Author: សឿន សំណាង

  • គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ និង​ផលិត​កាបូប​ចំនួន 3 ទៀត ទទួល​បាន​ការ​យល់​ព្រម​ពី ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ និង​ផលិត​កាបូប​ចំនួន 3 ទៀត ទទួល​បាន​ការ​យល់​ព្រម​ពី ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    រោងចក្រ​ផលិត​កាបូប​ សម្លៀក​បំពាក់​ កម្រាល​​គ្រែ​ របស់​ក្រុមហ៊ុន WINDARA INTERNATIONAL, YUE WING CHEONG MANUFACTORY និង XIN SHUN JIE (CAMBODIA) LEATHER ត្រូវបាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ។

    រោងចក្រ​ទាំងនេះ​មាន​ដូចខាងក្រោម ៖

    ក្រុម​ហ៊ុន WINDARA INTERNATIONAL CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូបស្ពាយ​ពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរ​សម្លៀកបំពាក់ និង​កម្រាល​ក្រាល​ដេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ C ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,714 កន្លែង។

    ក្រុម​ហ៊ុន YUE WING CHEONG MANUFACTORY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 738 កន្លែង។

    ក្រុម​ហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,133 កន្លែង។

    រោងចក្រ​ទាំង 3 ដែលមាន​ទីតាំងនៅ ខេត្តកំពង់ស្ពឺ ខាងលើនេះ គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​សរុប 16 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 4,600 កន្លែង៕

  • កូនស្រី​របស់​ស្ថាបនិក Huawei ថត​ភាពយន្ត​ជាមួយនឹងកំពូល​តារា​សម្ដែង Liu Yifei 

    កូនស្រី​របស់​ស្ថាបនិក Huawei ថត​ភាពយន្ត​ជាមួយនឹងកំពូល​តារា​សម្ដែង Liu Yifei 

    ស្រីស្អាត Annabel Yao ដែលជា​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ចិន Huawei លោក Ren Zhengfei សម្ដែង​ជា​តួអង្គ​រង​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place ដែលមាន​​កំពូល​តារា​សម្ដែង Liu Yifei (Crystal Liu) សម្ដែង​ជា​តួឯក។

    នាង​ Annabel Yao វ័យ 25 ឆ្នាំ សម្ដែង​ជា​តួអង្គ​ម្ចាស់​ហាង​ចាបហួយនៅ​​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place (Meet Yourself) ​ដែល​ចាប់​បញ្ចាំង​តាំងពី​ថ្ងៃទី 03 មករា 2023។

    នៅលើ​វេទិកា​អន​ឡាញ​នានា អ្នកគាំទ្រ​ជាច្រើន​បានឱ្យដឹងថា ពួកគេ​ភ្ញាក់ផ្អើល​នៅពេល​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស Huawei សម្ដែង​ជា​តួរង ព្រោះថា កន្លង​មក​នាង​ត្រូវបាន​គេ​ឡង់សេ​ខ្លាំង​រាប់​ចាប់តាំងពី​ពេល​ឈាន​ជើង​ចូលក្នុង​វិស័យ​ក​ន្សា​ន្ត។ មុនពេល​សម្ដែង​ក្នុង​រឿង​ខាងលើ Annabel Yao បាន​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី រឿង The Water Murmurs, 2022។

    ខុសពី​បណ្ដា​គម្រោង​ថត​ភាពយន្តមុនៗ លើក​នេះ Annabel Yao ទទួលបាន​ការកោតសរសើ​រ​ច្រើន ដោយ​សារ​តែ​នាង​អាច​បង្ហាញ​លក្ខណៈ​បែប​ធម្មជាតិ ស្លូតត្រង់ និង​បែប​អ្នក​ជនបទពិតៗ។ ក៏ប៉ុន្តែ នៅ​មានមតិ​រិះគន់​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​អ្នកខ្លះ​ថា សម្រស់​របស់​នាង​ធម្មតាៗ បើសិន​មិនមាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ទេ នាង​ពិបាក​នឹង​បាន​សម្ដែង​ជា​តួអង្គ​លេចធ្លោ។

    នាង Annabel Yao គឺជា​កូនស្រី​ពៅ​របស់លោក Ren Zhengfei ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដូច្នេះ នាង​ក៏​តែង​ត្រូវបាន​អ្នកយកព័ត៌មាន​ចិន​ហៅថា «ព្រះ​នាង​របស់ Huawei» (Huawei ត្រូវ​បាន​ សហរដ្ឋ​​អាម៉េរិក ដាក់​ទណ្ឌកម្ម ដោយ​ចោទ​ថា ជា​អ្នក​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​ប្រទេស​នេះ)។ នាង​បាន​ចូលប្រលូក​ក្នុង​វិស័យ​កម្សាន្ត​តាំង​ពីដើមឆ្នាំ 2021 ក្រោយពី​បាន​រៀន​ចប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard។ Annabel Yao ធ្លាប់​បញ្ចេញ MV ចំនួន 2 ប៉ុន្តែ សុទ្ធតែ​ត្រូវបាន​សហគមន៍​អ្នកជំនាញ និង​ទស្សនិកជន​វាយតម្លៃ​ទាប៕

  • ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​​ខ្លាំងជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ដំណើរ​ការ​

    ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​​ខ្លាំងជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ដំណើរ​ការ​

    ទួ​រ​ប៊ី​ន​ខ្យល់ V236 កម្លាំង 15 MW របស់​ក្រុមហ៊ុន Vestas បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​នៅលើ​លំហ​សមុទ្រ​របស់ ប្រទេស​ដា​ណឺ​ម៉ាក។

    គំរូ​របស់​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ Vestas V236 ខាងលើ​ត្រូវបាន​ដំឡើង​កាលពីពេលថ្មីៗនេះ​នៅក្នុង​មជ្ឈមណ្ឌល​ពិសោធន៍​ជាតិ Osterild នៅ Jutland ខាងលិច នៃ​ប្រទេស​ដា​ណឺ​ម៉ាក និង​បានចាប់ផ្ដើម​ផលិត​អគ្គិសនី kWh ដំបូង នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ម្សិលមិញ។ បច្ចុប្បន្ន នេះ​គឺជា​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​​ដោយ​កម្លាំង​ខ្យល់​ ​ខ្លាំង​បំផុត​លើ​ពិភពលោក។

    Vesta V236 មាន​កម្លាំង 15 MW និង​ទំហំ​ផ្ទៃក្រឡា​ដែល​កង្ហារ​របស់​វា​វិល​គឺ​ជាង 43,740 ម៉ែត្រ។ Vesta V236 ដែល​ត្រូវ​បានបង្ហាញ​កាលពី​ខែកុម្ភៈ 2021 មាន rotor ដែលមាន​មុខកាត់ 236 ម៉ែត្រ និង​កម្ពស់ 280 ម៉ែត្រ ខណៈ​​ដែល​​ស្លាប​កង្ហារនីមួយៗមាន​ប្រវែង​ជាង 115 ម៉ែត្រ។

    Vesta V236 មួយគ្រឿង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​​សម្រាប់​ការប្រើប្រាស់​របស់​គ្រួសារ 20,000 គ្រួ​នៅ អឺរ៉ុប និង​អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 38,000 តោន/ឆ្នាំ។

    ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​របស់ Vestas នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ដំណើរការ​សាកល្បង​បន្ថែម ក្នុង​បំណង​​បញ្ជាក់​ទៅលើ​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​វា មុន​នឹងដាក់​ពាក្យស្នើ​សុំ​អាជ្ញា​បណ្ណ​ដើម្បី​ផលិត​ទ្រង់ទ្រាយ​ធំ៕

  • ឡើង​តុលាការ​ព្រោះតែ​លែង​ត្រីជាង 12 តោន​ដើម្បី​រំដោះគ្រោះ

    ឡើង​តុលាការ​ព្រោះតែ​លែង​ត្រីជាង 12 តោន​ដើម្បី​រំដោះគ្រោះ

    (ប្រទេស​ចិន)- ស្ត្រី​ម្នាក់​ត្រូវ​ឡើង​តុលាការ​បន្ទាប់ពី​បាន​លែង​ត្រី​អណ្ដែងជាង 12 តោន ទៅក្នុង​ទឹក​បឹង ទៅតាម​ជំនឿ​ព្រះពុទ្ធសាសនា ដើម្បី​ជា​ការ​រំដោះ​គ្រោះ និង​បួងសួង​សុំ​សេចក្ដីសុខ។

    SCMP កាលពី​ថ្ងៃទី 04 មករា បាន​ចុះផ្សាយ​ថា រដ្ឋអាជ្ញា​នៅ​ខេត្ត Jiangsu ប្រទេស​ចិន អនុវត្ត​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ត្រកូល Xu ព្រោះតែ​សកម្មភាព​លែង​ត្រី​អណ្ដែង 12.5 តោន ចូលក្នុង​បឹង ធ្វើឱ្យ​កម្មករ​ផ្នែកអនាម័យ​នៅ​មូលដ្ឋាន​ចំណាយពេល​រហូតដល់ 10 ថ្ងៃ ​នៅក្នុង​ការស្រង់ ប្រមូលត្រី​​ពី​បឹង​វិញ។ រឿងក្ដី​នេះ​កំពុង​ត្រូវបាន​បើកសវនាការ​នៅ​តុលាការ​ក្រុង Changzhou។

    រឿងហេតុ​ដែល​បាន​ឡើងដល់​តុលាការ​នេះ​គឺ​កើតឡើង​បន្ទាប់ពី ស្ត្រី​ម្នាក់​ត្រកូល Xu បាន​ចំណាយ​ប្រាក់​ប្រហែល 13,000 ដុល្លារ​អាម៉េរិក ទិញ​ត្រី​អណ្ដែង 12.5 តោន​ពី​អ្នកលក់​ម្នាក់​ដែលមាន​ត្រកូល Liu ហើយ​យកទៅ​លែង​ដោយស្ងាត់ៗនៅក្នុង​បឹង​មួយ​ក្នុង​ទីក្រុង​កាលពី​ខែធ្នូ 2021។

    ត្រី​ជាច្រើន​ដែល​ត្រូវបាន​លែង​ក្នុង​បឹង​នោះ​ក៏បាន​ងាប់​ជា​បន្តបន្ទាប់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ការចាប់អារម្មណ៍​ពី​បុគ្គលិក ​អាជ្ញាធរ​ក្នុង​តំបន់ និង​ធ្វើឱ្យ​ពួកគេ​ត្រូវ​ចំណាយពេល 10 ថ្ងៃ​ក្នុងការ​ប្រមូល​ត្រី​ងាប់​ពី​​ក្នុង​បឹង។

    អ្នកស្រី Xu និង​អ្នកលក់​ត្រី​ត្រកូល Liu ត្រូវបាន​គេ​ប្ដឹង​កាលពី​ខែកញ្ញា 2022 និង​ត្រូវ​ស្នើឱ្យ​សង​ការខាតបង់​ជាង 90,000 យុន រួម​នឹង​ប្រាក់​ពិន័យ​មួយចំនួនទៀត។

    ការលែង​សត្វ​រំដោះគ្រោះ​គឺជា​ទំនៀមទម្លាប់​ដែលមាន​តាំងពី​យូរ​មកហើយ ប៉ុន្តែ បច្ចុប្បន្ន សត្វ​ដែល​ត្រូវគេ​យកមក​លែង មួយ​ភាគ​ធំ​គឺជា​សត្វ​ដែល​ត្រូវគេ​ចាប់ពី​ធម្មជាតិ និង​លក់​ទៅឱ្យ​អ្នកមាន​តម្រូវ​ការលែង​ក្នុង​ពិធី​រំដោះគ្រោះ ក្នុង​នោះ​​ក៏​មាន​សត្វ​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​ មាន​ជា​អាទិ៍​ សត្វ​​​ក្រពើ ឬ​ពស់​វែក​ជា​ដើម​៕

  • ឥណ្ឌូណេស៊ី មិន​ធ្លាប់​បាន​ចាញ់​​ក្រោម​ថ្វី​ជើង​របស់​ វៀតណាម នៅ AFF Cup ចាប់តាំងពី​ក្រោយ​ឆ្នាំ 1996

    ឥណ្ឌូណេស៊ី មិន​ធ្លាប់​បាន​ចាញ់​​ក្រោម​ថ្វី​ជើង​របស់​ វៀតណាម នៅ AFF Cup ចាប់តាំងពី​ក្រោយ​ឆ្នាំ 1996

    លើកចុងក្រោយ​បង្អស់​ដែល ឥណ្ឌូណេស៊ី ត្រូវ​ចាញ់​វៀតណាម នៅ AFF Cup គឺ​នៅ​ឆ្នាំ 1996 ដោយ​វៀតណាម បានឈ្នះ 3-2 ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លេខ 3។

    នៅក្នុង​ការប្រកួត​ចាញ់ វៀតណាម 2-3 នៅ AFF Cup 1996 ដែល​កាលណោះ​នៅ​ប្រើ​ឈ្មោះ Tiger Cup ក្រុម​របស់ ឥណ្ឌូណេស៊ី រកបាន 2 គ្រាប់ ខណៈ វៀតណាម ស៊ុត​បញ្ចូល​ទី​របស់​គូប្រកួត​បាន 2 គ្រាប់ ចំណែក​គ្រាប់​ទី 3 ដែល វៀតណាម រកបាន គឺ​ដោយសារ​កីឡាករ​ឥណ្ឌូណេស៊ី ទាត់​ចូល​ទី​ខ្លួនឯង។

    ក្នុង​រយៈពេល 26 ឆ្នាំក្រោយ​ការប្រកួត​ខាងលើ ឥណ្ឌូណេស៊ី មិន​ធ្លាប់បាន​ចាញ់​វៀតណាម​ម្ដងណា​ទៀតឡើយ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍។ ក្នុងអំឡុង​ពេលនោះ ឥណ្ឌូណេស៊ី ធ្លាប់​បានឈ្នះ​លើ វៀតណាម 3-2 ក្នុង​ឆ្នាំ 2000, ស្មើ 2-2 ក្នុង​ឆ្នាំ 2002, ឈ្នះ 3-0 នៅ​ឆ្នាំ 2004, ស្មើ 1-1 នៅ​ឆ្នាំ 2007, ស្មើ 2-2 នៅ​ឆ្នាំ 2014, ឈ្នះ 2-1 និង​ស្មើ 2-2 នៅ​ឆ្នាំ 2016 ហើយ​ស្មើ 0-0 ក្នុង​ឆ្នាំ 2020។

    លទ្ធផល​ខាងលើនេះ​កំពុងតែ​ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​ទឹកចិត្ត​ក្នុងការ​ប្រឈមមុខ​នឹង វៀតណាម នៅ​ជុំ​ដំបូង​ដែល​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 06 មករា 2023។ ជា​សរុប ក្នុង​ប្រវត្តិសាស្ត្រ ឥណ្ឌូណេស៊ី និង​វៀតណាម បាន​ប៉ះគ្នា​ចំនួន 25 ប្រកួត ក្នុងនោះ ឥណ្ឌូណេស៊ី បានឈ្នះ 8 ប្រកួត, ស្មើ 10 ប្រកួត និង​ចាញ់ 7 ប្រកួត។

    យោងតាម Bola ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​គូប្រកួត​ធំ​ចំនួន 3 គឺ ថៃ វៀតណាម និង ម៉ាឡេស៊ី៕

  • រាជធានី​តូ​ក្យូ ផ្ដល់ប្រាក់​សំណង​សម្រាប់​ពលរដ្ឋ​ដែល​យល់ព្រម​ចាក​ចេញពី​ទីក្រុង

    រាជធានី​តូ​ក្យូ ផ្ដល់ប្រាក់​សំណង​សម្រាប់​ពលរដ្ឋ​ដែល​យល់ព្រម​ចាក​ចេញពី​ទីក្រុង

    រាជធានី​តូ​ក្យូ របស់ ប្រទេស​ជប៉ុន នឹង​ផ្ដល់ប្រាក់​សំណង​ដល់​ពលរដ្ឋ​ទាំងឡាយណា​ដែល​យល់ព្រម​ចាក​ចេញពី​ទីក្រុង ដោយយោង​ទៅ​តាម​​ការកំណត់​ថ្មី​ដែល​​នឹងមាន​សុពលភាព​ចាប់ពី​ខែមេសា 2023។

    ដើម្បី​កាត់បន្ថយ​សម្ពាធ​នៃ​​ចំនួន​ប្រជាជន​នៅ 23 ខណ្ឌ​ក្នុង​រាជធានី​តូ​ក្យូ រាជរដ្ឋាភិបាល​ជប៉ុន បានឱ្យដឹងថា នឹង​ផ្ដល់ជំនួយ 5 លាន​យ៉េន (37,700 ដុល្លារ​អាម៉េរិក) ដល់​គ្រួសារ​ទាំងឡាយណា​ដែល​យល់ព្រម​រើ​ពី​រដ្ឋធានី​ទៅ​រស់នៅ និង​ធ្វើការ​រកស៊ី​នៅ​កន្លែង​ដទៃ។

    យោងតាម​គោលនយោបាយ​ខាងលើ គ្រួសារនីមួយៗនឹង​ទទួលបាន​សំណង ឬ​ជំនួយ 1 លាន​យ៉េន (7,550 ដុល្លារ​អាម៉េរិក) សម្រាប់​សមាជិក​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។ បើសិន​គ្រួសារ​មួយ​មានកូន 2 នាក់​អាយុ​ក្រោម 18 ឆ្នាំ ចាក​ចេញពី តូ​ក្យូ និង​បើក​អាជីវកម្ម​មួយ​នៅ​លំនៅ​ថ្មី ពួកគេ​នឹង​ទទួលបាន​កញ្ចប់​ជំនួយ​ឡើងដល់ 5 លាន​យ៉េន។

    បច្ចុប្បន្ន នៅ​ទូទាំងប្រទេស​ជប៉ុន មាន​ភូមិ និង​ទីរួមស្រុក​ប្រហែល 1,300 បាន​ចុះឈ្មោះ​ទទួលយក​អ្នក​ដែល​ចង់​ចាក​ចេញពី តូ​ក្យូ។

    រាជធានី​តូ​ក្យូ មាន​ប្រជាជន​ប្រហែល 35 លាន​នាក់ ស្មើនឹង 28% នៃ​ប្រជាជន​សរុប​នៅ ជប៉ុន និង​ជា​តំបន់​ទីក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ​លើ​ពិភពលោក។ ចំណែក​នៅ​ទីរួមស្រុក និង​ភូមិឋាន​នៅ​ជនបទ មិនមាន​មនុស្ស​ច្រើន ក្រុមហ៊ុន សហគ្រាស​តែង​តែ​​ខ្វះ​បុគ្គលិក និង​អតិថិជន។

    តាម​ការប៉ាន់ស្មាន ចំនួន​ផ្ទះ​ដែលមិន​មាន​មនុស្ស​រស់នៅ​ក្នុងប្រទេស​ជប៉ុន នឹង​កើន​ដល់​ប្រហែល 10 លាន​ខ្នង​នៅក្នុង​ឆ្នាំនេះ៕

  • WHO ថា «XBB.1.5 អាចជា​វ៉ា​រ្យ៉​ង់​របស់​​អូ​មី​ក្រុង​ដែល​ឆ្លង​លឿន​បំផុត»

    WHO ថា «XBB.1.5 អាចជា​វ៉ា​រ្យ៉​ង់​របស់​​អូ​មី​ក្រុង​ដែល​ឆ្លង​លឿន​បំផុត»

    អង្គការ​សុខភាព​ពិភពលោក (WHO) មានការ​ព្រួយបារម្ភ​ចំពោះ XBB.1.5 ដែលជា​វ៉ា​រ្យ៉​ង់​ថ្មី​ក្នុង​​ត្រកូល​អូមីក្រុង​របស់វីរុស​បង្ក​ជំងឺ​កូ​វីដ-19 កំពុង​ឆ្លង​រាលដាល​នៅ សហរដ្ឋ​អាម៉េរិក ដោយ​យល់ថា វា​អាចជា​វីរុស​ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាងគេ​បង្អស់។

    ក្នុង​ខែធ្នូ 2022 អត្រា​នៃ​ការឆ្លង​កូ​វីដ-19 នៅ សហរដ្ឋ​អាម៉េរិក កើន​ពី 4% ឡើងទៅ 41% ក្នុងនោះ ជិត​ពាក់​កណ្ដាល​គឺ​បង្កឡើង​ដោយ XBB.1.5។ វេជ្ជបណ្ឌិត Ashish Jha មន្ត្រី​សុខាភិបាល​នៅ សេត​វិមាន បានឱ្យដឹងថា នេះ​គឺជា​កំណើន​ដ៏​គួរឱ្យភ្ញាក់ផ្អើល។

    ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី 04 មករា 2022 លោកស្រី Maria Van Kerkhove ដែលជា​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​ជា​មេដឹកនាំ​ផ្នែក​បច្ចេកទេស​ស្ដីពី​កូ​វីដ-19 ក៏បាន​យល់ឃើញ​ដូចខាងលើ។ វេជ្ជបណ្ឌិត Van Kerkhove ថ្លែងថា វ៉ា​រ្យ៉​ង់ XBB.1.5 បាន​ឆ្លង​ដល់​ប្រទេស​ចំនួន 29 ហើយ ក្រោយពី​បានបង្ហាញ​ខ្លួន​ដំបូង​នៅ សហរដ្ឋ​អាម៉េរិក។

    វេជ្ជបណ្ឌិត Ashish Jha និយាយថា ការស្រាវជ្រាវ​ដើម្បី​ដឹង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទៅលើ XBB.1.5 កំពុង​ត្រូវបាន​ធ្វើឡើង។ វ៉ា​រ្យ៉​ង់​នេះ​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​ងាយ និង​ឆ្លង​រាលដាល​ខ្លាំង ប៉ុន្តែ លោក Jha ថា មិនទាន់​ដឹង​ច្បាស់​ថា វីរុស​ថ្មី​នេះ​អាច​បង្ក​អាការរោគ​ធ្ងន់ធ្ងរ​ជាង​មុន ឬ​អត់​នៅឡើយ។

    លោកស្រី Maria Van Kerkhove វិញ បានឱ្យដឹងថា WHO កំពុង​វាយតម្លៃ​ហានិភ័យ​លើ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ អូ​មី​ក្រុង​នេះ។

    XBB.1.5 គឺជា​ញាតិ​របស់​វ៉ា​រ្យ៉​ង់​ក្នុង​ត្រកូល​អូ​មី​ក្រុង XBB របស់​វីរុស SARS-CoV-2 ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-19។ XBB.1.5 កកើតឡើង​ពី​ការរួម​ផ្សំ​រវាង​សាខា​វ៉ា​រ្យ៉​ង់ BA.2.10.1 និង BA.2.75។ យោងតាម WHO បច្ចុប្បន្ន ទាំង XBB និង XBB.1.5 កំពុងមាន​ប្រៀប​ជាង​វ៉ា​រ្យ៉​ង់​ដទៃ​របស់ អូ​មី​ក្រុង។ XBB បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន 70 បង្កឱ្យមាន​រលក​នៃ​ការឆ្លង​នៅ​តំបន់​មួយចំនួន​របស់ អាស៊ី រួមមាន​ទាំង ឥណ្ឌា និង​សិង្ហ​បុរី កាលពី​ខែតុលា 2022៕

  • មិត្ត​រួម​ក្រុម​នៅ​​បារាំង ឈរ​ជា​ជួរ ទទួល​ស្វាគមន៍ Lionel Messi មក​កាន់​ក្លឹប PSG

    មិត្ត​រួម​ក្រុម​នៅ​​បារាំង ឈរ​ជា​ជួរ ទទួល​ស្វាគមន៍ Lionel Messi មក​កាន់​ក្លឹប PSG

    (បារាំង)- Lionel Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដី​ពី​មិត្ត​រួម​ក្រុម នៅពេល​ត្រលប់​ទៅកាន់ បារី​ស ដើម្បី​ហាត់​សមជា​មួយ​ក្លឹប PSG ក្រោយ​រយៈពេល 2 សប្ដាហ៍​ដែល​បាន​សម្រាក​បន្ទាប់ពី World Cup 2022 នៅ កាតា បានបញ្ចប់។

    ព្រឹក​ថ្ងៃទី 04 មករា 2023 Messi បាន​ទៅដល់​ទីលាន​ហ្វឹកហាត់ PSG។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​គាត់​បង្ហាញខ្លួន​នៅឯ​ក្លឹប បន្ទាប់ពី អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។

    លើកចុងក្រោយ​បង្អស់​ដែល Messi លេង​ឱ្យ​ក្លឹប PSG គឺ​នៅក្នុង​ការប្រកួត​ឈ្នះ Auxerre កាលពី​ថ្ងៃទី 13 វិច្ឆិកា 2022 នៅ Ligue I មុនពេល​ទៅ​ចូលរួម​ប្រកួត និង​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup កាលពី​ខែធ្នូ 2022។

    Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មិត្ត​រួម​ក្រុម​នៅ​ក្លឹប PSG ក្នុងនោះ​មាន Neymar (មកពី ប្រេ​ស៊ី​ល), Carlos Soler (មកពី អេ​ស្ប៉ា​ញ), Nuno Mendes (មកពី ព័រទុយហ្កាល់) ជាដើម។ល។

    បន្ទាប់ពី​ស្វាគមន៍​គ្នា​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ Messi ក៏បាន​ចេញមក​ទីលាន​ហ្វឹកហាត់ ដោយមាន​ការទទួល​អ​ប​អរ​របស់​សមាជិក​ក្លឹប PSG។ មិត្ត​រួម​ក្រុម បុគ្គលិក​របស់​ក្លឹប ឈរ​ជា​ជួរ ទះដៃ អបអរសាទរ​ប្រធាន​ក្រុម​របស់ អា​ហ្ស​ង់​ទីន។

    តំណាង​គណៈកម្មការ​គ្រប់គ្រង​ក្លឹប PSG របស់ បារាំង ក្រោយមក​ក៏បាន​ប្រគល់​ពាន​អនុស្សាវរីយ៍​ជើងឯក World Cup ដល់ Messi។

    កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បាន​យល់ព្រម​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយនឹង PSG និង​ត្រូវ​ទាត់​ឱ្យ​ក្លឹប​រហូតដល់​ឆ្នាំ 2024។ តាម​គម្រោង កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​ចុះហត្ថលេខាឆាប់ៗនេះ៕

  • «ស្លាប់​បាត់​ហើយ» ក្មេងអាយុ 10 ដែល​ធ្លាក់​ជាប់​ក្នុង​បំពង់សសរ​ក្រោម​ដីជម្រៅ​ 35 ម៉ែត្រ​នៅ​វៀតណាម

    «ស្លាប់​បាត់​ហើយ» ក្មេងអាយុ 10 ដែល​ធ្លាក់​ជាប់​ក្នុង​បំពង់សសរ​ក្រោម​ដីជម្រៅ​ 35 ម៉ែត្រ​នៅ​វៀតណាម

    ក្មេង​ប្រុស​រង​គ្រោះ Thai Ly Hao Nam ដែល​បាន​ជាប់​ 4 ថ្ងៃ​នៅ​ក្នុង​បំពង់សសរ​បេតុង​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ នៅ​ក្នុង​ការដ្ឋាន​សាងសង់ស្ពានមួយ​កន្លែង​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម បាន​ស្លាប់​ហើយ ក្រោយ​ការ​រត់ប្រណាំង​នឹង​ពេល​វេលា​របស់​ក្រុម​សង្គ្រោះ​។

    យោងតាម​​សារព័ត៌មាន VNexpress ដំណឹង​អាក្រក់​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អភិបាលរងខេត្ត​ Dong Thap កាល​ពី​វេលាម៉ោង​ 18 និង 31 នាទី​ថ្ងៃទី 04 មករា 2022 នៅ​កន្លែង​កើត​ហេតុ។

    មក​ដល់អំឡុង​ពេល​នោះ ក្រុម​សង្គ្រោះ​បាន​ចំណាយ​ពេលជិត 100 ម៉ោង​ក្នុង​ការ​ជួយ​សង្គ្រោះ​ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ​។ បំពង់សសរបេតុង​ប្រវែង 35 ម៉ែត្រ ដែល​ក្មេង​រង​គ្រោះ​កំពុង​ជាប់​ខាង​ក្នុង​នោះ មិន​ទាន់​ត្រូ​វ​បាន​ដក​ឡើង​ពី​ក្រោម​ដី​នៅឡើយ​។

    ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេល​កើតហេតុ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។

    ឪពុករបស់​ក្មេង​រងគ្រោះ
    ម្ដាយរបស់ក្មេងរងគ្រោះ
  • រកឃើញ​ប្រភេទ​ឈាម​ដែល​បង្ក​ «ហានិភ័យ​ឆាប់​​ដាច់​សរសៃឈាម​ខួរក្បាល»

    រកឃើញ​ប្រភេទ​ឈាម​ដែល​បង្ក​ «ហានិភ័យ​ឆាប់​​ដាច់​សរសៃឈាម​ខួរក្បាល»

    (សហរដ្ឋ​អាម៉េរិក)- ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេ​ជ្ជា​សាស្ត្រ Maryland បាន​រកឃើញ​ទំនាក់ទំនង​រវាង​ប្រភេទ​ឈាម និង​អត្រា​ឈឺបេះដូង និង​ឆាប់​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Neurology កាលពី​ថ្ងៃទី 03 មករា 2023។ បន្ទាប់ពី​បាន​ពិនិត្យ​លើក​ត្តា​ទាក់ទង​នានា ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​រកឃើញថា ឈាម​ប្រភេទ A មាន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ឆាប់​ជាង 18% ធៀប​នឹង​​ក្រុម​ឈាម​ដទៃ។ ចំណែក​អ្នកមាន​ឈាម​ប្រភេទ O មាន​ហានិភ័យ​ទាប​ជាង 12%។

    ដើម្បី​ទទួលបាន​លទ្ធផល​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​ចំនួន 48 លើក​ដែល​ធ្វើ​ឡើង​ទៅលើ​អ្នក​​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយសារ​ខ្វះ​ឈាម​ នៅលើ​មនុ​ស្សវ័យ​ក្រោម 60 ឆ្នាំ។ ក្នុងចំណោម​នោះ​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរកបាល​ចំនួន 17,000 នាក់ និង​មនុ​ស្សមាន​សុខភាព​ធម្មតា 600,000 នាក់។ អ្នក​ស្រា​ជ្រាវ​ក៏បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​ឆាប់​ដាច់​សរសៃឈាម​ខួរក្បាល ជាមួយនឹង​តំបន់​នៃ​ក្រូម៉ូសូម​ដែលមាន​ហ្សែ​ន​កំណត់​ក្រុម​ឈាម (A, B, AB ឬ O)។

    ក៏ប៉ុន្តែ បើទោះជា​បាន​រកឃើញថា ឈាម​ប្រភេទ A មាន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់​ក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​បញ្ជាក់ថា អ្នក​ដែលមាន​ឈាម​ប្រភេទ​នេះ​មិនចាំបាច់​បារម្ភ​ឡើយ។ ពួកគេ​ជឿថា ហានិភ័យ​ដាច់​សរសៃឈាម​កើនឡើង​ គឺ​អាច​បណ្ដាលមកពី​បញ្ហា​​មាន​ឈាមកក។ ការសិក្សា​ស្រាវជ្រាវ​កន្លង​ក៏បាន​បង្ហាញថា អ្នក​ដែលមាន​ឈាម​ប្រភេទ A មាន​ហានិភ័យ​មាន​ឈាមកក​ក្នុង​សរសៃឈាម​ជ្រៅ «​ខ្ពស់​ជាងគេ» ​ផងដែរ៕