Author: សឿន សំណាង

  • ប្រាក់ចំណូល​បាន​ពី​ប្រេង​ឆៅ​របស់ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ថយចុះ

    ប្រាក់ចំណូល​បាន​ពី​ប្រេង​ឆៅ​របស់ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ថយចុះ

    អង្គការ​ថាមពល​អន្ត​រ​ជាតិ និយាយថា ប្រាក់ចំណូល​របស់ ប្រទេស​រុស្ស៊ី ដែល​បាន​ពី​រ៉ែ​ប្រេង​ក្នុង​ខែវិច្ឆិកា បាន​ថយចុះ បើទោះជា​បរិមាណ​ប្រេង​ដែល​បាន​លក់​ចេញ​បាន​កើនឡើង ដែល​នេះ​គឺជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​របស់លោក​ខាងលិច ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

    យោងតាម Guardian ដែល​ចុះផ្សាយ​នា​ថ្ងៃនេះ​បានឱ្យដឹងថា អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) គណនា​ឃើញថា រុស្ស៊ី រកបាន​ចំណូល​ប្រហែល 15.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​ប្រេង​នៅក្នុង​ខែវិច្ឆិកា 2022 ដែល​នេះ​គឺជា​កម្រិត​ទាប​ទី​ពីរ​ក្នុងឆ្នាំនេះ។

    ចំណែក​បរិមាណ​ប្រេង​ឆៅ និង​ផលិតផល​ធ្វើ​ពី​ប្រេង​របស់ រុស្ស៊ី បាន​កើន​ឡើងដល់ 8.1 លាន​ធុង/ថ្ងៃ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែមេសា 2022។

    Guardian បានឱ្យដឹងថា នេះ​ទំនងជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ដែល​ដាក់​ទៅលើ ទីក្រុង​មូ​ស្គូ ក្នុង​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​ពី​ការនាំចេញ​ថាមពល​របស់ រុស្ស៊ី ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

    សហភាព​អឺរ៉ុប (EU) និង G7 កាលពី​ថ្ងៃទី 05 ធ្នូ បាន​ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ឱ្យនៅ​ត្រឹម 60 ដុល្លារ​អាម៉េរិក/ធុង ចំពោះ​ប្រេង​ដែល​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់ រុស្ស៊ី គ្រា​ដែល​បស្ចិម​លោក​ចង់​កាត់បន្ថយ​ប្រាក់ចំណូល​របស់ មូ​ស្គូ ផង និង​ចង់​គ្រប់គ្រង​បញ្ហា​អតិផរណា​ក្នុង​វិស័យ​ថាមពល​ផង។ ប្រេង​ដែល​មិនមែនជា​របស់ រុស្ស៊ី កាលពី​ថ្ងៃទី 14 ធ្នូ មានតម្លៃ​ប្រហែល 81 ដុល្លារ​អាម៉េរិក/ធុង៕

  • កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 27 នាក់​ទៀត ក្នុង​អំឡុង 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 27 នាក់​ទៀត ក្នុង​អំឡុង 24 ម៉ោង​កន្លង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 27 នាក់ និង​ជាសះស្បើយ 13 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 14 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 15 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,347 នាក់, អ្នកជាសះស្បើយ 135,158 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 ចាប់ផ្ដើម​ទទួលភ្ញៀវ

    ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 ចាប់ផ្ដើម​ទទួលភ្ញៀវ

    (ភ្នំពេញ)- ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល​លើក​ទី 15 ត្រូវបាន​សម្ពោធ​បើកទទួល​ភ្ញៀវ​ឡើងវិញ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោយ​ការផ្អាក 2 ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត។

    ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល 4 ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី 15 ដល់ 18 ធ្នូ 2022 នេះ​បើតាម​ក្រុម​អ្នករៀបចំ​កម្មវិធី។ ពិព័រណ៍​នេះ​មាន​ស្តង់​សរុប​ចំនួន 268 ស្តង់ ដែលមាន​ដូចជា ស្តង់​របស់ សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​បរទេស និង​ស្ដង់​របស់​អាជ្ញាធរ​កម្ពុ​ជា​ជាដើម។

    ក្នុង​ពិព័រណ៍​នេះ​មានការ​ចូលរួម​តាំង​បង្ហាញ​របស់​ស្ថាប័ន​មកពី​ប្រទេស​មួយចំនួន មានដូចជា ប្រទេស​ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីតាលី តួ​ក​គី និង​សហរដ្ឋ​អាម៉េរិក ផងដែរ។

    យោងតាម​អ្នករៀបចំ​ពិព័រណ៍ បណ្ដា​ផលិត​ដែល​ដាក់តាំង​បង្ហាញ​ក្នុងឱកាស​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​កសិកម្ម មានដូចជា​បន្លែ ផ្លែឈើ ផលិតផល​កែច្នៃ​ពី​កសិផល ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជា​គ្រឿងអលង្ការ និង​គ្រឿងសំអាង​ជាដើម។ល។

  • (World Cup 2022)- គ្រូបង្វឹក​របស់ ម៉ា​រ៉ុ​ក ៖ «ខ្ញុំ​ចង់ឱ្យ​ បារាំង ​លើក​ពាន​ជើងឯក»

    (World Cup 2022)- គ្រូបង្វឹក​របស់ ម៉ា​រ៉ុ​ក ៖ «ខ្ញុំ​ចង់ឱ្យ​ បារាំង ​លើក​ពាន​ជើងឯក»

    លោក Walid Regragui សង្ឃឹមថា បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បីឱ្យ ម៉ា​រ៉ុ​ក អាចមាន​មោទកភាព ព្រោះ​ចាញ់​តែ​ម្ចាស់​ពាន​ជើងឯក World Cup 2022។

    «ខ្ញុំ​ជូនពរ​ប្រទេស​បារាំង។ យើង​នឹង​គាំទ្រ​ពួកគេ» លោក Regragui ដែលជា​ជនជាតិ​ម៉ា​រ៉ុ​ក កើត​នៅ ប្រទេស​បារាំង ប៉ុន្តែ​ក្រោយមក​ក៏បាន​លេង និង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ថ្លែង​ដូច្នេះ បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 14 ធ្នូ។

    លោក Regragui បន្ថែមថា «យើង​ចង់ឱ្យ បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​អាច​និយាយបានថា យើងខ្ញុំ​ចាញ់​តែ​ម្ចាស់​ជើងឯក​ពិភពលោក។ ប្រការ​នោះ​អាច​នឹង​ល្អ​សម្រាប់​ពួកយើង»។

    នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បារាំង នឹងត្រូវ​ប៉ះ អា​ហ្ស​ង់​ទីន នៅ​យប់​ថ្ងៃទី 18 ធ្នូ។ ចំណែក ម៉ា​រ៉ុ​ក នឹង​ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ។ យោងតាម​លោក Regragui ឱកាស​សម្រាប់​ក្រុម​ទាំងពីរ​នេះ​គឺ 50-50។ «បើសិនជា បារាំង ឈ្នះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ម្ដងទៀត នោះ​នឹង​ជា​ជ័យជម្នះ​ពីរលើកផ្ទួនៗក្នុង​ប្រវត្តិសាស្ត្រ។ ពួកគេ​គឺ​ក្រុម​ជម្រើសជាតិ​ឆ្នើម​បំផុត​លើ​ពិភពលោក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង» លោក Regragui អះអាង​ដូច្នេះ។

    លោក Walid Regragui គ្រូបង្វឹករបស់ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក

    ក្នុង​ប្រវត្តិសាស្ត្រ មានតែ អ៊ីតាលី (ឆ្នាំ 1934, 1938) និង ប្រេ​ស៊ី​ល (ឆ្នាំ 1958, 1962) ប៉ុណ្ណោះ ដែលជា​ក្រុម​ជម្រើសជាតិ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក 2 លើក​បន្តបន្ទាប់៕

  • (World Cup 2022)- អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ បែលហ្ស៊ិក

    (World Cup 2022)- អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ បែលហ្ស៊ិក

    អ្នកគាំទ្រ​ប្រហែល 100 នាក់ ក្នុងនោះ​មាន​ទាំង​អ្នក​ចង​ទង់​របស់ ប្រទេស​ម៉ា​រ៉ុ​ក បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ ព្រុ​ច​សែ​ល បន្ទាប់ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ចាញ់ ក្រុម​បារាំង នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ក្រុម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 14 ធ្នូ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ស្ថានីយ​រថភ្លើង Brussels South និង​បាននាំគ្នា​បាញ់​កាំជ្រួច និង​គប់​វត្ថុផ្សេងៗទៅលើ​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម ព្រមទាំង​បាន​ដុត​ធុង​ក្រដាស និង​ថង់​សំរាម​ផងដែរ។ ប៉ូលិស​ក៏បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក និង​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ហ្វូងមនុស្ស។

    ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក បាន​កើតឡើង​ក្នុង​រយៈពេល​ខ្លី និង​មិន​បង្កឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ។ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។

    យោងតាម Mirror ការប៉ះទង្គិច​បែបនេះ​ក៏បាន​កើតឡើង​ក្នុង​តំបន់​មួយចំនួន​នៅ ប្រទេស​បារាំង ផងដែរ។ ប៉ូលិស​ប្រឆាំង​កុបកម្ម​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​មួយចំនួន​របស់ រដ្ឋធានី​ប៉ារីស ដើម្បី​បំបែក​ហ្វូងមនុស្ស​ដែល​គាំទ្រ ម៉ា​រ៉ុ​ក និង បារាំង។ រូបភាព​លើ​បណ្ដាញ​សង្គម​បង្ហាញថា មាន​មនុស្ស​មួយចំនួន​ពាក់មួក​ជិត​ក្បាល​ដេញតាម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក។

    អ្នកគាំទ្រ​ម៉ា​រ៉ុ​ក និង​អ្នកគាំទ្រ​បារាំង ក៏បាន​ប៉ះទង្គិច​គ្នា​នៅ Place de la Comedie ទីក្រុង Montpellier ក្នុងនោះ​មាន​អ្នកខ្លះ​បាញ់​កាំជ្រួច​សំដៅលើ​គូបដិបក្ខ ខណៈដែល​សំឡេង​ស្រែក​ដាក់គ្នា​លាន់ឮ​កងរំពង មុនពេល​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។

    https://www.youtube.com/watch?v=UTu4Te79NA4

    ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក កាលពី​ថ្ងៃទី 14 ធ្នូ បាន​ចាញ់​ក្រុម​របស់ ​បារាំង 0-2 ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ម៉ា​រ៉ុ​ក លើក​នេះ​បាន​យកឈ្នះ​លើ​ក្រុមធំៗជាច្រើន ហើយ​ក៏បាន​ក្លាយជា​តំណាង​ទ្វីបអាហ្វ្រិក​ដំបូង​គេ​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup។

    ក្រុម​ជម្រើសជាតិ​បារាំង នឹង​ប៉ះ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 18 ធ្នូ ខណៈដែល ម៉ា​រ៉ុ​ក ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ៕

  • (World Cup 2022)- រកឃើញ​មូលហេតុ​ដែល​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- រកឃើញ​មូលហេតុ​ដែល​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    ដោយសារ​តែមាន​កម្លាំង​ពី​ពលរដ្ឋ​នៅ​បរទេស ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក បាន និង​កំពុងតែ​មានអំណាច​ខ្លាំង​នៅ World Cup 2022។

    យោងតាម​ស្ថិតិ​របស់ Guardian កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ចំនួន 14 នាក់ ក្នុងចំណោម 26 នាក់ គឺជា​ពលរដ្ឋ​កើត​នៅ​បរទេស។ ពួកគេ​គឺជា​កូនចៅ​របស់​គ្រួសារ​ជនជាតិ​ម៉ា​រ៉ុ​ក ដែល​ទៅ​រស់​នៅឯ​ប្រទេស​ដទៃ។ ក្នុងចំណោម​កីឡាករ​ជម្រើសជាតិ​ម៉ា​រ៉ុ​ក 14 នាក់​ដែល​កើត​នៅ​បរទេស មាន 4 នាក់​កើត​នៅ ហូ​ឡង់, 4 នាក់​កើត​នៅ បែលហ្ស៊ិក, 2 នាក់​កើត​នៅ បារាំង, 2 នាក់​កើត​នៅ អេ​ស្ប៉ា​ញ, 1 នាក់​កើត​នៅ អ៊ីតាលី និង 1 នាក់​កើត​នៅ កាណាដា។

    កីឡាករ​ភាគច្រើន​ក្នុងចំណោម 14 នាក់​ខាងលើ កំពុង​លេង​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង (មិនមែន​បម្រុង) ដែល​នេះ​បាន និង​កំពុង​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ក្នុងការ​ប្រកួត​ដែល​បាន​ជម្រុះ អេ​ស្ប៉ា​ញ នៅ​វគ្គ 1/8 ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក បាន​បញ្ចេញ «កីឡាករ​អានិកជន» រហូតដល់ 8 នាក់ ដែល​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង ក្នុងនោះ​មាន​ទាំង​អ្នកចាំទី​ផងដែរ។

    ប្រធាន​ក្រុម​គ្រូបង្វឹក​របស់ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក លោក Walid Regragui ក៏​ជា «អានិកជន​ម៉ា​រ៉ុ​កនៅ​បរទេស»។ លោក Walid កើត​នៅ Corbeil-Essonnes ជា​តំបន់​ជាយក្រុង​បារី​ស ប្រទេស​បារាំង៕

    ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 រវាង បារាំង និង ម៉ា​រ៉ុ​ក នឹង​ចាប់ផ្ដើម​នៅ​ម៉ោង 02 ទៀបភ្លឺ ថ្ងៃទី 15 ធ្នូ 2022 (យប់​នេះ)។ មួយ​ក្នុងចំណោម 2 ក្រុម​នេះ​នឹងត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន ដែល​កំពុង​រង់ចាំ​ជាស្រេច៕

  • គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី

    គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី

    គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ មកដល់​បច្ចុប្បន្ន ស្ថិតនៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    កិច្ចប្រជុំ​ស្ដីពី​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី 14 ធ្នូ នៅ​ទីស្ដីការក្រសួង​សាធារណការ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ និង​លទ្ធផល​មួយចំនួន​ដែល​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន(CRBC) និង​ក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd សម្រេចបាន​នាពេល​កន្លង និង​ដើម្បី​ពិនិត្យ​ផែនការ​សកម្មភាព​សម្រាប់​ជំហាន​បន្ទាប់។

    យោងតាម ក្រសួង​សាធារណការ គិត​មកដល់ពេលនេះ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព បន្ទាប់ពី​ទទួលបាន​ចំណារ​ឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី 08 មេសា 2022។ តាម​ផែនការ គម្រោង​សិក្សា​លម្អិត​នេះ គ្រោង​នឹង​បញ្ចប់​ឱ្យបាន​រួចរាល់​នៅ​ដំណាច់​ខែមករា 2023។

    ក្រសួង​បានឱ្យដឹងថា នៅពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ គម្រោង​នេះ នឹង​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​កម្ពុជា​ឱ្យមាន​សន្ទុះ​កើនឡើង មាន​ប្រសិទ្ធភាព​ខ្ពស់ កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន និង​មានគុណ​ភាព​ជាង​មុន ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ថ្នល់ និង​ងាយស្រួល​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស ជួយ​ពង្រឹង និង​ពង្រីក​ការតភ្ជាប់​ជាមួយ​តំបន់ និង​អន្តរជាតិ៕

  • (World Cup 2022) – កីឡាការិនី​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក លើកទឹកចិត្ត ក្រូ​អាត

    (World Cup 2022) – កីឡាការិនី​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក លើកទឹកចិត្ត ក្រូ​អាត

    សារ​របស់​កីឡាការិនី​ខ្សែប្រយុទ្ធ Ana Maria Markovic ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​ក្រូ​អាត បន្ទាប់ពី​ចាញ់ អា​ហ្ស​ង់​ទីន 0-3 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​លើ Instagram។

    ថ្វីបើ​កំពុង​សម្រាក​លំហែកាយ​នៅ ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ Ana Maria Markovic ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា កីឡាការិនី​ស្អាត​បំផុត​លើ​ពិភពលោក នៅតែ​តាមដាន​សកម្មភាព​រប​ស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាត នៅ World Cup។

    ក្រោយពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត របស់​នាង​បាន​ចាញ់ អា​ហ្ស​ង់​ទីន 0-3 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 13 ធ្នូ កីឡាការិនី​ខ្សែប្រយុទ្ធ​វ័យ 23 ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបថត​ដែល​នាង​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាត អម​នឹង​ខ្លឹមសារ​ថា «ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែមាន​មោទកភាព​ចំពោះបង» រួម​នឹង​រូប​បេះដូង និង​ឈ្មោះ​សរសេរ​កាត់​របស់ ក្រុម​ជម្រើសជាតិ​ក្រូ​អាត នៅលើ Instagram។

    ក្រោយ​ការ​បង្ហោះ​បាន 9 ម៉ោង សារ​ខាងលើ​របស់ Markovic ក៏​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​លើ Instagram ដោយ​ទទួលបាន​មេដៃ​ជិត 333,000 លើក និង​មតិ​ជិត 3,500 លើក។

    Markovic មាន​ម្ដាយ​ជា​ជនជាតិ​ក្រូ​អាត និង​បានចាប់កំណើត​នៅ Split ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី​ពីរ​របស់ ក្រូ​អាត។ នាង​រួម​នឹង​គ្រួ​សារបាន​រើ​ទៅ​រស់នៅក្នុង ប្រទេស​ស្វ៊ី​ស ពេល​នាង​មាន​អាយុ 12 ឆ្នាំ។

    Markovic ចាប់ផ្ដើម​លេង​បាល់​ពី​អាយុ 14 ឆ្នាំ និង​បាន​ក្លាយជា​កីឡាការិនី​ខ្សែប្រយុទ្ធ ដែល​ធ្លាប់រ​កបាល់​បាន 7 គ្រាប់​នៅក្នុង 26 ប្រកួត ជូន​ក្រុម U21 FC Zurich អំឡុង​ឆ្នាំ 2017 ដល់ 2019។ ក្រោយពី​ទៅ​ចូលរួម​ជាមួយ​ក្រុម Grasshopper Zurich ឆ្នាំ 2020 នាង​ក៏​រកបាន 15 គ្រាប់​ក្នុង 55 ប្រកួត ហើយ​ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជម្រើសជាតិ​របស់ ក្រូ​អាត កាលពី​ឆ្នាំ 2021៕

  • ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ចិន ខ្នាត​ល្អិត មាន​រូបរាង​ឃ្យូ​ត និង​តម្លៃ​ទាប

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ចិន ខ្នាត​ល្អិត មាន​រូបរាង​ឃ្យូ​ត និង​តម្លៃ​ទាប

    កាលពី​ថ្ងៃទី 12 ធ្នូ 2022 ក្រុមហ៊ុន​ចិន Geely បានបង្ហាញ​រថយន្ត​អគ្គិសនី​ដ៏​តូច​ច្រឡឹង​ដែលមាន​ឈ្មោះថា Panda Mini EV។

    យោងតាម​គម្រោង​ដំបូង រថយន្ត​នេះ​នឹង​ប្រើប្រាស់​យីហោ Geometry (ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Geely) ប៉ុន្តែ បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាល Geely បាន​ប្ដូរ​ផែនការ ហើយ​រថយន្ត​អគ្គិសនី Mini EV នេះ នឹង​ស្ថិតក្រោម​យីហោ Geely ដោយផ្ទាល់។

    Geely Panda Mini ដែលមាន​រូបរាង​យកតាម​លំនាំ​ខ្លាឃ្មុំ Panda នឹង​ប្រកួតប្រជែង​ជាមួយនឹង​រថយន្ត Wuling Mini EV នៅក្នុង​ទីផ្សារ​ប្រទេស​ចិន។

    រថយន្ត​អគ្គិសនី Geely Panda Mini ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន។ រថយន្ត​ដែល​អាចដាក់​មនុស្ស​បាន 4 នាក់​នេះ​មាន​បណ្ដោយ 3,065 ម​ម, ទទឹង 1,522 ម​ម និង​កម្ពស់ 1,600 ម​ម។

    Geely Panda Mini ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 30kW ខណៈ​ថ្ម​របស់​វា​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Guoxuan Hi-Tech អាចធ្វើ​ដំណើរ​បាន​ប្រហែល 150 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​ថាមពល​អគ្គិសនី​ពេញ។ រថយន្ត​អគ្គិសនី​ខ្នាត​ល្អិត​នេះ​មានតម្លៃ​ចាប់ពី 5,700 ដល់ 7,200 ដុល្លារ​អាម៉េរិក៕

    https://www.youtube.com/watch?v=w-mLFxYhStQ

  • ប្រទេស​ចិន កំពុង​សាងសង់​ផ្លូវ​រូង 8 គន្លង​ក្រោម​បាតសមុទ្រ ដើម្បី​អភិវឌ្ឍ​តំបន់ Guangdong-Hongkong-Macao

    ប្រទេស​ចិន កំពុង​សាងសង់​ផ្លូវ​រូង 8 គន្លង​ក្រោម​បាតសមុទ្រ ដើម្បី​អភិវឌ្ឍ​តំបន់ Guangdong-Hongkong-Macao

    គម្រោង​ផ្លូវ​គមនាគមន៍​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan ក្នុង​ខេត្ត Guangdong ក៏មាន​ផ្លូវ​រូង​ដែលមាន​សម្បក​ធ្វើ​អំពី​ដែកថែប​ប្រវែង 6.8 គីឡូម៉ែត្រ និង​ត​ភ្ជាប់​គ្នា​ដោយ​បំពង់​ផ្លូវ​ក្រោម​ទឹក​ចំនួន 32 កំណាត់។

    ការសាងសង់​ស្រទាប់​ធ្វើ​អំពី​ដែកថែប​របស់​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ​នៅ ភាគខាងត្បូង​ប្រទេស​ចិន បាន​រួចរាល់​ជា​ស្ថាពរ​ហើយ នេះ​បើតាម​ក្រុមហ៊ុន​ផ្សព្វផ្សាយ Guangdong ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ធ្នូ។

    ផ្លូវ​រូង​ក្រោម​សមុទ្រ​ដែល​ត​ភ្ជាប់​គ្នា​ដោយ​បំពង់​ផ្លូវ​ក្រោម​ទឹក​ចំនួន 32 កំណាត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​គមនាគមន៍​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan។ ផ្លូវ​ដែលមាន​ប្រវែង​សរុប 24 គីឡូម៉ែត្រ​នេះ ត​ភ្ជាប់​ទីក្រុង Shenzhen និង Zhongshan របស់​ខេត្ត Guangdong។ គម្រោង​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​របស់​តំបន់​មហា​ឈូង​សមុទ្រ Guangdong-Hongkong-Macao។

    គម្រោង​ខាងលើនេះ​រួមមាន ផ្លូវ​រូង​ក្រោម​ទឹក​ប្រវែង 6.8 គីឡូម៉ែត្រ និង​កោះ​សិប្បនិម្មិត​ចំនួន​ពីរ។ ផ្លូវ​ក្រោម​ទឹក​នេះ​គឺជា​ផ្លូវ​រូង​សម្បក​ដែកថែប​ក្រោម​សមុទ្រ​ដែលមាន​ទទឹង​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន 8 គន្លង​សម្រាប់​រថយន្ត។

    តាម​ផែនការ ផ្លូវ​រូង​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ 2024។ វា​នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ទីក្រុង Shenzhen និង Zhongshan ពី 2 ម៉ោង មក​នៅត្រឹម 30 នាទី៕