Author: សឿន សំណាង

  • ទីក្រុង​អណ្ដែត​លើសមុទ្រ មាន​រូបរាង​ដូច​ត្រី​បបែល អាចដាក់​មនុស្ស​បាន 7,000 នាក់

    ទីក្រុង​អណ្ដែត​លើសមុទ្រ មាន​រូបរាង​ដូច​ត្រី​បបែល អាចដាក់​មនុស្ស​បាន 7,000 នាក់

    ស្ថាបត្យករ​បារាំង​ម្នាក់ បានបង្ហាញ​រចនាបថ​នៃ​ទីក្រុង​រាង​ត្រី​បបែល ប្រវែង 900 ម៉ែត្រ ដែល​ជំនាញ​​បម្រើ​ដល់​ការស្រាវជ្រាវ​មហាសមុទ្រ។

    កប៉ាល់​រាង​ត្រី​បបែល manta ដែលមាន​ឈ្មោះថា ទីក្រុង Meriens មើលទៅ​ដូច​រូបភាព​ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចដាក់​មនុស្ស​បាន​រាប់ពាន់នាក់ និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក នេះ​បើតាម Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 18 ធ្នូ។

    Concept នេះ​អាចដាក់​មនុស្ស​បាន 7 ពាន់​នាក់ និង​មាន​បន្ទប់​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​ជាច្រើន។ ស្ថាបត្យករ​ជនជាតិ​បារាំង Jacques Rougerie ឱ្យដឹងថា មូលហេតុ​ដែល​គាត់​រចនា​ទីក្រុង Meriens ទៅតាម​រូបរាង​ត្រី​បបែល​ គឺ​ព្រោះថា ទម្រង់​នេះ​ល្អ​បំផុត អាចដាក់​មនុស្ស​បាន​ច្រើន។ កប៉ាល់​នេះ​នឹង​បម្រើ​ដល់​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ និង​និស្សិត​ដែល​ចង់​ស្វែងយល់​អំពី​ជីវភាព​នៅ​មហាសមុទ្រ។

    ក្រោយពី​ត្រូវបាន​សាងសង់ ទីក្រុង​អណ្ដែត​នេះ​នឹងមាន​បណ្ដោយ 900 ម៉ែត្រ និង​ទទឹង 500 ម៉ែត្រ ហើយ​អាចដាក់​កប៉ាល់​ស្រាវជ្រាវ​ដែលមាន​បណ្ដោយ 90 ម៉ែត្រ​ជាច្រើន​គ្រឿង​។ Rougerie ក៏មាន​ផែនការ​អនុញ្ញាតឱ្យមាន​​សាលារៀន បន្ទប់​ពិសោធន៍ ទីតាំង​ជួបជុំ កំសាន្ត និង​កីឡា នៅលើ​កប៉ាល់​នេះ។ ទីក្រុង Meriens ក៏​មិន​បំ​ភាយ​ឧស្ម័ន ហើយ​នៅ​ស្លាប​របស់​កប៉ាល់​ក៏មាន​បណ្ដុំ​នៃ​ផ្ទះ​កញ្ចក់​សម្រាប់​ដាំបន្លែ​លើទឹក​ផងដែរ។

    ទីក្រុង Meriens កំពុង​ត្រូវបាន​អង្គការ UNESCO វាយតម្លៃ តាមរយៈ​ក្រុមប្រឹក្សា​មហាសមុទ្រ​អន្តររដ្ឋាភិបាល។ លោក Rougerie បានចាប់ផ្ដើម​រៀប​គម្រោង​សម្រាប់ Meriens កាលពី 13 ឆ្នាំមុន ហើយ​ជឿជាក់ថា កប៉ាល់​ខ្នាត​យក្ស​នេះ​នឹង​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ 2050៕

  • ក្រោយ​ដណ្ដើម​មិនបាន​ពាន​ជើងឯក World Cup 2022 Mbappe ថា «ពួកយើង​នឹង​ត្រលប់​មកវិញ»

    ក្រោយ​ដណ្ដើម​មិនបាន​ពាន​ជើងឯក World Cup 2022 Mbappe ថា «ពួកយើង​នឹង​ត្រលប់​មកវិញ»

    កីឡាករ​ខ្សែប្រយុទ្ធ Kylian Mbappe បាន​បញ្ចេញមតិ​ជា​លើកដំបូង បន្ទាប់ពី​ការបរាជ័យ​របស់ បារាំង នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ដោយ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​យ៉ាងខ្លី​នៅលើ​បណ្ដាញ​សង្គម។

    រយៈពេល 16 ម៉ោង ក្រោយពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 បានបញ្ចប់​នៅលើ​ទីលាន Lusail ក្នុង រាជធានី​ដូ​ហា ប្រទេស​កាតា ទើប Mbappe បញ្ចេញមតិ​ជា​លើកដំបូង​ទាក់ទង​នឹង​បរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​បារាំង។ «ពួកយើង​នឹង​ត្រលប់​មកវិញ» កីឡាករ​បារាំង Mbappe បង្ហោះ​សារ​លើ Twitter និង Instagram ដូច្នេះ។ សារ​នេះ​ទាក់ទាញ​បានការ​ចូលចិត្ត​ជាង 10 លានលើក ក្រោយ​បង្ហោះ​បាន​ប្រហែល 3 ម៉ោង។

    គណនី​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញមតិ​ខាងក្រោម​សារ​របស់ Mbappe ក្នុងនោះ FIFA បានសរសេរថា «រង់ចាំ​ការចូលរួម​ប្រកួត​របស់​អ្នក​ម្ដងទៀត​»។ «ស្ដេច​បាល់ទាត់» Pele ក៏បាន​បញ្ចេញមតិ​ដោយ​សរសេរថា «អរគុណ» អម​នឹង​រូប​សំពះ និង​រូប​បេះដូង ខណៈដែល​គ្រូបង្វឹក Jose Mourinho ប្រើប្រាស់​តែ​រូប​ទះដៃ​ជាការ​បញ្ចេញយោបល់។ ចំណែក​គណនី​របស់ក្លឹប PSG វិញ បាន​ប្រតិកម្ម​ថា «អរគុណ Kylian។ យើង​មាន​មោទកភាព​ខ្លាំងណាស់​ចំពោះ​អ្នក»។

    Hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) បំ​ប៉ើង​សំណាញ់​អា​ហ្ស​ង់​ទីន កាលពី​យប់​ថ្ងៃទី 18 ធ្នូ បាន​ជួយ​ឱ្យ Mbappe ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​​ប្រវត្តិសាស្ត្រ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup ដោយ​រកបាន 4 គ្រាប់។ Hat-trick របស់ Mbappe ក៏បាន​ជួយ​ឱ្យ​បារាំង ចូលដល់​ការ​​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ ក្នុងការ​ប្រកួត​ស៊ុត​ប៉េ​ណាំង​ទី Mbappe ស៊ុត​ដំបូង​គេ និង​ទទួលបាន​ជោគជ័យ ប៉ុន្តែ Kingsley Coman និង Aurelien Tchouameni ធ្វើ​មិនបាន​សម្រេច នាំឱ្យ បារាំង ត្រូវ​ចាញ់ 2-4 នៅក្នុង​ការប្រកួត​នេះ។

    ដោយសារតែ បារាំង មិនអាច​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក ដូច្នេះ Mbappe ក៏​របូត​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ» និង «ពាន​បាល់​មាស World Cup» ទៅលើ​ដៃ Lionel Messi។ ក៏ប៉ុន្តែ Mbappe ក៏នៅ​តែ​​ដណ្ដើមបាន «ពាន​ស្បែកជើង​មាស» ដោយសារ​រកបាន 8 គ្រាប់​នៅ World Cup 2022៕

  • បងស្រី​របស់ Ronaldo ថា «World Cup 2022 អន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»

    បងស្រី​របស់ Ronaldo ថា «World Cup 2022 អន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»

    ខណៈដែល Cristiano Ronaldo មិនទាន់​បញ្ចេញ​សំឡេង បងស្រី​កំពូល​តារាបាល់ទាត់​ព័រទុយហ្កាល់​រូបនេះ​ក៏បាន​អបអរសាទរ​ជ័យជម្នះ​របស់ ក្រុម​អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 បើទោះជា​យល់ថា រដូវ​បាល់ទាត់​ពិភពលោក​លើក​នេះ «អន់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ»។

    «World Cup 2022 អន់​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ ការប្រកួត​វគ្គ​ផ្ដាច់​ព័​ត្រ​រវាង បារាំង និង អា​ហ្ស​ង់​ទីន ពិតជា​អស្ចារ្យ» Katia Aveiro បងស្រី​របស់ Ronaldo សរសេរ​លើ Instagram ដូច្នេះ។ «អបអរសាទរ​ចំពោះ អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ជ័យជម្នះ»។

    ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ពី World Cup 2022 ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នេះ​គឺ​ជាស​មិ​ត្ថិ​ផល​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់តាំងពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ 2006។ Ronaldo ក៏បាន​បង្កើត​​កំណត់ត្រា​ក្នុងការ​ស៊ុត​បញ្ចូល​ទី​នៅ World Cup ចំនួន 5 រដូវ​កាល​ជា​បន្តបន្ទាប់។

    Ronaldo មិនបាន​អបអរសាទរ​ដល់ Messi ដែល​ដណ្ដើម​បាន​តំណែង​ជើង​ឯក World Cup 2022 គឺជា​រឿង​ធម្មតា

    Katia កើត​ឆ្នាំ 1977 គឺជា​តារាចម្រៀង​ប៉ប់​តាំងពី​ឆ្នាំ 2005។ ក្រៅពី Katia កីឡាករ Ronaldo នៅមាន​បងប្រុស​ម្នាក់​ឈ្មោះ Hugo និង​បងស្រី​ម្នាក់ទៀត ឈ្មោះ Elma។

    ដូច​ទៅនឹង​កីឡាករ​នានា​របស់ ព័រទុយហ្កាល់ Ronaldo មិនបាន​អបអរសាទរ​ដល់ Messi ក៏ដូចជា អា​ហ្ស​ង់​ទីន នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ ទាក់ទង​នឹង​តំណែង​ជើងឯក World Cup 2022។ ប្រការនេះ​មិនមាន​អ្វី​ចម្លែក​ឡើយ នៅពេល Ronaldo មិនបាន​អបអរ​ចំពោះ Messi ក្រោយ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Copa America 2021 ហើយ Messi ក៏​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅពេល Ronaldo ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Euro 2016៕

  • (World Cup 2022)- ក្រុម​​អា​ហ្ស​ង់​ទីន ត្រលប់​ទៅ​មាតុភូមិវិញ បន្ទាប់​ពី​ក្លាយ​ជា​ជើង​ឯក

    (World Cup 2022)- ក្រុម​​អា​ហ្ស​ង់​ទីន ត្រលប់​ទៅ​មាតុភូមិវិញ បន្ទាប់​ពី​ក្លាយ​ជា​ជើង​ឯក

    (កាតា)- គ្រូបង្វឹក Lionel Scaloni អនុញ្ញាតឱ្យ​កីឡាករ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ចំពោះ​រឿង​ដែលថា ត្រលប់​ទៅ អា​ហ្ស​ង់​ទីន ដើម្បី​អបអរ​ជ័យជម្នះ​ដែល​ដណ្ដើមបាន​តំណែង​ជើងឯក World Cup 2022 ឬ​អត់។

    កាលពី​រសៀល​ថ្ងៃទី 19 ធ្នូ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បានចេញ​ដំណើរ​ពី រាជធានី​ដូ​ហា ដើម្បី​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Ministro Pistarini នៅ រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ។ ដំណើរ​ហោះហើរ​នេះ តាម​ធម្មតា​ត្រូវ​ចំណាយពេល​ប្រហែល 21 ម៉ោង ដោយសារតែ​ត្រូវ​ចុះចត​ចាក់​សាំង​នៅ អ៊ីតាលី។

    ប្រភពព័ត៌មានមិន​ផ្លូវ​ការ​​មួយចំនួន​បានឱ្យដឹងថា កូនសិស្ស និង​គ្រូបង្វឹក Scaloni មាន​វត្តមាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Ezeiza នៅ ប៊ុ​យ​ណូ​អ៊ែ នៅ​ព្រលប់ ថ្ងៃទី 19 ធ្នូ ត្រូវ​នឹង​ព្រឹក​ថ្ងៃទី 20 ធ្នូ​នៅ កម្ពុជា។

    គ្រូបង្វឹក Scaloni និយាយថា គាត់​ទុកឱ្យ​កីឡាករម្នាក់ៗជ្រើសរើស​ថា តើ​ត្រលប់​ទៅ​ប្រទេស​ដើម្បី​អបអរ​ជ័យជម្នះ ឬ​អត់។ យោងតាម​គោលការណ៍​របស់​ក្លឹប កីឡាករ​មាន​សិទ្ធិ​សម្រាក​លំហែកាយ​មួយ ឬ​ពីរ​សប្ដាហ៍ ក្រោយពី​បាន​ចូលរួម​ប្រកួត​នៅ World Cup មុនពេល​ត្រលប់​ទៅកាន់​ក្លឹប​វិញ។

    ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ជប់លៀង​អបអរ​កាលពី​ព្រលប់ ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ ដែល​ពួក​គេ​​​បាន​យកឈ្នះ​លើ បារាំង ក្នុងការ​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។

    ជនជាតិ​អា​ហ្ស​ង់​ទីន រាប់លាន​នាក់ ក៏បាន​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ដើម្បី​អបអរសាទរ​តំណែង​ជើងឯក World Cup ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ អា​ហ្ស​ង់​ទីន។ មនុស្ស​ជាង​មួយ​លាន​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន Republica នៅ រដ្ឋធានី​ប៊ុ​យ​អ៊ែ តាំងពីព្រឹក​ដល់​យប់។ ពួកគេ​រង់ចាំ Lionel Messi និង​ក្រុម​ជម្រើសជាតិ​ត្រលប់មក​ប្រទេស​ដើម្បី​អបអរសាទរ​ជ័យជម្នះ៕

  • ​ម៉ូតូ​អគ្គិសនី Cake Makka Polestar ​​របស់​ស៊ុយអែត ស្រាល និង​ស្រស់ស្អាត

    ​ម៉ូតូ​អគ្គិសនី Cake Makka Polestar ​​របស់​ស៊ុយអែត ស្រាល និង​ស្រស់ស្អាត

    ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី Cake សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Polestar របស់ ស៊ុយអែត ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Volvo បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ដ៏​ស្រស់ស្អាត និង​មាន​ឈ្មោះថា Cake Makka Polestar។

    Cake Makka Polestar គឺជា​ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត​ និង​ស្រាល។ វា​មាន​ទម្ងន់​ចាប់ពី 60 គីឡូក្រាម និង​អាច​ផ្ទុក​ទម្ងន់​បាន 245 គីឡូក្រាម។ ម៉ូតូ​នេះ​មាន​កំណែ​ដោយឡែក​សម្រាប់​អតិថិជន​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​កំណែ​សម្រាប់​អាជីវកម្ម។

    Cake Makka Polestar ត្រូវបាន​បំពាក់​អំពូល​ភ្លើង LED, អេក្រង់​តាប​ឡូ TFT អា​ច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ឆ្លាត​វៃ​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទ។

    កំណែ​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​ថ្ម​កម្លាំង 1.5 kWh, ហ្វាំ​ង​អាចបង្កើត​ថាមពល​ឡើងវិញ។ Cake Makka Polestar អាចធ្វើ​ដំណើរ​បាន 54 គីឡូម៉ែត្រ​ពេល​បញ្ចូល​ថាមពល​ពេញ។ ពេលវេលា​បញ្ចូល​ថាមពល​ពី 0-80% ចំណាយពេល​ប្រហែល 2 ម៉ោង ជាមួយនឹង​ចរន្តអគ្គិសនី 110/220V និង​បញ្ចូល​ថាមពល​ពេញ​ដោយ​ស៊ីពេល 3 ម៉ោង។

    Cake Makka Polestar អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​របស់​វា​មាន​កម្លាំង 2.8 kW។

    តម្លៃ​របស់​ម៉ូតូ​អគ្គិសនី Cake Makka Polestar កំណែ​មូ​លដ្ឋា​ន គឺ​ចាប់ពី 4,170 ដុល្លារ​អាម៉េរិក ខណៈ​កំណែ​សម្រាប់​អាជីវកម្ម​មានតម្លៃ​ចាប់ពី 5,680 ដុល្លារ៕

  • ក្រសួងពាណិជ្ជកម្ម ប្រកាស​ពី​ការបង់​កម្រៃ​សមាជិកភាព ដើម្បី​ក្លាយជា​ភ្នាក់ងារ​តំណាង​ម្ចាស់​ម៉ាក

    ក្រសួងពាណិជ្ជកម្ម ប្រកាស​ពី​ការបង់​កម្រៃ​សមាជិកភាព ដើម្បី​ក្លាយជា​ភ្នាក់ងារ​តំណាង​ម្ចាស់​ម៉ាក

    នៅ​ថ្ងៃទី 19 ធ្នូ​នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​ប្រកាស​ស្ដីពី ការបង់​កម្រៃ​សមាជិកភាព​របស់ខ្លួន​ប្រចាំឆ្នាំ   ដើម្បី​ក្លាយជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ 2023។

    «ក្រសួងពាណិជ្ជកម្ម​មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់​ដែលជា ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ/និង កន្លងមក​ទទួលបាន​ជោគជ័យ​ក្នុងការ​បណ្តុះបណ្តាល ធ្វើជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​មក​បង់ក​ម្រៃ​សមាជិកភាព​របស់ខ្លួន​ប្រចាំឆ្នាំ ដើម្បី​ក្លាយជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ 2023» ក្រសួងពាណិជ្ជកម្ម បានប្រកាស​ដូច្នេះ។

    ក្រសួង​ឱ្យដឹងថា ការជូនដំណឹង​ខាងលើ គឺ​យោងតាម​ប្រកា​សលេខ 045 MOC/SM 2011 ចុះ​ថ្ងៃទី 09 កុម្ភៈ 2011 ស្តីពី​ភា្ន​ក់​ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាស​អន្តរក្រសួង​ស្តីពី ការផ្តល់​សេវាសាធារណៈ​របស់ ក្រសួងពាណិជ្ជកម្ម។

    ក្រសួង​បញ្ជាក់ថា ពាក្យស្នើសុំ​ត្រូវដាក់​នៅ​បញ្ជ​នៃ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា និង​ត្រូវ​បង់ក​ម្រៃ​សមាជិកភាព​របស់ខ្លួន​ដើម្បី ក្លាយជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ 2023 នៅ​បញ្ជ​បង់ប្រាក់​រួម​របស់ ក្រសួងពាណិជ្ជកម្ម រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់ ថ្ងៃទី10 កុម្ភៈ 2023៕

  • ស្ថិតិ​គួរឱ្យចាប់​អារម្មណ៍​មួយ​ចំនួន​នៅ World Cup 2022

    ស្ថិតិ​គួរឱ្យចាប់​អារម្មណ៍​មួយ​ចំនួន​នៅ World Cup 2022

    បន្ទាប់ពី​ជ័យជម្នះ​របស់ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ព្រឹត្តិការណ៍ World Cup 2022 នៅ កាតា ក៏បាន​បញ្ចប់​ជា​ផ្លូវការ។ ប៉ុន្តែ សូម​ត្រលប់​ទៅ​មើល​ស្ថិតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នៅ World Cup លើក​នេះ។

    -ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក ៖ អា​ហ្ស​ង់​ទីន (ក្រោយ​ការរង់ចាំ 36 ឆ្នាំ)

    -ចំណាត់ថ្នាក់​លេខ 2 ៖ បារាំង

    -ចំណាត់ថ្នាក់​លេខ 3 ៖ ក្រូ​អាត

    -ចំណាត់ថ្នាក់​លេខ 4 ៖ ម៉ា​រ៉ុ​ក

    -ស្ដេច​កម្ទេច​សំណាក់ ៖ Kylian Mbappe (បារាំង) រកបាន 8 គ្រាប់

    -កីឡាករ​ឆ្នើម​បំផុត ៖ Lionel Messi (អា​ហ្ស​ង់​ទីន)

    -កីឡាករ​ក្មេង​ឆ្នើម​បំផុត ៖ Enzo Fernandez (អា​ហ្ស​ង់​ទីន)

    -អ្នកចាំទី​ឆ្នើម​បំផុត ៖ Emiliano Martinez (អា​ហ្ស​ង់​ទីន)

    -ពានរង្វាន់ Fair-play ៖ អង់គ្លេស

    -ការប្រកួត​សរុប ៖ 64 ប្រកួត

    -ចំនួន​សរុប​នៃ​គ្រាប់​បាល់​ដែល​រកបាន ៖ 172 – ស្មើនឹង 2.69 គ្រាប់/ប្រកួត (ច្រើនជាងពេលណាៗទាំងអស់)

    -ក្រុម​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ ៖ បារាំង (16 គ្រាប់)

    -ក្រុម​ដែល​រកបាន​គ្រាប់​បាល់​តិចជាងគេ ៖ បែលហ្ស៊ិក, ដា​ណឺ​ម៉ាក, កាតា, ទុយ​នីស៊ី, វ៉ែល​ស៍ (ដោយ​រកបាន 1 គ្រាប់​ដូចគ្នា)

    -ចំនួន​អ្នកគាំទ្រ​សរុប​ដែល​បាន​មកដល់​កីឡដ្ឋាន ៖ 3.4 លាន​នាក់

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក ៖ អា​ហ្ស​ង់​ទីន (ក្រោយ​ការរង់ចាំ 36 ឆ្នាំ)

    -កីឡាករ​ដែល​រកបាន​គ្រាប់​បាល់ និង​បង្ក​ឱកាស​ច្រើនជាងគេ ៖ Kylain Mbappe (រកបាន 8 គ្រាប់ និង​បង្ក​ឱកាស​បាន 2 គ្រាប់), Lionel Messi (រកបាន 7 គ្រាប់ និង​បង្ក​ឱកាស​បាន 3 គ្រាប់)

    -កីឡាករ​ដែល​រកបាន hat-trick (3 គ្រាប់​ក្នុង 1 ប្រកួត) ៖ Kylian Mbappe (បារាំង), Goncalo Ramos (ព័រទុយហ្កាល់)

    -កីឡាករ​ដែល​ទាត់​ចូល​ទី​ខ្លួនឯង ៖ Nayef Aguerd (ម៉ា​រ៉ុ​ក), Enzo Fernandez (អា​ហ្ស​ង់​ទីន)

    -ក្រុម​ដែល​ត្រូវ​ចាញ់​ច្រើន​គ្រាប់​បំផុត ៖ កូ​ស្តា​រី​កា (11 គ្រាប់)

    -ក្រុម​ដែល​ត្រូវ​ចាញ់​តិច​គ្រាប់​បំផុត ៖ ទុយ​នី​ស៊ី (1 គ្រាប់)

    -ក្រុម​ដែលមាន​គ្រាប់​បាល់​ចំណេញ​ល្អ​ជាងគេ ៖ អង់គ្លេស (+9 គ្រាប់)

    -ក្រុម​ដែលមាន​គ្រាប់​បាល់​ចំណេញ​អន់​ជាងគេ ៖ កូ​ស្តា​រី​កា (-8 គ្រាប់)

    -គូ​ប្រ​កូត​ដែលមាន​គ្រាប់​បាល់​ឈ្នះ​ច្រើនជាងគេ ៖ អង់គ្លេស 6 – 2 អ៊ីរ៉ង់

    -គូប្រកួត​ដែលមាន​គម្លាត​​ឈ្នះ-ចាញ់​​​ឆ្ងាយ​ជាង​គេ ៖ អេ​ស្ប៉ា​ញ 7-0 កូ​ស្តា​រី​កា

    -ការប្រកួត​ដែលមាន​ទស្សនិកជន​ច្រើនជាងគេ ៖ អា​ហ្ស​ង់​ទីន ប៉ះ ម៉ិ​ក​ស៊ិ​ក, អា​ហ្ស​ង់​ទីន ប៉ះ​ ក្រូ​អាត, អា​ហ្ស​ង់​ទីន ប៉ះ​ បារាំង

    -ក្រុម​ដែល​រក្សា​ទី​បានល្អ​ច្រើន​ប្រកួត​ជាងគេ ៖ ម៉ា​រ៉ុ​ក (4 ប្រកួត)

  • រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​ចំនួន 4 គ្រោង​នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​​នៅ តាកែវ កំពង់ចាម និង​ភ្នំពេញ

    រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​ចំនួន 4 គ្រោង​នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​​នៅ តាកែវ កំពង់ចាម និង​ភ្នំពេញ

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន 4 ដែលមាន​ទុន​សរុប​ជាង 21 លាន​ដុល្លារ​អាម៉េរិក និងអាច​​បង្កើត​ការ​ងារ​បាន​​ជាង 6,000 កន្លែង ។

    ក្រុមហ៊ុន​ទាំងនេះ​រួមមាន ៖

    ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅលើ​ក្បាលដី​លេខ 865 ផ្លូវលំ ភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ដោយមាន​ទុនវិនិយោគ​ប្រមាណ 6.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 3,358 កន្លែង។

    ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 2 ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្នុង​ដោយមាន​ទុនវិនិយោគ​ប្រមាណ 5.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,117 កន្លែង។

    ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,264 កន្លែង។

    ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង ថង់​យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 7 ភូមិ​តាំងគោក ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 641 កន្លែង។

  • ដោយ​សារ​​ព្រឹល​ធ្លាក់​ក្រាស់ខ្លាំង​ពេក ចរាចរណ៍​នៅ​មូ​ស្គូ ត្រូវ​កកស្ទះ​

    ដោយ​សារ​​ព្រឹល​ធ្លាក់​ក្រាស់ខ្លាំង​ពេក ចរាចរណ៍​នៅ​មូ​ស្គូ ត្រូវ​កកស្ទះ​

    រដ្ឋធានី​មូ​ស្គូ កាលពី​ថ្ងៃទី 18 ធ្នូ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ព្រឹល​ធ្លាក់​ច្រើនជាងពេលណាៗទាំងអស់ នាំឱ្យ​​ជើង​ហោះ​ហើរ​​ជាច្រើន​នៅតាម​បណ្ដា​ព្រលានយន្តហោះ​ត្រូវ​ពន្យារពេល ឬ​លុបចោល បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍។

    នៅក្នុង​តំបន់​ជាច្រើន​នៃ​ រដ្ឋធានីមូ​ស្គូ របស់ ប្រទេស​រុស្ស៊ី ព្រឹល​ធ្លាក់​ក្រាស់​រហូតដល់ 40 សម ដែលជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ 1989 រហូតដល់​បច្ចុប្បន្ន។

    ដើម្បី​រក្សា និង​ធានា​ដល់​រាល់​សកម្មភាព​ប្រចាំថ្ងៃ អាជ្ញាធរ​ក្រុង​មូ​ស្គូ បាន​ប្រើប្រាស់​កម្មករ​ជិត 120,000 នាក់​នៅក្នុង​ការដោះស្រាយ​បញ្ហា​ឈូស​ឆាយ​ព្រឹល។

    ប្រធាន​នាយកដ្ឋាន​ឧតុនិយម​រុស្ស៊ី Roman Vilfand បញ្ជាក់ថា នេះ​គឺជា​ការធ្លាក់​ព្រឹល​ក្រាស់​បំផុត​ក្នុងអំឡុង 80 ឆ្នាំ​មកនេះ។ កំណត់ត្រា​មុន​នោះបាន​កើតឡើង​កាលពី​ឆ្នាំ 1941 នៅពេល​ព្រឹល​ធ្លាក់​កម្រាស់​ដល់ 34 សមនៅ មូ​ស្គូ។

    ជើងហោះហើរ​ជាង 100 ត្រូវបាន​ពន្យារពេល ឬ​លុបចោល​នៅតាម​អាកាសយានដ្ឋាន​មួយចំនួន មានដូចជា Domodedovo, Sheremetyevo និង Nvukovo នៅ រដ្ឋធានី​របស់ រុស្ស៊ី៕

  • ខ្សែភាពយន្ត «Avatar 2» រកប្រាក់​ចំណូល​បាន​តែជាង 430 លាន​ដុល្លារ​ «តិច​ជាង​ការ​ព្យាករ»

    ខ្សែភាពយន្ត «Avatar 2» រកប្រាក់​ចំណូល​បាន​តែជាង 430 លាន​ដុល្លារ​ «តិច​ជាង​ការ​ព្យាករ»

    កំពូល​ខ្សែភាពយន្ត​រឿង «Avatar: The Way of Water» រកបាន​ប្រាក់ចំណូល​ជាង 434 លាន​ដុល្លារ​អាម៉េរិក នៅ​ទូទាំង​សកលលោក ទាប​ជាង «Doctor Strange 2» និង «Spider-Man: No Way Home» នៅក្នុង​សប្ដាហ៍​ដំបូង។

    យោងតាម Deadline 300.5 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ប្រាក់ចំណូល​របស់ Avatar 2 គឺ​បានមកពី​ការលក់​សំបុត្រ​ក្នុង​ទីផ្សារ​អន្តរជាតិ (ខាងក្រៅ​អាម៉េរិក​ខាងជើង)។ រឿង «Avatar 2» បាន​ក្លាយជា​កំពូល​ខ្សែភាពយន្ត​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​លំដាប់​ទី​បី រាប់​ចាប់ពី​កូ​វីដ-19 បាន​ផ្ទុះឡើង។ «Spider-Man: No Way Home» ធ្លាប់​រកប្រាក់​ចំណូល​បាន 601 លាន​ដុល្លារ និង «Doctor Strange 2» រកបាន 442 លាន​ដុល្លារ​នៅ​ក្នុងការ​បញ្ចាំង​ក្នុង​សប្ដាហ៍​ដំបូង។

    ក្រុម​អ្នកជំនាញ​អះអាងថា ប្រាក់ចំណូល​ក្នុង​សប្ដាហ៍​ដំបូង​របស់ «Avatar 2» សម្រេច​មិនបាន​ដូច​បំណង។ ក្នុងនោះ ទីផ្សារ​ប្រទេស​ចិន រកបាន​តែ 57.1 លាន​ដុល្លារ ស្មើនឹង​ជាង​ពាក់កណ្ដាល ធៀប​នឹង​ការ​ព្យាករ​នាពេល​កន្លង។ អ្នកវិភាគ​យល់ថា មូលហេតុ​សំខាន់​ដែលនាំឱ្យ​ប្រាក់ចំណូល​មិន​ខ្ពស់​ដូច​ការរំពឹងទុក គឺ​ដោយសារ​ស្ថានភាព​កូ​វីដ-19 នៅ ប្រទេស​ចិន នៅតែ​ប៉ះពាល់​ដល់​វិស័យ​បញ្ចាំងភាពយន្ត​នៅ​រោងកុន​ក្នុងប្រទេស​នេះ។

    ក៏ប៉ុន្តែ ខ្សែភាពយន្ត​ថ្មី​របស់ James Cameron ឈរ​លំដាប់​កំពូល​តារាង​ស្ដីពី​ភាពយន្ត​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ក្នុង​សប្ដាហ៍​កន្លង។

    ខ្សែភាពយន្ត «Avatar 2» ឬ​ហៅថា «Avatar: The Way of Water» ដែលជា​វគ្គ​បន្ទាប់​រប​ស់ «Avatar» ផលិត​កាលពី​ឆ្នាំ 2009 និយាយ​អំពី Jake Sully (Sam Worthington) កសាង​គ្រួសារ​ថ្មី​នៅ Pandora។ ពួកគេ​រស់​ដោយ​សុភមង្គល​ជាមួយនឹង​កូន 4 នាក់ ក្នុងនោះ​មាន Kiri (Sigourney Weaver) ដែលជា​កូនស្រី​របស់​សព​បណ្ឌិត Grace Augustine។ ក៏ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ នៅពេល​មនុស្ស​វិល​ត្រលប់​ទៅ​សងសឹក៕