Author: អេបិល

  • Aum Pachrapa  ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុក សនរ៉ាម

    Aum Pachrapa  ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុក សនរ៉ាម

    នៅរាត្រីថ្ងៃទី12 ខែកក្កដា ឆ្នាំ2017 ជារាត្រីតម្កល់សពថ្ងៃទី 3 របស់លោកអ៊ំ ដៀរ៍ ឈុំផន ជាតារាសម្ដែងជើងចាស់ និងជាឪពុករបស់លោក សនរ៉ាម ដែលបានទទួលមរណភាពក្នុងជន្មាយុ 78 ឆ្នាំ គេសង្កេតឃើញតារាស្រី Aum Pachrapa (អាំ ផាត់ឆៈរ៉ាផា)និងក្រុមតារាសម្តែង ព្រមទាំងក្រុមការងាររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 បានមកចូលរួមគោរពវិញ្ញាណក្ខន្ធតារាជើងចាស់រូបនេះ។

    ដោយឡែកតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលតារាស្រីវ័យ 38 ឆ្នាំរូបនេះបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាមដែលនាងបានបង្ហាញពីអារម្មណ៍សោកសៅ និងការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោកសនរ៉ាម ថា “ចូលរួមសូត្រមន្ដឧទ្ទិសកុសលចំពោះលោកពូ ដៀរ៍ និងផ្ដល់កម្លាំងចិត្តដល់បងប្រុស សនរ៉ាម”។ នៅក្នុងថ្ងៃតែមួយនេះដែរ ក៏មានតារាសម្ដែងស្រីជើងចាស់មួយរូបទៀតបានចូលរួមគោរពវិញ្ញាណក្ខន្ធដូចគ្នា គឺលោកស្រី ទុក ដឿនតេម ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដូចគ្នានៅលើអ៊ីនស្តាក្រាមដោយសរសេរសាររំលែកទុក្ខថា ” មកក្រាបសំពះសពលោកពូ ដៀរ៍ សូមឱ្យលោកពូលង់លក់យ៉ាងមានសេចក្ដីសុខ Rest In Peace”។

    កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយខាងក្រោមនេះ ៖

  • Yaya Urassaya បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មលំដាប់ពិភពលោក

    Yaya Urassaya បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មលំដាប់ពិភពលោក

    តារាឯកស្រី Yaya Urassaya បានបង្ហាញមុខដ៏ភ្ញាក់ផ្អើលនៅក្នុងស្ប៉តពាណិជ្ជកម្មលំដាប់ពិភពលោក។ អាចរាប់បានថា ជាតារាសម្ដែងដែលមានសមត្ថភាពខ្ពស់ម្នាក់ បើទោះបីជាឃើញនាងស្ថិតក្នុងបែបបទជាតារាសម្ដែងរឿង ដើរបង្ហាញម៉ូដ ថតបង្ហាញម៉ូដ ច្រៀង រាំពិតមែន តែតារាស្រីរូបនេះក៏អាចពិសោធឱ្យអ្នកគាំទ្រទាំងអស់បានឃើញហើយដែរថា នាងជាតារាវ័យក្មេងក៏ពិតមែន ក៏ប៉ុន្ដែបទពិសោធក្នុងការធ្វើការវិញ មិនចាញ់តារាឆ្នើមជើងចាស់ប៉ុន្មានឡើយ។

    Yaya Urassaya ត្រូវបានគេអញ្ចើញឱ្យនាងឱ្យចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ផលិតផលល្បីលំដាប់ពិភពលោក  Louis Vuitton ដែលតារាស្រីរូបនេះបានក្លាយជាតារាតំណាងផលិតផលប្រចាំប្រទេសថៃក្នុងការថតស្ប៉ត និងបង្ហាញម៉ូដនាឡិកាដៃ Smart Watch ម៉ាកល្បី “Tambour Horizon”  ជាផលិតផលរបស់ក្រុមហ៊ុន Louis Vuitton ផងដែរ ហើយនៅក្នុងនោះមានតារាល្បីៗមកពីជុំវិញពិភពលោកចំនួន 12 រូបដែលមានដូចជា ៖ Miranda Kerr, Jennifer Connelly,Gong Yoo , Lou Han ជាដើម..។

    សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • Song Joong Ki និង Song HyeKyo រៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ

    Song Joong Ki និង Song HyeKyo រៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ

    សារព័ត៌មានកម្សាន្តល្បីឈ្មោះរបស់កូរ៉េមួយបានចេញផ្សាយថា តារាសម្ដែងប្រុស Song Joong Ki និងគូស្នេហ៍ Song HyeKyo បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗមួយនៅក្នុងភោជនីយដ្ឋានជប៉ុនដែលមានការជ្រោមជ្រែងពីមិត្តភ័ក្ដិ និងបុគ្គលិករួមក្រុមហ៊ុនរបស់ពួកគេ។

    ប្រភពព័ត៌មានដែលបានទម្លាយចេញនោះ គឺបុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះដែលបានអះអាងថា គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះបានរៀបចំពិធីភ្ជាប់ពាក្យដ៏ធំមួយ តែស្ងាត់ស្ងៀមបំផុតនៅទីនោះ។ “មានភ្ញៀវចូលរួមប្រហែលជា 30 នាក់ប៉ុណ្ណោះដែលសុទ្ធតែជាបុគ្គលិកក្រុមហ៊ុន ហើយពួកគេបានរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងពិធីជប់លៀងនោះតែម្ដង” បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះបញ្ជាក់បន្ថែម។

    គូស្នេហ៍មួយគូនេះបានក្លាយជាទីចាប់អារម្មណ៍ចង់ដឹង ចង់ឮរបស់ប្រិយមិត្តទស្សនិកជនជាច្រើននាក់ ហើយពូកគេប្រៀបដូចជាបុប្ផាដែលកំពុងក្រពុំពេញសម្រស់មានក្លិនក្រអូបក្នុងការទាក់ទាញអ្នកគាំទ្រឱ្យកាន់តែស្រឡាញ់ពួកគេខ្លាំងឡើងដូច្នោះដែរ។ បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុននោះ ក៏បានបន្ថែមទៀតផងដែរថា “នៅពេលដែលតួប្រុសជូនបាច់ផ្កាទៅគូស្នេហ៍ អ្នករាល់គ្នាហាក់បីដូចជារំភើប និងចូលរួមសប្បាយរីករាយជំនួសតួស្រីទៀតផង។  វ៉ាវ….ពិតជារូមែនទិកមែន!”៕

  • តារាម៉ូដែល Jessica Hart អះអាងថា កំពុងមានស្នេហាជាមួយមហាសេដ្ឋីបារាំង

    តារាម៉ូដែល Jessica Hart អះអាងថា កំពុងមានស្នេហាជាមួយមហាសេដ្ឋីបារាំង

    តារាម៉ូដែលល្បីឈ្មោះ Jessica Hart បានចេញមកអះអាងថា នាងកំពុងមានសេ្នហាជាមួយនឹងមហាសេដ្ឋីបារាំងមួយរូបមានឈ្មោះថា Stavros Niarchos III។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail Australia នៅព្រឹកថ្ងៃពុធនេះ ដែលបានឱ្យដឹងថា តារាម៉ូដែលស្រីវ័យ 31 ឆ្នាំរូបនេះបានប្រាប់ពីអារម្មណ៍ពិតរបស់នាងថា តាំងពីដើមមក នាងមិនដែលមានសេចក្ដីសុខដូចពេលដែលបានទាក់ទងជាមួយកំលោះមហាសេដ្ឋីបារាំងនៅក្នុងគ្រានេះឡើយ។

    “ចា៎! ពិតមែនហើយ នាងខ្ញុំសូមអះអាងថា ទំនាក់ទំនងស្នេហាមួយនេះបានកើតចេញពីទំនាក់ទំនងមិត្តភាពមួយ ដែល Jessica នាងមិនធ្លាប់ទទួលបានសេចក្ដីសុខពីមុនមកដូចពេលនេះឡើយ” នេះបើតាមសម្ដីមិត្តជិតស្និទ្ធរបស់តារាម៉ូដែល Jessica។ គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្នេហ៍អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ពួកគេក៏ជិតឈានទៅដល់ដំណាក់កាលភ្ជាប់ពាក្យផងដែរ។ កាលពីឆ្នាំ 2014 មានដំណឹងចចាមអារ៉ាមមកថា ការចំណេញក្នុងមុខជំនួញរបស់មហាសេដ្ឋីកំលោះរូបនេះ គឺជាពរជ័យនៃការរៀបអាពាហ៍ពិពាហ៍របស់ពួកគេនាថ្ងៃអនាគត ក៏ប៉ុន្ដែអស់រយៈពេលជាង 3 ឆ្នាំមកហើយនៅមិនទាន់មិនដំណឹងពីរឿងរៀបការនៅឡើយទេ។

    បើទោះបីជាយ៉ាងណាក៏ដោយ ការទស្សន៍ទាយពីពិធីរៀបមង្គលការរបស់តារាម៉ូដែលស្រី Jessica Hart និងកំលោះមហាសេដ្ឋីបារាំង Stavros Niarchos III កាលពីខែមេសាកន្លងទៅនេះបានបរាជ័យម្ដងរួចមកហើយ ព្រោះតែមានសារព័ត៌មានមួយបានចេញផ្សាយថា តារាស្រីរូបនេះកំពុងខូចចិត្តដោយសារតែការបែកបាក់ស្នេហាជាមួយសង្សារនាង ហើយនាងបានបំផ្លាញវត្ថុអនុស្សារីយជាច្រើនចោលទៀតផង ក៏ប៉ុន្ដែនៅពេលដែលទំនាក់ទំនងស្នេហានេះបានបើកចំហជាសាធារណៈ នាងក៏ចេញមុខមកប្រកាសថា ខ្លួនសប្បាយចិត្តបំផុតនៅពេលទាក់ទងជាមួយ Stavros Niarchos III៕

  • ក្រុមហ៊ុន Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin

    ក្រុមហ៊ុន Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin

    ក្រុមហ៊ុនផលិតភាពយន្តតុក្កតា Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin នៅក្នុងខ្សែភាពយន្ដរឿងព្រេងនិទាន Aladdin ដែលផលិតសាជាថ្មីមិនមែនតុក្កតា​។

    ក្រុមការងារ Studio និង អ្នកដឹកនាំរឿងលោក Guy Ritchie បានពន្យារការចាប់ផ្តើមថតបន្ទាប់ពីបានធ្វើតេស្ដសាកល្បងតួសម្ដែងអស់ជាង 100 ដងមកហើយ នៅតែបរាជ័យក្នុងការស្វែងរកតារាសម្ដែងដែលមានអត្តចរិតដូចតួអង្គ Aladdin ល្អឥតខ្ចោះ ព្រមទាំងជាក្មេងកំព្រាដែលមានភាពឆ្លាតវៃផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Hollywood Reporter។

    គួរបញ្ជាក់ផងដែរថា ក្រុមការងារ Studio មានគម្រោងនាំតារាប្រុសមួយរូបដែលគេជឿជាក់ថាអាចសម្ដែងបាន ព្រមទាំងអាចច្រៀង និងបង្ហាញទស្សនីយភាពរស់រវើកតាមរយៈកាយវិការរបស់គេមកធ្វើតេស្តសាកល្បងក្នុងការងារធំមួយនេះដោយសារបុរសម្នាក់នោះមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា និងមានខ្សែលោហិតជាជនជាតិឥណ្ឌាទៀតផង តែប្រភពព័ត៌មានផ្ទៃក្នុងមួយបាននិយាយថា ក្រុមការងារ Studio បានចាប់អារម្មណ៍ទៅលើតារាពីររូបដែលមានវ័យ 27 ឆ្នាំដូចគ្នាគឺ Dev Patel និង Riz Ahmed ក៏ប៉ុន្ដែពួកគេមើលទៅទំនងជាតារាទើបតែរះថ្មីតែប៉ុណ្ណោះ។

    អ្នកដឹកនាំការធ្វើតេស្ដតួសម្ដែង Randi Hiller បានបញ្ចេញតារាងធ្វើតេស្ដតួសម្ដែងដែលបានបរាជ័យក្នុងការងារនេះកន្លងមកដែលមានតារាសម្ដែងរហូតដល់ទៅ 2000 រូបឯណោះដែលបានធ្លាក់ពីការសម្ដែងជាតួអង្គ Jasmine និង Aladdinនេះ ហើយក្ដីបារម្ភចុងក្រោយរបស់ក្រុមហ៊ុនគឺ ការផលិតខ្សែភាពយន្តនេះជិតដល់ពេលវេលាដែលបានកំណត់ទុកហើយ គឺចុងខែកក្កដានេះឯង ដូច្នេះការបរាជ័យក្នុងការជ្រើសរើសតួសម្ដែងអាចនឹងធ្វើឱ្យក្រុមហ៊ុន Disney ជួបនឹងហានិភ័យធំមួយ៕

  • Jennifer Lopez ព្យាយាមអាក្រាតកាយ និងមិនបិទបាំងកេរ្ដ៍ខ្មាសក្នុងវីដេអូចម្រៀងថ្មី

    Jennifer Lopez ព្យាយាមអាក្រាតកាយ និងមិនបិទបាំងកេរ្ដ៍ខ្មាសក្នុងវីដេអូចម្រៀងថ្មី

    Jennifer Lopez ទើបតែបញ្ចេញវីដេអូចម្រៀងរបស់នាងនាពេលថ្មីៗនេះ ដែលមានចំណងជើងថា Ni Tú Ni Yoជាអាល់ប៊ុមចម្រៀងទោលរបស់នាង។ បទចម្រៀងនេះ ត្រូវបានច្រៀងរួមគ្នាជាមួយតារាចម្រៀងអេស្ប៉ាញដែលមានឈ្មោះថា Gente de Zona ហើយជាបទចម្រៀងដំបូងបង្អស់ដែលតារាស្រី Jennifer Lopez ច្រៀងជាភាសាអេស៉្បាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់នាង។

    តារាចម្រៀងវ័យ 47 រូបនេះបានចាប់ផ្ដើមបំផ្ទុះការលក់វីដេអូចម្រៀងរបស់ខ្លួន ខណៈដែលនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយ Alex Rodriguez ដែលនេះទំនងជាគោលគំនិតមួយក្នុងការទាក់ទាញទស្សនិកជន​ឱ្យលង់ស្នេហ៍នាង និងការលក់ដាច់ឱ្យបានច្រើន តាមរយៈការថតវីដេអូចម្រៀងអាក្រាតកាយនៅក្នុងព្រៃ ហើយនាងថែមទាំងព្យាយាមមិនបិទបាំងកេរ្តិ៍ខ្មាសរបស់នាង ដោយគ្រាន់តែទាញស្លឹកឈើតូចមួយមកបិទបាំងបន្តិចប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងនេះ ត្រូវបានថតនៅលើទឹកដី Isla Morada រដ្ឋ Florida កាលពីអំឡុងខែមិថុនា​ កន្លងទៅនេះ ក្រោមស្នាដៃដឺកនាំសម្ដែងដោយ Emil Nava ហើយបានបង្ហោះជាផ្លូវការលើបណ្ដាញសង្គម Youtube កាលពីថ្ងៃម្សិលមិញនេះឯង ដែលរហូតមកដល់ម៉ោងនេះមានអ្នកចូលទស្សនាបាន 1 លាន 7 សែននាក់ជាងហើយ៕

  • ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ខណៈនេះលោកឪពុករបស់តារាសម្ដែងប្រុស Nadech Kugimiya កំពុងធ្លាក់ខ្លួនឈឺយ៉ាងទ្រុឌទ្រោម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងបាងកក អស់រយៈពេល 6 ថ្ងៃហើយ បន្ទាប់ពីតារាសម្ដែងរូបនេះបានលះបង់ការងារមួយចំនួនធំ ដើម្បីនៅថែរក្សាឪពុក និងនាំលោកឪពុកទៅកម្សាន្ដទៅតាមបណ្ដាខេត្តផ្សេងៗ។

    បច្ចុប្បន្ននេះសភាពជំងឺឪពុករបស់តារាសម្ដែងរូបនេះ មានភាពប្រសើរឡើងវិញបន្ដិចហើយ ក៏ប៉ុន្ដែលោកមិនទាន់អាចដើរបានធម្មតាដូចមុនទេ បានត្រឹមតែអង្គុយលើរទេះរុញប៉ុណ្ណោះ។ លោក Nadech បាននិយាយប្រាប់អ្នកសារព័ត៌មានថា ៖ “6 ថ្ងៃហើយដែលប៉ាបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្សិលមិញនេះលោកគ្រូពេទ្យបានពិនិត្យបន្ថែមអំពីរោគរបស់ប៉ា … ប៉ានឹកកូនប្រុសពេករហូតដល់ថ្នាក់បង្ហូរទឹកភ្នែក … ព្រមទាំងយល់ពីអារម្មណ៍របស់កូនថា កូនប្រុសកំពុងធ្វើការនៅតាមខេត្តច្រើនថ្ងៃ ទើបមិនអាចទៅសួរសុខទុក្ខប៉ាបាន”។

    គួរបញ្ជាក់តាមរយៈការនិយាយឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានទាំងអារម្មណ៍ក្ដុកក្ដួលលាយឡំនឹងទឹកភ្នែករលីងរលោងផងនោះ Nadechបានបន្ដទៀតថា ៖ “នៅថ្ងៃចូលវស្សា ម៉ាក់បានទៅវត្តជំនួសក្រុមគ្រួសារយើង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងជូនកុសលដល់ប៉ាឱ្យបានឆាប់ជាសះស្បើយ ព្រមទាំងរូបខ្ញុំផងដែរក៏សូមឱ្យបុណ្យកុសលនេះក្លាយជាប្រយោជន៍ និងសេចក្ដីសុខឱ្យទាំងអស់គ្នាបានទទួល និងរួចផុតពីគ្រោះភ័យ”៕

  • សនរ៉ាម និងគូស្នេហ៍អាឡោះអាល័យសពឪពុក

    សនរ៉ាម និងគូស្នេហ៍អាឡោះអាល័យសពឪពុក

    នេះជាវេលាដ៏សោកសៅបំផុតសម្រាប់ក្រុមគ្រួសាររបស់តារាសម្ដែង សនរ៉ាម ឬនាយ ផា បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 គឺលោកអ៊ំ ដៀរ៍ ឈុំផន ឬលោកតាឥន្រ្ទ ដែលប្រិយមិត្តខ្មែរយើងបានស្គាល់ច្បាស់តាមរយៈរឿង អាបយាយសាយ បានលាចាកលោកនេះដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺត្បៀតសរសៃឈាមខួរក្បាល។ លោក សនរ៉ាម និងគូស្នេហ៍នាង នីខូល ថេរីអូ បានទៅទទួលសពលោកឪពុកជាមួយគ្នាពីមន្ទីរពេទ្យមកកាន់វត្ត ស្រៈកេត ដើម្បីធ្វើពិធីបុណ្យសព និងពិធីបូជា។

    រូបភាពទាំងអស់នេះ រាប់ថាជាកិត្តិយសដល់ក្រុមគ្រួសារ ថេពភិថាក់(នាមត្រកូលរបស់សនរ៉ាម) ហើយនៅវេលាម៉ោង 16 : 45 នាទី ព្រះសង្ឃនិមន្ដសូត្រធម៌បំពេញកុសលដល់សពតារាជើងចាស់រូបនេះ ដែលខណៈពេលនោះគេសង្កេតឃើញមានតារាល្បីៗគ្រប់ជំនាន់បានចូលរួមក្នុងពិធីសូត្រមន្ដនេះ ដូចជា អ្នកនាង កុប ស៊ុវៈណាន់ ( ផ្កាយព្រឹក) ក្រុមគ្រួសារតារាចម្រៀង ម៉ស ប៉ាឌិផាន តារាសម្តែងជើងចាស់លោក ក្រុង ស្រ៊ីវិល័យ លោក វិលលី លោក សុទ្ធិផុង និងភរិយា ជាដើម ដែលបានមកចូលរួមរំលែកទុក្ខដល់វិញ្ញាណក្ខន្ធរបស់លោកអ៊ំ ដៀរ៍ ឈុំផន ដែរ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពទាំងឡាយនៅក្នុងពិធីបុណ្យសពឪពុកលោក សនរ៉ាម៖

  • តារាជើងចាស់ថៃ 6 ដួងទទួលមរណភាពបន្តបន្ទាប់គ្នាក្នុងខែ​កក្កដានេះ

    តារាជើងចាស់ថៃ 6 ដួងទទួលមរណភាពបន្តបន្ទាប់គ្នាក្នុងខែ​កក្កដានេះ

    ខែកក្កដានេះ បានសាងភាពសោកសៅដ៏ធំធេងសម្រាប់ពិភពសិល្បៈថៃ ដែលការសោកសៅនេះគឺជារឿងធម្មតារបស់ធម្មជាតិ ព្រោះថា ការកើតចាស់ឈឺស្លាប់ គឺជារឿងដែលយើងមិនអាចចៀសផុតបានឡើយ ហើយនៅក្នុងអំឡុងពេលនេះ សិល្បៈប្រទេសថៃកំពុងស្ថិតនៅក្នុងសភាវសោកសៅយ៉ាងខ្លាំងបំផុត ដោយសារតារាសម្ដែងជើងចាស់ និងតារាចម្រៀងជើងចាស់របស់ប្រទេសថៃ បានលាចាកលោកព្រមៗគ្នានៅក្នុងខែកក្កដានេះ។

    បើវិលទៅរកអតីតកាលឆ្នាំ1995 ពិភពសិល្បៈប្រទេសថៃក៏កើតមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងដែរ ដោយសារតារាជើងចាស់ថៃចំនួន 3 រូបបានទទួលមរណភាពបន្តបន្ទាប់គ្នា ក៏ប៉ុន្ដែជាអកុសលណាស់ ដែលនៅក្នុងឆ្នាំ​2017 នេះ មានតារាជើងចាស់ថៃដល់ទៅ 6 រូបបានលាចាកលោកនេះ រួមមាន៖

    1.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 លោកយាយ អ៊ីត ស៊ិនីនាដ ផូធីវេត ជាតារាសម្ដែងជាន់ខ្ពស់ដែលបានសាងស្នាមញញឹម និងសំឡេងសើចក្អាកក្អាយដល់ទស្សនិកជនតាមរយៈរឿងភាគជាច្រើនកន្លងមកនោះ លោកយាយបានទទួលមរណភាពក្នុងជន្មាយុ 89 ឆ្នាំ។

    2.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 អ៊ំស្រី ទីង ភីមផាន់ បូរណៈភីម ជាតារាសម្ដែងជាន់ខ្ពស់បំផុត ដែលមានសមត្ថភាពពហុជំនាញបានលាចាកលោកយ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះសំណាក់ខេត្តខនគែន ក្នុងជន្មាយុ 71 ឆ្នាំ។​

    3.នៅថ្ងទី7​ ខែកក្កដា ឆ្នាំ2017 តារាចម្រៀងរ៉ុកស្រីមានឈ្មោះ វ៉ែន ធិទិម៉ា ជាតារារ៉ុកឃើរ៍ស្រីដ៏ល្បីល្បាញដំបូងបង្អស់របស់ប្រទេសថៃបានទទួលមរណភាពក្នុងអាយុ 54 ឆ្នាំ ដោយសារតែកើតជំងឺមហារីកសុដន់រ៉ាំរ៉ៃរយៈពេល 2 ឆ្នាំ បន្ទាប់មករាលដាលដល់កើតជំងឺមហារីកឆ្អឹង និងពោះវៀនទៀតផង។

    4.នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 តារាចម្រៀង ទើយ ហៃរ៉ុក ជាអតីតតន្ត្រីករ និងជាតារាចម្រៀងនៅក្នុងក្រុម HiRock ទទួលមរណភាពដោយសារជំងឺមហារីកថ្លើមក្នុងអាយុ 52 ឆ្នាំ។



    5.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 លោកអ៊ំ ដៀរ៍ ឈុំផន ជាឪពុកតារាស​ម្ដែងប្រុស សនរ៉ាម ឬនាយផា បានទទួលមរណភាពក្នុងជន្មាយុ 78 ឆ្នាំ ដោយសារលោកកើតជំងឺរ៉ាំរ៉ៃ និងមានជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល។

    6.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 តារាសម្ដែង និងកំប្លែងស្រី មានឈ្មោះ វ៉ែវ ចុកម៉ុក និងជាប្អូនស្រីបង្កើតរបស់តារាកំប្លែងល្បីឈ្មោះ នាយ ម៉ាំ ចុកម៉ុក បានលាចាកលោកនេះទៅដោយសាររោគគាំងបេះដូងក្នុងអាយុ 50 ឆ្នាំ។

    គួរបញ្ជាក់ផងដែរថា តាមរយៈសារព័ត៌មាន gossipstar.mthai.com បានសម្ដែងការសោកស្តាយ ចូលរួមរំលែកទុក្ខ និងសូមផ្ដល់កម្លាំងចិត្តចំពោះក្រុមគ្រួសារតារាជើងចាស់ទាំង 6 រូបនេះផងដែរ៕

  • ចូលរួមរំលែកទុក្ខមរណភាពរបស់ម្ដាយរ៉ូលីន

    ចូលរួមរំលែកទុក្ខមរណភាពរបស់ម្ដាយរ៉ូលីន

    ប៉ុន្មានម៉ោងមុននេះបន្ដិច រ៉ូលីនបានបង្ហោះរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page ដ៏សែនសោកសៅ និងក្រៀមក្រំបំផុត ខណៈដែលរូបគេបានបាត់បង់មាតាជាទីស្រឡាញ់ពីពិភពលោកនេះហើយ។

    កញ្ញារ៉ូលីន ឬលោកជួប ច័ន្ទកក្កដាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ម្ដាយលោកបានទទួលមរណភាពដោយសារតែរោគាពាធក្នុងជន្មាយុ70ឆ្នាំ ព្រោះថាលោកស្រី ស៊ីន ស៊ីផាងា ជាម្ដាយមានជំងឺសួតធ្ងន់ធ្ងរហើយរ៉ាំរ៉ៃប្រមាណជាមួយឆ្នាំមកហើយ។ កាលវិលត្រឡប់មកពីទឹកដីសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មាននាទីផង តារារូបនេះក៏ប្រញាប់ចាត់ចែងពិធីបុណ្យសពរបស់ម្ដាយខ្លួនភ្លាមៗតែម្ដង ដែលជារឿងដ៏គួរឱ្យខ្លោចចិត្ត និងទុក្ខសោកបំផុតសម្រាប់រូបលោក។

    គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពលោកស្រីស៊ីន ស៊ីផាងាដែលជាម្ដាយបង្កើតរបស់រ៉ូលីនបានទទួលមរណភាពនៅវេលាម៉ោង11 ថ្ងៃត្រង់ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 ហើយកំពុងរៀបចំនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។លោកជួប ច័ន្ទកក្កដា ឬរ៉ូលីន មិនទាន់បានបញ្ជាក់ថានិងត្រូវតម្កល់សពម្ដាយរបស់លោករយៈពេលប៉ុន្មានថ្ងៃ រួចបានបូជានោះទេ។ ដូច្នោះហើយក្នុងនាមជាមិត្តសិល្បករ និងជាអ្នកគាំទ្រសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕