Author: សឿន សំណាង

  • កម្ពុជា​មិន​គិតថ្លៃ​ហូបចុក ស្នាក់នៅ និង​ធ្វើដំណើរ​របស់​ក្រុមកីឡា​ចូលរួម​​ស៊ី​ហ្គេម​លើក​ទី 32

    កម្ពុជា​មិន​គិតថ្លៃ​ហូបចុក ស្នាក់នៅ និង​ធ្វើដំណើរ​របស់​ក្រុមកីឡា​ចូលរួម​​ស៊ី​ហ្គេម​លើក​ទី 32

    ម្ចាស់ផ្ទះ​កម្ពុជា​បានសម្រេច​មិន​គិតថ្លៃ​ហូបចុក ស្នាក់នៅ និង​ធ្វើដំណើរ​របស់​ក្រុមកីឡា​នៃ​បណ្ដា​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ដែល​តាម​គម្រោង​នឹងមាន​សមាជិក​ប្រមាណ 12,000 នាក់។

    «ប្រតិភូ​កីឡា​ទាំង 11 ក្រុង​ដែល​ចូលរួម​នឹងមិន​ត្រូវបាន​គិតថ្លៃ​អ្វី​ទាំងអស់​ដែល​ទាក់ទង​នឹង​ការហូបចុក ការ​ស្នាក់នៅ និង​ការធ្វើដំណើរ» នេះ​បើតាម​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 (32nd SEA Games)។

    ការមិន​គិតថ្លៃ​ខាងលើនេះ​រាប់បញ្ចូល​ទាំង​ប្រតិភូ​កីឡា​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ​ខាងក្រៅ​ភូមិ​កីឡា​នៅក្នុង​អំឡុងពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ផងដែរ។

    ក្រៅពីនេះ កម្ពុជា​ក៏​សម្រេច​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​កីឡា​នៅ​ស៊ី​ហ្គេម​លើ​ន​នេះ។ បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​ក្នុង​តំបន់​ក៏​មិនត្រូវ​បង់ថ្លៃ​សម្រាប់​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍។ ប្រកាស​នេះ​ត្រូវបាន​ផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ 32nd SEA Games ។

    យោង​តាម​ប្រភព​ព័ត៌មាន ស៊ីហ្គេម​លើក​ទី 32 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី 05 ឧសភា ដល់ 17 ឧសភា ឆ្នាំ 2023។ នេះ​គឺជា​លើកដំបូង​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍។ តាម​គម្រោង ស៊ី​ហ្គេម​លើក​នេះ​នឹងមាន​សមាជិក​ចូលរួម​ប្រមាណ 12,000 នាក់ មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    នៅមុន​ការសម្រេចចិត្ត​មិន​យក​ថ្លៃ សេវា​ហូបចុក ស្នាក់នៅ​ដែល​កម្ពុជា​គ្រោង​នឹង​យក​ពី​បណ្ដា​ក្រុម​ប្រតិភូ​កីឡា​ដែល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ គឺ 50 ដុល្លារ​អាម៉េរិក/ថ្ងៃ/ម្នាក់។ ដូច្នេះ តាម​ការ​គណនា ម្ចាស់​កម្ពុជា​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ 600,000 ដុល្លារ​អាម៉េរិក​/​ថ្ងៃ​ ឬ​ប្រហែលនឹង 7.8 លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈ​ពេល 13 ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ ក្នុង​នោះ ប្រហែល​​ 3.5 លាន​ដុល្លារ​សម្រាប់​ថ្លៃ​ស្នាក់​នៅ និង​ហូប​ចុក​​៕

  • ស្អែក​នេះ​អាច​ទស្សនា​បា​តុ​ភូត «​សូរ្យគ្រាស​កូនកាត់​» ដែល​កម្រ​កើតមាន

    ស្អែក​នេះ​អាច​ទស្សនា​បា​តុ​ភូត «​សូរ្យគ្រាស​កូនកាត់​» ដែល​កម្រ​កើតមាន

    នៅពេល​កើតមាន​បាតុភូត​សូរ្យគ្រាស​កូនកាត់ ព្រះអាទិត្យ​នឹងមាន «រូបរាង​ពីរ» ផ្សេងគ្នា​នៅពេល​មើល​ពី​តំបន់​ផ្សេងគ្នា​នៅ​លើ​ផែនដី។

    សូរ្យគ្រាស​នៅ​ថ្ងៃទី 20 មេសា 2023 គឺជា​សូរ្យគ្រាស​កូនកាត់ (hybrid solar eclipse) ដ៏​សែន​កម្រ ដោយ​សារ​វា​មានតែ 3.1% ប៉ុណ្ណោះ​នៅក្នុង​ចំណោម​បាតុភូត​សូរ្យគ្រាស​ទាំង​ឡាយ​​ក្នុង​សតវត្សរ៍​ទី 21 នេះ។

    សូរ្យគ្រាស​លើក​នេះ​នឹង​ចាប់ផ្ដើម​ពី​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា ឆ្លងកាត់​ទ្វីបអូសេអានី អាស៊ីអាគ្នេយ៍ និង​បញ្ចប់​ត្រង់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក។ ប៉ុន្តែ​តំបន់​ដែល​មនុស្ស​អាច​មើលឃើញ​សូរ្យគ្រាស​រាង​ចិញ្ចៀន និង​សូរ្យគ្រាស​ពេញលេញ​គឺមាន​តិចតួច ដោយ​ភាគច្រើន​កើតឡើង​នៅលើ​សមុទ្រ។

    នៅពេល​បាតុភូត​សូរ្យគ្រាស​កើតឡើង តំបន់​មួយចំនួន​នៅលើ​ផែនដី​នឹង​មើលឃើញ​សូរ​គ្រាស​ពេញលេញ គ្រា​ដែល​តំបន់​ខ្លះទៀត​នឹង​មើលឃើញ​សូរ្យគ្រាស​រាង​ចិញ្ចៀន ចំណែកតំបន់​​ខ្លះ​ក៏​មើលឃើញ​តែមួយ​ផ្នែក។

    សូរ្យគ្រាស​ពេញលេញ​លើក​នេះ​នឹង​មើលឃើញ​ពី​ឧបទ្វីប North West Cape និង​កោះ Barrow នៅ​អូស្ត្រាលី​ខាងលិច តំបន់​ភាគ​ខាងកើត​របស់​ទី​ម័​រ​ខាងកើត កោះ Damar និង​មួយផ្នែក​របស់​ខេត្ត Papua នៅ​ឥណ្ឌូណេស៊ី។

    សូរ្យគ្រាស​ពេញលេញ សូរ្យគ្រាស​រាង​ចិញ្ចៀន និង​សូរ្យគ្រាស​មួយ​ផ្នែក

    យោងតាម​អ្នកវិទ្យាសាស្ត្រ នៅពេល​តាម​ដាន​​​បាតុភូត​សូរ្យក្រាស អ្នកទស្សនា​​មិនត្រូវ​មើល​ដោយ​ភ្នែក​ទទេ ឬ​ពាក់​​វ៉ែន​តាខ្មៅ ព្រោះ​មិនអាច​ទប់​កាំរស្មី​អាក្រក់​ពី​ព្រះអាទិត្យ។ ល្អ​បំផុត អ្នកមើល​គួរ​ពាក់​វ៉ែនតា​ពិសេស​ដែល​អាច​ទប់​រស្មី UV ឬ​វ៉ែនតា​ពិសេស​សម្រាប់​មើល​បាតុភូត​សូរ្យគ្រាស។

    យើង​ក៏​អាច​មើល​បាតុភូត​សូរ្យគ្រាស​ដោយ​ប្រយោល ដោយ​ការ​ចោះ​ប្រហោង​តូច​លើ​ប្រអប់​កា​តុង រួច​ដាក់ប្រហោង​នោះ​ឱ្យ​បែរ​ចំ​ថ្ងៃ​ដើម្បីឱ្យ​ពន្លឺព្រះអាទិត្យ​ចាំង​​ឆ្លងកាត់​ប្រហោង​ និង​ជះ​​ទៅលើ​ដី ដូច្នេះ​យើង​អាច​មើល​រូបរាង​សូរ្យគ្រាស​នៅលើ​ដី​នោះ​ដោយផ្ទាល់ និង​ដោយ​សុវត្ថិភាព។

    សូរ្យគ្រាស​កូនកាត់​គឺជា​ការរួម​ផ្សំ​របស់​បាតុភូត​សូរ្យគ្រាស​ពេញលេញ និង​សូរ្យគ្រាស​រាង​ចិញ្ចៀន។ សូរ្យគ្រាស​កើតឡើង​នៅពេល​ព្រះ​ចន្ទ​ស្ថិតនៅត្រង់​​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ និង​បាំង​ពន្លឺ​មួយផ្នែក​ដែល​ជះ​ពី​ព្រះអាទិត្យ​មកកាន់​ផែនដី។ ពេលនោះ ស្រមោល​របស់​ព្រះ​ចន្ទ​នឹង​ជះ​មកលើ​ផែនដី។ នៅ​តំបន់​ដែលមាន​ស្រមោល​ព្រះ​ចន្ទ​ឆ្លងកាត់ មនុស្សម្នា​នឹង​មើលឃើញ​ព្រះអាទិត្យ​ត្រូវ​ព្រះ​ចន្ទ​បាំងបិទ​មួយផ្នែក (សូរ្យគ្រាស​មួយផ្នែក) ឬ​បាំងបិទ​ទាំងស្រុង (សូរ្យគ្រាស​ពេញលេញ)។

    នៅពេល​ផែនដី និង​ព្រះ​ចន្ទ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ជាង​ធម្មតា ទំហំ​ព្រះ​ចន្ទ​ដែល​មនុស្ស​មើលឃើញ​គឺមាន​ទម្រង់​តូច​ជាង​ទំហំ​នៃ​រូបរាង​របស់​ព្រះអាទិត្យ នាំឱ្យ​ព្រះ​ចន្ទ​មិនអាច​បិទបាំង​ព្រះអាទិត្យ​បាន​ទាំងស្រុង ដោយ​បន្សល់ទុក​ពន្លឺ​ជា​រង្វង់​មូល​ត្រង់​ជាយ​ខាងក្រៅ​ដែល​ដូច​ទៅនឹង​ចិញ្ចៀន ដែល​នោះគេ​ហៅថា សូរ្យគ្រាស​រាង​ចិ​ញ្ចៀ​ន៕

  • កាលបរិច្ឆេទ​ការប្រកួត «​បាល់ទះ​នារី​» វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32

    កាលបរិច្ឆេទ​ការប្រកួត «​បាល់ទះ​នារី​» វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32

    ការប្រកួត​បាល់ទះ​នារី​​ក្នុង​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ឧសភា ដល់​ថ្ងៃទី 14 ឧសភា ឆ្នាំ 2023 នៅ​កម្ពុជា។

    ការប្រកួត​បាល់ទះ​ក្នុងផ្ទះ​បុរស នារី របស់​ស៊ី​ហ្គេម​លើក​នេះ​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី 03 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​របស់​កម្ពុជា។ ក្នុងនោះ ក្រុម​ជម្រើសជាតិ​បុរស​នឹង​ប្រកួត​ពីថ្ងៃ​ទី 03 ឧសភា ដល់​ថ្ងៃទី 08 ឧសភា ខណៈដែល​ក្រុម​ជម្រើសជាតិ​នារី​នឹង​ប្រកួត​ពីថ្ងៃ​ទី 09 ឧសភា ដល់ 14 ឧសភា។

    វិញ្ញាសា​បាល់ទះ​បុរស នារី នៅ​ស៊ី​ហ្គេម 2023 នេះ មាន 7 ក្រុម​ចូលរួម រួមមាន ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ថៃ វៀតណាម សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មី​យ៉ាន់​ម៉ា។ ដោយឡែក ហ្វ៊ី​លី​ពី​ន​មានតែ​ក្រុម​នារី​ប៉ុណ្ណោះ​ដែល​នឹងមាន​សិទ្ធិ​ចូលរួម​ប្រកួត ចំណែក​ក្រុម​បុរស​ត្រូវបាន​ជម្រុះ​ព្រោះតែ​កំហុសឆ្គង​របស់​ហ្វ៊ី​លី​ពី​ន​ក្នុងការ​ចុះឈ្មោះ។

    ខាងក្រោមនេះ​គឺជា​កាលបរិច្ឆេទ​ការប្រកួត «​បាល់ទះ​នារី​» វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ៖

  • ក្រុមហ៊ុន​ថ្មី​ចំនួន​ប្រាំ​បណ្ដាក់​ទុក​វិនិយោគ​សរុប​ជាង 100 លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

    ក្រុមហ៊ុន​ថ្មី​ចំនួន​ប្រាំ​បណ្ដាក់​ទុក​វិនិយោគ​សរុប​ជាង 100 លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

    ក្រុមហ៊ុន​ចំនួន​ប្រាំ​ដែល​ទើបតែ​ទទួលបាន​វិ​ញ្ញាប​តប​ត្រ​ចុះបញ្ជី​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹង​បណ្ដាក់ទុន​សរុប​ចំនួន 103.3 លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កាត់ដេរ និង​បច្ចេកវិទ្យា​នៅក្នុង​ខេត្តក្រចេះ ព្រះវិហារ ភ្នំពេញ តាកែវ និង​កំពង់ស្ពឺ ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង 1,100 កន្លែង។

    ក្រុមហ៊ុន​ទាំងនេះ​រួមមាន ៖

    EASTERN RUBBER (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​ទុនវិនិយោគ​ប្រមាណ 73.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 79 កន្លែង។

    RITHY RUBBER (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ-ឧស្សាហកម្ម (ដើម​កៅស៊ូ) និង​សាងសង់​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅ​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ក្នុង​ទុនវិនិយោគ​ប្រមាណ 12 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 158 កន្លែង។

    GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 7 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 205 កន្លែង។

    JINGMAOGUOJI (CAMBODIA) GARMENT CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.7 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 475 កន្លែង។

    EBELNO (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 251 កន្លែង។

  • កំណែ​ថ្មី​បំផុត​របស់​បញ្ញានិម្មិត ChatGPT ធ្វើ​រោគវិនិច្ឆ័យ​ពូកែ​ជាង​វេជ្ជបណ្ឌិត​ទៅទៀត

    កំណែ​ថ្មី​បំផុត​របស់​បញ្ញានិម្មិត ChatGPT ធ្វើ​រោគវិនិច្ឆ័យ​ពូកែ​ជាង​វេជ្ជបណ្ឌិត​ទៅទៀត

    ពេល​ប្រើប្រាស់​កម្មវិធី GPT-4 បណ្ឌិត Isaac Kohane ដែលជា​អ្នក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard និង​ជា​វេជ្ជបណ្ឌិត​មានបទពិសោធន៍​ច្រើនក្នុង​វិស័យ​វេជ្ជសាស្ត្រ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បានឃើញ​សមត្ថភាព​របស់​បច្ចេក​វិទ្យា​បញ្ញា​និម្មិត (AI) ដែល​អភិវឌ្ឍ​ដោយ OpenAI ។

    GPT-4 គឺជា​កំណែ​ថ្មី​បំផុត​ក្នុងចំណោម​រូបមន្ត AI ដែល​កំពុង​ត្រូវបាន​ប្រើ​ដើម្បី​ដំណើរការ ChatGPT និង Bing Chat ថ្មី​របស់​ក្រុមហ៊ុន Microsoft។ ធៀប​ទៅនឹង GPT-3.5 មុននេះ GPT-4 «មានការ​ច្នៃប្រឌិត​ខ្ពស់ជាង និង​កម្រិត​នៃ​ការសហការ​ក៏​ខ្ពស់ជាង​ពេលណា​ទាំងអស់» ព្រមទាំង​អាច «ដោះស្រាយ​បញ្ហាលំបាក​បាន​យ៉ាង​សុ​ក្រឹត» នេះ​បើតាម OpenAI ។

    ដើម្បី​បញ្ជាក់​អំពី​សមត្ថភាពរ​បស់ GPT-4 វេជ្ជបណ្ឌិត Isaac Kohane ថ្មីៗនេះ​បាន​សហការ​ជាមួយ​មិត្ត​រួមការ​ងារ​ពីរ​នាក់​ដើម្បី​ពិសោធ​នៅក្នុង​បរិស្ថាន​វេជ្ជសាស្ត្រ។ លទ្ធផល​នៃ​ការពិសោធ​បានធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល។

    «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់​នៅពេល​និយាយថា៖ GPT-4 ពូកែ​ជាង​វេជ្ជបណ្ឌិត​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់​បានដឹង» លោក Isaac Kohane បានឱ្យដឹង​នៅក្នុង​សៀវភៅ «បដិវត្តន៍ AI ក្នុង​វេជ្ជសាស្ត្រ» ដែល​ជិត​ត្រូវបាន​បោះពុម្ព​ដូច្នេះ។

    បណ្ឌិត Isaac Kohane ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៅ Harvard និងជាវេជ្ជបណ្ឌិតមានបទពិសោធន៍ច្រើនក្នុងវិស័យវេជ្ជសាស្ត្រ

    ក្នុង​សៀវភៅ​ខាងលើ Isaac Kohane ឱ្យដឹងថា GPT-4 (ដែល​ត្រូវ​បាន​បង្កើតឡើង​កាលពី​ខែមីនា 2023 ក្នុង​ទម្រង់​សាកល្បង​សម្រាប់​អ្នកប្រើប្រាស់​បង់ប្រាក់) ឆ្លើយ​ត្រូវ​ជាង 90% នូវ​សំណួរ​ក្នុងសម័យ​ប្រឡង​យក​វិញ្ញាបនបត្រ​ប្រកប​អាជីព​ជា​គ្រូពេទ្យ​របស់​សហរដ្ឋ​អាម៉េរិក។

    ដូច្នេះ GPT-4 មាន​សមិទ្ធផល​ល្អ​ជាង​ឆ្ងាយ​ធៀប​នឹង​រូបមន្ត​បញ្ញា​និម្មិតមុនៗរបស់ OpenAI មានដូចជា GPT-3 និង GPT-3.5។ លើសពីនេះ វា​ថែមទាំង​ពូកែ​ជាង​វេជ្ជបណ្ឌិត​មួយចំនួន​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ប្រកបរ​បរជា​គ្រូពេទ្យ​នៅ​សហរដ្ឋ​អាម៉េរិក​ទៅទៀត។

    GPT-4 នៅមាន​សមត្ថភាព​លើសពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ​។ ក៏ប៉ុន្តែ វា​មិនទាន់​ល្អ ត្រឹមត្រូវ​ឥតខ្ចោះ​នៅ​ឡើយ ព្រោះ​​នៅតែមាន​កំហុសខ្លះ​​ដែល​ត្រូវការ​មនុស្ស​កែប្រែ​បន្ថែមទៀត៕

  • Top 10 កីឡាករ​បាល់ទាត់​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លើ​ពិភពលោក

    Top 10 កីឡាករ​បាល់ទាត់​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លើ​ពិភពលោក

    មិត្ត​អ្នកអាន​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា Cristiano Ronaldo និង Lionel Messi មិនមែនជា​កីឡាករ​បាល់ទាត់​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ ហើយ​កីឡាករ​មិនមាន​ឈ្មោះ​ល្បី​បែរជា​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នេះ ប៉ុន្តែ​នោះ​គឺជា​ការពិត។

    ទី 1 ៖ Faiq Bolkiah

    កីឡាករ​ខ្សែបម្រើ Faiq Bolkiah (Faiq Jefri Bolkiah) កើត​ឆ្នាំ 1998 នៅ​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាម៉េរិក លេង​ឱ្យ​ក្លឹប Maritimo និង​មានទ្រព្យ​សម្បត្តិ​សរុប 20 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    មូលហេតុ​ដែល Faiq Bolkiah មានទ្រព្យ​ច្រើនជាងគេ​គឺ​ដោយសារ​ជា​ព្រះ​រាជនត្តា (ចៅ​ស្ដេច) របស់​រាជាណាចក្រ​ព្រុយ​ណេ។ ចំណែក​បិតា​របស់ Faiq Bolkiah គឺជា​រាជបុត្រា Jefri Bolkiah ដែលជា​កំពូល​អ្នកមាន​ក្នុង​វិស័យ​រ៉ែ​ប្រេង។

    តាំងពី​តូច Faiq Bolkiah ត្រូវបាន​បណ្ដុះបណ្ដាល​នៅក្នុង​ក្លឹប​បាល់ទាត់ AFC Newbury, Arsenal ជាដើម។ ក្រោយពី​បាន​ចាក​ចេញពី​កន្លែង​ហ្វឹកហាត់ Leicester City នៅ​អង់គ្លេស Faiq Bolkiah ក៏បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់ Maritimo នៅ​ព័រ​ទុយ​ហ្គា​ល់។ ប៉ុន្តែ គាត់​បាន​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង​នៅតាម​បណ្ដា​ពានរង្វាន់​សម្រាប់​ក្រុម U-21 និង​មិន​ធ្លាប់បាន​ទាត់​នៅ Premier League។

    កីឡាករ Faiq Bolkiah គឺជាព្រះរាជនត្តា (ចៅស្ដេច) របស់រាជាណាចក្រព្រុយណេ

    ទី​ 2 ៖ Cristiano Ronaldo

    ឈ្មោះ​ពេញ ៖ Cristiano Ronaldo dos Santos Aveiro

    ឆ្នាំ​កំណើត ៖ 1985

    ស្រុកកំណើត ៖ Runchal, Madeira, ព័រ​ទុយ​ហ្គា​ល់

    តួនាទី ៖ កីឡាករ​ខ្សែប្រយុទ្ធ

    ក្លឹប​បច្ចុប្បន្ន ៖ Al-Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ទ្រព្យសម្បត្តិ​សរុប ៖ ជាង 650 លាន​ដុល្លារ​អាម៉េរិក

    ទី​ 3 ៖ Lionel Messi

    ឈ្មោះ​ពេញ ៖ Lionel Andres Messi

    ឆ្នាំ​កំណើត ៖ 1987

    ស្រុកកំណើត ៖ Rosario, Santa Fe, អា​ហ្ស​ង់​ទីន

    តួនាទី ៖ កីឡាករ​ខ្សែប្រយុទ្ធ

    ក្លឹប​បច្ចុប្បន្ន ៖ Paris Saint-Germain

    ទ្រព្យសម្បត្តិ​សរុប ៖ 600 លាន​ដុល្លារ​អាម៉េរិក

    ទី​ 4 ៖ David Beckham

    ឈ្មោះ​ពេញ ៖ David Robert Joseph Beckham

    ឆ្នាំ​កំណើត ៖ 1975

    ស្រុកកំណើត ៖ Leytonstone, ក្រុង​ឡុង​ដ៍, ចក្រភព​អង់គ្លេស

    តួនាទី ៖ កីឡាករ​ខ្សែបម្រើ

    ក្លឹប​បច្ចុប្បន្ន ៖ បាន​ចូលនិវត្តន៍

    ទ្រព្យសម្បត្តិ​សរុប ៖ 450 លាន​ដុល្លារ​អាម៉េរិក

    ទី​ 5 ៖ Neymar

    ឈ្មោះ​ពេញ ៖ Neymar da Silva Santos Junior

    ឆ្នាំ​កំណើត ៖ 1992

    ស្រុកកំណើត ៖ Mogi das Cruzes, Sao Paulo, ប្រេ​ស៊ី​ល

    តួនាទី ៖ កីឡាករ​ខ្សែប្រយុទ្ធ

    ក្លឹប​បច្ចុប្បន្ន ៖ Paris Saint-Germain

    ទ្រព្យសម្បត្តិ​សរុប ៖ 200 លាន​ដុល្លារ​អាម៉េរិក

    ទី 6  ៖ Zlatan Ibrahimovic

    ឈ្មោះ​ពេញ ៖ Zlatan Ibrahimovic

    ឆ្នាំ​កំណើត ៖ 1981

    ស្រុកកំណើត ៖ Malmo, ស៊ុយអែត

    តួនាទី ៖ កីឡាករ​ខ្សែប្រយុទ្ធ

    ក្លឹប​បច្ចុប្បន្ន ៖ A.C. Milan

    ទ្រព្យសម្បត្តិ​សរុប ៖ 190 លាន​ដុល្លារ​អាម៉េរិក

    ទី 7 ៖ Wayne Rooney

    ឈ្មោះ​ពេញ ៖ Wayne Mark Rooney

    ឆ្នាំ​កំណើត ៖ 1985

    ស្រុកកំណើត ៖ អង់គ្លេស

    តួនាទី ៖ អតីត​កីឡាករ​ខ្សែប្រយុទ្ធ និង​ខ្សែបម្រើ

    ក្លឹប​បច្ចុប្បន្ន ៖ គ្រូបង្វឹក​ក្លឹប D.C. United

    ទ្រព្យសម្បត្តិ​សរុប ៖ 180 លាន​ដុល្លារ​អាម៉េរិក

    ទី 8 ៖ Gareth Bale

    ឈ្មោះ​ពេញ ៖ Gareth Frank Bale

    ឆ្នាំ​កំណើត ៖ 1989

    ស្រុកកំណើត ៖ វ៉ែល​ស៍, ចក្រភព​អង់គ្លេស

    តួនាទី ៖ កីឡាករ​ខ្សែប្រយុទ្ធ

    ក្លឹប​បច្ចុប្បន្ន ៖ ចូលនិវត្តន៍

    ទ្រព្យសម្បត្តិ​សរុប ៖ 150 លាន​ដុល្លារ​អាម៉េរិក

    ទី 9 ៖ Paul Pogba

    ឈ្មោះ​ពេញ ៖ Paul Labile Pogba

    ឆ្នាំ​កំណើត ៖ 1993

    ស្រុកកំណើត ៖ បារាំង

    តួនាទី ៖ កីឡាករ​ខ្សែបម្រើ

    ក្លឹប​បច្ចុប្បន្ន ៖ Juventus F.C របស់​អ៊ីតាលី

    ទ្រព្យសម្បត្តិ​សរុប ៖ 125 លាន​ដុល្លារ​អាម៉េរិក

    ទី 10 ៖ Andre Iniesta

    ឈ្មោះ​ពេញ ៖ Andre Iniesta Lujan

    ឆ្នាំ​កំណើត ៖ 1984

    ស្រុកកំណើត ៖ អេ​ស្ប៉ា​ញ

    តួនាទី ៖ កីឡាករ​ខ្សែបម្រើ

    ក្លឹប​បច្ចុប្បន្ន ៖ Vissel Kobe របស់​ជប៉ុន

    ទ្រព្យសម្បត្តិ​សរុប ៖ 123 លាន​ដុល្លារ​អាម៉េរិក

  • «សង្គ្រាម​តម្លៃ» របស់ Tesla ធ្វើឱ្យ Xpeng ផ្ដោតលើ​រថយន្ត​អគ្គិសនី​ប្រភេទ​ «​ធូរ​ថ្លៃ»

    «សង្គ្រាម​តម្លៃ» របស់ Tesla ធ្វើឱ្យ Xpeng ផ្ដោតលើ​រថយន្ត​អគ្គិសនី​ប្រភេទ​ «​ធូរ​ថ្លៃ»

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Xpeng សង្ឃឹមថា ការកាត់បន្ថយ​ចំណាយ​ក្នុងការ​ផលិត​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ដែលមាន​អាយុ 8 ឆ្នាំ​មួយ​នេះ​រកបាន​ប្រាក់ចំណេញ។ នេះ​គឺជា​ការអះអាង​របស់​ស​ហ​ប្រធាន Brian Gu ដែល​បាន​និយាយ​នៅ​មុន​​​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​សៀង​ហៃ។

    Brian Gu ឱ្យដឹងថា Xpeng មាន​ផែនការ​កាត់បន្ថយ​ចំណាយ 25% សម្រាប់​ប្រព័ន្ធ​រុញច្រាន រួមទាំង​ថ្ម​ផ្ទុក​ថាមពល និង​សំច័យ​បាន 50% នៅ​ក្នុង​​បណ្ដា​មុខងារ​បើកបរ​ឆ្លាត​វៃ នៅ​ចុងឆ្នាំ 2024។ លោក​បន្ថែមថា គិត​ត្រឹម​​បច្ចុប្បន្ន ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល និង​មុខងារ​បើកបរ​ឆ្លាត​វៃ​កាន់កាប់​ជាង​ពាក់កណ្ដាល​នៃ​ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​របស់ Xpeng។

    កាលពី​ឆ្នាំមុន ដោយសារតែ​បរិមាណ​រថយន្ត​ដែល​បាន​លក់​មិនបាន​សមតា​ម​បំណង Xpeng ក៏ត្រូវ​កំណត់​ពេលវេលា​នៃ​ការរកបាន​ប្រាក់ចំណេញ​ទៅ​ឆ្នាំ 2025។

    យោងតាម​លោក Brian Gu វត្ថុ​ធាតុ​សម្រាប់​ផលិត​ថ្ម​ផ្ទុក​ថាមពល​កាន់​តែមាន​តម្លៃ​ទាប ជួយ​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ ក្រុមហ៊ុន Xpeng ក៏​កំពុង​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​រ៉ា​ដា ឈី​ប សេន​ស៊ើ​រ និង​កាមេរ៉ា​ឡា​សែរ​នៅក្នុង​បណ្ដា​មុខងារ​បើកបរ​ស្វ័យប្រវត្ត។

    ខាង​ក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ Xpeng

    He Xiaopeng ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Xpeng បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ផ្ដោតលើ​ថ្នាល​ផលិត​ថ្មី​ដែល​ហៅថា SEPA2.0 ដែល​ជួយ​បង្កើន​ប្រសិទ្ធភាពការ​ងារ និង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត។

    សកម្មភាព​ការងារ​ក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ចិន Xpeng

    Xpeng នឹង​បង្ហាញ​រថយន្ត​ម៉ូ​ដែល​ថ្មី​ដែល​ត្រូវបាន​អភិវឌ្ឍ​លើ​ថ្នាល SEPA2.0 នោះ​គឺ​រថយន្ត​ប្រភេទ​កីឡា​ពហុ​មុខងារ​ ដើម្បី​ប្រកួតប្រជែង​នឹង Model Y របស់ Tesla នៅក្នុង​ពិព័រណ៍​រថយន្ត​សៀង​ហៃ​ដែល​នឹង​បើក​ឱ្យចូល​ទស្សនា​ចាប់ពី​ថ្ងៃទី 18 មេសា​។ Xpeng មិនបាន​ប្រកាស​អំពី​តម្លៃ​របស់​ម៉ូ​ដែល​រថយន្ត​នេះ ប៉ុន្តែ លោក Gu និយាយថា Xpeng នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​ដែលមាន​តម្លៃ​ទាប ចាប់ពី 21,800 ដុល្លារ​ដល់ 50,900 ដុល្លារ ហើយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​រថយន្ត​មួយ​ម៉ូ​ដែល​ទៀត​នៅ​ចុង​ឆ្នាំនេះ។

    រថយន្ត​អគ្គិសនី​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ចិន Xpeng

    ការ​ផ្ដោតលើ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​របស់ Xpeng ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងឡាយ​នៅលើ​ពិភពលោក ត្រូវបាន​ធ្វើឡើង ​ក្រោយពី Tesla បើក​យុទ្ធនាការ «សង្គ្រាម​តម្លៃ» ចាប់ពី​ដើមឆ្នាំ 2023៕

  • ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹកទំនិញ​ដែល​ធំ និង​ធ្ងន់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹកទំនិញ​ដែល​ធំ និង​ធ្ងន់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (រុស្ស៊ី) – ឧទ្ធម្ភាគចក្រ Mi-26 អាច​ដឹកទំនិញ​ទម្ងន់ 20 តោន និង​អាច​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ ត្រូវបាន​ប្រើប្រាស់​ទាំង​ក្នុង​វិស័យ​យោធា ទាំង​វិស័យ​ស៊ីវិល។

    ពិភពលោក​បច្ចុប្បន្ន មាន​ឧទ្ធម្ភាគចក្រ​មួយ​ប្រភេទ​ដែល​អាច​ដឹក​ទាំង​យន្តហោះ​ចម្បាំង។ យោងតាម​របាយការណ៍​របស់​ណា​តូ (NATO) Mi-26 របស់​រុស្ស៊ី គឺជា​ឧទ្ធម្ភាគចក្រ​ធំជាងគេ​បង្អស់​លើ​សកលលោក។ ឧទ្ធម្ភាគចក្រនេះ មាន​តួនាទី​ដឹក​រថក្រោះ រថពាសដែក​ទម្ងន់ 13 តោន និង​មី​ស៊ី​ល​ប្លោង​ជា​ដើម ទៅកាន់​មូលដ្ឋានទ័ព​នៅឆ្ងាយៗ។

    ជាក់ស្ដែង Mi-26 គឺជា​ឧទ្ធម្ភាគចក្រ​ដែល​ធ្ងន់​ជាងគេ​លើ​ពិភពលោក ក្រៅពី​គំរូ​ដំបូង V-12 ដែល​បាន​បង្ហាញខ្លួន​មុន​នោះ។ ដំណើរការ​អភិវឌ្ឍ Mi-26 ត្រូវបាន​ធ្វើឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1970 បន្ទាប់ពី​ដឹង​ច្បាស់​ថា V-12 មិនអាច​ដឹកទំនិញ​ធុន​ធ្ងន់​បាន។

    ឧទ្ធម្ភាគចក្រ Mil Mi-26 ធៀបនឹងយន្តហោះ Boeing 737

    Mi-26 ដែលមាន​បណ្ដោយ 40 ម៉ែត្រ ទម្ងន់​ហោះហើរ 56 តោន កាប៊ីន​ផ្ទុកទំនិញ​ទំហំ 3.2 ម៉ែត្រ និង​មាន​ចំណុះ 110 ម៉ែត្រគូប ត្រូវបាន​ផលិត​ដោយ​រោងចក្រ​ផលិត​ឧទ្ធម្ភាគចក្រ Mil Moscow របស់​ប្រទេស​រុស្ស៊ី។ ជើងហោះហើរ​ដំបូង​របស់ Mi-26 ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ 1977។ គិត​ត្រឹម​ឆ្នាំ 2015 Mil Moscow ផលិត Mi-26 បាន 316 គ្រឿង។

    ឧទ្ធម្ភាគចក្រ Mil Mi-26 អាច​ដឹក​យន្តហោះ​ដឹក​អ្នក​ដំណើរ

    ឧទ្ធម្ភាគចក្រ​នេះ​អាច​ដឹកទំនិញ​បាន 20 តោន បើ​ទោះ​វា​មាន​ទម្ងន់​ទទេ​ជិត​ស្មើនឹង Mi-6។ Mi-26 ដែល​ផ្ទុកទំនិញ​ពេញ​អាច​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ។ វា​ក៏​អាច​ហោះហើរ​ជា​បន្តបន្ទាប់​ក្នុង​ល្បឿន​ពី 240-270 គីឡូម៉ែត្រ/ម៉ោង។ បើ​មិនមាន​ទំនិញ Mi-26 អាច​ហោះ​បាន​ចម្ងាយ 2,350 គីឡូម៉ែត្រ។

  • ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​វៀតណាម ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​វៀតណាម ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    នៅក្នុង​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ខ្មែរ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រុម​កីឡាករ​ជម្រើសជាតិ​ផ្នែក​ប្រដាល់​គុន​ខ្មែរ​របស់​ប្រទេស​វៀតណាម កំពុង​ត្រៀមខ្លួន​សម្រាប់​ការដណ្ដើម​មេដាយមាស ដោយ​មានការ​ជ្រោមជ្រែង​ពី​ម្ចាស់​ជើង​ឯក​ពិភពលោក​នៃ​វិញ្ញាសា​គុន​មួយ​ថៃ ង្វៀន ត្រឹ​ន យុយ ញឹ​ត។

    (គឺជា​ម្ចាស់​ជើងឯក​ពិភពលោក WMF Muay Thai ប្រាំ​សម័យកាល និង​ជា​ម្ចាស់​មេដាយ SEA Games 4 សម័យកាល​នៅ Muay Thai)

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ម្ចាស់ផ្ទះ​កម្ពុជា​នឹង​បញ្ចូល​វិញ្ញាសា​ថ្មី​មួយចំនួន ក្នុងនោះ​មាន​បី​វិញ្ញាសា​ដែលជា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់​កម្ពុជា រួមមាន គុន​ល្បុក្កតោ គុន​ខ្មែរ និង​អុកចត្រង្គ។ ក្នុងចំណោម​វិញ្ញាសា​ទាំងបី​នេះ គុន​ខ្មែរ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាងគេ ព្រោះ​តែមាន​ប្រទេសជិតខាង​មួយ​របស់​កម្ពុជា ចាត់ទុកថា គុន​ខ្មែរ​គឺជា​របស់​ពួកគេ។

    ង្វៀន ត្រឹន យុយ ញឹត (Nguyễn Trần Duy Nhất) គឺជាម្ចាស់ជើងឯកពិភពលោក WMF Muay Thai ប្រាំជំនាន់ និងជាម្ចាស់មេដាយស៊ីហ្គេមចំនួនបួនជំនាន់ក្នុងវិញ្ញាសាគុនមួយថៃ

    នៅ​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ វិញ្ញាសា​គុន​ខ្មែរ​មាន 7 ក្រុម​ត្រូវ​ចូលរួម​ប្រកួត​ដើម្បី​ដណ្ដើម​មេដាយ​ចំនួន 19 គ្រឿង។ ប្រទេស​វៀតណាម​ក៏បាន​បង្កើត​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ និង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កីឡាករ​ប្រដាល់ ង្វៀន ត្រឹ​ន យុយ ញឹ​ត (Nguyễn Trần Duy Nhất) ដែលជា​ម្ចាស់​ជើងឯក​ពិភពលោក​នៃ​វិញ្ញាសា​គុន​មួយ​ថៃ។ ម្ចាស់​ជើងឯក​រូបនេះ​បាន​ក្លាយជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្រុម​គុន​ខ្មែរ​ជម្រើសជាតិ​វៀតណាម។

    ការ​ប្រកួត​ក្នុង​វិញ្ញាសាគុនខ្មែរនៅស៊ីហ្គេម​លើក​ទី 32

    ដោយមាន​វត្តមាន​រប​ស់ ង្វៀន ត្រឹ​ន យុយ ញឹ​ត ក្រុម​គុន​ខ្មែរ​ជម្រើសជាតិ​វៀតណាម កំពុងតែ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការដណ្ដើម​មេដាយមាស​នៅឯ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខ៕

  • តៃវ៉ាន់ទំនង​ជា​បាន​​​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ទំនើប​​ពី​​សហរ​ដ្ឋ​អាម៉េរិក

    តៃវ៉ាន់ទំនង​ជា​បាន​​​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ទំនើប​​ពី​​សហរ​ដ្ឋ​អាម៉េរិក

    កោះ​តៃវ៉ាន់​ទំនង​ជា​បាន​​ចំណាយ​ប្រាក់​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon បាញ់​ពី​ដី ​ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក ចំនួន 400 គ្រាប់​​បន្ថែមទៀត។

    ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាម៉េរិក-តៃវ៉ាន់ Rupert Hammond-Chambers កាលពី​ថ្ងៃទី 17 មេសា និយាយថា កងទ័ពជើងទឹក​អាម៉េរិក​បាន​ជំនួសមុខ​ឱ្យកម្លាំង​ប្រដាប់អាវុធ​តៃវ៉ាន់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង UGM-84 ដែល​ផលិត​ដោយ​សាជីវកម្ម Boeing ហើយ​នេះ​​គឺជា​​លើកដំបូង​ដែល​តៃប៉ិ​មាន​មី​ស៊ី​ល Harpoon កំណែ​បាញ់​ពី​ដី។

    ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មន្ទីរ​បញ្ច​កោណ​ប្រកាស​អំពី​កិច្ចព្រមព្រៀង​តម្លៃ 1.17 ពាន់​លាន​ដុល្លារ​សម្រាប់​ការទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ចំនួន 400 គ្រាប់​ ដែល​​ត្រូវ​ប្រគល់​រួច​រាល់​នៅ​​ឆ្នាំ 2029 ប៉ុន្តែ​មិនបាន​ឱ្យដឹង​អំពី​អតិថិជន។

    ទាក់ទង​នឹង​កិច្ចព្រមព្រៀង ក៏ដូចជា​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​ខាងលើ ទីក្រុង​តៃប៉ិ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ ចំណែក​ក្រសួងការពារជាតិ​អាម៉េរិក​ក៏បាន​បដិសេធ​ការបញ្ចេញមតិ​អំពី​ករណីនេះ ប៉ុន្តែ​អះអាងថា វ៉ា​ស៊ី​ង​តោន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្ដល់ឱ្យ​តៃវ៉ាន់​នូវ​សព្វាវុធ​ចាំបាច់​ដើម្បី​រក្សា​សមត្ថភាព​ការពារ​ខ្លួន។

    Chang Che-ping មេដឹកនាំ​យោធា​លំដាប់​ទី​ពីរ​របស់​កងទ័ព​តៃវ៉ាន់ កាលពី​ឆ្នាំ 2020 ធ្លាប់បាន​ប្រកាសថា តៃប៉ិ​ចង់​ទិញ Harpoon បាញ់​ពី​ដី​របស់​វ៉ា​ស៊ី​ង​តោន ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ទឹកដី និង​បាន​អះអាងថា ផែនការ​ទាំងនេះ​អាច​ត្រូវបាន​អនុវត្ត​ក្នុង​ឆ្នាំ 2023។ បច្ចុប្បន្ន តៃវ៉ាន់​មាន​កំណែ Harpoon បាញ់​ពី​យន្តហោះ និង​នាវាចម្បាំង។

    មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon របស់​សហរដ្ឋ​អាម៉េរិក

    Harpoon គឺជា​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ពិសេស​ដំបូង​របស់​ទ័ពជើងទឹក​អាម៉េរិក ដែល​បង្ហាញខ្លួន​ជា​លើកដំបូង​កាលពីដើមឆ្នាំ 1977។ មី​ស៊ី​ល​នេះ​អាច​បាញ់​បាន​ចម្ងាយ 280 គីឡូម៉ែត្រ និង​ល្បឿន 865 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​លើ​ផ្ទៃ​ទឹកសមុទ្រ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុងពេល​សំដៅ​ជិត​ដល់​គោលដៅ។ Harpoon មួយ​គ្រាប់​ផ្ទុក​ក្បាល​គ្រាប់​ផ្ទុះ​ទម្ងន់ 220 គីឡូក្រាម ល្មម​អាច​គំរាមកំហែង​ដល់​នាវាចម្បាំង​ច្រើន​ប្រភេទ​នា​ពេល​បច្ចុប្បន្ន។

    ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​ដណ្ដើមយក​មកកាន់​កាប់​ បើសិន​ចាំបាច់។ ចំណែក​ក្រុម​មេដឹកនាំ​កោះ​តៃវ៉ាន់​វិញ​អះអាងថា មានតែ​ពលរដ្ឋ​របស់​កោះ​នេះ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​តៃវ៉ាន់។ រីឯ​សហរដ្ឋ​អាម៉េរិក​វិញ ថ្វីបើ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​ជាងគេ​របស់​ទីក្រុង​តៃប៉ិ៕