Author: សឿន សំណាង

  • ម្ចាស់ Manchester United បន្ត​ឡើង​ថ្លៃ​​ក្លឹប ក្រោយ​អ្នក​ប៉ង​ទិញ​យល់​ព្រម​ជា​មួយ​នឹង​​តម្លៃ​ដំបូង

    ម្ចាស់ Manchester United បន្ត​ឡើង​ថ្លៃ​​ក្លឹប ក្រោយ​អ្នក​ប៉ង​ទិញ​យល់​ព្រម​ជា​មួយ​នឹង​​តម្លៃ​ដំបូង

    បន្ទាប់ពី​ត្រូវបាន​គេ​មើលឃើញថា ទំនងជា​នឹង​យល់ព្រម​លក់​ក្នុងតម្លៃ 5 ពាន់​លាន​ផោន​ដូចដែល​បានលើកឡើង​ដំបូង ថ្មី​ៗ​នេះ​ត្រកូល Glazer បែរជា​បន្ត​ដំឡើងថ្លៃ​ក្លឹប​ម្ចាស់​កីឡដ្ឋាន Old Trafford ថែម​មួយកម្រិត​ទៀត។

    មកដល់​បច្ចុប្បន្ន ការ​ទិញដូរ​ក្លឹប​បាល់ទាត់ Manchester United នៅតែ​មាន​​ឧបសគ្គ​ជាច្រើន​ដែល​បង្កើតឡើង​ដោយ​ភាគី​ត្រកូល Glazers។ មហាសេដ្ឋី​អាម៉េរិកពីររូប​នេះ មុននោះ​​នៅតែ​ចង់​ស្វែងរក​អ្នកទិញ​ដែលមាន​សក្ដានុពល​ ​ហ៊ាន​ចំណាយ 5 ពាន់​លាន​ផោន​ដើម្បី​ទិញ​ក្លឹប​របស់​ពួកគេ។ ក៏ប៉ុន្តែ ក្រោយមក Avram Glazer និង Joel Glazer បន្ត​លើកឡើង​នូវ​វិធីសាស្ត្រ​ទិញ​ភាគហ៊ុន​ពី​ក្លឹប តែ​ត្រូវបាន​បដិសេធភ្លាមៗដោយ​លោក Sheikh Jassim Bin Hamad Al Thani ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា ដែលជា​អ្នក​បានស្នើ​ទិញ​ក្លឹប Man United កាលពីពេលថ្មីៗនេះ។

    ភាគី​នៅ​កាតា​យល់ព្រម​ទិញ Man United ក្នុងតម្លៃ 5 ពាន់​លាន​ផោន ហើយ​​បាន​និយាយថា នឹង​ផ្ញើ​សំណើ​ជា​ផ្លូវការ​ទៅកាន់​ម្ចាស់​ក្លឹប​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុងពេលឆាប់ៗនេះ។ ចំណែក​អ្នកមាន​ជាងគេ​នៅ​អង់គ្លេស​គឺ Sir Jim Ratcliffe ក៏​ទំនងជា​បាន​យល់ព្រម​ជាមួយនឹងតម្លៃ​ដែល​​ត្រកូល​ Glazer បាន​​ពពាយនាយ​​លក់​នា​ពេល​កន្លង​។

    លោក Avram Glazer និង Joel Glazer

    ទោះជា​យ៉ាងនេះ​ក្ដី ភាគី​ខាង​ម្ចាស់​ក្លឹប បន្ត​ដំឡើងថ្លៃ ក្រោយពី​ភាគី​អ្នក​ប៉ង​ទិញ​យល់ព្រម​ជាមួយនឹង​តម្លៃ​ដំបូង។ ជាក់ស្ដែង លោក Avram Glazer និង Joel Glazer ចង់​លក់​ក្លឹប Man United ក្នុងតម្លៃ 6 ពាន់​លាន​ផោន។

    បើសិន​តម្លៃ​ខាងលើ​ត្រូវបាន​អ្នកវិនិយោគ​យល់ព្រម​ទិញ នៅពេល​ទៅដល់​ដៃ​ម្ចាស់​ថ្មី តម្លៃ​របស់ Man United អាច​​នឹង​ត្រូវបានដំឡើង​​ជិត​ទ្វេដង​។ ក៏ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​យល់ថា តម្លៃ 6 ពាន់​លាន​ផោន​ (ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ​ពិតជា​ខ្ពស់​ណាស់ បើ​គេ​មិន​និយាយ​ដល់​ប្រាក់ចំណូល ឬ​សមិទ្ធផល​ដែល​បី​សាច​ក្រហម​នឹង​នាំ​មកឱ្យ​ម្ចាស់​ថ្មី៕

  • «បវរកញ្ញា​កែ​ភេទ​ស្អាត​បំផុត​នៅ​ថៃ» ពាក់​មកុដ​ដាំ​មាស​​​ក្នុង​ថ្ងៃ​រៀបការ

    «បវរកញ្ញា​កែ​ភេទ​ស្អាត​បំផុត​នៅ​ថៃ» ពាក់​មកុដ​ដាំ​មាស​​​ក្នុង​ថ្ងៃ​រៀបការ

    Nong Poy ដែល​ត្រូវបាន​អ្នកសារព័ត៌មាន​មួយចំនួន​ហៅថា «បវរកញ្ញា​ប្ដូរ​ភេទ​ស្អាត​បំផុត​ប្រចាំ​ប្រទេស​ថៃ» ពាក់​មកុដ​ដាំ​មាស ពេជ្រ​​ និង​យំ​ខ្សឹក​ខ្សួល​ពេលធ្វើ​ពិធី​រៀប​មង្គលការ។

    នា​ថ្ងៃទី 01 មីនា ស្រី​ស្អាត​វ័យ 37 ឆ្នាំ និង​អ្នកជំនួញ Oak Phakwa Hongyok រៀប​មង្គលការ​តាមបែប​ប្រពៃណី​របស់​ប្រជាជន​ដើមកំណើត​ចិន​នៅ Phuket ប្រទេស​ថៃ។ នាង​ពាក់​មកុដ​ដែលមាន​ដាំ​ផ្កា​ធ្វើ​ពី​មាស​។

    Praew ឱ្យដឹងថា តារា​សម្ដែង​រូបនេះ​ជូត​ទឹកភ្នែក​ច្រើនដង​នៅពេល​ធ្វើ​ពិធី​នៅ​ចំពោះមុខ​ដូនតា និង​ស្ដាប់​ពាក្យ​ជូនពរ​របស់​ញាតិមិត្ត។ Nong Poy ទទួលបាន​អំណោយ​ជា​គ្រឿងអលង្ការ​ប្រចាំត្រកូល​ជាច្រើន​ពី​គ្រួសារ​ខាង​ប្រុស។ គ្រួសារ​របស់ Oak Phakwa Hongyok ក៏​ត្រៀម​អាវប៉ាក់​​សរសៃអំបោះ​មាស រួម​នឹង​គ្រឿងអលង្ការ​បុរាណ​ធ្វើ​ពី​មាស និង​ត្បូង​មានតម្លៃ​ផងដែរ។

    ក្រោយពេល​ធ្វើ​ពិធី​តាមបែប​បុរាណ គូ​ស្វាមីភរិយា​ថ្មី​នេះ​នឹង​ធ្វើ​ពិធី​រៀបការ​តាមបែប​សម័យ​ទំនើប​នៅ​ថ្ងៃទី 02 មីនា។ គ្រួសារ​របស់ Oak Phakwa Hongyok បិទទ្វារ​ហាង​នានា​របស់ខ្លួន​ដើម្បី​ធ្វើ​ពិធី​រៀបការ។ Oak Pahkwa Hongyok ឆ្នាំនេះ​អាយុ 41 ទទួល​មរតក​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​សេវាកម្ម​ទេសចរណ៍​នៅ Phuket។

    Oak Phakwa Hongyok បាន​ស្គាល់ Nong Poy កាលពី​ជាង​ម្ភៃ​ឆ្នាំមុន ពេល​នាង​មិនទាន់​វះកាត់​ប្ដូរ​ភេទ។ ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ពីរ​ឆ្នាំ មុនពេល​សម្រេចចិត្ត​រៀបការ។

    Nong Poy វះកាត់​ប្ដូរ​ភេទ​កាលពី​វ័យ 17 ឆ្នាំ ហើយ​មួយឆ្នាំ​ក្រោយមក នាង​ក៏​ដណ្ដើមបាន​តំណែង​បវរកញ្ញា​នៅ Miss International Queen។ នាង​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ទូរទស្សន៍​មួយចំនួន​របស់​ហុងកុង និង​ថៃ។ Nong Poy ក៏​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ផងដែរ។

    Nong Poy គឺជា​​ជនជាតិ​ថៃប្ដូរភេទ​​ដំបូង​គេ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី «ស្រី​ស្អាត​ជាងគេ​ទាំង 100 នាក់​របស់​ពិភពលោក» ប្រកាស​ដោយ TC Candler (គេហទំព័រ​ផ្សាយ​ពី​សិល្បៈ) ​កាលពី​ឆ្នាំ 2015៕

  • Elon Musk ចង់​បង្កើត​កំពូល AI ថ្មី ដើម្បី​ប្រកួត​នឹង ChatGPT

    Elon Musk ចង់​បង្កើត​កំពូល AI ថ្មី ដើម្បី​ប្រកួត​នឹង ChatGPT

    មហាសេដ្ឋី​អាម៉េរិក Elon Musk ត្រូវបាន​គេ​ជឿថា កំពុង​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញកំពូលៗដែល​ធ្លាប់ធ្វើ​ការឱ្យ Google ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI) ថ្មី ក្នុង​បំណង​ប្រកួតប្រជែង​នឹង ChatGPT។

    កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង លោក Musk បាន​ជួប​អ្នកស្រាវជ្រាវ​ផ្នែក AI ជាច្រើនរូប ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​បន្ទប់ពិសោធន៍​ថ្មី​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​ដែល​អាច​ជំនួស ChatGPT។ ក្នុងចំណោម​អ្នកជំនាញ​ទាំងនោះ​ក៏មាន Igor Babuschkin អតីត​អ្នកជំនាញ​ជាន់ខ្ពស់​របស់ Google DeepMind និង OpenAI។

    Babuschkin បានបញ្ជាក់​ថា​បាន​ចាក​ចេញពី DeepMind កាលពី​សប្ដាហ៍​កន្លង ប៉ុន្តែ​មិនទាន់​យល់ព្រម​ធ្វើការ​ជា​ផ្លូវ​ការឱ្យ Elon Musk។ លោក Babuschkin និយាយថា ខ្លួន​ចង់​ធ្វើការ​ជាមួយ Musk ដើម្បី​បង្កើត​អ្វីមួយ​ដែល​ស្ថិតក្នុង​បរិយាកាស LLM (រូបមន្ត​ភាសា​ធំ)។ នេះ​គឺជា​បច្ចេកវិទ្យា​នៅ​ពីក្រោយ​ជោគជ័យ​របស់ ChatGPT។ ប៉ុន្តែ លោក Babuschkin ឱ្យដឹងថា ការបង្កើត chatbot មួយ​ដែល​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ មិនមែនជា​គោលដៅ​របស់​មហាសេដ្ឋី​អាម៉េរិក។

    Elon Musk រួម​នឹង Sam Altman, Reid Hoffman, Peter Theil គឺជា​សហ​ស្ថាបនិក​របស់ OPenAI តាំងពី​ឆ្នាំ 2015។ ដំបូង​ឡើយ នេះ​គឺជា​ប្រព័ន្ធ​ប្រភព​បើកចំហ (open source) និង​ធ្វើ​សកម្ម​ភាពមិន​រកប្រាក់​ចំណេញ។ ពួកគេ​ផ្ដោតលើ​ការអភិវឌ្ឍ AI ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយ Google។

    ខែកុម្ភៈ 2018 លោក Musk ក៏បាន​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ខាងលើ​។ ឆ្នាំ 2020 លោក Musk សម្ដែង​ការមិន​ពេញចិត្ត​នៅពេល OpenAI ផ្ដល់​ការអនុញ្ញាតឱ្យ Microsoft ធ្វើ​ការ​​ដោយ​ផ្ដាច់មុខ​ចំពោះ GPT-3។ លោក Musk ធ្លាប់​និយាយថា «ជា​មូលដ្ឋាន OpenAI ត្រូវបាន​គ្រប់គ្រង​ដោយ Microsoft»។

    ថ្មីៗនេះ លោក Musk ក៏បាន​រិះគន់​ចំពោះ OpenAI ព្រោះតែ​មិនមាន​វិធានការ​ទប់ស្កាត់ ChatGPT បង្កើត​ការសន្ទនា​ដែលមាន​ផ្ទុក​ព័ត៌មាន​មិន​ពិត ឬ​បះ​ពាល់​ដល់​អ្នកប្រើប្រាស់។

    ChatGPT ត្រូវបាន​វាយតម្លៃថា​ជាកម្មវិធី​បញ្ញា​សិប្បនិម្មិត​មួយ​ក្នុងចំណោម​បច្ចេកវិទ្យា​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំ​កន្លង។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ចំពោះ​ហានិភ័យ​ជាច្រើន​ទាក់ទង​នឹង AI មួយ​នេះ។ Sam Altman ដែលជា CEO របស់ OpenAI ក៏បាន​និយាយថា លទ្ធផល​ដែល​បង្កើតឡើង​ដោយ ChatGPT ជាក់ស្ដែង​មាន​ផ្ទុក​កំហុស​ច្រើន។ កាលពី​ខែធ្នូ 2022 លោក Sam Altman បាន​សរសេរ​លើ Twitter ថា «វា​ដឹង​ច្រើនណាស់ ប៉ុន្តែ​អ្វីដែល​គ្រោះថ្នាក់​គឺថា វា​មានការ​ជឿជាក់ និង​បង្ក​កំហុសឆ្គង​មួយផ្នែក​គួរឱ្យបារម្ភ»។

    ChatGPT គឺជា chatbot បញ្ញា​សិប្បនិម្មិត​មួយ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OpenAI និង​បង្ហាញខ្លួន​កាលពី​ខែវិច្ឆិកា 2022។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​យោងទៅលើ​រូបមន្ត​ភាសា​ធំ GPT-3 របស់ OpenAI និង​ត្រូវបាន​កែលំអ​ដោយ​បច្ចេកវិទ្យា​សិក្សា។

    អ្នកប្រើប្រាស់​អាច​បញ្ជា​ឱ្យ ChatGPT សរសេរ​អត្ថបទ​ទៅតាម​ប្រធានបទ​ដែល​ខ្លួន​​បានជ្រើសរើស ដោយ​មិនមាន​បញ្ហា​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​អ្នកដទៃ៕

  • កីឡាករ​បារាំង Benzema បង្អួត​សមិទ្ធផល​ក្នុង​ឆ្នាំ 2022 ក្រោយ FIFA The Best បានបញ្ចប់

    កីឡាករ​បារាំង Benzema បង្អួត​សមិទ្ធផល​ក្នុង​ឆ្នាំ 2022 ក្រោយ FIFA The Best បានបញ្ចប់

    ខ្សែប្រយុទ្ធ Karim Benzema បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram នូវ​សមិទ្ធផល​ផ្ទាល់ខ្លួន និង​បណ្ដា​ពានរង្វាន់​រួម​ដែល​បានទទួល​ក្នុង​ឆ្នាំ 2022 បន្ទាប់ពី​ជាប់​ចំណាត់​ថ្នាក់ក្រោម Lionel Messi នៅ​ពានរង្វាន់ FIFA The Best។

    កាលពី​ថ្ងៃទី 28 កុម្ភៈ គណនី Instagram @prime.benzi បាន​បង្ហោះ​អត្ថបទ​មួយ​ដែល​លើកឡើង​អំពី​សមិទ្ធផល​របស់ Benzema រាប់​ចាប់ពី​ខែសីហា 2021 រហូតដល់​បញ្ចប់​ដំណាក់កាល​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​សម្រាប់​ពានរង្វាន់ FIFA The Best 2022។

    ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Benzema បាន​ថត​អេក្រង់​ស្ដីពី​អត្ថបទ​ខាងលើ និង​បង្ហោះ​លើ Instagram Story របស់ខ្លួន។

    អត្ថបទ​នេះ​លើកឡើងថា Benzema ស៊ុត​បញ្ចូល​ទី​បាន 63 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 21 គ្រាប់, ជា​ជើងឯក Champions League (អឺរ៉ុប), La Liga (អេ​ស្ប៉ា​ញ), Spanish Super Cup (អេ​ស្ប៉ា​ញ), UEFA Super Cup (អឺរ៉ុប), FIFA Club World Cup និង UEFA Nations League (បារាំង)។ គាត់​គឺជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ La Liga, Champions League,  Spanish Super Cup និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅ La Liga, Champions League។

    សមិទ្ធិផល​ក្នុង​ឆ្នាំ 2022 របស់ Karim Benzema

    អំពី​ពានរង្វាន់​ផ្ទាល់ខ្លួន Benzema ដណ្ដើមបាន​ពានរង្វាន់​គ្រាប់​បាល់​មាស​ឆ្នាំ 2022, កីឡាករ​ឆ្នើម​បំផុត​នៅ UEFA 2021-2022, កីឡាករ​ឆ្នើម​បំផុត​នៅ La Liga, ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​នៅ La Liga និង​កីឡាករ​ឆ្នើម​បំផុត​នៅ La Liga ដែល​ជ្រើសរើស​ដោយ​អ្នកគាំទ្រ។ល។

    ក៏ប៉ុន្តែ កីឡាករ​បារាំង Benzema ទទួល​បានតែ 34 ពិន្ទុ ឈរ​ពីក្រោយ Kylian Mbappe (44 ពិន្ទុ), និង Lionel Messi (52 ពិន្ទុ) នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ឆ្នើម​បំផុត​របស់ FIFA សម្រាប់​ឆ្នាំ 2022៕

  • តម្លៃ​លក់​រាយ​របស់​ប្រេងសាំង​ និង​ម៉ាស៊ូត​ សម្រាប់​ពីថ្ងៃ​ទី 01 ដល់ 10 មីនា ឆ្នាំ 2023

    តម្លៃ​លក់​រាយ​របស់​ប្រេងសាំង​ និង​ម៉ាស៊ូត​ សម្រាប់​ពីថ្ងៃ​ទី 01 ដល់ 10 មីនា ឆ្នាំ 2023

    យោងតាម​ក្រសួងពាណិជ្ជកម្ម សម្រាប់​អំឡុងពេល​ពីថ្ងៃ​ទី 01 ដល់ 10 មីនា ឆ្នាំ 2023 តម្លៃ​លក់រាយ​របស់​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ត្រូវ​ថយចុះ 100 រៀល/លីត្រ។

    ក្នុងអំឡុងពេល​ខាងលើ សាំង​ធម្មតា​នឹង​តម្រូវឱ្យ​លក់​ក្នុងតម្លៃ 4,250 រៀល/លី​ត ថយចុះ 100 រៀល/លីត្រ ធៀប​នឹង​រយៈពេល​កន្លង។ ចំណែក​ប្រេងម៉ាស៊ូត​វិញ ត្រូវ​លក់​ក្នុងតម្លៃ 4,200 រៀល/លីត្រ ថយចុះ 100 រៀល/លីត្រ។

  • «ឪពុក​បង្កើត» ពិតប្រាកដ​របស់ «​ទូរ​ស័ព្ទ​ដំបូង​គេ​បង្អស់» ​គឺជា​អ្នកណា?

    «ឪពុក​បង្កើត» ពិតប្រាកដ​របស់ «​ទូរ​ស័ព្ទ​ដំបូង​គេ​បង្អស់» ​គឺជា​អ្នកណា?

    ទូរស័ព្ទ​ពិតជា​របកគំហើញ​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ ដោយសារតែ​វា​បាន​ជួយ​ឱ្យ​មនុស្ស​អាចទាក់ទង​គ្នា​បាន​ដោយ​មិនបាច់​ទៅ​ជួបគ្នា ឬ​ផ្ញើ​សំបុត្រ​ដូច​កាលពីសម័យមុន។ ក៏ប៉ុន្តែ អ្នកបង្កើត​ទូរស័ព្ទ​ពិតប្រាកដ​វិញ ទំនងជា​មិនទាន់​ត្រូវបាន​គេ​ស្គាល់​ច្បាស់​នៅឡើយ។

    អ្នកបង្កើត​ទូរស័ព្ទ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក គឺ​លោក Antonio Meucci ជនជាតិ​អាម៉េរិក​ដើមកំណើត​អ៊ីតាលី។ លោក​បាន​បង្កើត​ទូរស័ព្ទ​ដំបូង​គេ​កាលពី​ឆ្នាំ 1860។

    ព័ត៌មាន​ស្ដីពី​អ្នកបង្កើត​ទូរស័ព្ទ​ដំបូង​គេ​មាន​ភាពចម្រូងចម្រាស​ច្រើន ព្រោះថា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1860 Antonio Meucci គឺជា​អ្នក​ពិភាក្សា​អំពី​ទូរស័ព្ទ​ជាមួយនឹង Alexander Graham Bell និង​បាន​ហៅ​ទូរស័ព្ទ​ជា​លើកដំបូង​ទៅឱ្យ​ភរិយា​របស់ខ្លួន ហើយ​បាន​ហៅ​ឧបករណ៍​នេះ​ថា «ទូរស័ព្ទ»។

    ទូរស័ព្ទ​ក្នុង​ឆ្នាំ 1876

    ក៏ប៉ុន្តែ ក្នុងពេលនោះ លោក Meucci មិនមាន​ប្រាក់​គ្រប់ 250 ដុល្លារ​អាម៉េរិក​ដើម្បី​ចុះឈ្មោះ​កម្មសិទ្ធិបញ្ញា​សម្រាប់​ទូរស័ព្ទ។ ដូច្នេះ Alexander Graham Bell ក៏បាន​ក្លាយជា​ម្ចាស់​ទូរស័ព្ទ ព្រោះ​លោក​បាន​ចុះឈ្មោះ​កម្មសិទ្ធិបញ្ញា។ នេះ​គឺជា​រឿង​គួរឱ្យ​សង្ស័យ​ធំ​មួយ​ស្ដីពី​របកគំហើញ​ត្រូវបាន​គេ​បន្លំ។ មនុស្ស​ជាច្រើន​បានដឹងថា

    Bell គឺជា​អ្នកបង្កើត​ទូរស័ព្ទ​ដំបូង​គេ ប៉ុន្តែ​ក៏មាន​មនុស្ស​ជាច្រើន​បាន​បញ្ជាក់ថា Bell បាន​បន្លំ​របកគំហើញ​ទូរស័ព្ទ​របស់ Meucci ហើយ​យក​វា​ធ្វើជា​របស់ខ្លួន។

    ក៏ប៉ុន្តែ មកដល់​ថ្ងៃទី 11 មិថុនា 2002 សភា​ជាន់​ទាប​អាម៉េរិក​បានប្រកាស​ជា​ផ្លូវការ​ថា Antonio Meucci ទើប​ជា «ឪពុក​បង្កើត» របស់​ទូរស័ព្ទ មិនមែន Alexander Graham Bell នោះទេ។

    Antonio Meucci និង Alexander Graham Bell

    ទោះជា​យ៉ាងណាក៏ដោយ ការពិត​ស្ដីពី «ឪពុក​បង្កើត» របស់​ទូរស័ព្ទ​នៅតែ​ជា​រឿង​ប្រទាញប្រទង់​គ្នា​ដដែល ដោយ​អ្នកខ្លះ​គាំទ្រ Alexander Graham Bell និង​អ្នកខ្លះ​គាំទ្រ Antonio Meucci។ ទំព័រ Imagining the Internet របស់​សាកល​វិទ្យាល័យ Elon បាន​ចុះ​ផ្សាយ​ថា Antonio Meucci ជា​អ្នក​រកឃើញ​វិធី​បង្កើត​ទូរស័ព្ទ​ដំបូង​គេ​នៅ​ឆ្នាំ 1849, ជនជាតិ​បារាំង​ Charles Bourseul រក​ឃើញ​កាល​ពី​ឆ្នាំ 1854 ខណៈ​ Alexander Graham Bell ទទួលបាន​បណ្ណ​កម្មសិទ្ធិបញ្ញា​ដំបូង​ពី​សហរដ្ឋ​អាម៉េរិក​នៅ​ឆ្នាំ 1876៕

  • FBI និយាយថា វីរុស​បង្ក​ជំងឺ​កូ​វីដ-19 អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ចិន

    FBI និយាយថា វីរុស​បង្ក​ជំងឺ​កូ​វីដ-19 អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ចិន

    ប្រធាន FBI យល់ថា កូ​វីដ-19 អាចមាន​ប្រភពពី​ករណី​បែកធ្លាយ​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ជាការ​ចោទប្រកាន់​ដែល​រដ្ឋាភិបាល​ចិន​ធ្លាប់បាន​ច្រានចោល​ជា​បន្តបន្ទាប់​នាពេល​កន្លង។

    «ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (FBI) តាំងពី​យូរ​មកហើយ​បាន​វាយតម្លៃ​លើ​ប្រភព​របស់​កូ​វីដ-19 ថា អាច​បណ្ដាលមកពី​បញ្ហា​នៅក្នុង​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan» ប្រធាន FBI លោក Christopher Wray និយាយ​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​ដែល​ត្រូវបាន​ផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ «នៅទីនេះ​យើង​កំពុងនិយាយ​ពី​ករណី​បែកធ្លាយ​មិនទាន់​ឃើញច្បាស់​នៅ​បន្ទប់ពិសោធន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន»។

    លោក Wray ក៏បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​ព្យាយាម «រារាំង និង​ធ្វើឱ្យមាន​ភាពច្របូកច្របល់» ចំពោះ​ការស៊ើបអង្កេត​របស់ FBI រួមទាំង​ស្ថាប័ន​រដ្ឋាភិបាល​អាម៉េរិក និង​ដៃគូ​សហការ​បរទេស លើ​ប្រភព​របស់​កូ​វីដ-19។

    ទាក់ទិន​នឹង​ការអះអាង​របស់​ប្រធាន FBI ភាគី​រដ្ឋាភិបាល​ចិន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។

    នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីពេលថ្មីៗនេះ ក្រសួង​ថាមពល​អាម៉េរិក ដែលជា​អ្នកគ្រប់គ្រង​មូលដ្ឋាន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​នានា យល់ថា វីរុស nCoV អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ ប៉ុន្តែ​មិន​ទាក់ទង​នឹង​កម្មវិធី​អាវុធ។

    ការវាយតម្លៃ​របស់ FBI និង​ក្រសួង​ថាមពល ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​របាយការណ៍​សម្ងាត់ ហើយ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីដើម​ឆ្នាំនេះ។ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ចំនួន 4 ផ្សេងទៀត រួម​នឹង​ក្រុម​ប្រឹក្សាជាតិ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក នៅតែ​គាំទ្រ​សម្មតិកម្ម​ដែលថា វីរុស​ឆ្លង​ពី​សត្វ​មក​មនុស្ស បើទោះជា​មាន «ការជឿជាក់​ក្នុង​កម្រិត​ទាប»។

    ចំណែក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) វិញ មិនទាន់​វាយតម្លៃ​ចុងក្រោយ​អំពី​ប្រភព​របស់​កូ​វីដ-19 ប៉ុន្តែ​យល់ថា nCoV មិនមែនជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​អាវុធ​ជីវសាស្ត្រ​របស់​ប្រទេស​ចិន។

    ក្រុមមន្ត្រី​ចិន​កន្លងមកនេះ​នៅតែ​ច្រានចោល​ការសន្និដ្ឋាន​ដែលថា កូ​វីដ-19 អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ពួកគេ។ ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ក៏បាន​ទាត់ចោល​ការអះអាង​រប​ស់​ក្រសួង​ថាមពល​អាម៉េរិក និង​បាន​ស្នើឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន «បញ្ឈប់​ការ​មួលបង្កាច់» និង «ការធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​លើ​ប្រភព​កូ​វីដ-19»៕

  • Kylian Mbappe បង្ហើប​ពី​ក្លឹប​អនាគត​ក្នុង​ក្ដី​ស្រមៃ ក្រោយ​ចាក​ចេញពី PSG

    Kylian Mbappe បង្ហើប​ពី​ក្លឹប​អនាគត​ក្នុង​ក្ដី​ស្រមៃ ក្រោយ​ចាក​ចេញពី PSG

    នៅក្នុង​ថ្ងៃ​ប្រគល់​ពានរង្វាន់ The Best FIFA Football Awards 2022 កាលពី​ម្សិលមិញ កំពូល​តារាបាល់ទាត់ Kylian Mbappe របស់​ក្លឹប PSG បាន​បង្ហើប​ឱ្យដឹង​នូវ​ក្រុមបាល់ទាត់​ដែល​គាត់​មានបំណង​ចូលរួម​ក្នុងពេល​អនាគត។

    កាលពី​រដូវក្ដៅ​កន្លង Mbappe បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ PSG បើទោះជា​មានការ​ទាក់ទាញ​ពី Real Madrid មុន​នោះ។ ក៏ប៉ុន្តែ នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់ The Best FIFA Football Awards 2022 ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023 (ពេលវេលា​នៅ​កម្ពុជា) កំពូល​តារាបាល់ទាត់​បា​រាំង​រូបនេះ​បាន​ចែករំលែក​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល។

    ជាក់ស្ដែង នៅពេល​រម្លឹក​ដល់​រឿង​ដែលថា​អាច​ចាក​ចេញពី PSG ក្នុងពេល​អនាគត ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ Mbappe មិនមាន​ការរារែក​ក្នុងការ​និយាយ​ដល់​ករណី​ទៅ​ចូលរួម​ទាត់​នៅ​ពានរង្វាន់ Serie A។

    Messi និង Mbappe ទទួល​ពាន​រង្វាន់ The Best FIFA Football Awards 2022

    ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង Gazzetta dello Sport កាលពី​អតីតកាល Kylian Mbappe ក៏បាន​ចែក​រំលែក​​មូលហេតុ​ដែល​នាំឱ្យ​គាត់​គាំទ្រ​ខ្លាំង​ចំពោះ Rossoneri (AC Milan) ដោយ​និយាយថា ៖

    «ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយនឹង Milan គឺ​ពិតជា​ធំធេង។ កាលពី​នៅ​ក្មេង ខ្ញុំ​មាន​មេដោះ​ជនជាតិ​អ៊ីតាលី​ម្នាក់ រួម​នឹង​គ្រួសារ​របស់គាត់ យើង​បាន​ចំណាយពេល​យ៉ាងច្រើន​នៅក្បែរ​គ្នា។ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​នៅពេល​គ្រប់គ្នា​សុទ្ធតែ​ស្រលាញ់ AC Milan។ ដូច្នេះហើយ​បានជា​ខ្ញុំ​ទទួល​មរតក​ជា​ស្មារតី​នោះ និង​បាន​មើល​ការប្រកួត​ជាច្រើន​របស់​ក្រុមបាល់ទាត់​នេះ»។

    បច្ចុប្បន្ន Mbappe នៅមាន​កិច្ចសន្យា​ជាមួយ PSG ដែលមាន​សុពលភាព​រហូតដល់រ​ដូ​វ​ក្ដៅ 2024 អម​នឹង​លក្ខខណ្ឌ​ជួយ​ឱ្យ​កីឡាករ​រូបនេះ​អាច​ពន្យារ​កិច្ចសន្យា​បន្ថែម​មួយឆ្នាំ (2025) ទៀត។ ក៏ប៉ុន្តែ ក្នុងករណី​គាត់​មិន​ចង់ គាត់​នឹង​ចាក​ចេញពី​ប៉ារីស​ទៅតាម​ទម្រង់​ទិញដូរ​ដោយ​សេរី បន្ទាប់ពី​រដូវ​កាល 2023/2024 បានបញ្ចប់។

    Mbappe គឺជា​អ្នកគាំទ្រ​របស់ AC Milan តាំង​ពី​តូច

    ដូច្នេះហើយ​បានជា PSG ក៏​ប្រឹងប្រែង​រក្សា​កំពូល​ថ្វី​ជើង​របស់ខ្លួន។ ក៏ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ពី​បារាំង ក្នុងករណី​មិនអាច​ចងជើង​បាន ក្លឹប PSG នឹង​យល់ព្រម​លក់ Mbappe នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។

    ព័ត៌មាន​នេះ​អាច​នឹង​ធ្វើឱ្យ​ទីផ្សារ​ទិញដូរ​កីឡាករ​ឡើងក​ម្ដៅ​ខ្លាំង​ក្នុង​រដូវ​កាល 2023/2024។ ព្រោះថា មិន​ត្រឹម​តែ Real Madrid នោះទេ ប៉ុន្តែ​នៅមាន​ក្លឹបធំៗជាច្រើន​ទៀត​នៅ​អឺរ៉ុប កំពុង​ត្រៀម​ប្រាក់​ដើម្បី​ដណ្ដើមយក​កំពូល​​ថ្វី​ជើង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អនាគត​របស់​ពិភព​បាល់ទាត់​អន្តរជាតិ​រូបនេះ៕

  • កីឡាករ​ខ្សែការពារ​របស់ PSG ត្រូវ​រង​ការ​ចោទថា «វាយប្រហារ​ផ្លូវភេទ»

    កីឡាករ​ខ្សែការពារ​របស់ PSG ត្រូវ​រង​ការ​ចោទថា «វាយប្រហារ​ផ្លូវភេទ»

    (បារាំង) – តារាបាល់ទាត់​របស់​ក្លឹប PSG និង​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក Achraf Hakimi ត្រូវបាន​ស៊ើបអង្កេត​ពីបទ​រំលោភបំពាន​ផ្លូវភេទ បន្ទាប់ពី​បាន​អញ្ជើញ​ស្ត្រី​ម្នាក់​មកលេង​ផ្ទះ​ក្នុងពេល​ភរិយា​ទៅ​ទេសចរណ៍។

    យោងតាម​ទំព័រ Le Parisien (បារាំង) ស្ត្រី​វ័យ 23 ឆ្នាំ​ម្នាក់​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​កាលពី​ចុង​សប្ដាហ៍​កន្លង​ថា នាង​ត្រូវបាន​កីឡាករ​មួយរូប​របស់​ក្លឹប PSG ចាប់រំលោភ ប៉ុន្តែ​មិន​ចង់​ដាក់ពាក្យ​ប្ដឹង។ ស្ត្រី​រូបនេះ​និយាយប្រាប់​ប៉ូលិស​ថា ខ្លួន​គ្រាន់តែ​ចង់ «រាយការណ៍​ពី​ករណី​ចាប់រំលោភ»។ ក៏ប៉ុន្តែ ដោយសារតែ​ភាព​ធ្ងន់ធ្ងរ​នៃ​ហេតុការណ៍ រដ្ឋអាជ្ញា​មួយក្រុម​ក៏​ចាប់​ផ្ដើមធ្វើ​ការស៊ើបអង្កេត​លើ​ជនសង្ស័យ។

    Le Parisien ឱ្យដឹងថា Hakimi ចាប់ផ្ដើម​និយាយ​គ្នា​ជាមួយ​ស្ត្រី​ខាងលើ​នៅលើ Instagram កាលពី​ថ្ងៃទី 16 មករា។ ក្រោយមក កីឡាករ​ខ្សែការពារ​វ័យ 24 ឆ្នាំ​រូបនេះ ក៏​​បាន​កក់​សេវាកម្ម Uber និង​អញ្ជើញ​នាង​មកកាន់​ផ្ទះ​ផ្ទាល់ខ្លួន​នៅ Boulogne-Billancourt ក្នុង​ទីក្រុង​បារី​ស​កាលពី​ថ្ងៃទី 25 មករា។ នៅទីនេះ កីឡាករ​របស់​ក្លឹប PSG បាន​រួមភេទ​ជាមួយ​ស្ត្រី​ខាងលើ បើ​ទោះ​​នាង​មិន​យល់ព្រម។ នាង​បាន​ទាត់​ទៅលើ Hakimi មុនពេល​ផ្ញើ​សារ​ឱ្យ​មិត្ត​ម្នាក់​មក​ទទួល និង​រាយការណ៍​ប្រាប់​ប៉ូលិស​នៅ​ថ្ងៃ​បន្ទាប់។

    ទំព័រ AP បាន​ផ្សាយ​ថា ការិយាល័យ​រដ្ឋអាជ្ញា​ទ​ទួល​បន្ទុក​​រឿងក្ដី​នេះ​ត្អូញត្អែរថា «ព័ត៌មាន​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេតរ​ក​ការពិត​ជួប​ការលំបាក»។

    ក្នុងអំឡុងពេល​កើតហេតុ ភរិយា​របស់ Hakimi ដែលជា​តារាភាពយន្ត​ជនជាតិ​អេ​ស្ប៉ា​ញ ឈ្មោះ Hiba Abouk កំពុងតែ​ទៅ​ទេសចរណ៍​ជាមួយ​កូនប្រុស 2 នាក់​នៅ​ឌូ​បៃ។

    ដោយឡែក Dani Alves ដែលជា​កីឡាករ​ខ្សែការពារ​មួយរូប​ផ្សេងទៀត​ដែល​ធ្លាប់​ទាត់​ឱ្យ PSG ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ទាក់ទង​នឹង​រឿង​បំពាន​ផ្លូវភេទ។ Dani ត្រូវ​តុលាការ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ និង​ត្រូវ​ជាប់ឃុំ​រហូតដល់​សវ​នា​ការ​ត្រូវបាន​ធ្វើឡើង។ ប៉ុន្តែ កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​នេះ​មិន​ទាន់​ត្រូវ​បានកំណត់​នៅឡើយ៕

  • Elon Musk ដណ្ដើមបាន​មកវិញ​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក

    Elon Musk ដណ្ដើមបាន​មកវិញ​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក

    ​ភាគហ៊ុន Tesla ឡើងថ្លៃ ​ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កាលពី​ម្សិលមិញកើន​ដល់ 187.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ទ្រព្យ​របស់​មហាសេដ្ឋី​បារាំង Bernard Arnault។

    យោងតាម​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក Bloomberg Billionaires Index បច្ចុប្បន្ន អគ្គនាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk មានទ្រព្យ 187.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​ច្រើនជាង 2 ពាន់​លាន​ដុល្លារ​ធៀប​នឹង​ទ្រព្យ​របស់​ម្ចាស់ LVMH លោក Bernard Arnault។ ដូច្នេះ លោក Musk ក៏​ដណ្ដើមបាន​មកវិញ​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក បន្ទាប់ពី​បាត់បង់​អស់​រយៈពេល​ជាង 2 ខែ។

    ទ្រព្យ​របស់លោក Musk កើន​ជិត 7 ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី 27 កុម្ភៈ ដោយសារតែ​ភាគហ៊ុន Tesla ឡើងថ្លៃ​ជាង 5% ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ។ ជា​សរុប រាប់​ចាប់ពី​ដើមឆ្នាំ​មកនេះ លោក Musk រកបាន​ប្រាក់ 50 ពាន់​លាន​ដុល្លារ ខណៈដែល​ទ្រព្យ​របស់លោក Bernard កើន​តែ 23 ពាន់​លាន​ប៉ុណ្ណោះ៕