Author: សឿន សំណាង

  • ក្មេងស្រី​អាយុ 8 ឆ្នាំ លះបង់​មរតក​​​​​រាប់សិប​លាន​ដុល្លារ​អាម៉េរិកដើម្បី​ទៅ​សាង​ផ្នួស

    ក្មេងស្រី​អាយុ 8 ឆ្នាំ លះបង់​មរតក​​​​​រាប់សិប​លាន​ដុល្លារ​អាម៉េរិកដើម្បី​ទៅ​សាង​ផ្នួស

    (ឥណ្ឌា) – ក្មេងស្រី​វ័យ 8 ឆ្នាំ​មួយរូប ដែលជា​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​ពេជ្រ​តម្លៃ​រាប់សិប​លាន​ដុល្លារ​អាម៉េរិក បានសម្រេច​ចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ដើម្បី​ទៅ​សាង​ផ្នួសលាង​បាប​ និង​រក្សា​​សីល។

    Devanshi Sanghvi កាលពី​សប្ដាហ៍​កន្លង​នៅតែ​ជា​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​លក់​គ្រឿង​អ​លង្ការ Sanghvi & Sons នៅ​ទីក្រុង Surat ជាទី​ដែល​ត្រូវបាន​គេ​ហៅថា «ទីក្រុង​ពេជ្រ» ដោយសារ​តែមាន​ភាពល្បីល្បាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​នៅ​ទូទាំង​សកលលោក។

    គ្រួសារ​របស់​ក្មេងស្រី​នេះ​គឺជា​សមាជិក​របស់ Jain ដែលជា​សាសនា​បុរាណ​តូច​មួយ​របស់​ឥណ្ឌា ដែល​ប្រឆាំងនឹង​អំពើហិង្សា ស្នើ​ឱ្យ​សាសនិក​ហូប​អាហារ​បួស​យ៉ាង​តឹង​រឹង និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​សព្វ​សត្វ។ សប្ដាហ៍​នេះ Devanshi Sanghvi មាន​ពិធីបុណ្យ​មួយ​ដែល​អូសបន្លាយ​ពេល 4 ថ្ងៃ ដើម្បី​ប្រកាស​ដំណឹង​ស្ដីពី​ការសម្រេចចិត្ត​ទៅ​បួស។

    Devanshi Sanghvi បាន​ចូល​វិហារ​កាលពី​ម្សិលមិញ និង​បាន​ប្ដូរ​ទៅ​ស្លៀកពាក់​ឈុត​ពណ៌​ស​យ៉ាង​សាមញ្ញ ក្រោយពី​បាន​កោរសក់​រួចរាល់។ សាក្សី​ម្នាក់​បានឱ្យដឹងថា Devanshi Sanghvi គឺជា​ក្មេងស្រី​ល្អ និង​រាប់អាន​សាសនា Jain តាំងតែ​ពី​តូច។

    Devanshi Sanghvi គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​ដែល​បាន​បោះបង់​ទ្រព្យសម្បត្តិ​ដើម្បី​ទៅ​សាង​ផ្នួស​ក្នុង​សាសនា Jain។ ឪពុកម្ដាយ​របស់ Devanshi Sanghvi ឱ្យដឹងថា កូនស្រី​របស់​ពួកគាត់​ចង់ទៅ​សាង​ផ្នួស​តាំងពី​យូរ​មកហើយ។

    មុខ​ជំនួញ​របស់​គ្រួសារ Devanshi Sanghvi ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1981 ហើយ​បច្ចុប្បន្ន​មានតម្លៃ 61 លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម ICRA ដែលជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​ឥណ្ឌា។ សាសនា Jain មាន​បរិស័​ទ​ជាង 4 លាន​នាក់​នៅ​ឥណ្ឌា ក្នុងនោះ​មាន​ទាំង​ក្រុមគ្រួសារ​មកពី​សហគមន៍​អ្នកជំនួញធំៗផងដែរ។

    ក៏ប៉ុន្តែ កន្លងមក សាសនា​នេះ​ត្រូវ​រង​ការរិះគន់​មួយចំនួន​ទាក់ទិន​នឹង​ការ​តបមអាហារ​ដ៏​តឹងរឹង។ សាសនិក​ខ្លះ​ត្រូវ​បង្ខំចិត្ត​យក​ក្រណាត់​មក​បិទមាត់​ដើម្បី​ចៀសវាង​ការដកដង្ហើម​លេប​ចំ​សត្វល្អិត។ កាលពី​ឆ្នាំ 2016 ក្មេងស្រី​អាយុ 13 ឆ្នាំ​មួយរូប​នៅ Hyderabad បាន​សន្លប់ និង​បាត់​បង់ជីវិត​ក្នុងពេល​ធ្វើការ​អត់​អាហារ​ពីរ​ខែ​ដើម្បី​លាងបាប ដោយ​ផឹក​តែ​ទឹក​ក្ដៅ​ឧណ្ហ​ឧណ្ហ​ពីរដង​ក្នុង​មួយថ្ងៃ។ ឪពុកម្ដាយ​របស់​ក្មេងស្រី​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា៕

  • ​រថយន្ត​អគ្គិសនី Tesla Cybertruck បានត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ផលិត

    ​រថយន្ត​អគ្គិសនី Tesla Cybertruck បានត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ផលិត

    Franz von Holzhausen ដែលជា​ប្រធាន​ផ្នែក​រចនា​របស់ Tesla បាន​បញ្ជាក់ថា រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង (pickup) Tesla Cybertruck ត្រូវបាន​រចនា​រួចរាល់ទាំង​ស្រុង​ហើយ​​សម្រាប់​ការផលិត​នៅឯ​រោងចក្រ Giga Texas ក្នុងឆ្នាំនេះ។

    ដោយមាន​ការបញ្ជាទិញ​ជាមុន​ជាង 1.6 លាន​លើក Cybertruck គឺជា​យានយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ដែល​ត្រូវបាន​សាធារណជន​ទន្ទឹងរង់ចាំ​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក។ យោងតាម Franz von Holzhausen រថយន្ត​អគ្គិសនី Tesla Cybertruck នឹងត្រូវ​បាន​បំពាក់​ដៃចង្កូត​រាងជ្រុងៗដូច​មេអំពៅ។

    Tesla បានទទួល​ម៉ាស៊ីន​កៀប Giga 9,000 តោន ដែល​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី Tesla Cybertruck។ ប្រការ​​នេះ​បង្ហាញថា ការផលិត​នឹង​ចាប់ផ្ដើម​ក្នុងពេលឆាប់ៗនេះ ទំនងជា​នៅក្នុង​ខែមិថុនា 2023 ក្រោយពី​បាន​ពន្យារពេល​អស់​ជាច្រើនលើក។

    Cybertruck នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Tesla ដែលមាន​ប្រព័ន្ធ​អគ្គិសនី 1,000 វ៉ុល អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​បាន​លឿន​ជាង​បច្ចុប្បន្ន។ រយៈ​ចម្ងាយ​មធ្យម​ដែល Tesla Cybertruck បរបាន​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​គឺ 800 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា EPA៕

  • គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ តើ​គួរ​លាក់ខ្លួន​នៅទីណា​ទើប​មាន​សុវត្ថិភាព​បំផុត?

    គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ តើ​គួរ​លាក់ខ្លួន​នៅទីណា​ទើប​មាន​សុវត្ថិភាព​បំផុត?

    (ប្រទេស​ស៊ី​ប) – យោងទៅតាម​ការបង្ហាញ​ត្រាប់​លើ​កុំព្យូទ័រ ក្រុម​អ្នកជំនាញ​កំណត់​បាន​ទីកន្លែង​ដែល​បង្ក​គ្រោះថ្នាក់​ និង​សុវត្ថិ​ភាព​បំផុត​ចំពោះ​​មនុស្ស​នៅក្នុង​ផ្ទះ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ។

    ពេល​គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ គ្រប់យ៉ាង​ដែល​នៅក្បែរ​នឹងត្រូវ​បាត់​ខ្លួនភ្លាម​ៗ។ វិទ្យុសកម្ម​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ទោះជា​ស្ថិតនៅ​ឆ្ងាយ។ គ្រោះថ្នាក់​ធំ​មួយទៀត​សម្រាប់​អ្នក​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​មធ្យម​ពី​កន្លែង​ផ្ទុះ នោះ​គឺ​រលក​ខ្យល់​កញ្ឆក់​ដែលមាន​កម្លាំង​ខ្លាំង និង​រហ័ស អា​ចប​ក់បំ​ប៉ើង​មនុស្ស​ទៅលើ​អាកាស។

    ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Nicosia ប្រទេស​ស៊ី​ប (Cyprus) បានធ្វើ​ការបង្ហាញ​ត្រាប់​​លើ​កុំព្យូទ័រ​ករណី​ផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​មួយ​គ្រាប់​ដែល​បំពាក់​លើ​មី​ស៊ី​ល​អន្តរទ្វីប និង​រលក​កញ្ឆក់​ដែល​កើតឡើង​ពី​ការផ្ទុះ ហើយ​វាយតម្លៃ​ផលប៉ះពាល់​ដល់​មនុស្ស​ដែល​លាក់ខ្លួន​ក្នុងផ្ទះ។ លទ្ធផល​នៃ​ការវិភាគ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Physics of Fluids កាលពី​ថ្ងៃទី 17 មករា។

    នៅក្នុង​តំបន់​រង​ការខូចខាត​កម្រិត​មធ្យ​ម រលក​ខ្យល់​កញ្ឆក់​មាន​កម្លាំង​អាច​កម្ទេច​ផ្ទះមួយ​ចំនួន និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ខាងក្រៅ ប៉ុន្តែ អគារ​រឹងមាំ​ដែល​សាងសង់​ពី​បេតុង​ជាដើម អាច​ទប់ទល់​បាន។ យោងតាម​ការពិសោធ​ថ្មី​នេះ ការលាក់ខ្លួន​ក្នុងផ្ទះ​រឹងមាំ​នៅតែ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​រក្សា​ជីវិត។ បន្ទប់​ដែល​​ចង្អៀត​អាច​បង្កើនល្បឿន​រប​ស់ខ្យ​ល់ ហើយ​នៅពេល​មាន​រលក​កញ្ឆក់ ខ្យល់​នឹង​ជះ​ត្រលប់​ពី​ជញ្ជាំង និង​អាចបង្កើត​បានជា​កម្លាំង​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​ទម្ងន់​របស់​មនុស្ស 18 នាក់។

    ករណី​ធ្វើ​តេស្តគ្រាប់​បែក​នុយក្លេអែរ​ចុង​ក្រោយ​ទាំង​ 5 របស់​ពិភពលោក

    «កន្លែង​ដែល​គ្រោះថ្នាក់​បំផុត​នៅក្នុង​ផ្ទះ​ដែល​យើង​ត្រូវ​ចៀសវាង រួមមាន បង្អួច ផ្លូវ​រួម​ក្នុង​អគារ និង​ទ្វារ​ចេញចូល។ ពេល​ស្ថិតក្នុង​បន្ទប់​ដែលនៅ​​ទល់មុខ​នឹង​កន្លែង​ផ្ទុះ យើង​នៅតែ​អាចមាន​សុវត្ថិភាព បើសិន​លាក់ខ្លួន​ត្រង់​ជ្រុង​ណាមួយ​ក្នុង​បន្ទប់» Ioannis Kokkinakis សមាជិក​ម្នាក់​របស់​ក្រុម​ខាងលើ​ឱ្យដឹង​ដូច្នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា អ្នកមាន​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការរត់​រក​ជម្រក បន្ទាប់ពី​មាន​ករណី​ផ្ទុះ​គ្រាប់បែក​ប្រល័យ​លោក ហើយ​ក្នុង​អគារ​នានា​សុទ្ធ​តែមាន​ប្រព័ន្ធ​ខ្សែភ្លើង និង​ហ្កា​ស​ជាដើម ដូច្នេះ​នឹងមាន​អគ្គិភ័យ​កើតឡើង។ គ្រប់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​រាល់​ហានិភ័យ​ខាងលើ និង​ប្រញាប់​រក​ដំណោះស្រាយភ្លាមៗ នេះ​បើតាម Drikakis។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ការផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​នឹងមិន​កើតឡើង ប៉ុន្តែ​ពួកគេ​ជឿថា ការយល់​​ដឹង​អំពី​ផលវិបាក​ដែល​កើត​ឡើង​ពី​​ការផ្ទុះ​នេះ ​នឹង​ជួយ​បញ្ចៀស​ការស្លាប់ ឬ​រង​របួសធ្ងន់ និង​បង្ក​ភាពងាយស្រួល​ដល់​ការជួយ​សង្គ្រោះ៕

  • Mbappe នៅ​តែ​ទាក់ទង​​ Real Madrid ខណៈ​ Messi មិន​ទាន់ចង់​ចរចា​ជាមួយក្លឹប​នៅ​អារ៉ាប់

    Mbappe នៅ​តែ​ទាក់ទង​​ Real Madrid ខណៈ​ Messi មិន​ទាន់ចង់​ចរចា​ជាមួយក្លឹប​នៅ​អារ៉ាប់

    កីឡាករ​បារាំង Kylian Mbappe បង្កើន​ការ​ទាក់​ទង​ជា​មួយ​ Real Madrid ដោយ​ស្ងាត់​ៗ និង​ប្រុងប្រយ័ត្ន គ្រា​ដែល​ Lionel Messi មាន​ពាក្យ​​​ចរាម​អារ៉ាម​ថា ​​ចង់​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​។

    Kylian Mbappe នៅ​តែ​ទាក់ទង​​ Real Madrid

    យោងតាម Mario Cortegana របស់​សារព័ត៌មាន The Athletic បើ​ទោះជា​បាន​បដិសេធ​ឱកាស​ចូល​រួម​ជា​មួយ​ Real Madrid កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​កន្លង ប៉ុន្តែ Mbappe មិន​ដែល​បោះ​បង់​ក្ដី​ស្រមៃ​ក្នុង​ការ​ពាក់​អាវ​របស់​ក្លឹប​នេះ​។

    ភាគី​ក្លឹប Real Madrid និង​កីឡាករ​បារាំង Mbappe ត្រូវ​បាន​គេ​ជឿ​ថា នៅ​តែ​រក្សា​ទំនាក់​ទំនង​ និង​បង្កើនការ​ទាក់​ទង​នឹង​គ្នា​ចាប់​ពី​ក្រោយ​ World Cup 2022 ប៉ុន្តែ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ និង​ប្រុងប្រយ័ត្ន​។

    កីឡាករ​បារាំង Kylian Mbappe

    គោល​ជំហរ​របស់​ Real Madrid គឺ​ច្បាស់​លាស់​ណាស់ ឱ្យ​តែ​ Mbappe ពិត​ជា​ចង់​ចាក​ចេញ​ពី​ PSG ពួក​គេ​នឹង​អាច​ចូល​តុ​ចរចា​។

    ​Lionel Messi មិន​ទាន់ចង់​ចរចា​ជាមួយក្លឹប​នៅ​អារ៉ាប់

    យោង​តាម Goal កំពូល​កីឡាករអាហ្សង់ទីន​ Lionel Messi បាន​ត្រៀម​​ខ្លួន​ពន្យារសុពល​ភាព​នៃ​​កិច្ច​សន្យា​ជាមួយ​ក្លឹប PSG ក្នុង​គ្រា​ដែល​មាន​ព័ត៌មាន​ចរាម​អារ៉ាម​ថា គាត់​មាន​បំណង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​។

    កិច្ច​សន្យា​បច្ចុប្បន្ន​រវាង Messi និង​ PSG នឹង​អស់​សុពលភាព​នៅ​ខែ​មិថុនា​ខាងមុខ​ ប៉ុន្តែ គាត់​ប្រាកដ​ណាស់​ថា នឹង​នៅ​ជា​មួយ​ក្លឹប​នេះ​យ៉ាង​តិច​ក៏​មួយ​រដូវ​កាល​ទៀត​ដែរ​។

    កំពូល​កីឡាករអាហ្សង់ទីន​ Lionel Messi

    Messi ក៏​នឹង​មិន​ត្រលប់​ទៅ​កាន់ Barca ឬ​សហរដ្ឋ​អាម៉េរិក ហើយ​គាត់​ និង​ Al Hilal ក៏​មិន​មាន​ការ​ចរចា​ណា​មួយ​ បើ​ទោះ​ជា​ Al Hilal ចង់​ចុះ​កិច្ច​សន្យា​ជា​មួយ​គាត់​៕

  • «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» នឹង​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​កម្ពុជា

    «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» នឹង​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​កម្ពុជា

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងថា នៅពេល​សាងសង់​រួចរាល់ «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» នឹង​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​​កម្ពុជា ដោយ​មាន​គ្រែ​សម្រាក​ព្យាបាល​ជិត​មួយ​ម៉ឺន​គ្រែ។

    ប្រសាសន៍​ខាងលើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បានលើកឡើង​នា​ព្រឹក​ថ្ងៃទី 19 មករា 2023 ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់ «មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព» ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

    ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កម្មករសំណង់​ជាង​មួយ​ពាន់​នាក់​នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យ​ខាងលើ សម្ដេច​តេជោ បានឱ្យដឹងថា មកដល់​បច្ចុប្បន្ន​ ការសាងសង់​មន្ទីរពេទ្យ​នេះសម្រេច​បាន​ប្រមាណ 80% និង​គ្រោង​បញ្ចប់​នៅក្នុង​ខែមិថុនា​ខាង​មុខ។ សម្ដេច​បន្ថែមថា មន្ទីរពេទ្យ​នេះ​អាចមាន​គ្រែ​ឡើងដល់​ជិត 1 ម៉ឺន​គ្រែ ដែល​អាច​ចាត់ទុកថា ជា​មន្ទីរពេទ្យ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា។

    យោងតាម​ក្រសួង​ព័ត៌មាន «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» មាន​អគារ​ចំនួន 11 ក្នុងនោះ​មាន​អគារ​ព្យាបាល និង​សង្គ្រោះបន្ទាន់, អគារ​ព្យាបាល​កម្រិតធ្ងន់, អគារ​ព្យាបាល​កម្រិត​ស្រាល, អគារ​បច្ចេកទេស, អគារ​ផ្គត់ផ្គង់​និង​ព័ត៌មាន និង​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក។ មន្ទីរពេទ្យ​នេះ​មាន​ចំណតរថយន្ត​អាច​ចត​​បាន​ជាង 200 គ្រឿង និង​មាន​សួនច្បារ​ពណ៌​បៃតង​ផងដែរ។

    «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី (CJEC) សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី 14 កុម្ភៈ 2022 ហើយ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ខែមិថុនា 2023៕

  • Messi និង Ronaldo បង្កឱ្យមាន​រលក​នៃ​ការគាំទ្រខ្លាំង​​មិន​ធ្លាប់​មាននៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    Messi និង Ronaldo បង្កឱ្យមាន​រលក​នៃ​ការគាំទ្រខ្លាំង​​មិន​ធ្លាប់​មាននៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    បើទោះជា​ការប្រកួត​រវាង PSG និង Al Nassr & Al Hilal មិនទាន់​កើតឡើង ប៉ុន្តែ​នៅឯ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រលក​នៃ​ការគាំទ្រ​ត្រូវបាន​រុញ​ឡើង​ខ្ពស់ជាងពេលណាៗទាំងអស់។

    ការប្រកួត​ខាងលើ​គឺជា​ការចាប់ផ្ដើម​របស់​ Ronaldo ​នៅឯ​ក្លឹប Al Nassr របស់​អា​រា​ប៊ី​សា​អូឌីត បន្ទាប់ពី​ចាកចេញ​ពី Man United។ ការទិញ​ដូរ Ronaldo របស់​ក្លឹប Al Nassr បានធ្វើឱ្យ​កក្រើក​តំបន់​អាស៊ី ដោយសារ CR7 នាំមក​នូវ​ឥទ្ធិពល​ពិសេស ហើយ​ប្រាក់បៀវត្សរ៍​របស់​កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល​នេះ​ក៏​ស្ថិតក្នុង​លំដាប់​កំពូល​បំផុត​របស់​ពិភពលោក ដោយ​ទទួលបាន 200 លាន​ដុល្លារ/រដូវ​កាល។

    ក៏ប៉ុន្តែ អ្នកគាំទ្រ​មិនទាន់​បានឃើញ Ronaldo ទាត់​ក្នុង​ឈុត​សម្លៀកបំពាក់​ថ្មី​នៅឡើយ ដោយសារតែ​មូលហេតុ​ដែល​ទាក់ទង​នឹង​ការពិន័យ​មុន​នោះ ព្រោះ​កីឡាករ​រូបនេះ​បាន​បោក​ទូរស័ព្ទ​អ្នកគាំទ្រ​របស់ Everton កាលពី​ទាត់​ឱ្យ Man United។

    ក្រោយ​ការរង់ចាំ​អស់​ច្រើន​ថ្ងៃ ចុងក្រោយ​អ្នកគាំទ្រ​ក៏​នឹង​បាន​ទស្សនាការ​ប្រកួត​របស់ Ronaldo។ អ្វីដែល​ពិសេស​ជាង​នេះ​គឺថា គូប្រកួត​របស់ CR7 គឺ Lionel Messi និង​ក្លឹប PSG។ តាំងពី​យូរ​មកហើយ កំពូល​កីឡាករ​ទាំងពីរ​រូបនេះ​មិនដែល​បាន​ជួបគ្នា ដូច្នេះ​ការប្រកួត​នាពេលខាងមុខ បើ​ទោះ​គ្រាន់តែ​ជា​មិត្តភាព ប៉ុន្តែ​កម្លាំង​ទាក់ទាញ​របស់​វា​គឺ​ពិតជា​មិនអាច​បដិសេធ​បាន។ Ronaldo និង Messi សុទ្ធ​តែមាន​អាយុ​ជាង 35 ឆ្នាំ ដូច្នេះ នេះ​អាច​ជាការ​ប៉ះគ្នា​លើកចុងក្រោយ​បង្អស់​រប​ស់​ពួកគេ។

    Ronaldo និង Messi

    កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន Messi និង​​ក្រុម PSG បាន​ធ្វើដំណើរ​ទៅកាន់​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ L’Equipe ដើម្បី​ទទួលបាន​ការយល់ព្រម​របស់ Messi និង PSG មក​ប្រកួត​មិត្តភាពនៅ​អារ៉ាប៊ីសាអូឌីត ក្លឹប Al Nassr និង Al Hilal បាន​ចំណាយ​ប្រាក់​អស់ 10 លាន​អឺរ៉ូ​ឯណោះ។

    គិត​មកដល់​ថ្ងៃនេះ ចំនួន​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​ខាងលើ​ដែល​ត្រូវបាន​ទិញ​តាម​អន​ឡាញ បាន​ឡើងដល់​ជាង 350,000 សំបុត្រ​ទៅហើយ ខណៈ​កីឡដ្ឋាន King Fahd អាចដាក់​មនុស្ស​បាន​ប្រហែល​តែ 68,000 នាក់​ប៉ុណ្ណោះ៕

  • ដំរីព្រៃ​ចេញ​ស្ទាក់​ឡាន​ដឹ​ក​ទំនិញ «ប្លន់» យក​អំពៅ​តាម​ដងផ្លូវ (វីដេអូ)

    ដំរីព្រៃ​ចេញ​ស្ទាក់​ឡាន​ដឹ​ក​ទំនិញ «ប្លន់» យក​អំពៅ​តាម​ដងផ្លូវ (វីដេអូ)

    ជំនួស​ឱ្យ​ការដើរ​ត្រាច់ចរ​ស្វែងរក​អាហារ​នៅក្នុង​ព្រៃ ដំរីព្រៃ​ជាច្រើន​ក្បាល​នៅ​ប្រទេស​ថៃ បាន​សម្រួល​វិធី​ចិញ្ចឹមជីវិត​របស់​ពួកគេ​ដោយ​ការ​ស្ទាក់​ឡាន​ដឹកទំនិញ​នៅតាម​ដងផ្លូវ​ដើម្បី «ប្លន់» យក​អំពៅ។

    សកម្មភាព​ក្នុង​វីដេអូ​ដែល​ត្រូវបានគេ​​ចែករំលែក​កាលពី​ថ្ងៃទី 16 មករា បង្ហាញថា ដំរី​អាស៊ី​ពេញវ័យ​មួយ​ក្បាល​ឈរ​ក្បែរផ្លូវ​នៅក្នុង​ខេត្ត Chachoengsao ប្រទេស​ថៃ រង់ចាំ​រថយន្ត​បរ​ឆ្លងកាត់​ដើម្បី​ប្លន់​យក​អាហារ។ កំណាត់​ផ្លូវ​នេះ​តែងតែមាន​រថយន្ត​ដឹក​អំពៅ​ធ្វើដំណើរ​ពី​ចំការ​នៅក្បែរនោះ ទៅកាន់​រោងចក្រ​ផលិត​ស្ករ។

    យោងតាម​អ្នកស្រុក​នៅ Au Wanapin ដំរី​ធំ​មួយ​ក្បាល​នេះ​មាន​រហ័ស​នាម​ថា «អា​កន្ធាត់» ព្រោះតែ​បាន​ប្លន់​ ​អំពៅ​ជាច្រើន​យកទៅ​ស៊ី។ វា​គឺជា​ដំរី​ឈ្មោល អាយុ​ប្រហែល 35 ឆ្នាំ និង​មិនមាន​ភ្លុក។ បើ​ទោះ​វា​ជា​សត្វព្រៃ ប៉ុន្តែ​វា​តែង​ចេញពី​ព្រៃ​ដើម្បី​ស្ទាក់​រថយន្ត​ដឹក​អំពៅ​ដែល​បរ​លើ​ដងផ្លូវ។ នេះ​មិនមែនជា​ដំរី​តែមួយ​ក្បាល​ឡើយ​ដែលមាន​ទម្លាប់ «ប្លន់​អាហារ»។

    ដំរី​ធំ​មួយ​ក្បាល​នេះ​មាន​រហ័ស​នាម​ថា «អា​កន្ធាត់»

    ប្រទេស​ថៃ​បាន​រកឃើញថា មាន​ដំរីព្រៃ​អាស៊ី​ប្រហែល 2,000 ក្បាល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃ​នានា​ដែល​ត្រូវបាន​ការពារ។ ខុសពី​ដំរីព្រៃ​អាហ្វ្រិក ដំរី​ឈ្មោល​អាស៊ី​តែង​ដើរ​ម្នាក់ឯង​នៅពេល​មាន​អាយុ​ជាង 10 ឆ្នាំ ខណៈដែល​ដំរី​ញី​នៅ​ជាមួយ​ហ្វូង។

    ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​និយាយថា មូលហេតុ​ដែល​ដំរី​ទាំងនោះ​ចេញមក «ប្លន់​អាហារ» មិនមែន​ដោយសារ​ពួកវា​ឃ្លាន​នោះទេ ប៉ុន្តែ​ដោយសារ​រថយន្ត​ទាំងនោះ​ដឹក​អាហារ​ដែល​ឆ្ងាញ់​ជាង​អ្វីដែល​ពួកវា​រកបាន​នៅក្នុង​ព្រៃ៕

  • យន្តហោះ​គ្មាន​ស្លាប​កង្ហារ អាច​ហោះ​ក្នុង​ល្បឿន​ជិត 1,000 គី​ឡ​ម៉ែត្រ/ម៉ោង

    យន្តហោះ​គ្មាន​ស្លាប​កង្ហារ អាច​ហោះ​ក្នុង​ល្បឿន​ជិត 1,000 គី​ឡ​ម៉ែត្រ/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Jetoptera អភិវឌ្ឍ​គំរូ​យន្តហោះ​​ដែល​ហោះ​បាន​លឿន​ជាង​បណ្ដា​យន្តហោះ​ប្រតិកម្ម​រហ័ស​ដឹក​អ្នកដំណើរ​ទៅទៀត ដោយសារ​តែមាន​ស្លាប​យ៉ាង​ពិសេស។

    Jetoptera ដែល​ជា​គំរូយន្តហោះ​​ប្រភេទ​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​​ត្រង់ (VTOL) មិនមាន​ស្លាប​កង្ហារ​របស់​ក្រុមហ៊ុន Jetoptera នៅ សហរដ្ឋ​អាម៉េរិក បានបង្ហាញ​សមត្ថភាព​ហោះហើរ​ក្នុង​ល្បឿន 988 គីឡូម៉ែត្រ/ម៉ោង នៅក្នុងពេល​សាកល្បង ដែល​នេះ​គឺ​លឿន​ជាង Boeing Dreamliner និង​លឿន​ជាង​ទ្វេដង​ធៀប​នឹង​យន្តហោះ​មាន​ស្លាប​ផ្អៀង។

    ក្រុមហ៊ុន Jetoptera បាន​បញ្ចេញ​ព័ត៌មាន​ខាងលើ​បន្ទាប់ពី​បានសម្រេច​កិច្ចព្រមព្រៀង​ស្ដីពី​ការស្រាវជ្រាវ​ច្នៃប្រឌិត​អាជីវកម្ម​ខ្នាតតូច (SBIR) លើក​ទី​បួន​ជាមួយនឹង​ទ័ពអាកាស​អាម៉េរិក នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មករា។

    ជំនួស​ឱ្យ​ការប្រើប្រាស់​ម៉ាស៊ីន​បង្ហាប់​អគ្គិសនី Jetoptera ប្រើប្រាស់​ទួ​រ​ប៊ី​ន​ឧស្ម័ន នាំ​ឧស្ម័ន​ដែល​បំ​ភាយ​ចេញ​តាមរយៈ​ប្រព័ន្ធ​រុញច្រាន​ធាតុ​រាវ (FPS)។ ខ្យល់​ដែល​បាន​បង្ហាប់​ត្រូវបាន​នាំចេញ​តាម​ប្រហោងតូចៗនៅ​ជុំវិញ​ផ្ទៃ​ខាងក្នុង​របស់​ឧបករណ៍​ប្រហោង​ក្នុង។ យោងតាម Jetoptera ប្រព័ន្ធ​នេះ​ផ្ដល់​កម្លាំង​រុញច្រាន​ខ្លាំង​ជាង 10% និង​ប្រើប្រាស់​ឧស្ម័ន​តិចជាង 50% ធៀប​នឹង​ម៉ូ​ទ័​រ​ទួ​រ​ប៊ី​ន​ប្រតិកម្ម​ខ្នាតតូច។ បើ​ធៀប​នឹង​ម៉ូ​ទ័​រ​ទួ​រ​ប៊ី​ន​ប្រតិកម្ម​មាន​ស្លាប​កង្ហារ ប្រព័ន្ធ​របស់ Jetoptera ស្រាល​ជាង 30% និង​មិនសូវ​ស្មុគស្មាញ។ គ្រឿង​ម៉ាស៊ីន​របស់ Jetoptera ក៏មាន​ស្ងាត់​​ជាង​រហូតដល់ 25% ធៀប​នឹង​ម៉ាស៊ីន​រុញច្រាន​ដែលមាន​ទំហំ​ប្រហាក់ប្រហែល។

    Jetoptera បានឱ្យដឹងថា ក្រុមហ៊ុន​បាន​បង្កើត​គំរូយន្តហោះ​​ខ្នាតតូច​របស់​យន្តហោះ​ខាងលើ​ នៅ​​ក្នុង​កម្មវិធី AFWERX HSVTOL។ កម្មវិធី​នេះ​មាន​ក្រុមហ៊ុន​ចំនួន 11 ចូលរួម​រចនា​យន្តហោះ​យោធា VTOL ជំនាន់​ថ្មី​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​យន្តហោះ​ដែល​មាន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។ គំរូ​យន្តហោះ​ខ្នាតតូច​របស់ Jetoptera កំពុង​ត្រូវបាន​សាកល្បង​នៅក្នុង​ផ្លូវ​រូង​ខ្យល់​ក្រោម​ដី និង​មាន​ល្បឿន​ឡើង​ដល់​កម្រិត Mach 0.8 (988 គីឡូម៉ែត្រ/ម៉ោង)។

    រចនា​រូបរាង​របស់​យន្តហោះ​ខាងលើ​នឹង​ត្រូវបាន​វាយតម្លៃ​ក្នុង​រង្វង់ 6 ខែ​ទៀត។ ក្រុមហ៊ុន Jetoptera សង្ឃឹមថា នឹង​អាច​ដំណើរការ​កំណែ​សាកល្បង​នៅក្នុង​ឆ្នាំ 2025៕

  • នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​របស់​ផែនដីសម្រាប់​ឆ្នាំ 2023 ជិត​ត្រូវបាន​បង្ហាញស្ថានភាព

    នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​របស់​ផែនដីសម្រាប់​ឆ្នាំ 2023 ជិត​ត្រូវបាន​បង្ហាញស្ថានភាព

    នៅ​ថ្ងៃទី 24 មករា 2023 ព័ត៌មាន​របស់​​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច​ នឹង​បង្ហាញ​ឱ្យដឹង​អំពី​ស្ថានភាព​របស់​ទ្រនិច​​នាឡិកា​ថ្ងៃ​វិនាស​របស់​ផែនដី ជា​និមិត្តរូប​ដែល​បង្ហាញថា មនុស្សលោក​ឈានចូល​ទៅ​ក្បែរ​ហានិភ័យ​បំផ្លាញ​ខ្លួនឯង​ដល់​កម្រិតណា។

    ព័ត៌មានរបស់​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច (BAS) នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​​នៅ​ម៉ោង 22 ថ្ងៃទី 24 មករា 2023 (ម៉ោង​នៅ​កម្ពុជា) ដើម្បី​ប្រកាស​ឱ្យដឹង​អំពី​ទីតាំង​របស់​ទ្រនិច​នាទី​របស់​នាឡិកា​ថ្ងៃ​វិនាស សម្រាប់​ឆ្នាំ 2023 (2023 Doomsday Clock)។ កិច្ចប្រជុំ​នោះ​នឹងមាន​វត្តមាន​របស់​វា​គ្មិ​ន​ជាច្រើនរូប​មកពី BAS និង​សមាជិក​ទាំងឡាយ​របស់ Elders ដែល​ជា​អង្គការ​ឯករាជ្យ​របស់​ក្រុម​មេដឹកនាំ​ទូទាំង​សកលលោក ដែល​បង្កើតឡើង​ដោយ​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Nelson Mandela ក្នុង​គោលដៅ​សន្តិភាព យុត្តិធម៌ និង​សិទ្ធិមនុស្ស។

    បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​កំពុងស្ថិត​នៅត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ នាឡិកា​ថ្ងៃ​វិនាស​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅពេល​សង្គ្រាមត្រជាក់​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ 1947 និង​ស្ថិតនៅ​ត្រង់ចំណុច 7 នាទី​មុន​ពាក់​កណ្ដាលយប់។

    ជា​រៀងរាល់ឆ្នាំ សមាជិក​ទាំងឡាយ​រប​ស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ​របស់ BAS នឹង​កែប្រែ​ទ្រនិចនាឡិកា​ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​ដែល​បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍នានា​ក្នុង​​ឆ្នាំ​ចាស់ ដែល​បាន​រុញច្រាន​មនុស្សជាតិ​ទៅ​ជិត ឬ​ឆ្ងាយ​ពី​ហានិភ័យ​នៃ​ការបំផ្លាញ​ខ្លួនឯង។ បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្រមាន​អំពី​ការគំរាមកំហែង​ដែល​មាន​ប្រភពពី​គ្រប់​អាវុធ​ប្រល័យ​លោក ការបំផ្លិចបំផ្លាញ​បរិស្ថាន បម្រែបម្រួល​អាកាសធាតុជា​ដើម ចំពោះ​ពិភពលោក​។

    នាឡិកាថ្ងៃវិនាស សម្រាប់ឆ្នាំ 2023 (2023 Doomsday Clock)

    លើកដំបូង​ដែល​ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​ដើរ​ដល់​ចំណុច​ឆ្ងាយ​បំផុត​ពី​ចំណុច​ពាក់​កណ្ដាលយប់ (ម៉ោង 12 យប់) គឺ​នៅ​ឆ្នាំ 1991 បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​សូ​វៀត ចុះ​កិច្ចព្រមព្រៀង​បន្ថយ​អាវុធ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ។ ពេលនោះ ទ្រនិចនាឡិកា​ត្រូវបាន​ដាក់​ឆ្ងាយ​ពីចំណុច​មុន​​ពាក់​កណ្ដាល​យប់​ដល់​ទៅ 17 នាទី។ ចាប់ពីពេលនោះ​មក ទ្រនិច​នាទី​របស់​នាឡិកា​នេះ​ក៏​ផ្លាស់​ទី​ទៅ​មុខជា​បន្តបន្ទាប់។ ការគំរាមកំហែង​ពី​បម្រែបម្រួល​អាកាសធាតុ ត្រូវបាន BAS កំណត់​ជា​លើកដំបូង​ថា​ជា​កត្តា​កំណត់​​​ទីតាំង​របស់​ទ្រនិចនាឡិកានៅ​ឆ្នាំ 2007 ពេលដែល​ទ្រនិចនាឡិកា​មាន​ចម្ងាយ​ពី​ចំណុច​ពាក់​កណ្ដាលយប់ 5 នាទី មិនមែន 7 នាទី​ដូច​មុនៗ​នោះ។

    ឆ្នាំ 2020 ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់ ជា​ចំណុច​ជិត​បំផុត​មិន​ធ្លាប់មាន​ពី​មុន​មក។ «សង្គ្រាម​នុយ​ក្លេ​អែរដែល​​អាច​បញ្ចប់​អរិយធម៌​របស់​មនុស្ស​ជាតិ​ គឺជា​រឿង​ដែល​អាច​កើតឡើង។ យើង​ក៏​មិនអាច​បដិសេធ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​កំពុង​កើតឡើង និង​អាច​បំផ្លាញ​ពិភព​ផែនដីបាន​ឡើយ» John Mecklin ដែលជា​មន្ត្រី​មួយរូប​របស់ BAS បានឱ្យដឹង​ដូច្នេះ។

    ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​នៅតែ​ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្រុម​អ្នកជំនាញ​កំពុងតែ​រង់ចាំ​មើលថា​តើ​បណ្ដា​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​កន្លង រួមមាន​​ជា​អាទិ៍ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទូទាំង​ពិភពលោក និង​សង្គ្រាម​រវាងរ​ស្ស៊ី – អ៊ុយ​ក្រែ​ន អាច​ប៉ះពាល់​ដល់​ទ្រនិច​នាទី​របស់​នាឡិកា​ថ្ងៃ​វិនាស​នេះដែរ ឬទេ៕

  • FIFA៖ World Cup នារី 2023 លក់​សំបុត្រ​ចូល​ទស្សនា​បាន​ជាង 5 សែន​រួចហើយ

    FIFA៖ World Cup នារី 2023 លក់​សំបុត្រ​ចូល​ទស្សនា​បាន​ជាង 5 សែន​រួចហើយ

    អ្នកគាំទ្រ​ពី​ប្រទេស និង​ដែនដី​ជាង 120 លើ​ពិភពលោក បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត World Cup នារី​លើក​ទី 9 ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក្នុង​ខែកក្កដា និង​ខែសីហា​ខាងមុខ។

    យោងតាម​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) និង​សហព័ន្ធ​បាល់ទាត់​អូស្ត្រាលី (FA) សំបុត្រ​ជាង 5 សែន សម្រាប់​ចូល​ទស្សនាការ​ប្រកួត​នៅ​​​ពានរង្វាន់​ជើងឯក​បាល់ទាត់​នារី​ពិភពលោក 2023 (2023 FIFA Women’s World Cup) ត្រូវបាន​លក់​ឱ្យ​អ្នកគាំទ្រ​រួចហើយ។

    ទិន្នន័យ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 17 មករា 2023 បង្ហាញថា អ្នកគាំទ្រ​ពី​ប្រទេស និង​ដែនដី​ជាង 120 លើ​ពិភពលោក បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត World Cup នារី​លើក​ទី 9 ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក្នុង​ខែកក្កដា និង​ខែសីហា​ខាងមុខ។ នេះ​គឺជា​រដូវ​កាល World Cup នារី​ដំបូង​ដែលមាន 32 ក្រុម​ចូលរួម​ប្រកួត។

    បណ្ដា​ប្រទេស​ដែលមាន​អ្នកគាំទ្រ​ទិញ​សំបុត្រ​ចូល​ទស្សនា World Cup នារី 2023 ច្រើនជាងគេ​រួមមាន ប្រទេស​ម្ចាស់ផ្ទះ នូ​វែ​សេ​ឡង់ និង​អូស្ត្រាលី, ចិន, អង់គ្លេស, កាតា, សហរដ្ឋ​អាម៉េរិក និង​កាណាដា។

    ក្នុង​ប្រកាស​មួយ អគ្គលេខាធិការ​របស់ FIFA លោកស្រី Fatma Samoura លើកឡើងថា សកម្មភាព​លក់​សំបុត្រ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup នារី 2023 បានចាប់ផ្ដើម​យ៉ាង​រលូន ក្នុងនោះ​មិន​ត្រឹមតែ​មានការ​គាំទ្រ​ពី​ប្រទេស​ម្ចាស់ផ្ទះ​នោះទេ តែ​ក៏មាន​ការគាំទ្រ​ច្រើន​ពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ផងដែរ។ ប្រការ​ខាងលើ​បង្ហាញថា មានការ​ចាប់អារម្មណ៍​កាន់តែច្រើន​ចំពោះ​បាល់ទាត់​នារី។

    FIFA ឱ្យដឹងថា នឹង​បន្ត​ការលក់​សំបុត្រ​សម្រាប់​ដំណាក់កាល​ថ្មី​ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នកគាំទ្រ​បាន​ចូល​ទស្សនា​ការប្រកួត​វគ្គ​នានា​នៅ World Cup នារី 2023៕