Author: សឿន សំណាង

  • ថៃ​ទទួល​នាវា​វាយ​ឡើង​ច្រាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    ថៃ​ទទួល​នាវា​វាយ​ឡើង​ច្រាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    នាវា​វាយ​ឡើង​ច្រាំង HTMS Chang បាន​ទៅដល់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ បន្ទាប់ពី​ត្រូវបាន​រោងចក្រ​សាងសង់​កប៉ាល់​ចិន​ប្រគល់ជូន​កាល​ពីមួយ​សប្ដាហ៍​មុន។

    ពិធី​ប្រគល់ និង​ទទួល​នាវា​វាយ​ឡើង​ច្រាំង HTMS Chang រវាង​ចិន និង​ថៃ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 17 មេសា​នៅឯ​រោងចក្រ​សាងសង់​កប៉ាល់ Hudong Zhonghua ស្ថិតក្នុង​ខេត្ត Shanghai ប្រទេស​ចិន។ នាវាចម្បាំង Chang បាន​ចាក​ចេញពី​រោងចក្រ​មួយថ្ងៃ​ក្រោយ​ពិធី​ប្រគល់ និង​បាន​ចូល​ចត​នៅ​កំពង់ផែ Chuk Samet របស់​ទ័ពជើងទឹក Sattahip ក្នុង​ខេត្ត Chonburi ភាគខាងត្បូង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី 25 មេសា 2023។

    ប្រទេស​ចិន និង​ថៃ​មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​តម្លៃ​របស់​នាវាចម្បាំង​​ដែល​ស្ថិតក្នុង​ថ្នាក់ Type-071E នេះ​នៅឡើយ។ ក៏​ប៉ុន្តែ Bangkok Post កាលពី​ឆ្នាំ 2017 បានឱ្យដឹងថា នាវា​ប្រភេទ​នេះ​មានតម្លៃ​ជាង 200 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវការ​ពេល​បី​ឆ្នាំ​ក្នុង​ការផលិត។

  • អាជ្ញាធរ​ភ្នំ​ពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​

    អាជ្ញាធរ​ភ្នំ​ពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​

    សួនច្បារ​មុខ​វត្ត​បទុមវតី បុរី​ប៉េងហួត​បឹង​ស្នោរ​ និង​ទីលាន​ប្រជាធិបតេយ្យ​ជា​ដើម​ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​​សម្រាប់​ការ​​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី 32​។

    ខាង​ក្រោម​នេះ​គឺជា​សេចក្ដី​ជូន​ដំណឹង​​របស់​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​​លើក​ទី 32 ៖

  • ​ម្ចាស់​ជើង​ឯក​បាល់​ទាត់​​​ស៊ីហ្គេម​បាន​មក​ដល់​កម្ពុជា​ ត្រៀមខ្លួន​​​ដើម្បី​ការពារ​​មេដាយ​មាស

    ​ម្ចាស់​ជើង​ឯក​បាល់​ទាត់​​​ស៊ីហ្គេម​បាន​មក​ដល់​កម្ពុជា​ ត្រៀមខ្លួន​​​ដើម្បី​ការពារ​​មេដាយ​មាស

    ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​វៀតណាម បាន​មកដល់​រាជធានី​ភ្នំពេញ​ហើយ ក្រោយពី​ធ្វើដំណើរ​មិន​ដល់​មួយ​ម៉ោង តាម​យន្តហោះ​ពី​ទីក្រុង​ហូជីមិញ (ព្រៃនគរ)។

    ការមកដល់​របស់​ក្រុម U-22 វៀតណាម បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​បុគ្គលិក​ការិយាល័យ​ជួរមុខ​របស់​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) បានមក​កាន់​ភ្នំ​ពេញ​​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា​ទាក់ទង​នឹង​​កន្លែង​ស្នាក់នៅ​ហូបចុក និង​រៀបចំ​កាលវិភាគ​សម្រាប់​ការហ្វឹកហាត់។

    សណ្ឋាគារ​ដែល​ក្រុម​ជម្រើសជាតិ U-22 វៀតណាម​ត្រូវ​ស្នាក់នៅ​ក៏​ជា​កន្លែង «បោះទ័ព» របស់​ក្រុមបាល់ទាត់​បុរស នារី​ទាំង 17 ក្រុម​ ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ល្ងាច​ថ្ងៃនេះ កូនសិស្ស និង​គ្រូបង្វឹក Philippe Trousier នឹង​ចាប់ផ្ដើម​ការហ្វឹកហាត់​ដំបូង​នៅលើ​ទឹកដី​កម្ពុជា ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​បើកឆាក​នៅ​ពូ​ល B ដែល U-22 វៀតណាម​​ត្រូវ​ប៉ះ U-22 ឡាវ ​នៅ​ថ្ងៃទី 30 មេសា។ ទីលាន​ហ្វឹកហាត់​របស់ U-22 វៀតណាម មាន​ចម្ងាយ​ប្រហែល​ជាង 20 នាទី​ពី​សណ្ឋាគារដែល​ពួក​គេ​ស្នាក់​នៅ បើសិន​ជិះ​តាម​រថយន្តក្រុង៕

    គ្រូបង្វឹក​របស់​ក្រុម​បាល់​ទាត់​វៀតណាម លោក Philippe Troussier (ស្ដាំ)

     

  • Toyota វិនិយោគ 746 លាន​ដុល្លារ​ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

    Toyota វិនិយោគ 746 លាន​ដុល្លារ​ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

    ក្រុម​​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toyota Motor នឹង​វិនិយោគ 100 ពាន់​លាន​យេន (ប្រហែល 746 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​បង្កើន​ការផលិត​ឱ្យបាន 40% បន្ថែមទៀត ទៅតាម​ផែនការ​ដែល​បានកំណត់។

    ថ្ម​ផ្ទុក​ថាមពល​គឺជា​គន្លឹះ​ដើម្បី​សម្រេចបាន​គោលដៅ​នៅក្នុង​ការផលិត​រថយន្ត​អគ្គិសនី​ថ្មី​របស់ Toyota។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន 1.5 លាន​គ្រឿង​នៅ​ឆ្នាំ 2026 កើន 62 ដង​ធៀប​នឹង 24,000 គ្រឿង​ដែល​បាន​លក់​ចេញ​កាលពី​ឆ្នាំ 2022។

    ដោយមាន​ខ្ទង់​វិនិយោគ​ខាងលើ Prime Planet Energy & Solutions ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toyota នឹង​បង្កើន​ការផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅ​ជប៉ុន។ យោងតាម Nikkei Asia ក្រុមហ៊ុន​នេះ​មាន​គម្រោង​ជ្រើសរើស​បុគ្គលិក​បន្ថែម​រាប់ពាន់នាក់​ទៀត។ ដំណើរការ​ផលិត​រប​ស់​ក្រុមហ៊ុន Prime Planet Energy & Solutions នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ 2026។

    Toyota មាន​ភាគហ៊ុន 51% នៅក្នុង​ក្រុមហ៊ុន Prime Planet Energy & Solutions គ្រា​ដែល Tesla និង Panasonic Holdings ក្ដោប​ក្ដាប់​ភាគហ៊ុន 49%។

    យោងតាម​ក្រុមហ៊ុន Techno Systems Research កាលពី​ឆ្នាំ 2022 Toyota របស់​ជប៉ុន រួមចំណែក​តែ 1% ប៉ុណ្ណោះ​នៅក្នុង​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​របស់​ពិភពលោក ខណៈ​ដែល​​ក្រុមហ៊ុន​ចិន CATL ក្ដោប​ក្ដាប់​ទីផ្សារ​ថ្ម 47.5%, BYD របស់​ចិន មាន 15.8%, LG Energy Solution របស់​កូរ៉េខាងត្បូង​ឈរ​លំដាប់​ទី​បី និង Panasonic របស់​ជប៉ុន ជាប់​ចំណាត់ថ្នាក់​លេខ​បួន៕

    ថ្មផ្ទុក​ថាមពល​ដែល​បំពាក់​លើ​រថយន្ត​អគ្គិសនី
    រថយន្តអគ្គិសនី​របស់​ក្រុម​ហ៊ុន​ Toyota
  • យន្តហោះ​ចម្បាំង​ណា​តូ ដេញតាម​​ក្រុម​យន្តហោះ​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច

    យន្តហោះ​ចម្បាំង​ណា​តូ ដេញតាម​​ក្រុម​យន្តហោះ​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច

    ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សថាបាន​ចាត់​យន្តហោះ​ចម្បាំង​ទៅ​កំណត់​អត្តសញ្ញាណ និង​តាមដាន​ក្រុម​យន្តហោះ​បី​គ្រឿង​របស់​កងទ័ព​រុស្ស៊ី​នៅលើ​ដែនអាកាស​សមុទ្រ​បាល់​ទិ​ក។

    «យន្តហោះ​ចម្បាំង Typhoon របស់​អាល្លឺម៉ង់ និង​អង់គ្លេស​ត្រូវបាន​ប្រកាស​ឱ្យ​ហោះ​ទៅ​កំណត់​អត្តសញ្ញាណ​យន្តហោះ​យោធា​បី​គ្រឿង ក្រោយមក​បានដឹងថា កងកម្លាំង​នេះ​មាន​យន្តហោះ​ចម្បាំង Su-27 បី​គ្រឿង និង​យន្តហោះ​ឈ្លប II-20 មួយគ្រឿង​របស់​រុស្ស៊ី ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅ​សមុទ្រ​បាល់​ទិ​ក ដោយ​មិនបាន​បើក​ឧបករណ៍​ផ្សាយ​សញ្ញា» ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សនា​ថ្ងៃនេះ​ដូច្នេះ។

    ក្រុមមន្ត្រី​អាល្លឺម៉ង់ បាន​បញ្ចេញ​រូបភាព​ថត​ជិត បង្ហាញ​អំពី​ក្រុម​យន្តហោះ​រុស្ស៊ី ក្នុងនោះ​មាន​យន្តហោះ Su-27 ដែល​លាបថ្នាំ​ពណ៌​ជា​អក្សរ «Z» ​កំពុង​ផ្អៀងខ្លួន​មករក​យន្តហោះ​របស់​ណា​តូ។ ប៉ុន្តែ ទ័ពអាកាស​អាល្លឺម៉ង់​ពុំបាន​បញ្ជាក់ថា មាន​ហេតុការណ៍​កើតឡើង​រវាង​ក្រុម​យន្តហោះ​របស់​ភាគី​ទាំងពីរ ឬ​អត់។

    ក្រសួងការពារជាតិ​រុស្ស៊ី មកដល់​បច្ចុប្បន្ន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    រុស្ស៊ី និង​ណា​តូ តែងតែ​ចាត់​យន្តហោះ​ចម្បាំង ឬ​យន្តហោះ​ឈ្លប​ឱ្យ​ហោះហើរ​ក្បែរ​ដែនអាកាស​របស់​ភា​គី​ទាំងពីរ។ យន្តហោះ​របស់​ពួកគេ​ក៏​តែងតែ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​បេសកកម្ម​ទាំងនេះ ប៉ុន្តែ​ភាគ​ច្រើន​កើតឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ និង​សុវត្ថិភាព។

    ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​បាល់​ទិ​កបាន​កើនឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំមុន ដោយសារតែ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​បញ្ហា​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​សុំចូល​ជា​សមាជិក​ណា​តូ។ សម្ព័ន្ធ​យោធា​ណា​តូ​បាន​បញ្ចូល​ហ្វាំ​ង​ឡង់​ជា​សមាជិក ហើយ​បើសិន​ស៊ុយអែត​បាន​ក្លាយជា​សមាជិក​ណា​តូ​ទៀត រុស្ស៊ី​នឹង​ក្លាយជា​ប្រទេស​តែមួយគត់​ដែលមាន​ឆ្នេរ​ជាប់​នឹង​សមុទ្រ​បាល់​ទិ​ក​ តែ​​មិនមែនជា​សមាជិក​ណា​តូ៕

  • រថភ្លើង «អណ្ដែត» ល្បឿន​មហា​លឿន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ

    រថភ្លើង «អណ្ដែត» ល្បឿន​មហា​លឿន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ

    ក្រុមហ៊ុន​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន បានធ្វើ​តេស្ត​ជោគជ័យ​នូវ​រថភ្លើង​អណ្ដែត (Maglev Train) ដែល​ដំណើរការ​ដោយ​ថាមពល​ម៉ាញ៉េ​ទិច និង​អគ្គិសនី​ ដែល​អាច​បរ​ក្នុង​ល្បឿន​មហា​លឿន​។

    នេះ​គឺជា​ការសាកល្បង​ដំបូង​ចំពោះ​រថភ្លើង​អណ្ដែត​ល្បឿន​មហា​លឿន​គំរូ​ពេញលេញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន។ នៅពេល​សម្រេច​ជា​ស្ថាពរ រថភ្លើង​ប្រភេទ Maglev នេះ​អាចធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង​នៅក្នុង​លក្ខខណ្ឌ​ល្អ។

    ​ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន (CASIC) គម្រោង​រថភ្លើងអណ្ដែត​ T-Flight កំពុង​ឆ្ពោះទៅកាន់​គោល​ដៅ​​ដឹក​អ្នកដំណើរ និង​ទំនិញ​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ ឬ​លឿន​ជាង​នេះ​ នៅក្នុង​លំហ​កម្រិត​ទាប​នៃ​ផ្លូវដែក​រាង​បំពង់។ បើសិនជា​ជោគជ័យ នេះ​នឹង​ក្លាយជា​បច្ចេកវិទ្យា​ដឹកជញ្ជូន​លើដី​ដែល​លឿន​បំផុត​លើ​ពិភពលោក។

    រថភ្លើង​ប្រភេទ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​រវាង​ទីក្រុង​ទំនើប​ៗ​នាពេល​អនាគត។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា បច្ចេកវិទ្យា​នេះ​ត្រូវការ​ធ្វើតេស្ត​ជាច្រើន​ទៀត​ដើម្បី​សម្រេចបាន​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។ កន្លងមក ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ធ្លាប់បាន​ធ្វើតេស្ត​ល្បឿន 623 គីឡូម៉ែត្រ/ម៉ោង នៅក្នុង​លក្ខខណ្ឌ​ធម្មតា។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​ ធ្វើ​តេស្ត​រថភ្លើង​ប្រភេទ​អណ្ដែត ល្បឿនមហា​លឿន

    «បន្ទាប់មក យើង​នឹង​ធ្វើ​តេស្ត​​​ច្រើនជាង​នេះ​នៅលើ​ផ្លូវ​សាកល្បង​ដំណាក់កាល​ទីមួយ​នៅ​ខេត្ត Shanxi ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ទាំងមូល។ យើង​នឹង​ពង្រីក​បណ្ដាញ​ផ្លូវ និង​ធ្វើការ​វាយតម្លៃ​លើផ្លូវ​ឆ្ងាយ និង​ល្បឿន​លឿន​ជាង​មុន» Li Ping ដែលជា​សមាជិក​របស់​គម្រោង​រថភ្លើង T-Flight បញ្ជាក់​ដូច្នេះ​។

    ប្រទេស​ចិន បច្ចុប្បន្ន​កំពុងដំណើរកា​រ​រថភ្លើង​ល្បឿន​លឿន​រាង​គ្រាប់កាំភ្លើង​ដែល​អាចធ្វើ​ដំណើរ​បាន 350 គីឡូម៉ែត្រ/ម៉ោង។

  • កម្ដៅ​របស់​បាល់​ទាត់កម្ពុជា និង​មហិច្ឆតា​​​ក្លាយ​ជា​ម្ចាស់​​​មេដាយ​​នៅ​ស៊ីហ្គេម​​​លើក​ទី 32

    កម្ដៅ​របស់​បាល់​ទាត់កម្ពុជា និង​មហិច្ឆតា​​​ក្លាយ​ជា​ម្ចាស់​​​មេដាយ​​នៅ​ស៊ីហ្គេម​​​លើក​ទី 32

    សំបុត្រ​ជាង 14,000 សម្លឹក​ត្រូវ​បាន​បែង​ចែក​អស់​នៅក្នុង​រង្វង់​មួយ​ម៉ោង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​នៅតែ​ស្វែង​រក​សំបុត្រ​ចូល​ទស្សនាពិធី​សម្ពោធ​បើក​ការ​ប្រកួត​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើកទី 32 ​ដែល​មាន​ការ​ប្រកួត​រវាង​ U-22 កម្ពុជា និង​ U-22 ទីម័រខាងកើត​ ធ្វើ​ឱ្យ​បាល់​ទាត់​នៅ​កម្ពុជា​ឡើង​កម្ដៅ​ខ្ពស់មិន​ធ្លាប់​មាន​ពីមុន​មក​។

    កម្ពុជា​បាន​ចំណាយ​ពេល​ដប់ឆ្នាំ​នៅ​ក្នុង​ការ​វិនិយោគ​សម្រាប់​ក្រុម​ U-22 បច្ចុប្បន្ន ដោយ​សង្ឃឹម​ថា អាច​ដណ្ដើម​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ​។ កាល​ពីបួន​ឆ្នាំ​មុន​ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី 30 នៅ​ហ្វ៊ីលីពីន ក្រុម​បាល់​ទាត់​កម្ពុជា​បាន​ចូល​ទៅ​ក្បែរ​ពាន​រង្វាន់​មេដាយ​សំរឹទ្ធ​បំផុត​ ពេល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ត្រូវ​ចាញ់ U-23 វៀតណាម 0-4​ ហើយ​ក្រោយ​មក​ក៏​បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​ដណ្ដើម​មេដាយ​សំរឹទ្ធ​ជាមួយ​នឹង​ U-23 មីយ៉ាន់ម៉ា​។

    បច្ចុប្បន្ន U-22 កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ជាង​ក្រុម​មួយ​ចំនួន​ទៀត​ ដោយ​សារ​តែ​បាន​ទាត់​នៅ​លើ​ទីលាន​ផ្ទាល់​ខ្លួន​ និង​ស្ថិត​ក្នុង​ពូល​ដែល​មើល​ទៅ​មិន​សូវ​គ្រោះ​ថ្នាក់​ ក៏​ដូច​ជា​​ការ​​ទទួល​បាន​ការ​គាំទ្រ​​លើក​ទឹក​ចិត្ត​ច្រើន​លើស​លុប​​ពី​ពលរដ្ឋ​ក្នុង​ស្រុក​ នៅ​ពេល​សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ 0 រៀល​។ ក៏ប៉ុន្តែ គ្រាប់​បាល់​មូល​នៅ​លើ​ទីលាន​ប្រកួត អាច​កែ​ប្រែ​ស្ថានភាព​គ្រប់​យ៉ាង​។

    អ្នកគាំទ្រ​កម្ពុជា

    នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុម​បាល់​ទាត់​ម្ចាស់​ផ្ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចូល​ប្រកួត​បើក​ឆាក​ជាមួយ​នឹង​​ក្រុម​ U-22 ទីម័រខាងកើត​​។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 29 មេសា 2023​៕

  • ថ្ម​ផ្ទុក​ថាមពល​ទំនើប​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​បើកបរ​បាន​រហូតដល់ 1.5 លាន​គីឡូម៉ែត្រ

    ថ្ម​ផ្ទុក​ថាមពល​ទំនើប​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​បើកបរ​បាន​រហូតដល់ 1.5 លាន​គីឡូម៉ែត្រ

    (ស៊ុយអែត) – ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​រួមគ្នា​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​ធុន​ធ្ងន់ ដែលថ្ម​នេះ​មាន​អាយុកាល​វែង អាច​ផ្ដល់​អគ្គិសនី​ឱ្យ​រថយន្ត​បរបាន​ជាង 1.5 លាន​គីឡូម៉ែត្រ។

    ថ្មផ្ទុក​ថាមពល​ប្រភេទ​លី​ចូ​ម (lithium-ion) ថ្មី​នេះ​ត្រូវបាន​ផលិត​​ឡើង​ដោយ​ប្រើ​​អគ្គិសនី​មិនមាន​ប្រភពពី​ផូស៊ីល នៅឯ​ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត។ ការផលិត​ថ្ម​នេះ​បំ​ភាយ​ឧស្ម័ន​កាបូន​ស្មើនឹង 1/3 ធៀប​នឹង​ផលិតផល​ប្រភេទ​ដូចគ្នានេះ​របស់​ក្រុមហ៊ុន​ដទៃ។

    ចំណុច​ពិសេស​របស់​ថ្ម​​នេះ​គឺ​ស្ដើង ផ្ទុក​អគ្គិសនី​បាន 157 អំ​ពែរ​ម៉ោង និង​កម្លាំង 3.6 វ៉ុល។ អាយុកាល​របស់​ថ្ម​ទំនើប​ចុង​ក្រោយនេះ​គឺ​ជាង 1.5 លាន​គីឡូម៉ែត្រ​ចំពោះ​រថយន្ត​ធុន​ធ្ងន់។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។ ជាធម្មតា អាយុកាល​របស់​ថ្ម​រថយន្ត​អគ្គិសនី​គឺ​ប្រហែល​ 8 ឆ្នាំ/160,000 គីឡូម៉ែត្រ។

    ថ្ម​ផ្ទុក​អគ្គិសនី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​ស្ថាប័ន​គឺ Scania និង Northvolt។ ពួកគេ​កំពុង​ផលិត​​ថ្ម​នេះ​នៅឯ​រោងចក្រ Ett របស់ Northvolt ក្នុង​​ប្រទេស​ស៊ុយអែត ចំណែក​ Scania វិញ​ក៏​នឹង​សម្ពោធ​រោងចក្រ​​ផលិត​ថ្ម​ថ្មី​​នេះ​មួយ​​ដែរ​នៅ Sodertalje នៅ​ចុង​ឆ្នាំនេះ។ នៅ​ទីនោះ ថ្ម​ផ្ទុក​អគ្គិសនី​នឹងត្រូវ​បាន​ដំឡើង​ពេញលេញ​ដើម្បី​ចាប់ផ្ដើម​ការផលិត​រថ​យន្ត​អគ្គិសនី​ដឹកទំនិញ​ធុន​ធ្ងន់។

  • ក្នុង​ប្រវត្តិ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម តើ​ប្រទេស​ណា​ដណ្ដើមបាន​មេដាយមាស​ច្រើន​លើក​ជាងគេ?

    ក្នុង​ប្រវត្តិ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម តើ​ប្រទេស​ណា​ដណ្ដើមបាន​មេដាយមាស​ច្រើន​លើក​ជាងគេ?

    បាល់ទាត់​ប្រទេស​ថៃ​កំពុងតែ​គ្រប់គ្រង​តំណែង​កំពូល​នៅក្នុង​បញ្ជី​ចំណាត់​ស្ដីពី​បណ្ដា​ប្រទេស​ដែល​ដណ្ដើមបាន​មេដាយមាស​របស់​វិញ្ញាសា​បាល់ទាត់​បុរស​ច្រើន​លើក​ជាងគេ​នៅ​ស៊ី​ហ្គេម។

    ឆ្លងកាត់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ចំនួន 31 លើក មាន​ប្រាំ​ប្រទេស​ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស រួមមាន ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា និង​វៀតណាម។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ កំពុង​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ខាងលើ ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 16 លើក។ ក្រុម​ជម្រើសជាតិ​នេះ​ថែមទាំង​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​ប្រាំ​លើក និង​មេដាយ​សំរឹទ្ធ​ចំនួន​ប្រាំ​លើក​ផងដែរ។

    ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​គឺ ប្រទេស​ម៉ាឡេស៊ី ដោយ​ដណ្ដើមបាន​មេដាយមាស 6 លើក។ ក្រៅពីនេះ ពួកគេ​ក៏​ដណ្ដើមបាន​មេដាយប្រាក់ 6 លើក និង​មេដាយ​សំរឹទ្ធ 7 លើក។

    បាល់ទាត់​មី​យ៉ាន់​ម៉ា​ធ្លាប់​គ្រប់គ្រង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ដណ្ដើម​​បាន​មេដាយមាស​​​ប្រាំ​លើក ត្រូវ​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​។ មី​យ៉ាន់​ម៉ា​ក៏​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​បួន​លើក និង​សំរឹទ្ធ​បួន​លើក​នៅ​ស៊ី​ហ្គេម។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ ​រកបាន​មេដាយមាស​ពីរលើក មេដាយប្រាក់​ពីរលើក និង​សំរឹទ្ធ​ប្រាំ​លើក នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គម​។

    វៀតណាម​ដែល​បច្ចុប្បន្ន​ត្រូវបាន​ចាត់ទុកថា​ជា «ខ្លា​កំណាច​បាល់ទាត់» មួយ​នៅ​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ពួកគេ ទើបតែ​ដណ្ដើមបាន​មេដាយមាស​ចំនួន​ពីរលើក​ប៉ុណ្ណោះ​នៅ​ស៊ី​ហ្គេម ដែល​ស្មើ​នឹង​ក្រុម​ឥណ្ឌូណេស៊ី​។ វៀតណាម​ដណ្ដើមបាន​មេដាយមាស​ពីរលើក​ចុងក្រោយ​នេះ។ ប្រទេស​នេះ​​ក៏​ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ U-23 អាស៊ី 2023 និង AFF Cup ផងដែរ។

  • សាសនិក​ជិត 90 បាន​ស្លាប់​ ព្រោះ​តែ​ «ចង់​ជួប​ព្រះយេស៊ូ»

    សាសនិក​ជិត 90 បាន​ស្លាប់​ ព្រោះ​តែ​ «ចង់​ជួប​ព្រះយេស៊ូ»

    ក្រុម​មន្ត្រី​ប្រទេស​កេនយ៉ាន បាន​រកឃើញ​សាកសព​ 89 នាក់​ដែល​ទាក់​ទង​នឹង​មេដឹក​នាំ​​សមាគម​សាសនា​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​អំពាវនាវ​ឱ្យ​សាសនិក​បង្អត់​អាហារ​ខ្លួន​ឯង​រហូត​ដល់​ស្លាប់ ដើម្បី​ «ជួប​ព្រះ​យេស៊ូ»។

    «ក្រៅ​ពី​សាកសព​ចំនួន 73 នាក់​ដែល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ យើង​បាន​រកឃើញ​សាកសព​ 16 នាក់​ទៀត ដូច្នេះ​សាកសព​សរុប​បាន​កើន​ឡើង​ដល់ 89 នាក់​» រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កេនយ៉ា Kithure Kindiki ថ្លែង​កាល​ពី​ថ្ងៃទី 25 មេសា​ដូច្នេះ​នៅ​ពេល​ទៅ​កាន់​កន្លែង​កើត​ហេតុ​ក្នុង​ព្រៃ Shakahola ក្បែរ​ទី​រួម​ស្រុក​ភាគ​ខាង​ត្បូង Malindi។

    សាកសព​ភាគ​ច្រើន​ស្ថិត​ក្នុង​ផ្នូរ​បណ្ដោះ​អាសន្ន​ ខណៈ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​នៅ​មាន​ជីវិត​ប៉ុន្តែ​ស្ថិត​ក្នុង​សភាព​អស់​កម្លាំង​ធ្ងន់​ធ្ងរ​ ហើយក្រោយ​មក​ក៏​បាន​ស្លាប់​។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «អំពើ​សម្លាប់​រង្គាល​ក្នុងព្រៃ Shakahola»។

    សមត្ថកិច្ច​កេយ៉ា​បាន​ចាប់​ផ្ដើម​បិទ​ខ្ទប់​ និងស្វែងរក​នៅ​ក្នុង​តំបន់​ដែល​មាន​ទំហំ 325 ហិកតា​នៅ​ក្នុង​ព្រៃ Shakahola ចាប់​ពី​ថ្ងៃទី 21 មេសា បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ផ្នូរ​ខ្មោច​បណ្ដោះ​អាសន្ន​រាប់​សិប​​នៅ​ក្នុង​កសិដ្ឋាន​របស់ Makenzie Nthenge មេដឹក​នាំ​សមាគម​គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់​អន្តរជាតិ​នៅ​កេនយ៉ា​។ Makenzie Nthenge ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​អំពាវនាវ​ដល់​សាសនិក​​ឱ្យ​អត់​អាហារ​រហូត​ដល់​ស្លាប់​ដើម្បី «បាន​ចួប​ព្រះ​យេស៊ូ»។

    លោក Kindiki បាន​ប្រាប់​ថា សមត្ថកិច្ច​កេនយ៉ា​បាន​រំដោះ​មនុស្ស​ចំនួន 34 នាក់​។ សមត្ថកិច្ច​កេនយ៉ា​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើន​ឡើង ខណៈ​ដែល​កាកបាទ​ក្រហម​កេនយ៉ា​បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​បាត់​ខ្លួន​ជាង​ 200 នាក់​។ សាសនិក​ជា​ច្រើន​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​។

    Makenzie Nthenge ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន គ្រា​ដែល​សារព័ត៌មាន​កេនយ៉ា​រាយការណ៍​ថា ជន​នេះ​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពេល​រង់ចាំ​ឡើង​តុលាការ​។ «យើង​ជឿ​ថា Makenzi នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​» លោក Kindiki និយាយ​ដូច្នេះ ​និង​បន្ថែម​ថា ក្រុម​ជន​ល្មើស​​ក៏នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​។ ប៉ូលិស​កេយ៉ា​បាន​ចាប់​ខ្លួន​មនុស្ស​ 14 នាក់​ ដែល​ទាក់​ទិន​នឹង​ហេតុការណ៍​ខាងលើ​។

    ប្រធានាធិបតី​កេនយ៉ា William Ruto កាល​ពី​ថ្ងៃទី 24 មេសា ប្រកាស​ថា លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ឱ្យ​ដល់​ឫស​គល់​បញ្ហា​ ហើយ​ថា Makenzie Nthenge គឺជា​ «ឧក្រិដ្ឋជន​ដ៏​សាហាវ​ដែល​បន្លំ​ជា​មេដឹក​នាំ​សមាគម​សាសនា»៕