Author: អេបិល

  • តារាចម្រៀងថៃ 7 ដួង ល្បីដោយសារបទនិពន្ធថ្មីដោយខ្លួនឯង

    តារាចម្រៀងថៃ 7 ដួង ល្បីដោយសារបទនិពន្ធថ្មីដោយខ្លួនឯង

    បើនិយាយពីរឿងចម្រៀង តន្រ្តី ដែលមានការប្រកួតប្រជែងក្នុងការតាក់តែងនិពន្ធថ្មី ទំនុកភ្លេងថ្មីដោយអ្នកច្រៀងខ្លួនឯង និងរៀបរាប់សាច់រឿងនៅក្នុងបទចម្រៀងដែលធ្វើឱ្យអ្នកស្ដាប់មានការទាក់ចិត្តដិតអារម្មណ៍ និងមានការគាំទ្រច្រើននោះ វាជារឿងមួយដែលពិបាកនឹងធ្វើបានណាស់ទម្រាំតែទទួលបានភាពជោគជ័យ តែដោយឡែកមានតារាថៃចំនួន 7 ដួង ដែលបានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទដំបូងហើយ ទទួលបានគាំទ្រពីសំណាក់អ្នកស្តាប់ជាច្រើនដោយសារស្នាដៃរបស់គេខ្លួនឯងផ្ទាល់។ បើចង់ដឹងថា តើមានតារាចម្រៀងណាខ្លះនោះ សូមទស្សនារូបភាព និងប្រវត្តិខ្លះៗខាងក្រោមនេះ ៖

    1.ឡាំយ៉ៃ ហៃថងខាំ


    ចាប់ផ្ដើមពីតារាដំបូងគេដែលជាម្ចាស់បទ “ผู้สาวขาเลาะ ” ( ភូសាវខាឡក់) ច្រៀងដោយ ឡាំយ៉ៃ ហៃថងខាំ។ នាងទទួលបានការគាំទ្រ និងល្បីល្បាញខ្លាំងបំផុត ដែលពីដំបូងឡើយ នាងបានត្រឹមតែបង្ហោះចម្រៀងដែលខ្លួនឯងនិពន្ធនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះនាងបានចូលច្រៀងនៅក្នុងផលិតកម្មធំមួយ ព្រមទាំងបានបញ្ចេញបទដែលនិពន្ធដោយខ្លួនឯងថ្មីៗ2 ទៀតដែលកំពុងមានការគាំទ្រយ៉ាងឥតឈប់ឈរ។ គួរបញ្ជាក់ថា តារាស្រីរូបនេះនិយមនូវការស្លៀកពាក់បែបសិចស៊ី និងមានសំឡេងពីរោះតាមបែបចម្រៀង លូកធុង (បទមនោសញ្ចេតនាស្រុកស្រែ)។

    2. យីងលី ស្រ៊ីជុមផុន


    ជាបទចម្រៀងរបស់នាងដែលល្បីល្បាញបំផុត មានអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ2015 គឺបទ “ขอใจเธอแลกเบอร์โทร ” (ខចៃធឺលែកប៊ើថូ) ជាបទចម្រៀងដែលនិពន្ធដោយរូបនាងខ្លួនឯង ដែលពេញនិយមបំផុតពេញមួយឆ្នាំតែម្ដង ហើយដោយសារបទនេះដែរ បានធ្វើឱ្យតារាស្រីរូបនេះកើបលុយជាច្រើន និងបានទិញផ្ទះនៅ ព្រមទាំងជួយទំនុកបម្រុងឪពុកម្ដាយឱ្យបានរស់នៅស្រួលទៀតផង។

    3.ជេននីហ្វ៊ើរ ឃីម


    ជាតារាចម្រៀងដែលឆ្លងកាត់ការប្រឡងចម្រៀង និងនិពន្ធចម្រៀងបានមួយបទទទួលបានការគាំទ្រតែម្តង ហើយចម្រៀងរបស់នាងត្រូវបានយកទៅធ្វើជាចម្រៀងក្នុងខ្សែភាពយន្ដខ្នាតធំដែលមានចំណងជើងថា “คิดถึงเธอทุกที ” ( ឃិតធឹងធើធុកធី) មានន័យជាភាសាខ្មែរថា “នឹកបងគ្រប់ទីកន្លែង”។ បន្ទាប់មកទៀតគេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជាស្ងាត់ការនិពន្ធបទចម្រៀង និងងាកមកច្រៀងបទបរទេសច្រើនជាងបទថៃទៅវិញ។

    4. ប៉ើន ប្រាថុមរ៉ាត


    ជាតារាចម្រៀងដែលមានសមត្ថភាពតាក់តែងនិពន្ធទំនុកច្រៀង បទភ្លង លេងឧបករណ៍តន្រ្តី និងសមត្ថភាពជាច្រើនទៀត ដែលធ្វើឱ្យលោកចាប់ផ្តើមទទួលបានភាពល្បីល្បាញ និងគាំទ្រចេញពីការបង្ហោះឃ្លិបវីដេអូចម្រៀងនៅលើបណ្ដាញសង្គម Facebook រហូតដល់ក្លាយជាតារា Net Idol ដែលមានអ្នកគាំទ្រទស្សនា 100 លានវីយូ ( Views ) ដែលបទរបស់លោកមានចំណងជើងថា “อ้ายมีเหตุผล”( អាយមីហេតផុន) មានន័យថា “បងមានហេតុផល” នៅក្នុងផលិតកម្ម RSiam។

    5.ចាក់ នុងផានី


    មានមនុស្សជាច្រើនធ្លាប់ស្គាល់នាងថាជា ចាក់ អាស្យាម ជាតារាចម្រៀងសិចស៊ី និងមានក្បាច់រាំស្រើបស្រាលបំផុត ក៏ប៉ុន្ដែនាងត្រូវបានអ្នកគាំទ្រស្គាល់ដំបូងបង្អស់តាមរយៈបទចម្រៀងរបស់តារាកំប្លែង នាយ ជែត ដែលកាលនោះនាងគ្រាន់តែជា Dancer នៅក្នុងវីដេអូចម្រៀងតែប៉ុណ្ណោះ។

    6.កង ហួយរ៉ៃ


    ជាតារាចម្រៀងដែលល្បីល្បាញតាមរយៈបណ្ដាញសង្គម YouTube ដែលដំបូងឡើយលោកបានបង្ហោះបទចម្រៀងតែងនិពន្ធថ្មីដោយខ្លួនឯងរបស់លោក ដែលមានចំណងជើងថា ” ไสว่าสิบ่ถิ่มกัน ” (សៃវ៉ាស៊ិ-បធីមកាន់) ដែលខ្មែរយើងបានយកមកច្រៀងដែរ និងដាក់ចំណងជើងថា “ស៊ីបានចេះតែស៊ីទៅ” ហ្នឹងឯង។ តារាចម្រៀងវ័យ 27 ឆ្នាំរូបនេះមានសមត្ថភាពខាងផ្នែកសិល្បៈលើជំនាញជាច្រើន ហើយថ្មីៗនេះលោកបានសម្ដែងរឿងភាគទូរទស្សន៍ផងដែរ។

    7.ប៉េក ផាលិតហ្សូក


    តារាចម្រៀងរូបនេះ ជាតារាចម្រៀងនិពន្ធបទភ្លេង និងច្រៀងដោយខ្លួនឯងផ្ទាល់ មានស្នាមញញឹមស្រស់សង្ហា ហើយលោកត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលដែលចូលទៅប្រឡងក្នុងកម្មវិធី The Mask Singer ហើយលោកក៏បានយកបទចម្រៀងដែលលោកនិពន្ធទៅប្រឡងផងដែរ ដែលបទនោះមានចំណងជើងថា “Love On Top” និងបទ “Versace on The Floor”៕

  • ទស្សនាវដ្តី Vogue ចេញមុខសុំទោសចំពោះការមិនពេញចិត្តគម្របរូបគូស្នេហ៍ Zayn Malik និង Gigi Hadid

    ទស្សនាវដ្តី Vogue ចេញមុខសុំទោសចំពោះការមិនពេញចិត្តគម្របរូបគូស្នេហ៍ Zayn Malik និង Gigi Hadid

    បន្ទាប់ពីមានការផ្ទុះកំហឺង និងមតិរិះគន់ជាច្រើនទៅលើទស្សនាវដ្តី Vogue ដែលបានជ្រើសរើសយករូបថតគូស្នេហ៍ល្បីឈ្មោះ Zayn Malik និង Gigi Hadid មកដាក់លើគម្របទស្សនាវដ្តីលេខថ្មីរួចមកនោះ ថ្មីៗនេះខាងទស្សនាវដ្តីបានចេញមុខសុំទោសចំពោះការរិះគន់ខ្លាំងៗទៅលើ Gender fluidity លំហូរយេនឌ័រភេទឆ្លាស់ផ្សំ (ភេទឆ្លាស់ផ្សំជាភេទដែលមិនអាចកំណត់ប្រាកដប្រជាបាន ព្រោះអាចរៀបការជាមួយប្រុសក៏បាន ស្រីក៏បាន) ដែលខាងទស្សនាវដ្តីបានធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់របស់អ្នកទាំងពីរក្នុងរូបលើគម្របទស្សនាវដ្តីប្រចាំខែកក្កដានេះ។

    គេសង្កេតឃើញថា ខាងទស្សនាវដ្តីបានប្ដូរសម្លៀកបំពាក់ក្នុងការថតរូបដាក់លើគម្រប ដោយប្ដូរឱ្យ Gigi Hadidស្លៀកសម្លៀកបំពាក់របស់ Zayn Malik ហើយលោក Zayn Malik ក៏ប្តូរឱ្យស្លៀកសម្លៀកបំពាក់របស់ Gigi វិញ ដើម្បីបានបង្ហាញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះ ។ យ៉ាងណាមិញ ខាងទស្សនាវដ្តី Vogue បានសុំទោសចំពោះរឿងនេះថា “សុំទោសចំពោះរឿង Gender fluidity (លំហូរយេនឌ័រ ) តែយើងគិតថា Zayn Malik និង Gigi Hadid ជាផ្នែកមួយរបស់មនុស្សជំនាន់ថ្មី ដែលមានភាពផ្អែមល្ហែម ព្រមទាំងជាក្រុម Gender fluidity ផងដែរ”។

    គួរបញ្ជាក់ផងដែរថា ចំពោះបញ្ហា Gender fluidity នេះ មានអ្នកគាំទ្រម្នាក់បានចេញមកពន្យល់ទៅខាងទស្សនាវដ្តីវិញថា “ខ្ញុំគិតថា Vogue នៅតែមិនយល់ពី Gender fluidity គឺជាអ្វី? ការដែលប្រើសម្លៀកបំពាក់របស់សង្សារនាង (Gigi) មិនបានមានន័យថា អ្នកគឺជាលំហូរយេនឌ័រ នោះទេ ហើយ Vogue គឺច្បាស់ជាធ្លាក់ពី 100 មកនៅ 0 វិញក្នុងពេលឆាប់ៗនេះមិនខាន” ៕

  • ផលិតផលល្បីរំលាយកុងត្រាជាមួយ Kim Woo Bin ព្រោះ…

    ផលិតផលល្បីរំលាយកុងត្រាជាមួយ Kim Woo Bin ព្រោះ…

    តាមរយៈសារព័ត៌មាន Sports Seoul បានចេញផ្សាយថា តារាសម្ដែងប្រុស Kim Woo Bin ដែលកំពុងតែកើតជំងឺមហារីកដំណាក់កាលដំបូង និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអកុសលស្រាប់តែក្រុមហ៊ុនផលិតផលម៉ាកល្បីសម្រេចរំលាយកិច្ចសន្យាមុនពេលកំណត់ជាមួយតារាប្រុសរូបនេះ ដោយសំអាងលើហេតុផលថា លោកមានជំងឺមហារីក ។

    បើតាមប្រភពជិតស្និទ្ធជាមួយតារាប្រុសរូបនេះបានបញ្ជាក់ឱ្យដឹងថា លោក Kim Woo Bin ត្រូវអ្នកតំណាងក្រុមហ៊ុនផលិតផលម៉ាកល្បីមកបញ្ជាក់ប្រាប់ថា សូមធ្វើការរំលាយកិច្ចសន្យាជាមួយលោកពេលមុនពេលកំណត់ ដោយសារខាងក្រុមហ៊ុនទទួលដំណឹងថា លោកមានជំងឺមហារីកកាលពីខែឧសភាកន្លងទៅ ។ បើតាមមជ្ឈដ្ឋានអ្នកគាំទ្រ បានបង្ហើបប្រាប់ថា ក្រុមហ៊ុនដែលបានបញ្ឈប់កិច្ចសន្យាជាមួយតារាឯកប្រុសរូបនេះមុនពេលកំណត់គឺជាក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីដែលអ្នកគាំទ្រលោកទាំងអស់មិនពេញចិត្តចំពោះរឿងនេះឡើយ ។

    គួររំឮកផងដែរថា លោកវេជ្ជបណ្ឌិត Jung Yoo Seok ធ្លាប់បានបញ្ជាក់ពីស្ថានភាព និងការព្យាលបាលជំងឺមហារីកពីមុនមកថា ដោយសារតែដុំសាច់មហារីកមាននៅកន្លែងដែលរកឃើញនេះមានចំនួនតិច ទើបការព្យាបាលដំណាក់កាលដំបូង គឺគ្រាន់តែផ្ដល់ថ្នាំដោយមិនចាំបាច់ធ្វើការវះកាត់ឡើយ ព្រោះបរិវេណនោះមិនអាចធ្វើការវះកាត់បាន ហើយចំពោះមេរោគមហារីកដែលទើបចាប់កំណើត និងស្ថិតក្នុងដំណាក់កាលទី ២ គឺមានឱកាសជាសះស្បើយដល់ទៅ ៧០ភាគរយ រីឯដំណាក់កាលទី ៣ និងឡើងដល់ទី ៤ គឺអាស្រ័យទៅលើសុខភាពរបស់អ្នកជំងឺ៕

  • រឿង “ហ្លួងព្រះស្ដេចកន” ដាក់បញ្ជាំងហើយ!!!

    រឿង “ហ្លួងព្រះស្ដេចកន” ដាក់បញ្ជាំងហើយ!!!

    ព័ត៌មានថ្មីដែលយើងទើបទទួលបានមុននេះបន្ដិចបានឱ្យដឹងថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលមានប្រិយមិត្តរង់ចាំទស្សនាជាច្រើនពាន់នាក់នោះ បានគ្រោងនឹងដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សនៅក្នុងរោងភាពយន្តនៅថ្ងៃទី18 ខែសីហា ឆ្នាំ2017 ខាងមុខនេះហើយ ។

    ដោយឡែកបើតាមវីដេអូខ្លីរបស់ភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់តារាស្រី ស៊ិន សក្កដា ដែលជាតួស្រីនៅក្នុងរឿងនេះផងដែរនោះ នាងបានសរសរបញ្ជាក់ពីដំណឹងច្បាស់ការនេះថា “ថ្ងៃ18/08/2017 នេះ នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្ត សូមចូលរួមទស្សនាខ្សែភាពយន្តខ្មែរ សាច់រឿងប្រវត្តិសាស្រ្តមួយនេះផងណា សូមអរគុណ”។

    គួររំឮកផងដែរថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” បានចំណាយទុនអស់ជាច្រើនលានដុល្លារ នៅក្នុងនោះដែរ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៍មាន និងជាអ្នកទទួលបន្ទុកផលិតភាពយន្ដប្រវត្តិសាស្ត្រមួយនេះ ធ្លាប់បានបង្ហើបប្រាប់ថា “គ្រាន់តែសង់បន្ទាយដើម្បីថតរឿងនេះចំណាយអស់ 2 ម៉ឺនដុល្លារទៅហើយ ហើយទម្រាំធ្វើរឿងទាំងមូលតើអស់ប៉ុន្មាន?”។ ដូច្នោះហើយខ្សែភាពយន្ដដ៏មហាវិសេសវិសាលមួយនេះ ទស្សនិកជនមិនគួររំលង ឬខកខានក្នុងការទស្សនាឡើយ៕

  • តម្លៃខ្លួនតារាថៃដែលខ្ពស់ជាងគេទាំង 10 ដួង

    តម្លៃខ្លួនតារាថៃដែលខ្ពស់ជាងគេទាំង 10 ដួង

    ត្រូវទទួលស្គាល់ថា អាជីពជាតារានៅក្នុងពិភពសិល្បៈគឺជាប្រភពនៃចំណូលដ៏មហាសាលតែម្ដង ប្រសិនបើយើងមានសមត្ថភាពកសាងឈ្មោះឱ្យល្បីជាប់លំដាប់ជាតារាឯកប្រុស ឬស្រីបានហើយនោះ។ ដោយឡែកនៅឆ្នាំ 2017 នេះ មានតារាថៃចំនួន 10 រូបដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ក្នុងការសម្ដែង បង្ហាញម៉ូដ ចម្រៀង និងជាពិធីករ លំដាប់ជួរមុខតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    1. Aum Pachrapa


    ជាតារាស្រីលំដាប់ទី 1 អស់រយៈពេលជាច្រើនឆ្នាំហើយ ព្រោះការងារនាងប្រកបដោយសមត្ថភាពខ្ពស់ ហើយសូមប្រាប់ថា តម្លៃខ្លួនរបស់នាងមិនតិចជាង 3 ទៅ 4 សែនបាត(ជាងមួយម៉ឺនដុល្លារ)ទេ ចំពោះតែការងារនៅទីក្រុង Bangkok តែប៉ុណ្ណោះ ហើយបើការងារព្រឹត្តិការណ៍(Event)នៅតាមបណ្ដាខេត្តវិញ មិនតិចជាង 7 សែនបាតឡើយ និងថែមទាំងមិនទទួលការងារកុងត្រា 1 ឆ្នាំពេញទៀតផង។

    2.Nadech Kugimiya


    គ្មាននរណាម្នាក់ធ្លាប់បានដឹងពីតម្លៃខ្លួនរបស់តារាឯកប្រុសនេះឡើយ តែនៅក្នុងកញ្ចក់ទូរទស្សន៍កំលោះសង្ហា Nadech Kugimiya ហាក់បីដូចជាមិនសូវឃើញតារាឯកប្រុសរូបនេះ មានស្ប៉តពាណិជ្ជកម្មដូចតារាថ្មីៗ ឬតារាជំនាន់ជាមួយគ្នាឡើយ ក៏ប៉ុន្ដែតម្លៃខ្លួនវិញនោះ ថ្លៃដល់ទៅ 3 សែនបាត ថែមទាំងដំឡើងតម្លៃខ្លួនបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះទៀតផង បើតាមការប្រាប់របស់លោក។

    3.Yaya-Urassaya Sperbund


    ពិតជាគួរឱ្យកោតសរសើខ្លាំងណាស់សម្រាប់តារាឯកស្រីវ័យក្មេងរូបនេះ Yaya-Urassaya Sperbund បានក្លាយជាតារាថៃលំដាប់អន្តរជាតិ ដែលតម្លៃខ្លួនរបស់នាងក្នុងមួយកម្មវិធី 3 សែនបាត ទាំងពិធីការិនីកម្មវិធី សម្ដែងរឿងភាគ និងកម្មវិធីបង្ហាញម៉ូដ ហើយទទួលតែលុយសុទ្ធជាមុន(មិនយកជាសែកទេ)តែប៉ុណ្ណោះ។

    4.Chompoo Araya AHargate


    អ្នកម្ដាយកូនភ្លោះម្នាក់នេះ បើទោះជារៀបអាពាហ៍ពិពាហ៍ហើយក្ដី ក៏តម្លៃខ្លួននាងមិនចុះថ្លៃឡើយ ហើយក៏មិនក្រោម 3 សែនបាតផងដែរ។

    5.James Jirayu Tangsrisuk


    កំលោះសង្ហាជាទីប្រាថ្នារបស់នារីគ្រប់រូប James Jirayu Tangsrisuk មានតម្លៃខ្លួនមិនចាញ់តារារៀមច្បងឡើយ គឺ 3 សែនបាត ក៏ប៉ុន្ដែសូមប្រាប់ជាមុនថា សមត្ថភាពលោកមានច្រើនជំនាញណាស់ ក្រៅពីសម្ដែង ច្រៀង និងរាំហើយនោះ។

    6.Kimberley Anne Tiamsiri


    ជាតារាស្រីដែលត្រូវបានបណ្ដុះបណ្ដាលដោយតារាស្រី អេន ថងប្រាក់ស៊ុម ដែលជាអ្នកដឹកនាំរឿង ហើយនាងទទួលការងារសម្ដែង ពិធីករ និងច្រៀងចាប់ពីតម្លៃ 2.5 ទៅ 3 សែនបាត បើការងារធ្វើជាគូៗវិញ នាងបានបញ្ជាក់ថា មិនបាច់ស៊ើបតម្លៃដើមទេ ព្រោះនាងមិនបានធ្វើឱ្យខកបំណងឡើយ។

    7.Boy-Pakorn Chatborirak


    ដោយបុគ្គលិកលក្ខណៈស្រស់សង្ហា ក្រមិចក្រមើម ពូកែវោហាសព្ទ ដូចជា Boy-Pakorn Chatborirak មានតម្លៃខ្លួន 2.5 សែនបាតរាល់កម្មវិធីនីមួយៗ ដែលមានអ្នកគាំទ្រជាច្រើនទៅលើកទឹកចិត្តគ្រប់កម្មវិធីតែម្ដង។

    8.Prin Suparat


    តារាឯកប្រុសជួរមុខរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 សម្រាប់ Prin Suparat នៅពេលនេះទទួលការងារកម្មវិធី សម្ដែង មានតម្លៃខ្លួន 2.5 សែនបាត ហើយក៏ជាដៃគូល្អរបស់តារាស្រី Kimberley Anne ផងដែរ។

    9.Mai Davika Hoorne


    ចាប់តាំងពីក្លាយជាតារាសម្ដែងឯករាជ្យ មិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំណាមួយមកនោះ តារាស្រី Mai Davika Hoorne មិនថាការងារអ្វីក៏ដោយនាងទទួលយកទាំងអស់ មិនប្រកែកឡើយ នៅក្នុងតម្លៃខ្លួន 2 សែនបាតឡើងទៅ ប្រសិនបើមានការឃោសនាផលិតផលល្បី ជាប្រយោជន៍តារាស្រីរូបនេះបានសុំបញ្ជាក់តម្លៃចរចា។

    10.កូនស្រីនាយ Por នាងតូច Mali Phakwan Sahawong

    កូនស្រីតែមួយរបស់លោក Por Thasadee គឺនាងតូច Mali Phakwan Sahawong ទើបតែមានអាយុ 3 ខួបតែប៉ុណ្ណោះ ប៉ុន្ដែស្ថិតក្រោមការជ្រោមជ្រែងពីម្ដាយដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងការថតស្ពតពាណិជ្ជកម្មមានតម្លៃខ្លួនដល់ទៅ 2 សែនបាតឯណោះ៕

  • ដឹងទេ? កាលពីឆ្នាំ 2016 តារាចម្រៀង Beyonce…!!

    ដឹងទេ? កាលពីឆ្នាំ 2016 តារាចម្រៀង Beyonce…!!

    បន្ថែមពីលើការផ្ដល់កំណើតដល់បុត្រភ្លោះកាលពីពេលថ្មីៗនេះហើយ នៅមានអាថ៌កំបាំងមួយទៀតដែលលោកអ្នកមិនបានដឹងពីតារាចម្រៀងស្រី Beyonce។

    កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីមុខស្អាតសម្បុរស្រអែមរូបនេះបានក្លាយជាកំពូលតារានៅលើតារាងចម្រៀងទស្សនាវដ្តី Billboard ឆ្នាំ2016 ដែលមានលុយចំនួន 62.1 លានដុល្លារនៅក្នុងតារាង Money Maker ដែលបូកសរុបរៀងរាល់ចុងឆ្នាំ។ យ៉ាងណាមិញរឿងនេះ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលធំសម្បើមចំពោះប្រជាប្រិយភាពរបស់នាង និងអ្នកគាំទ្រឡើយ ក៏ប៉ុន្តែតួលេខដែលនៅលើកំពូលតារាងនោះបានបង្កភាពអស្ចារ្យមួយសម្រាប់នាងគឺ នាងត្រូវបានដាក់ងារថាជា “រាជិនី B” មកពីពាក្យថា Queen Billboard នៅឆ្នាំ2016 ដែលរកចំណូលបានលើសពី 20 លានដុល្លារ ច្រើនជាងតារាចម្រៀង Guns N Roses ដែលស្ថិតក្នុងលំដាប់ថ្នាក់ទី2 បន្ទាប់ពីនាង។

    គួរំឭកផងដែរថា នៅខែមេសា ឆ្នាំ2016 ក្រុមការងារសិល្បៈកម្សាន្តបានអះអាងពីភាពជោគជ័យលើអាល់ប៊ុមចម្រៀង និងភាពយន្ដ Combo Lemonade ដែលទទួលបានជោគជ័យយ៉ាងរហ័សពីកម្មវិធីប្រគំតន្រ្តី Formation World Tour នៅក្នុងបរិវេណពហុកីឡដ្ឋាន ហើយកើបលុយបានចំនួន 161 លានដុល្លារក្នុងរយៈពេលតែមួយយប់។ ក៏ប៉ុន្តែ នាង និងស្វាមី Jay-Z មិនទាន់បានទទួលតំណែងណាមួយនៅក្នុងឆ្នាំ 2017 នៅឡើយទេ មានតែបន្ដការរង់ចាំតាមដានជាតទៅទៀត៕

  • រឿង “Real” រងការរិះគន់ថា ជារឿងដែលយ៉ាប់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្ដកូរ៉េ

    រឿង “Real” រងការរិះគន់ថា ជារឿងដែលយ៉ាប់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្ដកូរ៉េ

    ខ្សែភាពយន្ដ “Real” ជារឿងថ្មីដែលសម្ដែងដោយតួឯកប្រុស Kim Soo Hyun និងតារាឯកស្រី Sulli បានរងនូវពាក្យរិះគន់ជាច្រើនចំពោះខ្សែភាពយន្តដែលទើបតែដាក់បញ្ចាំងកាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2017 បន្ទាប់ពីបានឆ្លើយតបចំពោះការរង់ចាំទស្សនារបស់ទស្សនិកជនជាយូររួចមក ដោយសារតែចង់ឃើញការសម្ដែងរបស់់តារាឯកប្រុស ដែលខកខានក្នុងការបង្ហាញខ្លួនជាច្រើនឆ្នាំមកហើយ។

    គួរបញ្ជាក់ផងដែរថា រឿងនេះដែរ បានទទួលនូវការចាប់អារម្មណ៍តាំងពីចាប់ផ្ដើមបើកសម្ពោធការថតមកម្ល៉េះ ហើយក៏បានទម្លាយពីព័ត៌មានអាក្រាតកាយរបស់ Sulli ក្នុងពេលជាមួយគ្នាដែរ ក៏ប៉ុន្ដែខណៈនេះបែរជាកំពុងទទួលរងនូវពាក្យរិះគន់យ៉ាងពេញទំហឹងពីបណ្ដាអ្នកគាំទ្រនៅលើបណ្ដាញសង្គមថា ជារឿងដែលយ៉ាប់បំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មភាពយន្ដកូរ៉េខាងត្បូង។

    តាមរយៈគេហទំព័រល្បីប្រចាំប្រទេសកូរ៉េ Naver Movie បានឱ្យដឹងថារឿង “Real” ទទួលបានការបោះឆ្នោតគាំទ្រត្រឹមតែ 4.85 តែប៉ុណ្ណោះ បើគិតពិន្ទុពេញ10 ពីអ្នកគាំទ្រ រហូតដល់មានអ្នកលេងបណ្ដាញសង្គមម្នាក់បានពោលថា “អ្នកដែលមើលភាពយន្ដរឿងនេះយល់ ស័ក្ដិសមទទួលបានពានរង្វាន់ណូបែល” និងរងនូវពាក្យរិះគន់មួយទៀតថា “ខ្ញុំអាចមានសមត្ថភាពថតរឿងនេះបានល្អជាងដោយប្រើត្រឹមកាមេរ៉ា iPhone” និងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺ “ខ្ញុំឈប់ជក់បារី 5 ឆ្នាំហើយ តែពេលមើលរឿងនេះហើយ ធ្វើឱ្យខ្ញុំចង់ជក់បារីឡើងវិញ”៕

  • Reina Triendl តារាស្រីជប៉ុនឡើងកូដខ្លាំងជាងគេនៅឆ្នាំ 2017 នេះ

    Reina Triendl តារាស្រីជប៉ុនឡើងកូដខ្លាំងជាងគេនៅឆ្នាំ 2017 នេះ

    នាង Reina Triendl គឹជាតារាស្រីជប៉ុនដែលបានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈភាពយន្ដខ្នាតធំរឿង “TAG” កាលពីឆ្នាំ 2015 នោះ បច្ចុប្បន្ននេះនាងបានក្លាយទៅជាតារាសម្ដែងឆ្នើមប្រចាំប្រទេសជប៉ុន និងជា Idol ដែលមានអ្នកគាំទ្រច្រើនបំផុតនៅឆ្នាំ 2017 នេះ។ តារាស្រីវ័យ 25 ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ 2009 មកម្ល៉េះ ក៏ប៉ុន្តែនាងទើបតែទទួលបានការចាប់អារម្មណ៍នៅឆ្នាំ 2013 តាមរយៈខ្សែភាពយន្ដខ្នាតធំដំបូងបង្អស់របស់នាងដែលមានចំណងជើងថា “Bad Boys J The Movie”។

    គួររំឭកបន្ដិចដែរថា នៅក្នុងខ្សែភាពយន្ដខ្នាតធំរឿង “TAG” តារាស្រីរូបនេះសម្ដែងជាសិស្សសាលាជប៉ុនដែលកំពុងរត់គេចពីសេចក្ដីស្លាប់ ព្រមទាំងជោកជាំទៅដោយឈាមប្រឡាក់ពេញខ្លួនតាំងពីលើដល់ក្រោម តែរឿងនេះមិនមែនជារឿងធម្មតាទេ ជារឿងដែលមានមនុស្សជាច្រើននិយាយតៗគ្នា អំពីមនុស្សភេទស្រីដែលគួរឱ្យស្រឡាញ់ និងស្រៀវស្រើបព្រឺសម្បុរបំផុត។ បើទោះបីជាផ្ទៃរឿងទាំងមូលពោរពេញទៅដោយឈាមពណ៌ក្រហមឆ្អៅក៏ដោយ ក៏ប៉ុន្ដែតួឯកស្រីរឿងនេះមិនត្រូវបានស្លាប់ឡើយ ពោលគឺនាងរួចរស់មានជីវិតដោយសារការរត់គេចរហូត និងភាពស្រស់ស្អាតរបស់នាង ដែលនេះជាមូលហេតុមួយធ្វើឱ្យទស្សនិកជនមានការគាំទ្រនាង Reina Triendl កាន់តែខ្លាំងឡើងចំពោះសមត្ថភាពសម្ដែងរបស់នាង។

    ចុងក្រោយនេះ Reina Triendlកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងឆ្នាំ 2017 នេះតាមរយៈរឿងភាគថ្មីរបស់នាង ដែលមានចំណងជើងថា “BIOSCOPE Theatre” ដែលកាន់តែធ្វើឱ្យនាងឡើងកូដក្លាយជាតារាស្រីជួរមុខគេក្នុងប្រទេសជប៉ុនផងដែរ៕

  • Sandara Park នៅតែស្តាយស្រណោះស្នេហ៍គ្រាដំបូង

    Sandara Park នៅតែស្តាយស្រណោះស្នេហ៍គ្រាដំបូង

    តារាចម្រៀងស្រី Sandara Park បានចូលខ្លួនមកបកស្រាយរឿងរ៉ាវស្នេហាពីអតីតកាលដែលជាស្នេហ៍គ្រាដំបូង នៅក្នុងកម្មវិធីសម្ភាសតារា “Get It Beauty” កាលពីថ្ងៃម្សិលមិញនេះ។ ជឿថា អ្នកគាំទ្រនាងមួយចំនួនសុទ្ធតែធ្លាប់ជួបប្រទះរឿងរ៉ាវស្នេហាប្រះឆា​ ឈឺចាប់ ដូចជារូបនាងដែរមិនខាន ហើយនៅក្នុងបទសម្ភាសនោះ នាងបានលើកឡើងថា នាងមានអារម្មណ៍ឈឺចាប់ ហូរទឹកភ្នែកឥតឈប់ឈរចំពោះស្នេហានៅគ្រាដំបូងនេះ។

    តារាចម្រៀងវ័យ 27 ឆ្នាំរូបនេះបានពោលថា​៖ “ខ្ញុំគិតថា ជីវិតរបស់ខ្ញុំនឹងធ្លាក់ទៅតាមការបែកបាក់សម្ព័ន្ធភាពស្នេហារបស់ខ្ញុំអ៊ីចឹងដែរ”។ មិនតែប៉ុណ្ណោះទេ នាងបានបន្ថែមទៀតថា នាងមិនអាចឈប់សម្រក់ទឹកភ្នែកបានឡើយ បន្ទាប់ពីប្រយុទ្ធជាមួយភាពឈឺចាប់ដែលបែកពីមិត្តប្រុសរបស់នាងថ្មីៗ តែមិនមែនជាការសម្ដែងទេ គឺជាការពិតដែលនិយាយចេញពីក្នុងដួងចិត្តថា “យើងត្រូវតែមានការតស៊ូដែលលំបាកនឹងទទួលយកឱ្យបាន ដោយសារតែការតស៊ូនេះហើយ ទើបខ្ញុំមិនអាចឈប់យំបានទេ បើទោះជាក្នុងពេលថតកម្មវិធីក៏ដោយ ខ្ញុំមិនអាចបញ្ឈប់ទឹកភ្នែកមិនឱ្យហូរនៅនឹងមុខទស្សនិកជនបានទេ”។

    អតីតសមាជិកក្រុមចម្រៀងស្រី 2NE1 បានពោលបញ្ជាក់ជាចុងក្រោយថា “បន្ទាប់ពីខ្ញុំបានខ្ចប់អារម្មណ៍នេះទុកនៅក្នុងថតតុយ៉ាងជ្រៅហើយ ខ្ញុំបានសម្រេចចិត្តបំផ្លាញកាដូឈឺចាប់ដែលបានទទួលពីបុរសម្នាក់នោះចោលឱ្យអស់ ហើយទទួលយកកាដូថ្មីពីខ្លួនឯង គឺការសម្រាក ដើរលេងសប្បាយជាមួយអ្នកគាំទ្រ និងមិត្តភ័ក្តិ”៕

  • Ariana Grande ក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester

    Ariana Grande ក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester

    តារាចម្រៀងស្រី Ariana Grande បានក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester ចក្រភពអង់គ្លេសក្នុងនាមជាជំនួយទីប្រឹក្សា បន្ទាប់ពីនាងបានខិតខំប្រឹងប្រែងរៃអង្គាសថវិកាមួយចំនួនពីសប្បុរសជន ដើម្បីផ្ដល់ជូនជនរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកនៅកណ្ដាលការប្រគំតន្រ្តីរបស់នាងកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ។

    ក្រុមទីប្រឹក្សារដ្ឋាភិបាលអង់គ្លេសបានរំពឹងទុកថា ការផ្ដល់ងារ និងលិខិតសរសើជូនតារាស្រី Ariana Grande នាថ្ងៃទី12 ខែកក្កដា ឆ្នាំ2017 កន្លងទៅនេះ គឺជាការលើកទឹកចិត្ត ព្រមទាំងជាប្រយោជន៍សម្រាប់តារាចម្រៀងប៉ុបរូបនេះដែលបានខិតខំប្រឹងប្រែងសម្រាប់ការងារសង្គមបម្រើដល់ប្រជាពលរដ្ឋអង់គ្លេស។ សម្រាប់ការប្រគំតន្ត្រីដ៏មានអត្ថន័យ One Love បានរំឮកដល់មនុស្សចំនួន 22 នាក់ និងកុមារ 7 នាក់ទៀតដែលបានបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនោះ ហើយនៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេរកឃើញថា បុរស Salman Abedi អ្នកដែលបរិច្ចាគគ្រឿងប្រគំតន្ត្រី គឺជាជនសង្ស័យ ខណៈដែលលោកបានចាកចេញពីក្លឹបរាត្រីនៅថ្ងៃ22​ ខែឧសភា។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យ 23 ឆ្នាំរូបនេះត្រូវបានទទួលស្គាល់ថា ជាតារាចម្រៀងដែលខំប្រឹងប្រែងបំផុតក្នុងការបំផុសបំផុលតន្ត្រីសប្បុរសធម៌នៅទីលាន Cricket Emirates Old Trafford ដែលមានវត្តមានតារាល្បីៗចូលរួមបន្ថែមជាច្រើន ដូចជា  Coldplay, Justin Bieber និង Katy Perry ជាដើម៕