Author: សឿន សំណាង

  • នាវា​ទេសចរណ៍​ប្រណិត​អាច​មុជ​ក្រោម​ទឹក​សមុទ្រ​ និង​ធ្វើដំណើរ​បាន​ចម្ងាយ 6,000 គីឡូម៉ែត្រ

    នាវា​ទេសចរណ៍​ប្រណិត​អាច​មុជ​ក្រោម​ទឹក​សមុទ្រ​ និង​ធ្វើដំណើរ​បាន​ចម្ងាយ 6,000 គីឡូម៉ែត្រ

    ក្រុមហ៊ុន​ហូ​ឡង់ U-Boat Worx បង្ហើប​ឱ្យដឹង​អំពី​រូបភាពដំបូងៗស្ដីពី​រចនា​ខាងក្នុង​របស់ Nautilus ដែលជា​នាវា​ទេសចរណ៍​ប្រណិត​តម្លៃ 25 លាន​ដុល្លារ​អាម៉េរិក។

    នាវា Nautilus មាន​បណ្ដោយ 37.5 ម៉ែត្រ និង​ទម្ងន់ 1,250 តោន អាចធ្វើ​សកម្មភាព​ដូច​ទៅនឹង​នាវា​ទេសចរណ៍​ប្រណិត​អណ្តែត​លើទឹក និង​នាវាមុជទឹក។ Nautilus អាច​ប្រែកាយ​ពី​នាវា​អណ្ដែត​លើក​ទឹក ទៅជា​នាវាមុជទឹក​ក្នុងពេល​ស្ថិតនៅលើ​សមុទ្រ។ ក្រុមហ៊ុន U-Boat Worx បាន​ណែនាំ Nautilus នៅក្នុង​ពិព័រណ៍​នាវា​ទេសចរណ៍ Monaco 2022 កាលពី​ចុងឆ្នាំ​កន្លង ហើយ​នេះ​គឺជា​លើកដំបូង​ដែល U-Boat Worx បង្ហាញ​រូបភាព​ស្ដីពី​សម្ភារ​ខាងក្នុង​របស់​នាវា។ នេះ​បើតាម​ទំព័រ New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 19 មេសា។

    Nautilus នឹង​អាច​ដឹក​ទេសចរ​បាន 10 នាក់ និង​បុគ្គលិក 7 នាក់។ នាវា​នេះ​ប្រើប្រាស់​ប្រព័ន្ធ​រុញច្រាន​កូនកាត់​ម៉ា​ស៊ូ​ត-អគ្គិសនី ដែល​អាច​បើកបរ​​​ក្នុង​ល្បឿន 17 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើ​ដំណើរ​បាន​ជិត 6,000 គីឡូម៉ែត្រ​ពេល​រត់​​លើ​ផ្ទៃសមុទ្រ។ នៅពេល​មុជទឹក Nautilus អាច​បរ​បាន 6 គីឡូម៉ែត្រ/ម៉ោង នៅ​​ជម្រៅ 150 ម៉ែត្រ និង​ ក្នុង​រយៈពេល 12 ម៉ោងជាប់ៗគ្នា ហើយ​អាចធ្វើ​ដំណើរ​បាន​ប្រហែល 185 គីឡូម៉ែត្រ។

    នាវា Nautilus នឹងមាន​កាប៊ីន​ប្រណិត​មួយ​ធំជាងគេ ដែលមាន​បន្ទប់​ងូតទឹក​ដោយឡែក។ ក្រៅពីនេះ វា​ក៏មាន​បន្ទប់​សម្រាប់​ភ្ញៀវ​ចំនួន​បួន​ដែលមាន​គ្រែ​នៅក្បែរ​បង្អួច តុ​កៅអី​សម្រាប់​ធ្វើការ ទូ​ខោអាវ និង​បន្ទប់​ងូតទឹក។

    ក្នុង​បន្ទប់​រួម ភ្ញៀវ​អាច​ជជែក​គ្នា និង​មើល​ទូរទស្សន៍​អេក្រង់​ខ្នាត​យក្ស​លំដាប់​ប្រណិត ឬ​ទស្សនា​ពិភព​នៅ​បាត់​សមុទ្រ​តាមរយៈ​បង្អួច​កញ្ចក់​។ បង្អួច​ទាំងអស់​របស់​នាវា​នេះ​សុទ្ធតែ​លិច​ក្នុង​ទឹក សូម្បីតែ​នៅពេល​វាបរ​លើ​ផ្ទៃ​ទឹក។ នាវា​នេះ​ក៏មាន​កន្លែង​​ភេសជ្ជៈ និង​បន្ទប់​ហាត់ប្រាណ​ទំនើប​ផងដែរ៕

  • (ស៊ីហ្គេម​ 2023) – គ្រូបង្វឹក​បង្ហើប​អំពី​ដំណឹង​មិនល្អ​សម្រាប់​ក្រុមបាល់ទាត់​ U-22 ​ថៃ​

    (ស៊ីហ្គេម​ 2023) – គ្រូបង្វឹក​បង្ហើប​អំពី​ដំណឹង​មិនល្អ​សម្រាប់​ក្រុមបាល់ទាត់​ U-22 ​ថៃ​

    គ្រូបង្វឹក​ថៃ Issara Sritaro បានឱ្យដឹងខ្លះៗអំពី​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​ធនធានមនុស្សរ​បស់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​នេះ នៅមុន​ការចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម​លើក​ទី 32)។

    កាលពី​ថ្ងៃទី 20 មេសា U-22 ថៃ បានធ្វើការ​សាកល្បង​ក​ម្លាំ​ង​កាយ​នៅមុន​ពេល​ឈាន​ចូលដល់​ការហ្វឹកហាត់​ចុងក្រោយ​ដើម្បី​ឆ្ពោះ​មកកាន់​ស៊ី​ហ្គេម​លើក​ទី 32 នៅ​កម្ពុជា។

    មុន​នោះ គ្រូបង្វឹក Issara Sritaro បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ 29 រូប​សម្រាប់​ការហ្វឹកហាត់​លើកចុងក្រោយ​នេះ ក្នុងនោះ​មាន​ទាំង​កីឡាករ​ទាត់​នៅ​បរទេស​ពីរ​នាក់ រួមមាន Achitphon Kirirom ​កំពុង​ទាត់​ឱ្យ​ក្លឹប Augsburg II នៅ​អាល្លឺម៉ង់ និង Chayapipat Suphanphen ទាត់​ឱ្យ​ក្លឹប Estoril Praia នៅ​ព័រទុយហ្កាល់។ ក៏ប៉ុន្តែ ថ្មីៗនេះ Sritaro បាន​ជូនដំណឹង​មិនល្អ​ដល់​អ្នកគាំទ្រ​ទាក់ទង​នឹង​ស្ថានភាព​ធនធានមនុស្សរ​បស់ U-22 ថៃ។

    លោក Sritaro ឱ្យដឹងថា លទ្ធភាព​ដែល​ខ្សែប្រយុទ្ធ​សំខាន់ Teerasak Poeiphimai ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នៅតែ​ស្រពេចស្រពិល។ «Teerasak បង្ហើប​ឱ្យដឹងថា តំណាង U-22 ថៃ កំពុង​ចរចា​ជាមួយ​មេដឹកនាំ​ក្លឹប Port FC ស្ដីពី​ករណី​របស់គាត់» លោក Sritaro បញ្ជាក់​ដូច្នេះ ប៉ុន្តែ​លោក​បាន​អះអាងថា «…បើ​មិនមាន Teerasak នៅ​ស៊ី​ហ្គេម​លើក​ទី 32 …យើង​មាន​មនុស្ស​មក​ជំនួស»។

    គ្រូបង្វឹក​ U-22 ថៃ លោក Issara Sritaro

    Teerasak Poeiphimai ត្រូវបាន​ចាត់ទុកថា​ជា​ក្ដីសង្ឃឹម​នៅ​ខ្សែប្រយុទ្ធ​របស់ U-22 ថៃ នាបច្ចុប្បន្ន។ កីឡាករ​កើត​ឆ្នាំ 2002 រូបនេះ រកបាន 6 គ្រាប់​រួចហើយ​ក្រោយ 20 ប្រកួត​នៅ Thai League នា​រដូវ​កាល​នេះ។

    កីឡាករ​កម្ពស់ 1.8 ម៉ែត្រ Teerasak ក៏បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ Doha Cup 2023 នាពេល​កន្លង ដូច្នេះ​បើសិន​មិនមាន Teerasak ក្រុម U-22 នឹង​អាច​ខាតបង់​ច្រើន​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    Teerasak Poeiphimai

    ​នៅ​ស៊ី​ហ្គេម​ 2023 ក្រុម U-22 ថៃ​ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​ក្រុម​ម្ចាស់​មេដាយមាស​វៀតណាម រួម​នឹង​ក្រុម​ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ថៃ​ត្រូវ​ទាត់​បើកឆាក​ជាមួយ​សិង្ហ​បុរី​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។ ការប្រកួត​ដែល U-22 ថៃ​ត្រូវ​ប្រុងប្រយ័ត្ន​ជាងគេ​គឺ​ការ​ប៉ះ​នឹង​ក្រុម​វៀតណាម​នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី 11 ឧសភា៕

  • រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​​លើ​លោក​ផ្ទុះឆេះ​​ក្នុងការ​ហោះ​ហើរ​​លើកដំបូង ប៉ុន្តែ​បុគ្គលិក​ក្រុម​ហ៊ុន​នៅ​តែ​សប្បាយ​ចិត្ត

    រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​​លើ​លោក​ផ្ទុះឆេះ​​ក្នុងការ​ហោះ​ហើរ​​លើកដំបូង ប៉ុន្តែ​បុគ្គលិក​ក្រុម​ហ៊ុន​នៅ​តែ​សប្បាយ​ចិត្ត

    (សហរដ្ឋ​អាម៉េរិក) – រ៉ុក្កែត Starship បាន​ផ្ទុះ​នៅលើ​អាកាស​រដ្ឋ Texas បន្ទាប់ពី​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​ទម្រ​នៅក្នុង​ការសាកល្បង​ហោះហើរ​ជា​លើកដំបូង។

    រ៉ុក្កែត​ដែលមាន​កម្លាំង​ខ្លាំងជាងគេ​បង្អស់របស់​ពិភពលោក បាន​ហោះ​ឡើង​ពី​មូលដ្ឋាន Starbase របស់​ក្រុមហ៊ុន SpaceX នៅឯ​ឆ្នេរសមុទ្រ Boca Chica ភាគខាងត្បូង​រដ្ឋ Texas កាលពី​ម៉ោង 09 និង 33 នាទី ថ្ងៃទី 20 មេសា ត្រូវ​នឹង​ម៉ោង 21 និង 33 នាទី ថ្ងៃទី 20 មេសា​នៅ​ភ្នំពេញ។

    Starship ដែលមាន​កម្ពស់ 120 ម៉ែត្រ ត្រូវបាន​បាញ់​ឡើងទៅ​កាន់​គន្លង​គោចរ​បន្ទាប់ពី​ម៉ាស៊ីន Raptor 33 គ្រឿង​នៅ​កំណាត់​ដំបូង​ត្រូវបាន​បញ្ឆេះ។ តាម​គម្រោង កំណាត់​លើ​ដែលមាន​កម្ពស់ 50 ម៉ែត្រ​របស់ Starship នឹង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត Super Heavy ដែល​នៅ​កំណាត់​ដំបូង ​ប្រហែល​បី​នាទី​ក្រោយពី​បាន​ហោះ​ឡើង ប៉ុន្តែ​វា​មិនអាច​ផ្ដាច់ខ្លួន​បាន។ រ៉ុក្កែត និង​យាន Starship នៅតែ​ជាប់​គ្នា និង​ចាប់ផ្ដើម​ក្រឡាប់​ផ្ដា​ប់​ផ្ងារ ហើយក៏​ផ្ទុះ​នៅក្នុង​នាទី​ទី​បួន​ក្រោយ​ការបាញ់​បង្ហោះ។

    ទោះជា​យ៉ាងណាក៏ដោយ បុគ្គលិក​របស់ SpaceX ដែល​ប្រមូល​ផ្ដុំគ្នា​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់ SpaceX នៅ Hawthorne រដ្ឋ California ដើម្បី​តាមដាន​ការបាញ់​បង្ហោះ នាំគ្នា​ស្រែក​ហ៊ោ​អបអរ​នូវ​អ្វីដែល​ពួកគេ​សម្រេចបាន​ក្រោយ​ការបាញ់​បង្ហោះ​លើកដំបូង។ យោងតាម SpaceX រ៉ុក្កែត និង​យាន​បាន​ហោះ​ឡើងដល់​កម្ពស់​ប្រហែល 39 គីឡូម៉ែត្រ។ នេះ​គឺជា​ការប្រឹងប្រែង​លើក​ទី​ពីរ​ក្នុង​ការបាញ់​បង្ហោះ Starship។ ការធ្វើ​តេស្ត​លើកដំបូង​កាលពី​ថ្ងៃទី 17 មេសា ត្រូវបាន​បញ្ចប់ភ្លាមៗដោយសារ​តែមាន​ឧបករណ៍​ខ្លះ​ត្រូវ​ត្រជាក់​ដល់​​កក។

    យោងតាម​ផែនការ​នៃ​ការបាញ់​បង្ហោះ​កាលពី​ម្សិលមិញ Super Heavy នឹង​វិល​មក​ចុះចត​លើ​ផែនដី​ប្រហែល 8 នាទី​ក្រោយពី​បាន​បាញ់​បង្ហោះ។ ចំណែក​កំណាត់​លើ​នឹង​បញ្ឆេះ​ម៉ាស៊ីន Raptor 6 គ្រឿង​ដើម្បី​ផ្ដាច់ខ្លួន និង​ហោះ​ជុំវិញ​ផែនដី។ គោលដៅ​របស់ SpaceX គឺ​ការនាំយក Starship ឡើងដល់​កម្ពស់ 233 គីឡូ​ម៉ែ​ត្រ ហើយ​ក្រោយមក​នឹង​ចុះចត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក មិន​ឆ្ងាយ​ពី​កោះ Kauai របស់ Hawaii ក្រោយពី​​ហោះ​ឡើង​បាន​ប្រហែល 90 នាទី។

    ក៏ប៉ុន្តែ SpaceX មិនបាន​រំពឹងថា គ្រប់យ៉ាង​នឹង​ដំណើរការ​ទៅដោយ​រលូន។ រ៉ុក្កែត​ថ្មី​តែងតែ​បរាជ័យ​ក្នុងការ​ហោះហើរ​លើកដំបូង។ យោងតាម​តំណាង​ក្រុមហ៊ុន SpaceX ការសាកល្បង​កាលពី​ថ្ងៃទី 20 មេសា គឺ​ដើម្បី​ប្រមូល​ទិន្នន័យ និងសកម្ម​ភាព​​ប្រតិកម្ម​ចំពោះ​រាល់​បញ្ហា​ដែល​កើតឡើង។

    Starship រួមមាន​រ៉ុក្កែត​រុញច្រាន​នៅ​កំណាត់​ដំបូង​ដែលមាន​ឈ្មោះថា Super Heavy និង​កំណាត់​ទី​ពីរ​ក៏មាន​ឈ្មោះថា Starship។ យាន​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ទាំងស្រុង ដែល​នេះ​ជា​គន្លឹះ​សំខាន់​សម្រាប់​ការហោះហើរ​ទៅកាន់​ពិភព​ព្រះ​អង្គារ​នាពេល​អនាគត៕

  • បទចម្រៀង​​ស៊ី​ហ្គេម​លើក​ទី 32 មាន​អ្នក​ចូល​ទស្សនាជាង 50 លាន​លើក

    បទចម្រៀង​​ស៊ី​ហ្គេម​លើក​ទី 32 មាន​អ្នក​ចូល​ទស្សនាជាង 50 លាន​លើក

    «Cambodian Pride» (ស្រលាញ់អ្វីដែលខ្មែរមាន) ជា​បទ​ចម្រៀង​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​ទី 32 ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube ទាក់ទាញ​អ្នក​ចូល​ទស្សនា​បាន​រហូតដល់ជាង 50 លាន​លើក បន្ទាប់ពី​បង្ហោះ​បាន 10 ថ្ងៃ។

    បទ​ចម្រៀង​ដែល​ត្រូវបាន​បង្ហោះ​លើ YouTube កាលពី​ថ្ងៃទី 10 មេសា ផលិត​ដោយ​​ផលិត​កម្ម Galaxy Navatra។ បទ​ចម្រៀង​នេះ​​មាន​នារី​រាំ​កំដរ​​ជិតមួយ​ពាន់​នាក់នៅ​ពី​ក្រោយ​​​កំពូល​តារាចម្រៀងបួន​ដួង គឺ ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេ​ម ,និង​កំពូល​តារាចម្រៀង​ស្រី កញ្ញា តន់ ចន្ទ​សី​ម៉ា។

    គិត​មក​ដល់​ល្ងាច​ថ្ងៃទី 20 មេសា 2023 បទ​ចម្រៀង​ស៊ីហ្គេម​លើក​ទី 32 មាន​អ្នកចូល​ទស្សនា​ជាង 50,548,000 លើក​ និង​មាន​ការ​បញ្ចេញ​មតិ​ជិត 15,000 នាក់​។

    បទចម្រៀង​ «Cambodian Pride» ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​បទ​ចម្រៀង​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់ កម្ពុជា នៅ​ឆ្នាំ 2023។ នៅ​លើ​បណ្ដាញសង្គម ទស្សនិកជន​ជាច្រើន​សរសើរ​ថា បទ​ចម្រៀង​នេះ​ងាយស្រួល​ស្ដាប់ សប្បាយរីករាយ ហើយ​​អត្ថន័យ និង​ទិដ្ឋភាព​ពោរ​ពេញ​ដោយ​​លក្ខណៈ​វប្ប​ធ​ម៌​ខ្មែរ។

    នៅក្នុង MV នេះ ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី 32 ក៏​បង្ហាញ​ទិដ្ឋភាព​មួយចំនួន​ស្ដីពី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រួម​នឹង​អង្គ​វត្ត ស្ពាន​អ្នក​លឿង និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​ម្ហូប​អាហារ​ពិសេស​របស់​កម្ពុជា​មួយចំនួន​ផ្សេងទៀត។ រូបភាព​នៃ​វិស័យ​មួយចំនួន ក្នុងនោះ​មាន​ទាំង​កីឡា​គុន​ខ្មែរ​ក៏ត្រូវ​បាន​លើក​យកមក​បង្ហាញ។

    បទចម្រៀង​​ស៊ី​ហ្គេម​លើក​ទី 32 «Cambodian Pride»

    ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 05 ដល់ 17 ឧសភា 2023។ ពិធី​សម្ពោធ​បើក​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 05 ឧសភា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ស៊ី​ហ្គេម​លើក​នេះ​នឹងមាន 37 វិញ្ញាសា ក្នុងនោះ​មាន 36 វិញ្ញាសា​មាន​មេដាយ។ វិញ្ញាសា​បាល់ទាត់​នឹង​ប្រព្រឹត្តទៅ​មុនគេ ពោលគឺ​ចាប់ពី​ថ្ងៃទី 29 មេសា។

  • ស្ទើរ​គ្រប់យ៉ាង​នៅ​ឌូ​បៃ​សុទ្ធតែ​ទំនើប សូម្បីតែ​ទូ ATM ក៏​គេ​អាច​ដក​មាស​បាន

    ស្ទើរ​គ្រប់យ៉ាង​នៅ​ឌូ​បៃ​សុទ្ធតែ​ទំនើប សូម្បីតែ​ទូ ATM ក៏​គេ​អាច​ដក​មាស​បាន

    ឌូ​បៃ (Dubai) គឺជា​ទីក្រុង និង​ជា​រាជាណាចក្រ​មួយ​នៅក្នុង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។ នៅទីនេះ មនុស្សម្នា​រកប្រាក់​បាន​ច្រើន និង​បាន​យ៉ាង​លឿន ប៉ុន្តែ​ក៏​ចាយ​ទៅវិញ​មិន​ស្រណោះ​ដៃ​ដែរ។

    ឌូ​បៃ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្រោយ​ឆ្នាំ 1971។ មុន​នោះ រាជាណាចក្រ​នេះ​មិនមាន​អគារ​ខ្ពស់​សោះឡើយ ប៉ុន្តែ​សព្វថ្ងៃ ឌូ​បៃ​គឺជា​ទីក្រុង​ដ៏​ទំនើប និង​មាន​ប្រជាជន​ជាង 3 លាន​នាក់​មកពី​ជុំវិញ​ពិភពលោក។ ជើងមេឃ​នៅ​ឌូ​បៃ​បច្ចុប្បន្ន​លែង​នៅ​ជា​សមុទ្រ​ខ្សាច់​ទៀតហើយ តែ​ជា​អគារ​កប់​ពពក​រាប់មិនអស់ រួម​នឹង​ស្ថាបត្យកម្ម​ខ្នាត​យក្ស​ជាច្រើន​ដែល​អាច​មើលឃើញ​ពី​ទី​អវកាស។

    ដោយសារតែ​សម្បូរ​ទ្រព្យ​ពេក ពលរដ្ឋ​នៅ​ឌូ​បៃ​ក៏​ចាយលុយ​ទៅលើអ្វីៗដែល​ពលរដ្ឋ​ភាគច្រើន​នៅ​កម្ពុជា​នឹកស្មាន​មិន​ដល់។ អ្វីៗទាំងនោះ​មាន​ជាអាទិ៍ «ការ​ជិះ​ឧទ្ធម្ភាគចក្រ​សាមញ្ញ​ដូច​ជិះ Pass App», «អាច​ដក​មាស​ពី​ទូ ATM», «ចិញ្ចឹម​សត្វ​សាហាវ​ជាស​ត្វ​សំណព្វ», «ឡាវ​ស្រោបមាស និង​ដាំ​ត្បូង», «សណ្ឋាគារ​វិញ​សុទ្ធតែ​ប្រភេទ​ប្រណិត» ឯ «ឧទ្យានក៏​មាន​​នៅក្នុង​អគារ»។ល។

  • រថយន្ត​អគ្គិសនី Tesla បញ្ចុះតម្លៃ​ម្ដងទៀត​​ហើយ នៅ​ទីផ្សារ​អាម៉េរិក

    រថយន្ត​អគ្គិសនី Tesla បញ្ចុះតម្លៃ​ម្ដងទៀត​​ហើយ នៅ​ទីផ្សារ​អាម៉េរិក

    ក្រុមហ៊ុន Tesla បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី​ជាថ្មី​ម្ដងទៀត​ក្នុង​ខែ​នេះ ហើយ​នេះ​គឺជា​ការបញ្ចុះ​តម្លៃ​លើក​ទី​ពីរ​ក្នុង​ខែមេសា 2023។

    យោងតាម​គេហទំព័រ​របស់ Tesla រថយន្ត​អគ្គិសនី Tesla Model 3 កំណែ​ស្ដង់ដា RWD ត្រូវបាន​បញ្ចុះតម្លៃ 2,000 ដុល្លារ​អាម៉េរិក ស្មើនឹង 4.8% ពោលគឺ​ពី​តម្លៃ 41,990 ដុល្លារ មក​នៅត្រឹម 39,990 ដុល្លារ។ Tesla Model 3 កំណែ​ខ្ពស់ជាង​នេះ​ពុំ​មានការ​បញ្ចុះតម្លៃ​ឡើយ។

    ចំណែក​កំណែ​ចំនួន​បី​របស់ Tesla Model Y ក៏​សុទ្ធតែ​ត្រូវបាន​បញ្ចុះតម្លៃ 3,000 ដុល្លារ។ បច្ចុប្បន្ន Tesla Model Y AWD ត្រូវបាន​លក់​ចាប់ពី 46,990 ដុល្លារ ទាប​ជាង 6% ធៀប​នឹង​តម្លៃ 49,990 ដុល្លារ​នៅមុន​ការបញ្ចុះ​តម្លៃ​លើក​នេះ។

    រថយន្ត​អគ្គិសនី Tesla Model 3

    តារាង​បញ្ចុះតម្លៃ​របស់​រថយន្ត​អគ្គិសនី Tesla នៅលើ​ទីផ្សារ​អាម៉េរិក ៖

    • Tesla Model 3 RWD: 39,990 ដុល្លារ (-2,000 ដុល្លារ ឬ -4,8% ពី 41,990 ដុល្លារ)
    • Tesla Model Y AWD: 46,990 ដុល្លារ (-3,000 ដុល្លារ ឬ -6% ពី 49,990 ដុល្លារ)
    • Tesla Model Y Long Range AWD: 49,990 ដុល្លារ (-3,000 ដុល្លារ ឬ -5,7% ពី 52,990 ដុល្លារ)
    • Tesla Model Y កំណែ​លំដាប់​ខ្ពស់: 53,990 ដុល្លារ (-3,000 ដុល្លារ ឬ -5,3% ពី 56,990 ដុល្លារ)
  • សូរ្យគ្រាសក្នុង​ថ្ងៃទី 20 មេសា 2023 ៖ រូបភាពខ្លះៗដែល​ថត​បាន​ពីតំបន់​មួយ​ចំនួន​លើ​ពិភពលោក

    សូរ្យគ្រាសក្នុង​ថ្ងៃទី 20 មេសា 2023 ៖ រូបភាពខ្លះៗដែល​ថត​បាន​ពីតំបន់​មួយ​ចំនួន​លើ​ពិភពលោក

    នៅ​ថ្ងៃទី 20 មេសា​នេះ សូរ្យគ្រាស​កូនកាត់​ត្រូវបាន​មើលឃើញ​នៅក្នុង​តំបន់​ជាច្រើន​នៅ​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី រួម​នឹង​តំបន់​ខ្លះ​របស់​នូ​វែ​ល​សេ​ឡង់ ហ្វ៊ី​លី​ពី​ន ទី​ម័​រ​ខាងកើត និង​តំបន់​ខ្លះទៀត​នៅ​អាស៊ីអាគ្នេយ៍។

    នៅ​អូស្ត្រាលី មនុស្ស​ជិត 20,000 នាក់​ប្រមូល​ផ្ដុំគ្នា​នៅក្រោម​ផ្ទៃមេឃ​ដែល​ស្ទើរតែ​មិនមាន​ពពក​ក្នុង​ទីរួមស្រុក​ក្បែរ​ឆ្នេរសមុទ្រ Exmouth ដើម្បី​គយគន់​បាតុភូត​សូរ្យគ្រាស​ពេញលេញ​ដែល​អូសបន្លាយ​ពេល​ប្រហែល​មួយនា​ទីនា​ព្រឹក​ថ្ងៃទី 20 មេសា​នេះ។ នេះ​គឺជា​ទីតាំង​មួយ​ក្នុងចំណោម​តំបន់​ដែលមាន​អំណោយផល​ល្អ​បំផុត​នៅ​អូស្ត្រាលី​ក្នុងការ​តាមដាន​បាតុភូត​សូរ្យគ្រាស​ដ៏​កម្រ​ជួបប្រទះ។

    សូរ្យគ្រាស​លើក​នេះ​ចាប់ផ្ដើម​ពី​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា និង​ធ្វើដំណើរ​ឆ្លងកាត់​ទ្វីបអូសេអានី អាស៊ីអាគ្នេយ៍ និង​បញ្ចប់​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ តំបន់​ដែល​មើលឃើញ​បាតុភូត​សូរ្យគ្រាស​រាង​វង់ចិញ្ចៀន និង​សូរ្យគ្រាស​ពេញលេញ​គឺមាន​តិចតួច ដោយ​ភាគច្រើន​កើតឡើង​នៅលើ​សមុទ្រ។

    ពេល​សូរ​គ្រាស​កើតឡើង តំបន់​មួយចំនួន​លើ​ផែនដី​នឹង​អាច​មើលឃើញ​សូរ្យគ្រាស​ពេញលេញ ខណៈ​តំបន់​ខ្លះ​មើល​ឃើញតែ​សូរ្យគ្រាស​រាង​រង់​ចិញ្ចៀន ចំណែក​ខ្លះទៀត​ក៏​ឃើញតែ​មួយផ្នែក​តូច។ សូរ្យគ្រាស​ពេញលេញ​​លើក​នេះ​ត្រូវបាន​មើលឃើញ​នៅ​ឧបទ្វីប North West Cape និង​កោះ Barrow នៅ​អូស្ត្រាលី​ខាងលិច តំបន់​ភាគ​ខាងកើត​របស់​ទី​ម័​រ​ខាងកើត កោះ Damar និង​មួយផ្នែក​របស់​ខេត្ត Papua នៅ​ឥណ្ឌូណេស៊ី។

    សូរ្យគ្រាសនៅអូស្ត្រាលីនាថ្ងៃនេះ

    https://www.youtube.com/watch?v=KhXA7gkmYWk

  • ប្រព័ន្ធ​ប្រតិកម្ម​ថាមពលព្រះអាទិត្យ​ធ្វើឱ្យ​ទឹក​ក្លាយជា​​អ៊ីដ្រូសែន អាច​ផ្ដល់​​អគ្គិសនី​​គ្រប់គ្រាន់​សម្រាប់​​​គ្រួសារ​​​មាន​សមាជិក​ពីរ​នាក់​

    ប្រព័ន្ធ​ប្រតិកម្ម​ថាមពលព្រះអាទិត្យ​ធ្វើឱ្យ​ទឹក​ក្លាយជា​​អ៊ីដ្រូសែន អាច​ផ្ដល់​​អគ្គិសនី​​គ្រប់គ្រាន់​សម្រាប់​​​គ្រួសារ​​​មាន​សមាជិក​ពីរ​នាក់​

    (ស្វ៊ី​ស) – នៅក្នុង​ការពិសោធ ប្រព័ន្ធ​ប្រតិកម្ម​ថ្មី​នេះ​បង្កើត​អ៊ីដ្រូសែន​បាន​ប្រហែល 500 ក្រាម/ថ្ងៃ ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​បាន​ពាក់កណ្ដាល​​នៃ​តម្រូវ​ការ​ សម្រាប់​គ្រួសារ​តែមាន​សមាជិក​បួន​នាក់។

    ក្រុម​វិស្វករ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ Lausanne (EPFL) បាន​បង្កើត និង​ធ្វើតេស្ត​ជោគជ័យ​លើ​ប្រព័ន្ធ​ប្រតិកម្ម​ថាមពលព្រះអាទិត្យ​ដែល​អាច​ផលិត​អ៊ីដ្រូសែន​ពី​កម្ដៅថ្ងៃ និង​ទឹក នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មេសា។

    ប្រព័ន្ធ​ថ្មី​នេះ​មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការផលិត​ឧស្ម័ន​អ៊ីដ្រូសែន​នោះទេ តែ​ថែមទាំង​អាច​ស្រូបយក​អនុផល​ដែលមាន​អុកស៊ីសែន និង​កម្ដៅ​ដើម្បី​ទុក​ប្រើប្រាស់​ផងដែរ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Energy។

    អ៊ីដ្រូសែន​មាន​តួនាទី​សំខាន់​នៅក្នុង​ថាមពល​កកើត​ឡើងវិញ ឬ​ហៅថា​ថាមពលបៃតង។ មួយ​ក្នុងចំណោម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ផលិត​អ៊ីដ្រូសែន ​គឺ​ការ​បំបែក​ទឹក​ទៅជា​មូ​លេ​គុល​នានា​ដែល​បាន​បង្កើត​ទឹក។ សកម្មភាព​បំបែក​ធាតុទឹក​ដោយ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ត្រូវបាន​ហៅថា សំយោគ​រស្មី​សិប្បនិម្មិត។

    ប្រព័ន្ធ​នេះ​មាន​រូបរាង​ស្រដៀង​នឹង​ចាន​ផ្កាយរណប។ ចាន​នេះ​ស្រូប​យក​កម្ដៅ​ពី​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​កម្ដៅ​ប្រហែល 800 ដង​ បញ្ចូល​ទៅក្នុង​ម៉ាស៊ីន​ប្រតិកម្ម​រស្មី​អគ្គិសនី។ ទឹក​ត្រូវបាន​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន​នេះ ហើយ​នៅទីនេះ ថាមពលព្រះអាទិត្យ​នឹង​ជួយ​បំបែក​ម៉ូលេគុល​ទឹក​ទៅជា​អ៊ីដ្រូសែន និង​អុកស៊ីសែន។

    ក្រៅពី​អ៊ីដ្រូសែន អនុផល​ពីរ​ផ្សេងទៀត​គឺ​អុកស៊ីសែន​នឹង​អាច​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ ឬ​ឧស្សាហកម​ក្ម ខណៈ​កម្ដៅ​នឹងត្រូវ​បញ្ជូន​តាម​បណ្ដាញ​ដើម្បី​ប្រើប្រាស់​ក្នុងការ​ដាំ​​ទឹក ឬ​កម្ដៅ​បរិយាកាស​ក្នុង​អគារ​នា​រដូវ​ត្រជាក់។

    ប្រតិកម្ម​របស់​ប្រព័ន្ធ​ខាងលើ​បង្កើត​អ៊ីដ្រូសែន​ប្រហែល 500 ក្រាម/ថ្ងៃ ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​បាន​ពាក់​កណ្ដាល​សម្រាប់​​​តម្រូវការ​របស់​គ្រួសារ​​ដែលមាន​សមាជិក​បួន​នាក់ តាមរយៈ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។

    ក្រុម​ស្រាវជ្រាវ​ខាងលើ​មាន​គម្រោង​សាងសង់​រោងចក្រ​ពិសោធន៍​មួយ​ដែលមាន​កម្លាំង​ត្រឹម​រាប់រយ kW នៅក្នុង​កន្លែង​ផលិត​លោហធាតុ។ អ៊ីដ្រូសែន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្អាប់​លោហធាតុ គ្រា​ដែល​កម្ដៅ​ទុក​សម្រាប់​ដាំទឹក និង​អុកស៊ីសែន​នឹង​ត្រូវបាន​ផ្គត់ផ្គង់​ឱ្យ​មន្ទីរពេទ្យ​នៅក្បែរនោះ៕

  • ស៊ី​ហ្គេម 2023 ៖ ថៃ​កំណត់​គោលដៅ​ដណ្ដើម​មេដាយ​ឱ្យបាន​ច្រើនជាងគេបង្អស់

    ស៊ី​ហ្គេម 2023 ៖ ថៃ​កំណត់​គោលដៅ​ដណ្ដើម​មេដាយ​ឱ្យបាន​ច្រើនជាងគេបង្អស់

    ប្រតិភូ​កីឡា​របស់​ប្រទេស​ថៃ បានកំណត់​គោលដៅ​យ៉ាងខ្ពស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម​លើក​ទី 32) ដើម្បី​ដណ្ដើម​តំណែង​លេខ​មួយ​ទូទាំង​ក្រុម។

    នៅសល់​ប្រហែល​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 នឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​នៅ​កម្ពុជា។ នេះ​គឺជា​ពេលវេលា​ចុងក្រោយ​សម្រាប់​បណ្ដា​ក្រុមកីឡា​ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ​បំផុត។

    ថ្មីៗនេះ ប្រតិភូ​កីឡា​ថៃ បានកំណត់​គោលដៅ​យ៉ាង​ជាក់លាក់​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ថៃ​ប្ដេជ្ញា​ដណ្ដើម​តំណែង​លេខ​មួយ​ទូទាំង​ក្រុម ដោយ​ត្រូវ​រក​មេដាយមាស​ឱ្យបាន 162 គ្រឿង ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​ក្នុង 7 សម័យកាល​ចុងក្រោយ​របស់​ស៊ី​ហ្គេម។ នៅ​ស៊ី​ហ្គេម​លើក​ទី 24 ថៃ​ដែលជា​ម្ចាស់ផ្ទះ​ដណ្ដើមបាន​មេដាយមាស​សរុប 183 គ្រឿង។ នៅ​ស៊ី​ហ្គេម​បន្តបន្ទាប់ ប្រតិភូ​កីឡា​ថៃ​មានតែ​ពីរលើក​ប៉ុណ្ណោះ​ដែល​ដណ្ដើមបាន​មេដាយមាស​ច្រើនជាង 100 គ្រឿង នោះ​គឺ​នៅ​​ស៊ី​ហ្គេម​លើក​ទី 26 និង​លើក​ទី 27។

    ទោះជា​យ៉ាងណាក៏ដោយ អ្នកគាំទ្រ​ខ្លះ​ពិបាក​ក្នុងការ​ជឿជាក់​បាន​ថា ថៃ​អាច​សម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ​ខាងលើ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុមកីឡា​ថៃ​ដណ្ដើមបាន​មេដាយមាស​តែ 92 គ្រឿង​ប៉ុណ្ណោះ និង​ត្រូវ​ជាប់​លេខ​ពីរ។

    នៅក្នុង​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ត្រូវ​បានប្រគល់​ភារកិច្ច​ដណ្ដើម​ឱ្យបាន​មេដាយមាស។ បច្ចុប្បន្ន ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​វៀតណាម និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម កំពុង​គ្រប់គ្រង​តំណែង​ជើងឯក​នៃ​វិញ្ញាសា​នេះ៕

  • សាច់គោ​ដែលឆ្ងាញ់​ និង​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    សាច់គោ​ដែលឆ្ងាញ់​ និង​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    គោ Wagyu ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ និង​ថ្លៃ​ជាងគេ​បង្អស់​លើ​ពិភពលោក​ត្រូវបាន​ជប៉ុន​ចាត់ទុកថា​ជាវ​ត្ថុ​ប្រចាំ​ប្រទេស។

    សាច់គោ Wagyu ល្បីឈ្មោះ​ទូទាំង​សកលលោក ព្រោះតែ​សាច់​របស់​វា​ឆ្ងាញ់​ខ្លាំង ដោយសាច់ និង​ខ្លាញ់​ប្រទាក់ក្រឡា​គ្នា​គ្មាន​គូ​ប្រៀប។ ក៏ប៉ុន្តែ តម្លៃ​របស់​​សាច់គោ​ប្រភេទ​នេះ​ក៏​មិន​ថោក​នោះដែរ។ សាច់គោ Wagyu របស់​អាម៉េរិក​មានតម្លៃ​ប្រហែល​តែ​ពី 20 ទៅ 30 ដុល្លារ/គីឡូក្រាម ខណៈ​សាច់គោ Wagyu របស់​ជប៉ុន​មានតម្លៃ​រហូតដល់​ពី 200 ទៅ 600 ដុល្លារ/គីឡូក្រាម។

    Wagyu ពិតជា​ទំនិញ​ដ៏​សែន​ថ្លៃ ហើយ​វា​ត្រូវបាន​មេ​ចុងភៅល្បីៗ​ក្នុង​ពិភពលោក​​ចាត់​ទុក​ថា​ជា​ប្រភេទ​សាច់​ដែល​ឆ្ងាញ់​បំផុត​ដែល​មនុស្ស​អាច​ទិញ​បាន​ដោយ​ប្រាក់។ ប៉ុន្តែ មូលហេតុ​អ្វីខ្លះ​ដែល​បានធ្វើឱ្យ Wagyu មានតម្លៃ​ខ្ពស់​កប់​ពពក​ដូច្នេះ​?

    ប្រភព​ផ្គត់ផ្គង់​ដែលមាន​មិន​ច្រើន​ តម្រូវការ​ទីផ្សារ​ខ្ពស់​ខ្លាំង និង​គុណភាព​សាច់​ល្អ​ឯក បាន​នាំឱ្យ​សាច់គោ Wagyu របស់​ជប៉ុន មានតម្លៃ​ខ្ពស់កប់ពពក។ ប៉ុន្តែ ក្រៅពីនេះ​ក៏​នៅមាន​កត្តាផ្សេងៗជាច្រើន​ទៀត​ដែល​រួមចំណែក​ធ្វើឱ្យ​សាច់គោ​ប្រភេទ​នេះ​សម្រេចបាន​កិត្តិនាម​ខាងលើ។

    1-របប​អាហារ​របស់​គោ Wagyu ៖ ម្ចាស់​កសិដ្ឋាន​ជ្រើសរើស​តែ​ចំណី​គុណភាព​ល្អ មានតម្លៃ​ថ្លៃ​សម្រាប់​ឱ្យ​គោ​ស៊ី។

    2-កសិដ្ឋាន ៖ ដើម្បីឱ្យ​សាច់គោ Wagyu មានគុណ​ភាពល្អ ម្ចាស់​កសិដ្ឋាន​ត្រូវមាន​កន្លែង​ចិញ្ចឹម​ធំ​ទូលាយ ដែល​គោ​អាច «ហាត់ប្រាណ» បាន​ស្រួល និង «លេងសប្បាយ» ​ដោយ​សេរី។

    3-ពេលវេលា​ធំធាត់ ៖ គោ Wagyu ដែល​ត្រូវបាន​ចាត់ទុកថា «ល្មម» គឺ​​ត្រូវមាន​ទម្ងន់​ចាប់ពី 680 គីឡូក្រាម និង​មាន​អាយុ​ចាប់ពី 400 ទៅ 450 ថ្ងៃ។

    4-ភាពផ្ដាច់មុខ ៖ ជប៉ុន​បានកំណត់​បរិមាណ​នៃ​ការនាំចេញ​នូវអ្វីៗគ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​គោ Wagyu ធ្វើ​ឱ្យ​ពូជ​គោ​នេះ​មិន​សូវ​មាន​វត្តមាន​ក្នុងពិភពលោក​។

    5-ភោជនីយដ្ឋាន​លំដាប់​កំពូល ៖ អាហារ​ដែល​ចម្អិន​ពី​សាច់គោ Wagyu របស់​ជប៉ុន គឺមាន​នៅតែ​ក្នុង​ភោ​ជនី​ដ្ឋា​ន​លំដាប់​កំពូល​ៗ​​ប៉ុណ្ណោះ ព្រោះតែ​តម្លៃ​របស់​វា​ថ្លៃ​ហួសពេក៕

    ចំណាត់ថ្នាក់​សាច់គោ Wagyu