Author: អេបិល

  • វិធីងាយៗក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ

    វិធីងាយៗក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ

    ភ្នំពេញ- នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះដំណើរការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះជិតផុតកំណត់ហើយ តែយ៉ាងណាមហាជនមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីវិធីបង់ពន្ធនេះនៅឡើយ ពិសេសអ្នកទើបមានយានជំនិះថ្មីថ្មោង។ ថ្ងៃនេះឡារ៉ែនសូមបង្ហាញពីវិធីងាយៗក្នុងការបង់ពន្ធនេះ។

    ប្រជាពលរដ្ឋទាំងអស់អាចទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះរបស់ខ្លួនបាននៅតាមសាខាពន្ធដារខណ្ឌ សាខាធនាគារកាណាឌីយ៉ា ក.អ  និងសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេសបាន។

    វិធីសាស្រ្ដមានពីរ៖

    1.សម្រាប់អ្នកមានប័ណ្ណសម្គាល់ការបង់ពន្ធ លោកអ្នកគ្រាន់តែប្រគល់ប័ណ្ណនោះទៅឱ្យបុគ្គលិកដំណើរការ​ ពួកគេនឹងយកទៅស្គែនបារ៍កូដរបស់លោកអ្នក។

    2.សម្រាប់លោកអ្នកដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធ ឬក៏ទើបតែមានរថយន្ដថ្មីៗ លោកអ្នកត្រូវបំពេញតាមលិខិតប្រកាស និងក្រោយបំពេញហើយត្រូវប្រគល់ឱ្យបុគ្គលិកបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រដោយលោកអ្នកអាចពិនិត្យមើលសាច់ប្រាក់តាមរយៈApp របស់អគ្គនាយកដ្ឋានពន្ធដារបាន។

    បន្ទាប់ពីប្រតិបត្ដិការណាមួយក្នុងវិធីទាំងពីរខាងលើរួចមក លោកអ្នកត្រូវទៅបង់ប្រាក់នៅឯបញ្ជរបង់ប្រាក់នោះជាការស្រេច៕

  • ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយ

    ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយ

    ភ្នំពេញៈ ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងអ្នកជំនួញកាន់តែច្រើនបានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយក្នុង​ឆមាសទី1ឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា គិតត្រឹមដំណាច់ឆមាសទី1ឆ្នាំនេះ ចំនួនបន្ទប់សណ្ឋាគារនៅរាជធានីភ្នំពេញបាន​កើនឡើងពី16,638បន្ទប់កាលពីឆ្នាំមុនដល់ចំនួន19,854បន្ទប់នៅដំណាច់​ឆមាសទី1ឆ្នាំនេះ ហើយចំនួនសណ្ឋាគារសរុបនៅរាជធានីភ្នំពេញបានកើនពី355ដល់ចំនួន437អគារនៅក្នុងរយៈពេលដដែលនេះ។

    ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយពីរមានចំនួន3,856បន្ទប់ ស្មើនឹង110អគារ សណ្ឋាគារផ្កាយបីមានចំនួន7,009បន្ទប់​ ស្មើនឹង194អគារ សណ្ឋាគារកម្រិតផ្កាយបួនមានចំនួន6,159បន្ទប់ ស្មើនឹង121អគារ និងសណ្ឋាគារកម្រិតផ្កាយប្រាំមានចំនួន2,930បន្ទប់ និងស្មើនឹងចំនួន12អគារ។

    ការសិក្សាដដែលបានរកឃើញថា តម្លៃបន្ទប់សណ្ឋាគារបានកើនឡើងតិចតួចនៅឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃបន្ទប់សណ្ឋា​គារផ្កាយ5មានតម្លៃជាមធ្យម200ដុល្លារក្នុងមួយយប់កាលពីឆ្នាំមុន និងបានកើនឡើងជាង200ដុល្លារនៅឆ្នាំនេះ។

    លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបាន​ថ្លែងថា អ្នកវិនិយោគលើវិស័យសណ្ឋាគារនៅក្រុងភ្នំពេញភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយសារអាជីវកម្មប្រភេទនេះមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោ​គ ព្រោះការវិនិយោគក្នុងវិស័យនេះមិនសូវមានហានិភ័យនោះទេ ដោយសារចំនួនភ្ញៀវអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់។

    លោកបន្តថា “កត្តាសន្តិភាព និងស្ថិរភាពនយោបាយក៏រួមចំណែកជួយជំរុញកំណើនវិនិយោគក្នុងវិស័យនេះផងដែរ”៕

  • ធ្លាប់ដឹងអត់?  ការពិត Seav Jks ជានគរបាលសោះ! (មានវីដេអូ)

    ធ្លាប់ដឹងអត់?  ការពិត Seav Jks ជានគរបាលសោះ! (មានវីដេអូ)

    បន្ទាប់ពីចេញបទចម្រៀង “ស្លៀក​ខ្លី” រួចមក តារាចម្រៀង SeavJksទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងអំឡុងឆ្នាំ 2016 រហូតដល់លោកត្រូវបានអញ្ចើញ និងសហការច្រៀងរួមគ្នាជាមួយតារាចម្រៀងរ៉េប Bross La នូវបទ “ស៊ីក្លូ” ទៀតផង។

    អ្នកគាំទ្រគ្រប់រូបច្បាស់ជាបានស្គាល់តារាចម្រៀងរ៉េបរូបនេះហើយ ក៏ប៉ុន្ដែបច្ចុប្បន្នភាពអំពីជីវិតក្រៅសិល្បៈវិញ មិនសូវមានអ្នកដឹងថា SeavJksគឺជាមន្ត្រីរាជការមួយរូបឡើយ។ លោក សៀវ បានប្រាប់អ្នកយកព័ត៌មាននៃគេហទំព័រ ឡារ៉ែន នៅក្នុងថ្ងៃប្រគំតន្ត្រី ETV Gold តន្ត្រីមហាគ្រួសារ KAP ថា “ខ្ញុំធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ជានគរបាលតាំងពីឆ្នាំ 2014 មកម្ល៉េះ មកទល់ពេលនេះខ្ញុំចូលធ្វើជាមន្រ្តីនគរបាលជាតិបាន 3 ឆ្នាំហើយ”។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ 20 ឆ្នាំរូបនេះ សព្វថ្ងៃមានឋានន្តរស័ក្ដិជា អនុសេនីយត្រី នៃក្រសួងមហាផ្ទៃ។ ហើយក្រៅពីការងារសិល្បៈ និងជាមន្ត្រីរាជការហើយនោះ ថ្មីៗនេះលោកក៏បានសហការជាមួយនឹង ប្រុសឡា បើកអាជីវកម្មផ្ទាល់ខ្លួនមួយ គឺ ហាងមីហិរ 7 កម្រិត ដែលបានទិញសិទ្ធិពីបរទេសមក និងមានសាខានៅខេត្តបាត់តំបង សៀមរាប និងបន្ទាយមានជ័យផងដែរ៕

    សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ចុម…ស្ងាត់ៗ នី រតនា សម្ងំថតរឿងភាគទូរទស្សន៍ (មានវីដេអូ)

    ចុម…ស្ងាត់ៗ នី រតនា សម្ងំថតរឿងភាគទូរទស្សន៍ (មានវីដេអូ)

    តាមរយៈការប្រគំតន្ត្រី ETV Gold តន្ត្រីមហាគ្រួសារ KAP លោក នី រតនា បានផ្ដល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន នៃគេហទំព័រ ឡារ៉ែន ជាពិសេសជុំវិញជីវិតរស់នៅប្រចាំថ្ងៃ និងការងារសិល្បៈថ្មីៗ ដែលលោកកំពុងតែជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនជាច្រើន។

    ម្ចាស់ពានរង្វាន់ Cambodian IDol រដូវកាលទី 1 រូបនេះ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីថតចម្រៀងថ្មីៗហើយ លោកកំពុងតែថតរឿងភាគថ្មីមួយ សម្រាប់ស្ថានីយទូរទស្សន៍ហង្សមាស។ រតនា បានបន្ដថា “រឿងភាគមួយនេះ ជាប្រភេទរឿងបែបស្នេហាយុវវ័យ មិនមែនជារឿងបុរាណអីទេ តែជារឿងសម័យទំនើប”។

    គួរបញ្ជាក់ផងដែរថា នៅក្នុងរឿងភាគបែបយុវវ័យនេះ លោកថា មានការចូលរួម និងចាប់ដៃគូសម្តែងជាមួយតារាចម្រៀងស្រីជាច្រើនដួងទៀត ដូចជា កញ្ញា សួស វីហ្សា និងកញ្ញា វី ឌីណែត ជាដើម។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូបទសម្ភាសរបស់លោក នី រតនា ជាមួយអ្នកយកព័ត៌មាននៃគេហទំព័រ ឡារ៉ែន ខាងក្រោមនេះ៖

  • កូរ៉េ​ខាង​ត្បូង និង​អា​រ៉ា​ប៊ី​ សាអ៊ូឌីត កក់​កៅអី​ទៅ World Cup ខណៈ​អូ​ស្ត្រាលី បាន​ត្រឹម​វគ្គ Playoff

    កូរ៉េ​ខាង​ត្បូង និង​អា​រ៉ា​ប៊ី​ សាអ៊ូឌីត កក់​កៅអី​ទៅ World Cup ខណៈ​អូ​ស្ត្រាលី បាន​ត្រឹម​វគ្គ Playoff

    ក្រុម​បាល់​ទាត់ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង បាន​ឈ្នះ​សិទ្ធិ​របស់​ពួក​គេ​ដើម្បី​ធ្វើការ​បង្ហាញ​ខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជា​លើក​ទី​9​ជាប់ៗ​គ្នា ក្រោយ​ពី​​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅ​ពេលប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិអ៊ូស​បេ​គី​ស្ថាន កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត បាន​ឈ្នះ​កៅអី​របស់ពួកគេ​ទៅ​កាន់​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រទេស​រុស្ស៊ី នៅឆ្នាំក្រោយ បន្ទាប់​ពីបាន​កត់ត្រា​​ជ័យជម្នះ 1-០ លើក្រុមជម្រើស​ជាតិ​ជប៉ុន​។

     

    កីឡាករ​បម្រុង Fahad Al Muwallad របស់​អា​រ៉ាប៊ី ​សា​អ៊ូ​ឌីត បាន​រក​គ្រាប់បាល់​ឈ្នះ​សម្រាប់ក្រុម​របស់​លោក Bert van Marwijk ដើម្បី​ធ្វើ​ឲ្យពួក​គេ​ឈ្នះ​កៅអី​ទៅ World Cup ជាលើក​ទី​1​​ បើគិត​ចាប់​តាំងពីឆ្នាំ​2006 តាមរយៈ​ការយក​ឈ្នះ​​លើ​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន ដែល​បាន​ឈ្នះ​កៅអី​ទៅជុំផ្តាច់ព្រ័ត្រ​រួច​ជា​ស្រេច​។

    លទ្ធផល​នេះ បានធ្វើ​​ឲ្យក្រុម​ជម្រើស​ជាតិអូ​ស្ត្រាលី ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​3 នៃពូល B ក៏ដូច​ជា​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff ខណៈ​ដែលពួក​គេ​នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ី​រី ដែល​បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​​អ៊ី​រ៉ង់ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​3 ក្នុង​ពូល A​។

    កីឡាករ Lee Keun-ho, Son Heung-min និង Lee Dong-gook របស់​ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង សុទ្ធ​សឹង​បាន​ស៊ុតបាល់​ប៉ះ​ទៅនឹង​របាទី ខណៈ​ដែលពួកគេ​ទទួល​បាន​1ពិន្ទុ​ដែល​បាន​ធ្វើ​ឲ្យ​​ពួកគេ​ត្រូវ​បញ្ចប់​ដោយការ​ឈរក្នុង​ចំណាត់ថ្នាក់​លេខ2ក្នុងពូល A នៃ​យុទ្ធ​​នា​ការ​​ប្រកួត​ជម្រុះពូល A ប្រ​តំបន់អាស៊ី បន្ទាប់​ពីក្រុមខ្លាំង​អ៊ី​រ៉ង់​។

    ក្រុម​ជម្រើស​ជាតិ​ស៊ី​រី បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ក្នុងពូល​ដដែលនោះ នៅពេល​ដែល​កីឡាករ Omar Al Soma បាន​រកគ្រាប់បាល់​តាមស្មើ​នៅ​ជិត​បញ្ចប់ការប្រកួត​ជាមួយ​នឹងអ៊ី​រ៉ង់ ដែល​បាន​ធ្វើ​​ឲ្យ​អ៊ស​បេ​គី​ស្ថាន ធ្លាក់​ចេញពី​វគ្គ Playoff តែម្តង​៕

    ប្រភព​ពី៖ Daily Stars

  • បង្រៀនកូនសន្សំលុយពីក្មេងអាចជួយឱ្យគាត់គ្រប់គ្រងហិរញ្ញវត្ថុបានល្អនៅថ្ងៃអនាគត

    បង្រៀនកូនសន្សំលុយពីក្មេងអាចជួយឱ្យគាត់គ្រប់គ្រងហិរញ្ញវត្ថុបានល្អនៅថ្ងៃអនាគត

    ការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់មួយសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះថា ​ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលនៅក្នុងជីវិត ហើយ​កាន់តែអាក្រក់ទៅទៀតនោះគឺពួកគេនឹង​មិនអាចសល់អ្វីសោះនៅក្នុងជីវិត ហើយថែមទាំង​គ្មានថវិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតទៀតផង។

    ពាក់ព័ន្ធនឹងការ​គ្រប់គ្រងហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «​តោះ! និយាយពីលុយ» ដើម្បី​ឱ្យសិស្សនៅបឋមសិក្សា​បានរៀន​ពីវិធីសាស្រ្តសន្សំលុយ និង​សារៈសំខាន់នៃការសន្សំ រួមទាំងអប់រំពីការចំណាយជាច្រើនទៀតដល់ពួកគេ។

    អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំលុយ​មិនចាំបាច់ទាល់តែធំហើយទើបរៀបចំសន្សំនោះទេ ប្រសិនបើ​យើងពន្យល់ឱ្យក្មេងៗចេះសន្សំតាំងពីតូចនោះ គាត់នឹងមានពេលច្រើនសម្រាប់ការសន្សំដែលធ្វើឱ្យ​គាត់មានហិរញ្ញវត្ថុរឹងមាំ​នៅពេលដែលគាត់ចេញធ្វើការ។ លោកជំទាវបានបញ្ជាក់ផងដែរថា មិនមែនទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តាមពិតទៅ​ទោះមានចំណូលកម្រិតប៉ុនណា ក៏យើងអាចសន្សំបានដែរ ប្រសិនបើយើង​ចង់សន្សំ ហើយគ្រប់គ្រងការចាយឱ្យបានសមល្មម​ជាមួយនឹងចំណូលដែលទទួលបាន។

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុ ជាផ្នែកយ៉ាងសំខាន់មួយដែលក្រសួងកំពុងយកចិត្តទុកដាក់​ដើម្បី​ធ្វើយ៉ាងណាអប់រំឱ្យក្មេងៗចេះសន្សំ ហើយ​ក្លាយជាធនធានដែលមានទម្លាប់ល្អ​ក្នុងការសន្សំនៅថ្ងៃអនាគត។ កន្លងមក ក្រសួងអប់រំ បានសហការជាមួយដៃគូទាំងរដ្ឋ និងឯកជន ដើម្បី​បណ្តុះបណ្តាលកុមារតូចៗឱ្យមានចំណេះដឹងជាមូលដ្ឋាន​ដើម្បី​គ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ព្រោះថា​ នៅពេលដែលក្មេងតូចៗមានទម្លាប់ល្អក្នុងការសន្សំលុយតាំងពីគាត់នៅក្មេង គាត់នឹងអាចក្លាយជាមនុស្សដែលមាន​សមត្ថភាពផ្នែកលុយកាក់រឹងមាំនៅថ្ងៃអនាគត។

    ខាងក្រោមនេះ ជាវីដេអូ ដែលផលិតដោយ​កម្មវិធី តោះ! និយាយពីលុយ ដែលអប់រំពីការសន្សំលុយរបស់កុមារតូច អាចដោះស្រាយបញ្ហាចាំបាច់បានក្នុងជីវិត៖

  • តើគួរយកសំរាមទៅចាក់ចោល ឬគួរកែច្នៃឱ្យកើតប្រយោជន៍?

    តើគួរយកសំរាមទៅចាក់ចោល ឬគួរកែច្នៃឱ្យកើតប្រយោជន៍?

    ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាកង្វល់សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធររាជធានីភ្នំពេញ នៅឡើយ ដោយ​សារ​តែវាបានបង្កការកកស្ទះលូបង្ហូរទឹក និងជិះក្លិនស្អុយដល់មនុស្សទូទៅ ពិសេសនៅរដូវបិណ្ឌភ្ជុំនេះតែម្តង។ ដូច្នេះសួរថា តើគេត្រូវកែច្នៃសំរាមទៅជារបស់មានប្រយោជន៍ ឬក៏គ្រាន់តែយកទៅចាក់ចោលនៅទីឆ្ងាយណាមួយ?។

    ដើម្បីកែច្នៃឱ្យទៅជារបស់មានប្រយោជន៍ ក្រុមហ៊ុនគ្រួចស័កដាខូអិលធីឌី ដែលជាក្រុមហ៊ុនដំបូងគេបានទទួលសិទ្ធិអនុញ្ញាតពីសាលារាជធានីភ្នំពេញដើម្បីពិនិត្យ និងកែច្នៃសំរាមឱ្យក្លាយជាជីសរីរាង្គដ៏មានប្រយោជន៍ក្នុងវិស័យកសិកម្ម ក៏ដូចជាកាត់បន្ថយការកកស្ទះលូបង្ហូរទឹកស្អុយ និងកាត់បន្ថយក្លិនស្អុយចេញពីតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។

    យ៉ាងណាក៏ដោយក្រុមហ៊ុនខាងលើអាចធ្វើការកែច្នៃសំរាមបានប្រមាណតែចន្លោះពី70ទៅ150តោនប៉ុណ្ណោះក្នុងមួយថ្ងៃ និងត្រូវការផ្ទៃដីចំនួន4,000ម៉ែត្រការ៉េដើម្បីធ្វើជាកន្លែងលទ្ធកម្មក្នុងប្រតិបត្ដិការវិនិយោគរបស់ខ្លួន។ ប៉ុន្តែសំរាមនៅក្នុងរាជធានីភ្នំពេញមានបរិមាណច្រើនគួរឱ្យកត់សម្គាល់ដែលក្នុងមួយថ្ងៃត្រូវបានគេដឹកចេញប្រមាណជា 2,000តោន ដើម្បីយកទៅចាក់ចោលនៅទីលានចាក់សំរាមនៅជាយក្រុងភ្នំពេញ។

    សំនួរសួរថា បើសិនជាសំរាមត្រូវបានប្រជាជនផលិតប្រមាណជា 2,000តោនក្នុងមួយថ្ងៃបែបនេះ តើរយៈពេលប្រហែល3ទសវត្សរ៍កន្លងមកនេះ សំរាមត្រូវបានគេយកទៅចាក់ចោលនៅទីណា ហើយ​ប៉ះពាល់ដល់ប្រជាពលរដ្ឋដូចម្តេចទៅ?។ ជាក់ស្តែងអតីតទីលានចាក់សំរាមនៅតំបន់ស្ទឹងមានជ័យក៍ដូចជាទីលានចាក់សំរាមនៅសង្កាត់ជើងឯកដែរ គេនៅមិនទាន់បានកែច្នៃឱ្យទៅជាប្រ​យោជន៍សម្រាប់បង្កើតជាជីសរីរាង្គនោះទេ។ ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាម បានត្រឹមតែ​រអ៊ូរទាំថា ជួបការលំបាកក្នុងការរស់នៅ អំពីការដកដង្ហើមស្រូបយកក្លិនស្អុយជាប្រចាំ ហើយពេលខ្លះទទួលទានបាយត្រូវចងមុងទៀតផង ដើម្បីកុំឱ្យសត្វរុយមករោមម្ហូបអាហារ។

    តែយ៉ាងណាក៏ដោយក្រុមហ៊ុនបារាំងមួយក៏មានចំណាប់អារម្មណ៍ក្នុងការកែច្នៃសំរាមឱ្យទៅជាថាមពលអគ្គិសនីផងដែរ។ ជាក់ស្តែងលោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីសប្តាហ៍មុនបានជួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

    ក្នុងជំនួបនោះលោកស្រីក៏បានលើកឡើងដែរអំពីគម្រោងវិនិយោគកែច្នៃសំរាមឱ្យទៅជា​ថាមពល​អគ្គិសនីតាមរយៈក្រុមហ៊ុនបារាំងសហការជាមួយក្រុមហ៊ុនចិនផងដែរ តែយ៉ាងណាក្តីគេនៅមិនទាន់បានដឹងថា តើគម្រោងទាំងពីរខាងលើនេះនឹងត្រូវដំណើរការនៅពេលណានោះទេ។ តែបើទោះបីជាដូច្នេះក៏ដោយ ក៏គេរំពឹងថា នៅពេលដែលគម្រោងកែច្នៃសំរាមទាំងពីរកើតឡើងនោះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងមូលនឹងអស់ក្តីកង្វល់ពីបញ្ហាសំរាមនេះទៀតហើយ៕

     

  • អភិបាលរាជធានីដាក់បញ្ជាឱ្យមន្ដ្រីពាក់ព័ន្ធរកព្រែកធម្មជាតិឱ្យឃើញ

    អភិបាលរាជធានីដាក់បញ្ជាឱ្យមន្ដ្រីពាក់ព័ន្ធរកព្រែកធម្មជាតិឱ្យឃើញ

    ភ្នំពេញ- ក្រោយពីមានចំណាត់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្មរួចហើយនោះកាលពីពេលថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមន្ដ្រីពាក់ព័ន្ធស្រាវជ្រាវរកតួព្រែកធម្មជាតិនៅសង្កាត់ព្រែកឯងឱ្យឃើញក្រោយពីមានការចាក់ដីលុបបំបាត់យកធ្វើជាកម្មសិទ្ធិឯកជនរួចមក។

    ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវ351ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ត្រូវតែរកឱ្យឃើញតួព្រែកធម្មជាតិមួយក្រោយពីមានការឃុបឃិតចាក់ដីលុបបំបាត់យកធ្វើជាកម្មសិទ្ធិដែលបណ្ដាលឱ្យបាត់ប្រឡាយដ៏សំខាន់មួយក្នុងការបង្ហូររំដោះទឹកចេញ។ ឯកឧត្ដមបន្ដថា ក្នុងករណីមិនអាចរកឃើញ មន្រ្ដីដែលជាអាជ្ញាធរនៅទីនោះទាំងអស់រល្មមឈប់ពីការងារបានហើយ។

    អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ព្រែកធម្មជាតិនេះស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង និងមានការឃុបឃិតគ្នាចាក់លុបបំបាត់ព្រែកនេះយកធ្វើជាកម្មសិទ្ធិឯកជន។ បើមន្ត្រីពាក់ព័ន្ធ ដូចជា មន្ត្រីសុរិយោដី អាជ្ញាធរមូលដ្ឋាន ឬមន្ដី្រពាក់ព័ន្ធទាំងឡាយរកព្រែកនោះមិនឃើញទេ ល្មមឈប់ពីការងាររបស់ខ្លួនទៅ ព្រោះមិនដឹងជាធ្វើការងារអីកើតទៀតទេ។

    គួបញ្ជាក់ថា ព្រែកធម្មជាតិមួយនេះស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានឈ្មួញដីរំលោភយកដោយចាក់ដីបំពេញលុបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ ទើបបានជាអភិបាលរាជធានីចេញបញ្ជាឱ្យប្រធានភូមិបាលខណ្ឌសហការជាមួយ អាជ្ញាធរខណ្ឌរកព្រែកបាត់នោះឱ្យឃើញ ។ ព្រែកនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ដោយហូរទម្លាក់ចូលទៅក្នុងទន្លេបាសាក់ តែក្រោយពីការចាក់លុបបំបាត់ព្រែកនោះមក បានធ្វើឲ្យសង្កាត់ព្រែកឯង ទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ទើបមានប្រជាពលរដ្ឋទទូចស្នើសុំនៅក្នុងវេទិកាសាធារណៈ ដើម្បីឱ្យអជ្ញាធរជួយរិះរកវិធីយ៉ាងណា រំដោះទឹកចេញពីតំបន់នោះផង៕

  • សិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាលើកិច្ចសហប្រតិបតិ្តការកម្មសិទិ្ធឧស្សាហកម្ម

    សិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាលើកិច្ចសហប្រតិបតិ្តការកម្មសិទិ្ធឧស្សាហកម្ម

    ភ្នំពេញ៖ ដើម្បីបង្កទំនុកចិត្តកាន់តែខ្ពស់ទៅដល់វិនិយោគិនបរទេស និងសហគ្រិនក្នុងស្រុក ក្រសួងឧស្សា​ហកម្ម និងសិប្បកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រម​​ព្រៀងថ្មីសន្លាងមួយជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី។

    ពិធីចុះកិច្ចព្រមព្រៀងធ្វើឡើង ខណៈដែលឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី6 និងកម្មវិធីសប្តាហ៍​កម្មសិទ្ធិបញ្ញាក្រោមប្រធានបទ “គំនិតគឺជាទ្រព្យសម្បត្តិក្នុងការជំរុញសេដ្ឋកិច្ចនាពេលអនា​គតជាមួយកម្មសិទ្ធិបញ្ញា” ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីកាលពីដើមខែកញ្ញានេះ។

    កិច្ចព្រមព្រៀងស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ គឺជាសញ្ញាមួយដ៏ល្អក្នុងការបន្ត​ពង្រឹងទំនាក់ទំនងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច​​​​​បង្កើនវិនិយោគបរទេសចូលមក​​ក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។

    ក្រោយពីចុះកិច្ចព្រមព្រៀងប្រតិភូកម្ពុជាក៏បានចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញានៅមជ្ឈ​មណ្ឌលពិព័រណ៍សិង្ហបុរី Sands Expo & Convention center ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើបទបង្ហាញអំពី “គំនិតគឺជាទ្រព្យក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនក្នុងពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដោយឯកឧត្តមបានពន្យល់លម្អិតអំពីទ្រព្យដែលកើតពីគំនិតច្នៃប្រឌិត និងបញ្ញាបង្កើត​ជាបច្ចេកវិជ្ជា​ដើម្បីការពារទ្រព្យកម្មសិទ្ធិបញ្ញាក្នុងការចូលរួមជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនទៅអនាគត។

    បទបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាព សង្គមបច្ចុប្បន្នដែលមានការរីកចម្រើនផ្នែកបច្ចេកវិជ្ជា ដែលកើតពីគំនិតផ្តួចផ្តើមនៃការច្នៃប្រឌិតថ្មី ដើម្បីបង្កើតជាទ្រព្យជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចជាតិឱ្យមានសម្ទុះរីកចម្រើនក្នុងពេលអនាគត ហើយជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះកម្ពុជាទទួលបានផ្លែផ្កា និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពកម្មសិទ្ធិបញ្ញាលើពីភពលោក និងដៃគូវិនិយោគបរទេសជាច្រើនទៀតក្នុងពិភពលោក៕

  • Technovation ជំរុញកុមារីកម្ពុជាឱ្យ​ដោះស្រាយបញ្ហាកម្ពុជា​តាមរយៈ​ Apps

    Technovation ជំរុញកុមារីកម្ពុជាឱ្យ​ដោះស្រាយបញ្ហាកម្ពុជា​តាមរយៈ​ Apps

    Technovation ជាគម្រោង​ធំមួយ​ដែល​​​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់ឱកាស​ឱ្យ​កុមារីវ័យ​ចន្លោះ​ពី 10 ដល់​ក្រោម 19 ឆ្នាំ​ទទួលបាន​ឱកាស​ប្រកួតប្រជែង Mobile Apps ជាមួយ​កុមារី​មកពី​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក។

    សម្រាប់ឆ្នាំ 2017 នេះ គឺជា​ឆ្នាំ​ទី 4 ហើយដែល Technovation បានធ្វើ​កម្មវិធី​ប្រកួត​ប្រជែង​បច្ចេកវិទ្យា។ ហើយកន្លងមកយើងឃើញហើយថា តាមរយៈការបណ្តុះណ្តាល​ពីសាស្រ្តាចារ្យជំនាញ កុមារីកម្ពុជាបានបង្កើតឡើងនូវ Mobile Apps ល្អៗជាច្រើន​ដើម្បីបង្ហាញដល់​គណៈកម្មការដែលមកពីពហុវិស័យ ដែល Apps នីមួយៗសុទ្ធតែអាចចូលរួមដោះស្រាយបញ្ហារបស់កម្ពុជាបាន ដូចជា កម្មវិធីសម្រាប់​ទិញលក់ផលិតផលកសិកម្ម កម្មវិធី​ចែកចាយសៀវភៅ និងកម្មវិធីសំខាន់ៗជាច្រើនទៀត។

    កុមារីដែល​ចូលរួមក្នុងកម្មវិធី Technovation នេះនឹងត្រូវទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ជំនាញ​ធ្វើបទបង្ហាញ និងជំនាញទីផ្សារ (ពាណិជ្ជកម្ម) ដើម្បី​ធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាព ក្នុងការបង្កើត Mobile Apps និងមានសមត្ថភាពដើម្បីធ្វើបទបង្ហាញជាសាធារណៈនៅក្នុងការប្រកួត។

    ម្យ៉ាងវិញទៀត ក្រៅពី​ការធ្វើបទបង្ហាញ និងជំនាញបច្ចេកវិទ្យា កុមារីកម្ពុជាដែលត្រូវចូលរួមក៏ត្រូវតែជាអ្នក​ពូកែនិយាយភាសាអង់គ្លេសផងដែរ ព្រោះបទបង្ហាញនឹងធ្វើជាភាសាអង់គ្លេសដើម្បីបង្ហាញដល់គណៈកម្មការចម្រុះជាតិសាសន៍។

    ខាងក្រោមនេះជាវីដេអូនៃក្រុម Cambodia Identity Product ដែលបានធ្វើបទបង្ហាញគំនិតអាជីវកម្ម និងការបង្កើតកម្មវិធីទួរស័ព្ទដៃរបស់ពួកគេ នៅក្នុងកម្មវិធីប្រកួតជុំចុងក្រោយរបស់ Technovation នៅទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក៖