Author: អេបិល

  • ​កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​នៅ​ឆ្នាំ2020​

    ​កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​នៅ​ឆ្នាំ2020​

    បើ​ទោះបីជា​មិន​បង្ហាញ​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​អំពី​ខែ​ ​ឬ​ថ្ងៃ​នៃ​ការ​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​យ៉ាងណាក៏ដោយ​ ​ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​ដំណក់​ ​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​ក្នុង​ឆ្នាំ2020​ ​ខាងមុខ​។​ ​នេះ​បើ​តាម​ការ​ថ្លែង​ ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ធនធានមនុស្ស​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ​ទី18​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

    ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​សម្ដេច​មិនទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ ​ពិតប្រាកដ​អំពី​ដំណក់​ប្រេង​ដែល​កម្ពុជា​នឹង​ទទួល​បាន​ជាលើកដំបូង​នោះ​ទេ​ ​ព្រោះ​សម្ដេច​មិន​ចង់ឱ្យ​មាន​កំហុស​ដូច​កាលពី​ឆ្នាំ2012​ ​ទៀត​ ​ដែល​ពេលនោះ​ខាង​ក្រុមហ៊ុន​រុករក​ប្រេង​បាន​ប្រាប់​យើង​ថា​ដំណក់​ប្រេង​ដំបូង​ ​នឹង​ចេញ​នៅពេល​ណា​។​ ​ឥឡូវ​ដំណក់​ប្រេង​របស់​យើង​នឹង​ចេញ​ក្នុង​ឆ្នាំ2020​ ​តែ​ថ្ងៃខែ​ជាក់លាក់​ ​សម្ដេច​នឹង​ប្រកាស​នៅពេល​ក្រោយ​ ​បន្ទាប់ពី​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុងតែ​កសាង​យ៉ាង​មមាញឹក​ ​សម្រាប់​ការ​បូម​ប្រេង​ដំបូង​របស់​កម្ពុជា​។​

    ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បន្ថែម​ថា​ ​នៅពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នេះ​ ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​ជិត​ ​30ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ទំហំ​នេះ​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ប្រមាណ​ ​1,800ដុល្លារ​អាមេរិក​ ​ដោយ​នៅក្នុង​ឆ្នាំ2019​ ​នេះ​ ​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​មនុស្ស​ម្នា​ក់ទ​ទូល​បាន​ ​1600ដុល្លារ​អាមេរិក​រួចហើយ​។​

    ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ ​មកដល់ពេលនេះ​ ​កម្ពុជា​មិនទាន់​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​អស់​នៅឡើយ​ទេ​ ​ដូចជា​ប្រេង​ ​ជា​ឧស្ម័ន​ ​រ៉ែ​មាស​ ​និង​ជា​ធ្យូងថ្ម​ជាដើម​។​ ​ហើយ​កាលពី​ពេលថ្មីនេះ​កម្ពុជា​រក​ឃើញ​រ៉ែ​ធ្យូងថ្ម​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​ហើយនឹង​បង្កើត​ជា​កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដ៏​ធំ​របស់​កម្ពុជា​មួយទៀត​។​

    ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​ក្រៅពី​រ៉ែ​ប្រេង​ ​ធ្យូងថ្ម​ហើយ​នោះ​ ​កម្ពុជា​នឹង​មានការ​វិនិយោគ​លើ​រ៉ែ​មាស​ដោយក្រុម​ហ៊ុន​អូស្ត្រាលី​ ​ដែល​នឹង​ធ្វើ​អា​ជី​កម្ម​ក្នុង​ខ្នាត​មួយ​ដែល​ទទួល​បាន​ប្រាក់ចំណូល​គួរសម​ផង​ដែរ​។​ ​តែ​យ៉ាងណា​ក៏​សម្តេច​តេជោ​រំពឹង​ធំជាង​គេ​ ​គឺ​ចំណូល​បាន​មក​ពី​ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​នា​ពេល​ខាងមុខនេះ​។​

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖​«​ប៉ុន្តែ​ការ​រំពឹង​ធំជាង​គេ​របស់ខ្ញុំ​ ​គឺ​រំពឹង​ទៅលើ​ប្រេង​ដែល​យើង​អាច​នឹង​មាននៅ​ពេល​ខាងមុខ​ ​ហើយ​យើង​មិនទាន់​បាន​ប្រើប្រាស់​នោះ​ទេ​។​ ​ជាង​នេះ​ទៀត​ ​យើង​កំពុងតែ​ចរចា​ជាមួយ​ប្រទេស​ថៃ​ទៅលើ​តំបន់​ដែល​ត្រួត​គ្នា​ ​ដើម្បី​អភិវឌ្ឍន៍​រួម​ក្នុង​តំបន់​ត្រួត​គ្នា​នោះ​ដើម្បី​ទទួល​ចំណូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​ ​ប្រសិនបើ​បាន​ប្រាក់ចំណូល​ពី​ធនធាន​ធម្មជាតិ​ ​គោលដៅ​ធំ​របស់​រាជរដ្ឋាភិបាល​ ​គឺ​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទាំង​ផ្នែក​រឹង​ ​និង​ផ្នែក​ទន់​ ​ពោល​ទាំង​ផ្លូវថ្នល់​ ​ប្រឡាយ​ទឹក​ ​និង​ការអប់រំ​»​៕​

  • ​កុំ​ខកខាន​!​!​ ​ចូលរួមទស្សនា​ទស្សនីយភាព​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ ​«​តន្ត្រី​បង្សុកូល​»​ ចុងខែវិច្ឆិកានេះ

    ​កុំ​ខកខាន​!​!​ ​ចូលរួមទស្សនា​ទស្សនីយភាព​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ ​«​តន្ត្រី​បង្សុកូល​»​ ចុងខែវិច្ឆិកានេះ

    ​“​តន្ត្រី​បង្សុកូល​”​ ​ស្នាដៃ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​ ​ដែល​ធ្លាប់​សម្តែង​ហើយ​ជោគជ័យ​ខ្លាំង​នៅ​ក្រៅប្រទេស​ចំនួន៣​ ​ត្រៀម​នឹង​បង្ហាញខ្លួន​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ ​ដែល​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

    ​ហាក់​រៀង​ប្លែក​បន្តិច​នៅពេល​ដែល​គ្រប់គ្នា​ឮ​ពាក្យ​ថា​ ​“​បង្សុកូល​”​ ​ក្នុងចំណោម​ចំណង​ជើង​ត​ន្រី្ត​ ​ព្រោះ​ជានិច្ចកាល​ ​ពាក្យ​នេះ​ ​គេ​តែងឃើញ​ក្នុង​ពិធី​សាសនា​នានា​ប៉ុណ្ណោះ​។​ ​​ប៉ុន្តែ​ ​“​បង្ស​កូល​”​ ​ដែល​កំពុង​ត្រៀម​បង្ហាញ​ជូន​ទស្សនិកជន​ទស្សនា​នៅក្នុង​ ​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​មិនមែន​ជាពិធី​សាសនា​នោះ​ទេ​ ​តែ​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​ ​ដែល​មានការ​ច្របាច់​បញ្ចូល​គ្នា​រវាង​តន្រ្តី​បុរាណ​ខ្មែរ​ ​និង​សម័យ​ច្រើន​ទម្រង់​ផ្សេងគ្នា​ ​ដោយមាន​ទាំង​ការ​ប្រគុំ​តន្រ្តី​ ​ការ​ច្រៀង​ ​និង​ការ​សម្តែង​កាយវិការ​ ​ថែមទៀត​ផង​។​ ​​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ ​ហ៊ឹម​ ​សុភី​។​

    ​គោលបំណង​ចម្បង​ដែល​លោក​បង្កើត​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​ ​“​តន្ត្រី​បង្សុកូល​”​ ​នេះ​ឡើង​ ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​និង​រំលឹក​ដល់​អតីតកាល​របស់​កម្ពុជា​ពី​សម័យមុន​។​ ​សាស្ត្រ​ចារ្យ​រូប​នេះ​បាន​ប្រាប់​ថា​ ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​ ​“​តន្ត្រី​បង្សុកូល​”​ ​នេះ​ ​ត្រូវ​បាន​រៀបចំ​និពន្ធ​ឡើង​កំឡុង​ឆ្នាំ២០០៨​ ​តាំងពី​ការ​សម្តែង​ ​សិល្បៈ​តន្ត្រី​ដែល​មានឈ្មោះ​ថា​ ​«​ទី​ដំរី​យំ​»​ដែល​ជា​ស្នាដៃ​ ​Rock​ ​Opera​ ​ដំបូង​គេ​របស់​លោក​មក​ម៉្លេះ​ ​រហូតដល់​ឆ្នាំ២០១៣ទើប​ចេញ​ជា​សាច់​រឿង​ខ្លះ​ៗ​ដែល​អាច​ឱ្យ​លោក​យក​ទៅ​ធ្វើ​សិក្ខា​សិលា​នៅ​ញ៉ូ​វយ៉​ក​ ​ដើម្បី​រក​អ្នក​ឧប​ត្ថ​មក្នុង​ដំណើរការ​ធ្វើ​បន្ត​ទៀត​។​ ​​យ៉ាងណា​រហូតដល់​ឆ្នាំ២០១៧​ ​ទើប​សិល្បៈ​នេះ​ត្រូវ​បាន​បញ្ចប់​ ​ដោយ​កំឡុង​ពេលមុន​បញ្ចប់​សព្វគ្រប់​លោក​បាន​ធ្វើ​សិក្ខា​សិលា​ជាច្រើន​ ​រហូត​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​ស្ថានទូត​អូស្រ្តាលី​ ​រាប់​រង​រាល់​ការ​ចំណាយ​ទាំងអស់​ធ្វើ​យ៉ាងណា​ឲ្យ​ស្នាដៃ​បង្សុកូល​នេះ​ ​បាន​ទៅ​សម្តែង​ជា​លើក​ទី១ជា​អន្តរជាតិ​នៅ​ទីក្រុង​ ​Melbourne​។​ ​

    ​ទើប​ឆ្នាំ២០១៩នេះ​ ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​ ​“​តន្ត្រី​បង្សុកូល​”​ ​បាន​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា​ជាលើកដំបូង​ ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​បន្ទាប់ពី​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​នេះ​ ​ជោគជ័យ​នៅ​ប្រទេស​ចំនួន៣​ ​ឯនាយ​សមុទ្រ​ ​រួមមាន​ប្រទេស​ ​អូស្ត្រាលី​ ​ឆ្នាំ២០១៧​ ​ទី​ក្រុង​ញ៉ូ​វយ៉​ក​ ​និង​ទីក្រុង​ ​បុ​សស្តុន​ ​រដ្ឋ​ ​Massachusetts​ ​ក្នុង​កំឡុង​ខែធ្នូ​ ​ឆ្នាំ២០១៧​ ​និង​ ​នៅ​ទីក្រុង​ ​ប៉ារីស​ ​ប្រទេស​បារាំង​ ​ក្នុង​ឆ្នាំ២០១៨​។​ ​

    ​ដោយឡែក​សម្រាប់​ការ​សម្តែង​ក្នុងទឹក​ដី​កំណើត​របស់​ខ្លួន​ ​នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី២១,២២,២៣​ ​ខែវិច្ឆិកា​ ​ខាងមុខនេះ​ ​នៅ​សាល​សន្និ​សិទ្ធ​ចតុមុខ​។​ ក្រៅពី​សិល្បៈ​ ​“​ត​ន្ត្រី​បង្ស​កូល​”​នៅ​មាន​សិល្បៈ​ខ្មែរ​ចម្រុះ​ទម្រង់​ទៀត​ដែល​នឹង​ត្រូវលើ​ក​យក​បង្ហាញ​ជូន​ទស្សនិកជន​ទស្សនា​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ ​រួមមាន​ ​ចាប៉ី​ ​ស្មូត៣ជំនាន់​ ​ល្ខោន​យីកេ​ ​របាំ​សហសម័យ​ ​ការ​បញ្ចាំង​ភាពយន្ត​ ​ការសម្ដែង​ល្ខោននិយាយ​ ​រួម​ទាំង​សិក្ខាសាលា​សិល្បៈ​ ​ការ​តាំង​ពិ​ពរ័​ណ៍​ ​កិច្ចពិភាក្សា​ ​និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​។​ ​​លោកអ្នក​អាច​រក​ទិញ​សំបុត្រ​ ​និង​ទំនាក់ទំនង​ពត៌មាន​បន្ថែម​នៅ​គេហទំព័រ​ ​arts4peacefestival.org​ ​ឬ​តាម​ស្តង់​លក់​សំបុត្រ​នៅ​សារមន្ទីរ​ជាតិ​ ​ការ​រិយា​ល័យ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​។​

  • រដ្ឋាភិបាល​បានសម្រេច​យក​ថ្ងៃទី២០​ ​ខែវិច្ឆិកា​នេះ​កាន់ទុក្ខ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ទូទាំង​ប្រទេស​ ​

    រដ្ឋាភិបាល​បានសម្រេច​យក​ថ្ងៃទី២០​ ​ខែវិច្ឆិកា​នេះ​កាន់ទុក្ខ​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ទូទាំង​ប្រទេស​ ​

    ​ប្រិយ​មិត្ដ​ទទួល​ជ្រាប​ហើយ​ ​នា​ខណៈ​រសៀល​ថ្ងៃ​ទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​បំផុត​មួយ​ ​ដោយ​យោង​តាមរយៈ​គេហទំព័រ​ ​ហ្វេ​សប៊ុ​ក​ផេ​ក​ ​Royal​ ​du​ ​Cambodge​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​”​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ ​ថ្វាយ​ព្រះ​វិញ្​ញ​ណ​ក្ខ័ន្ធ​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

    ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​ ​៧៦ព្រះវស្សា​ ​នា​វេលា​ម៉ោង​ ​១២​:​៣០​ ​នាទី​ ​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ជរាពាធ​។​ ​ព្រះអង្គ​ ​ព្រះ​ប្រសូត​នៅ​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ១៩៤៣​ ​នា​រាជធានី​ភ្នំពេញ​ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ ​នៃ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​មហា​វីរក្សត្រ​ ​ព្រះ​វររាជ​បិតា​ឯករាជ្យ​ ​បូរណភាព​ដែនដី​ ​និង​ឯកភាពជាតិ​ខ្មែរ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​”​។​

    ​បន្ថែម​ពីលើ​នេះ​ ​គេហទំព័រ​ ​ហ្វេ​សប៊ុ​ក​ ​Royal​ ​du​ ​Cambodge​ ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​”​ស្នា​ព្រះហស្ត​ដ៏​សំខាន់​ ​និង​មានតម្លៃ​បំផុត​ ​នៃ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​គឺ​ការ​នាំ​យក​នូវ​របាំ​ព្រះរាជទ្រព្យ​ ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ ​របស់​អង្គការ​យូ​ណេស្កូ​ ​នៅ​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៣​ ​គ្រាដែល​ ​ព្រះអង្គ​ ​គង់​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធ​ម៏​ ​និង​វិចិត្រ​សិល្បៈ​។​ ​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​”​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្រ្ដី​ ​នៃ​ព្រះរាជាណាចក្រ​ ​កម្ពុជា​ ​បានសម្រេច​យក​ថ្ងៃទី២០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ប្រទេស​ ​នៃ​ការ​សុគត​របស់​សម្តេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដោយ​តម្រូវឲ្យ​ក្រសួង​ស្ថាប័ន​នានា​ ​ត្រូវ​ហូត​ទង់ជាតិ​ពាក់កណ្តាល​ដង​”​។​ ​សម្ដេច​តេជោ​ ​បាន​មាន​ប្រសា​សន៏​បន្ថែម​ទៀត​ថា​៖​”​សម្តេច​នឹង​ដឹកនាំ​ប្រតិ​ភូមិ​មន្ត្រី​រដ្ឋាភិបាល​ចូលរួម​កាន់ទុក្ខ​នៅ​វត្ត​បុ​ទុម​វត្តី​ ​នៅ​វេលា​ម៉ោង៤ល្ងាច​ ​ថ្ងៃទី២០​ ​ខែវិច្ឆិកា​ ​ផង​ដែរ​”​៕ឭ

  • ព្រះ​ជីវប្រវត្តិ​នៃ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ

    ព្រះ​ជីវប្រវត្តិ​នៃ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ

    សូមជម្រាបជូនពី​ព្រះ​ជីវប្រវត្តិ​នៃ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​៖​ ​

    ​ព្រះនាម​ពេញ​ ​:​ ​សម្ដេច​រាជបុត្រី​ព្រះរៀម​នរោត្ដម​ ​បុប្ផា​ទេវី​
    ​ព្រះនាម​ដើម​ ​:​ ​នរោត្ដម​ ​បុប្ផា​ទេវី​
    ​គោរមងារ​ងារ​ ​:​ ​ទេព​នាដ​វដ្តី​ឯក​
    ​ព្រះឋានៈ​ ​ព្រះរាជ​បុត្រី​
    ​ប្រសូត​ ​:​ ​០៨​ ​មករា​ ​១៩៤៣​
    ​ព្រះបិតា​ ​:​ ​នរោត្ដម​ ​សីហនុ​
    ​ព្រះមាតា​ ​:​ ​ផាត់​ ​កា​ញ៉ុល​

    ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ឧត្ដម​ប្រឹក្សា​ ​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជា​ព្រះរៀម​មាតា​ទីទៃ​ ​នៃ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ ​នរោត្ដម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​ ​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​ជា​ព្រះរៀម​រួម​ព្រះមាតា​នៃ​ ​សម្ដេច​ក្រុមព្រះ​ ​នរោត្ដម​ ​រណឫទ្ធិ​ ​ប្រធាន​ឧត្ដម​ប្រឹក្សា​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សព្វថ្ងៃ​ ​សម្ដេចព្រះរៀម​ ​ទ្រង់​មាន​ព្រះជន្ម​ ​77ព្រះវស្សា​ហើយ​។​

    ព្រះ​ប្រវត្តិ​
    ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្ដម​ ​បុប្ផា​ទេវី​ ​ទ្រង់​ប្រសូត​ ​នៅ​មហាប្រាសាទ​ខេមរិន្ទ្រ​ ​នៃ​ ​ព្រះបរមរាជវាំង​ ​ក្រុង​ ​ចតុម្មុខ​មង្គល​ ​នា​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ១៩៤៣​។​ ​ព្រះបិតា​ ​គឺ​ព្រះករុណា​ ​ព្រះបាទ​សម្ដេចព្រះ​ ​នរោត្ដម​ ​សីហនុ​ ​ព្រះ​មហា​វីរក្សត្រ​ ​ព្រះ​វររាជ​បិតា​ឯករាជ្យជាតិ​ ​បូរណភាពទឹកដី​ ​និង​ឯកភាពជាតិ​ខ្មែរ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​និង​ព្រះមាតា​គឺ​ ​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​។​ ​កាល​នៅ​វ័យ​កុមារភាព​ទ្រង់​បាន​ ​ហាត់រៀន​របាំ​ព្រះរាជទ្រព្យ​ផ្ទាល់​ពី​សម្ដេចព្រះ​មហាក្សត្រី​យា​នី​ ​ស៊ីសុវត្ថិ​ ​មុនីវង្ស​កុស​មៈ​នារី​រត​ន៍​ ​សិរី​វឌ្ឍនា​ ​ដែល​ជា​ ​ព្រះ​អយ្យការ​(​ជីដូន​)​ ​នៅក្នុង​ព្រះបរមរាជវាំង​ ​រហូត​ចេះចាំ​ ​និង​ជា​តួរ​ឯក​ផង​ដែរ​ក្នុង​ការសម្ដែង​ ​នៅក្នុង​ទសវត្សរ៍60​។​

    ​ការសិក្សា​ ​
    ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្ដម​ ​បុប្ផា​ទេវី​ ​ទ្រង់​បាន​ចូល​សិក្សា​នៅ​៖​
    ​*​ ​សាលាបឋមសិក្សា​ ​ព្រះនរោត្ដម​ ​រាជធានី​ភ្នំពេញ​
    ព្រះ​កិច្ច​ ​
    ​*​ ​១៩៦៥​-​១៩៧០​ ​:​ ​សាស្ត្រា​ចារ្យ​របាំ​បុរាណ​ ​និង​វប្បធម៌​
    ​*​១៩៩១​-​១៩៩៣​ ​:​ ​រដ្ឋ​មន្ដ្​រី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​
    ​*​១៩៩៣​-​១៩៩៨​ ​:​ ​ទីប្រឹក្សា​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​
    ​*​១៩៩៣​-​១៩៩៧​ ​:​ ​អនុប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា​
    ​*​ ​១៩៩៩​-​២០០៤​ ​:​ ​រដ្ឋ​មន្ដ្​រី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​
    ​២០០៤​ ​-​ ​បច្ចុប្បន្ន​ ​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះ​ ​រាជាណាចក្រ​កម្ពុជា​ ​និង​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ធ​នុញ្ញ​។​
    ព្រះ​យស​ ​
    ​*​ ​ព្រះអង្គ​បាន​តម្លើង​គោរមងារ​ ​«​សម្ដេច​រាជបុត្រី​ព្រះរៀម​»​ ​នា​ថ្ងៃទី២៤​ ​ខែមករា​ ​ឆ្នាំ១៩៩៤​។​
    ​*​ ​ព្រះអង្គ​បាន​ទទួល​តំណែង​ជា​ ​«​ទេព​ ​នា​ថ​វដ្តី​ឯក​»​ ​ពី​ ​ព្រះរាជ​ក្រឹត្យ​ ​ស្ដីពី​ ​ការ​តែ​តាំង​មត៌ក​មនុស្ស​រស់​ ​នៃ​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​(​មករា​ ​២០១៣​)​

    ​គ្រឿង​រាជ​ឥស្សរិយយស​ ​
    ​*​ ​១៥​ ​មីនា​ ​២០០៦​ ​:​ ​គ្រឿងឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​
    ​*​ ​២២​ ​តុលា​ ​២០០១​ ​:​
    ​គ្រឿងឥស្សរិយយស​ ​សម្ដេចព្រះ​មហា​ក្ស័ត្​រីយ៍​ ​កុសុមៈ​
    ​នារីរ័ត្ន​ ​សិរី​វឌ្ឍនា​
    ​*​ ​១៦​ ​ឧសភា​ ​២០០១​ ​:​
    ​គ្រឿង​ឥស្សរិយ​ស​ ​មុនី​សា​រា​ភ័​ណ្ឌ​

    ​សូម​ចូលរួម​រំលែកទុក្ខ​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​ ​នៃ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ទ្រង់​ចូលទិវង្គត​នៅ​ថ្ងៃនេះ​ ​18​ ខែ វិច្ឆិកា ឆ្នាំ 2019​ ​វេលា​ម៉ោង​ ​12​ និង​30នាទី​។

    ​សូម​ថ្វាយព្រះពរ​បវរ​មហាប្រសើរ​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​​ជា​អម្ចាស់​ ​!​!​!​ ​

    https://youtu.be/b6VHnh9N5OY

    ប្រភពៈ Ouch Sopheak.

  • Félix​ ​បង្ហើប​ផែនការ​លេង​ជាមួយ​ហុងកុង​

    Félix​ ​បង្ហើប​ផែនការ​លេង​ជាមួយ​ហុងកុង​

    ​មុន​ការប្រកួត​ជាមួយនឹង​ក្រុមជម្រើសជាតិ​ហុងកុង​ ​លោក​ ​Félix​ ​Dalmas​ ​បាន​បញ្ជាក់​ថា​ ​លោក​ចង់​ពង្រឹង​ ​សៀង​ ​ចន្ធា​ ​នៅ​តំបន់​ប្រយុទ្ធ​ទល់នឹង​ក្រុម​ខ្លាំង​ៗ​ ​ដោយ​លោក​មាន​ផែនការ​ដាក់​ ​សៀង​ ​ចន្ធា​ ​ឱ្យ​លេង​ទល់នឹង​ខ្សែការពារ​ក្រុម​ខ្លាំង​ៗ​ ​ជាពិសេស​ជាមួយនឹង​កីឡាករ​បរទេស​របស់​ហុងកុង​ ​ហើយ​នេះ​ក៏​ជា​ការ​ត្រៀមខ្លួន​របស់​គេ​សម្រាប់​ស៊ី​ហ្គេម​ផង​ដែរ​ ​ដោយសារ​ស៊ី​ហ្គេម​នឹង​មាន​កីឡាករ​លើស​អាយុ​ ​2រូប​អាច​ចូលរួម​បាន​ ​ដូចនេះ​អាច​ជា​ខ្សែការពារ​ច្រើនជាង​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កាលពី​ជើង​ទី1​ ​កម្ពុជា​ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​បើ​ទោះបីជា​មានឱកាស​ច្រើនជាង​ ​និង​ស៊ុត​បាន​ជាច្រើន​ជើង​ក៏ដោយ​ ​ក្នុង​នោះ​ ​សៀង​ ​ចន្ធា​ ​ត្រូវ​បាន​ប្តូរ​ចូល​ ​ហើយ​បាន​ញាក់​ដាច់ខ្សែ​ការពារ​ហុងកុង​ ​និង​ស៊ុត​បាន​ល្អ​ៗ​ជាច្រើន​ជើង​ទៀតផង​។​

    ​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី19​ ​វិច្ឆិកា​ ​ឆ្នាំ2019​ ​ស្អែកនេះ​ ​នៅ​វេលា​ម៉ោង​ ​7យប់​ ​(​ម៉ោង​នៅ​កម្ពុជា​)​ ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ហុងកុង​៕​


  • ឆ្នាំនេះ​ ​កម្ពុជា​ឈរ​នៅ​លើ​ ​3ប្រទេស​ ​ក្នុង​ការ​បញ្ជូន​អត្តពលិក​ទៅ​ស៊ី​ហ្គេម​

    ឆ្នាំនេះ​ ​កម្ពុជា​ឈរ​នៅ​លើ​ ​3ប្រទេស​ ​ក្នុង​ការ​បញ្ជូន​អត្តពលិក​ទៅ​ស៊ី​ហ្គេម​

    ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​ឬ​ស៊ី​ហ្គេម​ ​លើក​ទី30​ ​ឆ្នាំ2019​ ​នេះ​ ​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ​510នាក់​ ​ក្នុងចំណោម​អត្តពលិក​សរុប​ ​9,840នាក់​ ​ដោយ​ក្នុង​នោះ​កម្ពុជា​ឈរ​នៅ​លេខ4​ ​ពី​លើ​ទី​ម័រ​ ​ប្រ៊ុយណេ​ ​និង​ឡាវ​ ​ដែល​បញ្ជូន​អត្តពលិក​ទៅ​ច្រើន​ជាប្រចាំ​ព្រឹត្តិ​ការណ៍​នេះ​ ​ខណៈ​ដែល​ប្រទេស​ហ្វីលីពីន​ ​មាន​អត្តពលិក​ដល់ទៅ​ ​1,868នាក់​។​

    ​តារាង​ចំនួន​អត្តពលិក​ចូលរួម​ស៊ី​ហ្គេម​តាម​ប្រទេស​នី​មួយ​ៗ​ ​៖​ ​
    ​1​.​ហ្វីលីពីន​ ​(​ម្ចាស់ផ្ទះ​)​ ​៖​ ​1,868នាក់​
    ​2​.​ឥណ្ឌូ​នេ​ស៊ី​ ​៖​ ​1,702នាក់​
    ​3​.​សិង្ហបុរី​ ​៖​ ​1,591នាក់​
    ​4​.​ថៃ​ ​៖​ ​1,473នាក់​
    ​5​.​ម៉ាឡេស៊ី​ ​៖​ ​1,076នាក់​
    ​6​.​មីយ៉ាន់ម៉ា​ ​៖​ ​952នាក់​
    ​7​.​វៀតណាម​ ​៖​ ​890នាក់​
    ​8​.​កម្ពុជា​ ​៖​ ​510នាក់​
    ​9​.​ឡាវ​ ​៖​ ​419នាក់​
    ​10​.​ប្រ៊ុយណេ​ ​៖​ ​247នាក់​
    ​11​.​ទីម័រខាងកើត​ ​៖​ ​221នាក់​ ​៕​

    ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​ឬ​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នេះ​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី30​ ​វិច្ឆិកា​ ​រហូតដល់​ថ្ងៃទី11ធ្នូ​ ​ឆ្នាំ2019​ ​ដោយមាន​កីឡា​ចំនួន​ ​58ប្រភេទ​ ​និង​ជាង​ ​530វិញ្ញាសា​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួតប្រជែង​៕​


  • ក្លិប​កម្ពុជា​ចំនួន3​ ​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្លិប​អាជីព​របស់​ទ្វីបអាស៊ី​

    ក្លិប​កម្ពុជា​ចំនួន3​ ​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្លិប​អាជីព​របស់​ទ្វីបអាស៊ី​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​បាន​បង្ហាញ​ពី​សមាសភាព​ក្រុម​ប្រចាំ​ទ្វីបអាស៊ី​ទាំងអស់​ដែល​ជាប់​កម្រិត​ក្លិប​អាជីព​ ​ក្នុង​នោះ​នៅក្នុងចំណោម​ក្លិប​នៅ​លី​ក​កំពូល​កម្ពុជា​ទាំង14​ ​មានតែ​ក្លិប​ចំនួន​ ​3ប៉ុណ្ណោះ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ក្លិប​អាជីព​នេះ​។​

    ​អាជ្ញាប័ណ្ណ​ក្លិប​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​ត្រូវ​មាន​លក្ខណៈ​ពិសេស​មួយចំនួន​ដើម្បី​ទទួល​បាន​ដូចជា​ ​គ្រូបង្វឹក​ក្រុម​ធំ​,​ ​មាន​យុវជន​យ៉ាងតិច​ ​2ក្រុម​ ​ហើយ​ចូលរួម​ក្នុង​លី​ក​យុវជន​ ​ជាមួយនឹង​គ្រូ​ដែល​កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​,​ ​មាន​កីឡដ្ឋាន​ស្តង់​ដា​ ​ជាដើម​។​

    ​ក្លិប​ទាំង៣នោះ​ ​រួមមាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​,​ ​ក្លិប​បឹង​កេត​ ​និង​ក្លិប​អង្គ​រថា​យហ្គើរ​។​ ​ចំពោះ​ក្លិប​ដែល​តែងតែ​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​ជា​រៀងរាល់​ឆ្នាំ​ ​ដូចជា​ភ្នំ​ពេញ​ក្រោ​ន​ ​បែរជា​មិន​មានឈ្មោះ​នៅក្នុង​បញ្ជី​ឆ្នាំនេះ​ទៅវិញ​៕​



  • សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ យាងពិរាល័យព្រះជន្ម ៧៦ព្រះវស្សា

    សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ យាងពិរាល័យព្រះជន្ម ៧៦ព្រះវស្សា

    មុននេះបន្ដិចទទួលបានដំណឹងថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ(សោយទីវង្គត)ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

    មហាទុក្ខសោកដ៏ក្រៀមក្រំ ដែលធ្វើឱ្យមហាជនខ្មែរជាកូនជាចៅ សោកសង្រេងក្រៃលែង ជាពិសេសគឺនឹកស្រណោះដល់ស្នាដៃព្រះអង្គដែលបានលើកស្ទួយសិល្បៈបុរាណខ្មែរទាំងកម្លាំងព្រះកាយ និង ព្រោះហរទ័យ។ សូមរំលឹកថាសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”។

    សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

  • កម្ពុជា​ ​បាន​ត្រឹម​ស្មើ​ ​ម៉ុងហ្គោលី​ ​មុន​ជួប​ហុងកុង​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​

    កម្ពុជា​ ​បាន​ត្រឹម​ស្មើ​ ​ម៉ុងហ្គោលី​ ​មុន​ជួប​ហុងកុង​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​

    ​កាលពី​ល្ងាច​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង​ ​6​:​30យប់​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​ត្រឹម​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ម៉ុងហ្គោលី​ក្នុង​លទ្ធផល​ ​1ទល់នឹង1​។​

    ​ទោះបីជា​មិន​អាចយ​ក​ឈ្នះ​ទៅលើ​ក្រុម​ឡើង​ទម្រង់​លេង​ម៉ុងហ្គោលី​ក៏​ពិតមែន​ ​ប៉ុន្តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​បាន​ដាក់​សម្ពាធ​ស្ទើរតែ​ពេញទាំង​ ​2តង់​ទៅលើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុងហ្គោលី​។​ ​ក្នុង​នោះ​ដែរ​កម្ពុជា​ ​ការ​ដាក់​សម្ពាធ​ដ៏​ខ្លាំង​នេះ​ ​បែរជា​ធ្វើ​ឱ្យ​កម្ពុជា​ភ្លាត់ស្នៀត​ដាច់​មាត់​ ​រហូត​ធ្វើ​ឱ្យ​ម៉ុងហ្គោលី​រកបាន​ ​1គ្រាប់​នាំមុខ​មុន​ ​តែ​កម្ពុជា​បាន​តាម​យក​ ​1គ្រាប់​មកវិញ​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ ​ដែល​ធ្វើ​បានសម្រេច​បាន​ដោយ​កីឡាករ​ ​កែវ​ ​សុ​ផេង​។​

    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ហោះ​ទៅ​ហុងកុង​ ​នៅ​ម៉ោង​ ​7ល្ងាច​ថ្ងៃបន្ទាប់​ ​ដើម្បី​ត្រៀមខ្លួន​លេង​ទល់នឹង​ក្រុម​ហុងកុង​នៅ​ថ្ងៃទី19​ ​ស្អែកនេះ​ ​វគ្គ​ជម្រុះ​ពានរង្វាន់​ ​FIFA​ ​World​ ​Cup​ ​2022​៕​

  • សហព័ន្ធ​ផ្តល់​ថ​រិកា​ ​128លាន​រៀល​ ​ដល់​ក្រុមជម្រើសជាតិ​ ​U19​ ​កម្ពុជា​ ​ក្រោយ​យកឈ្នះ​ថៃ​

    សហព័ន្ធ​ផ្តល់​ថ​រិកា​ ​128លាន​រៀល​ ​ដល់​ក្រុមជម្រើសជាតិ​ ​U19​ ​កម្ពុជា​ ​ក្រោយ​យកឈ្នះ​ថៃ​

    ​​ក្រោយពី​បញ្ចប់​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​Qualifiers​ ​ពី​ថ្ងៃទី2​ ​ដល់ទី10​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ដែល​ក្រុមជម្រើសជាតិ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​តាមរយៈ​ការ​ឆ្លងកាត់​ការប្រកួត​ ​4លើក​ ​ឈ្នះ​ ​3លើក​ ​និង​ចាញ់​ ​1លើក​ ​ដោយ​ស៊ុត​បាន​បញ្ចូល​ទី​បាន​ដល់ទៅ​ ​18គ្រាប់​ ​និង​របូត​ទៅវិញ​តែ​ ​6គ្រាប់​ប៉ុណ្ណោះ​។​

    ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ការសម្រេច​បាន​នូវ​លទ្ធផល​ដ៏​ល្អ​បែបនេះ​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ផ្តល់​នូវ​កញ្ចប់​ថ​រិកា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​សរុប​ទាំងអស់​ ​128លាន​រៀល​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម19ឆ្នាំ​ ​និង​ក្រុមការងារ​គ្រូបង្វឹក​ ​ដែល​ធ្វើ​ឱ្យ​ម្នា​ក់ៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ​1លាន​រៀល​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​កំពុង​ស្ថិតនៅ​លំដាប់​លេខ5​ ​បណ្តោៈ​អាសន្ន​ដដែល​ក្នុងចំណោម​ក្រុម​ល្អ​លេខ2​ ​ទាំង5​ ​ដែល​នឹង​ត្រូវ​ឡើង​ទៅលេង​វគ្គ​បន្ត​ ​ដោយ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ការប្រកួត​របស់​ពូលA​ ​សិន​ ​ដែល​នឹង​ត្រូវ​លេង​ពី​ថ្ងៃទី22​ ​ដល់​ថ្ងៃទី30​ ​ខែវិច្ឆិកា​ ​2019​ ​នៅ​ប្រទេស​អូម៉ង់​សម្រាប់​វគ្គ​ជម្រុះ​ព្រឹត្តិ​ការណ៍​ ​AFC​ ​U​-​19​ ​Championship​ ​2020​៕​