Author: សឿន សំណាង

  • អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​ពាយព្យ នៅ​ចុងខែ​នេះ

    អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​ពាយព្យ នៅ​ចុងខែ​នេះ

    ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ពាយព្យ​របស់​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​រហូតដល់ 14 អង្សា​សេ នៅ​ចុងខែ​មករា 2023 នេះ​បើតាម​ប្រកាស​នា​ព្រឹក​ថ្ងៃទី 27 មករា របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម។

    យោងតាម ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 មករា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ខ្យល់មូសុង​ឦ​សាន្ត បន្ត​បង្កើន​ឥទ្ធិពល​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង​មកលើ​កម្ពុជា ដែល​នឹង​ធ្វើឱ្យ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​បន្ថែមទៀត។ សីតុណ្ហភាព​នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភាគ​ពាយព្យ នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​សព្វមួយដង ដោយ​អាច​ធ្លាក់ចុះ​ដល់ 14 ទៅ 16 អង្សា។

    នៅ​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា​អាច​ធ្លាក់ចុះ​ដល់ 20 អង្សា ខណៈដែល​បណ្តា​ខេត្ត​ដទៃទៀត សីតុ​ណ្ហ​ភាព​អប្បបរមា​នឹង​ចុះ​ដល់ 17 ទៅ 21 អង្សា​សេ។

    ក្រសួង​ធនធានទឹក បានធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​នេះ៕

  • យន្តហោះ «កូនកាត់​អគ្គិសនី» ​គ្មាន​មនុស្ស​បើកបរ​ មាន​ល្បឿន​ដល់​ 240 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ «កូនកាត់​អគ្គិសនី» ​គ្មាន​មនុស្ស​បើកបរ​ មាន​ល្បឿន​ដល់​ 240 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Cento អាច​ផ្ទុកទំនិញ​បាន 45 គីឡូក្រាម និង​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន hybrid ដ៏​មាន​ស្ថិរភាព។

    ក្រុមហ៊ុន​អាម៉េរិក MightyFly អភិវឌ្ឍ Cento ដែលជា​យន្តហោះ​ដឹកទំនិញ​គ្មាន​មនុស្ស​បើកបរ មាន​គ្រោងឆ្អឹង​ធ្វើ​ពីសរ​សៃ​កាបូន នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មករា។ Cento មាន​ទម្ងន់ 161 គីឡូក្រាម និង​អាច​ដឹកទំនិញ​បាន 45 គីឡូក្រាម។ យន្តហោះ​នេះ​មាន​ស្លាប​វែង​ចំនួន 2, ស្លាប​កង្ហារ​ចំនួន 8 បំពាក់​លើ​ឧបករណ៍​មួយគូ​ដែល​ដូច​ទៅនឹង​ឈ្នាន់​ឧទ្ធម្ភាគចក្រ និង​ស្លាប​កង្ហារ​ធំ​មួយ​នៅ​ខាងក្រោយ​ដើម្បី​រុញច្រាន​ឱ្យ​ហោះ​ទៅមុខ​បាន​លឿន។ Cento អាច​ហោះ​ក្នុង​ល្បឿន​អតិបរមា 240 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ឆ្ងាយ​ធៀប​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​គោក។

    យន្តហោះ​នេះ អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន hybrid ដ៏​មាន​ស្ថិរភាព។ ម៉ាស៊ីន​រុញច្រាន​ទាំង​អស់​​របស់ Cento ដំណើរការ​ដោយ​អគ្គិសនី ប៉ុន្តែ​មាន​ម៉ាស៊ីន​ចំហេះ​ក្នុង​មួយគ្រឿង​ដែល​ដើរ​ដោយ​ថាមពល អ៊ី​ដ្រូ​កាបូន (hydrocarbon) ដើម្បី​រក្សា​​អគ្គិសនី​​ក្នុង​ថ្ម​ផ្ទុក​ថាមពល​ឱ្យនៅ​ពេញ​ក្នុងអំឡុងពេល​ហោះហើរ។

    Cento មាន​ទំហំ 4 ម x 5 ម តូច​ជាង​បន្តិច​ធៀប​នឹង​រថយន្ត​ពីរ​គ្រឿង។ ដូច្នេះ នៅពេល​យន្តហោះ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ អតិថិជន​ត្រូវការ​តែ​ចំណត​តូច​មួយ​ដើម្បី​ទទួល​ទំនិញ។ ម្ចាស់​ទំនិញ​​ក៏​នឹង​មិនចាំបាច់​បើកទ្វារ​យន្តហោះ​ដោយ​ខ្លួនឯង ព្រោះថា Cento នឹង​បំពាក់​ប្រព័ន្ធ​ទ្វារ​បើក​បិទ​ស្វ័យប្រវត្ត​ដើម្បី​ជួយ​ឱ្យ​ការលើកដាក់​ទំនិញ​មាន​ភាពងាយស្រួល។

    ក្រុមហ៊ុន MightyFly បានឱ្យដឹងថា Cento បានចាប់ផ្ដើម​សាកល្បង​ហោះហើរ​តាំងពី​ខែធ្នូ 2022។ រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក (FAA) បានផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​ការហោះហើរ​សាកល្បង ប៉ុន្តែ​មិនទាន់​អនុញ្ញាត​ឱ្យដឹក​ទំនិញ​បែប​ពាណិជ្ជកម្ម។

    MightyFly មិនទាន់​ប្រកាស​​ពេលវេលា​ដែល Cento នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ពាណិជ្ជកម្មនៅ​ឡើយ។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​អភិវឌ្ឍ​យន្តហោះ​មួយ​ប្រភេទ​ទៀត​ដែល​អាច​ដឹកទំនិញ​ឡើងដល់ 227 គីឡូក្រាម៕

  • Ronaldo ជួប​បរាជ័យ​លើកដំបូង​នៅក្នុង​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    Ronaldo ជួប​បរាជ័យ​លើកដំបូង​នៅក្នុង​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ឆ្លងកាត់​ការប្រកួត​មួយ​ដ៏​លំបាក និង​ខកចិត្ត នៅពេល Al Nassr ដែល​​ជា​ក្រុម​ថ្មី​របស់គាត់​ត្រូវ Al Ittihad ជម្រុះ​ចេញពី Saudi Super Cup។

    វេលា​ទៀបភ្លឺ​ថ្ងៃទី 27 មករា (ម៉ោង​នៅ​កម្ពុជា) នៅក្នុង​ការប្រកួត​ទី​ពីរ​សម្រាប់​ក្លឹប​ថ្មី​រាប់​ចាប់តាំងពី​​ពេល​បាន​​ចាក​​ចេញ​ពី​ក្លឹប​​ Manchester United ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មី​ម្ដងទៀត​បានក្លាយ​ជា​ប្រធាន​ក្រុម​កីឡាករ​របស់​ក្លឹប Al Nassr ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់​បាល់ទាត់​កំពូល​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Super Cup)។ ប៉ុន្តែ កំពូល​កីឡាករ​រូបនេះ​បាន​ជួប​ការលំបាក​នៅពេល​បាត់បង់​ឱកាស​មាស​ក្នុងការ​រកបាន​គ្រាប់​បាល់​ស្មើ បន្ទាប់ពី Romarinho ជួយ​ឱ្យ​ក្លឹប Al Ittihad នាំមុខ​មុន។

    ក្រុម Al Ittihad រកបាន​គ្រាប់​ទី​ពីរ​ដោយ​ថ្វី​ជើង​របស់​កីឡាករ Abderrazak Hamdallah មុនពេល Aderson Talisca ជួយ​ឱ្យ Al Nassr រកបាន 1 គ្រាប់​នៅក្នុង​តង់​ទី​ពីរ។ ប៉ុន្តែ កីឡាករ Muhannad Shanqeeti បាន​ដកហូត​ក្ដីសង្ឃឹម​របស់ Al Nassr ដោយ​គ្រាប់​បាល់​ទី​បី​របស់ Al Ittihad និង​បាន​ជម្រុះ Al Nassr របស់ Ronaldo ចេញពី Saudi Super Cup ក្នុង​លទ្ធផល 3-1។

    2 ឆ្នាំ​កន្លង រាប់​ចាប់ពី​លើកចុងក្រោយ​ដែល Ronaldo ដណ្ដើមបាន​ពាន​ធំ​មួយ នោះ​គឺ Coppa Italia ខ្សែប្រយុទ្ធ​រូបនេះ​មិនបាន​លើក​ពានប្រាក់​ណាមួយទៀត​ ​នៅពេល​ចូល​ទាត់​ជា​លើក​ទី​ពីរ​ឱ្យ Manchester United។ យ៉ាងណាក៏ដោយ នៅក្នុង​ក្លឹប Al Nassr ដែលជា​ក្លឹប​កំពូល​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត CR7 ត្រូវបាន​គេ​មើលឃើញថា អាចមាន​ឱកាស​ច្រើន​​ដើម្បី​​ស្វែង​រក​​ពាន​​បន្ថែម។ ក៏ប៉ុន្តែ ក្ដីសង្ឃឹម​នេះ​បាន​រលត់​បាត់​ យ៉ាងហោច​ក៏​នៅក្នុង​ដំណាក់កាល​បច្ចុប្បន្ន។

    ក្រុម Al Ittihad ពេលនេះ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Saudi Super Cup ដោយ​នឹងត្រូវ​ប៉ះ​ក្រុម Al Feiha។ នេះ​​មាន​ន័យ​ថា​ ឱកាស​មាស​សម្រាប់ Ronaldo សម្រាប់​ការ​លើក​ពាន​នៅ Saudi Super Cup បាន​កន្លងផុត​ទៅក្នុង​ភាព​​ទុក្ខ​ព្រួយ​៕

  • សហរដ្ឋ​អាម៉េរិក វាយឆ្មក់ កម្ទេច​មេដឹកនាំ​ក្រុម​ភេរវកររដ្ឋ​អ៊ីស្លាម (IS)

    សហរដ្ឋ​អាម៉េរិក វាយឆ្មក់ កម្ទេច​មេដឹកនាំ​ក្រុម​ភេរវកររដ្ឋ​អ៊ីស្លាម (IS)

    កងទ័ព​អាម៉េរិក​ធ្វើការ​វាយឆ្មក់​នៅ​សូ​ម៉ាលី ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី បៃ​ដិ​ន កម្ចាត់​បាន​មេដឹកនាំ​តំបន់​សំខាន់​របស់​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) Bilal al-Sudani។

    ក្រុមមន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 26 មករា បានឱ្យដឹងថា Sudani ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ បន្ទាប់ពី​កងទ័ព​អាម៉េរិក​សម្រុកចូល​តំបន់​រូងភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម (IS)។ សមាជិក​ប្រហែល 10 នាក់​របស់​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម​សូ​ដង់ បាន​បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​អាម៉េរិក មិនមាន​អ្នកស្លាប់ និង​របួស​នោះទេ។

    «កាលពី​ថ្ងៃទី 25 មករា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ប្រធានាធិបតី កងទ័ព​អាម៉េរិក​បានធ្វើ​យុទ្ធនាការ​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី បណ្ដាលឱ្យ​សមាជិក​មួយចំនួន​រប​ស់ IS ត្រូវ​បាត់បង់​ជីវិត រួមទាំង Bilal al-Sudani ផងដែរ» រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​នាពេល​ថ្មី ៗនេះ។

    «Al-Sudani ទទួលបន្ទុក​ក្នុងការ​ជំរុញ​វត្តមាន​កាន់តែច្រើន​រប​ស់ IS នៅ​ទ្វីបអាហ្វ្រិក និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​សកម្មភាព​របស់​ក្រុម​នេះ​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​អា​ហ្វ​ហ្កា​នី​ស្ថាន» លោក Austin បន្ថែម។

    ពី​មូលដ្ឋាន​លើ​ភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី Al-Sudani បាន​បែងចែក និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​សាខា​របស់ IS មិន​ត្រឹមតែ​នៅ​ទ្វីបអាហ្វ្រិកនោះទេ តែ​ក៏​នៅ​រដ្ឋ​អ៊ីស្លាម Khorasan ដែលជា​សាខា​របស់ IS នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀតផង នេះ​បើតាម​មន្ត្រី​អាម៉េរិក​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

    កាលពី 10 ឆ្នាំមុន មុនពេល​ចូល​ក្រុម IS Sudani បាន​ចូលរួម​ជ្រើសរើស និង​បង្វឹក​ក្រុម​ខ្មាន់កាំភ្លើង​សម្រាប់​ចលនា​ជ្រុលនិយម al-Shabaab នៅ​សូ​ម៉ាលី។

    «Sudani មាន​តួនាទី​សំខាន់​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​សកម្មភាព ដោយមាន​ជំនាញ​ខ្ពស់ ធ្វើឱ្យ​គាត់​ក្លាយជា​គោល​ដៅ​សំខាន់​នៅក្នុង​សកម្មភាព​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​សហរ​ដ្ឋ​អាម៉េរិក» មន្ត្រី​អាម៉េរិក​ខាងលើ​និយាយ​បន្ថែម។

    យុទ្ធនាការ​វាយឆ្មក់​នេះ​ត្រូវបាន​រៀប​ផែនការ​ក្នុង​រយៈពេល​ច្រើន​ខែ ដោយមាន​ការហាត់​ស៊ាំ​នៅលើ​ទីតាំង​ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ត្រាប់​តាម​កន្លែង​លាក់ខ្លួន​របស់ Sudani។ លោក បៃ​ដិ​ន កាលពីដើម​សប្ដាហ៍​នេះ បានអនុញ្ញាត​ឱ្យធ្វើ​ការ​វាយប្រហារ ក្រោយពី​បាន​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រីកំពូលៗនៅ​ក្រសួងការពារជាតិ ចារកម្ម និង​សន្តិសុខ។

    កងកម្លាំង​អាម៉េរិក បាន និង​កំពុង​ធ្វើ​សកម្មភាព​នៅ​សូ​ម៉ាលី ដោយមាន​ការសហការ និង​ការ​ជំនួសមុខ​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ។ ទ័ព​អាម៉េរិក តែង​វាយប្រហារ​តាម​អាកាស​ដើម្បី​គាំទ្រ​ដល់​កម្លាំង​របស់​រដ្ឋាភិបាល​សូ​ម៉ាលី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​បះបោរ Shabaab៕

  • តារា​ក្បាច់​គុន​ ដូនី យ៉េន ​ថា «អាយុ 60 ឆ្នាំ​ ក៏​មិន​មាន​បញ្ហា» ពេល​កំពុង​ឃោសនា​ឱ្យ​រឿង “Dragon Babu: The Legend of Qiao Feng”

    តារា​ក្បាច់​គុន​ ដូនី យ៉េន ​ថា «អាយុ 60 ឆ្នាំ​ ក៏​មិន​មាន​បញ្ហា» ពេល​កំពុង​ឃោសនា​ឱ្យ​រឿង “Dragon Babu: The Legend of Qiao Feng”

    កំពូលតារា​ក្បាច់​គុន​ហុងកុង​លោក ដូនី យ៉េន និយាយថា មិន​បារម្ភ​ចំពោះ​បញ្ហា​​អាយុ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ការ​ច្នៃ​ប្រឌិត​ឡើយ​ ហើយ​តែង​តែ​ភ្លេច​ថា ខ្លួន​មាន​អាយុ​ 60​ ឆ្នាំ​។

    នៅ​លើ​ប៉ុស្តិ៍ HK01 កំពូល​តារា​សម្ដែង​ផ្នែក​ក្បាច់​គុន​ ដូនី យ៉េន បាន​ឱ្យ​ដឹង​ថា មិន​ធ្លាប់​មាន​ការ​បារម្ភ​នៅ​ពេល​ឆ្នាំ​នេះ​ឈាន​ចូល​ដល់​វ័យ​ 60 ដែល​ត្រូវ​បន្ថយ​ការ​សម្ដែង​។ តារា​សម្ដែង​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា ភរិយា​របស់​គាត់​ដែល​មាន​អាយុ​ប្អូន​គាត់ 18 ឆ្នាំ តែង​ប្រាប់​ថា គាត់​ដូចទៅ​នឹង​កំលោះ​ម្នាក់​ ចូល​ចិត្ត​ចង់ដឹង​ ចង់ស្វែង​យល់។

    «ក្នុង​វិស័យ​ភាព​យន្ត គេ​ត្រូវ​ការ​ស្មារតី​ស្រាវជ្រាវ​ ទទួល​យក​ឧបសគ្គ។ អ្នក​ដឹង​ហើយថា Tom Cruise អាយុ 60 ឆ្នាំ​ហើយ នៅ​តែ​ប្រថុយ​តោង​ខ្សែ​ចេញ​ពី​យន្តហោះ​នៅ​លើ​អាកាស​ នៅ​តែ​ស្ថិត​នៅ​ចំណុចកំពូលដូច្នេះ» ដូនី​ យ៉េន បក​ស្រាយ​ដូច្នេះ​ និង​បន្ថែម​ថា ពេល​សម្ដែង គាត់​អាច​ប្រើប្រាស់​បទពិសោធន៍​​ដើម្បី​ប៉ះប៉ូវ​ឱ្យ​ចំណុចខ្សោយ​របស់​កម្លាំង​រាង​កាយ​។

    ទោះយ៉ាង​ណា​ក៏ដោយ តារា​សម្ដែង​រូប​នេះ​បាន​ឱ្យ​ដឹង​ថា មាន​គម្រោង​កាត់​បន្ថយ​ការ​ថត​ភាពយន្ត ដោយ​ចង់​សម្ដែង​តែ​ក្នុង​រឿង​ដែល​មាន​ឧបសគ្គ​កម្រិត​ខ្ពស់​។ គាត់​មាន​បំណង​ផ្ដោត​ទៅ​លើ​វិស័យ​ផលិត និង​ដឹក​នាំ​រឿង​ជំនួស​ឱ្យការ​សម្ដែង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

    បច្ចុប្បន្ន ដូនី យ៉េន កំពុង​ឃោសនាឱ្យ​ភាព​យន្ត​រឿង “Dragon Babu: The Legend of Qiao Feng” ដែល​គាត់​ជា​អ្នក​ដឹក​នាំ​រឿង​ អ្នក​ផលិត និង​អ្នក​សម្ដែង​ជា​តួ​អង្គ​ឯក។ ខ្សែភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​នៅ​ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និង​បញ្ចាំង​តាម​អនឡាញ​នៅ​ទី​ផ្សារ​ចិនដីគោក និង​​កូរ៉េខាងត្បូង​។ល។

  • មុខរបរ​ប៉ះ​ភ្ជាប់​ក្រដាស​ប្រាក់​​​ដុល្លារ​​អាម៉េរិក​ដាច់​រហែល​នៅ​ស៊ីម​បា​វ៉េ

    មុខរបរ​ប៉ះ​ភ្ជាប់​ក្រដាស​ប្រាក់​​​ដុល្លារ​​អាម៉េរិក​ដាច់​រហែល​នៅ​ស៊ីម​បា​វ៉េ

    Cuthbert Gudza កាន់​ក្រដាសប្រាក់ដុល្លារ​មក​មើល រួច​វាយតម្លៃ​កន្លែង​រហែក ហើយ​ចាប់ផ្ដើម​លាប​កាវ​យ៉ាង​ប្រុងប្រយ័ត្ន និង​ហាលថ្ងៃ មុនពេល​ប្រកាសថា «វា​បាន​ដូច​ថ្មី»។

    ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក​ដែលចាស់ រហែក កំពុង​ត្រូវបាន​កែប្រែ​ឱ្យ​អាច​ចាយ​វិញ​បាន នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ​របស់​ប្រទេស​ស៊ីម​បា​វ៉េ ជាទី​ដែល​វា​ត្រូវបាន «ជួសជុល» និង​លក់​យកចំណេញ ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​នៅ​ប្រទេស​នេះ​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​រស់នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ។

    ប្រជាជន​ក្នុងស្រុក​នៅ​ស៊ីម​បា​វ៉េ ត្រូវ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាម៉េរិក​សម្រាប់​ការ​ទិញដូរ​ប្រចាំថ្ងៃ រាប់​ចាប់ពី​ពេល​ប្រាក់​ដុល្លារ​ស៊ីម​បា​វ៉េ​បាត់បង់​តម្លៃ​ក្នុង​ឆ្នាំ 2009 ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង។ ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក​ដែល​ដាច់​រហែក​ត្រូវបាន​យកមក​បិទ​ភ្ជាប់​ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​ប្រាក់​មានកំណត់​បំផុត។

    ក្រដាសប្រាក់​រហែក​តែង​ត្រូវបាន​ផ្សារ​ទំនើប និង​ស្ថាប័ន​ជំនួញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្លូវការ​បដិសេធ។ វា​ត្រូវបាន​យកទៅ​កាន់​កន្លែង​របស់​មនុស្ស​ដូច Gudza ដែល​ជាជាង​ជួញដូរ​ប្រាក់​ក្នុង​ទីផ្សារងងឹត​នៅ​តំបន់​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីរួមស្រុក Kuwadzana មាន​ចម្ងាយ​ពី​រដ្ឋធានី​ហា​រ៉ា​រ៉េ ប្រហែល 15 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច។

    បណ្ដា​ធនាគារ​នៅ​ស៊ីម​បា​វ៉េ ទទួលយក​ក្រដាស​ប្រាក់​ចាស់ ដាច់​រហែក ប៉ុន្តែ​ប្រជាជន​បាន​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ក្រោយពីបាន​​បាត់បង់​ខ្ទង់​ប្រាក់​សន្សំ​ដោយសារ​អតិផរណា។ ប្រការនេះ​ធ្វើឱ្យ​ពួកគេ​ចូលចិត្ត​ដោះដូរ​​ជាមួយ​អ្នក​ទិញ​លក់​​ប្រាក់​នៅក្នុង​ទីផ្សារងងឹត​ជាជាង​ធនាគារ។

    «យើង​ទទួល​ទិញ​ប្រាក់​ដុល្លារ​ដាច់​រហែក​ក្នុងតម្លៃ​សមរម្យ សូម​អញ្ជើញ​ចូល» នេះ​ជា​សំឡេង​ស្រែក​ពពាយនាយ​ពី​ឧបករណ៍​បំពង​សំឡេង​ចល័ត​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​នៅ Kuwadzana។

    Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយថា «លក្ខខណ្ឌ​ទិញដូរ​គឺថា លេខ​ស៊េរី​នៅលើ​ក្រដាសប្រាក់​ត្រូវតែ​អាច​មើលឃើញ។ មុខរបរ​សំខាន់​របស់ខ្ញុំ​គឺ​លក់​ដំឡូងបារាំង ប៉ុន្តែ​ខ្ញុំ​ទិញដូរ​ប្រាក់​ដុល្លារ​ចាស់ ដាច់​រហែក​ក៏​ព្រោះតែ​មើលឃើញ​ឱកាស​រកស៊ី។ ក្រដាសប្រាក់​ទាំងនេះ​ត្រូវ​ផ្សារ​ទំនើប​បដិសេធ ប៉ុន្តែ​ខ្ញុំ​ទិញ​ដើម្បី​លក់​យកចំណេញ»។

    «យើង​ឱ្យ 600 ដុល្លារ​ស៊ីម​បា​វ៉េ​សម្រាប់ 1 ដុល្លារ​អាម៉េរិក។ អ្នក​ដែល​មិន​ចង់​កាន់​សាច់ប្រាក់​នឹង​ទទួលបាន​ដំឡូងបារាំង ផ្លែក្រូច ឬ​ប៉ោម។ បើសិនជា​ប្រាក់​រហែក​មិនអាច​ប៉ះ​បាន ខ្ញុំ​នឹង​យកទៅ​កាន់​ធនាគារ» Gudza ឱ្យ​ដឹង​​ដូច្នេះ។

    ដោយ​ដឹង​ពី​សភាពការណ៍ ធនាគារជាតិ​ស៊ីម​បា​វ៉េ​ក៏បាន​ស្នើឱ្យ​ប្រជាជន​ប្រើប្រាស់​ស្ថាប័ន​ផ្លូវការ​ដើម្បី​ប្ដូរប្រាក់​ចាស់ ដាច់​រហែក យកប្រាក់​ថ្មី ដោយ​ដាក់ចេញ​គោលការណ៍​ច្បាស់លាស់។

    «មុខរបរ​សំខាន់​របស់ខ្ញុំ​គឺ​លក់​ដំឡូងបារាំង ប៉ុន្តែ​ខ្ញុំ​ទិញដូរ​ប្រាក់​ដុល្លារ​ចាស់ ដាច់​រហែក​ក៏​ព្រោះតែ​មើលឃើញ​ឱកាស​រកស៊ី» Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយដូច្នេះ

    Persistence Gwanyanya សមាជិក​គណៈ​កម្ម​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​ស៊ីម​បា​វ៉េ បញ្ជាក់ថា «បើសិន​មាន​បញ្ហា ធនាគារកណ្ដាល​នឹង​ប្ដូរ​ជូន​អ្នក​នូវ​ក្រដាសប្រាក់​ល្អ​ជាង។ គ្រប់​ធនាគារ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលយក​ក្រដាសប្រាក់ចាស់»៕

  • រ៉ូ​បូត​រឹងអាច​​ប្រែកាយ​​ជា​ធាតុ​រាវ រួច​ «ហែក​គុក» បាន​ មុន​ពេល​កាឡា​ខ្លួន​​ជា​រូប​រាង​ដើម

    រ៉ូ​បូត​រឹងអាច​​ប្រែកាយ​​ជា​ធាតុ​រាវ រួច​ «ហែក​គុក» បាន​ មុន​ពេល​កាឡា​ខ្លួន​​ជា​រូប​រាង​ដើម

    ក្នុងការ​ពិសោធ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ប្រើប្រាស់​ដែក​ឆក់​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ទៅជា​ធាតុ​រាវ ហូរ​ឆ្លងកាត់​ចម្រឹង​ដែក​មក​ខាងក្រៅ រួច​កក​ទៅជា​រឹង​ដើម្បី​ត្រលប់​ទៅរក​រូបរាង​ដើម។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្កើតបាន​រ៉ូ​បូត​តូច​មួយ​ដែល​អាច​រំលាយ​ខ្លួន​​ទៅជា​ធាតុ​រាវ រួចហើយ​កក​រឹង​មកវិញ​ទៅតាម​បញ្ជា ជួយ​ឱ្យ​វា​ងាយស្រួល​ចាក​ផុតពី​ទី​ចង្អៀត។ ដើម្បី​ច្នៃ​ជា​រ៉ូ​បូត​ប្រែកាយ​នេះ ពួកគេ​ជ្រលក់​បន្ទះ​ដែក បូ​រ៉ុង (boron) និង​មេដែកនី​អូ​ឌី​ម​ដ៏​តូច​ទៅក្នុង​កា​ល្យូ​ម (gallium) រាវ ជា​លោហធាតុ​ដែល​រលាយ​ក្នុង​សីតុណ្ហភាព​ទាប និង​ទុកឱ្យ​វា​កក​មកវិញ។ លទ្ធផល​នៃ​ការពិសោធ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Matter កាលពី​ថ្ងៃទី 25 មករា។

    សមត្ថភាព​ក្នុងការ​ប្រែ​រូប​ជួយ​ឱ្យ​រ៉ូ​បូត​នេះ​ក្លាយជា​អ្នក «ហែក​គុក» ដ៏​ឆ្នើម។ អ្នកជំនាញ​ប្រើប្រាស់​មេដែក​ដើម្បី «ចេញ​បញ្ជា» ឱ្យ​រ៉ូ​បូត​រំលាយខ្លួន​ជា​ធាតុ​រាវ​ដើម្បី​ហូរ​តាម​ចន្លោះ​ចម្រឹង​ដែក​របស់​ទ្រុង ហើយ​ក្រោយ​មកវា​ប្រែកាយ​ទៅជា​រូបរាង​ដើម​នៅ​ខាងក្រៅ​ទ្រុង​នោះ។

    រ៉ូបូតរលាយទៅជាធាតុរាវ ហូរឆ្លងកាត់ចម្រឹងដែកមកខាងក្រៅ រួចកកទៅជារឹងដើម្បីត្រលប់ទៅរករូបរាងដើម

    ដើម្បី​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ជា​ធាតុ​រាវ អ្នកវិទ្យាសាស្ត្រ​កម្ដៅ​វា​តាមរយៈ​យន្តការ​អាំង​ឌុ​ច​ស្យុ​ង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ដោយ​ប្រើប្រាស់​មេដែក​បង្កើតជា​ចរន្តអគ្គិសនី​ខាងក្នុង​រ៉ូ​បូត។ ចរន្តអគ្គិសនី​ដុត​រំលាយ​កា​ល្យូ​ម ហើយ​គ្រាប់​ម៉ាញេ​ទិច​អណ្ដែត​ខាងក្នុង ធ្វើឱ្យ​រ៉ូ​បូត​ត្រូវ​ឆក់​ទៅខាង​មេដែក។

    រ៉ូ​បូត​ថ្មី​នេះ​ត្រូវបាន​យក​លំនាំ​តាម Sea cucumber (សត្វ​ត្រសក់​សមុទ្រ) ដែលមាន​សមត្ថភាព​ប្រែកាយ​ពី​រឹង​ទៅ​ទន់​ដើម្បី​ការពារ​ខ្លួន។

    ក្រុម​អ្នកជំនាញ​យល់ថា រ៉ូ​បូត​នេះ​អាច​ប្រើប្រាស់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​សុខាភិបាល។ មកដល់ពេលនេះ វា​បាន​ឆ្លងកាត់​ការពិសោធ​ជាច្រើន​មកហើយ រួមមាន​ដូចជា​ ការជួស​ជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​ការផ្លាស់​ទី​ទៅដល់​គោល​ដី រួច​ប្រែ​រូប​ទៅជា​វត្ថុ​ធាតុ​សម្រាប់​ផ្សារភ្ជាប់ ការរំលាយ​ខ្លួន​ទៅជា​វី​ស និង​​ខ្ចៅ និង​ការយក​វត្ថុ​ចម្លែក​ចេញពី​ក្រពះ​ជាដើម៕

  • ទ័ពជើងទឹក​ថៃ រៀប​​ផែនការ​ទិញ​នាវា​ពិឃាដ​ទី​ពីរ

    ទ័ពជើងទឹក​ថៃ រៀប​​ផែនការ​ទិញ​នាវា​ពិឃាដ​ទី​ពីរ

    ទ័ពជើងទឹក​របស់​រា​ជាណា​ចក្រ​ថៃ បានស្នើ​សុំ​​គណៈរដ្ឋមន្ត្រី​ប្រទេស​នេះ ផ្ដល់​ថវិកា 15 ពាន់​លាន​បាត (457 លាន​ដុល្លារ​អាម៉េរិក) ក្នុង​រង្វង់ 5 ឆ្នាំ​ខាងមុខ សម្រាប់​ការ​​ដំឡើង​នាវា​ពិឃាដ​ខ្នាតតូច​ថ្មី​មួយ​គ្រឿង​ទៀត។

    សំណើ​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ​ក្រសួងការពារជាតិ​ថៃ នៅក្នុង​សេចក្ដីព្រាងច្បាប់​គម្រោង​ថវិកាជាតិ​សម្រាប់​ឆ្នាំ 2024 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 តុលា​ឆ្នាំនេះ។

    សារព័ត៌មាន​ថៃ​បានឱ្យដឹងថា សំណើ​នេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 24 មករា ហើយ​បើ​តាម​គោល​ការណ៍​ សំណើ​នេះ​​ទទួលបាន​ការគាំទ្រ​រួច​ហើយ។

    ខ្ទង់​ប្រាក់​ដំបូង​នៃ​កញ្ចប់​ថវិកា​ខាងលើ​សម្រាប់​ឆ្នាំ 2024 គឺមាន​តម្លៃ 1.7 ពាន់​លាន​បាត ដែល​ប្រហែល​នឹង 52 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន គម្រោង​ទិញ​នាវា​ពិឃាដ​ខ្នាតតូច​របស់​ទ័ពជើងទឹក​ថៃ កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​នាវា​នៅ​បរទេស មាន​ជាអាទិ៍ ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ រុស្ស៊ី និង​បារាំង។

    គម្រោង​នាវា​ពិឃាដ​ខាងលើនេះ​គឺជា​គ្រឿង​ទី​ពីរ​របស់​ទ័ពជើងទឹក​ថៃ បន្ទាប់ពី HTMS Bhumibol Adulyadej ដែល​ផលិត​នៅ​កូរ៉េខាងត្បូង និង​បាន​ប្រគល់ឱ្យ​ថៃ​កាលពី​ឆ្នាំ 2019៕

  • ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ អាច​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង

    ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ អាច​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសថា អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បរទេស​បណ្ដាក់ទុន​វិនិយោគ 100% លើ​គម្រោង​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ-ហូជីមិញ។

    ខ្លឹមសារ​ខាងលើ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​វិនិយោគ​បារាំង កាលពី​ថ្ងៃទី 25 មករា 2023។ យោងតាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវដែក 2 ខ្សែ​ផ្សេងទៀត​ដែលមាន​ស្រាប់ ក៏​នឹងត្រូវ​ពង្រីក​ដោយមាន​ការវិនិយោគ​ពី​វិស័យ​ឯកជន​ផងដែរ។

    ភាគី​ប្រតិភូ​បារាំង​បាន​ថ្លែងថា គណៈប្រតិភូ​វិនិយោគ​របស់​បារាំង​មាន​ជំនឿ​ចិត្ត​លើ​ការវិនិយោគ​នៅ​កម្ពុជា និង​មានបំណង​​ស្វែង​រក​​ឱកាស​​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​ល្បឿន​លឿន ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវអាកាស និង​ថាមពល​ជាដើម។

  • ព្រឹល និង​អាកាសធាតុ​ត្រជាក់​ខ្លាំង​​កំពុង​វាយប្រហារ​លើ​ប្រទេស​ជប៉ុន!

    ព្រឹល និង​អាកាសធាតុ​ត្រជាក់​ខ្លាំង​​កំពុង​វាយប្រហារ​លើ​ប្រទេស​ជប៉ុន!

    តំបន់​មួយចំនួន​នៅ​ប្រទេស​ជប៉ុន មាន​សីតុណ្ហភាព​ទាប​ជាង​ពេលណា​ទាំងអស់​ក្នុងអំឡុង​មួយ​ទសវត្សរ៍​កន្លង បណ្ដាលឱ្យ​ស្ទះចរាចរណ៍ និង​បង្កឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច​ម្នាក់ នេះ​បើតាម​មន្ត្រី​នៅ​ស្ថាប័ន​ឧតុនិយម​ជប៉ុន។

    តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ទទួលរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​ព្រឹល​កាលពី​យប់​ថ្ងៃទី 24 មករា ខណៈដែល​រាជធានី​តូ​ក្យូ និង​តំបន់​ជុំវិញ​មិនមាន​ព្រឹល​ធ្លាក់ ប៉ុន្តែ​មាន​សីតុណ្ហភាព​ចុះ​ទាប​ខុសពី​ធម្មតា។

    តំបន់​មួយ​នៅក្នុង​ខេត្ត Kumamoto ភាគខាងត្បូង​ប្រទេស​ជប៉ុន មាន​សីតុណ្ហភាព -9 អង្សា​សេ ដែលជា​កម្រិត​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 1977។

    ខាងលើ​គឺជា​ទិដ្ឋភាព​រុក្ខជាតិ និង​វិហារ Kinkakuji នៅ​អតីត​រាជធានី Kyoto កាលពី​ថ្ងៃទី 25 មករា

    (រូបខាងលើ)-ទិដ្ឋភាព​នៅក្នុង​ទីក្រុង Toyama ក្នុង​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី 24 មករា

    (រូបខាងលើ)-កម្មករ​កំពុង​សម្អាត​ព្រឹល​នៅក្នុង​ទីក្រុង Yasuki ខេត្ត Shimane កាលពី​ថ្ងៃទី 25 មករា

    (រូបខាងលើ)-ព្រឹល​ធ្លាក់​គ្របដណ្ដប់​ពេញ​រថយន្ត​នៅ​ទីក្រុង Yonago ខេត្ត Tottori កាលពី​ថ្ងៃទី 25 មករា

    (រូបខាងលើ)-ព្រឹល​គ្របដណ្ដប់​ពេញ​ដំបូលផ្ទះ វត្ត​អារាម និង​ការដ្ឋាន​នៅ​ទីក្រុង Nagano កាលពី​ថ្ងៃទី 25 មករា

    (រូបខាងលើ)-រថយន្ត​ដឹកទំនិញ​ពីរ​ជួរ​ស្ទះ​បន្តកន្ទុយ​គ្នា​ព្រោះតែ​ព្រឹល​នៅលើ​ដងផ្លូវ​ល្បឿន​លឿន Shin-meishin ក្នុង​ទីក្រុង Suzuka ខេត្ត Mie កាលពី​ម្សិលមិញ

    (រូបខាងលើ)-អ្នកដំណើរ​ត្រូវ​ជាប់គាំង 4 ម៉ោង​លើ​រថភ្លើង​អគ្គិសនី ពេល​ផ្លូវដែក​ត្រូវ​រអាក់រអួល​ព្រោះតែ​អាកា​ស​ធាតុ​ត្រជាក់​ខ្លាំង​នៅក្នុង​ខេត្ត Kyoto កាលពី​ថ្ងៃទី 24 មករា

    (រូបខាងលើ)-កម្មករ​កំពុង​បោសសម្អាត​ព្រឹល​ចេញពី​ផ្លូវ​នៅ​ទីក្រុង Aomori ខេត្ត Aomori កាលពី​ម្សិលមិញ

    (រូបខាងលើ)-អ្នកដំណើរ​កំពុង​រង់​ចាំ​រថយន្តក្រុង​ក្រោមមេឃ​កំពុង​ធ្លាក់​​ព្រឹល​នៅ Kyoto កាលពី​ម្សិលមិញ

    (រូបខាងលើ)-ព្រឹល​គ្របដណ្ដប់​ពេញ​កំពូលភ្នំ Kirishima ត្រង់​ជួរ​ភ្នំ​ដែល​ខណ្ឌ​ចែក​ទឹកដី​រវាង​ខេត្ត Kagoshima និង Miyazaki កាលពី​ថ្ងៃទី 25 មករា៕