Author: សឿន សំណាង

  • «រថយន្ត​អគ្គិសនី​វៀតណាម VF8 ជួប​បញ្ហា​ធ្ងន់ធ្ងរ»! Youtuber Tom Peng បើក​កកាយ​អំពី​កំហុស​ទាំង​នេះ

    «រថយន្ត​អគ្គិសនី​វៀតណាម VF8 ជួប​បញ្ហា​ធ្ងន់ធ្ងរ»! Youtuber Tom Peng បើក​កកាយ​អំពី​កំហុស​ទាំង​នេះ

    ជា​រថយន្ត​អគ្គិសនី​ផលិត​នៅ វៀតណាម VinFast VF8 ទទួល​បានការ​សាទរ​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ មិនយូរប៉ុន្មាន ម៉ូ​ដែល​នេះ​ជួប​បញ្ហា​ជាច្រើន​ដែល​បង្ក​ការរំខាន​របស់​ម្ចាស់​រថយន្ត។

    បញ្ហា​មួយចំនួន​ដែល​កើតមាន​នៅលើ VinFast VF8 រួមមាន​ដូចជា «កំពុង​បើកបរ​ក៏​ស្រាប់តែ​ម៉ូ​ទ័​រអគ្គិសនី​​ឈប់​ដើរ», «អំពូល​ភ្លើង​ផ្ដល់​សញ្ញា និង​អំពូល​ភ្លើង​ហ្វា​បិទ​ដោយ​ឯកឯង» , «បញ្ហា​ផ្នែក​ទន់ (សហ្វវ៉ែរ)», «បញ្ហា ផ្ដល់​សញ្ញា​មិន​ត្រឹមត្រូវ» ជាដើម។ល។ ហើយ​កំហុស​ដែល​ជួប​ជា​ញឹកញាប់​គឺ «បញ្ហា​បញ្ចូល​ថាមពល​អាគុយ 12V», «បញ្ហា​ប្រព័ន្ធ BEV»។ អ្នកប្រើប្រាស់​ជាច្រើន​ក៏បាន​រាយការណ៍​អំពី​បញ្ហា​ទាំងនេះ។ អ្នកខ្លះ​នៅតែ​ជួប​បញ្ហា​ដដែល បើ​ទោះ​បានធ្វើ​បច្ចុប្បន្នភាព​ផ្នែក​ទន់​ថ្មី។

    Youtuber Tom Peng គឺជា​អ្នក​ចូលចិត្ត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast ហើយ VinFast VF8 គឺជា​រថយន្ត​ដែល Tom ជិះ​រាល់ថ្ងៃ ប៉ុន្តែ កំហុស​ខាងលើ​កើតមាន​កាន់តែ​ញឹក​​ញាប់ បង្ក​ការរំខាន និង​ខាត​ពេលវេលា​ច្រើន។ ក្នុង​វីដេអូ​នៅលើ Youtube លោក Tom Peng បាន​ថតអំពី​បញ្ហា​ទាំង​ឡាយ​ដែល​គាត់​បាន​ជួប​ប្រទះ​ពេល​ប្រើ​ប្រាស់​​​រថយន្ត VinFast VF8។

    ក្រោយពី​វីដេអូ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម លោក Tom Peng នៅតែ​មិនទាន់​ឱ្យដឹងថា កំហុស​ទាំងនេះ​ត្រូវបាន​ដោះស្រាយ​ទាំងស្រុង​ហើយ ឬ​នៅ។

    Tom Peng គឺជា​អ្នកជំនួញ​ដើមកំណើត​អាស៊ី សញ្ជាតិ​កាណាដា។ បច្ចុប្បន្ន Tom Peng រកស៊ី​នៅ វៀតណាម និង​មាន​រថយន្ត​អគ្គិសនី VinFast 2 គ្រឿង គឺ VF E34 និង VF8។ ក្រៅពីនេះ លោក Tom Peng ក៏មាន​រថយន្ត​ទំនើប និង​រថយន្ត​ប្រណិត​ផ្សេងទៀត ដូចជា Mercedes និង Bentley ផងដែរ​។

  • កូនស្រី​វ័យ 36 ឆ្នាំ​របស់លោក​ Thaksin នាំមុខ​គេ​ក្នុង​ចំណោម​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី​​ថៃ

    កូនស្រី​វ័យ 36 ឆ្នាំ​របស់លោក​ Thaksin នាំមុខ​គេ​ក្នុង​ចំណោម​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី​​ថៃ

    កូនស្រី​ពៅ Paetongtarn របស់លោក Thaksin កំពុង​នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​សាធារណៈ​ស្ដីពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ មុនពេល​ប្រទេស​នេះ​រៀបចំ​ការបោះឆ្នោត​នៅ​ខែឧសភា 2023។

    សារព័ត៌មាន​ Reuters កាលពី​ថ្ងៃទី 26 ធ្នូ បានឱ្យដឹងថា លទ្ធផល​នៃ​ការស្ទង់មតិ​ពី វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការអភិវឌ្ឍ​ថៃ (NIDA) ​បង្ហាញ​ថា​ Paetongtarn Shinawatra វ័យ 36 ឆ្នាំ ដែលជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra កំពុង​នាំមុខគេ​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី​នាពេល​អនាគត ដោយ​ទទួលបាន​ការគាំទ្រ 34%។

    អត្រា​នៃ​ការគាំទ្រ​ចំពោះ Paetongtarn កើនឡើង​ខ្ពស់​ពី 21.6% ធៀប​នឹង​ការស្ទង់មតិ​កាលពី​ខែកញ្ញា និង​ខ្ពស់ជាង​ទ្វេដង​ធៀប​នឹង​គូប្រជែង​ គឺ​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha។

    ការស្ទង់មតិ​​ត្រូវបាន NIDA ធ្វើឡើង​ពីថ្ងៃ​ទី 17 ដល់ 22 ធ្នូ 2022 ទៅលើ​ពលរដ្ឋ 2,000 នាក់​ក្នុង​វ័យ​បោះឆ្នោត។ NIDA ត្រូវបាន​បង្កើតឡើង​កាលពី​ខែមេសា 1966 គឺជា​ស្ថាប័ន​មួយ​របស់ ក្រសួង​អប់រំ​ថៃ ដែល​បច្ចុប្បន្ន​គឺជា​ស្ថាប័ន​ស្ទង់​មតិ​ធំជាងគេ​មួយ​នៅ ប្រទេស​នេះ។

    ការស្ទង់មតិ​ខាងលើ​បង្ហាញថា លោក Prayuth ទទួលបាន​ការគាំទ្រ 14.05% កើន​បន្តិច​ធៀប​នឹង 10.1% មុន​នោះ។ បេក្ខភាព​មួយរូប​ផ្សេងទៀត​គឺ Pita Limjaroenrat មេដឹកនាំ​បក្ស​ជឿនលឿន ដោយមាន​អត្រា​គាំទ្រ 13.25%។

    គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​នឹង​រៀបការ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​នៅក្នុង​ខែឧសភា 2023 ប៉ុន្តែ​មិនទាន់​កំណត់ពេលវេលា​​ជាក់​លាក់​នៅឡើយ។

    លោក Thaksin ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ថៃ ចាប់តាំងពី​ឆ្នាំ 2001 ប៉ុន្តែ​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ បច្ចុប្បន្ន លោក Thaksin រស់នៅ​និរទេស​ខ្លួន​នៅ ឌូ​បៃ។ ឆ្នាំ 2011 លោកស្រី Yingluck Shinawatra ដែលជា​ប្អូនស្រី​របស់លោក Thaksin ក្លាយជា​នាយិកា​រដ្ឋមន្ត្រី​ថៃ ប៉ុន្តែ​ក៏ត្រូវ​បាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ និង​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2014៕

  • មហាសេដ្ឋី 5 រូប​ដែល​រកប្រាក់​បន្ថែម​បាន​ច្រើនជាងគេបង្អស់​ក្នុង​ឆ្នាំ 2022

    មហាសេដ្ឋី 5 រូប​ដែល​រកប្រាក់​បន្ថែម​បាន​ច្រើនជាងគេបង្អស់​ក្នុង​ឆ្នាំ 2022

    មហាសេដ្ឋី​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក ក្នុងឆ្នាំនេះ សុទ្ធតែ​បាត់បង់​ប្រាក់​យ៉ាងច្រើន ប៉ុន្តែ នៅតែមាន 5 រូប​នៅ ទ្វីបអាស៊ី ដែល «ខុសគេ» ដោយ​រកប្រាក់​បន្ថែម​បាន​ជិត 100 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    2022 គឺជា​ឆ្នាំ​ដែល​ប្រកបដោយ​ការប្រែប្រួល​សម្រាប់​ក្រុម​អ្នកមានកំពូលៗរបស់​ពិភពលោក។ យោងតាម Forbes មហាសេដ្ឋី​ទាំងឡាយ បាន​បាត់បង់​ប្រាក់​ជាង 1.9 ទ្រី​លាន​ដុល្លារ​អាម៉េរិក ដែល​ភាគច្រើន​ដោយសារតម្លៃ​ភាគហ៊ុន​ចុះថោក ខណៈដែល​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង និង​កំណើនសេដ្ឋកិច្ច​ត្រលប់​ជា​យឺត​ទៅវិញ។

    ក្នុង​គ្រា​ដែល​សេដ្ឋកិច្ចពិភពលោក​មាន​ឱនភាព​រួម មហា​សេដ្ឋកិច្ច​មួយ​ភាគ​តូច​បែរជា «ដើរ​បញ្ច្រាសទិស»។ មហាសេដ្ឋី 5 រូប​ដែលមាន​ទ្រព្យ​កើនឡើង​សរុប​ជាង 93 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2022 ​សុទ្ធតែជា​ជនជាតិ​អាស៊ី។

    អ្នក​​ដែល​នាំមុខគេ​នៅក្នុង​បញ្ជី​នេះ​គឺ មហាសេដ្ឋី​ឥណ្ឌា លោក Gautam Adani។ គាត់​គឺជា​ប្រធាន​ក្រុមហ៊ុន Adani ដែល​រកស៊ី​ក្នុង​ពហុ​វិស័យ។ កាលពី​ខែកុម្ភៈ លោក Adani បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ អាស៊ី និង​ទី 10 លើ​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 90.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ យោងតាម Forbes ថ្ងៃទី 09 ធ្នូ 2022 លោក Adani រកបាន​ប្រាក់ 55 ពាន់​លាន​ដុល្លារ​ថែមទៀត ធៀប​នឹង​ដើមឆ្នាំ។

    Low Tuck Kwong គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​ខ្ពស់​លំដាប់​ទី​ពីរ (16 ពាន់​លាន​ដុល្លារ) ក្នុងឆ្នាំនេះ។ ​ដោយ​សារ​ទ្រព្យ​​ថ្មី​ ​មហាសេដ្ឋី​ជា​ពលរដ្ឋ​ឥណ្ឌូណេស៊ី នេះ កំពុងមាន​ទ្រព្យ 18.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក Low ក៏ត្រូវ​បានចាត់ទុក​ថា​ជា​ស្ដេច​រ៉ែ​ធ្យូងថ្ម​នៅ ឥណ្ឌូណេស៊ី ផងដែរ។

    Colin Zheng Huang (ជនជាតិ​ចិន) ស្ថាបនិក​របស់​ផ្សារ​អន​ឡាញ Pinduoduo រកបាន​ជាង 11 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងឆ្នាំនេះ។ ភាគហ៊ុន​របស់ Pinduoduo ឡើងថ្លៃ 35% ចាប់ពី​ឆ្នាំ​ដើម។ បច្ចុប្បន្ន Huang មានទ្រព្យ 31.6 ពាន់​លាន​ដុល្លារ។

    ទ្រព្យ​របស់ Wu Yiling (ជនជាតិចិន) ផ្សារភ្ជាប់​ជាមួយនឹង Lianhua Qingwen ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ​ជួយ​ព្យាបាល​កូ​វីដ-19 របស់​ក្រុមហ៊ុន Shijianzhuang Yiling Pharmaceutical ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​ចិន។ Wu គឺជា​ប្រធាន​ក្រុមហ៊ុន​នេះ។ ឆ្នាំ 2022 លោក Wu រកបាន​ប្រាក់ 4.1 ពាន់​លាន​ដុល្លារ​បន្ថែមទៀត បន្ទាប់ពី​តម្លៃ​ភាគហ៊ុន Shijiazhuang Yiling កើន 61%។

    មហាសេដ្ឋី​ចុងក្រោយ​ក្នុង​បញ្ជី top 5 របស់ Forbes នេះ គឺ​អ្នកមាន​ក្នុង​វិស័យ​ភេសជ្ជៈ​នៅ ឥណ្ឌា Ravi Jaipuria។ ឆ្នាំនេះ ប្រធាន​ក្រុមហ៊ុន RJ Corp រកបាន 3.9 ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ Varun Beverages គឺជា​អ្នក​វេច​ខ្ចប់​​ធំ​បំផុត​របស់ PepsiCo នៅលើ​ពិភពលោក។ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងទៀត​របស់ Jaipuria គឺ Devyani International ក៏​កើន 12%។ ក្រុមហ៊ុន​នេះ​កំពុងដំណើរការ​អាហារ​ដ្ឋា​ន​មួយចំនួន​ដូចជា KFC, Pizza Hut និង Costa Coffee ជា​ដើម នៅ ឥណ្ឌា៕

  • គោលនយោបាយ​ការបរទេស​របស់​ ប្រទេស​ចិន ​សម្រាប់​ឆ្នាំក្រោយ

    គោលនយោបាយ​ការបរទេស​របស់​ ប្រទេស​ចិន ​សម្រាប់​ឆ្នាំក្រោយ

    ឆ្នាំ 2023 ប្រទេស​ចិន នឹង​ស្ដារ​ទំនាក់ទំនង​ជាមួយនឹង ប្រទេស​រុស្ស៊ី ផ្សះផ្សា​ការ​ប្រេះឆា​ជាមួយនឹង អឺរ៉ុប អាស៊ី ទន្ទឹមនឹង​ការប្រកួតប្រជែង​ជាមួយនឹង សហរដ្ឋ​អាម៉េរិក និង​បង្កើន​ឥទ្ធិពល​នៅ​ទូទាំង​សកលលោក។

    ក្នុងការ​វាយតម្លៃ​អំពី​សកម្មភាព​ការទូត​របស់ ប្រទេស​ចិន ក្នុង​ឆ្នាំ 2022 រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន Wang Yi កាលពី​ថ្ងៃទី 25 ធ្នូ បាន​អធិប្បាយ​ថា 2022 គឺជា​ឆ្នាំ​ដែល​សម្រេចបាន​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ជាច្រើន ហើយ​ប្រទេស​នេះ​បាន​ឆ្លងកាត់​ឧបសគ្គធំៗនៅក្នុង​បរិស្ថាន​សកល។

    លោក Wang Yi ប្រកាសថា ក្នុង​ឆ្នាំ 2023 ប្រទេស​ចិន នឹង​បង្កើន​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល «រឹងមាំ» ជាមួយនឹង ប្រទេស​រុស្ស៊ី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ អឺរ៉ុប និង​បណ្ដា​ប្រទេសជិតខាង​នៅ អាស៊ី ទន្ទឹមនឹងនេះ ចិន ក៏​នឹង​បន្ត​រក្សា «ស្មារតី​ប្រយុទ្ធ» នៅ​ចំពោះមុខ​ឥរិយាបថ «ឡោមព័ទ្ធ កៀបសង្កត់ និង​បង្កហេតុ» ដែល​នាំមុខ​ដោយ សហរដ្ឋ​អាម៉េរិក។

    រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​កូ​វីដ-19 ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​លំហូរ​កម្លាំង​ពលកម្ម និង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ទូទាំង​សកលលោក។

    ប្រកាស​របស់ រដ្ឋមន្ត្រីការបរទេស​ចិន នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​នៅ ប៉េកាំង ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក ជប៉ុន អូស្ត្រាលី និង​បណ្ដា​ប្រទេស​មហាអំណាច​នៅ អឺរ៉ុប កំពុងមាន​សញ្ញា​ធូរស្រាល​បន្តិច ក្រោយ​ការប្រឈមមុខ​ដាក់គ្នា​អស់​មួយ​រយៈពេល​យូរ ទាក់ទិន​នឹង​បញ្ហាធំៗមួយចំនួន មានដូចជា កោះ​តៃវ៉ាន់ ស៊ីន​ជាំ​ង ហុងកុង និង​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន ជាដើម។

    លោក Wang Yi និងលោក Antony Blinken

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ ប៉េកាំង នៅ​ដើម​ឆ្នាំក្រោយ ប៉ុន្តែ ទំនាក់ទំនង​រវាង អាម៉េរិក និង ចិន ក្នុង​ឆ្នាំ 2023 ត្រូវបាន​គេ​ព្យាករ​ថា នៅ​​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​បន្តទៀត៕

  • កម្ពុជា បើក​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទោចក្រយាន​ថ្នាក់ជាតិ​ឆ្នាំ 2022 ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម 2023

    កម្ពុជា បើក​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទោចក្រយាន​ថ្នាក់ជាតិ​ឆ្នាំ 2022 ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម 2023

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានប្រកាស​បើក​ការប្រកួត​កីឡា​ទោចក្រយាន ដើម្បី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដែល​ធ្វើឡើង​នៅ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី 27 ធ្នូ​នេះ។

    ក្នុង​ពិធី​បើក​ការប្រកួត​ដែលមាន​ការចូលរួម​ពី​ក្រុមមន្ត្រី​របស់ ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ក៏ដូចជា​តំណាង​ក្រុមហ៊ុន​ឯកជន​នានា ក្រុម​កីឡាករ កីឡាការិនី និង​ភ្ញៀវ​ជាតិ-អន្តរជាតិ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ណែនាំ​ឱ្យ​កីឡាករ-កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី​កីឡា ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស។

    ឯកឧត្តម​ប្រធាន​សហព័ន្ធ ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ។

    យោងតាម ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន នេះ​ជាការ​ប្រកួត​ប្រចាំឆ្នាំ​ចុងក្រោយ​ហើយ មុននឹង​ដល់ពេល​ដែល កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី 32 ឆ្នាំ 2023។

    ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដើម្បី​ជ្រើសរើស​កីឡាករ-កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី 32 ឆ្នាំ 2023៕

  • ក្រុមជម្រើសជាតិថៃ ឈរលើកំពូលតារាងនៅ AFF Cup 2022 ក្រោយប៉ះ ហ្វ៊ីលីពីន កាលពីម្សិលមិញ

    ក្រុមជម្រើសជាតិថៃ ឈរលើកំពូលតារាងនៅ AFF Cup 2022 ក្រោយប៉ះ ហ្វ៊ីលីពីន កាលពីម្សិលមិញ

    (ប្រទេស​ថៃ)- Teerasil Dangda រកបាន 2 គ្រាប់ និង​បង្ក​ឱកាស​បាន 1 គ្រាប់ ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​ថៃ យកឈ្នះ ហ្វ៊ី​លី​ពី​ន 4-0 ក្នុង​ពូ​ល A នៅ AFF Cup 2022 កាលពី​ថ្ងៃទី 26 ធ្នូ 2022។

    ក្រោយ 2 ប្រកួត​ដែល​ប៉ះ​នឹង ព្រុយ​ណេ និង ហ្វ៊ី​លី​ពី​ន ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ស៊ុត​ផ្ដាច់​រហូតដល់ 60 ដង ក្នុងនោះ​មាន 28 គ្រាប់​ហោះ​ចំ​ទី ជួយ​ឱ្យ ពួកគេ​រកបាន 9 គ្រាប់ និង​មាន 6 ពិន្ទុ ដែលនាំឱ្យ ថៃ នាំមុខគេ​នៅ​ពូ​ល A ដោយសារតែ គ្រាប់​បាល់​ចំណេញ (goal difference) ច្រើនជាង ឥណ្ឌូណេស៊ី។

    ក្រុម​ជម្រើសជាតិ​ថៃ រក្សា​សមាជិក​ក្រុម​ដដែល ធៀប​នឹង​ការប្រកួត​ជាមួយ ព្រុយណេ ដែល​នេះ​នាំឱ្យ ថៃ មិន​ពិបាក​ក្នុងការ​ផ្ដួល ហ្វ៊ី​លី​ពី​ន នៅលើ​ទីលាន Thammasat នៅ​ប្រទេស​ថៃ។

    ក្រោយ​ឈ្នះ ហ្វ៊ី​លី​ពី​ន កាលពី​ម្សិលមិញ ក្រុម​ជម្រើសជាតិ​ថៃ ដណ្ដើមបាន​តំណែង​នាំមុខ​ពូ​ល A ពី​ដៃ ឥណ្ឌូណេស៊ី។ ហ្វ៊ី​លី​ពី​ន ដែល​បាន​បរាជ័យ​លើក​ទី​ពីរ​ក្រោយ 3 ប្រកួត ទំនងជា​នឹងត្រូវ​ជម្រុះ។ នៅ​ជុំ​បន្ទាប់ ថៃ នឹង​ធ្វើជា​ភ្ញៀវ​នៅលើ​ទីលាន​របស់ ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី 29 ធ្នូ ចំណែក ហ្វ៊ី​លី​ពី​ន វិញ បាន​សម្រាក។ ក្រុម​ហ្វ៊ី​លី​ពី​ន នឹង​ប៉ះ ឥណ្ឌូណេស៊ី នៅ​ជុំ​ចុងក្រោយ ដែល​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី 02 មករា 2023។

    កីឡាករថៃ Teerasil Dangda អបអរ​ជ័យ​ជម្នះ​លើ ហ្វ៊ីលីពីន កាល​ពី​ថ្ងៃទី 26 ធ្នូ

    AFF Cup 2022 (AFF Mitsubishi Electric Cup 2022) ថ្ងៃនេះ​នឹងមាន​ការប្រកួត​រវាង ឡាវ និង សិង្ហ​បុរី នៅ​ម៉ោង 17 ល្ងាច ខណៈ វៀតណាម និង ម៉ាឡេស៊ី ប៉ះគ្នា​នៅ​ម៉ោង 19 និង 30 នាទី។ ដោយ​ឡែក កម្ពុជា វិញ នឹង​ជួប​ក្រុម ព្រុយ​ណេ នៅ​ថ្ងៃទី 29 ធ្នូ​ខាងមុខ៕

  • មនុស្ស​ជិត​ម្ភៃ​នាក់​បាន​ស្លាប់​ព្រោះតែ​ព្រឹល​ធ្លាក់​ខ្លាំង​នៅ New York

    មនុស្ស​ជិត​ម្ភៃ​នាក់​បាន​ស្លាប់​ព្រោះតែ​ព្រឹល​ធ្លាក់​ខ្លាំង​នៅ New York

    (សហរដ្ឋ​អាម៉េរិក)- ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​ព្រឹល​នៅ​រដ្ឋ New York បាន​កើន​ដល់ 27 នាក់ បន្ទាប់ពី​អាជ្ញាធរ​រកឃើញ​ជនរ​ង​គ្រោះ 14 នាក់​ទៀត​នៅក្នុង​ទីក្រុង Buffalo នៅក្នុង​មួយថ្ងៃ។

    Buffalo ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី​ពីរ​របស់​រដ្ឋ New York គឺជា​តំបន់​មួយ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​​នៅក្នុង​រដូវ​ព្យុះ​ព្រឹល​ដែល​កំពុង​វាយប្រហារ​ពាសពេញ​ទឹកដី​អាម៉េរិក។

    អាជ្ញាធរ​មូលដ្ឋាន​បានប្រកាសថា ចំនួន​មនុស្ស​ស្លាប់​គិត​ត្រឹម​ថ្ងៃទី 26 ធ្នូ បាន​ឡើងដល់ 27 នាក់ កើន 14 នាក់​ធៀប​នឹង​ស្ថិតិ​កាលពី​យប់​កន្លង។ ជនរងគ្រោះ​ភាគច្រើន​គឺជា​អ្នក​ជាប់គាំង​ក្នុង​រថយន្ត ជាប់​នៅ​ខាងក្រៅ​ផ្ទះ ឬ​អ្នកមាន​បញ្ហា​បេះដូង​នៅពេល​សម្អាត​ព្រឹល។

    ចាប់តាំងពី​ព្យុះ​ព្រឹល​បាន​វាយលុក Buffalo តំបន់​មួយចំនួន​របស់​ទីក្រុង​នេះ​ត្រូវបាន​កប់​ក្រោម​ស្រទាប់​ព្រឹល​កម្រាស់​ជាង 1.2 ម៉ែត្រ។ អភិបាលរដ្ឋ New York Kathy Hochul អះអាងថា នេះ​គឺជា​គ្រោះមហន្តរាយ​អាកាសធាតុ «រយ​ឆ្នាំមាន​ម្ដង» សម្រាប់​ប្រជាជន​នៅ​ភាគ​ខាងលិច​រដ្ឋ​នេះ។

    អាជ្ញាធរ New York ឱ្យដឹងថា នេះ​គឺជា​ព្យុះ​ព្រឹល​អាក្រក់​បំផុត​រាប់​ចាប់តាំងពី​គ្រោះធម្មជាតិ​កាលពី​ឆ្នាំ 1977 នៅ Buffalo ដែល​កាលណោះ​ទីក្រុង​នេះ​មាន​មនុស្ស​ស្លាប់​ជិត 30 នាក់។

    ព្យុះ​ព្រឹល​​បានចាប់ផ្ដើម​ពី​បាតុភូត «គ្រាប់បែក​ព្រឹល» ដែល​កកើតឡើង​នៅ​តំបន់​សម្ពាធ​ទាប​ខាងលើ Five Great Leaks បានសម្លាប់​មនុស្ស​យ៉ាងតិច 60 នាក់ នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក នេះ​បើតាម NBC៕

  • Man Utd ត្រូវតែ​បំបែក​ឯតទគ្គ​កម្ម​ បើ​ចង់​​ទិញ​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup

    Man Utd ត្រូវតែ​បំបែក​ឯតទគ្គ​កម្ម​ បើ​ចង់​​ទិញ​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup

    ក្លឹប Man Utd និង Liverpool នឹងត្រូវ​បំបែក​ឯតទគ្គ​កម្ម​ស្ដីពី​តម្លៃ​នៃ​ការដោះដូរ​ បើសិនជា​ចង់​ទិញ​ខ្សែបម្រើ​របស់ អា​ហ្ស​ង់​ទីន Enzo Fernandez ពី Benfica។

    យោងតាម​សារព័ត៌មាន​អង់គ្លេស Sunsport ក្លឹប Benfica មិនមាន​ចេតនា​លក់ Fernandez ក្នុងតម្លៃ «ទាប​ជាង 1 សេន» ធៀប​នឹង​លក្ខខណ្ឌ​តម្លៃ 127 លាន​ដុល្លារ​អាម៉េរិក។ ខ្សែបម្រើ​វ័យ 21 ឆ្នាំនេះ ទើបតែ​បាន​ចូលរួម​ជាមួយ​ក្លឹប​របស់ ព័រទុយហ្កាល់ កាលពី​រដូវក្ដៅ​ឆ្នាំនេះ ហើយ​កិច្ចសន្យា​នៅសល់​​រហូតដល់​ឆ្នាំ 2027។

    ដូច្នេះ Man Utd នឹងត្រូវ​បំបែក​ឯតទគ្គ​កម្ម​ក្នុងការ​ដោះដូរ​របស់​ក្លឹប បើសិន​ចង់​ទិញ Fernandez នៅ​ខែមករា 2023។ ឯតទគ្គ​កម្ម​បច្ចុប្បន្ន​របស់ Man Utd នៅតែ​ជា​ករណី​ទិញដូរ​តម្លៃ 107 លាន​ដុល្លារ​អាម៉េរិក ដែល​បាន​នាំយក​ខ្សែបម្រើ Paul Pogba ត្រលប់​ទៅកាន់​ទីលាន Old Trafford កាលពី​ឆ្នាំ 2016។

    ដូចគ្នានេះដែរ Liverpool ក៏ត្រូវ​បំបែក​កំណត់ត្រា 102 លាន​ដុល្លារ​របស់ Darwin Nunez ពី Benfica នៅ​រដូវ​ដោះដូរ​កីឡាករ​ឆ្នាំ 2022 បើ​ចង់​ចុះកិច្ចសន្យា​ជាមួយ Fernandez នាពេល​ខាងមុខ។

    ក្លឹប Newcastle ត្រូវបាន​គេ​ជឿថា ជា «ចំណត» ថ្មី​ដែលមាន​សក្ដានុពល​រប​ស់ Fernandez ប៉ុន្តែ គ្រូបង្វឹក Eddie Howe ទទួលស្គាល់ថា ថ្លៃ​ដោះដូរ​កីឡាករ​នេះ​គឺ​ខ្ពស់​ណាស់។

    ពី អេ​ស្ប៉ា​ញ Real Madrid ក៏​កំពុង​ស្រាវជ្រាវ​រក​វិធី​ដើម្បី​ទិញ Fernandez ក្នុងករណី​មិនអាច​ទិញ Jede Bellingham របស់ ក្រុម​ជម្រើសជាតិ​អង់គ្លេស។

    Fernandez ទទួល​បានការ​សាទរ​ខ្លាំង​នៅពេល​បណ្ដើរ​បាល់ និង​ស៊ុត​បាល់​ហោះ​កោង​ខ្ពស់​សំដៅ​ទី ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0 ក្នុងការ​ប្រកួត​ជុំ​ទី​ពីរ​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022។ ក្រោយ​រកបាន 1 គ្រាប់​នេះ Fernandez ក៏​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង ហើយ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup 2022។

    Fernandez មានតម្លៃ​ខ្លួន​ស្មើនឹង​ខ្សែបម្រើ Cristian Romero របស់ Tottenham ហើយក៏​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី Lautaro Martinez៕

  • ព្រលានយន្តហោះ​លើ​​កម្ពស់​ជាង 3,000 ម៉ែត្រ​ នៅ​ភាគ​ខាង​លិច​បំផុត​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    ព្រលានយន្តហោះ​លើ​​កម្ពស់​ជាង 3,000 ម៉ែត្រ​ នៅ​ភាគ​ខាង​លិច​បំផុត​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    ប្រទេស​ចិន កាលពី​ថ្ងៃទី 23 ធ្នូ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​ក្នុង​តំបន់​ខ្ពង់រាប​ដំបូង​នៅ​តំបន់​ស្វយ័ត Xinjiang ក្រោយ​ការសាងសង់ 2 ឆ្នាំ។

    ការ​ចេញដំណើរ​ពី​ទីក្រុង Urumqi ដែលជា​ទីក្រុង​រដ្ឋបាល​របស់​តំបន់​ស្វយ័ត Xinjiang នៅវេលា​ម៉ោង 08 និង 57 នាទី​ព្រឹក ថ្ងៃទី 23 ធ្នូ 2022 (ម៉ោង​នៅ ប៉េកាំង) ជើងហោះហើរ CZ5193 របស់ China Southern Airlines បាន​ចុះចត​លើ​ព្រលានយន្តហោះ Tashkurgan Khunjerab ក្នុងស្រុក Tajik Taxkorgan របស់ Xinjiang នៅ​ម៉ោង 10 និង 59 ព្រឹក​ក្នុង​ថ្ងៃ​ដដែល គឺជា​ជើងហោះហើរ​​ដំបូង​ដែល​បញ្ជាក់​អំពី​ការ​សម្ពោធ​ព្រលានយន្តហោះថ្មី​​ស្ថិតនៅលើ​ទី​ខ្ពស់​ដំបូង​របស់​តំបន់​នេះ។

    ព្រលានយន្តហោះ Tashkurgan Khunjerab ដែល​ស្ថិតនៅលើ​កម្ពស់ 3,258 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ​គឺជា​ព្រលានយន្តហោះ​ដឹកជញ្ជូននៅ​​ទិស​ខាងលិច​ឆ្ងាយ​បំផុត​​របស់ ​ប្រទេស​ចិន។ ព្រលានយន្តហោះ​នេះ​មាន​ផ្លូវ​រត់​មួយ​ខ្សែ​ដែលមាន​ប្រវែង 3,800 ម៉ែត្រ អាចឆ្លើយតប​នឹង​ការហោះ​ឡើង និង​ចុះចត 1,900 ជើង​ជា​រៀងរាល់ឆ្នាំ ដោយ​អាច​ទទួល​អ្នកដំណើរ​បា​ន 160,000 នាក់ រួម​នឹង​ទំនិញ 400 តោន/ឆ្នាំ។

    Tashkurgan Khunjerab ត្រូវបាន​ផ្ដើម​ការស្ថាបនា​ចាប់ពី​ឆ្នាំ 2020 ដោយ​ប្រើប្រាស់​ទុនវិនិយោគ​ជាង 1.6 ពាន់​លាន​យ៉ុ​ន ស្មើនឹង 229 លាន​ដុល្លារ​អាម៉េរិក។ ការស្ថាបនា​ព្រលានយន្តហោះ​នៅលើ​តំបន់​ខ្ពង់រាប Pamir គឺជា​រឿង​​លំបាក​ ដោយ​​សារ​តែ​​ស្ថាន​ភាព​​ខ្វះ​អុក​ស៊ី​សែន រួម​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង។

    កន្លងមក ការធ្វើដំណើរ​ពី​តំបន់​ព្រលានយន្តហោះខាងលើ​​​ទៅកាន់ ទីក្រុង​ប៉េកាំង ត្រូវ​ចំណាយពេល​ពី 40 ទៅ 50 ម៉ោង ដោយ​ការ​ជិះ​រថយន្តក្រុង និង​រថភ្លើង។ ប៉ុន្តែ ការធ្វើដំណើរ​តាម​យន្តហោះ​ពី​ព្រលាន​ថ្មី​នេះ ពេលវេលា​ត្រូវ​ថយចុះ​មក​នៅត្រឹម 8 ម៉ោង​ប៉ុណ្ណោះ។

    យោងតាម Xinhua ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​ថ្មី​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ទេសចរណ៍​ក្នុង​តំបន់​ផងដែរ៕

  • ក្រសួង​ការងារ​ជូនដំណឹង​អំពី​ការជ្រើសរើស​បេក្ខជន​សម្រាប់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី

    ក្រសួង​ការងារ​ជូនដំណឹង​អំពី​ការជ្រើសរើស​បេក្ខជន​សម្រាប់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី

    នៅក្នុង​ចំណោម​លក្ខខណ្ឌ​នៃ​ចុះឈ្មោះ​សុំ​អាហារូបករណ៍ ក្រសួង​ផ្ដល់​អាទិភាព​ចំពោះ​បេ​ក្ខ​នារី​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល និង​ជនជាតិភាគតិច រួម​នឹង​ជនពិការ​ផងដែរ។

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាសជូន​ដំណឹង​ថា ក្នុង​ឆ្នាំ​សិក្សា 2022-2023 ក្រសួង​នឹង​ជ្រើសរើស​បេក្ខជន​ចំនួន 24,238 នាក់ ឱ្យទទួល​អាហារូបករណ៍​ចូលរៀន​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ 1 (C1) 2 (C2) និង 3 (C3) កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និង​កម្រិត​បរិញ្ញាបត្រ​បច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រ​វិស្វករ (BT/S/BE) ទៅតាម​ចំនួន ជំនាញ/មុខរបរ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដូច​ក្នុង​សេចក្ដីជូនដំណឹង​ខាងក្រោម។

    ព័ត៌មានផ្សេងៗទៀត បេក្ខជន​អាចធ្វើ​ការទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈនីមួយៗដែល​ខ្លួន​មានបំណង​ចូលរៀន។