Author: សឿន សំណាង

  • ​ក្រុម​​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម​​ នឹង​ទទួល​បាន​​រង្វាន់​បន្ថែម​ ​ពេល​ដណ្ដើម​បាន​មេដាយ​

    ​ក្រុម​​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម​​ នឹង​ទទួល​បាន​​រង្វាន់​បន្ថែម​ ​ពេល​ដណ្ដើម​បាន​មេដាយ​

    ដំណឹង​ល្អ​បាន​លេចឡើង​សម្រាប់​កីឡាករ​នៃ​ក្រុម​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម គ្រា​ដែល​នៅសល់​មិន​ដល់​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 នឹង​ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​នៅ​កម្ពុជា។

    ដំណឹង​ល្អ​ខាងលើ នោះ​គឺ​អត្តពលិក​ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា នឹង​ទទួលបាន​ប្រាក់រង្វាន់ 20 លាន​ដុង ពី​សហព័ន្ធ​កីឡា​គុន​បុរាណ​វៀតណាម។

    លោក ង្វៀន ង៉ុ​ក​អា​ញ់ ប្រធាន​សហព័ន្ធ​កីឡា​គុន​បុរាណ​វៀតណាម បានឱ្យដឹងថា «ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​នៃ​ក្រុមកីឡា​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម សហព័ន្ធ​ក្បាច់គុន​បុរាណ​វៀតណាម នឹង​ផ្ដល់​ប្រាក់​​រង្វាន់ 20 លាន​ដុង (ជាង 850 ដុល្លារ​អាម៉េរិក) ​ដល់​អត្ត​ព​លិ​កម្នាក់ៗដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​នៅ​ស៊ី​ហ្គេម​លើក​ទី 32»។

    យោងតាម​សារព័ត៌មាន​វៀតណាម ការលើកទឹកចិត្ត ក៏ដូចជា​ការប្រកាស​ផ្ដល់​រង្វាន់​ទាន់ពេល​នេះ​នឹង​ក្លាយជា​ការជំរុញ​ដ៏​សំខាន់​ដើម្បី​​ឱ្យ​កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុម​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម ឆ្ពោះទៅរក​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​​ស៊ី​ហ្គេម​នៅ​កម្ពុជា។

    អត្តពលិកដែលដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាប្រកួតក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា នឹងទទួលបានប្រាក់រង្វាន់ 20 លានដុង

    លោក ឡេ កុង​ប៊ុត ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ក្រុម​គុន​ល្បុក្កតោ​វៀតណាម បាន​និយាយថា «តាម​ការកំណត់ អត្ត​ព​លិ​កម្នាក់ៗដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម នឹង​ទទួលបាន​ប្រាក់​​រង្វាន់ 45 លាន​ដុង​សម្រាប់​មេដាយមាស, 25 លាន​ដុង​សម្រាប់​មេដាយប្រាក់ និង 20 លាន​ដុង​សម្រាប់​មេដាយ​សំរឹទ្ធ»។

    វិញ្ញាសា​គុន​ល្បុក្កតោ​របស់​កម្ពុជា ថ្វីបើ​ទើបតែ​មាន​វត្តមាន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ប៉ុន្តែ​តាម​គម្រោង នឹងមាន​ប្រាំ​ក្រុម​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​ចំនួន 19 គ្រឿង។

    យោងតាម​កាលវិភាគ​នៃ​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 វិញ្ញាសា​គុន​ល្បុក្កតោ​នឹង​សម្ពោធ​បើក​ការប្រកួត​នៅ​ថ្ងៃទី 05 ឧសភា ហើយ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី 06 ដល់ 14 ឧសភា 2023៕

  • រថយន្ត​អគ្គិសនី​អាចជួយ​ឱ្យ​អ្នក​សន្សំសំច័យ​ប្រាក់​បាន​ចាប់​ពី​ 6,000 ដុល្លារ​អាម៉េរិក​

    រថយន្ត​អគ្គិសនី​អាចជួយ​ឱ្យ​អ្នក​សន្សំសំច័យ​ប្រាក់​បាន​ចាប់​ពី​ 6,000 ដុល្លារ​អាម៉េរិក​

    យោងតាម​ការ​ស្រា​ជ្រាវ​មួយ​តាំងពី​ឆ្នាំ 2020 របស់ Consumer Reports ម្ចាស់​រថយន្ត​អគ្គិសនី​អាច​សន្សំសំច័យ​ប្រាក់​បាន​ចាប់ពី 6,000 ដល់ 10,000 ដុល្លារ​អាម៉េរិក នៅក្នុង​មួយ​អាយុកាល​របស់​វា បើ​ធៀប​នឹង​រថយន្ត​ដែល​ប្រើតែ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    Chris Harto អ្នកវិភាគ​គោលនយោបាយ​ថាមពល និង​គមនាគមន៍​ជាន់ខ្ពស់​របស់ Consumer Reports បានឱ្យដឹងថា ចាប់តាំងពី​ការស្រាវជ្រាវ​នោះ​ត្រូវ​បានប្រកាស រថយន្ត​អគ្គិសនី​ជាច្រើន​បាន​ថោក​ជាង​មុន ហើយ​រថយន្ត​ម៉ាស៊ីន​សាំង​ប្រែជា​ថ្លៃ​ជាង​មុន។

    នៅ​សហរដ្ឋ​អាម៉េរិក ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2022 បាន​ពន្យារ​ពេល​ឥណទាន​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី​ថ្មី​រហូតដល់​ឆ្នាំ 2032។ ការផ្ដល់ជូន​ដែលមាន​តម្លៃ​ឡើងដល់ 7,500 ដុល្លារ​នេះ រួម​នឹង​ការកំណត់​ស្ដីពី​ស្ដង់ដា​មួយចំនួនទៀត បាន និង​កំពុង​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​អគ្គិសនី​កាន់តែ​ធូរ​ថ្លៃ។

    នៅពេល​ប្រៀបធៀប​អំពី​ការចំណាយ​សរុប​ក្នុងពេល​ប្រើប្រាស់ គេ​ឃើញថា «ជា​មធ្យម រថយន្ត​អគ្គិសនី​តែងតែ​ល្អ​ជាង​​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង» នេះ​បើតាម Debapriya Chakraborty សេដ្ឋវិទូ និង​ជា​ជំនួយការ​ផ្នែក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លើ​រថយន្ត​អគ្គិសនី​របស់​សាកល​វិទ្យាល័យ Chicago និង The Associated Press បានឱ្យដឹង​ដូច្នេះ។

    ក៏ប៉ុន្តែ នៅមាន​កត្តា​មួយចំនួន​ដែល​អាចធ្វើឱ្យ​លទ្ធផល​ខាងលើ​មានការ​ប្រែប្រួល​សម្រាប់​ម​នុស្សម្នាក់ៗ ក្នុងនោះ​មានដូចជា​កត្តា​តម្លៃ​អគ្គិសនី និង​សាំង​ក្នុង​តំបន់, ប្រសិទ្ធភាព​របស់​ឆ្នាំង​សាក​ថ្ម​តាម​ផ្ទះ​ធៀប​នឹង​ស្ថានីយ​សាធារណៈ, ម៉ូ​ដែល​រថយន្ត និង​រយៈ​ចម្ងាយ​នៃ​ការបើកបរ។ល។

    ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Michigan ដែល​បានប្រកាស​កាលពី​ខែមករា​កន្លងទៅ ការប្ដូរ​មកប្រើប្រាស់រ​ថ​យន្ត​អគ្គិសនី​នឹង​ជួយ​សន្សំសំច័យ​ឥន្ធនៈ​ជា​មធ្យម​បាន 55% សម្រាប់​អតិថិជន​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក។ ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញថា 90% នៃ​គ្រួសារ​នៅសហរដ្ឋ​​អាម៉េរិក​ នឹង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចប់​ដែល​ពួកគេ​​​បំ​ភាយ​ផងដែរ៕

  • ទ្វីបអឺរ៉ុប​សាងសង់​ប្រព័ន្ធ​ម៉ាស៊ីន​បង្កើន​នៃ​ភាគល្អិត​មាន​ថាមពល «​ខ្លាំង​ស្មើនឹង​រន្ទះបាញ់​ដប់​លាន​គ្រាប់»

    ទ្វីបអឺរ៉ុប​សាងសង់​ប្រព័ន្ធ​ម៉ាស៊ីន​បង្កើន​នៃ​ភាគល្អិត​មាន​ថាមពល «​ខ្លាំង​ស្មើនឹង​រន្ទះបាញ់​ដប់​លាន​គ្រាប់»

    អង្គការ​ស្រាវជ្រាវ​នុយក្លេអែរ​​អឺរ៉ុប កំពុង​អនុវត្ត​ជំហានដំបូងៗដើម្បី​សាងសង់​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល (energy particle collider) ខ្នាត​យក្ស​ថ្មី ក្នុង​គោលដៅ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ និង​ព្យាបាល​ជម្ងឺមហារីក។

    Future Circular Collider (FCC) នឹងមាន​បរិមាត្រ​​វែង​ជាង​បី​ដង​ធៀប​នឹង LHC ដែលជា​ម៉ាស៊ីន​​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល ដែល​​ធំ និង​ខ្លាំង​បំផុត​លើ​ពិភពលោក​នាបច្ចុប្បន្ន ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ស្វែងយល់​អំពី​អាថ៌កំបាំង​ស្ដីពី​យន្តការ​ចក្រវាល។ ម៉ាស៊ីន​បង្កើនល្បឿន​ភាគ​ល្អិត​មាន​ថាមពល FCC នឹង​ស្ថិតក្នុង​ផ្លូវ​រូង​ក្រោម​ដី​នៃ​ប្រទេស​បារាំង និង​ស្វ៊ី​ស ហើយ​មាន​ប្រវែង 91 គីឡូម៉ែត្រ និង​ទំហំ​មុខកាត់​ប្រហែល​ប្រាំ​ម៉ែត្រ។ នេះ​បើតាម Phys.org ចុះផ្សាយ​កាលពី​ថ្ងៃទី 22 មេសា។

    យោងតាម​អង្គការ​ស្រាវជ្រាវ​នុយ​ក្លេ​អែរ​អឺរ៉ុប (CERN) គោលបំណង​របស់ FCC គឺការ​​ជំរុញ​ថាមពល និង​កម្លាំង​របស់​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល ឱ្យសម្រេចបាន​ថាមពល​នៃ​ការ​ប៉ះគ្នា​ឱ្យ​ឡើងដល់ 100 teraelectronvolt ដែល​ស្មើនឹង​រន្ទះបាញ់​ដប់​លាន​គ្រាប់។ ផ្លូវ​រូង​នេះ​ស្ថិតនៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស និង​ក្បែរ​តំបន់ Annecy របស់​ប្រទេស​បារាំង។ មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ចំនួន 8 នឹង​ត្រូវបាន​សាងសង់​នៅលើ​ដី ក្នុងនោះ​មាន 7 នៅក្នុង​ប្រទេស​បារាំង និង​មួយ​នៅក្នុង​ប្រទេស​ស្វ៊ី​ស។ ក្រោយពី​ការសិក្សា​លំអិត ប្រទេស​ចំនួន 22 ដែលជា​សមាជិក​របស់ CERN នឹងធ្វើ​ការសម្រេចចិត្ត​ថា តើ​អាច​សាងសង់ FCC ក្នុង​រយៈពេល​ពី 5 ទៅ 6 ឆ្នាំ​ទៀត ​ឬ​អត់។

    FCC នឹង​បង្កើនល្បឿន​របស់​អេ​ឡិច​ត្រុ​ង និង​ប៉ូ​ស៊ី​ត្រុ​ង (electron and positron) រហូតដល់​ឆ្នាំ 2060 ហើយ​ក្រោយមក​នឹង​បង្កើនល្បឿន​របស់​ហាដ​រ៉ុ​ន (hadron) រហូតដល់​ឆ្នាំ 2090។ ប្រព័ន្ធ​ម៉ាស៊ីន​នេះ​នឹង​ស្វែងរក​ចម្លើយ​ដើម្បី​តប​ទៅនឹង​សំណួរ​ជាច្រើន​ដែល​មិនទាន់មាន​ចម្លើយ​នៅក្នុង​វិស័យ​រូបវិទ្យា​មូលដ្ឋាន។ បច្ចុប្បន្ន ម៉ាស និង​ថាមពល​ប្រមាណ 95% របស់​ចក្រវាល មិនទាន់​ត្រូវបាន​គេ​ស្គាល់​នៅឡើយ។

    អំពី​​អង្គការ​ស្រាវជ្រាវ​នុយ​ក្លេ​អែរ​អឺរ៉ុប (CERN)

    ម៉ាស៊ីន​បង្កើន​នៃ​ភាគល្អិត​មាន​ថាមពល LHC របស់ CERN មាន​បរិមាត្រ​ប្រវែង 27 គីឡូម៉ែត្រ និង​ជម្រៅ​ប្រហែល 100 ម៉ែត្រ​ក្រោម​ដី ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ជាក់​អំពី​វត្តមាន​របស់​ភាគល្អិត Higgs Boson ឬ​ហៅថា ភាគល្អិត​របស់​ព្រះ (God Particle) ពង្រីក​ការយល់ដឹង​អំពី​របៀប​ដែល​ភាគល្អិត​ប្រមូលបាន​ម៉ាស ដែល​នេះ​បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ពីររូប​ទទួលបាន​ពានរង្វាន់​ណូបែល​រូបវិទ្យា​កាលពី​ឆ្នាំ 2013។

    Malika Meddahi អនុប្រធាន​ផ្នែក​ប្រព័ន្ធ​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត និង​បច្ចេកវិទ្យា​របស់ CERN បាន​សង្កត់ធ្ងន់ថា ផលប្រយោជន៍​នៃ​ការស្រាវជ្រាវ​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ក្នុងនោះ​ក៏​មាន​ទាំង​​ការថតរូប​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ការព្យាបាល​ជម្ងឺមហារីក​ជាដើមផងដែរ​៕

  • ម៉ាស៊ីន​ជីក​ផ្លូវ​រូង​ក្រោម​ដី​ខ្នាត​យក្ស​ថ្មី និង​ទំនើប​បំផុត​របស់​ចិន ត្រូវបាន​សម្ពោធ​យកចេញ​ពី​រោងចក្រ

    ម៉ាស៊ីន​ជីក​ផ្លូវ​រូង​ក្រោម​ដី​ខ្នាត​យក្ស​ថ្មី និង​ទំនើប​បំផុត​របស់​ចិន ត្រូវបាន​សម្ពោធ​យកចេញ​ពី​រោងចក្រ

    ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី (TNM) ដែល​អាច​ផ្លាស់ប្ដូរ​ទំហំ​មុខកាត់ចន្លោះ​​ពី 6.53 ទៅ 8 ម៉ែត្រ ត្រូវបាន​យកចេញ​ពី​រោងចក្រ​ផលិត​ កាលពី​ថ្ងៃទី 20 មេសា នៅ​ខេត្ត Hunan ប្រទេស​ចិន។

    ម៉ាស៊ីន​ខ្នាត​យក្ស​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​សំណង់​ផ្លូវដែក​ធុន​ធ្ងន់​ចិន (CRCHI)។ ជាមួយនឹង​មុខកាត់​ដែល​អាច​ជីក​រូង​ក្រោម​ដី​ប្រហែល​ពី 6.53 ដល់ 8 ម៉ែត្រ ម៉ាស៊ីន​នេះ​អាច​ឡើង​ទួល​​ ចុះ​ទួល​រហូតដល់ 50 អង្សា។

    ម៉ាស៊ីន​ TNM ​​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្ថាបនា​ស្ថានីយ​វា​រី​អគ្គិសនី​មួយកន្លែង​នៅក្នុង​ខេត្ត Hunan ភាគខាងត្បូង​ប្រទេស​ចិន។ TNM អាច​ជីក​រូង​រាបស្មើ ឬ​រូង​ឡើង​ទួល ចុះ​ទួល។ វា​ក៏​អាច​ស្ថាបនា​ផ្លូវ​រូង​កោង​ដែល​មិនទាន់មាន​នៅលើ​ពិភពលោក​ផងដែរ​។ នេះ​បើ​យោងតាម Wu Min អនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ TBM របស់ CRCHI។

    ម៉ាស៊ីន TNM របស់ CRCHI ត្រូវបាន​យកចេញ​ពី​រោងចក្រ​ផលិត​ កាលពី​ថ្ងៃទី 20 មេសា

    «ក្រៅពី​ចំណុច​ពិសេស​ខាងលើ ម៉ាស៊ីន TNM ក៏​អាច​ប្រែកាយ​ពីមុខ​កាត់​ប្រវែង​តូច​ទៅជា​មុខកាត់​ធំ​ផងដែរ» លោក Wu Min ឱ្យដឹង​ដូច្នេះ។

  • ក្រុម​បាល់ទាត់​ U-22 កម្ពុជា​ ត្រូវ​ប្រកួត​ជាមួយ​ទីម័រ​ខាង​កើត​នៅ​ថ្ងៃទី 29 មេសា នៅស៊ីហ្គេម​លើក​ទី 32

    ក្រុម​បាល់ទាត់​ U-22 កម្ពុជា​ ត្រូវ​ប្រកួត​ជាមួយ​ទីម័រ​ខាង​កើត​នៅ​ថ្ងៃទី 29 មេសា នៅស៊ីហ្គេម​លើក​ទី 32

    កាលវិភាគ​នៃ​ការប្រកួត​បាល់​ទា​ត់បុរ​ស​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី 29 មេសា ឆ្នាំ 2023 នៅ​កម្ពុជា។

    នៅ​ក្នុង​វគ្គ​ចែកពូល​នៃ​ការប្រកួត​បាល់​ទា​ត់បុរ​ស​​នៅ​ស៊ីហ្គេម​លើក​ទី 32 កម្ពុជា​ត្រូវ​ប៉ះ​ទីម័រ​ខាង​កើត​នៅ​ថ្ងៃទី 29 មេសា​, ប៉ះ​ហ្វ៊ីលីពីន​នៅ​ថ្ងៃទី 02 ឧសភា, ប៉ះមីយ៉ាន់ម៉ា​នៅ​ថ្ងៃទី 07 ឧសភា និង​ប៉ះ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី 10 ឧសភា​។

    ខាងក្រោម​នេះ​គឺជា​កាលវិភាគ​នៃ​ការប្រកួត​បាល់​ទា​ត់បុរ​ស​វគ្គ​ចែក​ពូល​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ៖

  • ពេលណា​ទើប​ផែ​នី​ត្រូវ​បាត់បង់​ព្រះ​ចន្ទ បើ​សិន​ពួក​វា​នៅតែ​ចាក​ចេញ​​ពី​គ្នា​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន​?

    ពេលណា​ទើប​ផែ​នី​ត្រូវ​បាត់បង់​ព្រះ​ចន្ទ បើ​សិន​ពួក​វា​នៅតែ​ចាក​ចេញ​​ពី​គ្នា​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន​?

    ព្រះ​ចន្ទ​នឹងត្រូវ​ព្រះអាទិត្យ​លេប​យក​គ្មាន​សល់​ក្រោយ​រយៈពេល​ប្រហែល​ប្រាំ​ពាន់​លាន​ឆ្នាំ​ទៀត បើសិនជា​វា​បន្ត​ចាក​ឆ្ងាយ​ពី​ផែនដី​នៅ​ក្នុង​​ល្បឿន​ដូច​បច្ចុប្បន្ន។

    គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​នៅ​ជុំវិញ​ផែនដី ហាក់ដូចជា​មិន​ប្រែប្រួល ប៉ុន្តែ​ជាក់ស្ដែង ព្រះ​ចន្ទ​កំពុងតែ​ចាក​ឆ្ងាយ​ពី​ផែនដី​យ៉ាងសន្សឹមៗ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​ល្បឿន​ដែល​ព្រះ​ចន្ទ​ចរ​ចេញ​ឆ្ងាយ​ពី​ផែនដី​ដោយប្រើ​ប្រាស់​​កញ្ចក់​​ដែល​ណា​សាបាន​ដាក់​នៅ​ឯ​ឋាន​ព្រះ​ចន្ទ​​នៅក្នុង​បេសកកម្ម Apollo។ យោងតាម​ណា​សា ក្នុង​រយៈពេល 50 ឆ្នាំ​កន្លង ក្រុម​អ្នកស្រាវជ្រាវ​បាន​បាញ់​កាំរស្មី​ឡា​សែរ​ពី​ផែនដី​ទៅលើ​​កញ្ចក់​នោះ និង​វាស់​ពេលវេលា​ដើម្បី​រក​ចំណាំង​ផ្លាត។ ដោយ​ការប្រើប្រាស់​ល្បឿន​ពន្លឺ អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ព្រះ​ចន្ទ​កំពុង​ចរ​ចាក​ចេញពី​ផែនដី​ក្នុង​ល្បឿន​​ប្រហែល 3.8 សងទីម៉ែត្រ/ឆ្នាំ ដែល​ស្មើនឹង​ល្បឿន​នៃ​ការ​ដុះ​របស់​ក្រចកដៃ។

    ព្រះ​ចន្ទ​គោចរ​ចេញ​ឆ្ងាយ​ពី​ផែនដី​គឺ​ដោយសារ​ឥទ្ធិពល​ពី​កម្លាំង​ទំនាញ​រវាង​ពួកវា ហើយ​កម្លាំង​នេះ​ធ្វើឱ្យរ​ង្វិ​ល​ជុំនៃ​អ័ក្ស​​របស់​ផែនដី​ត្រូវ​យឺត​ជាង​មុន។ យោងតាម​អ្នកវិទ្យាសាស្ត្រ កាលពី​ប្រហែល 4.5 ពាន់​លាន​ឆ្នាំមុន នៅពេល​ព្រះ​ចន្ទ​កកើតដំបូង ល្បឿនរ​ង្វិល​ជុំ​នៃ​អ័ក្ស​​របស់​ផែនដី​គឺ​លឿន​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ដោយ​មួយថ្ងៃ​មាន​រយៈពេល​ប្រហែល​តែ​ប្រាំ​ម៉ោង​ប៉ុណ្ណោះ។

    ក្រោយរយៈពេលប្រហែលប្រាំពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងស្លាប់ ដោយវានឹងរីកធំឡើងទៅជាផ្កាយយក្សក្រហម

    ឥទ្ធិពល​របស់​ជំនោរ​សមុទ្រ​ក៏​បន្ថយល្បឿនរ​ង្វិល​ជុំ​​នៃ​អ័ក្ស​របស់​ព្រះ​ចន្ទ ហើយ​ជា​លទ្ធផល អ័ក្ស​របស់​ព្រះ​ចន្ទ​ត្រូវ​ឈប់​វិល ដោយ​មួយផ្នែក​របស់​វា​ត្រូវ​បែរមក​រក​ផែនដី​ជា​ដរាប។ ឥទ្ធិពល​នេះ​ក៏​ប​ន្ល​យ​ល្បឿន​នៃរ​ង្វិល​ជុំ​របស់​អ័ក្ស​ផែនដី។ ក្នុង​រយៈពេល​ប្រហែល 50 ពាន់​លាន​ឆ្នាំ​ទៀត បើសិន​មិនមាន​ការរអាក់រអួល ល្បឿនរ​ង្វិ​ល​ជុំ​របស់​អ័ក្ស​ផែនដី​នឹងមាន​វាសនា​ដូច​ព្រះ​ចន្ទ ពោលគឺ​មួយផ្នែក​របស់​ផែនដី​នឹង​បែរ​ទៅរក​ព្រះ​ចន្ទ​ជានិច្ច។ ក្នុងពេលនោះ ផែនដី និង​ព្រះ​ចន្ទ​នឹង​ឈប់​ចាក​ឆ្ងាយ​ពីគ្នា។

    ក៏ប៉ុន្តែ ក្រោយ​រយៈពេល​ប្រហែល​ប្រាំ​ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​ស្លាប់ ដោយវា​នឹង​​រីកធំឡើង​ទៅជា​ផ្កាយ​យក្ស​ក្រហម។ ពេលនោះ ប្រព័ន្ធ​ផែនដី – ព្រះ​ចន្ទ​ប្រាកដជា​នឹងត្រូវ​បាន​រំខាន និង​បែកធ្លាយ។ បើសិនជា​បន្ត​ចាក​ឆ្ងាយ​ពី​ផែនដី​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន ព្រះ​ចន្ទ​នឹង​ឆ្ងាយ​ពី​ផែនដី​ប្រហែល 189,000 គីឡូម៉ែត្រ​បន្ថែមទៀត ហើយក៏​នឹងត្រូវ​ផ្កាយ​យក្ស​ក្រហម​លេប​យក​គ្មាន​សល់៕

  • សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ចេញប្រកាស​សំខាន់​គ្រា​ដែល​ស៊ី​ហ្គេម​លើក​ទី 32 ​កាន់​តែ​ជិត​មកដល់

    សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ចេញប្រកាស​សំខាន់​គ្រា​ដែល​ស៊ី​ហ្គេម​លើក​ទី 32 ​កាន់​តែ​ជិត​មកដល់

    សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ថ្មីៗនេះ​បានចេញ​សេចក្ដីសម្រេច​ថ្មី​បំផុត​ដើម្បីឱ្យ​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ​អនុវត្ត​ចាប់ពី​ស៊ី​ហ្គេម​លើក​ទី 33។

    ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 នឹង​ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ការប្រកួត​នៅ​ថ្ងៃទី 05 ឧសភា 2023 នៅ​រាជធានី​ភ្នំពេញ។ មុននពេល​ប្រារព្ធ​ព្រឹត្តិការណ៍​ខាងលើ សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ថ្មីៗនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេលចេញ​សេចក្ដីប្រកាស​ថ្មី។

    សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ បាន​សម្រេចថា ចាប់ពី​ស៊ី​ហ្គេម​លើក​ទី 33 ឆ្នាំ 2025 ព្រឹត្តិការណ៍​កីឡា​ពហុ​វិញ្ញាសា​របស់​អាស៊ីអាគ្នេយ៍​នឹង​ផ្ដោតទៅលើ​ការរៀបចំ​បណ្ដា​វិញ្ញាសា​កីឡា​របស់​ក្រុម​ទីមួយ (អត្តពលកម្ម, ហែល​ទឹក) និង​ក្រុមទី​ពីរ (បណ្ដា​វិញ្ញាសា​កីឡា​អូឡាំពិក​ដទៃទៀត) នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​កីឡា​អាស៊ី។

    សេចក្ដីសម្រេច​ខាងលើ​អនុញ្ញាតឱ្យ​ប្រទេស​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជ្រើសរើស​វិញ្ញាសា​យ៉ាងច្រើន​ត្រឹម​ពីរ​នៅក្នុង​ក្រុមទី​បី ដោយមាន​ការប្រកួត 8 ប្រភេទ។ នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​របស់​ស៊ី​ហ្គេម និង​កីឡា​អាស៊ីអាគ្នេយ៍។ សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ក៏បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​វិ​ញ្ញា​សា​កីឡា​ដែល​ស្ថិតក្នុង​ក្រុមទី​បី ដែល​រួមមាន ក្បាច់​គុនដំបង Arnis, អុក, កាយ​វប្បកម្ម (Bodybuilding), កីឡាហែលទឹក Finswimming, Kempo, Netball, Muay, របាំ​កីឡា, Pencak Silat, បោះ​ប៊ូល, ប្រណាំងទូក​ប្រពៃណី, ទាត់សី, Vovinam, Water Skiing ។ល។

    នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​ដំណាក់កាល​លើកកម្ពស់​ឥទ្ធិពល​កីឡា​អាស៊ីអាគ្នេយ៍។ មុន​នោះ ម្ចាស់ផ្ទះ​កម្ពុជា​បាន​លុបចោល​វិញ្ញាសា​កីឡា​មួយចំនួន​នៅ​អូឡាំពិក មានដូចជា បាញ់​ធ្នូ បាញ់កាំភ្លើង។ល។

  • សង្គ្រាម​នៅ​ស៊ូដង់ ៖ ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    សង្គ្រាម​នៅ​ស៊ូដង់ ៖ ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    បណ្ដា​ក្រុម​ប្រដាប់អាវុធ​របស់​អាម៉េរិក និង​អង់គ្លេស បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​ចេញពី​ប្រទេស​ស៊ូដង់ ស្រប​ពេលដែល​​ប្រទេស​ដទៃទៀតកំពុង​ «​ដុតដៃដុតជើង​» នាំ​ពលរដ្ឋ​របស់​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព គ្រា​ដែល​ក្រុម​​ប្រដាប់​អាវុធ​​នានា​នៅ​ស៊ូដង់ ប្រយុទ្ធ​ដណ្ដើម​អំណាច​​គ្នា​នៅក្នុង​រដ្ឋធានី​ខាទុំ (Khartoum) កាលពី​ថ្ងៃទី 23 មេសា។

    ការប្រយុទ្ធ​គ្នា​ខាងលើ​ដែល​បាន​កើតឡើង​កាលពី 8 ថ្ងៃមុន រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​យោធា​ប៉ា​រ៉ា (RSF) បាន​ផ្ទុះអាវុធ​ដាក់គ្នា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 420 នាក់​បាត់​បង់ជីវិត និង​រាប់លាន​នាក់​ត្រូវ​ជាប់គាំង មិនអាច​ទទួល​សេវាកម្ម​ចាំបាច់។

    នៅពេល​ប្រជាជន​ព្យាយាម​រត់គេច​ពី​សង្គ្រាម ប្រទេស​ជាច្រើន​ក៏បាន​បញ្ជូន​យន្តហោះ និង​ក្បួន​រថយន្ត​ទៅកាន់​រដ្ឋធានី​ខាទុំ ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ។

    បារាំង​បានឱ្យដឹងថា យន្តហោះ​មួយគ្រឿង​របស់​ខ្លួន​បាន​ដឹក​មនុស្ស​ប្រហែល 100 នាក់​ចាកចេញ​ទៅ​​កាន់ Djibouti ហើយ​យន្តហោះ​ជើង​ទី​ពីរ​​នឹង​ធ្វើ​សកម្មភាព​ជម្លៀស​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ប្រភពព័ត៌មាន​នានា​បាន​រាយការណ៍​ថា ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ស៊ូដង់ បានធ្វើឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​ម្នាក់​បាត់បង់​ជីវិត និង​អ្នកការទូត​មួយរូប​របស់​អេ​ហ្ស៊ី​ប​ត្រូវ​រងរបួស។

    អាល្លឺម៉ង់​បានឱ្យដឹងថា ប្រទេស​នេះ​បាន​បញ្ជូន​យន្តហោះ​យោធា​មួយគ្រឿង​នៅ ខាទុំ​។ ចំណែក​អ៊ីតាលី​វិញ ក៏បាន​និយាយថា ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ស៊ូដង់ កាលពី​ថ្ងៃទី 23 មេសា។ ហ្កា​ណា ឥណ្ឌា និង​លី​ប៊ី កំពុងតែធ្វើការ​ដើម្បី​នាំ​ពលរដ្ឋ​ត្រលប់​ទៅ​ស្រុករៀងៗខ្លួន។

    ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    កាលពី​ថ្ងៃទី 23 មេសា អង់គ្លេស​បានឱ្យដឹងថា បាន​ជម្លៀស​បុគ្គលិក​ការទូត និង​ញាតិ​របស់​ពួកគេ​ចេញពី​ស៊ូដង់។ ហូ​ឡង់​គឺជា​ប្រទេស​ថ្មី​បំផុត​ដែល​បានប្រកាស​ជម្លៀស​ពលរ​ដ្ឋ​របស់​ខ្លួន​​ចេញពី​ស៊ូដង់។

    ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ ខាទុំ និង​បណ្ដា​ទីក្រុង​ដែល​នៅក្បែរនោះ រួមមាន Omdurman និង Bahri រួម​នឹង​បណ្ដា​តំបន់​នៅ​ស៊ូដង់​កាលពី​ថ្ងៃទី 15 មេសា។

    កងទ័ព​ស៊ូដង់ និង RSF បានរួម​គ្នា​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ 2021 ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ចរចា​អំពី​ផែនការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល និង​បញ្ចូល RSF ទៅក្នុង​កងកម្លាំងប្រដាប់អាវុធ។

    ការផ្ទុះ​សង្គ្រាមស៊ីវិលភ្លាមៗនៅ​ស៊ូដង់ បាន​បំផ្លាញ​ផែនការ​ស្ដារ​របប​ប្រជាធិបតេយ្យ រុញច្រាន​ប្រទេស​ក្រីក្រ​មួយ​នេះ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​មនុស្សធម៌ និង​ប្រឈម​នឹង​សង្គ្រាម​ធំ​ដែល​អាច​អូ​ទាញ​មហាអំណាច​បរទេស៕

  • វៀតណាម​រកឃើញ​ករ​ណី​ឆ្លង «មេរោគ​ស៊ីសាច់​មនុស្ស»

    វៀតណាម​រកឃើញ​ករ​ណី​ឆ្លង «មេរោគ​ស៊ីសាច់​មនុស្ស»

    បុរស​វ័យ 66 ឆ្នាំ​ម្នា​ក់នៅ​ខេត្ត​ដាក់​ណុង (Dak Nong) ភាគខាងត្បូង​ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ (ព្រៃនគរ) បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែមាន​ដុំ​សាច់​ពក​ធំ​នៅលើ​ក្បាល ហើយ​ត្រូវ​វេជ្ជបណ្ឌិត​រកឃើញថា កើត​ជម្ងឺ Whitmore។

    យោងតាម​នាយកដ្ឋាន​សុខាភិបាល​ខេត្ត​ដាក់​ណុង កាល​ពីមួយ​ឆ្នាំមុន អ្នក​ជម្ងឺ​ខាងលើ​មាន​ដុំ​សាច់​នៅលើ​ក្បាល ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​ជា​ដុំ​ខ្លាញ់។ កាល​ពីមួយ​សប្ដាហ៍​មុននេះ អ្នក​ជម្ងឺ​មាន​អាការ​ឈឺចាប់​ត្រង់​ដុំ​ពក​នោះ ហើយក៏​បាន​ចូល​ពេទ្យ​នៅ​ខេត្ត​ដាក់​ណុង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ VNexpress​ កាល​ពី​ថ្ងៃទី 21 មេសា​។

    អ្នក​ជម្ងឺ​ត្រូវបាន​ពិនិត្យឃើញថា​រលាក​លលា​ដ៍​ក្បាល និង​ខ្ទុះ​ក្រោម​ស្បែកក្បាល ហើយក៏​ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត។ ថ្ងៃទី 19 មេសា 2023 លទ្ធផល​នៃ​ការធ្វើ​តេស្ត​បង្ហាញថា វត្ថុ​សំណាក​នេះ​មាន​ផ្ទុក Burkholderia pseudomallei ដែលជា​បាក់តេរី​បង្ក​ជម្ងឺ Whitmore ឬ​ហៅថា «បាក់តេរី​ស៊ីសាច់​មនុស្ស»។

    នេះ​គឺជា​មនុស្ស​ដំបូង​នៅ​ខេត្ត​ដាក់​ណុង​ដែល​ត្រូវបាន​រកឃើញថា​មាន​ជម្ងឺ Whitmore ជា​ជម្ងឺ​ដែល​ហាក់​ត្រូវបាន​គេ​ភ្លេច​ទៅហើយ និង​បានបង្ហាញ​វត្តមាន​ឡើងវិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    បន្ទាប់ពី​បាន​រកឃើញ​ករណី​ខាងលើ មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ខេត្ត​ដាក់​ណុង ក៏បាន​ណែនាំ​ឱ្យ​ប្រជាជន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល ដោយ​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន ការពារ​បរិស្ថាន និង​ប្រើប្រាស់​សម្ភារៈ​ការពារ​សុខ​ភាព​នៅពេល​ធ្វើការ។

    បាក់តេរី B. pseudomallei រស់នៅក្នុង​ដី ទឹក​កខ្វក់ និង​អាច​ចូលក្នុង​រាងកាយ​មនុស្ស​តាមរយៈ​ស្បែក​ដែល​រលាត់ របួស​ដែល​មិនបាន​ព្យាបាល។ បច្ចុប្បន្ន ពុំទាន់​មាន​ភ័ស្ដុតាង​ដែល​បង្ហាញ​អំពី​សមត្ថភាព​នៃ​ការឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស ឬ​ពីស​ត្វ​ទៅ​មនុស្ស​របស់​បាក់តេរី​នេះ​នៅឡើយ។

    អ្នក​កើត​ជម្ងឺ​នេះ​អាច​បាត់​បង់ជីវិត​បើសិន​មិនបាន​ព្យាបាល​ទាន់ពេល ពិសេស​អ្នកជំងឺ​ដែលមាន​ជម្ងឺ​ប្រចាំកាយ​មួយចំនួន​មានដូចជា ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺថ្លើម ជម្ងឺ​តម្រងនោម និង​ជម្ងឺ​សួត​ជាដើម។

    នៅ​ប្រទេស​វៀតណាម អ្នក​ជម្ងឺ Whitmore ប្រហែល 70% ត្រូវ​ចូល​ពេទ្យ​ចាប់ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ។ អ្នក​ជម្ងឺ​ទាំងនេះ​តែងតែមាន​ទំនាក់ទំនង​ជាមួយនឹង​ស្ថានភាព​ទឹកជំនន់។ បច្ចុប្បន្ន​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ទប់ស្កាត់​ការឆ្លង​ជម្ងឺ Whitmore នេះ​នៅឡើយ៕

  • ក្រុម​បាល់​ទាត់​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ «នាំ​គ្នា» ទៅ​ប្រទេស​ថៃ​ បោះ​ជំរំ​ហ្វឹក​ហាត់​​ត្រៀម​សម្រាប់​​ស៊ី​ហ្គេម​នៅ​កម្ពុជា​

    ក្រុម​បាល់​ទាត់​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ «នាំ​គ្នា» ទៅ​ប្រទេស​ថៃ​ បោះ​ជំរំ​ហ្វឹក​ហាត់​​ត្រៀម​សម្រាប់​​ស៊ី​ហ្គេម​នៅ​កម្ពុជា​

    យោង​តាម​ស្ថិតិ 5/10 នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ U-22 (មិន​គិត​ U-22 ថៃ) របស់​តំបន់​អាស៊ី​អាគ្នេយ៍​ សុទ្ធ​តែ​​ជ្រើសរើស​ប្រទេស​ថៃ​ជា​ទីតាំង​បោះ​ជំរំ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 32​។

    វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅកម្ពុជា​ នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ទៀត​ (29 មេសា 2023)​។ បណ្ដា​ក្រុម​បាល់​ទាត់​ដែល​ត្រូវចូលរួម​ប្រកួត​ សុទ្ធ​តែ​មាន​ដំណើរ​ហ្វឹក​ហាត់​ដើម្បី​​​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​។

    គិត​ត្រឹម​បច្ចុប្បន្ន មាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​​រហូតដល់​ប្រាំ​នៅ​អាស៊ី​អាគ្នេយ៍ បាន​ជ្រើស​រើស​ប្រទេស​ថៃ​ជា​ទីតាំង​ហ្វឹក​ហាត់​​ រួម​មាន ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ មីយ៉ាន់ម៉ា ឡាវ ហ្វ៊ីលីពីន និង​ទីម័រ​ខាងកើត​។ មូលហេតុ​ចម្បង​ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​នាំ​ឱ្យ​ក្រុម​បាល់​ទាត់​ទាំង​នេះ​សម្រេច​ចិត្ត​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ គឺដោយ​សារ​ទឹក​ដី​នេះ​មាន​អាកាស​ធាតុ​ប្រហាក់​ប្រហែលនឹង​ប្រទេស​កម្ពុជា​។

    នៅ​ក្នុង​ដំណើរ​បោះ​ជំរំ​ហ្វឹកហាត់ បណ្ដា​ក្រុម​បាល់​ទាត់​ក៏​នឹង​ចូល​រួម​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​នឹង​ក្លឹប​បាល់​ទាត់​​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​។ បណ្ដា​ក្រុម​បាល់​ទាត់​​ក្រៅ​ពី​នេះ ​ដែល​​​រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូណេស៊ី​​ គឺ​សុទ្ធតែ​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​ក្នុង​ប្រទេស​មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា​៕