000 ដុល្លារ/ឆ្នាំ។

    ក៏ប៉ុន្តែ រហូតដល់​ជិត​មួយឆ្នាំ​មុន នៅពេល Mejia ចាប់ផ្ដើម​លក់​នៅក្នុង​កា​រ​ឡាយ (live) តាម Instagram, TikTok និង Facebook ទើប​ការរកស៊ី​ប្រកបដោយ​ជោគជ័យ​របស់​នាងបាន «ផ្ទុះឡើង» ពិតប្រាកដ។

    Mejia សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​នានា​ដើម្បី​ទទួលបាន​តម្លៃ​ទាប​ជាង​ទីផ្សារ។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​នាង​មានប្រៀប​ជាង​គូប្រជែង​ដទៃ។ Mejia ក៏​ថែមទាំង​អាច​រកបាន​ប្រាក់​ពី​ក្រុមហ៊ុន​នានា នៅពេល​នាង​ស្លៀកពាក់​ឈុត​ដែល​​ស្នើ​ដោយ​ក្រុមហ៊ុន​ទាំងនោះ នៅពេល​ឡាយ​វីដេអូ​តាម​បណ្ដាញ​សង្គម។

    កាលពី​ឆ្នាំ 2021 Mejia ធ្លាប់​រកបាន​ប្រាក់ចំណូល 735,000 ដុល្លារ ពីមុខ​ជំនួញ និង​ការសហការ​រវាង​នាង និង​បណ្ដា​ក្រុមហ៊ុន​សម្លៀកបំពាក់។

    បើទោះជា​ការដែល​មាន​មនុស្ស​តាមដាន​ច្រើន​លើ​បណ្ដាញ​សង្គម អាច​នាំមក​នូវ​អត្ថប្រយោជន៍​ក្នុងការ​លក់ទំនិញ ប៉ុន្តែ អ្នក​អាច​ចាប់ផ្ដើម​ពី​ពេលនេះ​បាន មិនបាច់​រង់ចាំ​ដល់​ល្បីឈ្មោះ​នោះទេ នេះ​បើតាម Mona Mejia។

    ប្រាក់ចំណូល​របស់ Mejia បាន​កើន 30% ក្នុង​រយៈពេល 6 ខែ​កន្លងទៅ។ នាង​ក៏មាន​ផែនការ​បើកហាង​លក់រាយ «pop up» មួយ​នៅ​ឆ្នាំក្រោយ​ នៅក្នុង​ទីក្រុង Houston សហរដ្ឋ​អាម៉េរិក៕

  • (World Cup 2022) – អ្នកគាំទ្រ​ពាក់អាវ​ស៊ុ​ភើ​ម៉ែន កាន់​ទង់​តំណាង​ភេទ​ទី​បី រត់​ចូល​កណ្ដាល​ទីលាន​បាល់ទាត់

    (World Cup 2022) – អ្នកគាំទ្រ​ពាក់អាវ​ស៊ុ​ភើ​ម៉ែន កាន់​ទង់​តំណាង​ភេទ​ទី​បី រត់​ចូល​កណ្ដាល​ទីលាន​បាល់ទាត់

    អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់ ពាក់អាវ​អ្នកក្លាហាន (superman) កាន់​ទង់​រូប​ឥន្ទធនូ​ដែល​តំណាងឱ្យ​សហគមន៍​ភេទ​ទី​បី រត់​សំដៅ​ចូលទៅ​កណ្ដាល​ទីលាន​បាល់ទាត់ World Cup ក្នុងការ​ប្រកួត​រវាង ព័រទុយហ្កាល់ និង អ៊ុយ​រូ​ហ្កា​យ កាលពី​ម្សិលមិញ។

    ភ្លាមៗក្រោយ​ការរត់​ចូល​ទីលាន​ប្រកួត បុរស​ម្នាក់​ដែល​ពាក់អាវ​មាន​ប៉ាក់​អក្សរ​សរសេរថា «សង្គ្រោះ​អ៊ុយ​ក្រែ​ន» និង «គោរព​ស្ត្រី​អ៊ីរ៉ង់» ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​​ឃាត់ខ្លួន។ ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ទីលាន​ប្រកួត​នៃ​កីឡដ្ឋាន Lusail នៅ​ ប្រទេស​កាតា ជាទី​ដែលមាន​ការប្រកួត​រវាង ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ និង​ក្រុម​របស់ អ៊ុយ​រូ​ហ្កា​យ កាលពី​ថ្ងៃទី 28 ខែ​វិច្ឆិកា​កន្លងទៅ។

    គណៈកម្មការ World Cup មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​បុរស​ខាងលើ​នៅឡើយ ហើយក៏​មិន​ច្បាស់​ថា បុរស​នេះ​​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ឬមួយ​​​ត្រូវ​ចាប់ឃុំខ្លួន ឬ​​យ៉ាងណា​នៅឡើយ​ដែរ។

  • ផ្លូវ​អណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេ ប្រវែង​រាប់រយ​ម៉ែត្រ អាច​ទ្រ​ទម្ងន់​មនុស្ស​បាន 10,000 នាក់

    ផ្លូវ​អណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេ ប្រវែង​រាប់រយ​ម៉ែត្រ អាច​ទ្រ​ទម្ងន់​មនុស្ស​បាន 10,000 នាក់

    (ប្រទេស​ចិន) – ផ្លូវ​អណ្ដែត​លើ​ផ្ទៃ​ទឹក​ទន្លេ​​ប្រវែង 500 ម៉ែត្រ នៅក្នុង​ខេត្ត Hubei ត្រូវបាន​សាងសង់ឡើង​ពី​ទូ​យោ​ជ័រ​ទន់ polyethylene មិនមាន​សសរ​ទ្រ ប៉ុន្តែ អាចឱ្យ​រថយន្ត​បរ​ពីលើ​បាន​យ៉ាង​ស្រួល។

    ស្ពាន​អណ្ដែត​គ្មាន​ទម្រ​ Shiziguan ​ស្ថិតនៅ​ក្នុងស្រុក Xuan’en ខេត្ត Hubei ប្រទេស​ចិន។ ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃ​ទឹកទន្លេ​មួយ​នៅក្នុង​តំបន់​ខាងលើ និង​មាន​ជម្រៅ​ប្រហែល 60 ម៉ែត្រ។

    ផ្លូវ​អណ្ដែត​ខាងលើ ថ្មីៗនេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន នៅពេល​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែកតៗគ្នា​អំពី​ទិដ្ឋភាព​រថយន្ត​បើកបរ​ឆ្លងកាត់​តាមផ្លូវ​នេះ។ ទិដ្ឋភាព​ក្នុង​វីដេអូ​បង្ហាញថា ផ្លូវ​នេះ​ធ្វើ​ចលនា​ឡើង​ចុះ ប្រៀប​ដូច​សត្វ​នាគ​កំពុង​ហែល​លើ​ផ្ទៃ​ទឹកទន្លេ​ដែល​ស្ថិតនៅ​កណ្ដាល​ព្រៃភ្នំ។

    ផ្លូវ​អណ្ដែត​លើ​ទឹក​នេះ​មាន​ប្រវែង 500 ម៉ែត្រ និង​ទទឹង 4.5 ម៉ែត្រ។ ថ្វីបើ​មិនមាន​សសរ ប៉ុន្តែ​ស្ពាន​ដែល​​ត្រូវ​បាន​សាងសង់​ពី​ជ័រ polyethylene មួយ​ខ្សែ​នេះ​នៅតែ​រក្សា​លំនឹង​បានល្អ និង​ទ្រាំ​បាន​ទម្ងន់​របស់​មនុស្ស 10,000 នាក់​ដែល​ឈរ​ពីលើ​ក្នុងពេល​តែមួយ។

    ដើម្បី​ចៀសវាង​ការបង្ក​ឱ្យមាន​រលកធំៗដែល​ប៉ះពាល់​ដល់​ទន្លេ ក៏ដូចជា​សុវត្ថិភាព​របស់​មនុស្ស ល្បឿន​នៃ​ការបើកបរ​រថយន្ត​លើ​ដងផ្លូវ​អណ្ដែត​នេះ ត្រូវបាន​កំណត់។

    អ្នកគ្រប់គ្រង​ផ្លូវ​អណ្ដែត​លើទឹក​ Shiziguan ​បានឱ្យដឹងថា មនុស្ស​ជាង 350,000 នាក់​បាន​មកលេង​ស្ពាន​នេះ​នៅក្នុង​រយៈពេល 10 ខែ​ដើមឆ្នាំ 2022៕

  • កម្ពុជា ប្ដេជ្ញា​ជំរុញឱ្យមាន​រថយន្ត​អគ្គិសនី​យ៉ាងតិច 40% នៅ​ឆ្នាំ 2050

    កម្ពុជា ប្ដេជ្ញា​ជំរុញឱ្យមាន​រថយន្ត​អគ្គិសនី​យ៉ាងតិច 40% នៅ​ឆ្នាំ 2050

    កម្ពុជា ប្ដេជ្ញាចិត្ត​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យបាន​យ៉ាងតិច 40% និង ម៉ូតូ​អគ្គិសនី​យ៉ាងតិច 70% នៅ​ឆ្នាំ 2050 នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

    ប្រសាសន៍​ខាងលើ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​លើកឡើង​នៅក្នុង​កម្ម​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Stations) នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី 29 វិច្ឆិកា 2022។

    ក្នុង​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មាន​ប្រកាសថា កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ អង្គការសហប្រជាជាតិ ស្ដីពី​ការកាត់បន្ថយ​សកម្មភាព​បំ​ភាយ​ឧស្ម័ន​កាបូន ហើយ កម្ពុជា ប្ដេជ្ញាចិត្ត​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យបាន​យ៉ាងតិច 40% និង ម៉ូតូ​អគ្គិសនី​យ៉ាងតិច 70% នៅ​ឆ្នាំ 2050។

    លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​មូលហេតុធំៗមួយចំនួន​ដែល​ពលរដ្ឋ​គ្រប់រូប​គួរតែ​ងាក​មកប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្នុងនោះ​មានដូចជា ការកាត់បន្ថយ​ការបំពុល​បរិស្ថាន ដែល​ល្អ​សម្រាប់​សុខភាព ការកាត់បន្ថយ​ការចំណាយ​បាន​ច្រើន​ធៀប​នឹង​យានយន្ត​ចំហេះ​ក្នុង​ជាដើម។ ជាង​នេះ កម្ពុជា ក៏​បន្ថយពន្ធ​នាំចូល​រហូតដល់ 50% ផងដែរ សម្រាប់​យានយន្ត​អគ្គិសនី។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

    ប្រមុខ​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង​ថា ក្នុង​ចម្ងាយ​ផ្លូវ 400 គីឡូម៉ែត្រ​ដូចគ្នា អ្នកជិះរថយន្ត​សាំង​នឹងត្រូវ​ចំណាយ​ប្រាក់​អស់ 60 ដុល្លារ​អាម៉េរិក ខណៈ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​ត្រូវ​ចំណាយ​អស់​តែ 20 ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការចាក់​សាំង និង​ការបញ្ចូល​ថាមពល​អគ្គិសនី។

    ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍​បញ្ជាក់ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​ចុះឈ្មោះ​នៅ កម្ពុជា បច្ចុប្បន្ន​មាន​រហូតដល់ 556 គ្រឿង ច្រើនជាង 11 ដង ធៀប​នឹង 45 គ្រឿង​កាលពី​ឆ្នាំ 2021។ ចំណែក​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​សម្រាប់​យានយន្ត​អគ្គិសនី​វិញ នៅ​ទូទាំងប្រទេស បច្ចុប្បន្ន​មាន 8 កន្លែង ប៉ុន្តែ ក្រសួង​សាធារណការ អះអាងថា ចំនួន​នេះ​នឹង​កើន​ឡើងដល់​រាប់រយ​កន្លែង​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​មាន​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​ចិន BYD និង EV Energytech ។ល។

  • បី​ក្រុម​ដំបូង​ដែល​ឡើង​ដល់​​​វគ្គ 1/8 នៅ World Cup 2022

    បី​ក្រុម​ដំបូង​ដែល​ឡើង​ដល់​​​វគ្គ 1/8 នៅ World Cup 2022

    (កាតា) – បន្ទាប់ពី​ជុំ​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ World Cup 2022 ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី 28 វិច្ឆិកា ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ បាន​ឡើងទៅ​វគ្គ 1/8 ដែល បារាំង បាន​ឡើងដល់​មុនគេ។

    ទន្ទឹមនឹង 3 ប្រទេស​គឺ ប្រេ​ស៊ី​ល ព័រទុយហ្កាល់ និង បារាំង ដែល​បាន​ឡើងទៅ​វគ្គ 1/8 World Cup 2022 ក៏​ទើប​តែមាន 2 ក្រុម​ប៉ុណ្ណោះ​ដែល​ប្រាកដថា ត្រូវ​ជម្រុះ គឺ កាតា និង កាណាដា។ 27 ក្រុម​ដែល​នៅសល់​នឹងត្រូវ​ដណ្ដើម​កៅអី​ចំនួន 13 នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 វិច្ឆិកា ដល់ 02 ធ្នូ 2022 ដើម្បី​ឡើងទៅ​កាន់​វគ្គ 1/8។

    ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ ត្រូវការ​តែ​ពិ​ន្ទុះ​ស្មើ​នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​គឺអាច​ឈរលើ​កំពូល​តារាង ដើម្បី​ចៀសវាង​ការ​ប៉ះគ្នា​នៅ​វគ្គ 1/8។ បារាំង ក៏​ពិបាក​នឹង​បាត់បង់​តំណែង​លើ​គេ​នៅ​ពូ​ល D ដូច្នេះ អាច​ចៀសវាង​គូប្រជែង អា​ហ្ស​ង់​ទីន នៅ​វគ្គ​បន្ទាប់។ ប៉ុន្តែ Lionel Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ ប៉ូឡូញ នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ ទើប​មានឱកាស​អាច​គ្រប់គ្រង​ពូ​ល C។

    ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​នៅ​ពូ​ល A និង​ពូ​ល B នឹង​ចាប់ផ្ដើម​ពី​ម៉ោង 22 ថ្ងៃទី 29 វិច្ឆិកា និង​ម៉ោង 2 ថ្ងៃទី 30 វិច្ឆិកា (ម៉ោង​នៅ កម្ពុជា)។ នៅ​ពូ​ល A ក្រុម​អេក្វាទ័រ នឹង​ប៉ះ​ក្រុម​សេ​ណេ​ហ្កា​ល់ ចំណែក ហូ​ឡង់ ប៉ះ​នឹង កាតា។ ក្រុម​អេក្វាទ័រ និង ហូ​ឡង់ សុទ្ធតែ​ត្រូវការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​គឺអាច​ដើរទៅ​មុខ​បន្ត។

    នៅ​ពូ​ល B អង់គ្លេស ប្រកួត​ជាមួយ វ៉ែល​ស៍ ខណៈ អ៊ីរ៉ង់ ត្រូវ​ជួប សហរដ្ឋ​អាម៉េរិក។ អង់គ្លេស ឱ្យតែ​មិន​ចាញ់​ច្រើនជាង 2 គ្រាប់​គឺអាច​បន្តដំណើរ​បាន។ អ៊ីរ៉ង់ នឹង​បាន​ឡើង​ទៅលើ​បន្ត បើសិនជា សហរដ្ឋ​អាម៉េរិក ចាញ់ ក្នុងករណី​ដែល វ៉ែល​ស៍ មិន​ឈ្នះ អង់គ្លេស។ សហរដ្ឋ​អាម៉េរិក ត្រូវតែ​ឈ្នះ អ៊ីរ៉ង់ ទើបបាន​ឡើងទៅ​វគ្គ 1/8។ វ៉ែល​ស៍ ត្រូវការ​ឈ្នះ​លើ អង់គ្លេស ហើយ​រង់ចាំ អ៊ីរ៉ង់ ចែក​ពិ​ន្ទុះ​ជាមួយ សហរដ្ឋ​អាម៉េរិក៕

  • តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ធ្លាក់​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង

    តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ធ្លាក់​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង

    តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក ក្នុងការ​ជួញដូរ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍ បាន​បន្ត​ថយចុះ​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ថយចុះ និង​ការរំពឹង​ដែលថា ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​កែលំអ។

    យោងតាម Reuters ប្រេង Brent ធ្លាក់​ថ្លៃ 2.6% នៅក្នុង​ការជួញដូរ​ក្នុង​ថ្ងៃ​ដើម​សប្ដាហ៍ ចុះមក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ខែមករា 2022 ខណៈដែល​ប្រេង WTI ធ្លាក់​ថ្លៃ​មក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ចុងខែ​ធ្នូ 2021។ មុន​នោះ តម្លៃ​របស់​ប្រេង​ឆៅ​ទាំងពីរ​ប្រភេទ​ខាងលើ​បាន​ធ្លាក់ចុះ​ជា​បន្ត​ក្នុង​សប្ដាហ៍​ទី 3 ព្រោះតែ​មានការ​បារម្ភ​អំពី​តម្រូវការ​ប្រើប្រាស់​របស់ ប្រទេស​ចិន និង​ផែនការ​កំណត់​តម្លៃ​ពិតាន​របស់​បណ្ដា​ប្រទេស​លោកខាងលិច ចំពោះ​ប្រេង​របស់ ប្រទេស​រុស្ស៊ី។

    ទន្ទឹមនឹងនេះ ការ​ងើបឡើង​នៃ​តម្លៃ​រូបិយវត្ថុ​ដុល្លារ​អាម៉េរិក និង​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយថា អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) នឹង​បង្កើន​ការផលិត​ប្រេង ក្រោយ​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 04 ធ្នូ​ខាងមុខ ក៏​រួមចំណែក​ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ផងដែរ៕

  • កូរ៉េខាងត្បូង គំរាម​ចាត់វិធានការ​មិន​ធ្លាប់មាន បើសិន កូរ៉េខាងជើង សាកល្បង​អាវុធ​នុយ​ក្លេ​អែរ

    កូរ៉េខាងត្បូង គំរាម​ចាត់វិធានការ​មិន​ធ្លាប់មាន បើសិន កូរ៉េខាងជើង សាកល្បង​អាវុធ​នុយ​ក្លេ​អែរ

    កូរ៉េខាងត្បូង បាន​ព្រមាន​ថា កូរ៉េខាងជើង នឹង​ប្រឈមមុខ​នឹង​ប្រតិកម្ម «មិន​ធ្លាប់មាន» បើសិន​ប្រទេស​នេះ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ និង​បាន​ស្នើឱ្យ ទីក្រុង​ប៉េកាំង «កែប្រែ​ឥរិយាបថ» របស់ ទីក្រុង​ព្យុងយ៉ាង។

    ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី 7 នឹង​ជាស​កម្ម​ភាពខ្វះ​ភាព​ឆ្លាត​វៃ​ដ៏​ធ្ងន់ធ្ងរ​របស់ កូរ៉េខាងជើង» ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol បាន​ថ្លែងប្រាប់ Reuters កាលពី​ម្សិលមិញ​ដូច្នេះ។

    នៅពេល​ត្រូវបាន​សួរថា កូរ៉េខាងត្បូង និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​អ្វី បើសិន កូរ៉េខាងជើង ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ​ថ្មី លោក Yoon ប្រកាសថា ប្រតិកម្ម​តប​នឹង​ជា «រឿង​មិន​ធ្លាប់​បានឃើញ​ក្នុង​អតីតកាល» ប៉ុន្តែ​លោក​មិនបាន​លើកឡើង​លម្អិត។

    «យើង​ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​ឱ្យបាន​ស៊ីចង្វាក់​គ្នា និង​ស្របគ្នា» លោក Yoon បញ្ជាក់ និង​បន្ថែមថា កង្វះ​ភាពស៊ីចង្វាក់​គ្នា​របស់​សហគមន៍​អន្តរជាតិ​បានធ្វើ​គោលនយោបាយ​ទាក់ទិន​នឹង កូរ៉េខាងជើង មិនមាន​ប្រសិទ្ធភាព​អស់​រយៈពេល 3 ទសវត្សរ៍​មកហើយ។

    ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol

    យោងតាម​លោក Yoon ប្រទេស​ចិន មិន​ត្រឹមតែ​មានការ​ទទួលខុសត្រូវ​នោះទេ តែ​ក៏មាន​លទ្ធភាព​អាច​បញ្ចេញ​ឥទ្ធិពល​លើ​ឥរិយាបថ​របស់ កូរ៉េខាងជើង ក្រោយពី ទីក្រុង​ព្យុងយ៉ាង ធ្វើការ​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់។

    ភាគី​ខាង ប្រទេស​ចិន និង កូរ៉េខាងជើង មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការ​ការព្រមាន ក៏ដូចជា​ការអះអាងរ​បស់ ប្រ​ធានា​ធិ​ប​តិ​កូរ៉េខាងត្បូង៕