Author: សឿន សំណាង

  • អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ ដើម្បី​ «យកឈ្នះ» អគារ Burj Khalifa

    អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ ដើម្បី​ «យកឈ្នះ» អគារ Burj Khalifa

    អាជ្ញាធរ​របស់ អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មក​គូរ​ប្លង់​សម្រាប់​អគារ​ខ្ពស់បំផុត​ថ្មី​មួយ​ដែល​គ្រោង​នឹង​សាងសង់​នៅ រដ្ឋធានី​រី​យ៉ា​ដ។

    អា​រ៉ា​ប៊ី​សា​អូឌីត នឹង​សង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ​នៅ រី​យ៉ា​ដ នេះ​បើតាម MEED ចុះផ្សាយ​កាលពី​ថ្ងៃទី 07 ធ្នូ 2022។ អគារ​ខ្ពស់កប់ពពក​ថ្មី​ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) នេះ​នឹង​ស្ថិតនៅក្នុង​តំបន់​ពង្រីក​ថ្មី​ទំហំ 18 គីឡូម៉ែត្រ​ក្រឡា​នៅ​ភាគ​ខាងជើង​នៃ រដ្ឋធានី​រី​យ៉ា​ដ។ អាជ្ញាធរ​កំពុង​កំណត់​តំបន់​ដែល​ត្រូវ​បើក​ការដ្ឋាន​នៅក្បែរ​ព្រលានយន្តហោះ​អន្តជាតិ King Khalid និង​កំពុងធ្វើការ​សិក្សា​លម្អិត។

    អគារ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក​នាបច្ចុប្បន្ន​គឺ Burj Khalifa នៅ​ទីក្រុង ឌូ​បៃ ដោយមាន​កម្ពស់ 828 ម៉ែត្រ។ យោងតាម​ក្រុម​អ្នកម៉ៅការ​សំណង់ អគារ​ទាំងឡាយណា​ដែលមាន​កម្ពស់ 2 គីឡូម៉ែត្រ ក្នុង​តំបន់ នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ឡើងដល់ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អញ្ជើញ​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់ ក្រុមហ៊ុន​ស្ថាបត្យកម្ម​សំណង់ និង​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​ជាដើម​ចំនួន 8 ស្ថាប័ន ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ក្នុងការ​រចនា​អគារ​កប់​ពពក​ថ្មី​នេះ។

    អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អនុវត្ត​គម្រោង​សាងសង់ធំៗជាច្រើន ក្នុងនោះ​មានដូចជា គម្រោង​ព្រលានយន្តហោះ​ស្ដេច Khalid និង​មហា​គម្រោង​ទីក្រុង NEOM តម្លៃ 500 ពាន់​លាន​ដុល្លារ​អាម៉េរិក ក៏ដូចជា​ទីក្រុង​បណ្ដោយ​ត្រង់ The Line ប្រវែង 170 គីឡូម៉ែត្រ​ជាដើម៕

  • គ្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចំណាយ​ទុន 200 លាន​ដុល្លារ​អាម៉េរិក

    គ្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចំណាយ​ទុន 200 លាន​ដុល្លារ​អាម៉េរិក

    នៅពេល​ដ៏​ខ្លី​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា នឹង​សាងសង់​ស្ពាន​ចំនួន 3 ថែមទៀត ក្នុងនោះ ស្ពាន​ទី 1 ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​ក្រចេះ​ទៅ​កំពង់ធំ និង​ស្ពាន 2 ទៀត​នៅ ភ្នំពេញ និង​ខេត្តកណ្ដាល។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោង​ខាងលើ​នៅ ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ អឺរ៉ុប កាលពី​យប់​ថ្ងៃទី 12 ធ្នូ 2022។

    យោងតាម​សម្ដេច​តេ​ជោ ស្ពាន​ទាំងនេះ​រួមមាន ៖ ស្ពាន​ទីមួយ ៖ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ខេត្តក្រចេះ ដែល​ត​ភ្ជាប់​ពី ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្តកំពង់ធំ ហើយនឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ដើមខែ​មករា 2023។ ស្ពាន​ទី​ពីរ ៖ ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដែល​ភ្ជាប់​ពី​ផ្សារ​រាត្រី-ជ្រោយចង្វារ និង​ពី​ជ្រោយចង្វារ-អរិយ​ក្សត្រ។

    ស្ពាន​ទី​បី ៖ ស្ពាន​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ 200 លាន​ដុល្លារ​អាម៉េរិក។

     

  • កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 26 នាក់​ទៀត ក្នុង​អំឡុង 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 26 នាក់​ទៀត ក្នុង​អំឡុង 24 ម៉ោង​កន្លង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 26 នាក់ និង​ជាសះស្បើយ 23 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 12 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 13 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,302 នាក់, អ្នកជាសះស្បើយ 135,130 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • របប​អាហារ​ពិសេស​ដែល​អាច​ជួយ​ដាស់​ «ហ្សែ​នចម្រើន​​អាយុ​»

    របប​អាហារ​ពិសេស​ដែល​អាច​ជួយ​ដាស់​ «ហ្សែ​នចម្រើន​​អាយុ​»

    (សហរដ្ឋ​អាម៉េរិក)- ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា របប​អាហារ​ដែល​សម្បូរ​ធញ្ញជាតិ បន្លែ សណ្ដែកសៀង និង​មាន​ខ្លាញ់​តិច នឹង​ជួយ​ជំរុញ​ដំណើរការ​របស់​ហ្សែ​ន FOX03 ដែល​ជួយ​ឱ្យ​មនុ​ស្សមាន​អាយុ​វែង។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ពី វិទ្យាស្ថាន​ស្រាវជ្រាវ​អាយុ Kuakini Hawaii បាន​បង្ហាញថា ក្នុងចំណោម​ផ្នែក​តំណពូជ​ដែល​ទាក់ទង​នឹង​អាយុ គេ​ឃើញ​ថា​ ហ្សែ​ន FOX03 គឺមាន​សារសំខាន់​ជាងគេ។ វេជ្ជបណ្ឌិត Bradley Willcox ប្រធាន​ក្រុម​សិក្សា​ស្រាវជ្រាវ​ខាងលើ​បានឱ្យដឹងថា គ្រប់គ្នា​អាច​ដាស់​ហ្សែ​ន FOX03 តាមរយៈ​របប​អាហារ។

    «សូម្បីតែ​នៅពេល​អ្នក​មិនមាន​ហ្សែ​ន FOX03 ពិសេស​ដែល​ទាក់ទង​នឹង​អាយុ ក៏​នៅមាន​វិធី​ដើម្បី​ដាស់​ហ្សែ​ន បង្កើន​ទ្វេដង​នូវ​សមត្ថភាព​រស់​បានយូរ» វេជ្ជបណ្ឌិត Bradley Willcox កាលពី​ថ្ងៃទី 07 ធ្នូ 2022 និយាយ​ដូច្នេះ។

    វេជ្ជបណ្ឌិត Bradley Willcox បាន​និយាយ​ដល់​របប​អាហារ​ដែលមាន​ឈ្មោះថា Okinawan។ ជារួម នេះ​គឺជា​របប​អាហារ​ដែលមាន​កាឡូរី និង​ខ្លាញ់​តិច ប៉ុន្តែ​សម្បូរ កាបូ​អ៊ី​ដ្រា​ត (carbohydrates) ក្នុងនោះ​មានដូចជា បន្លែ និង​ផលិតផល​ពី​សណ្ដែកសៀង ហើយ​ប្រើប្រាស់​ដំឡូងជ្វា​ជា​ប្រភព​ផ្គត់ផ្គង់​កាឡូរី​ចម្បង។

    នៅក្នុង​របប​អាហារ Okinawan អ្នកនឹង​បរិភោគ​បន្លែ​ពី 50 ទៅ 58% ដែល​រួមមាន ដំឡូងជ្វា, សារាយសមុទ្រ ទំពាំង មើម​ស្ពៃ (ឆាយ​ថៅ) ការ៉ុត ពោត​បារាំង, ម្រះ ស្ពៃក្ដោប ល្ពៅ ល្ហុង​ខ្ចី។ របប​អាហារ​នេះ​ក៏មាន​គ្រាប់​ធញ្ញជាតិ (ស្រូវ​អង្ករ​សាលី​ជាដើម) 33%, អាហារ​ធ្វើ​ពី​សណ្ដែកសៀង 5% និង 1% ទៀត រួមមាន ស្រា តែ ទឹក គ្រឿងទេស។ គ្រឿងផ្សំ​ពីរ​មុខ​ដែល​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បរិភោគ​តាមចិត្ត​ក្នុង​របប​អាហារ Okinawan គឺ​តែ​ផ្កាម្លិះ និង​រមៀត។

    ​របប​អាហារ Okinawan

    យោងតាម វេជ្ជបណ្ឌិត Bradley Willcox អាហារ​ទាំងឡាយ​ខាងលើ​សុទ្ធតែ​ផ្ទុក​សារជាតិ​ចិញ្ចឹម​ខ្លាំង​ដែល​ត្រូវបាន​រកឃើញ​ភាគច្រើន​នៅក្នុង​រុក្ខជាតិ​សមុទ្រ​គឺ astaxanthin។ Astaxanthin ថែមទាំង​ជួយ​ប្រឆាំងនឹង​បញ្ហា​រលាក​ដំបៅ​ទ្រង់ទ្រាយ​ធំ​ផងដែរ។

    ការស្រាវជ្រាវ​បញ្ជាក់ថា astaxanthin គឺ​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​រលាក ដូចជា រលាក​សន្លាក់​ជាដើម។ ឆ្នាំ 2017 ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក នៅ សាកលវិទ្យាល័យ Hawaii ក៏បាន​រកឃើញថា astaxanthin អាច​ដាស់ «ហ្សែ​ន​ចម្រើន​​អាយុ» FOX03 នៅលើ​សត្វ​កណ្ដុរ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ក៏បាន​បង្ហាញថា FOX03 ក៏​អាច​រក្សា​សមត្ថភាព​បង្កបង្កើត​ខួរក្បាល​ឡើងវិញ តាមរយៈ​ការរារាំង​កោសិកា​ដើម​មិនឱ្យ​បំបែក​ខ្លួន​រហូត​ដល់ពេល​បរិស្ថាន​មាន​​អំណោយផល​សម្រាប់​ជីវិត​របស់​កោសិកា​ថ្មី។

    យោងតាម Daily Express កោសិកា​ដើម ​រួមផ្សំ​ជាមួយ​ហ្សែ​ន​ប្រឆាំង​ភាព​ចាស់​ បង្កើតបានជា​ខែល​ការពារ ប្រឆាំងនឹង​ឥទ្ធិពល​នៃ​វ័យចាស់៕

  • (World Cup 2022) – Top 5 កីឡាករ​ឆ្នើម​បំផុត​គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022) – Top 5 កីឡាករ​ឆ្នើម​បំផុត​គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    ទំព័រ Goal បានជ្រើសរើស​កីឡាករ 5 រូប​ដែល​ត្រូវបាន​ចាត់ទុកថា ឆ្នើម​ជាងគេ គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

    យោងតាម​ទំព័រ Goal កីឡាករ Lionel Mess របស់ អា​ហ្ស​ង់​ទីន កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់ Top 5 ខាងលើ។ គិត​មកដល់​បច្ចុប្បន្ន តារាបាល់ទាត់​វ័យ 35 ឆ្នាំ​រូបនេះ រកបាន 4 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 2 គ្រាប់។

    ឈរ​លំដាប់​ទី​ពីរ​គឺ Mbappe របស់ ក្រុម​ជម្រើសជាតិ​បារាំង។ ក្នុង 5 ប្រកួត​កន្លងមក កីឡាករ​កើត​ឆ្នាំ 1998 នេះ រកបាន 5 គ្រាប់ ដែលនាំឱ្យ​គាត់​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ស្ដេច​កម្ទេច​សំណាក់។

    លំដាប់​បន្ទាប់​បាន​ទៅលើ​ខ្សែប្រយុទ្ធ Antoine Griezmann (បារាំង), អ្នកចាំទី Donminik Livakovic (ក្រូ​អាត) និង​ខ្សែការពារ Achraf Hakimi (ម៉ា​រ៉ុ​ក)៕

  • (World Cup 2022) – នេះ​ជា​ក្រុម​ដែល​ត្រូវបាន​ព្យាករ​ថា អាច​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​អត្រា​ខ្ពស់បំផុត

    (World Cup 2022) – នេះ​ជា​ក្រុម​ដែល​ត្រូវបាន​ព្យាករ​ថា អាច​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​អត្រា​ខ្ពស់បំផុត

    ស្ថិតិ​របស់ Five Thirty Eight បានបង្ហាញ​អំពី​អត្រា​នៃ​ឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​របស់ 4 ក្រុម​ដែលមាន​វត្តមាន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។

    ការវិភាគ​ដែល​យោងទៅតាម «ស​ន្ទ​ស្សន៍​កម្លាំង​បាល់ទាត់» (SPI) របស់ Five Thirty Eight បាន​បង្ហាញថា អា​ហ្ស​ង់​ទីន គឺជា​ក្រុម​នាំមុខគេ​ស្ដីពី​សមត្ថភាព​នៃ​ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 ក្នុង​អត្រា 37%។

    SPI គឺជា​ពាក្យ​តំណាង​ការ​គណនា​តាមរយៈ​ការដាក់​ពិន្ទុ​លើ​សមត្ថភាព​វាយលុក និង​ការពារ​របស់​បណ្ដា​ក្រុមបាល់ទាត់​ជម្រើសជាតិ។ ចំណែក Five Thirty Eight គឺជា គេហទំព័រ​របស់ អាម៉េរិក ដែល​ផ្ដោតលើ​ការសិក្សា​ស្រាវជ្រាវ ការស្ទង់មតិ ការ​ស្រង់​ស្ថិតិ​ក្នុង​វិស័យ​នយោបាយ កីឡា និង​សេដ្ឋកិច្ច។

    កន្លងមក មុនពេល​គ្រាប់​បាល់ World Cup 2022 ចាប់ផ្ដើម​រមៀល ក្រុម​អា​ហ្ស​ង់​ទីន ឈរ​ត្រឹម​លំដាប់​ទី 4 ប៉ុណ្ណោះ ក្នុងចំណោម​បេក្ខភាព​សម្រាប់​តំណែង​ជើងឯក ដោយមាន​អត្រា 8%។ ដំណាក់​កាលនោះ Five Thirty Eight វាយតម្លៃថា ប្រេ​ស៊ី​ល គឺជា​ក្រុម​ដែល​មានឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ខ្ពស់បំផុត ក្នុង អត្រា 22%។ បន្ទាប់ពី ប្រេ​ស៊ី​ល គឺ​ក្រុម​របស់ អេ​ស្ប៉ា​ញ (11%) និង បារាំង (9%)។

    ក៏ប៉ុន្តែ នៅពេល​វគ្គ 1/8 បានបញ្ចប់ ក្នុង top 4 នៃ​បេក្ខភាព​ជើងឯក​ដែល​ត្រូវបាន​ព្យាករ​ថា មានឱកាស​ច្រើនជាងគេ នៅសល់តែ អា​ហ្ស​ង់​ទីន និង បារាំង។ មុន​នោះ នៅពេល ប្រេ​ស៊ី​ល ត្រូវបាន​ជម្រុះ​ពី​វគ្គ 1/8 ដោយសារតែ​ចាញ់ ក្រូ​អាត ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី អេ​ស្ប៉ា​ញ ឯណោះ​វិញ​ក៏បាន​ចាញ់ ម៉ា​រ៉ុ​ក ហើយក៏​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ។

    សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​ដែល​ឈរ​លំដាប់​បន្ទាប់ពី អា​ហ្ស​ង់​ទីន ស្ដីពី​ដែល​ដែល​ឱកាស​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup 2022 គឺ​ក្រុម​របស់ បារាំង ដោយមាន​អត្រា 35%។ បន្ទាប់ពី បារាំង គឺ​ក្រុម​របស់ ក្រូ​អាត ដោយមាន 16% និង​ឈរ​ក្រោយ​គេ​គឺ ម៉ា​រ៉ុ​ក ដោយមាន 13%។

    នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អា​ហ្ស​ង់​ទីន នឹង​ប៉ះ ក្រូ​អាត នៅ​ម៉ោង 2 ថ្ងៃទី 14 ធ្នូ។ មួយថ្ងៃ​ក្រោយមក នឹងមាន​ការប្រកួតរ​វាង បារាំង និង ម៉ា​រ៉ុ​ក៕

  • រូបថត 10 សន្លឹក​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ចន្ទ Artemis 1

    រូបថត 10 សន្លឹក​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ចន្ទ Artemis 1

    បេសកកម្ម​ដំបូង​នៅក្នុង​កម្មវិធី Artemis របស់ ណា​សា (NASA) បានបញ្ចប់​ដោយ​ជោគជ័យ ក្នុងនោះ​មាន​រូបថត​ច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញ​​ភាព​អស្ចារ្យ​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​នេះ។

    (រូប​ខាងលើ) 9 ថ្ងៃ​មុនពេល​ចាប់ផ្ដើម​ការហោះហើរ​រប​ស់ Artemis 1 ប្រព័ន្ធ​បាញ់​បង្ហោះ SLS របស់ ណា​សា ​ក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy នៅ Florida បាន​ត្រៀម​ខ្លួនរួច​រាល់។

    នេះ​ជារូប​ភាព​នៅ​ប៉ុន្មាន​វិនាទី​ក្រោយពី​រ៉ុក្កែត​ត្រូវបាន​បញ្ឆេះ​ម៉ាស៊ីន ចាប់ផ្ដើម​ការហោះហើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2022។

    រូប​ភាព​បង្ហាញ​ពី​​​ SLS ​បន្ទាប់ពី​បានចាប់ផ្ដើម​ហោះ​ឡើង​បាន​មួយ​នាទី ។ SLS គឺជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​របស់​ពិភពលោក។

    ថ្ងៃទី 16 វិច្ឆិកា 2022 ដែលជា​ថ្ងៃ​ដំបូង​នៃ​បេសកកម្ម Artemis 1 យានអវកាស Orion ថតរូប​របស់​ផែនដី​ពី​ទី​អវកាស​ដែលមាន​ចម្ងាយ​ប្រហែល 91,732 គីឡូម៉ែត្រ ក្នុងពេល​ហោះហើរ​ទៅ​ឋាន​ព្រះ​ចន្ទ។

    នៅ​ថ្ងៃទី 13 នៃ​បេសកកម្ម យាន Orion ហោះ​ទៅដល់​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត (432,210 គីឡូម៉ែត្រ)។

    ក្នុង​ថ្ងៃទី 05 ធ្នូ 2022 ដែលជា​ថ្ងៃទី 20 របស់​បេសកកម្ម Artemis 1 យាន Orion ថតរូប​ភាព​ផ្ទៃ​របស់​ព្រះ​ចន្ទ​ពី​អវកាស​កម្រិត​ទាប។

    ថ្ងៃទី 21 នៃ​បេសកកម្ម (ថ្ងៃទី 05 ធ្នូ) យាន Orion បែរ​ទៅក្រោយ​មើល​ព្រះ​ចន្ទ បន្ទាប់ពី​បាន​ហោះ​ជុំវិញ​ឋាន​នេះ និង​ចាប់ផ្ដើម​ដំណើរ​ត្រលប់​មកកាន់​ផែនដី។

    ឧបករណ៍​នានា​របស់ ណា​សា ដែល​នៅក្នុង​យាន Orion ក្នុងនោះ​មាន​ទាំង​តុក្កតា​រូប​សុនក Snoopy ក្នុង​ឈុត​អ្នក​អវកាស កំពុង​អណ្ដែត​ដោយ​សារ​គ្មាន​កម្លាំង​ទំនាញ។

    ប៉ុន្មាន​នាទី​មុនពេល​យាន Orion ទម្លាក់ខ្លួន​ចូល​បរិយាកាស​ផែនដី​ក្នុង​ល្បឿន 40,000 គីឡូម៉ែត្រ/ម៉ោង វា​ក៏​ថតរូប​ចុងក្រោយ​របស់​ផែនដី​ពី​ទី​អវកាស។ ខែល​ការពារ​កម្ដៅ​របស់​យាន Orion អាច​ស៊ូ​ត​នឹង​សីតុណ្ហភាព 2,800 អង្សា​សេ ពេល​កំពុង​ធ្លាក់​​ឆ្លងកាត់​បរិយាកាស ដែល​កម្ដៅ​នេះ​ជិត​ស្មើនឹង​ពាក់កណ្ដាល​នៃ​កម្ដៅ​របស់​ផ្ទៃ​ព្រះអាទិត្យ។

    នៅវេលា​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 ម៉ោង​នៅ កម្ពុជា យាន Orion បាន​ចុះចត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​តំបន់​ដែលមាន​ចម្ងាយ 9.3 គីឡូម៉ែត្រ​ពី​កប៉ាល់​ស្រង់ USS Portland របស់​ទ័ពជើងទឹក​អាម៉េរិក៕

  • គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ នឹង​ប្រកាស​បើក​ការដ្ឋាន​នា​ពេល​ឆាបៗ​

    គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ នឹង​ប្រកាស​បើក​ការដ្ឋាន​នា​ពេល​ឆាបៗ​

    «គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ» និង «គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ លេខ 7 (ពី​ទីប្រជុំជន​ស្គន់ ដល់​ក្រុង​កំពង់ចាម)» គ្រោង​នឹង​រៀបចំ​កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​នា​ដើមខែ​មករា ឆ្នាំ 2023 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅ ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី 12 ធ្នូ 2022 ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែមករា 2023 ខាងមុខ។

    យោងតាម​ក្រសួង​សាធារណការ គម្រោង​ទាំងនេះ​ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

  • មក​ស្វែង​យល់​អំពី​ Oulu ដែលជា «ទីក្រុង​កង់​រដូវរងា» នៅ​ទ្វីបអឺរ៉ុប

    មក​ស្វែង​យល់​អំពី​ Oulu ដែលជា «ទីក្រុង​កង់​រដូវរងា» នៅ​ទ្វីបអឺរ៉ុប

    (ហ្វាំ​ង​ឡង់)- សីតុណ្ហភាព​ចុះ​ដល់ -25 អង្សា​សេ​ក៏​មិនអាច​រារាំង​អ្នកជិះ​កង់​នៅ​ទីក្រុង Oulu ជា​កន្លែង​ដែល​ហៅ​ខ្លួនឯង​ថា «ទីក្រុង​កង់​រដូវរងា» បានឡើយ។

    «ខ្ញុំ​ជិះ​កង់​ពេញ​មួយឆ្នាំ។ ខ្ញុំ​ថែមទាំង​គ្មាន​រថយន្ត» Ari Karjalainen ឱ្យដឹង​ដូច្នេះ​នៅពេល​ត្រលប់​ទៅផ្ទះ​ក្រោយពី​បាន​ទិញ​គ្រឿងទេស​កាលពី​ថ្ងៃទី 01 ធ្នូ។

    Oulu ដែលជា​ទីក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វាំ​ង​ឡង់ មាន​ចម្ងាយ​ពី​តំបន់​អាក​ទិ​ក ឬ​ហៅថា​ប៉ូល​ខាងជើង​ប្រហែល 160 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ បើទោះជា​មេឃ​ធ្លាក់​ព្រឹល ទីតាំង​ចត​កង់​នៅតែ​ពេញ​ណែន។ ប្រជាជន​ក្នុង​តំបន់​ស្ទើរតែ​គ្រប់រូប ចូលចិត្ត​ជិះ​កង់ មិន​ថា ក្ដៅ ឬ​ត្រជាក់។

    «ឱ្យតែ​ស្លៀកពាក់​កក់ក្ដៅ» Mimmi Kahkonen អាយុ 22 ឆ្នាំ ឆ្លើយតប​ដូច្នេះ​នៅពេល​ត្រូវបាន​សួរថា ធ្វើយ៉ាងណា​ដើម្បី​ជិះ​កង់​ក្នុង​អាកាសធាតុ​ត្រជាក់​បែបនេះ។

    មនុស្ស​មួយចំនួន​ជិះ​កង់​ដែល​ប្រើប្រាស់​សម្បក​កង់​ពិសេស​មិន​រអិល​សម្រាប់​រដូវរ​ងា ប៉ុន្តែ​អ្នកខ្លះ​ក៏​នៅតែ​ប្រើប្រាស់​សម្បក​កង់​ធម្មតា។

    «ពួកយើង​បាន​ស៊ាំ​នឹង​រដូវ​ត្រជាក់​ទៅហើយ ដូច្នេះ​មិន​គិតថា​នេះ​គឺជា​ឧបសគ្គ​ធំ​ឡើយ» Harri Vaarala វិស្វករ​ផ្នែក​គមនាគមន៍​របស់​ទីក្រុង ថ្លែង​ដូច្នេះ។

    ទីក្រុង​ឆ្នេរសមុទ្រ Oulu ជា​មធ្យម​ធ្លាក់​ព្រឹល 5 ខែ និង​សីតុណ្ហភាព​ក្រោម 0 អង្សា​សេ ពេញ​មួយឆ្នាំ។ កង់​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​រួមចំណែក 1/5 នៃ​ចរាចរណ៍​សរុប​តាម​ដងផ្លូវ។ Harri Vaarala ពន្យល់ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើឱ្យ​កង់​ទទួលបាន​ការពេញនិយម​គឺថា ទីក្រុង​មាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដែល​ទទួលបាន​អាទិភាព​ក្នុងការ​ឈូសឆាយ និង​ថែទាំ​ជាពិសេស​នៅពេល​មាន​ព្រឹល​ធ្លាក់។

    សាលា Metsokangas មាន​សិស្ស 1,200 នាក់ ក្នុងនោះ​មាន​ប្រហែល 1,000 នាក់​ជិះ​កង់​ទៅ​រៀន​ពេញ​មួយ​រដូវរងា។ ប៉ុន្មាន​ឆ្នាំ​មកនេះ ទីក្រុង​បាន​បើក​ឱ្យប្រើ​ប្រាស់​គន្លង «ផ្លូវ​ល្បឿន​លឿន​សម្រាប់​កង់» ដែលមាន​ទទឹង 6 ម៉ែត្រ។

    យោងតាម Harri Vaarala នៅ​តំបន់​មួយចំនួន សាលាក្រុង​ថែមទាំង​ផ្ដល់​អាទិភាព​ដល់​កង់​ច្រើនជាង​រថយន្ត ហើយ​កន្លែង​ខ្លះទៀត​ក៏​ប្ដូរ​គន្លង​សម្រាប់​រថយន្ត​មកជា​គន្លង​សម្រាប់​កង់​ទៀតផង ដោយ​ផ្អែកទៅលើ​តម្លៃ និង​អត្ថប្រយោជន៍​ជាក់ស្ដែង។

    សាលាក្រុង Oulu មាន​ក្រុមការងារ​តាមដាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដើម្បី​ធានាថា មិនមាន​ព្រឹល ឬ​ឧបសគ្គ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​អ្នកជិះ​កង់៕

  • ឧទ្យាន​ផ្ទះ​កញ្ចក់កសិកម្ម​ទំនើប​​មួយ​ផលិត​បន្លែ​បាន 3,600 តោន​ជា​រៀងរាល់ឆ្នាំ

    ឧទ្យាន​ផ្ទះ​កញ្ចក់កសិកម្ម​ទំនើប​​មួយ​ផលិត​បន្លែ​បាន 3,600 តោន​ជា​រៀងរាល់ឆ្នាំ

    Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន ដោយមាន​ចំការ​បន្លែ​ផ្ទះ​កញ្ចក់​ទំនើប​ជាច្រើន។

    នៅឯ​ឧទ្យាន​កសិកម្ម​ទំនើប​បែប​ថ្មី​នៅ​ទីក្រុង Shouquang ខេត្ត Shandong ប្រទេស​ចិន កសិករ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​បេះ​បន្លែ​ក្នុងផ្ទះ​កញ្ចក់។ Ma Xiuli ជា​កសិករ​ដាំ​បន្លែ​មួយរូប​និយាយថា «យើង​ប្រមូល​ផល​ប្រហែល 500 គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។ ពេលនេះ​ជា​ពេល​ប្រមូល​ផល​កម្រិត​ខ្ពស់។ បរិមាណ​បន្លែ​ក្នុងផ្ទះ​កញ្ចក់​របស់ខ្ញុំ ជា​មធ្យម​ពី 22,500 ដល់ 25,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ»។

    Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន។ ឧទ្យាន​បែប​ទំនើប​ថ្មី​នេះ​មានផ្ទះ​កញ្ចក់​ប្រហែល 160 ខ្នង ផ្ដល់​ទិន្នផល​បន្លែ 3,600 តោន​ជា​រៀងរាល់ឆ្នាំ។

    «ផ្ទះ​កញ្ចក់​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រង​សីតុណ្ហភាព​បានល្អ» លោក Li Guangju មកពី​មន្ទីរ​កសិកម្ម និង​ជនបទ​របស់​ក្រុង Shouquang ថ្លែង​ដូច្នេះ និង​បន្តថា «នៅពេល​សីតុណ្ហភាព​ខាងក្រៅ​ធ្លាក់ចុះ -13 ទៅ -14 អង្សា​សេ យើង​នៅតែ​អាច​កែប្រែ​កម្ដៅ​ខាងក្នុង​ពី 13 ដល់ 14 ឬ​ដល់​ទៅ 15 អង្សា​សេ​ក៏មាន»។

    លោក Li Guangju បញ្ជាក់ថា សីតុណ្ហភាព​ដូចខាងលើ​អាច​ធានា​ចំពោះ​ការរីកលូតលាស់​របស់​តាសក់ផ្អរ ត្រប់ ប៉េងប៉ោះ​ជាដើម។ យោងតាម លោក Li Guangju មជ្ឈមណ្ឌល​ខាងលើ មាន​បំពាក់​ឧបករណ៍​ឆ្លាត​វៃ ដែល​ជួយ​បង្កើន​ទិន្នផល ក៏ដូចជា​គុណភាព​បន្លែ​ផងដែរ។

    ដោយសារតែ Shouquang គឺជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ​មួយ​ដ៏​សំខាន់​របស់ ប្រទេស​ចិន ដូច្នេះ អាជ្ញាធរ ក៏ដូចជា​កសិករ បាន និង​កំពុង​ខិតខំ​ធានា​ការផ្គត់ផ្គង់​បន្លែ​ឱ្យបាន​ទាន់ពេល​សម្រាប់​ទីផ្សារ​នានា​ក្នុងប្រទេស។

    Zhang Linlin មកពី​នាយកដ្ឋាន​កសិក​ម្ម និង​ជនបទ​របស់​ទីក្រុង Shouquang ឱ្យដឹងថា Shouquang គឺជា​ដែនដី​កសិកម្ម​របស់ ប្រទេស​ចិន ដោយមាន​ផ្ទៃដី​ដាំ​ដុះ​សរុប 40,000 ហិកតា ដែល​ផ្ដល់​ទិន្នផល​ប្រចាំឆ្នាំ​ឡើងដល់ 4.5 លាន​តោន៕