Author: អេបិល

  • ផលិតករភាពយន្តរឿង «រាជបុរីCome back» មានភាពជឿជាក់ខ្លាំង

    ផលិតករភាពយន្តរឿង «រាជបុរីCome back» មានភាពជឿជាក់ខ្លាំង

    ទស្សនិកជនកំពុងតែរង់ចាំការចាក់បញ្ចាំងរឿង«រាជបុរីCome back» ដោយរំពឹងថានឹងបានទស្សនានៅក្នុងខែកក្កដានេះហើយ  នេះបើតាមការបញ្ជាក់ពីលោក ហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic។

    រឿង«រាជបុរីComeback» បានធ្វើឱ្យមានការទាក់ទាញអារម្មណ៍ពីសាធារណជនជាខ្លាំងខណៈ អ្នកនិពន្ធបានផ្ដោតយកឈ្មោះតារាចម្រៀងនៅក្នុងផលិតកមុ្មClassicដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនយកមកធ្វើជាប្រធានបទ។

    លោកហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic បានបញ្ជាក់ថា បច្ចុប្បន្នរឿងនេះបានថតបញ្ចប់ និងត្រៀមចាក់បញ្ចាំងនៅក្នុងខែកក្កដានេះហើយ។ លោកបន្ដថា «រាជបុរីComeback» បានចំណាយទុនក្នុងការផលិតអស់ចំនួន 5ម៉ឺនដុល្លារអាមេរិកដោយមានការចូលរួមពីតារាសិល្បៈជិត100នាក់។

    ចាងហ្វាងផលិតកម្មរូបនេះបានសម្ដែងពីអារម្មណ៍របស់ខ្លួនថា គ្រាដែលរឿងនេះគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ វាក៏ធ្វើឱ្យលោកកំពុងមានចិត្ដរំភើបខ្លាំងដែរ នៅពេលលោកទទួលបានព័ត៌មានមកពីខាងក្រៅថា ​មានអ្នកកំពុងរង់ចាំទស្សនារឿងនេះច្រើនណាស់។ លោកប្រាប់ទៀតថា៖ «ទោះបីជាខ្ញុំមិនអាចទស្សន៍ទាយបានថា លទ្ធផលនៃការដាក់បញ្ចាំងរឿងនេះនឹងទៅជាយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែចិត្ដខ្ញុំផ្ទាល់ គឺមានក្ដីសង្ឃឹមទៅលើសាច់រឿងល្អៗដែលខ្ញុំបានដាក់បញ្ចូលគ្រប់រសជាតិ ពិសេសមានតារាល្បីៗ មានបទពិសោធជាច្រើនចូលរួមសម្ដែង»។ ជាមួយគ្នានេះដែរលោកបានប្រាប់ថា អ្វីដែលកាន់តែធ្វើឱ្យលោកមានភាពជឿជាក់ខ្លាំងនោះ គឺដោយសារតារាសម្ដែងគ្រប់រូបដែលចូលរួមសម្ដែងសុទ្ធតែពេញចិត្ដនឹងសាច់រឿងនេះទាំងអស់ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យរឿងនេះទទួលបានគុណភាពល្អ។

    គួរបញ្ជាក់ផងដែរថា លោកហ៊ួ សុផល ធ្លាប់ផលិតរឿងទទួលបានការគាំទ្រជាច្រើនរួចមកហើយ ដូចជារឿង «អាបកាលីប009» «ទាយាទអារីយ៉ា» និង «កូនភ្លោះខ្ទើយចម្លែក» ជាដើម។ នេះជារឿងទី7 ហើយដែលលោកបានផលិត។ រឿង«រាជបុរីComeback» មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា លោករតនៈ ពិសិដ្ឋ លោកឈួន ពន្លឺ  កញ្ញាអ៊ុន អាលីហ្សា កញ្ញាកុល ដាវី កញ្ញាស្រីពេជ្រ កញ្ញាជេស៊ីកា  ជាដើម។

    កន្លងមកគេមើលឃើញថា លោកហ៊ួ សុផល បានផលិតសុទ្ធតែរឿងបែបកំប្លែង ឈុតឆាកខ្មោច បញ្ហានេះត្រូវបានលោកបញ្ជាក់ថា លោកចំណាយទុនផលិត គឺតម្រូវទៅតាមទីផ្សារយុវវ័យ និងតម្រូវការរបស់រោងភាពយន្ដ ប្រសិនបើលោកផលិតខុសពីតម្រូវការរបស់ទីផ្សារនឹងអាចធ្វើឱ្យលោកជួបបញ្ហាប្រឈមខ្លាំងជាមួយទុនផលិតរបស់ខ្លួន៕

  • មិនគួរឱ្យជឿសោះ Song Joong Ki ប្រកាសរៀបការជាមួយ Song Hye Kyo !!

    មិនគួរឱ្យជឿសោះ Song Joong Ki ប្រកាសរៀបការជាមួយ Song Hye Kyo !!

    នេះគឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ ព្រោះទើបតែលេចឡើងនូវព័ត៌មានស្នេហាលួចលាក់ក្រៅពិភពសិល្បៈសោះ ស្រាប់តែថ្មីនេះៗ តារាឯកប្រុស Song Joong Ki ប្រកាសសុំរៀបការជាមួយតារាឯកស្រី Song Hye Kyo ឱ្យដូចនៅក្នុងសាច់រឿង Descendants of the Sun ដែលអ្នកទាំងពីរបានសម្ដែងជាគូស្នេហ៍ឆ្លងឧបសគ្គលំបាកជាមួយគ្នា និងកាន់តែធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍លើអ្នកទាំងពីរទ្វេដងថែមទៀត។

    បើទោះបីជាមានការបដិសេធពីខាងអ្នកគ្រប់គ្រងតារាពីរដួងនេះកាលពីពេលកន្លងមក និងព្រមទាំងបានអះអាងថាគ្មានទំនាក់ទំនងស្នេហ៍ក្រៅសិល្បៈ ឬនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ីតែពីរនាក់ស្ងាត់ៗក៏ដោយ ក៏កាលពីថ្ងៃម្សិលមិញនេះ ខាងផលិតកម្មដដែល គឺ Blossom Entertainment និង United Artists Agency (UAA) បានចេញមកថ្លែងជាសាធារណៈហើយថា “សួស្តី! យើងខ្ញុំគឺជា Blossom Entertainment និង UAA…ជាដំបូងនេះ យើងខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រគ្រប់រូបជាជនជាតិកូរ៉េ និងបណ្ដាអ្នកគាំទ្រអន្ដរជាតិដែលបានចាប់អារម្មណ៍លើទំនាក់ទំនងស្នេហារបស់ Song Hye Kyo និង Song Joong Ki  និងសូមឱ្យអ្នកទាំងអស់យល់ថា ការរៀបមង្គលការនេះជាក្ដីរំភើប និងជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយសម្រាប់យើង”។

    Generated by IJG JPEG Library

    គួរបញ្ជាក់ផងដែរថា ខាងអ្នកគ្រប់គ្រងតារាទាំងពីរដួងខាងលើនេះ បានប្រកាសបញ្ជាក់ទៀតថា អ្នកទាំងពីរនឹងចូលពិធីអាពាហ៍ពិពាហ៍នៅអំឡុងខែតុលា ខាងមុខនេះ ដែលការរៀបមង្គលការនេះជាការស្ម័គ្រចិត្តរបស់អ្នកទាំងពីរ និងមានការយល់ព្រមពីក្រុមគ្រួសាររបស់ពួកគេផងដែរ ហើយយើងចង់ឱ្យអ្នកគាំទ្រទាំងអស់បានជូនពរជ័យដល់ពួកគេចាប់តាំងពីពេលនេះតទៅ ព្រោះថា ពិធីរៀបអាពាហ៍ពិពាហ៍នេះគ្រោងនឹងធ្វើឡើងយ៉ាងអធិកអាធម៕

  • Celine Dion បញ្ចេញស្ទីលកន្ធែកជើងនៅទីក្រុងបារីស

    Celine Dion បញ្ចេញស្ទីលកន្ធែកជើងនៅទីក្រុងបារីស

    ម្ចាស់បទ My heart will go on ពិតជាមិនធម្មតាមែន ព្រោះទើបតែបានទទួលការសរសើឥតឈប់ឈរកាលពីការសម្ដែងនៅក្នុងរាត្រី Billboard Music Awards 2017 ថ្មីនេះៗ ដោយតារាចម្រៀង Celine Dion ត្រូវបានអញ្ចើញឱ្យទៅសម្ដែងជាពិសេសនៅទីក្រុងបារីស ប្រទេសបារាំង។

    តារាចម្រៀងស្រីវ័យ 49 ឆ្នាំរូបនេះ បានបង្ហាញវត្តមានយ៉ាងមានទំនុកចិត្តនៅលើកម្រាលព្រំក្រហមរបស់កម្មវិធីបង្ហាញម៉ូដ Giambattista Valli សម្រាប់គម្រោង Paris Fashion Week នៅទីក្រុងបារីស ប្រទេសបារាំង។ នៅថ្ងៃដំបូងនេះ តារាស្រីជើងចាស់មានសម្រស់ស្រស់សោភារូបនេះ បានបញ្ចេញស្ទីលបង្ហាញម៉ូដដោយបង្ហាញស្ទីលកន្ធែកជើងពេញទំហឹងដ៏គួរឱ្យអស់សំណើច ក៏ប៉ុន្ដែនេះជាសមត្ថភាពពិសេសមួយដែលលោកស្រីចង់បញ្ចេញជាយូរណាស់ហើយ តែកម្រមានឱកាស។

    គួរបញ្ជាក់ផងដែរថា ការបញ្ចេញស្ទីលចម្លែកបែបដូច្នោះ បានធ្វើឱ្យតារាបង្ហាញម៉ូដនានារំភើបចិត្តយ៉ាងខ្លាំងពេលដែលបានឃើញ ព្រមទាំងមានអ្នកប្រមាញ់រូបថតជាច្រើននាក់បានតម្រង់កាណុងកាមេរ៉ាមករកលោកស្រីតែម្នាក់គត់នៅពេលបង្ហាញវត្តមាន មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីបានបន្ដទៅបង្ហាញម៉ូដនៅក្នុងកម្មវិធីមួយទៀតដែលមានឈ្មោះថា  Christian Dior Haute Couture  ជាកម្មវិធីប្រគំតន្រ្តីដែលតម្រូវឱ្យអ្នកចូលរួមត្រូវស្លៀកសម្លៀកបំពាក់ឈុតពណ៌លឿងទៀតផង៕

  • អៀង ចេនឡា មានចំណុចអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ

    អៀង ចេនឡា មានចំណុចអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ

    លោកអៀង ចេនឡា ជាតារាសិល្បៈដែលបានឈរជើងលើអាជីពនេះអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែលោកទើបតែអាចធ្វើឱ្យមហាជនចាប់អារម្មណ៍ និងស្គាល់រូបលោកច្បាស់ក្រោយពីមានឱកាសបានសម្ដែងក្នុងរឿង«ភពផែនដែនស្នេហ៍»ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍MY TV។

    ការពិត ដំបូងឡើយលោកអៀង ចេនឡា មិនមែនជាតារាសម្ដែងទេ រយៈពេលជាង10ឆ្នាំមកនេះលោកបានប្រើពេលវេលាជាមួយការច្រៀងដោយគ្មានផលិតកម្ម។ តែក្រោយពីលោកចង់បន្ថែមអាជីព ក៏ដូចជាតម្រូវការរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គត់ជីវភាពគ្រួសារ គ្រាដែលឪពុកលោកជាអ្នករត់ម៉ូតូឌុបជួបឧប្បត្តិហេតុរហូតពិការដើរលែងរួច លោកក៏សម្រេចចិត្ដថតភាពយន្ដតែម្តង។

    លោកអៀង ចេនឡា បញ្ជាក់ថា នៅឆ្នាំ2014លោកទទួលបានឱកាសសម្ដែងនៅក្នុងរឿង«ភពផែនដែនស្នេហ៍» តែមួយប៉ុណ្ណោះ ដោយកាលនោះលោកសម្ដែងជាតួអង្គឧកញ៉ាដែលបង្ហាញពីខ្សែជីវិតពិតរបស់ឧកញ៉ាម្នាក់ ហើយចាប់ពីពេលនោះមកលោកហាក់មានរាសីឡើងចាប់ផ្ដើមទទួលបានការងារសម្ដែងយ៉ាងច្រើនជាបន្ដបន្ទាប់។ លោកបន្ដថា ចូលមកដល់ឆ្នាំ2016 កេរ្ដិ៍ឈ្មោះក្នុងការសម្ដែងត្រូវបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់លោកអាចទទួលបានការសម្ដែងរឿងភាគក្នុងមួយឆ្នាំដល់ទៅ10រឿង ដែលក្នុងនោះមានរឿងល្បីៗដូចជា«កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់» និង«ចិត្ដស្អប់បង្កប់ស្នេហ៍ជាដើម»។

    តារាសិល្បៈពហុជំនាញរូបនេះបញ្ជាក់ថា៖«ខ្ញុំតែងតែគិតថា ភាពដដែលៗជាសត្រូវនៃសិល្បៈ ដូច្នេះហើយទើបខ្ញុំខិតខំបង្កើតទេពកោសល្យថ្មីៗសម្រាប់ខ្លួនឯងជាច្រើនដើម្បីបំពេញតាមតម្រូវការទីផ្សារ វាក៏ជាមូលហេតុមួយដែរដែលធ្វើឱ្យខ្ញុំអាចមានទីផ្សារការងារយ៉ាងល្អដូចបច្ចុប្បន្ន»។ លោកបន្ដថា យ៊ីអ៊ុន និងភ័ព្វសំណាងក៏គួបផ្សំជាមួយដែរ ព្រោះបើនិយាយដល់ការថតភាពយន្ត10រឿងក្នុងមួយឆ្នាំ មានតារាសិល្បៈជាច្រើនគិតថា ច្រើនណាស់ និងពិបាកបែងចែកពេលវេលា ហើយក៏មានអ្នកខ្លះសួរលោកដែរថា តើធ្វើម៉េចបានទៅរួច?  តែផ្ទុយទៅវិញសម្រាប់រូបលោកអាចធ្វើបានល្អរួចទៅហើយ។ មិនមែនតែការសម្ដែងមួយមុខនោះទេ គឺមានការងារជាច្រើនទៀតដែលលោកទទួលបាន ដូចជាច្រៀងនៅតាមកម្មវិធីធំៗ ថតរឿងខ្លីនានា និងថតស្ប៉តឱ្យក្រុមហ៊ុននានាទៀតផង។

    លោកអៀង ចេនឡា ប្រាប់ទៀតថា៖ «ការពិតដូចទេវតាជួយខ្ញុំអ៊ីចឹង ពោលគឺចាប់ពីមានឈ្មោះក្នុងទីផ្សារសិល្បៈមក គឺរវល់ជាប់ ពេលខ្លះគិតថា បានសម្រាកមួយថ្ងៃ គឺថ្ងៃនោះហើយដែលត្រូវគេហៅទៅថតស្ប៉ត ឬធ្វើការងារផ្សេងៗ ពោលគឺវាចេះតែទៅស្រួលរហូត»។ ទោះជាយ៉ាងណាលោកអះអាងថា បើទោះជាមានទេវតាជួយក៏ដោយ តែយើងក៏ត្រូវជួយខ្លួនឯងដែរ។ ឧទាហរណ៍ថា បើយើងទទួលបានការងារល្អៗច្រើនហើយ តែយើងមិនចេះគោរពពេលវេលា មិនស្រឡាញ់ការងារ ធ្វើឱ្យអ្នករួមការងារជាមួយយើងគាត់លំបាក ក៏ទេវតាមិនអាចជួយបន្ដទៀតបានដែរ។ ជាងនេះទៅទៀត លោកបន្ដថា​ ​ការគោរព និងដឹងគុណចំពោះឪពុកម្ដាយបានធ្វើឱ្យលោកមានកម្លាំងចិត្ដ  ធ្វើអ្វីៗចេះតែបានជោគជ័យជាបន្ដបន្ទាប់។

    គួរបញ្ជាក់ថា ​លោកអៀង ចេនឡា ក្រៅពីលោកកំពុងទទួលបានទីផ្សារសម្ដែងភាពយន្ដហើយ លោកនៅអាចច្រៀងភ្លេងការ  កាត់សក់ ច្រៀងចម្រៀងសម័យ និងកំប្លែងបានទៀតផង៕

  • Pan Cake គ្រងតំណែងតួឯកក្នុងរឿង “ណាឃី” វគ្គ 2

    Pan Cake គ្រងតំណែងតួឯកក្នុងរឿង “ណាឃី” វគ្គ 2

    បើតាមសារព័ត៌មានថៃ បានឱ្យដឹងថា មានដំណឹងលេចឮមកថា នៅទីបំផុតគម្រោងការថតរឿងភាគរបស់ស្ថានីយទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 3 បានត្រៀមយករឿងភាគដ៏ល្បីល្បាញបំផុតគឺរឿង “ណាឃី” មកថតជាវគ្គទី​ 2 បន្ដទៀត​ ដែលសាច់រឿងនឹងនិយាយអំពីនាង ខាំកែវ វិញម្ដង។

    ដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា រឿង ណាឃី គឺជារឿងដែលទទួលបានពានរង្វាន់ជាច្រើនប្រចាំឆ្នាំ​ 2016 និងជារឿងភាគដែលពេញនិយមខ្លាំងជាងគេបំផុត រហូតដល់មានប្រជាជនក្នុងបណ្ដាប្រទេសក្នុងសហគមន៍ AEC បានទស្សនារឿងនេះហើយ លាន់មាត់សរសើរឥតឈប់ទៀតផង។

    ដំណឹងថ្មីចុងក្រោយនេះ ត្រូវបានទម្លាយឱ្យដឹងថា អ្នកដឹកនាំរឿងនេះគឺលោក អហ្វ ផុងផាត់ មានគម្រោងប្ដូរតួសម្ដែងពីរឿងមុនដែលនាង TaewAew ជាអ្នកសម្ដែងតួនាង ខាំកែវ នឹងត្រូវបានជំនួសដោយតារាស្រី Pan Cake វិញម្តង នៅក្នុងសាច់រឿងរបស់នាង ខាំកែវ ។ គួរបញ្ជាក់ផងដែរថា ដំណឹងនេះមិនទាន់មានការអះអាងបញ្ជាក់ពីអ្នកដឹកនាំរឿងជាផ្លុវការនៅឡើយទេ ខណៈដែលតារាស្រីរូបស្អាត Pan Cake ក៏កំពុងជាប់ដៃសម្ដែងក្នុងរឿងប្រវត្តិសាស្ត្រថៃមួយដែរ គឺរឿង ស៊្រីអាយ៉ូថាយ៉ា ( ស្រីអយុធ្យា ) របស់ស្ថានីយទូរទស្សន៍ True 4U។

    គួររំលឹកផងដែរថា Pan Cake គឺជាតារាឯករាជ្យដែលគ្មានជាប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ណាមួយឡើយ ហើយនាងត្រូវបានគេទទួលស្គាល់ទៀតថា ជាតារា AEC ដែលទទួលបានការស្រឡាញ់ និងគាំទ្រពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន  ព្រោះនាងបានជួយការងារសង្គមជាច្រើន ជាពិសេសបានជួយការងារសប្បុរសធម៌ដល់ប្រទេសកម្ពុជា យើងទៀតផង៕

  • Sophie Turner និយាយរឿង Game of Thrones បង្ហាញពីរឿងរ៉ាវសិចរបស់នាង

    Sophie Turner និយាយរឿង Game of Thrones បង្ហាញពីរឿងរ៉ាវសិចរបស់នាង

    ខ្សែភាពយន្តភាគខ្នាតធំដូចជារឿង Game of Thrones បានធ្វើឱ្យយើងដឹងថា ក្រៅពីឈុតឆាកវាយប្រហារ តស៊ូ យ៉ាងក្ដៅគគុកហើយ វានៅមានឈុតឆាកស្នេហាក្ដៅសាច់យ៉ាងរោលរាលទៀតផង ដែលទាំងអស់នោះបានបណ្ដាលឱ្យតារាស្រី Sophie Turner ចេញមុខមកនិយាយប្រាប់ថា រឿងភាគមួយនេះជារឿងដែលបង្ហាញពីរឿងរ៉ាវសិចរបស់នាង។

    តារាសម្ដែងស្រីវ័យ 21 ឆ្នាំ បានទទួលអត្ថបទរឿងសម្ដែងជា Sanz Stark តាំងពីឆ្នាំ 2011 ខណៈដែលបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន Sunday Times ដោយនាងបាននិយាយពីឈុតឆាកក្ដៅសាច់នេះថា “គ្រាដំបូងដែលខ្ញុំបានស្គាល់ពីការរួមភេទ គឺនៅពេលបានអានអត្ថបទរឿង Game of Thrones នេះឯង។ នៅគ្រានោះខ្ញុំមានវ័យ 13 ឆ្នាំតែប៉ុណ្ណោះ  វ៉ាវ….តើមនុស្សផ្សេងទៀត គេធ្វើបែបនេះបានអ៊ីចឺងដែរឬ? ..វាពិតជាទាក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់។ ខ្ញុំបានគិតថា នោះគ្រាន់តែជាការយល់ដឹងពីរឿងផ្លូវភេទតែប៉ុណ្ណោះសម្រាប់ខ្ញុំចាប់តាំងពីពេលចាប់ផ្ដើមថតរឿង Game of Thrones នេះមក”។

    ជាចុងក្រោយ តារាស្រីរូបនេះបានបញ្ជាក់ផងដែរថា “ការតបស្នងពីរឿងនេះមកឱ្យខ្ញុំវិញ គឺជាការដែលស្គាល់ពីរឿងបែបនោះហើយ ( រឿងផ្លូវភេទ) តែពេលខ្លះវាក៏មិនគួរបង្ហាញតាមកញ្ចក់ទូរទស្សន៍ដែរ។ នៅពេលដែលយើងនិយាយពីរឿងនោះពិតជាព្រឺសម្បុរឡើងតែម្ដង យើងមិនគួរបញ្ចាំងឈុតហ្នឹងនៅលើទូរទស្សន៍ឡើយ តែមានក្រុមមនុស្សមួយចំនួននិយាយថា ពួកគេកំពុងទៅដល់ទីបំផុតនៃការសម្ដែងហើយ”៕

  • សាត រស្មី ប្រឹងចាប់យកអាជីពសិល្បៈវិញ ក្រោយពីទុកចិត្តសង្សារ

    សាត រស្មី ប្រឹងចាប់យកអាជីពសិល្បៈវិញ ក្រោយពីទុកចិត្តសង្សារ

    ក្រោយពីតារាសិល្បៈមានបទពិសោធក្រាស់ក្រែលអ្នកនាង សាត រស្មី ប្រាប់ថា នាងកំពុងមានស្នេហាជាមួយបុរសអាណិកជនរស់នៅអាមេរិក និងមានការលើកឡើងថា មិនយូរប៉ុន្មានទេនាងនឹងចូលរោងការជាក់ជាមិនខាន។

    អ្នកនាងសាត រស្មី ធ្លាប់បានបង្ហើបថា នាងមានបុរសម្នាក់កំពុងតែស្រឡាញ់ និងយល់ចិត្ដនាងខ្លាំងណាស់។ ទោះបីជានាងបានបង្ហាញពីអារម្មណ៍ស្រឡាញ់ និងយល់ចិត្ដទៅលើបុរសម្នាក់នោះវិញក៏ដោយ ក៏នាងបានបញ្ជាក់ដែរថា បច្ចុប្បន្ននាងពុំទាន់បានគិតដល់រឿងរៀបការទេ ព្រោះនាង និងសង្សារមានការយល់ចិត្ដគ្នាទៅហើយ ដូច្នេះទុកពេលវេលាឱ្យនៅយូរបន្ដិចសិនក៏មិនថ្វីដែរ ដោយបច្ចុប្បន្ននាងកំពុងតែគិតពីការងារសិល្បៈ។

    នាងបន្ដថា នាងចង់ធ្វើការងារសិល្បៈឱ្យរីកចម្រើនជាមុនសិន ទើបគិតរឿងមង្គលការ ព្រោះនាងមិនខ្វាយខ្វល់អ្វីទៀតឡើយ ដោយសារតែនាង និងគេបានជឿជាក់លើគ្នាជាខ្លាំង ពិសេសសង្សារនាងបានដឹងរឿងអតីតកាលរបស់នាងអស់ហើយ ហើយបុរសម្នាក់នេះក៏មិនដែលប្រកាន់អ្វីដែរ។

    ទោះបីជានាងមិនទាន់ឈានដល់ថ្ងៃមង្គលការក៏ដោយ ប៉ុន្ដែត្រូវបាននាងបញ្ជាក់ប្រាប់ថា ទៅអនាគតប្រសិនរៀបការរួចហើយ នាងនឹងធ្វើអ្វីៗជាច្រើនទៅតាមបំណងរបស់ស្វាមីនាង ពោលគឺនាងអាចនឹងបោះបង់ចោលសិល្បៈក៏អាចថាបាន  ប្រសិនបើជាសំណូមពរពីស្វាមី ប៉ុន្ដែពេលនេះនាងនឹងប្រឹងប្រែងឆក់យកប្រជាប្រិយភាពឱ្យបានខ្លាំងជាមុនសិន។

    កាលពីដើមឆ្នាំនេះបានលេចចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនាងសាត រស្មី  ដែលធ្វើឱ្យគេបានដឹងថា នាងជាអតីតភរិយារបស់លោក ជៀស ស្រួច ជាកីឡាករប្រដាល់ដ៏ល្បីក្នុងអំឡុងឆ្នាំ2005។ នៅគ្រានោះនាងក៏ពុំបានប្រកែកអ្វីដែរ ប៉ុន្ដែនាងគ្រាន់តែបញ្ជាក់ថា នាង និងអតីតស្វាមីបានចែកផ្លូវគ្នាចប់សព្វគ្រប់អស់ហើយ៕

  • Kim Soo Hyun ៖ “រឿង Real មានឈុតឆាកពិសេសច្រើន មិនគួររំលងឡើយ”

    Kim Soo Hyun ៖ “រឿង Real មានឈុតឆាកពិសេសច្រើន មិនគួររំលងឡើយ”

    បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនចំពោះខ្សែភាពយន្ដខ្នាតធំរបស់កូរ៉េខាងត្បូងគឺរឿង “Real” រួចមក តារាឯកប្រុសនៅក្នុងរឿងនេះបាននិយាយពាក្យខ្លះៗផ្ដាំផ្ញើដល់អ្នកគាំទ្ររូបលោកឱ្យទៅទស្សនារឿងនេះទាំងអស់គ្នា ព្រោះថារឿង Real មានឈុតឆាកពិសេសៗច្រើន ដែលមិនគួរខកខានក្នុងការទស្សនាឡើយ។

    រឿង Real ត្រូវបានសម្ដែងដោយលោក Kim Soo Hyun ជាតួឯកប្រុស និងតួឯកស្រី Sulli ជានារីសិចស៊ីពង្វក់អារម្មណ៍តួប្រុស ហើយរឿងនេះផងដែរត្រូវបានអនុញ្ញាតឱ្យតែមនុស្សដែលមានវ័យ 19 ឆ្នាំឡើងទៅប៉ុណ្ណោះទើបអាចចូលទស្សនាបាន។ តារាឯកប្រុសរូបនេះបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ស្របពេលដែលមានការផ្សព្វផ្សាយរឿងចុងក្រោយមួយទៀតដែលមានចំណងជើងថា “Kukmin Ilbo”។  លោកបានថ្លែងថា “ដំបូងឡើយដែលខ្ញុំបានឃើញអត្ថបទរឿង Real ខ្ញុំមានអារម្មណ៍មានសម្ពាធ និងភ័យខ្លាចណាស់ តែទោះជាយ៉ាងណាក៏ដោយ តួសម្ដែងរឿងនេះទទួលបានសិទ្ធិសម្រេចម៉្យាង ដែលសឹងតែជាមន្ដស្នេហ៍មួយបានសម្ដែងចេញទៅជូនមហាជន ទើបធ្វើឱ្យខ្ញុំមិនអាចបដិសេធបាន ព្រោះមានឈុតឆាកពិសេសៗច្រើន មិនគួររំលងឡើយ” ។

    លោកបានបន្ដថ្លែងទៀតថា “ខ្ញុំគិតថា លទ្ធផលដែលហុចឱ្យនេះគឺជារឿងធម្មជាតិ ខ្ញុំបានជួបឧបសគ្គក្នុងភាពត្រឹមត្រូវមួយ ហើយបានគិតថា រឿង Real មានបរិយាកាសមួយដែលចាប់ផ្ដើមចាក់ចូលក្នុងបេះដូងខ្ញុំ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាទស្សនាយ៉ាងសប្បាយចិត្តអស់ពីបេះដូង និងមានឈុតឆាកច្រើនទៀតដែលរំភើប ព្រឺសម្បុរ” ។

    ជាចុងក្រោយតារាប្រុសវ័យ 29 ឆ្នាំរូបនេះបានថ្លែងបញ្ចប់ថា “ខ្សែភាពយន្ដរឿងនេះ ត្រូវបានសម្លឹងឃើញថា ជារឿងមើលទៅអាសអាភាស ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍វិលវល់ និងច្របូកច្របល់អស់ តែតាមពិតទៅផលសម្រេចចេញមក រឿង Real មួយនេះ គឺជាគម្រោងរឿងដែលខ្ញុំស្រឡាញ់បំផុត ព្រោះខ្ញុំបានបញ្ចេញការសម្ដែងអស់ពីសមត្ថភាពហើយ”៕

  • ខេខេ បើទទួលបានអាជីពថ្មី អ្វីក៏ហ៊ានធ្វើ

    ខេខេ បើទទួលបានអាជីពថ្មី អ្វីក៏ហ៊ានធ្វើ

    កញ្ញាសឿ ស្រីកា ហៅ ខេខេ ជាតារាសម្ដែង​ និងតារាម៉ូដែលដែលបានបង្ហាញវត្ដមានក្នុងវិស័យសិល្បៈអស់រយៈពេល3ឆ្នាំហើយ ការងារដែលនាងទទួលបានភាគច្រើនគឺការដើរម៉ូដ និងសម្ដែងកាយវិការខារ៉ាអូខេ ព្រមទាំងថតស្ប៉តមួយចំនួន។ ថ្មីៗនេះនាងប្រាប់ថា ដើម្បីឆ្ពោះទៅរកភាពល្បីល្បាញនាងចង់ភ្លក្សរសជាតិការសម្ដែងភាពយន្ដម្ដងដែលវាជាបទពិសោធថ្មីសម្រាប់នាង។

    កញ្ញាខេខេ បានប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈតាំងពីឆ្នាំ2014មក នាងទទួលបានការងារជាច្រើនទៅលើការសម្ដែងខារ៉ាអូខេ និងដើរម៉ូដ។ ពិសេសក្នុងឈុតសម្ដែងខារ៉ាអូខេភាគច្រើនត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួអង្គស្រីដែលមានបុរសស្រឡាញ់ច្រើន និងចូលចិត្ដលេងល្បែងស្នេហា និងមានឈុតឆាកសិចស៊ីមួយចំនួនទៀតផង។

    នាងបន្ដថា៖ «បន្ទាប់ពីទទួលបានការសម្ដែងខារ៉ាអូខេជាច្រើនបទមក  ទើបខ្ញុំដឹងថា ខ្លួនឯងអាចមានបទពិសោធក្នុងការសម្ដែងដោយមិនខ្មាសអៀនបានហើយ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំមានឱកាសសម្ដែងក្នុងភាពយន្ដ និងពិសេសទទួលបានឈុតឆាកស្រដៀងគ្នាទៅនឹងការសម្ដែងខារ៉ាអូខេ នឹងជំរុញឱ្យខ្ញុំទទួលបានប្រជាប្រិយភាពក្នុងការសម្ដែងបន្ថែមទៀតមិនខាន»។ កញ្ញា ខេខេ ជាតារាសម្តែងម្នាក់ដែលមាននិស្ស័យស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ នាងតែងមានបំណងប្រាថ្នា និងចង់បង្ហាញទេពកោសល្យខ្លួនទាំងការដើរម៉ូដ និងសម្ដែងទៅកាន់សាធារណជន។ តារាស្រីរូបនេះបានបញ្ជាក់ទៀតថា៖ «បន្ទាប់ពីឃើញរៀមច្បងមួយចំនួនគាត់បានចាប់អាជីពសម្ដែងបន្ថែម ព្រមទាំងទទួលបានជោគជ័យនោះ ខ្ញុំក៏បានតាំងចិត្ដថា ខ្ញុំត្រូវតែធ្វើឱ្យបានដូចពួកគាត់ដែរ»។

    ទោះជាយ៉ាងណា ខេខេ បានប្រាប់ទៀតដែរថា នាងនឹងក្រាញននាលជាមួយការសម្ដែងគ្រប់ឈុតឆាកទាំងអស់ មិនថាតួអង្គសិចស៊ី ឬអ្វីឡើយ ឱ្យតែជាតម្រូវការរបស់អ្នកដឹកនាំរឿង នាងនឹងធ្វើឱ្យបានល្អដើម្បីឱ្យមហាជនទទួលយករូបនាងទៅទុកក្នុងដួងចិត្ដរបស់ពួកគាត់ក្នុងនាមជាតារាសម្ដែងដ៏ល្អមួយរូប៕

  • ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song  របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះ​យ៉ាងរីករាយ​ហើយ​    ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។

    លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយ​ពេល​វេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់​យំ»​នេះលោកបាន​ធ្វើការយ៉ាងសម្រិតសម្រាំងជាមួយ​ក្រុម​ការងារ  ពិសេសពិនិត្យលើSound ដើម្បីទទួល​បានការគាំទ្រពីសាធារណជន។

    ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវ​ចំណាយថវិកា​ច្រើន​ក្នុងការ​ផលិត ព្រោះលោក​ចង់បានផលិតផលល្អដែល​ធ្វើឡើងដោយការសម្រិតសម្រាំងទាំងការ​ចាប់យក​រូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិត​យករូបភាពពីតំបន់ពិសេស​នៅក្នុងទី​ក្រុង​ភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដ​ថា៖«ខ្ញុំធ្វើបែប​នេះគ្មាន​គោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើ​ចេញទៅ​អាច​តម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជា​គ្រឹះ​ក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារ​បរទេស​ខ្ញុំនឹង​អនុវត្តតាមស្ដង់ដារនេះតែម្តង»។

     

    តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាព​ខ្សែ​ភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅប​ញ្ជ្រាបចូល​ទីផ្សារបរទេស​បាន​ទេ​។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាព​នៃ​ភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹង​ដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ​របស់​យើង​​មានគុណភាពល្អ»៕