Author: សឿន សំណាង

  • រ៉ូ​បូត​ឆ្លាត​វៃ​ជួយប្រមូល​ផល​ផ្លែឈើ​ជំនួស​កម្លាំង​មនុស្ស

    រ៉ូ​បូត​ឆ្លាត​វៃ​ជួយប្រមូល​ផល​ផ្លែឈើ​ជំនួស​កម្លាំង​មនុស្ស

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អ៊ីស្រាអែល បានទទួល​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​មួយ​ប្រភេទ​ដែលមាន​សមត្ថភាព​បេះ​ផ្លែឈើ​ជំនួស​មនុស្ស។

    នៅក្នុង​តំបន់​មួយចំនួន​របស់​ពិភពលោក ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ផ្លែឈើ កសិករ​តែងតែ​ជួប​បញ្ហា​ខ្វះ​កម្លាំង។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Tevel របស់ អ៊ីស្រាអែល ក៏បាន​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​ដែលមាន​ជំនាញ​ក្នុងការ​បេះ​ផ្លែឈើ។

    រ៉ូ​បូត​នេះ​ហោះ​ក្បែរ​ពីលើ ឬ​ពី​ខាង​ដើមឈើ ដើម្បី​ពិនិត្យ និង​បេះ​ផ្លែ​ដែល​ដល់ពេល​ត្រូវ​ប្រមូល​ផល។ ពួកវា​ប្រើប្រាស់​ដៃ​ដែល​អាច​ស្រូប​ទាញ​ផ្លែឈើ ហើយ​ទម្លាក់​ចូលទៅក្នុង​ធុង​ដោយ​ការប្រុងប្រយ័ត្ន។

    យោង Yaniv Maor នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Tevel បានឱ្យដឹងថា «រ៉ូ​បូត​ហោះ​ដែល​យើង​អភិវឌ្ឍ មាន​រូបរាង​តូច លឿន និង​សន្សំសំច័យ​ប្រាក់»។

    រ៉ូ​បូត​នេះ​បំពាក់​កាមេរ៉ា​ដែល​អនុញ្ញាតឱ្យ​វា​ដឹងថា ផ្លែ​ណា​ត្រូវ​បេះ ផ្លែ​ណា​មិនទាន់​ដល់ពេល​ត្រូវ​បេះ។ វា​ក៏​បំពាក់​ប្រព័ន្ធ​ពិសេស​ដែល​ជួយ​ឱ្យ​ដំណើរការ​បន្តបន្ទាប់​ដោយ​មិន​ខ្លាច​អស់​ថាមពល​អគ្គិសនី និង​អាច​ធ្វើការ​គ្រប់​កាលៈទេសៈ។

    បច្ចុប្បន្ន រ៉ូ​បូត​របស់ Tevel អាច​បេះ​ផ្លែឈើ​មួយចំនួន​មានដូចជា ប៉ោម សារី ស្វាយ ប៊ឺ​រ និង​ជម្ពូ។ ក្រៅពី អ៊ីស្រាអែល រ៉ូ​បូត​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប។ ប៉ុន្តែ ក្រុមហ៊ុន Tevel ឱ្យដឹងថា កំពុងមាន​គម្រោង​វាយលុក​ទីផ្សារ​ចិន និង​ជប៉ុន ផងដែរ៕

  • ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី

    ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី

    ការផ្ដល់​ជំនួយ​សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នេះ គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំពុងមាន​ផែនការ​ផ្ដល់ជំនួយ​ដល់​អ្នក​ទាំងឡាយណា​ដែល​ទិញ​ម៉ូតូ​អគ្គិសនី​ថ្មី និង​រថយន្ត​អគ្គិសនី​ថ្មី។

    ឥណ្ឌូណេស៊ី នឹង​ផ្ដល់ជំនួយ 80 លាន​រូពៀ ប្រហែល​នឹង 5,000 ដុល្លារ​អាម៉េរិក សម្រាប់​ពលរដ្ឋ​ដែល​ទិញ​រថយន្ត​អគ្គិសនី, 40 លាន​រូពៀ ប្រហែល​នឹង 2,500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​រថយន្ត​កូនកាត់ (អគ្គិសនី + សាំង) និង 8 លាន​រូពៀ ប្រហែល​នឹង 500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​ម៉ូតូ​អគ្គិសនី។

    ក្រៅបីនេះ ឥណ្ឌូណេស៊ី ក៏​នឹង​ផ្ដល់ជំនួយ 5 លាន​រូពៀ ប្រហែល 320 ដុល្លារ​អាម៉េរិក សម្រាប់​អ្នក​ដែល​ព្រម​ប្ដូរ​ម៉ូតូ​ម៉ាស៊ីន​ចំហេះ​ក្នុង ទៅជា​ម៉ូតូ​អគ្គិសនី​ផងដែរ។

    កម្មវិធី​ខាងលើនេះ​អាច​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ 2023។ ឥណ្ឌូណេស៊ី បានកំណត់​គោលដៅ​មាន​ម៉ូតូ​អគ្គិសនី​យ៉ាងតិច 1.2 លាន​គ្រឿង និង​រថយន្ត​អគ្គិសនី 35 ពាន់​គ្រឿង​នៅ​ឆ្នាំ 2024៕

  • ក្រសួង​សាធារណការ ប្រកាស​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300

    ក្រសួង​សាធារណការ ប្រកាស​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300

    រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី 15 ធ្នូ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង ចុះ​ពិនិត្យ​ការដ្ឋាន​គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300។

    ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឱ្យ​ក្រុម​វិស្វកម្ម​ដែល​ទទួល​អនុវត្ត​គម្រោង ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ត្រូវ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​ខាងលើ មាន​ប្រវែង​សរុប 2,480 ម៉ែត្រ និង​ទទឹង 24.51 ម៉ែត្រ ក្នុងនោះ​ក៏មាន​សួនច្បារ​ទទឹង 3 ម៉ែត្រ​នៅ​កណ្ដាល​ទ្រូងផ្លូវ ព្រមទាំង​មាន​លូបង្ហូរទឹក​ភ្លៀង​នៅ​សងខាង​ផ្លូវ និង​មាន​បំពាក់​បង្គោល​ភ្លើង និង​ភ្លើង​បំភ្លឺ​ពេលយប់​ផងដែរ។

    យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​មកដល់​បច្ចុប្បន្ន គម្រោង​ដែល​ត្រូវបាន​អនុវត្ត​ដោយ​កងវិស្វកម្ម​សម្តេច​តេ​ជោ​សៀមរាប (ក្រុម ក) នេះ សម្រេចបាន 50% រួចហើយ៕

  • កូរ៉េខាងត្បូង សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​នៅ Busan

    កូរ៉េខាងត្បូង សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​នៅ Busan

    ទីក្រុង Busan របស់ កូរ៉េខាងត្បូង ថ្មីៗនេះ​បាន​ដាក់សំណើ​ស្ដីពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​មួយកន្លែងដែល​គ្រោង​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ 2029។

    គម្រោង​សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើទឹក​ត្រូវ​បានលើកឡើង​ដើម្បី​ជំរុញ​ដំណើរការ​ក្នុងការ​ស្ថាបនា​ព្រលានយន្តហោះ​ថ្មី Gadeok។ ព្រលានយន្តហោះ Gadeok ​នេះ​នឹងមាន​ស្ថានីយ​អ្នកដំណើរ​នៅលើ​ដីគោក ខណៈដែល​ផ្លូវរ​ត់របស់​យន្តហោះ​នឹង​សាងសង់​លើ​ផ្ទៃសមុទ្រ។

    យោងតាម​អាជ្ញាធរ​ក្រុង Busan ការសាងសង់​ផ្លូវរ​ត់របស់​យន្តហោះ​ក្នុង​ទម្រង់​អណ្ដែត​លើទឹក​នេះ ស៊ីពេល​តិចជាង ធៀប​នឹង​ការដែល​ត្រូវ​កែលំអ​ដី​ក្នុងការ​ស្ថាបនា​លើដី​គោក។ វិធី​ថ្មី​នេះ​ក៏​មិនសូវ​ប៉ះពាល់​បរិស្ថាន និង​ងាយ​ពង្រីក​បន្ថែម។

    ក៏ប៉ុន្តែ ការសាងសង់​ព្រលានយន្តហោះ​លើ​ផ្ទៃ​ទឹកនឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដែល​អាច​ឡើងដល់ 11 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​ប្រឈម​នឹង​​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​សុវត្ថិភាព ក្នុងនោះ​មានដូចជា​សមត្ថភាព​នៃ​ការ​ទប់​ទល់នឹង​ខ្យល់ព្យុះ​ជាដើម៕

  • អាង​តាំង​បង្ហាញ​​ត្រី​ខ្នាត​យក្ស​នៅ បែរ​ឡាំង ផ្ទុះ​បែក បណ្ដាលឱ្យ​ត្រី​រាប់ពាន់​ក្បាល​លោត​ពេញ​ផ្លូវ

    អាង​តាំង​បង្ហាញ​​ត្រី​ខ្នាត​យក្ស​នៅ បែរ​ឡាំង ផ្ទុះ​បែក បណ្ដាលឱ្យ​ត្រី​រាប់ពាន់​ក្បាល​លោត​ពេញ​ផ្លូវ

    អាង​ត្រី​កម្ពស់ 14 ម៉ែត្រ និង​មាន​ត្រី​កម្រ​ប្រហែល 1,500 ក្បាល​នៅ រដ្ឋធានី​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ បាន​បែកខ្ទេច​កាលពី​ព្រឹក​ថ្ងៃទី 16 ធ្នូ ធ្វើឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស នេះ​បើតាម​មន្ត្រីប៉ូលិស និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​នៅ បែរ​ឡាំង។

    អាងតាំង​បង្ហាញ​​ត្រី AquaDom ស្ថិតនៅ​បរិវេណ​ខាងមុខ​របស់​សណ្ឋាគារ Radisson Collection ក្នុង​តំបន់​កំសាន្ត និង​ពាណិជ្ជកម្ម DomAquaree។ ប៉ូលិស​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 2 នាក់​ត្រូវ​រងរបួស។

    អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​សាលាក្រុង បាន​បង្ហោះ​នៅលើ Twitter ថា បុគ្គលិក​ពន្លត់​អគ្គិភ័យ 100 នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ ចំណែក​អភិបាលក្រុង​បែរ​ឡាំង Franziska Giffey ក៏​ឱ្យដឹង​ដែរ​ថា ទឹក​ប្រហែល 1 លាន​លីត្រ បាន​ខ្ចាយ​ពី​អាង​ត្រី​នេះ។

    អ្នកនាំពាក្យ​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ Adrian Wentzel និយាយថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត 06 ថ្ងៃទី 16 ធ្នូ 2022 (ម៉ោង​ក្នុងស្រុក)។

  • បារាំង ពង្រាយ​ប៉ូលិស​រាប់ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខសម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

    បារាំង ពង្រាយ​ប៉ូលិស​រាប់ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខសម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

    អាជ្ញាធរ​បារាំង បានប្រកាសថា ប៉ូលិស​ប្រហែល 14,000 នាក់ នឹងធ្វើ​សកម្មភាព​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​ថ្ងៃ​ប្រកួត​បាល់ទាត់​ពិភពលោក ​វគ្គ​ផ្ដាច់ព្រ័ត្រ។

    យោងតាម​ផែនការ​ដែល​ត្រូវបាន​លើកឡើង​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង Gerald Darmanin កាលពី​ថ្ងៃទី 16 ធ្នូ កងកម្លាំង​នេះ​នឹងចូលរួម​រក្សា​សន្តិសុខ​នៅ រដ្ឋធានី​បារី​ស ជាទី​ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការជួបជុំ​មនុស្សម្នា​ទ្រង់ទ្រាយ​ធំ ក្នុងករណី បារាំង ដណ្ដើមបាន​ជ័យជម្នះ។

    មហាវិថី Champs-Elysees គឺជា​កន្លែង​ដែល​ធ្លាប់មាន​ព្រឹត្តិការណ៍​អបអរធំៗនៅក្នុង​ពេលដែល បារាំង ដណ្ដើមបាន​ជើងឯក World Cup នៅក្នុង​ឆ្នាំ 1998 និង 2018។ មនុស្ស​ប្រហែល 600,000 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅទីនេះ ដើម្បី​ចូលរួម​អបអរសាទរ​កាលពី 4 ឆ្នាំមុន។ មហាវិថី​នេះ​នឹង​ហាម​យានជំនិះ​នៅ​ថ្ងៃទី 18 ធ្នូ ហើយ​កម្លាំង​សមត្ថកិច្ច 2,750 នាក់ នឹង​យាមល្បាតនៅក្បែរៗនោះ។

    កម្លាំង​ប៉ូលិស​បារាំង កំពុង​បំពេញ​ភារកិច្ច​

    កាលពី​ថ្ងៃទី 14 ធ្នូ មនុស្ស​ប្រហែល 40 នាក់​ត្រូវបាន​ប៉ូលិស​បារាំង​ចាប់ខ្លួន នៅពេល​ព្យាយាម​ចូលរួម​​ជាមួយនឹង​ក្រុម​មនុស្ស​ដែល​កំពុង​ជប់លៀង​ជ័យជម្នះ ក្រោយពី ក្រុម​ជម្រើសជាតិ​បារាំង បាន​យកឈ្នះ​លើ ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ «ពួកគេ​ទៅ​ចូលរួម​ដើម្បី​បង្កហេតុ» នេះ​បើតាម​រដ្ឋមន្ត្រី Darmanin និយាយ​អំពី​ក្រុមមនុស្ស​ខាងលើ។

    មុន​នោះ ក៏មាន​ការប៉ះទង្គិច​គ្នា​នៅ បារាំង បន្ទាប់ពី ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​នេះ បាន​ផ្ដួល ក្រុម​ម៉ា​រ៉ុ​ក នៅក្នុង​វគ្គ 1/8។ សមត្ថកិច្ច​បារាំង បាន​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ក្រុមមនុស្ស៕

  • អាជ្ញាធរ​ថៃ បំបែកសំបុក​ទទួល​ចាក់​ភ្នាល់​បាល់ទាត់ រឹបអូស​បាន​ប្រាក់​រាប់លាន​ដុល្លារ

    អាជ្ញាធរ​ថៃ បំបែកសំបុក​ទទួល​ចាក់​ភ្នាល់​បាល់ទាត់ រឹបអូស​បាន​ប្រាក់​រាប់លាន​ដុល្លារ

    ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​មនុស្ស 31 នាក់ ដោយ​ចោទថា គ្រប់គ្រង​បណ្ដា​គេហទំព័រ​ចាក់​ភ្នាល់​បាល់ទាត់​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ធំ ដោយមាន​ប្រាក់​ភ្នាល់​ឡើងដល់ 1.2 ពាន់​លាន​បាត។

    អង្គភាព​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (TCSD) នៃ​ការិយាល័យ​ជាតិ​ស៊ើបអង្កេត​របស់ ប្រទេស​ថៃ បាន​ឆែកឆេរ​ទីតាំង​ចំនួន 2 នៅ បាងកក និង 5 ទីតាំង​ទៀត​នៅ​ខេត្ត​ចន្ទ​បុរី បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា ទីតាំង​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ចាក់​ភ្នាល់​បាល់ទាត់​ខាងលើ។

    មនុស្ស​ចំនួន 31 នាក់ ក្នុងនោះ​មាន 22 នាក់​ជា​បុរស និង 9 នាក់​ជា​ស្ត្រី ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការបង្ក្រាប​របស់​អាជ្ញាធរ​នៅ​ខណ្ឌ Bang Khen រាជធានី​បាងកក និង​ស្រុក Muang របស់​ខេត្ត​ចន្ទ​បុរី។

    ក្រុមមន្ត្រី​ថៃ បានឱ្យដឹងថា ក្រុម​ជនជាប់សង្ស័យ​ខាងលើ​បាន​គ្រប់គ្រង​គេហទំព័រ​ទទួល​ចាក់​ភ្នាល់​បាល់ទាត់​ខុសច្បាប់​ចំនួន 20។ ប៉ូលិស​ក៏បាន​រឹបអូស​កុំព្យូទ័រ​ជាង 50 គ្រឿង និង​រថយន្ត 3 គ្រឿង និង​សាច់ប្រាក់​ប្រហែល 70 លាន​បាត (ជាង 2 លាន​ដុល្លារ​អាម៉េរិក)។

    វត្ថុតាង​មួយចំនួន​ដែល​ប៉ូលិស​បាន​រឹប​អូស
  • ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​នៅ​ទូទាំង​សកលលោក​ដោយសារ​កូ​វីដ-19 អាច​បញ្ចប់​នៅ​ឆ្នាំក្រោយ

    ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​នៅ​ទូទាំង​សកលលោក​ដោយសារ​កូ​វីដ-19 អាច​បញ្ចប់​នៅ​ឆ្នាំក្រោយ

    នេះ​គឺជា​ប្រកាស​ដែល​ទើបត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​លើកឡើង នៅពេល​ជិត​ឈានចូល​ដល់ 3 ឆ្នាំ ដែល​ពិភពលោក​បាន​ប្រឈម​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​រលាក​សួត​កូ​វីដ-19 ដែល​បង្កឡើង​ដោយ​វីរុស SARS-CoV-2។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ ហ្សឺ​ណែវ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ប្រចាំ​សប្ដាហ៍ បើទោះជា​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​មួយឆ្នាំ​មុន។ ប្រធាន WHO សង្ឃឹមថា អាច​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​ទូទាំង​ពិភពលោក​ដោយសារ​កូ​វីដ-19 នៅ​ឆ្នាំក្រោយ។

    តាម​ផែនការ គណៈកម្មាធិការ​គ្រាអាសន្ន​ស្ដីពី​កូ​វីដ-19 របស់ WHO នឹង​ពិភាក្សា​អំពី​គោលការណ៍​ដើម្បី​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​នៅក្នុង​កិច្ចប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ខែមករា 2023។

    យោងតាម WHO បើទោះជា​លទ្ធភាព​នៃ​ការផ្ទុះ​ឆ្លង​អាច​នៅមាន​បន្ត ប៉ុន្តែ ជំងឺ​រាតត្បាត​នេះ​នឹងមិន​ដូច​គ្រា​ដំបូង​ទៀតឡើយ ដោយសារតែ​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់មាន​កម្រិត​ទាប​ជាង​ឆ្ងាយ៕

  • Sialkot គឺជា​ប្រភព​ផលិត និង​ផ្គត់ផ្គង់​បាល់ទាត់ដ៏​ធំ​របស់​​ពិភពលោក

    Sialkot គឺជា​ប្រភព​ផលិត និង​ផ្គត់ផ្គង់​បាល់ទាត់ដ៏​ធំ​របស់​​ពិភពលោក

    ទីក្រុង​ភាគ​ឦសាន​របស់ ប៉ា​គី​ស្ថាន រួមចំណែក 70% ក្នុង​ប្រភព​ផ្គត់ផ្គង់​បាល់ទាត់​នៅលើ​ពិភពលោក បូក​រួមទាំង​បាល់ទាត់ Al Rihla នៅ World Cup 2022។

    រាប់ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 នេះ FIFA បាន​ប្រើប្រាស់​បាល់ Al Rihla និង Al Hilm ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Adidas យ៉ាងតិច 300,000 គ្រាប់។ ការផលិត​បាល់​ប្រភេទ​នេះ​ត្រូវបាន Adidas ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ប៉ា​គី​ស្ថាន Forward Sport ដោយមាន​រោងចក្រ​ធំជាងគេ​នៅ Sialkot ប្រទេស​ប៉ា​គី​ស្ថាន។

    តំណាង​របស់​រោងចក្រ​ខាងលើ​បានឱ្យដឹងថា ពួកគេ​រួមចំណែក 33% នៃ​បរិមាណ​សរុប​របស់​បាល់ Al Rihla។ នេះ​គឺជា​រដូវ​កាល​ទី​បី​បន្តបន្ទាប់​ដែល Forward Sports បាន និង​កំពុង​ផ្គត់ផ្គង់​បាល់​សម្រាប់ World Cup។ World Cup រុស្ស៊ី 2018 Forward Sports បាន​ផ្គត់ផ្គង់​បាល់​ដែលមាន​ឈ្មោះថា Telstar 18 ចំណែក World Cup ប្រេ​ស៊ី​ល 2014 រោងចក្រ​នេះ​ផ្គត់ផ្គង់​បាល់​ឈ្មោះ Brazuca។ World Cup 2022 ក្រុមហ៊ុន Forward Sports បាន​ផលិត​បាល់ Al Rihla ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​ពួកគេ​បាន​អភិវឌ្ឍ​តាំងពី​ឆ្នាំ 2007។

    ក៏ប៉ុន្តែ បើ​គិត​ជារួម Forward Sports គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៅក្នុង​ភាពល្បីល្បាញ​របស់​ទីក្រុង Sialkot ក្នុង​វិស័យ​ផលិត​ឧបករណ៍​កីឡា​អន្តរជាតិ។ ក្នុង​វិស័យ​បាល់ទាត់ ទីក្រុង​នេះ​មាន​រោងចក្រ​ប្រហែល 1,000 ដែលមាន​កម្មករ​ធ្វើ​ការសរុប​ប្រហែល 60,000 នាក់ (ស្មើនឹង 8% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ)។

    ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​នេះ Sialkot ត្រូវបាន​គេ​ប្រដូច​ទៅនឹង​រោងចក្រ​ផលិត​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ​ធំ​បំផុត​លើ​ពិភពលោក ដោយ​រួមចំណែក 70% នៃ​ប្រភព​ផ្គត់ផ្គង់ និង 80% នៃ​បរិមាណ​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ។

    យោងតាម Bloomberg Businessweek បាល់​ដែល​ដេរ​ដោយ​ដៃ​មាន​ភាព​មាំមួន​​ជាង​បាល់​ដែល​ដេរ​ដោយ​ម៉ាស៊ីន។ បាល់​ស្ទើរតែ​ទាំងអស់​នៅ Sialkot ត្រូវបាន​ផលិត​ពី​ស្បែក​ចម្រុះ (cotton, polyester និង polyurethane)។ វត្ថុធាតុដើម​សម្រាប់​ផលិត​បាល់​នេះ​ត្រូវបាន​នាំចូល​ពី​ច្រើន​ប្រទេស។ បាល់​តម្លៃ​ទាប​បំផុត​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​យកមក​ពី ប្រទេស​ចិន។ ចំណែក​បាល់​គុណភាព​ខ្ពស់ជាង​នេះ​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​របស់ កូរ៉េខាងត្បូង។ ដោយឡែក បាល់​សម្រាប់​ទាត់​នៅ អឺរ៉ុប គឺ​ត្រូវ​ប្រើ​វត្ថុ​ធាតុ​របស់ ជប៉ុន៕

  • កម្ពុជា​លក់​លេខ​រថយន្ត​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​សរុប​បាន​ជាង 343 ពាន់​លាន​រៀល

    កម្ពុជា​លក់​លេខ​រថយន្ត​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​សរុប​បាន​ជាង 343 ពាន់​លាន​រៀល

    គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​រកបាន​ចំណូល​សរុប​បាន​ជាង 343 ពាន់​លាន​រៀល នេះ​បើតាម របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង ដែល​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត។

    តួលេខ​ខាងលើ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 15 ធ្នូ 2022 នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ប្រចាំខែ​វិច្ឆិកា 2022 ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់ គណៈកម្មការ​អន្តរក្រសួង ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការក្រសួង​សាធារណការ ក្រោម​អធិបតីភាព​លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង បានឱ្យដឹងថា គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​សម្រេចបាន​សរុប​ប្រមាណ​ជាង 231 ពាន់​លេខ រកបាន​ចំណូល​សរុប​ជាង 343 ពាន់​លាន​រៀល ( 85 លាន​ដុល្លារ​អាមេរិក) ក្នុងនោះ លេខ​ពិសេស​លក់បាន​ជាង 215 ពាន់​លេខ រកបាន​ចំណូល​ជាង 231 ពាន់​លាន​រៀល (57 លាន​ដុល្លារ​អាម៉េរិក) និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​លក់បាន​ជាង 15 ពាន់​លេខ រកបាន​ចំណូល​ជាង 112 ពាន់​លាន​រៀល (28 លាន​ដុល្លារ​អាមេរិក)។

    ដោយឡែក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា 2022 គណៈកម្មការ​អន្តរក្រសួង​ខាងលើ រកបាន​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សរុប​ជាង 78 ពាន់​លាន​រៀល (19 លាន​ដុល្លារ​អាមេរិក) កើនឡើង​ប្រមាណ 27% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង៕

    លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ថា ចំណូល​មួយផ្នែក​ដែល​បានមកពី​កម្មវិធី​ពិព័រណ៍​ការលក់​លេខ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​នាពេលខាងមុខ នឹងត្រូវ​យកទៅ​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕