Author: សឿន សំណាង

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast ជិត​ពីរពាន់​គ្រឿង​ទៅកាន់​អាម៉េរិក​ខាងជើង

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast ជិត​ពីរពាន់​គ្រឿង​ទៅកាន់​អាម៉េរិក​ខាងជើង

    VinFast ប្រកាសថា បាន​នាំចេញ​រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF 8 លើក​ទី​ពីរ​ចំនួន 1,879 គ្រឿង​ទៅកាន់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កាលពី​យប់​ម្សិលមិញ។

    កប៉ាល់ Silver Queen ដែល​ដឹក​រថយន្ត​អគ្គិសនី VinFast VF 8 ចំនួន 1,879 គ្រឿង កាលពី​យប់​ថ្ងៃទី 16 មេសា បាន​ចាក​ចេញពី​កំពង់ផែ MPC Port ដើម្បី​ទៅកាន់​អាម៉េរិក​ខាងជើង។ តាម​គម្រោង ក្រោយ​ការធ្វើដំណើរ​ជាង 20 ថ្ងៃ កប៉ាល់​នេះ​នឹង​ចូល​ចត​នៅ​កំពង់ផែ Benicia (សហរដ្ឋ​អាម៉េរិក) ដើម្បី​ប្រគល់​រថយន្ត 1,098 គ្រឿង​សម្រាប់​ទីផ្សារ​អាម៉េរិក​នៅក្នុង​ខែឧសភា ហើយ​បន្ត​ដឹក 781 គ្រឿង​ទៀត​ទៅកាន់​កាណាដា ដែល​គ្រោង​នឹង​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខែមិថុនា​ឆ្នាំ 2023។

    នេះ​គឺជា​ជើង​ទី​ពីរ​ដែល​រថយន្ត​អគ្គិសនី VinFast VF 8 របស់​ក្រុមហ៊ុន​វៀតណាម​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាម៉េរិក​ខាងជើង។ ចំពោះ​ទីផ្សារ​អឺរ៉ុប VinFast នឹង​នាំចេញ​ជើង​ដំបូង​នៅ​ពាក់កណ្ដាល​ខែកក្កដា 2023 ក្នុង​បរិមាណ​ប្រហែល 700 គ្រឿង។

    បច្ចុប្បន្ន ក្រៅពី​ទីផ្សារ​វៀតណាម VinFast ក៏បាន​បើកហាង និង​រោង​បម្រើសេវា​កម្ម​ចំនួន​ជាង 30 នៅ​សហរដ្ឋ​អាម៉េរិក កាណាដា អាល្លឺម៉ង់ បារាំង ហូ​ឡង់ ដើម្បី​ត្រៀម​សម្រាប់​ការលក់​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម។

  • អាម៉េរិក​វាយឆ្មក់​លើ​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់ ISIS នៅ​ប្រទេស​ស៊ី​រី

    អាម៉េរិក​វាយឆ្មក់​លើ​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់ ISIS នៅ​ប្រទេស​ស៊ី​រី

    សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា កងកម្លាំង​របស់ខ្លួន​បានធ្វើការ​វាយឆ្មក់​ដោយ​ឧ​ត្ថ​ម្ភា​គ​ចក្រ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី ហើយ​ទំនងជា​បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​មួយរូប​របស់ ISIS។

    «កងកម្លាំង​នៃ​ទីបញ្ជាការកណ្ដាល​​កងទ័ព​អាម៉េរិក (CENTCOM) ធ្វើការ​វាយឆ្មក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី 17 មេសា សំដៅលើ​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (ISIS) និង​ជា​អ្នក​រៀប​ផែនការ​សម្រាប់​ការវាយប្រហារ​ភេរវកម្ម​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប» CENTCOM ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

    CENTCOM មិន​បញ្ជាក់​ព័ត៌មាន​លំអិត​ស្ដីពី​អត្តសញ្ញាណ​របស់​មេដឹកនាំ ISIS នៅ​ក្នុងការ​វាយឆ្មក់ និង​មូល​ហេតុដែល​ពួកគេ​មិនទាន់​អាច​បញ្ជាក់បាន​ថាជននេះ​បាន​ស្លាប់ ឬ​នៅ។ កងកម្លាំង​ពិសេស​អាម៉េរិក​តែងតែ​បញ្ជាក់​អត្តសញ្ញាណ​គោលដៅ​ដោយ​ការយក​ស្នាម​ក្រយៅដៃ ឬ​វិភាគ DNA នៅក្នុង​ករណី​មាន​អំណោយផល​ល្អ។

    យោងតាម CENTCOM អាម៉េរិក​បាន​រៀប​ផែនការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានាថា យុទ្ធនាការ​វាយឆ្មក់​របស់ខ្លួន​ទទួលបាន​ជោគជ័យ។ នៅ​ក្នុងការ​វាយឆ្មក់​លើក​នេះ ពុំមាន​ទាហាន​អាម៉េរិក ឬ​ពលរដ្ឋ​ស៊ីវិល​រងរបួស ហើយក៏​ពុំមាន​ឧ​ត្ថ​ម្ភា​គ​ចក្រ​ណាមួយ​របស់​អាម៉េរិក​បាន​រង​ការខូចខាត។

    «បើ​ទោះ​បាន​ចុះខ្សោយ ប៉ុន្តែ ISIS នៅតែ​ធ្វើ​សកម្មភាព​ក្នុង​តំបន់ ដោយ​ពួកគេ​ចង់វាយ​ប្រហារ​ចេញ​ផុត​ពី​មជ្ឈិមបូព៌ា។ យើង​នឹង​បន្តធ្វើ​យុទ្ធនា​ការមិន​ឈប់ឈរ​សំដៅលើ ISIS» ឧត្ដមសេនីយ៍ Michael Kurilla មេបញ្ជាការ​របស់ CENTCOM ឱ្យដឹង​ដូច្នេះ។

    ចំណែក​អ្នកនាំពាក្យ​របស់ CENTCOM ក៏បាន​និយាយថា ការ​វាយឆ្មក់​នេះ​បញ្ជាក់​ជាថ្មី​នូវ​ការសន្យា​របស់​សហរដ្ឋ​អាម៉េរិក​ជាមួយនឹង​តំបន់ ក៏ដូចជា​ធានា​លើ​ការ​ផ្ដួល ISIS។

    ISIS បាន​បាត់បង់​ទឹកដី​មួយ​ភាគ​ធំ​ដែល​ធ្លាប់​គ្រប់គ្រង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ក្រោយពី​អំណាច​របស់​ពួកគេ​បាន​ឡើងដល់​កំពូល​នៅ​មជ្ឈិមបូព៌ា​កាលពី​ឆ្នាំ 2014 និង​បាន​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​សមុទ្រ​ខ្សាច់​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពីដើមឆ្នាំ 2019។ មនុស្ស​ជាច្រើន​នៅតែ​ជឿថា ISIS អាច​នឹង​ងើប​ឡើងវិញ។

    កាលពី​ខែកុម្ភៈ 2023 របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ISIS មាន​សមាជិក និង​អ្នកគាំទ្រ​ប្រហែល​ពី 5,000 ទៅ 7,000 នាក់ នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​ពាក់កណ្ដាល​ក្នុងចំណោម​នោះ​គឺជា​ខ្មាន់កាំភ្លើង។

    នៅ​ចុងឆ្នាំ​កន្លង ISIS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជា​មេ​បញ្ជាក់​កំពូល ក្រោយពី​មេដឹកនាំ​របស់​ពួកគេ​ត្រូវបាន​សម្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី៕

  • Ronaldo រងរបួស នាំឱ្យ​ឥណ្ឌូណេស៊ី​ចួប​បញ្ហា​ធំ​នៅ​​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម

    Ronaldo រងរបួស នាំឱ្យ​ឥណ្ឌូណេស៊ី​ចួប​បញ្ហា​ធំ​នៅ​​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម

    ខ្សែប្រយុទ្ធ Ronaldo Kwateh រងរបួស ​ធ្វើឱ្យ​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​ឥណ្ឌូណេស៊ី ​ប្រឈម​នឹង​ការ​ខូចប្រយោជន៍​ធំ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ព្រលប់​ថ្ងៃទី 16 មេសា U-22 ឥណ្ឌូណេស៊ី​មានការ​ប្រកួត​មិត្តភាព​ជើង​ទី​ពីរ​ជាមួយនឹង​ក្រុម U-22 លី​បង់ នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (ស៊ីហ្គេម​លើក​ទី 32)​។ ជា​លទ្ធផល ក្រុមបាល់ទាត់​របស់​ដែនដី​សម្បូរ​កោះ​សងសឹក​បាន​ជោគជ័យ​បន្ទាប់ពី Putra Beckham ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់ នាំឱ្យ​ឥណ្ឌូណេស៊ី​ឈ្នះ 1-0។

    ក៏ប៉ុន្តែ កូនសិស្ស និង​គ្រូបង្វឹក Indra Sjafri របស់​ឥណ្ឌូណេស៊ី បានទទួល​ដំណឹង​អាក្រក់​មួយ​ស្ដីពី​ស្ថានភាព​របួស​របស់​ខ្សែប្រយុទ្ធ​សំខាន់ Ronaldo Kwateh។ U-22 ឥណ្ឌូណេស៊ី​មាន​ហានិភ័យ​បាត់បង់​កំពូល​ថ្វី​ជើង​កើត​ឆ្នាំ 2004 រូបនេះ​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    Ronaldo Kwateh បាន​រងរបួស​នៅ​នាទី​ទី 35 ក្នុង​គ្រា​ឥណ្ឌូណេស៊ី​កំពុង​ប្រកួត​ជាមួយ​លី​បង់។ កំពូល​ថ្វី​ជើង​រូបនេះ​បាន​ប៉ះទង្គិច​នឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ពេល​កំពុង​ប្រឹង​សង្គ្រោះ​បាល់។ Ronaldo Kwateh ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​លើកដាក់​លើ​ហ្វ្រ​ង់​កា នាំ​ចេញទៅ​ព្យាបាល។ ករណី​របួស​របស់ ​Ronaldo Kwateh ធ្វើឱ្យ​គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី​ព្រួយបារម្ភ​ខ្លាំង ព្រោះថា ស៊ី​ហ្គេម​នៅ​កម្ពុជា​ជិត​ចូលមក​ដល់​ហើយ។

    Putra Beckham (ខាងមុខគេ​បង្អស់)

    «ខ្ញុំ​បាន​ចួប Ronaldo។ ប៉ុន្តែ ខ្ញុំ​មិនទាន់​បានទទួល​របាយ​ការណ៍​លំអិត​ស្ដីពី​ស្ថានភាព​របស់គាត់។ សង្ឃឹមថា​គ្រប់យ៉ាង​មិន​គួរឱ្យ​បារម្ភ​ពេក​ទេ» គ្រូបង្វឹក Indra Sjafri និយាយ​ដូច្នេះ និង​បន្ថែមថា ស្ថានភាព​របួស​របស់ Ronaldo អាច​ត្រូវបាន​បញ្ជា​ក់នៅ​ល្ងាច​ថ្ងៃទី 17 មេសា​នេះ។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រុម​ U-22 ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ហ្វ៊ី​លី​ពី​ន មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត។ តាម​គម្រោង U-22 ឥណ្ឌូណេស៊ី​នឹងធ្វើ​ដំណើរ​មកកាន់​កម្ពុ​ជា​នៅ​ថ្ងៃទី 26 មេសា បី​ថ្ងៃមុន​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​ហ្វ៊ី​លី​ពី​ន៕

  • ទាហាន​អ៊ីរ៉ង់​ដប់​នាក់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​នសម្លាប់​មនុស្ស​ 176 នាក់​ ត្រូវបាន​កាត់ទោស

    ទាហាន​អ៊ីរ៉ង់​ដប់​នាក់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​នសម្លាប់​មនុស្ស​ 176 នាក់​ ត្រូវបាន​កាត់ទោស

    តុលាការ​អ៊ីរ៉ង់ បាន​កាត់ទោស​សមាជិក​ដប់​នាក់​របស់​កងកម្លាំងប្រដាប់អាវុធ​ដែល​ទាក់ទិន​នឹង​ករណី​បាញ់​ច្រឡំ​យន្តហោះ​ពាណិជ្ជកម្ម​ដឹក​មនុស្ស 176 នាក់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ 2020។

    គេហទំព័រ​របស់​ស្ថាប័ន​យុត្តិធម៌​អ៊ីរ៉ង់ Iran Mizan កាលពី​ថ្ងៃទី 16 មេសា បាន​រាយការណ៍​ថា មេបញ្ជាការ​ម្នាក់​របស់​កងទ័ព​ប្រទេស​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ដប់ឆ្នាំ ព្រោះតែ​បាន​ប្រព្រឹត្ត​ខុស​បទបញ្ជា ដោយសារ​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ដោយ​មិន​មាន​​ការអនុញ្ញាត នាំឱ្យមាន​ករណី​បាញ់​ច្រឡំ​យន្តហោះ​ដឹក​អ្នកដំណើរ 176 នាក់​របស់​អ៊ុយ​ក្រែ​ន កាលពី​ខែមករា 2020។ ទាហាន 9 នាក់​ផ្សេងទៀត​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចាប់​ពីមួយ​ដល់​បី​ឆ្នាំ។

    ជើងហោះហើរ​លេខ PS752 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន (UIA) បាន​ធ្លាក់​បន្ទាប់ពី​​ហោះ​ឡើង​បាន​ពីរ​នាទី​ពី​ព្រលានយន្តហោះ​អន្តរជាតិ Imam Khomeini នៅ​អ៊ីរ៉ាក់ នា​ព្រឹក​ថ្ងៃទី 08 មករា 2020 ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ទីក្រុង​តេ​ហេ​រ៉ង់​វាយប្រហារ​ដោយ​រ៉ុក្កែត​ទៅលើ​មូលដ្ឋានទ័ព​ដែលមាន​វត្តមាន​របស់​កងកម្លាំង​អាម៉េរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​សងសឹក​ទៅនឹង​ការធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani។

    បី​ថ្ងៃក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន អាជ្ញាធរ​អ៊ីរ៉ង់​ប្រកាស​ទទួលស្គាល់ថា បាន​បាញ់​ច្រឡំ ដោយសារតែ​គិតថា យន្តហោះ​អ៊ុយ​ក្រែ​ន​គឺជា​មី​ស៊ី​ល​របស់​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ទាំង 176 នាក់​នៅលើ​យន្តហោះ​នោះ​ បាត់បង់​ជីវិត។

    ខែវិច្ឆិកា 2021 អ៊ីរ៉ង់​ប្រកាស​បើកសវនាការ​នៅ​តេ​ហេ​រ៉ង់ ដើម្បី​កាត់ទោស​ទាហាន​ដប់​នាក់។ ខែមករា 2022 អ៊ីរ៉ង់​ប្រកាស​ចាប់ផ្ដើម​សង​សំណង 150,000 ដុល្លារ​អាម៉េរិក​ដល់​គ្រួសារ​ជនរងគ្រោះ។

    ក្រុម​ប្រទេស​ដែល​ដឹកនាំ​ដោយ​កាណាដា កំពុង​នាំយក​ករណី​បាញ់​ទម្លាក់​យន្តហោះ​ខាងលើ​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ចំណែក​សមាគម​គ្រួសារ​ជនរងគ្រោះ កាលពី​ថ្ងៃទី 16 មេសា​ក៏បាន​រម្លឹក​ឡើងវិញ​នូវ​ប្រកាស​ដែលថា គួរតែ​នាំយក​រឿងក្ដី​នេះ​ឡើង​តុលាការអន្តរជាតិ៕

  • ភាពយន្ត​ស្ដីពី Mario រកប្រាក់​ចំណូលបាន​ជាង 500 លាន​ដុល្លារ ក្រោយ​ចាក់​បញ្ចាំង​រយៈ​ពេល​ខ្លី

    ភាពយន្ត​ស្ដីពី Mario រកប្រាក់​ចំណូលបាន​ជាង 500 លាន​ដុល្លារ ក្រោយ​ចាក់​បញ្ចាំង​រយៈ​ពេល​ខ្លី

    កំពូល​ខ្សែភាពយន្ត​គំនូរ​ជីវ​ច​ល «The Super Mario Bros. Movie» ទទួលបាន​សមិទ្ធផល​ល្អ​នៅឯ​បញ្ជរ​លក់​សំបុត្រ នៅពេល​រកចំណូលបាន​ជាង 508.7 លាន​ដុល្លារ​អាម៉េរិក ក្រោយ​ការ​បញ្ចាំង​បាន​ជាង​មួយ​សប្ដាហ៍។

    មុននេះ​ពីរ​ថ្ងៃ «The Super Mario Bros. Movie» រកប្រាក់​ចំណូល​បាន 260.3 លាន​ដុល្លារ​អាម៉េរិក​នៅ​អាម៉េរិក​ខាងជើង និង 248.4 លាន​ដុល្លារ​នៅតាម​បណ្ដា​ប្រទេស និង​ដែនដី​ផ្សេងទៀត។ សមិទ្ធផល​នេះ​បាន​ជួយ​ឱ្យ «Super Mario Bros. Movie» បំបែក​កំណត់ត្រា​ស្ដីពី​ខ្សែភាពយន្ត​​បំប្លែង​ពី​ហ្គេម​អេឡិចត្រូនិក​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​នៅ​គ្រប់​សម័យកាល ដោយបាន «ផ្ដួល» Warcraft (439 លាន​ដុល្លារ) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ 2016។ ភាពយន្ត​នេះ​ក៏បាន​យកឈ្នះ​លើ «Ant-Man and the Wasp: Quantumania» ក្លាយជា​អ្នក​នាំមុខគេ​នៅ​បញ្ជរ​លក់​សំបុត្រ​នៅ​ទូទាំង​សកលលោក គិត​ចាប់ពី​ដើមឆ្នាំ​នេះ។

    «Super Mario Bros. Movie» ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Nintendo សហការ​ជាមួយ Illumination និង Universal។ Shigeru Miyamoto ដែលជា​ស្ថាបនិក​របស់​បណ្ដា​ហ្គេម Super Mario Bros ក៏​ចូលរួម​ផលិតភាព​យន្ត​ខាងលើ។ ចំណែក Aaron Horvath និង Michael Jelenic ដែលជា​អ្នក​នៅ​ពីក្រោយ​ភាព​ជោ​ជ័យ​របស់ «Teen Titans Go!» គឺជា​អ្នក​ដឹក​រឿង។ «Super Mario Bros. Movie» ត្រូវបាន​និពន្ធ​ដោយ Matthew Fogel។

    ខ្លឹមសារ​នៃ​សាច់រឿង «Super Mario Bros. Movie» និយាយ​ពី​បងប្អូន Mario និង Luigi ដែល​ជួបប្រទះ​ការលំបាក​នៅពេល​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ជួសជុល​ទូ​យោ​ទឹក​នៅ Brooklyn (សហរដ្ឋ​អាម៉េរិក)។ ថ្ងៃមួយ ពេល​កំពុង​រក​វិធី​ជួសជុល​លូទឹក​ក្រោម​ដី​របស់​ទីក្រុង ពួកគេ​ក៏ត្រូវ​ស្រូប​ចូលទៅក្នុង​បំពង់​អាថ៌កំបាំង នាំទៅ​កាន់​ទឹកដី​ចម្លែក​មួយ។ Mario វង្វេង​ទៅដល់​រាជាណាចក្រ​ផ្សិត ជាទី​ដែល​គាត់​បាន​ជួប​មិត្ត​ថ្មី Toad និង​ព្រះ​នាង Peach។ ចំណែក Luigi ត្រូវ​នាំទៅដល់​តំបន់​ងងឹត ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ស្ដេច​បី​សាច​​អណ្ដើ​ត Bowser។ Mario ក៏​សហការ​ជាមួយ​ព្រះ​នាង Peach ដើម្បី​ស្វែងរក​វិធី​ប្រឆាំងនឹង​សត្រូវ និង​រំដោះ​ប្អូនប្រុស។

    តួអង្គសំខាន់ៗរបស់រឿង «Super Mario Bros. Movie»

    ភាពយន្ត​គំនូរ​ជី​វច​ល​នេះ​ប្រើប្រាស់​ទុន 100 លាន​ដុល្លារ​អាម៉េរិក។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ខ្ទង់​ប្រាក់​នេះ​គឺ​សមស្រប។ បណ្ដា​ផលិតកម្ម​មានដូចជា Pixar និង Disney ជាដើម តែង​ចំណាយ​ច្រើនជាង​នេះ​ទ្វេដង​សម្រាប់​គម្រោង​ដូច​ទៅនឹង​ប្រភេទ​ភាពយន្ត​របស់ «Super Mario Bros. Movie» ។

    «Super Mario Bros. Movie» ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Nintendo សហការ​ជាមួយ Illumination និង Universal

    «Super Mario Bros. Movie» គឺជា​ភាពយន្ត​គំនូរ​ជីវ​ច​ល​ដែលមាន​ការគាំទ្រ​ច្រើនជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក នៅ​ឯ​បញ្ជរ​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​រោង​កុន គិត​ចាប់ពី​ឆ្នាំ 2019 ដោយ​យកឈ្នះ​លើ «Demon Slayer the Movie: Mugen Train (494 លាន​ដុល្លារ​អាម៉េរិក) និង​ឈរ​ពីក្រោយ «Minions: The Rise of Gru» របស់ Illumination (942.5 លាន​ដុល្លារ)។ ក្រុមអ្នកវិភាគ​និយាយថា  «Super Mario Bros. Movie» ប្រាកដជា​នឹងមាន​វគ្គ​ពីរ៕

  • ក្រុមបាល់ទាត់ U-22 ឥណ្ឌូណេស៊ី ស្ដារ​​កិត្តិយស​​ឡើង​វិញនៅ​​មុន​ស៊ី​ហ្គេម​នៅ​កម្ពុជា

    ក្រុមបាល់ទាត់ U-22 ឥណ្ឌូណេស៊ី ស្ដារ​​កិត្តិយស​​ឡើង​វិញនៅ​​មុន​ស៊ី​ហ្គេម​នៅ​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​ឥណ្ឌូណេស៊ី (U-22 ឥណ្ឌូណេស៊ី) ដណ្ដើមបាន​ជ័យជម្នះ​លើ U-22 លី​បង់ ក្រោយពី​បាន​ចាញ់​កាលពី​ថ្ងៃទី 13 មេសា 2023។

    ព្រលប់​ថ្ងៃទី 16 មេសា U-22 ឥណ្ឌូណេស៊ី មានការ​ប្រកួត​មិត្ត​ភាពជា​លើក​ទី​ពីរ​ជាមួយនឹង​ក្រុម​លី​បង់។ ក្នុងការ​ប្រកួត​លើកទីមួយ U-22 ឥណ្ឌូណេស៊ី​បានទទួល​បរាជ័យ​ក្នុង​លទ្ធផល 1-2។ ក៏ប៉ុន្តែ ក្នុងការ​ប្រកួត​លើក​ទី​ពីរ​នេះ កូនសិស្ស និង​គ្រូបង្វឹក Indra Sjafri របស់​ឥណ្ឌូណេស៊ី ដណ្ដើមបាន​ជ័យជម្នះ 1-0។

    U-22 ឥណ្ឌូណេស៊ី​ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា, មី​យ៉ាន់​ម៉ា, ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​នឹង​បើកឆាក​ប្រកួត​ជាមួយ U-22 ហ្វ៊ី​លី​ពី​ន​នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 29 មេសា ឆ្នាំ 2023។

  • ស្ថានីយ​អវកាស​ចិន​កែច្នៃ​អុកស៊ីសែន​ឡើងវិញ​បាន 100%

    ស្ថានីយ​អវកាស​ចិន​កែច្នៃ​អុកស៊ីសែន​ឡើងវិញ​បាន 100%

    ស្ថានីយ​អវកាស​ចិន Tiangong ដែល​បច្ចុប្បន្ន​ជា​កន្លែងធ្វើការ​របស់​ក្រុម​អវកាស​ចរនៃ​យានអវកាស Shenzhou 15 អាច​កែច្នៃ​ប្រភព​ផ្គត់ផ្គង់​អុកស៊ីសែន​បាន 100% តាមរយៈ​ប្រព័ន្ធ​របស់​ស្ថានីយ​នេះ។

    ព័ត៌មាន​ថ្មី​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុង​សន្និសីទ​បច្ចេកវិទ្យា​ចក្រវាល​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 15 មេសា។

    ជា​បច្ចេកវិទ្យា​សំខាន់​សម្រាប់​បេសកកម្ម​អវកាស​មាន​មនុស្ស​របស់​ចិន ប្រព័ន្ធ​កែច្នៃ​អុកស៊ីសែន​ឡើងវិញ​នេះ​គាំទ្រ​ដល់​ភាវរស់ និង​គ្រប់គ្រង​បរិស្ថាន បង្កើតបានជា​លក្ខខណ្ឌ​​អំណោយ​ផល​ជា​មូលដ្ឋាន​សម្រាប់​ជីវិត ទន្ទឹមនឹង​ការកសាង​បរិស្ថាន​ធ្វើការ​ដែល​គួរឱ្យ​ចង់​រស់នៅ​សម្រាប់​អ្នក​អវកាស ដោយវា​​ធានាបាន​នូវ​សុវត្ថិភាព និង​សុខភាព។

    ប្រព័ន្ធ​ថ្មី​ខាងលើនេះ​រួមមាន ប្រព័ន្ធតូចៗចំនួន 6 ដែលមាន​តួនាទី ៖ ផលិត​អុកស៊ីសែន​ដោយ​ការ​បំបែក​ទឹក​ទៅជា​អុកស៊ីសែន និង​អ៊ីដ្រូសែន, បំបាត់​កាបូន និង​ឧស្ម័ន​ពុល, សម្អាត​ទឹកនោម, សម្អាត​ទឹក, ផលិត​ទឹក​ដោយ​ប្រើប្រាស់ CO2 និង​អ៊ីដ្រូសែន។

    មេបញ្ជាការ​របស់​ក្រុម​ហោះហើរ​នៃ​យានអវកាស Shenzhou 15 លោក Fei Junlong និយាយថា លោក​មាន​មោទកភាព​នៅពេល​បានឃើញ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​គាំទ្រ​ដល់​ភាវរស់​របស់​ប្រព័ន្ធ​កែច្នៃ​អុកស៊ីសែន។ លោក Fei Junlong បន្ថែមថា មាន​អារម្មណ៍ល្អ​នៅពេល​ធ្វើការ និង​រស់​នៅលើ​ស្ថានីយ​អវកាស​បាន​ជាង 100 ថ្ងៃ៕

  • U-22 របស់​មី​យ៉ាន់​ម៉ា ឈ្នះ​ក្រុម​ថៃ​នៅមុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

    U-22 របស់​មី​យ៉ាន់​ម៉ា ឈ្នះ​ក្រុម​ថៃ​នៅមុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 មី​យ៉ាន់​ម៉ា ដណ្ដើមបាន​ជ័យជម្នះ​លើ Bangkok FC (ថៃ) នៅក្នុង​ដំណើរ​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

    ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម ថ្មីៗនេះ ក្រុម U-22 មី​យ៉ាន់​ម៉ា មានដំណើរ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ ក្នុង​ដំណើរនេះ ក្រុម​របស់​មី​យ៉ាន់​ម៉ា​ក៏បាន​ទាត់​មិត្តភាព​ជាមួយនឹង​ក្រុម​ថៃ គឺ Bangkok FC។ នៅទីនេះ មី​យ៉ាន់​ម៉ា​បានឈ្នះ 1-0 លើ​គូប្រកួត។ ជ័យជម្នះ​មួយគ្រា​ប់រប​ស់មី​យ៉ាន់​ម៉ា​ត្រូវបាន​បង្កើតឡើង​ក្នុង​នាទី​ទី 40 ។

    ក្រៅពី​ការប្រកួត​ខា​ង​លើ U-22 របស់​មី​យ៉ាន់​ម៉ា​នឹងមាន​ការប្រកួត​មួយចំនួនទៀត មុនពេល​ឈានចូល​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា។

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ​កម្ពុជា ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ។ នេះ​គឺជា​ពូ​ល​ដែល​ត្រូវបាន​គេ​ជឿថា «ស្រណុក​ជាង» បើ​ធៀ​ត​នឹង​ពូ​ល B ដែល​សម្បូរ​ក្រុម​ជើង​ខ្លាំង រួម​​មាន ថៃ វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី និង​ឡាវ។

    U-22 មីយ៉ាន់ម៉ា

    នៅ​ស៊ីហ្គេម​លើក​ទី 32 នេះ គូប្រជែង​ធំ​បំផុត​ដែល​មី​យ៉ាន់​ម៉ា​ត្រូវ​ប្រឈមមុខ​ នោះ​គឺ U-22 របស់​កម្ពុជា និង ​U-22 របស់​ឥណ្ឌូណេស៊ី។

  • សកម្មភាព​ក្រៅ​ឆាក​របស់​ខ្សែ​ភាពយន្ត​រឿង «ប៉ាវ​ចិន» ឆ្នាំ 1993

    សកម្មភាព​ក្រៅ​ឆាក​របស់​ខ្សែ​ភាពយន្ត​រឿង «ប៉ាវ​ចិន» ឆ្នាំ 1993

    ខ្សែភាពយន្ត​រឿង «ប៉ាវ​ចិន» ឬ «តុលាការ​មុខ​ដែក» ដើមឡើយ​ត្រូវ​បានគ្រោង​ថត​តែ​ដប់​ភាគ ប៉ុន្តែ​ចុងក្រោយ​ក៏បាន​ថត​រហូតដល់ 236 ភាគ ក្នុង​មួយឆ្នាំ។

    ឆ្នាំនេះ ខ្សែភាពយន្ត​ខាងលើ​មាន​អាយុ​គម្រប់ 30 ឆ្នាំ។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Kenny Ho (សម្ដែង​ជា​តួអង្គ ចាន់​ចៅ) បានឱ្យដឹងថា ក្នុង​រយៈពេល​កន្លង មាន​ប្រការ​មួយ​ដែល​មិន​ប្ដូរផ្លាស់ នោះ​គឺ​មនោសញ្ចេតនា ការរួម​សុខទុក្ខ​រវាង​គាត់ និង​មិត្ត​រួមការ​ងារ Jin Chao Qun (ប៉ាវ​ចិន) និង Fan Hong Xuan (តួ កុង​ស៊ុន)។ រាមច្បង​ទាំងពីរ​បាន​ចូលនិវត្តន៍ ខណៈដែល Kenny Ho បើកហាង​លក់​អាហារ​នៅ Guangdong ប្រទេស​ចិន។ Kenny Ho បង្ហើប​ឱ្យដឹងថា បាន​អញ្ជើញ Jin Chao Qun និង Fan Hong Xuan មកលេង​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។

    ភាពយន្ត​រឿង «តុលាការ​មុខ​ដែក» ថត​នៅ​កោះ​តៃវ៉ាន់​ចាប់ពី​ខែកុម្ភៈ 1993 និង​បញ្ចប់​នៅក្នុង​ខែមករា 1994 ដោយ​ផលិតករ Chao Ta-shen។ យោងតាម Yahoo ភាពយន្ត​នេះ ដំបូង​ឡើយ​គ្រោង​នឹង​ថត​តែ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ដោយសារ​មានការ​គាំទ្រ​ច្រើន​លើសលុប ផលិតករ​ក៏​សម្រេចចិត្ត​ថត 236 ភាគ ដោយ​ប្រើពេល​មួយឆ្នាំ​កន្លះ។

    នៅលើ​ទូរទស្សន៍ CTS របស់​តៃវ៉ាន់ Chao Ta-shen ធ្លាប់​និយាយថា មូលហេតុ​សំខាន់​ដែល​បាន​ជួយ​ឱ្យ​ភាពយន្ត​នេះ​ជោគជ័យ​គឺ​ដោយសារ​កម្លាំង​មាំមួន និង​ការតស៊ូ​របស់​ក្រុម​អ្នក​សម្ដែង។ អ្នក​សម្ដែងសំខាន់ៗដេក​តែ​បី​បួន​ម៉ោង​ប៉ុណ្ណោះ​នៅក្នុង​មួយថ្ងៃ ដោយ​ចែកជា​ពេលខ្លីៗ ពោលគឺ​មិន​ដេក​ម្ដង​ច្រើន​ម៉ោង​នោះទេ។

    ផលិតករ​និយាយថា ការជ្រើសរើស Jin Chao Qun ឱ្យ​សម្ដែង​ជា​តួអង្គ​ប៉ាវ​ចិន ក៏​ព្រោះតែ​គាត់​ជា​សិល្បករ​ល្ខោន​ហ៊ី​ចិន និយាយ​បានល្អ ព្រមទាំង​មាន​មាឌ​ស័ក្ដិសម​នឹង​តួអង្គ​នេះ។ មុនពេល​សម្ដែង Jin Chao Qun ហូប​ច្រើន​ដើម្បី​មាន​រូបរាង​ធាត់ អាច​បង្ហាញ​ពី​អំណាច​របស់​ប៉ាវ​ចិន។ ក៏ប៉ុន្តែ តាំងពី​ពេលនោះ​មក គាត់​មិនអាច​សម្រក​ទម្ងន់​បាន។ គាត់​ក៏មាន​ជម្ងឺ​សម្ពាធ​ឈាម​ខ្ពស់ លើស​ជាតិ​ស្ករ និង​លើស​ជាតិ​ខ្លាញ់។

    Kenny Ho ធ្លាប់​និយាយថា ដើម្បីឱ្យ​ទាន់ពេល គាត់ និង​មិត្ត​រួម​ការងារ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់ មិន​ឱ្យមាន​កំហុសឆ្គង​ក្នុង​ពេល​ថត​។ គាត់​ថា បើ​ទោះ​លំបាក ប៉ុន្តែ​គ្រប់គ្នា​មាន​អំណត់ និង​ប្រឹងប្រែង​ខ្លាំងណាស់។ Kenny Ho ថា គាត់​មិនសូវ​ហត់​ដូច Jin Chao Qun និង Fan Hong Xuan ព្រោះ​តួអង្គ ចាន់​ចៅ មិន​និយាយ​ច្រើន។

    Fan Hong Xuan (តួ កុងស៊ុន), Jin Chao Qun (ប៉ាវចិន) និង Kenny Ho (ចាន់ចៅ) (រាប់​ពី​ឆ្វេង)

    ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ភាពយន្ត «តុលាការ​មុខ​ដែក» ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅតាម​បណ្ដា​ប្រទេស និង​តំបន់​នៅ​អាស៊ី។ ខ្សែភាពយន្ត​នេះ​និយាយ​អំពី​ការស៊ើបអង្កេត​បំបែក​រឿងក្ដី​របស់​ប៉ាវ​ចិន ដោយមាន​ការជួយជ្រោមជ្រែង​ពី កុង​ស៊ុន និង ចាន់​ចៅ។ ស្នាដៃ​និពន្ធ​នេះ​​សរសើរ​ចំពោះ​ភាពម៉ឺងម៉ាត់ មិន​ចុះ​ចាញ់​បុគ្គល​មានអំណាច ដើម្បី​ការពារ​យុត្តិធម៌​របស់​តួអង្គ​សំខាន់​ទាំងបី។

    ឆ្នាំនេះ Jin Chao Qun មាន​អាយុ 72 ឆ្នាំ និង​កម្រ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សិល្បៈ។ គាត់​ត្រូវបាន​វេជ្ជបណ្ឌិត​ពិនិត្យឃើញថា​ មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ 2017 និង​ត្រូវ​ទទួល​ការវះកាត់។ ចាប់ពីពេលនោះ​មក គាត់​ក៏បាន​ចូលនិវត្តន៍។ លោក Jin Chao Qun និង​ភរិយា​រស់នៅក្នុង​ដែនដី​កោះ​តៃវ៉ាន់។ ពួកគាត់​មិនមាន​កូន​សូម្បីតែ​ម្នាក់។

    ចំណែក កុង​ស៊ុន (Fan Hong Xuan) វិញ បច្ចុប្បន្ន​មាន​អាយុ 77 ឆ្នាំ រស់នៅ​តែម្នាក់ឯង មិន​យក​​ភរិយា​។ រីឯ Kenny Ho ​ក៏​មិន​យក​ប្រពន្ធ​។ នៅលើ​ទំព័រ Dongjiang Shibao គាត់​ធ្លាប់​ប្រាប់ថា ចូលចិត្ត​ការរស់នៅ​ដោយមាន​សេរីភាព មិនសូវ​ជាប់ជំពាក់​នឹង​បញ្ហា៕

  • Twitter ត្រូវបាន​ច្របាច់​បញ្ចូល​ទៅក្នុង​ក្រុមហ៊ុន X Corp

    Twitter ត្រូវបាន​ច្របាច់​បញ្ចូល​ទៅក្នុង​ក្រុមហ៊ុន X Corp

    បណ្ដាញ​សង្គម Twitter ត្រូវបាន​គេ​ជឿថា លែង​ដំណើរការ​ដោយ​ឯករាជ បន្ទាប់ពី​ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ដែលមាន​ឈ្មោះថា X Corp ។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ឯកសារ​ដែល​ដាក់​ឡើងទៅ​កាន់​តុលាការ California កាលពី​ថ្ងៃទី 04 មេសា ទាក់ទិន​នឹង​បណ្ដឹង​របស់​សកម្មជន Laura Loomer ប្រឆាំងនឹង​ក្រុមហ៊ុន Twitter និង Jack Dorsey ដែលជា​សហ​ស្ថាបនិក និង​អតីត CEO របស់ Twitter ។ នេះ​បើតាម​ទំព័រ Bloomberg ។

    យោងតាម​ឯកសារ​ខាងលើ Twitter «លែងមាន​វត្តមាន» បន្ទាប់ពី​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង X Corp ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី 09 មីនា។

    ឆ្លើយតប​នឹង​ព័ត៌មាននេះ មហាសេដ្ឋី Elon Musk បាន​បង្ហោះ​សារ «X» លើ​ទំព័រ​ផ្ទាល់ខ្លួន ប៉ុន្តែ​មិនបាន​សរសេរ​អ្វី​បន្ថែម។ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា សកម្មភាព​នេះ​គឺជា​សញ្ញា​បង្ហាញថា លោក Musk បានធ្វើ​សកម្មភាព​ថ្មី​ចំពោះ Twitter ក្រោយពេល​ចូល​គ្រប់គ្រង​បាន​ជាង​កន្លះ​ឆ្នាំ។

    លោក Musk កន្លងទៅនេះ បាន​និយាយ​ជាច្រើន​ដង​អំពី​គំនិត​បង្កើត​កម្មវិធី​ដូច​ទៅនឹង WeChat របស់​ចិន ហើយ​ការ​ទិញយក Twitter គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ។ «ការទិញ Twitter គឺជា​វិធី​ដើម្បី​ជំរុញ​ការបង្កើត X ដែលជា​សកម្ម​វិធី​ផ្ទុក​គ្រប់យ៉ាង» លោក Musk ថ្លែង​ដូច្នេះ​កាលពី​ខែតុលា​ឆ្នាំមុន។

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ មិនបាន​និយាយ​លម្អិត​អំពី​កម្មវិធី X ប៉ុន្តែ​បាន​អះអាងថា ការទិញ Twitter ជួយ «ព​ន្លឿ​ង​ដំណើរការ​អភិវឌ្ឍ X ពី​បី​ទៅ​ប្រាំង​ឆ្នាំ»៕