Author: អេបិល

  • “First They Killed My Father” ដាក់បញ្ចាំងជាផ្លូវការហើយ

    “First They Killed My Father” ដាក់បញ្ចាំងជាផ្លូវការហើយ

    យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនចែកចាយកុន Netflix ដ៏ធំរបស់អាមេរិកបានទម្លាយឱ្យដឹងព័ត៌មានអំពីការដាក់បញ្ចាំងរឿង “First They Killed My Father” ឬចំណងជើងជាភាសាខ្មែរថា ​”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ថាគ្រោងនឹងដាក់បញ្ជាំងនៅលើបណ្ដាញផ្សាយផ្ទាល់របស់ខ្លួននៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 នោះនៅលើទឹកដីសហរដ្ឋអាមេរិក។

    គួរបញ្ជាក់ផងដែរថា រឿងនេះគឺជាស្នាដៃនិពន្ធរបស់អ្នកនាង Jolie និងអ្នកស្រី Ung Loung ដែលជាជនជាតិខ្មែរធ្លាប់ឆ្លងកាត់ក្នុងរបបសង្គ្រាមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ ហើយបានចាប់ផ្ដើមថត និងរើសតួសម្ដែងកាលឆ្នាំ​2015 ក្រោមការដឹកនាំសម្ដែងដោយអ្នកនាង Angelina Jolie។ ហើយបានដាក់សម្ពោធជាផ្លូវការលើកដំបូងនៅក្នុងប្រទេសកម្ពុជា នៅក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ 2017 កន្លងទៅ។

    កាន់តែជាក់ច្បាស់សូមទស្សនា​វីដេអូ Trailer ដូចខាងក្រោមនេះ៖

     

     

     

  • តារាសម្ដែងភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីបំផុតនៅក្នុងរឿង The Right Stuff ទទួលមរណភាពហើយ

    តារាសម្ដែងភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីបំផុតនៅក្នុងរឿង The Right Stuff ទទួលមរណភាពហើយ

    ជារឿងសោកសៅមួយទៀតហើយ នៅក្នុងសង្គមសិល្បៈហូលីវូដ សម្រាប់តារាសម្ដែងបែបវិទ្យាសាស្ត្រជើងចាស់មួយរូបដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង តាមរយៈខ្សែភាពយន្ដ  The Right Stuff  គឺលោក Sam Shepard បានទទួលមរណភាពក្នុងអាយុ 73 ឆ្នាំ ដោយសារតែមានរោគជំងឺសាច់ដុំទន់ខ្សោយគ្មានកម្លាំង(ALS)។

    ជាអ្នកនិពន្ធ និងជាតារាសម្ដែងវ័យ 73 ឆ្នាំមានស្នាដៃនិពន្ធអត្ថបទភាពយន្ដធំៗចំនួន 50 រឿង និងធ្លាប់ទទួលបានពានរង្វាន់ Pulitzer នៅក្នុងឆ្នាំ 1979 និងទទួលបានពានរង្វាន់អូស្កាពីភាពយន្ដល្បីដែលមានចំណងជើងថា Buried Child ហើយទទួលបានតំណែងជាតារាឯកប្រុសល្បីល្បាញ នៅក្នុងរឿង The Right Stuff ដែលជារឿងដំបូងនិយាយអំពីការហោះហើរទៅកាន់ពិភពអវកាសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1984។

    ទន្ទឹមនឹងនោះ លោកនៅមានស្នាដៃជាច្រើនទៀតដែលបានបន្សល់ទុកមានជាអាទិ August: Osage County, Black Hawk Down ជាដើម ហើយចំពោះការងារសម្ដែងរឿងភាគទូរទស្សន៍ លោកល្បីខ្លាំងបំផុតនៅក្នុងរឿង  Bloodline ទាំងពីររដូវកាល ដែលមានការចែកចាយរឿងដោយក្រុមហ៊ុន Netflix ។ រីឯរឿងចុងក្រោយដែលលោកបាននិពន្ធ និងសម្ដែងមុនពេលលាចាកលោកនេះទៅ គឺរឿង  Paris និង Texas ៕

     

     

     

  • នាង Kim Ji Won បដិសេធមិនធ្លាប់មានស្នេហាជាមួយក្រុមការងារថតកុន

    នាង Kim Ji Won បដិសេធមិនធ្លាប់មានស្នេហាជាមួយក្រុមការងារថតកុន

    ក្នុងនាមជាតារាសម្ដែងស្រីនៅក្នុងរឿង Descendants of The Sun នាង Kim Ji Won បានរៀបរាប់ពីស្នេហាផ្អែមល្ហែមរវាង Song Joong Ki និង Song HyeKyo ខណៈដែលនាងបានរួមការងារថតរឿងភាគទូរទស្សន៍មួយនេះជាមួយគ្នាដែរ។

     

    ស្របពេលដែល Song Joong Ki និង Song HyeKyo កំពុងតែជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយនោះ តារាស្រីរូបនេះ បានរៀបរាប់ពីរឿងរ៉ាវរបស់តួឯកទាំង2ដួងនេះថា “នាងខ្ញុំបានដឹងដំណឹងមួយនេះពីព័ត៌មានចេញផ្សាយ”។ នាង Ji Won បានបន្តទៀតថា “នាងខ្ញុំគិតថា ពួកគេប្រហែលជាទទួលបានសារ និងការសម្ដែងសេចក្ដីត្រេកអរយ៉ាងសប្បាយរីករាយច្រើនណាស់មើលទៅ ដូច្នេះហើយខ្ញុំក៏មិនបានទាក់ទងទៅពួកគេទៀតឡើយ ក៏ប៉ុន្ដែតាមការពិតទៅ នាងខ្ញុំមានអារម្មណ៍រីករាយជាមួយពួកគេខ្លាំងណាស់ ការដែលបានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត និងចំណាយពេលវេលាដែលមាននៅជាមួយគ្នា ធ្វើអ្វីដែលល្អជាច្រើននោះ ។ នាងខ្ញុំមានអារម្មណ៍ថា ច្រណែនខ្លាំងណាស់…”។

    តារាស្រីវ័យ 24 ឆ្នាំរូបនេះបានបន្ថែមទៀតថា “នាងខ្ញុំជាតារាសម្ដែងវ័យក្មេងបំផុតនៅក្នុងរឿងខាងលើ និងកំពុងតែស្ថិតនៅក្នុងការទទួលខុសត្រូវចំពោះតួនាទីខ្លួនឯង ទើបខ្ញុំមិនបានចាប់អារម្មណ៍ និងសង្កេតពួកគេពីការចាប់ផ្ដើមមានទំនាក់ទនងគ្នានៅពេលថតរឿង”។

    ជាចុងក្រោយនាងបានបញ្ជាក់ថា “ខ្ញុំនៅតែមិនដែលធ្លាប់គិតពីមុនមកសោះថា នឹងត្រូវលង់ស្រឡាញ់នរណាម្នាក់នៅក្នុងក្រុមការងារថតកុន តែខ្ញុំគិតថា ជួនកាលវាក៏មិនអាចដូចការគិតបែបនេះរហូតដែរ”៕

     

     

  • ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» របស់ ប៊ុន រតនា ជោគជ័យយ៉ាងខ្លាំង!!

    ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» របស់ ប៊ុន រតនា ជោគជ័យយ៉ាងខ្លាំង!!

    កម្មវិធីកំប្លែងថ្មីដែលផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ថោនដាក់ចេញក្រោមចំណងជើងថា «ដូច្នឹងផង!» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៦ ជាមួយឃ្លិបវីដេអូជាច្រើនកំពុងធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងក្លាទាំងនៅលើកញ្ចក់ទូរទស្សន៍  លើយូធូប និង​ កាន់តែផ្ទុះខ្លាំងបំផុតទៅទៀត គឺនៅលើហ្វេសប៊ុកតែម្តង ខណៈដែលការជោគជ័យនេះត្រូវបានគេកត់សម្គាល់ថា ការបញ្ចាំង​រឿងដុំនៅលើកញ្ចក់ទូរទស្សន៍ថោនក៏ទទួលបានការគាំទ្រយ៉ាងកក្រើក​ពីមហាជនយ៉ាងផ្ទួនៗដូចគ្នាដែរ។

    លោក ប៊ុន រតនា ដែលគេស្គាល់តាមរយៈការដឹកនាំបទមនោសញ្ចេតនាល្បីៗ បានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ​លោកបានចូលទៅគ្រប់គ្រងផ្នែកផលិតកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ជាមួយកម្មវិធីថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន​។

    អ្នកដឹកនាំបទចម្រៀង «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» រូបនេះ​បានបន្តថា កម្មវិធីថ្មី​ដែ​ល​លោ​ក​កំ​ពុង​ផ​លិ​ត​រួ​ម​​ជា​មួ​យ​ក្រុ​​​​ម​កា​រ​​ងារ​​ផ​លិ​ត​ក​ម្ម ​និ​ងស្ថា​​នី​យ៍ទូ​រ​ទ​​ស្ស​ន៍​ថោ​ន​​ដែលបា​ន​ផ្សា​យ​ចេ​ញបណ្តើរៗ​ ​រា​ប់​រ​យ​ឃ្លិ​ប​នោះ​ ​ជា​ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» ដោយដាក់បញ្ចាំងចាប់រៀងរាល់ថ្ងៃពីច័ន្ទ ដល់អាទិត្យវេលាម៉ោង7.០០នាទី ដល់ម៉ោង9.០០នាទីយប់។

    លោក ប៊ុន រតនា ហៅ សេម បានបន្តទៀតថា ដូចយើងដឹងស្រាប់ហើយ កម្មវិធីកំប្លែងវាពិបាកណាស់ ដើម្បីធ្វើឲ្យមនុស្សសើចបាន តែទីបំផុតខាងផលិតកម្មថោន និងស្ថានីយ៍ទូរទស្សន៍ថោនយើង​អាចធ្វើវាបាន ដោយ​ជាក់ស្តែងយើងឃើញថា វាអ៊ីចឹងមែន មហាជនចូលចិត្តមើលច្រើនណាស់។

    គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ជា​ផលិតករដឹកនាំបទកំសត់ៗ ដូចជាបទ «I am Sorry» បទ «អស់ឱកាស» បទ«ហេតុអ្វីឱ្យបងស្គាល់អូន» បទ «ពេលនេះម៉ោងនេះ ខ្ញុំឈឺចាប់ជាទម្ងន់» និង បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងគ្មាននរណាមិននឹកស្មានថា លោកអាចផលិតកម្មវិធី​កំប្លែងខ្លី ធ្វើឲ្យមហាជនផ្ទុះសំណើចបែបនេះសោះ ៕

     

    ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

    https://www.youtube.com/watch?v=eCxEw69zrXU

    https://www.youtube.com/watch?v=dn6_kGrdkrg

  • ស្ពៃក្ដោបពណ៌ស្វាយ និងចំណុចដែលគួរដឹងមុនទទួលទាន

    ស្ពៃក្ដោបពណ៌ស្វាយ និងចំណុចដែលគួរដឹងមុនទទួលទាន

    ដឹងដែរឬទេថា ស្ពៃក្ដោបពណ៌ស្វាយ ឬមានឈ្មោះជាភាសាអង់គ្លេស Red cabbage ដែលមានពណ៌ស្វាយស្រស់ស្អាតទាក់ទាញគូរឱ្យចង់ទទួលទាននោះ មុននឹងបរិភោគអ្នកគួរតែដឹងអំពីវាឱ្យបានច្បាស់សិន ដូច្នោះនៅពេលអ្នកទទួលទានស្ពៃជាអាហារឆៅ ស្រស់ ដូចជាសាលាដ ឬញាំបន្លែជាដើមនោះ អ្នកគួរតែដឹងអំពីគុណប្រយោជន៍ល្អៗជាច្រើនរបស់ស្ពៃចំពោះរាងកាយអ្នក។ ថ្ងៃនេះគេហទំព័រ ឡារ៉េន បានពាំនាំនូវអត្ថប្រយោជន៍ល្អៗរបស់ស្ពៃក្ដោបស្វាយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។

    ដោយសារតែស្ពៃក្ដោបពណ៌ស្វាយ ជាបន្លែដែលមានកាកសរសៃអាហារក្នុងបរិមាណច្រើនគួរសម និងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ មិនថាតែប្រូតេអ៊ីន កាបូអ៊ីដ្រាត សូដ្យូម និងវីតាមីន C ផងនោះ ក្រៅពីការទទួល​ទានស្ពៃក្ដោបពណ៌ស្វាយយ៉ាងទៀងទាត់ហើយ នៅជួយកាត់បន្ថយឱកាសការកើតជំងឺមហារីកពោះវៀន និងជួយការពាររោគក្នុងប្រព័ន្ធរំលាយអាហារផ្សេងៗបានទៀតផងទៀត និងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ ម៉្យាងទៀតវាក៏សម្បូរទៅដោយសារធាតុដែកដែលជាសារធាតុសំខាន់បំផុតក្នុងការជំរុញការបង្កើតកោសិកាឈាមនៅក្នុងរាងកាយរបស់មនុស្សយើងទៀតផង។

     

    យ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃយើងមិនគួរបរិភោគស្ពៃឆៅច្រើនជ្រុលពេកទេ ដោយសារវាមានផ្ទុកនូវសារធាតុម៉្យាងដែលមានឈ្មោះថា Goitrogen បណ្ដាលឱ្យសារធាតុនេះកើនលើសនៅក្នុងរាងកាយ ដែលបង្កឱ្យសារជាតិអ៊ីយ៉ូតទីរ៉ូអ៊ីតនៅក្នុងឈាមថយចុះ ក៏ប៉ុន្ដែអ្នកបរិភោគមិនចាំបាច់បារម្ភទេ ព្រោះសារធាតុនេះនឹងបាត់បង់ទាំងស្រុងនៅពេលស្ពៃក្ដោបត្រូវបានចម្អិនឆ្អិន៕

     

  • បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    ភ្នំពេញ៖ ការទទួលទានបន្លែ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រួសារពលរដ្ឋខ្មែរយើងគ្រប់ៗគ្នា ប៉ុន្តែបើសិនយើងមិនបានប្រុងប្រយ័ត្នទេនោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង ដែលវាអាចបង្កទៅជាជំងឺផ្សេងៗដែលត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ព្យាបាលទៀតផង។

    លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលបានដឹកនាំមន្ត្រីជំនាញយករថយន្តចល័តសម្រាប់ពិនិត្យបន្លែ ត្រីសាច់ ម្ហូបអាហារផ្សេងៗ ដែលដាក់លក់នៅតាមទីផ្សារនានានៅក្នុងខេត្តកណ្តាលបានមានប្រសាសន៍ថា បន្លែដែលទើបរកឃើញថ្មីមួយទៀតកាលពីព្រឹកថ្ងៃទី1 ខែសីហានេះគឺ ស្លឹកគូឆាយដែលយើងរកឃើញថា មានផ្ទុកសារធាតុគីមីខ្ពស់ដែលត្រូវបានហាមមិនឱ្យលក់ដូរនៅលើទីផ្សារ។ លោកបញ្ជាក់ដូច្នេះថា «នៅក្នុងការចុះត្រួតពិនិត្យនៅព្រឹកនេះ គឺមន្រ្តីជំនាញយើងបានរកឃើញបន្លែស្លឹកគូឆាយដែលកសិករដាំដោយប្រើថ្នាំសម្លាប់សត្វល្អិត ដែលថ្នាំសម្លាប់សត្វល្អិតនេះមិនមែនជាថ្នាំដែលត្រូវហាមមិនឱ្យប្រើនោះទេ​ គ្រាន់តែថា កសិករបាញ់ថ្នាំនោះរួចហើយ គាត់ប្រញាប់កាត់យកមកលក់លឿនពេក តាមពិតគេតម្រូវឱ្យទុកចោលរយៈពេល5ថ្ងៃក្រោយការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះរួចទើប អាចកាត់យកមកលក់ ឬហូបបាន តែភាគច្រើន​ពួកគាត់បាញ់ថ្នាំហើយតែ2ថ្ងៃប៉ុណ្ណោះ ក៏កាត់យកមកលក់តែម្តង»។

     

    គួរបញ្ជាក់ថា នៅក្នុងការចុះពិនិត្យបន្លែនាំចូលពីប្រទេសវៀតណាម មន្រ្តីជំនាញកាំកុងត្រូលក៏បានរកឃើញបន្លែផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ដែរ ដោយបន្លែដែលមានផ្ទុកខ្លាំងជាងគេនោះគឺផ្លែម្ទេស ដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃហើយស្ទើរមិនអាចអត់បានទៀតផង និងបន្លែមួយប្រភេទទៀតនោះគឺ ផ្កាខាត់ណាហ្នឹងឯង។ លោក អ៊ូ ម៉ានូរិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការទទួលទានបន្លែទាំង3ប្រភេទនេះ ពិសេសកសិករគួរកុំប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះហួសកម្រិតពេក ព្រោះថាទាំងអ្នកដាំ ទាំងអ្នកទទួលទានគឺសុទ្ធតែរងផលប៉ះពាល់ដល់សុខភាពដូចគ្នាទាំងអស់ ហើយអ្នកដាំរងផលប៉ះពាល់ខ្លាំងជាងអ្នកទទួលទានទៅទៀត។

    ការទទួលទានបន្លែផ្ទុកសារធាតុគីមី គឺអាចបង្កផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីធ្វើឱ្យយើងពុល រាករូស ក្អួតចង្អោរជាដើម តែបើរយៈពេលវែងគឺវាបង្កឱ្យកើតជាជំងឺរុំារ៉ៃផ្សេងៗ ដូចជាជំងឺបេះដូង លើសជាតិខ្លាញ់ ខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល លើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីតជាដើម ដែលភាគច្រើនជំងឺទាំងនេះសុទ្ធតែពិបាកព្យាបាល និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង៕  

     

  • Angelina Jolie ច្រានចោលព័ត៌មានដែលថា នាងបោកប្រាស់កុមារកម្ពុជា

    Angelina Jolie ច្រានចោលព័ត៌មានដែលថា នាងបោកប្រាស់កុមារកម្ពុជា

    មកដល់ដំណាក់កាលមួយដែលកំពូលតារាស្រីជួរមុខនៅហូលីវូដ ដូចជាអ្នកនាង Angelina Jolie បានក្លាយជាអ្នកដឹកនាំរឿងដំបូង ជាមួយភាពយន្ដស្ដីអំពីជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលមានចំណងជើងថា First They Killed My Father កំពុងតែទទួលបានការគាំទ្រជាខ្លាំង។ ជាមួយគ្នានោះដែរ ក៏ស្រាប់តែមានលេចព័ត៌មានវាយប្រហារអ្នកនាងថា បានបោកប្រាស់កុមារកម្ពុជា ខណៈដែលអ្នកនាងបានប្រើប្រាស់ការដាក់លុយនៅលើតុដើម្បីទិញទឹកចិត្តកុមារកម្ពុជាឱ្យមកចូលរួមការជ្រើសរើសតួរបស់អ្នកនាង។

    អ្នកនាង Jolie មានគោលដៅចង់បានក្មេងស្រីម្នាក់ដែលមានបទពិសោធជិវិតខ្លាំង មានសភាពលំបាកវេទនាពិតក្នុងខ្សែជីវិត ដើម្បីមកសម្តែងជាតួក្នុងខ្សែភាពយន្តរបស់នាង ដូច្នេះនាងបាន​សម្រេចចិត្តចុះទៅស្រាវជ្រាវរកប្រភេទកុមារដែលនាងចង់បាននោះនៅតាមមណ្ឌលកុមារកំព្រា សាលាហាត់សៀក និងសាលារៀនក្រីក្រនៅតាមជនបទជាច្រើនកន្លែង ហើយទីបំផុត Jolie បានជ្រើសរើសបានក្មេងស្រីម្នាក់ឈ្មោះ ម៉ុច ដើម្បីថតរឿង។

     

    ទន្ទឹមនឹងមានព័ត៌មាននេះផ្ទុះឡើង តារាវ័យ 41 ឆ្នាំរូបនេះបានបកស្រាយថា “​ស្រីម៉ុច ជាក្មេងស្រីតែម្នាក់ដែលនាងខ្ញុំបានសម្លឹងឃើញជាជាងលុយទៅទៀត នៅពេលនេះនាងតូចត្រូវគេបង្ខំឱ្យប្រគល់លុយនោះវិញ ហើយនាងមានអារម្មណ៍ថា ខ្លួនឯងកំពុងត្រូវគេបោកប្រាស់ ហើយនៅពេលដែលនាងត្រូវគេសួរថា ត្រូវការយកលុយទៅធ្វើអ្វី នាងបានប្រាប់ថា លោកតារបស់ខ្ញុំលាចាកលោកនេះហើយ ហើយគ្មានលុយគ្រប់គ្រាន់នឹងរៀបចំពិធីបុណ្យសពលោកទេ “។

    យ៉ាងណាមិញ អ្នកនាង  Angelina Jolie បានបន្ដបកស្រាយបន្ថែមចំពោះការវាយតម្លៃនាងក្នុងផ្លូវមិនល្អថា “គ្រប់កត្តាមានគឺមានសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ក្មេងៗ តាំងពីចាប់ផ្ដើមការថតដំបូង ពីការផ្ដើមវគ្គ Auditions រហូតទៅដល់ចំណុចនោះ ទើបលោកឪពុកអ្នកម្ដាយ អាណាព្យាល សូម្បីតែ NGO ដៃគូសហការរបស់យើង គឺមានការយកចិត្តទុកដាក់ និងមើលថែ រួមទាំងមានក្រុមគ្រូពេទ្យជាជំនួយទៀតផង”។

    ជាចុងក្រោយ អ្នកដឹកនាំរឿង First They Killed My Father រូបនេះបានបញ្ជាក់បន្ថែមថា គោលដៅរបស់រឿងនេះគឺ ពាំនាំនូវសេចក្ដីភ័យខ្លាចរបស់ក្មេងៗ ដែលត្រូវប្រឈមមុខជាមួយសង្គ្រាម និងនិយាយអំពីការតស៊ូក្នុងការការពារពួកគេផងដែរ ៕

     

  • ទឹកល្មុត ការពារជំងឺមហារីកពោះវៀនបាន

    ទឹកល្មុត ការពារជំងឺមហារីកពោះវៀនបាន

    មុននឹងធ្វើទឹកល្មុតពិសា យើងត្រូវដឹងពីគុណប្រយោជន៍នៃផ្លែល្មុតជាមុនសិន ហើយនៅថ្ងៃនេះ គេហទំព័រ ឡារ៉ែន បានដកស្រង់នូវអត្ថបទដ៏ល្អ និងមានអត្ថប្រយោជន៍សម្រាប់ប្រិយមិត្តអ្នកអានទាំងឡាយឱ្យបានជ្រាបអំពីគុណប្រយោជន៍របស់ទឺកល្មុត។

    ផ្លែល្មុត ជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ការពារជំងឺមហារីកពោះវៀន ម៉្យាងទៀតថែមទាំងធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ផ្អែមឆ្ងាញ់ជាប់មាត់ទៀតផង។ ប្រសិនបើទទួលទានផ្លែល្មុតជាប្រចាំ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាធម្មតា មិនបណ្ដាលឱ្យមានផលប៉ះពាល់ ឬហុចផលអាក្រក់ដល់ពោះវៀនឡើយ និងការពាររោគមហារីកពោះវៀនបានយ៉ាងល្អប្រសើរ ព្រោះល្មុតមានកាកសរសៃអាហារក្នុងបរិមាណច្រើនដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់។

    ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា នៅក្នុងផ្លែល្មុតសម្បូរទៅដោយស្ករ Fructose ក្រៅពីនេះផ្លែល្មុតនៅមានសារធាតុជាច្រើនទៀតដូចជា វីតាមីន A វីតាមីន C ផូស្វ័រ និងជាតិកាល់ស្យូមផងដែរ ដូច្នេះនៅពេលបានដឹងពីគុណប្រយោជន៍របស់ផ្លែល្មុតហើយ យើងគួរតែធ្វើទឹកល្មុតពិសាទាំងអស់គ្នា។

    គ្រឿងផ្សំក្នុងការធ្វើទឹកល្មុត៖
    1.សាច់ផ្លែល្មុតទុំ 1 កែវ
    2.ទឹកបរិសុទ្ធ 1 កែវ
    3.អំបិល 1/4 ស្លាបព្រាកាហ្វេ
    4.ទឹកកក 1 កែវ

    វីធីធ្វើ៖
    1.ត្រៀមគ្រឿងផ្សំនីមួយៗឱ្យគ្រប់តាមចំនួន។
    2.យកផ្លែល្លុតដែលចិតសម្បក និងចិតជាដុំតូចៗរួចហើយនោះមកចាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក។
    3.បន្ថែមអំបិល ទឹកបរិសុទ្ធ និងទឹកកកចូលទៅ។
    4.ចាប់ផ្ដើមក្រឡុក ឱ្យគ្រឿងផ្សំទាំងអស់រលាយចូលគ្នា។
    5.ចាក់ដាក់កែវ ព្រមទាំងពិសាបែបត្រជាក់ៗ បន្ថយអាការក្រហាយពោះបានភ្លាមៗ៕

  • ក្រុមហ៊ុនស្រាបៀរ Tiger និងអង្គការ WWF រួមគ្នាប្រារព្ធទិវា GLOBAL TIGER DAY

    ក្រុមហ៊ុនស្រាបៀរ Tiger និងអង្គការ WWF រួមគ្នាប្រារព្ធទិវា GLOBAL TIGER DAY

    ស្រាបៀរ Tiger និងអង្គការ WWF រួមគ្នាប្រារព្ធទិវា GLOBAL TIGER DAY ដែលកិច្ចសហការនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ ។

    ស្រាបៀរថៃហ្គ័រ និងអង្គការ WWF ក៏បានអំពាវអំនាវ ដល់មនុស្សនៅទូទៅពិភពលោក ចូលរួមអបអរទិវាសត្វខ្លាធំ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៩ ខែកក្កដា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ តាមរយៈការចូលរួមក្នុងយុទ្ធនាការ #3890Tigers (3890tigers.com) ដែលជាយុទ្ធនាការលើប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិត ដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។

    សត្វខ្លាធំ ស្ទើរតែជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ ៩៦ភាគរយ នៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ចាប់ពីចំនួន ១០០,០០០ក្បាល រហូតដល់៣,៨៩០ ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់ គឺជាហេតុផលសំខាន់មួយដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។

    ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាង១០០ក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្របៀរថៃហ្គ័រ និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន ៦,០០០ក្បាល ត្រឹមឆ្នាំ២០២២ ។កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៧ ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ ១លានដុល្លារអាមេរិក ពីស្រាបៀរថៃហ្គ័រ។

    លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានថ្លែងថា «យើងមិនអាចស្រមៃមើលពិភពលោកមួយ ដែលមិនមានវត្តមានសត្វខ្លាធំនោះទេ ដូច្នេះ ការអភិរក្សជារឿងចាំបាច់ ហើយវាជាកិត្តិយសសម្រាប់យើង ដែលបានចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្សនេះ។ ក្នុងអំឡុងយុទ្ធនាការ 3890 Tigers រយៈពេលពីរខែកន្លងមកនេះ យើងបានឃើញយុវជនជាច្រើនបានចូលរួម និងប្រកាសជំហរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ។ ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់កិច្ចសហការរបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ និងជម្រុញយុវជនឲ្យចូលរួមកាន់តែច្រើនថែមទៀត»។

    លោក Seng Teak នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សត្វខ្លាធំ ជាប្រភេទសត្វឆើតឆាយនិងមានអំណាច ដែលជាទីស្រលាញ់ចូលចិត្តនៃមនុស្សជាច្រើន ហើយចាត់ទុកវា ជាសម្បត្តិជាតិនិងពិភពលោក។ យើងសុំឲ្យសាធាណជនទូទៅចូលរួមកាពារសត្វខ្លាធំ តាមរយៈការអំពាវអំនាវឲ្យអ្នកបរិភោគបញ្ឈប់ការទិញសាច់សត្វព្រៃ និងសូមឲ្យរដ្ឋាភិបាលកម្ពុជាបង្ក្រាបឲ្យមានប្រសិទ្ធភាព លើការដាក់អន្ទាក់នៅក្នុងតំបន់ព្រៃការពារ ។ ការដាក់អន្ទាក់ គឺជាឃាតករលាក់មុខសំលាប់ជីវិតសត្វព្រៃ រួមទាំងសត្វខ្លាធំផងដែរ ហើយវាកំពុងតែធ្វើឲ្យអន្តរាយដល់ចំនួនសត្វព្រៃនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក»។

    សូមចូលរួមក្នុងយុទ្ធនាការនេះ ដោយចូលទៅកាន់គេហទំព័រ៖ 3890tigers.com និងលាតត្រដាងពីសិល្បៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕

     

     

  • ការនាំចូលសម្ភារសំណង់កើនខ្លាំងនៅរយៈពេលចុងក្រោយនេះ

    ការនាំចូលសម្ភារសំណង់កើនខ្លាំងនៅរយៈពេលចុងក្រោយនេះ

    ភ្នំពេញ៖ វឌ្ឍនភាពនៃវិស័យសំណង់បានបន្តកើនឡើងខ្លាំងនៅឆមាសទី1​ ឆ្នាំ2017នេះ ដោយសារកត្តាសេ្ថរភាពនយោបាយ​ ស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច កំណើនតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងកំណើននៃលំហូរចូលវិនិយោគបរទេសនៅក្នុងវិស័យសំណង់។

    របាយការណ៍វឌ្ឍនភាពវិស័យសំណង់ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការនាំចូលសម្ភារសំណង់និងគម្រោងវិនិយោគសំណង់នានាដែលនៅក្នុងឆមាសទី1 ឆ្នាំ2017នេះ។ ការនាំចូលសម្ភារសំណង់បានកើនឡើងវិញប្រមាណ34% ខ្ពស់ជាងកំណើន22% ហើយការនាំចូលស៊ីម៉ងត៍មានកំណើន 10%វិញ បន្ទាប់ពីបានធ្លាក់ចុះ40% កាលពីរយៈពេលដូចគ្នានៅឆ្នាំ2016។ ម្យ៉ាងទៀតគម្រោងវិនិយោគក្នុងវិស័យ​សំណង់បន្តមានសេ្ថរភាពល្អប្រសើរ ដោយគម្រោងដែលមានការអនុញ្ញាតកើនឡើង 28.7% ដល់ចំនួន 1,523 គម្រោង ស្របពេលតម្លៃវិនិយោគដែលបានអនុម័តបានកើនឡើង 27% ដល់ជិត 5ប៊ីលានដុល្លារអាមេរិក។

    ចាប់ពីឆ្នាំ2016មក សមាមាត្រនៃគម្រោងសំណង់លំនៅដ្ឋានធៀបនឹងគម្រោងអនុម័តសរុប មាននិន្នាការថយចុះ ខណៈដែលសមាមាត្រគម្រោងលំនៅដ្ឋានពាណិជ្ជកម្ម និងទេសចរណ៍ មាននិន្នាការកើនឡើងជាបន្តបន្ទាប់ ដោយវិនិយោគិនបានបង្វែរមកពីការវិនិយោគអគារការិយា ល័យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារជាដើមវិញ។ កំណើននៃសំណង់លំនៅដ្ឋាន និងទេសចរណ៍នេះបានរួមចំណែក និងគាំទ្រដោយគម្រោងសង់ថ្មីៗ ដូចជាសណ្ឋាគារ ខុនដូ ដែលកំពុងតែផុលផុសនៅខេត្តព្រះសីហនុដើម្បីបំពេញតាមតម្រូវការ នៃកំណើនភ្ញៀវទេសចរទៅកាន់តំបន់នោះ ដែលជាមធ្យមកើនឡើងប្រមាណជា 10% ក្នុងឆមាសទី1 ឆ្នាំ2017។ ជាក់ស្តែងខុនដូខ្ពស់ជាងគេ (The Seagate Suit) ដែលមានតម្លៃ 200លានដុល្លារអាមេរិក វិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងហុងកុង ត្រូវបានអនុម័តលើគម្រោង D’Sea View និងThe Blue Bay ដែលអនុម័តកាលពីពេលថ្មីៗកន្លងមក​ ចំពោះគម្រោងសាងសង់នៅខេត្តព្រះសីហនុ៕