Author: សឿន សំណាង

  • សម្រស់​របស់​ស្រី​ស្អាត​ដែល​ទើបបាន​ «គ្រង​មកុដ​បវរកញ្ញា​​ឯកចក្រវាល 2022»

    សម្រស់​របស់​ស្រី​ស្អាត​ដែល​ទើបបាន​ «គ្រង​មកុដ​បវរកញ្ញា​​ឯកចក្រវាល 2022»

    R’bonney Gabriel ដណ្ដើមបាន​ជ័យជម្នះ​ប្រកបដោយ​ភាព​ស័ក្ដិសម​នៅឯ​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ចក្រវាល 2022 (Miss Universe 2022) ដែល​បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​រក្សាបាន​នូវ​កេរ្តិ៍ឈ្មោះ​ជា​ប្រទេស​គ្រប់គ្រង​តំណែង​បវរកញ្ញា​ចក្រវាល​ច្រើន​ជាង​គេ​​បំផុត​លើ​ពិភពលោក។

    វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រលង​បវរកញ្ញា​ចក្រវាល 2022 ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14 មករា (ថ្ងៃទី 15 នៅ​កម្ពុជា)។ ជ័យជម្នះ​បាន​ទៅលើ R’bonney Gabriel ​​​តំណាង​របស់​សហរដ្ឋ​អាម៉េរិក ដែលជា​ម្ចាស់ផ្ទះ។ ស្រី​ស្អាត R’bonney Gabriel បាន​គ្រង​មកុដ​ដោយមាន​ការពេញចិត្តខ្លាំង​​ពី​អ្នកគាំទ្រ។ តំណែង​បវរកញ្ញា​លំដាប់​រង​ទីមួយ​បាន​ទៅលើ​ស្រី​ស្អា​តរបស់​វេ​ណេ​ស៊ុយ​អែ​ឡា និង​លំដាប់​រង​ទី​ពីរបាន​ទៅលើ​ស្រី​ស្អាត​របស់​សាធារណរដ្ឋ​ដូ​មី​នី​ក។

    ក្រោយ​រយៈពេល 10 ឆ្នាំ រាប់​ចាប់តាំងពី Olivia Culpo (បច្ចុប្បន្ន​គឺ​ជា​ពិធី​ការិនី​នៅ Miss Universe ឆ្នាំនេះ) បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល ស្រី​ស្អាត​ដើមកំណើត​ហ្វ៊ី​លី​ពី​ន R’bonney Gabriel ​បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​រកបាន​មកុដ​មួយទៀត។ នេះ​គឺជា​លើក​ទី 9 ហើយ​ដែល​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​មកុដ​បវរកញ្ញា​ឯកច​ក្រ​វាល ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 7 លើក​របស់​វេ​ណេ​ស៊ូ​យ​អេ​ឡា។ ស្រី​ស្អាត R’bonney Gabriel ដណ្ដើមបាន​ជ័យជម្នះ​ដោយសារ​វគ្គ​សួរ-ឆ្លើយ​ស្ដីពី​សិទ្ធិ​របស់​ស្ត្រី។

    ក្នុង​វគ្គ​សួរ-ឆ្លើយ R’bonney Gabriel និយាយថា «ខ្ញុំ​នៅទីនេះ​ដើម្បី​ដឹកនាំ។ អស់​រយៈពេល 13 ឆ្នាំ​កន្លង ខ្ញុំ​ធ្វើជា​អ្នក​ច្នៃ​ម៉ូដ និង​ប្រើប្រាស់​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​គោលដៅ​ដ៏​ថ្លៃថ្លា។ ខ្ញុំ​បង្កើត​ថ្នាក់រៀនជំនាញ​​សម្រាប់​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស។ បងប្អូន​ស្ត្រី ចូរ​ប្រើប្រាស់​ទេពកោសល្យ​ដ៏​កម្រ​ដើម្បី​បង្កើត​ភាពខុសគ្នា និង​ការផ្លាស់ប្ដូរ»។

    R’bonney Gabriel ឆ្នាំនេះ​អាយុ 28 គឺជា​តារា​ម៉ូ​ដែល និង​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់។ នាង​មកកាន់ Miss Universe ជាមួយនឹង​រឿងរ៉ាវ​ស្ដីពី​ម៉ូដ​សម្លៀកបំពាក់​ប្រកបដោយ​និរន្ត​ភាព និង​ការពារ​បរិស្ថាន។ ក្រុមហ៊ុន​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​របស់ R’bonney Gabriel ជំនាញ​ក្នុង​ការផលិត​សម្លៀកបំពាក់​ដែល «ស្និទ្ធស្នាល» នឹង​បរិស្ថាន ដោយសារ​ប្រើប្រាស់​វត្ថុ​ធាតុ​អាច​កែច្នៃ​ឡើងវិញ​បាន៕

  • សារព័ត៌មាន​កូរ៉េខាងត្បូង​សង្ឃឹមថា «វៀតណាម​នឹង​ឈ្នះ​ថៃ» នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    សារព័ត៌មាន​កូរ៉េខាងត្បូង​សង្ឃឹមថា «វៀតណាម​នឹង​ឈ្នះ​ថៃ» នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    នៅមុន​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ AFF Cup 2022 សារព័ត៌មាន Chosun របស់​កូរ៉េខាងត្បូង ជឿជាក់ថា គ្រូបង្វឹក Park Hang-seo អាចជួយ​ឱ្យ​វៀតណាម​ឈ្នះ​ថៃ មុនពេល​លា​កូន​សិស្ស និង​អ្នក​គាំទ្រ​​នៅ​ប្រទេស​វៀតណាម។

    «សកម្មភាព​ចុងក្រោយ​របស់​គ្រូបង្វឹក Park Hang-seo ក្នុង​វិស័យ​បាល់ទាត់​វៀតណាម​ពេលនេះ​គឺ​នៅសល់តែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​របស់​ AFF Cup 2022 ប៉ុណ្ណោះ» សារព័ត៌មាន​ខាងលើ​ស​រ​សេរ​ដូច្នេះ។ «អ្នកគាំទ្រ​សុទ្ធតែ​ចង់ដឹងថា តើ​គ្រូបង្វឹក Park អាច​បញ្ចប់​ដំណើរ​លើក​នេះ​ដោយ​ស្នាម​ញ​ញឹក​ដែរ ឬ​យ៉ាងណា»។

    ការប្រកួត​លើ​ទីលាន My Dinh វៀតណាម និង​ថៃ​រកបាន 2 គ្រាប់​ដូច្នេះ។ ដោយសារតែ AFF Cup អនុវត្ត​លក្ខន្តិកៈ «គ្រាប់បាល់ក្រៅទឹកដី» (Away Goals Rule) ដើម្បី​ជ្រើសរើស​ក្រុម​ឈ្នះ​ក្នុងករណី​ក្រុម​ទាំងពីរ​រកបាន​គ្រាប់​​បាល់​ស្មើគ្នា​ក្រោយ​ការប្រកួត​ពីរ​ជើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម ត្រូវការ​ឈ្នះ ឬ​ស្មើ​ចាប់ពី 3-3 ឡើងទៅ ទើប​អាច​ដណ្ដើមបាន​ជើងឯក។ ចប់​ការប្រកួត​ជើង​ទី​ពីរនៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ បើសិន​លទ្ធផល​ស្មើ 2-2 វៀតណាម និង​ថៃ​ត្រូវ​ប្រកួត​តង់​បន្ថែម។ នេះ​មិនមែនជា​គោលដៅ​ងាយស្រួល​ឡើយ​សម្រាប់​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាង​ត្បូងលោក Park Hang-seo ក៏ដូចជា​​ក្រុម​វៀតណាម ព្រោះថា ថៃ​កំពុង​បង្ហាញថា ពួកគេ​ខ្លាំងក្លា។

    ប៉ុន្តែ​សារព័ត៌មាន Chosun របស់​កូរ៉េខាងត្បូង សរសេរថា ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រូបង្វឹក Park ស័ក្ដិសម​ទទួល​បានកា​រ​គោរព​ ព្រោះតែ​ការរួមចំណែករបស់​លោក​នៅ​​ក្នុង​វិស័យ​បាល់ទាត់​របស់​​វៀតណាម ​ចាប់តាំងពី​ឆ្នាំ 2017។

    សារព័ត៌មាន​កូរ៉េខាងត្បូង​ខ្លះ បាន​ហៅ​ AFF Cup ថា​ជា World Cup របស់​អាស៊ី​អាគ្នេយ៍ ហើយ​ប្រការ​នេះ​ក៏​ទំនង​​ជា​មិន​មែន​គ្មាន​ហេតុ​ផល​នោះដែរ​។ ព្រោះ​ថា មាន​ជនជាតិ​កូរ៉េខាងត្បូង​ 3 រូប​ដែល​ធ្លាប់​ចូល​ប្រកួត​នៅ World Cup កំពុង​បំពេញបេសក​កម្ម​ជា​គ្រូបង្វឹក​នៅ​អាស៊ី​អាគ្នេយ៍​ រួម​មាន គ្រូបង្វឹក Shin Tae-yong របស់​​ក្រុម​ឥណ្ឌូណេស៊ី​, ជំនួយ​ការ​ក្រុម​ជម្រើស​ជាតិ​វៀតណាម Lee Young-jin និង​គ្រូបង្វឹក Park Hang-seo របស់​ក្រុម​វៀតណាម​។ ចំណែក​មូលហេតុ​ដែល​​នាំ​ឱ្យ​​​សារព័ត៌មាន​​កូរ៉េខាងត្បូង​ សង្ឃឹម​ថា វៀតណាម​នឹង​ឈ្នះ​ថៃ​នោះ​ក៏​ដោយ​សារ​ថា មក​ដល់​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះនៅ​សល់​​តែ​វៀតណាម​ប៉ុណ្ណោះ​ដែល​មាន​គ្រូបង្វឹក​ជា​​ជនជាតិ​កូរ៉េខាងត្បូង​​៕

  • គយគន់​សម្រស់​មិត្ត​ស្រី និងភរិយា​​របស់​​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ថៃ​

    គយគន់​សម្រស់​មិត្ត​ស្រី និងភរិយា​​របស់​​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ថៃ​

    ក្រុមកីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ កំពុង​តែ​ទទួលបាន​ជោគ​ជ័យ​ច្រើន​នៅ AFF Cup 2022 ហើយ​ជ័យ​ជម្នះ​ទាំង​ឡាយ​ដែល​ពួក​ដណ្ដើម​បាន​ ប្រាកដ​ជា​មាន​ការ​រួម​ចំណែក​ពី​​ភរិយា និង​មិត្ត​ស្រី​ដ៏ស្រស់​ស្អាត​របស់​ពួក​គេ​។

    ស្រីស្អាត Phusitta Phonrak ភរិយា​របស់ Teerasil Dangda

    1- ខ្សែ​ប្រយុទ្ធ​សំខាន់​ជាង​គេ​ Teerasil Dangda និង​ស្រីស្អាត​ Phusitta Phonrak មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​តាំង​ពី​ឆ្នាំ 2010 …

    Phusitta Phonrak

    …ពួក​គេ​មាន​សុភមង្គល និង​មិន​មាន​រឿង​អាស្រូវ​អ្វី​ឡើយ​។

    ​ស្រីស្អាត​ Phusitta Phonrak ត្រូវ​គេ​ដឹង​ថា តែង​តែ​ដើរ​តាម​ Dangda ចាប់​តាំង​ពី​គាត់​លេង​នៅ​ប្រទេស​ថៃ រហូត​ដល់​លេង​ឱ្យ​ក្លឹប​​អង់គ្លេស និង​ជប៉ុន​។

    គ្រួសារតូច​របស់​ Teerasil Dangda

    2- ចំណែក​ខ្សែ​បម្រើ Sanrawat Dechmitr វិញ បែរ​ជា​មាន​ជីវភាព​​ហ៊ឺរហា​​ជាង​​គេ​នៅ​ក្នុង​ការ​រស់​នៅ​។

    ក្រោយ​ពី​មានទំនាក់​ទំនង​ជាមួយ​ស្រីស្អាត​ល្បី​ឈ្មោះ​​មួយ​ចំនួន​​នៅ​ប្រទេស​ថៃ កីឡាករ​វ័យ 33 ឆ្នាំ Sanrawat Dechmitr ក៏​រក​បាន​ដៃ​គូ​ជីវិត​ នោះ​គឺ​​តារា​ម៉ូដែល​ល្បី​ឈ្មោះ​​ Nanya Benchachokanan​។

    Nanya Benchachokanan ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ក្នុង​ទស្សនាវដ្ដី​ល្បីៗ​ មាន​ដូច​ជា Playboy, A’Lure និង Mars Magazine ជា​ដើម​។

    3- ដោយ​ឡែក ខ្សែ​ប្រយុទ្ធ Adisak វិញ ក៏​ស្រលាញ់​តារា​សិល្បៈ​មួយ​រូប​ផងដែរ​។

    កីឡាករ​រូប​នេះ​កំពុង​ «ផ្ញើបេះដូង» ​ទៅ​ឱ្យ​ Pattaraphon Sirisapchanan ដែលជា​តារា​សម្ដែង​ និង​តារា​ចម្រៀង​នៅ​ប្រទេស​ថៃ​។

    Pattaraphon Sirisapchanan ធ្លាប់​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្តទូរទស្សន៍​មួយ​ចំនួន…

    … ហើយ​ឈ្មោះ​របស់​នាង​កាន់​តែ​ល្បី​បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជាមួយ​ Adisak។

    4- ខុស​ពី​មិត្ត​រួម​ក្រុម​ដទៃ Bunmathan ជ្រើស​យក​ជីវភាព​ស្ងាត់​ស្ងៀម​​ជាមួយនឹង​ភរិយា​មួយ​រូប​។

    គ្រួសារតូច​របស់ Bunmathan

    តាំង​ពី​បាន​រៀប​ការ​ ភរិយា​របស់ Bunmathan បាន​ថយ​ទៅ​ «ក្រោយ​ឆាក»…

    … ​ធ្វើកិច្ច​ការ​ដើម្បី​​​គាំទ្រ​ដល់​ស្វាមី​។

  • អាម៉េរិក​​សាកល្បង​យន្តហោះ​ដែលមាន​ស្លាប​វែង​ជាង​ទីលាន​បាល់ទាត់

    អាម៉េរិក​​សាកល្បង​យន្តហោះ​ដែលមាន​ស្លាប​វែង​ជាង​ទីលាន​បាល់ទាត់

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ធំជាងគេ​លើ​ពិភពលោក Roc របស់​ក្រុមហ៊ុន Stratolaunch បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ជើងហោះហើរ​សាកល្បង​លើក​ទី​ពីរ​ដោយ​នាំយក​យាន​ល្បឿន​លឿន​ជាង​សំឡេងទៅ​ជា​មួយ​។

    Roc បាន​ហោះ​ឡើង​ពី​ព្រលាន​អវកាស​ចរណ៍ Mofave នៅ California ខាងកើត និង​ចុះចត​នៅ​កន្លែង​ដដែល​បន្ទាប់ពី​ហោះហើរ​បាន 6 ម៉ោង កាលពី​ថ្ងៃទី 14 មករា ម៉ោង​នៅ​កម្ពុជា។ តំណាង​ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា យន្តហោះ​នេះ​បាន​ហោះ​ឡើងដល់​កម្ពស់ 6,860 ម៉ែត្រ។

    ក្រៅពី​ការ​ក្លាយជា​ជើងហោះហើរ​យូរ​ជាងគេ​បំផុត​របស់ Roc ការសាកល្បង​ហោះហើរ​នេះ​ក៏​ជា​លើកដំបូង​ដែល​យន្តហោះ​នេះ​ផ្សងគ្រោះថ្នាក់​ហោះ​ចេញទៅ​ខាងក្រៅ​សមុទ្រ​ខ្សាច់ Mojave ផងដែរ នេះ​បើតាម Stratolaunch។

    មកដល់​បច្ចុប្បន្ន Roc ​ហោះហើរ​បាន 9 ជើង​រួចហើយ ប៉ុន្តែ​នេះ​ទើបតែ​ជា​លើក​ទី​ពីរ​ដែល​យន្តហោះ​នេះ​បាន​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 5 ដង Talon-A។ ជើងហោះហើរ​សាកល្បង​ដំបូង​របស់ Roc ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ 2021 ដែល​កាលណោះ​វា​ហោះ​ក្នុង​រយៈពេល 5 ម៉ោង និង​កម្ពស់ 7,000 ម៉ែត្រ។

    ការសាកល្បង​របស់ Talon-A កំពុង​ក្លាយជា​គ្រឹះ​សម្រាប់​ការបាញ់​បង្ហោះ​យាន​ល្បឿន​លឿន​ជាង​សំឡេង​ពីលើ​អាកាស​របស់ Stratolaunch ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ។

    Stratolaunch ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2011 ដោយ​សហ​ស្ថាបនិក​របស់ Microsoft លោក Paul Allen ដើម្បី​បាញ់​បង្ហោះ​យាន​ពី​អាកាស​ទៅកាន់​អវកាស។ ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​យាន Talon គំរូ​ជាច្រើន​ដើម្បី​សាកល្បង​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូតដល់​កម្រិត Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។

    Talon-A មាន​បណ្ដោយ 8.5 ម៉ែត្រ និង​ទម្ងន់ 2,700 គីឡូក្រាម អាច​ហោះ​ឡើង​ពី​ព្រលានយន្តហោះ ឬ​បាញ់​បង្ហោះ​ពី​អាកាស​តាមរយៈ​យន្តហោះ​ដឹកជញ្ជូន Roc។ Roc គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន​ស្លាប​ប្រវែង​ឡើងដល់ 117 ម៉ែត្រ វែង​ជាង​ទីលាន​បាល់ទាត់​ទៅទៀត៕

    រូបរាង​របស់ Talon-A
  • AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ ពិបាក​ចូលប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

    AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ ពិបាក​ចូលប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

    (ប្រទេស​ថៃ) – Teerasil Dangda បន្ត​ហាត់​ដាច់ដោយឡែក​កាលពី​ល្ងាច​​ថ្ងៃទី 15 មករា ហើយ​ទំនងជា​ពិបាក​នឹង​អាច​ចូលរួម​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ដែល​ថៃ​ត្រូវ​ប៉ះ​វៀតណាម​នៅ​​ថ្ងៃទី 16 មករា​នេះ។

    ក្រុម​កីឡាករ​ជម្រើសជាតិ​ថៃ បាន​ចូល​ហាត់​នៅវេលា​ម៉ោង 17 និង 10 នាទី កាលពី​ម្សិលមិញ យឺត​ជាង 10 នាទី​ធៀប​នឹង​ការគ្រោងទុក​ដំបូង។ ក្រុម​កីឡាករ​ចាប់ផ្ដើម​ដោយ​ការរត់​លើ​ទីលាន​នៅ​កីឡដ្ឋាន Thammasat ប៉ុន្តែ Teerasil បែរជា​ដើរ​ជាមួយ​បុគ្គលិក​សុខាភិបាលទៅ​វិញ​។

    កីឡា​ករលេខ​មួយ​របស់​ថៃ បាន​រងរបួស​ត្រង់​កំភួនជើង​នៅក្នុង​ការប្រកួត​ដែល​បានឈ្នះ​ក្រុម​ម៉ាឡេស៊ី 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ និង​មិនបាន​ចូល​ទាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​នៅ​វៀតណាម។ កាលពី​ថ្ងៃទី 14 មករា Teerasil ក៏​មិនបាន​ចូល​ហាត់ ប៉ុន្តែ​បាន​ទៅ​មន្ទីរពេទ្យ។ កីឡាករ​រូបនេះ​ប្រហែលជា​មិនអាច​ចូលរួម​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ដែល​ថៃ​ត្រូវ​ប៉ះ​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី 16 មករា​នេះ​ទេ។

    Teerasil Dangda រកបាន 6 គ្រាប់​ស្មើនឹង Tien Linh របស់​ក្រុម​វៀតណាម ដែល​បច្ចុប្បន្ន​ពួក​គេ​​​កំពុង​នាំមុខ​ក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដេច​កម្ទេច​ទី​នៅ AFF Cup 2022។ ខ្សែប្រយុទ្ធ​កើត​ឆ្នាំ 1988 នេះ​ធ្លាប់​ដណ្ដើមបាន​តំណែង​​ស្ដេច​កម្ទេច​សំណាញ់​ទីចំនួន 4 លើក​ ​នៅ AFF Cup ហើយ​បច្ចុប្បន្ន​គឺជា​កំពូល​ថ្វី​ជើង​លំដាប់​ទីមួយ​របស់​ពាន​រង្វាន់​នេះ​ ដោយ​រកបាន 25 គ្រាប់។

    ក្រោយពី​ទទួលបាន​លទ្ធផល 2-2 ពេល​ប៉ះ​​វៀតណាម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​​នៅ​កីឡដ្ឋាន My Dinh ក្រុម​ថៃ​កាន់តែ​មានការ​ជឿជាក់​នៅ​ពេល​ធ្វើជា​ម្ចាស់ផ្ទះ។ នៅ​កីឡដ្ឋាន Thammasat ថៃ​ទើបតែ​ត្រូវ​ប៉ើង​សំណាញ់​ទីមួយ​គ្រាប់​ប៉ុណ្ណោះ ពេល​បានឈ្នះ​កម្ពុជា 3-1។

    ការប្រកួត​រវាង​ថៃ និង​វៀតណាម នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 16 មករា 2023។ ក្រុម​ដែល​ដណ្ដើមបាន​តំណែង​ជើងឯក​នឹង​ត្រូវបាន​ប្រធាន FIFA លោក Gianni Infantino ប្រគល់​ពានរង្វាន់​ដោយផ្ទាល់៕

  • នេ​ប៉ាល់​ប្រកាស​កាន់ទុក្ខ ក្រោយ​ហេតុ​ការណ៍​​ធ្លាក់​យន្តហោះ​កាលពី​ម្សិលមិញ

    នេ​ប៉ាល់​ប្រកាស​កាន់ទុក្ខ ក្រោយ​ហេតុ​ការណ៍​​ធ្លាក់​យន្តហោះ​កាលពី​ម្សិលមិញ

    ប្រទេស​នេ​ប៉ាល់​ប្រកាស​កាន់ទុក្ខ​មួយថ្ងៃ​ក្រោយ​ពី​មាន​ហេតុការណ៍​ធ្លាក់​​យន្តហោះ​ដឹក​មនុស្ស 72 នាក់​​ពេល​កំពុង​ត្រៀម​ចុះចត​នៅឯ​ព្រលានយន្តហោះ Pokhara។

    ឧបនាយករដ្ឋមន្ត្រី​នេ​ប៉ាល់ Bishnu Poudel បានឱ្យដឹងថា ថ្ងៃនេះ​ប្រទេស​នេប៉ាល់​​កាន់ទុក្ខដើម្បី​​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​យ៉ាងតិច 68 នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Yeti Airlines កាលពី​ថ្ងៃទី 15 មករា 2023។

    ក្រសួងមហាផ្ទៃ​នេ​ប៉ាល់ ប្រកាសថា នឹង​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ រដ្ឋាភិបាល​នេ​ប៉ាល់ ក៏បាន​សម្រេច​ផ្អាក​រាល់​សេវាកម្ម​សាធារណៈ លើកលែងតែ​សេវាកម្ម​ចាំបាច់ និង​ពន្យារពេល​រាល់​កម្មវិធី​ដែល​បានគ្រោង​ទុក នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ Phadindra Mani Pokharel។

    ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ Yeti Airlines ក៏បាន​ផ្អាក​រាល់​ជើងហោះហើរ​ដែល​ត្រូវបាន​កំណត់​រួចហើយ ក្រោយពី​មាន​ហេតុការណ៍​នៅ Pokhara។

    យន្តហោះ ATR-72 របស់ Yeti Airlines បាន​ជួប​គ្រោះថ្នាក់​ពេល​កំពុង​រង​វិធី​ចុះចត​លើ​ព្រលានយន្តហោះ​អន្តរជាតិ Pokhara នៅ​ភាគ​កណ្ដាល​ប្រទេស​នេ​ប៉ាល់។ អាជ្ញាធរ​នេ​ប៉ាល់​បានឱ្យដឹងថា បាន​រកឃើញ​សាកសព​ជនរងគ្រោះ 68 នាក់​នៅ​កន្លែងកើតហេតុ។

    វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញថា យន្តហោះ ATR-72 កំពុង​ហោះ​លើ​កម្ពស់​ទាប​ខាងលើ​ផ្ទះ​របស់​ប្រជាជន​ក៏​ស្រាប់តែ​ផ្អៀង 90 អង្សា​ទៅខាង​ឆ្វេង។ ក្រោយមក​យន្តហោះ​នោះ​ក៏​បាត់​ខ្លួន​ពី​អេក្រង់ ប៉ុន្តែ នៅតែ​ឮ​សំឡេង​ម៉ាស៊ីន​ និង​សំឡេង​ប៉ះទង្គិច​ដ៏​ខ្លាំង ដែល​ទំនងជា​សំឡេង​យន្តហោះ​ធ្លាក់​ដល់​ដី។

    ATR-72 គឺជា​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាតតូច ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ 1988 និង​អាច​ដឹក​មនុ​ស្សបាន 78 នាក់។ យន្តហោះ ATR-72 ជាង 400 គ្រឿង​ត្រូវបាន​ផលិត និង​លក់​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅលើ​ពិភពលោក។

    មុន​នោះ ប្រទេស​នេ​ប៉ាល់​ក៏​ធ្លាប់មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​មហា​រន្ធត់​មួយ​កាលពី​ឆ្នាំ 1992 ដែល​បានសម្លាប់​មនុស្ស 167 នាក់។ យន្តហោះ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន​នោះ ជួប​ឧបទ្ទវហេតុ​នៅពេល​ព្យាយាម​ចុះចត​នៅ​​រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)៕

  • កូន​ក្រមុំ​ក្លាហាន ​អញ្ជើញ​ «អតីត​សង្សារ​ច្រើន​នាក់» ​មក​អង្គុយ​រួម​តុ​ក្នុង​ពិធី​ជប់​លៀង​​មង្គល​ការ​របស់​ខ្លួន

    កូន​ក្រមុំ​ក្លាហាន ​អញ្ជើញ​ «អតីត​សង្សារ​ច្រើន​នាក់» ​មក​អង្គុយ​រួម​តុ​ក្នុង​ពិធី​ជប់​លៀង​​មង្គល​ការ​របស់​ខ្លួន

    (ប្រទេស​ចិន) – ទិដ្ឋភាព​បុរស 5 នាក់​ដែល​អង្គុយ​ជុំវិញ​តុ​មួយ​ដែលមាន​ដាក់​អក្សរ​ថា «តុ​អតីត​មិត្ត​ប្រុស» នៅ​ក្នុង​​ពិធី​ជប់លៀង​​មង្គល​ការ​​មួយ​នៅ​ខេត្ត Hubei បានធ្វើ​ឱ្យមាន​ការជជែក​គ្នាច្រើន​លើ​បណ្ដាញ​សង្គម។

    ពិធី​រៀបការ​កាលពី​ថ្ងៃទី 08 មករា 2023 នៅ​ខេត្ត Hubei ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហៅថា «ពិធីជប់លៀង​មង្គល​ការ​ដែល​ពិបាក​យល់​បំផុត»។ នៅក្នុង​វីដេអូ បុរស 5 នាក់​អង្គុយ​ជុំវិញ​តុ​អាហារ​ដែលមាន​ដាក់​អក្សរ​ថា «តុ​អតីត​មិត្ត​ប្រុស» បាន​បង្ហាញ​អារម្មណ៍​​​អៀនប្រៀន​ជាខ្លាំង​ក្នុង​បរិយាកាស​អ៊ូអរ​របស់​ពិធី​ជប់លៀង​មង្គល​ការ នេះ​បើតាម SCMP ចុះផ្សាយ​កាលពី​ថ្ងៃទី 13 មករា 2023។

    មនុស្ស​មួយចំនួន​គិតថា ស្ត្រី​ 2 ​នាក់​ដែល​អង្គុយ​រួម​តុ​នោះ​គឺជា​មិត្តស្រី​របស់​បុរស​ 2 នាក់​ក្នុងចំណោម 5 នាក់​ដែលជា «អតីត​មិត្ត​ប្រុស» របស់​កូនក្រមុំ។ អ្នកលេង​បណ្ដាញ​សង្គម​អស់សំណើច​​ជា​ខ្លាំង​ នៅពេល​បានឃើញ​ពួកគេ​បង្ហាញ​ទឹកមុខ​អៀនប្រៀន។

    អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា «ពិតជា​ក្លាហាន​ណាស់​ ​ហ៊ាន​អញ្ជើញ​សង្សារ​ចាស់​មក​ចូលរួម​ពិធីជប់លៀង​មង្គល​ការ​របស់​ខ្លួន​ផង»។ អ្នកខ្លះ​ទៀត​ក៏​ថា «ហ៊ាន​ណាស់! ហ៊ាន​ហៅ​សង្សារ​មក​ចូលរួម​ជប់លៀង​មង្គលការ​របស់​អតីត​សង្សារ»…។

    មនុស្ស​មួយចំនួន​ជឿថា នេះ​គ្រាន់តែ​ជាការ​ប្រឌិត លេងសើច​របស់​បងប្អូន​កូនកំលោះ និង​កូនក្រមុំ​ប៉ុណ្ណោះ។ ហើយ​នេះ​ក៏​មិនមែនជា​ករណី​ដំបូង​ឡើយ​នៅ​ប្រទេស​ចិន កាលពី​ខែឧសភា 2022 ក៏មាន​ករណី​ស្រដៀង​គ្នា​នេះដែរ៕

  • ចិន​បង្កើត​​បណ្ដាញ​ឧទ្យាន​ជាតិ «​ធំជាង​គេ​បង្អស់​លើ​ពិភពលោក»

    ចិន​បង្កើត​​បណ្ដាញ​ឧទ្យាន​ជាតិ «​ធំជាង​គេ​បង្អស់​លើ​ពិភពលោក»

    ប្រទេស​ចិន​នឹងមាន​បណ្ដាញ​ឧទ្យាន​ជាតិ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បើ​គិត​អំពី​ផ្ទៃក្រឡា​ដែល​ត្រូវបាន​ការពារ បើសិន​ស្ថាបនា​នៅលើ​តំបន់​សក្ដានុពល​ទាំង 49 របស់​ប្រទេស​នេះ។

    ឧទ្យាន​ជាតិ Sanjiangyuan, Giant Panda, North China Tiger and Leopard, Hainan Tropical Rainforest និង​ Wuyishan គឺជា​ឧទ្យាន​ជាតិ​ដំបូង​ដែល​ត្រូវបាន​បង្កើត​ឡើង​​ដើម្បី​ការពារ​សត្វព្រៃ និង​បរិស្ថាន​រស់នៅ​របស់​ពួកវា​ឱ្យបាន​ល្អ​ជាង​មុន។

    លោក Huang Jincheng ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឧទ្យាន​ជាតិ Hainan Tropical Rainforest ថ្លែងថា ចាប់​តាំងពី​ឧទ្យាន​នេះ​ត្រូវបាន​បង្កើតឡើង ក្រុមការងារ​​កែលំអរ​បរិស្ថាន​រស់នៅ​របស់​ទោច Hainan បាន​ប្រហែល 267 ហិកតា និង​ដើមឈើ​ដែល​ពួកវា​ចូលចិត្ត ជាង 100,000 ដើម។

    លោក Fan Dexing កសិករ​ដាំ​ដំណាំ​តែមួយ​រូប បាន​និយាយថា គោលដៅ​របស់​ឧទ្យាន​ជាតិ Wuyishan គឺ​ការថែរក្សា​ធម្មជាតិ។ ធម្មជាតិ​ល្អ ពួកគាត់​ក៏​អាច​ដាំបាន​​ដំណាំ​តែ​ប្រភេទល្អៗ។

    ចំណែក​លោក Tian Junliang អនុប្រធាន​ឧទ្យាន​ជាតិ Sanjiangyuan ថ្លែងថា «ការស្រុះស្រួល​រវាង​មនុស្ស និង​ធម្មជាតិ​គឺជា​ចំណុច​អាទិភាព​មួយ​របស់​ឧទ្យាន​ជាតិ។ ប្រការនេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ភាពសម្បូរ​បែប​រប​ស់វ​ប្ប​ធម៌ និង​ជីវសាស្ត្រ​របស់​ផែនដី និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែ​ប​ម្រួ​ល​អាកាសធាតុ»។

    ប្រទេស​ចិន​បានជ្រើសរើស​តំបន់​ដែលមាន​សក្ដានុពល​ចំនួន 49 ដើម្បី​បង្កើត​​ជា​បណ្ដាញ​ឧទ្យាន​ជាតិ​ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ប្រហែល 1.1 លាន​គីឡូ​ម៉ែត្រក្រឡា រួមមាន​តំបន់​ដីគោក​ចំនួន 44, តំបន់​សមុទ្រ​ចំនួន 3 និង​តំបន់​ដីគោក-សមុទ្រ​ចំនួន 2។

    អាជ្ញាធរ​ចិន​បានឱ្យដឹងថា ប្រទេស​នេះ​នឹងមាន​បណ្ដាញ​ឧទ្យាន​ជាតិ​ធំជាងគេ​បង្អស់​លើ​ពិភពលោក បើ​គិត​ទៅលើ​ផ្ទៃក្រឡា​ដែល​ត្រូវបាន​ការពារ បើសិន​កសាង​​​នៅលើ​តំបន់​សក្ដានុពល​ទាំង 49។ សត្វព្រៃ​មាន​ឆ្អឹង​ជាង 5,000 ប្រភេទ និង​រុក្ខជាតិ 29,000 ប្រភេទ​ស្ថិតនៅក្នុង​បណ្ដាញ​ឧទ្យាន​នេះ។

    បណ្ដាញ​ឧទ្យាន​នេះ​គ្រោង​នឹង​មាន​សត្វ និង​រុក្ខជាតិ​ជាង 80% នៅក្នុង​ចំណោម​ប្រភេទ​ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ការពារ​យ៉ាង​ម៉ត់ចត់។ បណ្ដាញ​ឧទ្យាន​នេះ​ក៏​ជួយ​ការពារ​តំបន់​ទាំង​ឡាយ​​ដែល​សត្វព្រៃ​ធ្វើដំណើរ​ឆ្លងកាត់​ផងដែរ៕

    សត្វ​ទោច​នៅ​ឧទ្យាន​ជាតិ Hainan Tropical Rainforest
    សត្វ​ខ្លា​នៅ​ក្នុង​ឧទ្យាន North China Tiger and Leopard
  • គ្រូបង្វឹក ​Mano Polking៖ «បាន​ស្មើ​វៀតណាម 2-2 គឺ​ជាលទ្ធផល​​ល្អស្ទើរ​តែ​ឥតខ្ចោះ​ទៅ​ហើយ​»

    គ្រូបង្វឹក ​Mano Polking៖ «បាន​ស្មើ​វៀតណាម 2-2 គឺ​ជាលទ្ធផល​​ល្អស្ទើរ​តែ​ឥតខ្ចោះ​ទៅ​ហើយ​»

    (វៀតណាម) – សប្បាយចិត្ត​នឹង​លទ្ធផល​ 2-2 ប៉ុន្តែគ្រូបង្វឹក​របស់​ថៃ លោក Mano Polking នៅតែ​ស្ដាយ ព្រោះ​មិន​បាន​ផ្ដួល​វៀតណាម​នៅ​ជើង​ទីមួយ​នៃ​វគ្គផ្ដាច់​ព្រ័ត្រ​របស់​ AFF Cup 2022។

    «កីឡាករ​របស់​ខ្ញុំ​ ក្នុងការ​ប្រកួត​លើក​ណា​ក៏​ទាត់​យ៉ាង​សកម្ម និង​ដណ្ដើម​បាន​លទ្ធផល​ស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ក្រុម​យើង​នៅ​តែ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ការ​ប្រកួត​បន្ទាប់» គ្រូបង្វឹក​របស់​ថៃ និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកួត​នៅ​កីឡដ្ឋាន My Dinh របស់​វៀតណាម បាន​បញ្ចប់​កាលពី​ព្រលប់​ថ្ងៃទី 13 មករា​នេះ​។

    គ្រូបង្វឹករបស់ថៃ លោក Mano Polking

    ដោយ​លទ្ធផល​ 2-2 នៅ​ទីលាន​ My Dinh ថៃ​ត្រូវ​ការ​ស្មើ 0-0 ឬ​ 1-1 ក្នុងជើង​ទីពីរ​នៅ​ថ្ងៃទី 16 មករា​ខាងមុខ គឺ​គ្រប់​គ្រាន់​សម្រាប់​តំណែង​ជើង​ឯក AFF Cup 2022។

    ទិដ្ឋភាព​បង្ហាញ​ពី​ការ​រក​បាន​គ្រាប់​បាល់​ឈ្នះ​មួយ​គ្រាប់​ដំបូង​របស់​ក្រុម​ថៃ

    គ្រាប់​ទីពីរ​ដែល​ថៃ​រក​បាន​

  • ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ៖ ថៃ​នឹងឈ្នះ​វៀតណាម​​ពេល​ទាត់​លើ​ទីលាន​​នៅ​បាងកក

    ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ៖ ថៃ​នឹងឈ្នះ​វៀតណាម​​ពេល​ទាត់​លើ​ទីលាន​​នៅ​បាងកក

    ប្រធាន​ក្រុម​កីឡាករ​ថៃ Theerathon Bunmathan បាន​លើកទឹកចិត្ត​ក្រុម​របស់ខ្លួន​បន្ទាប់ពី​លទ្ធផល​នៃ​ការប្រកួត​ស្មើ 2-2 ជាមួយ​វៀតណាម នៅ​កីឡដ្ឋាន My Dinh កាលពី​ព្រលប់​ថ្ងៃទី 13 មករា។

    ក្រោយពី​ការប្រកួត​ជើង​ដំបូង​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​កីឡាករ​ថៃ ក៏​ដើរ​ទៅកាន់​ខាងមុខ​​តំបន់​អ្នកគាំទ្រ​របស់ខ្លួន​ដើម្បី​ធ្វើការ​អរគុណ។ ក្រុម​ជម្រើសជាតិ​ថៃ ក្រោយមក​ក៏​ឈរ​ជា​រង្វង់​ដើម្បី​ស្ដាប់​ការចែករំលែក​របស់​ប្រធាន​ក្រុម Theerathon។

    ខ្សែការពារ​កើត​ឆ្នាំ 1990 រូបនេះ​និយាយថា «…ការរកបាន 2 គ្រាប់​នៅលើ​ទីលាន​របស់​គូប្រកួត…គឺជា​លទ្ធផល​ល្អ។ កុំ​គិត​ច្រើន​ទៅលើ​ការ​ចាញ់​នៅ​នាទីចុងក្រោយ។ យើង​ត្រូវតែមាន​ជំនឿ​ចិត្ត។ ថៃ​នឹង​ដណ្ដើមបាន​ជើងឯក​នៅពេល​ត្រលប់​ទៅ​ទីលាន​ម្ចាស់ផ្ទះ»។

    យោងតាម​លក្ខន្តិកៈ ថៃ​ត្រូវការ​តែ​ស្មើ 1-1 ឬ 0-0 ទៀត​ប៉ុណ្ណោះ​គឺ​ក្លាយជា​ជើងឯក AFF Cup 2022 ខណៈដែល​វៀតណាម​វិញ គឺ​ត្រូវតែ​ឈ្នះ ឬ​ស្មើ​ចាប់ពី 3-3 ឡើងទៅ។ បើសិន​នៅតែ​ស្មើ 2-2 ក្រោយ​ការប្រកួត 90 នាទី ថៃ និង​វៀតណាម​នឹងត្រូវ​ទាត់​តង់​បន្ថែម។

    ដូច​ទៅនឹង​ការ​ព្យាករ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិតជា​គួរឱ្យ​ទស្សនា។ វៀតណាម​ចាប់ផ្ដើម​ការប្រកួត​បាន​យ៉ាង​ល្អ​ ដោយ​រកបាន 1 គ្រាប់​ដំបូង​នៅ​នាទី​ទី 24។ ចុង​តង់​ទីមួយ Theerathon ស៊ុត​ផ្ដាច់​ចំ​បង្គោល​ទី។ ចូលដល់​តង់​ទី​ពីរ ប្រធាន​ក្រុម​របស់​ថៃ បង្ក​ឱកាស​បាន​ពីរលើក​ដើម្បីឱ្យ Poramet Arjvirai និង Sarach Yooyen ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី 48 និង 63។ មកដល់​នាទី​ទី 87 ទើប​វៀតណាម​រកបាន​គ្រាប់​បាល់​ស្មើ 2-2 ដោយ​ថ្វី​ជើង​របស់​ខ្សែការពារ Vu Van Thanh។

    ថៃ និង​វៀតណាម នឹងត្រូវ​ប្រកួត​ជើង​ទី​ពីរ​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 16 មករា លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក៕

    អានបន្ថែម​៖ គ្រូបង្វឹក​របស់​ថៃ៖ «ស្មើវៀតណាម 2-2 ជាលទ្ធផល​ជិត​ល្អឥតខ្ចោះ​»