Author: សឿន សំណាង

  • ភ្លើង​គប់​ស៊ី​ហ្គេម​ត្រូវ​បញ្ឆេះ​ដោយ​ពន្លឺ​ថ្ងៃ​ក្នុង «ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត»

    ភ្លើង​គប់​ស៊ី​ហ្គេម​ត្រូវ​បញ្ឆេះ​ដោយ​ពន្លឺ​ថ្ងៃ​ក្នុង «ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត»

    «ថ្ងៃនេះ​មាន​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ជាមួយនឹង​ភ្លើង​គប់​ស៊ី​ហ្គេម​នឹង​ត្រូវបាន​បញ្ឆេះ​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​រះ​នៅមុខ​ប្រាសាទអង្គរវត្ត ដោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះ​រាជពិធី​សុំ​ភ្លើង “ព្រះអាទិទេព​កីឡា” ដើម្បី​ដុត​ភ្លើង​គប់​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី 32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ 2023» ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី 21 នេះ បានឱ្យដឹង​ដូច្នេះ។

    ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ខាងលើនេះ​ព្រ​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី 21 មីនា 2023។ កាលពី​ម្សិលមិញ ក្រសួង​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី «បាតុភូតធម្មជាតិ​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត» ឬ EQUINOX ដែល​កើតឡើង​ចន្លោះ​ថ្ងៃទី 20 ឬ21 ឬ 22 ឬ 23 ខែមីនា ឆ្នាំ 2023។ នេះ​គឺ​ទស្សនីយភាព​ពិ​សេសមួយ​សម្រាប់​ទេសច​រ​គ្រប់រូប។

    យោងតាម​ក្រសួងទេសចរណ៍ «បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត (EQUINOX)» កើត​ឡើងជា​រៀងរាល់ឆ្នាំ​ចំនួន​ពីរលើក គឺ​នៅ​ខែមីនា​ម្ដង និង​ខែកញ្ញា​ម្ដងទៀត។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទអង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ​បាន​កសាងឡើង​ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​រវាង​ផែនដី និង​ព្រះអាទិត្យ​យ៉ាងច្បាស់​លាស់​គួរ​ស្ញប់ស្ញែង​ជាទីបំផុត។

     

    ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ 2023 បាតុភូត​នេះ​អាច​កើតឡើង​ចាប់ពី​ម៉ោង 05 កន្លះ​ព្រឹក ដល់​ម៉ោង 07 ព្រឹក។ ក្រសួងក៏​បាន​អំពាវនាវ​ដល់​គ្រប់​សមាគម​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន  ទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ទូទៅ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

  • មហាសេដ្ឋី​វ័យ​ជាង​កៅសិប «ជិត​រៀប​ការលើក​ទី​ប្រាំ»

    មហាសេដ្ឋី​វ័យ​ជាង​កៅសិប «ជិត​រៀប​ការលើក​ទី​ប្រាំ»

    មហាសេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក Rupert Murdoch អាយុ 92 ឆ្នាំ មាន​គម្រោង​រៀបការ​ជា​លើក​ទី​ប្រាំ ជាមួយនឹង​ស្ត្រី​វ័យ 66 ឆ្នាំ​នៅ​រដូវក្ដៅ​នេះ។

    «ខ្ញុំ​ព្រួយបារម្ភ​ណាស់។ ខ្ញុំ​ខ្លាច​រឿង​ស្នេហា ប៉ុន្តែ​ខ្ញុំ​ដឹងថា នេះ​នឹង​ជា​ស្នេហ៍លើ​​ចុងក្រោយ​របស់ខ្ញុំ។ ល្អ​បំផុត​គឺ​យ៉ាងនេះ។ ខ្ញុំ​សប្បាយចិត្ត» លោក Murdoch វ័យ 92 ឆ្នាំ និយាយ​ពី Ann Lesley Smith ស្ត្រី​ដែល​លោក​ទើបតែ​បាន​ភ្ជាប់ពាក្យ​ជាមួយ កាលពី​ថ្ងៃទី 20 មីនា។

    អ្នក​ទាំងពី​មាន​គម្រោង​រៀបការ​នៅ​រដូវក្ដៅ ហើយ​នោះ​នឹង​ជា​អាពាហ៍ពិពាហ៍​លើក​ទី​ប្រាំ​របស់​មហាសេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​អឺរ៉ុប។ បណ្ដាញ​ផ្សព្វផ្សាយ​របស់លោក Murdoch មានដូចជា Sky News Australia, Fox News, Wall Street Journal, New York Post និង Sun ជាដើម។

     

    មហាសេដ្ឋី​អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី​​រូបនេះ​ មានកូន​បីនាក់​នៅក្នុង​អាពាហ៍ពិពាហ៍​បី​លើកដំបូង។ ភរិយា​ទី​បួន​របស់​លោក​ ​គឺ​កំពូល​តារា​ម៉ូ​ដែល Jerry Hall ដែល​បាន​លែងលះ​កាលពី​ឆ្នាំមុន។

    ចំណែក​ស្ត្រី​ដែល​នឹង​ក្លាយជា​ភរិយា​ទី​ប្រាំ​របស់លោក Murdoch បានឱ្យដឹងថា អ្នកស្រី​ធ្លាប់ជា​អ្នក​បង្ហាញ​ម៉ូដ អ្នក​ចម្រៀង តន្ត្រី​ការិនី ពិធី​ការិនី​របស់​វិទ្យុ San Francisco Bay Area និង​ជា​អ្នកយកព័ត៌មាន​ផងដែរ។ អ្នកស្រី​បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក​មកហើយ។ ស្វាមី​ទី​ពីរ​របស់​អ្នកស្រី​ដែល​ជា​អតីត​​អ្នកចម្រៀង និង​ធ្លាប់​ជា​​​នាយក​ប្រតិបត្តិ​របស់​វិទ្យុ និង​ទូរទស្សន៍ បានទទួល​មរណភាព​កាលពី​ឆ្នាំ 2008។

    យោងតាម​ទំព័រ Forbes មហាសេដ្ឋី Rupert ​Murdoch មាន​ទ្រព្យសម្បត្តិ 17.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក​​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 95 លើ​ពិភពលោក៕

  • អាម៉េរិក​ផ្ដល់​ជំ​នួយយោធា​​បន្ថែម 350 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់​ជំ​នួយយោធា​​បន្ថែម 350 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក​បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 350 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រ៉ុក្កែត HIMARS រួម​នឹង​គ្រាប់រំសេវ​ជាច្រើន​ប្រភេទ​ទៀត។

    «រហូត​ដល់​រុស្ស៊ី​បញ្ចប់​ជម្លោះ យើង​នឹង​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​រហូតដល់​ពេលនោះ តាម​ដែល​អាច​ធ្វើបាន» រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក Antony Blinken កាលពី​ថ្ងៃ​ទី 20 មីនា បាន​និយាយ​ដូច្នេះ​នៅពេល​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន។ មកដល់ពេលនេះ ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ខែកុម្ភៈ 2022 គឺ​ជាង 32 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កញ្ចប់​ទំ​នួ​យ​ថ្មី​តម្លៃ 350 លាន​ដុល្លារ​នេះ​មាន​ទាំង​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, គ្រាប់​សម្រាប់​កាំភ្លើង​ធំ​របស់​រថក្រោះ​ M2 Bradley, មី​ស៊ី​ល​ប្រឆាំង​រ៉ា​ដា AMG-88 HARM, អាវុធ​ប្រឆាំង​រថក្រោះ និង​ឧបករណ៍​យោធា​ដទៃទៀត។

     

    កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​ត្រូវ​បានប្រកាស​នៅក្នុង​គ្រា​ដែល​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កំពុងស្ថិត​ក្នុង​សភាព​ខ្លាំងក្លា​នៅ​ទីក្រុង Bakhmut នៃ​ខេត្ត Donetsk។ ទីក្រុង Bakhmut ត្រូវបាន​រុស្ស៊ី​គ្រប់គ្រង​ប្រហែល 70% នៃ​ផ្ទៃដី​សរុប នេះ​បើតាម​មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner។

    M2 Bradley

    បណ្ដា​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន កំពុង​បង្វឹក​ទាហាន​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើ​អាវុធ ឧបករណ៍​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រទំនើបៗ ដើម្បី​ទប់ទល់​នឹង​កងទ័ព​ឈ្លានពាន​របស់​រុស្ស៊ី៕

  • Mbappe ធ្វើជា​ប្រធាន​ក្រុម​បាល់​ទាត់​​ជម្រើសជាតិ​បារាំង

    Mbappe ធ្វើជា​ប្រធាន​ក្រុម​បាល់​ទាត់​​ជម្រើសជាតិ​បារាំង

    គ្រូបង្វឹក Didier Deschamps ជ្រើសរើស​កីឡាករ​ខ្សែប្រយុទ្ធ Kylian Abappe ធ្វើជា​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ជំនួស​អ្នកចាំទី Hugo Lloris។

    កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ជួបជុំគ្នា​នៅ Clairefontaine ចាប់​ពីថ្ងៃ​ទី 20 មីនា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ Euro 2024 ដែល​នឹងត្រូវ​ប៉ះ​ហូ​ឡង់ និង​អៀរឡង់។ គ្រូបង្វឹក Deschamps នឹង​ពិភាក្សា​ជាមួយ Mbappe ស្ដីពី​ការជ្រើសរើស​កីឡាករ​នេះ​ឱ្យធ្វើជា​ប្រធាន​ក្រុម។ យោងតាម​ទំព័រ L’Equipe ការសម្រេច​ចុងក្រោយ​អាច​ត្រូវ​បានប្រកាស​នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី 23 មីនា​ខាងមុខ។

    ក្រោយ World Cup 2022 អ្នកចាំទី Hugo Lloris បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​បារាំង ធ្វើឱ្យ​តំណែង​ប្រធាន​ក្រុម​ត្រូវ​នៅ​ទំនេរ។ កីឡាករ​ខ្សែបម្រើ Raphael Varane ដែល​ធ្លាប់ធ្វើជា​​ប្រធាន​ក្រុម​បាន​ 20 ប្រកួត​ក៏បាន​សុំ​ឈប់​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ខែកុម្ភៈ 2023 ដើម្បី​ផ្ដោតលើ​អាជីព​នៅ​ថ្នាក់​ក្លឹប។ ក្នុង​ការជួបជុំ​លើ​ក​នេះ មានតែ Oliver Giroud និង Antoine Griezmann ប៉ុណ្ណោះ​ដែល​បាន​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​មុន Mbappe។

     

    Mbappe កើត​នៅ​ប៉ារីស តែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​បាល់ទាត់​ពី​ក្លឹប​របស់​ប្រទេស​ម៉ូ​ណា​កូ និង​លេចធ្លោ​នៅទីនេះ។ ចាប់តាំងពី​រដូវ​កាល 2017-2018 Mbappe ទាត់​ឱ្យ​ក្លឹប PSG និង​រកបាន 202 គ្រាប់ ក្នុង 250 ប្រកួត ហើយ​បច្ចុប្បន្ន​គឺជា​អនុប្រធាន​ក្រុម។ Mbappe កំពុង​គ្រប់គ្រង​កំណត់ត្រា​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup (បូ​ន​គ្រាប់) និង​ច្រើន​គ្រាប់​បំផុត​នៅ​វគ្គ​ជម្រុះ​ផ្ទាល់ (8 គ្រាប់)។

    គ្រូបង្វឹក Deschamps ក៏បាន​កំណត់​យក​អ្នកចាំទី Mike Maignan ឱ្យមក​ជំនួស Lloris។ Maignan លេង​ឱ្យ ក្រុម​ជម្រើសជាតិ​បារាំង​ទើប​តែ​បាន​ប្រាំ​ប្រកួតប៉ុណ្ណោះ ប៉ុន្តែ​អ្នកចាំទី​ពីររូប​ទៀត​គឺ Alphonse Areola និង Brice Samba ក៏មាន​បទពិសោធន៍​តិចជាង។

    បារាំង​ស្ថិត​នៅក្នុង​ពូ​ល B ក្នុង​វគ្គ​ជម្រុះ Euro 2024 ជាមួយនឹង​ហូ​ឡង់ អៀរឡង់ ក្រិ​ក និង​ហ្ស៊ី​ប្រា​ល់តា។ គូប្រកួត​​ដំបូង​របស់​បារាំង​​គឺ​​ហូ​ឡង់​ ដែល​ទាត់​នៅឯ​កីឡដ្ឋាន Stade de France កាលពី​ព្រលប់​ថ្ងៃទី 24 មីនា បី​ថ្ងៃ​មុនពេល​ធ្វើជា​ភ្ញៀវ​នៅ​អៀរឡង់៕

  • បំណែក​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ឆេះ​ជះ​ពន្លឺ​ពេញ​ផ្ទៃមេឃ​រដ្ឋ​អាម៉េរិក

    បំណែក​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ឆេះ​ជះ​ពន្លឺ​ពេញ​ផ្ទៃមេឃ​រដ្ឋ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក) – បំណែក​របស់​ឧបករណ៍​ទូរគមនាគមន៍​ដែល​បាញ់​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ ផ្លាស់​ទី​ក្នុង​ល្បឿន​ជាង 27,000 គីឡូម៉ែត្រ/ម៉ោង បង្កើតបានជា​ខ្សែ​បន្ទាត់​ព​ន្លឺ​ ភ្លឺ​ពេញ​ផ្ទៃមេឃ​រដ្ឋ California កាលពី​សប្ដាហ៍​កន្លង។

    ខ្សែ​បន្ទាត់​ពន្លឺ​លើ​អាកាស​នាពេល​រាត្រី​របស់​​រដ្ឋ California កាលពី​ថ្ងៃទី 17 មីនា 2023 គឺជា​លទ្ធផល​នៃ​ការ​ត្រលប់​មកកាន់​បរិយាកាស​ផែនដី​របស់​បំណែក​សំរាម​អវកាស និង​បាន​ឆេះ​ពេល​កំពុង​ធ្លាក់​សំដៅ​ផែនដី។

    បំណែក​របស់​ឧបករណ៍​ទូរគមនាគមន៍​ត្រូវបាន​បាញ់​ចេញពី ISS កាលពី​ខែកុម្ភៈ 2020 និង​ហោះ​ក្នុង​ល្បឿន 27,358 គីឡូម៉ែត្រ/ម៉ោង នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​រូបវិទ្យា​តារាសាស្ត្រ Harvard – Smithsonian ។ គន្លង​គោចរ​របស់​វា​បានរួម​តូច​បន្តិចម្ដងៗក្នុង​រយៈពេល​ពីរ​ឆ្នាំ រហូតដល់​ធ្លាក់ចូល​ស្រទាប់​បរិយាកាស​ផែនដី ហើយក៏​បែក​ជា​បំណែក និង​ឆាបឆេះ។

     

    អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា នេះ​គឺជា​បំណែក​របស់​អង់​តែ​ន​ទូរគមនាគមន៍​ទម្ងន់ 318 គីឡូក្រាម មាន​ឈ្មោះថា Inter-orbit Communication System-Exposed Facility ដែល​ត្រូវបាន​បង្ហោះ​ដោយ​យានអវកាស Shuttle កាលពី​ឆ្នាំ 2009។ បំណែក​ទាំងនេះ​ធ្លាក់​មកលើ​ផែនដី​ដោយ​សេរី ព្រោះ​មិនមាន​ឧបករណ៍​បញ្ជា​ទិសដៅ។ ពេល​ធ្លា​ក់លើ​ផែនដី វា​នឹង​ប៉ះពាល់​ដល់​បរិស្ថាន ឬ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស បើ​សិន​ឆេះ​មិន​អស់​ពេល​កំពុង​ធ្លាក់។

    បច្ចុប្បន្ន នៅលើ​គន្លង​គោចរ​ជុំវិញ​ផែនដី មាន​បំណែក​ឧបករណ៍​វិទ្យាសាស្ត្រ​ជាច្រើន​កំពុង​ហោះ​ហើរ​បន្ទាប​ខ្លួន​ក្នុង​មាន​​តាំងពី​ដុំ​ដែល​តូច​ៗប៉ុន​ទូរស័ព្ទ​រហូតដល់​ប៉ុនយាន​អវកាស។ យោង​តាម​អ្នក​ជំនាញ បំណែក​ទាំង​នេះ​​​នឹង​​ធ្លាក់​មកលើ​ផែនដី​នៅ​ថ្ងៃ​អនាគត៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​គាំទ្រ​ដោយ Alibaba បញ្ចេញ minivan អគ្គិសនី​តម្លៃ​ទាប

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​គាំទ្រ​ដោយ Alibaba បញ្ចេញ minivan អគ្គិសនី​តម្លៃ​ទាប

    កាលពី​ថ្ងៃទី 16 មីនា Matrix Motors បានបង្ហាញ​កូន​ឡាន​ដឹកទំនិញ​ខ្នាតតូច​ប្រើ​អគ្គិសនី Matrix 01 ស៊េរី 2023។ Matrix ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2012 គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន និង​គាំទ្រ​ដោយ​ក្រុម​ហ៊ុន​ Alibaba។

    Matrix 01 ត្រូវបាន​រចនា​ឡើង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ក្នុង​ក្រុង។ Matrix 01 ​កំណែ​ឆ្នាំ 2023 មាន​​​បណ្ដោយ​​ 3,490 ម​ម, ទទឹង 1,465 ម​ម, កម្ពស់ 1,685 ម​ម។ រថយន្ត​នេះ​មាន​កៅអី​មួយ​ជួរ និង​ទ្រុង​ដាក់​ទំនិញ​មាន​ចំណុះ 2,300 លីត្រ។

    ថាមពល​របស់ Matrix 01 គឺ 15kW ដោយមាន​ថ្ម​ផ្ទុក​អគ្គិសនី​កម្លាំង 10.36 kWh និង​បើក​បរបាន 120 គីឡូម៉ែត្រ។ កំណែ​ដំបូង​របស់​រថយន្ត​នេះ​មាន​ជម្រើស «ធ្វើដំណើរ​បាន 220 គីឡូម៉ែត្រ» ដោយ​ប្រើប្រាស់​ថ្ម 20.72 kWh ប៉ុន្តែ ម៉ូ​ដែល​ឆ្នាំ 2023 មិនមាន​ផ្ដល់​ជម្រើស​មួយ​នេះ។

    ថ្ម​របស់ Matrix 01 អាច​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ​ដោយ​ចំណាយពេល​បួន​ម៉ោង ប៉ុន្តែ​កំណែ​ទាប​ជាង​នេះ ត្រូវការ​ពេល​រហូតដល់ 8 ម៉ោង។ តម្លៃ​របស់​កូន​ឡាន​ដឹកទំនិញ​ខ្នាតតូច​ប្រើ​អគ្គិសនី Matrix 01 ស៊េរី 2023 គឺ​ចាប់ពី 4,200 ដុល្លារ​អាម៉េរិក៕

  • គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន​បី​នៅ​កម្ពុជា ប្រើប្រាស់​ទុនវិនិយោគ​ស​រុ​ប​ជាង 16 លាន​ដុល្លារ​អាម៉េរិក

    គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន​បី​នៅ​កម្ពុជា ប្រើប្រាស់​ទុនវិនិយោគ​ស​រុ​ប​ជាង 16 លាន​ដុល្លារ​អាម៉េរិក

    ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នាពេលថ្មីៗនេះ​បានអនុម័ត​ចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី​ចំនួន​បី​ដែលមាន​ទុន​សរុប 16.2 លាន​ដុល្លារ​អាម៉េរិក ហើយ​គ្រោង​នឹង​បង្កើត​ការងារ​បាន​ជាង​បី​ពាន់​កន្លែង។

    យោងតាម​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន និង​គម្រោង​ថ្មី​ទាំងនេះ​រួមមាន៖

    ក្រុមហ៊ុន «DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង វាំងនន កន្សែង​តុ​បាយ និងផ្សេងៗទៀត​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 2 ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,741 កន្លែង។

    ក្រុមហ៊ុន «XIN YUAN CHENG FACTORY CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែក​ជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុន​វិនិយោគ​​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 318 កន្លែង។

    ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD» គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ទីពីរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 995 កន្លែង។

  • ស្រី​ស្អាត​វ័យ 24 ឆ្នាំ ក្លាយជា​បវរកញ្ញា​ឯ​កថៃ ​ប្រចាំឆ្នាំ 2023

    ស្រី​ស្អាត​វ័យ 24 ឆ្នាំ ក្លាយជា​បវរកញ្ញា​ឯ​កថៃ ​ប្រចាំឆ្នាំ 2023

    Chonnikarn Supittayaporn អាយុ 24 ឆ្នាំ បាន​យកឈ្នះ​លើ​បេក្ខភាព​ចំនួន 46 នាក់ មុននឹង​បានទទួល​មកុដ​បវរ​កញ្ញាឯក​ប្រចាំ​ប្រទេស​ថៃ ឆ្នាំ 2023។

    យោងតាម​ទំព័រ Pageant Circles បវរ​កញ្ញាឯក​ថ្មី​រូបនេះ​មាន​កម្ពស់ 1.7 ម៉ែត្រ និង​ទម្ងន់ 50 គីឡូក្រាម។ ស្រី​ស្អាត Chonnikarn Supittayaporn បានបញ្ចប់​ការសិក្សា​ផ្នែក​ឱសថ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ Chieng Mai។

    ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់ Chonnikarn Supittayaporn ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​ខ្ពស់​លើ​វិញ្ញាសា​ជាច្រើន​មានដូចជា សមត្ថភាព​ធ្វើ​បទ​បង្ហាញ និយាយ​ភាសា​អន្តរជាតិ និង​មាន​ភាពជឿជាក់​ជាដើម។ល។

    ស្រី​ស្អាត Chonnikarn Supittayaporn នឹង​ឡើងទៅ​ចូលរួម​ប្រកួត Miss World 2023 ដែល​នឹង​ធ្វើឡើង​នៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​នៅ​ចុង​ឆ្នាំនេះ។

    មុនពេល​ចូលរួម​ប្រកួត​ដណ្ដើម​តំណែង​បវរ​កញ្ញាឯក​ថៃ Chonnikarn Supittayaporn ធ្លាប់បាន​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​មួយចំនួន មាន​ជាអាទិ៍ Miss Chiang Mai និង Miss Mobile Thailand។

    ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ឯក​ថៃ​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ 1934 ក្នុងនោះ​មាន​បវរ​កញ្ញាឯក​ថៃ​មួយចំនួន​ធ្លាប់​ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ រួមមាន Apasara Hongsakula ដណ្ដើមបាន​មកុដ Miss Universe 1965, Porntip Nakhirunkanok ដណ្ដើមបាន​មកុដ Miss Universe 1988៕

  • ចំការ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ចំការ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    (ប្រទេស​ចិន) – ក្រោយពី​ការចាប់ផ្ដើម​ដំណើរការបាន​ជាង​មួយឆ្នាំ ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ Comai Trigu នៅ​ទី​បេ ដែល​ដំឡើង​នៅលើ​រយៈកម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ សម្រេចបាន​ជាង 100 គីឡូវ៉ាត់ម៉ោង (kWh) កាលពី​សប្ដាហ៍​កន្លង។

    ដោយសារ​ត្រូវបាន​ដំឡើង​នៅលើ​តំបន់​ដែលមាន​កម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹកសមុទ្រ Comai Trigu ​គឺជា​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ខ្ពស់​ជាងគេ​លើ​ពិភពលោក។

    ចំការ​អគ្គិសនី Comai Trigu ដែល​ស្ថិតនៅក្នុង​តំបន់​ស្វយ័ត​ទី​បេ​នេះ ចាប់ផ្ដើម​ផលិត​អគ្គិសនី​តាំងពី​ខែធ្នូ 2022 ហើយ​មកដល់ពេលនេះ​វា​ផលិត​អគ្គិសនី​បាន​លើសពី 100 លាន kWh លឿន​ជាង​ពីរ​ខែ​ធៀប​នឹង​ការរំពឹងទុក​កន្លងមក។ ប្រការនេះ​ស្មើនឹង​ការ​សន្សំសំចៃ​ធ្យូ​ង​ថ្ម​បាន 30,500 តោន និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន 83,200 តោន។

    ចំការ​អគ្គិសនី Comai Trigu ​​ត្រូវ​បាន​ដំឡើង​នៅលើ​រយៈកម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ

    ចំការ​អគ្គិសនី Comai Trigu ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន China Three Gorges Corporation។ វា​គឺជា​គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កណ្ដាល​របស់​ទី​បេ ដែលមាន​កម្លាំង​ទៅតាម​ការដំឡើង​ស្មើនឹង 22 MW (22.000 kW)។

    ទិន្នន័យ​បានបង្ហាញ​ថា អគ្គិសនី​ផលិត​ពី​កម្លាំង​ខ្យល់ និង​ពី​ថាមពលព្រះអាទិត្យ​នៅ​ទូទាំងប្រទេស​ចិន​នាបច្ចុប្បន្ន​មាន​កម្លាំង​ផលិត​សរុប​ច្រើនជាង 700 លាន kW ក្នុងនោះ​មាន 120 លាន kW ទើបតែ​ត្រូវបាន​បន្ថែម​កាលពី​ឆ្នាំមុន៕

  • រឿង​ទិញ​ដូរ​កីឡាករ​បាល់ទាត់​ថ្ងៃទី 20 មីនា៖ Messi ចង់​ត្រលប់​ទៅកាន់ Barcelona

    រឿង​ទិញ​ដូរ​កីឡាករ​បាល់ទាត់​ថ្ងៃទី 20 មីនា៖ Messi ចង់​ត្រលប់​ទៅកាន់ Barcelona

    ក្លឹប​អនាគត​របស់ Messi ជិត​បង្ហាញខ្លួន ឬ Real Madrid ត្រៀម​ទិញ Harry Kane គឺជា​ព័ត៌មាន​ស្ដីពី «រឿង​ទិញ​​ដូរ​កីឡាករ​បាល់ទាត់» ដែល​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ថ្ងៃទី 20 មីនា​នេះ។

    Lionel Messi ចង់​ត្រលប់​ទៅកាន់ Barcelona

    យោងតាម​អ្នកយកព័ត៌មាន Joan Fontes កំពូល​កីឡាករ Messi បានទទួល​ការហៅ​ទូរស័ព្ទ​សុំទោស​ពី​ប្រធាន​ក្លឹប Barcelona Joan Laporta។ ប្រការនេះ​ធ្វើឱ្យ M10 ពេញចិត្ត និង​កំពុង​ពិចារណា​លើ​ការ​ត្រលប់​ទៅកាន់​ក្លឹប​ចាស់​មួយ​នេះ។

    ការណ៍​ដែលថា Messi ចង់​ត្រលប់​ទៅកាន់​កីឡដ្ឋាន Camp Nou ​គឺជា​អាទិភាព​សម្រាប់​អនាគត​របស់គាត់។ នេះ​មិនទាន់​និយាយ​ដល់​រឿង​ភរិយា និងកូនៗរបស់​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក៏​កំពុង​ត្រេកអរ​នឹង​ការ​ត្រលប់​ទៅ​រស់នៅក្នុង​តំបន់ Catalunya (អេ​ស្ប៉ា​ញ)។

    Real Madrid កំពុង​តាម «ប្រមាញ់» Harry Kane

    បើទោះជា​មានការ​សម្រេច​ចិត្ត​ពន្យារ​សុពលភាព​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ Karim Benzema រហូតដល់​រដូវក្ដៅ​ឆ្នាំ 2024 ក្លឹប​ Real Madrid ត្រូវបាន​គេ​ជឿថា នៅតែ​យកចិត្តទុកដាក់​ទៅលើ​កីឡាករជនជាតិអង់គ្លេស Harry Kane របស់​ក្លឹប Tottenham (អង់គ្លេស) ដោយ​បំណង​ទិញ​យកមក​ជំនួយ​ស Karim Benzema។

    Harry Kane

    បច្ចុប្បន្ន Los Blancos (Real Madrid) នៅតែ​មិនទាន់​ធ្វើ​ការស្នើ​ទៅកាន់ Kane ឬ Spurs (Tottenham) ព្រោះថា ពួកគេ​កំពុង​រង់ចាំ​មើលថា តើ​ខ្សែប្រយុទ្ធ​ជនជាតិ​អង់គ្លេសខាងលើ​ ​ចង់​ចាកចេញ​នៅ​ចុងរដូវ​កាល ឬ​អត់។

    PSG សម្លឹងមើល Khvicha Kvaratskhelia

    យោងតាម Carriere dello Sport ក្លឹប PSG កំពុង​ត្រៀម​ចំណាយ 159 លាន​ផោន​ដើម្បី​ទិញ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Napoli គឺ​កីឡាករ Kvaratskhelia។ កិច្ច​ព្រម​ពៀង​បច្ចុប្បន្ន​របស់​កីឡាករ​នេះ​មាន​សុពលភាព​រហូតដល់​ឆ្នាំ 2027 ប៉ុន្តែ​គាត់​រកបាន​តែ 26,000 ផោន​ប៉ុ​ណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។

    Khvicha Kvaratskhelia

    គ្រូបង្វឹក Jurgen Klopp «បើកភ្លើង​ខៀវ» ​ឱ្យ​កីឡា​ករបី​រូប​ចាក​ចេញពី Liverpool

    គ្រូបង្វឹក Jurgen Klopp

    អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់ Jurgen Klopp កំពុងតែ​មានបំណង​ស្ដារ​ខ្សែ​កណ្ដាល​របស់ខ្លួន​​ឡើង​វិញ ដោយ​ការអនុញ្ញាតឱ្យ​កីឡា​ករបី​រូប​ចាកចេញ​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ កីឡាករ​ទាំងនេះ​រួមមាន Naby Keita, Alex Oxlade-Chamberlain និង Arthur Melo៕