Author: សឿន សំណាង

  • គម្រោងធំៗរបស់ កម្ពុជា ដែល​បាន និង​កំពុង​អនុវត្ត​ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន នាពេលថ្មីៗនេះ

    គម្រោងធំៗរបស់ កម្ពុជា ដែល​បាន និង​កំពុង​អនុវត្ត​ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន នាពេលថ្មីៗនេះ

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា កាលពី​ម្សិលមិញ​បានលើកឡើង​អំពី​បណ្ដា​គម្រោងធំៗ ដែល​បាន និង​កំពុង​អនុវត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី ជប៉ុន ក្នុង​មួយរយៈ​ពេលថ្មីៗនេះ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ទីស្ដីការក្រសួង កាលពី​ថ្ងៃទី 13 ធ្នូ បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

    នៅក្នុង​ជំនួប​នេះ ក្រោយពី​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា ក៏បាន​លើកឡើង​អំពី​គម្រោងធំៗមួយចំនួន​ដែល​បាន និង​កំពុង​អនុវត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​រយៈពេលថ្មីៗនេះ​ផងដែរ។

    យោងតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ គម្រោងធំៗខាងលើ​រួមមាន​ដូចជា «គម្រោង​ស្ថាបនា និង​លើកកម្ពស់​ផ្លូវជាតិ​លេខ 5», គម្រោង​ពង្រីក​វិសាលភាព​កំពង់ផែ​ក្រុងព្រះសីហនុ ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ Port EDI», «គម្រោង​សិក្សា​រៀបចំ​ផែនការមេ​ភស្តុភា​រកម្ម ការផ្តល់​ជំនួយ​គ្រឿងចក្រផ្សេងៗ សម្រាប់​ការជួសជុល​ថែទាំ​ផ្លូវថ្នល់» ជាដើម។ល។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

    ឯកឧត្តម ឯកអគ្គរាជទូត​ជ​ប៉ុន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ កម្ពុជា ក៏ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​តែងតែ​ផ្តល់នូវ​កិច្ចសហការ​ល្អ ហើយ ឯកឧត្តម សូម​ចូលរួម​អបអរ​យ៉ាង​ក្រៃលែង ចំពោះ​ភាពជោគជ័យ​ដ៏​ធំធេង ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែវិច្ឆិកា​កន្លងទៅ​ផងដែរ។

    ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ជម្រាប​ដែរ​ថា បើទោះជា​មិនបាន​បន្តការងារ​នៅ កម្ពុជា ក៏ដោយ ក៏​ឯកឧត្តម នៅតែ​បន្ត​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​នៅទីនេះ៕

  • Lionel Messi របស់ អា​ហ្ស​ង់​ទីន បំបែក​កំណត់ត្រា​ជាច្រើន​នៅ World Cup

    Lionel Messi របស់ អា​ហ្ស​ង់​ទីន បំបែក​កំណត់ត្រា​ជាច្រើន​នៅ World Cup

    កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi បាន​បំបែក​កំណត់ត្រា​ជាច្រើន បន្ទាប់ពី អា​ហ្ស​ង់​ទីន បាន​ផ្ដួល ក្រួ​អាត 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

    នាទី​ទី 34 ដែល​គ្រាប់​បាល់​នៅ 0-0 នៅឡើយ អា​ហ្ស​ង់​ទីន ក៏​ទទួលបាន​គ្រាប់​បាល់​ពិន័យ ក្រោយពី​អ្នកចាំទី Dominik Livakovic បង្កកំហុស​លើ Julian Alvarez។ នៅក្នុង​ចម្ងាយ 11 ម៉ែត្រ Messi ក៏​ស៊ុត​ផ្ដាច់​សំដៅ​ជ្រុង​ខាងស្ដាំ ផ្នែក​ខាងលើ ប៉ើង​សំណាញ់​របស់ ក្រូ​អាត។ គ្រាប់​បាល់​នេះ​បាន​ជួយ​ឱ្យ Messi ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់ អា​ហ្ស​ង់​ទីន នៅ World Cup (ដោយ​រកបាន 11 គ្រាប់)។ អ្នកគ្រប់គ្រង​កំណត់ត្រា​នេះ​មុន​នោះ​គឺ Batistuta ដោយ​រកបាន 10 គ្រាប់ ចំណែក Diego Maradona រកបាន 8 គ្រាប់។

    ក្នុងចំណោម 11 គ្រាប់​ដែល Messi បាន​រកបាន​នៅ World Cup មាន 5 គ្រាប់​នៅ កាតា, 1 គ្រាប់​នៅ អាល្លឺម៉ង់ ឆ្នាំ 2006, 4 គ្រាប់​នៅ ប្រេ​ស៊ី​ល ឆ្នាំ 2015 និង 1 គ្រាប់​នៅ រុស្ស៊ី កាលពី​ឆ្នាំ 2018។

    World Cup 2022 គឺជា​ឱកាស​ចុងក្រោយ​សម្រាប់ Messi ដើម្បី​ដណ្ដើម​ពាន់រង្វាន់​ជើងឯក​ពិភពលោក នៅពេល​ឈានចូល​ដល់​វ័យ 35 ឆ្នាំ។ ម្ចាស់​ពានរង្វាន់​បាល់​មាស​ចំនួន 7 នេះ កំពុង​ឆ្លងកាត់​រដូវ​កាល World Cup ជោគជ័យ​បំផុត ដោយ​រកបាន 5 គ្រាប់ និង​បង្ក​ឱកាស​ជោគជ័យ​បាន 3 គ្រាប់។

    Messi ក៏​ជា​កីឡា​ករទី 5 ដែល​រកបាន​គ្រាប់​បាល់​ក្នុង 3 ប្រកួត​នៅ​វគ្គ​ជម្រុះ​ផ្ទាល់​នៅ World Cup 2022 ពេល អា​ហ្ស​ង់​ទីន បានឈ្នះ អូស្ត្រាលី ក្នុង​វគ្គ 1/8 (វគ្គ 8 គូ), ឈ្នះ ហូ​ឡង់ នៅ​វគ្គ 1/4 (វគ្គ 4 គូ) និង​ឈ្នះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (វគ្គ 2 គូ)។

    https://www.youtube.com/watch?v=d4h83GxwTOs

    ជ័យជម្នះ​លើ ក្រូ​អាត កាលពី​យប់មិញ (13 ធ្នូ 2022) ក៏​ជួយ​ឱ្យ Messi ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​ដែល​រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​បាន​ជោគជ័យ​ផង​នៅក្នុង 4 ប្រកួត​នៅ World Cup។ នៅមុន 3 ប្រកួត​នៅ កាតា លើក​នេះ Messi ជា​លើកដំបូង​បាន​រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​បានសម្រេច​ផង​នៅក្នុង​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ស៊ែ​ប៊ី នៅ អាល្លឺម៉ង់ កាលពី​ឆ្នាំ 2006។

    ដោយ​រកបាន 11 គ្រាប់ និង​បង្ក​ឱកាស​បាន​ជោគជ័យ 8 គ្រាប់ Messi បាន​ចូលរួម​ក្នុង​ជ័យជម្នះ 19 គ្រាប់​នៅ World Cup ដែល​នេះ​បាន​នាំឱ្យ​គាត់​ឡើងទៅ​ចែករំលែក​កំណត់ត្រា​ស្ដីពី​កីឡាករ​រកបាន​គ្រាប់​បាល់ និង​បង្ក​ឱកាស​ជោគជ័យ​បាន​ច្រើនជាងគេ​នៅ World Cup ដែល​មុន​នោះ​គឺជា​កំណត់ត្រា​របស់ Miroslav Klose, Ronaldo Nazario និង Gerd Muller។

    វត្តមាន​ក្នុងការ​ប្រកួត​ជាមួយ ក្រូ​អាត កាលពី​យប់​ថ្ងៃទី 13 ធ្នូ 2022 ក៏​ជួយ​ឱ្យ Messi បង្កើតបាន​តុល្យភាព​ស្ដីពី​កីឡាករ​ទាត់ 25 ប្រកួត​នៅ World Cup របស់​អតីត​ខ្សែប្រយុទ្ធ​នៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Lothar Matthaus ផងដែរ។ Messi នឹង​បំបែក​កំណត់ត្រា​នេះ​នៅពេល​ចូលរួម​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង​ក្រុម​ដែល​បានឈ្នះ​ក្នុងការ​ប្រកួត​រវាង បារាំង និង ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នាពេលខាងមុខ៕

  • អា​ហ្ស​ង់​ទីន សប្បាយរីករាយ​ដូច​ទៅនឹង​ការ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup បន្ទាប់​ពី​បាន​ឈ្នះ ក្រូអាត

    អា​ហ្ស​ង់​ទីន សប្បាយរីករាយ​ដូច​ទៅនឹង​ការ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup បន្ទាប់​ពី​បាន​ឈ្នះ ក្រូអាត

    Lionel Messi និង​ក្រុម​កីឡាករ​របស់ អា​ហ្ស​ង់​ទីន សប្បាយចិត្ត ស្រែក​ហ៊ោ និង​រត់​ឱប​គ្នា​បន្ទាប់ពី​បានឈ្នះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 13 ធ្នូ ដែល​នេះ​ក៏​ជាការ​ «បើកផ្លូវ​» សម្រាប់​ការ​ជប់លៀង​របស់​អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន។

    សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត​រវាង អាហ្សង់ទីន និង ក្រូអាត ​នៅលើ​ទីលាន​បាល់​ទាល់ Lusail កាលពី​យប់​មិញ ក៏​ជា​ពេលដែល​កីឡាករ​អា​ហ្ស​ង់​ទីន រត់​ទៅ​ឱប​គ្នា ដើម្បី​ចែករំលែក​ការ​សប្បាយ​រីករាយ។

    ខាងក្រោម​នេះ​គឺជា​រូបភាព​មួយចំនួន​ដែល​បង្ហាញថា អា​ហ្ស​ង់​ទីន អបអរសាទរ​ជ័យ​ជម្នះ ដូច​ទៅនឹង​ការ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup ក្រោយពី​បាន​ផ្ដួល ក្រូ​អាត 3-0 នៅ​វគ្គ​ពាក់កណ្ដាល់​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ៖

  • Messi ជួយ​ឱ្យ អា​ហ្ស​ង់​ទីន បាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022

    Messi ជួយ​ឱ្យ អា​ហ្ស​ង់​ទីន បាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022

    Lionel Messi រួមចំណែក​បាន 1 គ្រាប់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ ខណៈដែល Julian Alvarez រកបាន 2 គ្រាប់ ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ក្រូ​អាត 3-0 នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 13 ធ្នូ។

    នៅមុន​ការប្រកួត​​ប្រ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Josko Gvardiol ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​ខ្សែការពារ​កណ្ដាល​ឆ្នើម​បំផុត​របស់​ ក្រូអាត ក៏​ដូច​ជា​នៅ World Cup 2022។ ប៉ុន្តែ នៅពេល​ប្រឈម​នឹង Messi នៅ​នាទី​ទី 69 កីឡាករ​ឆ្នើម​របស់ ក្រូ​អាត ក៏ត្រូវ​​ចាញ់​រហូតដល់ 3 ដង​នៅ​ស្លាប​ខាងស្ដាំ មុនពេល​អស់ខ្យល់ និង​បណ្ដោយ​ឱ្យ​​​កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បណ្ដើរ​បាល់​ទៅកាន់​តំបន់​គ្រោះថ្នាក់ ហើយ​បញ្ជូនទៅឱ្យ Julian Alvarez ស៊ុត​បញ្ចូល​ទី​បានសម្រេច នាំឱ្យ ក្រូ​អាត ត្រូវ​ចាញ់ អា​ហ្ស​ង់​ទីន 3-0។

    Josko Gvardiol មាន​វ័យ​ទើបតែ 20 ឆ្នាំ ចំណែក Messi អាយុ 35 ឆ្នាំ។ អាយុ​របស់​ពួកគេ​ហាក់បាន​​បញ្ច្រាស​ត្រឡប់​គ្នា​នៅក្នុង​ឈុត​បង្ក​​ឱកាស​ក្នុងការ​ស៊ុត​ផ្ដាច់​ខាងលើ។ Messi ពេលនោះ ប្រៀបដូចជា​កំលោះ​ដែលមាន​កម្លាំង​ខ្លាំង និង​ពោរពេញ​ដោយ​មហិច្ឆតា ខណៈដែល Gvardiol បាត់បង់​សមត្ថភាព​រហូតដល់​អ​ស់​សង្ឃឹម​នៅពេល​ត្រូវ​ប្រឈម​នឹង​ម្ចាស់​គ្រាប់​បាល់​មាស​ចំនួន 7 របស់ អា​ហ្ស​ង់​ទីន។

    https://www.youtube.com/watch?v=1JIq2ptlrWs

    នេះ​គឺជា​លើក​ទី​បី​ហើយ​នៅ World Cup 2022 ដែល Messi រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​ផង​នៅក្នុង​មួយ​ប្រកួត។ Messi បង្កើត​កំណត់ត្រា 4 លើក​ស្ដីពី​​ប្រការ​ខាងលើនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

    មិន​ត្រឹមតែ Messi នោះទេ អា​ហ្ស​ង់​ទីន នៅមាន​អ្នកខ្លាំង​មួយរូប​ទៀត​នៅក្នុង​ការប្រកួត​ជាមួយនឹង ក្រូ​អាត កាលពី​យប់មិញ។ Julian Alvarez ដែលជា​អ្នកគាំទ្រ Messi តាំងតែ​ពី​តូច ក៏​រកបាន 2 គ្រាប់​នៅក្នុង​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនេះ។ ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូបនេះ ក៏​រកបាន​បាល់​ពិន័យ​ប៉េ​ណាំង​ទី ដើម្បីឱ្យ Messi ស៊ុត​ប៉ើង​សំណាញ់​របស់ ក្រុម​ក្រូ​អាត។

    អា​ហ្ស​ង់​ទីន នៅមាន​ឱកាស​ច្រើន​ទៀត​ដើម្បី​ឈ្នះ ប៉ុន្តែ លទ្ធផល 3-0 ក៏​គ្រប់គ្រាន់​សម្រាប់ Messi និង​ក្រុម​របស់គាត់៕

  • Ford វិនិយោគ​បន្ថែម​រាប់រយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​សង់រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​អង់គ្លេស

    Ford វិនិយោគ​បន្ថែម​រាប់រយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​សង់រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​អង់គ្លេស

    ក្រុមហ៊ុន Ford នឹង​បង្កើន​ការវិនិយោគ ធៀប​នឹង​គម្រោង​ដំបូង ទៅលើ​រោងចក្រ Halewood នៅ Merseyside ចក្រភព​អង់គ្លេស ដើម្បី​បង្កើន​ការផលិត​ប្រព័ន្ធ​ម៉ូ​ទ័​រ​សម្រាប់​រថយន្ត​អគ្គិសនី។

    កាលពី​ខែតុលា 2021 Ford បានប្រកាស​អំពី​ខ្ទង់​ប្រាក់​វិនិយោគ​តម្លៃ 230 លាន​ផោន (ស្មើនឹង 316 លាន​ដុល្លារ​អាម៉េរិក នៅពេលនោះ) ដើម្បី​ផលិត​ម៉ូ​ទ័​រ​អគ្គិសនី និង​ប្រព័ន្ធ​ប្រអប់លេខ​ចំនួន 250,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។ ក្នុង​ខែ​នេះ Ford ក៏បាន​ប្រកាស​ខ្ទង់​វិនិយោគ​បន្ថែម 149 លាន​ផោន (180 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​អាច​ផលិត​ម៉ូ​ទ័​រ​អគ្គិសនី​ឱ្យបាន​ដល់ 420,000 គ្រឿង/ឆ្នាំ។ Ford បាន​វិនិយោគ​សរុប​ប្រហែល 496 លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​រោងចក្រ​នេះ។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​គិត​ត្រឹម​ឆ្នាំ 2024 និង​លក់ BEV ឱ្យបាន 600,000 គ្រឿង/ឆ្នាំ​នៅ​ឆ្នាំ 2026។

    តាម​ផែនការ ដល់​ឆ្នាំ 2030 Ford នឹង​លក់​តែ​រថយន្ត​ដែល​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង​នៅ ទ្វីបអឺរ៉ុប ហើយ​ប្រការនេះ​ក៏​នឹង​កើតឡើង​ចំពោះ​រថយន្ត​ដឹកទំនិញ​នៅ​ឆ្នាំ 2035៕

  • ក្រសួង​សាធារណការ កំពុង​ត្រៀម​សម្រាប់​ការ​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ពីរ​​ខ្សែ​ប្រវែង​ជាង 43 គីឡូម៉ែត្រ

    ក្រសួង​សាធារណការ កំពុង​ត្រៀម​សម្រាប់​ការ​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ពីរ​​ខ្សែ​ប្រវែង​ជាង 43 គីឡូម៉ែត្រ

    ផ្លូវ​លេខ 146បេ និង​លេខ 148 ប្រវែង​សរុប​ប្រមាណ 43.02 គីឡូម៉ែត្រ គ្រោង​នឹង​រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី 22 ធ្នូ 2022 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​បន្ទាប់ពី ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ខាងលើ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​កម្មវិធី​សម្ពោធ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​មិញ។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​លេខ 146បេ និង​លេខ 148 ប្រវែង​សរុប​ប្រមាណ 43.02 គីឡូម៉ែត្រ និង​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 22 ធ្នូ 2022 ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា៕

  • (World Cup 2022)- Ronaldo ត្រូវបាន​ការពារ​ដោយ Nuno Gomes

    (World Cup 2022)- Ronaldo ត្រូវបាន​ការពារ​ដោយ Nuno Gomes

    អតីត​កីឡាករ​ខ្សែប្រយុទ្ធ Nuno Gomes យល់ថា Cristiano Ronaldo មិនគួរ​ត្រូវបាន​រិះគន់​ចំពោះ​អ្វីដែល​គាត់​ធ្វើបាន​នៅ World Cup សម្រាប់ ព័រទុយហ្កាល់។

    Nuno Gomes គិតថា អ្នកគាំទ្រ​មិនគួរ​រំខាន Ronaldo បន្ទាប់ពី ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ពី World Cup 2022។ «សូម​ទុកឱ្យ Ronaldo បាន​សុខ​ផង» Gomes និយាយ​ដូច្នេះ និង​បន្ថែមថា «Ronaldo ពូកែ​លំដាប់​កំពូល​លើ​ពិភពលោក​ក្នុង​រយៈពេល 15 ឆ្នាំ​កន្លង ហើយ​គាត់​មិនចាំបាច់​បញ្ជាក់​អ្វី​បន្ថែម​ទៀតឡើយ។ ជនជាតិ​ព័រទុយហ្កាល់ គួរតែ​ដឹងគុណ​ចំពោះ​អ្វីដែល​គាត់​ធ្វើបាន»។

    កីឡាករ Gomes រក​បាល់​បាន 26 គ្រាប់​នៅក្នុង 76 ប្រកួត​សម្រាប់ ព័រទុយហ្កាល់ ក្នុងអំឡុង​ពី​ឆ្នាំ 1996 ដល់ 2011 និង​ជា​មិត្ត​រួម​ក្រុម​ជាមួយ Ronaldo រយៈពេល 8 ឆ្នាំ។ បច្ចុប្បន្ន Ronaldo ជាមួយនឹង​គ្រួសារ​កំពុង​ស្ថិតនៅ កាតា នៅឡើយ ក្រោយពី ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ 1/8 នៅ World Cup 2022។ Ronaldo កំពុង​ជា​កីឡាករ​សេរី និង​មិនទាន់​កំណត់ថា នឹង​ទាត់​ឱ្យ​ក្លឹប​ណា​នៅឡើយ៕

    អតីតកីឡាករខ្សែប្រយុទ្ធរបស់ ព័រទុយហ្កាល់ Nuno Gomes
  • អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ដុត​រថយន្ត និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

    អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ដុត​រថយន្ត និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

    អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Bolsonaro ដុតបំផ្លាញ​រថយន្ត និង​ព្យាយាម​សម្រុកចូល​ការិយាល័យ​ប៉ូលិស​នៅ ប្រា​ស៊ី​លី​យ៉ា ដើម្បី​រំដោះ​មេដឹកនាំ​បាតុករ​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន។

    បាតុកម្មហិង្សា​បានកើត​ឡើង​នៅ រដ្ឋធានី​ប្រា​ស៊ី​លី​យ៉ា កាលពី​ថ្ងៃទី 12 ធ្នូ ក្រោយពី​កម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន Jose Acacio Serere Xavante ទៅតាម​បញ្ជា​តុលាការ​ជាន់ខ្ពស់ (STF) ដែល​បាន​ចោទថា មាន​គំរាមកំហែង​ដល់​នីតិរដ្ឋ​ប្រជាធិបតេយ្យ។

    លោក Serere Xavante ដែលជា​មេដឹកនាំ​ក្រុមមនុស្ស​មួយ​ក្រុង​នៅក្នុង​តំបន់ គាំទ្រ​ប្រធានាធិបតី Jair Bolsonaro និង​បដិសេធ​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី 30 តុលា 2022 ដែល​លោក Bolsonaro ត្រូវ​ចាញ់​លោក Luiz Inacio Lula da Silva។

    សមត្ថកិច្ច​ត្រូវ​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​រំសាយ​បាតុករ។ រថយន្ត​ជាច្រើន​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​នៅក្នុង​បាតុកម្មហិង្សា​នេះ ខណៈ​មនុស្ស​មួយចំនួន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ក្នុងពេលដែល​បាតុករ​ព្យាយាម​សម្រុកចូល​អគារ​របស់​ប៉ូលិស​ដើម្បី​រំដោះ​លោក Serere Xavante។

    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រេ​ស៊ី​ល ប្រកាសថា នឹង​ស្រាវជ្រាវ​រឿងនេះ ហើយ​បាន​បញ្ជាក់ថា ស្ថានការណ៍​កំពុង​ស្ងប់ស្ងាត់​មកវិញ។

    កាលពី​ថ្ងៃទី 07 ធ្នូ លោក Lula បានទទួល​ឯកសារ​បញ្ជាក់ថា លោក​បាន​ជាប់ឆ្នោត ដែល​នេះ​ក៏​ជាការ​បញ្ចប់​រដូវ​កាល​ប្រកួតប្រជែង​ជាមួយនឹង​លោក Bolsonaro។ STF កាលពី​ថ្ងៃទី 12 ធ្នូ ក៏បាន​បញ្ជាក់ថា ជ័យជម្នះ​បាន​ទៅលើ​លោក Lula។

    ចំណែក​លោក Bolsonaro វិញ បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​ចោទថា មាន​ការលួចបន្លំ។ ថ្វីបើ​បាន​បដិសេធ​លទ្ធផល ប៉ុន្តែ លោក Bolsonaro ក៏​មិន​រារាំង​ការផ្ទេរអំណាច ខណៈដែល​អ្នកគាំទ្រ​រប​ស់លោក នៅតែ​ធ្វើបាតុកម្ម និង​អំពាវនាវ​ឱ្យ​កងទ័ព​ចូលធ្វើ​អន្តរាគមន៍៕

  • CEO របស់ Xiaomi ចាត់ទុក iPhone ជា​ស្ដង់ដា​សម្រាប់​ប្រកួតប្រជែង

    CEO របស់ Xiaomi ចាត់ទុក iPhone ជា​ស្ដង់ដា​សម្រាប់​ប្រកួតប្រជែង

    សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Xiaomi លោក Lei Jun បានចាត់ទុក iPhone ជា​ស្ដង់ដា​របស់​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ និង​ប្ដេជ្ញាចិត្ត​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់ Apple។

    «មិន​ថា​ជា​ផ្នែក​ទន់ ឬ​ផ្នែក​រឹង យើង​ចាត់ទុក iPhone ជា​ស្ដង់ដា» លោក Lei Jun ថ្លែង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ Xiaomi 13 Pro កាលពី​ចុង​សប្ដាហ៍​កន្លង។ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ Xiaomi រូបនេះ​ក៏បាន​អះអាងថា គំនិត​នេះ​គឺជា «ចំណុច​ចាប់ផ្ដើម ហើយ​តាមរយៈ​នេះ​យើង​អាចមាន​ឱកាស​ដើម្បី​យកឈ្នះ iPhone នាពេល​អនាគត»។

    យោងតាម SCMP ក្រៅពី​ការចាត់ទុក iPhone ជា​ស្ដង់ដា ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏បាន​ចាត់ទុក Apple ជា​គូប្រជែង​ផងដែរ។ នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ លោក Jun បាន​សន្យាថា «នឹងធ្វើ​ចិត្ត​ឱ្យ​ក្លាហាន និង​ប្ដេជ្ញាចិត្ត» ដើម្បី​ធ្វើសង្គ្រាម​ជាមួយនឹង​បណ្ដា​ម៉ូ​ដែល iPhone របស់ Apple។

    Xiaomi 13 និង 13 Pro គឺជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ថ្មី​ក្នុង​ត្រកូល​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន​ចិន និង​មានតម្លៃ​បន្តបន្ទាប់​គឺ 3,999 យន់ និង 4,999 យន់។ ផលិតផល​ទាំងនេះ​មានតម្លៃ​ទាប​ជាង​ធៀប​នឹង iPhone 14 ដែលមាន​តម្លៃ​ចាប់ពី 5,999 យន់ នៅ​ប្រទេស​ចិន។

    ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី​នេះ Xiaomi ក៏បាន​ណែនាំ​ពី​នាឡិកា​ឆ្លាត​វៃ Watch S2 និង​កាស​គ្មាន​ខ្សែ Buds 4 ផងដែរ៕

  • គ្រូបង្វឹក Luis Enrique ថា «Messi ស័ក្ដិសម​នឹងតំណែង​​ជើងឯក World Cup»

    គ្រូបង្វឹក Luis Enrique ថា «Messi ស័ក្ដិសម​នឹងតំណែង​​ជើងឯក World Cup»

    អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Luis Enrique ចង់ឃើញ Lionel Messi បញ្ចប់​អាជីព​ដែល​ឡើងដល់​កម្រិត​កំពូល​របស់ខ្លួន​ដោយ​នាម​ជា​ជើងឯក World Cup 2022 ជាមួយនឹង អា​ហ្ស​ង់​ទីន។

    «នៅពេល អេ​ស្ប៉ា​ញ មិនអាច​បន្តដំណើរ​ទៅមុខ ខ្ញុំ​ចង់ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup ព្រោះថា Lionel Messi ស័ក្ដិសម​នឹង​ទទួល​បាន» គ្រូបង្វឹក Enrique ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី 12 ធ្នូ​ដូច្នេះ។

    «មេទ័ព» វ័យ 52 ឆ្នាំ​រូបនេះ​ធ្លាប់បាន​និយាយ​ដល់​ប្រការនេះ​នៅមុន World Cup ចាប់ផ្ដើម​ការប្រកួត​នៅ កាតា។ ក្រុម​អេ​ស្ប៉ា​ញ របស់ Enrique បាន​ចាញ់​នៅ​វគ្គ 1/8 ក្រោម​ថ្វី​ជើង​របស់ ក្រុម​ម៉ា​រ៉ុ​ក ខណៈដែល អា​ហ្ស​ង់​ទីន ប៉ះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​វេលា​ម៉ោង 2 ថ្ងៃទី 14 ធ្នូ​ខាងមុខ។

    «ជាមួយនឹង​អ្វីដែល Messi បានរួម​ចំណែក​ក្នុង​ពិភព​បាល់ទាត់ នឹងមិន​យុត្តិធម៌​ឡើយ​បើសិន​គាត់​ព្យួរ​ស្បែកជើង​ដោយ​មិនទាន់មាន​តំណែង​ជើងឯក World Cup» គ្រូបង្វឹក Enrique បន្ថែម​ដូច្នេះ។ យោងតាម​អតីត​ខ្សែបម្រើ​របស់ Barca កីឡាករ Messi នៅតែមាន​កម្លាំង និង​ចំណូលចិត្ត​គ្រប់គ្រាន់​ដើម្បី​ប្រកួត​សម្រាប់ អា​ហ្ស​ង់​ទីន នៅក្នុង​ការប្រកួត​ដែល​នៅសល់​របស់ World Cup លើក​នេះ។

    លោក Enrique ធ្លាប់បាន​ដឹកនាំ Messi កាលពី​លេង​ឱ្យ Barca ក្នុងអំឡុង​ពី​ឆ្នាំ 2014 ដល់ 2017។ ពួកគេ​រួមគ្នា​ដណ្ដើម​បាន​​ពាន​រង្វាន់​​ពីរ​នៅ La Liga, 3 ពានរង្វាន់​នៅ Copa del Rey, 1 ពាន់​រង្វាន់​នៅ Champions League និង 1 ពាន់​រង្វាន់​នៅ FIFA Club World Cup។ ក្រោយមក គ្រូបង្វឹក Enrique បាន​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិនទាន់​ដណ្ដើម​បាន​ពាន​រង្វាន់​ណា​មួយ​។ លោក Enrique ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បញ្ចប់​កិច្ចសន្យា​កាលពី​ថ្ងៃទី 07 ធ្នូ ក្រោយពីត្រូវ​បាន​ជម្រុះ​​នៅ World Cup 2022។

    Messi កំពុង​លេង​នៅ World Cup ក្នុង​រដូវ​កាល​ទី 5 ហើយ​នេះ​ក៏​អាចជា​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់គាត់។ នៅ World Cup 2022 គិត​ត្រឹម​ពេលនេះ Messi រក​បាល់​បាន 4 គ្រាប់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 2 គ្រាប់៕