Author: អេបិល

  • Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    ខ្សែ​ការពារ Gerard Pique បាន​រកគ្រាប់បាល់​ឈ្នះ​ឲ្យក្រុម Barcelona ក្នុង​ពេលប្រកួត​ជាមួយនឹងក្រុម Real Madrid កាលពីព្រឹក​ថ្ងៃអាទិត្យម្សិលមិញ(ម៉ោងនៅកម្ពុជា) ខណៈ​ការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា El Clasico នៅលើ​ទឹក​ដីនៃ​រដ្ឋ Miami នេះបានផ្តល់នូវការ​​រំភើបយ៉ាង​ខ្លាំង​។

    ខ្សែ​ការ​ពារអន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះបាន​រកគ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទីពីការ​ស៊ុត​បាល់ពិន័យ​ Free-kick របស់ Neymar នៅនាទីទី​50 ដើម្បី​ជួយ​​ឲ្យក្រុមខ្លួន​ទទួល​ជ័យជម្នះ 3-2 លើក្រុម Real Madrid នៅមុខអ្នក​ទស្សនា​សរុប​ចំនួន​66,014នាក់​នៅ​​ឯកីឡដ្ឋាន Hard Rock​។ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ឥត​ខ្ចោះក្នុង​រយៈ​ពេលនៃការ​លេង​64​នាទី​របស់​គេនោះ បាន​រក​គ្រាប់​​បាល់បើក​ឆាក ក្រោយ​ពី​លេង​បាន​រយៈពេលត្រឹម​តែ​3​នាទី ហើយ​បន្ទាប់ពីនោះ​ខ្សែ​បម្រើ Ivan Rakitic បាន​បន្ថែមគ្រាប់​បាល់​ទី​2​ភ្លាម​ៗដែរ បន្ទាប់ពីខ្សែការ​ពារ​​របស់ក្រុម Real Madrid ហាក់​ស្ថិតក្នុង​សភាព​ទន់ខ្សោយ​។ ប៉ុន្តែ ក្រុមរ​បស់​លោក Zinedine Zidane បាន​ស្តារ​មុខមាត់​ឡើងវិញ​ភ្លាម​ៗ និង​នៅ​ជិត​បញ្ចប់ការប្រកួតនៃ​តង់​ទី​1 គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Mateo Kovacic និង Marco Asensio បាន​ជួយ​ឲ្យក្រុម​ស្តេចឈុត​ស​មួយនេះ តាម​ស្មើ​វិញ​តែម្តង​។ ទោះបី​ជា​យ៉ាងណា Pique បាន​រកគ្រាប់​បាល់​កាត់សេចក្តី ដើម្បី​ជួយ​​ឲ្យក្រុម Barcelona ឈ្នះពាន​ពីការ​ប្រកួត​មិត្ត​ភាពមុន​បើក​រដូវកាល​មួយនេះ​តែម្តង​។ លទ្ធផលនៃ​ការ​ប្រកួតមិត្ត​ភាព​​មុន​បើក​រដូវ​កាល​នេះ មិន​ជះ​ឥទ្ធិ​ពល​ទៅលើ​កំណត់ត្រា​ជា​រួម​នៃ​ការ​ប្រកួត​ដែល​ឈ្មោះ​ថា El Clasico ឡើយ​រវាងក្រុម​ទាំងពីរនេះ ខណៈ​ដែល Real Madrid បានកត់ត្រា​ជ័យជម្នះ​សរុប​93លើក ហើយ Barcelona ឈ្នះ​91​លើក​៕

    ប្រភព​ពី៖ BBC

  • មិនធម្មតាទេ លី ឌីណា បញ្ចេញក្បាច់បាញ់កាំភ្លើងឡើងញាក់សាច់

    មិនធម្មតាទេ លី ឌីណា បញ្ចេញក្បាច់បាញ់កាំភ្លើងឡើងញាក់សាច់

    តួឯកស្រីក្នុងរឿង «ឋានសួគ៌វណ្ណៈ» កញ្ញា លី ឌីណា ដែលទស្សនិកជនស្គាល់ថា ជាតារាស្រគត់ស្រគំនោះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ជាខ្លាំង ខណៈដែលនាងបានបង្ហោះវីដេអូឃ្លីបខ្លីៗ និងរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយដៃមានកាន់កាំភ្លើងបង្ហាញពីចរិតម៉ឺងម៉ាត់។

    តាមរយៈវីដេអូនេះ កញ្ញា លី ឌីណា បានស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ដៃកាន់កាំភ្លើងវែង និងខ្លី ហើយអង្គុយបាញ់សំដៅទៅផ្ទាំងស៊ីបដែលហាក់បីដូចជាមានជំនាញខ្លាំងណាស់។ គេមិនបានដឹងថា ក្នុងឃ្លីបនេះនាងចង់បង្ហាញពីអត្តសញ្ញាណជាមន្ត្រីប៉ូលីស ឬយោធា​ ឬយ៉ាងណានោះទេ?  តែយ៉ាងណា  អ្នកគាំទ្ររបស់នាងទាំងអស់មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងនេះ ព្រោះមើលទៅដូចជាអ្នកជំនាញដែលធ្លាប់ប្រើកាំភ្លើងជាយូរមកហើយអ៊ីចឹង។

    ទន្ទឹមជាមួយគ្នានេះដែរ កញ្ញា ឌីណា បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “ក្នុងការបាញ់កាំភ្លើងនេះ គឺមានភាពតក់ស្លុតបន្ដិចបន្តួចដែរ តែនេះគ្រាន់តែជាការថតស្ប៉តរូបភាពសម្រាប់ធ្វើប៉ាណូផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ មិនមែនជាការសម្ដែងក្នុងរឿង ឬបន្ថែមអាជីពអ្វីនោះទេ”។ ជាមួយគ្នានោះដែរ កញ្ញា បានបញ្ជាក់ប្រាប់ទៀតថា ទាំងរូបភាពកាំភ្លើងវែង និងកាំភ្លើងខ្លី គឺសុទ្ធសឹងតែជាកាំភ្លើងពិតប្រាកដទាំងអស់ ហើយគេបានកំណត់ឱ្យនាងបាញ់ចំនួន 5 គ្រាប់ ក៏ប៉ុន្ដែនាងបានបាញ់ត្រូវគោលដៅដល់ទៅ 3 គ្រាប់។

    ជាចុងក្រោយកញ្ញា លី ឌីណា បានបញ្ជាក់ប្រាប់ផងដែរថា ថ្មីៗនេះ នាងកំពុងទទួលបានការងារសម្តែងថ្មីៗជាច្រើនទៀត គឺកំពុងថតរឿងភាគថ្មីសម្រាប់ស្ថានីយ៍ទូរទស្សន៍ PNN និងកំពុងថតខ្សែភាពយន្ដខ្នាតធំដែលមានចំណងជើងថា «ថាអត់ចូលចិត្តមួយម៉ាត់ទៅ»៕

  • ខាត់ វ៉ៃហាំង សម្ដែងឡើងដុះស្លែហើយ! ប៉ះតួស្រីថៃធ្វើឯងភ័យបុកពោះ

    ខាត់ វ៉ៃហាំង សម្ដែងឡើងដុះស្លែហើយ! ប៉ះតួស្រីថៃធ្វើឯងភ័យបុកពោះ

    ខាត់ វ៉ៃហាំង ជាតារាសម្ដែងដែលទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈការសម្ដែងរឿងជាច្រើន  ក្នុងនោះលោកក៏ធ្លាប់បានសម្ដែងជាមួយតារាបរទេសផងដែរ។ ទោះបីជាយ៉ាងនេះក្ដី វ៉ៃ ហាំង បានសម្ដែងនូវការបារម្ភ ខណៈផលិតកម្មមហាហង្សបានតម្រូវឱ្យលោកចាប់ដៃគូសម្ដែងជាមួយតារាថៃក្នុងរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»។

    លោក ខាត់ វ៉ៃហាំង បានប្រាប់ថា លោកពិតជាមានអារម្មណ៍រីករាយជាខ្លាំង ខណៈបានសម្ដែងរួមគ្នាជាមួយតារាស្រីថៃ ប៉ុន្ដែលោកក៏មានការបារម្ភតិចៗដែរក្រោយពីទទួលការងារនេះ  ព្រោះមិនដឹងថា នឹងអាចធ្វើបានល្អប៉ុនណាឡើយ?។ តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «កន្លងមកខ្ញុំធ្លាប់សម្ដែងរឿងជាមួយតារាបរទេសខ្លះដែរ ដូចជារឿងសង្គ្រាមបងប្អូនជាដើម ខ្ញុំធ្វើបានល្អ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េច?ក្រោយពីដឹងថា ខ្ញុំ​ត្រូវសម្ដែងជាមួយតារាស្រីថៃកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ខ្ញុំពិតជាបារម្ភមែនទែន  មិនដឹងថា មកពីអ្វីទេ?  និយាយទៅអារម្មណ៍របស់ខ្ញុំសប្បាយ ក៏សប្បាយ! ភ័យ ក៏ភ័យ»។

     

    ជាមួយក្ដីបារម្ភនេះត្រូវបានគេលើកឡើងថា ប្រហែលជាលោក ខាត់ វ៉ៃហាំង បារម្ភពីការសម្ដែងឈុតឆាកស្នេហាជាមួយតួស្រីម្នាក់នេះទេដឹង ទើបលោកភ័យអរៗបែបនេះ ព្រោះនៅក្នុងរឿងនេះតម្រូវឱ្យលោកធ្វើជាមគ្គុទេសក៍ទេសចរណ៍(អ្នកនាំផ្លូវ)នាំតួស្រីដើរកម្សាន្ដនៅប្រទេសកម្ពុជា ខណៈតួស្រីត្រូវចាកចេញពីប្រទេសកម្ពុជាជាមួយក្រុមទេសចរណ៍ ប៉ុន្ដែនាងងើបមិនទាន់។

     

    ទោះយ៉ាងណាតារាប្រុសម្នាក់នេះបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ថា ត្រូវមានឈុតឆាកអ្វីខ្លះទេ? គ្រាន់តែដឹងថា លោកត្រូវសម្ដែងជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទេសចរណ៍ និងត្រូវនាំតួស្រីដើរកម្សាន្ដ និងមានឈុតឆាកស្និទ្ធស្នាល និងបានសាងអនុស្សាវរីយ៍ជាមួយតួស្រីជាច្រើននៅក្នុងថ្ងៃចូលឆ្នាំនៅក្នុងប្រទេសកម្ពុជា។ លោកបន្ដថា មូលហេតុលោកជាប់ក្នុងជម្រើសនៃការសម្ដែងរឿងនេះ គឺដោយសាតែររូបសម្បត្ដិរបស់លោកផង និងលោកអាចប្រើប្រាស់ភាសាថៃ​ និងអង់គ្លេសបាន ព្រមទាំងលោកជាតារាសម្ដែងដែលធ្លាប់មានបទពិសោធសម្ដែងជាមួយតារាបរទេសផងដែរ។  

    គួរបញ្ជាក់ថារឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាខ្សែភាពយន្ដខ្នាតធំដែលបានសហការគ្នាជាមួយផលិតកម្មមហាហង្ស និងផលិតករមកពីប្រទេសថៃ និងត្រូវថតនៅក្នុងប្រទេសចំនួន3 គឺកម្ពុជា ថៃ ឡាវ និងត្រូវចំណាយទុនផលិតរង្វង់ 30 ម៉ឺនដុល្លារ៕

  • Ramos ថា រូបគេ​នឹង​ស្វាគមន៍ Mbappe មកកាន់​ក្លិប Real Madrid

    Ramos ថា រូបគេ​នឹង​ស្វាគមន៍ Mbappe មកកាន់​ក្លិប Real Madrid

    ខ្សែ​ការពារ Sergio Ramos ដែល​ជា​ប្រធានក្រុម Real Madrid បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេងអន្តរ​ជាតិ Kylian Mbappe នឹង​​ក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​ប្រកប​ដោយ​ការ​ស្វាគមន៍​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League និង La Liga មួយ​នេះ ប្រសិន​បើ​រូប​គេ​សម្រេច​ចិត្ត​ចាក​ចេញពីក្លិប Monaco​។ ខ្សែ​ប្រយុទ្ធ​វ័យ​18​ឆ្នាំ​រូបនេះ កំពុង​តែ​ស្ថិ​ត​ក្នុង​រ៉ាដា​របស់​​លោក Zinedine Zidane អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Real Madrid ខណៈ​ដែល​​ក្លិប​យក្ស​របស់​អេ​ស្ប៉ាញមួយនេះ ត្រៀម​លក្ខ​ខណៈ​រួច​រាល់​ធ្វើ​ឲ្យ​រូប​គេក្លាយ​ជា​កីឡាករម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត ក្នុង​ការផ្ទេរ​មួយ​ដែល​អាច​មាន​តម្លៃ​ខ្លួន​211​លាន​ដុល្លារ​អាមេ​រិក ឬ​​ស្មើ​នឹង​180​លានអឺ​រ៉ូ​។

    Ramos បាន​បញ្ជាក់​ថា Mbappe ពិត​ជា​មាន​សមត្ថភាពក្នុង​ការក្លាយ​ជា​កីឡាក​រ​ដ៏ឆ្នើម​បំផុតក្នុង​ពិភព​លោក​។ នៅ​មុន​​ពេល​ក្រុម Real Madrid របស់​គេ​ប្រកួត​ជាមួយនឹងក្រុម Barcelona ក្នុង​ទីក្រុង Miami Ramos បាននិយាយ​ថា៖ «វាមិនមែន​ជាការសម្រេច​ចិត្តមួយ​សម្រាប់ខ្ញុំទេ ប៉ុន្តែ Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​​។ មិនមានកីឡាករ​​វ័យក្មេង​ច្រើន​ឡើយដែលមានលក្ខ​ណៈ​ដូច​រូប​គេ​។ យើងមាន​ឆ្នាំ​​​ដ៏​សំខាន់​មួយនៅពីមុខយើង និង​មាន​តា​​រា​ឆ្នើម​ៗ​​រួច​ជា​ស្រេច​»​​។ កីឡាករ​រូ​ប​នេះ​បានបន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ទឹក​ប្រាក់​ពិត​ជា​​អាច​​ធ្វើ​ឲ្យ​បាល់​ទាត់​មាន​ចលនា ហើយ​​មនុស្ស​ជាច្រើន​អាច​​លេង​​លើសពី​អ្វី​ដែលពួកគេ​ចង់​​។ ប្រសិន​បើ​​រូប​គេ​​ចង់​ចូល​រួម​ជាមួយ​នឹងក្លិប Real Madrid ទ្វារ​ពិត​ជា​កំពុង​តែ​​បើក​ចំហ​»​​៕

    ប្រភព​ពី៖ Sports.yahoo

  • ស្ងោរជ្រក់ជើងមាន់ពិសេស

    ស្ងោរជ្រក់ជើងមាន់ពិសេស

    គ្រឿងផ្សំ៖
    ជើងមាន់ 500 ក្រាម
    រំដេង ខ្ទឹមក្រហម ម្ទេសស្រស់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ជីរវ៉ាន់ស៊ុយ ជីររណា
    ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាកាហ្វេ
    ទឹកត្រី 2 ស្លាបព្រាបាយ
    គ្រឿងបន្ថែមរសជាតិ 1 ស្លាបព្រាបាយ
    ទឹក 500-700 មីល្លីលីត្រ

    វិធីធ្វើ៖
    1.ដាំទឹកបរិសុទ្ធ
    2.ហាន់រំដេងជាដុំតូចៗ គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច


    3.ដាក់ជើងមាន់ក្នុងទឹកកំពុងពុះ


    4.ដួសពពុះខ្លាញ់ចេញ
    5.ដួសគ្រឿងផ្សំទឹកស៊ុបចេញ

    6.ដាក់គ្រឿងបន្ថែមរសជាតិ ទឹកត្រី ស៊ីអ៊ីវខាប់
    7.រម្ងាស់រយៈពេល 30 នាទី
    8.ហាន់ជីរវ៉ាន់ស៊ុយ ជីររណា


    9.ច្របាច់ក្រូចឆ្មារ


    10.ចាក់ម្ទេសចូល ដួសដាក់ចានជាការស្រេច ៕

  • សម្រស់តារាកូរ៉េ ស្រដៀងនឹងម្ចាស់ក្សត្រិយក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney

    សម្រស់តារាកូរ៉េ ស្រដៀងនឹងម្ចាស់ក្សត្រិយក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney

    ក្រុមតារាចម្រៀងស្រី Girls’ Generation ត្រូវបានកត់សម្គាល់ឃើញថា មានសម្រស់ស្រស់ស្អាតដូចជាម្ចាស់ក្សត្រិយនៅក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney  ហើយប្រសិនបើយើងផ្គូផ្គងរវាងសមាជិកក្រុមចម្រៀងខាងលើនេះ ជាមួយនឹងរូបតុក្កតាផងនោះ គឺអ្នកនឹងបានឃើញថា សម្រស់ពួកនាងពិតជាស្អាតដូចម្ចាស់ក្សត្រិយមែន។

    1.Taeyeon និងម្ចាស់ក្សត្រិយ Aurora នៅក្នុងរឿង Sleeping Beauty

    “ស្អាតណាស់  នាងចូលចិត្តគេងនៅក្នុងប្រាសាទ ហើយនាងមិនដែលបោះបង់ប្រាសាទនោះទេ” មួយឃ្លានេះ គឺជាសម្ដីដកស្រង់ចេញពីរឿង Sleeping Beauty ដែលស័ក្ដិសមទៅនឹងតារាស្រីTaeyeon មែនទែន។

    2.Sunny និងម្ចាស់ក្សត្រិយ Ariel នៅក្នុងរឿង The Little Mermaid

    ជាស្មារតីនៃការស្រឡាញ់ការច្រៀង មានភាពរស់រវើក និងរស្មីដែលនឹងភ្លឺទៅតាមសម្រេចក្ដីស្រមៃរបស់នាង ដូចជាតារាស្រី​ Sunny ម្នាក់នេះអ៊ីចឹងដែរ។

    3.Tiffany និងព្រះនាង Rapunzel នៅក្នុងរឿង Tangled

    តារាស្រីរូបនេះ នាងមានភាពរស់រវើក និងមានការព្យាយាម រហ័សរហួស មានលក្ខណៈស្រដៀងនឹងព្រះនាង Rapunzel។

    4.Hyoyeon និងព្រះនាង Cinderella នៅក្នុងរឿង Cinderella

    Hyoyeon ​ដូចជាព្រះនាង Cinderella នៅពេលដែលនាងរាំនៅពេលរាត្រីដែលមានព្រះអង្គម្ចាស់ជាច្រើនលង់ស្នេហ៍នឹងសម្រស់នាង។

    5.Yuri និងព្រះនាង Jasmine នៅក្នុងរឿង Aladdin និងចង្កៀងទិព្វ

    តារាចម្រៀងស្រី Yuri ជាតារាចម្រៀងមានចិត្តទូលាយ និងគំនិតបើកចំហសម្រាប់មនុស្សជុំវិញខ្លួន ព្រមទាំងមានភាពម្ចាស់ការលើខ្លួនឯងទៀតផង។

    6.Sooyoung និងព្រះនាង Tiana នៅក្នុងរឿង The Princess and the Frog

    នាងជាតារាស្រីដែលចូលចិត្តបំពេញសេចក្ដីត្រូវការរបស់ខ្លួនឯង ដូចជាអាហារដែលនាង​ឱ្យនិយមន័យថា អាហារ គឺពិភពលោកឆ្ពោះទៅកាន់ព្រះនាង Tiana។

    7.Yoona និងព្រះនាង Snow White នៅក្នុងរឿង Snow White and the Seven Dwarves

    ភាពទន់ភ្លន់ និងស្នាមញញឹមនៅពេលស្រែកច្រៀង ជាអត្តចរិតរបស់ Yoona ប្រៀបបីដូចជាព្រះនាង Snow White ដែរ។

    8.Seohyun និងព្រះនាង Belle នៅក្នុងរឿង Beauty and the Beast

    ជាចុងក្រោយ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅមានទស្សនាវដ្តីកូរ៉េដ៏ល្បីមួយបានធ្វើការប្រៀបធៀបតារាស្រីរូបនេះ ទៅនឹងព្រះនាង  Belle នៅក្នុងរឿង Beauty and the Beast ដែលមានអត្តចរិតស្រដៀងគ្នា៕

  • ភ្ញាក់ផ្អើលខ្លាំង! គ្រូពេទ្យជំនាញកែសម្ផស្សឱ្យភរិយាដូច Fan Bingbing បេះបិទ

    ភ្ញាក់ផ្អើលខ្លាំង! គ្រូពេទ្យជំនាញកែសម្ផស្សឱ្យភរិយាដូច Fan Bingbing បេះបិទ

    ឃើញហើយភ្ញាក់ផ្អើលមែនទែន ដែលសា្វមីស្រឡាញ់ភរិយាខ្លាំង និងជាអ្នកគាំទ្រតារាសម្ដែងស្រី Fan Bingbing ផងដែរនោះបានសម្រេចចិត្តកែសម្ផស្សភរិយារបស់ខ្លួនឱ្យមានសម្រស់ស្រស់ស្អាតដូចកំពូលតារាលំដាប់អន្ដរជាតិរូបនោះយ៉ាងបេះបិទ ហើយបានធ្វើឱ្យមជ្ឍដ្ឋានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មាននេះ។

    អ្នកនាង ហឺ ឈើងស៊ឺ ជាភរិយារបស់លោកគ្រូពេទ្រជំនាញកែសម្ភស្សម្នាក់ដែលមិនបានបញ្ចេញឈ្មោះ មានបំណងប្រាថ្នាដំបូងរបស់អ្នកនាងដែលអាចនិយាយបានថា មិនមែនធម្មតាឡើយ គឺនាងចង់បានរូបសម្ភស្សនិងទម្រង់មុខដូចតារាសម្ដែង Fan Bingbing ដែលជាតារាស្រីពេញនិយមល្បីល្បាញលើពិភពលោក។ ស្វាមីរបស់នាង ហឺ ឈើងស៊ឺ បានចំណាយទុនបើកគ្លីនិកកែសម្ភស្សមួយដែលទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញបំផុត  ហើយនាងបានស្ម័គ្រចិត្តស្ថិតក្រោមផ្លែកាំបិតដ៏សមុតស្រួចតាមរយៈស្នាដៃរបស់ស្វាមីអស់រយៈពេល 8 ឆ្នាំ ដែលបានព្យាយាមកែសម្ភស្សជាច្រើនលើក ទើបបានសម្រេចដូចបំណង គឺមានមុខមាត់ដូចតារាឯកស្រីស្រស់ Fan Bingbing បេះបិទតែម្ដង។

    គួរបញ្ជាក់ផងដែរ ការទទួលបាននូវបទពិសោធដ៏ជោគជ័យនេះ បានធ្វើពិភពលោកទាំងមូលស្ងប់ស្ងែង និងកោតសរសើរស្នាដៃរបស់លោកគ្រូពេទ្យខាងលើនេះយ៉ាងខ្លាំង៕

    អ្នកនាង ហឺ ឈើងស៊ឺ

    Fan Bingbing

     

     

  • វិធីជ្រើសរើសកុមារកម្ពុជាមកថតខ្សែភាពយន្តរបស់អ្នកស្រី Angelina Jolie រងការរិះគន់

    វិធីជ្រើសរើសកុមារកម្ពុជាមកថតខ្សែភាពយន្តរបស់អ្នកស្រី Angelina Jolie រងការរិះគន់

    នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2017 នេះបានឱ្យដឹងថា កំពូលតារាហូលីវូដដ៏ល្បីល្បាញលើពិភពលោក អ្នកស្រី Angelina Jolie បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះវិធីដែលអ្នកម្តាយកុមារាម៉ាដុករូបនេះបានប្រើប្រាស់វិធីជ្រើសរើសកុមារកម្ពុជាយកទៅថតខ្សែ​ភាពយន្តខ្នាតធំរបស់នាងដែលបង្ហាញអំពីភាពសាហាវយង់ឃ្នងនៃរបបវាលពិឃាត ប៉ុលពត ដែលប្រទេសកម្ពុជាធ្លាប់ហែលឆ្លងកាត់​ថ្លុកឈាមនោះកាលពីអតីតកាល។

    អ្នកនាង Jolie ដែលអ្នកដឹកនាំរឿងដ៏មានថ្វីដៃជំនាញបានប្រាប់ទស្សនាវដ្តី Vanity Fair ថា នាងចង់បានក្មេងស្រីម្នាក់ដែលមានបទពិសោធជិវិតខ្លាំង មានសភាពលំបាកវេទនាពិតក្នុងខ្សែជីវិត ដើម្បីមកសម្តែងជាតួក្នុងខ្សែភាពយន្តរបស់នាង ដូច្នេះនាងបាន​សម្រេចចិត្តចុះទៅស្រាវជ្រាវរកប្រភេទកុមារដែលនាងចង់បាននោះនៅតាមមណ្ឌលកុមារកំព្រា សាលាហាត់សៀក និងសាលារៀនក្រីក្រនៅតាមជនបទជាច្រើនកន្លែង។

    ចំពោះវិធីនៃការចម្រាញ់រើសតួសម្តែងដោយការយកកុមារតែម្នាក់នោះ គឺកុមារា កុមារីដែលជាប់ឈ្មោះក្នុងបញ្ជីទាំងអស់ត្រូវធ្វើការ​ណែនាំខ្លួន អមដោយការផ្តល់ប្រាក់ចំពោះកុមារដែលជាប់ក្នុងបញ្ជីទាំងនោះ និងតម្រូវឲ្យកុមារនីមួយៗ ប្រាប់ពីមូលហេតុ​តែមួយប៉ុណ្ណោះថា តើត្រូវការលុយនេះយកទៅធ្វើអ្វី? និងលក្ខខណ្ឌដែលសំខាន់នោះគឺ បើកុមារណាឆ្លើយមិនត្រូវនឹងអ្វីដែលនាងចង់បាន ប្រាក់នោះនឹងត្រូវដកយកមកវិញ។ ទីបំផុត Jolie បានអះអាងថា «ស្រីម៉ុច (ក្មេងដែលត្រូវបានជ្រើសយកដើម្បីថតរឿង) គឺជាកុមារីតែម្នាក់គត់ ដែលបានសម្លឹងមើលលុយនោះយ៉ាងយូរ គឺយូរមែនទែន មុននឹងឆ្លើយនូវសំនួរ ដែល Jolie ទទួលយកបាន។

    អ្វីដែលនាងបានធ្វើចំពោះកុមារកម្ពុជាបែបនេះហើយ ទើបត្រូវរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មជ្ឍដ្ឋានមហាជនទូទៅ ព្រោះវាហាក់ដូចជាការបោកប្រាស់ក្មេងៗដែលកំពុងតែក្រលំបាក៕

  • បុកគេទៀតហើយ! Justin Bieber បើករថយន្ដបុកអ្នកសារព័ត៌មាន

    បុកគេទៀតហើយ! Justin Bieber បើករថយន្ដបុកអ្នកសារព័ត៌មាន

    កំពុងសម្ងំស្ងាត់ស្ងៀមបានមួយរយៈ ឥឡូវ Justin Bieber កើតរឿងក្ដៅៗឡើងទៀតហើយ ដោយលោកបានបើករថយន្ដទៅបុកបុរសម្នាក់ជាជនជាតិស្បែកខ្មៅនៅក្បែរព្រះវិហារសាសនាគ្រិស្ត  Hillsong នៅក្នុងទីក្រុង  Los Angeles ។

    https://youtu.be/toMUGOe0N80

    រឿងនេះ មិនអាចបន្ទោសតារាចម្រៀងវ័យ 23 ឆ្នាំរូបនេះបានឡើយ ព្រោះថា ដំបូងឡើយគឺបុរសដែលមានមុខរបរជា Paparazzi ឬ អ្នកតាមប្រមាញ់ថតរូបជនល្បីឈ្មោះ និងជាអ្នកសារព័ត៌មានផ្នែកសិល្បៈកម្សាន្ដផងនោះ បានព្យាយាមតាមថតរូប Justin ខណៈដែល Justin កំពុងធ្វើដំណើរទៅឡើងរថយន្ដធំប្រភេទ SUV ដែលបានចតរង់ចាំលោក។ ក៏ប៉ុន្ដែ នៅពេលដែលតារាចម្រៀងរូបនេះ បានបើកឡានចេញទៅ ក៏ស្រាប់តែអ្នកសារព័ត៌មាន Paparazzi នោះព្យាយាមស្ទុះទៅតាមថត រហូតដល់លោកមិនប្រយ័ត្ន ក៏បុកអ្នកសារព័ត៌មាននោះនៅនឹងកន្លែងធ្វើឱ្យរងរបួសជើងជាទម្ងន់តែម្តង។ ភ្លាមៗនោះតារាចម្រៀងខាងលើបានចុះមកមើល ព្រមទាំងហៅរថយន្ដពេទ្យ និងបានសហការជាមួយមន្ត្រីប៉ូលិសចំពោះករណីនេះផងដែរ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះ តារាចម្រៀង Justin Bieber កំពុងត្រូវបានសាកសួរពីមន្ត្រីប៉ូលិសនៅក្នុងតំបន់ ហើយប៉ូលិសបានអះអាងប្រាប់សារព័ត៌មាន The Mirror យ៉ាងច្បាស់ថា តារាចម្រៀងវ័យក្មេងរូបនេះ មិនត្រូវបានចាប់ឃុំខ្លួនឡើយ ៕

     

  • ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    កាលពីរាត្រីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នៅបរិវេណរោងភាពយន្ដទំនើប Major Cineplex ក្នុងផ្សារទំនើប AEON មានរៀបចំកម្មវិធីអបអរ និងបើកសម្ពោធការចាក់បញ្ជាំងរឿង “វិកលចរិត” ព្រមៗគ្នា3ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនេះគឺ ចំណូលដែលបានពីការចាក់បញ្ជាំងរឿងនេះក្នុងទាំង3ប្រទេសនោះនឹងត្រូវដក 1 ដុល្លារពីតម្លៃសំបុត្រកុន1សន្លឹកដើម្បីយកទៅបរិចា្ចគដល់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។

    ព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់នៅរាត្រីថ្ងៃនោះបានធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្រដែលស្រឡាញ់​វិស័យភាពយន្ដ ព្រមទាំងទស្សនិកជនដែលបានមកចូលរួមក្នុងកម្មវិធីសម្ពោធរឿង “វិកលចរិត” ទាំងក្នុង និងក្រៅកម្រាលព្រំក្រហមបានព្រឺសម្បុររំភើប និងចេញទឹកភ្នែករលីងរលោង ខណៈដែលប្អូនៗកុមារកំព្រាដែលមកពីមណ្ឌុលកុមារកំព្រាលោកតា ហ្វ៊ុយ សូ ចេញមកសម្ដែងនូវចម្រៀងមួយបទដែលមានចំណងជើងថា “ជីវិតក្មេងកំព្រា”​ អមទៅដោយពន្លឺភ្លើងទៀនដែលបង្ហាញពីភាពកក់ក្ដៅឡើងវិញ ព្រោះកន្លងមកធ្លាប់តែរស់នៅក្នុងភាពឯកា កណ្ដោចកណ្ដែង ជាហេតុធ្វើឱ្យមានកម្លាំងជំរុញទឹកចិត្ត និងជំពប់អារម្មណ៍ទស្សនិកជនដែលបានចូលរួមទាំងអស់ឱ្យទប់ទឹកភ្នែកស្ទើរតែមិនបាន។

    ក្នុងនោះដែរលោក មាតុចក្រ ឬ ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា គោលគំនិតដែលលោកបាននឹកឃើញយកទស្សនីយភាពពន្លឺភ្លើងទៀនដែលសម្ដែងដោយកុមារកំព្រាទាំងអស់នេះមកជូន ក៏ព្រោះតែលោកចង់បង្ហាញអំពីស្មារតីរួបរួមគ្នា សាមគ្គីភាពគ្នាដែលផ្ដល់នូវភាពកក់ក្ដៅទៅកាន់កុមារកំព្រាកម្ពុជាទាំងអស់ឱ្យទស្សនិកជនបានដឺង ព្រមទាំងមកទស្សនារឿងនេះទាំងអស់គ្នាទោះជាអ្នកខ្លះធ្លាប់បានទស្សនាហើយ និងមិនទាន់ហើយក្ដី ព្រោះថា ការទស្សនាម្ដង ស្មើនឹងបានរួមចំណែកបរិច្ចាគ 1 ដុល្លារទៅកាន់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញាទាំងអស់ដែលជាជនជាតិខ្មែរយើង។

    គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿងរូបនេះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះអាចចាត់ទុកថា ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជាហើយដែលកុនរបស់កូនចៅខ្មែរយើងបានដាក់បញ្ជាំងដល់ទៅ 3 ប្រទេសរួមគ្នា និងបានចូលរួមបរិច្ចាគថវិកាពី 3 ប្រទេស កម្ពុជា ថៃ ឡាវ ទៅដល់មន្ទីរពេទ្យកុមាជាតិ និងកុមារកំព្រានៅក្នុងប្រទេសកម្ពុជា ព្រោះថា ទម្រាំតែទទួលបានការយល់ព្រមឱ្យចាក់បញ្ជាំងនៅស្រុកគេ គឺមានការឆ្លងកាត់ការសម្រិតសម្រាំងជាច្រើនដំណាក់កាល។

    ដូច្នេះជាចុងក្រោយនេះ កូនខ្មែរ និងជាអ្នកដឹកនាំរឿងរូបនេះមានក្ដីរំពឹង និងសង្ឃឹមថា កូនខ្មែរដែលស្រឡាញ់កុនខ្មែរ និងសិល្បៈវប្បធម៌ខ្មែរទាំងអស់នឹងទៅជួយគាំទ្រលើកស្ទួយខ្សែភាពយន្ដខ្មែរមួយនេះដែលការចូលទស្សនារបស់អ្នកគឺ ស្មើនឹងការជួយសង្គមជាតិដោយបានបរិច្ចាគទៅដល់ប្អូនៗកុមារដែលកំពុងរង់ចាំជំនួយពីអ្នកទាំងអស់គ្នាជាទស្សនិកជន៕