Author: សឿន សំណាង

  • កុលសម្ព័ន្ធ​ដែល​អាច​មុជ​ក្នុង​ទឹក​បានយូរ​ជាង​គេ​លើ​ពិភពលោក

    កុលសម្ព័ន្ធ​ដែល​អាច​មុជ​ក្នុង​ទឹក​បានយូរ​ជាង​គេ​លើ​ពិភពលោក

    ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍ សម្រប​ខ្លួន​បាន​ល្អ​ទៅនឹង​សកម្មភាព​មុជ​ក្នុង​ទឹក​រយៈពេល​យូរ​ដោយ​ផាល​ក្នុង​រាងកាយ​​របស់​ពួក​គេ​​​​វិវឌ្ឍ​​​ទៅ​ជាធំ​ខុស​ប្រក្រតី។

    «ជនជាតិ Bajau ការពារ​សមុទ្រ។ យើង​មិនដែល​ចាកចោល​សមុទ្រ​ឡើយ ហើយ​មុជ​ទឹកជា​ញឹកញាប់។ នោះ​គឺជា​ទម្លាប់ និង​ជា​ប្រពៃណី» នេះ​បើតាម​ការអះអាង​របស់​ជនជាតិ Bajau។

    ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍​គឺជា​កុលសម្ព័ន្ធ​ពាក់កណ្ដាល​ពនេចរ ដែលមាន​សមត្ថភាព​មុជទឹក​សេរី​ដ៏​លេចធ្លោ​ជាងគេ។ ដោយ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន និង​ម៉ាឡេស៊ី កុលសម្ព័ន្ធ​នេះ​គឺជា​អ្នក​នេសាទ ចិញ្ចឹមជីវិត​ដោយសារ​ត្រី​ជាសំខាន់។

    យោងតាម​ប្រពៃណី ការរស់នៅ និង​ភារកិច្ច​របស់​ពួកគេ​គឺ​ទាក់ទង​នឹង​ការការពារ​សមុទ្រ។ អ្នកស្រី Ima Baineng ដែលជា​អ្នកនេសាទ​ជនជាតិ Bajau និយាយថា «យើង​ទទួល​មរតក និង​បច្ចេកទេស​មុជទឹក​ពី​ដូនតា។ នៅទីនេះ កំលោះៗ និងនារីៗដែលមាន​កម្លាំង​ខ្លាំង សុទ្ធតែ​មុជទឹក»។

    កុលសម្ព័ន្ធ​ Bajau រៀន​មុជ​ទឹក​តាំង​ពី​នៅ​តូច

    ជនជាតិ Bajau អាច​មុជ​ទឹកបាន​រហូតដល់ 8 ម៉ោង/ថ្ងៃ។ មនុស្ស​មួយចំនួន​ចំណាយពេល​នៅក្រោម​ទឹក​រហូតដល់ 60%។ «ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ចេញទៅ​សមុទ្រ​នៅ​ម៉ោង 4 ទៀបភ្លឺ និង​ត្រលប់មក​ផ្ទះ​នៅពេល​ថ្ងៃ។ ជាធម្មតា ខ្ញុំ​ចាប់បាន​ត្រី 15 គីឡូក្រាម។ កាល​ពី​នៅ​ក្មេង ខ្ញុំ​អាច​មុជទឹក​ក្នុង​ជម្រៅ​រហូតដល់ 20 ម៉ែត្រ។ ពេលនេះ​ចាស់​ហើយ ខ្ញុំ​អាច​មុជ​បាន​ជម្រៅ​ប្រហែល 16 ម៉ែត្រ​ប៉ុណ្ណោះ» អ្នកនេសាទ​ជនជាតិ Bajau លោក Mandor M Tembang ឱ្យដឹង​ដូច្នេះ។

    យោងតាម​ការស្រាវជ្រាវ ទាក់ទង​នឹង​តំណពូជ រាងកាយ​របស់​កុលសម្ព័ន្ធ Bajau បាន​សម្រប​ខ្លួន​ជាមួយនឹង​ការរស់នៅ​ក្រោម​ទឹក​រួចហើយ។ ផាល​ដែលជា​អវយវៈ​មួយ​ក្នុង​រាងកាយ​របស់​ពួកគេ​មាន​វិវឌ្ឍន៍​ទៅជា​ធំ​ជាង​ធម្មតា ជួយ​បង្កើន​អុកស៊ីសែន​ក្នុង​ឈាម​នៅពេល​មុជទឹក។ ផាល​រួញ​មកវិញ​ដើម្បី​រុញច្រាន​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ទៅក្នុង​ចរន្តឈាម។ ផាល​ដែល​ធំ​មាន​ផ្ទុក​កោសិកា​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ជាង​ផាល​តូច ដូច្នេះ​វា​ក៏​ជួយ​ឱ្យ​កុលសម្ព័ន្ធ Bajau អាច​អត់​ដណ្ដើម​បានយូរ​ជាង​ធម្មតា។

    វីដេអូស្ដីពី​កុលសម្ព័ន្ធ Bajau ដែល​អាច​មុជ​ទឹក​បាន​យូរ​ជាង​ធម្មតា

    Saiful M Amin អ្នក​មុជទឹក​អាជីព​​ដែល​ប្រើ​បំពង់​អុកស៊ីសែន បានឱ្យដឹងថា «ជនជាតិ Bajau នៅពេល​មុជទឹក​ពួកគេ…ផ្លាស់​ទីយឺតៗ។ ខ្ញុំ​ក៏​ជា​អ្នក​មុជទឹក ប៉ុន្តែ​ខ្ញុំ​មុជ​ចុះ​ជម្រៅ​បានតែ​ប្រហែល 5 ម៉ែត្រ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនជាតិ Bajau វិញ តែង​មុជ​បាន​ពី 12 ទៅ 15 ម៉ែត្រ។ ដូច្នេះ ជនជាតិ Bajau ពិតជា​ពិសេស»។

    កុលសម្ព័ន្ធ Bajau ចាប់ផ្ដើម​មុជទឹក​ដោយ​សេរី​តាំងពី​នៅ​តូច។ អ្នកស្រី Ima Baineng និយាយថា «តាំងពី​អាយុ 4 ឆ្នាំ ខ្ញុំ​តែងតែ​ងូតទឹក​សមុទ្រ និង​តាម​ឪពុក​ចេញទៅ​សមុទ្រ ទើបបាន​ជា​​ខ្ញុំ​ចេះ​មុជទឹក»៕

  • ព្រឹត្តិការណ៍​បាល់​ទាត់អាស៊ី Asian Cup 2023 ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2024

    ព្រឹត្តិការណ៍​បាល់​ទាត់អាស៊ី Asian Cup 2023 ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2024

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​ចិត្ត​ប្រារព្ធ​ព្រឹត្តិការណ៍ Asian Cup 2023 ចាប់ពី​ថ្ងៃទី 12 មករា 2024 ដល់ 10 កុម្ភៈ 2024 នៅ​ប្រទេស​កាតា។

    ការសម្រេចចិត្ត​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​នានា​រវាង AFC និង​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA)។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 10 កុម្ភៈ 2024។ ក៏ប៉ុន្តែ កាលបរិច្ឆេទ​ខាងលើ​មិនទាន់​ស្ថិតក្នុង FIFA Days ដូច្នេះ AFC សង្ឃឹមថា FIFA នឹងមាន​វិធី​រៀបចំ​សមស្រប​ដើម្បីជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​នានា​មាន​កម្លាំង​ខ្លាំង​បំផុត​សម្រាប់​ការប្រកួត។

    ដំបូង​ឡើយ ប្រទេស​ចិន​គ្រោង​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​បាល់ទាត់ Asian Cup 2023 ចាប់ពី​ថ្ងៃទី 16 មិថុនា 2023 ដល់ 16 កក្កដា 2023 ប៉ុន្តែ​មកដល់​ឆ្នាំ 2022 ប្រទេស​នេះ​ក៏​សុំ​ដកខ្លួន​ដោយសារតែ​កូ​វីដ-19។ ប្រទេស​កាតា​ដែល​ទើបតែ​បានទទួល World Cup 2022 ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​បន្ទាប់ពី​បានទទួល​ការគាំទ្រ​ច្រើនជាង​កូរ៉េខាងត្បូង និង​អូស្ត្រាលី។

    កីឡាករកាតាលើកពាន Asian Cup 2019 ដែលបានធ្វើឡើងនៅ UAE

    ក្រោយពី​បានកំណត់​ពេលវេលា​ជាក់លាក់ AFC នឹងធ្វើ​ការចាប់​ឆ្នោត​យ៉ាងយូរ​ត្រឹម​ខែមិថុនា 2023។ ក្រុម​ជម្រើសជាតិ​ចំនួន 24 ក្រុម​​ដែល​ត្រូវបាន​កំណត់​រួចហើយ ត្រូវ​ចែកជា 6 ពូ​ល ដោយ​ប្រកួត​ជា​ជុំ ដើម្បី​ជ្រើស​យក 6 ក្រុម​ដែលជា​ប់​ចំណាត់​ថ្នាក់​​លេខ​មួយ, 6 ក្រុម​ជាប់​លេខ​ពីរ និង 4 ក្រុម​ជាប់​លេខ​បី ដែលមាន​សមិទ្ធផល​ល្អ​ជាងគេ ឡើងទៅ​ប្រកួត​នៅ​វគ្គ 1/8។

    ព្រឹត្តិការណ៍ Asian Cup លើក​ចុង​ក្រោយ​នា​ពេល​កន្លង​​ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​ខែមករា នៅ​អាស៊ី​ខាងលិច ដោយប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម (UAE) ធ្វើជា​ម្ចាស់ផ្ទះ។ ប្រទេស​កាតាវិញ ​បច្ចុប្បន្ន​គឺជា​ជើងឯក​បាល់ទាត់ Asian Cup ហើយ​នេះ​គឺជា​លើក​ទី​បី​ដែល​កាតា​​ធ្វើជា​ម្ចាស់ផ្ទះ Asian Cup ​បន្ទាប់ពី​បាន​ទទួល​​លើកទីមួយ​កាលពី​ឆ្នាំ 1988 និង​លើក​ទី​ពីរ​កាលពី​ឆ្នាំ 2011៕

  • អាម៉េរិក​ផ្ដល់ជំនួយ​យោធា​​បន្ថែម 400 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់ជំនួយ​យោធា​​បន្ថែម 400 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រកាស​អំពី​ខ្ទង់​ជំនួយ​យោធា​ថ្មី​តម្លៃ 400 លាន​ដុល្លារ ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​យានយន្ត​សម្រាប់​កងវិស្វកម្ម រួម​នឹង​គ្រាប់រំសេវ​ជាច្រើន​ផ្សេងទៀត។

    «កញ្ចប់​ជំនួយ​ផ្នែក​យោធា​នេះ​មាន​គ្រាប់​រ៉ុក្កែត HIMARS និង​គ្រាប់​សម្រាប់​កាំភ្លើង​ធំ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក» ក្រសួងការបរទេស​អា​ម៉េ​រិ​ក កាលពី​ថ្ងៃទី 03 មីនា ប្រកាស​ដូច្នេះ។ ខ្ទង់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​របស់​អាម៉េរិក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 32 ពាន់​លាន​ដុល្លារ គិត​ចាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។

    កញ្ចប់​ជំនួយ​ខាងលើ​ក៏មាន​ទាំង​គ្រាប់ 25 មិល្លីម៉ែត្រ​សម្រាប់​រថពាសដែក M2 Bradley, ឧបករណ៍​ថែទាំ​យានយន្ត គ្រឿងបន្លាស់ និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត។ អាម៉េរិក​ក៏​ផ្ដល់​ជា​លើកដំបូង​នូវ M60 AVLB ដែល​ប្រព័ន្ធ​ស្ពាន​ចល័ត​សម្រាប់​រថក្រោះ និង​រថពាសដែក​ឆ្លងកាត់​ផងដែរ។

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​នេះ​នៅក្នុង​គ្រា​ដែល​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារ​ទៅលើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទីក្រុង Bakhmut នៅក្នុង​ខេត្ត Donetsk ជាដើម។

    បណ្ដា​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន កំពុង​បណ្ដុះបណ្ដាល​ទាហាន​របស់​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើ​អាវុធថ្មីៗដែល​ទីក្រុង​កៀវ​ទើបតែ​បានទទួល។ កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 02 មីនា បានប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​មូលដ្ឋាន Wiesbaden ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​រៀប​ផែនការ​ទប់ទល់​នឹង​ក​ង​កម្លាំង​រុស្ស៊ី៕

  • ក្លឹប​បាល់ទាត់ Barcelona ត្រូវបាន​ហាម​មិនឱ្យ​ទិញ​កីឡាករ​ថ្មី

    ក្លឹប​បាល់ទាត់ Barcelona ត្រូវបាន​ហាម​មិនឱ្យ​ទិញ​កីឡាករ​ថ្មី

    (អេ​ស្ប៉ា​ញ) – យោងតាម​ប្រធាន La Liga ក្លឹប Barcelona មិនមាន​សិទ្ធិ​ទិញ​កីឡាករ​ថ្មី ដោយសារ​មិន​សម្រេចបាន​តាម​គោលការណ៍​ស្ដីពី​ហិរញ្ញវត្ថុ។

    «រដូវរងា​កន្លង Barca មិនអាច​ទិញ​កីឡាករ​ថ្មី​បាន» ប្រធាន La Liga លោក Javier Tebas ឱ្យដឹង​កាលពី​ថ្ងៃទី 02 មីនា​ដូច្នេះ។ «យើង​មិន​អនុញ្ញាតឱ្យ​ពួកគេ។ ហើយ​រដូវក្ដៅ​ខាងមុខ ពួកគេ​ក៏​មិនអាច​ទិញ​កីឡាករ​ថ្មី»។

    សារព័ត៌មាន​អេ​ស្ប៉ា​ន Marca បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ហិរញ្ញវត្ថុ​របស់ Barca មិនទាន់​ប្រសើរ​ឡើងវិញ បើ​ទោះ​កំពុង​នាំមុខ​នៅ La Liga។ តារាង​ប្រាក់បៀវត្សរ៍​របស់​ពួកគេ​នៅតែ​ខ្ពស់ ខណៈដែល​ប្រាក់ចំណូល​កើនឡើង​យ៉ាង​យឺត​ដោយសារតែ​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ដំបូង​នៃ​ពានរង្វាន់ Champions League និង​វគ្គ​ជម្រុះ​ផ្ទាល់​នៅ Europa League។

  • Will Smith ទទួលបាន​ពានរង្វាន់​លើកដំបូង​ក្រោយហេតុ​វាយ​មនុស្ស​លើ​វេទិកា

    Will Smith ទទួលបាន​ពានរង្វាន់​លើកដំបូង​ក្រោយហេតុ​វាយ​មនុស្ស​លើ​វេទិកា

    (សហរដ្ឋ​អាម៉េរិក) – កំពូល​តារា​សម្ដែង Will Smith បាន​ឡើង​ឆាក​ទទួល​ពានរង្វាន់​ភា​ព​យន្ត​ជា​លើកដំបូង បន្ទាប់ពី​មាន​រឿងរ៉ាវ​វាយតប់ Chris Rock នៅក្នុង​ព្រឹត្តិការណ៍ Oscar 2022។

    កាលពី​ថ្ងៃទី 02 មីនា 2023 Will Smith បានទទួល​ពានរង្វាន់ Beacon នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​សមាគម​អ្នក​រិះគន់​ភាពយន្ត​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក (AAFCA) នៅ Los Angeles។ Will Smith និយាយថា «Emancipation គឺជា​គម្រោង​ភាពយន្ត​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ។ … ខ្ញុំ​សូម​អរគុណ AAFCA …ដែល​​ជួយ​ឱ្យ​រឿងនេះ​បាន​រស់»។

    Emancipation ទទួលបាន​ខ្ទង់​ថវិកា​វិនិយោគ​ប្រហែល 120 លាន​ដុល្លារ​ពី Apple TV។ សាច់​រឿងនេះ​ត្រូវបាន​​បង្កើតឡើង​ដោយយោង​ទៅតាម​រឿងរ៉ាវ​ពិត​ស្ដីពី​ទាសករ​ម្នា​ក់នៅ Louisiana ក្នុង​ទសវត្សរ៍​ឆ្នាំ 1860។ បុរស​​ជា​ទាសករ​នេះ​បាន​រត់ចោល​ចំការ​របស់​ម្ចាស់​គាត់ ហើយ​រក​ផ្លូវ​ទៅកាន់​ភាគ​ខាងជើង​សហរដ្ឋ​អាម៉េរិក ដើម្បី​សុំចូល​ធ្វើ​ទាហាន​ក្នុង​សង្គ្រាមស៊ីវិល។ ក្រៅពី Smith គម្រោង Emancipation ក៏មាន​ការចូលរួម​សម្ដែង​ពី​តារាល្បីៗមួយចំនួន មាន​ជាអាទិ៍ Ben Foster, Steven Ogg ឬ Charmaine Bingwa ជាដើម។

    AAFCA គឺជា​ទី​ដែល Will Smith បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ភាពយន្ត ក្រោយពី Oscar 2022។ កំពូល​តារា​សម្ដែង​រូបនេះ​ត្រូវបាន​ហាម​ចូលរួម​ព្រឹត្តិការណ៍​នានា​របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​សិល្បៈ​ភាពយន្ត​រយៈពេល 10 ឆ្នាំ បន្ទាប់ពី​គាត់​បាន​វាយ Chris Rock នៅលើ​ឆាក។ Will Smith នៅតែ​អាច​ក្លាយជា​បេក្ខភាព​សម្រាប់​ពានរង្វាន់​នានា​នៅក្នុង​អំឡុងពេល​ទទួល​ការពិន័យ ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទទួល​ពានរង្វាន់​បើសិនជា​ឈ្នះ។

    អាជីព​របស់ Will Smith រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ក្រោយ​ហេតុការណ៍​ខាងលើ។ គម្រោង​ភាពយន្ត​រឿង Fast and Loose និង Bad Boys 4 ត្រូវបាន​ផ្អាក​ការផលិត​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ។ ចំណែក​គម្រោង​ភាពយន្ត​ដទៃទៀត​ដែល​គ្រោង​នឹងមាន​វត្តមាន​របស់ Smith ក៏​អាច​ត្រូវគេ​ផ្លាស់ប្ដូរ៕

  • Cristiano Ronaldo ជួយ​ឱ្យក្លឹប Al-Nassr យកឈ្នះ​លើ Man United ស្ដីពី​សមិទ្ធផល​ដែល​ពិបាក​ស្មាន​ដល់

    Cristiano Ronaldo ជួយ​ឱ្យក្លឹប Al-Nassr យកឈ្នះ​លើ Man United ស្ដីពី​សមិទ្ធផល​ដែល​ពិបាក​ស្មាន​ដល់

    ថ្មីៗនេះ កំពូល​តារាបាល់ទាត់ Cristiano Ronaldo បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះតែ​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល CR7 ធ្វើបាន​សម្រាប់ Al-Nassr ដោយ​ជួយ​ឱ្យ​ក្លឹប​នេះ​យកឈ្នះ​លើ Manchester United ដែល​គ្រប់គ្នា​នឹក​ស្មាន​មិន​ដល់។

    ចាប់តាំងពី​បាន​ចូលរួម​ជាមួយនឹង​ក្លឹប Al-Nassr កីឡាករ Ronaldo បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​យ៉ាងច្រើន​ដល់​ក្រុមបាល់ទាត់​ដែល​មិនមាន​ឈ្មោះ​ល្បី​នៅក្នុង​ផែនទី​បាល់ទាត់​ពិភពលោក។ ក្រៅពី​ការរកបាន​គ្រាប់​បាល់ ឬ​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់ កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់​ថែមទាំង​បាន​ជួយ​​ឱ្យ​​ចំនួន​នៃ​ការធ្វើ​អន្តរ​កម្ម​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្លឹប Al-Nassr ឡើងដល់​តួលេខ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

    យោងតាម DeporFinanzas កំពូល​ថ្វី​ជើង CR7 បាន​ជួយ​ឱ្យ Al-Nassr សម្រេចបាន​ 150 លាន​លើក​ស្ដីពី​ការទាក់ទង​គ្នា​រវាង​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្លឹប និង​អ្នកគាំទ្រ។ តួលេខ​នេះ​ច្រើនជាង 149 លាន​លើក​របស់ Man United ជា​ក្លឹប​ដែល Ronaldo ធ្លាប់បាន​សាង​កេរ្តិ៍ឈ្មោះ​កាលពី​អតីតកាល។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ នោះ​គឺ វត្តមាន​របស់ Ronaldo ក៏បាន​ជួយ​ឱ្យ​ក្លឹប Al-Nassr ឡើងដល់ Top 10 ក្នុង​ចំណោម​​បណ្ដា​ក្លឹប​បាល់ទាត់​ទូទាំង​ពិភពលោក​ដែលមាន​ឥទ្ធិពល​ជាងគេ​លើ​បណ្ដាញ​សង្គម​ផងដែរ។

    ក្នុងចំណោម​ក្លឹប​ទាំង 10 ដែលមាន​ឥទ្ធិពល​ជាងគេ​លើ​ពិភព​បណ្ដាញ​សង្គម Real Madrid កំពុង​នាំមុខគេ ដោយមាន​ការធ្វើ​អន្តរ​កម្ម​ចំនួន 209 លាន​លើក ខណៈ PSG ឈរ​លំដាប់​ទី​បី។ ក្រៅពីនេះ​ក៏​នៅមាន​បណ្ដា​ក្លឹប​ដែល CR7 ធ្លាប់បាន​លេង និង​កំពុង​លេង​ឱ្យ រួមមាន Man United, Real Madrid និង Al-Nassr។

    ប្រការ​ខាងលើ​បង្ហាញថា បើទោះជា​ចាក​ឆ្ងាយ​ពីពិភព​​បាល់ទាត់​លំដាប់​​កំពូល​ក្នុង​វ័យ​ 38 ឆ្នាំ ប៉ុន្តែ​ឥទ្ធិពល​របស់ Ronaldo នៅតែ​ខ្លាំង​ ហួស​ពី​ការ​ស្មាន​របស់​អ្នកគាំទ្រ៕

  • បាតុកម្ម​ផ្ទុះឡើង​នៅ​ប្រទេស​ក្រិ​ក បន្ទាប់ពី​មាន​ហេតុការណ៍​រថភ្លើង​ពីរខ្សែ​​បុក​គ្នា

    បាតុកម្ម​ផ្ទុះឡើង​នៅ​ប្រទេស​ក្រិ​ក បន្ទាប់ពី​មាន​ហេតុការណ៍​រថភ្លើង​ពីរខ្សែ​​បុក​គ្នា

    ពលរដ្ឋ​ក្រិ​ក​រាប់ពាន់នាក់​ដែល​កំពុង​ខឹង​ខ្លាំង នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ពីរ​ថ្ងៃ​បន្តបន្ទាប់ ក្រោយពី​មាន​ករណី​រថភ្លើង​ពីរ​ខ្សែ​បុក​គ្នា​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 57 នាក់។

    ទោះបី​មេឃ​ភ្លៀង​ធំ​កាលពី​ថ្ងៃទី 02 មីនា ក្រុមបាតុករ​នៅតែ​នាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​អាថែន ដោយ​ដង្ហែ​ក្បួន​ពី​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ផ្លូវដែក Hellenic Train ទៅកាន់​វិមាន​សភា ក្នុងនោះ បាតុករ​ជាច្រើន​ស្រែកថា «អំពើ​ឧក្រិដ្ឋ​នេះ​នឹងមិន​ត្រូវបាន​បំភ្លេចចោល»។ នេះ​គឺជា​ថ្ងៃទី​ពីរ​ហើយ​ដែល​បាតុកម្ម​បានកើត​ឡើង។

    ក្នុង​ថ្ងៃ​ដដែល បាតុករ​រាប់ពាន់នាក់​ក៏​បានចេញ​សម្ដែង​មតិ​នៅក្នុង​ទីក្រុងធំៗចំនួន​ពីរ គឺ Thessaloniki និង Patras។ បាតុករ​ខ្លះ​គប់​ដុំថ្ម និង​គ្រាប់បែក​សាំង ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ច្របូកច្របល់។ ប៉ុន្តែ ប៉ូលិស​ឱ្យដឹងថា ស្ថានភាព​ប្រែជា​ស្ងប់ស្ងាត់​នៅវេលា​យប់។

    បាតុកម្មនៅ​ប្រទេស​ក្រិក

    នៅឯ​តំបន់ Tempe ភាគ​កណ្ដាល​ប្រទេស​ក្រិ​ក ហ្វូង​បាតុករ​នាំគ្នា​គប់​ដុំថ្ម​លើ​ការិយាល័យ​ក្រុមហ៊ុន​ផ្លូវដែក Athens កាលពី​ព្រលប់​ថ្ងៃទី 01 មីនា បណ្ដាលឱ្យ​ប៉ូលិស​ចេញ​​​បង្ក្រាប។

    បាតុកម្ម​នៅ​ប្រទេស​ក្រិ​កបាន​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ស់​នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ទទួលស្គាល់ថា ការប្រឹងប្រែង​ស្ដារ​គម្រោង​ផ្លូវដែក​នានា​ក្នុងប្រទេស​នេះ​បាន​បរាជ័យ។

    កម្មករ​ផ្លូវដែក និង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ក៏បាន​ប្រកាស​ធ្វើ​កូដកម្ម​រហូតដល់​ថ្ងៃទី 04 មីនា ដើម្បី​ប្រឆាំងនឹង​ការមិន​គោរព​ដែល​អាជ្ញាធរ​ធ្វើឡើង​ចំពោះ​បណ្ដាល​ផ្លូវដែក​នៅ​ប្រទេស​ក្រិ​ក» ដែលបាន​បណ្ដាល​ឱ្យ​​កើតមាន​សោកនាដកម្ម​រថភ្លើង​បុក​គ្នា​កាលពីពេលថ្មីៗនេះ។

    រថភ្លើង​ពីរ​ខ្សែបុកគ្នា​នៅ​ប្រទេស​ក្រិកកាល​ពី​ថ្ងៃទី 28 កុម្ភៈ 2023

    កាលពី​ព្រលប់​ថ្ងៃទី 28 មីនា ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ 350 នាក់ រត់​ពី​អាថែន ទៅកាន់​ទីក្រុង Thessaloniki ភាគ​ខាងជើង​ប្រទេស​ក្រិ​ក បាន​បុក​គ្នា​ជាមួយនឹង​រថភ្លើង​ដឹកទំនិញ​នៅ Larissa ភាគ​ខាងកើត​ប្រទេសនេះ​។ ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 57 នាក់ ដែល​ភាគច្រើន​គឺជា​និស្សិត។ មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​នេះ​ត្រូវបាន​មេដឹកនាំ​ប្រទេស​ក្រិ​ក​និយាយថា ដោយសារ​កត្តា​មនុស្ស ចំណែក​អតីត​បុគ្គលិក​ម្នា​ក់រប​ស់​ក្រុមហ៊ុន​ផ្លូវដែក​ខាងលើ​និយាយថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានចាប់ផ្ដើម​ពី​ឆ្នាំ 2016 មក​ដល់​បច្ចុប្បន្ន​ នៅតែ​មិនទាន់​រួចរាល់ ហើយ​ល្បឿន 200 គីឡូម៉ែត្រ/ម៉ោង​គឺជា​រឿង​គ្រោះថ្នាក់៕

  • ស្ថានីយ​តារាសាស្ត្រ​ចិន រកឃើញ​ផ្កាយដុះកន្ទុយ​ថ្មីកំពុង​ហោះ​សំដៅ​មក​កាន់​ផែនដី

    ស្ថានីយ​តារាសាស្ត្រ​ចិន រកឃើញ​ផ្កាយដុះកន្ទុយ​ថ្មីកំពុង​ហោះ​សំដៅ​មក​កាន់​ផែនដី

    ផ្កាយដុះកន្ទុយ​ធំ​មួយ​ដែលមាន​វដ្ដ​នៃ​គន្លង​​គោចរ​ឡើងដល់ 30,000 ឆ្នាំ កំពុង​ហោះ​សំដៅ​មកកាន់​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាចមក​ក្បែរ​បំផុត​នៅក្នុង​ខែកញ្ញា 2024។

    ដុំថ្ម​អវកាស​នេះ​ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 09 មករា 2023 ដោយ​ស្ថានីយ​សង្កេត​តារា​របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន ប៉ុន្តែ មកដល់​ថ្ងៃទី 01 មីនា 2023  ទើប​មជ្ឈមណ្ឌល​អាចម៍​ផ្កាយ​នៃ​សមគម​តារាសាស្ត្រ​អន្តរជាតិ (MPC) បញ្ជាក់ថា វា​គឺជា​ផ្កាយដុះកន្ទុយ និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា C/2023 A3 (Tsuchinshan-ATLAS)។

    បច្ចុប្បន្ន C/2023 A3 ស្ថិតនៅ​ចម្ងាយ 7.3 AU (1,090 ពាន់​លាន​គីឡូម៉ែត្រ) ពី​ព្រះអាទិត្យ ឆ្ងាយ​ជាង​ពិភព​ព្រហស្បតិ៍​ទៅទៀត។ ក៏ប៉ុន្តែ វា​កំពុង​ហោះ​ឆ្ពោះ​មកកាន់​ព្រះអាទិត្យ ហើយ​កម្រិត​ពន្លឺ​របស់​វា​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នា​ពេល​ខាងមុខ។

    យោងតាម​ស្ថានីយ​សង្កេត​តារា​របស់​ចិន ផ្កាយដុះកន្ទុយ​នេះ​នឹង​ហោះ​មក​ក្បែរ​ព្រះអាទិត្យ​បំផុត​នៅ​ថ្ងៃទី 28 កញ្ញា 2024 ដែល​ពេលនោះ​វា​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ប្រហែល 58 លាន​គីឡូម៉ែត្រ និង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ។ មនុស្សលោក​នឹងមាន​ឱកាស​បាន​ទស្សនាការ​បញ្ចេញ​ពន្លឺ​ដ៏​ស្រស់ស្អាត​របស់​ផ្កាយដុះកន្ទុយ​នេះ​មិន​ខាន៕

  • ក្រុម​ចម្រៀង​នារី​ល្បី​នៅ Kpop សុទ្ធតែជា U40 ប៉ុន្តែ​នៅតែ​មិនទាន់មាន​គូជីវិត

    ក្រុម​ចម្រៀង​នារី​ល្បី​នៅ Kpop សុទ្ធតែជា U40 ប៉ុន្តែ​នៅតែ​មិនទាន់មាន​គូជីវិត

    មិន​ដូច​ទៅនឹង​ក្រុម​ចម្រៀង​នារី​ដទៃ​ដែល​ស្ថិតនៅក្នុង​ជំនាន់​ជាមួយគ្នា SNSD មកដល់​បច្ចុប្បន្ន​ទើប​តែមាន​សមាជិក​ម្នាក់​គត់​ដែល​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ។

    នៅ​កូរ៉េខាងត្បូង សូម្បីតែ​តារា​ល្បីឈ្មោះ​ខ្លាំង​ក៏​នៅតែ​អាច​ជ្រើសរើស​ជីវភាព​ធម្មតា គឺ​រៀបការ បង្កើត និង​ចិញ្ចឹម​កូន​នៅពេល​ពួកគេ​ឈានចូល​ដល់​វ័យ 30 ឆ្នាំ ពិសេស​គឺ​ស្រី​ស្អាត។ ព្រោះថា ដល់​វ័យ​នេះ ពួកគេ​មាន​ជីវភាព​ល្អប្រសើរ​គ្រប់គ្នា។

    ក៏ប៉ុន្តែ នៅមាន​ក្រុម​ចម្រៀង​នារី​មួយ​ដែល​ផ្ទុយ​ពី​និន្នាការ​ខាងលើ។ ថ្វីបើ​ចូលដល់​ដំណាក់កាល U40 (អាយុ​ពី 31 ដល់ 40 ឆ្នាំ) ប៉​ន្តែ SNSD ឬ​ហៅថា Girls’ Generation ដែលជា​ក្រុម​ចម្រៀង​នារី​ចូលចិត្ត​ជួបជុំ​អ្នកគាំទ្រ​ជាង​ការយក​ស្វាមី នៅតែ​មិន​ចង់​មាន​គូ។

    ចាប់តាំងពី​បង្ហាញខ្លួន​កាលពី​ខែសីហា 2007 ជាមួយនឹង​បទ Into the New World ក្រុម SNSD បានក្លាយ​ជាមួយ​ក្នុងចំណោម​ក្រុម​ចម្រៀង​នារីកំពូលៗរបស់​កូរ៉េខាងត្បូង ក៏ដូចជា​ពិភពលោក នៅពេល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​ SM Entertainment។

    មកដល់​ឆ្នាំ 2009 SNSD បាន​ក្លាយជា​ក្រុម​ចម្រៀង​ដែលមាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េខាងត្បូង ដោយសារ​បទ Gee និង Genie។ ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ SNSD រក្សា​កម្រិត​នៃ​ភាព​ទាក់ទាញ​បាន​យ៉ាង​ល្អ តាមរយៈ​សកម្ម​ភាពជា​ក្រុម និង​បុគ្គល។ ពួកគេ​ត្រូវបាន​ប្រជាជន​កូរ៉េខាងត្បូង​ដាក់​រហ័ស​នាម​ឱ្យ​ថា «ក្រុម​នារី​ជាតិ» ព្រោះតែ​ការពេញនិយម។ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​នោះទេ នៅលើ​ឆាក​អន្តរជាតិ SNSD ក៏មាន​ភាពល្បីល្បាញ​ខ្លាំង​ផងដែរ។

    សមាជិក​ក្រុម SNSD បង្ហាញខ្លួន​ដំបូង​ក្នុង​វ័យ​នៅ​ក្មេង​ណាស់ តែ​ក្រោយ​បង្ហាញ​វត្ត​មានបាន 16 ឆ្នាំ ពួកគេ​ក៏បាន​ឈានចូល​ដល់​វ័យ​ជាង 30 ឆ្នាំ។ ក្នុងនោះ Taeyeon, Sunny, Tiffany, Hyoyeon និង Yuri កើត​ឆ្នាំ 1989 មាន​អាយុ 35 ឆ្នាំ។ ចំណែក Yoona និង Sooyoung កើត​ឆ្នាំ 1990 មាន​អាយុ 34 ឆ្នាំ និង Seohyun មាន​អាយុ 33 ឆ្នាំ។

    ឆាកសម្ដែង​ដែល​មាន​ក្រុម​ SNSD

    ទោះជា​មាន​អាយុ​ច្រើន​ហើយក៏​ដោយ SNSD នៅតែ​ផ្ដល់​អាទិភាព​ដល់​ការអភិវឌ្ឍ​អាជីព​ជាង​ការកសាង​គ្រួសារ​ថ្មី​រៀងខ្លួន៕

  • អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រាប់​ពី​មូលហេតុ​នៃ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

    អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រាប់​ពី​មូលហេតុ​នៃ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

    មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ បង្កឡើង​ដោយ​អ្នកបើកបរ​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

    ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែង​ដូចខាងលើ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពី​ការធ្វើ​អាជីវកម្ម​ផ្តល់​សេវា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក ជាមួយនឹង​ក្រុមហ៊ុន TADA, GRAP, WE GO, LM CAR និង PASS APP នា​ទីស្តីការក្រសួង កាលពី​ថ្ងៃទី 02 មីនា 2023។

    ទន្ទឹមនឹង​ការផ្ដោត​សំខាន់​លើ​ការលើកទឹកចិត្ត​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឱ្យ​ចូលរួម​ផ្តល់​សេវា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក​ក្នុងប្រទេស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ក្នុង​សេចក្តីប្រកាស​លេខ 100 ប្រក.សក.ដ​ជគ របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

    ក្នុង​កិច្ចប្រជុំ​ខាងលើ ឯកឧត្ដម ឈួន វ៉ន់ ក៏បាន​រម្លឹក​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ផងដែរ។ លោក​ថា ចំណុច​ចម្បង​ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍​គឺ​ការមិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកប្រើប្រាស់​ផ្លូវ។

    លោក​ឧត្ដមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

    ទាក់ទង​នឹង​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះដែរ លោក​ឧត្ដមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី 02 មីនា បាន​បញ្ជាក់ថា ការកកស្ទះ​ចរាចរណ៍​គឺ​បណ្ដាលមកពី​កំណើន​នៃ​ការសាងសង់ បុរី ខុន​ដូ និង​ផ្សារ​ទំនើប​ជាដើម​នៅតាម​តំបន់​កំពុង​អភិវឌ្ឍ។ លោក​បន្ថែមថា ការកកស្ទះ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 មីនា​ត្រង់​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ឆ្ពោះទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ម្ដុំ​ស្ដុ​ប​បូកគោ ជាដើម​នោះ ក៏​ព្រោះតែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​សាងសង់​ស្ពាន​អាកាស​ផ្លូវ 60 ម៉ែត្រ ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (ផ្លូវ​លេខ 271)៕