Author: សឿន សំណាង

  • ប្រធានាធិបតី​អាម៉េរិក​ដាក់សំណើ​បង្កើន​ថវិកា​ការពារជាតិ​ជាង 880 ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី​អាម៉េរិក​ដាក់សំណើ​បង្កើន​ថវិកា​ការពារជាតិ​ជាង 880 ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី ចូ បៃ​ដិ​ន សង្កត់ធ្ងន់ថា ថវិកា​នេះ​នឹង​ធានា​ចំពោះ​ការសន្យា​របស់​សហរដ្ឋ​អាម៉េរិក នៅក្នុង​ប្រឈម​នឹង​បញ្ហា​នានា​នៅ​ទូទាំង​សកលលោក និង​រក្សា​សុវត្ថិភាព​សម្រាប់​ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏ដូចជា​ជួយ​ដល់​អ៊ុយ​ក្រែ​ន។

    កាលពី​ថ្ងៃទី 09 មីនា លោក បៃ​ដិ​ន បានប្រកាស​អំពី​សំណើ​ថវិកា​ការពារជាតិ​ប្រហែល 886 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ 2024 កើន 3.3% ធៀប​នឹង​ឆ្នាំ 2023 ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ជួបប្រទះ។

    រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន មាន​ផែនការ​ចំណាយ​សរុប 6.88 ទ្រី​លាន​ដុល្លារ កើន 8% ធៀប​នឹង​ឆ្នាំ 2023 សម្រាប់​ឆ្នាំសារពើពន្ធ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 តុលា​ខាងមុខ។

    លោក បៃ​ដិ​ន សង្កត់ធ្ងន់ថា «ថវិកា​នេះ​ជួយ​គាំទ្រ​ដល់​ការសន្យា​របស់​យើង​នៅក្នុង​ការប្រឈមមុខ​នឹង​ឧបសគ្គ​សកល និង​រក្សា​សុវត្ថិភាព​សម្រាប់​សហរ​ដ្ឋ​អាម៉េរិក។ វា​គូសវាស​នូវ​ខ្ទង់​វិនិយោគ​សំខាន់​នានា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​នៅលើ​ពិភពលោក និង​បន្ត​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន។

    យោងតាម​វ៉ា​ស៊ី​ង​តោន កំណើន​ថវិកា​ការពារជាតិ​ខាងលើ​នឹង​រួមចំណែក​ជំរុញ​សមត្ថភាព​កំញើញ​ទូទៅ​របស់​សហរដ្ឋ​អាម៉េរិក នៅក្នុង​តំបន់​ទាំងឡាយ​លើ​ពិភពលោក៕

  • វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ជើងឯក​បាល់ទាត់ U20 អាស៊ី 2023 សុទ្ធ​តែមាន​វត្តមានរ​បស់​ក្រុមខ្លាំងៗ

    វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ជើងឯក​បាល់ទាត់ U20 អាស៊ី 2023 សុទ្ធ​តែមាន​វត្តមានរ​បស់​ក្រុមខ្លាំងៗ

    ការប្រកួត​ជើង​ទី​បី​នៃ​វគ្គ​សន្សំ​ពិន្ទុ​នៅ U20 អាស៊ី 2023 (2023 AFC U-20 Asian Cup) បានបញ្ចប់ ក៏​ជា​ពេលដែល​គេ​កំណាត់​បាន​នូវ​គូប្រកួត​ពេញលេញ​សម្រាប់​បួន​គូ​នៅ​វគ្គ ¼។

    បណ្ដា​ក្រុមខ្លាំងៗដែល​​បានបង្ហាញ​ខ្លួនសម្រាប់​វគ្គ​បន្ទាប់​ រួមមាន U20 អូស្ត្រាលី, U20 អ៊ុយ​បេ​គី​ស្ថាន, U20 កូរ៉េខាងត្បូង និង U20 ចិន។ ការប្រកួត​នៅ​វគ្គ​ ¼ នឹង​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​មិន​ខាន។

    យោងតាម​ការកំណត់ ក្រុម​លេខ​មួយ​ប្រចាំ​ពូ​ល A គឺ​អ៊ុយ​បេ​គី​ស្ថាន នឹង​ប្រកួត​ជាមួយ U20 អូស្ត្រាលី ដំបូង​គេ​នៅ​វគ្គ ¼។ ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ប៉ះ​ក្រុម​ដែល​ឈ្នះ​ក្នុង​គូប្រកួត​រវាង U20 កូរ៉េខាងត្បូង និង U20 ចិន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ គូប្រកួត​ទាំងនេះ​ត្រូវបាន​វាយតម្លៃថា​លំបាក​ជាង​បណ្ដា​គូ​ខាងក្រោម។

    បណ្ដា​គូប្រកួត​នៅ​ខាងក្រោម​រួមមាន U20 អ៊ីរ៉ង់ និង U20 អ៊ីរ៉ាក់​នឹង​ជួបគ្នា​នៅ​វគ្គ ¼។ អ៊ីរ៉ាក់​មិនត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ព្រោះ​រកបាន​តែ 4 ពិន្ទុ​នៅ​វគ្គ​សន្សំ​ពិន្ទុ ដោយសារ​ឈ្នះ​ឥណ្ឌូណេស៊ី​តែមួយគត់។ ចំណែក U20 ជប៉ុន ត្រូវគេ​ជឿថា នឹង​អាច​យកឈ្នះ​លើ​ក្រុម​ខ្សោយ U20 ហ្ស៊​កដា​នី នៅ​វគ្គ ¼ ដែល​នឹង​ប្រកួត​ក្រោយ​គេ។

    ដូច្នេះ ក្នុង​គូប្រកួត​ចុងក្រោយ (ជប៉ុន និង​ហ្ស៊​កដា​នី) នៃ​វគ្គ ¼ U20 ជប៉ុន​អាច​នឹង​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បើសិន​លេង​ឱ្យ​អស់ពី​សមត្ថភាព។ ចំណែក​បេក្ខភាព​សម្រាប់​តំណែង​ជើងឯក​ដទៃទៀត រួមមាន U20 អូស្ត្រាលី, ក្រុម​ម្ចាស់ផ្ទះ U20 អ៊ុយ​បេ​គី​ស្ថាន ឬ U20 កូរ៉េខាងត្បូង នឹងមាន​ការលំបាក ហើយ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន បើសិន​ចង់​ឡើងដល់​វគ្គ​ចុងក្រោយ។

    ក្រុម​ និង​គូប្រកួត​នៅ​វគ្គ 1/4 នៃ​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​​ U20 អាស៊ី 2023

    វគ្គ ¼ នៃ​ពានរង្វាន់​ជើងឯក​បាល់ទាត់ U20 អាស៊ី 2023 នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី 11 មីនា និង 12 មីនា 2023។ បួន​ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ U20 អាស៊ី 2023 នឹង​ទទួលបាន​សំបុត្រ​ទៅ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ FIFA U20 World Cup 2023 នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

  • The Glory (គំនុំ​ផ្កា​ពិស) វគ្គ​ពីរ របស់​កូរ៉េខាងត្បូង ចាប់​បញ្ចាំង​លើ Netflix

    The Glory (គំនុំ​ផ្កា​ពិស) វគ្គ​ពីរ របស់​កូរ៉េខាងត្បូង ចាប់​បញ្ចាំង​លើ Netflix

    ឈុត​ក្រោយ​ឆាក​របស់​វគ្គ​ពីរ​នៃ​ភាពយន្ត​កូរ៉េខាងត្បូង រឿង The Glory ដែល​មិនសូវ​ត្រូវបាន​គេ​ដឹង ពេលនេះ​ត្រូវបាន​អ្នក​សម្ដែង​មួយចំនួន​ទម្លាយ​ឈុត​ឆាកខ្លះ។

    ខ្សែភាពយន្ត​ទូរទស្សន៍​រឿង The Glory (គំនុំ​ផ្កា​ពិស) ត្រូវ​បិទ​តែម 18+ ដោយសារ​តែមាន​ឈុត​ហិង្សា និង​ឈុត​ក្ដៅ​សាច់​ជាច្រើន។ ក្នុង​វគ្គ​មួយ ខ្សែភាពយន្ត​នេះ​បានទទួល​ការវាយតម្លៃ​ដល់​កម្រិត Top 1 នៅ​ទូទាំង​ពិភពលោក​ស្ដីពី​ភាពយន្ត​មិន​និយាយ​ភាសា​អង់គ្លេស​ដែល​ទាក់ទាញ​បំផុត​នៅលើ Netflix។ ក្នុង 8 ភាគ​បន្ទាប់​របស់​វគ្គ​ពីរ រឿងរ៉ាវ​ក្រោយ​ឆាក​ត្រូវបាន​បង្ហើប​ឱ្យដឹង និង​បង្ហាញថា គួរឱ្យ​ចាប់អារម្មណ៍។

    Song Hye Kyo

    ប្ដី​របស់​ស្រី​ចិត្តអាក្រក់​ទទួលស្គាល់ថា មាន​សហាយ​ក្នុង​ការគិត

    តួអង្គ​ស្វាមី​របស់​ស្រី​ចិត្តអាក្រក់ Park Yeon Jin គឺ Ha Do Young។ ក្នុង​វគ្គ​មួយ Ha Do Young បាន​លង់​ស្នេហ៍​លើ Moon Dong Eun។ ចប់​វគ្គ​មួយ បុរស​នេះ​ក៏បាន​យល់ដឹងខ្លះៗអំពី​ទង្វើ​កាលពី​អតីតកាល​របស់​ភរិយា​ខ្លួន​គឺ​នាង Yeon Jin។ Trailer វគ្គ​ពីរ​របស់ The Glory បង្ហើប​ឱ្យដឹង​អំពី​ទិដ្ឋភាព​នាង Dong Eun ដោះអាវ និង​ឃើញ​ស្នាមរបួស​នៅ​ចំពោះមុខ​ប្ដី​របស់​សត្រូវ។ ពេលនេះ Do Young កើតក្ដី​អាណិត និង​សួរ Dong Eun ថា តើ​ក្រោយ​ជម្លោះ​នោះ នាង​មាន​សុភមង្គល​ឬទេ។

    ក្នុង​ឈុត​ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង ប្ដី​របស់​ស្ត្រី​ចិត្តអាក្រក់​បាន​សារភាព​ពី​ការ​មាន​សហាយ​ក្នុង​ចិត្ត។ ពេល​ដឹងថា ស្វាមី​ខ្លួន​ធ្លាប់​លេងអុក និង​មានចិត្ត​ទៅលើ Dong Eun នាង Yeon Jin ក៏​ខ្លឹង​ខ្លាំងណាស់ និង​បាន​ស្រែក​ដាក់ Do Young ថា «នោះ​គឺជា​រឿង​ផិតក្បត់»។ ប៉ុន្តែ Do Young តប​ថា «វា​មិនមាន​យុត្តិធម៌​សោះ​នៅពេល​អូន​ក៏​ធ្លាប់​ដូច្នេះ តែ​ខ្ញុំ​មិនបាន​ស្ដីបន្ទោស​ទេ»។ ជម្លោះ​ដែល​ជិត​ក្លាយជា​ការបែកបាក់​គ្រួសារ​នេះ​ធ្វើឱ្យ​ទស្សនិកជន​កាន់តែ​ទន្ទឹងរង់ចាំ។

    ក្នុងការ​ចែករំលែក​មួ​យ តារា​សម្ដែង​ប្រុស Jung Sung Il បង្ហើប​ឱ្យដឹងថា «Ha Do Young នឹង​ធ្លាក់​ក្នុងស្ថានភាព​លំបាក អស់សង្ឃឹម​នៅក្នុង​វគ្គ​ពីរ។

    «ស្ត្រី​ចិត្តអាក្រក់» ៖ ថត​ដោយ​មិន​ពាក់អាវ​ទ្រនាប់

    ស្រី​ចិត្តអាក្រក់ Lee Sa Ra ដែល​មិន​ពាក់អាវ​ទ្រនាប់ (ដើម្បី​សម្ដែង​បានល្អ) សម្ដែង​ដោយ Kim Hieora។ «ខ្ញុំ​ចូលចិត្ត​សេរីភាព​របស់​តួអង្គ។ តួអង្គ Sa Ra កម្រ​ពាក់អាវ​ទ្រនាប់។ ដូច្នេះហើយ​ទើប​ក្នុងពេល​ថត ខ្ញុំ​គ្រាន់តែ​ប្រើ​បង់​បិទ​ដើមទ្រូង និង​មិន​ពាក់អាវ​ទ្រនាប់» Kim Hieora បង្ហើប​ដូច្នេះ។

    Lee Sa Ra មាន​ចរិត និង​ទង្វើ​គួរឱ្យខ្លាច ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង trailer វគ្គ​ពីរ។ នាង​មាន​ផែនការ​ដើម្បី​សងសឹក​ចំពោះ Moon Dong Eun (Song Hye Kyo)។ ក្នុង​វគ្គ​មួយ Lee Sa Ra ត្រូវ​ឱ្យប្រាក់​យ៉ាងច្រើន​ទៅ Dong Eun ប៉ុន្តែ មិនទាន់រួច​ផុតពី​គម្រោងការ​ធ្វើបាប។ នៅក្នុង​វគ្គ​ពីរ នាង​ប្រហែលជា​នឹង​ធ្វើបាប​តួអង្គ​ឯក​ទៅតាម​វិធី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មិន​ខាន។

    «ស្រី​ចិត្តអាក្រក់​ស៊ី​ច​ស៊ី»

    តួអង្គ​ស្រី Choi Hye Jung (សម្ដែង​ដោយ Cha Joo Young) គឺជា​អ្នកបម្រើ​លើ​យន្តហោះ។ ដោយសារ​មិន​ចង់​ត្រូវគេ​ធ្វើបាប នាង​បាន​ចូលក្នុង​ក្រុម​លំដាប់​ខ្ពស់ ធ្វើជា​អ្នកបម្រើ​នៅក្នុង​អំពើហិង្សា​កាលពីពេល​នៅ​រៀន។

    ឈុតឆាកខ្លីសំខាន់ៗ​របស់ The Glory វគ្គ​ពីរ​

    វគ្គ​ពីរ​របស់ The Glory ដែល​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅលើ​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ថ្ងៃទី 10 មីនា 2023 ប្រាកដជា​នាំមក​នូវ​ឈុត​ឆាក​ដ៏​គួរឱ្យ​ជក់ចិត្ត​មិន​ខាន ពិសេស​គឺ​ទិដ្ឋភាព​នៃ​ការសង​សឹក​របស់ Moon Dong Eun (សម្ដែង​ដោយ Song Hye Kyo) ដែល​ធ្វើទៅ​ក្រុម​មិត្ត​ដែល​ធ្លាប់​ធ្វើបាប​នាង​កាលពី​នៅ​រៀន៕

  • លោក Kim Jong-un បញ្ជា​ឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាក់ស្ដែង

    លោក Kim Jong-un បញ្ជា​ឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាក់ស្ដែង

    មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un បាន​បញ្ជា​ឱ្យ​កងទ័ព​ជំរុញ​ការធ្វើ​សមយុទ្ធ ត្រៀមខ្លួន​សម្រាប់​ស្ថានការណ៍​សង្គ្រាម​ជាក់ស្ដែង ក្នុង​គ្រា​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ព្រឹត្តិការណ៍​បាញ់​សាកល្បង​មីស៊ីល​ផ្លោង។

    ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA កាលពី​ម្សិលមិញ​ប្រកាសថា លោក Kim Jong-un បាន​​ធ្វើ​ទស្សនកិច្ច​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​អង្គភាព​ជំនាញ​វាយប្រហារ​មួយ និង​បន្ថែមថា អង្គភាព​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ខ្លាំងក្លា​ជាច្រើន​គ្រាប់​ទៅ​កាន់​​គោលដៅ​លើ​សមុទ្រ ព្រមទាំង​បានបង្ហាញ​សមត្ថភាព​ត្រៀមខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រឈម​នឹង​សង្គ្រាម​ជាក់ស្ដែង។

    រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​បង្ហាញថា លោក Kim Jong-un និង​កូនស្រី​មាន​វត្ត​មាននៅ​មូលដ្ឋានទ័ព ខណៈដែល​យាន​បាញ់​ផ្លោង​មី​ស៊ី​ល​ជាច្រើន​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ក្រោម​ការការពារ​របស់រ​ថ​ពាស​ដែក និង​ទាហាន​ថ្នើ​រ​ជើង។ ក្រោយមក មី​ស៊ី​ល​ផ្លោង 6 គ្រាប់​ត្រូវបាន​បាញ់​ចេញ​ដំណាលគ្នា។

    មេដឹកនាំ​របស់​​កូរ៉េខាងជើង​សង្កត់ធ្ងន់ថា «អង្គភាព​ប្រដាប់អាវុធ​ខ្នាត​ធំ​ត្រូវការ​ការធ្វើ​សមយុទ្ធ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​បំពេញ​សមត្ថភាព​នៃ​ការអនុវត្ត​ភារកិច្ច​យុទ្ធសាស្ត្រ រួម​មាន ការ​កំញើញ​អំពី​សង្គ្រាម និង​ដើម្បី​មាន​ប្រៀប​នៅពេល​ផ្ទុះ​សង្គ្រាម ក៏ដូចជា​ជំរុញ​ការធ្វើ​សមយុទ្ធ​ ​ត្រៀម​សម្រាប់​សង្គ្រាម​ជាក់ស្ដែង»។

    រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​បង្ហាញថា លោក Kim Jong-un និង​កូនស្រី​មាន​វត្ត​មាននៅ​មូលដ្ឋានទ័ព

    កូរ៉េខាងត្បូង​ឱ្យដឹងថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ព្រលប់​ថ្ងៃទី 09 មីនា ខណៈដែល​សហរដ្ឋ​អាម៉េរិក បញ្ជាក់ថា ការបាញ់​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើងនេះ​ ធ្វើឱ្យមាន​អស្ថិរភាព​ក្នុង​តំបន់។

    ថ្មីៗនេះ ឧបទ្វីប​កូរ៉េ និង​តំបន់​ជុំវិញ​បន្ត​ឡើងក​ម្ដៅ នៅពេល​កូរ៉េខាងត្បូង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​​សហរដ្ឋ​អាម៉េរិក និង​ជប៉ុន ហើយ​​កូរ៉េខាងជើង​​ក៏​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​ថ្មីៗ​ជា​បន្ត​បន្ទាប់៕

  • ចំនួនក្រុមបាល់ទាត់ដែលនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ U20 World Cup 2023 បានកំណត់រួចហើយ

    ចំនួនក្រុមបាល់ទាត់ដែលនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ U20 World Cup 2023 បានកំណត់រួចហើយ

    ដោយ​សារ​តែ​ U20 ឥណ្ឌូណេស៊ី ត្រូវ​បាន​ជម្រុះ​យ៉ាង​ឆាប់​រហ័ស តំបន់​អាស៊ី​ក៏​កំណត់​បាន​នូវ​ចំនួន​ក្រុម​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់បាល់​ទាត់ U20 World Cup 2023។

    U20 ឥណ្ឌូណេស៊ី មិន​អាច​ធ្វើ​ឱ្យ​មានចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​​ «ពានរង្វាន់​ជើងឯក​បាល់​ទាត់​អាស៊ីឆ្នាំ 2023» (2023 AFC U-20 Asian Cup)។ កូន​សិស្ស និង​គ្រូបង្វឹក Shin Tae-yong ត្រូវ​បាន​ជម្រុះ​ជា​ផ្លូវ​ការ​ពី​វគ្គ​សន្សំ​ពិន្ទុ​ដោ​យ​លទ្ធផល​ឈ្នះ​ 1, ស្មើ​ 1 និងចាញ់​ 1 និង​មាន​ពិន្ទុ​ស្មើ​នឹង​ក្រុម​របស់អ៊ីរ៉ាក់ ប៉ុន្តែ​សន្ទស្សន៍​បន្ថែម​មាន​ពិន្ទុ​ទាប​ជាង​។

    ការ​ដែល​ U20 ឥណ្ឌណេស៊ី​ត្រូវ​បាន​ជម្រុះ​យ៉ាង​ឆាប់​បែប​នេះ​ក៏​ធ្វើ​ឱ្យប៉ះពាល់​ដល់​តំបន់​អាស៊ី​។ ដោយ​សារ​ថា ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ U20 World Cup 2023 ដូច្នេះ បើ​សិន​ជាក្រុម​ឥណ្ឌូណេស៊ី​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​នេះ នោះ​តំបន់​អាស៊ី​នឹង​មាន​ប្រាំ​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ World Cup ជំនួស​ឱ្យ​បួន​ក្រុម​ដូច​ដំបូង​។

    U20 ឥណ្ឌូណេស៊ី ត្រូវបានជម្រុះត្រឹមវគ្គសន្សំពិន្ទុនៅពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី 2023 (2023 AFC U-20 Asian Cup)

    ពេល​នោះ បួន​ក្រុម​ដែល​ត្រូវ​បានជម្រុះ​ត្រឹម​វគ្គ​ ¼ នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​គូ​ ទាត់​វគ្គ​ជម្រុះ​ផ្ទាល់ (play-off) ដើម្បី​ជ្រើស​រើស​មួយ​ក្រុមធ្វើជា​តំណាង​ចុងក្រោយ​។ ក៏ប៉ុន្តែ ករណី​នេះ​មិន​បាន​កើត​ឡើង​នោះ​ទេ ដោយ​សារ​តែ​ U20 ឥណ្ឌូណេស៊ី​ត្រូវ​បាន​ជម្រុះ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​ ទ្វីប​អាស៊ី​ប្រាកដ​ជា​នឹង​មាន​តែ​បួន​ក្រុម​ប៉ុណ្ណោះ​ដែល​នឹង​បាន​ចូល​រួម​ប្រកួត​នៅ World Cup រដូវ​កាល​ខាងមុខ​៕

  • ករណី​ចោរប្លន់ប្រាក់​​ជាង 32 លាន​ដុល្លារ​ក្នុង​ព្រលាន​យន្តហោះ​នៅ​​ស៊ី​លី បាន​សម្លាប់​មនុស្ស​ច្រើន​នាក់

    ករណី​ចោរប្លន់ប្រាក់​​ជាង 32 លាន​ដុល្លារ​ក្នុង​ព្រលាន​យន្តហោះ​នៅ​​ស៊ី​លី បាន​សម្លាប់​មនុស្ស​ច្រើន​នាក់

    កងកម្លាំង​សន្តិសុខ​របស់​ព្រលានយន្តហោះ​នៅ Santiago ប្រយុទ្ធ​គ្នា​ជាមួយនឹង​ក្រុមចោរប្រដាប់​អាវុធ ដើម្បី​រារាំង​សកម្មភាព​ប្លន់​ប្រាក់ 32.5 លាន​ដុល្លារ​នៅលើ​យន្តហោះ បណ្ដាលឱ្យមាន​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។

    ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពី 10 ទៅ 12 នាក់ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 08 មីនា បាន​បើករថយន្ត​បី​គ្រឿង​សម្រុកចូល​ព្រលានយន្តហោះ​អន្តរជាតិ Arturo Merino Benitez។ ពួកគេ​បាន​ឆ្ពោះទៅកាន់​កន្លែង​លើកដាក់​ទំនិញ ក្នុង​គ្រា​ដែល​បុគ្គលិក​កំពុង​ជញ្ជូន​ប្រាក់ 32.5 លាន​ដុល្លារ​អាម៉េរិក​ចេញពី​យន្តហោះ ដើម្បី​ដាក់​ចូលក្នុង​រថពាសដែក។

    «ទំនិញ​មានតម្លៃ​ខ្ពស់​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ LATAM ពី Miami ដែល​ការពារ​ដោយ​ក្រុមហ៊ុន​សន្តិសុខ Brinks។ ក្រុមចោរប្លន់​បាន​សម្រុកចូល ប៉ុន្តែ​ត្រូវ​ក្រុម​សន្តិសុខ​បាញ់ប្រហារ​រុញច្រាន​ទៅវិញ» រដ្ឋអាជ្ញា Eduardo Baeza ដែល​ទទួលបន្ទុក​ស៊ើបអង្កេត​រឿងក្ដី​នេះ បាន​ថ្លែង​ដូច្នេះ។

    ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ក្រុមចោរប្លន់ បាន​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ជា​សន្តិសុខ និង​ម្នាក់​ជា​ចោរ។ ក្រោយមក ក្រុមចោរ​ក៏បាន​រត់គេច​ខ្លះ និង​ដុត​រថយន្ត​ពីរ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ពួក​គេ​នៅលើ​ផ្លូវ​ល្បឿន​លឿន​ក្បែរ​កន្លែងកើតហេតុ។

    ប្រធានាធិបតី Gabriel Boric បាន​សន្យាថា ស្វែងរក និង​កាត់ទោស​ក្រុមចោរប្លន់​នេះ​ឱ្យបាន។ លោក​ក៏បាន​អះអាងថា នឹង​ផ្ដល់​កម្លាំង​ប៉ូលិស​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋ​ជននេះ។

    កាលពី​ឆ្នាំ 2020 នៅឯ​ព្រលានយន្តហោះ Arturo Merino Benitez ក៏​កើតមាន​ករណី​ប្លន់​ស្រដៀង​គ្នា​នេះ ដែល​ពេលនោះ ចោរ​បាន​ប្លន់​យកប្រាក់ 15 លាន​ដុល្លារ​អាម៉េរិក​ពី​រថយន្ត​ដឹកទំនិញ។ ឆ្នាំ 2014 ព្រលានយន្តហោះ​នេះ​ក៏ត្រូវ​ចោរប្លន់​យកបាន​ប្រា​ក់ជាង 10 លាន​ដុល្លារ៕

  • «ដូ​នី យេន ត្រូវ លី លាន​ជា វ៉ៃ​ស្ទើរតែ​ពិការភ្នែក» ប៉ុន្តែ​​ពេល​នេះ តើមាន​​ទំនាក់ទំនង​​យ៉ាងណាហើយ?

    «ដូ​នី យេន ត្រូវ លី លាន​ជា វ៉ៃ​ស្ទើរតែ​ពិការភ្នែក» ប៉ុន្តែ​​ពេល​នេះ តើមាន​​ទំនាក់ទំនង​​យ៉ាងណាហើយ?

    រឿងរ៉ាវ​ស្ដីពី លី លាន​ជា (Jet Li) វ៉ៃ ដូ​នី យេន (Donnie Yen – ខ្មែរ​យើង​ច្រើន​ហៅថា កុំ​កុំ) ឱ្យ​រងរបួស​ស្ទើរតែ​ពិការភ្នែក ត្រូវបាន​គេ​និយាយ​ជា​ហូរហែ ប៉ុន្តែ ថ្មីៗនេះ​កំពូល​តារា​ក្បាច់គុន កុំ​កុំ ទើបតែ​រៀបរាប់​ហេតុការណ៍​បាន​ច្បាស់។

    នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី GQ ដូ​នី យេន បាន​និយាយ​អំពី​រឿង​ដែល​ខ្លួន​ធ្លាប់ «ប៉ះទង្គិច​គ្នា» ជាមួយ លី លាន​ជា នៅ​កន្លែង​ថតកុន ក្នុង​ឈុត​ឆាក​ផ្សងគ្រោះថ្នាក់។ បញ្ហា​កើតឡើង​ដំបូង​គឺ​នៅពេល​ថត​រឿង  Once Upon a Time in China II (កំពូល​ក្បាច់គុន វ៉ាង​ហ្វ៊ី​ហុង) របស់​អ្នក​ដឹក​រឿង Hark Tsui ដែល​ចាប់​បញ្ចាំង​កាលពី​ឆ្នាំ 1992។ ក្នុង​ភាពយន្ត​នេះ ដូ​នី យេន សម្ដែង​ជា​តួអង្គ​អាក្រក់ ចំណែក លី លាន​ជា សម្ដែង​ជា​តួអង្គ វ៉ាង ហ្វ៊ី​ហុង។

    ឈុត​ឆាកប្រយុទ្ធ​មួយ​ទល់នឹង​មួយ​របស់ ដូ​នី យេន និង លី លីន​ជា ត្រូវបាន​វិនិយោគ​ច្រើន​ទៅលើ​ក្បាច់គុន និង​ត្រូវបាន​ចាត់ទុកថាជាឈុត​ឆាក​ដ៏​អស្ចារ្យ​សម្រាប់​ភាពយន្ត​កុង​ហ្វ៊ូ។ ក៏ប៉ុន្តែ ក្នុងពេល​ថត ដូ​នី យេន ត្រូវបាន លី លាន​ជា វ៉ៃ​ឱ្យ​រងរបួស​ធ្ងន់ វិះ​នឹង​ពិការភ្នែក។

    ដេនី យេន និង លី លានជា ក្នុង​រឿង​ កំពូលក្បាច់គុន វ៉ាងហ្វ៊ីហុង

    «ពេល​ថតកុន គ្រោះថ្នាក់​មួយ​បាន​កើតឡើង ធ្វើឱ្យ​ខ្ញុំ​វិះ​នឹង​ពិការភ្នែក។ នោះ​គឺ​នៅពេល លី លាន​ជា ត្រូវ​ស្ថិតនៅ​ខាងលើ ហើយ​ខ្ញុំ​នៅ​ខាងក្រោម ពួកយើង​ប្រើប្រាស់​ឫស្សី​មួយ​ដើម​ធំ និង​ធ្ងន់​ដើម្បី​ប្រយុទ្ធ​គ្នា» កុំ​កុំ និយាយ​ដូច្នេះ និង​បន្តថា «លី លាន​ជា វាយប្រហារ​ពីលើ ចំណែក​ខ្ញុំ​ត្រូវ​រង​ជា​បន្តបន្ទាប់​នៅ​ពីក្រោម។ បន្ទាប់ពី​វាយ​បាន 30 ក្បាច់ ស្រាប់តែ​គាត់​រអិល​ជើង និង​វាយ​ពី​ទទឹង​ជំនួស​ឱ្យ​ការ​វាយ​ពីលើ ដូច្នេះ​ឫ​ស្សី​ក៏​វាត់​ចំ​ចុង​ចិញ្ចើម​របស់ខ្ញុំ។ ពេលនោះ ខ្ញុំ​ថយក្រោយ 8 ជំហាន ដាក់​ដៃ​ចុះ ឈាម​ក៏​ហូរ​ទៅខាង​មុខ ខ្ញុំ​មិន​កុហក​ទេ ដូច​ភ្លៀង​អ៊ីចឹង»។

    ក្រោយពី​ហេតុការណ៍​បានកើត​ឡើង ដូ​នី យេន ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់។ បើទោះជា​ត្រូវ​ដេរ 6-7 ថ្នេរ ប៉ុន្តែ ស្អែក​ឡើង តារា​ក្បាច់គុន​រូបនេះ​នៅតែ​ទៅកាន់​កន្លែង​ថតកុន​ដើម្បី​បន្តសកម្មភាព។

    https://www.youtube.com/watch?v=AeeoEpmyb2Y

    រឿង Hero (អ្នកក្លាហាន)

    10 ឆ្នាំ​ក្រោយពី​ហេតុការណ៍​ខាងលើ ដូ​នី យេន ក៏មាន​ឱកាស​ប៉ះ​នឹង លី លាន​ជា ម្ដងទៀត​នៅក្នុង​រឿង Hero (អ្នកក្លាហាន) ដែលជា​កំពូល​ខ្សែភាពយន្ត​មួយ​របស់​ចិន។ លើក​នេះ ពួកគេ​ប្រយុទ្ធ​គ្នា​នៅលើ​ទីលាន​ក្នុង​វត្ត ហើយ​គ្រោះថ្នាក់​ក៏បាន​កើតឡើង​ម្ដងទៀត ធ្វើឱ្យ​ផ្ទៃ​មុខ​របស់ ដូ​នី យេន រងរបួស និង​ហូរឈាម។

    កំពូល​ក្បាច់គុន វ៉ាង​ហ្វ៊ី​ហុង

    រឿងរ៉ាវ​ទាំងពីរ​ខាងលើ ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​កើតឡើង ក្នុងនោះ​មាន​ដំណឹង​ខ្លះ​ថា ទំនាក់ទំនង​រវាង​ពួកគាត់​មិនល្អ ខណៈដែល​អ្នកខ្លះ​ថា កំពូល​តារា​ក្បាច់គុន​ទាំងពីរ​ចាត់ទុក​គ្នា​ជា «សត្រូវ»។

    ដូនី យេន និង លី លានជា

    ក៏ប៉ុន្តែ ថ្ងៃមួយ ដូ​នី យេន បាន​ចេញមុខ​បកស្រាយ​ថា «…ដល់​វ័យ​នេះ ខ្ញុំ​យល់ច្បាស់​ហើយ​ថាអ្វីដែល​មានតម្លៃ​បំផុត​សម្រាប់​ជីវិត។ គ្រួសារ មិត្ត​ភ័ក្ដិ និង​ក្បាច់គុន ខ្ញុំ​មិនអាច​ក្បា​ត់​បី​ប្រការនេះ​បានឡើយ»៕

  • អូស្ត្រាលី​មាន​គម្រោង​ទិញ​នាវាមុជទឹក​តម្លៃ​បី​ពាន់​លាន​ដុល្លារ​របស់​អាម៉េរិក

    អូស្ត្រាលី​មាន​គម្រោង​ទិញ​នាវាមុជទឹក​តម្លៃ​បី​ពាន់​លាន​ដុល្លារ​របស់​អាម៉េរិក

    ប្រទេស​អូស្ត្រាលី​មាន​ផែន​ការទិញ​នាវាមុជទឹក​ថ្នាក់ Virginia ទំនើប​បំផុត​ចំនួន​ប្រាំ​គ្រឿង​របស់​សហរដ្ឋ​អាម៉េរិក ទន្ទឹមនឹងនេះ​ក៏​អនុញ្ញាតឱ្យ​វ៉ា​ស៊ី​ង​តោន​ដាក់ពង្រាយ​នាវាមុជទឹក​នៅ​ប្រទេស​នេះ។

    មន្ត្រី​បួនរូប​របស់​សហរដ្ឋ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី 08 មីនា បានឱ្យដឹងថា ការ​ទិញដូរ​នាវាមុជទឹក​ថ្នាក់ Virginia ប្រាំ​គ្រឿងក្នុង​ទសវត្សរ៍​ឆ្នាំ 2030 នឹង​ជា​ផ្នែក​មួយ​ក្នុង​កិច្ចព្រមព្រៀង AUKUS រវាង​អូស្ត្រាលី សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស។ នាវាមុជទឹក​ថ្នាក់ Virginia សម្រាប់​ទ័ពជើងទឹក​អាម៉េរិក មានតម្លៃ​ពី 2.8 ដល់ 3.5 ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា អូស្ត្រាលី​បានជ្រើសរើស​កំណែ​ណាមួយ​នៅឡើយ។

    យោងតាម​កិច្ចព្រមព្រៀង សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​នាវាមុជទឹក​នុយ​ក្លេ​អែរ​ទៅធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ មុនពេល​បញ្ជូន​នាវាមុជទឹក​មួយចំនួន​ទៅ​បោះទ័ព​រយៈពេល​យូរ​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ 2027។ ទីក្រុង​កង់​បេរ៉ា​នឹង​ទិញ​នាវាមុជទឹក​ថ្នាក់ Virginia ចំនួន​បី​គ្រឿង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 2030 អម​នឹង​ជម្រើស​ទិញ​បន្ថែម​ពីរ​គ្រឿង​ទៀត បើសិន​ចាំបាច់។

    កិច្ចព្រមព្រៀង AUKUS គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2030 នៅពេលដែល​អូស្ត្រាលី​បានទទួល​នាវាមុជទឹក​ថ្មី​ដែល​រចនា​ឡើង​ដោយ​អង់គ្លេស និងបំពាក់​​បច្ចេកវិទ្យា​អាម៉េរិក។

    ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ សេត​វិមាន និង​មន្ទីរ​បញ្ច​កោណ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ យោងតាម​កិច្ចព្រមព្រៀង AUKUS ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2021 អូស្ត្រាលី​អាច​ទិញ​នាវាមុជទឹក​នុយ​ក្លេ​អែរ​ពី​អាម៉េរិក។ វ៉ា​ស៊ី​ង​តោន កង់​បេ​រ៉ា និង​ក្រុង​ឡុង បាន​ចំណាយពេល 18 ខែ ក្នុងការ​ចរចា​អំពី​លទ្ធភាព​ដែល​អូស្ត្រាលី​អាចមាន​​បច្ចេកវិទ្យា​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដ៏​សម្ងាត់​របស់​អាម៉េរិក។

    ការ​ទិញដូរ​ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ខាងលើ ​ក៏​ជា​របត់​ដំបូង​ដែល​អាម៉េរិក​នាំចេញ​បច្ចេកវិទ្យា​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ រាប់​ចាប់ពី​ឆ្នាំ 1960 បន្ទាប់ពី​បាន​ជួយ​ឱ្យ​អង់គ្លេស​កសាង​ក្រុម​នាវាចម្បាំង៕

  • កម្ពុជា​ចាញ់​ភូមា 0-2 ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល G នៃ​ពានរង្វាន់​បាល់ទាត់​នារី​ទ្វីបអាស៊ី​អាយុ​ក្រោម​ម្ភៃ​ឆ្នាំ

    កម្ពុជា​ចាញ់​ភូមា 0-2 ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល G នៃ​ពានរង្វាន់​បាល់ទាត់​នារី​ទ្វីបអាស៊ី​អាយុ​ក្រោម​ម្ភៃ​ឆ្នាំ

    ការប្រកួត​បើកឆាក​ពូ​ល G នៃ​វគ្គ​ជម្រុះ​ជុំទីមួយ​របស់​ពានរង្វាន់​បាល់ទាត់​នារី​ទ្វីបអាស៊ី​អាយុ​ក្រោម​ម្ភៃ​ឆ្នាំ​ឆ្នាំ 2024 (AFC U20 Women’s Asian Cup 2024) ដែល​ធ្វើ​ឡើយ​នៅ​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ា (ភូមា) 0-2 កាលពី​ថ្ងៃទី 08 មីនា នៅ​កីឡដ្ឋាន Smart RSN។

    ក្នុង​តង់​ទីមួយ ក្រុម​ទាំងពីរ​រក្សា​ទី​បានល្អ​ដូចគ្នា ដោយ​មិនមាន​ក្រុម​ណា​ត្រូវ​ប៉ើង​សំណាញ់។ ចូលដល់​តង់​ទី​ពីរ ស្ថានការណ៍​ចាប់ផ្ដើម​ប្រែប្រួល​ខ្លាំង ហើយ​មី​យ៉ាន​ម៉ា​ក៏​រកបាន​មួយ​គ្រាប់​ដំបូង ដោយ​ថ្វី​ជើង​របស់ Sandar Lin នៅ​នាទី​ទី 55។

    នៅ​នាទី​ទី 64 សំណាង​មិនល្អ​បាន​កើតឡើង​ចំពោះ​ក្រុម​កម្ពុជា នៅពេល សំរឹទ្ធ និមល ទាត់​ចូល​ទី​ខ្លួនឯង​ដោយ​អ​ចេតនា។ ចប់​ការប្រកួត មី​យ៉ាន​ម៉ា​យកឈ្នះ​លើ​កម្ពុជា​ក្នុង​លទ្ធផល 2-0 ធ្វើឱ្យ​កម្ពុជា​បាត់បង់​បី​ពិន្ទុ។

    ក្រោយ​ការប្រកួត​នេះ កម្ពុជា​នៅសល់​មួយ​ប្រកួត​ទៀត​ដើម្បី​ដណ្ដើមយក​សំបុត្រ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ទាប់។ កម្ពុជា​នឹង​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ​ថ្ងៃទី 10 មីនា 2023 ក្នុងនោះ​បើសិន​ឈ្នះ ក្រុម​កម្ពុជា​នឹង​នៅមាន​ឱកាស​រង់ចាំ​អ៊ុត​មើល​ការប្រកួត​បញ្ច​ប់ពូ​ល G រវាង​ម៉ាឡេស៊ី និង​មី​យ៉ាន​ម៉ា​ដែល​ប្រកួត​នៅ​ថ្ងៃទី 12 មីនា។ ក៏ប៉ុន្តែ បើសិនជា​ចាញ់ កម្ពុជា​នឹងត្រូវ​ហាលអាវ៕

  • Lionel Messi ប្រកួត​ចុងក្រោយ​នៅ Champions League ធ្វើឱ្យ Ronaldo «លួច​សប្បាយចិត្ត»?

    Lionel Messi ប្រកួត​ចុងក្រោយ​នៅ Champions League ធ្វើឱ្យ Ronaldo «លួច​សប្បាយចិត្ត»?

    El Pulga ទំនង​ទើបតែ​បានបញ្ចប់​ការបង្ហាញ​ថ្វី​ជើង​​ដែល​ត្រូវបាន​គេ​យល់ថា «ចុងក្រោយ» បន្ទាប់ពី​ចាញ់ Bayern ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៅឯ​កីឡដ្ឋាន Allianz Arena ប្រទេស​អាល្លឺម៉ង់។ ប្រការនេះ​អាចធ្វើឱ្យ Ronaldo សប្បាយចិត្ត។

    កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo ចាប់តាំងពី​បាន​ចាក​ចេញពី​ពិភព​បាល់ទាត់​លំដាប់​កំពូល និង​បាន​ទៅ​ប្រកួត​ឱ្យ​ក្លឹប​នៅ​មជ្ឈិមបូព៌ា​ក្នុង​វ័យ 38 ឆ្នាំ ត្រូវបាន​គេ​យកមក​ប្រៀបធៀប​ជាមួយនឹង Messi ដែលជា​កំពូល​តារាបាល់ទាត់​រប​ស់​ប្រទេស​អា​ហ្ស​ង់​ទីន។ ជាពិសេស តំណែង​ជើងឯក World Cup 2022 ដែល Messi និង​ក្រុម​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន គឺជា​រឿង​លេចធ្លោ​ដែល​គេ​លើក​យកមក​សង្កត់​សង្កិន​​ផ្លូវចិត្ត​របស់ Ronaldo ព្រោះ​មនុស្ស​ជាច្រើន​យល់ថា CR7 បាន «អស់អំណាច» ពិតប្រាកដ។

    ដូច្នេះហើយ យោងតាម​ទំព័រ Express រឿង​ដែលថា Messi លេង​ក្នុង​ការប្រកួត​ចុងក្រោយ​នៅ Champions League ឆ្នាំនេះ បន្ទាប់ពី​បរាជ័យ​ចំពោះមុខ Bayern ក្នុង​ជើង​ទី​ពីរ និង​អាចជា​ការ​ប្រកួត​លើកចុងក្រោយ​ក្នុង​អាជីព បណ្ដាលឱ្យ Ronaldo ត្រេកអរ​ខ្លាំង។ ប្រការនេះ​អាច​នឹង​កើតឡើង បើសិន Messi ​សម្រេចចិត្ត​​មិន​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយក្លឹប PSG។

    បើទោះជា​នៅតែមាន​សមត្ថភាព​លេង​នៅ​ពិភព​បាល់ទាត់​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែ​បើសិន​ចាក​ចេញពី PSG មែន Messi ទំនងជា​ពិបាក​រក​ក្លឹប​ថ្មី ដោយសារ​ថា បច្ចុប្បន្ន​មាន​ក្លឹប​មិន​ច្រើន​នោះទេ​ដែលមាន​សមត្ថភាព​ផ្ដល់ប្រាក់​បៀវត្សរ៍​ឱ្យ El Pulga។ ជាង​នេះ ក្នុង​វ័យ​កាន់តែច្រើន ការ​ទាត់​ឱ្យ​ក្លឹបធំៗក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៀត​គឺជា​បញ្ហា​​ធំ​ដែល​មិនមែន​សម្រាប់តែ Messi នោះទេ តែ​កីឡាករ​ទាំងអស់​នឹង​ជួប​រឿងនេះ។

    ចំណែក Ronaldo វិញ ការចូល​រួមជាមួយ Al Nassr គឺ​មានន័យថា គាត់​បាន​ឈប់​ប្រកួត​ជា​ផ្លូវការ​នៅក្នុង «សមរភូមិ» អឺរ៉ុប និង​បោះ​បង់​តួនាទី​ជា​អ្នកប្រមាញ់​គ្រាប់​បាល់​លំដាប់​កំពូល​នៅ​ទ្វីប​នេះ។ ក្នុង​អាជីព CR7 រកបាន 140 គ្រាប់​នៅ Champions League ច្រើនជាង Messi ដែល​រក​បានតែ 129 គ្រាប់។ ដូច្នេះហើយ រឿង​ដែលថា M30 នឹង​ចាក​ចេញពី Champions League គឺ​ជា​កត្តា​ដែល​នឹង​ជួយ​រក្សា​​កំណត់ត្រា​របស់​កំពូល​តា​រា​បាល់ទាត់​ព័រទុយហ្កាល់​ ឱ្យ​នៅ​គង់វង្ស៕