Author: សឿន សំណាង

  • អាជ្ញាធរ​ចិន​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​ទើប​រៀបការ​ «សម្រាកការ​ងារ 30 ថ្ងៃ»

    អាជ្ញាធរ​ចិន​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​ទើប​រៀបការ​ «សម្រាកការ​ងារ 30 ថ្ងៃ»

    ខេត្ត​មួយចំនួន​របស់​ប្រទេស​ចិន​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​ដែល​ទើប​រៀបការ​រួច ឈប់សម្រាក​ពី​ការងារ​ដោយមាន​ប្រាក់បៀវត្ស​ក្នុង​រយៈពេល 30 ថ្ងៃ ក្នុង​បំណង​លើកទឹកចិត្ត​ដល់​យុវវ័យ​រៀបការ​ដើម្បី​បង្កើន​អត្រា​ចាប់កំណើត​របស់​ទារក។

    ពេលវេលា​សម្រាក​ជា​អប្បបរ​មា​ដែល​ទទួលបាន​ប្រាក់បៀវត្ស​បន្ទាប់ពី​បាន​រៀបការ​នៅ​ប្រទេស​ចិន​គឺ 3 ថ្ងៃ ប៉ុន្តែ​ខេត្ត​មួយចំនួន​អាចដាក់​ចេញ​គោលការណ៍​ដោយឡែក​អំពី​របប​សម្រាក​ការ​ងារ​​សម្រាប់​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ ចាប់ពី​ខែកុម្ភៈ 2023 នេះ​តទៅ។

    ខេត្ត Gansu និង​ខេត្ត Shanxi បច្ចុប្បន្ន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​សម្រាក​ការងារ​ដោយ​ទទួលបាន​ប្រាក់បៀវត្ស​រហូតដល់ 30 ថ្ងៃ បន្ទាប់ពី​បាន​រៀបការ ខណៈដែល​ទីក្រុង Shanghai ឱ្យ​សម្រាក 10 ថ្ងៃ និង Sichuan នៅតែ​រក្សា​គោលការណ៍ 3 ថ្ងៃ។

    «ការអូសបន្លាយ​ពេលវេលា​ឈប់សម្រាក​ក្រោយ​រៀបការ​គឺជា​វិធី​មួយ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​អត្រា​បង្កើតកូន» Yang Haiyang ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​របស់​សាកលវិទ្យាល័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ភាគ​និរតី (Southwestern University of Finance and Economics) ថ្លែង​ដូច្នេះ និង​បន្ត «គោលនយោបាយ​នេះ​ភាគច្រើន​ផ្ដោតលើ​បណ្ដា​ខេត្ត​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​យឺត»។

    លោក Yang ឱ្យដឹងថា ក្រៅពី​ពេលវេលា​ឈប់សម្រាក​ការ​ងារ អាជ្ញាធរ​ក្នុង​តំបន់​ក៏​គួរ​បន្ថែម​គោលការណ៍​ផ្ដល់ជំនួយ មានដូចជា​ផ្ទះ​ស្នាក់នៅ និង​សម្រាក​មាន​ប្រាក់បៀវត្ស​សម្រាប់​បុរស​ក្នុងពេល​ភរិយា​សម្រាលកូន​ជាដើម។

    កំណើនប្រជាជន​ចិន​កាលពី​ឆ្នាំ​កន្លង​បាន​ថយចុះ​ជា​លើកដំបូង​ក្នុង​រង្វង់ 6 ទសវត្សរ៍​មកនេះ។ ក្រុម​អ្នកជំនាញ​យល់ថា នេះ​អាចជា​ការចាប់ផ្ដើម​នៃ​យុគសម័យ​កំណើនប្រជាជន​ថយចុះ​រយៈពេល​យូរ​របស់​ប្រទេស​នេះ។ កាលពី​ឆ្នាំមុន ប្រទេស​ចិន​មាន​អត្រា​នៃ​ការ​បង្កើតកូន​ទាប​បំផុត ដោយ​មាន​ទារក​ចាប់កំណើត​តែ 6.77 នាក់​ប៉ុណ្ណោះ​នៅ​​ក្នុងចំណោម​ប្រជាជន 1,000 នាក់។

    មូលហេតុ​ដែលនាំឱ្យ​កំណើនប្រជាជន​ថយចុះ​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ជឿថា បណ្ដាលមកពី «គោលនយោបាយ​កូន​មួយ» ដ៏​តឹងរឹង​ដែល​អាជ្ញាធរ​​ចិន​បាន​អនុវត្ត​ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1980 ដល់ 2015។ ការចំណាយ​សម្រាប់​ការអប់រំ​កើនឡើង​ខ្ពស់​​ក៏​ធ្វើឱ្យ​ប្ដី​ប្រពន្ធវ័យ​ក្មេង​នៅ​ប្រទេស​ចិន​មិន​ចង់​មានកូន​ទី​ពីរ ហើយ​លើសពីនេះ​ក៏មាន​មនុស្ស​មួយចំនួន​មិន​ចង់​បង្កើតកូនតែម្ដង៕

  • អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ពង្រីក​សេវា​ទូទាំង​សកលលោក

    អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ពង្រីក​សេវា​ទូទាំង​សកលលោក

    សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ថ្មី​ Starlink អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​ភ្ជាប់​ជាមួយនឹង​ផ្កាយរណប​នៅ​ស្ទើរតែ​គ្រប់​តំបន់​លើ​ពិភពលោក ដោយ​លក់​ក្នុងតម្លៃ 200 ដុល្លារ​អាម៉េរិក/ខែ។

    កាលពី​ថ្ងៃទី 20 កុម្ភៈ ក្រុមហ៊ុន SpaceX បានឱ្យដឹងថា ខ្លួន​បានចាប់ផ្ដើម​ផ្គត់ផ្គង់​សាកល្បង​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ក្នុង​បណ្ដា​តំបន់​ដែល Starlink មិនទាន់​ទៅដល់។ ក្រៅពី​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​តម្លៃ 200 ដុល្លារ/ខែ អ្នកប្រើប្រាស់​ក៏ត្រូវ​ទិញ​ឧបករណ៍​ទទួល​សញ្ញា​អ៊ី​ន​ធើ​ណិ​ត Starlink Kit ដែលមាន​តម្លៃ 599 ដុល្លារ​អាម៉េរិក។

    យោងតាម PCMag ក្រុមហ៊ុន SpaceX បានចាប់ផ្ដើម​ផ្ញើ​អ៊ីម៉េល​ទៅកាន់​អតិថិជន​គោលដៅ​ដើម្បី​អញ្ជើញ​ឱ្យ ប្រើ​ប្រាស់​សាកល្បង​សេវា​អ៊ី​ន​ធើ​ណិ​ត​ថ្មី​របស់​ពួកគេ។ ប៉ុន្តែ​បើ​យោងតាម The Verge ក្រុមហ៊ុន​របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk មិនទាន់​អធិប្បាយ​លំអិត​អំពី​អ្វីដែល​ពួកគេ​នឹងធ្វើ​នៅពេល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូទាំង​ពិភពលោក​​នៅឡើយ។ ចំណែក​ផ្កាយរណប​ជាច្រើន​គ្រឿង​របស់ SpaceX ក៏​កំពុង​រង់ចាំ​ទទួល​លិខិតអនុញ្ញាត​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​នេះ​នៅក្នុង​ទីផ្សារផ្សេងៗ មានដូចជា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម។

    SpaceX ក៏បាន​ឱ្យដឹងថា អ្នកប្រើប្រាស់​អាច​នឹងត្រូវ​បង់ពន្ធ ថ្លៃ​នាំចូល​ឧបករណ៍ Starlink Kit បន្ថែម​ពីលើ​ថ្លៃ​សេវា​អ៊ី​ន​ធើ​ណិ​ត និង​ថ្លៃ​ឧបករណ៍ Starlink Kit នេះ​ផងដែរ។

    SpaceX កំពុង​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​ជម្រើស​ប្ដូរ​តំបន់​ជាមួយនឹង​តម្លៃ​ទាប​ជាង នោះ​គឺ Starlink RV ក្នុងនោះ​អ្នកប្រើប្រាស់​ត្រូវ​ចំណាយ​បន្ថែម 25 ដុល្លារ ក្រៅពី​កញ្ចប់​ថេរ 110 ដុល្លារ/ខែ។ ក៏ប៉ុន្តែ កញ្ចប់​តម្លៃ​ទាប​នេះ​អនុញ្ញាតឱ្យ​ប្រើប្រាស់​តែ​នៅក្នុង​ប្រទេស​ដែល​អតិថិជន​កំពុង​រស់នៅ​ប៉ុណ្ណោះ។ ចំណែក​កញ្ចប់​ប្ដូរ​តំបន់​ទូទាំង​ពិភពលោក​គឺ​សម្រាប់​អ្នក​ដែល​ផ្លាស់​ទី​​ឆ្លង​ប្រទេស​ជា​ញឹកញាប់​ក្នុង​រយៈពេល​យូរ។

    ដំណើរ​ការ​របស់​ប្រព័ន្ធ​អ៊ីនធើណិត Starlink របស់ SpaceX

    សម្រាប់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ម៉ាឡេស៊ី និង​ព្រុយ​ណេ ជាដើម SpaceX គ្រោង​នឹង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ចាប់ពី​ឆ្នាំ 2023 នេះ។

    យោងតាម​គោលការណ៍​ប្រទេស​មួយចំនួន បើសិន SpaceX ចង់​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ណាមួយ ពួកគេ​នឹង​ត្រូវមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ផ្ដល់​សេវា​ទូរគមនាគមន៍​ក្នុងប្រទេស​នោះ​ជា​មុន រួម​នឹង​គោលការណ៍​មួយចំនួន​ផ្សេងទៀត។

    គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ 2022 SpaceX មាន​ផ្កាយរណប Starlink ប្រហែល 3,500 គ្រឿង​កំពុងដំណើរការ​នៅលើ​គន្លង​គោចរផែនដី និង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​អ្នកប្រើប្រាស់​ប្រហែល 500,000 នាក់​នៅក្នុង 37 ប្រទេស​លើ​ពិភពលោក៕

  • ភាពយន្ត «Avatar 2» បំបែក​កំណត់ត្រា​ប្រាក់ចំណូល​របស់​ភាពយ​ន្ត «Titanic»

    ភាពយន្ត «Avatar 2» បំបែក​កំណត់ត្រា​ប្រាក់ចំណូល​របស់​ភាពយ​ន្ត «Titanic»

    ខ្សែភាពយន្ត «Avatar 2» រកប្រាក់​ចំណូល​បាន 2.2433 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ភាពយន្ត «Titanic» និង​ក្លាយជា​ភាពយន្ត​ដែល​រកបាន​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ខ្ពស់​ជាងគេ​លំដាប់​ទី​បី​នៅ​គ្រប់​សម័យកាល។

    កាលពី​ថ្ងៃទី 20 កុម្ភៈ Variety បាន​ផ្សាយ​ថា Avatar 2 ឬ Avatar: The Way of Water (អវតា៖ វិ​ថិ​មហាសាគរ) បាន​យកឈ្នះ​លើ Titanic (2.2428 ពាន់​លាន​ដុល្លារ) និង​បាន​ចូលមក​កាន់កាប់​តំណែង​លំដាប់​ទី​បី​ក្នុងចំណោម​ភាពយន្ត​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​គ្រប់​សម័យកាល។ បច្ចុប្បន្ន ភាពយន្ត Avatar 2 កំពុង​តាម​ពីក្រោយ Avatar (2.92 ពាន់​លាន​ដុល្លារ) និង Avengers: Endgame (2.7 ពាន់​លាន​ដុល្លារ)។

    លោក James Cameron បាន​ក្លាយជា​អ្នកដឹកនាំ​រឿង​ដែលមាន​ខ្សែភាពយន្ត​ចំនួន​បី​ក្នុងចំណោម​បួន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ស្ដីពី​ភាពយន្ត​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ។

    ខ្សែភាពយន្ត​ Avatar 2 ឬ Avatar: The Way of Water (អវតា៖ វិ​ថិ​មហាសាគរ)

    ក្រុមហ៊ុន Disney បាន​ចំណាយ​ប្រាក់​ប្រហែល 460 លាន​ដុល្លារ​ដើម្បី​ផលិត និង​ឃោសនា​ឱ្យ​ខ្សែភាពយន្ត អវតា៖ វិ​ថិ​មហាសាគរ ធ្វើឱ្យ​វា​ក្លាយ​ជាមួយ​ក្នុងចំណោម​គម្រោង​ភាពយន្ត​ដែលមាន​ការចំណាយ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ លោក James Cameron ចំណាយពេល​ប្រហែល 13 ឆ្នាំ​ដើម្បី​អភិវឌ្ឍ និង​បង្ហើយ​ស្នាដៃ​របស់លោក។ Avatar 2 បានចាប់ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត​កាលពី​ខែធ្នូ 2022 និង​បាន​នាំមុខគេ​ក្នុង​បញ្ជរ​លក់​សំបុត្រ​នៅ​អាម៉េរិក​ខាងជើង​ក្នុង​រយៈពេល 10 សប្ដាហ៍​ជា​បន្តបន្ទាប់។

    ខ្សែភាពយន្ត «Avatar 2» ដែលជា​វគ្គ​បន្ទាប់​រប​ស់ «Avatar» ផលិត​កាលពី​ឆ្នាំ 2009 និយាយ​អំពី Jake Sully (Sam Worthington) កសាង​គ្រួសារ​ថ្មី​នៅ Pandora។ ពួកគេ​រស់​ដោយ​សុភមង្គល​ជាមួយនឹង​កូន 4 នាក់ ក្នុងនោះ​មាន Kiri (Sigourney Weaver) ដែលជា​កូនស្រី​របស់​សព​បណ្ឌិត Grace Augustine។ ក៏ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ នៅពេល​មនុស្ស​វិល​ត្រលប់​ទៅ​សងសឹក។

    ខ្សែភាពយន្ត Titanic

    ចំណែក Titanic វិញ គឺជា​ខ្សែភាពយន្ត​ដែល​ចាប់​បញ្ចាំង​លើកដំបូង​ក្នុង​ឆ្នាំ 1997។ ភាពយន្ត​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍​មួយ​កាលពី​ឆ្នាំ 1912។ Titanic ទទួលបាន​ជោគជ័យ​ខ្លាំង​នៅឯ​បញ្ជរ​លក់​សំបុត្រ និង​ដណ្ដើមបាន​ពានរង្វាន់ Oscar ចំនួន 11។ គម្រោង​ភាពយន្ត​នេះ​ក៏​ត្រូវបាន​ដឹកនាំ​រឿង​ដោយ​ជនជាតិ​កាណាដា លោក James Cameron៕

  • 21 ម៉ោង​ដែល​លោក បៃ​ដិ​ន ធ្វើដំណើរ​ពី​វ៉ា​ស៊ី​ង​តោន​ទៅកាន់​​អ៊ុយក្រែន​​ដោយស្ងាត់ៗ

    21 ម៉ោង​ដែល​លោក បៃ​ដិ​ន ធ្វើដំណើរ​ពី​វ៉ា​ស៊ី​ង​តោន​ទៅកាន់​​អ៊ុយក្រែន​​ដោយស្ងាត់ៗ

    ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​កៀវ​របស់​ប្រធានាធិបតី​អាម៉េរិក បានចាប់ផ្ដើម​ដោយ​ភាពស្ងប់ស្ងាត់​នៅឯ​ព្រលានយន្តហោះ​យោធា​នៅ​ជាយក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី 19 កុម្ភៈ។

    ប្រធានាធិបតី ចូ បៃ​ដិ​ន ឈាន​ជើង​ឡើង​យន្តហោះ C-32A របស់​ទ័ពអាកាស​អាម៉េរិក​នៅឯ​បន្ទាយ Andrews វេលា​ម៉ោង 04 ទៀបភ្លឺ​ថ្ងៃទី 19 កុម្ភៈ (ម៉ោង 16 នៅ​កម្ពុជា)។

    យន្តហោះ C-32A ពេលនោះ​ចត​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​លោក បៃ​ដិ​ន តែងតែ​ឡើង​យន្តហោះ ហើយ​បង្អួច​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បិទបាំង។ 15 នាទី​ក្រោយ លោក បៃ​ដិ​ន និង​អង្គរក្ស និង​បុគ្គលិក​ពេទ្យ​មួយក្រុម​តូច ចាប់ផ្ដើម​ធ្វើដំណើរ​ជិត 24 ម៉ោង ទៅកាន់​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន។

    តម្រូវការ​សន្តិសុខ​តឹងរឹង និង​ការរក្សា​ការណ៍​សម្ងាត់​កម្រិត​ខ្ពស់​របស់​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឱ្យ​ក្រុម​អ្នកយកព័ត៌មាន​អមដំណើរ​ដែល​ធ្លាប់​តែមាន​គ្នា 13 នាក់ មកពី​ទីភ្នាក់ងារសារព័ត៌មាន​នានា ត្រូវ​កាត់បន្ថយ​មក​នៅ​ត្រឹម​ពីរ​នាក់ ក្នុងនោះ​ម្នាក់​ជា​អ្នកសរសេរ ម្នាក់​ជា​អ្នក​ថតរូប។

    Sabrina Siddiqui អ្នកយកព័ត៌មាន​រប​ស់ Wall Street Journal ឱ្យដឹងថា អ្នកស្រី និង​មិត្ត​រួម​អាជីព Evan Vucci មកពី AP ត្រូវតម្រូវ​ឱ្យ​ស្បថ​ថា​នឹង​រក្សា​ការណ៍​សម្ងាត់ និង​ត្រូវ​ស្នើឱ្យ «រង់ចាំ​អ៊ីម៉េល​មាន​ផ្ទុក​ព័ត៌មាន​ស្ដីពី​ការណែនាំ​អំពី​ដំណើរ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី 19 កុម្ភៈ ដែលមាន​ចំណងជើង​ថា «ការណែនាំ​ទៅកាន់​ការប្រកួត​វាយកូនគោល»»។

    យន្តហោះ C-32A (ខាងមុខ) និង VC-25A របស់ទ័ពអាកាសអាម៉េរិកនៅបារាំងកាលពីឆ្នាំ 2009

    អ្នកយកព័ត៌មាន​ពីររូប​ខាងលើ​មាន​វត្ត​មាននៅ​បន្ទាយ Andrews វេលា​ម៉ោង 02 និង 15 នាទី។ ទូរស័ព្ទ​របស់​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក និង​ប្រគល់​មកវិញ​នៅពេល​លោក បៃ​ដិ​ន មាន​វត្ត​មាននៅ​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន។

    យន្តហោះ​ដឹក​ប្រតិភូ​ប្រធានាធិបតី​អាម៉េរិក​ហោះ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ក្នុង​រយៈពេល 7 ម៉ោង និង​ចុះចត​នៅ​ព្រលានយន្តហោះ​យោធា Ramstein នៅ​អាល្លឺម៉ង់​ដើម្បី​ចាក់​ប្រេង។ បង្អួច​ទាំងអស់​របស់​យន្តហោះ C-32A នៅតែ​បិទបាំង​ជិត និង​មិនមាន​អ្នក​ចាក​ចេញពី​យន្តហោះ។ បន្ទាប់មក C-32A ក៏​បន្ត​ហោះ​ទៅកាន់​ព្រលានយន្តហោះ Rzeszow-Jasionka របស់​ប៉ូឡូញ ជាទី​ប្រមូលផ្ដុំ​អាវុធ និង​គ្រាប់រំសេវ​ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន។

    អ្នកយកព័ត៌មាន Sabrina Siddiqui និង Evan Vucci មិនបាន​មើលឃើញ​លោក បៃ​ដិ​ន នោះទេ នៅក្នុងពេល​ហោះហើរ។ បន្ទាប់ពី​ចុះចត​នៅ​ព្រលានយន្តហោះ Rzeszow-Jasionka នាពេល​ព្រលប់ ពួកគេ​ត្រូវបាន​ដឹក​តាម​យន្តហោះ SUV ដើម្បី​ចាកចេញ។ ក្បួន​រថយន្ត​ធ្វើដំណើរ​យ៉ាង​ស្ងាត់​នៅក្នុង​ផ្ទៃមេឃ​ងងឹត ដោយ​ពុំមាន​សំឡេង​សា​រ៉ែ​ន ឬ​សញ្ញា​ណាមួយ​បញ្ជាក់ថា ប្រធានាធិបតី​អាម៉េរិក​កំពុង​ឆ្ពោះទៅកាន់​ស្ថានីយ​រថភ្លើង Przemysl Glowny នៅក្បែរ​ព្រំដែន​ប៉ូឡូញ-អ៊ុយ​ក្រែ​ន​ឡើយ។

    ប្រតិភូ​ចាប់​ផ្ដើមឡើង​រថភ្លើង​នៅវេលា​ម៉ោង 21 និង 15 នាទី។ អ្នកយកព័ត៌មាន Sabrina Siddiqui និង Evan Vucci នៅតែ​មិនបាន​មើលឃើញ​ស្រមោល​របស់លោក បៃ​ដិ​ន។ «រថភ្លើង​មាន​ទូ​ប្រហែល 8។ មនុស្ស​ភាគច្រើន​នៅលើ​រថភ្លើង​នេះ​គឺជា​បុគ្គលិក​សន្តិសុខ​ដែល​បំពាក់​ដោយ​អាវុធ​គ្រប់គ្រាន់» Siddiqui រម្លឹក​ឡើង​ដូច្នេះ។

    លោក បៃដិន នៅស្ថានីយរថភ្លើងក្នុងក្រុងកៀវប្រទេសអ៊ូយក្រែន កាលពីព្រឹកថ្ងៃទី 20 កុម្ភៈ 2023

    ការធ្វើដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ Przemysl Glowny ទៅកាន់​កៀវ អូសបន្លាយ​ពេល​ប្រហែល 10 ម៉ោង។ រថភ្លើង​ធ្វើដំណើរ​ចូលទៅ​កាន់​ស្ថានីយ Kiev-Pasazhyrsky នៅវេលា​ម៉ោង 08 ថ្ងៃទី 20 កុម្ភៈ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការធ្វើដំណើរ​នេះ​នៅតែ​ត្រូវបាន​រក្សា​ការណ៍​សម្ងាត់​ដដែល។

    តំបន់​ជុំវិញ​ស្ថានីយ​រថភ្លើង​ខាងលើ​ត្រូវបាន​បិទ​ខ្ទប់ ខណៈដែល​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ៊ុយ​ក្រែ​ន Bridget Brink ឈរ​រង់ចាំ​នៅ​ខាងក្រៅ​ទូរថភ្លើង​ជាស្រេច។ «ពិតជា​អស្ចារ្យ​នៅពេល​បាន​ត្រលប់​មកកាន់​កៀវ» ប្រធានាធិបតី បៃ​ដិ​ន ថ្លែង​នៅពេល​ចាក​ចេញពី​រថភ្លើង។

    មកដល់ពេលនេះ ទើប​ទីភ្នាក់ងារសារព័ត៌មាន​នានា​ចុះផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន មកកាន់​រដ្ឋធានី​កៀវ។ រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​នាពេលនោះ​បង្ហាញថា លោក បៃ​ដិ​ន និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ដើរ​ទន្ទឹមគ្នា​នៅលើ​ដងផ្លូវ​ក្នុង​ក្រុង​កៀវ នៅ​កណ្ដាល​រង្វង់​ការពារ​សន្តិសុខ​យ៉ាង​ដេរដាស​របស់​ក្រុម​អង្គរក្ស។

    លោក បៃដិន និងលោក ហ្សេឡែនស្គី នៅវិមាន Mariinsky កាលពីថ្ងៃទី 20 កុម្ភៈ 2023

    ទោះជា​យ៉ាងណាក៏ដោយ សហរដ្ឋ​អាម៉េរិក​មិនបាន​លាក់​ការណ៍​ទាំងស្រុង​នូវ​ដំណើរ​ទស្សនកិច្ច​ខាងលើនេះ​ចំពោះ​ភាគី​រុស្ស៊ី​ឡើយ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan បានឱ្យដឹងថា ប៉ុន្មាន​ម៉ោង​មុនពេល​លោក បៃ​ដិ​ន ឡើង​យន្តហោះ​នៅ​សហរដ្ឋ​អាម៉េរិក មន្ត្រី​នៅ​វ៉ា​ស៊ី​ង​តោន​ក៏បាន​ជូនដំណឹង​ដល់​ភាគី​រុស្ស៊ី។ ការជូនដំណឹង​នេះ​គឺ​ដើម្បី «បញ្ចៀស​ការ​គន់គូរ​មិន​ត្រឹមត្រូវ» ដែល​អាច​នាំឱ្យ​មហាអំណាច​ទាំងពីរ​ធ្លាក់​ទៅក្នុង​សង្គ្រាម​ដោយផ្ទាល់។

    បន្ទាប់ពី​បាន​ជួប​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី និង​លើកឡើង​នូវ​ការសន្យា​ថ្មី​ទាក់ទង​នឹង​ជំនួយ​យោធា លោក បៃ​ដិ​ន ក៏បាន​ចាក​ចេញពី​រដ្ឋធានី​កៀវ​ទៅកាន់​ប៉ូឡូញ ដើម្បី​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​ទៅតាម​កាលបរិច្ឆេទ​ដែល​បានរៀបចំ​មុន​នោះ៕

  • ទីក្រុង​របស់​ជប៉ុន​ស្នើឱ្យ​​ប្រជាជន​សរសេរ​ឈ្មះ​លើ​ថង់​សំរាម

    ទីក្រុង​របស់​ជប៉ុន​ស្នើឱ្យ​​ប្រជាជន​សរសេរ​ឈ្មះ​លើ​ថង់​សំរាម

    អាជ្ញាធរ​ក្រុង Ichikikushikino ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​សរសេរ​ឈ្មោះ​នៅលើ​ថង់​សំរាម​មុនពេល​បុគ្គលិក​អនាម័យ​ចុះទៅ​ប្រមូល ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបែងចែក​ប្រភេទ​សំរាម ប៉ុន្តែ​សំណើ​នេះ​បង្កឱ្យមាន​ការបារម្ភ​អំពី​សិទ្ធិ​ឯកជន។

    ក្រុមមន្ត្រី​របស់​ទីក្រុង Ichikikushikino នៃ​ខេត្ត Kagoshima ភាគ​និរតី​​ប្រទេស​ជប៉ុន បាន​ដាក់ចេញ​ការកំណត់​នេះ​តាំងពី​ឆ្នាំ 1996។ កាលណោះ សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​ប្រជាជន​ដាក់​ធុង​ហ្កា​ស ឬ​ថ្មពិល​ចូលក្នុង​ថង់​សំរាម​រួម បង្កឱ្យមាន​អគ្គិភ័យ​នៅ​កន្លែង​កែច្នៃ​សំរាម។ បើសិន​ថង់​សំរាម​មិនមាន​ឈ្មោះ​ម្ចាស់ ឬ​មិន​ត្រូវបាន​បែងចែក​ប្រភេទ​ត្រឹមត្រូវ វា​នឹង​ត្រូវគេ​បិទ​ស្លាក «ខុសច្បាប់» និង​ត្រូវ​ទុក​នៅ​កន្លែង​ដើម។

    ម៉ោង 08 ព្រឹក ថង់​សំរាម​ដែលមាន​ឈ្មោះ​ត្រូវ​បានដាក់​នៅ​កន្លែង​ប្រមូល​ក្នុង​ទីក្រុង Ichikikushikino ហើយ​នៅក្បែរនោះ​មាន​ផ្ទាំង​ប​ដា​មួយ​សរសេរថា «សូម​សរសេរ​ឈ្មោះ​លើ​ថង់​សំរាម»។

    មនុស្ស​មួយចំនួន​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការកំណត់​ខាងលើ។ ស្ត្រី​វ័យ 70 ឆ្នាំ​ម្នាក់​ដែល​បានមក​រស់នៅក្នុង​ទីក្រុង Ichikikushikino កាលពី​ប៉ុន្មាន​ឆ្នាំមុន បានឱ្យដឹងថា គាត់​មិន​ធ្លាប់​ត្រូវគេ​តម្រូវឱ្យ​សរសេរ​ឈ្មោះ​លើ​ថង់​សំរាម​នោះទេ នៅពេល​រស់នៅក្នុង​ទីក្រុង Kanto។

    «មើល​ទៅលើ​ថង់​សំរាម គេ​ដឹងថា​ខ្ញុំ​បាន​បរិភោគ​អ្វី។ ខ្ញុំ​បាន​បែងចែក​ប្រភេទ​សំរាម​រួចហើយ ហេតុអ្វី​ត្រូវ​សរសេរ​ឈ្មោះ​ទៀត?» លោកយាយ​ខាងលើ​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ Mainichi កាលពី​ចុង​សប្ដាហ៍​កន្លង។

    ស្ត្រី​ម្នាក់ទៀត​និយាយថា ការកំណត់​នេះ «ប្រៀបបាន​ទៅនឹង​ការតាមដាន​របស់​អ្នកដទៃ​មកលើ​ការរស់នៅ​របស់ខ្ញុំ»។

    ក៏ប៉ុន្តែ ការកំណត់​ខាងលើ​ក៏​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ពួកគេ​យល់ថា នេះ​គឺជា​ការទប់ស្កាត់​ករណី​អគ្គិភ័យ ហើយ​វា​នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ម្ចាស់​សំរាម​ដែល​បាន​បង្កបញ្ហា។

    អាជ្ញាធរ Ichikikushikino ឱ្យដឹងថា បរិមាណ​សំរាម​ប្រចាំ​ថ្ងៃជា​មធ្យម​របស់​ប្រជាជន​ក្នុង​ទីក្រុង​នេះ​នៅតែមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​នៅ​ទូទាំងប្រទេស ខណៈដែល​ការកែច្នៃ​សំរាម​មាន​អត្រា​តែ 9.3% ប៉ុណ្ណោះ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង 20% នៅ​ទូទាំងប្រទេស៕

  • តម្លៃ​លក់​រាយ​ប្រេង​​ឥន្ធនៈ​ចាប់ពីថ្ងៃទី 21-28 ខែកុម្ភៈ ឆ្នាំ 2023

    តម្លៃ​លក់​រាយ​ប្រេង​​ឥន្ធនៈ​ចាប់ពីថ្ងៃទី 21-28 ខែកុម្ភៈ ឆ្នាំ 2023

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ តម្លៃ​ប្រេង​​ឥន្ធនៈ​នៅ​កម្ពុជា ដែល​អនុវត្ត​ចាប់ពីថ្ងៃទី 21-28 ខែកុម្ភៈ ឆ្នាំ 2023 នឹង​ថយ​ចុះ 50 រៀល​/លីត្រ ក្នុងនោះ សាំងធម្មតាមមាន​តម្លៃ 4,350 រៀល​/លីត្រ និងម៉ាស៊ូតមាន​តម្លៃ 4,300 រៀល​/លីត្រ។

  • អា​រ៉ា​ប៊ី​សា​អូឌីត​សាងសង់​អគារ​រាង​គូប មាន​កម្ពស់ 400 ម៉ែត្រ (មានវីដេអូ)

    អា​រ៉ា​ប៊ី​សា​អូឌីត​សាងសង់​អគារ​រាង​គូប មាន​កម្ពស់ 400 ម៉ែត្រ (មានវីដេអូ)

    រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​អំពី​គម្រោង​សាងសង់​អគារ​កប់​ពពក​មួយ​ដែលមាន​រាង​ជា​គូប កម្ពស់ 400 ម៉ែត្រ ​​ក្នុង​មជ្ឈមណ្ឌល Murabba នៅ​រាជធានី​រី​យ៉ា​ដ និង​​មាន​ឈ្មោះថា Mukaab។

    តំបន់ Murabba ដែលមាន​ទំហំ 19 គីឡូ​ម៉ែត្រក្រឡា នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​របស់​រាជធានី​រី​យ៉ា​ដ។ តំបន់​នេះ​នឹងត្រូវ​អភិវឌ្ឍ​ជុំវិញ​អគារ Mukaab ដែលជា​ស្ថាបត្យកម្ម​ធំជាងគេ​បំផុត​មួយ​របស់​ពិភពលោក។ អគារ Mukaab មាន​កម្ពស់ 400 ម៉ែត្រ និង​បណ្ដោយ ឬ​ទទឹង​ប្រវែង 400 ម៉ែត្រ។ យោងតាម Dezeen នេះ​គឺជា​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទីក្រុង និង​អាចដាក់​មនុស្ស​បាន​រាប់សែន​នាក់។

    អគារ​មាន​រូបរាង​ជា​គូប​នេះ​នឹង​បិទ​ជិត​មួយផ្នែក ដែល​រួមមាន​រូបរាង​ត្រីកោណ​ជាច្រើន​ត្រូវបាន​តម្រួត​លើ​គ្នា។ អគារ​នេះ​នឹងមាន​លំហ​មិនមាន​ជាន់​រហូតដល់​កំពូល ហើយ​​ខាងក្នុង​មាន​អគារ​មួយ​ដែលមាន​រាង​ដូច​គូទ​ខ្យង។

    រចនាសម្ព័ន្ធ​ និង​ប្រភេទ​សេវាកម្ម​របស់​អគារ Mukaab

    រាជទាយាទ Mohammed bin Salman របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​បង្កើត​ក្រុមហ៊ុន New Murabba Development ដើម្បី​កែប្រែ​តំបន់​កណ្ដាល​រាជធានី​រី​យ៉ា​ដ តាមរយៈ​ការសាងសង់​អគារ​ខាងលើ​ដែល​នឹង​នាំមក​នូវ​បទពិសោធន៍​រស់នៅ ធ្វើការ និង​កំសាន្ត​យ៉ាង​ពិសេស។ គម្រោង​នេះ​នឹង​ផ្ដោតលើ​ស្ថិរភាព ដោយមាន​តំបន់​បៃតង ផ្លូវ​សម្រាប់​ថ្មើរជើង និង​ជិះ​គង់ ក្នុង​បំណង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត។ តំបន់ Murabba នឹងមាន​សារមន្ទីរ សាលា​មហាវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​និង​ស្ថាបត្យកម្ម សាល​មហោស្រព ទីតាំង​កំសាន្ត និង​ទីតាំង​វប្បធម៌​ជាង 80 កន្លែង។

    គម្រោង​សាងសង់​អគារ​កប់​ពពក​ Mukaab ​ដែលមាន​រាង​ជា​គូប កម្ពស់ 400 ម៉ែត្រ នៅ​រាជធានី​រី​យ៉ា​ដ

    Murabba នឹងមាន​ផ្ទៃ​របស់​ជាន់​នានា​សរុប​​ជាង 25 លាន​ម៉ែត្រក្រឡា ដោយមាន​មនុស្ស​រស់នៅ​ចំនួន 104,000 គ្រួសារ, មាន​បន្ទប់​សណ្ឋាគារ​ចំនួន 9,000, កន្លែង​លក់រាយ​មាន​ទំហំ​សរុប 980,000 ម៉ែ​ទ្រ​ក្រឡា, ការិយាល័យ 1.4 លាន​ម៉ែត្រក្រឡា, ទីតាំង​កំសាន្ត 620,000 ម៉ែត្រក្រឡា និង​សហគមន៍​មូលដ្ឋាន 1.8 លាន​ម៉ែត្រក្រឡា។ គម្រោង Murabba នឹងមាន​ប្រព័ន្ធ​ចរាចរណ៍​ក្នុង​ក្រុង និង​មាន​ចម្ងាយ​ពី​ព្រលាន​យន្ត​តែ 20 នាទី​ប៉ុណ្ណោះ នៅពេល​ជិះឡាន។ តាម​ការ​គណនា គម្រោង​នេះ​នឹង​បង្កើតបាន​ការងារ​ថ្មី​ចំនួន 334,000 កន្លែង​នៅពេល​សាងសង់​រួចរាល់​នៅ​ឆ្នាំ 3030៕

  • តំណាង​ក្រុមហ៊ុន​ថា Haaland របស់ Man City មានតម្លៃ​ខ្លួន «មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក»

    តំណាង​ក្រុមហ៊ុន​ថា Haaland របស់ Man City មានតម្លៃ​ខ្លួន «មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក»

    Rafaela Pimenta តំណាង​របស់​កីឡាករ Erling Haaland ជឿថា ថ្ងៃ​ដែល​ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​សមាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ជិត​មកដល់។

    «Erling Haaland មានតម្លៃ​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។ ខ្ញុំ​មិន​សន្និដ្ឋាន ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ជាមួយនឹង​តួលេខ​នេះ។ អ្នកផ្សេង​អាច​គិតថា ខ្ញុំ​និយាយ​ផ្ដាស ហើយ​យល់ថា មិនមាន​ក្លឹប​ណាមួយ​ហ៊ាន​ចំណាយ​ទឹកប្រាក់​នោះ។ ក៏ប៉ុន្តែ កត្តា​អាយុ សមត្ថភាព ការអភិវឌ្ឍ​ខ្លួន និង​អាកប្បកិរិយា ខ្ញុំ​កំណត់​តម្លៃ​ខ្លួន​របស់​កីឡាករ​នេះ​រហូតដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។ ពុំមាន​អ្នកណាម្នាក់​ដឹង​មុន​អំពី​អនាគត ប៉ុន្តែ​ថ្ងៃនោះ​នឹង​មកដល់» Pimenta និយាយ​កាលពី​ថ្ងៃទី 20 កុម្ភៈ ក្នុង​កម្មវិធី Telefoot របស់​ទូរទស្សន៍ TF1 ដូច្នេះ។

    Pimenta ចូលមក​ជំនួស Mino Raiola ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​តំណាង​កីឡាករ One បន្ទាប់ពី​ភ្នាក់ងារ​បាល់ទាត់​អ៊ីតាលី បានទទួល​មរណភាព​កាលពី​ឆ្នាំ​កន្លង។ នេះ​គឺជា​ក្រុមហ៊ុន​គ្រប់គ្រង Haaland និង​កីឡាករល្បីៗជាច្រើនរូប​ទៀត មានដូចជា Marco Verratti, Paul Pogba, Zlatan Ibrahimovic ឬ Gianluigi Donnarumma ជាដើម។ល។ បើ​គិត​អំពី​តម្លៃ​ទិញដូរ Haaland គឺជា​កីឡាករ​មានតម្លៃ​ជាងគេ​ដែល Pimenta កំពុង​គ្រប់គ្រង។

    កាលពី​រដូវក្ដៅ​ឆ្នាំ​កន្លង Manchester City ចំណាយ​តែ 63 លាន​ដុល្លារ​ប៉ុន្តែ ក្នុង​ការទិញ Haaland។ ប៉ុន្តែ ក្លឹប​ម្ចាស់​កីឡដ្ឋាន Etihad បានធ្វើឱ្យ​កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ ទៅជា​ខ្សែប្រយុទ្ធ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាងគេ​នៅ​លី​គ​កំពូល​អង់គ្លេស ដោយ​ប្រាក់ចំណូល​បាន​ពី​បៀវត្សរ៍ និង​រង្វាន់​ឡើងដល់​ជិត​មួយ​លាន​ដុល្លារ​អាម៉េរិក/សប្ដាហ៍។

    https://www.youtube.com/watch?v=tE8p4BLtmSY

    ទិដ្ឋភាព​នៃការ​ស៊ុតបញ្ចូល​ទីរបស់កីឡាករ​ Erling Haaland

    Haaland ក៏បាន​បង្ហាញ​អំពី​តម្លៃ​របស់ខ្លួន បន្ទាប់ពី​បាន​ទៅ​រួមរស់​ជាមួយ Man City។ កីឡាករ​នេះ​រកបាន 32 គ្រាប់​នៅក្នុង​ការប្រកួត​នានា ក្នុងនោះ​មាន 26 គ្រាប់​នៅ English Premier League និង 5 គ្រាប់​នៅ Champions League។

    យោងតាម​អ្នកស្រី Pimenta តម្លៃ​ខ្លួន​របស់​កីឡាករ​នឹង​បន្ត​កើនឡើង​នាពេល​អនាគត។ ដូច្នេះ អ្នកជំនួញ​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជឿថា Haaland អាច​បំបែក​ឯតទគ្គ​កម្ម​តម្លៃ​ទិញដូរ​កីឡាករ បើសិន​ចាក​ចេញពី Man City។ បច្ចុប្បន្ន កំណត់ត្រា​ស្តីពី​តម្លៃ​ទិញដូរ​កីឡាករ​បាល់ទាត់​លើ​ពិភពលោក នៅតែ​ជា​របស់ Neymar ដោយ PSG បាន​ចំណាយ 263 លាន​ដុល្លារ​អាម៉េរិក ក្នុង​ការទិញ​កីឡាករ​នេះ​ពី Barca កាលពី​រដូវក្ដៅ​ឆ្នាំ 2017៕

  • រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី សម្លាប់​មនុស្ស​យ៉ាងតិច 3 នាក់

    រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី សម្លាប់​មនុស្ស​យ៉ាងតិច 3 នាក់

    គ្រោះ​រញ្ជួយ​ដី​កម្លាំង 6.4 រិច​ទ័​រ ដែល​កើតឡើង​នៅក្បែរ​ទីក្រុង Antakya ភាគខាងត្បូង​ប្រទេស​តួ​ក​គី បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 3 នាក់ និង​ជាង 200 នាក់​រងរបួស។

    រញ្ជួយ​ដី​នេះ​កើតឡើង​នៅក្នុង​ទីរួមស្រុក Defne នៃ​ខេត្ត Hatay ភាគខាងត្បូង​ប្រទេស​តួ​ក​គី ជិត​ព្រំដែន​ជាមួយ​ស៊ី​រី នៅវេលា​ម៉ោង 20 និង 04 នាទី ថ្ងៃទី 20 កុម្ភៈ (រំលងអធ្រាត្រ​ថ្ងៃទី 21 កុម្ភៈ​នៅ​កម្ពុជា) ដែលមាន​ចំណុចកណ្ដាល​ស្ថិតក្នុង​ជម្រៅ 10 គីឡូម៉ែត្រ។ មជ្ឈមណ្ឌល​រញ្ជួយ​ដី​មេ​ឌី​ទែ​រ៉ា​ណេ (EMSC) នៅ​អឺរ៉ុប បាន​បញ្ជាក់ថា រញ្ជួយ​ដី​នេះ​មាន​កម្លាំង 6.4 រិច​ទ័​រ ខណៈ​ស្ថាប័ន​សង្កេត​ភូមិសាស្ត្រ​អាម៉េរិក (USGS) ឱ្យដឹងថា វា​មាន​កម្លាំង 6.3 រិច​ទ័​រ។

    រញ្ជួយ​ដី​ខាងលើ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល​ពី 160 ទៅ 300 គីឡូម៉ែត្រ ធៀប​នឹង​តំបន់​ដែល​បាន​កើតមាន​គ្រោះ​រញ្ជួយ​ដី​ពីរលើក កម្លាំង 7.7 និង 7.8 រិច​ទ័​រ នៅ​តួ​ក​គី និង​ស៊ី​រី កាលពី​ដើមខែ។

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី ឱ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស 3 នាក់​បាន​ស្លាប់ និង 213 នាក់​រងរបួស ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ប្រភព​ខ្លះ​បាន​និយាយថា អគារ​មួយចំនួន​បាន​បាក់​រលំ​ទាំងស្រុង។

    គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​ប្រហែល​ពីរ​សប្ដាហ៍​បន្ទាប់ពី​ភាគខាងត្បូង​ប្រទេស​តួ​ក​គី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង 47,000 នាក់ និង​កម្ទេច​ផ្ទះ​រាប់សែន​ខ្នង៕

  • ជប៉ុន​សន្យា​ផ្ដល់ជំនួយ​បន្ថែម 5.5 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ជប៉ុន​សន្យា​ផ្ដល់ជំនួយ​បន្ថែម 5.5 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី Kishida បាន​អះអាងថា ជ​ប៉ុន្តែ នឹង​ជួយ​អ៊ុយ​ក្រែ​ន​ក្នុងការ​ទប់ទល់​នឹង​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី ទន្ទឹមនឹងនេះ លោក​ក៏បាន​សន្យា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ 5.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ​ទីក្រុង​កៀវ​​ទៀត​ផង​។

    «យើង​បាន​សម្រេចចិត្ត​ផ្ដល់​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ដែលមាន​តម្លៃ 5.5 ពាន់​លាន​ដុល្លារ​អាម៉េរិក» នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ថ្លែង​កាលពី​ថ្ងៃទី 20 កុម្ភៈ​ដូច្នេះ។ «ត្រូវតែ​ជួយ​ដល់​មនុស្ស​ដែល​ត្រូវ​សង្គ្រាម​ដកហូត​លទ្ធភាព​នៃ​ការចិញ្ចឹម​ជីវិត និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ»។

    ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បានឱ្យដឹងថា ប្រទេស​នេះ​បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ 600 លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ​អ៊ុយ​ក្រែ​ន ក៏ដូចជា​ផ្ដល់ជំនួយ​មនុស្សធម៌​បន្ទាន់​តម្លៃ​រាប់រយ​លាន​ដុល្លារ​ផងដែរ។ ជប៉ុន​ក៏បាន និង​កំពុង​ដាក់ទណ្ឌកម្ម​មួយចំនួន​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    ទំនាក់ទំនង​រវាង​ជប៉ុន និង​រុស្ស៊ី ក្នុង​ឆ្នាំ​កន្លង​ប្រែជា​អាក្រក់ឡើង។ ប្រទេស​ទាំងពីរ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នៅឡើយ បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ ដោយសារតែ​ការខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​ប្រជុំ​កោះ Kuril ជា​តំបន់​ដែល​ទីក្រុង​តូ​ក្យូ​ហៅថា ដែនដី​ខាងជើង បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។ កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​បាន​ជាប់គាំង​តាំងពី​ខែមីនា 2022៕