Author: សឿន សំណាង

  • ទិដ្ឋភាព​ស៊ុត​បញ្ចូល​ទី​ទាំង 10 គ្រាប់​ដែល​អស្ចារ្យ​បំផុត​នៅ World Cup 2022

    ទិដ្ឋភាព​ស៊ុត​បញ្ចូល​ទី​ទាំង 10 គ្រាប់​ដែល​អស្ចារ្យ​បំផុត​នៅ World Cup 2022

    ក្នុងចំណោម​ការ​ស៊ុត​បញ្ចូល​ទី 10 គ្រាប់​​ល្អមើល​បំផុត​នៅ World Cup 2022 ដែល​ត្រូវបាន​ជ្រើសរើស​ដោយ FIFA គេ​ឃើញថា Richarlison របស់ ប្រេ​ស៊ី​ល មាន 2 គ្រាប់ ចំណែក Lionel Messi វិញ «អវត្តមាន»។

    សូម​សង្កេតមើល​ទិដ្ឋ​ភាព​​ស្ដីពី​ឈុត​ឆាក​ស៊ុត​ប៉ើង​សំណាញ់​ដ៏​អស្ចារ្យ​បំផុត​នៅ World Cup 2022 ៖

    1- Al-Dawasri របស់ អា​រ៉ា​ប៊ី​សា​អូឌីត

    Al-Dawasri ក្នុងពេល​ទាត់​ផ្ដាច់ 1 គ្រាប់​ចុងក្រោយ​ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល C ជួយ​ឱ្យ អា​រ៉ា​ប៊ី​សា​អូឌីត ឈ្នះ អា​ហ្ស​ង់​ទីន 2-1 នៅលើ​ទីលាន Lusail កាលពី​ថ្ងៃទី 22 វិច្ឆិកា 2022។

    2- Richarlison របស់ ប្រេស៊ីល

    ក្នុងការ​ប្រកួត​ជុំ​ដំបូង​នៅ​ពូ​ល G កីឡាករ Richarlison រកបាន 2 គ្រាប់​ឱ្យ ប្រេ​ស៊ី​ល ហើយ ស៊ែ​ប៊ី ក៏ត្រូវ​ចាញ់ 0-2។

    3- Cody Gakpo របស់ ហូ​ឡង់

    Gakpo រកបាន 1 គ្រាប់​ដំបូង​នៅក្នុង​ការប្រកួត​ដែលមាន​លទ្ធផល 1-1 រវាង ហូ​ឡង់ និង អេក្វាទ័រ ក្នុង​ជុំ​ទី​ពីរ​នៃ​វគ្គ​សន្សំ​ពិន្ទុ​នៅ​ពូ​ល A លើ​ទីលាន Khalifa កាលពី​ថ្ងៃទី 25 វិច្ឆិកា 2022។

    4- Enzo Fernandez របស់ អា​ហ្ស​ង់​ទីន

    Enzo Fernandez បានបញ្ចប់​ការប្រកួត​ជុំ​ទី​​ពីរ​វគ្គ​សន្សំ​ពិន្ទុ​នៅ​ពូ​ល C ក្នុង​កីឡដ្ឋាន Lusail កាលពី​ថ្ងៃទី 26 វិច្ឆិកា 2022 ដោយ ម៉ិ​ក​ស៊ិ​ក ត្រូវ​ចាញ់ 2-0។

    5- Vincent Aboubakar របស់ កា​មេ​រូ​ន

    Vincent Aboubakar ទាត់​បាល់​រំលង​អ្នកចាំទី Vanja Milinkovic-Savic (សែ​ប៊ី) ក្នុងការ​ប្រកួត​ជុំ​ទី​ពីរ​នៅ​ពូ​ល G លើ​ទីលាន Al Janoub កាលពី​ថ្ងៃទី 28 វិច្ឆិកា 2022 រួមចំណែក​ជួយ​ឱ្យ​លទ្ធផល​ឡើងទៅ 3-3។

    6- Luis Chavez របស់ ម៉ិ​ក​ស៊ិ​ក

    ក្នុង​ប្រកួត​ដែល​បានឈ្នះ អា​រ៉ា​ប៊ី​សា​អូឌីត 2-1 នៅក្នុង​ជុំ​ចុងក្រោយ​របស់​​ពូ​ល C កីឡាករ Luis Chavez រក​បាន 1 គ្រាប់ នៅ​នាទី​ទី 52 ដោយ​ការ​ស៊ុត​បាល់​ពិន័យ 30 ម៉ែត្រ។

    7- Mbappe របស់ បារាំង

    ក្នុង​ប្រកួត​ដែល បារាំង ឈ្នះ ប៉ូឡូញ 3-1 នៅ​វគ្គ 1/8 Mbappe ស៊ុត​បញ្ចូល​ទី​បាន 2 គ្រាប់។ គ្រាប់​ទី 2 របស់គាត់​គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។

    8- Richarlison របស់ ប្រេស៊ីល

    Richarlison យកឈ្នះ​លើ​អ្នកចាំទី Kim Seunggyu ក្នុង​ឈុត​ឆាក​ប្រឈមមុខ​ដាក់គ្នា​លើ​វាលស្មៅ 974 កាលពី​ថ្ងៃទី 05 វិច្ឆិកា ដែល ប្រេ​ស៊ី​ល បានឈ្នះ កូរ៉េខាងត្បូង 4-1 នៅ​វគ្គ 1/8។

    9- Paik Seung-ho របស់ កូរ៉េខាងត្បូង

    ក្នុង​ប្រកួត​ដែល កូរ៉េខាងត្បូង ចាញ់ ប្រេ​ស៊ី​ល 1-4 នៅ​វគ្គ 1/8 លើ​ទីលាន 974 ខ្សែប្រយុទ្ធ Paik Seung-ho បាន​ស៊ុត​ផ្ដាច់ ត្រង់​ដូច​បន្ទាត់​ពី​ចម្ងាយ 25 ម៉ែត្រ ប៉ើង​សំណាក់​របស់ Alisson។

    10- Neymar របស់ ប្រេស៊ីល

    Neymar បំ​ប៉ើង​ទី​របស់ ក្រូ​អាត នៅ​នាទី​ទី 105+1 ក្នុង​ប្រកួត​វគ្គ 1/8។  បើសិន ក្រូ​អាត រក​មិនបាន​គ្រាប់​បាល់​ស្មើ​នៅ​នាទី​ទី 117 នោះ​ទេ ប្រេ​ស៊ី​ល បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្របាត់​​ទៅហើយ៕

     

  • តា​លី​បង់ លើក​មូលហេតុ​នៃ​ «ការ​ហាម​សិស្សស្រី​រៀន​មហាវិទ្យាល័យ»

    តា​លី​បង់ លើក​មូលហេតុ​នៃ​ «ការ​ហាម​សិស្សស្រី​រៀន​មហាវិទ្យាល័យ»

    មន្ត្រី​របស់​របបតា​លី​បង់ បានឱ្យដឹងថា សិស្ស​ស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ហាម​សិក្សា​នៅ​មហាវិទ្យាល័យ​គឺ​ដោយសារ​ពួកគេ​មិន​គោរព​តាម​ការណែនាំ ក្នុងនោះ​ក៏មាន​ការកំណត់​អំពី​សម្លៀកបំពាក់​សមស្រប​ផងដែរ។

    «និស្សិត​ស្រី​ដែល​ដើរ​ពី​ផ្ទះ​ទៅកាន់​សាកលវិទ្យាល័យ​ក៏​មិនបាន​គោរព​តាម​ការណែនាំ​ទាក់ទង​នឹង​កន្សែង​គ្រប​ក្បាល​ហ៊ី​ចាប (Hijab)។ ពួកគេ​ស្លៀកពាក់​ដូច​ទៅ​ពិធី​ជប់លៀង​​មង្គល​ការ» រដ្ឋមន្ត្រីក្រសួង​អប់រំ​មហាវិទ្យាល័យ​របស់រប​ប​តា​លី​បង់ Neda Mohammad Nadeem ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 22 ធ្នូ 2022។

    យោងតាម Nadeem និស្សិត​ស្រី​មិន​បាន​​អើពើ​ជាមួយនឹង​ការកំណត់​របស់​សាសនា​អ៊ីស្លាម ក្នុង​នោះបាន​កំណត់ថា​ត្រូវ​ស្លៀក​ពា់ក​អ្វី ឬ​ដើរ​ជាមួយ​សាច់ញាតិ​ជា​បុរស​នៅពេល​ចេញទៅ​ក្រៅ។

    «…14 ខែ​បាន​កន្លងផុតទៅ ប៉ុន្តែ ការណែនាំ​របស់​ក្រសួង​អប់រំ​មហាវិទ្យាល័យ​ស្ដីពី​ការអប់រំ​ស្ត្រី មិនត្រូវ​បាន​គេ​ធ្វើតាម» Nadeem បញ្ជាក់​ដូច្នេះ។

    Nadeem ក៏បាន​ឱ្យដឹងថា មុខវិជ្ជា​មួយចំនួន​មិន​សមស្រប​នឹង​ស្ត្រីភេទ។ «បច្ចេកទេស​កសិកម្ម និង​មុខវិជ្ជា​មួយចំនួន​ផ្សេងទៀត មិន​សមស្រប​នឹង​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​និស្សិត​ស្រី ក៏ដូចជា​វប្បធម៌​រប​ស់ អា​ហ្វ​ហ្គា​នី​ស្ថាន» រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់ តា​លី​បង់ អះអាង​ដូច្នេះ និង​បន្តថា អាជ្ញាធរ​ក៏បាន​បិទ​សាលា​ដែល​បង្រៀន​តែ​និស្សិត​ស្រី​ក្នុងករណី​មួយចំនួន​ផងដែរ។

    អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី 20 ធ្នូ បានដាក់​បម្រាម​មិន​កំណត់ពេល​ចំពោះ​និស្សិត​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន រៀន​នៅ​មហាវិទ្យាល័យ បន្ទាប់ពី​ជិត 3 ខែ​ដែល​សិស្សស្រី និង​ស្ត្រី​រាប់ពាន់នាក់​នៅ​ប្រទេស​នេះ ចូលរួម​ប្រលង​ចូល​មហាវិទ្យាល័យ។

    តា​លី​បង់ ក៏បាន​ឱ្យដឹងថា សាលា​មធ្យមសិក្សា​សម្រាប់​សិស្សស្រី​ស្ទើរតែ​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ត្រូវ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ។

    របបតាលីបង់ ហាម​សិស្សស្រី​រៀន​មហាវិទ្យាល័យ

    ក្រុម​ប្រទេស G7 មានប្រតិកម្ម​ខ្លាំងក្លា​ទៅនឹង​បទបញ្ជា​ខាងលើ​របស់ តា​លី​បង់ និង​បាន​ស្នើឱ្យ​អាជ្ញាធរ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន លុបចោល​បម្រាម​នេះ។ អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​សោកស្ដាយ ព្រមទាំង​ជំរុញ​ឱ្យ តា​លី​បង់ ដក​បម្រាម​នេះ​ផងដែរ។ ប៉ុន្តែ Nadeem និយាយថា សហគមន៍​អន្តរជាតិ​មិនគួរ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

    អាជ្ញាធរ​តា​លី​បង់ ថែមទាំង​បានដាក់​ការកំណត់​យ៉ាង​តឹងរឹង​នៅពេល​ហាម​ស្ត្រី​ទៅ​ឧទ្យាន ពិព័រណ៍ បន្ទប់​ហាត់ប្រាណ ក៏ដូចជា​បន្ទប់​ងូតទឹក​សាធារណៈ។

    តា​លី​បង់ បានប្រកាសថា បាន​ផ្លាស់ប្ដូរ​ច្រើន​ធៀប​នឹង​កាលពី​សម័យ​ជាង 20 ឆ្នាំមុន និង​បាន​អះអាងថា កំពុង​អនុញ្ញាតឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​នានា​ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម និង​វប្បធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ុន្តែ ការសម្រេចចិត្ត​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ នាំឱ្យ​របប​នេះ​រង​ការរិះគន់ និង​សង្ស័យ៕

  • គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចោទថា ឥណ្ឌូណេស៊ី «ប្រើល្បិច​មិនល្អ»

    គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចោទថា ឥណ្ឌូណេស៊ី «ប្រើល្បិច​មិនល្អ»

    គ្រូបង្វឹក Keisuke Honda ឱ្យដឹងថា គាត់​ត្រូវបាន​គេ​រំខាន​ដំណេក​ដោយ​ការ​ស៊ី​ញូ​ទូរស័ព្ទ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 22 ធ្នូ មួយ​ថ្ងៃមុន​ការប្រកួត​រវាង កម្ពុជា និង ឥណ្ឌូណេស៊ី ក្នុង​ជុំ​ទី​ពីរ​របស់​ពូ​ល A នៅ AFF Cup 2022។

    លោក Keisuke Honda បង្ហោះ​សារ​នៅលើ Twitter ថា គាត់​បានទទួល​ទូរស័ព្ទ​ពីរដង​នៅក្នុង​សណ្ឋាគារ​នៅវេលា​ទៀបភ្លឺ។ «ពេលនោះ​គឺ​ម៉ោង 4 ទៀបភ្លឺ» គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា សរសេរ​ដូច្នេះ។ «មុនពេល​ខ្ញុំ​លើក​ទូរស័ព្ទ ខ្សែ​ម្ខាង​ទៀត​ក៏បាន​បិទ»។

    អតីត​កំពូល​កីឡាករ​បាល់ទាត់​ជប៉ុន រូបនេះ ទំនងជា​ចង់​និយាយថា ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី មាន​ចេតនា​រំខាន​មុន​ការប្រកួត។ ទន្ទឹមនឹងនេះ គាត់​ក៏​បារម្ភ​ថា កីឡាករ​កម្ពុជា ក៏​អាច​ត្រូវបាន​គេ​រំខាន​ដូច្នេះ​ដែរ។ លោក Keisuke Honda បន្តថា «ខ្ញុំ​នឹង​និយាយ​ជាមួយ​កីឡាករ​អំពី​វិធីសាស្ត្រ​ទប់ទល់​មួយចំនួន»។

    យោងតាម​អតីត​កីឡាករ​របស់ AC Milan រូបនេះ ករណីបែបនេះ​នៅតែ​កើតឡើង​នៅមុន​ពេល​មានការ​ប្រកួតសំខាន់។ កម្ពុជា នឹង​ត្រូវ​ប៉ះ ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី នៅ​វេលាម៉ោង 16 និង 30 នាទី ថ្ងៃទី 23 ធ្នូ​ 2022។

    កម្ពុជា បានចាប់ផ្ដើម​ប្រកួត​នៅ AFF Cup 2022 (AFF Mitsubishi Electric Cup) យ៉ាង​រលូន តាមរយៈ​ជ័យជម្នះ 3-2 លើ ហ្វ៊ី​លី​ពី​ន ក្នុងការ​ប្រកួត​ជុំ​ដំបូង។ ចំណែក​ការប្រកួត​នៅ​រសៀល​ថ្ងៃទី 23 ធ្នូ ជាមួយ កម្ពុជា ទើប​ជាការ​ចាប់ផ្ដើម​ដំបូងរ​បស់ ឥណ្ឌូណេស៊ី។ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី សង្ឃឹមថា នឹង​ដណ្ដើមបាន​តំណែង​ជើងឯក AFF Cup លើក​នេះ។

    ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ចាប់​ផ្ដើម​ដោយ​រលូន​នៅ AFF Cup 2022

    គ្រូបង្វឹក​របស់ កម្ពុជា ឱ្យដឹងថា «ការប្រកួត​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ហើយ​បង្កប់​ដោយ​ការលំបាក ភាព​តានតឹង។ យើង​នឹង​ត្រៀម​ឱ្យបាន​ល្អ​បំផុត​សម្រាប់​ការ​ប៉ះគ្នា​នេះ»។ ជាក់ស្ដែង ក្នុងការ​ប្រកួត 17 លើក​កន្លងមក ឥណ្ឌូណេស៊ី ឈ្នះ 16 ប្រកួត និង​ស្មើ 1 ប្រកួត។ នៅ AFF Cup 2021 ឥណ្ឌូណេស៊ី បានឈ្នះ កម្ពុជា 4-2។

    AFF Cup 2022 គឺជា​រដូវ​កាល​ទី​បី​បន្តបន្ទាប់​ដែល Honda ធ្វើការ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។ មុន​ការប្រកួត គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ក៏​ធ្លាប់បាន​រិះគន់ថា កាលបរិច្ឆេទ​ប្រកួត​របស់ កម្ពុជា គឺជា​អ​ម្រែ​ក​ធ្ងន់ ហើយ​ការប្រកួត 3 ថ្ងៃ​ម្ដង​គឺជា​រឿង​មិន​សមស្រប។

    គ្រូបង្វឹក Keisuke Honda កើត​ឆ្នាំ 1986 ធ្លាប់​ចូលរួមប្រកួត​នៅ World Cup ចំនួន 3 លើក ចាប់ពី​ឆ្នាំ 2010 និង 2018 និង​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដណ្ដើមបាន​តំណែង​ជើងឯក Asian Cup 2021។ លោក Honda ក៏​ធ្លាប់​ធ្វើឱ្យ​មានការ​សាទរ​នៅពេល​ប្រកួត​ឱ្យ CSKA Moscow (រុស្ស៊ី) និង AC Milan (អ៊ីតាលី) នៅ អឺរ៉ុប ផងដែរ។ ឆ្នាំ 2018 លោក Honda បានសម្រេច​ចិត្ត​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅទីនេះ៕

  • អា​ហ្ស​ង់​ទីន​ នឹង​ចាប់ផ្ដើម​ការពារ​តំណែង​ជើងឯក World Cup នៅពេលណា?

    អា​ហ្ស​ង់​ទីន​ នឹង​ចាប់ផ្ដើម​ការពារ​តំណែង​ជើងឯក World Cup នៅពេលណា?

    Lionel Messi និង​សមាជិក​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នឹង​ចាប់ផ្ដើម​យុទ្ធនា​ការការពារ​តំណែង​ជើងឯក World Cup របស់ខ្លួន​នៅពេល​វគ្គ​ជម្រុះ​របស់ World Cup 2026 តំបន់​អាម៉េរិក​ខាងត្បូង ផ្ដើម ការប្រកួត​ចាប់ពី​ឆ្នាំ 2023។

    ឆ្នាំ 1938 គឺជា​រដូវ​កាល​ដំបូង​ដែល​ម្ចាស់​ជើងឯក World Cup (អ៊ីតាលី) មាន​សិទ្ធិ​ដោយ​ស្វ័យប្រវត្ត​នៅក្នុង​ការចូលរួម​ប្រកួត​នៅ World Cup រដូវ​កាល​បន្ទាប់ រហូតដល់​ច្បាប់​នេះ​ត្រូវបាន​បោះបង់​ត្រឹម World Cup 2010។ ដូច្នេះ ក្រោយពី​ដណ្ដើមបាន​តំណែង​ជើងឯក World Cup 2022 អា​ហ្ស​ង់​ទីន នៅតែ​ត្រូវ​ទាត់​ក្នុង​វគ្គ​ជម្រុះ​តាម​តំបន់​ដើម្បី​រក​សំបុត្រ​ចូលទៅ​ប្រកួត​នៅ World Cup រដូវ​កាល​បន្ទាប់ (2026)។

    វគ្គ​ជម្រុះ​នៅ អាម៉េរិក​ខាងត្បូង មុនពេល​បាន​ឡើងទៅ​ប្រកួត​នៅ World Cup 2026 នឹង​ចាប់ផ្ដើម​ប្រកួត​ពី​ខែមីនា 2023 និង​បញ្ចប់​នៅ​ខែតុលា 2025។ CONMEBOL ដែលជា​ស្ថាប័ន​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ និង​គ្រប់​គ្រង​ការប្រកួត​អន្តរជាតិសំខាន់ៗរបស់​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង នឹង​ចាប់ឆ្នោត និង​កំណត់​កាលបរិច្ឆេទ​ការប្រកួត​លម្អិត​នៅ​ដើម​ឆ្នាំក្រោយ។

    World Cup 2026 នឹង​ត្រូវបាន​ប្រារព្ធ​ដំណាលគ្នា​នៅក្នុង 16 ទីក្រុង​របស់ 3 ប្រទេស​នៅ អាម៉េរិក​ខាងជើង គឺ កាណាដា ម៉ិ​ក​ស៊ិ​ក និង សហរដ្ឋ​អាម៉េរិក។ នោះ​ជា​លើកដំបូង​ដែល World Cup ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង 3 ដំណាលគ្នា។ មុននេះ កាលពី​ឆ្នាំ 2002 ជប៉ុន និង កូរ៉េខាងត្បូង គឺជា​ប្រទេស 2 ដែល​ធ្វើជា​ម្ចាស់ផ្ទះ World Cup ក្នុងពេល​តែមួយ។

    World Cup 2026 នឹងមាន 80 ប្រកួត ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 64 ប្រកួត​ក្នុង​ឆ្នាំ 2022 ដោយសារតែ​កាលពី​ឆ្នាំ 2017 FIFA បានអនុម័ត​ឱ្យ​បន្ថែម​ក្រុម​ជម្រើសជាតិ​ពី 32 ឡើង​ទៅជា 48 ក្រុម សម្រាប់ World Cup 2026។ ប៉ុន្តែ ក្រុមនីមួយៗនឹង​ទាត់​ច្រើន​បំផុត 7 ប្រកួត ដូច​ទៅនឹង​កំណែ 32 ក្រុម។ 60 ប្រកួត​របស់ World Cup 2026 រួមមាន​វគ្គ 1/8, វគ្គ​ពាក់កណ្ដាល់​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ សហរដ្ឋ​អាម៉េរិក។ ក្រៅពីនេះ​គឺធ្វើឡើង​នៅ កា​ដា​ណា និង ម៉ិ​ក​ស៊ិ​ក៕

  • គម្រោង​សាងសង់​អាកាសយានដ្ឋាន​ធំជាងគេ​នៅ​វៀតណាម មាន​ហានិភ័យ​ត្រូវ​ពន្យារពេល

    គម្រោង​សាងសង់​អាកាសយានដ្ឋាន​ធំជាងគេ​នៅ​វៀតណាម មាន​ហានិភ័យ​ត្រូវ​ពន្យារពេល

    កញ្ចប់​ដេញថ្លៃ​សម្រាប់​ការស្ថាបនា​ស្ថានីយ​អ្នកដំណើរ​ដែលមាន​តម្លៃ 35 ទ្រី​លាន​ដុង ត្រូវបាន​លុបចោល ធ្វើឱ្យ​វឌ្ឍនភាព​នៃ​គម្រោង​អាកាសយានដ្ឋាន​ធំជាងគេ​របស់ ប្រទេស​វៀតណាម មាន​ហានិភ័យ​ត្រូវ​យឺតយ៉ាវ ធៀប​នឹង​ផែនការ​ដំបូង។

    គម្រោង​អាកាសយានដ្ឋាន Long Thanh ដែល​បាន​បើក​ការដ្ឋាន​កាលពីដើមឆ្នាំ 2021 និង​គ្រោង​សាងសង់​រួចរាល់​ដំណាក់កាល​ទីមួយ​នៅ​ឆ្នាំ 2025 មកដល់​បច្ចុប្បន្ន តំបន់​សម្រាប់​សាងសង់​ស្ថានីយ​អ្នកដំណើរ (កញ្ចប់​ដេញថ្លៃ 5.10) បានបញ្ចប់​ការងារ​ចាក់ដី ហើយ​អាច​ចាប់ផ្ដើម​ការសាងសង់​ជំហាន​បន្ទាប់។ ប៉ុន្តែ សាជីវកម្ម​អាកាសចរណ៍​វៀតណាម (ACV) ដែលជា​ម្ចាស់​គម្រោង បានឱ្យដឹងថា កញ្ចប់​ដេញថ្លៃ 5.10 ទាំងមូល​មិនទាន់​រកឃើញ​ស្ថាប័ន​អនុវត្ត​គម្រោង ហើយ​ត្រូវ​លុបចោល​ដើម្បី​ដេញថ្លៃ​ជាថ្មី។

    យោងតាម ACV កញ្ចប់ 5.10 ដែលមាន​ទុនវិនិយោគ​សរុប​ជាង 35 ទ្រី​លាន​ដុង (1,478 លាន​ដុល្លារ​អាម៉េរិក) ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​សំខាន់បំផុត​របស់​គម្រោង​ស្ថាបនា​អាកាសយានដ្ឋាន Long Thanh នៅក្នុង​ដំណាក់កាល​ទីមួយ។ កញ្ចប់ 5.10 នេះ​គ្រោង​នឹង​អនុវត្ត​ក្នុង​រយៈពេល 33 ខែ រាប់​ពី​ពេល​កិច្ចសន្យា​ចាប់ផ្ដើម​មាន​សុពលភាព។ ម្ចាស់​គម្រោង​បាន​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ដេញថ្លៃ​ចាប់ពី​ថ្ងៃទី 24 កញ្ញា ប៉ុន្តែ​ឯកសារ​ដែល​បាន​បញ្ជូនមក​សុទ្ធតែ​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​គម្រោង។

    លោក Do Tat Binh អគ្គនាយករង​របស់ ACV ដែលជា​ប្រធាន​គណៈ​គ្រប់គ្រង​គម្រោង​អាកាសយានដ្ឋាន Long Thanh បញ្ជាក់ថា កញ្ចប់ 5.10 ត្រូវ​ដេញថ្លៃ​ជាថ្មី ធ្វើឱ្យ​វឌ្ឍនភាព​រួម​របស់​គ​ម្រោ​ង​ត្រូវ​យឺតយ៉ាវ​ធៀប​នឹង​ផែនការ​ដែល​បានកំណត់។ ACV មិនទាន់​លើកឡើង​ច្បាស់​អំពី​ភាពយឺតយ៉ាវ​នេះ​នៅឡើយ ប៉ុន្តែ​ថា​នឹង​ដេញថ្លៃ​ឡើងវិញ​ក្នុង​ខែធ្នូ ឬ​ដើម​ឆ្នាំក្រោយ។

    គម្រោង​អាកាសយានដ្ឋាន Long Thanh មាន​ទុនវិនិយោគ​សរុប​ប្រហែល 336.63 ទ្រី​លាន​ដុង (ជាង 14.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​ចែកចេញជា 3 ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទីមួយ ក្រោយ​ដាក់ឱ្យ​ដំណើរការ​នឹង​អាច​ទទួលភ្ញៀវ​បាន 25 លាន​នាក់/ឆ្នាំ ខណៈដែល​ដំណាក់កាល​ទី​ពីរ​នឹង​អាច​ទទួលបាន 50 លាន​នាក់/ឆ្នាំ និង​ដំណាក់កាល​ទី​បី អាច​ទទួលបាន 100 លាន​នាក់/ឆ្នាំ៕

    រចនាបថ​របស់​ស្ថានីយ​អ្នក​ដំណើរ​ក្នុង​គម្រោង​អាកាសយានដ្ឋាន​ធំជាង​គេ​នៅវៀតណាម
    រចនាបថ​របស់​ស្ថានីយ​អ្នក​ដំណើរ​ក្នុង​គម្រោង​អាកាសយានដ្ឋាន​ធំជាង​គេ​នៅវៀតណាម
    ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរក្នុងគម្រោងអាកាសយានដ្ឋានធំជាងគេនៅវៀតណាម
    ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរក្នុងគម្រោងអាកាសយានដ្ឋានធំជាងគេនៅវៀតណាម
  • IDA ផ្ដល់​កម្ចីជាង 270 លាន​ដុល្លារ​ដល់កម្ពុជា គ្រា​ដែល​ភាពក្រីក្រ​កើនឡើង​ជិត 3%

    IDA ផ្ដល់​កម្ចីជាង 270 លាន​ដុល្លារ​ដល់កម្ពុជា គ្រា​ដែល​ភាពក្រីក្រ​កើនឡើង​ជិត 3%

    សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែលជា​មូលនិធិ​របស់ ធនាគារពិភពលោក (WB) សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ ផ្តល់​ឥណទាន​ចំនួន 274 លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ដល់ កម្ពុជា ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ និង​វិបត្តិ​អតិផរណា។

    សេចក្តីប្រកាស​ពត៌មាន​របស់​ធនាគារពិភពលោក​កាលពី​ថ្ងៃទី 20 ធ្នូ 2022 បានឱ្យដឹងថា ឥណទាន នេះ​គឺជា​ការបន្ថែម​ទៅលើ​ហិរញ្ញប្បទាន 200 លាន​ដុល្លារ​អាមេរិក ដែល WB ធ្លាប់បាន​ផ្តល់ឱ្យ កម្ពុជា កាលពី​ឆ្នាំ​កន្លង។

    ការសម្រេចចិត្ត​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ទិន្នន័យ​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ កម្ពុជា បាន​ធ្លាក់ចុះ​ដល់ -3.1% ក្នុង​ឆ្នាំ 2020 ដែលជា​ការធ្លាក់ចុះ​ដ៏​ខ្លាំងជាងគេ​ក្នុង​រយៈពេល 30 ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​កូ​វីដ-19។ មិន​ត្រឹមតែ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​សកល​នោះទេ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា ក៏​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ផងដែរ នេះ​បើតាម WB។

    ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​ខាងលើ បាន​នាំឱ្យ​អត្រា​នៃ​ភាពក្រីក្រ​នៅ កម្ពុជា កើនឡើង​ចំនួន 2.8% ដោយ​មនុស្ស​ប្រហែល 4.6 សែន​នាក់ ត្រូវ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​ជាថ្មី។

    យោងតាម WB ឥណទាន​ថ្មី​នេះ នឹង​ជួយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ លទ្ធភាព​នៃ​ការប្រកួតប្រជែង សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ជួយ​ដល់​គ្រួសារ​រងគ្រោះ​បាន​ទាន់ពេលវេលា​ផងដែរ៕

  • ផ្លូវ​ដែក​ល្បឿន​លឿន​នឹង​មាន​វត្តមាន​នៅ​ កម្ពុជា នាពេល​ខាងមុខ​

    ផ្លូវ​ដែក​ល្បឿន​លឿន​នឹង​មាន​វត្តមាន​នៅ​ កម្ពុជា នាពេល​ខាងមុខ​

    អនាគត​ កម្ពុជានឹងស្ថាបនា​ផ្លូវដែកល្បឿនលឿនពី ភ្នំពេញ ទៅ​ ខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ នេះ​បើ​តាមប្រសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន​។

    ការ​អះអាង​របស់ សម្រេច​តេជោ ខាងលើ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវខេត្ត​លេខ 146B ដែ​តភ្ជាប់ទៅផ្លូវលេខ148 ក្នុងខេត្ត​ព្រះសីហនុ ​កាលពី​​ព្រឹកមិញ។

    នៅក្នុង​ពិធី​សម្ពោធ​នេះ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជាក់​ថា ផ្លូវដែក​បច្ចុប្បន្ន​មិនទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើដល់​សេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់ កម្ពុជា​ ដែលត្រូវ​ការការអភិវឌ្ឍបន្ថែមទៀត នៅឡើយ​។ អនាគត​ កម្ពុជានឹងស្ថាបនា​ផ្លូវដែកល្បឿនលឿនពី ភ្នំពេញ ទៅ​ ខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួម​នឹង​ផ្លូវដែក​ល្បឿន​លឿន​ផ្សេងៗ​ទៀត​។

    រថភ្លើង​ និង​ផ្លូវ​ដែក​របស់ កម្ពុជា នាបច្ចុប្បន្ន

    កម្ពុជាត្រូវការ​ ការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការ​លំបាក​របស់​ប្រជាជនកាត់បន្ថយភាពក្រីក្រ ​និងបង្កើនប្រាក់ចំណូល​សម្រាប់ប្រជាជនកម្ពុជា នេះ​បើ​តាម​ សម្ដេច​តេជោ ហ៊ុន សែន​៕

  • EU អនុម័ត​គម្រោង​ថាមពល​កកើត​ឡើងវិញ​តម្លៃ​ជាង 29 ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ អាល្លឺម៉ង់

    EU អនុម័ត​គម្រោង​ថាមពល​កកើត​ឡើងវិញ​តម្លៃ​ជាង 29 ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ អាល្លឺម៉ង់

    គម្រោង​ជំនួយ​តម្លៃ 28 ពាន់​លាន​អឺរ៉ូ របស់ អាល្លឺម៉ង់ មានបំណង​ផលិត​អគ្គិសនី 80% ពី​បណ្ដា​ប្រភព​កកើត​ឡើងវិញ​ចាប់ពី​ឆ្នាំ 2030។

    គណៈកម្មការ​អឺរ៉ុប (EC) កាលពី​ថ្ងៃទី 21 ធ្នូ ប្រកាសថា ស្ថាប័ន​នេះ​បានអនុម័ត​គម្រោង​ដែលមាន​តម្លៃ 28 ពាន់​លាន​អឺរ៉ូ (29.69 ពាន់​លាន​ដុល្លារ​អាម៉េរិក) របស់ រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​ផ្ដល់ជំនួយ​ដល់​បណ្ដា​គម្រោង​ថាមពល​កកើត​ឡើងវិញ ក្នុង​បំណង​ពង្រឹង​ការពង្រីក​ការប្រើប្រាស់​ថាមពលខ្យល់ និង​ថាមពលព្រះអាទិត្យ។

    គម្រោង​នេះ​នឹង​អូសបន្លាយ​រហូតដល់​ឆ្នាំ 2026 ជាមួយនឹង​គោលដៅ​ផលិត​អគ្គិសនី 80% ពី​បណ្ដា​ប្រភព​ថាមពល​កកើត​ឡើងវិញ ចាប់ពី​ឆ្នាំ 2030។ EC ឱ្យដឹងថា គម្រោង​នេះ​គឺ​ចាំបាច់ និង​សមស្រប​ដើម្បី​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ក៏ដូចជា​ការកាត់បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កំពុង​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ​ជា​បន្តបន្ទាប់។

    គម្រោង​ខាងលើ​ក៏​នឹង​រួមចំណែក​ក្នុង​ការជួយ​ឱ្យ អាល្លឺម៉ង់ សម្រេចបាន​គោលដៅ​លុបបំបាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ 2045 និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ថាមពល​នៅ​ប្រទេស​នេះ ដែល​កើតឡើង​ដោយសារតែ​សង្គ្រាម​រវាង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន៕

  • អាវុធ​ដែល​ជួយ​ឱ្យ Bill Gates «មិន​ធ្វើ​អ្វីសោះ» ក៏​នៅតែមាន​ប្រាក់ចំណូល​ខ្ពស់

    អាវុធ​ដែល​ជួយ​ឱ្យ Bill Gates «មិន​ធ្វើ​អ្វីសោះ» ក៏​នៅតែមាន​ប្រាក់ចំណូល​ខ្ពស់

    ក្នុង​រយៈពេល​ជិត 30 ឆ្នាំ​កន្លង មហាសេដ្ឋី​អាម៉េរិក Bill Gates មិន​ធ្លាប់មាន​ការបារម្ភ​អំពី​ការគ្រប់គ្រង​ប្រាក់​យ៉ាងច្រើន​របស់គាត់ ហើយ​ថែមទាំង «អង្គុយ​កេះ​ក្រចកដៃ» ក៏​នៅតែមានឡើងៗ។

    លោក Bill Gates គឺជា​មហាសេដ្ឋី​ដែល​ទំនងជា​ល្បីឈ្មោះ​ខ្លាំង​បំផុត​នៅ​ជ្រលង Silicon មិន​ត្រឹមតែ​ក្នុងនាម​ជា​សហ​ស្ថាបនិក និង​ជា​អតីត CEO របស់ Microsoft នោះទេ ប៉ុន្តែ ក៏​ព្រោះតែ​ការរួមចំណែក​របស់គាត់​នៅក្នុង​សកម្មភាព​មនុស្សធម៌។

    បច្ចុប្បន្ន មហាសេដ្ឋី Bill Gates មានទ្រព្យ​ប្រមាណ 111 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក។ បើ​ទោះ​បាន​បរិច្ចាគ​ប្រាក់​រាប់សិប​ពាន់​​លាន​ដុល្លារ ប៉ុន្តែ សប្បុរសជន​វ័យ 67 ឆ្នាំ​រូបនេះ នៅតែ​អាច​រក្សាបាន​នូវ​ភាពមានបាន​ដដែល។ ជាក់ស្ដែង ក្នុង​រយៈពេល​ជិត 30 ឆ្នាំ​កន្លង មហាសេដ្ឋី​អាម៉េរិក Bill Gates មិន​ធ្លាប់មាន​ការបារម្ភ​អំពី​ការគ្រប់គ្រង​ប្រាក់​ដ៏​សម្បើម​​របស់គាត់ ហើយ​ថែមទាំង «អង្គុយ​កេះ​ក្រចកដៃ» ក៏​នៅតែមានឡើងៗ។

    Cascade គឺជា «អាវុធ» រកប្រាក់​ដ៏​សម្ងាត់​របស់ Bill Gates

    ទាំងអស់​ស្ថិតនៅលើ «អាវុធ» សម្ងា​ត់មាន​ឈ្មោះថា Cascade Investment ជា​មូលនិធិ​ឯកជន​ដែល​លោក Gates បាន​បង្កើតឡើង​កាលពី​ឆ្នាំ 1995 និង​ប្រគល់ឱ្យ Michael Larson ជា​អ្នកគ្រប់គ្រង។

    Larson ត្រូវបាន​ចាត់ទុកថា​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​បុរស​មានអំណាច និង​ស្ងាត់ស្ងៀម​បំផុត​ក្នុង​ស្រទាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​នៅ សហរដ្ឋ​អាម៉េរិក។ ដោយសារ Larson និង​មួយផ្នែក​ដោយសារ​តម្លៃ​ភាគហ៊ុន​របស់ Microsoft កើនឡើង​ខ្ពស់ ទ្រព្យសម្បត្តិ​របស់លោក Gates ក៏បាន​កើន​ពី 5 ពាន់​លាន​ដុល្លារ ឡើងដល់​ជាង 100 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    លោក Bill Gates និងលោក Michael Larson

    ដោយសារតែ Cascade មិនមែនជា​ក្រុមហ៊ុន​មហាជន និង​ស្ងាត់ស្ងៀម ដូច្នេះ​ពិបាក​ក្នុងការ​ដឹងបាន​អំពី​ខ្ទង់​វិនិយោគសំខាន់ៗរបស់​ពួកគេ។ ប៉ុន្តែ យោងតាម Wall Street Journal លោក Larson បាន​វិនិយោគ​ប្រាក់​របស់លោក Gates ទៅ​លើដី​កសិកម្ម សណ្ឋាគារ មូល​ប​ត្រ និង​ទីតាំង​កីឡា​ជាដើម។

    Cascade វិនិយោគ​ទៅលើ​សណ្ឋាគារ Four Seasons កាលពី​ឆ្នាំ 1997 ហើយ​បច្ចុប្បន្ន Gates មាន​ភាគហ៊ុន​ជាង 71% នៅក្នុង​ក្រុមហ៊ុន​ដែលមាន​តម្លៃ 10 ពាន់​លាន​ដុល្លារ​នេះ។ នៅក្នុង​ក្រុមហ៊ុន​គ្រប់គ្រង​វត្ថុ​ធាតុ​សំណល់ Republic Services តម្លៃ 40 ពាន់​លាន​ដុល្លារ លោក Gates កាន់កាប់​ភាគហ៊ុន​ជាង 34%។ ក្រៅពីនេះ លោក Gates ក៏​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស Ecolab ផងដែរ។

    អំពី​លោក Michael Larson

    លោក Michael Larson កើត​ឆ្នាំ 1959 នៅ California សហរដ្ឋ​អាម៉េរិក។ ឆ្នាំ​អាយុ 16 ក្រោយពី​បញ្ចប់​ការសិក្សា​កម្រិត​ទី 3 លោក Michael Larson ក៏​បន្ត​រៀន​នៅ​សាកលវិទ្យាល័យ Claremont McKenna ផ្នែក​ហិរញ្ញវត្ថុ។ អាយុ 21 ឆ្នាំ គាត់​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ពាណិជ្ជក​ម្ម​នៅ សាកលវិទ្យាល័យ Chicago។

    លោក Michael Larson

    ក្រោយមក Larson ធ្វើការ​ក្នុង​ផ្នែក​ទិញដូរ​ក្រុមហ៊ុន​របស់ ARCO មុនពេល​ងាក​ទៅធ្វើ​ការឱ្យ​មូលនិធិ​វិនិយោគ Putman និង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់ខ្លួន។ ឆ្នាំ 1994 Larson ក៏បាន​ទទួលយក​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​ឱ្យ​លោក Bill Gates ដែល​កាលណោះ​គឺជា​អ្នកមាន​ជាងគេ​បង្អស់​លើ​ពិភពលោក។ លោក Larson ទទួលបាន​ការជឿជាក់​ពី​លោក Gates និង​ទទួល​បាន​​សិទ្ធិ​មួយ​ភាគ​ធំ​ក្នុងការ​សម្រេចចិត្ត​លើ​គម្រោង​វិនិយោគ​នានា​របស់ Cascade។

    បច្ចុប្បន្ន លោក Michael Larson នៅ​បន្ត​ធ្វើជា​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាម៉េរិក Bill Gates៕

  • អា​ហ្ស​ង់​ទីន ចែក​ប្រាក់រង្វាន់ World Cup 2022 ដោយ​របៀប​ណា?

    អា​ហ្ស​ង់​ទីន ចែក​ប្រាក់រង្វាន់ World Cup 2022 ដោយ​របៀប​ណា?

    ប្រាក់រង្វាន់​សម្រាប់​តំណែង​ជើងឯក World Cup 2022 របស់ អា​ហ្ស​ង់​ទីន គឺ 42 លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ ខ្ទង់​ប្រាក់​នេះ​នឹងត្រូវ​កាត់​ប្រាក់​ពិន័យ និង​ពន្ធ​ផ្សេង​ៗ​មួយចំនួន។

    អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ជ័យជម្នះ​លើ បារាំង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ 2022 ដោយ​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ នេះ​ជា​លើក​ទី​បី​ហើយ​ដែល អា​ហ្ស​ង់​ទីន បាន​ក្លាយជា​ជើងឯក World Cup និង​រកបាន​ប្រាក់រង្វាន់ 42 លាន​ដុល្លារ​អាម៉េរិក ឱ្យ សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន (AFA)។

    សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) នឹង​ផ្ទេរ​ប្រាក់រង្វាន់​ទៅ ឱ្យ AFA ក្នុង​រង្វង់ 90 ថ្ងៃ ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពោលគឺ​ប្រហែល​ពី​ពាក់កណ្ដាល​ខែមីនា ដល់​ដើមខែ​មេសា ឆ្នាំ 2023។

    ក៏ប៉ុន្តែ អា​ហ្ស​ង់​ទីន នឹងមិន​ទទួលបាន​ប្រាក់រង្វាន់​ពេញ 42 លាន​ដុល្លារ​ឡើយ ព្រោះ FIFA នឹង​កាត់​ពន្ធ និង​ការពិន័យ​ចំពោះ​ក្រុមបាល់ទាត់​នេះ។ អា​ហ្ស​ង់​ទីន ទំនងជា​នឹងត្រូវ​ពិន័យ​ធ្ងន់ធ្ងរ ពិសេស​គឺ​នៅក្រោយ​វគ្គ 1/8 ដែល​ត្រូវ​ប៉ះ​នឹង ហូ​ឡង់ ដោយសារតែ​មានការ​ទះ​ទង្គិច​គ្នា ការជជែក​តតាំង និង​ការ​ប្រវាយប្រតប់​គ្នា ធ្វើឱ្យ​អាជ្ញាកណ្ដាល​ត្រូវ​បញ្ចេញ​កាត់​លឿង​ចំនួន 18 លើក។

    ក្រុមមន្ត្រី​បាល់ទាត់​គណនី​ឃើញថា ទឹកប្រាក់​ប្រហែល 4 លាន​ដុល្លារ​នឹងត្រូវ FIFA កាត់​ចេញពី​ប្រាក់រង្វាន់​​របស់ អា​ហ្ស​ង់​ទីន។

    ប្រាក់​ដែល​នៅសល់​នឹងត្រូវ​ចែក​ឱ្យ​កីឡាករ និង​សមាជិក​ក្រុម​គ្រូបង្វឹក បន្ទាប់ពី​បាន​បង់ពន្ធ​នានា​ទៅឱ្យ អាជ្ញាធរ​អា​ហ្ស​ង់​ទីន។ ក៏ប៉ុន្តែ AFA កំពុងតែ​ជួប​បញ្ហា​ទាក់ទង​នឹង​ការប្ដូរ​ប្រាក់​ចែក​ឱ្យ​ក្រុម​ជម្រើសជាតិ ព្រោះថា រូបិយ​បណ្ណ​របស់ អា​ហ្ស​ង់​ទីន កំពុង​ធ្លាក់​ថ្លៃ។

    ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ពី FIFA តាមច្បាប់​របស់ អា​ហ្ស​ង់​ទីន ក្នុង​រង្វង់ 5 ថ្ងៃ AFA ត្រូវតែ​ប្ដូរប្រាក់​ពី​ដុល្លារ​អាម៉េរិក ទៅជា​ប្រាក់​ប៉េ​សូ​ទៅតាម​អត្រា​ប្ដូរប្រាក់​ផ្លូវការ 172.7 ប៉េ​សូ/ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​ធៀប​នឹង​អត្រា​ប្ដូរប្រាក់​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ជាក់ស្ដែង​នៅក្នុង​ប្រទេស​នេះ។ តម្លៃ​របស់​ប្រាក់​ប៉េ​សូ​អា​ហ្ស​ង់​ទីន នៅលើ​ទីផ្សារ​បច្ចុប្បន្ន​គឺ 324 ប៉េ​សូ/ដុល្លារ​អាម៉េរិក។

    ប្រាក់រង្វាន់​ដែល​កីឡាករ​អាហ្សង់ទីន​ទទួល​បាន​ពី​តំណែង​ជើង​ឯក World Cup 2022 ទាប​ជាង​ប្រាក់បៀវត្សរ៍ មួយ​សប្ដាហ៍​របស់ Lionel Messi នៅ​ក្លឹប PSG របស់ បារាំង ទៅ​ទៀត​

    ក្រោយ​ការ​កាត់​ប្រាក់​ពិន័យ​របស់ FIFA ការប្ដូរ​ប្រាក់ និង​ការបង់ពន្ធ 7.25% ជូន​រដ្ឋ (អា​ហ្ស​ង់​ទីន) ប្រាក់រង្វាន់​ដែល​នៅសល់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន គឺ​ប្រហែល 6.1 ពាន់​លាន​ប៉េ​សូ។

    ប្រាក់​ខាងលើនេះ​នឹងត្រូវ​យកទៅ​ចែក​ឱ្យ​កីឡាករ​អា​ហ្ស​ង់​ទីន 26 នាក់ និង​សមាជិក 6 នាក់​នៅក្នុង​ក្រុម​គ្រូបង្វឹក ប៉ុន្តែ អាច​នឹង​ចែក​ឱ្យ​ក្រុម​ជំនួយការ​ផងដែរ។ បើសិន​ចែក​ស្មើ​ឱ្យ​សមាជិក 32 នាក់​របស់​ក្រុម នោះម្នាក់ៗនឹង​ទទួលបាន​ប្រហែល 190 លាន​ប៉េ​សូ។

    ក៏ប៉ុន្តែ 190 លាន​ប៉េ​សូ​នេះ​នឹងត្រូវ​កាត់​ពន្ធ 0.6% ដែល​ស្មើនឹង 1.1 លាន​ប៉េ​សូ។ ពេល​ពួកគេ​ដក​ប្រាក់ ខ្ទង់​ប្រាក់​ពន្ធ​នេះ​នឹងត្រូវ​អនុវត្ត​ជា​លើក​ទី​ពីរ ជួយ​ឱ្យ រតនាគារជាតិ​អា​ហ្ស​ង់​ទីន រកបាន​សរុប 2.2 លាន​ប៉េ​សូ ពី​សមាជិកម្នាក់ៗរបស់​ក្រុម​ជម្រើសជាតិ ចំណែក​កីឡាករម្នាក់ៗទទួលបាន​ប្រហែល 187.8 លាន​ប៉េ​សូ ប្រហែល​នឹង 1.08 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់រង្វាន់​នេះ​ទាប​ជាង​ប្រាក់បៀវត្សរ៍ 1.16 លាន​ដុល្លារ/សប្ដាហ៍​របស់ Lionel Messi នៅ​ក្លឹប PSG របស់ បារាំង ទៅ​ទៀត​៕