Author: សឿន សំណាង

  • កំពូលរថយន្ត ​SUV ​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​កម្ពុជា !

    កំពូលរថយន្ត ​SUV ​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​កម្ពុជា !

    [ភ្នំពេញ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣]  ថ្មីៗនេះគេសង្កេតឃើញថា មានកំពូលរថយន្ត SUV មួយប្រភេទដែលត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាំងពីមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាមកម្លេះ នោះគឺរថយន្ត​ Ford Territory ស៊េរីឆ្នាំ 2023​​។ រថយន្តនេះត្រូវបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយទាំងអស់នេះ ធ្វើអោយរថយន្ត Ford Territory ស៊េរីឆ្នាំ 2023​ នេះ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់អតិថិជន Ford​ ហើយវត្តមានរបស់រថយន្តនេះក៏ចាប់ផ្តើមចរាចរណ៍​ពាស​ពេញដងវិថីនៃទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ។

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 បំពាក់មកជាមួយនូវម៉ាស៊ីន សាំងជំនាន់ថ្មី ៤​​ស៊ីឡាំង ចំណុះ 1.5L EcoBoost  ដែលអាចផលិតកម្លាំងសេះដល់ទៅ 163 PS និងកម្លាំងរមួល 250 nm ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូ​ ។

    ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ បានផ្តោតសំខាន់ទៅលើភាពទំនើប ទាន់សម័យ ដោយប៉ាណា ផ្នែកខាងមុខនៃរថយន្តនេះ រចនាម៉ូតបែបសំណាញ់ពណ៌ខ្មៅរលោង ថ្មី ប្លែក បង្ហាញពីភាពអង់អាច អមជាមួយនឹងចង្កៀងខាងមុខដែលបំពាក់មកជាមួយនូវអំពូលបំភ្លឺពេលថ្ងៃ (Day time running light​)  និងមានអំពូលកាត់អ័ព្ទនិងចង្កៀងហ្វាកូដអូតូជាមួយមុខងារ Follow Me Home នៅផ្នែកខាងក្រោម ដែលជួយអោយការបើកបរកាន់តែមានសុវត្ថិភាពមិនថាពេលយប់ឬពេលថ្ងៃ។​ ផ្នែកខាងក្រោយនៃរថយន្តនេះវិញ ត្រូវបានបំពាក់មកជាមួយនូវចង្កៀងប្រភេទLED មានពន្លឺភ្លឺច្បាស់ល្អ ដែលត្រូវបានរចនាបែបផុស 3D  រាងអក្សរ L ជាមួយនឹងស៊ីញ៉ូប្រដេញ ធ្វើអោយផ្នែកខាងក្រោយនៃរថយន្តកាន់តែមានភាពទាក់ទាញថែមទៀតផង។

    មិនតែប៉ុណ្ណោះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដែលមានសមាជិកគ្រួសារច្រើន ដោយសារតែឃ្លុបក្រោយរបស់រថយន្តនេះធំ ទូលាយជាងមុន ដែលផ្តល់កន្លែងដាក់សម្ភារបានកាន់តែច្រើន។

    ក្រឡេកមកមើល ផ្នែកខាងក្នុងនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះវិញ បានភ្ជាប់មកជាមួយនូវ កៅអីស្បែកថ្មី ពណ៌ខៀវខ្ចី និងតាមឡូស្បែកលាយឈើប្រណិតមួយជុំវិញរថយន្តដែលរំលេចនូវភាពថ្លៃថ្នូរ ទំនើប ទាន់សម័យ ធ្វើអោយការបើកបរកាន់តែមានភាពស៊ីវីល័យ។

    មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវ ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ​ សាកសមពិសេសសម្រាប់ការបើកបរក្នុងអាកាសធាតុក្តៅ និងជួយមិនអោយអ្នកបើកបរមានអារម្មណ៍ថានឿយហត់មិនថាការបើកបរផ្លូវជិតឬឆ្ងាយ។  

    មិនតែប៉ុណ្ណោះ អ្នកបើកបរនឹងមានអារម្មណ៍កាន់តែអស្ចារ្យ ជាមួយនឹងចង្កូតអេឡិចត្រូនិចរាងអក្សរ D ធូរងាយស្រួលប្រើ ​កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ដែលអាចប្តូរបានដល់ទៅពីរ Style រួមមាន Classic និង Sport ហើយអាចប្តូរប្រព័ន្ធគ្រប់គ្រងការបើកបរបានដល់ទៅ៤ម៉ូត គឺ ផ្លូវធម្មតា (Normal) សន្សំសំចៃប្រេង (Eco) ស្ព័រ (Sport) និង ឧបសគ្គ (Mountain)។

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏បានបំពាក់មកជាមួយនូវ អេក្រង់កម្សាន្ត Touch Screen ទំហំ 12 អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនាន់ថ្មី អាចភ្ជាប់ជាមួយ Apple CarPlay  និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ​ផងដែរ។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវ ចង្កឹះលេខអេឡិចត្រូនិច (Rotary E-shifter) និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែរដែលធ្វើអោយផ្នែកខាងក្នុងកាន់តែមានភាព ទូលាយ និង ប្រណិតភាព។

    បន្ថែមលើនេះទៅទៀត ការបើកបរកាន់តែមានផាសុកភាព​ ជាមួយនឹងប្រព័ន្ធបន្សុតខ្យល់ PM2.5 និងម៉ាស៊ីនត្រជាក់ Doul Zone Auto ដែលអាចគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តផ្នែកខាងមុខ និង ដំបូលកញ្ចក់ Panoramic​​ ធំអាចបើក បិទ ស្រូបយកពន្លឺព្រះអាទិត្យ ឬខ្យល់អាកាសធម្មជាតិ​ ធ្វើអោយការបើកបរកាន់តែមានភាពស្រស់ស្រាយ។

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 មានការផ្លាស់ប្តូរទាំងស្រុង មិនថារូបរាង បច្ចេកវិទ្យា ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពទំនើបៗ ដែលជាជំនាន់ចុងក្រោយ សាកសម្យឥតខ្ចោះ ជាកំពូលរយន្ត SUV នៅក្នុងប្រទេសកម្ពុជា ដូចជា៖

    • ​​​​ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) ប្រព័ន្ធជំនួយចាកចេញពីចំណត និងប្រព័ន្ធថយក្រោយស្វ័យប្រវត្តតាមគន្លងដើម (Reversing) ជាមួយនឹងសេនស័រចំនួន​១២គ្រាប់
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
    • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
    • ប្រព័ន្ធកាម៉េរាសុវត្ថិភាព 360 ដឺក្រេកំរឹតខ្ពស់មួយជុំវិញរថយន្ត
    • ប្រព័ន្ធបិទ/បើកឃ្លុបក្រោយដោយស្វ័យប្រវត្ត ដោយគ្រាន់តែគ្រវាសជើង
    • ប្រព័ន្ធទប់លំនឹងពេលឡើងនិងចុះចំណោត
    • ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធ ESP
    • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល (Traction Control)

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 ផ្តល់ជូនជម្រើសពណ៌ដល់ទៅ ៦ សម្រាប់អតិថិជនធ្វើការជ្រើសរើសរួមមាន៖ ពណ៌ខៀវខ្ចី ពណ៌ស ពណ៌ខ្មៅ ពណ៌សូកូឡា ពណ៌ទឹកមាស និងពណ៌ក្រហម​ ជាមួយនឹងតម្លៃដ៏សមរម្យ ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជាត្រឹមតែ 48,900 ដុល្លារតែប៉ុណ្ណោះ។

    លើសពីនេះទៅទៀត រាល់ការទិញនូវរថយន្ត Ford អតិថិជននឹងទទួលបាននូវ ការធានា ៣ ឆ្នាំ ឬ ១០ ម៉ឺនគ.ម​ ពី Ford Cambodia សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km​​  ព្រមទាំងមានសេវាកម្មជួសជុលចល័ត ២៤ ម៉ោង សេវាបង់រំលស់ឆាប់រហ័ស និងប្រកបដោយទំនុងចិត្ត ២៥ ខេត្តក្រុង   គ្រឿងបន្លាស់ Original ពីរោងចក្រ   សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service) ផងដែរ ។​

  • ចាក​ចេញពី PSG កំពូល​កីឡាករ​បារាំង Mbappe នឹង​អូស​កំពូល​ថ្វី​ជើង​មួយរូប​ទៅជា​មួយ?

    ចាក​ចេញពី PSG កំពូល​កីឡាករ​បារាំង Mbappe នឹង​អូស​កំពូល​ថ្វី​ជើង​មួយរូប​ទៅជា​មួយ?

    មិន​ត្រឹមតែ​ចង់​ចាក​ចេញពី​ក្លឹប PSG ទៅកាន់​គោលដៅ​ក្នុង​ក្ដី​ស្រមៃ​នោះទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ Kylian Mbappe ថែមទាំង​ចង់​អូស​សហការី​ស្និទ្ធស្នាល​មួយរូប​នៅ​បារី​ស​ទៅជា​មួយ​ខ្លួន​ទៀតផង។

    កាលពី​រដូវក្ដៅ​ឆ្នាំមុន Mbappe បង្កឱ្យមាន​កា​រក​ក្រើន​វិស័យ​បាល់ទាត់​នៅពេល​បោះបង់​ឱកាស​ទាត់​ឱ្យ Real Madrid ដើម្បី​នៅ​ជាមួយ PSG។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា Mbappe និង Real Madrid បាន​ផ្ដាច់ទំនាក់ទំនង​ឡើយ។

    យោងតាម Football Espana កំពូល​តារាបាល់ទាត់​បា​រាំង Mbappe ចង់ទៅ​កាន់ Real Madrid នៅ​រដូវក្ដៅ​ឆ្នាំនេះ ដោយហេតុថា ស្ថានការណ៍​នៅ PSG ពេលនេះ​មាន​អស្ថិរភាព ក្នុងនោះ​មាន​ទាំង​បញ្ហា​ផ្ទៃក្នុង លទ្ធផល​នៃ​ការប្រកួត​មិនល្អ បរាជ័យ​ក្នុង​ផែនការ​ទិញដូរ​កីឡាករ​ជា​ដើម។ បញ្ហា​ទាំងនេះ​បានធ្វើឱ្យ Mbappe មានការ​សង្ស័យ​អំពី​លទ្ធភាព​ដែល​គាត់​អាច​រីកចម្រើន បើសិន​បន្ត​នៅ​ជាមួយ PSG។

    Mbappe និង Hakimi

    ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ​យល់ថា មានតែ​ទៅ​ចូលរួម​ជាមួយ Real Madrid នោះទេ ទើប​គាត់​អាច​ឆ្ពោះទៅ​ក្បែរ​ពានរង្វាន់ Champions League និង​គ្រាប់​បាល់​មាស។

    ក៏ប៉ុន្តែ Mbappe នឹងមិន​ចង់​ចាក​ចេញទៅ​ម្នាក់ឯង​ឡើយ។ យោងតាម Football Espana ដដែល កីឡាករ​នេះ​នឹង​អូសទាញ​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន​គឺ Achraf Hakimi ទៅជា​មួយ​។

    Mbappe និង Hakimi

    កីឡាករ Achraf Hakimi ជា​ជនជាតិ​ម៉ា​រ៉ុ​ក និង​ត្រូវបាន​បណ្ដុះបណ្ដាល​ពី​ក្លឹប Los Blancos (Real Madrid) និង​បាន​ឡើងដល់​ក្រុម​ទីមួយ​ក្នុង​ឆ្នាំ 2017 មុនពេល​ទៅកាន់ Dortmund និង Inter។

    ការដែល​មាន Hakimi ទៅជា​មួយ​នៅពេល​លេង​ឱ្យ Real នឹង​ជួយ​ឱ្យ Mbappe សម្រប​ខ្លួន​នឹង​ជីវភាព​នៅ​អេ​ស្ប៉ា​ញ​បាន​ឆាប់រហ័ស។ ជាងនេះទៀត Real ក៏ត្រូវ​បាន​គេ​ជឿថា កំពុង​ស្វែងរក​ខ្សែការពារ​ម្នាក់​ដើម្បី​ជំនួស Dani Carvajal ខណៈដែល Hakimi ក៏ត្រូវ​បាន​ទាក់ទង​ឡើងវិញ។

    ការ​ទិញដូរ​កីឡាករ​ដ៏​ធំ​ខាងលើនេះ​ពិតជា​អាច​កើតឡើង​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ដោយ​តម្លៃ​សរុប​អាច​ឡើងដល់ 250 លាន​អឺរ៉ូ (180 លាន​សម្រាប់ Mbappe និង 70 លាន​សម្រាប់ Hakimi)៕

  • (រញ្ជួយ​ដី​នៅ​តួ​ក​គី) – ក្មេង​ជំទង់​ថត​វីដេអូ​ផ្ដាំផ្ញើ​ចុងក្រោយ ពេល​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក

    (រញ្ជួយ​ដី​នៅ​តួ​ក​គី) – ក្មេង​ជំទង់​ថត​វីដេអូ​ផ្ដាំផ្ញើ​ចុងក្រោយ ពេល​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក

    ក្នុងពេល​ជាប់​នៅ​ខាង​ក្រោមផ្ទះ​ដែល​បាន​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី Taha Erdem អាយុ 17 ឆ្នាំ បាន​ថត​វីដេអូ​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ និយាយ​អំពី​ការ​ស្ដាយក្រោយ និង​កិច្ច​ការដែល​នឹងធ្វើ បើសិនជា​នៅមាន​ជីវិត។

    Taha Erdem និង​ក្រុមគ្រួសារ​កំពុង​គេង​លក់​ពេល​រញ្ជួយ​ដី​កម្លាំង 7.8 រិច​ទ័​រ​កើតឡើង​នៅក្នុង​ទីក្រុង Adiyaman កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី 06 កុម្ភៈ 2023។

    Taha Erdem បាន​ភ្ញាក់​ដឹងខ្លួន​ព្រោះតែ​រញ្ជួយ​ដី។ ក្នុង​រង្វង់ 10 វិនាទី អគារ​កម្ពស់ 4 ជាន់​ក៏បាន​បាក់​រលំ​សង្កត់​លើ Taha រួមទាំង​ម្ដាយ ឪពុក និង​ប្អូនប្រុស ប្អូនស្រី​របស់គាត់។ ពេល​ត្រូវ​ជាប់​ក្រោម​ថ្ម និង​ដែក និង​មិនឃើញ​ឪពុកម្ដាយ Taha ក៏​យក​ទូរស័ព្ទ​ថត​វីដេអូ​ដើម្បី​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ ដោយ​សង្ឃឹមថា មាន​គេ​រកឃើញ​នៅពេល​គាត់​បាន​ស្លាប់។

    «ខ្ញុំ​គិតថា នេះ​គឺជា​វីដេអូ​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ថត» Taha និយាយ​ពេល​កំពុង​ស្ថិតក្នុង​គំនរ​បាក់បែក ខណៈ​គ្រោះ​រញ្ជួយ​ដី​នៅតែ​កើតឡើង។

    Taha Erdem និង​ឪពុក​ម្ដាយ​ ក្រោយ​ពី​ត្រូវបាន​ជួយ​សង្គ្រោះ​

    Taha រៀបរាប់​អំពី​របួស​របស់គាត់ និង​វិប្បដិសារី ក៏ដូចជា​ប្រការ​ដែល​គាត់​ចង់​ធ្វើ បើសិនជា​នៅមាន​ជីវិត។ ក្នុង​វីដេអូ​នេះ​ក៏មាន​សំឡេង​ស្រែក​របស់​ជនរងគ្រោះ​ដទៃទៀត​ដែរ។

    «ខ្ញុំ​នៅមាន​ការសោកស្ដាយ​ជាច្រើន​ប្រការ។ សូម​ព្រះ​អម្ចាស់​លើកលែងទោស​ដល់​ខ្ញុំ… នៅតែមាន​រញ្ជួយ​ដី។ មិនមែន​ដៃ​ខ្ញុំ​ញ័រ​ទេ ប៉ុន្តែ​វា​ជា​រញ្ជួយ​ដី» Taha បន្ថែម។ Taha គិតថា សមាជិក​ទាំងអស់​រប​ស់​គ្រួសារ​គាត់​បាន​ស្លាប់ ហើយ​គាត់​នឹង​បាន​ទៅ​ជួប​ពួកគេឆាប់ៗនេះ។

    ក៏ប៉ុន្តែ Taha គឺជា​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​ត្រូវបាន​សង្គ្រោះដំបូង។ Taha ត្រូវបាន​អ្នកភូមិ​ទាញ​ចេញពី​គំនរ​បាក់បែក​ក្រោយពី​បាន​ជាប់​ប្រហែល​ពីរ​ម៉ោង។ ប្រហែល 10 ម៉ោង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី ឪពុកម្ដាយ និង​ប្អូន​ពីរ​នាក់​របស់ Taha ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកភូមិ។

    គិត​មកដល់​វេលា​ម៉ោង 10 ថ្ងៃទី 20 កុម្ភៈ ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី កាលពី​ថ្ងៃទី 06 កុម្ភៈ បាន​កើន​ឡើងដល់​ជាង 46,000 នាក់៕

  • ការ​ទិញ​ក្លឹប Man United៖ មហាសេដ្ឋី​កាតាទទួល​បានការ​គាំទ្រ​ពី Bank of America 

    ការ​ទិញ​ក្លឹប Man United៖ មហាសេដ្ឋី​កាតាទទួល​បានការ​គាំទ្រ​ពី Bank of America 

    ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា ទទួលបាន​ការគាំទ្រ​បន្ថែម​ពី Bank of America នៅក្នុង​ការដណ្ដើម​ទិញ​ក្លឹប​បាល់ទាត់ Manchester United។

    យោងតាម Bloomberg ធនាគារ Bank of America ត្រូវបាន​ជ្រើសរើស​ជា​ស្ថាប័ន​គាំទ្រ ទីប្រឹក្សា​របស់លោក Sheikh Jassim Bin Hamad Al Thani ជា​អ្នកវិនិយោគ​ដែល​បានស្នើ​ទិញ​ក្លឹប Man United កាលពីពេលថ្មីៗនេះ។

    លោក Sheikh Jassim Bin Hamad Al Thani គឺជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​កាតា Hamad bin Jassim bin Jaber Al Thani។ តំណាង​អ្នកនាំពាក្យ​របស់លោក Sheikh Jassim Bin Hamad Al Thani បានបញ្ជាក់​អំពី​ការជ្រើសរើស Bank of America ធ្វើជា​ទីប្រឹក្សា គាំទ្រ​ដល់​លោក Sheikh Jassim ក្នុងការ​ទិញដូរ​ខាងលើ។

    លោក Sheikh Jassim បច្ចុប្បន្ន​ជា​ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Credit Suisse Group AG។ មុននេះ លោក Sheikh Jassim បានស្នើ​ទិញ​ក្លឹប MU ក្នុងតម្លៃ​ប្រហែល 5 ពាន់​លាន​ផោន (ប្រហែល 6 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    ក្នុងការ​ដណ្ដើម​ទិញ MU លោក Sheikh Jassim នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​មហាសេដ្ឋី Jim Ratcliffe ដែល​ទទួលបាន​ការគាំទ្រ​ពី​ធនាគារ Goldman Sachs៕

  • Facebook លក់​សញ្ញា​ធិ​ក​ពណ៌​ខៀវ តម្លៃ​ចាប់ពី 12 ដុល្លារ​ឡើងទៅ

    Facebook លក់​សញ្ញា​ធិ​ក​ពណ៌​ខៀវ តម្លៃ​ចាប់ពី 12 ដុល្លារ​ឡើងទៅ

    សេវាកម្ម Meta Verified អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ Facebook ទិញ​សញ្ញា​ធិ​ក​ពណ៌​ខៀវ​ដើម្បី​បញ្ជាក់​អំពី​គណនី​ជា​កម្មសិទ្ធិ​ពិតប្រាកដ ដូច​ទៅនឹង Twitter Blue របស់ Elon Musk។

    កាលពី​ថ្ងៃទី 19 កុម្ភៈ Mark Zuckerberg ដែលជា CEO របស់ Meta (ក្រុម​ហ៊ុន​មេ​របស់ Facebook) បានប្រកាសថា ក្រុមហ៊ុន​នឹង​លក់​សញ្ញា​ធិ​ក​ពណ៌​ខៀវ​នៅលើ Facebook និង Instagram។ សេវាកម្ម​ថ្មី​នេះ​នឹងមាន​ឈ្មោះថា Meta Verified និង​មានតម្លៃ 11.99 ដុល្លារ​អាម៉េរិក/ខែ បើសិន​ចុះឈ្មោះ​លើ​គេហទំព័រ។ ប៉ុន្តែ បើ​ចុះឈ្មោះ​តាមរយៈ​កម្មវិធី Facebook ឬ Instagram លើ​ឧបករណ៍ iOS អ្នកប្រើប្រាស់​នឹងត្រូវ​ចំ​ណាយ 14.99 ដុល្លារ/ខែ។

    Meta Verified នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ដំបូង​គេ​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ក្នុង​សប្ដាហ៍​នេះ ហើយ​ក្រោយមក​នឹង​បន្ត​លក់​នៅក្នុង​ប្រទេស​ដទៃ។ ដើម្បី​បញ្ជាក់ថា គណនី​ណាមួយ​ជា​របស់ខ្លួន អ្នកប្រើប្រាស់​ត្រូវ​បង្ហាញ​លិខិត​មួយចំនួន​មានដូចជា លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬ​បណ្ណ​បើកបរ​ជាដើម។

  • «Ant-Man 3» ៖ មហាសង្គ្រាម​នៅក្នុង​ពិភព​ល្អិត «កង់​ទិច»

    «Ant-Man 3» ៖ មហាសង្គ្រាម​នៅក្នុង​ពិភព​ល្អិត «កង់​ទិច»

    «Ant-Man and the Wasp: Quantumania» (Ant-Man 3) ត្រូវបាន​ប្រដូច​ទៅនឹង​កំណែ «Star Wars» របស់​ពិភព​ភាពយន្ត Marvel។

    ស្នាដៃ​​ភាព​យន្ត​នេះ​គឺជា​វគ្គ​ដោយឡែក​ទី​បី​ស្ដីពី​កំពូល​វីរបុរស​មនុស្ស​ស្រមោច​របស់ Marvel បន្ទាប់ពី​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​វគ្គ Ant-Man (2015) និង Ant-Man and the Wasp (2018)។ សាច់​រឿង​ក្នុង​​ខ្សែភាពយន្ត​ដែល​​យកតាម​ទិដ្ឋភាព​ក្រោយ​មហាសង្គ្រាម​ជាមួយ Thanos ក្នុង​រឿង Avengers: Endgame (2019) Scott Lang (សម្ដែង​ដោយ Paul Rudd) បណ្ដែតបណ្ដោយ​ការងារ​ជា​មហា​វីរបុរស ហើយ​ផ្ដោត​លើ​ការអភិវឌ្ឍ​អាជីព​សរសេរ​សៀវភៅ និយាយ​អំពី​ស្នាដៃ​របស់ខ្លួន​ក្នុង​អតីតកាល។ ចំណែក Cassie ដែលជា​កូនស្រី​របស់គាត់ ក្លាយជា​សកម្មជន​សង្គម​ដែល​ជួប​បញ្ហា​ជា​ញឹកញាប់។

    ក្នុងពេល​មួយ​ដែល​បាន​ទៅ​ជួប​កូនស្រី Scott Lang ក៏​បានដឹងថា Cassie កំពុង​អភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​ពិភព​ល្អិត Quantum Realm។ ក្នុងពេលនោះ បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើឱ្យ​ក្រុម Scott Lang, Cassie, Hope, ប្ដី​ប្រពន្ធ Hank – Janet (ឪពុកម្ដាយ​របស់ Hope) ធ្លាក់​ទៅក្នុង​ពិភព​ល្អិត​របស់ ចក្រវាល​ភាពយន្ត Marvel (Marvel Cinematic Universe)។ ពួកគេ​ត្រូវបាន​បំបែក​ជា​ពីរ​ក្រុម។ ឪពុក និង​កូន​មនុស្ស​ស្រមោច​ត្រូវបាន​អ្នកស្រុក​មួយក្រុម​ចាប់​យកទៅ​សួរចម្លើយ។ ចំណែក Janet (អ្នក​ដែល​ធ្លាប់បាន​ជាប់គាំង​ច្រើន​ឆ្នាំ​ក្នុង​ពិភព​ល្អិត Quantum Realm) នាំ​ស្វាមី និង​កូន Hope ស្វែងរក​មិត្ត​ចាស់​នៅទីនេះ​ដើម្បី​សុំ​ជំនួយ។

    «Ant-Man 3» ពង្រីក​ចក្រវាល​ភាពយន្ត Marvel នាំ​ទស្សនិកជន​ទៅកាន់​ពិភព​ល្អិត ជា​តំបន់​ដែល​មិនទាន់​ត្រូវបាន​បង្ហាញ​ច្រើន​ក្នុង​វគ្គមុនៗ។

    នេះ​គឺជា​ពិភព​ដោយឡែក​ដែលមាន​សត្វ និង​អរិយធម៌​ច្រើន​ប្រភេទ។ ក៏ប៉ុន្តែ គ្រប់យ៉ាង​បាន​កែប្រែ​នៅពេល​កំណែ​មួយ​របស់ Kang the Conqueror (សម្ដែង​ដោយ Janathan Majors) ត្រូវបាន​និរទេស​មកដល់​ទីនេះ។ ជននេះ​បាន​យក​កម្លាំង​មកវិញបន្តិច​ម្ដងៗ និង​ដណ្ដើមបាន​​ពិភព​ល្អិត​ទាំងមូល ហើយ​រង់ចាំ​ត្រលប់​ទៅកាន់​ពិភព​ធម្មតា​ដើម្បី​បន្ត​សង្គ្រាម​ឈ្លានពាន បំផ្លាញ​ពេលវេលា។

    ឈុត​ដកស្រង់​សំខាន់ៗ​របស់​ខ្សែភាពយន្ត​រឿង Ant-Man and the Wasp: Quantumania (Ant-Man 3)

    Kang អាច​ផ្លាស់​ទី​ទៅកាន់​បន្ទាត់​ពេលវេលាផ្សេងៗគ្នា​ដើម្បី​បង្កើត​ឡើងវិញ​នូវ​ផែនការ​គ្រប់គ្រង​ពិភពលោក​របស់ខ្លួន។ តួអង្គ​នេះ​បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​អេក្រង់​ទូរទស្សន៍​នៅក្នុង​រដូវ​ទីមួយ ស៊េរី Loki (2021) ដែល​សម្ដែង​ដោយ Jonathan Majors។ Kang ក៏​គ្រោង​នឹង​បង្ហាញខ្លួន​ជាថ្មី​នៅក្នុង​វគ្គ Avengers: The Kang Dynasty (2025) និង Avengers: Secret Wars (2026)។ Kang ប្រហែល​នឹង​ក្លាយជា​តួអង្គ​អាក្រក់​សំខាន់បំផុត​របស់ Marvel Cinematic Universe (MCU) នៅក្នុង​ដំណាក់កាល​បន្ទា​ប់ ក្រោយពី​ការចាកចេញ​របស់ Thanos។

    វត្តមាន​របស់ Kang និង​តំបន់ Quantum Realm គឺជា​ទិដ្ឋភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកគាំទ្រ​របស់ Marvel នៅក្នុង​រឿង Ant-Man and the Wasp: Quantumania (Ant-Man 3)។ Ant-Man 3 ខ្សែភាពយន្ត​នេះ​ក្លាយជា​គ្រឹះ​សំខាន់​ដើម្បី​អភិវឌ្ឍ​សាច់រឿង​របស់​យីហោ​ភាពយន្ត​នេះ ហើយក៏​ជា​ស្នាដៃ​ដំបូង​នៅក្នុង​ដំណាក់កាល​ទី 5 របស់ MCU។

    ទិដ្ឋភាព​ប្រយុទ្ធ​រវាង​ក្រុម Scott Lang និង​ក្រុម​កំណាច Kang ត្រូវបាន​ទំព័រសារព័ត៌មាន​ភាព​យន្ត Variety និង Rotten Tomatoes ជាដើម ​បញ្ចេញមតិ​ថា ធ្វើឱ្យ​ទស្សនិកជន​ស្រមៃ​ដល់​​ខ្សែភាពយន្ត​មួយចំនួន​របស់​យីហោ Star Wars។

    ក៏ប៉ុន្តែ «Ant-Man and the Wasp: Quantumania» ទទួលបាន​ពិន្ទុ «ស្រស់» ត្រឹម 48% ប៉ុណ្ណោះ ក្នុងចំណោម​អត្ថបទ​វាយតម្លៃ​ចំនួន 289 នេះ​បើតាម Rotten Tomatoes។ ទំព័រ BBC បាន​ហៅ Ant-Man 3 ថា​ជា​គម្រោង​អន់​បំផុត​របស់ Marvel គិត​ត្រឹម​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ខ្សែភាពយន្ត​នេះ​ក៏​ទទួលបាន​ការសរសើរ​ច្រើន​ផងដែរ ពិសេស​គឺ​តារា​សម្ដែង​ជា​តួអង្គ​ចិត្តអាក្រក់ Janathan Majors៕

  • ប្រព័ន្ធ​សាងសង់​អគារ​​ខ្ពស់​កប់​ពពក​​នៅ​ប្រទេស​​ចិន ដំណើរការ​យ៉ាងដូចម្ដេច? (វីដេអូ)

    ប្រព័ន្ធ​សាងសង់​អគារ​​ខ្ពស់​កប់​ពពក​​នៅ​ប្រទេស​​ចិន ដំណើរការ​យ៉ាងដូចម្ដេច? (វីដេអូ)

    ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​ធំ​សម្បើម​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​ជួយ​ឱ្យ​កម្មករ​ធ្វើការ​បាន​ងាយស្រួល​នៅលើ​អគារ​ខ្ពស់កប់ពពក និង​អាច​ទប់​ទល់នឹង​ព្យុះធំ។

    ក្នុង​វីដេអូ​ន​នេះ​គឺជា​មួយ​ក្នុងចំណោម​ប្រព័ន្ធ​ម៉ាស៊ីន​សាងសង់​អគារ​ខ្ពស់​​កប់​ពពក​របស់​ប្រទេស​ចិន។ ប្រព័ន្ធ​ម៉ាស៊ីន​ដែល​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​ចិនមួយ​នេះ អាច​សង់​អគារ​មួយ​ជាន់​របស់​ការដ្ឋាន​ដោយ​ប្រើពេល​តែ 4 ថ្ងៃ។

    សព្វថ្ងៃ តម្រូវការ​សាងសង់​អគារ​កំពុង​កើនឡើង​ខ្ពស់ ទន្ទឹមគ្នា​នឹង​ដំណាក់កាល​នគរូបនីយកម្ម។ ប្រទេស​ចិន​បាន​រកឃើញ និង​ផលិត​បាន​​គ្រឿង​ម៉ាស៊ីន​សម្រាប់​​ការ​សាងសង់​អគារ​ខ្ពស់កប់ពពក ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​លំដាប់​កំពូល​លើ​ពិភពលោក។

    ប្រព័ន្ធ​ម៉ាស៊ីន​សាងសង់​អគារ​ខ្ពស់កប់ពពក​គឺជា​ថ្នាល​បច្ចេកទេស និង​បច្ចេកវិទ្យា​ដែលមាន​ទម្ងន់​ស្រាល​ ​ផ្ដល់​កន្លែងធ្វើការ​នៅក្នុង​រចនាសម្ព័ន្ធ​មួយ​ដែល​ធ្វើ​ពី​ដែកថែប​នៅ​ខាងលើ​បង្អស់​របស់​អគារ​ដែល​កំពុង​ត្រូវ​បាន​សាងសង់។ ឧបករណ៍ និង​មធ្យោបាយ​មួយចំនួន​ត្រូវបាន​ដំឡើង​នៅក្នុង​ថ្នាល​ដ៏​ធំ​សម្បើម​នេះ ក្នុងនោះ​មាន​ទាំង​បន្ទប់ទឹក បង្គន់ ម៉ាស៊ីន​ពង្រាយ​បេតុង ជណ្ដើរយន្ត និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ជាដើម។

    យោងតាម Xinhua ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ​នេះ​ត្រូវបាន​ទ្រ​ដោយ​សសរ​ចំនួន 12 ដែល​ជួយ​បង្កើន​សមត្ថភាព​នៃ​កម្លាំង​ទ្រ។ ប្រព័ន្ធ​នេះ​ផ្ដល់​កន្លែងធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព និង​ស្ថិរភាព​នៅលើ​ទី​ខ្ពស់។ វា​អាច​ទប់​ទល់នឹង​ខ្យល់​​ព្យុះ​ដែលមាន​កម្លាំង​កម្រិត​ទី 10។

    ធៀប​នឹង​បណ្ដា​គម្រោង​សំណង់​ដែល​សង់​តាម​របៀប​ប្រពៃណី ការសាងសង់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​​ខាងលើ​នេះ​អាចបង្កើន​​ល្បឿន​បាន​ជាង 20%។ ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ធ្វើ​ពី​វត្ថុ​ធាតុស្រាលៗ ហើយ​ពេល​បញ្ចប់​គម្រោងនីមួយៗ វា​នឹង​ត្រូវបាន​ដឹក​ទៅកាន់​គម្រោង​បន្ទាប់។ ការសាងសង់​ដោយ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន៕

  • កំពូល​កីឡាករបាល់​ទាត់ Messi រក​បាន​លើស​ពី 60 គ្រាប់​ ពី​ការ​ទាត់​បាល់​ពិន័យ Free Kick

    កំពូល​កីឡាករបាល់​ទាត់ Messi រក​បាន​លើស​ពី 60 គ្រាប់​ ពី​ការ​ទាត់​បាល់​ពិន័យ Free Kick

    (បារាំង)- Lionel Messi យកឈ្នះ​លើ​គេឯង​ចំពោះ​គ្រាប់​បាល់​ឈ្នះ​ពី​ការទា​ត់បាល់​ពិន័យ​សេរី (Free Kick) និង​ស៊ុត​បាល់​ពី​ចម្ងាយ​នៅ​អឺរ៉ុប ក្នុងអំឡុង​ប្រហែល 6 ខែ​កន្លង ដោយ​ថ្វី​ជើង​ដ៏​អស្ចារ្យ​កាលពី​ថ្ងៃទី 19 កុម្ភៈ 2023។

    នាទី​ទី​ 5 ​នៃ​ការ​ថែម​ម៉ោង​ក្នុង​តង់​ទី​ពីរ​ពេល​ប្រកួត​ជាមួយ Lille នៅក្នុង​វគ្គ 24 Ligue 1 កីឡាករ Messi ទាត់​បាល់​ពិន័យ​ចម្ងាយ​ប្រហែល 20 ម៉ែត្រ ហើយ​បាល់​​ក៏​ហោះ​ចំ​បង្គោល និង​ខ្ទាតចូល​ទី ជួយ​ឱ្យ​ក្លឹប PSG ឈ្នះ 4-3។ នេះ​គឺជា​គ្រាប់​បាល់​ទី 61 របស់ Messi ដែល​រកបាន​ពី​ការទា​ត់បាល់​ពិន័យ​សេរី (Free Kick) នៅក្នុង​អាជីព ហើយក៏​ជា​កីឡា​ករទី 8 ដែល​ធ្វើបាន​ដូច្នេះ បន្ទាប់ពី Juninho, Pele, Victor Legrottaglie, Ronaldinho, David Beckham, Diego Maradona និង Zico។ ប៉ុន្តែ Messi នៅតែ​ចាញ់​ឯតទគ្គ​កម្ម​របស់ Juninho រហូតដល់ 16 គ្រាប់។

    ចាប់តាំងពី​ខែមករា 2016 Messi រកបាន 27 គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ​សេរី (Free Kick) ហើយ​នេះ​គឺជា​តួលេខ​ច្រើនជាងគេ​នៅ​ពានរង្វាន់​លំដាប់​កំពូល​ទាំង​ 5 នៅ​អឺរ៉ុប។ Messi រកបាន​គ្រាប់​បាល់​នេះ​ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​កីឡាករ​លំដាប់​ទី​ពីរ​គឺ James Ward-Prowse ដែល​រកបាន 17 គ្រាប់​ឱ្យ Southampton នៅក្នុង​ដំណាក់កាល​ខាងលើ។

    រាប់​ចាប់ពី​រដូវ​បាល់ទាត់​ឆ្នាំ 2017-2018 Messi ក៏​រកបាន 40 គ្រាប់​ដោយ​ការ​ទាត់​ពី​ខាងក្រៅ​តំបន់​គ្រោះថ្នាក់​នៅក្នុង 5 ពានរង្វាន់ធំៗនៅ​អឺរ៉ុប ច្រើនជាង​ទ្វេដង​ធៀប​នឹង​កីឡាករ​លំដាប់​ទី​ពីរ Kevin de Bruyne។

    https://www.youtube.com/watch?v=4MFQi59s1Wk

    PSG យក​ឈ្នះ​លើ Lille 4-3 កាលពី​ថ្ងៃទី 19 កុម្ភៈ 2023

    បើ​គិត​ត្រឹមតែ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ ក្នុង​អាជីព Messi រកបាន 41 គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ 450 លើក ដែល​ស្មើនឹង​អត្រា 9.1%។ អត្រា​នេះ​របស់ Cristiano Ronaldo គឺ​ត្រឹមតែ 6.2% ប៉ុណ្ណោះ ដោយ​រកបាន 33 គ្រាប់​ពី​ការ​ទាត់​បាល់​ពិន័យ 532 គ្រាប់។ នៅក្នុង​អាជីព​របស់ខ្លួន Ronaldo រកបាន 58 គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ។

    «Messi ទាត់​បាល់​ពិន័យ​បានល្អ​ជាងគេ​លើ​ពិភពលោក។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ នៅពេល​គាត់​ទាត់​ចូល​ទី» គ្រូបង្វឹក Paulo Fonseca របស់​ក្លឹប​បារាំង Lille ថ្លែង​ដូច្នេះ​បន្ទាប់ពី​ការប្រកួត​ចាញ់ PSG កាលពី​ថ្ងៃទី 19 កុម្ភៈ៕

  • អាម៉េរិក​ព្រមាន​អំពី «បន្ទាត់​ក្រហម» បើសិន​ចិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី

    អាម៉េរិក​ព្រមាន​អំពី «បន្ទាត់​ក្រហម» បើសិន​ចិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី

    ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ព្រមាន​ថា ចិន​នឹង​ឆ្លង «បន្ទាត់​ក្រហម» បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន។

    «យើង​ត្រូវតែ​យល់ច្បាស់​ថា បើសិន​ចិន ឬ​ប្រទេស​ណាមួយ​មានគំនិត បំណង​ផ្ដល់​អាវុធ​ឱ្យកម្លាំង​រុស្ស៊ី​ប្រើប្រាស់​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន នោះ​គឺជា​ប្រការ​ដែល​មិនអាច​ទទួលយកបាន។ នោះ​គឺជា​បន្ទាត់​ក្រហម» អគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ប្រាប់ CNN កាលពី​ថ្ងៃទី 19 កុម្ភៈ​ដូច្នេះ។

    នៅពេល​ត្រូវបាន​សួរថា ចិន​នឹងត្រូវ​ទទួលរង​ផលវិបាក​អ្វីខ្លះ បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី លោកស្រី Thomas-Greenfield ថ្លែងថា វ៉ា​ស៊ី​ង​តោន​មិន​ប្រកាស​មុន​អំពី​ផែនការ ប៉ុន្តែ​បាន​ជូនដំណឹង​ដល់ទី​ក្រុង​ប៉េកាំង​រួចហើយ។

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken មុន​នោះ​ក៏បាន​ឱ្យដឹងថា ចិន​ទំនងជា​កំពុង​ពិនិត្យ​លទ្ធភាព​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ លោក Antony ក៏បាន​ព្រមាន​ចិន​ថា រាល់​ឥរិយាបថ​ផ្ដល់​អាវុធ​ទៅឱ្យ​មូ​ស្គូ គឺ​សុទ្ធតែ​នឹង «បង្កបញ្ហា​ធ្ងន់ធ្ងរ»។

    ចិន​មិនទាន់​ប្រតិកម្ម​ចំពោះ​មតិ​របស់​អាម៉េរិក ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​អះអាង​ជាច្រើនលើក​មកហើយ​ថា ខ្លួន​ចង់​ជួយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី។

    ចិន​គឺជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​មួយ​លើ​ពិភពលោក​ដែលមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​រុស្ស៊ី ហើយ​ជា​ប្រទេស​ដែល​មិន​ដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

    ប្រទេស​លោកខាងលិច​ជាច្រើន​បានដាក់​សម្ពាធ​ដើម្បីឱ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ជំ​រុញឱ្យ​រុស្ស៊ី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ ទីក្រុង​ប៉េកាំង​គាំទ្រ​ដំណោះស្រាយ​សន្តិភាព​សម្រាប់​សង្គ្រាម​នេះ ប៉ុន្តែ​ក៏បាន​អះអាង​ជាច្រើនលើក​អំពី​ទំនាក់ទំនង​ល្អជា​មួយ​មូ​ស្គូ និង​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​នេះ​ឱ្យ​ឡើងដល់​ចំណុច​ខ្ពស់​ថ្មី​មួយ​ថែមទៀត​ផងដែរ៕

  • សកម្មភាព​ក្រៅ​ឆាក​នៃ​ទិដ្ឋភាព​គូរគំនូរ​អាក្រាតកាយ​ក្នុង​ភាពយន្ត «Titanic»

    សកម្មភាព​ក្រៅ​ឆាក​នៃ​ទិដ្ឋភាព​គូរគំនូរ​អាក្រាតកាយ​ក្នុង​ភាពយន្ត «Titanic»

    លោក James Cameron សម្ដែង​​នៅក្នុង​ទិដ្ឋភាព​​ប្រើ​ដៃ​ជំនួស​ឱ្យ DiCaprio ក្នុង​ឈុត Jack គូររូប Rose អាក្រាតកាយ​នៅលើ​សា​ឡុង ក្នុង​ខ្សែភាពយន្ត​រឿង «Titanic»។

    ក្នុងឱកាស​ខួប 25 ឆ្នាំ​នៃ​ការចាប់​កំណើតរបស់ Titanic និង​ត្រលប់មក​រោងកុន​ក្នុង​ទម្រង់ 4K ចាប់ពី​ថ្ងៃទី 10 កុម្ភៈ 2023 អ្នកដឹកនាំ​រឿង James Cameron បាន​រៀបរាប់​រឿងរ៉ាវ​មួយចំនួន​នៅក្រៅ​ឆាក​របស់​ភាព​យន្ត​ល្បី​ឈ្មោះ​មួយ​នេះ។

    ឈុត​ឆាក​មួយ​ដែល​លោក Cameron ចូលចិត្ត​ជាងគេ​គឺ​ទិដ្ឋភាព Jack (Leonardo DiCaprio) គូររូប​របស់ Rose (Kate Winslet) ពេល​នាង​អាក្រាតកាយ ដោយ​សារ​វា​គឺជា​ទិដ្ឋភាព​បង្ហាញ​អំពី​ឥទ្ធិពល​ស្នេហា​ដែល​យកឈ្នះ​លើ​រនាំង​វណ្ណៈ​ក្នុងសង្គម។

    លោក Cameron រម្លឹក​ឡើងវិញ​អំពី​អ្វីដែល​បានកើត​ឡើង​នៅ​កន្លែង​ថតកុន៖ «មានការ​បារម្ភខ្លះៗ មាន​ប្រភព​ថាមពល​មួយ និង​ការរារែក​របស់​តួ​សម្ដែង​ទាំងពីរ។ ពួកគេ​បាន​ហាត់​ស៊ាំ ប៉ុន្តែ​មិនទាន់បាន​ថត​សាកល្បង​មុន​នោះ»។

    ដោយសារតែ DiCaprio ខ្សោយ​ខាង​គំនូរ លោក Cameron ក៏ត្រូវ​សម្ដែង​ជំនួស​ត្រង់ឈុត​​ប្រើ​ដៃ​គូររូប។ អ្នកដឹកនាំ​រឿង​ប្រើ​ដៃ​ឆ្វេង ខណៈ​អ្នក​សម្ដែង (DiCaprio) ប្រើ​ដៃស្ដាំ ដូច្នេះ ធ្វើឱ្យ​ក្រុម​កាត់ត​វីដេអូ​ត្រូវ​ត្រលប់​រូបភាព។ ឆ្នាំ 2011 ផ្ទាំងគំនូរ​ខាងលើ​ត្រូវបាន​លក់​ក្នុងតម្លៃ 16,000 ដុល្លារ​អាម៉េរិក។

    ឆ្នាំ 2012 កំណែ Titanic 3D ត្រូវបាន​អាជ្ញាធរ​ចិន​កាត់ចោល​ទិដ្ឋភាព​ពី​ដើមទ្រូង​ចុះ​ដល់​ជើង​របស់​តួអង្គ​ស្រី «ដោយសារតែ​បារម្ភ​ថា អ្នកទស្សនា​នឹង​អាចយ​កដៃ​ប៉ះ​លើ​រូបភាព នាំឱ្យ​រំខាន​ដល់​អ្នកមើល​ដទៃទៀត»។ ការសម្រេចចិត្ត​​របស់​អាជ្ញាធរ​ចិន បាន​បណ្ដាលឱ្យ​ទស្សនិកជន​នៅ​ប្រទេស​នេះ​មិន​សប្បាយចិត្ត។

    ឆ្នាំ 2017 នៅក្នុង​ខួប 20 ឆ្នាំ​របស់ Titanic តារា​សម្ដែង​ស្រី Kate Winslet បានឱ្យដឹងថា នាង​ស្លៀកពាក់​ឈុត​ហែល​ទឹក​ប៉ុណ្ណោះ គឺ​មិនមែន​អាក្រាតកាយ​ឡើយ​នៅពេល​ផ្ដេក​​ខ្លួន​ឱ្យ​អ្នកដឹកនាំ​រឿង​គូររូប។ ផ្ទាំងគំនូរ​នេះ​បានធ្វើឱ្យ​គ្រួសារ​របស់ Kate Winslet មាន​អារម្មណ៍មិនល្អ​អស់​ជាច្រើន​ឆ្នាំ ព្រោះថា ធ្លាប់មាន​អ្នកគាំទ្រ​ជាច្រើន​បោះពុម្ព​រូបគំនូរ​នេះ ហើយ​យកមក​សុំ​ហត្ថលេខា។ មាន​គ្រាមួយ​នោះ មិត្ត​រួម​ថ្នាក់​កូនស្រី​របស់​អ្នកស្រី Kate បាន​និយាយ​នៅ​ចំពោះ​នាង​ថា «ឱ ព្រះ​អើយ! យើង​បានឃើញ​ដើមទ្រូង​របស់​ម៉ាក់​ឯង​ហើយ!»។

    ផ្ទាំង​គំនូរ​ស្ដីពី Rose អាក្រាតកាយ​ក្នុង​រឿង Titanic

    អ្នកដឹកនាំ​រឿង James Cameron គឺជា​អ្នក​ចូលចិត្ត​គូររូប។ ក្រៅពី​ផ្ទាំងគំនូរ​អាក្រាត​ដែល​លោក​បាន​គូររូប Kate បណ្ដា​រូប​ក្នុង​កម្រង​រូបគំនូរ​ដែល​តួអង្គ Jack ជូន​ដល់ Rose ក្នុង​រឿង Titanic ក៏​ជា​ស្នាដៃ​របស់លោក Cameron។ រូបគំនូរ​ជាច្រើន​ដែល​លោក Cameron បាន​គូរ​ចាប់តាំងពី​ក្មេង ក្រោយមក​ក៏បាន​ក្លាយជា​ផ្នែក​សំខាន់​ជាច្រើន​នៅក្នុង​ខ្សែភាពយន្ត​មួយចំនួន មានដូចជា Alien និង Avatar ជាដើម។

    James Cameron និង Kate Winslet

    James Cameron កើត​ឆ្នាំ 1954 គឺជា​អ្នកដឹកនាំ​រឿង​លំដាប់​កំពូល​របស់ Hollywood ដោយ​ធ្លាប់បាន​ដឹកនាំ​រឿង Piranha 2 (1984), The Terminator (1984), Aliens (1986)។ ឆ្នាំ 2009 Avatar បាន​យកឈ្នះ​លើ Titanic (សុទ្ធតែជា​ស្នាដៃ​របស់គាត់) ក្លាយជា​ភាពយន្ត​មាន​ទស្សនិកជន​ច្រើនជាងគេ​នៅ​គ្រប់​សម័យកាល និង​រកចំណូលបាន 2.8 ពាន់​លាន​ដុល្លារ។ ក្នុង 13 ឆ្នាំ​កន្លង លោក Cameron មិនបាន​ដឹកនាំ​រឿង​មួយណា​ឡើយ ប៉ុន្តែ​គាត់​ចំណាយពេល​ដើម្បី​ស្រាវជ្រាវ អភិវឌ្ឍ​បច្ចេកវិទ្យា និង​ត្រៀម​សាច់រឿង​សម្រាប់​វគ្គ​បន្ទាប់​របស់ Avatar។ កាលពី​ចុងខែ​មករា 2023 ប្រាក់ចំណូល​របស់ Avatar 2 បាន​កើនឡើង​លើសពី 2 ពាន់​លាន​ដុល្លារ​អាម៉េរិក៕