Author: អេបិល

  • ស្ថាប័នចំនួន3ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យវាយនភណ្ឌ

    ស្ថាប័នចំនួន3ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យវាយនភណ្ឌ

    ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថា GMAC ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការពលកម្មអន្តរជាតិនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) បានរួមសហការគ្នាក្នុងការធ្វើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជាក្នុងរយៈពេលវែងមួយពីឆ្នាំ2018 ដល់ 2025។

    យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងGMAC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលបាននាព្រឹកថ្ងៃទី31 កក្កដានេះបានឲ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ដ្រ2018-2025 នឹងផ្តោតសំខាន់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួននៃឧស្សាហកម្មនេះដូចជា បញ្ហាធាតុចូល និងតម្លៃថ្លៃដើមខ្ពស់  បញ្ហាទំនាក់ទំនងឧស្សាហកម្ម បញ្ហាផលិតកម្ម និងសមត្ថភាពផលិត បញ្ហាបរិយាកាសអាជីវកម្មបរិស្ថាន បញ្ហាខាងក្រៅ និងការប្រកួតប្រជែង។ គោលនយោបាយនេះធ្វើឡើងដើម្បីរក្សាកំណើនខ្ពស់ ដើម្បីបង្កើនគុណភាពផលិតផលក្នុងឧស្សាហកម្មនេះយ៉ាងហោចណាស់ឲ្យបាន50ភាគរយនៅត្រឹមឆ្នាំ2025។

     

    លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយថា វាគឺជាកម្លាំងចលករថ្មីមួយសម្រាប់ឧស្សាហកម្មនេះក្នុងការមានយុទ្ធសាស្រ្តច្បាស់លាស់ និងជាគោលនយោបាយក្នុងការឆ្លើយតបដើម្បីរក្សាកំណើនរបស់ខ្លួនក៏ដូចជាបង្កើនធនធានមនុស្សនៃឧស្សាហកម្មនេះដើម្បីបង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

    លោកបានបន្តថា “វាជាការងាររួមគ្នារវាងរដ្ឋាភិបាល GMAC និង ILO-BFC ។ យើងអាចនិយាយបានថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបង្កើតនូវគោលន​យោ​បាយយុទ្ធសាស្ត្ររយៈពេលវែងនេះដើម្បីគាំទ្រ និងអភិវឌ្ឍវិស័យកាត់ដេរ និងស្បែកជើងនេះឱ្យមានកំណើនប្រកបដោយស្ថេរភាព សមាគមរោងចក្រកាត់ដេរកម្ពុជាសូមកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលើបញ្ហានេះ»។

    យោងតាមអគ្គនាយកដ្ឋានគយ និងកាត់ដេរកម្ពុជា(GDCE) បានឱ្យដឹងថាការនាំចេញសម្លៀកបំពាក់​ និងស្បែកជើងរបស់ប្រទេសកម្ពុជាបានកើនឡើង6,800លានដុល្លារកាលពីឆ្នាំ2015 ដល់7,300លានដុល្លារនៅឆ្នាំ2016 ស្មើនឹងកំណើន7.2ភាគរយ។

    លោក កាំង ម៉ូនីកាបានបន្តទៀតថា “គោលនយោបាយចម្បងនេះនឹងជួយកាត់បន្ថយនូវការចំណាយថ្លៃដើមខ្ពស់ និងបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មដែលរួមបញ្ចូលការអភិវឌ្ឍជំនាញដើម្បីបង្កើនខ្សែចង្វាក់ផលិតកម្ម និងដើម្បីបង្កើនផលិតភាពផលិតកម្ម។​​ គោលនយោបាយនេះក៏នឹងផ្តោតសំខាន់ទៅលើការកែលម្អនូវទំនាក់ទំនងវិជ្ជាជីវៈ ដោយនាំមកនូវបរិយាកាសផលិតកម្មដែលមានស្ថេរភាព និងសន្តិភាពក្នុងន័យកាត់បន្ថយចំណាយ”។

    ការស្ទង់មតិនៃសេចក្តីព្រាងនេះបានចាប់ផ្តើមប្រហែល3សប្តាហ៍មុនរួចមកហើយ បច្ចុប្បន្ននេះវាត្រូវបានគេរៀបចំឡើងដើម្បីប្រមូលព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រ។

    បើយោងតាមយុទ្ធសាស្ដ្រឆ្នាំ 2018-2025 ​នេះក៏នឹងផ្តោតលើនិន្នាការសកលលោក និងឱកាសនៃឧស្សាហកម្មកាត់ដេរបានបន្តដាក់សម្ពាធបន្ថែមទៀតលើឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់កម្ពុជា ហើយវិធានការយុទ្ធសាស្រ្ត គឺត្រូវរៀបចំជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះដោយពិចារណាអំពីរយៈពេលខ្លី និងរយៈពេលមធ្យមក៏ដូចជាទស្សនវិស័យរយៈពេលវែង។

    វិស័យនេះនៅតែជាផ្នែកសំខាន់បំផុតនៃការនាំចេញរបស់កម្ពុជាដោយការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានចំនួន78 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនៅឆ្នាំ2016។

    យោងតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បច្ចុប្បន្នសមាគមនេះមានសមាជិកចំនួន512 ដោយក្នុងចំណោម 59ក្នុងវិស័យស្បែកជើង ហើយវិស័យនេះបានស្រូបយកកម្លាំងការងារជាង70ម៉ឺននាក់។

    លោកបណ្ឌិត​ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ដែលបានធ្វើការជិតស្និទ្ឋលើបញ្ហានេះបានថ្លែងថា គោលនយោបាយនេះមានសា​រៈសំខាន់ណាស់ ដើម្បីធ្វើឲ្យមានសុខដុមនីយកម្មក្នុងវិស័យនេះ និងដើម្បីឲ្យភាគី អ្នកបញ្ជាទិញ ម្ចាស់រោងចក្រ និងកម្មករ និយោជិកអាចធ្វើការរួមគ្នា បាន និងកុំចង្អុល​ដាក់គ្នាតទៅទៀត។

    លោកបន្តថា “វិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងនៅ​តែជាវិស័យតំណាងឲ្យការនាំចេញដ៏ធំរបស់កម្ពុជាសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ទាំងរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធសុទ្ធតែយល់ពីសារៈសំខាន់ និងធ្វើយ៉ាងណាពូនជ្រំវិស័យនេះឲ្យរីកចម្រើនតទៅទៀត ដើម្បីធ្វើជា​មូលដ្ឋានគ្រឹះមុនពេលកម្ពុជាឈានទៅកាន់ប្រទេសដែលប្រើប្រាស់កម្លាំងជំនាញ និងឧ​ស្សាហកម្ម៕

     

     

  • ក្រុមហ៊ុនមួយគ្រោងចំណាយ5ពាន់លានដុល្លារ​​សង់​ផ្លូវល្បឿន​លឿនពី​ភ្នំពេញទៅ​ព្រំដែនថៃ និង​ឡាវ​​

    ក្រុមហ៊ុនមួយគ្រោងចំណាយ5ពាន់លានដុល្លារ​​សង់​ផ្លូវល្បឿន​លឿនពី​ភ្នំពេញទៅ​ព្រំដែនថៃ និង​ឡាវ​​

    ភ្នំពេញៈ ក្រុមហ៊ុន​​មួយគ្រោងចំណាយថវិកាចំនួន5ពាន់លានដុល្លារអាមេរិកដើម្បី​សាងសង់ផ្លូវល្បឿនលឿនជាលើកដំបូងពីក្រុងភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ និងឡាវនាពេល​ខាងមុខនេះ។

    លោកថ្លាំង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន​​​​ Globalcam បានថ្លែង​​​​​​ក្នុងពិធី​​​ចុះហត្ថលេខា​រវាងក្រុមហ៊ុន​​ Globalcam និង​ក្រុមហ៊ុន​​​ Mahdi Holdings Investment នាព្រឹកថ្ងៃទី31 កក្កដានេះថា ក្រុមហ៊ុនបាន​រៀបចំខ្លួន​រួចរាល់​ហើយ​ក្នុងការ​សាងសង់​ផ្លូវល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​​​ព្រំដែន​​ឡាវដែល​មានប្រវែង​522គីឡូម៉ែត្រ​​​ ​​ដោយ​​​​គ្រោង​នឹងវិនិយោគ​ទឹកប្រាក់​ប្រមាណ​5ពាន់​លាន​​​ដុល្លារអាមេរិកសម្រាប់​គម្រោង​​ដំណាក់កាលលើកទី1 ដែលគ្រោងចាប់ផ្តើម​​​​នៅដំណាច់ឆ្នាំនេះ​​​​​។​ លោក​បាន​បន្តថា ​ គម្រោង​​ផ្លូវ​ល្បឿនលឿន​​នេះ​ ​​ក្រុមហ៊ុន​បា​នទទួល​​សិទ្ធិ​​ផ្តាច់​មុខពីរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការវិនិយោគគម្រោងចំនួន6​​​ ដែល​បច្ចុប្បន្ន​នេះអ្នក​ជំនាញ​​​​​បាន​​សិក្សា​​ច្បាស់​លាស់រួចរាល់​ហើយ​។

    លោក​បា​នបន្តថា​ “គម្រោង​នេះ​សាងសង់​រយៈពេលត្រឹម​​5ឆ្នាំ​​​​ទៅ​​តាម​ផែនការ ​​និងគោលការណ៍​របស់​​រាជរដ្ឋាភិបាលកម្ពុជាដែលបាន​​​អនុញ្ញាត​​​​ ​​​ហើយគុណភាព​​ផ្លូវ​ល្បឿន​លឿន​នេះមិន​ចាញ់ផ្លូវល្បឿនលឿននៅក្នុង​​បណ្តាប្រទេស​​​ផ្សេងៗ​​​​​ឡើយ​​”។​

    លោក Anuwar HJ Parman អគ្គនាយករង​ក្រុមហ៊ុន ​​​​​Mahdi Holdings Investment​ បានថ្លែងថា ​​​​ការវិនិយោគ​​របស់​ក្រុមហ៊ុនGlobalcam លើ​ផ្លូវល្បឿន​លឿននេះ ​​​គឺជា​ឱកាស​ល្អ​មួយ​ក្នុងការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​​​នៅកម្ពុជា ហើយ​ប្រទេស​កម្ពុជាថែមទាំងមាន​សក្តានុពលច្រើន​​​​​ទៀតផងក្នុងការវិនិយោគ​​លើ​គម្រោង​ផ្សេងៗ​​ទៀត​​​។ ​ក្រុមហ៊ុន​​ Globalcam និងក្រុមហ៊ុន​​​ JSTI Group មកពី​​​ហុងកុង​​​​​​​បាន​ត្រៀម​ខ្លួន​រួចជាស្រេចហើយទាំងថវិកា និងអ្នក​ជំនាញ​​​​​​​​​ក្នុងការវិនិយោគ​​ផ្លូវ​ល្បឿន​លឿន​​​នៅ​​​កម្ពុជា ដោយចាប់ផ្តើមចេញ​​​ពីភ្នំពេញ​ទៅ​ព្រំដែនកម្ពុជា ថៃ និងព្រំដែន​​ឡាវ​​​​​​៕

     

  • ភែម ប៉េមិកា ប៉ាស៊ិណេតទី បវរកញ្ញាថៃនិយាយបាន 3 ភាសា

    ភែម ប៉េមិកា ប៉ាស៊ិណេតទី បវរកញ្ញាថៃនិយាយបាន 3 ភាសា

    ក្នុងយុគសម័យបវរកញ្ញាកំពុងរីកស្គុះស្គាយនេះ មនុស្សជាច្រើនបានតម្រង់ក្រសែភ្នែកសម្លឹងមើលទៅក្នុងឆ្នាំនីមួយៗថា បវរកញ្ញាដែលបានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក ទោះជានារីបែបណាក៏ត្រូវតែប្រាកដថា មានភាពស្រស់ស្អាតដែរ ក៏ប៉ុន្ដែមានរឿងមួយសំខាន់ជាងនេះទៅទៀត គឺត្រូវមានសមត្ថភាពខ្ពស់ និងភាពឈ្លាសវៃផងដែរ។

    ថ្ងៃនេះ សារព័ត៌មានកម្សាន្តរបស់ថៃដ៏ល្បីល្បាញមួយមានឱកាសបានជួបសម្ភាសជាមួយបវរកញ្ញា អ្នកនាង ភែម ប៉េមិកា ប៉ាស៊ិណេតទី ជាម្ចាស់តំណែង Miss Grand Thailand 2017 ដែលត្រូវបានគេនិយាយថា នាងមិនត្រឹមតែមានរូបសម្ផស្សស្អាតប៉ុណ្ណោះទេ តែថែមទាំងមានសមត្ថភាពពិសេសខាងផ្នែកភាសាជាច្រើន ព្រោះនាងអាចនិយាយបានដល់ទៅ 3 ភាសា។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ តោះ! យើងមកស្ដាប់នាងនិយាយទាំងអស់គ្នា ដូចខាងក្រោមនេះ៖

  • កម្ពុជាខាតបង់ថវិកា200លានដុល្លារក្នុងមួយឆ្នាំដោយសារការជួសជុលផ្លូវ

    កម្ពុជាខាតបង់ថវិកា200លានដុល្លារក្នុងមួយឆ្នាំដោយសារការជួសជុលផ្លូវ

    ភ្នំពេញ៖ យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា 200 លានដុល្លារត្រូវបានរដ្ឋាភិបាលចំណាយលើការសាងសង់ និងជួសជុលផ្លូវខូចនៅទូទាំងប្រទេសកម្ពុជាដែលភាគច្រើនផ្លូវខូចទាំងនេះបណ្តាលមកពីរថយន្តធុនធំដឹកលើសទម្ងន់ ហើយអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការទប់ស្កាត់។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តសាខាសែនសុខ កាលពីសប្តាហ៍មុននេះឱ្យដឹងថា  រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានចំណាយថវិការដ្ឋប្រមាណ200លានដុល្លារ សហរដ្ឋអាមេរិកដើម្បីស្ថាបនា និងជួសជុសផ្លូវឡើងវិញ ក្រោយពីផ្លូវទាំងនោះភាគច្រើនត្រូវបានខូចខាត និងបំផ្លាញដោយសារក្រុមហ៊ុនឈ្មូញគ្រាក់ៗដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់។

    ករណីនេះឯកឧត្តមបានស្នើទៅដល់មន្រ្តីមានសមត្ថកិច្ចរួមនឹងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តនៅគ្រប់បណ្តាផ្លូវជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់អំពើអសកម្មទាំងនេះដើម្បីកុំឱ្យឈ្មួញដឹកទំនិញលើសទម្ងន់បង្កការខូចខាតផ្លូវបណ្តាលឱ្យខាតបង់ថវិការដ្ឋច្រើនសន្ធឹកសន្ធាប់បែបនេះទៀត។ ហើយឯកឧត្តមក៏បានអំពាវនាវផងដែរ ទៅដល់ឈ្មួញដឹកទំនិញចេញចូលក្នុងប្រទេស ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់ និងត្រូវចូលរួមថែរក្សាផ្លូវដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង ចៀសវាងក្រសួងចំណាយលុយច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំដូច្នេះទៀត៕

     

  • ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

    ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

    កញ្ញា ណត្ថិយា មានមហាជនជាច្រើនស្គាល់នាងតាមរយៈការសម្ដែងកាយវិការក្នុងបទចម្រៀង «សន្សំលុយចងដៃអូន» និងបទ «រាំតាមពូ» ដែលជាការបកស្រាយរបស់លោក ខេមរៈ សិរីមន្ដ។ ថ្មីៗនេះបានលេចឮដំណឹងថា ក្រោយពីបានចូលប្រឡូកសិល្បៈមួយប្រាវមក នាងអាចមានលទ្ធភាពទិញខុនដូ នៅម្ដុំផ្សារបឹងត្របែកបានហើយ។

    ក្រោយពីទទួលបានប្រជាប្រិយភាពមួយប្រាវរួចមក ស្រាប់តែបាត់មុខនាងឈឹង។ ធ្វើឱ្យអ្នកគាំទ្រនាងគិតថា នាងទំនងជាបោះបង់ចោលសិល្បៈទៅចាប់យកអាជីវកម្មថ្មីតាមរយៈការបើកហាងសាឡនពេញទំហឹងហើយមើលទៅ  តែផ្ទុយទៅវិញមិនត្រឹមតែនាងមិនបោះបង់ចោលអាជីពសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានដំណឹងល្អជាមួយការទិញខុនដូទៀតផង។

    ជាមួយនឹងដំណឹងរីករាយនេះមានអ្នកគាំទ្រនាងជាច្រើនបានសរសើរពីសមត្ថភាពរបស់នាង ដ្បិតអីនាងទើបតែចូលប្រឡូកសិល្បៈបានមួយប្រាវសោះ តែអាចមានលទ្ធភាពទិញខុនដូរស់នៅបាត់ទៅហើយ។

    កញ្ញា ណត្ថិយាបានលើកឡើងថា សូមអ្នកគាំទ្រនាងទាំងអស់កុំមានការយល់ច្រឡំឱ្យសោះទៅលើការទិញខុនដូនេះ ព្រោះវាជាលុយរបស់នាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «ខ្ញុំទិញវាក្នុងតម្លៃជាង10ម៉ឺនដុល្លារ ហើយលុយទិញខុនដូនេះជាលុយដែលបានមកពីការរកស៊ីធ្វើការរបស់ខ្ញុំនាពេលកន្លងមក។ ពេលសម្រេចចិត្ដទិញខុនដូ  ខ្ញុំបានគិតគូរវែងឆ្ងាយណាស់ ដោយសារទីតាំងនៅចំកណ្ដាលក្រុង ដូច្នេះខ្ញុំមិនបាច់ជួលកន្លែងបើកហាងលក់ផលិតផលអ្វីទេ ខ្ញុំយកកន្លែងរស់នៅធ្វើជាការិយាល័យសម្រាប់ដាក់លក់ផលិតផលតែម្ដង»។

    ជាមួយនឹងការដកខ្លួនមួយរយៈនោះនាងប្រាប់ថា នាងមិនបានឈប់ពីការងារសិល្បៈទេ គ្រាន់តែមួយរយៈមុននាងរវល់រៀបចំរបររកស៊ីឱ្យមានដំណើរការល្អសិន  ដូច្នេះហើយទើបនាងរយាលពុំបានចេញមុខក្នុងសិល្បៈ។ នាងបញ្ជាក់ថា៖ «ហាងសាឡនរបស់ខ្ញុំបានផ្អាកដំណើរការទៅហើយ​ ដោយ​សារ​តែខ្ញុំគ្មានពេលមើលការខុសត្រូវ ព្រោះខ្ញុំរស់នៅភ្នំពេញតែម្នាក់ឯង រីឯបងប្អូនរស់នៅឯខេត្ដបាត់ដំបងទាំងអស់ ចង់ឱ្យពួកគាត់ជួយក៏មិនកើត ដូច្នេះទើបខ្ញុំសម្រេចបិទហាងសាឡននៅភ្នំពេញនេះចោល ហើយទៅបើកហាងលក់បុកល្ហុងនៅឯខេត្ដបាត់ដំបងវិញ»។

    តារាសម្ដែងរូបនេះបន្ដថា ​ទោះបីជានាងបិទហាងសាឡនពិតមែន ប៉ុន្ដែមុខរបរលក់ផលិតផលថែរក្សាសម្ផស្សដែលបានដំណើរការជាយូរមកហើយនោះ  នាងនៅតែបន្ដលក់តាមរយៈ Online ដោយនាងពុំបានបោះបង់ចោលទេ។ រីឯហាងបុកល្ហុង ដែលចំណាយទុនជិតមួយម៉ឺនដុល្លារសម្រាប់ដំណើរការនោះ នាងត្រូវទុកឱ្យបងស្រីរបស់នាងជាអ្នកមើលការខុសត្រូវជំនួស៕

     

  • អាថ៌កំបាំងរូបមន្ដពិសេស ធ្វើឱ្យសក់ភ្លឺរលោងតាមបែបធម្មជាតិ

    អាថ៌កំបាំងរូបមន្ដពិសេស ធ្វើឱ្យសក់ភ្លឺរលោងតាមបែបធម្មជាតិ

    ជឿថា នារីគ្រប់រូបប្រហែលជាចង់បានសរសៃសក់រឹងមាំ មិនបែកចុង ព្រមទាំងទន់ភ្លឺរលោង និងមិនជំពាក់គ្នាមិនខាន ថ្ងៃនេះគេហទំព័រ ឡារ៉េន សូមពាំនាំនូវវិធីសាស្ត្រអាថ៌កំបាំងនៃការថែរក្សាសរសៃសក់ឱ្យមើលទៅមានសុខភាពល្អ ភ្លឺរលោងដោយផលិតផលធម្មជាតិមកជម្រាបជូន។

    – ស្លឹកគ្រៃ គឺជាបន្លែឱសថបុរាណបែបធម្មជាតិ ដែលមាននៅក្នុងផ្ទះបាយរបស់នារីយើងសឹងតែគ្រប់គ្នា ហើយស្លឹកគ្រៃមានប្រយោជន៍ល្អដល់សរសៃសក់យ៉ាងមិននឹកស្មានដល់ទៀតផង។ គុណសម្បត្តិរបស់វា គឺជួយបំប៉នសរសៃសក់ ការពារសក់បែកចុង ការពារមិនឱ្យសក់ជ្រុះដែលនាំឱ្យសក់ស្តើង ជួយឱ្យសក់ទន់ភ្លឺរលោង ស្រស់ស្អាតបែបធម្មជាតិ ដោយសារតែស្លឹកគ្រៃមានសារធាតុចិញ្ចឹម និងសារៈសំខាន់គឺ វីតាមីន C វីតាមីន​ A និងមានសារធាតុផ្សំនៅក្នុងប្រេងក្រអូបសម្រាប់ម៉ាស្សា ដូចជា ជាតិមេនថល និងកាបូនCitrus ជាដើម។

    វិធីធ្វើ៖

    1.យកដើមស្លឹកគ្រៃ(ទាំងគល់ទាំងស្លឹក)មកលាងឱ្យស្អាតចំនួ​ន 3 ដើម។

    2.យកមកបុកឱ្យល្អិត រួចពូតយកតែទឹក។

    3.បន្ទាប់ពីកក់សក់ស្អាតរួចហើយ យកទឹកស្លឹកគ្រៃមកកក់សក់ឱ្យសព្វ ហើយប្រើដៃម៉ាស្សាលើស្បែកក្បាលថ្នមៗ និងទុករយៈពេល 10 នាទី រួចសឹមលាងទឹកចេញ។

     

    វិធីសាស្ត្រនេះ ឡារ៉ែនសូមណែនាំឱ្យធ្វើជាប្រចាំរៀងរាល់ពេលកក់សក់ប្រមាណជា 2 -3 ខែ នោះអ្នកនឹងសង្កេតឃើញថា សក់របស់អ្នកនឹងឡើងទន់ភ្លឺរលោង ហើយរឹងមាំ និងស្រស់ស្អាតបែបធម្មជាតិទ្វេឡើងៗមិនខាន៕

     

     

     

  • ទឹកខាត់ណា ជំនួយឆ្អឹង និងភ្នែក ទប់ទល់នឹងជំងឺមហារីកតាមបែបធម្មជាតិ

    ទឹកខាត់ណា ជំនួយឆ្អឹង និងភ្នែក ទប់ទល់នឹងជំងឺមហារីកតាមបែបធម្មជាតិ

    នៅក្នុងបន្លែខាត់ណាសម្បូរទៅដោយវីតាមីន A  កាល់ស្យូម ផូស្វ័រ និងវីតាមីន C ដែលបន្ថែមនូវប្រសិទ្ធភាពក្នុងការបំប៉នដល់ ភ្នែក ឆ្នឹង និងទប់ទល់ជាមួយជំងឺមហារីក ព្រមទាំងបំបាត់អាការស្រេកទឹកទៀតផង។ សម្រាប់អ្នកដែលមិនសូវចូលចិត្តពិសាទឹកខាត់ណាដែលមានកាកច្រើននោះ ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមនាំមកនូវគន្លឹះក្នុងការធ្វើទឹកខាត់ណាដ៏មានឱជារសឆ្ងាញ់ពិសា និងមានគុណប្រយោជន៍មកចែកជូនប្រិយមិត្តទាំងអស់គ្នាសាកល្បងធ្វើពិសា។

     

    គ្រឿងផ្សំ៖

    – ដើមខាត់ណាលាងស្អាត រួចហាន់ជាចំណិតតូចៗ 1 ពែង

    – ទឹកឃ្មុំ 2 ស្លាបព្រាបាយ

    – ទឹកក្រូចឆ្មារ 1 ស្លាបព្រាបាយ

    – អំបិលហ្មត់ 1/4 ស្លាបព្រាកាហ្វេ

    – ទឹកបរិសុទ្ធ 1 ពែង

     

    វិធីធ្វើ៖

    1.យកដើមខាត់ណាដែលហាន់ជាចំណិតតូចៗហើយនោះមកកិនក្រឡុកជាមួយទឹកបរិសុទ្ធ នៅក្នុងម៉ាស៊ីនក្រឡុក ហើយសម្រិតកាកចេញយកតែទឹក ។

    2.រួចយកទឹកខាត់ណានោះ លាយជាមួយទឹកឃ្មុំ អំបិល និងទឹកក្រូចឆ្មារ ហើយពិសាជាមួយទឹកកក ជាការស្រេច៕

     

     

  • ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 អបអរភាពជោគជ័យរបស់ខ្លួនក្រោយពីថតបញ្ចប់រឿងចំនួន2

    ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 អបអរភាពជោគជ័យរបស់ខ្លួនក្រោយពីថតបញ្ចប់រឿងចំនួន2

    បន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 បានផលិតរឿងភាគចំនួន2រឿង គឺរឿង «ចម្ការលាក់ស្នេហ៍» និងរឿង «ជីវិតនាងរចនា» ចប់ជាស្ថាពរហើយនោះ កាលពីថ្ងៃទី29  ខែកក្កដា កន្លងទៅអ្នកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ក៏ដូចជាអ្នកគ្រប់គ្រងការផលិតទាំងអស់បានរៀបចំពិធីជប់លៀងលើកទឹកចិត្ដដល់តារាសម្ដែងគ្រប់ៗគ្នា។

    ក្នុងពិធីនេះគេឃើញសង្កេតឃើញថា ក្រុមតារាសម្ដែងនៅក្នុងរឿងទាំងពីរដែលចូលរួមញ៉ាំអាហារនៅភោជនីយដ្ឋានទន្លេបាសាក់ បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដើម្បីជាការអបអរដល់ភាពជោគជ័យរបស់ពួកគេក្រោយបញ្ចប់ការងារសម្ដែងទាំងស្រុង។

    មានតារាសម្ដែងជាច្រើនបានលើកឡើងស្រដៀងគ្នាថា គេកម្រឃើញស្ថានីយទូរទស្សន៍ណាដែលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីរៀបចំពិធីជប់លៀងបែបនេះណាស់។ ជាមួយគ្នានេះដែរពួកគេចាត់ទុកថា វាជាការលើកទឹកចិត្ដដល់ក្រុមការងារផលិតដើម្បីឱ្យពួកគេប្រឹងប្រែងធ្វើការងារនៅរឿងក្រោយៗជាបន្ដបន្ទាប់ទៀតឱ្យបានកាន់តែល្អខ្លាំងបន្ថែមទៀត៕

     

     

     

  • Matic ពិនិត្យ​សុខ​ភាព មុននឹង​ផ្ទេរពីក្លិប Chelsea ​ទៅ Man United

    Matic ពិនិត្យ​សុខ​ភាព មុននឹង​ផ្ទេរពីក្លិប Chelsea ​ទៅ Man United

    ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតយ៉ាងប្រកៀកក្នុង​ការ​ចុះហត្ថលេខា​ជាមួយនឹង Nemanja Matic ពីក្លិបតោ​ខៀវ Chelsea សម្រាប់​តម្លៃ​ខ្លួន​40លាន​ផោន (ស្មើនឹង​52.53​លានដុល្លារ​អាមេ​រិក) ក្រោយពី​ខ្សែ​បម្រើអន្តរ​ជាតិ​ស៊ែ​ប៊ី​រូប​នេះបាន​ត្រួត​ពិនិត្យ​សុខ​ភាពកាលពីថ្ងៃអាទិត្យរួចមក​។ Matic វ័យ​28​ឆ្នាំ នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​3​របស់​ក្លិប Man United នៅ​រដូវក្តៅនេះ ក្រោយពីការនាំ​យកខ្សែការពារ Victor Lindelof ពីក្លិប Benfica ក្នុង​តម្លៃ​ខ្លួន​31លានផោន និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្នុង​តម្លៃខ្លួន​75​លាន​ផោន​។ នៅមុនពេល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 3-0 លើក្រុម Valerenga ក្នុង​ការ​ប្រកួតមិត្ត​ភាពមុន​បើក​រដូវកាល​របស់​ពួក​គេកាល​ពីថ្ងៃ​​អាទិត្យ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​រង់​ចាំនូវ​ព័ត៌​មាន​ផ្សេង​ៗ​។ Matic ​ពិត​ជា​ចង់​ផ្ទេរ​​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​មួយ​។ លេខ​31 គឺ​ជា​លេខ​ដែលនៅ​ទំនេរ​​»​។ ការ​​ផ្ទេរ​នេះ មានន័យ​ថា វា​គឺ​ជាលើក​ទី​2​ហើយ​ដែលលោក Mourinho បាន​ទិញ​ Matic ក្រោយ​ពី​ការ​នាំ​យក​រូបគេពីក្លិប Benfica ​ទៅកាន់​ក្លិប Chelsea ​។ Chelsea បាន​ចំណាយ​ប្រាក់​21​លានផោន កាល​ពី​ខែ​មក​រា ឆ្នាំ​2014 ទៅឱ្យក្លិប Benfica ដើម្បី​ចុះ​ហត្ថលេខា​ជាមួយនឹង Matic ជាលើក​ទី​2 នៅ​ឯ​កីឡដ្ឋាន Stamford Bridge​។ Matic មា​ន​តម្លៃ​ខ្លួន​តិច​ជាង​5​លានផោន​ប៉ុណ្ណោះ​កាល​ពី​ខែមករា ឆ្នាំ​2011 នៅពេល​ដែល​រូបគេ​បាន​ចាក​ចេញពីក្លិប Chelsea ទៅកាន់​ប្រទេស​ព័រ​ទុយហ្គាល់ ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្សែការ​ពារ David Luiz ទៅកាន់​ក្រុមតោ​ខៀវ​។

    ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​1​គ្រាប់ក្នុងការ​បង្ហាញខ្លួនក្នុងក្រប​ខ័ណ្ឌ Premier League ចំនួន​35​លើក អំឡុង​ពេល​រដូវកាល​ឈ្នះ​ពាន​ឆ្នាំ​2016-2017 របស់ Chelsea ប៉ុន្តែ ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ដ៏​សំខាន់​ផង​ដែរ ក្នុង​ពេលក្រុមខ្លួន​ទទួល​ជ័យ​ជម្នះ ក្នុង​ការប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លើក្រុម Tottenham កាល​ពី​​ខែ​​មេសា​៕

    ប្រភព​ពី៖ BBC

     

  • ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ភ្នំពេញៈ​ ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា ភីអឹលស៊ីបានធ្លាក់ចុះជិត10ភាគរយ ក្នុងដំណាច់​ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី ដែល​ជាធនាគារធំជាងគេនៅកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី31 កក្កដា​នេះថា កាលពីឆមាសទី1ឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា​សម្រេចបានទំហំទឹកប្រាក់59.4លានដុល្លារ ប៉ុន្តែឆ្នាំនេះយើងទទួលបានប្រាក់ចំណេញត្រឹមតែ53.3លានដុល្លារប៉ុណ្ណោះ គឺផលចំណេញបានធ្លាក់ចុះជិត10ភាគរយ។

    លោកបន្តថា “ការថយចុះនូវប្រាក់ចំណេញនេះ គឺដោយសារទំហំឥណទាន​របស់​យើងមិនមានកំណើនខ្ពស់ គឺសម្រេចបានត្រឹម0.73ភាគរយប៉ុណ្ណោះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ លោកបន្តថា “ការលក់ឥណទានមិនដាច់ និងការថមថយនូវតម្លៃផលិតផលកសិកម្ម ជាផ្នែកសំខាន់នៃការថមថយចុះនូវប្រាក់ចំណេញ និងទំហំឥណទាន”។

    លោក អ៊ិន ចាន់នី បានបន្តថា ជាមួយនឹងការថយចុះនេះ ធនាគារកំពុងគិតគូរផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនដើម្បីសម្រេចបានកំណើនឡើងវិញ ព្រោះពី​មុនយើងផ្តោតលើកសិកម្មច្រើន។ ធនាគារនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារជារឿងចាំបាច់ ប៉ុន្តែមិនមែនជាការថយចេញពីវិស័យកសិកម្មនោះទេ។

    ការថមថយចុះនៃឥណទានរបស់អេស៊ីលីដាមិនឆ្លុះបញ្ចាំងពីវិស័យនេះទាំងមូលនោះទេ ព្រោះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្រិតឥណទានទូទាំងវិស័យនេះ សម្រេចបានកំណើន18ភាគរយក្នុងឆមាសទី1​ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕