Author: សឿន សំណាង

  • ក្រុម​តារា​ម៉ូ​ដែល​យកដៃ​បិទបាំង​ដើមទ្រូង​ដែល​គ្មាន​អាវ​ពេល​កំពុង​បង្ហាញ​ម៉ូដ

    ក្រុម​តារា​ម៉ូ​ដែល​យកដៃ​បិទបាំង​ដើមទ្រូង​ដែល​គ្មាន​អាវ​ពេល​កំពុង​បង្ហាញ​ម៉ូដ

    (បារាំង) – ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​នៅពេល​ក្រុម​តារា​ម៉ូ​ដែល​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដោយ​មិនមាន​អាវទ្រនាប់ នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​របស់ Ann Demeulemeester។

    វគ្គ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​រដូវ​ស្លឹកឈើ​ជ្រុះ-រដូវរងា 2023 របស់ Ann Demeulemeester បើកសម្ពោធ​កាលពី​ថ្ងៃទី 05 មីនា​នៅក្នុង​ព្រឹត្តិការណ៍ Paris Fashion Week (27 កុម្ភៈ ដល់ 07 មីនា)។ ពិធី​បង្ហាញ​ម៉ូដ​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅពេល​ក្រុម​តារា​ម៉ូ​ដែល​ដើរ​លើ​ឆាក​ដោយ​ស្លៀក​ជើង​រ៉ូ​ប និង​ទុក​ល្វែងលើ​ឱ្យនៅ​ទទេ។ ក៏ប៉ុន្តែ ស្រី​ស្អាត​ទាំងនេះ​យកដៃ​ទាំងពីរ​របស់​ពួកគេ​បិទបាំង​ដើមទ្រូង​ដែល​មិនមាន​អាវទ្រនាប់។

    អ្នកស្រី Ann Demeulemeester បាន​បកស្រាយ​នៅលើ Vogue អំពី​គំនិត​នេះ​ថា «នោះ​គឺជា​កាយវិការ​ទន់ភ្លន់ បាទដៃ​ដូច​ទៅនឹង​ស្លាប​សត្វ​ព្រាប»។

    អ្នកស្រី Ann Demeulemeester

    ចំពោះ Ann Demeulemeester ស្លាប​សត្វ និង​រោមសត្វ​គឺជា​ចំណុច​ដែល​អ្នក​ស្រី​​​ចូលចិត្ត​យកមក​រចនា​ម៉ូដ​សម្លៀកបំពាក់ ដើម្បី​បង្ហាញ​ពី​ភាព​ក្មេង​វ័យ។

    Ann Demeulemeester កើត​នៅ​ប្រទេស​បែលហ្ស៊ិក និង​ស្ថិតក្នុង Antwerp Six ជា​ក្រុម​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ល្បីឈ្មោះ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ម៉ូ​ដែល​នៅ​វិទ្យាស្ថាន Antwerp ក្នុង​ឆ្នាំ 1980, 1981 និង 1982៕

  • តៃវ៉ាន់​ព្រមាន​ពី​ហានិភ័យ​កងកម្លាំង​ចិនដីគោក​សម្រុក​ចូលមក​ឈ្លាន​ពាន

    តៃវ៉ាន់​ព្រមាន​ពី​ហានិភ័យ​កងកម្លាំង​ចិនដីគោក​សម្រុក​ចូលមក​ឈ្លាន​ពាន

    មេដឹកនាំ​កងកម្លាំង​ការពារជាតិ​តៃវ៉ាន់​បាន​ព្រមាន​ថា ក្នុងឆ្នាំនេះ កងទ័ព​ចិនដីគោក​អាច​នឹង​ស្វែងរក​លេស​ដើម្បី​សម្រុក​មកកាន់​កោះ​នេះភ្លាមៗ។

    ក្នុងពេល​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុមតំណាងរាស្ត្រ​នៅក្នុង​កិច្ចប្រជុំសភា​នា​ថ្ងៃទី 06 មីនា​នេះ មេដឹកនាំ​កងកម្លាំង​ការពារជាតិ​តៃវ៉ាន់ Chiu Kuo-cheng និយាយថា កងទ័ព​ចិន (PLA) អា​ចរក​ឧបាយ​ដើម្បី​សម្រុកចូល​តំបន់ 12 ម៉ា​យ (ជាង 22 គីឡូម៉ែត្រ) គិតពី​ឆ្នេរសមុទ្រ​តៃវ៉ាន់។

    យោងតាម​លោក Chiu PLA អាច​នឹង «សម្រុកចូលភ្លាមៗ» មកកាន់​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ក្នុង​គ្រា​ដែល​កោះ​នេះ​កំពុង​ផ្លាស់​ដូរ​ផ្នែក​យោធា​ជាមួយ​សហរដ្ឋ​អាម៉េរិក។ លោក​បញ្ជាក់ថា «រឿងនេះ​អាច​កើតឡើង​ក្នុងឆ្នាំនេះ មានន័យថា ពួកគេ​កំពុង​ត្រៀមខ្លួន។ ពួកគេ​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ពិតជា​ត្រូវធ្វើ​ដូច្នេះ»។

    អាជ្ញាធរ​តៃវ៉ាន់​ធ្លាប់បាន​ប្រកាសថា នឹង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​វាយបក បើសិន​កងទ័ព​ចិនដីគោក​សម្រុកចូល​តំបន់ 12 ម៉ា​យ​នៅ​ជុំវិញ​កោះ។

    តំបន់ឆ្នេរមួយ​កន្លែង​របស់​កោះតៃវ៉ាន់

    ប្រទេស​ចិន ថ្មីៗនេះ​បាន​បង្កើន​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ ប៉ុន្តែ ទីក្រុង​តៃប៉ិ​មិនទាន់​រកឃើញថា​ចិន​បាន​ចូល​តំបន់ 24 ម៉ា​យ​នៅឡើយ។

    ប្រទេស​ចិន​បានប្រកាសថា កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម និង​មិន​បោះបង់​លទ្ធភាព​នៃ​ការប្រើប្រាស់​កម្លាំងបាយ។ ចំណែក​កោះ​តៃវ៉ាន់​វិញ​បានប្រកាសថា មានតែ​ប្រជាជន​របស់​ពួកគេ​ប៉ុណ្ណោះ​ទើប​​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​កោះ​នេះ៕

  • ការផលិត​រថយន្ត​អគ្គិសនី​គ្រឿង​ទី «បួន​លាន» ជួយ​ឱ្យ Tesla នាំមុខគេ​យ៉ាង​ឆ្ងាយ

    ការផលិត​រថយន្ត​អគ្គិសនី​គ្រឿង​ទី «បួន​លាន» ជួយ​ឱ្យ Tesla នាំមុខគេ​យ៉ាង​ឆ្ងាយ

    ក្នុង​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023» របស់ Tesla សម្រាប់​ភាគ​ហ៊ុ​និក ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី 01 មីនា 2023 ក្រុមហ៊ុន Tesla បានឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​ផលិត​របស់​ពួកគេ សម្រេចបាន​បួន​លាន​គ្រឿង។

    រថយន្ត​ទី​បួន​លាន​របស់ Tesla គឺ Model Y ផលិត​នៅ​រោងចក្រ Giga Texas ជាទី​ដែល​ប្រារព្ធ​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023»។ Tesla ក៏បាន​ចុះផ្សាយ​វីដេអូ​ខ្លី​មួយ ក្នុង​នោះគេ​ឃើញ​មាន​បុគ្គលិក​ទាំងឡាយ​នាំគ្នា​ជប់លៀង​អបអរ​ជោគជ័យ​ដែល​ពួកគេ​សម្រេចបាន។

    យោងតាម Tesla ក្រុមហ៊ុន​នេះ​ត្រូវ​ចំណាយពេល​រហូតដល់ 12 ឆ្នាំ ទើប​ផលិត​បាន​រថយន្ត​អគ្គិសនី​មួយគ្រឿង​ដំបូង។ រថយន្ត​អគ្គិសនី Tesla ទីមួយ​លាន​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 2020។ មុន​នោះ​យ៉ាងយូរ រថយន្ត​ដំបូង​របស់ Tesla គឺ Tesla Roadster ជំនាន់​ដំបូង​ត្រូវបាន​ផលិត និង​លក់​ក្នុង​ឆ្នាំ 2008។

    ចាប់តាំងពី​ឆ្នាំ 2008 Tesla ក៏បាន​បង្កើន​ការផលិត និង​ការលក់​ចេញ​ជា​បន្តបន្ទាប់។ គិត​ត្រឹម​ចុងឆ្នាំ 2022 Tesla ផលិត​បាន​ជាង 3.7 លាន​គ្រឿង។

    រាប់​ចាប់ពី​ចំណុច​បី​លាន​គ្រឿង​ដល់​បួន​លាន​គ្រឿង Tesla ប្រើពេល 7 ខែ។ តួលេខ និង​ពេលវេលា​នេះ​បង្ហាញថា បច្ចុប្បន្ន Tesla អាច​ផលិត​បាន​ជាង 1.7 លាន​គ្រឿង/ឆ្នាំ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តួលេខ​ជិត 1.3 លាន​គ្រឿង​កាលពី​ឆ្នាំ 2022។ ឆ្នាំនេះ Tesla អាច​ផលិត​បាន 1.8 លាន​គ្រឿង ប៉ុន្តែ​អ្នកខ្លះ​ជឿថា អាច​ឡើងដល់ 2 លាន​គ្រឿង។

    ជាក់ស្ដែង ល្បឿន​នៃ​ការផលិត​របស់ Tesla គ្រោង​នឹង​កើនឡើង​ដល់ 20 លាន​គ្រឿង/ឆ្នាំ ជិត​ស្មើនឹង​ទ្វេដង​នៃ​ចំនួន​រថយន្ត​ដែល​បណ្ដា​ក្រុមហ៊ុនធំៗសម្រេចបាន៕

  • រៀងរាល់​មួយ​នាទី តើ Ronaldo រកប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី​ក្លឹប Al-Nassr?

    រៀងរាល់​មួយ​នាទី តើ Ronaldo រកប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី​ក្លឹប Al-Nassr?

    ការចាកចេញ​ពី​ពិភព​បាល់ទាត់​លំដាប់​កំពូល​ក្នុង​វ័យ 38 ឆ្នាំ ប្រហែលជា​ជម្រើស​ដ៏​សមស្រប​សម្រាប់ Cristiano Ronaldo ប៉ុន្តែ ប្រការ​​នេះ​​ជួយ​ឱ្យ CR7 ក្លាយជា​កីឡាករ​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​លើ​ពិភពលោក។

    ក្រោយ​ការសម្ភាស​ប្រកបដោយ​ភាពចម្រូងចម្រាស​នៅលើ​ទូរទស្សន៍ មិនយូរប៉ុន្មាន Ronaldo ក៏ត្រូវ​បាន Man United បញ្ចប់​កិច្ចសន្យា ហើយ CR7 ក៏បាន​ទៅលេង​ឱ្យ​ក្លឹប Al-Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត។ ថ្វីបើ​មកលេង​ឱ្យ​ក្លឹប​ដែល​មិនល្បី​ឈ្មោះ ប៉ុន្តែ CR7 នៅតែមាន​ឥទ្ធិពល​ខ្លាំង។

    ប្រការ​ខាងលើ​នេះហើយ​បានជា​កំពូល​កីឡាករ​របស់​ព័រទុយហ្កាល់ ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ពី Al-Nassr។ យោងតាម​ទំព័រ Marca កីឡាករ Ronaldo ទទួលបាន 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ពី​ក្លឹប Al-Nassr។ បើសិនជា​ចែក​ខ្ទង់​ប្រាក់​នេះជា​ចំណែក​តូច​ៗ គេ​ឃើញថា CR7 រកបាន 16.6 លាន​ដុល្លារ/ខែ, 548,000 ដុល្លារ/សប្ដាហ៍ និង​ជាង 21,000 ដុល្លារ/ម៉ោង។

    នៅពេល​​គិត​ក្នុង​មួយ​នាទី​វិញ គេ​ឃើញថា Ronaldo រកបាន​ជិត 400 ដុល្លារ​ឯណោះ។ ស្ដាប់ទៅ​​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់។ ក៏ប៉ុន្តែ គ្មានអ្វី​ចម្លែក​ឡើយ ព្រោះថា CR7 គឺ​ជា​តារាបាល់ទាត់​មួយរូប​ក្នុងចំណោម​កំពូល​កីឡាករ​ពីររូប​ដែលមាន​ឈ្មោះ​ល្បី​ខ្លាំង​នាបច្ចុប្បន្ន។

    នៅឯក្លឹប​ Al-Nassr Ronaldo គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​របប​នៃ​ការរស់នៅ និង​ការហ្វឹកហាត់ ហើយ​ជា​លទ្ធផល គាត់​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នៅ Saudi Pro League រហូតដល់​ពេលនេះ៕

  • យន្តហោះ​អ៊ីដ្រូសែន​ធំជាងគេ​លើ​ពិភពលោក ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ

    យន្តហោះ​អ៊ីដ្រូសែន​ធំជាងគេ​លើ​ពិភពលោក ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​គំរូ ATR72 មាន​កៅអី 40 ហោះហើរ​ដោយ​ប្រើ​ថាមពល​អ៊ីដ្រូសែន​ក្នុង​រយៈពេល 15 នាទី អាច​ហោះ​ឡើងដល់​កម្ពស់ 1,000 ម៉ែត្រ។

    យន្តហោះ​ដឹក​អ្នកដំណើរ 40 កៅអី ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន ដែល​បាន​ហោះហើរ​សាកល្បង លើកដំបូង​បាន​ជោគជ័យ ត្រូវបាន​ធ្វើឡើង​ដោយ Universal Hydrogen។ ក្រុមហ៊ុន​នេះ​ឱ្យដឹងថា យន្តហោះ​បាន​ហោះ​ឡើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខណ្ឌ Grant នៅ​វ៉ា​ស៊ី​ង​តោន និង​ហោះ​ឡើងដល់​កម្ពស់ 1,066 ម៉ែត្រ​ដោយ​ប្រើពេល​តែ 15 នាទី។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 03 មីនា 2023។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Los Angeles នេះ ​បាន​ប្ដូរ​ប្រព័ន្ធ​បញ្ជូន​កម្លាំង​របស់​យន្ត​ហោះ​ដោយ​ការផ្លាស់​មួយ​ក្នុង​ចំ​ណោ​យ​ទួ​រ​ប៊ី​ន​ម៉ូ​ទ័​រ​ចំនួន​ពីររបស់​យន្តហោះ​ និង​ជំនួស​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។ ជា​លទ្ធផល អ្នកបើកបរ​អាច​កាត់​បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីន​ធម្មតា​ក្នុងពេល​ហោះហើរ។

    កញ្ចប់​ប្ដូរផ្លាស់​ម៉ាស៊ីន​របស់ Universal Hydrogen បាន​លុបបំបាត់​តម្រូវការ​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​ថ្មី​ទាំងស្រុង។ ក្រុមហ៊ុន​នេះ​បានធ្វើ​ការហោះហើរ​សាកល្បង​ដោយមាន​កិច្ចសហការ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Connect និង Amelia ដើម្បី​សុំ​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក។

    យោងតាម Universal Hydrogen នេះ​គឺជា​ការសាកល្បង​ដំបូង​នៅក្នុង​គម្រោង​សាកល្បង​ពីរ​ឆ្នាំ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025។ ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​​ការបញ្ជាទិញ​សេវាកម្ម​ប្ដូរផ្លាស់​ម៉ាស៊ីន​​របស់​យន្តហោះ​ចំនួន 247 គ្រឿង​ពី​អតិថិជន 16 ស្ថាប័ន​មកពី​ជុំវិញ​ពិភពលោក ក្នុងតម្លៃ​សរុប​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • គម្រោង​បញ្ចុះ​កម្ដៅ​ផែនដី​ដោយ​ប្រើប្រាស់​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស

    គម្រោង​បញ្ចុះ​កម្ដៅ​ផែនដី​ដោយ​ប្រើប្រាស់​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស

    អង្គការសហប្រជាជាតិ​កំពុង​ពិចារណា​លើ​សំណើ​ពង្រាយ​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស​ដើម្បី​បញ្ចៀស​គ្រប់គ្រង​ពន្លឺព្រះអាទិត្យ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កម្ដៅ​ផែនដី​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​សកលលោក។

    របាយការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​ស្ដីពី​អាកាសធាតុ មនុស្សលោក​អាច​ត្រូវការ​ដំឡើង​ផ្ទាំង​កញ្ចក់​ដ៏​ធំ​ដើម្បី​បង្វែរ​ពន្លឺព្រះអាទិត្យ​ទៅកាន់​ទី​អវកាស។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 02 មីនា។

    «ក្នុងចំណោម​គំនិត​ដែល​ត្រូវបាន​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​លើកឡើង​ដើម្បី​ទប់ស្កាត់​បញ្ហា​បន្ទាន់​ស្ដីពី​អាកាសធាតុ ​គឺ​ការកែប្រែ​វិទ្យុសកម្ម​ព្រះអាទិត្យ (SRM)។ SRM គឺជា​វិធី​តែមួយគត់​ដែល​គេ​ស្គាល់​ថា អាច​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ» របាយការណ៍​ខាងលើ​បានឱ្យដឹង​ដូច្នេះ។ ការពិសោធ​នានា​ទាក់ទង​នឹង​អាកាសធាតុ​សុទ្ធតែ​បង្ហាញថា SRM អាច​គ្រប់គ្រង​ផលប៉ះពាល់​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​កម្ដៅ​ផែនដីកើន​ឡើង។

    ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​សង្កត់ធ្ងន់ថា គេ​ត្រូវការ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ដើម្បី​យល់ច្បាស់​នូវ​ផលវិបាក​ដែល​អាច​នឹងកើត​​ឡើង​នៅ​ពេល​​ប្រើប្រាស់​​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ផែនដី៕

  • ក្រសួង​សាធារណការ តាំងពិព័រណ៍ លក់ លក់​ដេញថ្លៃ​ផ្លាកលេខ​យានយន្ត និង​ប្រគំ​តន្ត្រី​ក្នុង​ពីរ​ថ្ងៃ​ខាងមុខ

    ក្រសួង​សាធារណការ តាំងពិព័រណ៍ លក់ លក់​ដេញថ្លៃ​ផ្លាកលេខ​យានយន្ត និង​ប្រគំ​តន្ត្រី​ក្នុង​ពីរ​ថ្ងៃ​ខាងមុខ

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​កម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» អម​ជាមួយនឹង ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​នៅក្នុង​សប្ដាហ៍​នេះ។

    ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ក្រសួង​សាធារណការ នឹងមាន​កម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» ដោយ​អម​ជាមួយនឹង​ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ លេខ​ពិសេស ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ។ ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹង​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​នៅ​ថ្ងៃទី 07 មីនា។

    យោងតាម​ក្រសួង​សាធារណការ នៅ​ល្ងាច​ថ្ងៃទី​ពីរ ព្រឹត្តិការណ៍​ខាងលើ​នឹងមាន​ការប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​សំណាក់​សិល្បករ សិល្បការិនីល្បីៗ ក្នុងន័យ​បញ្ជ្រាប​ការយល់ដឹង​អំពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទៅកាន់​សាធារណជន។

    ក្រសួង​សាធារណការ បញ្ជាក់ថា អ្នកចូលរួម​ព្រឹត្តិការណ៍​ដែល​នឹងធ្វើ​នៅលើ​សួនច្បារ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី 07 ដល់ 08 មីនា 2023 (ចាប់ពី​ម៉ោង 8 ព្រឹក​ដល់​ម៉ោង 9 យប់) នឹងមាន​ឱកាស​ក្នុងការ​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍ ដោយ​ការលេង​ល្បែង​កំសាន្ត​នៅតាម​ស្តង់​នានា​ផងដែរ៕

  • ផ្លូវការ៖ Kylian Mbappe បញ្ជាក់​ពី​គោលដៅ​បន្ទាប់​សម្រាប់​អនាគត

    ផ្លូវការ៖ Kylian Mbappe បញ្ជាក់​ពី​គោលដៅ​បន្ទាប់​សម្រាប់​អនាគត

    នៅក្នុង​ពិធី​លើកតម្កើង​កិត្តិយសនៃ​ការ​ក្លាយ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ជាងគេ​សម្រាប់ PSG កំពូល​តារាបាល់ទាត់​បា​រាំង Kylian Mbappe បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​គោលដៅ​អនាគត​របស់ខ្លួន។

    កាលពី​ថ្ងៃទី 05 មីនា (ពេលវេលា​នៅ​កម្ពុជា) Kylian Mbappe បាន​ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG បន្ទាប់ពី​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​ឈ្នះ Nantes 4-2។ ដើម្បី​លើកតម្កើង​កិត្តិយស​របស់ Mbappe ក្លឹប PSG ក៏បាន​ធ្វើ​ពិធី​មួយ​ដ៏​ធំ។

    នៅក្នុង​ពិធី​ខាងលើ Mbappe បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ដែល​និយាយថា កីឡាករ​កើត​ឆ្នាំ 1998 នេះ​នឹង​ចាក​ចេញពី​កីឡដ្ឋាន Le Parc des Princes នៅ​ចុងរដូវ​កាល​នេះ ពិសេស​នៅក្នុង​ករណី​ដែល PSG ត្រូវ Bayern Munich ជម្រុះ​ត្រឹម​ជើង​ទី​ពីរ​នៃ​វគ្គ knock-out ខាងមុខ។

    «ខ្ញុំ​មិន​គិតថា​នឹង​ចាកចេញ​ឡើយ។ ខ្ញុំ​កំពុងមាន​សេចក្ដីសុខ​នៅទីនេះ និង​មិន​គិត​អ្វី​ផ្សេង​ក្រៅតែពី​ការទទួលយក​នូវ​អ្វីដែល​ខ្លួន​កំពុង​មាននៅ PSG» Mbappe ថ្លែង​ដូច្នេះ។

    Mbappe ថា ថ្ងៃ​ណាមួយ​​គាត់​ប្រាកដជា​ដណ្ដើមបាន​គ្រាប់​បាល់​មាស

    Mbappe បន្ថែមថា «ពិត​ជាមាន​មោទកភាព​នៅពេល​បាន​ប្រកួត​នៅទីនេះ ចារ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​រដ្ឋធានី​ប៉ារីស​របស់ខ្ញុំ ទឹកដី​បារាំង​របស់ខ្ញុំ។ ប្រការនេះ​ពិតជា​ល្អប្រសើរ ពិសេស​នៅពេល​ខ្ញុំ​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ក្លឹប​នេះ»។

    ក្រៅពីនេះ Kylian Mbappe ក៏បាន​និយាយ​អំពី​មហិច្ឆតា​របស់ខ្លួន៖ «ថ្ងៃ​ណាមួយ​ខ្ញុំ​ប្រាកដជា​ដណ្ដើមបាន​គ្រាប់​បាល់​មាស។ នោះ​គឺជា​បេសកកម្ម​ដ៏​ធំ​របស់ខ្ញុំ»។

    ការអះអាង​ខាងលើ​របស់ Mbappe បានធ្វើឱ្យ​ពាក្យ​ចចាមអារ៉ាម​​ទាំង​ឡាយ​ដែលថា កីឡាករ​រូបនេះ​នឹង​ចាក​ចេញពី​ក្លឹប PSG ក្លាយជា​អតីតកាល និង​អស់​ន័យ​ខ្លឹម​សារ​៕

  • ពី​ឡុ​ត AI យកឈ្នះ​លើ​ពី​ឡុ​តមនុស្ស​ក្នុង «​សង្គ្រាម» ​នៅ​ប្រទេស​ចិន

    ពី​ឡុ​ត AI យកឈ្នះ​លើ​ពី​ឡុ​តមនុស្ស​ក្នុង «​សង្គ្រាម» ​នៅ​ប្រទេស​ចិន

    ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ជួរ​កងទ័ព​ចិន​បានធ្វើ​សង្គ្រាម​មួយ​ទល់នឹង​មួយ ​រវាង​យន្តហោះ​ដ្រូ​ន​ដែល​បញ្ជា​ដោយ​បញ្ញា​សិប្បនិម្មិត (AI) និង​យន្តហោះ​ដែល​បញ្ជា​ដោយ​មនុស្ស​នៅក្នុង​ស្ថានភាព​ពិត។

    ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​បានបង្ហាញ​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ​នៅក្នុង​សង្គ្រាម និង​តែងតែ​ធ្វើឱ្យ​សត្រូវ​ស្ថិតក្នុង​ស្ថានភាព «ចាញ់​ប្រៀប»។ លទ្ធផល​នៃ​ការសាកល្បង​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Acta Aeronautica et Astronautica Sinica របស់​ប្រទេស​ចិន​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 មួយខែ​ក្រោយពី​កងទ័ព​អាម៉េរិក​បានឱ្យដឹងថា អ្នកបើកបរ​យន្តហោះ AI ថ្មីៗនេះ​បាន​ចូលរួម​ការសាកល្បង​ជាច្រើន រួមទាំង​ការធ្វើ​សមយុទ្ធ​លើ​យន្តហោះ​ចម្បាំង F-16 ផងដែរ។

    សង្គ្រាម​អាកាស​ដែល​ធ្វើតេស្ត​ដោយ​ប្រទេស​ចិននេះ​​រួមមាន កូន​យន្តហោះ​ពីរ​គ្រឿង ក្នុងនោះ​មួយគ្រឿង​គ្រប់គ្រង​ដោយ​ពី​ឡុ​ត AI និង​មួយគ្រឿង​ទៀត​បើកបរ​ពី​ចម្ងាយ​ដោយ​មនុស្ស។ ពេល​សង្គ្រាម​ផ្ទុះឡើង ពី​ឡុ​តពិត​ផ្លាស់​ទី​ទៅមុខ​ដើម្បី​មានប្រៀបជាង និង​បាន​នៅ​ពីលើ។ ប៉ុន្តែ ពី​ឡុ​ត AI ស្មា​ត​ត្រូវ​គំនិត​របស់​សត្រូវ និង​ទប់ទល់​ដោយ​ការហោះ​តាមយ៉ាង​​ប្រកិត​ពីក្រោយ។

    យន្តហោះ​ដែល​បញ្ជា​ដោយ​មនុស្ស ហោះ​ដាំ​ក្បាល​ទៅ​ក្រោម​ដើម្បី​បញ្ឆោត​យន្តហោះ AI ហោះ​តាម ក្នុង​បំណង​ធ្វើឱ្យ​វាជ្រុល​ទៅ​​បុក​នឹង​ដី។ ប៉ុន្តែ យន្តហោះ AI ក៏បាន​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ពួនស្ទាក់ និង​រង់ចាំ​សត្រូវ​ហោះ​ឡើង​ខ្ពស់។ ពី​ឡុ​តពិត​បាន​សាកល្បង​យុទ្ធសាស្ត្រផ្សេងៗគ្នា​ជាច្រើន​ដើម្បី​បញ្ឆោត​នៅក្នុង​ការដេញ​តាម​គ្នានេះ។ ក្រុម​វិស្វករ​បាន​ផ្អាក​ការសាកល្បង​ត្រឹម​វិនាទី​ទី 90 ដោយសារតែ​ពី​ឡុ​តពិត​មិនអាច​គេចផុត​ពី​ពី​ឡុ​ត AI។

    គម្រោង​ខាងលើនេះ​ត្រូវបាន​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Huang Juntao នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​អាវុធ​អនាគតរបស់​កងទ័ព​ចិន។

    ក្នុង​សង្គ្រាម​ខាងលើ ពី​ឡុ​ត AI មានប្រៀប​ជាង​ច្រើន​ចំ​ណុ​ច បើ​ធៀប​នឹង​ពី​ឡុ​តពិត ពិសេស​គឺ​ការគិត និង​ការសម្រេចចិត្ត​របស់​ពីឡុត​ AI ​មាន​ភាព​រហ័ស មិន​ភ័យខ្លាច និង​អាច​ស្មាន​ត្រូវការ​វិវិត្ត​នៃ​ឆាកប្រយុទ្ធ។ ​ក្រុម​អ្នកជំនាញ​របស់​ចិន​មិនបាន​ឱ្យដឹង​ច្បាស់​អំពី​ពេលវេលា និង​ទីកន្លែង​នៃ​ការសាកល្បង​បច្ចេកវិទ្យា​ខាងលើ ប៉ុន្តែ​ការបញ្ជូន​អត្ថបទ​ព័ត៌មាន​ត្រូវបាន​ធ្វើឡើង​មុន​ខែតុលា 2022។

    បច្ចេកវិទ្យា​ខាងលើ​នេះ​ប្រាកដជា​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ជួរ​កង​ទ័ព​ចិន​នា​ពេល​ខាងមុខ​ ហើយ​អនាគត ពីឡុត​ AI ក៏​​នឹង​មាន​វត្តមាន​នៅ​ក្នុងជួរ​​ទ័ព​អាកាស​​របស់​ប្រទេស​មហា​អំណាច​នានា​លើ​ពិភពលោក​៕

  • ស្រី​ស្អាត Kathryn Newton គឺជា​កំពូល​វីរនារី​ជំនាន់​បន្ទាប់​របស់ Marvel

    ស្រី​ស្អាត Kathryn Newton គឺជា​កំពូល​វីរនារី​ជំនាន់​បន្ទាប់​របស់ Marvel

    Kathryn Newton បង្ក​ការចាប់អារម្មណ៍​នៅពេល​សម្ដែង​​ជា​តួអង្គ Cassie Lang ដែលជា​កូនស្រី​របស់​កំពូល​វីរ​បុរស​មនុស្ស​ស្រមោច​ក្នុង​ចក្រវាល​ភាពយន្ត Marvel (Marvel Cinematic Universe)​។

    Marvel ជ្រើស​យក Kathryn Newton មក​សម្ដែង​ជំនួស Emma Fuhrmann ដែល​ដើរតួ​ជា Cassie ក្នុង​ភាពយន្ត​រឿង «Ant-Man and the Wasp: Quantumania»។ ក្រុមហ៊ុន Marvel Entertainment សម្រេចចិត្ត​ជ្រើស​យក Kathryn ក៏​ព្រោះតែ​ចង់​ស្វែងរក​តារា​សម្ដែង​មួយរូប​ដែល​សមស្រប​សម្រាប់​តួអង្គ​កំពូល​វីរនារី​របស់​ពួកគេ។ កូនស្រី​របស់​មនុស្ស​ស្រមោច​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ម្នាក់​ក្នុងចំណោម​តួអង្គសំខាន់ៗរបស់​យីហោ Marvel Cinematic Universe។

    Kathryn Newton គឺជា​តារា​មួយ​ដួង​ដែល​កំពុង​រះ​នៅ Hollywood។ ស្រី​ស្អាត​ដែល​កើត​ឆ្នាំ 1997 ក្នុង​ត្រកួល​ធូរធារ​នៅ Florida រូបនេះ មាន​ម្ដាយ​ជា​អ្នកបើកបរ​យន្តហោះ និង​ឪពុក​ជា​អ្នកជំនួញ។

    Kathryn Newton (ឆ្វេង) សម្ដែងជំនួស Emma Fuhrmann ដែលដើរតួជា Cassie ក្នុងភាពយន្តរឿង «Ant-Man and the Wasp: Quantumania»

    Kathryn Newton បាន​ចូលប្រលូក​ក្នុង​វិស័យ​កម្សាន្ត​តាំងពី​​អាយុ​បួន​ឆ្នាំ ដោយ​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ទូរទស្សន៍​រឿង «All My Children»។ អាយុ 12 ឆ្នាំ Kathryn Newton និង​គ្រួ​សារបាន​ទៅ​រស់នៅក្នុង​ទីក្រុង Los Angeles ដើម្បីឱ្យ Kathryn អាច​ផ្ដោតលើ​អាជីព​អ្នក​សម្ដែង។

    ឆ្នាំ 2010 នាង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ចំនួន​ពីរ​នៅ Young Artist Awards ដោយបាន​សម្ដែង​ក្នុង​រឿង «Gary Unmarried»។ ចាប់តាំងពី​ពេលនោះ​មក អាជីព​របស់ Kathryn Newton នៅ Hollywood ចេះតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ នាង​បន្ត​បង្ហាញ​វត្តមាន​នៅក្នុង​រឿង «Paranormal Activity», «Supernatural», «Big Little Lies», «Three Billboards Outside Ebbing», «Missouri», «Pokemon Detective Pikachu» ឬ «Freaky» ជាដើម។

    ភាគច្រើន​នៃ​ឈុត​ឆាក​សម្ដែង​របស់ Kathryn Newton ទទួលបាន​ការវាយតម្លៃ​ល្អ​ពី​ក្រុម​អ្នកជំនាញ ក៏​ដូច​ជា​ទស្សនិកជន។ នាពេលខាងមុខ Kathryn Newton ប្រាកដជា​ធ្វើឱ្យ​កក្រើក​វិស័យ​ភាពយន្ត​នៅពេល​នាង​បង្ហាញខ្លួន​ក្នុងនាម​ជា​​តួអង្គ​ឯក​របស់​រឿង «Lisa Frankenstein» និង «Winner»។

    ក្រៅពី​ការសម្ដែង Kathryn Newton ក៏​ចូលចិត្ត​លេង​កូនគោល និង​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ជាច្រើនលើក ហើយ​សម្រេចបាន​ពិន្ទុ​ខ្ពស់​ផងដែរ។ ក៏ប៉ុន្តែ ស្រី​ស្អាត​រូបនេះ​បានសម្រេច​ចិត្ត​ចាប់យក​អាជីព​ជា​អ្នក​សម្ដែង​ជាជាង​ធ្វើជា​កីឡាការិនី​អាជីព៕